រឿង៖ ថ្ងៃណាមួយ ភាគទី១៣

«អ្នកណាធ្វើឱ្យរឿងនេះលេចឮធំដុំម្ល៉ឹងៗ​លើកាសែត?»

«មានអ្នកណាទៀត! បុគ្គលសាធារណៈ ពួកHigh Show ពួកចង់ល្បី ចង់សំខាន់ ​យកខ្ញុំជានុយ! ​មុននឹងក្រោយទេពីរនាក់ហ្នឹង!»

ខ្ញុំរអ៊ូទាំងខឹងតែខ្ញុំមិនញ៉ាំប៊ីយែរទេ សូម្បីទឹកក្រូច​ក៏មិនប៉ះដែរ គឺ​ខ្ញុំញ៉ាំទឹក។ ទេពណារ៉ា​បានបង្រៀនខ្ញុំ មិនឱ្យទុកចិត្ត​អ្នកណាបានទាំងអស់ រួមទាំងបងម្នាក់ ដែលកំពុងធ្វើមុខឈឺឆ្អាលនេះផងដែរ។​

«ខ្ញុំមិនយល់រឿងមួយបងរាហ៊ូ!»

«រឿងអី?»

«យើងមិនត្រូវជាអ្វីនឹងគ្នាផង! ​បងឯងមករកខ្ញុំដល់ផ្ទះ ​ហើយជួលជាងមកគាស់សោនាំខ្ញុំមកដល់ណេះ? ​បងឯងស្រឡាញ់ខ្ញុំឬអី?»

គាត់សើចងាកមុខចេញ ហើយចុងក្រោយ​សើចអស់ចិត្ត​ក៏​​បែរ​មកវិញឆ្លើយ៖

«ពាក្យ​ស្រឡាញ់ ​ចំពោះបងវាមិនមែន​ងាយៗកើតឡើងបាន​ទេជេមស៍! បេះដូងបងងាប់បាត់យូរហើយ»

ខ្ញុំធូរចិត្ត​៖

«ល្អហើយ! កុំមកផ្តេសផ្តាស!»

«តែ​ការគេងជាមួយដៃគូ​ខុសពីស្រឡាញ់!»

ខ្ញុំប្រកែកញ៉ាញដោយបើកភ្នែកធំៗ៖

«គេងស្អី? កុំលោណ៎ាបងរាហ៊ូ ច្រានទម្លាក់ទឹកទាំងយប់បាន!»

គាត់សើចសម្លឹងអាការៈខ្ញុំ៖

«ឯងមិនមែន​ប្រភេទType ដែលបងត្រូវការទេ! ​កុំភ័យមើល៍!»

យប់នោះ យើងអង្គុយ​ជជែកលេងជាមួយគ្នាយឺតៗ​ យ៉ាង​រំភើយដល់ម៉ោង​សឹងក្បែរ២ភ្លឺ។ ខ្ញុំទើបនឹង​យល់ តាមរយៈ​ការជជែក​ប្តូរទស្សនៈគ្នា ប្រកែកប្រណាំង​តាមសម្រួល និងដោ​យចំហជាមួយ​បង​រាហ៊ូ​។ ​ខ្ញុំដឹងថា លោកនេះ​តាមពិតមិនទាន់មានទស្សនៈ “ត្រឹមត្រូវ” ឬក៏ “ខុស” លើរឿងស្នេហា​ និងការរួមភេទ​ដូរគ្នាគ្រាន់សប្បាយ​នៅឡើយទេ។

មនុស្ស​ស្រីភាគច្រើន​យល់ច្រឡំ​ថា ការរួមភេទ​ឬការចង់រួមភេទពីសំណាក់បុរសដែលនាង​ចួប​ សុទ្ធសឹងតែជាស្នេហា ចំណែក​ខ្ទើយ​ដូចពួកយើង ​ច្បាស់ជាចែកដាច់បាន​ថា ស្នេហា​និងកាលដែល​ត្រឹមចង់សាកល្បង​ស្គាល់ ដោះដូរ​រាងកាយត្រេកត្រអាលជាមួយគ្នា ​ខុសគ្នា​របៀបណាពីការស្រឡាញ់?

គ្រោះថ្នាក់ក្នុងរឿង​ផ្លូវចិត្ត កើតឡើងភាគច្រើន​ដោយយើងមិនមានភាពស្មោះត្រង់ជាមួយខ្លួនយើងផ្ទាល់ ឬជាមួយ​ដៃគូរបស់យើង ដោយមិនស្គាល់ ​និង​មិនគោរពអារម្មណ៍ខ្លួនឯង​ច្បាស់លាស់ ចួនក៏សម្របតាម​តម្រូវការរបស់ដៃគូយើង ទាំងយើងមិនចង់ឬយើងចង់​តែ មិនមែនស្រឡាញ់ ទាំងនោះ​ហើយក៏​បង្កើតជាការច្រឡំគ្នា បណ្តាលឱ្យមាន​ទំនាស់និងការ​ខឹងស្អប់ ឈឺចាប់ទៅថ្ងៃក្រោយបាន។

លើសពីនេះ​គ្មានរូបមន្តណាមួយ សម្រាប់ចែកដាច់ ថា​ទំនាក់ទំនងណាមួយសម្រាប់ផ្លូវកាយនិងអារម្មណ៍​ ហើយទំនាក់ទំនង​ណាមួយ​សម្រាប់ជីវិត​ទៅអនាគត តើខុសគ្នាបែបណានោះទេ។

មនុស្ស​ជាច្រើន​រស់នៅជាមួយ​គ្នាព្រោះកាតព្វកិច្ច​អាពាហ៍ពិពាហ៍ទាំងគ្មានអារម្មណ៍​ ខ្លះទៀត​មិនមានកាតព្វកិច្ច​អ្វី​តែចង់ចួបគ្នាជាខ្លាំង។

«បើអាច!​ តើបងចង់ធ្វើជាមនុស្សប្រុសពិត ឬចង់ដូចឥឡូវ?!»

ខ្ញុំសួរគាត់ពេលឃើញគាត់ស្រវឹងស្រឿងៗ​ហើយ​នៅតែមិនព្រមចូលគេង​។ គាត់តបមកវិញទាំងមុខ​ក្រប៉ុលៗ៖

«ច្បាស់ណាស់ ​បងចូលចិត្ត​ខ្លួនបង ជាបងឥឡូវនេះ! បងមិនមាន​ស្អីអន់ចិត្ត​នឹងខ្លួនបងផង! ​ដោះស្រាយវាតាមរបៀបដែលយើងនេះកំពុងតែ​​មានទៅ!​ ទៅចង់បានរបស់មិនមែន​យើងមកធ្វើស្អី? នែ៎ ជេមស៍! មនោគមវិជ្ជាពាក្យថា បុរសពិត ឬមនុស្ស​ប្រុស​ តាមបែបប្រពៃណីក្នុងលោកនេះ បាន​ប៉ះពាល់ដល់អារម្មណ៍ បុរសស្រឡាញ់ភេទដូចគ្នាខ្លាំងកម្រិតណាប្អូនដែលដឹងអត់ជេមស៍?»

«បែបណាទៅបង?!»

«គឺ​ចំពោះខ្លួនឯង និងទំនាក់ទំនងភេទ! ឯងធំហើយបងក៏គួរតែប្រាប់ឯង!  ខណៈពេលដែលបុរសស្រឡាញ់បុរសដូចយើង ​ត្រូវ​តស៊ូជាមួយទម្លាប់ចាស់ ដែលសង្គមមនុស្ស​​ទទួលស្គាល់តែ២ភេទ​គឺមនុស្ស​ប្រុស​និងមនុស្ស​ស្រី ឯក្រុមសល់ពីនោះ​ត្រូវ​គេ​កំណត់ថា ចម្លែក។ គ្រាន់តែយើង​មិនមែនជាប្រុស ក៏មិនមែន​ជាស្រី យើងមិនទាន់បាន​កំណត់នូវអ្វីដែលហៅថាជាឥរិយាបថគោល​សមស្របសម្រាប់យេនឌ័ររបស់យើង​ដែលធម្មជាតិ​បានផ្តល់មកឱ្យយើងផង សង្គមមនុស្ស​ក៏ចង្អុលថាយើងខុសបាត់ទៅហើយ! នេះជាការ​ដកចោល​សិទ្ធិរបស់យើង​តាំងពីថ្ងៃយើងទើបនឹងកើតមកម្ល៉េះ!»

