វគ្គ
រងការប្តឹងផ្តល់
ខ្ញុំងើបពីគេងឡើង ឮសូរតែសំឡេងម្ដាយខ្ញុំនិយាយរអុះៗ។ ក្បាលខ្ញុំឈឺណាស់ ខ្ញុំឈ្លីវាចុះឡើងៗ ទម្រាំនឹកឃើញរឿងកាលពីល្ងាច។
ក្រោយពីបានដាក់ប្រុសក្បត់ចិត្តមួយជើងកៅអី បែកឈាមក្បាលរួចហើយ ខ្ញុំក៏វិលមកផ្ទះវិញហើយលង់លក់ជាមួយថ្នាំងងុយគេង ដល់ទៅ២គ្រាប់ ដេកស្តូកទល់ថ្មើរណេះ។
ម៉ោងប៉ុន្មានហើយ?
«ឥឡូវខាងនោះ គេដាក់ប្ដឹងផ្ដល់ហើយ! បែកក្បាលដេរប៉ុន្មានថ្នេរដែរ កៅអីគែមមុតណាបង! ហូរឈាមផង រយះផង! មិញនេះប្រធានខ្ញុំឱ្យមេធាវីគាត់ខលមក! គេពិគ្រោះប្រហែលមិនអីទេ ព្រោះសំអាងលើ កូនជេមស៍មានបញ្ហាផ្លូវចិត្ត! មានជំងឺផ្លូវចិត្ត!»
ខ្ញុំនៅភាំងៗលើកដៃញីភ្នែក តែត្រចៀកខ្ញុំស្រឡះល្អ។
ម្តាយខ្ញុំនិយាយពីទេពណារ៉ារយះក្បាល ហើយមកប្តឹងផ្តល់ខ្ញុំ? ម្យ៉ាងដែរ សប្បាយចិត្តតិចអីដែលវាយបានសម្រេចធ្ងន់ៗ។ ឱ្យរាង!
យប់មិញឃើញឈាមដាមៗដែរ តែមានសន្តិសុខរត់មកព័ទ្ធមើលច្រើនពេក ហើយគេខលហៅម៉ាក់មកផងបានជាខ្ញុំប្រញាប់ ត្រូវម៉ាក់នាំមកផ្ទះ ខ្ជិលពិនិត្យមើលមុខប្រុសបញ្ញើក្អែកបែកក្បាលនៅនឹងមុខស្រី High Show។
សំឡេងម្តាយខ្ញុំលាន់មកទៀត៖
«សង្ឃឹមថាមេធាវីនោះទៅសម្របសម្រួលបាន! ម្យ៉ាងទៀត ខាងប្រុសនោះដូចជាជិតរៀបការផង អាចថា គេក៏មិនចង់ដេញដោលអីច្រើនដែរ! អូប៉ាគេអ្ហី? ខលមកទេតើ! តែបានត្រឹមខល គេនៅដល់ភូមាឯណោះ ធ្វើអីបានទៅ? ទោះមកស្រុកខ្មែរ ក៏មិនជាជួយស្អីបានដែរ! ហ៊ឹម គ្រប់យ៉ាងធ្លាប់មកតែលើខ្ញុំដដែលជាដដែលហ្នឹង។»
ម៉ាក់កំពុងនិយាយជាមួយបងស្រីគាត់នៅស្រុក ដែលជាអ៊ំស្រីបង្កើតរបស់ខ្ញុំ។ ពួកគាត់ បើចួបគ្នាពេលណា មិននិយាយដើមប៉ាក៏និយាយអំពីរឿងមិនល្អរបស់ខ្ញុំដែរ។
លើកនេះ ខ្ញុំលើកកៅអីវាយប្រុសព្រានបែកឈាម ក៏គាត់ខលប្រាប់អ៊ំ មើលតែអ៊ំលីនហ្នឹងជាតុលាការទៅហើយ។ ហើយហ៊ានថា ប៉ាមិនបានការទៀត ឬអ៊ំៗហ្នឹងបានការស្អីទៅ? ពូកែណាស់ខាងសួរនាំជីកឫសជីកគល់ ជជីកចង់ដឹងរឿងរ៉ាវគ្រួសារគេ មាត់វែងជាងជើងមេឃ។
ខ្ញុំងើបហើយចុះពីគ្រែដើរទៅតុរៀនរបស់ខ្ញុំ លើកថូទឹកចាក់ដាក់កែវលេបក្អឹកៗ ដូចមានចេតនាចង់ឱ្យម៉ាក់ឃើញខ្ញុំ ហើយឈប់និយាយជាមួយប្រធានបទអត់បានដំណោះស្រាយទាំងអស់ហ្នឹងទៅ។
ទោះគាត់ដៀងមករកខ្ញុំ ពិនិត្យពិច័យទឹកមុខខ្ញុំ ក៏នៅតែគាត់មិនទាន់ឈប់ ឆ្លៀតបន្ថែម៖
«គេខលមកពីភូមា ប៉ុន្តែខ្ញុំមិនចង់ឆ្លើយឆ្លងអីច្រើន ពីព្រោះមនុស្សនេះដែលជួយអីបានទៅ នៅឆ្ងាយដល់ទៅឆ្លងប្រទេស កូនទុកចោលមិនជួយមើលគ្នា! អ្វីគ្រប់យ៉ាងរ៉ាប់រងតែខ្ញុំម្នាក់ឯងហ្នឹង! សំណាងខ្ញុំស្គាល់គេច្រើន! អូខេបងមិនទាន់សន្យាទេ ចាំសួរចិត្តកូនត្រាសិន ពេលទំនេរប្រហែលទៅគេងលេងនៅនុ៎ងហើយ!»
រង់ចាំឱ្យម្តាយខ្ញុំទម្លាក់ដៃចុះ ទើបខ្ញុំបែរក្រោយ សម្លឹងគាត់ដោយទឹកមុខមិនសប្បាយចិត្ត។ ខ្ញុំសួរភា្លម៖
«ម៉ាក់ប្រាប់គេថាកូនកើតរោគចិត្ត?!»
ម្ដាយខ្ញុំដាក់ទូរសព្ទទៅទុកក្នុងហោប៉ៅខោគាត់វិញ ដោយងាកមុខសម្លឹងខ្ញុំស្ងួតស្ងប់។
«ក្នុងខ្លួនម៉េចហើយកូន?!»
គាត់សួរស្រាលៗប៉ុន្តែបង្កប់នូវភាពមិនសប្បាយចិត្តតាមរយៈពន្លឺភ្នែក។ មិនខ្វល់ទេ ខ្ញុំសង្កត់ពាក្យ ផ្ទួនសំណួរមុនរបស់ខ្ញុំសាជាថ្មី៖
«អ្នកណាថា កូនកើតDepression?»
