វគ្គ
វិថីលួសបន្លា
«សួស្ដី! ខ្ញុំឈ្មោះអេមី ជាអ្នកច្នៃម៉ូដនៅ DM នេះយូរហើយ!»
«អ្ហូ! អ៊ីចឹងហើយបានជាមើលទៅឡូយដល់ហើយ របៀបតុបតែងខ្លួន!»
ស៊ីវីញញឹមតបទៅនឹងការណែនាំខ្លួនរបស់បុរសអ្នកច្នៃម៉ូដ ដែលតាមការពិតកំពុងតាមដានអាកប្បកិរិយានាង ឯនាងវិញបានកោតសរសើរភាពស៊ីវិល័យរបស់គេចេញពីចិត្តដោយស្មោះសរ។
«មែនអ្ហី? ត្រេកអរណាស់ បើអ៊ីចឹងមែន!»
អេមីនិយាយហាក់មានអំណរនឹងពាក្យសរសើរ។
«ចាស៎ពិតមែន! ហើយខ្ញុំឈ្មោះស៊ីវី!»
«មិនមែនទេ!!!! ស្រទន់! គឺហៅគេនេះថា ស្រទន់ទៅ! ហៅអ៊ីចឹងណា៎គ្រប់ៗគ្នា!»
គឺគេបង្ហាញខ្លួនមកជាមួយការបង្គាប់ឱ្យគេឯងប្រើឈ្មោះថ្មីដែល តាមគេពេញចិត្ត។ នារីក៏ងើបមុខទៅរកគេប៉ះចំខ្សែភ្នែកទន់ភ្លន់ដែលវាត់មកទាក់ទាម គ្នា។
នាងនៅទីទើរ ទោះបីជាភេទទីបីដែលភាន់ភាំងចំពោះភាពស្និទ្ធស្នាលនេះលាន់មាត់រអ៊ូតិចៗ៖
«អូយ??? ស្រទន់អ្ហី?! ហៅគ្នាពីរោះម៉េះលោកប្រធាន?!»
ដេត ភូមិន្ទ គួរណាស់តែដឹងខ្លួនវិញ ពេលឮពាក្យស៊កសៀតនៃភេទទីបី ដឹងអីគេបែរជាឈរសម្លឹងស្រីតូចដោយបើកចំហ ដោយពេញចិត្ត ហាក់បីដូចរង់ចាំទទួលយកពាក្យបង្អាប់ផ្គូផ្គងមកបន្ថែមទៅវិញ?
«ដាអ៊ីនអើយដាអ៊ីន បើឯងមកឃើញទិដ្ឋភាពនេះ ឯងនឹងចុកទ្រូងស្លាប់មិនខាន!»
អេមីគិតហើយ ទម្លាក់កែវភ្នែកទៅក្នុងទុក្ខព្រួយ។
ស៊ីវីយល់ពីការពិតនេះ នាងងាកទៅរកអ្នកឯទៀតក៏ឃើញគេនាំគ្នាក្រហមមុខខ្មាសអៀនជំនួស នាងដែលត្រូវបុរសនេះមកលែបខាយដល់កន្លែង បែរទៅអាត្មាគេនោះវិញនៅរក្សាស្នាមញញឹមហាក់មិនបានខ្វាយខ្វល់ អ្វី។
«ស៊ីវីណា៎ គឺស៊ីវី!»
នាងរំលឹកទៅកាន់ពួកគេពីឈ្មោះរបស់ខ្លួន ហើយមិនរវល់ខ្វល់តតាំងនឹងបុរសនោះឡើយ។
គេនោះញញឹម ហើយបែរខ្នងដើរចេញ គេមិនមាត់ ប៉ុន្តែគេហាក់ចង់ប្រាប់នាងថា នាងនឹងចាញ់ ព្រោះម្នាក់នឹងធ្វើតាមគេ។
ស្រីតូចងាកមករកមិត្តថ្មី ឃើញពួកគេប្ដូរទឹកមុខទៅជាស្រពោនដោយគ្មានមូលហេតុ។ នាងខំវាចាបន្ថែម៖
«ហៅខ្ញុំថាស៊ីវីណា៎!»
ស្រាប់តែម្នាក់ៗបែរខ្នងចេញ មានមាម្នាក់ចុងក្រោយគេដែលនៅកៀកនឹងនាង ញាក់ចិញ្ចើមឌឺដងនាងវិញ៖
«អត់ដឹងទេ! ប្រធានផ្នែកឱ្យហៅថាម៉េចប្រហែលត្រូវធ្វើតាមហ្នឹងហើយ ក្រែងអាចរក្សាតំណែងបានធ្វើការនៅទីនេះបានយូរបន្តិច!»
….ពេលដែលពួកគេបំបែកគ្នាចូលទៅតាមតុ…. នាងស្រាប់តែឱ្យឈរទ្រឹងគិត។
តើគេកំពុងឌឺនាងថា ចូលតាមខ្សែមាននាយកជាខ្នង គេមិនហ៊ានជំទាស់ខ្លាចរបូតតំណែង?
នាងគិតហើយគិតទៀត បន្ទាប់មកងើបមុខសម្លឹងអ្នកជុំវិញខ្លួន….
….ម្នាក់ៗមើលទៅហាក់បីដូចជាកំពុងរវល់នឹងការងាររៀងខ្លួនណាស់….. ចំណែកអេមីជាងច្នៃម៉ូដដែលមានតុធ្វើការមួយនៅកាច់ជ្រុងវិញ ក៏ឈរបែរខ្នងធ្វើជាជាប់ចិត្តនឹងការងារគេគេចចេញពីស្ថានភាពឯកោ របស់នាង។
នាងដើរទៅពីក្រោយគេដែលកំពុងគូសវាសលើកុំព្យូទ័រ ហើយបន្លប់ស្ថានភាពពិបាកយល់របស់ខ្លួនដោយសួរទៅកាន់បុរសភេទទីបី៖
«អេមី! សម្លៀកបំពាក់លើឆាកទាំងអស់នៅទីនេះ អេមីជាអ្នកច្នៃឡើងមែនទេ?!»
អេមីងើបមុខញញឹម មុននឹងឆ្លើយ៖
«មិនទាំងអស់ទេ ប្រហែល៩៩%!»
«អ្ហូ? ហើយចុះ១%ទៀត?»
«គិតមើលខ្លួនឯងទៅ!»
