កម្មវិធី«អ្នកនិពន្ធក្រៅសាលា» ឱកាសសម្រាប់យុវវ័យ ដែលមានបំណងក្លាយជាអ្នកសរសេរប្រលោមលោក

នៅក្នុងកម្មវិធី MST Writer រដូវកាលទីមួយនេះ អ្នកនិពន្ធ ម៉ីសនសុធារី បានអំពាវនាវ​ឲ្យយុវវ័យ​ទាំងឡាយណាដែលមានបំណង​ចង់ចេញផ្សាយស្នាដៃរបស់ខ្លួនជាសាធារណៈ អាចដាក់ដាក់ពាក្យចូលរួមជាមួយគម្រោងថ្មីនេះបាន ដោយតម្រូវ​ឲ្យ​មាន​យ៉ាងហោចណាស់ ប្រលោមលោកមួយមកសុំចុះឈ្មោះ មិនកំណត់ចំនួនទំព័រ​ និងសរសេរដោយសេរី។

អ្នកនិពន្ធ មិត្ត រស្មី នៃក្រុមទសប៉ាកកាដែលទទួលខុសត្រូវលើគម្រោងថ្មីនេះ បានឲ្យ​ដឹងថា​ ​អ្នកនិពន្ធវ័យក្មេង ត្រូវមានស្នាដៃជារបស់ខ្លួនពិតៗ ហើយអាចពិភាក្សាជាមួយក្រុមការងារ MST Writer ប្រសិនមាន​បំណង​ចង់បានការវាយតម្លៃរចនាសម្ព័ន្ធរឿង មុនពេលផ្តើមការសរសេរឬអាចមាន​ជារឿងមកស្រាប់ក៏បាន។

លក្ខខណ្ឌនៃការចូលរួម៖

១. រាល់សំណៅត្រូវវាយជាកុំព្យូទ័រខ្នាត A4 Khmer OS ដោយភ្ជាប់ជាមួយលេខទំនាក់ទំនង។ ​

២​. សាច់រឿងត្រូវតែជាការបង្កើតថ្មី មិនពាក់ព័ន្ធនឹងបញ្ហានយោបាយ រិះគន់បរិហារបុគ្គលណាម្នាក់ជាសាធារណៈ

៣. បើកចិត្តទូលាយក្នុងការទទួលយកមតិយោបល់ និងមានទឹកចិត្តកែលម្អសាច់រឿង​ឲ្យ​កាន់តែប្រសើរ

៤. ផ្តល់សិទ្ធិដល់ក្រុមការងារ ក្នុងការដកស្រង់មាតិការឿងយកទៅផ្សព្វផ្សាយ លើទំព័រហ្វេសប៊ុក «វេទិកាជជែកលើប្រលោមលោក ម៉ីសន សុធារី»

៥. រាល់ស្នាដៃដែលត្រូវបានជ្រើសរើស នឹងត្រូវផ្សព្វផ្សាយលើវេបសាយ meysansotheary.com តែមួយគត់រហូតផុតរដូវកាលទី១

៦. សមាជិក MST fan​club អាចចូលរួមបានផងដែរ

៧. ចែករំលែកកម្មវិធីនេះ ទៅកាន់មិត្តរបស់អ្នកជាមួយ #mstwriterseason1

ក្រុមការងារនឹងសម្រួល៖

១. យុទ្ធនាការផ្សព្វផ្សាយនាម និងនាមប៉ាកកា ប្រវត្តិនិងស្នាដៃ រួមទាំងជួយភ្ជាប់តំណ​ទៅកាន់បណ្តាញសង្គម​របស់អ្នកនិពន្ធ ដោយមិនគិតថ្លៃ

២. រចនាគម្រប (ក្របសៀវភៅ) លើឌីជីថលសម្រាប់ចេញផ្សាយ

អត្ថប្រយោជន៍ដែលទទួលបាន៖

១. រាល់ប្រលោមលោកដែលជាប់ក្នុងតារាងប្រជាប្រិយ Top 10 នឹងទទួលបានរង្វាន់ជាប្រាក់ ១០០ដុល្លារ និងរង្វាន់ដទៃ​ទៀត។

២. បន្ទាប់ពីរដូវកាល៦ខែបញ្ចប់ អាចដាក់ផ្សាយជាថ្មីនៅ Platform ផ្សេងៗ ឬបោះពុម្ពផ្សាយជាសិទ្ធិផ្ទាល់របស់សាមីអ្នកនិពន្ធ

៣. អ្នកនិពន្ធមាន​សិទ្ធិពេញលេញលើស្នាដៃខ្លួន ទោះបី​រចនាសម្ព័ន្ធរឿងត្រូវ​បានផ្តល់ជូនដោយក្រុម MST writer ក្ដី
៤. អាចទទួលបានការបណ្ដុះបណ្ដាលវគ្គខ្លី ពីការតែងនិពន្ធជាមួយអ្នកនិពន្ធ ម៉ីសន សុធារី

៥. មានឱកាស​ក្លាយជាអ្នកនិពន្ធនៅ MST Writer​​ និងមានប្រាក់បៀរវត្សរ៍ជាប្រចាំ

គួរបញ្ជាក់ផងដែរថា កម្មវិធី MST Writer រដូវកាលទី១ ក្រោមប្រធានបទ «អ្នកនិពន្ធក្រៅសាលា» នឹង​ចាប់ផ្ដើម​ឡើង​នៅ​ខែកញ្ញានេះ។

សម្រាប់ព័ត៌មានបន្ថែម ទំនាក់ទំនងមកកាន់ តេឡេក្រាមរបស់សមាជិកMST Writer