ម្តាយក្តាប់មាត់ទប់កំហឹង ងាកមុខចេញ រួចទើបសន្សឹមៗបែរត្រឡប់មកឆ្លងឆ្លើយនឹងខ្ញុំវិញ ដោយសម្លឹងខ្ញុំពីលើដល់ក្រោមរបៀបបន្ទោស៖
«គួរតែអរគុណកូនស្រីអ្នកមានចិត្តទូលាយម្នាក់នោះ!»
ខ្ញុំភាំងៗ។
ពេលនោះហើយ ដែលខ្ញុំដឹងថា ដោយសារតែឥស្សរាចរិយា បានមកសម្រុះសម្រួលនិយាយជាមួយម្ដាយខ្ញុំ ថាគេនឹងជួយទៅបញ្ចុះបញ្ចូលឱ្យទេពណារ៉ា ដកពាក្យបណ្ដឹង មិនប្ដឹងផ្ដល់ពីបទបង្ករបួសស្នាមដោយចេតនានោះបាន ល្គឹកណាម្តាយខ្ញុំព្រមកែពាក្យពេចន៍ និយាយប្រាប់មេធាវីថា ខ្ញុំនេះមានជំងឺផ្លូវចិត្ត និងស្ថិតក្នុងសភាពច្របូកច្របល់ដល់កម្រិតធ្ងន់ធ្ងរ។
ខ្ញុំភាន់ភាំងពេលឈរស្ដាប់គាត់ពន្យល់។
នេះឬការពិត?
ខ្ញុំបើកភ្នែកធំៗ ចង់សួរនាំគាត់ ចង់ស្រែកដាក់គាត់ ចង់រត់ចោលគាត់ ព្រោះខឹងណាស់ ប៉ុន្តែខ្ញុំទៅណាមិនរួច និយាយអ្វីមិនចេញបានត្រឹមតែឈរពុះកញ្ជ្រោលនៅក្នុងចិត្តដោយកំហឹង។
នារីម្នាក់នោះ ព្រោះតែមិនចង់ឱ្យគេឯងដឹងថា តារាហ្វេសប៊ុកដូចនាងនឹងរៀបការជាមួយប្រុសស្រឡាញ់ប្រុស ថែមទាំងមិនចង់ហ្វេនៗដឹងពីរឿងស្នេហាត្រីកោណរវាងយើងទាំងបីនាក់ផង ហើយព្រោះនាងចង់ឱបក្រសោបយកគេទៅ កុហកមហាជនទាំងអស់ កុហកទាំងខ្លួននាង ថានាងស្រឡាញ់ប្រុសពិតៗម្នាក់ ដូច្នេះក្នុងសេណារីយ៉ូបន្ទាប់ ខ្ញុំជាតួអង្គមនុស្សរោគចិត្ត?
ខ្ញុំនេះមានជំងឺចិត្ត ដើរតាមងប់ងល់ជាមួយនឹងភាពហ៊ឺហារបស់គូស្នេហ៍នាងលើបណ្តាញសង្គម ហើយក៏ទៅរករឿងពួកនាងដល់ហាង វាយទេពណារ៉ារបួសធ្ងន់?
ខ្ញុំវិបល្លាស ច្រណែន ឬវង្វេងដោយកំហឹង? ដើម្បីមុខមាត់ខ្លួនឯង ចង់ធ្វើឱ្យខ្ញុំក្លាយទៅជាមនុស្សឆ្កួតទាំងដែលខ្ញុំកំពុងតែជា?
«មិនបាច់បារម្ភទេកូន»
ម្ដាយខ្ញុំនិយាយដោយបែរខ្នងទៅចុចទូរសព្ទផង។
«មេធាវីនិយាយថា ហេតុផលនេះអាចធ្វើឱ្យគេព្រមសម្របសម្រួលរឿងបណ្ដឹងនោះចោលបាន!»
ខ្ញុំថាឮៗភា្លម៖
«ខ្ញុំអត់បានបារម្ភរឿងហ្នឹងទេម៉ាក់! តែហេតុអ្វីបានសម្រេចចិត្តមិនសួរខ្ញុំ? ខ្ញុំមិនព្រមសម្រុះសម្រួលជាមួយនាងតួហ្វេសប៊ុកជើងល្អហ្នឹងទេ ហេតុអ្វីម៉ាក់ព្រមចិត្តឯង?»
អាការៈខឹងសម្បាដាក់ញាប់១០០ៗរបស់ខ្ញុំ ធ្វើឱ្យម៉ាក់ឈប់ដៃលែងចុចទូរសព្ទ។ ប្រហែលជាខ្លាចគ្នាគាត់ សង្គមធំទូលាយរបស់គាត់ មិត្តភក្តិហើយមេគាត់ ឮសម្តីរបស់ខ្ញុំបានជាគាត់ងាកមកខ្ញុំទាំងទឹកមុខដូចឆ្ងល់។
«ឈប់រករឿងណាជេមស៍! ឃើញម៉ាក់ពិបាកយ៉ាងម៉េចហើយ! ទម្រាំបានរកដំណោះស្រាយល្អសម្រាប់កូន! ធ្វើចង់ទៅដេកគុក ចង់បញ្ចប់អនាគតទាំងអ៊ីចឹងឬម៉េច?!»
ខ្ញុំលេបទឹកមាត់ក្តាប់ដៃតវ៉ា៖
«មុនពេលខ្ញុំវ៉ៃគេ គឺគេបានប្រើកម្លាំងមកលើខ្ញុំមុន ធ្វើឱ្យខ្ញុំឈឺចាប់មុន! ខ្ញុំមិនមែនជនបង្កហេតុទេ ខ្ញុំជាអ្នករងគ្រោះ!»
«និយាយអ៊ីចឹង ដើម្បីទាំងអស់គ្នាដឹងថា កូនឯងជាប្រុសស្រឡាញ់ប្រុស? ឯងបានទៅធ្វើរឿងឆ្កួតយក៍ជាមួយគូដណ្តឹងគេម្នាក់នោះ ហើយចុងក្រោយក៏ប្រចណ្ឌគ្នាហែកហួរតាមផ្លូវ? នេះអ្ហីដែលកូនចង់ឱ្យម៉ាក់ទៅប្រាប់មេធាវី អ្ហះ?»