គេបន្តឈ្ងោកៗធ្វើការរបស់ខ្លួនដោយញញឹម ចំណែកនាងថយមកវិញដោយងឿងឆ្ងល់នឹងសម្ដីប្លែកៗអស់ទាំងនេះ។
ការថយចេញពីបន្ទប់ទៅរកកែវចាក់ទឹកត្រជាក់មកក្រេប គឺជាការដកឃ្លាមួយដ៏មានហេតុផល ទុកពេលសម្រាប់ឱ្យខ្លួនឯងឱ្យសម្រាកពីអារម្មណ៍ថ្មីប្លែកដែល ពេញដោយភាពមិនយល់ សង្ស័យ និងគ្មានចម្លើយនេះ។
———————————-
ទោះយ៉ាងណា ការគេចខ្លួនមិនប្រឈមនឹងទិដ្ឋភាពពិត ក៏មិនប្រាកដថាអាចជួយបានយូរប៉ុន្មានឡើយ។
ស្រីតូចៗដែលបានស្វាងបំពង់ក ហើយដើរទើមៗមកវិញ ចំពេលសម្ដីខ្សឹបខ្សៀវលាន់មកប៉ះត្រចៀកនាង….
«ធានិត!!!!….. និយាយមែនណា៎ ឯងជាជំនួយការយូរហើយ បើ DM រើសពិធីការបន្ថែមមែន តំណែងនេះសមតែជារបស់ឯង មិនមែនបានទៅអ្នកដែលអត់មានបទពិសោធន៍អ៊ីចឹងទេ!»
ស៊ីវីឯណាឈានទៅមុខរួចទៀត នៅពេលដែលចិត្តចាប់ផ្ដើមច្របូក។
នារី រាងស្ដើងឈ្មោះធានិតដែលមុននេះ ទើបតែណែនាំខ្លួនក្នុងនាមជាជំនួយការរបស់នាងសោះ ពេលនេះកំពុងត្រូវមិត្តរួមក្រុមដុត ហើយចិត្តអ្នកចំណូលថ្មីម្នាក់នេះក៏ចាប់ផ្ដើមធ្លាក់ស្រឹបៗដល់កែង ជើង ដូចគ្មានកម្លាំងសូម្បីនឹងឈរស្ដាប់ពាក្យរាយមាយ។
ធានិតមិនឮឆ្លើយអ្វី តែសម្ដីអ្នកផ្សេងលាន់មកបន្តបន្ទាប់រដឹក៖
«អ្ហឺយ! គេខ្នងមាំ! បទពិសោធន៍អត់ឬមាន មានអីសំខាន់??? សំខាន់នាយកពាណិជ្ជកម្មដើរមកមើលសុខទុក្ខដល់កន្លែងហើយ ថែមទាំងហៅឈ្មោះគេថាទន់ភ្លន់…»
«មិនមែនទេ….. ស្រទន់….»
«អ្ហូយ សុទ្ធតែស្រទន់អីឯណាឯណោះ!»
«នែ៎! ស្រីរបស់លោកភូមិន្ទហើយ គ្រាន់តែឃើញហ្នឹង!»
នាងប្រហែលត្រូវចាកចេញ គេចចេញ ឬរត់ចេញពីការស្ដាប់ឮពាក្យអស់ទាំងនេះ ឬប្រហែលជាត្រូវចូលទៅបញ្ឈប់ពួកគេ….។
នាងមានតែជម្រើសពីរនេះតែប៉ុណ្ណោះ ដូច្នេះហើយ នាងដើរទើមៗទៅមុខ ហើយបង្ហាញខ្លួនឡើង។
…..នាងពិបាកចិត្ត តែនាងមើលឃើញធានិតជំនួយការសស្ដើងក្នុងចំណោមមិត្តរួមការងារនោះ គឺកំពុងមានទឹកមុខខូចចិត្តជាងខ្លួននាងទៅទៀត។
សម្ដីជាច្រើនទើរមកនៅគល់កនាង….. នាងចង់និយាយវាចេញមក ចង់ប្រាប់ថា នាងមិនមែនជាអ្វីរបស់ដេត ភូមិន្ទ ក៏មិនបានជាខ្សែទុយោ ក៏មិនបានតាំងចិត្តដណ្ដើមតំណែងដែលធានិតត្រូវបាន….. ប៉ុន្តែគ្មានមួយម៉ាត់ណានាងនិយាយចេញទេ…។
គ្រប់គ្នាឃើញនាងបង្ហាញខ្លួនកាលណា ក៏បំបែកជួរទៅរកតុធ្វើការរៀងៗខ្លួន……
នាងថយមកអង្គុយក្នុងបរិយាកាសធ្ងន់ចិត្ត រកតែដកដង្ហើមសឹងមិនបាន។
ស្នូរទូរសព្ទក៏លាន់មក…. នាងក្របួចមាត់ខឹង ព្រោះ គឺអ្នកដែលកំពុងជាមេបញ្ហានោះហើយដែល SMS មក។
«អបអរថ្ងៃដំបូង ញ៉ាំបាយជាមួយគ្នាទេ?»
នាងរេភ្នែកលួចមើលគេឯងជុំវិញខ្លួន ហើយលើកទូរសព្ទមកចុចបិទចោលតែម្ដង។ ចិត្តមួយរិះគិតស្ងាត់ៗម្នាក់ឯង៖
«ដេត ភូមិន្ទអើយ បើបងឯងចេះគិត កុំឡើងមកបន្ទប់ខ្ញុំឱ្យសោះ ដឹងអត់?!»
នាងក្ដាប់មាត់ពិបាកចិត្ត ហើយសម្លឹងទៅរកអេមីដែលនៅស្ងប់ស្ងៀម។
ប្រហែលគេនោះអាចជួយនាងឱ្យនិយាយអ្វីចេញខ្លះរម្ងាប់អារម្មណ៍ដ៏តឹងតែងនេះ។
នាងទាញបើកកុំព្យូទ័រ ហើយរុករកគេក្នុង Facebook។
អូហូ! គេមាន Facebook មួយដែលមានសកម្មភាពច្រើនណាស់។ រូបភាពគេមួយៗល្អៗប្រកបដោយអត្ថន័យសិល្បៈ និងមានអ្នកគាំទ្រច្រើន។ គេពិតជាអ្នកច្នៃម៉ូដនៃក្រុមហ៊ុនធំពិតមែន។
នាង Add គេមួយរំពេច ហើយចាប់ផ្ដើម Chat៖
«អេមីជឿទេ? យើងពុំមែនជាស្រីរបស់អ្នកណា ហើយក៏មិនមែនខ្សែទុយោអីរបស់លោកភូមិន្ទដែរ!»
