ខ្ញុំមិនចម្លែកទេ ដែលគ្រប់គ្នារើសអើងចំពោះមនុស្សភេទទីបី។ ជាពិសេសកាលណាបានដឹងរឿងស្នេហាការអាថ៌កំបាំងរបស់អ្នកដទៃ ទោះជារឿងកន្លងហួស ព្រមទាំងជារឿងមានលទ្ធផលមិនល្អផង សង្គមនេះនៅតែនិយមនាំគ្នាលើកកកាយ យកមកនិយាយដដែលដដែល មិនខ្វល់ថា អ្នកណាត្រូវឈឺចាប់។ អត់ចម្លែក!
រឿងមួយដែលចម្លែក គឺអ្នកដែលនិយាយហ្នឹងជាអាណាព្យាបាលរបស់ខ្ញុំ។ សូម្បីតែគាត់ក៏គិតថា ការស្រឡាញ់ប្រុសដូចគ្នាគឺជារឿងដែលមិនអាចទទួលយកបានដែរ ដូច្នេះហើយ បើគ្រូខ្ញុំដែលស្អប់មនុស្សស្រឡាញ់ភេទដូចគ្នា រកតែរឿងមកចោទខ្ញុំ មិនពេញចិត្តខ្ញុំទាំងបំពាន រហូតដល់និយាយអុចអាលឱ្យនាយកបណ្ដេញខ្ញុំចេញពីសាលាបាន គ្រប់យ៉ាងកើតឡើងព្រោះហេតុផលមួយប៉ុណ្ណោះគឺ«ដោយសារតែខ្ញុំស្រឡាញ់មនុស្សប្រុសដូចគ្នា!» ខ្ញុំឈប់មាត់ ប៉ុន្តែក្នុងចិត្តខ្ញុំកំពុងរកមធ្យោបាយសព្វបែបយ៉ាងក្នុងការវិលត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញ ខ្ញុំមិនអាចរស់នៅទីនេះទេ។
ខ្ញុំខលទៅប៉ា។ គាត់លើកភ្លាម ខ្ញុំក៏ស្រែកឡើង៖
«ប៉ា! ម៉ាក់ដឹកខ្ញុំមកចោលទៅផ្ទះអ៊ំលីន! ខ្ញុំមិនមែនសម្រាមទេ! ខ្ញុំត្រូវការប៉ា! ប៉ាមកភ្នំពេញវិញភ្លាម! ខ្ញុំត្រូវការប៉ាឥឡូវនេះ!»
ខ្ញុំស្រែកយំង៉ោងទាំងមិនបានដឹងថា មកពីប៉ាស្លុតនឹងទំនួញរបស់ខ្ញុំបានជាគាត់នៅស្ងៀមមិនទាន់ឆ្លើយ ឬអ្វី…..
ម៉ាក់ទ្រោបក្បាលយំ។
វគ្គ
ប៉ាឱ្យខ្ញុំទទួលយកអ្វីៗដែលបានកើតឡើង
ប៉ាខ្ញុំបានមកដល់ភ្នំពេញ ពីរថ្ងៃបន្ទាប់ពីយប់ដែលខ្ញុំស្រែកយំហៅគាត់។ នៅពេលមករកខ្ញុំដល់ផ្ទះ ប៉ាបានប្រកែកដាច់អហង្ការជាមួយម្តាយខ្ញុំ មិនឱ្យខ្ញុំដូរសាលា ក៏មិនឱ្យខ្ញុំចេញទៅសម្រាកស្រុកស្រែណាទាំងអស់។
ទំនាស់ទាំងអស់ គឺប៉ាឱ្យខ្ញុំប្រឈមមុខ។
គាត់ថា នឹងទៅដោះស្រាយជាមួយនាយក ជាមួយគ្រូ ជាមួយមិត្តភក្តិទាំងអស់នោះ ដែលបានធ្វើបាបរើសអើងខ្ញុំនៅសាលា។
យប់នោះប៉ាខ្ញុំនៅសម្រាកបន្ទប់ខ្ញុំ។
គាត់និយាយជាមួយខ្ញុំច្រើន។ គាត់ប្រាប់ខ្ញុំថា រឿងដដែលដដែលនឹងនៅតែកើតឡើងមកវិញបាន បើសិនជាខ្ញុំចង់គេចពីវា ព្រោះគ្រប់យ៉ាងដែលយើងបានប្រព្រឹត្តរមែងតែងនៅជាប់នឹងយើង ជាអតីតកាលរបស់យើង ដែលយើងត្រូវហ៊ានប្រឈមមុខជាមួយ។
ខ្ញុំមិនបានដឹងថាលើកនេះ តើប៉ាខ្ញុំគាត់បានសំបុត្រយន្តហោះពីណាមកបន្ទាន់បានបែបនេះទេប៉ុន្តែវត្តមានរបស់គាត់ ពិតជាធ្វើឱ្យខ្ញុំមានភាពកក់ក្តៅខ្លាំង។
ពាក្យមួយគេនិយាយថា យ៉ាងហោចណាស់យើងមាននរណាម្នាក់ជាសំអាងនៅក្នុងជីវិតរស់នៅរបស់យើង បើមិនមែនម៉ាក់ មិនមែនប៉ា គួរតែជាអ្នកដែលយើងជឿថា យើងប្រាកដជាមានភាពកក់ក្តៅ និងថមថយចុះនូវភាពរងាឯកោ អស់សង្ឃឹម ឬកំហឹងពុះកញ្ជ្រោល។
ប៉ាខ្ញុំបាននិយាយប្រាប់ខ្ញុំថា មានមនុស្សជាច្រើននៅក្នុងលោកយើងនេះ ចួបប្រទះរឿងមួយចំនួនដែលខ្លួនក៏ដឹងថា មិនល្អ ឬមិនទទួលបានការឱ្យតម្លៃ កោតសរសើរ ថែមទាំងបន្តុះបង្អាប់បង្កជាការអាម៉ាស់ បានជាប្រសើរគេព្យាយាមគេចវេះពីវា ប៉ុន្តែតាមពិតទៅរឿងទាំងនោះ នៅតាមអន្ទោលយើងរហូតដរាបណាយើងនៅតែគេចមិនទទួលស្គាល់វា។
ដូច្នេះករណីរបស់ខ្ញុំ បានជាកើតឡើងរួចទៅហើយ ត្រូវតែប្រឈមមុខ។
ខ្ញុំក៏បានសួរគាត់វិញ៖
«ចុះប៉ាគិតយ៉ាងម៉េច រឿងដែលខ្ញុំស្រឡាញ់ប្រុសគ្នាឯង?!»
គាត់នៅស្ងៀមបន្តិច។
«ប៉ាមិនឆ្លើយក៏បាន ខ្ញុំអត់ខឹងប៉ានោះទេ!»