គាត់និយាយចប់ទាំងរកកលចង់រលីងរលោងទឹកភ្នែក។
ខ្ញុំនៅទ្រឹងមិនទាន់តបតអ្វី ព្រោះហាក់ដូចជាម្តាយរបស់ខ្ញុំ បានដឹងពីទំនាក់ទំនងរបស់ខ្ញុំជាមួយទេពណារ៉ាយូរហើយ ប៉ុន្ដែគាត់មិននិយាយ។
ចុងក្រោយ បើដឹងហើយ ហេតុអ្វីនៅតែជ្រើសរើសយកវិធីនេះ?
«ដើម្បីមុខមាត់ទាំងអស់គ្នា! គឺទាំងខាង! មិនបាច់ប្តឹងផ្តល់ជាប់គុកច្រវាក់ ម៉ាក់មានតែរើសយកផ្លូវនេះ!»
នេះជាវិធីដែលខ្ញុំឮពួកមេធាវីប្រើមកឡើងស៊ាំទៅហើយ គឺអ្នកប្រឈមនឹងទោសទណ្ឌគឺ មានវិបល្លាសដើម្បីបានរួចខ្លួន?
តែគេធ្វើអ្នកច្បាប់ គេចង់រកការពិតទេ ឬលុយឥស្សរាចរិយាបាំងមេឃបានពិតមែន?
«ខ្ញុំមិនមែនជាអ្នកចាប់ផ្តើមទេ! នាងនោះហៅខ្ញុំទៅ! ខ្ញុំមានភស្តុតាងម៉ាក់!»
ម៉ាក់ខ្ញុំក្តាប់មាត់សម្លក់ខ្ញុំដោយអាការៈខឹងខ្លាំង តែមិនចេញស្តី។ ខ្ញុំនៅតែយកឱកាសពន្យល់គាត់ដោយដើរសំដៅទៅក្បែរ ៖
«ទទួលស្គាល់កូនខ្លួនឯងថា ជាមនុស្សមានរោគចិត្តធ្ងន់ធ្ងរដល់ថ្នាក់ចូលទៅវាយគេក្នុងហាងបាន? ម៉ាក់គិតថា នេះជារឿងសមនឹងធ្វើ? ស្មានថានៅសុខៗខ្ញុំចូលទៅកន្លែងហ្នឹងបាន? តាមពិតខ្ញុំមានហេតុផលគ្រប់គ្រាន់ក្នុងការតដៃ! ពួកគេបានប្រើកម្លាំងលើខ្ញុំមុន! ហៅម្ចាស់ហាងឆែកកាមេរ៉ាទៅ! បោកប្រាស់ខ្ញុំ ហើយចុងក្រោយនាំគ្នាហៅខ្ញុំទៅអង្គុយនិយាយមើលងាយលេងទៀត!»
ម៉ាក់ខ្ញុំដកដង្ហើមដង្ហក់។
វាជាទម្លាប់របស់ម្តាយខ្ញុំ ពេលគាត់ខឹងពេកគឺបែបនេះ ដែលគាត់តែងតែខំរៀបឫកពាក់កណ្តាល ជាមនុស្សមានមុខមាត់ក្នុងសង្គម ពាក់កណ្ដាលទៀតងំដង្ហក់។
គាត់ថាទាំងរលាស់ដៃដែលខ្ញុំខំតោងគាត់នោះចេញ៖
«ស្អីក៏ដោយ! ឱ្យគេគិតថា កូនឯងមានជំងឺឆ្កួតជ្រូកក៏ដោយ ប្រសើរជាងគេនិយាយថា ឯងជាមនុស្សប្រុសស្រឡាញ់ប្រុសដែរ! ធ្វើតាមម៉ាក់ប្រាប់ទៅ! មិនឱ្យចេញពីផ្ទះរហូតដល់ម៉ាក់ដោះស្រាយរឿងនេះចប់!»
ថាហើយគាត់ក៏ចាកចេញពីទ្វារបន្ទប់ខ្ញុំ ដោយបិទមកវិញគ្រាំគ្រេង។
នេះម៉ាក់ចង់បង្ហាញថា នៅក្នុងបញ្ហានេះ គាត់ជាភាគីតែមួយគត់ដែលស្មុគស្មាញ ដោយចាត់ទុកថាដំណោះស្រាយដែលដែលត្រូវប្រាប់តុលាការថា ខ្ញុំនេះមានរោគចិត្តមានវិបល្លាស ជាមធ្យោបាយល្អសម្រាប់ខ្ញុំ?
តើអ្នកផងគេមើលមកខ្ញុំយ៉ាងដូចម្ដេច?
ម៉ាក់គិតថា រោគចិត្តដល់ថ្នាក់ទៅវាយគេវាធម្មតាពេកអី? តើអ្នកផងគេគិតថាខ្ញុំជាអ្វីទៅ? ដែលខ្ញុំនៅល្អជា ហើយខ្ញុំក៏ជាភាគីរងគ្រោះផង ហេតុអីខ្ញុំមិនអាចរកយុត្តិធម៌ឱ្យខ្លួនឯងបាន?
ហេតុអ្វីបានជាខ្ញុំមិនអាចលាតត្រដាងអំពីទេពណារ៉ា ដែលដើរបោកខ្លួនប្រាណក្មេងប្រុសៗ និងចរិតមាក់ងាយគេរបស់ឥស្សរាចរិយា ឱ្យហ្វេនរាប់សែនរបស់នាងបានឃើញផង?
ទំនាស់លើកនេះ នឹងក្លាយទៅជារឿងប្រើប្រព័ន្ធច្បាប់ ដើម្បីឱ្យមនុស្សគ្រប់គ្នាដឹងអំពីចរិតពិតរបស់ស្រីហាយសូ ជាមួយមនុស្សរៀមច្បងពុតត្បុតផង ហេតុអ្វីត្រូវខ្ញុំជាអ្នករ៉ាប់រង យកខុសតែម្នាក់ឯងនៅក្នុងបញ្ហាដែលមានមនុស្សបីនាក់ពាក់ព័ន្ធ?
ខ្ញុំបើកទ្វារក្ឌាំងរត់តាមគាត់ ដោយខោអាវដេកនិងគ្មានស្បែកជើងនោះទេ។
«ខ្ញុំមិនព្រម! ទាំងអស់នេះ គឺជារឿងរបស់ខ្ញុំ! ម៉ាក់ត្រូវឱ្យមេធាវីរកការពិតឱ្យឃើញ! ហើយខ្ញុំចង់ឱ្យខ្ញុំនេះ ក្លាយជាមនុស្សចុងក្រោយដែលត្រូវបានពីរនាក់នោះបោកប្រាស់! ខ្ញុំមិនព្រមចាញ់ មិនព្រមនៅក្នុងស្នូកដូចអ្នករងគ្រោះមុនៗទេ!»