ខ្ញុំនៅស្ងៀមស្តាប់ ​មិនងក់ក្បាល​ មិនគ្រវីក្បាល គឺ​ខ្ញុំក៏កំពុងថ្លឹងថ្លែងដែរ។ បងរាហ៊ូបន្ត៖

«ដូចកាលបងនៅអាមេរិក! ស្រុកសេរីប៉ុណ្ណឹងហើយ ដែល​​អួតថាមានគំនិតបើកចំហ​ ក៏​នៅតែមានមនោគមវិជ្ជាចាស់គម្រិលថា ប្រុសត្រូវតែឡូយ មាំ ខ្លាំង មិនខ្លាច​មិននិយាយច្រើន សម​គោរពនិងកោតសរសើរ សួរថាមានមែនអត់?​ គ្រប់គ្នា​ខ្លាចខ្មោចជាងបងដែលជាខ្ទើយផង! តែមិនហ៊ានបញ្ចេញមកព្រោះ​ទ្រឹស្តីនេះ! ប្រុសៗគួរតែមើលពីក្រៅទៅហ៊ឹកហ៊ាក់​ និង​ហ៊ានប្រឈម​ហានិភ័យប្រឈមការផ្សងព្រេង តាមពិត ម៉ាក់បង គាត់ហ៊ាន​ផ្សងព្រេងជាងប៉ាបងផង! ស្តាប់កន្លែងនេះឱ្យទាន់ណ៎ាជេមស៍!  តួនាទី​យេន​ឌ័រ​តាមបែបប្រពៃណីទេ ដែលនាំឱ្យបុរសមើលទៅ​

អស្ចារ្យ​​ តាមពិតមិនមែនទាំងអស់!​ ភេទណាក៏មាន​មនុស្សកំសាក មានមនុស្សអស្ចារ្យ​ដូចតែគ្នាហ្នឹង! ​ពួកគេ​ខ្លះស៊ូ​ ខ្លះ​មិនតស៊ូ ខ្លះតោងប្រុសស៊ី ​ខ្លះតោងស្រីស៊ី​ ខ្លះបោកខ្ទើយពួក​យើងអស់សន្ធឹក​!  ដោយសារស្ត្រីលះបង់ឱ្យបុរស បានជារ៉ាប់រងការងារតូចៗ លំបាកតោកយ៉ាក ​បុរសវិញ​ចេញមុខ​ស្លៀកពាក់ភ្លឹងៗលើសង្គម គឺមកតែពីទម្លាប់ដាក់កម្រិតលើអារម្មណ៍ហ្នឹងឯង។  ប្រុសៗត្រូវ​បង្ខំឱ្យមើលទៅ​សុភាពៗតែខាងក្រៅ​ ចូលដល់បន្ទប់ដេកដឹងគ្នាហើយ!​ ​អានេះហើយ​ដែលបងស្អប់ណាស់ ភាពក្លែងក្លាយទាំងអស់ដែលមនុស្ស​គ្រប់ភេទ ត្រូវបានគេបង្ខំឱ្យធ្វើ! អ្ហូ៎យ​ហត់!»

«សូម្បី​តែម៉ាក់ខ្ញុំ! បងឯងមើលគាត់ធ្វើលើខ្ញុំ!»

«ម៉ាក់របស់ជេមស៍​នៅតែជាម៉ាក់របស់ជេមស៍! ឪពុកម្តាយ ​​ដូចជាចំណែកមួយនៃរាងកាយរបស់យើង ទោះអវៈយវៈណាមួយ​មិនសូវដំណើរការ ឬកំពុងឈឺ ប្រើមិនបាន ​យើងបានត្រឹមទ្រាំព្យាបាលចេញតាមសម្រួល​ដោយអត់ធន់ម្តងហើយម្តងទៀត! ប្រសិន​បើទៅលែងរួច ​ទើបយើងបង្ខំ​ចិត្ត​កាត់ចោល!​ យើងនឹងពិការ! ​តែមានអ្នកចង់ពិការទេ? ​អត់ទេ! ​​យើងចង់បានពេញ​

លក្ខណៈ​ទោះមិនសូវជាត្រូវចិត្ត ​តែយើងមិនចង់បាត់បង់ដាច់ខាត! ​ដូច្នេះ​ហើយ​មនុស្ស​គ្រប់គ្នាត្រូវតែចេះប្រឈមនឹងបញ្ហា ព្រមជាមួយ​ការ​ចេះរក​វិធីមក​ដោះស្រាយ!»

នៅទីនោះពីរថ្ងៃ​ពីរយប់ ខ្ញុំនឹង​បងរាហ៊ូបានជជែករឿងជាច្រើន។ ​នេះជាវិធីសម្ងាត់របស់គាត់ ក្នុងចេតនា​ធ្វើឱ្យខ្ញុំនេះចេះគិត និងមានការយល់ដឹងជ្រៅជាងមុនលើ​បញ្ហា​ជីវិត ​ក៏លែង​ឆេវឆាវទៀត។

ត្រលប់មកផ្ទះវិញ ម្តាយរបស់ខ្ញុំខឹងខ្ញុំយ៉ាងខ្លាំង។

គាត់បានស្រែកគំហក និងថាឱ្យខ្ញុំ ដែលបានបាត់ដំណឹងដល់ទៅពីរយប់មិនឱ្យដំណឹង​ ឬ​និយាយប្រាប់គាត់។

ប៉ុន្តែខ្ញុំមិនបានឆ្លើយតបអ្វី ក្រៅពីឡើងទៅគេងសម្រាកធ្វើមិនដឹង ​នៅលើបន្ទប់តែម្នាក់ឯង។ បន្ទាប់ពីបានធូរស្រាលក្នុងចិត្ត ហើយ​យ៉ាងហោចណាស់ខ្ញុំបានយល់នូវរឿងជាច្រើន ក្រោយពីបានជជែកគ្នា ដោយគ្មានការរំខានជាមួយបងរាហ៊ូ។

អ្វីដែលខ្ញុំមានការស្ងើចសរសើរនិងទុកចិត្តបងម្នាក់នេះ គឺគាត់មិនបានរំឭកសូម្បីតែមួយម៉ាត់ណាអំពីCEO មាសមន្តា​របស់គាត់នៅមួយចប់នៃរយៈពេលនៃការធ្វើដំណើរកម្សាន្តរបស់ពួកយើង។​ ទទួលអារម្មណ៍សម្ងាត់ថា​ យ៉ាងហោចណាស់ខ្ញុំមានមិត្តម្នាក់ដែលអាចចាស់ទុំជាងខ្ញុំច្រើន មានបទពិសោធនៅក្នុងជីវិតក្រាស់ក្រែល ហើយបានផ្តល់មកឱ្យខ្ញុំនូវពុទ្ធិមានតម្លៃ។

ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចឆ្លងកាត់ដំណាក់កាលនេះបានយ៉ាងល្អ។

សម្ដីរបស់គាត់ត្រូវណាស់ ទោះបីយ៉ាងណាម៉ាក់របស់ខ្ញុំគឺជាម៉ាក់របស់ខ្ញុំ ប៉ារបស់ខ្ញុំគឺជាប៉ារបស់ខ្ញុំ យើងមិនអាចកែប្រែអ្វីទាំងនេះបាន តែយើង​អាចរកវិធីបន្សាំខ្លួនជាមួយនឹងស្ថានភាពនោះហើយរកវិធីដោះស្រាយដោយឆ្លាតវៃ។