ខ្ញុំថាហើយទ្រោបក្បាលឱបគាត់។
ប៉ាខ្ញុំឆ្លើយដោយអង្អែលក្បាលកូនទោលម្នាក់នេះផង៖
«គ្មានអ្នកណាកើតមក ចង់បានអ្វីមួយស្មុគស្មាញមកជាមួយទេ! ចង់ឱ្យរលូន ឱ្យធម្មតាដូចគេដូចឯង! ដូចប៉ាអ៊ីចឹង បើប៉ាសួរកូនថាតើកូនចង់បាន ទេពេលប៉ាលែងលះ តាមពិតទៅគឺកូនមិនចង់ទេ គ្មាននរណាចង់បានឪពុកម្ដាយលែងលះឡើយ ប៉ុន្តែចួនកាល ជារឿងដែលយើងត្រូវតែធ្វើដោយចៀសមិនរួច ចំណែកការស្រឡាញ់ភេទដូចគ្នានៅក្នុងសង្គមមួយ ដែលគេនៅមិនទទួលយកពេញលេញនៅឡើយនេះ ក៏គ្មានឪពុកម្ដាយណា ដែលបន់ព្រះសំពះទេវតាសុំឱ្យកើតកូនមកជាភេទទីបីដែរ ប៉ុន្តែអ្វីដែលប៉ាដឹងប្រាកដ គឺពុកម្តាយគ្រប់គ្នា ទទួលយកកូនរបស់គាត់ មិនថាក្មេងនោះល្អឬអាក្រក់ សឬក៏ខ្មៅ ល្ងង់ខ្លៅឬក៏ឆ្លាត ភេទទីបីឬភេទណាក៏ដោយ ក៏នៅតែជាកូនរបស់ប៉ា!»
ខ្ញុំស្តាប់គាត់ទាំងស្ងៀមស្ងាត់។ ប៉ាខ្ញុំសួរបន្ថែម៖
«ចុះស្អែករឿងទៅសាលារៀនវិញ យ៉ាងម៉េចដែរកូន?»
ខ្ញុំងើបមុខចេញពីការឱបចង្កេះគាត់ ហើយអង្គុយឡើងមកវិញ តែនៅស្ងៀមរិះគិតចុះឡើងអំពីរឿងទាំងអស់ដែលបានកើតឡើងនៅទីនោះ។ ណាទី ដែលតែងរករឿងខ្ញុំ គ្រូជីវៈ និងចុងក្រោយគឺនាយកតែបោះកាសខ្ញុំចោល។
«ឬប៉ាកំពុងបង្ខំកូនឱ្យធ្វើរឿងដែលកូនមិនចង់ធ្វើ» ប៉ាថាមកតិចៗ។
«ខ្ញុំចង់ធ្វើខ្លាំងពេលនេះទោះបីជាមើលទៅ ពិបាក!»
ខ្ញុំតបវិញទាំងសម្លឹងឆ្ងាយទៅក្រៅបង្អួច។
«ពិបាកម៉េច?!»
«ពិបាកនិយាយ! ដូចកាលប៉ាត្រូវចេញពីផ្ទះនេះ ដើម្បីឱ្យបានស្រណុកក្នុងចិត្តគ្រប់គ្នា ឈប់ឈ្លោះ ឈប់ឮទំនាស់ ប៉ុន្តែខ្ញុំត្រូវបាត់បង់ចំណែកមួយនៃគ្រួសារ! ធ្វើឱ្យគ្រប់យ៉ាងលែងពេញលេញដូចមុន!»
ប៉ាខ្ញុំនៅស្ងៀមវិញ ជាមួយដង្ហើមធំ។ ស្តាយក្រោយពិតមែនដែលខ្ញុំមានអារម្មណ៍ថាបានធ្វើឱ្យ គាត់នឹកឃើញខ្លួនគាត់មានកំហុស។
«ខ្ញុំមិនចង់និយាយទម្លាក់គ្រប់យ៉ាងលើប៉ាទេ! ការទាស់គ្នា ឬបរាជ័យរបស់ខ្ញុំនៅសាលា ក៏មិនមែនមកពីប៉ាម៉ាក់បែកគ្នាឬមកពីស្អីទាំងអស់មកពី….ខ្ញុំមិនដឹងទេ! ជីវិតមនុស្សតែងតែមានម្តងពីរដងបែបនេះហើយ!»
គាត់ងក់ក្បាលតិចៗហាក់នៅព្យាយាមស្តាប់ ខ្ញុំក៏និយាយបន្ថែម៖
«គឺនិយាយរួម ទៅសាលាស្អែកមិនស្រួលទេ វាពិបាក តែយើងចាំបាច់ធ្វើវាចុះ! ដូចប៉ាមិនចង់លែងលះទេ តែត្រូវធ្វើ! ខ្ញុំចង់និយាយអ៊ីចឹង!»
«យ៉ាងហោចណាស់! ក៏កូនរបស់ប៉ាឥឡូវធំហើយ! មើលខ្លួនឯងចុះ ចេះនិយាយច្រើន ហើយត្រូវៗទៀត! ខុសពីមុន!»
«ពីមុនខ្ញុំយ៉ាងម៉េច?!»
«ពីមុនកូនមិនសូវនិយាយមិនសូវស្ដី សូម្បីតែប៉ាជាឪពុកម្ដាយក៏មិនដឹងថា កូនកំពុងគិតអីដែរ! ប៉ុន្តែឥឡូវនេះគ្រាន់តែកូនហាមាត់មក ដូចជាយល់ដឹង គឺកូនប៉ាក្លាយជាមនុស្សដែលចូលចិត្តគិតពី ចិត្តគេ!»
«អត់យល់ទេ! ខុសគ្នានឹងខ្ញុំពីមុនយ៉ាងម៉េចទៅ?!»
«កាលពីមុន ដែលកូនមិនចង់ឆ្លើយ មិនស្តីតប មិនខ្វល់ថាអ្នកណាដែលកំពុងសួរនោះចង់ដឹងពីរឿងអ្វី ប៉ុន្តែពេលនេះ ទោះបីកូនមិនចេះឆ្លើយឬក៏គ្មានចម្លើយច្បាស់លាស់ប៉ុន្តែក៏កំពុងព្យាយាមរកចម្លើយ ដែលសន្តានចិត្តនៃទំនាក់ទំនងស្មោះត្រង់ទាំងនេះ សូម្បីតែភាសាកាយវិការរបស់កូន ក៏នឹងធ្វើឱ្យគូសន្ទនាយល់បានថា វាល្អ! គឺល្អខ្លាំងណាស់ មានតម្លៃពេញមួយជីវិតទៅមុខ មិនថា ពេលកូនចូលមហាវិទ្យាល័យ ឬក៏ចេញទៅធ្វើការចរិតយល់ចិត្តអ្នកដទៃ គិតអំពីដៃគូដែលកំពុងតែសួរសំណួរ ដៃគូសន្ទនារបស់យើង ជាទុនធំមួយនៃកិច្ចកសាងទំនាក់ទំនងក្នុងសង្គម!»
ខ្ញុំសប្បាយចិត្តបន្តិចឡើងវិញទៀតហើយ។ រឿងនៅសាលាខ្ញុំ ចង់មានន័យថា ការចាកចេញនោះខ្ញុំអត់ចង់ទេ ខ្ញុំមិនចង់ផ្លាស់សាលាទៀតឡើយ ប៉ុន្តែការចូលទៅវិញវាក៏រឹតតែពិបាក ដូចជាសឹងតែថា វាពិបាកជាងឱ្យខ្ញុំ បំភ្លេចអាមនុស្សអាក្រក់ម្នាក់នោះទៅទៀត។ ខ្ញុំប្រាប់ប៉ាបែបនេះ ស្រាប់តែប៉ាឆ្លើយមកវិញ៖
«បើអ៊ីចឹង មិនបាច់ទៅសិនក៏បានដែរកូន! ចាំធ្វើចិត្តបានសិនក៏ល្អ!»
ខ្ញុំនៅស្ងៀមគិត ហើយទីបំផុតទៅខ្ញុំបានលង់លក់រហូតដល់ភ្លឺ។ ក្រោកដឹងខ្លួនមកវិញមេឃព្រហាមទៅហើយ មិនឃើញប៉ានៅក្នុងបន្ទប់នេះតិចលោតែគាត់ចេញទៅរត់កីឡាចោលខ្ញុំ?