ប៉ុន្តែម៉ាក់ខ្ញុំនៅឈរចាក់ទឹកធ្វើដូចមិនឮ។ មើលពីក្រោយ គឺគាត់អត់ធ្មត់មិននិយាយ មិនស្តីតបតខ្ញុំ ថែមទាំងមិនខ្វល់!
ដូច្នេះហើយ ខ្ញុំក៏មានឱកាសឈរនៅលើជណ្តើរនិយាយបន្ថែម៖
«បើទោះបីជាខ្ញុំត្រូវប្រាប់គេថា ខ្ញុំនេះជាប្រុសស្រឡាញ់ប្រុសក៏ដោយ!»
ម្តាយខ្ញុំទម្លាក់កែវដែលរៀបបម្រុងនឹងចាក់ទឹក លាន់ឆឺងទៅលើតុកញ្ចក់។ ស្នូរប៉ះទង្គិចនេះប្រហែលជាអាចធ្វើឱ្យមានស្នាមបាន បង្ហាញថា សម្តីរបស់ខ្ញុំកំពុងតែបញ្ឈឺគាត់។
ទឹកភ្នែកខ្ញុំហូរធ្លាក់មកទប់មិនជាប់ទេ នៅពេលឃើញអាកប្បកិរិយារបស់គាត់ដែលមិនយល់ចិត្តកូនទាល់តែសោះ ប៉ុន្តែពាក្យដែលគួរនិយាយ ខ្ញុំត្រូវតែនិយាយឱ្យអស់៖
«ឬក៏ម៉ាក់ចាត់ទុកថា មនុស្សភេទទីបី វាអន់ជាងមនុស្សកើតរោគចិត្ត? ឆ្កួតដល់ថ្នាក់នៅសុខៗលើកកៅអីវាយអ្នកដទៃ ល្អជាងធ្វើជាប្រុសស្រឡាញ់ប្រុសក្នុងកែវភ្នែកម៉ាក់?»
ខ្ញុំធ្លាប់មានប្រវត្តិ មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរកាលពីក្មេង រហូតមិននិយាយមិនស្តី ព្រោះប៉ាម៉ាក់រវល់ ហើយសំងំត្រាំត្រែង ដល់ពេលមួយមិនអាចឃើញពន្លឺបានចូលពួនក្នុងភួយ ក្នុងបន្ទប់ ចុងក្រោយត្រូវប៉ាជូនទៅព្យាបាល ញ៉ាំថ្នាំនិងចួបពេទ្យប្រចាំរាប់ខែ។
តែខ្ញុំបានជាយូរហើយ រឿងកន្លងផុតទៅយូរហើយ គាត់មិនសមយកឯកសារចាស់ទៅស៊ុមគ្រលុំជាមួយនិងមេធាវី ផ្គាប់ចិត្តឥស្សរាចរិយានោះឡើយ។ ខ្ញុំនិយាយបន្ថែម៖
«បង្ខំខ្ញុំ មិនឱ្យទទួលយកខ្លួនឯង!!!! ធ្វើរបៀបដែលម៉ាក់កំពុងគិតនេះវិញទេ ដែលអាចឱ្យកូនខ្លួនឯងទៅជាលាប់មានជំងឺផ្លូវចិត្តវិញមែនទែនណា៎ ម៉ាក់!»
«ម៉ាក់មិនដឹងទេ! ម៉ាក់គ្មានកូនជាភេទទីបីទេ ចាំឱ្យច្បាស់ជេមស៍!»
គាត់ទាញកាបូបនៅលើសាឡុងចាកចេញពីផ្ទះទាំងត្រដាបត្រដួសប្រផាប់ប្រភីង។ នៅខាងក្រៅគាត់មួលសោរជាច្រើនជុំ បង្ហាញថា ខ្ញុំនឹងជាប់ក្នុងផ្ទះនេះដោយត្រូវបានចាក់សោពីក្រៅដូចរាល់ដងដែលគាត់ខឹងនឹងប៉ា។ ខ្ញុំត្រូវចាំប៉ាវិលមកពីធ្វើការវិញ ចុះពេលនេះប៉ាមិននៅស្រុកខ្មែរ ខ្ញុំត្រូវចាំគាត់ដល់ពេលណា?
នេះហើយម៉ាក់របស់ខ្ញុំ ដែលថាស្រឡាញ់ខ្ញុំ ហើយចាត់ទុកខ្ញុំ ជាវត្ថុមានតម្លៃបំផុតក្នុងជីវិតរបស់គាត់។
វគ្គ ពិភពលោកនេះថ្កោលទោសខ្ញុំ
ខ្ញុំអង្គុយចុះយឺតៗនៅលើកាំជណ្តើរ ហើយស្រក់ទឹកភ្នែកដោយស្ងាត់ស្ងៀម។
នេះជាពេលមួយដែលខ្ញុំចង់ស្រែកយំ ឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីយកចេញមកឱ្យអស់ បោះចោលឱ្យអស់ ដោយបូករួមទាំងបញ្ហាទាំងប៉ុន្មាននៅក្នុងជីវិតកន្លងមករបស់ខ្ញុំ រាប់បញ្ចូលទាំងរឿងដែលខ្ញុំមិនអាចទទួលស្គាល់ខ្លួនឯង ក្រោយមកខ្ញុំត្រូវបាត់បង់ប៉ា ហើយដែលខ្ញុំពិបាកចិត្តជាងគេក្នុងពេលនេះ មិនមែនរឿងខ្ញុំបាត់បង់TN ឬមួយក៏ចាញ់ចិត្ដឥស្សរាចរិយា ប៉ុន្តែរឿងដែលខ្ញុំឈឺ គឺត្រូវម្តាយរបស់ខ្ញុំ ជ្រើសរើសឱ្យដាក់អត្តសញ្ញាណខ្លួនឯងថា ជាមនុស្សម្នាក់ដែលមិនមែនជាខ្លួនខ្ញុំ។
នៅក្នុងប្រទេសមួយចំនួន ដែលជាមានការយល់ដឹងជ្រៅជ្រះលើបញ្ហានេះ គេបានចាត់ទុកការស្អប់ខ្ពើមរបស់សង្គម របស់អ្នកណាក្ដី ប្រឆាំងនឹងអ្នកស្រឡាញ់ភេទដូចគ្នា គឺជាឧក្រិដ្ឋកម្ម Hate Crime ដែលអាចក្លាយជាមូលហេតុចម្បងធ្វើឱ្យអ្នកដែលរងអំពើស្អប់ខ្ពើមនោះឈឺចាប់ បាក់ទឹកចិត្ត អស់សង្ឃឹម ស្អប់ខ្លួនឯង ដាក់ខ្លួនឯងដាច់ដោយឡែកពីគេ រហូតដល់ថ្នាក់ធ្វើអត្តឃាតដោយសារការធ្លាក់ទឹកចិត្តពេកក៏មាន។
ម្តាយខ្ញុំកំពុងបង្ហាញថា គាត់ស្អប់ខ្ពើមភាពជាភេទទីបីនៅក្នុងខ្លួនកូនទោលរបស់គាត់ឬយ៉ាងម៉េច បានជាគាត់ចាកចេញ នៅខណៈដែលខ្ញុំកំពុងតែត្រូវការគាត់ជាខ្លាំង?