ទោះបីយ៉ាងណា ខ្ញុំនៅតែទុកចិត្តបានថា ម្ដាយខ្ញុំស្រឡាញ់ខ្ញុំ។ ដោយសារតែស្ថានភាពបង្ខំ​ និងទស្សនៈពីកំណើត​ចរិត​ចង្អៀតចង្អល់របស់គាត់ បានជាគាត់ជ្រើសរើសសកម្មភាពឆ្លើយតបនឹងបញ្ហាតាមរបៀបដែលមិនសូវត្រូវចិត្តខ្ញុំក៏ដោយ ប៉ុន្តែខ្ញុំនៅតែដឹងថា ខ្ញុំមិនមានគ្រោះថ្នាក់ទេក្នុងផ្ទះខ្លួនឯង ខុសពី កាលដែលនៅមិននៅទៅជឿលើទេពណារ៉ា។

ជម្រើសរបស់ខ្ញុំក្នុងការមិនឆ្លើយឆ្លងជាមួយម្តាយខ្ញុំ គឺជាការសងសឹកដ៏ល្អបាត់ទៅហើយ ដើម្បីឱ្យគាត់ដឹងថា ខ្ញុំមិនពេញចិត្តទៅនឹងការដោះស្រាយរបស់គាត់ចំពោះបញ្ហាដែលកើតឡើងកន្លងមក។

ខ្ញុំមិនឆ្លើយនឹងគាត់ ជាការជ្រើសរើសមួយបង្ហាញថា   ខ្ញុំមិនចង់ស្ដាប់ឮ     មិនចង់គាំទ្រនូវ​​ទស្សនៈ​ចង្អៀតចង្អល់របស់គាត់ ប៉ុន្តែមិនយូរប៉ុន្មាន គាត់បានប្រាប់ខ្ញុំពីក្រោមមកថា

«ត្រៀមខ្លួនដូរសាលា​ ទៅកន្លែងថ្មី! ធ្វើខ្លួនឱ្យល្អជាងនេះ! កុំធ្វើឱ្យម៉ាក់ខ្មាសគេទៀត!»

មិនដឹងយ៉ាងម៉េចពាក្យពេចន៍​ដំណឹង​របស់គាត់ម្ដងៗ ទោះបីជាខ្ញុំមិនចង់យកវាមកធ្វើជាអាវុធ ប៉ុន្តែវានៅតែមុតជានិច្ច។

ឱ្យខ្ញុំដូរសាលាក៏ដូរទៅ ខ្ញុំខូចឈ្មោះទៅហើយ!  តែគាត់ក៏មិនចាំបាច់អី មកប្រើសម្ដីដែលថាខ្ញុំធ្វើឱ្យគាត់ខ្មាសគេនោះទៀតដែរ។ តើមានអីទាក់ទងគ្នា? ខ្ញុំនៅតែជាអ្នករងគ្រោះដែលមិនទាន់ទទួលបានយុត្តិធម៌ផង ចំណែកគាត់បន្ថែមភាពរងគ្រោះឱ្យខ្ញុំមួយជាន់ទៀត?

ម្តាយម្នាក់ មិនត្រឹមតែមិនឈរខាងខ្ញុំ ថែមទាំងរុញខ្ញុំឱ្យកប់លិច​ទៅក្នុងភក់។

«ធ្វើអីធ្វើទៅម៉ាក់! ឱ្យសប្បាយចិត្តម៉ាក់ខ្លួនឯង!»

ខ្ញុំតបវិញនេះ គឺជាឃ្លាទីមួយដែលខ្ញុំនិយាយរកគាត់បន្ទាប់ពីត្រលប់មកពីកោះវិញ។

បន្តិចទៀតប៉ាវិលមកវិញហើយ ​ខ្ញុំលបគិតថា​បើសិនចាំបាច់ ខ្ញុំនឹងរើទៅនៅជាមួយប៉ារបស់ខ្ញុំវិញ តែខ្ញុំមិនទាន់ដឹងទេថា តើប៉ាមាន​អ្នកណានៅជាមួយ​ដែរទេ?​ សង្គមនេះគេនិយាយថា ស្ត្រីនៅម្នាក់ឯងបានរហូតក្រោយការលែងលះ ​ចំណែកបុរសតែងមានថ្មីរហ័សណាស់។

«ប៉ា! ខ្ញុំធុញណាស់ខ្ញុំចង់ចេញពីផ្ទះនេះ!»

ខ្ញុំសរសេរឈែតខ្លីនេះ​ទៅកាន់ប៉ាខ្ញុំ ហើយទុកចោល។

ពេលក្រោកដឹងខ្លួន​ពីគេងមកវិញ ក៏ឃើញថា ទូរសព្ទមាន​Miscalled ច្រើន ប៉ុន្តែខ្ញុំលង់លក់រហូតដល់ថ្នាក់មិនបានលើកវា។

ក្រោយមកទៀតប៉ាបាននិយាយ ទូរសព្ទជាមួយខ្ញុំ។ ពេលនោះ​ខ្ញុំយល់ច្បាស់ថា  ដោយសារការកាត់ក្ដីនៅឯតុលាការ ហើយកាលនោះខ្ញុំបាន​ជ្រើសរើសយកម៉ាក់ ដូច្នេះហើយខ្ញុំនៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ម៉ាក់រហូតដល់ខ្ញុំទ្រាំចាំប៉ុន្មានខែទៀតទម្រាំអាយុដប់ប្រាំបីឆ្នាំ ខ្ញុំអាចនឹងសម្រេចចិត្តថា តើខ្ញុំគួរតែទៅរស់នៅជាមួយអ្នកណា។

ដូច្នេះខ្ញុំមិននៅសល់ពេលច្រើន​ពេកទេនៅក្នុងការគាបសង្កត់របស់ម៉ាក់ខ្ញុំ។ ក៏ហាក់ដូចជាមានកម្លាំងចិត្តទ្រាំទ្រខ្លាំងជាងមុនពេល ដឹងថា​ការហោះហើរនឹង​បានមកដល់ឆាប់ៗ។

ជាមួយនោះប៉ាតែងតែប្រាប់ខ្ញុំថា ឱ្យទុកសកម្មភាពនិងសម្ដីណាដែលម៉ាក់ទម្លាប់និយាយ​ធ្វើឱ្យប៉ះពាល់ទង្គិចចិត្តខ្ញុំ ជា«អចេតនា» របស់គាត់​ទៅចុះ ហើយជំរុញ​ឱ្យខ្ញុំតស៊ូ ព្យាយាមឆ្លងកាត់ដំណាក់កាលទាំងអស់នេះ ព្រោះ​ខ្ញុំនឹង​ទទួលបាននូវភាព«រឹងមាំ»។

មិនយូរប៉ុន្មានប៉ា​បាន​ត្រលប់មកដល់ភ្នំពេញដូចការសន្យា។

ប្រហែលជាម៉ោងប្រាំពីរយប់ទៅហើយ ខ្ញុំបានទៅរង់ចាំទទួលគាត់នៅព្រលានយន្តហោះ។ កម្សត់ណាស់បើធៀបនឹងគេដទៃ។ យើង​មានតែ២នាក់ពុកនិងកូនប៉ុណ្ណោះឡើងឡានតាក់ស៊ីត្រលប់មកក្នុងទីក្រុងវិញ។

ខ្ញុំឃើញមានតែវ៉ាលិសតូចមួយភាគច្រើនក្នុងនោះ ជាអាវយឺត​អាវកីឡានិងទឹកអប់សម្រាប់ខ្ញុំ ខ្ញុំគិតថា មិនយូរទេគាត់នឹងត្រលប់ទៅភូមាវិញមិនខាន ពីព្រោះគាត់មិនអាចចោលការងារនិងប្រាក់ចំណូលរបស់គាត់ មកអង្គុយចាំ​កំដរខ្ញុំនោះឡើយ។