ខ្ញុំឈានសកញ៉កចេញទៅក្រៅរត់ចុះក្រោមរកគាត់ ទើបតែបើកទ្វារក៏ឮសូរសំឡេងពួកគាត់ប្រកែកគ្នាទៀតទៅហើយ។
«ហេតុអីបានជាធ្លាយលេចឮរឿងរ៉ាវរបស់កូនជេមស៍នៅសាលាថ្មីបាន? ហើយហេតុអី សាលានោះសម្បូរមនុស្សមាត់អេចអូចច្រើនម្ល៉េះ?!» ប៉ាខ្ញុំសួរហាក់ខឹង។
ម្ដាយខ្ញុំមិនបង្អង់ទេ គាត់ខ្សឹបខ្សៀវតប។ ប៉ុន្តែតាមពិតទៅ របៀបរបស់គាត់ គឺឈ្លោះតឹងសសៃកដាក់គ្នាជាមួយប៉ា៖
«សង្គមអីទៅហើយ? ទូរសព្ទគ្រប់ដៃ WIFI គ្រប់កន្លែង! យើងធ្វើអីខ្លះ ដែលអាចលាក់ជិតនោះ?»
«រឿងធំដុំម៉េះ? សាលាក្រែងមានក្រមសីលធម៌ មានវិន័យអ្ហី? កូនក្មេងម្នាក់ទេតើ! ចាំបាច់អីឱ្យព័ត៌មានទៅកាសែត? ចាំបាច់សរសេរបំភ្លៃថា កូនខ្ញុំឈ្លោះគ្នានៅសាលាដែលទើបផ្លាស់ទៅ? ជាន់ពន្លិចច្បាស់ក្រឡែត! ថ្ងៃហ្នឹងខ្ញុំមិនទាន់ទៅដល់សួររកខុសត្រូវឱ្យកូនផង ហេតុអីបានជាអ៊ីនធឺណេតសរសេរបែបហ្នឹងបាន?»
សាជាថ្មី ដំបៅចាស់មិនទាន់របកស្នាម បានចាប់ពើតប៊ឹបៗផ្ទួនគ្នាឡើងវិញនៅក្នុងទ្រូងខ្ញុំ។ ខ្ញុំទប់ខ្លួនឯងទៅនឹងមាត់ទ្វារបន្ទប់ ហើយស្រមៃឃើញនូវរឿងជាច្រើន ដែលទើបតែរំលងទៅ ក្រោយការផ្តាច់ទំនាក់ទំនងរវាងខ្ញុំនិងទេពណារ៉ា។
អំពើទាំងឡាយ ដែលពួកអ្នកកាសែតបានធ្វើមកលើជីវិតយុវវ័យរបស់ខ្ញុំ ពួកអ្នកតែស្ករលើហ្វេសប៊ុកលេបត្របាក់ខ្ញុំ ការនិយាយបន្តគ្នាដោយមិនដឹងរឿងច្បាស់ នៅលើបណ្ដាញសង្គមជាន់ឈ្លីខ្ញុំ គឺវាឈឺចាប់ ហើយនិងមុតជ្រៅជាងអ្វីដែលទេពណារ៉ាបន្សល់ទុកនៅក្នុងបេះដូងរបស់ខ្ញុំទៅទៀត។
ឥស្សរាចរិយា ទៀតហើយ! ខ្ញុំក្ដាប់មាត់គិតហើយបែរចូលក្នុង រាវរកទូរសព្ទប្រញាប់ប្រញាល់។
កែវភ្នែកក្តៅគគុករបស់ខ្ញុំ សម្លឹងឃើញគ្រប់យ៉ាងដែលពិភពលោកនេះកំពុងស្វាគមន៍យើង នៅព្រហាមដំបូងមួយដែលខ្ញុំគិតថា ខំត្រដាបត្រដួសចង់ក្រោកឡើងមកវិញ រស់សាជាថ្មី និងរស់ជាខ្លួនឯង ប៉ុន្តែគ្រប់គ្នាលើកទឹកចិត្ត យល់ចិត្តខ្ញុំបានល្អមែន! ហ្វ្រីឱ្យខ្ញុំមួយព្រនង់ហើយមួយព្រនង់ទៀត។
«ក្មេងប្រុសទោលកូនស្រីនាយកអាកាសចរដែលទើបលែងលះ ឈ្មោះជេមស៍ត្រូវគេដេញចេញពីសាលារៀនថ្មីទៀតហើយ!»
«ពាក្យចាស់ថាកុំពត់ស្រឡៅ កុំប្រដៅមនុស្សខូច!»
«ប៉ាគេចោលការងារ លាឈប់មកតែលតោលនៅភ្នំពេញ ដើម្បីមកតាមកូនភេទទីបីដែលមិនដោយគន្លងធម៌!»
«ប្រភពជិតស្និទ្ធនិយាយថា គេបានធ្វើឱ្យម្តាយយំច្រើនដង ថែមទាំងឌឺដងឱ្យគ្រូជីវៈរហូតដល់នាយកសាលាចេញបទបណ្តេញចេញ!»
«មនុស្សមានជំងឺគួរតែនៅក្នុងពេទ្យ! គួរតែនៅក្នុងកន្លែងដែលមានសុវត្ថិភាពចំពោះខ្លួននិងអ្នកដទៃ!» ឃ្លាចុងក្រោយនេះជាកម្មសិទ្ធិរបស់ ឥស្សរាចរិយា។ ខ្ញុំពុះកញ្ជ្រោល ប៉ុន្តែមិនដល់មួយដង្ហើមទេ ខ្ញុំថយកំហឹងមកវិញ ហើយក្រពាត់ដៃទាំងក្តាប់ទូរសព្ទរង្គើចុះឡើង ឡើងចុះនៅនឹងចុងម្រាម។
នាងបាននៅជាមួយទេពណារ៉ាហើយ ដឹងថាបេះដូងគេគ្មានមនុស្សស្រី ឬក៏យ៉ាងម៉េច ឬមួយក៏ចិត្តបិសាចរបស់នាងដឹងថា ពេលណាក៏នាងនៅចាញ់ខ្ញុំ បានជានាងធ្វើព្យុះព្យោមកតាមដានរឿងជីវិតរបស់ខ្ញុំទាំងដែលខ្ញុំឈប់ខ្វល់នឹងពីរនាក់នាង…..
«បិទចោលអា WIFI ហ្វេសប៊ុកស្អីអស់ហ្នឹង!» ប៉ាខ្ញុំនិយាយទៀតឮមកពីជាន់ខាងក្រោមព្រមានម្តាយខ្ញុំ។
«កូនជេមស៍ព្រមទៅសាលាវិញ ទៅប្រឈមមុខទៅរកខុសត្រូវឱ្យខ្លួនឯងហើយ ហេតុអីបានជាអូនឯងយករឿងទាំងអស់នេះមកនិយាយ តាំងពីព្រលឹមអុរបាន? អូនឯងគួរតែឈឺចាប់តវ៉ាជំនួសកូន!»
ហេតុផលនៃអ្នកម្តាយខ្ញុំ ដែលលាន់ឮមកល្វើយៗធ្វើឱ្យខ្ញុំនៅធ្វើមុខស្មើ សើចចុងមាត់ចុះឡើងៗចំអកឱ្យខ្លួនឯង។
សំឡេងប៉ាខ្ញុំតវ៉ា៖
«សភាពពិតនៅខាងក្រៅ វាមិនដែលអាក្រក់ហែកហួរដូចក្នុងអាបណ្តាញសង្គមឆ្កួតឡប់អស់ទាំងនេះទេ! កូនកំពុងធ្វើសមាធិបាន គេសម្រេចចិត្តថាទទួលស្គាល់បញ្ហាហើយទទួលយកដំណោះស្រាយ មិនរត់គេច!»
