រឿង៖ យប់ខ្មៅងងឹត

សួស្ដីអ្នកទាំងអស់គ្នា អរគុណសម្រាប់ការចំណាយពេលមកអានរឿងបែបជីវិតតស៊ូដែលខ្ញុំបានសរសេរពីចំណុចមួយនៃការរើបម្រាស់ខ្លួនឯងចេញពីស្រមោលអតីតកាលដោយយកក្ដីសង្ឃឹមមកកសាងជាថ្មី។
រឿង”យប់ខ្មៅងងឹត” បានកើតឡើងមិនមែនជាការចៃដន្យនោះទេតែជាខ្សែរឿងបង្ហាញពីជីវិតដ៏ជូរចត់របស់តួអង្គម្នាក់ដែលខំរើបម្រាស់ខ្លួនចេញពីភពខ្មៅងងឹតដែលបាត់បង់ខ្លួនឯងនៅក្នុងសមុទ្របញ្ហា បាត់បង់ជំនឿជឿជាក់ ប្រៀបបីដូចជាទូកកណ្ដាលទន្លេដែលត្រូវរលកបោកបក់កណ្ដាលសាគរតែខំស្វះស្វែង រហូតទទួលបានផ្លែផ្កាដោយភាពតស៊ូក្នុងជីវិត។
…………………..
មេឃមីខ្មៅងងឹតស្លុបហាក់កំពុងមានវិបត្តិដ៏សែនចំបែងនៅលើផ្ទែវេហាដែលធ្វើឱ្យដែនពសុធាកំពុងតែមានរបាយទឹកភ្លៀងកំពុងបង្អុរធ្លាក់មើលទៅឮសូរមិនដាច់គ្រាប់និងមានលាន់ឮសូរផ្គររន្ទះយ៉ាងទ្រហឹងអឺងកងគួរឱ្យរន្ធត់ជាពន់ពេក។ នៅក្បែរមាត់បង្អួចដែលរុំព័ទ្ធដោយកញ្ចក់មានក្មេងកំលោះអាយុប្រមាណ២0ឆ្នាំ រាងស្ដើង សម្បុរស ច្រមុះស្រួច សក់រលោងគួរឱ្យចង់ស្ទាបអង្អែល។ អ្នកកំលោះបានអង្គុយបណ្ដែតអារម្មណ៍តាមសូរទឹកភ្លៀងហាក់កំពុងមានវិបត្តិដែលផ្ទៃមុខក្រៀមក្រំស្វិតស្រពោនដូចជាមានរឿងអ្វីក្នុងចិត្ត។ ទឹកភ្លៀងកាន់តែខ្លាំងទឹកភ្នែកកាន់តែស្រក់ហាក់ប្រណាំងគ្នាតាមសំឡេងភ្លៀងធ្លាក់ដូចជាចង់រៀបរាប់ពីអារម្មណ៍ស្រណោះស្រណោករបស់មាណពយើង។
ទូរសព្ទរោទិ៍ឡើងទ្រើងៗហាក់ផ្ដាច់អារម្មណ៍អ្នកកំលោះឱ្យមកចាប់កាន់និងទទួលដោយវាចា
“អាឡូម៉ែ!”
“ចាស អាឡូកូន! ហើយកំពុងធ្វើអ្វីហ្នឹង? ម៉េចដែរទៅសាលារៀនជាមួយគេស្រួលឬពិបាកដែរកូន?”
“បាទម៉ែ! កំពុងតែនឹកដើមល្មមថាប្រុងនឹងខលទៅការរៀននៅនេះប្លែកណាស់ម៉ែសុទ្ធតែជនជាតិគេតែមានជនជាតិយើងខ្លះដែរតើគេកំពុងនិយាយបង្វែរដានតាមពិតគេកំពុងតែយំដោយមិនឱ្យម្ដាយដឹងសោះ”
“អូ!អ៊ីចឹង! ប្រឹងរៀនណាកូនកុំនៅយប់ជ្រៅពេកប្រយ័ត្នឈឺ នៅឆ្ងាយតែឯងផង”គាត់និយាយដោយបារម្ភពីកូន
“ម៉ែក៏ចឹងដែរ!កុំសូវប្រឹងធ្វើការពេកព្រោះម៉ែចាស់ច្រើនណាស់ត្រូវហូបបាយឱ្យទៀងនិងហាត់ប្រាណផង” យូវីនតប
“បានហើយកូនអ៊ីចឹង ម៉ែចូលសម្រាន្ដមុនឆាប់គេងណាកូន!”
“បាទម៉ែ រាត្រីសួស្ដី”
យូវីនបានមកបន្ដការសិក្សានៅក្រៅប្រទេសប្រមាណកន្លះឆ្នាំហើយតែចិត្តនិងអារម្មណ៍របស់គេហាក់បីដូចជាមិននៅជាប់ខ្លួនសោះ និយាយចប់ទឹកភ្នែកក៏ហូរស្រក់ដោយនឹកគិតដល់សម្ដីគ្រប់ម៉ាត់របស់ម្ដាយរបស់គេ យូវីនក៏ផ្ដើម
សំណួរដំបូងដែលផុសចេញពីខួរក្បាលភ្លាមៗ
“តើឯងកំពុងគិតអ្វីយូវីន ឯងនឹងបោះបង់? ឯងមិនត្រូវចាញ់ទេៗ!”
“ម្ដេចក៏ខ្ញុំត្រូវមកជួបរឿងបែបនេះ?”