ម្ល៉ោះហើយអ្វីដែលខ្ញុំជ្រើសរើសពេលនេះ​គឺធ្វើរឹងមាំឡើង ដើម្បីឱ្យប៉ាខ្ញុំសប្បាយចិត្ត ជឿថា ខ្ញុំគឺជាកូនម្នាក់ ដែលមិនអំពល់ទុក្ខដល់មុខរបរអាជីពរបស់គាត់។

ប៉ានិងខ្ញុំអង្គុយញ៉ាំបាយជាមួយគ្នា ជាលើកដំបូង បន្ទាប់ពីរយៈពេលច្រើនខែដែល​គាត់បាន​លែងលះជាមួយម៉ាក់។ យើងមិនដែលបានញ៉ាំបាយជាមួយគ្នាដូច្នេះទេ។ គាត់មិនបានទូន្មានអ្វីចំពោះខ្ញុំ មានតែនាំខ្ញុំឱ្យជ្រើសរើសម្ហូបប្លែកៗ ​ហើយនិយាយគ្នាដ៏ស្រស់ស្រាយ។

ចួនគាត់ចង្អុលទៅក្រុមគ្រួសារអ្នកដទៃ និយាយពីកុមារតូចៗនិងប្រាប់ចរិតល្អរបស់ខ្ញុំកាលពីក្មេង​និងរំឭកថាម៉ាក់ស្រឡាញ់ខ្ញុំខ្លាំង​ ពេលខ្ញុំមិនគេង​យប់​គាត់ក៏ត្រូវ​ទ្រាំ​នៅកំដរខ្ញុំ អត់ងងុយ​រូងភ្នែក។ ចួនយើង​សម្លឹងទៅចរាចរណ៍នៅពីក្រៅ​កញ្ចក់ហាង។

មិនតែប៉ុណ្ណោះគាត់បានរៀបរាប់ប្រាប់ខ្ញុំ អំពីស្ថានភាពនយោបាយនិងការតស៊ូបះបោរនានានៅក្នុងប្រទេសភូមា ស្ថានភាពពាណិជ្ជកម្ម ហើយគាត់ក៏បានសួរនាំខ្ញុំ អំពីអនាគត ថាតើខ្ញុំចង់ធ្វើជាអ្នករកស៊ី ឬមួយក៏ចង់ធ្វើជាអ្នករាជការ។

ខ្ញុំដឹងពេលនេះថា ប៉ាខ្ញុំចង់ចៀសវាង មិននិយាយអំពីរឿងផ្ទាល់ខ្លួនរបស់ខ្ញុំ ព្រោះគាត់មិនចង់ឱ្យខ្ញុំវិលត្រលប់ទៅរកស្ថានភាពឈឺចាប់ សម្ពាធដដែលជាដដែលនោះទៀតទេ។

មុននេះជាងមួយសប្ដាហ៍ ដែលខ្ញុំបានយំសោក ស្រែកទ្រហោដាក់គាត់តាមទូរសព្ទ បានចប់ទៅតាមពេលវេលាហើយ។ គាត់បានបិទបញ្ចប់ទំព័រនោះ មិនរំឭកឡើងមកវិញសូម្បីតែ​មួយម៉ាត់ណាទៀតឡើយ។ នេះគឺជាភាពខុសគ្នារវាងប៉ាខ្ញុំ និងម៉ាក់ខ្ញុំ។

ខ្ញុំមិនចង់និយាយថា អ្នកណាល្អជាងអ្នកណានោះទេ ប្រហែលជាម្តាយ​ខ្ញុំគាត់មានសម្ពាធខ្លាំងដោយសារសង្គមរបស់គាត់ គឺជាក្រុមដែលចូលចិត្តមើលវាយតម្លៃ​គ្នាទៅវិញទៅមក បានជាគាត់ខ្លាច «​គេថា» ចំណែកប៉ាខ្ញុំគឺជាមនុស្សដែល «មិនខ្វល់» ពីឋានៈនិងមុខមាត់អ្វី គាត់ដឹងតែពីធ្វើការងាររបស់គាត់ ហើយគាត់ក៏មិនខ្វល់ថា អ្នកដែលគិតពីគាត់​យល់យ៉ាងណាអំពី​ជីវិត​គាត់នោះដែរ។

នេះ​ជារូបភាពពីរ ដែលខ្ញុំបានរៀនអំពីជីវិតគ្រួសាររបស់ខ្ញុំ តាំងពី​ក្មេងរហូតមកដល់ពេលនេះ។​ នៅយប់នោះពេលដែលខ្ញុំត្រលប់មកផ្ទះវិញ ម្តាយ​របស់ខ្ញុំ បានរំឭកឱ្យត្រៀមខ្លួន ទៅបង្ហាញ​ខ្លួន​ចូលរៀននៅសាលាថ្មី។ 

តាមពិតទៅ វា​មិនមានអ្វីប្លែកទេ ក្រៅតែពីដូរឈ្មោះសាលា និងទីតាំងតែប៉ុណ្ណោះ។ សាលានេះនៅតែជាសាលាដែលមានទំនាក់ទំនងជាមួយក្រុមមិត្តភក្តិម្តាយខ្ញុំ មានប្រធានផ្នែករដ្ឋបាលម្នាក់ដែលធ្លាប់ជាអតីតកូនចៅរបស់ម្តាយខ្ញុំ ហើយនិងមានគ្រូខ្លះ ជាមិត្តភក្តិរបស់ម្ដាយខ្ញុំកាលនៅរៀនទៀត។

ខ្ញុំគិតថាពួកគេ បាន​ដឹងរឿងអាស្រូវ​របស់​ខ្ញុំកាលពីខែមុននៅសាលាចាស់ហើយ បានជាពេលខ្ញុំចូលរៀនកាលណាម្នាក់ៗ ទុកខ្ញុំដូចជាតួកុន ជា​ចំណុចស៊ីបនៃការ​តាម​សម្លឹង។

មិនថ្វី! ខ្ញុំតាំងចិត្តរួចហើយថា ពួកគេ គឺជាធម្មជាតិ គឺជាទេសភាព គឺជាខ្យល់ដូចប៉ាខ្ញុំនិយាយ! បើសិនជាខ្យល់ល្អ ខ្ញុំនឹងស្រូបយកមកបំពេញសួត បើជា​ខ្យល់ពុលខ្ញុំនឹងព្រលែងចោលហើយពាក់ម៉ាស់​។

ខ្ញុំមិននិយាយរកពួកគេ ឬសូម្បីតែសម្លឹងមុខក៏ខ្ញុំមិនសម្លឹងនោះដែរ។

នេះគឺជាជីវិតរបស់ខ្ញុំដែលចាប់ផ្តើមពីពេលនេះ បន្តិចទៀតនេះខ្ញុំនឹងនិយាយបន្តអំពីអ្វីកើតឡើងចំពោះខ្ញុំនៅក្នុងពេលបច្ចុប្បន្ន។

វគ្គ

ថ្នាក់ដែលបង្រៀនឱ្យយើងរើសអើង

«មនុស្ស​យើង ​រមែងស្រេកឃ្លាន ចង់ដឹងចង់ឮអំពីរឿងមិនល្អរបស់អ្នកដទៃ បានជា​សាច់រឿងប្រភេទនេះ​​ពេញនិយមខ្លាំង​លើបណ្តាញសង្គម។ សូម្បីរឿងមិនល្អទាំងនោះ កើតឡើង​តាំងពី​ក្នុងអតីតកាលក៏ពួកគេមិនលើកលែងដែរ ធ្វើមើលតែពួកគេ​ហ្នឹងគ្មានអតីតកាល?»

ខ្ញុំសរសេរបែបនេះ​នៅលើហេ្វសប៊ុក។

«ភក្ត្រា ទុកទូរសព្ទ»

«បាទ!»