ម្តាយខ្ញុំដាក់មកវិញ៖
«ប៉ុន្តែក៏មិនត្រូវបង្ខំកូនឱ្យធ្វើនូវអ្វី ដែលប្រឈមអាម៉ាស់ឈឺចាប់ហួសហេតុពេកដែរ!»
«កូនខ្ញុំអាយុ១៨ឆ្នាំស្អែកខានស្អែកហើយ!»
ខ្ញុំកាត់ចិត្តបន្ថយ Volume សំឡេងពួកគាត់ចេញពីការយកចិត្តទុកដាក់របស់ខ្ញុំ។ កុំឱ្យខ្ញុំនេះក្លាយជាប្រធានបទកាន់តែយ៉ាប់ឡើងៗសម្រាប់ការចួបគ្នាវិញដំបូងរវាងប៉ាម៉ាក់ក្នុងផ្ទះយើង។
ខ្ញុំធ្មេចភ្នែកទាំងសង ប៉ុន្តែគ្រប់ពេលក៏ឃើញតែរូបតួឯកហ្វេសប៊ុក នាងឥស្សរាចរិយាកំពុងតែ សម្លក់មុខខ្ញុំតាមអេក្រង់ទូរសព្ទ។
កាន់តែខឹងនឹងនាង ខ្ញុំកាន់តែមានកម្លាំងចិត្ត នៅក្នុងការងើបមុខសម្លឹងឆ្ពោះទៅកាន់ពិភពលោកនេះ។ នឹកឃើញដល់សៀវភៅខ្លះដែលធ្លាប់អានហើយចាំមក គឺមានពាក្យមួយដែលគេនិយាយថា «ដួលកន្លែងណាក្រោកទីនោះ» «មនុស្សយើងស្អប់ឬស្រឡាញ់សុទ្ធតែបង្កប់នូវកម្លាំងតស៊ូក្នុងនោះ» ។
ពីរនាក់ឯងចង់ឱ្យខ្ញុំក្រោកលែងរួច? ចុះបើខ្ញុំមិនព្រម?
ការអភ័យទោសនិងការទទួលយកថា គ្រប់គ្នាមានចំណុចមិនល្អ គឺជាគន្លឹះក្នុងការបំបាត់សត្រូវចេញពីជីវិត នេះជាអ្វីដែលបងរាហ៊ូខំសរសេរមកទាំងព្រលឹម។ គាត់តាមដានខ្ញុំណាស់ យល់អំពីសភាពរបស់ខ្ញុំណាស់ ប៉ុន្តែឥស្សរាចរិយានិងប្រុសបញ្ញើក្អែក មិនមែនជាសត្រូវទេ ពីរនាក់នេះគ្មានតម្លៃ សូម្បីតែឱ្យប្រើពាក្យ “សត្រូវ” ជាមួយក៏មានបញ្ហាដែរព្រោះខ្ញុំគ្មានសត្រូវឡើយ។
សត្រូវវាទាល់តែខ្ញុំធ្វើខុសជាមួយគេ តែនេះគេមកឆ្កួតលើខ្ញុំខ្លួនគេ។
ខ្ញុំបានបញ្ឈប់ការរក្សាទុកនូវអនុស្សាវរីយ៍ «មើលងាយ និង ស្អប់ខ្ពើម» របស់ពួកគេទៅហើយ បុគ្គលនោះនៅតែចច្រប់ក្បែរៗរបងជីវិតខ្ញុំ បន្តសម្តែងរឿងបំផ្លាញខ្ញុំ បង្ហាញថាមិនចូលចិត្តខ្ញុំ ជីវិតបន្តទៅមុខរបស់គេ នឹងរលំរលាយព្រោះទង្វើខ្លួនគេ។
ហើយបើឃើញខ្ញុំមានក្តីសុខ មានដំណើរការរីកចម្រើន គេវិលវល់ចិត្ត ខ្ញុំនឹងតាមបំណងគេឱ្យចូលពេទ្យឆ្កួតបានសម្រេច។
ប៉ាឡើងមកដល់។ គាត់សម្លឹងមកខ្ញុំ ដែលរលីងរលោងបន្ទាប់មកសម្លឹងទូរសព្ទដៃដែលខ្ញុំនៅក្តោបទុកនឹងចុងម្រាម។
គាត់ទម្លាក់ទឹកមុខ ស្វែងរកវិធីឬពាក្យពេចន៍មកនិយាយបន្លប់ស្ថានការណ៍។
«ហាត់ប្រាណជាមួយប៉ាតោះ!»
ដោយមិននិយាយស្តី ខ្ញុំប្តូរប្រើខោអាវកីឡាថ្មី ដែលប៉ារបស់ខ្ញុំទើបនឹងទិញមក។ មិនដែលមានពេលណាមួយ ដែលប៉ាខ្ញុំភ្លេចទិញខោអាវកីឡាពីស្រុកគេមកផ្ញើនោះទេ។
ពេលចុះមកក្រោម ខ្ញុំឃើញម្ដាយខ្ញុំតាមសម្លឹងខ្ញុំដោយក្ដីព្រួយបារម្ភ គាត់រកហាមាត់និយាយអ្វីតែអត់ហាស្តីទៅវិញ ទំនងម៉ាក់នៅទីទើរព្រោះឃើញប៉ា។
ម្ល៉ោះហើយខ្ញុំនិយាយទៅកាន់គាត់មុន៖
«ពេលកូនមកវិញ សុំញ៉ាំអាហារពេលព្រឹកស្នាដៃម៉ាក់ម្តង!»
«បានសំណព្វចិត្ត! កូនចង់ញ៉ាំអីក៏បាន!»
«អីក៏បានដែរម៉ាក់!»
ឪពុកនិងកូនយើងបានរត់ជុំវិញសួនច្បារ ក្នុងបុរីបន្ទាប់ពីខានហាត់បែបនេះជាមួយគ្នាច្រើនខែមកហើយ។
«ត្រូវរៀនរស់នៅពិតប្រាកដ ក្នុងជីវិតពិតរបស់យើងហើយ កុំអនុញ្ញាតឱ្យបុគ្គលណា មកបំបាក់ទឹកចិត្តយើងរារាំងយើងពីអ្វីដែលយើងចង់ធ្វើ។»
ប៉ាឆ្លៀតរត់ផងប្រាប់ខ្ញុំបែបនេះទៀត។
ប៉ុន្តែខ្ញុំវិញ ខ្ញុំយល់ច្បាស់ពីអ្វីដែលខ្លួនខ្ញុំនេះកំពុងគិតនិងតទល់ជាមួយ។ ជាអ្វីមួយ ដែលពុកម្តាយកំពុងតែបារម្ភ ដូចជាពេលប៉ាខ្ញុំរត់ជុំវិញសួនជាមួយខ្ញុំ គាត់តាមលួចមើលខ្ញុំរហូត។
ខ្ញុំមិនចង់សម្តែងទេ ប៉ុន្តែនេះគឺជាច្រកតែមួយគត់ដែលខ្ញុំចង់បង្ហាញគាត់ថា ខ្ញុំព្យាយាមធ្វើជាមនុស្សធំ។ បន្តិចទៀតខ្ញុំអាយុដប់ប្រាំបីឆ្នាំហើយ ខ្ញុំមិនបន្ទោសមនុស្សមិនល្អដែលបង្ហាញកំហុស ឬពេលវេលាមិនល្អរបស់ខ្ញុំឱ្យគ្រប់គ្នាដឹងរឿងលើអ៊ីនធឺណេត ដើម្បីជាន់ខ្ញុំចុះទាបនោះទេ។ ខ្ញុំត្រៀមខ្លួនមុនពេលត្រឡប់ទៅកាន់សាលា ជាមួយការតាំងចិត្តធ្វើរឿងដែលខ្លួនឯងពីមុនមក មិនជឿថាអាចធ្វើបាន។
ខ្ញុំក៏មិនបន្ទោសប៉ា ដែលចង់លាក់រឿងនេះពីខ្ញុំនោះដែរ។
នៅលើលោកនេះគ្រប់យ៉ាងមានហេតុផលរបស់វា។ ទីបំផុតពេលដែលយើងឈប់អង្គុយសម្រាកហើយញ៉ាំទឹក ប៉ាខ្ញុំដាច់ចិត្តនិយាយថា៖
«ជេមស៍ កុំទៅអីកូនថ្ងៃនេះ! យើងពន្យារសិនទៅរឿងទៅសាលា!»
