រឿង៖ ពិភពសត្យ ភាគ២

ពេលវេលាបានកន្លងផុតទៅ….
“គិតទាំងថ្ងៃនេះទៀត ខ្ញុំមកនៅទីនេះជិតមួយខែហើយ” ខ្ញុំតែងតែរាប់ថ្ងៃជានិច្ច ព្រោះមិនដឹងពេលណានឹងអាចត្រលប់ទៅវិញទេ រឿងដែលមិនគួរឱ្យជឿ ពេលនេះវាក្លាយជាការពិតដែលរង់ចាំដំណោះស្រាយទៅវិញ ។ ខ្ញុំនិយាយហើយក៏ប្រុងក្រោកទៅរៀបចំខ្លួនស្រាប់តែ…
“អូ! អូយ!” ក្បាលរបស់ខ្ញុំចាប់ផ្តើមឈឺខ្ទោកៗជាថ្មី រូបភាពដដែលៗជាច្រើនបានមកសង្កត់ចូលខួរក្បាលខ្ញុំហាក់ចង់ឱ្យខ្ញុំចងចាំនូវព្រឹត្តការណ៍ទាំងនោះឡើងវិញ ។ ខ្ញុំស្រមៃដល់ថ្ងៃមួយនៅមន្ទីរពេទ្យ ៖
“លោកគ្រូពេទ្យ តើក្មេងនេះអាចនឹងចងចាំវិញដែរទេនៅពេលអនាគតទេ?” លោកតាសួរទៅកាន់លោកគ្រូពេទ្យនៅក្រៅបន្ទប់ ប៉ុន្តែថ្ងៃនោះខ្ញុំប្រុងនឹងក្រោកចេញទៅលម្ហែនៅខាងក្រៅ ក៏បានឮពួកគាត់និយាយគ្នា ខ្ញុំក៏ឈរស្តាប់បន្ត
“ប្រាកដណាស់ នាងអាចដឹងគ្រប់យ៉ាងឡើងវិញ ប៉ុន្តែត្រូវប្រើរយៈពេលយូរ បើលោកពូព្យាយាមរម្លឹកព្រឹត្តការណ៍ដែលសំខាន់ៗដល់នាងៗនឹងអាចចងចាំបានវិញឆាប់ៗនេះ” ។
ខ្ញុំអាចយល់ពីចិត្តបានហេតុអីគាត់មិននិយាយត្រង់ថាខ្ញុំបាត់ការចងចាំ ព្រោះគាត់បារម្ភខ្លាចខ្ញុំគិតច្រើន។ ទោះបីជាយ៉ាងណាពួកយើងក៏ធ្លាប់និយាយគ្នាពីរឿងនេះដែរប៉ុន្តែរឿងដែលខ្ញុំឧស្សាហ៍នឹកឃើញញឹកញាប់វាសុទ្ធសឹងតែជារឿងប្លែកទាំងអស់ ។ តើ…ហេតុអីគាត់មិនដែលប្រាប់រឿងអស់ទាំងនោះមកខ្ញុំ?
ខ្ញុំព្យាយាមដកដង្ហើមវែងៗ ដើម្បីសម្រួលអារម្មណ៍ឱ្យមកធម្មតាវិញប៉ុន្តែ…
“អ្នកនាង” មីងចាន់ស្រែកភ្លាត់មាត់ក្រោយឃើញខ្ញុំដួលដេកលើដី ខ្ញុំនិយាយលែងចេញក៏សន្លប់បាត់ស្មារតីទៅ។
“អ្នកនាងយ៉ាងម៉េចហើយ? អ្នកនាង?”
……………….
ខ្ញុំបើកភ្នែកមួយៗ ទាំងក្បាលនៅឈឺតិចៗនៅឡើយ។
“នាង! នាងយ៉ាងម៉េចទៅហើយ?” លោកនរៈសួរខ្ញុំៗយកដៃខ្ទប់ក្បាលហើយតប
“ ខ្ញុំមិនអីទេ”
“នេះនាងកើតអី?” ។ ខ្ញុំក៏រ៉ាយរ៉ាប់រឿងនេះប្រាប់ពួកគេទៅ។
“អ៊ីចឹងនាងអាចចងចាំវិញក្នុងពេលឆាប់ៗនេះហើយ”
“ខ្ញុំក៏មិនទាន់ដឹងដូចគ្នា” ខ្ញុំតបទាំងមិនសូវសប្បាយចិត្ត ។
លោកនរៈក៏នាំខ្ញុំចេញដើរទៅខាងក្រៅទៅស្រូបខ្យល់អាកាសឱ្យបានធូរ
“នេះបើនាងចងចាំរឿងគ្រប់យ៉ាងវិញ…តើនាងអាចនឹងភ្លេចគ្រប់យ៉ាងនាពេលបច្ចុប្បន្ននេះដែរទេ?” លោកនរៈសួរបែបប្លែក“ខ្ញុំក៏មិនដឹងដូចគ្នា តែបើសិនជាខ្ញុំភ្លេចគ្រប់យ៉ាងក្នុងពេលបច្ចុប្បន្នពិតមែន ខ្ញុំប្រហែលជាសោកស្តាយស្លាប់ហើយ ព្រោះខ្ញុំពិតជាមិនដែលចង់ភ្លេចមនុស្សល្អៗដែលចូលមកក្នុងជីវិតខ្ញុំឡើយ”
ខ្ញុំសម្លឹងមុខគេភ្ជាប់នឹងស្នាមញញឹម ហើយ ពួកយើងក៏ដើរទៅមុខបន្ត ។
…សំឡេងខ្សែកបានជ្រុះពីហោប៉ៅអាវខ្ញុំ ។ លោកនរៈឱន ទៅរើសមកវិញហើយពិនិត្យមើល។
“នេះជាខ្សែ ក វីនីទេតើ! តើនាងបានវាមកដោយរបៀបណា?”
“គឺខ្ញុំឃើញជ្រុះក្រោមដើមឈើក្បែរផ្ទះមីងចាន់។ តែតើវាពិតជារបស់អ្នកនាងទេវីនីមែនឬ?”
“មែនហើយ! នាងតែងតែពាក់ជាប់ជានិច្ច”
“អ៊ីចឹងតើរូបមនុស្សពីរនាក់នោះអាចជាប៉ាម៉ាក់របស់អ្នកនាងទេវីនីដែរទេ?”
“ រូបឯណា?” លោកនរៈបង្វិលចុះឡើង
“ពិតជាមិនទាន់សម័យមែនលោកនេះ” ខ្ញុំថាហើយក៏ចាប់យកខ្សែ ក នោះយកមកបើកឱ្យគេមើល ។
“នេះហើយ” ខ្ញុំបង្ហាញគេ ។ នរៈព្យាយាមមើលទាំងធ្វើមុខឆ្ងល់
“តែយើងមិនដែលធ្លាប់ឃើញរូបនេះពីមុនមកទេ តើនាងមើលយល់ដែរឬ បើរូបដាច់រហែកបែបនេះ? ហើយអាចទៅរួចយ៉ាងម៉េចទៅ ព្រោះនាងធ្លាប់ប្រាប់ពួកយើងថានាងកំព្រាឱពុកម្តាយ ធំឡើងនៅមណ្ឌលក្មេងកំព្រា”
“គឺខ្ញុំចេះតែស្មានៗទៅហ្នឹងណា ព្រោះជាទូទៅមនុស្សធម្មតាចូលចិត្តទុករូបថតប៉ាម៉ាក់របស់គេជាប់ខ្លួន។ បើអ៊ីចឹងតើរូបទាំងនេះជារូបអ្នកណា?” ខ្ញុំនិងលោកនរៈមើលមុខគ្នាទៅវិញទៅមកទាំងសំណួរហោះពេញខួរក្បាល ។
…………….