អេមីនៅទ្រឹងនៅមុខកុំព្យូទ័រ តែសន្សឹមៗគេងាកមកមើលនាង។
ស៊ីវី ខំញញឹមទាំងមិនសូវស្រស់ តែទឹកមុខស្លូតបូតបរិសុទ្ធរបស់នាងធ្វើឱ្យអេមីទប់ចិត្តរំភើប អាណិតមិនបានគេក៏អស់សំណើច។
«ដឹង! អត់អីទេ កុំយកទុកក្នុងចិត្តអី!»
ស៊ីវីអរណាស់ នាងតបវិញភ្លាម៖
«អរគុណណាស់! អរគុណដែលអេមីយល់ចិត្តណា៎!»
គេអានហើយ សំងំគិតបន្តិចទើបសម្រេចចិត្ត។
សំឡេងគេលាន់មកឮៗពេញបន្ទប់៖
«ស្រទន់! យើងញ៉ាំបាយថ្ងៃត្រង់ជាមួយគ្នាទេ? អបអរថ្ងៃចូលធ្វើការថ្មី!»
ស្រីតូចងាកសម្លឹងជុំវិញខ្លួន ព្រោះអ្នកឯទៀតងើបមុខមកមើលពីរនាក់គេ។
អេមីពិតជាមានឥទ្ធិពល មានភាពប៉ិនប្រសព្វ ហើយអាចស្ដារបរិយាកាសបានពិតមែន បានជាអ្នកផ្សេងៗទៀត សម្រួលទឹកមុខបន្ទោរមកជាបន្តបន្ទាប់៖
«តោះៗ ល្អណាស់ អេមីប៉ាវទៅហើយ!»
អេមីក្តាប់មាត់ចង្អុលតបពួកគេ៖
«ឆ្លៀតឱកាសណាស់ពួកឯង!»
…..ដូច្នេះហើយក្នុងបេះដូងស្រីតូច អេមីគឺជាមិត្តម្នាក់។
នាងញញឹមស្រស់ ហើយស្ទុះក្រោកពីតុ ឈរបែរក្រោយទៅរកគេឯងគ្រប់គ្នា។
នៅឯជ្រុងនោះ ធានិតនៅតែជ្រប់មុខក្រញូវ….
ចិត្តស៊ីវីហេងហាង គាប់ជួបសំឡេងរបស់អេមីហើរមកបន្ថែម៖
«ចុះធានិត! ឯងចង់ញ៉ាំអី?!»
ធានិតជាគោលដៅនៃការសម្លឹងរបស់ស្រីតូចយើង ប៉ុន្តែធានិតមិនត្រឹមតែមិនត្រេកអរ ថែមទាំងទាញកាបូបស្ពាយចេញវឹង មិនសម្លឹងស៊ីវីដែលខំញញឹមរង់ចាំចម្លើយនោះឡើយ។
«អត់ទៅទេ! ខ្ញុំរវល់!»
ស៊ីវីរុះរោយទឹកមុខដែលខំរីកប៉ប្រិម ឈរបែរទៅរកគេសង្ឃឹមថា សន្តិភាពនឹងកសាងបាន ដឹងអីនាងបានត្រឹមឈរទ្រឹងកំដរដំណើរធានិតដែលចាកចេញពីបន្ទប់ដោយ មុខក្រញូវ។
នាងឈរគិត… សាកគិត…. សាកប្រើចិត្តខ្លួនជានារីស្គមស្ដើងនោះ… នៅសុខៗធ្វើការយូរហើយ មិនបានឡើងឋានៈ បែរជាអ្នកផ្សេងម្នាក់មិនដែលឃើញមុខមកកាត់មុខទៅបាត់ ហើយមេធំបានគាំទ្រដល់កន្លែង…. ហើយដណ្ដឹងសួរខ្លួនឯង….
«យើងសមណាស់ដែលត្រូវគេទុកថាជាស្រីរបស់នាយក?»
នាងបែរមករកអេមី ហើយនិយាយ៖
«អេមី! តិចទៀតខ្ញុំមកវិញ!»
នាងរួសរាន់ចាកចេញទៅដែរ ធ្វើឱ្យអេមីទាញដៃមកវិញឃាត់៖
«ស្រទន់! ឯងកុំទៅតាមគេ បណ្ដោយទៅ!»
ស្រីតូចសម្លឹងមិត្តថ្មីដោយកែវភ្នែកស្រពោន នាងនិយាយតប៖
«ហ្នឹងហើយ! តែខ្ញុំ….ខ្ញុំត្រូវទៅរកអ្នកផ្សេង!»
អេមីលែងដៃ តែចិត្តភេទទីបីប្រហែលៗស្មានថា ប្រហែលជាគេអាចទាយត្រូវពីកន្លែងដែលតួស្រីកំពុងបោះជំហានទៅ។
គេឆ្លៀតផ្គាំតាមពីក្រោយ៖
«ឯងកុំឆេវឆាវ! ធានិតខឹងតែបន្តិច នឹងបាត់វិញធម្មតាហើយ! កុំឱ្យប៉ះពាល់ដល់ការងារថ្មីរបស់ឯង ក៏កុំឱ្យក្រុមយើងមើលមុខគ្មានមិនចំ!»
ស្រីស្រស់ស្រទន់រេ ភ្នែកសម្លឹងមុខមិត្តនេះចុះឡើង។ ស្មារតីនាងវិលទៅដល់ចម្លើយជាច្រើននៃចំណោទដែលថា តើអេមីខ្លាចនាងខឹងតបនឹងធានិត ហើយធ្វើបាបជំនួយការនោះ ឬអ្នកច្នៃម៉ូដកំពុងខ្លាចនាងទៅរកអ្នកដែលនាំនាងចូល ហើយលះបង់តំណែងឱ្យធានិត?
នាងនិយាយតបវិញមួយៗ៖
«អត់អីទេ អេមី!»
នាងបន្តចេញទៅ តែមិនដឹងនឹកឃើញយ៉ាងម៉េចក៏បែរត្រឡប់មកវិញ ហើយបន្ថែមប៉ុន្មានម៉ាត់ទៀត៖
«អេមីជាមិត្តរួមការងារល្អម្នាក់!»