សម្តីរបស់គាត់ធ្វើខ្ញុំយល់ពីទុក្ខព្រួយកង្វល់ទាំងប៉ុន្មានដែលគាត់លាក់ទុក។
បន្ទាប់ពីស្រីហាយសូ សាជាថ្មីបានវាយប្រហារខ្ញុំនៅលើបណ្ដាញសង្គម នារីកូនអ្នកមាននិងប្រុសគេមិនបានបញ្ឈប់ត្រឹមនេះ គេថែមទាំងចង់ឱ្យមនុស្សគ្រប់គ្នាដឹងថា ខ្ញុំនេះអន់ថយដល់កម្រិតណា។ គ្រប់គ្នាចង់ឱ្យខ្ញុំបាត់មុខជារៀងរហូតទៅបីដូចជាឡានជាប់ហ្វ្រាំងទៅណាមិនរួចរបស់វណ្ណដា?
ឥឡូវប៉ាមកហៅខ្ញុំឱ្យផ្អាកការចូលរៀនវិញទៀត?
«ហេតុអីទៅប៉ា!»
ទម្រាប់របស់ខ្ញុំ គឺសួរខ្លីៗបែបនេះ។ ប៉ុន្តែប៉ាខ្ញុំដឹងហើយថា ខ្ញុំមានន័យវែង។ គាត់ឆ្លើយវែងមកវិញ៖
«ម៉ាក់កូននិយាយត្រូវ! ប៉ាយល់ស្រប ចួនកាលយើងបង្ខំធ្វើរឿងទាំងទទឹងទទែង ដូចចេញទូកទាំងដឹងថាមានព្យុះ!»
«ខ្ញុំមិនដែលដើរសមុទ្រទេ! មិនដឹងថា អ្នកនេសាទថ្នឹកគេទប់ព្យុះបានឬអត់?»
«មនុស្សថ្នឹកទូកមាំ ក៏មិនប្រាកដថា ទប់ព្យុះបានដែរព្រោះយើងមិនស្មានរ៉ិកទ័រវាដឹង!»
«តែរឿងទៅសាលាផ្សេងណ៎ាប៉ា! មុនក្រោយទេ!»
ប៉ាឆ្លើយមកវិញមួយៗ៖
«ក៏ឃើញដែរ! គ្រប់គ្នាសរសេរមិនល្អពីកូនលើបណ្តាញសង្គម!»
«ខ្ញុំធ្លាប់ហើយ!» ខ្ញុំតបផង លូកយកបណ្តាគ្រាប់ពោតលីងស្រាលៗដែលកាន់ មកទៅក្នុងទឹកឱ្យត្រី។ពួកវាហាមាត់ចំាដូចស្គាល់ខ្ញុំច្បាស់។ ខ្ញុំញញឹមឱ្យចំណីវា។
ប៉ាតាមមកដល់ហើយនិយាយទៀត។
«ប៉ាមិនបង្ខំកូនទៅទេ ពេលខ្លះយើងក៏ត្រូវដកឃ្លាខ្លះសម្រាប់ខ្លួនឯង!»
«គេសរសេរទៅហើយ! យើងទៅឃាត់ម៉េចនឹងកើត?!»
«ប៉ាបារម្ភពីកូន! ប៉ាមានកូនតែម្នាក់នេះដែលប៉ាទុកកូនសំខាន់ជាងអ្វីគ្រប់យ៉ាង ប៉ាអរណាស់ដែលឃើញកូនប៉ារឹងមាំ ប៉ុន្តែបើកូនក្លាយទៅជារឹងទទឹងវាមិនល្អដដែល!»
ខ្ញុំដកដង្ហើមវែងៗ បែរមុខទៅត្រីហើយបិទភ្នែកធ្វើសមាធិ។
ចិត្តមួយខ្ញុំសួរខ្លួនឯងថា តើខ្ញុំពិតជារឹងទទឹងឬខ្ញុំរឹងមាំ?
«ឥស្សរាចរិយា មិនអាចហាមឃាត់ខ្ញុំមិនឱ្យទទួលខុសត្រូវរឿងទាំងអស់សម្រាប់ខ្លួនខ្ញុំខ្លួនឯងទេ! កាលពីលើកទីមួយ ខ្ញុំចង់រកខុសត្រូវប៉ុន្តែខ្ញុំត្រូវច្រវាក់មួយចាក់សោពីក្រៅ លើកនេះទៀតខ្ញុំត្រូវតែទទួលខុសត្រូវឱ្យបាន ប្រឈមនឹងវាព្រោះខ្ញុំមានប៉ា!»
ប៉ាខ្ញុំញញឹម។
ខ្ញុំចាប់ផ្ដើមរត់បន្ត គាត់ក៏រត់មកតាមពីក្រោយខ្នងខ្ញុំ។
កាត់តាមកន្លែងដែលប្រឡាំងកាស បាននាំស្រីហាយសូមកបញ្ឈឺខ្ញុំ បេះដូងខ្ញុំលែងពើតហើយ។ ខ្ញុំចាស់ទុំហើយ ខ្ញុំមាំហើយ!
ហោចណាស់ ខ្ញុំមិនអាចបោះបង់ចោលជីវិតរបស់ខ្ញុំដ៏វែងឆ្ងាយទៅមុខ ដែលពុកម្តាយខ្ញុំបានបណ្តាក់ទុន ទាំងពេលវេលាលុយកាក់ចិត្តថ្លើមកន្លងមកជាង១០ឆ្នាំនេះឱ្យអសារឥតការដោយសារមនុស្សប្រុសម្នាក់ទេ។ នៅមានមនុស្សស្អាតសង្ហាល្អៗ ជាច្រើនទៀតនៅតម្រៀបជួរគ្នាឯផ្លូវជីវិតខាងមុខ គ្រាន់តែពេលនេះខ្ញុំមិនទាន់ចង់ជ្រើស….
ថ្ងៃណាមួយ….ខ្ញុំនឹងមានអ្នកណាម្នាក់….