ខ្ញុំវៀចមាត់ឌឺគាត់តែមិនសម្លឹងគាត់ទេ។ លោកគ្រូជីវៈ ជាគ្រូដែលរករឿងខ្ញុំជាងគេក្នុងចំណោមគ្រូទាំងអស់ ម្ល៉ោះហើយ ម៉ោងគាត់ខ្ញុំខ្ជិលប្រិតប្រៀងអីទៀតណាស់ គង់តែគាត់មិនពេញចិត្ត​ខ្ញុំដដែល។ មិនទាន់ចូលរៀនផង ​គ្រាន់តែគាត់ទើបនឹងចូលថ្នាក់សោះហ្នឹង ពូកែខាង​បញ្ជា​។ ចង់ដឹងដែរកាលគាត់នៅក្មេងដូចខ្ញុំ ម៉េចវិញ?

ងា​កទៅខាងស្តាំដៃ នីតាកំពុងលេងហ្គេម Roblox ឡើងស្រួចមាត់ មិនឃើញគាត់ថាអីនាង​ទេ។ តាមអីប៉ាគេកាច មានស័ក្តិលើស្មាទៀត គាត់ម៉េចហ៊ាន​?

«ភក្តា្រឯងសរសេរអីលើហ្វេសប៊ុក?»

ខ្ញុំដៀងទៅរកម្ចាស់សំឡេង​។ នាង​ឈ្មោះ ណាទី ជាកូនខ្មែរកាត់ឥណ្ឌា នាង​តែងតែជាសិស្សពូកែក្នុងថ្នាក់​តែរពឹសមាត់ណាស់ ពិសេស​រឿងអ្នកដទៃ ពូកែលូកលាន់ចេះដឹងហ្មង។

«ចង់ប្លុកអត់?!»

ខ្ញុំសួរខ្លីៗ​ព្រោះនាងជាសិស្សសំណព្វគ្រូៗ​ ហើយគ្រឺតដែលមកចេះដឹងតាមដាន​រឿងខ្ញុំ។ បើចេះមើលខ្មែរ​ ដឹងហើយថាខ្ញុំហ្នឹងសរសេរអី ចាំសួរ?

នាង​សម្លក់ខ្ញុំ ខ្ញុំលើកកាសមកពាក់ធ្វើហី។

«ជេមស៍!»

ចុងក្រោយ​ខ្ញុំស្តាប់ឮពាក្យនាង​ហៅខ្ញុំដោយឈ្មោះអង់គ្លេសដែលខ្ញុំដាក់លើប្រូហ្វាល់ គឺហៅខ្ញុំរបៀបជិនឆ្អន់ទៀត។ ចង់ទាញចំណាប់អារម្មណ៍​ឱ្យខ្ញុំឈ្លោះជាមួយហើយហ្នឹង?

«ដាក់រូបមុខ​ក្មេងជាងខាងក្រៅ១០ឆ្នាំ»

នាង​បន្ថែម ខ្ញុំក៏ងើបមុខទៅសម្លឹងភ្លាម។ ណាទី លើកក្រដាសមួយ​សរសេរថា TBH Bruh (To be honest Bro) បង្ហាញមកខ្ញុំ។ ខ្ញុំធ្វើមុខក្រញូវ ហើយសរសេរយ៉ាងញាប់លើកបង្ហាញ​តបវិញថា Bounce ប្រែថា ទៅណាឱ្យបាត់ទៅ។

ភ្លេងលាន់ឡើងង៉ូង «It won’t go away I’ve got that feeling rushing through my body I know that it is here to stay It’s like you’re my personal Illuminated I know that»

បទចម្រៀង Hands On Your Body មួយនេះ រំឭកខ្ញុំនូវបណ្តា​រ៉ាវរឿងកន្លងហួសតាំងពីថ្នាក់ទី ១០។ គួរឱ្យអស់សំណើចណាស់ សម្រាប់ការចងចាំអំពីមនុស្សម្នាក់ដែលយើងតាំងចិត្ត​ថាលែងសំខាន់សម្រាប់យើងទៀតហើយ​។

ប្រហែលប្រញាប់ដោយអារម្មណ៍មិនល្អពេក​ដឹង បានជាដៃរាវចាក់ចំបទចម្រៀងមួយនេះ?

«បិទភ្លាម​ភក្ត្រា បើឮម្តងទៀត គ្រូដេញប្អូនចេញ!»

គាត់មិនត្រឹម​តែនិយាយគំរាមកំហែងទេ សំឡេង​គាត់គឺកិនខ្ញុំយក។

ខ្ញុំកំពុងមិនទាន់បាត់បង់កំហឹងជាមួយណាទី និងបាត់ស្ត្រេសចំពោះគ្រប់យ៉ាងជុំវិញខ្លួនផង គ្រូម្នាក់នេះ ទុកខ្ញុំជាសត្រូវទៀតខ្ញុំ ធ្វើអីគាត់?

«រៀលដៃតាស៎គ្រូ?!»

ខ្ញុំឆ្លើយតបតែជាមួយចិញ្ចើមញឹងនិងទឹកមុខមិនសប្បាយចិត្ត។ ទោះយ៉ាងណា​ ឥរិយាបថមិនល្អ​គាត់ជាអ្នកផ្តើមមកលើខ្ញុំមុន។

«ខ្ញុំមិននិយាយអំពីដៃភក្ត្រាឯងទេ ខ្ញុំនិយាយពីចរិតភក្រ្តាឯង!» គាត់និយាយមកសម្លឹងចំៗដោយទឹកមុខមាំ។ ការស្អប់ខ្ពើមក្នុងកែវភ្នែកគាត់ ​ជាអ្វីមួយ​ដែលធ្វើឱ្យអស់អារម្មណ៍ «រៀន»។

ខ្ញុំប្រិចភ្នែកងាកមុខចេញ មិនចង់ឃើញទេ «គ្រូកំណាច»។ មាត់ខ្ញុំរអ៊ូរអុះៗ៖

«ពូកែ​វាយតម្លៃគេណាស់! Judgments រហូត!»

ប៉ុណ្ណឹងសោះ…..​គាត់ឮបានទៀត ហើយទូរសព្ទរាយការណ៍ទៅនាយកទាន់ហន់។

មាន​អ្នកណែនាំ​ខ្ញុំថា ឱ្យរៀននិយាយជម្រាបសួរលោកនាយក​ឱ្យបានរាល់ព្រឹក ឬមួយ​ក៏រាល់ពេលដែល​ចៃដន់​ដើរកាត់ឃើញគាត់​  បើធ្វើអ៊ីចឹងបាន ​គាត់នឹង​ទន់ចិត្ត​ចំណាំ​មុខយើងទុក និង​មិនសូវរករឿងយើងពេលធ្វើខុស ត្រូវគ្រូប្តឹងម្តងៗ។

​គំនិតនេះ​ខ្ញុំបានត្រឹមគិតទុក​ថាល្អម្យ៉ាងដែរ តែ​ក៏នៅធ្វើមិនបានដដែលហ្នឹង។ ខ្ញុំមិនមែនជំពូកមនុស្ស​«សម្តែង» ព្រោះកើតមក អត់ចូលចិត្ត​«សម្តែង» បានជាសម្តែង​ក៏មិនសមដដែល ខ្ជិលតែម្តង​។

ស្មាន​ថា នាយកសាលាមិនធ្លាប់ធ្វើខុស? ពេលខ្លះក៏គាត់​បំពានច្បាប់ឬក្រមសីលធម៌សាលា ស្មានខ្ញុំមិនដឹង គ្រាន់តែគាត់ធំជាងគេទៅហើយ បាននរណាដាក់ទោសគាត់?​

ខ្ញុំគិតថា ការដើរទៅបន្ទប់នាយកលើកនេះ អត់មានអ្វីអស្ចារ្យ ត្រូវពិបាក ដូចកាលពីលើកមុន​ៗទេ។

ឆ្ងល់ណាស់ បើគេគង់​តែ​ប្រាប់ខ្ញុំឱ្យរៀបបង្វិចចេញពីសាលាគេដដែល ចាំបាច់អីហៅខ្ញុំ ចូលទីចាត់ការ?

«ចូល!»

មិនទាន់គោះទ្វារផងទេណ៎ា គាត់ចេះស្ដាប់សូម្បីតែសម្រិបជើង?