ភេទទីបីហាក់ទោរទន់ចិត្តនឹងពាក្យសរសើរនេះ គេឈរឆ្កុបតាមសម្លឹងនាងពីក្រោយ។
ពេលដែលស្រីតូចយោងដំណើរចេញទៅ ជាងច្នៃម៉ូដនឹកឃើញភ្លាមទៅដល់សម្ដីរបស់ដាអ៊ីណា…..
«បើមិនទៅរកគេសួរនាំ ឱ្យគ្នានៅទ្រាំឱបភ្លើង?!»
«ឱបភ្លើងអីទៅ? ប្រហែលជាលោកភូមិន្ទឃើញនៅកន្លែងក្មេងកំព្រាក៏កើតចិត្តអាណិតអាសូរ ជួយៗយកតែបុណ្យទៅទេ! កុំយកកំហឹងទល់កំហល់ណាដាអ៊ីន!»
«អាណិត??? ឯងមិនដឹងទេថា អាកាលដែលអាណិតហ្នឹង វាស្អិតជាងស្រលាញ់ទៅទៀត ឯងលែងដៃយើងអេមី!»
ជាងច្នៃម៉ូដដកដង្ហើមឃូរ តែមិនមែនបានធូរចិត្តប៉ុន្មានទេ គឺពិបាកចិត្ត…. ស្គាល់គ្នាទើបតែប៉ុន្មាននាទី និយាយគ្នាទើបតែបានប៉ុន្មានម៉ាត់ អ្វីមួយជាសម្ងាត់បានបង្គាប់ចិត្តគេឱ្យភ័យបុកពោះជំនួសដាអ៊ីណា ថា ការស្មានរបស់ដាអ៊ីណាអាចនឹងត្រូវច្រើនភាគរយណាស់…. បុរសនោះអាចនឹងលង់ចំពោះចរិតឡិកឡក់ តែទៀងត្រង់របស់នារីថ្មីម្នាក់នេះ?
«ដាអ៊ីនអើយ! ហេតុអ្វីខ្លួនយើងក៏យល់ថា ស្រីម្នាក់នេះមានអ្វីមួយល្អៗ ហើយចម្លែកៗ?!»
គេគិតក្នុងចិត្តដោយព្រួយបារម្ភ ចំណែកតរុណីស្រីស្រទន់ឈានមកដល់មាត់ទ្វារបន្ទប់បុរសល្មម….
«ចូលមក!»
សំឡេងគេអនុញ្ញាត តែគ្មានភាពទន់ភ្លន់ដូចដែលធ្លាប់វាចាលេងសើចមកកាន់នាងនោះឡើយ។
តែ …. ក៏ប្រហែលជាមកពីគេមិននឹកស្មានថា អ្នកដែលគោះទ្វារមករំខានពេលគេធ្វើការនេះគឺនាង…
ស្រីតូចរុញទ្វារចូលទៅ ឯគេក៏បែរមកពីបង្អួចវិញ ទំនងជាកំពុងនិយាយទូរសព្ទជាមួយអ្នកណាម្នាក់។
ទឹកមុខហត់នឿយរបស់គេប្រែទៅជាស្រាយស្រស់ ពេលឃើញនាងទោះនាងធ្វើមុខក្រញូវសម្លក់សម្លឹងមក។
«ប៉ុណ្ណឹងចុះ! ចាំបងខលទៅវិញ!»
គេប្រហែលជានិយាយជាមួយមនុស្សស្រី បើតាមសម្ដីគេទន់ភ្លន់យ៉ាង។
ប៉ុន្តែនាងមិនខ្វល់…ឱ្យតែទូរសព្ទដៃគេត្រូវបានដាក់ចុះដល់លើតុភ្លាម នាងនិយាយវឹង៖
«ខ្ញុំជាស្រីរបស់បងឯងពីពេលណាមក?!»
នាងក្រញូវខឹង តែគេឃើញនាងជាតួសម្ដែងទៅវិញ។
បបូរមាត់នាយអាក់នឹងសម្ដីអសុរោះដែលនាងចោទសួរ ប៉ុន្តែស្នាមញញឹមលេចមកវិញសន្សឹមៗ។ គេញាក់ស្មាតបមកភ្លាម៖
«អ៊ីចឹង….មានយើងហ្នឹងជាប្រុសរបស់បង?!»
នាងហួសចិត្ត តែរកខឹងតទៅទៀតក៏មិនបាន ពេលដែលហាមាត់និយាយមិនរួច ហើយត្រូវគេញាក់ចិញ្ចើមឌឺទៀត។
នាងជ្រួញចិញ្ចើមរអ៊ូភ្លាម៖
«ដេត ភូមិន្ទ បងឯងឈប់លេងទៅ! ធានិតធ្វើការយូរហើយ គេគួរត្រូវបានទទួលតំណែងជាពិធីការ មិនមែនជាជំនួយការទេ! ចំណែកខ្ញុំ នៅសុខៗបានតំណែងមួយនេះមក មិនដឹងអ្នកណាកើតទុក្ខ អ្នកណាសប្បាយខ្លះនោះទេ បងឯងដឹងអត់?!»
គេប្ដូរទឹកមុខ ហើយថយទៅអង្គុយលើសាឡុងរិះគិត។
គេទំនងជាខំ រកនឹកមើល តើអ្នកណាម្នាក់ទៅឈ្មោះថាធានិត ប៉ុន្តែគេមិនបណ្ដោយឱ្យនាងរង់ចាំយូរទេ ដូច្នេះគេស្រាយទឹកមុខក្រោកទៅអូសដៃស្រីស្នេហ៍ដែលឈរច្រងុកៗនោះ មកអង្គុយក្បែរម្ខាង ហើយនិយាយទាំងជើងគងអន្ទាក់ខ្លា។
«បើគេសមនឹងបានឡើងតំណែង មេកោយគេចេះគិតគេហើយ យើងទើបតែមកធ្វើមេគេបានមួយថ្ងៃ យើងចេះគិតអីទៅ!»
«បងឯងក៏ចេះនិយាយដែរ! ដឹងថាខ្ញុំមិនដឹងរឿង គ្មានបទពិសោធន៍ ហើយគ្មានទេពកោសល្យ នៅមិននៅ មកធ្វើមេរបស់ធានិត បងជួយខ្ញុំឬក៏ធ្វើបាបខ្ញុំទៅ!»