ខ្ញុំសរសេរដូច្នេះ ពេលមកដល់បន្ទប់វិញ៖
«ប៉ុន្មានខែដ៏រំភើប ពីចន្លោះចុងអាយុដប់ប្រាំពីរឆ្នាំទៅអាយុដប់ប្រាំបីនៅក្នុងបន្ទប់នេះ Surprise Surprise»។
ពេលចូលងូតទឹក ខ្ញុំបានលាងជម្រះ គ្រប់យ៉ាងឱ្យវាហូរទៅតាមលូរួមទាំងមនុស្សដែលខ្ញុំធ្លាប់ស្រឡាញ់និងធ្លាប់ស្អប់ខ្លាំង។ មនុស្សបំពានខ្ញុំនិងពិភពលោកមួយដែលគ្មានលំនឹង តែងតែព្យាយាមរំជួលយើងចុះឡើងទៅតាមសង្វាក់របស់វាខ្ញុំទាត់ចោលចេញទាំងអស់។
ខ្ញុំជិតអាយុដប់ប្រាំបីហើយ ខ្ញុំមិនចង់ក្លាយជាមនុស្សធ្វើអ្វីដូចកូនក្មេង បោះបង់ចោលអារាត់អារាយ រាយប៉ាយកណ្ដាលទី គេចពួនចុះឡើង ហ្វេគៗ លឹបលទៀតនោះទេ។
ជ្រើសរើសជាប់ច្រវាក់ ឬមួយក៏នៅក្នុងគុកនៃចិត្តខ្លួនឯងព្រោះខ្លាចសម្ដីអ្នកផង ឬជ្រើសរើសប្រឈមមុខ ជាជម្រើសរបស់ខ្ញុំ។ ខ្ញុំក៏មិនទៅនៅផ្ទះអ៊ំលីន ដើម្បីបំភ្លេចរឿងរ៉ាវនៅភ្នំពេញដែរ។ ពីព្រោះថាមុននិងក្រោយខ្ញុំគង់តែត្រូវត្រឡប់មកវិញ ដូច្នេះខ្ញុំត្រឡប់មកវិញថ្ងៃនេះឱ្យហើយ ដើម្បីដឹងថា តើយ៉ាងណាទៅការប្រឈមមុខជាមួយនឹងរឿងដែលគេគិតថាពិបាក។
វគ្គ
ជីវិតមនុស្សយើងត្រូវតែបន្តទៅមុខ
កុំនៅទ្រឹងមួយកន្លែងកូន!
ប៉ាប្រាប់ឱ្យខ្ញុំចៀសចេញពីច្រកផ្លូវចូលក្នុងសាលា ព្រោះមានសិស្សផ្សេងសម្រុកចូលមកច្រើនដែរ ជិតដល់ម៉ោងរៀនហើយ ផ្លូវនេះក៏តូចចង្អៀត យើងត្រូវចេះគិតអ្នកដទៃ តែក៏កុំឱ្យអ្នកដទៃច្រានយើងដួលបាន។
សាលារៀនខ្ញុំអើយ! គ្រប់យ៉ាងនៅទីនេះដូចគ្មានអ្វីប្រែប្រួលទៅតាមពេលវេលាប៉ុន្មានថ្ងៃ ដែលខ្ញុំបានអវត្តមានទេ។
ខ្ញុំស្ពាយសាក់កាដូដើរឱនៗត្រុនៗត្រឡប់ចូលទៅក្នុងបណ្តាទិដ្ឋភាពទាំងឡាយណាដែលខ្ញុំធ្លាប់បានគិតថា នឹងលែងបានវិលមកវិញមើលវាទៀតហើយ។ អាគារអានសៀវភៅ ទីបាល់បោះ និងកន្លែងស្រីៗអង្គុយញ៉ាំអាហារ….គិតថាគ្មានអ្នកណាចំណាំខ្ញុំបានទៅចុះ ។
លើកលែងតែពួកអ្នកយាម ក្នុងចំណោមពួកគាត់មានម្នាក់ ដែលបានលួចដៀងភ្នែកសម្លឹងមកខ្ញុំ។ គ្មានជម្រើស ខ្ញុំក៏សើចស្ញាញទៅកាន់គាត់វិញ។ នេះជាលើកដំបូងក្នុងជីវិតដែលខ្ញុំសើចគ្មានសំឡេង ហើយសើចធំយ៉ាងនេះចេញមកបាន។
បុរសនេះអាចថា គាត់បានដំណឹងរឿងខ្ញុំត្រូវនាយកបណ្តេញចេញឱ្យលែងមករៀនទៀត ឬមួយក៏គាត់បានឃើញ អ្វីៗលើហ្វេសប៊ុកកាលពីម្សិលមិញមិនដឹង។ ពេលខ្ញុំសើចគាត់ក៏សើចតបវិញ។
«ដើរទៅកូន! ជូនប៉ាទៅបន្ទប់នាយក»
ខ្ញុំនាំប៉ាដើរចូលទៅក្នុងសាលារៀន កាត់តាមរបៀងអាគារទាំងឡាយដែលយើងធ្លាប់ធ្វើរាល់ដង ដោយសារខ្ញុំមិនដែលមានមិត្តភក្តិដូច្នេះហើយខ្ញុំអត់មានពាក្យអីសម្រាប់និយាយនោះទេ ក្រៅពីដើរចច្រប់ជាទម្លាប់។
គ្រប់គ្នាមិនថានៅតារាងបាល់ឬមួយក្នុងសួនច្បារ ឬមួយក៏នៅលើផ្លូវទៅថ្នាក់ ឬនៅឈរចាំគ្នាពីមុខបណ្ណាល័យចាប់ផ្ដើមងាកមកសម្លឹងខ្ញុំ។
ខ្ញុំធំប៉ុណ្ណេះហើយមានប៉ាជូនមកសាលារៀនទៀត?
គេគិតអ៊ីចឹងឬមួយក៏គេគិតអំពីអ្វីដែលឥស្សរាចរិយានិយាយនៅលើបណ្ដាញសង្គមកាលពីព្រឹក។ ខ្ញុំចាប់ផ្ដើមដោះស្រោមមុខចាស់របស់ ខ្លួនឯងដែលជាភេទទីបីស្ពឹកៗខ្លាចៗ ពេលនេះ ជាមួយនឹងកម្លាំងអានុភាពថ្មីចម្លែក ខ្ញុំនិយាយទៅកាន់ពួកគេ៖
«សួស្ដី! សួស្តីទាំងអស់គ្នា»
នេះមិនមែនខ្ញុំទេ ខ្ញុំមិនដែលនិយាយបែបនេះឬក៏ញញឹមបែបនេះ សូម្បីតែធ្វើទឹកមុខមាំបែបក្លាហានបែបនេះទៅកាន់គ្រប់គ្នានោះឡើយ។ ពួកគេភាំងសាជាថ្មី មុនពេលរកនឹកឃើញតបមកវិញទាំងហៅឈ្មោះ ៖
«សួស្ដីជេមស៍!»
សួស្ដីពួកគេសុទ្ធតែស្គាល់ឈ្មោះខ្ញុំនៅផ្ទះ ល្បីមែនខ្ញុំ គ្មានអ្នកណាហៅខ្ញុំថា ត្រា នោះទេ!
ប្រាកដណាស់ថា ពួកគេបានអានរឿងរបស់ខ្ញុំនៅលើអ៊ីនធឺណេត។ ម្នាក់ៗពាក់កាសនៅនឹងត្រចៀក សៀតទូរសព្ទនៅនឹងកាបូប វាមិនចម្លែកទេ! ខ្ញុំបានត្រៀមខ្លួនរួចហើយ….ពិសេសនឹកឃើញដល់កាសរបស់ខ្ញុំ ដែលនៅខូចនៅឡើយដោយសារត្រូវលោកនាយកបោកចោល។
ប៉ាបាននិយាយទៅកាន់អ្នកគ្រូម្នាក់នៅមាត់ផ្លូវថា គាត់នាំខ្ញុំមកចួបនាយក។
«សូមចាំបន្តិចខ្ញុំជម្រាបគាត់សិន!»