ពាក្យថាគ្រួសារ គឺដើម្បីគាំទ្រគ្នាឱ្យក្រោកឈរឡើង ឬមួយក៏មកគ្របសង្កត់លើគ្នាឱ្យថប់ដង្ហើមក្រោកជាខ្លួនឯងលែងរួចអស់មួយជីវិតនេះ?
គាត់សុខចិត្ត ជ្រើសឱ្យខ្ញុំវិលទៅរកអតីតកាលធ្វើជាមនុស្សវិបល្លាសស្មារតី មានរោគចិត្តមិនដឹងត្រូវខុស ដល់ថ្នាក់លើកកៅអីវាយប្រហារអ្នកដទៃដែលគ្មានកំហុសប្រសើរជាង ឱ្យកូនខ្លួនឯង ចេញមុខរកយុត្តិធម៌សម្រាប់ក្នុងនាមជាអ្នករងគ្រោះភេទទីបីម្នាក់?
«ឯងធ្វើអីដល់ថ្នាក់ហ្នឹង? ហើយបងអាចចួបជេមស៍បានទេ?!»
ខ្ញុំដៀងសម្លឹង ដឹងថាគាត់ឮរឿងវាយគ្នារបស់ខ្ញុំមិនខានបានជាឈែតមក។
ខ្ញុំមិនដឹងថា គាត់ដឹងរឿងនេះតាមរយៈអ្នកណានោះទេ ខ្ញុំមិនមែនជាតារាល្បី។ គ្រាន់តែ សម្លឹងដោយគិតពីបងរាហ៊ូបានបន្តិច មិនបានលូកដៃទៅយកទូរសព្ទមកមើលទេ។
យកកម្លាំងមកបន្តអង្គុយនៅសាឡុង អត់មានបាយមួយគ្រាប់តាំងពីល្ងាច ពេលនេះញ៉ាំកាហ្វេល្វីងតែតឱ្យស្វាងបន្តិច។
សម្លឹងចេញទៅក្រៅ…..
តាមបង្អួចមួយនេះ ពិភពលោក ដូចជាគ្មានកន្លែងសម្រាប់ខ្ញុំទៅ ថែមទាំងរកមិនបានស្មាកក់ក្តៅស្មោះត្រង់មួយ សម្រាប់ឱ្យខ្ញុំសុំផ្អែកផងទេ។
«ប៉ាអើយ! ខ្ញុំពិបាកចិត្តខ្លាំងណាស់!»
ខ្ញុំគិតបែបនេះ មុនពេលរអ៊ូហៅប៉ាតែម្នាក់ឯង។
ស្រាប់តែ មុខទូរសព្ទខ្ញុំលោតសារមកទៀត។
«ប៉ាកំពុងទិញសំបុត្រយន្តហោះ! បើទិញបានកាលណាប៉ាឡើងទៅភ្នំពេញចួបកូន! ឥឡូវនេះភូមានៅតឹង បញ្ហាអសន្តិសុខរឿងនយោបាយច្រើន សំបុត្រយន្តហោះពិបាករកទិញបំផុត!»
ខ្ញុំលូកដៃប្រញាប់ប្រញាល់ចុចអានប៉ាសរសេរពេញទៀតថា៖
«រឹងមាំឡើងកូនប្រុស! អត់អីទេ! បន្តិចទៀតប៉ាទៅដល់ហើយ! ប៉ានឹងនៅក្បែរកូន!»
ខ្ញុំស្រែកទ្រហោយំ ស្រក់ទឹកភ្នែកដូចភ្លៀង។
ខ្ញុំពិតជាលំបាកខ្លាំងក្នុងពេលនេះ សង្ឃឹមថាគាត់នឹងមិននិយាយ នូវរបៀបដែលម្តាយខ្ញុំនិយាយកាលពីព្រឹកនោះទេ។
តើខ្ញុំត្រូវតែប្រាប់មនុស្សគ្រប់គ្នាថា ខ្ញុំមិនបានកើតជំងឺផ្លូវចិត្ត ហើយប៉ាត្រូវតែគាំទ្រខ្ញុំ នៅក្នុងការស្វែងរកខុសត្រូវ នៅលើបទពិសោធដ៏ឈឺចាប់ និងដ៏គួរអាម៉ាស់របស់ខ្ញុំលើកនេះ។
ខ្ញុំចាប់ផ្ដើមចុចទូរសព្ទទៅគាត់ ហើយយំឡើងយ៉ាងខ្លាំងលើសដើមពេលបានឮសំឡេងគាត់។ ប៉ាខ្ញុំបានលួងលោមរយៈសំឡេងថា ទោះតែគាត់នៅមិនទាន់ទិញសំបុត្របាននៅឡើយមែន តែគាត់នឹងតាមសួររកអ្នកដែលមាន នឹងសុំយកតពីគេ។
ឱ្យតែបានកាលណា គាត់នឹងប្រាប់ពីពេលដែលគាត់មកដល់ភ្នំពេញ។
យ៉ាងហោចណាស់ក៏ខ្ញុំបានធូរស្រាលចិត្តច្រើនឡើងវិញ ពីវិបត្តិស្លុបឈឹងកាលពីព្រឹកមិញនេះ។
ខ្ញុំទើបនឹងបិទបញ្ចប់ការសន្ទនាឡើងមកឆុងមីកំប៉ុង។ ទើបលើកបានមួយម៉ាត់ ភ្លាមនោះឯកម៉ាលីគឈែតមកខ្ញុំម្តង។
«ជេមស៍នៅឯណា? ហើយកុំពិបាកចិត្តឮ? ឯងមានខ្ញុំដែលគាំទ្រឯង! ខ្ញុំដឹងថា ឯងមិនមែនដូចគេនិយាយនោះទេ!»