«ដោះកាសចេញ»

ខ្ញុំនៅឈរធ្មឹងចំពោះមុខគាត់។ បញ្ជាទីមួយរបស់គាត់ខ្ញុំធ្វើតាម តែបញ្ជាទីពីរនេះ ខ្ញុំមិនទាន់បានធ្វើតាមនៅឡើយព្រោះកំពុង​សម្លឹង​រេរាំពេញ​បន្ទប់ធ្វើការ​របស់គាត់ រកមើលក្រែងឃើញ​សៀវភៅ BL មួយរបស់ខ្ញុំ​លើកមុន ដែលគាត់ចាប់យកទុក។

«ប្រាប់ឱ្យដោះកាសចេញ ឮអត់?»

ខ្ញុំលូកដៃរាវរកកាសមិនទាន់បានប៉ះស្រួលបួលផង ដៃគាត់កញ្ឆក់វា​ចេញពីត្រចៀកខ្ញុំហើយគ្រវាត់ប្រូស​ទៅលើឥដ្ឋ។

បើកុំតែ​ខ្ញុំដាក់ទូរសព្ទស្រួលបួលនៅក្នុងកាតាប ប្រហែលជាបោកដោយទាំងទូរសព្ទខ្ញុំខ្ទេចទៅលើកម្រាលឥដ្ឋមុតរឹងនោះទៀតផងមិនដឹង។

នេះជាអាកប្បកិរិយាអ្វី?

ខ្ញុំសម្តែងសំណួរនេះចេញតាមពន្លឺភ្នែក ដែលសម្លឹងគាត់

«ប៉ុន្មានលើកហើយ? ដូរសាលាអស់ប៉ុន្មានហើយភក្ត្រា ហាស?»

ខ្ញុំនៅតែមិនឆ្លើយដដែល។

និយាយរួម ខ្ញុំខ្ជិលឆ្លើយតែម្ដង ព្រោះនិយាយអ្វីក៏មិនឈ្នះគាត់ដដែល។

«ប្រាប់មក! ហេតុអីបានជាឯងឌឺដងឱ្យគ្រូជីវៈ? ឌឺដងឱ្យគាត់មិនអស់ចិត្តហើយទៅ Comment នៅលើហ្វេសប៊ុក គាត់ទៀត?!»

ខ្ញុំនៅតែមិនឆ្លើយដដែល។

ដែលខ្ញុំមិនឆ្លើយ មានន័យថាខ្ញុំនៅរង់ចាំការដាក់ពិន័យតែម្តង ព្រោះថា ទោះបកស្រាយ​ក៏គង់គាត់មិនស្ដាប់ហេតុផលរបស់ខ្ញុំដដែល គាត់មិនដែលដឹងទេថា តើគ្រូជីវៈមានអាកប្បកិរិយាបែបណាមកលើខ្ញុំ រើសអើងខ្ញុំ មុនខ្ញុំ«ឈ្លើយ»ដាក់គាត់ តើគាត់ថាអីឱ្យខ្ញុំខ្លះ?

មិនដែលទទេៗ  ខ្ញុំទៅចំណាយពេលលេងហ្គេមរបស់ខ្ញុំ ទៅឆ្លើយឆ្លងហ្វេសប៊ុកជាមួយគាត់ធ្វើអី? ប៉ុន្តែខ្ញុំនៅតែ​មិននិយាយប្រាប់លោកនាយក​ដដែល​ ទុកឱ្យគាត់បន្តសន្និដ្ឋាន​វាយតម្លៃតាមចិត្តរបស់គាត់គ្រប់គ្នា​ចុះ។

«បន្តិចទៀត​ម៉ាក់របស់ភក្ត្រាឯងមកដល់ហើយ! ខ្ញុំបានទូរសព្ទហៅគាត់ម៉ោ!»

«បើអ៊ីចឹង អ៊ំនាយកហៅខ្ញុំមកចួបធ្វើអីទៅ!» ខ្ញុំឆ្លើយទាំងត្រៀមលក្ខណៈក្នុងការ​ទទួលយកការបណ្តេញចេញ។

​ខ្ញុំស៊ាំទៅហើយ។

«មើលសកម្មភាពភក្ត្រាឯងចុះ! ខ្ញុំសោកស្ដាយជំនួសម៉ាក់ភក្ត្រា​ឯង ដែលគាត់ជាមនុស្សម្នាក់មានជោគជ័យ ក្នុងសង្គម! ទីបំផុតមានកូនពិបាកនិយាយគ្នា!»

ខ្ញុំមិនឆ្លើយតបជាមួយគាត់ ប៉ុន្តែសំណួរជាច្រើន​ក្នុងគំនិតខ្ញុំផ្ទុះឡើងឆ្វេងស្តាំមុខក្រោយមិនចេះខ្វះទេ។ សឹងផ្ទុះខួរទៅហើយ!

ម្នាក់ៗ​ចង្អុលសកម្មភាពខ្ញុំ រិះគន់អាកប្បកិរិយាខ្ញុំ ដូចគ្រូជីវៈនៅខាងលើមុននេះ ឈានដល់ដៀលត្មះចរិតសិស្សខ្លួនឯង ចុះពួកគាត់ដែលសម្លឹងខ្លួនឯងក្នុងកញ្ចក់ខ្លះដែរ?

នេះឬ របៀបកែតម្រូវក្មេងរបស់គាត់?

«ខ្ញុំមានដំណឹងអាក្រក់ចង់ប្រាប់ភក្ត្រា​ឯង! គឺប្រាប់ថា សាលានេះ…!»

«អត់អីទេ ខ្ញុំឈប់រៀនក៏បាន!»

ខ្ញុំមិនមានចេតនាចង់ឱ្យគាត់លើសឈាមនោះទេ ប៉ុន្តែខ្ញុំសាំនឹង​ស្ដាប់គាត់ពេក បានជាខ្ញុំបង្ហើយឱ្យចប់ៗ។ នេះគឺជាអាកប្បកិរិយាមិនល្អ ខ្ញុំដឹង! ប៉ុន្តែមុនពេលដែលមនុស្សម្នាក់ៗឈានដល់សម្តែង​អាកប្បកិរិយាមិនល្អ គាត់ជាគ្រូគួរតែដឹងផងដែរថា ហេតុអ្វី? ខ្ញុំបានឆ្លងកាត់អីខ្លះ? ខ្ញុំក្មេងប៉ុណ្ណឹង ទើបតែអាយុដប់ប្រាំពីរ​ឆ្នាំ ខ្ញុំមានរឿងអីទៅឈ្លោះគ្នាជាមួយគ្រូ? ហើយខ្ញុំមានរឿងអីទ្វេដងជាមួយគ្រូដដែលៗ ហើយយ៉ាងហោចណាស់គាត់គួរតែត្រជាក់ចិត្តសួរនាំខ្ញុំ!

បើសិនជាគាត់បានដឹងសាវតាររបស់ខ្ញុំ ដែលត្រូវបាន​ប្តូរចេញពីសាលាមុនៗ ហើយព្រមទទួលយកខ្ញុំទៅហើយ ចាំបាច់អីនិយាយសើរើវាឡើងមកដដែលជាដដែល?

គាត់មិនដែលដឹងទេ ថាហេតុអីបានជាខ្ញុំ ត្រូវដូរសាលា?