រាត្រីដ៏សែនស្ងប់ស្ងាត់ក៏យាងចូលមកដល់ ដួងចន្ទមួយចំណែកហាក់ប្រឹងបំភ្លឺផ្តល់រស្មីចាំងចែងមកលើផ្ទៃផែនដីឱ្យមានពន្លឺស្រាលស្រទន់ ។ ខ្ញុំគេងមិនលក់ ណារឿងស្មុគស្មាញដែលកើតមកលើរូបខ្ញុំ ណារឿងអ្នកនាងទេវីនីដែលផ្តល់ជាចម្ងល់ស្រាយមិនចេញ ខ្ញុំក៏ងើបដើរចេញមកខាងមុខផ្ទះ សម្លឹងមើលព្រះចន្ទ។ ទោះមិនសូវស្រស់ស្អាតដូចពេលពេញរូបរាងក៏ពិតមែន ប៉ុន្តែព្រះចន្ទហាក់ជាកម្លាំងអ្វីម្យ៉ាង ដែលតែងតែផ្តល់សង្ឃឹមនិងភាពស្រស់ថ្លាគ្រប់ពេលដែលខ្ញុំមើលទៅវា ។ ខ្ញុំសម្លឹងបានយូរបន្តិចស្រាប់តែ… “អូយ!” ជាថ្មីម្តងទៀត ខួរក្បាលខ្ញុំចាប់ផ្តើមធ្វើការឆ្កឹះឆ្កៀល កកាយរកការចងចាំទាំងឡាយឱ្យហោះឆ្វេចឆ្វាចពេញភ្នែក។ ខ្ញុំបាននឹកឃើញរឿងថ្មីមួយដែលខ្ញុំមិនធ្លាប់ឃើញពីមុនមក ។…ហាក់កើតឡើងក្នុងបរិវេណយ៉ខាងមុខផ្ទះ…ក្មេងពីរនាក់រត់សម្តៅទៅរកឪពុកម្តាយគេ..
“លោកប៉ា ហេតុអីបានជាព្រះចន្ទរត់តាមយើងអ៊ីចឹងលោកប៉ា” ក្មេងស្រីម្នាក់សួរ
“គឺព្រោះតែកូនជាស្រីស្អាតហើយគួរឱ្យស្រឡាញ់ហ្នឹងណា” បុរសជាឪពុកតបទាំងសើចជាមួយពួកគេយ៉ាងសប្បាយរីករាយ
“ដូច្នេះខ្ញុំជាស្រីស្អាតដែរមែនទេ លោកប៉ា?” ក្មេងប្រុសសួរទៅប៉ាគេ ប្តីប្រពន្ធទាំងពីរឈរមើលមុខគ្នាទាំងក្តីព្រួយ ធ្វើឱ្យបរិយាកាសដែលអ៊ូអរអម្បាញ់មិញនេះ ស្ងប់ស្ងាត់ទៅភ្លាមៗ។
ឆ្វាច់! ឆ្វាច់! រូបភាពព្រាកចុះព្រាកឡើង ដែលធ្វើឱ្យខ្ញុំមិនអាចកាត់ន័យយល់បានទាំងស្រុងឡើយ ។ ក្រោយពីសម្រួលអារម្មណ៍ ខ្ញុំឈរទុចង៉ក់ ព្រោះខ្ញុំទើបតែនឹកឃើញរឿងអ្វីម្យ៉ាងទៀត។….
អតីតកាល…
…ភឹបៗ ភឹបៗ..សំឡេងរត់របស់ខ្ញុំស្ទើរប្រេះធរណីសំដៅទៅកាន់ផ្ទះធំរបស់លោកនរៈ ។
“លោកនរៈៗ!” ខ្ញុំរត់ទៅដល់ត្រហេបត្រហបដកដង្ហើមស្ទើរមិនដល់គ្នា ។ គេឃើញដូច្នេះក៏ថា
“នេះនាងកើតអីដែរទេ?”
“គឺ…គឺ…ខ្ញុំចងចាំរឿងអ្វីម្យ៉ាងទៀត” ខ្ញុំនិយាយទាំងដង្ហក់
“បើអ៊ីចឹងចូលមកក្នុងសិនមក! នាងសម្រាកឱ្យបាត់ហត់សិនទៅបានទេ យើងពិបាកស្តាប់ណាស់” គេនិយាយថាឱ្យខ្ញុំ ហើយដើរទៅក្រោយបាត់
“ឆឺស…” ខ្ញុំសម្លក់គេហើយព្យាយាមសម្រួលដង្ហើម
“នែស៎” គេហុចទឹកមួយកែវឱ្យខ្ញុំ
“អរគុណ” ខ្ញុំក្រេបបានបន្តិចក៏បើកខ្សែកនោះម្តងទៀតហើយផ្តើមនិយាយ ៖
“នែ៎លោក! មនុស្សទាំងពីរនាក់នៅក្នុងរូបនេះ គឺខ្ញុំធ្លាប់ឃើញពួកគេពីមុនមក” ។
“មែនឬ? តើនាងឃើញគេនៅឯណា?”
“គឺក្នុងសុបិនណាលោក”
នរៈងើបមើលមុខខ្ញុំហើយជ្រួញចិញ្ចើម។ ឃើញគេមើលមុខខ្ញុំមិនដាក់ភ្នែកខ្ញុំក៏សួរ ៖
“មើលអីលោក?”
“នេះនាងនិយាយថានាងបានឃើញពួកគេក្នុងសុបិនឬ?”
“មែនហើយ!” ខ្ញុំឆ្លើយទាំងឆ្ងល់
“ទីនេះ! ជាភពដែលគ្មានសុបិនឡើយ! អ្នកនៅទីនេះមិនមានអ្នកណាម្នាក់ធ្លាប់យល់សុបិនម្នាក់ទេ! សូម្បីតែវីនីជាមនុស្សភពកណ្តាលដូចជានាង ក៏បាននិយាយប្រាប់ពួកយើងដែរថានាងមិនដែលយល់សុបិនសោះឡើយ” គេនិយាយទាំងទឹកមុខមាំ បង្ហាញថានោះជាការពិត ។ ខ្ញុំនិយាយអ្វីលែងចេញបានត្រឹមតែឆ្ងល់ដដែលៗ តើមានអ្វីកើតឡើងចំពោះខ្ញុំ?
“អ៊ីចឹង ហេតុអីបានជាខ្ញុំយល់សប្តិ?” ខ្ញុំសួរទាំងញ័រមាត់
“យើងក៏មិនដឹងដូចគ្នា! តែ…វាអាចជាចំណែកនៃការចងចាំដែលក្រោកឡើងមកម្តងបន្តិចម្តងបន្តិចដែរទេ?” គេសួរមានហេតុផលធ្វើឱ្យខ្ញុំគិត
“មែនហើយលោក! ប្រហែលហើយ” ខ្ញុំនិយាយទាំងញាប់ញ័ររំភើប ។ ហឹប…ដៃធំមាំបានមកក្រសោបឱបកាយខ្ញុំជាថ្មី ភាពកក់ក្តៅក៏កាន់តែកើនឡើងខុសប្លែកពីលើកមុនៗ បេះដូងខ្ញុំចាប់ផ្តើមលោតញាប់ ស្ទើរផ្ទុះចេញមកក្រៅ។
“នាងជិតបានការចងចាំមកវិញហើយណា!” គេនិយាយព្រមទាំងដៃអង្អែលខ្ញុំថ្នមៗ ។
“អរគុណណាស់សម្រាប់គ្រប់យ៉ាង” ខ្ញុំញញឹមទាំងមានក្តីសុខ។ គេលែងខ្លួនប្រាណខ្ញុំម្តងបន្តិចហើយចាប់កាន់ដៃខ្ញុំ
“យើងជូនពរឱ្យនាងមានក្តីសុខរហូតទៅ ហើយ…កុំភ្លេចយើងនិងអ្នកនៅទីនេះ” គេនិយាយទាំងទឹកមុខក្រៀមក្រំ
“ចាស ខ្ញុំនឹងមិនភ្លេចឡើយ!” ខ្ញុំនិយាយទាំងញញឹមពព្រាយទៅកាន់គេ ។
“លោកប្រុសៗ! អ…សូមទោសលោកប្រុស” អ្នកយាមម្នាក់ដើរចូលមកកាត់ធ្វើឱ្យពួកខ្ញុំភ្ញាក់ព្រើតប្រញាប់លែងដៃគ្នានិងសម្រួលឥរិយាបថ ។
“មានការអីដែរទេ?” គេសួរទាំងនៅខ្មាស
“គឺមានគេប្រទះឃើញកញ្ចក់មួយនៅកណ្តាលព្រៃជិតនេះ”