គេសើចតិចក្រឡេកមករកនាង។
«ទ្រាំៗទៅ!»
នាងសម្លក់កែវភ្នែកបុរសនេះ ហើយរអ៊ូ៖
«បងឯងចេញបញ្ជាទៅ ឱ្យខ្ញុំធ្វើជាជំនួយការរបស់ធានិត ហើយឱ្យគេឡើងតំណែង!»
«អូហូ! ចឹងផងលោកស្រីប្រធាន?! លោកស្រីមកដាក់បញ្ជាឱ្យអ្នកណាអ៊ីចេះ?»
«មិនមែនបញ្ជាតែ គឺ…..!»
«បើមិនមែនបញ្ជាល្អហើយ ចូរស្ដាប់បញ្ជាវិញ! ល្ងាចនេះ មានគ្រូពីរនាក់ដែលជំនាញខាងពិធីការ និងគ្រប់គ្រងសិល្បៈក្រោយឆាក គេមកពីហ្វីលីពីននិងឥណ្ឌា! ការងាររបស់យើងគឺស្ដាប់គេ! ប្រាប់ឱ្យហើយ ចំណាយពេល២អាទិត្យនេះជាមួយគេ! មិនយល់អ្វីក៏សួរគេទៅ»
នាងនៅស្ងៀម ចាំស្ដាប់គេ ហើយចាប់អារម្មណ៍ជាខ្លាំងនឹងការរៀបចំនេះ។ នាងយល់ថា គេហាក់ដូចជាកំពុងរកមធ្យោបាយផ្ដល់ចំណេះដឹងឱ្យនាង ហើយនាងពិតជាចង់បានឱកាសនេះពិតមែន។
តែទន្ទឹមនឹងនោះ នាងនៅតែនឹកឃើញដល់អ្វីៗកាលពីនៅឯបន្ទប់ធ្វើការ។
«ដេត ភូមិន្ទ បងឯងដឹងទេថា អ្នកផ្សេងគិតយ៉ាងណាដែលបងឯងនៅសុខៗមកល្អជាមួយខ្ញុំម្ល៉ឹងៗ?!»
គេញឹមៗ ហើយសម្លឹងចំកែវភ្នែកទុក្ខព្រួយរបស់នាង៖
«ចុះយើងគិតយ៉ាងណា?»
«ខ្ញុំគិតយ៉ាងណាមិនសំខាន់ទេ សំខាន់ពួកគេ….!»
«បងគ្មានពេលទៅខ្វល់ពីអ្វីដែលពួកគេគិតទេ!!»
«បងឯងត្រូវតែខ្វល់ ព្រោះពួកគេកំពុងខូចចិត្ត!»
«បងអាចខ្វល់តែពេលដែលយើងនេះខូចចិត្ត!»
នាងនៅទីទើរដែលគេ មកនិយាយត្រង់ៗ និយាយចំៗ ហើយគ្មានហេតុគ្មានផលបែបនេះ ទោះបេះដូងនាងរង្គើញាប់ញ័រក្រោមមន្តស្នេហ៍គេក៏ដោយ។
គេបន្ថែម ពេលនាងរកហាតមួយម៉ាត់មិនរួច៖
«ពួកគេក៏គួរតែអរ ព្រោះបងឱ្យមេក្រុមល្អមួយទៅគេ!»
«ខ្ញុំមិនសមទេ! ខ្ញុំគ្មានបទពិសោធន៍!»
«តែយើងមានទេពកោសល្យ យើងជាអ្នកសិល្បៈពីកំណើត ជាអ្នកគ្រប់គ្រងដែលមានចរិតដឹកនាំពីធម្មជាតិ ហើយយើងជាមនុស្សស្រីស្អាតហើយល្អទៀត!»
នាងក្រហមមុខងៅដែលគេមកសរសើរចំៗ សរសើរត្រង់ៗ មិនទុកសូម្បីប្រលោះមួយឱ្យនាងដកដង្ហើមឱ្យបានត្រឹមត្រូវ។
«បងឯងសរសើរគេ អត់ចេះគិតគេសោះ!»
នាងរអ៊ូតិចៗជាមួយផែនថ្ពាល់ក្រហមទុំ ធ្វើឱ្យភាគីខាងប្រុសស្លុតចិត្ត គិតដល់អ្វីគ្រប់យ៉ាងដែលគេត្រូវសរសេរពីនាងបន្តទៀតក្នុងកំណត់ ហេតុរាត្រីនេះ។
សំឡេងគេលាន់មកតិចៗ ជាមួយផ្ទៃមុខគេ បុរសចាញ់ស្នេហ៍ដែលឱនមកសម្លឹងនាង៖
«ហើយសរសើរក៏ខុសទៀត!?!»
«មកពីខ្ញុំមិនល្អដល់ម្ល៉ឹង មិនល្អដូចបងឯងនិយាយ!»
នាងងើបមុខរ៉ាវវាក់អ៊ើនឹងនេត្រាពេញដោយស្នេហ៍របស់គេ នាងនៅភ្លឹកសម្លឹងគេ ព្រោះខ្សែភ្នែកប្រទាក់គ្នា។
«និយាយទៀតមក!»
គេតឿន ឯនាងងាកមុខចេញគេចចុះឡើង៖
«គ្មានអីនិយាយទេ!»
«មែនអ្ហី?!»
«គឺ… ចង់និយាយថាខ្ញុំស្មានថា ខ្ញុំសំណាងបានធ្វើការនៅកន្លែងមួយដែលល្អអ៊ីចឹង ហើយធ្វើការបានដោយមានសន្តិភាពយូរអង្វែង!»
គេសើចខឹកៗសម្លឹងនាងដែលរអ៊ូ។
«បងឯងសើចធ្វើអី? សើចសប្បាយចិត្តបានស្រួលណាស់ តែខ្ញុំវិញទេដែលត្រូវគេនិយាយដើម!»
«គេនិយាយដើម ឬមិននិយាយ សំខាន់យើងស្ដាប់គេឬអត់? ចំណែកសន្តិភាពឯណាបានមកទទេៗបើមិនទៅវាយដណ្ដើមមក! ហើយបទពិសោធន៍ បើមិនចាប់ផ្ដើមសិន តើបានបទពិសោធន៍ពីណាមក?!»
«តែខ្ញុំអាចចាប់ផ្ដើមជាកូនចៅគេ!»
«ខ្ជះខ្ជាយពេកហើយ!»