«និយាយស្អី? អាណាពិបាកចិត្ត!» ខ្ញុំតបខ្លីៗ។
រាល់ពេលដែលខ្ញុំអានសាររបស់ម៉ាលីគ ម៉េចបានចេះតែ មិនដែលស្រួលក្នុងអារម្មណ៍សោះ?
ខ្ញុំគិតថា «ចង់អត់ខ្វល់» ហើយចាប់ផ្ដើមញ៉ាំមីបន្ត ភ្លាមនោះគេឈែតមកទៀត។
«អត់អីទេអ៊ីចឹង បានន័យថាឯងមានអារម្មណ៍ល្អ ព្រោះឯងដែលមានអារម្មណ៍ស្តីឱ្យខ្ញុំ!»
គេបារម្ភពីខ្ញុំអំពីរឿងអី?
ខ្ញុំចាប់ផ្ដើមកើតសង្ស័យចំពោះខ្លួនឯង។
សន្សឹមៗដៃម្ខាងខ្ញុំចុចចូលទៅក្នុងបណ្ដាញសង្គមឆែក។
ពុទ្ធោហេតុអីបានជាមានគេសរសេរអំពីខ្ញុំច្រើនម្ល៉េះ? ខ្ញុំជាតារាល្បីចាប់តាំងពីពេលណាមក?ដូច្នេះហើយបានជាម្តាយខ្ញុំព្រឹកមិញនេះ ត្រូវបានអ៊ំលីនខ្ញុំខលមកម្តាយ បងរាហ៊ូ ហើយប៉ាទៀត?
ចុងក្រោយឯកម៉ាលីគ?
អ្នកណាជួលកាសែតធ្វើរឿងនេះ?
គឺរឿងដែល សរសេរថាខ្ញុំជាក្មេងរោគចិត្តធ្ងន់ព្រោះរឿងក្នុងគ្រួសារ ក៏កើតវិបល្លាសទៅ ដើររករឿងវាយដំទៅលើរៀមច្បងនិងអនាគតភរិយាស្រស់ស្អាត ព្រោះតែរំញោចច្រណែនចំពោះសុភមង្គលអ្នកដទៃ។
ខ្ញុំត្រឹមមួយយប់បានក្លាយជាម្នាក់នៅក្នុងចំណោមក្មេងៗមានបញ្ហាចិត្តយ៉ាងធ្ងន់?
បណ្ដាញសង្គមកំពុងបន្ថែមទម្ងន់ទាញខ្ញុំទម្លាក់ជ្រោះ អ៊ីចឹងសោះបានប៉ាប្រញាប់ទិញសំបុត្រចោលការងារឡើងមកភ្នំពេញវិញ?
ខ្ញុំចោលចង្កឹះមី សន្សឹមៗជាមួយនឹងភ្នែកក្រហមសឹងស្រក់ឈាម។
ស្នាដៃអ្នកណាម្នាក់ក្នុងចំណោមពួកគេ! ហើយបើឱ្យខ្ញុំនិយាយច្បាស់ គឺច្បាស់ណាស់ឥស្សរាចរិយា ជាអ្នកធ្វើបែបនេះដើម្បីបំផ្លាញខ្ញុំឱ្យដល់ចំណុចសូន្យ។
ខ្ញុំស្ទុះស្ទាទៅអង្រួនទ្វារ ធាក់ទ្វារ!
ខ្ញុំពិតជាចង់ចាកចេញពីផ្ទះនេះ ខ្ញុំចង់ចេញទៅសួរនាំថា ដែលសរសេរអំពីក្មេងប្រុសម្នាក់អាយុដប់ប្រាំពីរឆ្នាំឱ្យខូចចិត្តធ្ងន់ធ្ងរ តាមរបៀបចោទថាជាមនុស្សមានវិកលដល់ថ្នាក់លើកៅអីវាយសិស្សច្បងដែលជាគ្រូកីឡារបស់ខ្លួននេះ គេហ៊ានប្រឈមខ្ញុំចំពោះមុខច្បាប់ដែរអត់?
បានលុយពីនាង High Show ប៉ុន្មានលុយទៅ បានជាហ៊ានសរសេរបំពានខ្ញុំ?
«សិស្សមានបញ្ហាចិត្ត កាន់តែវិលវល់ធ្ងន់ឡើង ពេលឃើញសិស្សច្បងជិតរៀបការចោល!»
ខ្ញុំសើចឡើងតិចៗ ខឹកៗ អាក់ៗ ដោយជូរចត់។ ដោយទន់ជើងអង្គុយចុះយឺតៗ ជាប់នឹងទ្វារដែលត្រូវជាប់ម៉ឺងដោយជាប់សោពីខាងក្រៅ ខ្ញុំគិតម្នាក់ៗឯងក្នុងចិត្ត…..
ហេតុអីមិនមកសម្ភាសខ្ញុំផង? ហេតុអីក៏មិននិយាយថា ខ្ញុំជាសិស្សម្នាក់ក្នុងចំណោមសិស្សជាច្រើនដែលត្រូវគេបោកប្រាស់? ហើយចុងក្រោយគេនាំគ្នាហៅខ្ញុំមកឡកឡឺយ ប្រើដៃជើងលើខ្ញុំមុន? ម៉េចបានជាខ្ញុំតដៃមិនបាន? ហេតុអីបានជាសរសេរពាក់កណ្តាល? ហេតុអីបានជាមិនយល់ពីខ្ញុំអស់ ហ៊ានសរសេរពីខ្ញុំហើយដាក់ខ្ញុំលើទំព័រធំៗបែបនេះ?
អនាគតរបស់ខ្ញុំអ្នកណាសង?
គឺជាការងាររបស់អ្នកណា? ខ្ញុំត្រូវរកខុសត្រូវឱ្យខ្លួនឯង!
ទេ! ខ្ញុំចាញ់ហើយ! ខ្ញុំស្រែករោទ៍ ហើយគ្រវែងស្បែកជើងចោល ច្របល់ពាសពេញបន្ទប់ ធាក់ទាត់ តប់ អង្រួនកំទេចទ្វារ។
ទីបំផុត ខ្ញុំក៏ដឹងថា ខ្ញុំនៅតែចេញពីផ្ទះនេះមិនរួចទេ បើទោះខ្ញុំខំអស់ពីកម្លាំងកាយចិត្តច្រើនដងក្តី។ ខ្ញុំនៅតែជាក្មេងម្នាក់ មិនទាន់អាចមានកម្លាំង យកឈ្នះលើច្រវាក់និងដែកថែប ដែលម្ដាយខ្ញុំបានដាក់ពីខាងក្រៅនៅឡើយ។
ការនៅក្នុងទ្រុងជាមួយនឹងភាពខកចិត្ត ជាមួយថៃ្ងដ៏ឈឺចាប់ ជាមួយវិនាទីអស់សង្ឃឹម និងអូសបន្លាយមួយនេះ តែម្នាក់ឯង?