“កញ្ចក់?!” ខ្ញុំនិងលោកនរៈសួរឡើងព្រមគ្នា។
………….នៅតាមផ្លូវ…………
“នេះនាងមិនដឹងតាមមកធ្វើអីនោះទេ វាអាចមានគ្រោះថ្នាក់បាន” គេដើរបណ្តើររអ៊ូបណ្តើរ
“នែ៎លោក ខ្ញុំមិនមែនក្មេងទេហើយ…” និយាយតែប៉ុណ្ណេះខ្ញុំក៏ស្ងាត់មាត់ឈឹង ។
“ហើយស្អីទៅនាង?” គេបែរមើលមុខខ្ញុំ បានឃើញខ្ញុំសម្លឹងភ្លឹកទៅខាងមុខ គេក៏សម្លឹងតាមក៏បានឃើញ។
ព្រុស… ខ្ញុំទន់ជើងដួលលើដីក្រោយពីបានឃើញកញ្ចក់មួយនោះដែលមានរូបរាងមេអំបៅដូចដែលខ្ញុំបានឃើញក្នុងសុបិន ។ ទឹកភ្នែកខ្ញុំហូរស្រក់ចុះម៉ាត់ទាំងមិនដឹងមូលហេតុ។
“អូ! អូយ!” ខ្ញុំយកដៃខ្ទប់ក្បាល ដោយសាររូបភាពបានហោះទៅមកៗជាថ្មី ។
“ឱ្យបូរនោះមកយើងមក” ក្មេងប្រុសម្នាក់ចាប់កញ្ឆក់ទាញយកបូរពីក្បាលក្មេងស្រីម្នាក់ទៀត។
“តែវាជារបស់បងទេតើ ហើយឯងជាមនុស្សប្រុស ម៉ាក់ប្រាប់ថាមនុស្សប្រុសត្រូវរឹងមាំដូចជាលោកប៉ានោះអី”
ព្រុស… ក្មេងប្រុសម្នាក់នោះច្រានបងស្រីរបស់គេទៅលើដី
“ហឹស!! មួយម៉ាត់ប្រុសពីរម៉ាត់ប្រុស! យើងបានប្រាប់ហើយថាយើងចង់ធ្វើជាមនុស្សស្រី យើងជាស្រីឯងយល់ទេៗ?” គេស្រែកគំហកមួយទំហឹងទៅកាន់បងស្រីរបស់គេ ហើយដើរទៅយករបស់អ្វីម្យ៉ាង ។
“កុំ…កុំអី…នីរាជបងខ្លាចហើយ នីរាជបងសុំទោស..” ក្មេងស្រីនិយាយទាំងទឹកភ្នែកទៅកាន់ប្អូនប្រុសរបស់គេ។
“កុហក!!! ឯងមិនដែលស្រឡាញ់យើង អ្នករាល់គ្នាស្អប់យើងដែលយើងចង់ធ្វើជាមនុស្សស្រី ។ យើងស្អប់ឯង ហេតុអីយើងមិនអាចធ្វើអ្វីដែលយើងចង់ធ្វើដូចឯងបាន ។ ម៉ាក់ប៉ាស្រឡាញ់តែឯង យើងស្អប់ឯង ឮទេ?” គេស្រែកគំហកដាក់បងស្រី ព្រមទាំងដៃកាន់មេអំបៅពណ៌ស្វាយមួយក្បាល ។
“កុំ…កុំអីនីរាជ គ្រប់គ្នាសុទ្ធតែស្រឡាញ់ឯងណានីរាជ” ក្មេងស្រីនិយាយទាំងញ័រទទ្រើក
“ស្ងាត់មាត់ទៅ ហើយហាមាត់” គេសម្លុតខ្លាំងៗ
“អត់ទេនីរាជ បងខ្លាចហើយ នីរាជបងសូមអង្វរ ”
“យើងប្រាប់ឱ្យហាមាត់…មិនហាមែនទេ? បាន…” គេចាប់ច្របាច់មាត់បងស្រីហើយចាប់ញាត់មេអំបៅចូលទាំងរស់។ សំឡេងស្រែកយំខ្សឹកខ្សួលហាក់មិនមានឥទ្ធិពល ឱ្យក្មេងប្រុសអាយុប្រហែល១២ ឆ្នាំម្នាក់នោះអាណិតទាល់តែសោះ ។
“ហាសហាៗ ឯងយំធ្វើអី? ធ្វើមើលតែលើកទីមួយយ៉ាងអ៊ីចឹង” គេនិយាយដូចគ្មានអ្វីកើតឡើងសោះស្រាប់តែ…
“នីរ៉ា! នីរាជ! ម៉ាក់មកដល់វិញហើយកូន”….. ឆ្វាច់! បានតែប៉ុណ្ណេះ ខ្លួនប្រាណខ្ញុំហាក់អស់រលីងពីខ្លួនគ្មានកម្លាំងសូម្បីលើកដៃឡើង ភ្នែកខ្ញុំចាប់ផ្តើមអស់ថាមពលបិទម្តងបន្តិចៗ ។
……….នៅផ្ទះធំ……….
ខ្ញុំបើកភ្នែកព្រឹមៗ បានឃើញបុរសម្នាក់អង្គុយមើលមកខ្ញុំទាំងក្តីបារម្ភជាពន់ពេក
“នាង! នាង! យ៉ាងម៉េចហើយ?”
ខ្ញុំហាក់នៅឈឺក្បាលតិចៗ ព្យាយាមហើបមាត់តិចៗសួរទៅកាន់គេ
“តើ…តើខ្ញុំកើតអី?”
គេចាក់ទឹកឱ្យខ្ញុំព្រមទាំងនិយាយទាំងមុខស្ងួត ៖
“គឺនាងសន្លប់នៅក្នុងព្រៃពេលទៅមើលកញ្ចក់នោះអី! នេះនាងមិនចាំទេមែនទេ? ឬ នាងចងចាំងរឿងគ្រប់យ៉ាងវិញអស់ហើយ?” គេសួរទាំងភ្ញាក់ផ្អើល
“មែនហើយ! គ្រប់យ៉ាង! ខ្ញុំចាំគ្រប់យ៉ាងហើយ!” ។ ពិតណាស់ពេលនេះខ្ញុំចងចាំរឿងរ៉ាវទាំងអស់ហើយកាលពីខ្ញុំនៅក្មេង សមាជិកគ្រួសារខ្ញុំ ព្រមទាំងគ្រប់យ៉ាងដែលកើតឡើងក្នុងគ្រួសារមួយនេះ”
ខ្ញុំខ្សឹកខ្សួលអួលដើមកភ្លាមក្រោយពីបានដឹងថា ខ្ញុំក៏ធ្លាប់រស់នៅជាមួយប៉ាម៉ាក់ មានក្តីស្រឡាញ់ពីពួកគាត់ដូចក្មេងដទៃទៀត ។ ម្យ៉ាងដែលខ្ញុំចាំមិនខុស គឺខ្ញុំក៏មានបងប្អូនបង្កើត ។
“ចុះពេលនេះពួកគេនៅទីណា?” ខ្ញុំនិយាយឮឡើង ហើយស្ទុះស្ទាក្រោកចេញពីគ្រែប្រុងរត់ទៅរកពួកគេ
“នាង! ចង់ទៅណា?” គេសួរទាំងចាប់ដៃខ្ញុំជាប់
“លែង! ខ្ញុំទៅរកប៉ាម៉ាក់និងប្អូនប្រុសខ្ញុំ! លែង!” ខ្ញុំហាក់បាត់សតិ ក្រោយពីដឹងថា ខ្ញុំបាត់បង់ពួកគេរាប់ឆ្នាំ ទាំងមិនដឹងសូម្បីដំណឹងសោះ ។ ខ្ញុំនឹកឃើញដល់លោកតា ហេតុអី..ហេតុអីលោកតាកុហកខ្ញុំថារើសខ្ញុំបាននៅតាមផ្លូវក៏យកខ្ញុំមកចិញ្ចឹម ?ហេតុអីលោកតាមកុហកខ្ញុំ? ខ្ញុំយំសោកបោកខ្លួនពេញបន្ទប់ ។
“នីរ៉ា? សម្រួលអារម្មណ៍ទៅតើបានទេ? យើងសន្យាថានឹងជួយនាងតាមរកពួកគេ! នីរ៉ា ដឹងស្ងប់អារម្មណ៍ហើយនិយាយគ្នាសិនណា”
គេឱបខ្ញុំជាប់ណែននឹងដើមទ្រូង ព្រមទាំងព្យាយាមលួងលោមខ្ញុំឱ្យស្ងប់ចិត្ត។ បន្ទាប់ពីបានឮពាក្យទាំងនោះហើយ ខ្ញុំក៏ហាក់បានធូរស្បើយក៏ព្រមមកអង្គុយលើគ្រែវិញ ។