អ្វីគ្រប់យ៉ាងមិនអាចកើតឡើងព្រោះតែមួយភាគីទៅរួច​នោះទេ ម្តេចចេះតែឱ្យ​កំហុសម្ខាង​ៗ​? សាលាណាដូចសាលាណា?  ជាពិសេសខ្ញុំនៅក្មេងនៅឡើយ ខ្ញុំអាចកែប្រែបាន នេះគឺជាសំឡេងដែលខ្ញុំចងចាំ ពីប៉ាខ្ញុំ។ ប៉ាប្រាប់ខ្ញុំថា នៅសាលាថ្មីនេះនឹងមានអ្នកដែលយល់អំពីពួកក្មេងជំទង់ដូចយើង​ទីបំផុត កន្លែងណាក៏ដូចកន្លែងណាដែរ គេចង់ឱ្យយើងសម្តែងតែប៉ុណ្ណឹង។

ខ្ញុំខ្ជិលគិតហើយ​ក៏ខ្ជិល រៀបរាប់អ្វីដែរ។

ម្ដាយខ្ញុំបិទទ្វារឡានខាងក្រោយគ្រាំៗតាមទម្លាប់របស់គាត់។ គឺគាត់ធ្វើតែអ៊ីចឹង ទោះខ្ញុំភ្ញាក់បន្តិចមែន​តែ​ក៏លែងអី! ខ្ញុំមិនខ្វល់ទេ នៅពេលដែលគាត់ខឹងគឺគាត់ទុកខ្ញុំនៅអង្គុយ​ខាងក្រោយម្នាក់ឯងបែបនេះ គាត់មិនចង់និយាយរកខ្ញុំ មិនសូម្បីតែសម្លឹងមុខ។

«គ្រូនោះរករឿងខ្ញុំមុន! ​រករឿងរហូត!»

ខ្ញុំប្រាប់គាត់ ហើយលើកដៃជូតទឹកភ្នែក។

ម្តាយខ្ញុំនៅតែមិនមាត់មិនក ដូច្នេះខ្ញុំលួចសម្លឹងមុខខឹងសម្បារបស់គាត់តាមកញ្ចក់តូច ខ្ញុំដឹងថា​ គាត់មិនយកសម្តីកូនទៅគិតទេ។

ដូចតែរាល់ដង គាត់មិនដែលសួរនាំ​រកខុសត្រូវ​ឱ្យកូនស្រាប់ហើយ។​ គាត់យល់ថា​ក្នុងរឿងអ្វី​ក៏ដោយ​ខ្ញុំតែងតែជាបញ្ហា ហើយការមិននិយាយជាមួយខ្ញុំជាទម្លាប់របស់គាត់ពេលខឹង។

អ៊ីចឹងក៏បាន!

ដូច្នេះហើយខ្ញុំពាក់កាសល្អជាង! យ៉ាងហោចណាស់ខ្ញុំអាចស្ដាប់បទចម្រៀងមួយចំនួន ខ្ញុំធ្មេចមួយស្រឡេតដើម្បីបំភ្លេចចោលទុក្ខកង្វល់ជុំវិញខ្លួន។

ទទួលស្គាល់ថា ​ខ្ញុំនេះជាមនុស្ស​ធ្លាក់ទឹកចិត្ត តែខ្ញុំមិនមែនរោគចិត្ត​ដូចនិយមន័យគាត់ទេ។

ជារឿងធម្មតាទេ ដែលយុវជនដូចខ្ញុំត្រូវ​ឆ្លងកាត់រឿងអស់នេះ ចំណែក​រឿងដែលមិនធម្មតា​នោះគឺ យុវជនផ្សេងគេមានឪពុកម្តាយជួយដោះស្រាយបំបាត់អារម្មណ៍សោកសៅ ឯខ្ញុំពេលមានបញ្ហា​គឺនៅម្នាក់ឯង ឯកោ។

បើម៉ាក់និយាយវិញ គឺគាត់សួរថា​ហេតុអ្វី​ត្រូវ​ពិបាកចិត្ត? មានផ្ទះជ្រក មាន​បន្ទប់ផាសុកភាពគេង​ មានរបស់​ញ៉ាំអាហារ តែគាត់មិនយល់ពីពាក្យថា «មានការលើកទឹកចិត្ត» ដែរអត់សម្រាប់ជីវិតក្មេងដែលគ្រួសារបាក់បែកដូចខ្ញុំ។

ខ្ញុំអស់កម្លាំងខ្លាំងណាស់ អស់ឡើងៗ​ជារឿយៗទាំងមិនបានធ្វើអ្វី និង​ឆាប់ខឹង ឆាប់តូចចិត្ត​។​ ប៉ា​ប្រាប់ថា អាចជាជំងឺធ្លាក់ទឹកចិត្ត ហើយប៉ាបារម្ភថា អារម្មណ៍និងអាកប្បកិរិយានេះ​អាច​ប៉ះពាល់ដល់ការងារសាលារៀន ទំនាក់ទំនងជាមួយមិត្ត​និងគ្រូៗ ឬប៉ះពាល់ដល់សុខភាពរាងកាយ​ បន្សល់ ផលវិបាករយៈពេលវែងធ្ងន់ធ្ងរឡើងៗ។

តែបើគាត់ព្រួយបារម្ភអំពីកូនពិតមែន គាត់មិនជម្នះលែងលះគ្នាទេ!

ឡាន​ចាប់ហ្វ្រាំងងឺត…..

ខ្ញុំហាក់ភ្ញាក់ក្រញាងពីដំណេក។ ត្រចៀកខ្ញុំទាញមកផ្តោតវិញលើសំឡេងម្តាយខ្ញុំ

«កូននេះ​ពិបាកកែណាស់! ខ្ញុំហត់មែនទែនហើយស៊ីនួន!​ ឈ្លោះគ្រូ ​ហើយឈ្លើយដាក់នាយកទៀត!​ គេឱ្យចេញទៀតហើយ!»

ខ្ញុំភ្ញាក់ផ្អើលនឹងមេឃដែលប្រែពណ៌ទៅជាកប់ព្រលប់ហើយ ​ទើប​ដឹងខ្លួនថា បានបើកភ្នែកមកវិញពីដំណេក​លង់មួយស្រលេតមុននេះ ប៉ុន្តែលង់ជ្រៅនិងល្ហិតល្ហៃខ្លាំង។

ដោយមមិងមមាំង ខ្ញុំច្រត់ដៃក្រោក ហើយសម្លឹងជុំវិញខ្លួន។

ទំនងឃើញខ្ញុំកម្រើកបានជាម៉ាក់ឈប់និយាយទូរសព្ទ ​«ប៉ុណ្ណឹងចុះណាជេនី! ​ចាំស្អែកចួបគ្នា!»។

ម៉ាក់បើកឡានយូរប៉ុនណាហើយ?

ខ្ញុំគិតអំពីគោលដៅ​ដែលគាត់កំពុងតែ ឆ្ពោះទៅ។

«​ម៉ាក់យកខ្ញុំទៅណា?»

គាត់ដៀងមកសម្លឹងខ្ញុំបន្តិច ​ហើយ​ធ្វើមុខក្រញូវ​ងាកចេញវិញ។

«ខ្ញុំអត់ទៅទេ! ខ្ញុំទៅភ្នំពេញវិញម៉ាក់!»

ខ្ញុំថាបន្ថែមទាំងសៅហ្មងចិត្ត។

ផ្លូវនេះគឺផ្លូវទៅផ្ទះអ៊ំ​របស់ខ្ញុំ «អ៊ំលីន» បងស្រីមាត់ច្រើន​ម្នាក់​របស់ម៉ាក់ ខ្ញុំដឹងច្បាស់ណាស់។ យូរហើយ តាំងពីប៉ាមិននៅភ្នំពេញ​ឱ្យតែខឹងខ្ញុំ អីបន្តិចគឺម៉ាក់តែងតែព្រមានថា នឹងដឹកខ្ញុំទៅឱ្យនៅស្រែជាមួយអ៊ំខ្ញុំ។ លើកនេះក៏ធ្វើមែនទែន។ ខ្ញុំមិនមែនភ័យទេ ប៉ុន្តែខ្ញុំខឹង។

នៅក្នុងពិភពលោកនេះ គ្រប់គ្នាសុទ្ធតែចង់បោះខ្ញុំចោលនៅរាល់ពេលដែលខ្ញុំធ្វើខុស ហើយមិនដែល​សួរខ្ញុំតាមសម្រួល​ទាល់តែសោះថា អ្វីទៅដែលធ្វើឱ្យខ្ញុំធ្វើខុស?