«មានន័យថាម៉េច?!»
«គេមិនយកមនុស្សមានទេពកោសល្យទៅធ្វើការចង្ក្រានចានឆ្នាំងទេ!»
«អត់យល់ទេ?!»
គេសម្លឹងចំភ្នែកនាង ហើយញញឹម។ នាងឆ្ងល់ នាងគិតនាងរង់ចាំស្ដាប់ ហើយភាពទៀងត្រង់បរិសុទ្ធលើផ្ទៃមុខរបស់ស្រីតូចបានឆាបយកបេះដូង បុរសនេះត្រួតពីលើត្រួត។
បបូរមាត់គេវាចាមួយៗសំដៅមកនាងដែលនៅរង់ចាំស្ដាប់ដោយអន្ទះសា៖
«ស្រីម្នាក់ដែលចេះស្ដារស្ថានការណ៍ ហើយបង្កើតការសម្ដែងឥតព្រាងទុក ប្រើខ្យល់ជាកម្លាំង គ្រាប់ភ្លៀងជាហ្វា ហើយហ្គីតាជាទ័ព បទចម្រៀងជាសម្ផស្ស ស្នាមញញឹមជាសំឡេង រឿងអីថា មិនអាចធ្វើជាពិធីការគ្រប់គ្រងបញ្ជាឆាកសិល្បៈមួយបាន!»
នាងចំហមាត់ ពេលគេរំលឹកពីរឿងអស់នោះ ហើយស្មារតីនាងបានចងចាំឡើងមកវិញថា ហេតុអ្វីសកម្មភាពនាងអំបាលម៉ានត្រូវបានគេយកមកវិភាគស្ទាត់ជំនាញ ម្ល៉េះ?
នាងរអ៊ូតិចៗទាំងនៅភ្លឹកខ្លះៗនៅឡើយ៖
«បងឯងតែងកំណាព្យហ្មែន?»
គេញញឹមតបនឹងកែវភ្នែកនាង ហើយប្រស្រីភ្នែកនាងវិញបានបង្ហើបចេញនូវចលនារាំរំពើតរបស់ខ្លួន ឯងពីក្រោមដើមចំប៉ា និងលំអងចន្ទ្រា….
«ជារៀងរាល់យប់ យើងច្រៀងបទចម្រៀងដដែលៗ នៅកន្លែងដដែលៗ ហើយសំឡេងដដែលៗ កាយវិការដដែលៗ ប៉ុន្តែហេតុអីទស្សនិកជនរបស់នាងមិនចេះធុញទ្រាន់? ផ្ទុយទៅវិញ ទៅជាញៀនវង្វេងនឹងការសម្ដែងនោះ? ឆ្លើយមកស្រទន់!»
«អត់ដឹងទេ! មិនដឹង! អត់សម្ដែងអីទេ គឺខ្ញុំច្រៀង! ខ្ញុំបំពេអាទូច!»
គេ សម្លឹងមើលនាងដែលថយឆ្ងាយទៅៗពីគេ ព្រោះតែកែវភ្នែកគេសម្លឹងទៅជាមួយនឹងវាចាសម្ងាត់មានអត្ថន័យចង់ ក្រសោបនាងទុក។
លូកដៃទៅរកប្រអប់ដៃនាងទាំងដឹងហើយថា នាងតូចនេះនឹងដកចេញទៅភ្លាម។
ពេលនោះនាងពិតជាមានសកម្មភាពដូចដែលគេបានគិត មិនតែប៉ុណ្ណោះ នាងក្រោកចោលគេ ហើយបែរខ្នងដាក់ទៀត។
បុរសបានត្រឹមញញឹមសម្លឹងនាង។
ស្រីស្អាតជ្រួញចិញ្ចើម និយាយរ៉ាវ៖
«ភ្នែកបងឯងសមតែជាព្រាននារីទេ!»
«ធ្លាប់ជួបព្រាននារីប៉ុន្មាននាក់ហើយបានជាទាយត្រូវម៉េះ?!»
នាងនៅស្ងៀមឱបដៃ មិនដឹងគិតអ្វីឱ្យត្រូវ?
ម្យ៉ាងពេញចិត្តនឹងជោគជតាដែលនៅមិននៅមកជួបទេវបុត្តចិត្តធម៌ ជ្រោមជ្រែងមិនមើលប្រាណ ម្យ៉ាងពិបាកត្រង់ថា តើទៅប្រឈមនឹងការពិតបានដោយរបៀបណា បើខ្លួនគ្មានអ្វីទុកជាទុនពិតមែន???
…..រាត្រីនេះព្រះចន្ទ្រាភ្លឺថ្លា…. ចិន្តាសែនខ្វល់ម្ល៉េះទេ…..
សំឡេងច្រៀងនេះតូចឆ្មារមិនច្បាស់ មិនណែន ប៉ុន្តែនាងបើកភ្នែកទាំងសងធំៗ ដូចស្គាល់វាច្បាស់ណាស់។ ដូច្នេះហើយជាមួយភាពភ្ញាក់ផ្អើល នាងងាកមកវិញ….
បុរសចម្លែកនេះគេថតរូបយើងពិតណាស់?…. នេះគឺយើងកំពុងច្រៀង…? គេនេះរោគចិត្តមែនហើយ? តើគេបានវាពីណាមក? គេអាត់វីដេអូយើងច្រៀងទុកធ្វើអីក្នុងទូរសព្ទដៃគេ???
បបូរមាត់ គេខាំចូលគ្នានៅក្រោមពន្លឺកែវភ្នែកស្រីតូច…. ភ្នែកគេផ្ដោតលើអេក្រង់ទូរសព្ទ ហើយសន្សឹមៗគេងើបមុខមករកនាង។ នាងដកដង្ហើមឃូរកណ្ដាលភាពងឿងឆ្ងល់ និងគាំងថប់ ព្រោះតែភ្ញាក់ផ្អើល…..
«បងឯងនេះអស់កែហើយ!»
នាងនិយាយតិចៗ តែកែវភ្នែកនាងគឺពេញដោយមនោសញ្ចេតនា និងការរន្ធត់ចំពោះស្នេហារបស់នាយ។
គេទម្លាក់ដៃដែលកាន់ទូរសព្ទចុះ ហើយដើរមករកនាង៖
«ហើយយើងចង់កែកន្លែងណាខ្លះអ្ហះ?»