“ស្តាប់យើងណា! ទោះពេលនេះនាងមិនចាំយើង តែយើងសន្យាថា យើងនឹងជួយនាង” ថាហើយគេក៏មើលមុខខ្ញុំជាសញ្ញាឱ្យខ្ញុំជឿចិត្តគេ ។
“តែពេលនេះ នាងត្រូវសម្រាកសិន ព្រោះរាងកាយនាងទន់ខ្សោយណាស់ យល់ទេ?” ខ្ញុំងក់ក្បាលតិចៗជាសញ្ញាយល់ព្រម ។
គេក៏ដណ្តប់ភួយឱ្យ ហើយក៏ងើបដើរចេញទៅទុកឱ្យខ្ញុំសម្រាក។
“លោកនរៈ” សំឡេងខ្សាវៗចេញពីបបូរមាត់ខ្ញុំបានបន្លឺឡើងបញ្ឈប់ជើងគេឱ្យឈប់ង៉ក់ ដូចគេចាប់ហ្រ្វាំង ។ គេបែរក្រោយយឺតៗ មើលមុខខ្ញុំទាំងភ្នែកក្រហមៗ បបូរមាត់ញ័រទទ្រើក
“អរគុណណាស់” ខ្ញុំបំពេញប្រយោគព្រមទាំងញញឹមស្ងួតទៅកាន់គេ ។
“នេះ…នាង…ចាំយើងដែរមែនទេ?” ទឹកភ្នែកហូរកាត់ថ្ពាល់គេម៉ាត់ៗ ហាក់ក្តុលក្តួលក្នុងចិត្តជាពន់ពេក។ ពិតប្រាកដណាស់ ខ្ញុំអាចចាំបានទាំងអតីតកាលនិងបច្ចុប្បន្នកាល ។ វាប្រើពេលយូរណាស់ ព្រោះខួរក្បាលខ្ញុំត្រូវបានបញ្ចូលរឿងថ្មីៗជាច្រើន ។ពីមុន ខ្ញុំពិតជាមិនយល់ថា ហេតុអីទើបលោកតាមិនចង់ឱ្យខ្ញុំចងចាំអតីតកាលវិញ? ហេតុអ្វីគាត់មិនចង់ឱ្យខ្ញុំជួបលោកប៉ាអ្នកម៉ាក់និងប្អូនខ្ញុំ? តែពេលនេះទើបខ្ញុំបានដឹងថាហេតុអី។ ព្រោះអតីតកាលដ៏ជូរចត់របស់ខ្ញុំនេះឯង តែ… តើពេលនេះនីរាជនៅទីណា? កាន់តែគិតកាន់តែឈឺក្បាលឡើង ខ្ញុំងើយមើលមុខលោកនរៈទាំងសើចស្ងួតៗ ៖
“នេះលោកគិតថាខ្ញុំភ្លេចលោកនិងគ្រប់គ្នាឬ? អូហូ ថែមទាំងយំទៀតផងឬ?” ខ្ញុំនិយាយចម្អន់គេលេង ស្រាប់តែ…
ហឹប…គេស្ទុះមកឱបខ្ញុំជាថ្មីហើយចាប់ផ្តើមយំខ្សឹកខ្សួលខ្លាំងៗ ធ្វើឱ្យខ្ញុំអួលដើមក អាណិតគេក្រៃលែង ដ្បិតពេលនេះគេសល់តែមីងចាន់និងខ្ញុំដែលជាមនុស្សស្និទ្ធិស្នាល ខ្ញុំស្រមៃមិនចេញទេពេលដែលខ្ញុំចាកចេញពីគេម្នាក់ទៀតនៅថ្ងៃណាមួយ ។
“តើនាងដឹងទេ យើងភ័យយ៉ាងណា? ហេតុអីនាងមិនប្រាប់យើងតាំងតែពីដំបូង?” គេយំបណ្តើរនិយាយបណ្តើរដូចកូនក្មេងដែលខ្លាចម្តាយទៅចោល។ ខ្ញុំអង្អែលខ្នងគេហើយនិយាយលួងលោម ៖
“សុំទោសណា៎! ខ្ញុំក្រោកឡើងភ្លាមខ្ញុំនឹកឃើញតែរឿងរបស់ខ្លួនឯងដែលមិនខ្វល់ពីអារម្មណ៍លោក ។ ប៉ុន្តែ…ពេលនេះខ្ញុំចាំលោកបានហើយទេតើ ឈប់ភ័យទៅលោក ធ្វើដូចកូនក្មេងទៅកើត! បើលោកទន់ជ្រាយយ៉ាងនេះ តើទៅគ្រប់គ្រងភពទាំងមូលនេះយ៉ាងម៉េចទៅ? ចាំមើលខ្ញុំដើរប្រាប់គេឱ្យលោកខ្មាសគេតែម្តង” ខ្ញុំនិយាយព្រមទាំងសើចតិចៗ ឱ្យគេបានធូរចិត្ត ។ គេប្រលែងខ្លួនខ្ញុំថ្នមៗ ហើយមើលមុខខ្ញុំដោយកែវភ្នែកទន់ជ្រាយដូចកាលពីលើកដំបូងដែលខ្ញុំឃើញគេយំដែរ ។ គេឱនក្បាលម្តងបន្តិចៗ មកជិតខ្ញុំៗបិទភ្នែកយឺតៗ ហាក់បានបើកចិត្តហើយសម្រាប់គេម្នាក់នេះ ទោះខ្ញុំដឹងថាគេមានមនុស្សដែលគេស្រឡាញ់រួចទៅហើយ ប៉ុន្តែខ្ញុំសុំប្រើពេលវេលាឱ្យមានក្តីសុខបំផុតជាមួយគេ មុនពេលគ្រប់យ៉ាងវិលមកសភាពដើមវិញ។ …មកជិតបបូរមាត់ខ្ញុំគេក៏បានឈប់ទ្រឹងមួយសន្ទុះ ហើយងើយថើបថ្ងាសខ្ញុំវិញ ។
“អរគុណណាស់ដែលមិនទៅណាចោលខ្ញុំ” នេះជាលើកដំបូងហើយដែលគេនិយាយពាក្យ “ខ្ញុំ” ជាមួយខ្ញុំហើយខុសពីរាល់ដង សម្តីរបស់គេថ្ងៃនេះ ហាក់ផ្អែមស្រទន់បង្កប់ភាពពិត ។
“អរគុណលោកដូចគ្នា” យើងញញឹមដាក់គ្នាទៅវិញទៅមកដោយកិរិយាយល់ចិត្តគ្នាគ្រប់យ៉ាង ។
…………….
“នាងយ៉ាងម៉េចហើយ?” គេដើរមកអង្គុយជិតខ្ញុំព្រមទាំងសួរសុខទុក្ខ
“ខ្ញុំបានធូរច្រើនហើយ” ខ្ញុំញញឹមពព្រាយបញ្ចេញទឹកមុខស្រស់ថ្លាទៅកាន់គេ ជាអំណះអំណាង
“នាងហៅខ្ញុំមកទីនេះធ្វើអីដែរ?”
“ខឹខឹ! ពេលលោកនិយាយបែបនេះ ក៏គួរឱ្យស្រឡាញ់ដែរទេតើ” ខ្ញុំសើចហើយពោលចម្អន់គេ។ គេសម្លក់ខ្ញុំបែបកំប្លែង ហើយសើច។
“គឺ ខ្ញុំចង់ឱ្យលោកមកជួយគិតរឿងដែលខ្ញុំបានជួបប្លែកៗកាលពីខ្ញុំមិនទាន់មកដល់ទីនេះ”
“រឿងនាងទៅដេកកណ្តាលផ្លូវនោះមែនទេ?” គេនិយាយទាំងសើច
“ឆឺស!…បានដៃណាស់ន៏! ប៉ុន្តែថាទៅវាក៏មានហេតុផល”
“ហេតុផលអីខ្លះទៅ?” គេចាប់ផ្តើមយកចិត្តទុកដាក់ស្តាប់
“គឺ ថ្ងៃនោះ… ខ្ញុំជួបរឿងចម្លែកៗណា៎លោក” ខ្ញុំក៏រ៉ាយរ៉ាប់រឿងទាំងនោះប្រាប់ទៅគេ ។
“ថ្ងៃទីប្រាំពីរ?” និយាយមកដល់ត្រង់នោះគេក៏សួរកាត់
“មែនហើយ! ក្នុងក្រដាសនោះសរសេរថាថ្ងៃទីប្រាំពីរ! អូរមែនហើយលោក! តើនៅទីនេះមានកាលបរិច្ឆេទដែរទេ?”