“អត់ទេ! មេឃអើយមេត្តាឆ្លើយជាមួយខ្ញុំផង តើឱ្យខ្ញុំចាញ់នៅពេលនេះ ដោយបែបនេះ អ្នកចង់ឃើញខ្ញុំដួលណាស់មែនទេ? អ្នកដឹងទេថាខ្ញុំឯកាប៉ុនណា? ប្រាប់ខ្ញុំបន្តិចមកណាកុំធ្វើបែបនេះបានទេ? ថាអ្វីដែលខ្ញុំកំពុងតែជួបនេះវាមិនមែនជាការពិតទេ”
គេធ្លាប់សង្ឃឹមខ្ពស់ណាស់ គេធ្លាប់មានជំនឿចិត្តលើខ្លួនឯង ហើយកាលដែលចាកចេញពីស្រុកកំណើតមកបន្តការសិក្សានៅប្រទេសទីពីរ នេះគឺជាក្តីស្រមៃមិនត្រឹមតែខ្លួនគេ គឺគ្រួសារទាំងមូល តែចាប់ពីការចំណាយដែលត្រូវកើនឡើងបន្តបន្ទាប់ នឹងកាលដែលមិនអាចរកការងារធ្វើបាន រួមទាំងសម្ពាធពីការសិក្សា ស្រាប់តែធ្វើឱ្យក្មេងកំលោះម្នាក់ដួលទ្រោបទៅនឹងក្តីអស់សង្ឃឹមជាពន់ពេក។
គេសម្បកក្រៅជាមនុស្សឡូយសង្ហារ ដោយសារសាច់ឈាមភ្លឺថ្លារបស់គេ គ្រប់គ្នាសរសើរនឹងគិតថាគេជាកូនគ្រាប់ពេជ្រក្នុងគ្រួសារ ដោយពុំដឹងថា គេគ្រាន់តែជាក្មេងប្រុសដែលកើតក្នុងគ្រួសារមានជីវភាពសាមញ្ញឡើយ។
សំឡេងយំពីក្នុងចិត្តជា សំឡេងចេញពីបេះដូងដែលឈឺចុកចាប់ដោយគ្មានវាចាតបតមានត្រឹមសំណួរតែគ្មានចម្លើយដោយបន្សល់ទុកនូវរាងកាយឱ្យលង់លក់ទៅតាមស្បៃរាត្រី។
ព្រឹកព្រលឹមស្រាងៗយូវីនក៏ក្រោកឡើងដោយមិនសូវមានកម្លាំងប៉ុន្មានទេដោយសារតែយប់មិញគេងយប់ជ្រៅពេក តែគេខំងើបដើម្បីរកមើលអីញ៉ាំ និងអាលទៅរៀនបន្តនៅសាលាមួយក្នុងប្រទេសថៃដែលជាសាលានៃក្ដីសង្ឃឹម។ចម្ងាយពីកន្លែងរស់នៅទៅសាលារៀនប្រមាណជិះឡានអស់២០នាទី យូវីនក៏បានស្រមៃដល់ជីវិតរបស់ខ្លួនគឺមានការប្រែប្រួលពេលឈានចូលសាកលវិទ្យាល័យ។ បន្ទាប់ពីចប់ទី១២ជីវិតរបស់យូវីនហាក់បីដូចជាឡើងដល់កំពូលហើយធ្លាក់ចុះដល់បាតដាលមិនដឹងកោះត្រើយនៅទីណាបាត់អស់ក្ដីសង្ឃឹម គេកំពុងវង្វេងថា អ្វីដែលជាខ្លួនឯងពិតប្រាកដ ក្ដីស្រមៃ ប្រៀបបីដូចស្ថិតនៅក្នុងភពខ្មៅងងឹតតែម្នាក់ឯង។
ពេលមករស់នៅភ្នំពេញជាលើកដំបូងនៅថ្ងៃខែតុលាឆ្នាំ ២០១៧ជាឆ្នាំដែលយូវីនបានចូលប្រឡងសម្រាប់ថ្នាក់មហាវិទ្យាល័យជាលើកដំបូងសម្រាប់ជំនាញវិស្វករដែលមានសិស្សចូលរួមក្នុងការប្រកួតប្រមាណ៣០០០នាក់ តែសាលារើសយកតែ១០០០នាក់ប៉ុណ្ណោះការរៀនត្រៀម ការតាំងចិត្តនិងការព្យាយាមក្នុងការរៀនសូត្រជាមួយមិត្តភក្ដិបានធ្វើឱ្យយូវីនទទួលលទ្ធផលល្អក្នុង ការប្រឡងនិងបានចូលរៀននៅសាលាតិចណូជាសាលាបណ្ដុំដោយនិស្សិតវិស្វករ។រយះពេលនៃការចូលរៀននៅទីនេះពិតជាផ្ដល់នូវស្នាមញញឹម ទុក្ខលំបាកនិងរសជាតិជីវិតជាច្រើនទាំងការរៀនទាំងបទពិសោធន៍ជីវិត។
ជារៀងរាល់ព្រឹកយូវីនតែងតែក្រោកឡើងហើយជិះម៉ូតូទៅរៀនជារៀងរាល់ថ្ងៃព្រោះការរៀននៅតិចណូមិនដូចសាលាផ្សេងទេគឺត្រូវចំណាយពេលមួយថ្ងៃពេញតែម្ដងគឺចាប់ពីព្រឹកម៉ោង៧ព្រឹករហូតដល់៥ល្ងាច តែសម្រាប់យូវីនក៏មិនចំណាយពេលចោលដែរគឺត្រូវស្វែងរកប្រាក់ចំណូលបន្ថែមដោយចំណាយពេលចេញពីរៀនទៅបង្រៀនភាសាអង់គ្លេសសិស្សតាមសាលាឯកជនដើម្បីទទួលបានចំណូលខ្លះទុកផ្គត់ផ្គង់ខ្លួនឯងដើម្បីជួយសម្រួលដល់គ្រួសារ។
ថ្ងៃមួយយូវីនក៏បានជជែកជាមួយមិត្តភក្ដិរបស់គេឈ្មោះសានឿតដែលជាសិស្សពូកែមួយរូបដែរនៅសាលាតិចណូ។
“សានឿត! ឯងមានអារម្មណ៍ថាហត់និងការរៀនដល់ហើយ”
“ហាក មិចគិតអ៊ីចឹង ក្រែងឯងបានប្រឡងជាប់ហើយតើណាមួយរៀនបានមួយឆ្នាំហើយកុំគិតចង់បោះបង់ស្ដាយពេលវេលានិងលុយកាក់ណាស់” សានឿតតប
” តែឯងដូចមិនពេញចិត្តនិងជំនាញដែលរៀនសោះ”
“អ៊ីចឹង ឯងចង់រៀនអី្វវិញ?”