ថាហើយអ្នកគ្រូបានចូលទៅមុនដើម្បីជម្រាបនាយក ចុងក្រោយក៏ចេញមកវិញដោយប្រាប់ថាអាចចូលបាន។
លោកគ្រូនាយកធ្វើជារៀបចំនេះនោះនៅលើតុគាត់ ប៉ុន្តែនៅក្រោមវ៉ែនតារបស់គាត់ ខ្ញុំដឹងថាគាត់មានអារម្មណ៍តឹងតែង ដែលឃើញខ្ញុំមកវិញលើកនេះ។
ខ្ញុំជម្រាបសួរកាត់ហើយ ត្រូវគាត់ចង្អុលឱ្យថយទៅអង្គុយលើសាឡុង។
ប្រហែលជាម្តាយខ្ញុំបានប្រាប់ពួកគេថា ឪពុកខ្ញុំនឹងនាំខ្ញុំមករកខុសត្រូវនៅសាលារួចហើយផងក៏មិនដឹងយប់មិញនេះ ព្រោះអ្នកនៅទីនេះទាំងអស់ភាគច្រើនស្គាល់និងគោរពរាប់អានជាមួយម្តាយខ្ញុំ។
«សូមអញ្ជើញអង្គុយ»
គាត់អញ្ជើញប៉ាឱ្យអង្គុយចុះនៅនឹងមុខតុតែម្តង ទីនោះមានកៅអីពីរ តែគាត់ឱ្យខ្ញុំមកអង្គុយលើសាឡុងឆ្ងាយពីពួកគេ។
«ខ្ញុំមកសុំលោកនាយកឱ្យភក្ត្រាចូលរៀនឡើងវិញ» ប៉ាចាប់ផ្តើម
ឯនាយកប្រកែកញ៉ាញភ្លាម៖
«ខ្ញុំមិនបានដេញគេទេ! ប៉ុន្តែក្មេងធ្វើខុស ត្រូវតែទទួលការដាក់ពិន័យ!!»
ប៉ាខ្ញុំសួរវិញឡើងវិញភ្លាមដែរ៖
«លោកនាយកចង់ដាក់ពិន័យកូនខ្ញុំរបៀបម៉េច?!»
«សាលាយើងគឺ នែ៎…មិនចាំបាច់ប្រាប់ឪពុកម្តាយទេ! ក៏គ្មានអ្វីក្រៅពីឱ្យឈរ ឬមួយក៏ទៅអង្គុយក្នុងបន្ទប់រៀនទទេមួយម្នាក់ឯងមួយរយៈ ធ្វើអ្វីៗតាមដែលគ្រូដាក់ឱ្យធ្វើ រហូតទាល់តែបានពិន្ទុតាមការកំណត់របស់គ្រូផ្ទាល់!»
«បាទៗ ប៉ុន្តែខ្ញុំនៅតែអះអាងថា កូនខ្ញុំមិនបានធ្វើឫកពាច្រឡោមខាងទៅកាន់គ្រូព្រោះតាំងចិត្តទេ! គ្នាជាក្មេងមិនចេះមាត់ក អាចថារឿងមុននោះមានកន្លែងភាន់ច្រឡំខ្លះ!»
ប៉ាទើបតែនិយាយមិនទាន់ចប់ផង លោកនាយបោះសម្តីមកកាត់ភ្លាម៖
«ចំណែកខ្ញុំមិនបានភាន់ច្រឡំទេ! កូននេះ បានធ្វើច្រងេងច្រងាងនៅចំពោះមុខខ្ញុំជានាយក!»
គាត់ថា ទាំងដៀងកន្ទុយភ្នែកមើលមកខ្ញុំ ចំពេលខ្ញុំលួចមើលគាត់ដូចគ្នា។
ទីបំផុតខ្ញុំជ្រប់មុខមិនសម្លឹងគាត់នោះទេ ទុកឱ្យប៉ាខ្ញុំជាអ្នកដោះស្រាយ។ ទោះបីយ៉ាងណាក៏ដោយ ចុងក្រោយប៉ាខ្ញុំបាននិយាយនូវសម្ដីជាច្រើនដោយទន់ភ្លន់ស្លូតបូត ហើយបានការពារនូវអាកប្បកិរិយារបស់ក្មេងជំទង់ដូចជាខ្ញុំថា ចួនកាលអាកប្បកិរិយាខាងក្រៅមិនមានអត្ថន័យច្បាស់លាស់សំដៅនឹងចិត្តថ្លើមខាងក្នុងនោះទេ គាត់ប្រាប់ថា ខ្ញុំនេះជាក្មេងមានលក្ខណៈមិនសូវរួសរាយ ស្រស់ស្រាយដូចមនុស្សភាគច្រើន តែក៏មិនមែនមានន័យថា មិនមែនជាក្មេងល្អដែរ ខ្ញុំពិតជាត្រូវការឱកាសខ្លះ ហើយមិនចាំបាច់ប្ដូរសាលានោះឡើយ ។
សម្តីប៉ាដែលខ្ញុំស្តាប់ហើយមានទឹកចិត្តជាខ្លាំងនោះគឺគាត់លើកឡើងថា៖
«កូនរបស់ខ្ញុំគឺជាក្មេងម្នាក់ដែលត្រូវការជំនួយ ព្រោះគេមានផ្លូវចិត្តទន់ខ្សោយ មិនមែនត្រូវការការបណ្ដេញចេញ ឬមួយក៏ត្រូវការការបោះបង់ចោលនោះឡើយ!»