“មាន! ប៉ុន្តែយើងបែងចែកខុសពីភពរបស់អ្នកនាង។ ដោយយើងថ្ងៃវិលជុំមានតែប្រាំពីរថ្ងៃប៉ុណ្ណោះ”
“ដូច្នេះ លោកមិនដឹងថាថ្ងៃនេះជាថ្ងៃអ្វីទេមែនទេ?”
“មែនហើយ! យើងដឹងត្រឹមថាថ្ងៃនេះជាថ្ងៃទីប្រាំមួយ”
“ ដូច្នេះថ្ងៃស្អែកជាថ្ងៃទីប្រាំពីរ?”
“ត្រូវហើយ! ថ្ងៃស្អែកក៏ជាថ្ងៃដែលព្រះចន្ទពេញបូណ៍មីផងដែរ។”
“នែ៎លោក! ហេតុអ្វីបានជាគេមិនឱ្យចេញក្រៅក្នុងថ្ងៃពេញបូណ៍មី? ខ្ញុំធ្លាប់ដឹងតែថាគេមិនឱ្យចេញ តែមិនដឹងពីមូលហេតុ” ។ គេឈប់ដើរហើយដឹកដៃខ្ញុំទៅអង្គុយក្បែរមាត់ទឹក ទើបចាប់ផ្តើមនិយាយ៖
“ គឺខ្ញុំក៏មិនយល់ពីមូលហេតុដូចគ្នា ដឹងត្រឹមថា វាជាត្រណមម្យ៉ាងដែលលោកពុកបានផ្តាំ”
“ប្រហែលជានៅទីនេះគេខ្លាចព្រះចន្ទមូលធំទេដឹង” ខ្ញុំនិយាយទាំងសើចតិចៗ
“ខ្ញុំធ្លាប់បានឃើញព្រះចន្ទពេញបូណ៍មីខ្លះដែរ ហើយពិតណាស់កាន់តែមើលគឺវាកាន់តែធំ” គេនិយាយទាំងខ្លាចរអា ។ ខ្ញុំឃើញហើយក៏សើច
“ ខុសពីខ្ញុំ… ពីក្មេងខ្ញុំចាំបានថាខ្ញុំនិងនីរាជចូលចិត្តព្រះចន្ទខ្លាំងណាស់។ ពួកយើងតែងតែគិតថាព្រះចន្ទរត់តាមពួកយើងទៅគ្រប់ទីកន្លែងទៀតផង។”
“ប្រហែលនីរាជគួរឱ្យស្រឡាញ់ខ្លាំងហើយមែនទេ?”
ខ្ញុំញញឹមមុខស្ងួតហើយតប ៖
“មែនហើយ! ខ្ញុំពិតជាស្រឡាញ់នីរាជណាស់ គេជាក្មេងទន់ភ្លន់ប៉ុន្តែពេលខ្លះក៏ចចេសទៅតាមចរឹតក្មេង”
“តើគេសង្ហារដូចខ្ញុំទេ?” គេសួរបែបកំប្លែង
ខ្ញុំវាយស្មាគេហើយសើចទើបប្រាប់ ៖ “បើលោកចង់ឃើញមុខនីរាជ លោកមើលតែមុខខ្ញុំហើយស្រមៃថាខ្ញុំជាមនុស្សប្រុសទៅចេញហើយ”
“នាងបានន័យថាយ៉ាងម៉េច?” គេហាក់នៅមិនច្បាស់ក្នុងចិត្ត
“គឺ ពួកខ្ញុំជាបងប្អូនភ្លោះ” ខ្ញុំស្រាយចម្ងល់ឱ្យគេ ដែលអង្គុយទ្រឹងមិនព្រិចភ្នែក
“បងប្អូនភ្លោះប្រុសស្រីនេះអ្ហេស?”
“ពិតហើយ! យ៉ាងម៉េចលោកមិនដែលឃើញឬ?”
“អត់ទេគ្រាន់តែ ខ្ញុំកម្រឃើញមានករណីបែបនេះ”
“មែនហើយ! ព្រោះពួកយើងពិសេសនោះអី” ។ ពួកយើងនាំគ្នាសើចបង្កើតបរិយាកាសរីករាយ ។
………………….
“អា………!!” សំឡេងស្រែកចេញពីល្អាងភ្នំនៅកណ្តាលព្រៃជ្រៅមួយបានបន្លឺឡើងផ្អើលអស់សព្វជីវិតនៅក្នុងព្រៃ ។ ម្ចាស់រូបភាពស្រមៃដល់រឿងរ៉ាវនៃការចាប់ផ្តើម…
មនុស្សពីរនាក់ដើរ ប្រោកៗចូលទៅផ្លូវតូចមួយសំដៅទៅរកផ្ទះខ្ទមមួយខ្នងដែលនៅខាងមុខ…
“អ្នកនាង! អ្នកនាងត្រូវធ្វើបែបនេះមែនឬ? ការរៀនវិជ្ជាធ្មប់មិនមែនជារឿងងាយស្រួលសម្រាប់មនុស្សធម្មតានោះទេ” ស្ត្រីម្នាក់សួរនាំទាំងក្តីបារម្ភទៅកាន់នារីម្នាក់
“នេះជាផ្លូវតែមួយគត់ដែលខ្ញុំអាចរស់នៅបានយូរ និងដំណើរផែនការរបស់ខ្ញុំបាន ទោះវាលំបាកយ៉ាងណា ខ្ញុំត្រូវស៊ូទ្រាំ ព្រោះខ្ញុំសល់ពេលមិនច្រើនទេ” នាងតបទាំងក្តីម៉ឺងម៉ាត់
….មកដល់ខ្ទមចាស់….
“យ៉ីអើ! អ្នកនាងទេវីនី មករកយើងមានការអ្វីឬ?” បុរសម្នាក់មានសាក់ពេញខ្លួនអង្គុយបែរខ្នងនិយាយរាក់ទាក់ទៅកាន់ទេវីនី
“នេះឯងស្គាល់ខ្ញុំដែរឬ?”
បុរសម្នាក់នោះបែរមុខមកយឺតៗ ព្រមទាំងនិយាយ ៖
“ហាស ហា! អ្នកណាមិនស្គាល់ អនាគតភរិយារបស់លោកនរៈ ដែលជាទាយាទតែម្នាក់នៃទឹកដីនេះ?” គ្រូអាគមនិយាយទាំងសើច
“បើដូច្នោះ ឯងពិតជាដឹងហើយមែនទេ ថាយើងមកទីនេះធ្វើអ្វីនោះ?”
“មែន! ប៉ុន្តែនែ៎… ក្រែងនាងជ្រើសសំណើទីមួយទេតើ ហេតុអ្វីប្តូរចិត្តទៅវិញ?”
“ គឺយើងចង់នៅជាមួយលោកនរៈឱ្យបានយូរបំផុត”
“នេះនាងគិតថា ខ្លួនជាបិសាចធ្មប់អាចនៅជាមួយមនុស្សបានឬ?”
“យើងមានផែនការរួចទៅហើយ ឯងមិនចាំបាច់បារម្ភនោះទេ។ ឆាប់ប្រាប់ពីដំណើរការនៃការធ្វើពិធីនេះសិនមក”
គ្រូអាគមគិតបន្តិចទើបនិយាយ ៖
“បាន! ប៉ុន្តែ…នាងមានអ្វីជាទ្រនឹបមកឱ្យយើងទៅ?”
ទេវីនីសម្លឹងមុខគ្រូអាគមទាំងក្តីរំខាន ហើយសួរ ៖
“ ហើយលោកចង់បានអ្វី?”
“ហាសៗ ហា! យើងចង់បានបរិវារមកបម្រើក្នុងផ្ទះខ្លះ ហាសៗ ហា!”
“បរិវារឬ? តើឱ្យយើងទៅយកមនុស្សមកពីណាឱ្យឯងទៅ?” ទេវីនីរកនឹកមិនចេញ ទើបសម្លឹងចុះឡើងទើបនឹកឃើញ
“បើអ៊ីចឹង ឯងយកមីងចាន់តែម្តងទៅ”
មីងចាន់ភ្ញាក់ព្រើត ហើយសួរទៅកាន់ទេវីនី ៖
“អ្នកនាង!! ធ្វើបែបនេះដាក់ខ្ញុំបានយ៉ាងម៉េច?”