“គ្នាក៏មិនទាន់ប្រាកដដែរតែគ្នាបានឃើញអាហារូបករណ៍មួយគេកំពុងត្រូវការនិស្សិតទៅរៀនបន្ដនៅក្រៅប្រទេសបើជាប់ដឹងតែជួយសម្រាលបន្ទុកគ្រួសារតែម្ដង”
“មើលចែកគ្នាមើលបន្តិចក្រែងឯងដាក់ដែរហាហា”
“ចង់ដណ្ដើមគ្នាមែន?”
“អត់ទេ! គ្រាន់ចង់ដឹងថាត្រូវការអ្វីខ្លះដើម្បីជាប់បានទៅរៀនក្រែងឯងជួយអ្វីបានខ្លះ? ”
“អ៊ីចឹងហ្អ!”
រយះពេលប្រមាណមួយខែកន្លងផុតទៅយូវីនក៏បានប្រឡងជាប់អាហារូបករណ៍នៅប្រទេសថៃដូចដែលធ្លាប់បាននិយាយជាមួយសានឿតមែន គ្រប់យ៉ាងគឺដូចជាក្ដីសុបិនកណ្ដាលថ្ងៃដែលយូវីនបានជួបប្រទះតែគេត្រៀមខ្លួនរួចជាស្រេចសម្រាប់ការរស់នៅម្នាក់ឯងសម្រាប់ការចាប់ផ្ដើមនៅជីវិតថ្មីនេះ។ សានឿតបានត្រឹមរីករាយជាមួយដំណើរថ្មីរបស់មិត្តនិងបានលាគ្នាមុនពេលយូវីនចាកចេញពីប្រទេសកម្ពុជាទៅប្រទេសថៃ។ វាជាថ្ងៃដែលយូវីនរីករាយបំផុតព្រោះមានគ្រួសារនិងមិត្តភក្ដិមួយចំនួនបានមកជួយលើកទឹកចិត្តគេផងដែរតាមរយះការមកជូនដំណើរផ្ទាល់នៅព្រលានយន្ដហោះអន្តរជាតិពោធិ៍ចិនតុង។
…………….
ភ្លេចខ្លួនបន្តិចយូវីនក៏បានមកដល់សាលាល្មមនិងបន្តចូលរៀនធម្មតាដូចសិស្សដទៃផ្សេងទៀតដែរ។ សម្រាប់មុខវិជ្ជាថ្ងៃនេះគឺនិយាយពីការរស់នៅឆ្ងាយផ្ទះរបស់សិស្សនិស្សិតដែលមកសិក្សានៅក្រៅប្រទេសថាតើវាមានចំណុចពិបាកអ្វីខ្លះ? អានប្រធានបទចប់គ្រូក៏បានឱ្យនិស្សិតទាំងអស់ចាប់ជាក្រុមបួនៗនាក់ដើម្បីពិភាក្សានិងឡើងបកស្រាយក្នុងនោះមានលក្ខិណា កាន់ និង ស័ងកេដែលពួកគេតែងតែពិភាក្សាគ្នាជាច្រើនហើយសម្រេចឱ្យយូវីនក្នុងការធ្វើបទបង្ហាញនិងបានតំណាងឱ្យក្រុមចំពោះការបកស្រាយគឺគេពិតជាធ្វើបានល្អមែនទែនរហូតមានការសាទរពីសំណាក់និស្សិតផ្សេងទៀតដើម្បីជាកម្លាំងចិត្តដល់គេ។ជាឃ្លាចុងក្រោយមុនការបញ្ចប់បទបង្ហាញរបស់គេ
“ជីវិតជានិស្សិតនៅឆ្ងាយផ្ទះមានតែការតស៊ូ ជំនះនិងបន្ដប្រឹងប្រែងរៀនសូត្រព្រោះសង្ឃឹមថាថ្ងៃណាមួយនឹងមានជីវិតដែលរស់នៅប្រកបដោយភាពសុខុដុមរមនា។”
បន្ទាប់ពីបទបង្ហាញចប់ភ្លាមយូវីនបាននឹកស្រមៃដល់ខ្លួនឯងដែលកំពុងស្ពាយជាប់នៅបញ្ហាដែលពិបាកក្នុងការដោះស្រាយជាទីបំផុតនិងមិនដឹងថាអាចឆ្លងផុតគ្រប់ដំណាក់កាលឬអត់? នៅពេលល្ងាចយូវីនក៏បានត្រលប់មកកន្លែងស្នាក់នៅវិញនិងបានអង្គុយសម្លឹងមើលដួងខែហាក់រះសែនឆ្ងាយដាច់កន្ទុយភ្នែកមិនដឹងជាថ្ងៃអ្វីសោះយូវីនក៏យកទូរសព្ទមកថតព្រមទាំងធ្លោយវាចាថា
”តើថ្ងៃនេះជាថ្ងៃអ្វី?”