នាងមិនគេចទៅណា ហើយនៅឈរសម្លឹងទូរសព្ទលើដៃគេ។
នាងលូកទៅ ដណ្ដើមគេរហ័សជាង គេរេកដៃគេចចេញ ហើយដៃម្ខាងលូកមកចាប់បានប្រអប់ដៃនាងច្បូតថ្នាក់ថ្នមដល់ម្រាម ទាំង៥ មុនពេលនាងរលាស់ដៃគេចោល។
«រឿងប៉ុនភ្នំមិនឆាប់ទៅដោះស្រាយទេ! មនុស្សនិយាយខ្សឹបខ្សៀវពេញកន្លែងទៅហើយ!»
«អូខេ! និយាយខ្សឹបខ្សៀវដេញចោលឱ្យអស់!»
នាងបែរមកទាំងហួសចិត្ត៖
«បងឯងមនុស្សចង់ឈ្នះ?»
«ទៅកែលំអកូនក្រុមយើងទៅអ៊ីចឹង មុនពេលភាពមានះរបស់ខ្ញុំវាធ្ងន់ជាងនេះ!»
គេញាក់ចិញ្ចើម….
«នេះអ្ហេះដំណោះស្រាយ??? អ៊ីចឹងមិនបាច់ទេ ខ្ញុំចេះដោះស្រាយហើយ!!»
នាងដើរយឺតៗចេញទៅ សំឡេងគេលាន់មកតិចពីក្រោយខ្នង៖
«ត្រូវទុកចិត្តខ្លួនឯង! មានឱកាសត្រូវចេះប្រើ!!!»
នាងចាកចេញមិនបែរក្រោយ ព្រោះហាក់ចំណាយពេលយូរពេកហើយនឹងកែវភ្នែកអណ្ដែតអណ្ដូងរបស់គេ។
ទោះបីយ៉ាងណា អារម្មណ៍នាងមិនបានចាកចេញពីទីនោះដូចស្នាមជើងរបស់នាងឡើយ…
គេនេះជាអ្នកណា ម៉េចក៏គេធ្វើល្អនឹងយើង លន្លង់លន្លោចចំពោះយើងដូចស្គាល់គ្នាបាន១០០ឆ្នាំមកហើយអ៊ីចឹង?
គេនេះអាងអីបានជាចេញមុខការពារយើង ហើយអាងអីជឿថាយើងនឹងមិនធ្វើឱ្យគេខកចិត្ត?
អេមីបង្ហាញខ្លួន ហើយឈរក្រពាត់ដៃរង់ចាំ…..
ស្រីតូចលើកចិញ្ចើមពិបាកចិត្តសម្លឹងរកមើលអ្នកផ្សេងទៀត….
«យើងដឹងហើយអេមី គ្មានអ្នកមកញ៉ាំបាយជាមួយយើងទេ ក្រៅតែពីឯង!»
«យើងក៏ដឹងដែរថា ឯងមករកលោកភូមិន្ទនៅទីនេះ ហើយមករកដើម្បីអ្វី ក៏យើងដឹង!» អេមីតបដោយញញឹម។
នាងរួសរាន់រុញគេចេញពីទីនោះ ហាក់ភ័យថា ត្រូវបុរសនោះចេញមកទាន់ ពេលពួកនាងកំពុងជជែកគ្នា។ មកដល់ក្រៅអគារ អេមីធ្វើដៃបង្ហាញនាងឱ្យដើរតម្រង់ទៅរកទីលក់អាហាររបស់ ក្រុមហ៊ុន។
នៅអង្គុយតទល់នឹងគេ នាងចាប់ផ្ដើមនិយាយ៖
«ម៉េចឯងដឹងថាខ្ញុំទៅរកគេ ហើយនិយាយអ្វីនឹងគេ?»
«មើលតាមចរិតឯង!» អេមីឆ្លើយធ្វើហី តែស៊ីវីធ្វើហីមិនបានឡើយ នាងតបដោយពេញចិត្តនឹងមិត្តភាពនេះ៖
«ឯងជាមនុស្សយល់ចិត្តគេណាស់!»
«មិនប្រាកដប៉ុន្មានទេ ព្រោះថាយើងនៅតែឆ្ងល់រឿងមួយ!»
«រឿងអ្វីទៅ?!»
«បើលោកភូមិន្ទ មិនចង់ឱ្យអ្នកផងនិយាយ គាត់គួរតែធ្វើអ្វីៗឱ្យស្អាតល្អជាងនេះ!»
«មានន័យថាម៉េច?!»
«យើងចង់មានន័យថា គាត់ដូចជាចង់ឱ្យមានពាក្យចចាមអារ៉ាមនេះ!»
«ថាម៉េច?!»
អេមីទីទើរឈប់និយាយ ស៊ីវីក៏ឈ្ងោកបរិភោគទាំងសៅហ្មងចិត្ត គឺនាងខំលេបទាំងចិត្តមិននឹកឃ្លាន។
សំឡេងភេទទីបីលាន់មកបន្ថែម៖
«ឯងមិនឆ្ងល់ខ្លះទេថា នាយកផ្នែកពាណិជ្ជកម្មនេះ កំពុងចង់បានឯង?!»
នាងរុញរា តែឆ្លើយទាក់ៗ៖
«ត្រូវហើយ! ឆ្ងល់ណាស់ដែលគេមកចង់បានយើងជាពិធីការទាំងដែល……!»
អេមីកាត់ផូង៖
«មិនមែនរឿងហ្នឹងទេ គឺ…. គឺគេទំនងចង់បានអីលើសពីហ្នឹង!»
នាងយល់ ហើយប្រកែកផូង៖
«តែយើងមិនបានដឹងខ្លួន! គឺមិនបានមានអ្វីនឹងគេទេ!»
អេមីអស់សំណើចដែលនាងតឹងតែងចិត្តពេញទំហឹងបែបនេះ។ ជាងច្នៃម៉ូដសើច ហើយក៏សួរវិញ៖
«ហើយភ័យពេកធ្វើអី? ទោះបីជាមែនក៏ដោយ គេនៅកំលោះ ឯងក៏នៅក្រមុំ ពីណាហាម???!»
«តែយើងមិនមែន…..!»