ខណៈនេះ ខ្ញុំពិតជាធ្លាប់គិតថា បើខ្ញុំដេកលក់បាត់រហូតទៅ តាមលំនាំអេរិចកូនមិត្តគាត់ តើគាត់យំស្តាយដែរទេ? ប៉ុន្តែបើខ្ញុំស្លាប់មែន សម្តីដែលថា ខ្ញុំមានរោគចិត្តវិបល្លាសធ្ងន់ នឹងក្លាយជាការពិតមែនដែរអត់? អ្នកដែលសប្បាយចិត្ត ពិតជាមានច្រើនជាងអ្នកដែលអាណិតខ្ញុំ ឬយល់ពីអយុត្តិធម៌ដែលកំពុងសង្កត់ខ្ញុំ?
«ខ្ញុំអរគុណម៉ាក់ណាស់ដែលធ្វើបែបនេះមកលើកូន! អរគុណដែលសង្គមមួយនេះកាត់ក្តីខ្ញុំ ដោយមុខកាំបិតល្ងង់ខ្លៅ ងងឹតងងុល អាត្មានិយមរបស់អ្នកឯងរាល់គ្នា!»
ខ្ញុំបានសរសេរពាក្យខ្លីមួយឃ្លានេះ ដាក់លើបណ្ដាញសង្គម សង្ឃឹមថាម៉ាក់របស់ខ្ញុំ ពួកអ្នកបណ្ឌិតតែស្ករ អ្នកកាសែតដូរបាយ និងមនុស្សទាំងអស់ដែលកំពុងឈរខាងឥស្សរាចរិយា ក៏ដូចជាប្រុសបញ្ញើក្អែកក្បត់ចិត្តនោះ សុទ្ធតែមានគណនីហ្វេសប៊ុកហើយ នឹងមើលឃើញភាសាដួងចិត្តពិត របស់ខ្ញុំ។
ស្ងាត់ច្រៀប…..គ្មានអ្នកឆ្លើយតបទេ!
ខ្ញុំគឺមានតែប៉ាខ្ញុំម្នាក់ប៉ុណ្ណោះ! គាត់បានឆ្លើយខ្លី ដោយបើកចំហ នៅក្រោមCaption របស់ខ្ញុំថា
«ពិភពលោកនេះ គ្មានអ្វីដែលល្អៗបានមកដល់ដៃយើងដោយស្រួលនោះទេ សូម្បីតែយុត្តិធម៌ក្តីប្រសិនយើងមិនព្រមក្រោកឡើងមកទាមទារវា! កុំដេកដួល! កុំចុះចាញ់ណាកូនរបស់ប៉ា!» “Let it hurt and then let it go.”
«ខ្ញុំមិនអាចរើទៅនៅជាមួយប៉ា ដើម្បីជាការសងសឹកម៉ាក់ទេ ដូច្នេះហើយខ្ញុំខលទៅរកគាត់…..ប៉ាមិនខលមកព្រោះស្គាល់ចិត្តកូនច្បាស់ ថាខ្ញុំមិនមែនមនុស្សនិយាយទូរសព្ទទេ តែពេលនេះខ្ញុំខលរកគាត់មុនគាត់ទទួលភ្លាម ហើយខ្ញុំយំឡើងង៉ោង…..
វគ្គ
ពេលយើងកំពុង Down
«មានម្នាក់នោះ គេមានសំបុត្រ គេលក់ឱ្យប៉ាហើយ! តែ១២ថ្ងៃទៀតបានទៅបាន ណា៎កូន!»
«បាទ!»
«យំអីយំទៅកូន! យំហើយកាត់ចិត្ត! ទុកថា គ្រប់គ្នាដែលមិនយល់ពីយើង គឺជាខ្យល់! បើគេជាខ្យល់ល្អយើងស្រូប បើជាខ្យល់ពុល យើងគេចចេញឬពាក់ម៉ាស់កុំរវល់នឹងវា! កុំឱ្យវាចូលសួតយើង! រឿងយើង យើងដឹង! ពួកគេគ្មានតម្លៃអីយកមកទូទាត់ជាមួយដំណើរទៅមុខរបស់យើងទេ! ចង់ទិញអី ចាំប៉ាផ្ញើឱ្យភ្លាម! ប៉ាបានបាញ់លុយខ្លះទៅហើយរកមិត្តភក្តិណាល្អ ដើរលេងកម្សាន្តជាមួយគេទៅ ទៅសមុទ្រអី ទៅបោះតង់អីស្ងប់ស្ងាត់ល្អទេ?»
ចប់ពីប៉ា ខ្ញុំឮស្នូរឡាន។
ស្មានថាម៉ាក់មកវិញ ដឹងអីពេលខ្ញុំសំងំធ្វើមិនឮមួយសន្ទុះ មិនឃើញបើកច្រវាក់ទ្វារខ្ញុំក៏កើតសង្ស័យហើយក្រោកចេញទៅមើល។ ខ្ញុំឃើញបងរាហ៊ូកំពុងអើតឡឺមដោយទឹកមុខបារម្ភ។
«បងរាហ៊ូ?!»
«អ្ហ៎ះជេមស៍? នៅផ្ទះតែឯងឬស្អីនៀក? អ្នកណាឃុំឯង?!»
ខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ដែលបងម្នាក់នេះបង្ហាញខ្លួន ពិសេសទឹកមុខស្រពោនឈឺឆ្អាលរបស់គាត់។
«មិនមែនមកដោយសារមាសមន្តាទេដឹង?!»
ខ្ញុំបង្ហើបបង្អួចស្រែកសួរគាត់។
បងរាហ៊ូមិនឆ្លើយគាត់គិតពីញីថ្ងាសរកមធ្យោបាយ។
ខ្ញុំស្រែកចំអកឱ្យគាត់៖
«មកធ្វើអី? យករឿងបរាជ័យរបស់ខ្ញុំ ទៅធ្វើរបាយការណ៍ឱ្យ CEO បងឯងមិនហ្មែន?!»
គាត់ទៅជាឆ្លើយរឿងផ្សេង៖
«ឱ្យបងហៅជាងវៀតណាមកកាតច្រវាក់ឱ្យដែរអត់ជេមស៍!»