“ហេតុអ្វីបានជាខ្ញុំមានអារម្មណ៍សោកសៅម្ល៉េះ?”
“តើវាជាថ្ងៃចុងក្រោយរបស់ខ្ញុំមែនទេ?”
អត់ទេៗ ខ្ញុំត្រូវតែតស៊ូបន្តទៀតព្រោះវាគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះគេក៏ជូតទឹកភ្នែកហើយសំងំដេកដោយចាក់ធម៌អប់រំចិត្តស្ដាប់រហូតដល់លង់លក់បាត់ទៅ។
……………
ព្រះអាទិត្យរាងរះបញ្ចេញរស្មីបញ្ជាក់ថាថ្ងៃថ្មីបានមកដល់ឱ្យមនុស្សប្រុសស្រីរៀបចំខ្លួនបំពេញភារកិច្ចរៀងៗខ្លួនតែសម្រាប់យូវីនដូចជាដុនដានទៅៗទាំងការសិក្សានិងសម្ពាធផ្លូវចិត្តព្រោះពេលនេះអាហារូបករណ៍ដែលធ្លាប់ទទួលបានត្រូវបានម្ចាស់គម្រោងផ្ដាច់និងចង់ឱ្យយូវីនសងសំណងទៅវិញដែលមានចំនួនច្រើនមែនទែនសម្រាប់វ័យ២០ឆ្នាំរបស់គេ។ បើនិយាយទៅវាហាក់បីដូចជាកំប្លែងណាស់សម្រាប់ជីវិតដែលពេលឡើងគឺសប្បាយតែពេលធ្លាក់ចុះម្ដេចវាឈឺចុកៗយ៉ាងនេះ។
កាលពីឆ្នាំ២០១៨យូវីនបានរៀនចប់ឆ្នាំទី១នៅសាលាតិចណូហើយក៏បានប្រឡងអាហារូបករណ៍ទៅក្រៅសម្រាប់ជំនាញវិស្វករឧស្សាហកម្មដែលយូវីនគិតថាជាជំនាញដែលនឹងផ្ដល់ក្ដីសង្ឃឹមថ្មីដល់ខ្លួនតែគ្រប់យ៉ាងប្រៀបដូចជាការបន្ថែមនូវអម្រែកនៃការឈឺចាប់បន្ថែមលើសដើម។ ពេលប្រឡងជាប់ញញឹមសប្បាយរីករាយមិនបានប៉ុន្មានផងផ្ទៃមេឃក៏ប្រែជាខ្មៅបាត់អស់ពន្លឺរស្មី។ ការសិក្សានៅប្រទេសថៃពិតជាផ្ដល់នូវជីវិតថ្មីមួយដែលយូវីនមិនដែលបានជួបទាំងការសិក្សា ការហូបចុក ការគេង ដំណើរកម្សាន្ដព្រមទាំងការបាត់បង់ដ៏ធំធេងសម្រាប់វ័យ២០ឆ្នាំរបស់គេ។
យូវីនទទួលស្គាល់ថាការរៀនពិតជាមានតម្លៃណាស់ហើយក៏មិនដែលបណ្ដែតបណ្ដោយ មួយវិនាទីណាដែរតែគ្រប់យ៉ាងបានត្រឹមការចងចាំដែលមិនអាចបំភ្លេចបាននូវការខិតខំតែលទ្ធផលគឺស្មើមនុស្សចោរម្សៀតគ្មានបានការចំណាយពេលវេលាចោលនិងរស់ក្នុងសម្ពាធឯកាស្ទើរផុតសង្ខារក្នុងសមុទ្រទឹកភ្នែក។
“តាមពិតទៅអ្នកខំអស់ហើយយូវីន! តែវាមិនមែនជាជំនាញរបស់អ្នកទេ អ្នកត្រូវរកអ្វីដែលអ្នកស្រលាញ់បន្ថែមទៀតណាកុំបោះបង់ខ្លួនឯងចោលបែបនេះ”
យូវីនបានប្រាប់ខ្លួនឯងដោយញញឹមលាយទឹកភ្នែក រួចបន្ថែមវាចាតើអ្នកទាំងអស់គ្នាដឹងទេថា
”ជារៀងរាល់ថ្ងៃខ្ញុំព្យាយាមញញឹមនៅចំពោះមុខអ្នកដទៃតែពេលរាត្រីខ្ញុំយំជាមួយខ្លួនឯង ខ្ញុំព្យាយាមរកហេតុផលថាម្ដេចជីវិតរបស់ខ្ញុំបែរជាជួបរឿងបែបនេះព្រមទាំងបន្ទោសខ្លួនឯងកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយ”
តើខ្ញុំត្រូវរស់ដល់ពេលណា? ស្រាប់តែបញ្ហាកើតឡើងផ្ទួនៗមិនដឹងថាដោះស្រាយបែបណាយូវីនក៏នឹកឃើញដល់កន្លែងមួយគឺការចាកចេញព្រោះវាអាចធ្វើឱ្យស្ងប់ចិត្តបានតែរាល់ពេលដែលយូវីនគិតដល់ការសម្លាប់ខ្លួនយូវីនក៏នឹកដល់មនុស្សម្នាក់……