“ខ្ញុំគ្មានជម្រើសទេមីង” ទេវីនីចាប់ក្រសោបដៃមីងចាន់ហើយយំខ្សឹកខ្សួល
“តើមីងអាចធ្វើបែបនេះដើម្បីខ្ញុំបានទេ?” មីងចាន់សម្លឹងមុខទេវីនីដោយក្តីអាណិត ហើយតប ៖
“បានតើអ្នកនាង បាន!” មីងចាន់យំឱបទេវីនីដោយចិត្តភក្តីចំពោះនាង។
“ឈប់បានហើយ!” គ្រូអាគមស្រែកឡើង ដាស់ស្មារតីអ្នកទាំងពីរ
ទេវីនីនិងមីងចាន់សម្លឹងទៅគ្រូអាគមទាំងក្តីងឿងឆ្ងល់ ទើបគ្រូអាគមពោល ៖
“នាងចាន់នេះអ្ហេស? យើងមិនត្រូវការ! ក្បាលកញ្ចាស់ទៅហើយទៅជួយស្អីបាន! យើងត្រូវការក្មេងៗស្រករៗនាងតែប៉ុណ្ណោះ!”
“ទីនេះមិនមែនភពធម្មតា តើឱ្យយើងទៅរក…” និយាយតែប៉ុណ្ណេះទេវីនីឈរទ្រឹងហាក់នឹកឃើញអ្វីម្យ៉ាងហើយទឹកមុខញញឹមឡើង
“យកយើងទៅ យើងក៏នៅមានកម្លាំងខ្លះដែរ” មីងចាន់លើកដៃអង្វរគ្រូអាគម
“មិនចាំបាច់ទេមីង!” ទេវីនីនិយាយកាត់។ មីងចាន់ព្រមទាំងគ្រូអាគមមើលមុខនាងឆ្ងក់
“យើងដឹងហើយ ថាអ្នកណាជាទ្រនឹបរបស់ឯង”
“អ្នកណា?” គ្រូអាគមសួរទាំងចង់ដឹង
“មុននឹងឯងទទួលបានទ្រនឹប ឯងត្រូវជួយយើងឱ្យសមបំណងសិន”
….ពួកគេស្រុះស្រួលគ្នាហើយទើបចាប់ផ្តើមនិយាយគ្នាពីការធ្វើពិធី..
“នាងត្រូវប្រើពេលយូរទើបនាងមិនត្រូវឈឺខ្លួន”
“ចុះបើយើងចង់សម្រេចឆាប់?” ទេវីនីសួរទាំងហ្មត់ចត់
“គឺបាន ប៉ុន្តែ…វាមិនមែនជារឿងងាយស្រួលសម្រាប់នាងជាមនុស្សធម្មតានោះទេ! នាងត្រូវឈឺចុកចាប់ពេញខ្លួន សម្រស់នាងនឹងស្រុតចុះពីមួយថ្ងៃទៅមួយថ្ងៃ តែកុំបារម្ភវេទមន្តធ្មប់នាងអាចប្រែសម្រស់នាងបានគ្រប់ពេល គ្រាន់តែនាងត្រូវសងវិញនូវការឈឺខ្លួនវិញប៉ុណ្ណឹង”
“បើអ៊ីចឹង យើងយកជម្រើសសម្រេចក្នុងរយៈពេលខ្លីទៅចុះ”
“អ្នកនាង! តែវាគ្រោះថ្នាក់ណាស់” មីងចាន់ចាប់ដៃទេវីនីទាំងញ័រទទ្រើក
“មិនអីទេមីងខ្ញុំអាចទ្រាំបាន បើវាអាចធ្វើឱ្យខ្ញុំបាននៅជាមួយលោកនរៈបានយូរ” នាងនិយាយទាំងញញឹមសង្ឃឹមក្នុងចិត្ត
“ នាងមានបញ្ហាសំឡេងឬ?” សុខៗ គ្រូអាគមក៏សួរ។ ទេវីនីនៅស្ងៀមនិយាយមិនចេញ ទើបមីងចាន់តបជំនួស៖
“គឺអ្នកនាងមានសំឡេងធំបែបនេះតែម្តង” គ្រូអាគមងក់ក្បាលជាការយល់ តែនៅតែមានចម្ងល់ជាប់នៅលើមុខ ។
“មើលអី? ឆាប់និយាយបន្តមកថាយើងត្រូវធ្វើបែបណា” ទេវីនីតឿន
“នាងអាចជ្រើសដោយខ្លួនឯងថាត្រូវរៀនវិជ្ជានេះនៅទីណា”
“បើអ៊ីចឹងយើងសូមជ្រើសនៅផ្ទះធំដដែល”
“ នាងប្រាកដឬ? ភាពប្រែប្រួលរបស់នាងនឹងអាចឱ្យអ្នកផ្ទះសង្ស័យហើយតាមដាននាងបាន”
“ពិតមែនហើយអ្នកនាង! តើត្រូវធ្វើយ៉ាងណាទៅ?”
“មីងចាន់! ទៅចាំខ្ញុំនៅខាងក្រៅសិនចុះ”
“ហេតុអីទៅអ្នកនាង?”
“គឺខ្ញុំខ្លាចគេមកតាម ទើបចង់ឱ្យមីងទៅមើលផ្លូវឱ្យ”
“អូ! បានចា៎អ្នកនាង” មីងចាន់ចេញក្រៅបាត់ទៅ
“យ៉ាងម៉េចដែរនាង” គ្រូអាគមសួរ
“អម្បាញ់មិញឯងថាយើងប្រែប្រួល អាចឱ្យគេសង្ស័យមែនទេ?”
“មែន!”
“បើអ៊ីចឹង យើងក៏ធ្វើឱ្យគេសង្ស័យលែងបានតទៅទៀតទៅ” ទេវីនីញញឹមទាំងភាពឃោឃៅ
“នេះ… កុំប្រាប់យើងថា..” គ្រូអាគមយល់ដំណើរ
“មែន! នៅក្នុងផ្ទះធំមានតែមនុស្សពីរនាក់ដែលសំខាន់ បងនរៈក៏មិនបាននៅបន្ទប់ជាមួយយើង ថែមទាំងត្រូវមានកិច្ចការនៅទីឆ្ងាយ យូរថ្ងៃទើបត្រលប់មកវិញ ។ រីឯលោកស្រីធំ គាត់មិនចូលចិត្តយើងស្រាប់ ច្បាស់ណាស់ប្រាកដជាសង្ស័យ ។ ដូច្នេះហើយ…ឯងដឹងហើយមែនទេថាត្រូវធ្វើយ៉ាងណា?”
“នេះគេជា អនាគតម្តាយក្មេកនាងណា៎! ហើយក៏ជាលោកស្រីដែលគ្រប់គ្រងចក្រភពនេះ”
“អត់ពីយាយកញ្ចាស់នោះទៅ បងនរៈចេះគ្រប់គ្រងហើយ!” ទេវីនីសម្លុតគ្រូអាគម
“តែ…” គ្រូអាគមរេរា
“មិនត្រឹមតែបរិវាររតែម្នាក់នោះទេ យើងអាចឱ្យឯងលើសពីនោះទ្វេរដងទៀត”
ដោយអំណាចមាសប្រាក់ គ្រូអាគមក៏យល់ព្រមតាមសំណើរ ។
“មីងចាន់ តុះយើង!” បន្ទាប់ពីចរចានឹងគ្រូអាគមរួចហើយទេវីនីក៏ដើរចេញទៅបបួលមីងចាន់ទៅផ្ទះវិញ“អ្នកនាង! តើអ្នកនាងនឹងធ្វើយ៉ាងណា?”