គ្រូនាយកក៏អ៊ីចឹង ម៉ាក់ខ្ញុំក៏មិនខុសពីពួកគេ។

«ត្រលប់ឡានទៅផ្ទះរបស់យើងវិញម៉ាក់!»

ខ្ញុំនិយាយម្ដងទៀតនៅខណៈពេលដែលម្ដាយខ្ញុំមិនព្រម សូម្បីតែដៀងភ្នែកមកសម្លឹងតបជាមួយ​ខ្ញុំតាមកញ្ចក់ ទោះបីជាខ្ញុំខំសម្លឹងគាត់រង់ចាំចម្លើយយ៉ាងទទូច។

«ម៉ាក់ម៉េចហ្នឹង? នៅមិននៅយកខ្ញុំទៅនៅស្រែ? ខ្ញុំនៅម៉េចកើត? ផ្ទះខ្ញុំនៅហ្នឹងហ្មែន! បើថា លែងត្រូវការខ្ញុំទៀតហើយ ​យកខ្ញុំទៅប៉ាខ្ញុំវិញ»

«ឪឯងនៅភូមា គេ​មានប្រពន្ធថ្មីបាត់ហើយក៏មិនដឹង!»

សូម្បីប៉ាធ្លាប់មកលេងភ្នំពេញ ពេលខ្ញុំកើតទុក្ខក៏គាត់មិនដឹងផង​ ថែមទាំងធ្វើដូចដឹងរឿង ហើយវាយតម្លៃជីវិត​ឯកជនប៉ាខ្ញុំបានរហ័សណាស់។

ខ្ញុំឆ្លើយតប​ត៖

«បើខ្ញុំហៅគាត់មក ​គាត់ច្បាស់ជាមកខ្មែរ​វិញដើម្បីខ្ញុំ!»

ម្តាយ​ហាក់ខឹង ពេលឮខ្ញុំនិយាយរបៀប​ឱ្យ​តម្លៃខ្ពស់លើការស្រឡាញ់និងលះបង់​របស់ប៉ា មកលើខ្ញុំ។ គាត់​ក៏ក្តាប់មាត់សម្លឹងឌឺខ្ញុំតាមញ្ចក់ឡាន​ដោយ​និយាយ៖

«កូនឯងត្រូវដឹងថា ខ្លួនឯងនៅក្នុងបន្ទុករបស់ម៉ាក់! បើសិនជាខ្លួនឯងមានរឿងអីកើតឡើង ម៉ាក់ជាអ្នកទទួលខុសត្រូវ!»

«ខ្ញុំមានរឿងអីទៅ? ខ្ញុំចង់ប្រាប់ម៉ាក់ថា ពីរបីខែទៀតខ្ញុំអាយុដប់ប្រាំបីឆ្នាំហើយ! ម៉ាក់ឈប់ប្រើវិធីចាស់គំរឹលទាំងអស់នេះមកត្រួតសង្កត់លើខ្ញុំ!»

គាត់កាន់តែផ្ទុះកំហឹង គាត់អែបឡាន​ឈប់ង៉ក់ហើយ​ ងាកមកចង្អុលមុខខ្ញុំ៖

«ត្រូវចាំថា ទោះបីជាកូនឯងមាន​អាយុប៉ុន្មានក្តី! កូនឯងនៅតែជាកូនរបស់ម៉ាក់! កូនឯងនៅតែត្រូវស្ដាប់អ្វី ដែលម៉ាក់ប្រាប់កូនឯងឱ្យធ្វើ!»

«ខ្ញុំមិនធ្វើ! ម៉ាក់សម្លាប់ខ្ញុំ ឬបោះខ្ញុំចោលក៏ធ្វើទៅ! កុំយកខ្ញុំទៅនៅផ្ទះអ៊ំលីន! ខ្ញុំមិនចូលចិត្ត​ ខ្ញុំចង់ទៅកន្លែងដែលខ្ញុំចង់ទៅ!»

អ៊ំលីន តាមពិត​ជាអ៊ំស្រីមានចិត្ត​សប្បុរស តែងតែ​ចែកផ្លែឈើ និងធ្វើនំស្រុកស្រែឆ្ងាញ់ៗ​ឱ្យពួកយើងញ៉ាំ រាល់ពេលគ្រួសារខ្ញុំទៅលេងផ្ទះចម្ការគាត់កាលពីខ្ញុំនៅក្មេងៗ។ កាលពីមុន​ខ្ញុំជាកូនទោល ដែលមានសេចក្តីសុខណាស់​រាល់ពេលទៅលេងផ្ទះញាតិ ដោយសារ​មានប៉ានិងម៉ាក់នៅតាមស្រឡាញ់ថែទាំ។

ជារឿងៗយើងតែងចំណាយពេលចុងសប្តាហ៍នៅជនបទ ​រត់លេងញ៉ាំអាហារស្រុកស្រែ អង្គុយ​លេង​ស្ទូចត្រី ឬឡើងដើមឈើបេះព្រីង​ទម្លាក់លើក្បង់ក្រម៉ា​​ ផ្សងព្រេង ឡើងភ្នំ គេងតង់

។ល​។

សេចក្តីសុខនិងភាពកក់ក្តៅ​ទាំងពួង ក្នុងកុមារភាពរបស់ខ្ញុំ​បានបញ្ចប់ទៅ នៅពេល​ប៉ានិងអ៊ំលីនខឹងគ្នា​ ព្រោះអ៊ំលីននិយាយពីរឿងប្រាក់ចំណូលប៉ាខ្ញុំ ទាបជាងម៉ាក់។

គាត់ជាមនុស្ស​ចិត្តបាន​ ប៉ុន្តែភាពប៉ប៉ាច់ប៉ប៉ោចរបស់គាត់​ធ្វើឱ្យក្លាយជាស្នាមឆ្នូតរបួសមួយក្នុងចិត្តខ្ញុំ។ ខ្ញុំស្អប់អ្នកទាំងអស់ណា ដែលគាំទ្រឱ្យប៉ាម៉ាក់ខ្ញុំលែងលះគ្នា។

ខ្ញុំនិយាយបន្ថែម៖

«មនុស្ស​ចាស់ចរិតមិនល្អ និយាយដើមប៉ាខ្ញុំ!»

«ម៉ាក់គ្មានសមត្ថភាពប្រដៅឯងទេភក្ត្រា​!​»

ម្ដាយខ្ញុំនិយាយខ្លីៗកាត់ផ្តាច់ទឹកភ្នែករលីងរលោងរបស់ខ្ញុំ ពេលកំពុងរំឭកនឹករឿងអតីតកាល​។

«ម៉ាក់ហត់ណាស់ ហើយមានការងារធ្វើច្រើន ជាមួយឯង ម៉ាក់បានខាតពេលគ្រប់គ្រាន់ហើយ​

ភក្ត្រា​!»

ខ្ញុំតមាត់វិញភ្លាម៖

«ប៉ុន្តែ កំហុសរបស់ខ្ញុំត្រង់ណា? គ្រូនោះហួសហេតុ! ចូលចិត្តនិយាយរឿងដដែលៗ ពីសាលាចាស់របស់ខ្ញុំ! ​ច្រើនដងហើយ និយាយដើមខ្ញុំពីក្រោយ​ខ្នង​រករឿង ស្អប់ខ្ពើមខ្ញុំចំពោះមុខ! ពួកគាត់មាន​បញ្ហា ជាប្រភេទមនុស្សតុកសិក ហេតុអីបានជាមិនទៅសួរនាំគាត់ បែរជាមកខឹងខ្ញុំ? គាត់ធ្វើគ្រូអី​ ដើរ​រើសអើងសិស្ស គាត់ថា ខ្ញុំប្រុសស្រឡាញ់ប្រុស គាត់ថា គាត់មិនចូលចិត្ត​ប្រុសចរិតស្រី​!»

«អ្នកណាក៏គេមិនចូលចិត្ត​ដែរ! ម៉ាក់ប្រាប់ឯងប៉ុន្មាន​ដងហើយ?!»