នៅខែមិថុនាឆ្នាំ២០១៩ ជាខែកំណើតរបស់យូវីនតែឆ្នាំនេះយូវីនបានសម្រេចចិត្តត្រលប់ពីប្រទេសថៃមកខ្មែរវិញដោយការនឹករលឹកដល់ពុកម៉ែក្នុងគោលបំណងដើម្បីមកលេងគ្រួសារនិងសាងអនុស្សាវរីយ៍ជាមួយគ្នាគឺគេពិតជានឹកផ្ទះដ៏សែនកក់ក្ដៅតាំងពីតូចឡើងវិញដោយគិតថាការទៅលេងផ្ទះលើកនេះបើមានរឿងអីកើតឡើងក៏អស់ចិត្តដែរ។
ការធ្វើដំណើរដោយជិះឡានក្រុងពីបាងកកមកស្រុកខ្មែរឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយដែលមានទាំងទេសភាពគួរជាទីចាប់អារម្មណ៍យូវីនបានស្រមៃគ្រប់រូបភាពនិងគិតថាពិភពលោកនេះស្រស់ស្អាតណាស់តែគ្រប់យ៉ាងពិតជាទាន់ហន់សម្រាប់រូបគេណាស់មិនគួរលឿនយ៉ាងនេះសោះដែលមកត្រូវរងនូវសម្ពាធផ្លូវចិត្តដ៏ធ្ងន់ធ្ងរស្ទើរតែប្រេះបែកខ្លួនជាចម្រៀកៗទៅហើយធ្វើដំណើរបណ្ដើរទឹកភ្នែកហូរបណ្ដើរតែគេប្រាកដណាស់ថាទឹកភ្នែកនេះគឺមិនអាចឱ្យគ្រួសារដឹងឡើយ។
យូវីនដឹងខ្លួនឯងច្បាស់ថាកំពុងធ្លាក់ចូលជំងឺបាក់ទឹកចិត្តកម្រិតធ្ងន់កាលពីខែឧសភាដោយសារយូវីនបានសម្រេចចិត្តថាសម្លាប់ខ្លួនឯងដើម្បីបញ្ចប់បញ្ហាគ្រប់យ៉ាងតែគម្រោងការនោះមិនបានជោគជ័យដោយសារគិតដល់មនុស្សស្រីម្នាក់គឺម៉ែរបស់គេ។
គាត់ជាមនុស្សម្នាក់ដែលញញឹមហើយនិយាយដោយភាពជឿជាក់ជាមួយយូវីនតាមរយះការឆ្លើយឆ្លងតាមទូរសព្ទ។ យូវីនតែងតែបានឮសំឡេងរបស់ម៉ែពេញៗត្រចៀកនៅពេលដែលគេគិតអ្វីផ្ដេសផ្ដាសពីការចង់សម្លាប់ខ្លួនដោយឮថា
“យូវីនកូនម៉ែ! កូនហត់ទេ? នៅទីនោះសម្របខ្លួនបានទេកូន? បើស៊ូមិនបានមិនអីទេ មកផ្ទះណា ម៉ែពុកបងប្អូននៅចាំកូន! វីនហា! កូនធ្វើបានប៉ុណ្ណឹងល្អហើយកូន កូនកត្តញូ កូនល្អរបស់ម៉ែ! ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយក៏ម៉ែម្នាក់នេះនៅតែឱ្យកូនរៀនរហូតដល់ចប់ដែរកូនកុំភ័យ បើកូនពិតជាស្រលាញ់ការរៀនសូត្រមែន បើហត់ហើយត្រលប់មកផ្ទះណាកូន ម៉ែនៅចាំជានិច្ច” ម្ដាយរបស់យូវីនវាចាដោយក្ដីបារម្ភចំពោះកូនពេលនិយាយគ្នាម្ដងៗយូវីនតែងតប
”បាទម៉ែ! កូននឹងបន្ដប្រឹងប្រែងរៀនបន្ថែមទៀតទោះបីមានរឿងអ្វីក៏ដោយក៏កូនត្រូវតែបញ្ចប់បរិញ្ញាបត្រជូនម៉ែនិងគ្រួសារយើងដែរ”
យូវីននឹកស្រមៃដល់សម្ដីរបស់ម្ដាយចប់ក៏ដល់ពេលដែលរថយន្ដបានមកដល់មុខផ្ទះល្មមហើយគេក៏បានជូតទឹកភ្នែកចេញដោយមិនចង់ឱ្យម្ដាយរបស់គេឃើញឡើយ។យូវីនក៏បានចុះពីឡានហើយសំដៅទៅម្ដាយរបស់គេដោយឱបបញ្ជាក់ពីក្ដីនឹករលឹកដែលមានឪពុករបស់គេឈរក្បែរនោះដែរចាំអង្អែលក្បាលកូននិងមានប្អូនៗរត់មកទទួលផងនោះ។
បន្ទាប់ពីការពិភាក្សាគ្នាចប់យូវីនក៏បានទៅជួយធ្វើការងារផ្ទះនិងសម្រាកលេងជាមួយគ្រួសារ។ សំឡេងសើចសប្បាយក៏បានកើតឡើងស្ទើររៀងរាល់ថ្ងៃរហូតយូវីនបានរសាយខ្លះពីទុក្ខកង្វល់ក្នុងជីវិតនិងមានក្ដីសង្ឃឹមជាថ្មីដោយដឹងថាគ្រួសារពិតជាសំខាន់ណាស់សម្រាប់គេ។
…………..