ចុងក្រោយខ្ញុំបានវិលត្រឡប់ទៅកាន់ថ្នាក់រៀនរបស់ខ្ញុំវិញ។
ប៉ាបាននាំខ្ញុំចូលទៅរួចនិយាយប៉ុន្មានម៉ាត់ជាមួយគ្រូជនបរទេសប្រចាំថ្នាក់ខ្ញុំ មុនពេលគាត់វិលត្រឡប់ទៅផ្ទះវិញ។
បានចូលមកដល់ថ្នាក់កាលណា ក៏ធូរចិត្តដោយសារគ្រប់គ្នាញញឹមរកខ្ញុំ ជាពិសេសណាទី អ្នកតែងតែរករឿងខ្ញុំកាលពីមុន។
«សូមស្វាគមន៍ជេមស៍» នាងនិយាយជាភាសាអង់គ្លេស។
ខ្ញុំញាក់ចិញ្ចើមញញឹមតិចតួចជាកិច្ចឆ្លើយតប។ រេភ្នែកមើលមួយជុំខ្ញុំដឹងថា គ្រូជីវៈមិននៅទីនេះទៀតនោះទេ គឺជាគ្រូផ្សេងជាជនជាតិ ហើយគាត់បានដើរមកទះស្មាខ្ញុំថ្នមៗ។
ខ្ញុំជឿថាគាត់មិនបានតាមដានបណ្ដាញសង្គមទេ គាត់ឈ្មោះថាគ្រីស្ទៀនមកពីប្រទេសអង់គ្លេស ប៉ុន្តែគាត់ប្រាកដជាបានដឹងឮខ្លះមិនខានអំពីវិបត្តិរបស់ខ្ញុំលើកនេះ។
ការបានមកអង្គុយក្នុងថ្នាក់នេះវិញគឺជាជោគជ័យដ៏ធំសម្រាប់ខ្ញុំ។ តាមពិត នៅក្នុងបញ្ហាបើសិនជាយើងប្រឈមមុខនឹងវាបាន យើងនឹងទទួលបានជោគជ័យរួចទៅហើយកុំថាឡើយ យើងត្រូវតែឈ្នះអ្នកដែលធ្វើបាបយើង គឺវាគ្មានន័យទេ វាគ្រាន់តែជារឿងបន្ទាប់តែប៉ុណ្ណោះ។
បើសិនជាថ្ងៃនេះ ពេលនេះ ខ្ញុំនៅអង្គុយមើលមាន់នៅក្នុងផ្ទះរបស់អ៊ំលីន នៅឡើយតាមវិធីម្តាយខ្ញុំនោះ ថ្ងៃស្អែកនិងថ្ងៃខានស្អែកខ្ញុំអាចនឹងក្លាយជាអ្នកកើបអាចម៍គោឬមួយក៏ធ្វើអ្វីទៀតខុសពីនេះ។
ជាការពិតណាស់ពេលខ្លះយើងគួរតែមាន ចន្លោះគម្លាតមួយឱ្យខ្លួនឯងដកដង្ហើម ឃ្លាតពីបណ្តាបញ្ហាណាដែលចាក់ស្រេះពេកគ្មានច្រកចេញនៅឡើយ តែរឿងខ្ញុំកាលពីប៉ុន្មានថ្ងៃមុនជាមួយគ្រូជីវៈមិនមែនជាវិបត្តិទេ ប៉ុន្តែជាកំហុស។ ខ្ញុំយល់ថា ខ្ញុំនិងគាត់មានកំហុសដូចគ្នាម្ខាងម្នាក់។ ខ្ញុំមិនស្តាប់គាត់ ឯគាត់រើសអើងខ្ញុំ ចំណែកលោកនាយកវិញ….ពិបាកនិយាយណាស់ គ្រប់គ្នាក្នុងសាលាយើងតែងដកដង្ហើមធំពេលនិយាយអំពីនាយកម្នាក់នោះ។
គ្រប់យ៉ាងក្នុងថ្នាក់ដំណើរការរលូនស្ងប់ស្ងាត់ មិនមានអ្វីទាំងអស់រហូតដល់ពេលដែលខ្ញុំចេញមកញ៉ាំបាយ។
នៅកន្លែងញ៉ាំបាយខ្ញុំនឹកឃើញដល់រឿងជាច្រើន។
រឿងដែលសំខាន់ គឺពាក់ព័ន្ធរវាងមនុស្សបីនាក់គឺ ឯកម៉ាលីគ ឥស្សរាចរិយា និងទេពណារ៉ា។ ពួកគេជាការចងចាំដែលមិនល្អ ពិតមែន តែមិនអីទេ ខ្ញុំរៀនធ្វើចិត្តជាមួយវា។ សំឡេងមួយលាន់មកល្វើយៗ ទោះបីដំបូងខ្ញុំមិនចាប់អារម្មណ៍ទេ ប៉ុន្តែក្រោយមកចិញ្ចើមខ្ញុំជ្រួញចូលគ្នាពេលស្តាប់ឮ។
«យើងអត់ចង់ឱ្យ ភេទទីបីម្នាក់ហ្នឹងរៀនក្នុងថ្នាក់យើងទេ!
«គេថាយើងរើសអើងភេទ តាមពិតខ្ញុំមិនរើសអើងភេទទេប៉ុន្តែខ្ញុំរើសអើងមនុស្ស! ឯងគិតមើលទៅ គេហ្នឹងចង់ល្បីណាស់ មិនដឹងទៅឈ្លោះគ្នាជាមួយតារាហ្វេសប៊ុកធ្វើស្អី ឡើងល្បីសាលារៀន!»
«អូ៎…អាចថាគេអាង ម៉ាក់គេ! ម៉ាក់គេដូចជាធ្វើការធំខាងអាកាសចរណ៍!»
«តែគេព្រឹកមិញឃើញប៉ានាំមកសាលាតាស៎!»
«ត្រូវហើយប៉ាគេនាំមកសុំនាយកចូលរៀនវិញ! ឥឡូវបានសិទ្ធិចូលរៀនវិញមែន!»
«អ្ហូ៎យ គេជាកូនទោលទៀត មានប៉ាខ្លាំង មានម៉ាក់ជាស្ត្រីខ្លាំង ខ្លាំងអ៊ីចឹង មិនឱ្យគ្រូដាក់ឱ្យឆ្ងាយនៅខ្លាំង ឆ្ងាយពីគេតែឯងទៅវ៉ី!»
«មានអីអស្ចារ្យ? ឮសូរថា ប៉ាម៉ាក់គេទើបនឹងលែងគ្នាហ្នឹង!»
ខ្ញុំចង់លេបបាយបន្ត ធ្វើដូចធម្មតា ធ្វើជាមិនឮ ធ្វើជាមិនចេះស្តាប់ខ្មែរ ប៉ុន្តែពិតជាលេបលែងចូលមែន។ សាលារៀនជាច្រើន បានអនុញ្ញាតឱ្យមានក្រុមអេចអូច និងមិនដែលចាត់វិធានការណ៍បានសម្រេចទេ ទោះបីដឹងថាក្រុមនេះនាំឱ្យក្មេងដែលមានបញ្ហានឹងមានបញ្ហាបន្ថែមឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃក្តី។
ឪពុកម្តាយជាច្រើន មើលមិនឃើញដល់ពីអ្វីៗដែលកូនៗចួបប្រទះនៅសាលាទេ ពិសេសម្តាយខ្ញុំ។ ក្នុងកែវភ្នែកគាត់កូនជាមនុស្សដែលបង្ករឿងតែគាត់មិនពិនិត្យមើលថា មិត្តភក្តិគាត់ដែលជាគ្រូៗហ្នឹងអេចអូចប៉ុនណាឡើយ។ អ្នកនិយាយដើមខ្ញុំទាំងនេះក៏ជាក្មេងដែរ តើពួកគេដឹងរឿងគ្រួសារខ្ញុំមកពីណា? សូម្បីតែរឿងប៉ាម៉ាក់លែងលះ?
បរិយាកាសនៅកន្លែងហូបបាយនេះ ភាគច្រើនគឺជាវេទិកាសម្រាប់ក្រុមមួយឌឺដង ឱ្យក្រុមមួយទៀត ចំណែកខ្ញុំនេះគ្មានគ្នានឹងគេទេ ដូច្នេះរឿងរ៉ាវក្នុងពេលនេះគឺ បុគ្គលទើបបកមករៀនវិញម្នាក់ និងក្រុមមួយ។
ខ្ញុំដឹងថា សាលាក៏ពិបាកដែរ។ គេអាចគ្រប់គ្រងអ្វីៗក្នុងថ្នាក់បាន តែមិនមែនគ្រប់ពេលវេលាឬសូម្បីតែនៅក្រៅថ្នាក់ដូចនៅទីនេះទេ ព្រោះត្រូវការគ្រប់គ្រងកុមារ និងសិស្សជំទង់ជាង ៣០០នាក់ ក្នុងពេលតែមួយ។
ដូច្នេះខ្ញុំខ្លួនឯងដែលគួរមានវិធីជួយខ្លួនឯងចេញពីបញ្ហា។ ខ្ញុំបិទរៀបទុកប្រអប់បាយហើយដើរសំដៅទៅរករបាំងជញ្ជាំងម្នាងសិលា ដែលពួកគេគិតថានិយាយដើមខ្ញុំ រាលដាលដល់ឪពុកម្ដាយខ្ញុំហើយ គ្មានអ្នកឮ។
ខ្ញុំបង្ហាញខ្លួននៅនឹងមុខពួកគេដោយទឹកមុខស្មើ។