អេមីញញឹមមើលមកនាង តែលេងនិយាយអ្វីបន្ថែម។ ស៊ីវីសម្លឹងមិត្តថ្មីម៉ក់ៗ ហើយស្រដីមិនចេញដូចគ្នា។
ទីបំផុតនាងបកស្រាយ៖
«ត្រូវហើយគេនោះចម្លែកៗ គេធ្វើដូចជាស្គាល់យើងជាយូរមកហើយ! យើងក៏មិនដឹងដូចគ្នា ថា….ថាហេតុអី?!»
«ប្រាប់បានទេ ថាលោកភូមិន្ទជួបឯងដំបូងនៅកន្លែងណា?»
នាងនៅទ្រឹង…. មិនមែននាងមិនចង់និយាយប្រាប់នោះទេ តែនាងកំពុងរកនឹក….
តើគេស្គាល់យើង នៅយប់នោះដែលយើងឡើងទៅរករឿងគេកូតទ្រ ឬមួយកាលពីល្ងាចនោះដែលគេមកបរិច្ចាគលុយ ឬមួយនៅយប់មួយដែលគេលួចថតយើង….? នាងនៅស្ងៀម មិនដឹងត្រូវនិយាយយ៉ាងណា ស្រាប់តែអេមីបន្តមកទៀត៖
«ថ្ងៃណាក៏ឯងមិនចាំ?!»
នាងងក់ក្បាលយឺតៗ អេមីដកដង្ហើមធំ ហើយក្រពាត់ដៃ៖
«និយាយពីថ្ងៃមួយណាដែលឯងចាំមកក៏បាន! គឺរវាងឯងនិងគេ!»
សំឡេងមួយស្រួយស្រែសលាន់មកផ្ដាច់សង្វាក់សន្ទនា។
«អេមី!»
អេមីបែរទៅ ឯស៊ីវីងើបមុខដែរ។
នោះគឺទេពអប្សរក្នុងផ្ទាំងរូបថតដែលពេលនេះសម្រស់នាងនៅខាងក្រៅ មិនអាចឱ្យស៊ីវីមើលច្រឡំបានឡើយ គឺស្អាតណាស់។
ដាអ៊ីណាទាំងសាច់ទាំងឈាម ឈរក្បែររថយន្តរបស់នាង ហើយកែវភ្នែកនាងមិនបានខ្វល់ក្រឡេកមករកភ្ញៀវរបស់អេមីឡើយ។
តារាស្រីមានចេតនាធ្វើមិនឃើញ ឬមួយនាងមានចេតនាបង្ហាញចេញពេញទំហឹងពីភាពឆ្មើងកន្ទ្រើងក្នុងនាមជាតួឯកម្នាក់៖
«ខ្ញុំមកលអាវ!»
អេមីដកដង្ហើមឃូរ។
គេដឹងថា មិត្តចាស់មិនសប្បាយចិត្តនឹងខ្លួនដែលមកបាយជាមួយមិត្តថ្មី ឯពាក្យ «លអាវ» នោះគឺជាលេស។
ភេទទីបីក្រោកយឺតៗ ព្រោះនាងត្រូវតែធ្វើអ្វីមួយ មុនពេលភ្នំភ្លើងផ្ទុះកំអែចេញមកបាន៖
«បានៗ! អូខេ! ទៅហើយ!»
ស៊ីវីងើយមុខសម្លឹងភាពអន្ទះសារបស់គេដែលក្រោកចោលចានបាយទើបបានប៉ុន្មានម៉ាត់។
ដាអ៊ីណាពិតជាមានអំណាចពេកហើយ គេអាងអីមកលសម្លៀកបំពាក់ ក្នុងពេលដែលអ្នកច្នៃម៉ូដកំពុងហូបបាយ?
នាងថ្លោះទឹកមុខប៉ប្រិមដែលសប្បាយចិត្ត ពេលបានឃើញតារាឯក ជំនួសមកវិញនូវភាពសៅហ្មងអាណិតអេមី។
«ទៅហើយណា៎ស្រទន់! ញ៉ាំបាយពេលក្រោយ!»
នាងនៅតែជាមនុស្សមិនទប់អ្វីបាន ដូច្នេះហើយ នាងហាឃាត់វឹង៖
«ឯងញ៉ាំបាយឱ្យហើយសិនក៏បាន អេមី!»
ស្នូរស្បែកជើងកែងលាន់មកកុបៗ រួមជាមួយក្លិនទឹកអប់ដ៏មានតម្លៃជះមកឈួលឆាប។
ស៊ីវីបែរមកសន្សឹមៗ គឺមករកស្រមោលគេម្នាក់ដែលកំពុងឈរបាំងពន្លឺព្រះអាទិត្យពីនាង។
ដាអ៊ីណាស្អាតផូរផង់ក្រពាត់ដៃសម្លឹងមកនាងទាំងសោះអង្គើយ ហើយសួរ៖
«ឯងជាអ្នកណាដែលមកចាត់ចែងបង្គាប់បញ្ជានៅកន្លែងនេះ?!»
ស៊ីវីហាក់ងីងើនៅចំពោះមុខជម្លោះតក់ក្រហល់ដែលនាងមិននឹកស្មានថា វាអាចកើតឡើងទៅបាន ដូចនេះហើយ នាងធ្វើភ្នែកភ្លឹះៗមិនឆ្លើយ។
អេមីខំនិយាយសម្រួល៖
«ពិធីការថ្មី ដាអ៊ីន! អេ្ហស្រទន់ នេះប្រធានក្រុមពិធីការ អ្នកនាងដាអ៊ីណា! គោរពគាត់ទៅ គាត់ជាថ្នាក់លើរបស់យើង!»
ភ្នែក ស្រីស្អាតសម្លឹងនាងពីលើចុះក្រោម ល្មមឱ្យនាងឆ្អែតចិត្តមិនចង់តបតទេ ហើយមកឮថា នាងជាថ្នាក់លើទៀត ស៊ីវីកាន់តែច្របល់ចិត្ត។
«បងដាអ៊ីណា!»
នាងហៅតិចៗទាំងក្រោកឈរគួរសមផង។
ដាអ៊ីណាងាកមុខចេញ ហើយនិយាយផ្ដាំមុនឈានជើងចោលនាង៖
«មើលអាកប្បកិរិយាការងារឯងផង! ថ្ងៃធ្វើការដំបូងគិតតែរឿងហូបចុក! ការងារក្រោយឆាកគ្មានម៉ោងបាយទឹកទេ! បើមិនទាន់យល់អីផង ប្រញាប់ឡើងធ្វើពិធីការពេកធ្វើអី?»
នៅមានភាគបន្ត