ធម្មជាតិពិតជាអាណោចអធ័មមែន ពេលដែលជួបបញ្ហាផ្ទៃវេហាហាក់ចូលរួមទុក្ខជាមួយដែរថ្ងៃរះសុខៗក៏មានភ្លៀងធ្លាក់ហាក់ចង់បញ្ជាក់ពីអារម្មណ៍ដែលមិនអាចនឹងបរិយាយបានរបស់យូវីន។ យប់នេះយូវីនស្រាប់តែមានអារម្មណ៍ថាខ្លួនឯងបាត់បង់គ្រប់យ៉ាងដែលធ្លាប់មានដោយគិតថាគេជាបន្ទុកគ្រួសារ។ គេក៏បានលួចយំសសឹកតែម្នាក់ឯងកណ្ដាលរាត្រីដ៏សែនឯកា។
“តើនេះឬជាជីវិតពិតវាគួរឱ្យខ្លាចណាស់ដឹងទេ?”
“តើខ្ញុំគួរបន្តឬបញ្ចប់វាត្រឹមនេះ?”
ជាសំណួរដែលយូវីនបានសួរខ្លួនឯងនៅរាត្រីនោះស្រាប់តែសំឡេងស្រ្ដីចំណាស់ម្នាក់បានស្រែកចេញពីមាត់ទ្វារបន្ទប់
“យប់ជ្រៅហើយ កាលចូលគេងកូន! កុំនៅយប់ពេកចាំស្អែកចាំគិតទៀតបញ្ហាកើតឡើងសុទ្ធតែមានដំណោះស្រាយសំខាន់ម៉ែនៅខាងកូនជានិច្ចណា” ជាសំឡេងដែលពោរពេញដោយក្ដីព្រួយបារម្ភ។
“បាទម៉ែ! បន្តិចទៀតកូនចូលគេងហើយ!”យូវីនឆ្លើយទាំងមិនមានព្រលឹងព្រលះក្នុងខ្លួនសោះតែមិនបានបង្ហាញឱ្យម្ដាយរបស់ខ្លួនសង្ស័យអ្វីឡើយ។
“ចឹងម៉ែចូលសម្រាន្ដមុនហើយ កុំនៅយូរពេកណាកូន!”ម្ដាយយូវីនបន្ថែម
យូវីនបានត្រឹមស្ដាប់ទាំងក្ដុកក្ដួលក្នុងចិត្តគិតច្រើនតែម្នាក់ឯងថាមិចខ្ញុំក្លាយទៅជាបន្ទុកគ្រួសារទៅវិញ។ការមកលេងផ្ទះម្ដងនេះយូវីនគិតថាមកលេងគ្រួសារជាលើកចុងក្រោយមុននឹងអ្វីៗបានបញ្ចប់ទៅវិញដោយភាពស្ងប់សុខ តែគេបែរជាគិតថាក្រុមគ្រួសារនៅតែស្រលាញ់និងមិនចង់បាត់បង់រូបគេទៅវិញទេ។
“តើការសម្រេចចិត្តឆ្កួតឡប់នឹងអាចកើតឡើងឬយ៉ាងណា?”
តើយូវីនបានគិតហើយឬនៅថាត្រូវចាកចេញពីគ្រួសារក្នុងស្ថានភាពបែបនេះ?
រយះពេលមកលេងផ្ទះប្រមាណជិត២សប្ដាហ៍បានធ្វើឱ្យយូវីនចាប់ផ្ដើមគិតថាខ្លួនឯងនៅមានតម្លៃក្រុមគ្រួសារពិតជាកក់ក្ដៅនិងមិនចង់ត្រលប់ទៅទីក្រុងវិញទេតែគេបានសម្រេចចិត្តថានឹងទៅហើយដោះស្រាយបញ្ហាគ្រប់យ៉ាងដើម្បីទាមទារស្នាមញញឹមមកជូនខ្លួនឯងវិញ។ ពេលនោះយូវីនពិតជាស្វះស្វែងក្នុងការដោះស្រាយនិងព្យាយាមស្វែងរកជំនាញណាដែលខ្លួនស្រលាញ់ព្រមទាំងសុំម្ចាស់អាហារូបករណ៍ថាពេលរៀនចប់នឹងធ្វើការជាមួយក្រុមហ៊ុននិងសុំមិនសងសំណងទាំងអស់ដោយសារតែភាពស្លូតបូតនិងអត្តចរិតល្អបានធ្វើឱ្យខាងក្រុមហ៊ុនយល់ព្រមនិងទុកយូវីនជាបុគ្គលិកពេញសិទ្ធិពេលបញ្ចប់បរិញ្ញាបត្រដោយសារតែការស្រលាញ់ជំនាញដែលកំពុងរៀនយូវីនបានក្លាយទៅជាសិស្សពូកែនិងទទួលបានលទ្ធផលល្អដូចពាក្យចាស់ពោលថា
”ក្រោយភ្លៀងមេឃគង់ស្រឡះ”
មិនខុសមែន គ្រប់បញ្ហាកើតមកមិនបានសម្លាប់យើងភ្លាមនោះទេលុះត្រាតែយើងសម្រេចចិត្តថាសម្លាប់ខ្លួនឯងនោះជារឿងដែលចោរម្សៀតបំផុត។ ។