“គឺ ខ្ញុំមិនទាន់ដឹងទេមីង បើអាការធ្ងន់ធ្ងរខ្ញុំទៅនៅផ្ទះមីងសិនចុះ”
“អូ! ល្អណាស់អ្នកនាង” មីងចាន់និយាយទាំងត្រេកអរ ហើយពួកគេក៏ដើរចាកចេញពីទីនោះ ។
ថ្ងៃទីប្រាំពីរ………
វ៉ូៗ..វ៉ូៗ សំឡេងខ្យល់បក់បោកស្ទើតែរលំផែនដី ក្នុងពេលព្រឹកព្រលឹមស្រាងៗ ខ្ញុំក្រោកពីដំណេកដោយសារខ្យល់ខ្លាំងពេកធ្វើឱ្យរងាសព្វរាងកាយ ។
“នេះជាពេលព្រឹក ឬពេលល្ងាចទៅ?” ខ្ញុំក្រោកឈរដើរទៅជិតមាត់បង្អួចទាំងរអ៊ូតិចៗម្នាក់ឯង ។ ផ្ទៃមេឃនៅតែបន្តខ្មៅស្រអាប់រកកលចង់ភ្លៀងប៉ុន្តែយូរណាស់ហើយមិនឃើញមានតំណក់ភ្លៀងមួយតក់សោះ មានតែវត្តមានខ្យល់បក់ទៅបក់មករលំព្រៃព្រឹក្សាគួរឱ្យព្រឺព្រួច ។ ក្រោយរៀបចំខ្លួនហើយខ្ញុំក៏ដើរទៅមាត់ទ្វារ ក្រាក… ខ្ពៀក…ខ្សែកអ្នកនាងទេវីនីដែលខ្ញុំតែងកាន់ជាប់ខ្លួនជានិច្ចបានធ្លាក់ពីដៃខ្ញុំក្រោយពីបានឃើញទិដ្ឋភាពនៅចំពោះមុខ… វាមិនមែនជាទិដ្ឋភាពឬទីកន្លែងដែលខ្ញុំតែងតែបើកទ្វារមកឃើញជារៀងរាល់ព្រឹកនោះទេ តែគ្រប់យ៉ាងប្រែប្រួលទៅជាព្រៃដ៏ធំល្វឹងល្វើយដុះខ្ពស់ៗស្ទើមើលមិនឃើញពន្លឺថ្ងៃ ។ ផ្ទៃដីក្រាលនិងគ្របដណ្តប់ទៅដោយស្លឹកឈើក្រៀមដែលបន្តជ្រុះជារឿយៗពីដើម។ ខ្ញុំស្រឡាំងកាំងនឹងទិដ្ឋភាពទាំងនោះទើបព្យាយាមដាស់ស្មារតីខ្លួនឱ្យមកវិញ ។
“នេះជាកន្លែងដែលយើងធ្លាប់ឃើញក្នុងសុបិនទេតើ! តើនេះជាសុបិនឬ? ហេតុអ្វីយើងមានអារម្មណ៍ដូចជាការពិតម្ល៉េះ?” ខ្ញុំសួរខ្លួនម្តងហើយម្តងទៀត ព្រោះគ្រប់យ៉ាងពេលនេះ ខ្ញុំពិតជាមិនអាចប៉ាន់ប្រមាណដឹងឡើយថាជាអ្វីឱ្យប្រាកដ។
…..ឡា…..ឡា…..ឡា…..
សំឡេងស្អកៗមួយបានបន្លឺជាចង្វាក់តន្ត្រីឱ្យខ្ញុំបែរទៅរកមើលប្រភពនៃសំឡេងនោះ ។ ខ្ញុំឈានជើងដើរមួយៗ សំដៅទៅកាន់ស្រមោលអ្វីមួយផ្លុងៗនៅកំបាំងនឹងស្លឹកឈើដែលចាប់ផ្តុំគ្នាប្រៀបដូចវាំងននអាចសោយបើកបិទបាន ព្រោះគិតថាប្រហែលជាមានមនុស្សនៅទីនោះ ។
…. ខ្ញុំសោយវាំងនននោះឡើងទើបប្រទះនឹងមនុស្សស្រីម្នាក់ អង្គុយបែរខ្នងលើកៅអីឈើមួយ ច្បូតសក់ដ៏ភ្លឺរលោងរបស់នាងចុះឡើងៗ ។
“ភ្ញាក់ហើយអ្ហេស?” សំឡេងធំស្អកៗមិនសមនឹងរូបរាងដ៏ស្រស់ស្អាតរបស់នាងបានបន្លឺឡើង។ ខ្ញុំជ្រួញចិញ្ចើម ហើយព្យាយាមផ្ទៀងមើលថានាងជាអ្នកណា។ ខ្ញុំព្យាយាមដើរទៅឱ្យកាន់តែជិត ស្រាប់តែ… “អូយ!!” ជើងទទេររបស់ខ្ញុំបានដើរជាន់លើបន្លា ធ្វើឱ្យឈាមហូរមករឹមៗ ។
“តែ…ឈប់សិន! នេះមិនមែនជាសុបិនទេឬ?” ខ្ញុំចាប់ផ្តើមដឹងខ្លួនភ្លាមៗថានេះជាការពិត ។
“ឈឺដែរទេ?” នារីម្នាក់នោះនៅតែបន្តសួរខ្ញុំ
“នាងជាអ្នកណា? ហើយខ្ញុំមកនៅទីនេះបានយ៉ាងម៉េច?” ខ្ញុំសួរនាងទាំងសំឡេងមាំ
“ថែរក្សាខ្លួនប្រាណរបស់នាងឱ្យបានល្អកុំឱ្យមានរបួសស្នាមឱ្យសោះ” ថាហើយនាងក៏លើកដៃម្ខាងធ្វើសញ្ញាអ្វីម្យ៉ាងដែលបញ្ចេញពន្លឺពណ៌ខ្មៅហោះសម្តៅមកជើងរបស់ខ្ញុំដែលជាន់បន្លា ឱ្យរលាយបាត់សូន្យនូវស្នាមរបួស ហើយភាពឈឺចាប់ក៏បាត់ទៅអស់ដែរ។
“នេះ…នាងធ្វើស្អីខ្ញុំ?” ខ្ញុំសួរទៅនាងទាំងភ្ញាក់ផ្អើលជាខ្លាំង។
“…” គ្មានការឆ្លើយតប ។ ខ្ញុំគិតថាមិនស្រួលក៏សម្លឹងរកមើលផ្លូវគេចចេញពីទីនោះ ។ ប៉ុន្តែ… ខ្ញុំរេភ្នែកទៅប៉ះនឹងចិញ្ចៀនម្យ៉ាងដែលឆ្លាក់អក្សរថា «សត្យ» នៅម្រាមដៃនាងខាងឆ្វេងរបស់នារីម្នាក់នោះ។
“ចិញ្ចៀន!” ខ្ញុំយកដៃខ្ទប់មាត់ហើយ ភិតភ័យជាខ្លាំង បន្ទាប់ពីឮខ្ញុំពោលតែប៉ុណ្ណេះ នារីម្នាក់នោះក៏លើកដៃនាងឡើងហើយផ្អៀងផ្អងមើលទៅលើចិញ្ចៀននោះ ។
“អ្នកនាងទេវីនី?!”
……. ខួរក្បាលខ្ញុំស្រមៃទៅដល់ពេលខ្ញុំនិងលោកនរៈនិយាយគ្នា ខ្ញុំបានសួរលោកនរៈ ៖
“និយាយអ៊ីចឹងហេតុអីបានជាលោកជឿថាខ្ញុំមិនមែនអ្នកនាងទេវីនី?”
លោកនរៈចាប់ដៃឆ្វេងខ្ញុំលើកឡើងហើយនិយាយ៖
“នេះហើយ!”
“បានន័យថាម៉េច?”
“ពេលដែលខ្ញុំទៅយកនាងពីទឹកដីមនុស្សធម្មតា ខ្ញុំមិនបានសង្កេតនោះទេថានាងមានចិញ្ចៀននៅនឹងដៃឬក៏អត់ ។ ប៉ុន្តែបន្ទាប់ពីខ្ញុំបានសង្កេតទើបបានដឹង”
“ត្រឹមតែចិញ្ចៀនមួយវង់នោះឬ? ចុះបើវាជ្រុះ? ទោះជាអ្នកនាងទេវីនី ក៏លោកមិនទទួលស្គាល់ដែរមែនទេ?” ខ្ញុំសួរចំអកព្រោះមិនសូវជឿសម្តីគេ ។ លោកនរៈឈប់ដើរហើយងាកមកខ្ញុំ ៖
“នាងមិនដឹងនោះទេថានោះមិនមែនជាចិញ្ចៀនធម្មតា! ចិញ្ចៀននោះមានឆ្លាក់ពាក្យថា «សត្យ» ដែលជាឈ្មោះនៃចក្រភពនេះ។ ហើយខ្ញុំបានប្រើវិជ្ជាវេទមន្តដាក់លក្ខខណ្ឌទៅលើចិញ្ចៀននោះថា បើដរាបណាទេវីនីនៅតែស្រឡាញ់ខ្ញុំទោះស្ថិតក្នុងស្ថានភាពបែបណាចិញ្ចៀននេះគ្មានថ្ងៃរបូតឬបាក់បែកចេញពីដៃរបស់នាងឡើយ។”
“អូហូ! អស្ចារ្យពិតមែន” ខ្ញុំទះដៃទាំងភ្ញាក់ផ្អើល…….