ខ្ញុំហាក់ត្រេកអរភ្លាមព្រោះទើបនឹងនឹកឃើញ។ ពិតណាស់! បើធ្វើដូចគាត់និយាយមែន ខ្ញុំបានចេញរួចហើយ មែនទេ?
ខ្ញុំនឹងដើរចោលម៉ាក់ ឱ្យគាត់ស្គាល់រសជាតិនៅម្នាក់ឯងម្តង។
«ហៅមកបង! ហៅ! លឿនឡើងបងរាហ៊ូ! ខ្ញុំត្រូវការចេញពីកន្លែងនេះ! នាំខ្ញុំទៅឱ្យឆ្ងាយបងរាហ៊ូ! ឮអត់?!»
បងរាហ៊ូងក់ក្បាលពេលឃើញខ្ញុំសើចទាំងទឹកភ្នែក។ គាត់ក្តាប់មាត់ហើយចុចទូរសព្ទ។
មិនដល់៥នាទីជាងពីរនាក់ជិះម៉ូតូមកដល់ជាមួយប្រអប់ពិសេសរបស់ពួកគេ។ ខ្ញុំនិងបង រាហ៊ូ ចាកចេញពីភ្នំពេញដូចជាបក្សាត្រដាងស្លាបហោះ។
«ទៅឱ្យឆ្ងាយបង! ទៅណាក៏បាន! ទៅឱ្យឆ្ងាយបំផុតណាបង!!»
គាត់បោលឡាននាំខ្ញុំចាកចេញពីមណ្ឌលដែលពោរពេញទៅដោយទោមនស្សា ចាក់កម្ទេចចោលទុក្ខានានារបស់ខ្ញុំទៅក្នុងជម្រៅសមុទ្រ ហើយចុងក្រោយបំផុតយើងឡើងទូកទៅកាន់
កណ្តាលផ្ទៃជលសា។
«ខ្ញុំស្អប់ពិភពលោកនេះ ខ្ញុំស្អប់អ្នករាល់គ្នា!»
ខ្ញុំស្រែកខ្លាំងៗ ទៅកាន់មេឃ នៅពេលដែលសេរីភាពនៃខ្យល់សមុទ្របានបបោសអង្អែលលួងលោម ផ្តល់អំណាចឱ្យខ្ញុំ។
ខ្ញុំនៅលើអូប័រមួយនេះ ដោយមានថាមពលនៃភាព «ជាខ្លួនឯង» ជេមស៍ម្នាក់នេះ មិនខ្លាចនឹងត្រូវអ្នកណាឃុំឃាំង មិនខ្លាចអ្នកណាវាយតម្លៃខ្ញុំ ហើយក៏មិនចង់ដឹង មិនចង់ឮថាអ្នកដទៃយល់អំពីខ្ញុំ តាមរបៀបណាទាំងអស់!
ខ្ញុំសុខណាស់! ខ្ញុំចូលចិត្តនាទីមួយនេះ ពេលនេះ ម៉ោងនេះ!
យប់នោះខ្ញុំនៅលើកោះជាមួយបងរាហ៊ូ ហើយញ៉ាំអីពីរនាក់យ៉ាងហ៊ឺហាតែមិនមែនជាគូស្នេហ៍ឡើយកុំភាន់ច្រឡំ។
គាត់គេងក្នុងបន្ទប់ ខ្ញុំគេងក្នុងតង់ខ្ញុំនៅខាងក្រៅបន្ទប់។ មើលទៅគាត់ មិនសមណាជាមនុស្សមិនល្អទេ។
«ញ៉ាំទៅជេមស៍! កាលណាពោះឆ្អែតសិន បានយើងមានមធ្យោបាយដោះស្រាយបញ្ហា!»
«ខ្ញុំមិនទាន់គ្រប់អាយុផឹកស្រាទេបង!»
ខ្ញុំចុចសាច់បង្គាបំពងយកមកទំពាលេប ហើយរុញបដិសេធកែវប៊ីយ៊ែរដែលគាត់ចាក់ហុច។
«យើងនៅទីនេះយូរប៉ុនណា? មើលទៅវាថ្លៃណាស់បង»
«រហូតដល់ជេមស៍រឹងមាំ យើងត្រលប់ទៅវិញ!»
«ខ្ញុំមិនបានទន់ខ្សោយទេ ខ្ញុំគ្រាន់តែចង់បានពេលវេលាស្ងប់ខ្លះ!»
«បងដឹង!»
«បងដឹងអីទៀត?!»
«ម៉ាក់ជេមស៍នឹងប្តឹងបង ពីបទជម្រត់កូនទោលគាត់!»
«ឱ្យគាត់ដឹងពិបាកចិត្តម្តង!» ខ្ញុំនិយាយទាំងក្តាប់មាត់ខឹង ហើយដៀងសម្លឹងទូរសព្ទខ្ញុំដែលបិទចោលសូន្យឈឹង។
ស្ត្រីមានទំនោរច្រឡំស្នេហាដោយតណ្ហា។ បុរសស្រឡាញ់ភេទដូចគ្នាអាចញែកតណ្ហាចេញពីស្នេហា ហើយឆ្លើយតបទៅនឹងអតីត មិនគំរាមកំហែងដល់អ្នកក្រោយឡើយ។
«ហេតុអ្វីបានម៉ាក់ជេមស៍ឃុំជេមស៍ចោលក្នុងសភាពផ្លូវចិត្តខ្សោយបែបនេះ!»
គាត់សួរដោយស្ទាបស្ទង់ខ្ញុំ។ ធម្មតា ខ្ញុំមិនទម្លាប់និយាយរឿងក្នុងគ្រួសារ ប្រាប់អ្នកណាគេទេ តែលើកនេះ ខ្ញុំបែរជាចង់និយាយ។
ខ្ញុំគិតថា មកពីម៉ាក់រវល់ ហើយមិនដឹងជាត្រូវយកខ្ញុំទៅទុកចោលនៅឯណា បានជាគាត់ប្រើវិធីនេះមកលើខ្ញុំ។
ខ្ញុំឆ្លើយតិចៗឋ៖
«ប្រហែលគាត់ដឹងថា ខ្ញុំនេះស្រឡាញ់ជីវិត មិនធ្វើផ្តេសផ្តាសពេលនៅម្នាក់ឯង!»
បងរាហ៊ូមុខស្លេក គាត់និយាយភ្លាម៖
«តែបងបារម្ភណាស់ ស្ថានភាពជេមស៍ ផ្លូវចិត្តរបស់ជេមស៍!»
«ខ្ញុំគ្មានផ្លូវចិត្តស្អីដូចដែលពួកកាសែតធ្វើបំប៉ោងយកបុងទេបង!»