ចាប់តាំងពីពេលនោះមកមានរបស់ម្យ៉ាងដែលតែងតែនៅជាមួយយូវីនគឺក្ដីសង្ឃឹមវាកើតមកនៅពេលដែលបញ្ហាចាប់ផ្ដើមចាកចេញពីគេបន្តិចម្ដងៗវាផ្ដល់នូវរឿងរ៉ាវជាច្រើនដល់យូវីនថាបើយើងនៅឃើញថ្ងៃស្អែកនោះក្ដីស្រមៃរបស់យើងនៅតែអាចកើតឡើងដរាបណាយើងនៅតែអាចអាចញញឹមក្នុងបញ្ហា។ គ្រប់ពេលដែលយើងសង្ឃឹមកាន់តែច្រើនការកើតទុក្ខក៏កាន់តែមានដូចគ្នាមានតែការព្រមទទួលស្គាល់ការពិតនិងរៀនដោះលែងខ្លួនឯងចេញពីសង្វៀនអតីតកាលដ៏ខ្មៅងងឹតចេញទើបយើងអាចមើលឃើញពន្លឺជីវិតម្ដងទៀតបាន។
កុំបញ្ចប់ក្ដីស្រមៃរបស់យើងដោយយកសម្ដីអ្នកដទៃដែលមិនពេញចិត្តយើងមកវាយតម្លៃលើខ្លួនឯងព្រោះពាក្យខ្លះគ្រាន់តែការគិតមួយផ្នែករបស់គេប៉ុណ្ណោះព្រោះគេមិនមែនជាយើង។
បន្ទាប់ពីត្រលប់មកស្រុកខ្មែរជីវិតប្រៀបបីដូចផុយស្រួយបំផុតមិនថាទៅណាមានអារម្មណ៍ថាខ្លួនឯងគ្មានអ្វីសោះការរៀនក៏ផ្ដើមឡើងវិញមិត្តភក្ដិគេឆ្នាំទីបីអស់ហើយតែខ្លួនទើបចុះឈ្មោះចូលរៀនឆ្នាំទី១វិញ ហាហា ជីវិតអើយម្ដេចអ្នកលេងសើចជាមួយខ្ញុំម្ល៉េះ!
ការរៀនម្ដងនេះមិនប្រាថ្នាឱ្យល្អបំផុតអ្វីនោះទេ គ្រាន់តែសម្រាប់សាងខ្លួនឯងឱ្យមានជំនាញមួយច្បាស់លាស់ប៉ុណ្ណោះការរើសយកជំនាញគណនេយ្យវាពិតជាមិនងាយស្រួលទេតែត្រូវតែជំនះឱ្យបានណាយូវីន។
ការចាប់ផ្ដើមម្ដងនេះយូវីនមិនដឹងផ្ដើមដោយរបៀបណា គួរធ្វើបែបណាដើម្បីចិញ្ចឹមខ្លួនឯងរស់នោះទេតែយូវីនដឹងត្រឹមថាការងារបង្រៀនដែលធ្លាប់ធ្វើតាំងពីវិទ្យាល័យគឺមិនអាចបន្តបានទេព្រោះចិត្តនៅទន់ខ្សោយណាស់ទើបគេសម្រេចចិត្តធ្វើការជាបុគ្គលិកខាងផ្នែកសេវាកម្មនៅក្នុងកន្លែងលក់អាហារមួយនៅរាជធានីភ្នំពេញ។
វាជាកន្លែងដែលយូវីនផ្ដើមធ្វើការងារដោយប្រើកម្លាំងពេញទីទាំងការលើកដាក់ម្ហូប ជូតតុ កៅអ៊ី លាងចានឆ្នាំងនិងបោសជូតមួយថ្ងៃៗគឺគ្មានពេលសម្រាកសោះគឺត្រូវធ្វើរហូតដល់ម៉ោងចេញ។ មានមនុស្សច្រើនគ្នាណាស់មិនថាគ្រួសារ បងប្អូន និងមិត្តភក្ដិដែលមិនយល់ពីយូវីនដោយគេថាហេតុអ្វីបានជាមកធ្វើការងារបែបនិង? វាហត់ហើយកម្លាំងខ្លួនឯងក៏មិនសូវមានទៀតតែសម្រាប់យូវីនដឹងត្រឹមតែម៉្យាងគឺធ្វើឱ្យអស់សមត្ថភាពនិងដើម្បីលាងរបួសផ្លូវចិត្តដើម្បីស្គាល់ពីតម្លៃការងារដែលមនុស្សភាគច្រើនមើលរំលងពេលខ្លះលួចសួរខ្លួនឯងថាហត់ទេ ដែលមកធ្វើការងារដែលប្រើកម្លាំងអ៊ីចឹង ជាអ្នកលក់ផងជាអ្នកអនាម័យផងម្ដេចជីវិតមួយនេះរញ៉េរញៃម្ល៉េះ។
ពេលវេលាចេះតែរសាត់អណ្ដែតទៅមុខហើយអ្វីដែលយូវីនទទួលបានគឺក្រុមការងារដែលចេះជួយគ្នាប្រៀបបីដូចជាគ្រួសារតែមួយពួកគាត់ភាគច្រើនមិនសូវទទួលបានការរៀនសូត្រខ្ពស់ទេតែទឹកចិត្តរបស់ពួកកាត់គឺប្រៀបបីដូចជាការស្រលាញ់ ការគោរពដែលចេញពីចិត្តដោយគ្មានពុតត្បុតអ្វីទាំងអស់។ យូវីនដឹងថាមិនអាចធ្វើការបានយូរទេដំបូងគិតថាត្រឹមបីខែអីទេ តែដោយសារការខិតខំបូកផ្សំនិងការរៀនសូត្រមេនៅកន្លែងធ្វើការចង់ឱ្យយូវីនធ្វើជាអ្នកគ្រប់គ្រងនៅទីនេះតែម្ដងតែយូវីនក៏មិនបានទទួលទេដោយប្រាប់គាត់តាមត្រង់ថាចង់ធ្វើការតាមជំនាញដែលរៀននិងអរគុណសម្រាប់ការផ្ដល់ឱកាសដល់ខ្លួន។