“នេះនាងស្គាល់ចិញ្ចៀននេះដែរឬ?” សំណួរបានបន្លឺឡើងកាត់ការស្រមៃរបស់ខ្ញុំ
“គឺ…គឺលោកនរៈធ្លាប់ប្រាប់ខ្ញុំ”
“មើលទៅបងនរៈនិងនាងស្និទ្ធិស្នាលនឹងគ្នាណាស់ន៎!”
“មិនពិតទេ! គឺពួកយើងគ្រាន់តែជួយគ្នាស្វែងរកអ្នកនាងតែប៉ុណ្ណោះ។ តើហេតុអ្វីអ្នកនាងមកនៅទីនេះបាន? ឬក៏មានគេចាប់អ្នកនាងមក?”
“បន្តិចទៀតនាងក៏នឹងដឹងខ្លួនឯងហើយ”
“នាង! ជិតដល់ពេលធ្វើពិធីហើយ!” សំឡេងមនុស្សប្រុសម្នាក់បន្លឺឡើងហាក់ស្រដៀងនឹងអ្នកណាម្នាក់ដែលខ្ញុំស្គាល់ខ្ញុំក៏ងាកមើល ។
“លោក!?”
“យ៉ា! នាងតូច! ជិតបានមកធ្វើជាបរិវារយើងហើយ ។ ហាស ហាៗ” គ្រូអាគមនិយាយមកកាន់ខ្ញុំទាំងរីករាយ
“យកនាងទៅ!” ទេវីនីបញ្ជា
“ឆាប់មកណេះ!” គ្រូអាគមចាប់ដៃខ្ញុំកន្រ្តាក់យកទៅ
“លែង! ចង់យកខ្ញុំទៅណា? លែង…” សំឡេងស្រែករបស់ខ្ញុំបានស្ងាត់បន្ទាប់ពីបានឃើញ កន្លែងដ៏គួរឱ្យព្រឺព្រួចនោះ ។ មានការព័ទ្ធខ្សែសីម៉ាជារាងមួយតួខ្លួនមនុស្ស មានគ្រឿងសក្ការៈជាច្រើនទៀតតម្រៀបគ្នាជាថ្នាក់ៗ មើលទៅដូចជាការរៀបចំពិធីអ្វីម្យ៉ាង ។
“នេះពួកលោកប្រុងនាំគ្នាធ្វើអី?” ខ្ញុំសួរទាំងស្លុតចិត្ត
“នាងនេះពិតជាល្ងង់មែន! គឺគេរៀបចំប្តូររូបប្តូរប្រលឹងនាងហ្នឹងហើយ ។ ហាសៗ ហា”
“ប្តូរប្រលឹងប្តូររូបឆ្កួតស្អីទៅ ឆាប់ដោះលែងយើងភ្លាមទៅ….” និយាយតែប៉ុណ្ណេះ ហាក់មានអ្វីម្យ៉ាងមកឆក់យកស្មារតីទៅបាត់…ព្រុស…..
…………………….
“មីងចាន់ៗ” នរៈស្រែកហៅមីងចាន់ទាំងតក់ក្រហល់
“ចា៎សលោកប្រុស? មានការអ្វីទៅ?”
“គឺនីរ៉ាបាត់ខ្លួនហើយ”
“ហាស?? តើនាងបាត់ទៅណា? ខ្ញុំទើបតែមកពីផ្សារអម្បាញ់មិញនេះ ហើយស្មានថានាងទៅរកលោកប្រុសទេតើ”
“ខ្ញុំព្យាយាមដើររកនាងគ្រប់ទីកន្លែងហើយតែមិនជួបសោះ ព្រោះពួកយើងគ្រោងនឹងជួបនិយាយគ្នាថ្ងៃនេះ ហើយជាធម្មតានាងមិនដែលខុសសន្យាឡើយ” មីងចាន់គិតបន្តិចហើយដូចជានឹកឃើញអ្វីម្យ៉ាង
“អ្នកប្រុស! តើ…ថ្ងៃនេះជាថ្ងៃទី..ប៉ុន្មាន?” មីងចាន់សួរនរៈទាំងញ័រមាត់
“ថ្ងៃនេះជាថ្ងៃទីប្រាំពីរ! មានអ្វីដែរទេមីង?”
….. កន្រ្តកដាក់បន្លែដែលគាត់កាន់នឹងដៃក៏ជ្រុះ ព្រមជាមួយដៃដែលញ័រទទ្រើក ខ្ទប់មាត់….
“មីង! តើមីងកើតអីដែរទេ?”
“មែនហើយ អានឹម!” មីងចាន់មិនតបនឹងនរៈ តែបែរនិយាយឈ្មោះអ្នកណាក៏មិនដឹង ធ្វើឱ្យនរៈឆ្ងល់ជាខ្លាំង
“អ្នកណា? អ្នកណាទៅមីង?”
មិនតបនឹងសំណួរអ្វីទាំងអស់ ចាន់រត់ស្រទៅទិស ផ្ទះគ្រូអាគម ពេលទៅដល់
“អានឹម! អានឹមអើយ! នេះជាថ្ងៃទីប្រាំពីរទៅហើយ អានឹម”
គាត់រុញទ្វារខ្ទមចូលមិនឃើញមានអ្នកណាម្នាក់សោះ សូម្បីគ្រឿងសក្ការៈផ្សេងៗ…
“នេះឯងទៅណាហើយ?” មីងចាន់ភ័យញ័រមិនដឹងគួរធ្វើយ៉ាងណាព្រោះខ្លួនពិតជាមិនដឹងគម្រោងការរបស់ទេវីនីច្បាស់ឡើយ ។
“មីងចាន់?”
មីងចាន់ឈប់ទ្រឹង បើកភ្នែកធំៗ ភ័យតក្កមាព្រោះពេលនេះរឿងស្ទើតែបែកធ្លាយអស់ទៅហើយ ។
“នេះផ្ទះអ្នកណា? ហើយអ្នកណាជានឹម?” នរៈសួរ
“លោកប្រុស! ខ្ញុំសូមទោស!” មីងចាន់និយាយបណ្តើរយំបណ្តើរធ្វើឱ្យនរៈវង្វេងអស់
“មីងកើតអី? មានរឿងអី?”
“លោកប្រុស! ខ្ញុំដឹងថាទង្វើនិងការសម្រេចចិត្តនោះវាខុស ប៉ុន្តែ…ប៉ុន្តែ ខ្ញុំពិតជាមិនអាចទ្រាំឃើញអ្នកនាងស្លាប់ទៅទាំងវ័យក្មេងបែបនោះទេ។ អត់ទោសឱ្យខ្ញុំផងលោកប្រុស! ខ្ញុំមិនចង់ឃើញអ្នកនាងធ្វើខុសជាងនេះឡើយ” មីងចាន់ស្រែកយំហាក់ដឹងនឹងកំហុសខ្លួន
“នេះមីងនិយាយពីអ្នកណា?”
“អ្នកនាង…អ្នកនាងទេវីនី”
“ហាស? ទេវីនីពិតជាមិនទាន់ស្លាប់មែន? វីនីនៅទីណា? មានរឿងអីឱ្យប្រាកដទៅមីង? មានរឿងអ្វីដែលខ្ញុំមិនដឹងឬ?” នរៈកញ្ជ្រោលឡើងក្រោយបានឮឈ្មោះមនុស្សជាទីស្រឡាញ់។
“គឺ…” មីងចាន់និយាយដំណើរដើមទងប្រាប់នរៈគ្រប់យ៉ាងដែលគាត់បានដឹង។
ព្រុស….. នរៈហាក់ទន់ជង្គង់និងហត់នឿយជាខ្លាំងក្រោយពីដឹងរឿងរ៉ាវគ្រប់យ៉ាង។ គេលេបទឹកមាត់សម្រួលអារម្មណ៍ហើយសួរ៖
“បើអ៊ីចឹងតើអ្នកណាជាទ្រនឹប?”
“អ៊ឺម…” មីងចាន់ស្រមៃដល់ថ្ងៃនោះ

មានភាគបន្ត…