យូវីនបានចំណាយពេលជិតកន្លះឆ្នាំសម្រាប់ការធ្វើការងារជាបុគ្គលិកផ្នែកសេវាកម្មម្ហូបអាហារនិងបន្ដទៅធ្វើផ្នែកលក់ជិតមួយឆ្នាំរហូតទទួលបានជំនាញខាងគណនេយ្យជាជំនាញដែលបានពត់យូវីនឱ្យក្លាយជាមនុស្សដែលមានស្មារតីទទួលខុសត្រូវនិងក្លាយខ្លួនជាយូវីនដ៏រឹងមាំព្រមទាំងអាចធ្វើរឿងជាច្រើនផ្សេងទៀតដែលធ្វើឱ្យចិត្តរបស់យូវីនរំភើបនិងសប្បាយសម្រាប់មួយថ្ងៃដែលបានរស់នៅលើផែនដីនេះ។ ពេលខ្លះយូវីនយកពេលទំនេររបស់គេសម្រាប់ការសរសេររឿងបែបខ្លីៗនៅលើបណ្ដាញសង្គមនិងបង្កើតជាសាច់រឿងសម្រាប់ថតលេងជាមួយមិត្តភក្ដិនិងតែងតែទទួលបានចំណាប់អារម្មណ៍ជាច្រើនរហូតថ្ងៃមួយគេបានក្លាយទៅជាមនុស្សម្នាក់របស់មហាជននិងតែងតែចែករំលែកបទពិសោធន៍ជីវិតទៅកាន់ក្មេងៗដើម្បីឱ្យរៀនពេញចិត្តនូវអ្វីដែលខ្លួនឯងមាននិងរៀនរស់ជាខ្លួនឯង។
ក្រឡេកខ្លួនបន្តិចរយះពេល៤ឆ្នាំកន្លងផុតទៅពេលវេលាពិតជាផ្លាស់ប្ដូរពេលនេះយូវីនមានការងារនិងជំនាញនៅក្នុងក្ដីស្រមៃរបស់ខ្លួនហើយគ្រប់យ៉ាងដែលបានកើតឡើងវាក្លាយទៅជាអតីតកាលនិងការចងចាំប៉ុណ្ណោះ។ យូវីនតែងតែឆ្លៀតពេលទំនេរសម្រាប់គ្រួសារគេជានិច្ចមិនថារវល់បែបណាក៏ដោយដែលវាជាសេចក្ដីសុខសម្រាប់គេពេលនេះ។
សារខ្លីៗពីយូវីន៖
ពេលខ្លះជីវិតហាក់បីដូចទីលានប្រណាំងប្រជែងអ៊ីចឹង ម្ដងៗអស់ខ្យល់ហើយក៏ចុងបញ្ចប់ក៏បានសម្រាកលំហែកាយ ពេលហត់ត្រូវចេះរកពេលចន្លោះសម្រាប់ខ្លួនឯងកុំទុកខ្លួនឯងនៅក្នុងបញ្ហាយូរពេកត្រូវបន្ដសកម្មភាពដែលធ្វើឱ្យយើងរីករាយជាមួយប្រចាំថ្ងៃរបស់យើង។
នៅពេលដែលយើងបាត់បង់ខ្លួនឯងយើងគិតថាការស្លាប់គឺជាជម្រើសដ៏ល្អបំផុតតែវាមិនមែនបែបនិងទេ បើយើងបាត់បង់ តើអ្នកណាដែលសោកស្ដាយយើងបំផុត? អ្នកណាដែលមានវិប្បដិសារីបំផុត? អ្នកណាដែលយំឱបយើងដោយក្ដីអាឡោះអាល័យបំផុតក្រៅពីឪពុកម្ដាយរបស់យើងបងប្អូននិងមិត្តភក្ដិដែលស្រលាញ់យើង។
បើចង់យំៗវាចេញមកចាំបាច់ទុកវាធ្វើអ្វីព្រោះមិនប្រាកដថាថ្ងៃស្អែកយើងមានពេលក្នុងការយំនោះទេ តែត្រូវប្រាកដថាយំដើម្បីឈ្នះ យំដើម្បីទាមទារស្នាមញញឹមមកវិញ។
បើយើងនៅឃើញពន្លឺព្រះអាទិត្យនោះក្ដីសង្ឃឹមនៅតែអាចបន្ដសម្រាប់យើងជានិច្ច។
កុំបោះបង់ខ្លួនឯងនៅពេលដែលពិបាកតែត្រូវរកពេលសម្រាកហើយបន្ដទៅមុខឱ្យខ្លាំងជាងមុន។
ញញឹមទទួលយកចំណុចខ្សោយរបស់យើងតែត្រូវបន្ដរៀនសូត្រពីវាជានិច្ច៕