រឿង៖ ស្រទន់មន្តស្នេហ៏ ភាគ៥

អេមី​មិន​មាត់​មិន​ក​ ហើយ​គិត​ពី​ឈ្ងោក​ធ្វើ​ការ​របស់​គេ …..
​ហើយ​ម្យ៉ាង​ស៊ី​វី​យល់ថា គេ​ប្រហែលជា​កំពុងតែ​ផ្ដោត​អារម្មណ៍​លើ​ការ​តុបតែង​សម្រាប់​ឆាក​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃនេះ​។​
​ទោះ​យ៉ាងណា​ មើល​យូរ​ៗ​ទៅ អេមី​ហាក់​ដូច​កំពុង​មាន​អ្វី​ម្យ៉ាង​លាក់​ក្នុង​ចិត្ត​ ហើយ​គេច​ៗ​មុខ​ពី​នាង?
​ស៊ីវី​មិន​អាច​ទទួល​យក​អារម្មណ៍​សង្ស័យ​នេះ​បាន​យូរ​តទៅទៀត​ទេ។
​ចរិត​នាង​គឺ​ត្រូវតែ​ដឹង​ការ​ពិត​ឱ្យ​បាន​….
​នាង​ចាប់ផ្ដើម​ឆាត​….
«​អេមី ឱ្យ​យោបល់​យើង​បាន​ទេ?! តួឯក​ឆោម​គន់​យប់​នេះ យើង​ទៅ​មើល​ផង​បាន​ទេ​?»
«​ក្រែង​ប្អូនស្រី​របស់​ឯង ក៏​ជា​បេក្ខជន​មួយ​ដែរ​អ្ហី​? ​ទៅ​ៗ ​ពី​ណា​ឃាត់​?!»
​អេមី​ដូច​ជា​អន់​ចិត្ត​ជាមួយ​នឹង​ប្រយោគ​មិន​ងាក​ក្រោយ​របស់​នាង។
​
ស៊ីវី​កាន់​តែ​ឆ្ងល់ ​នាង​ក៏​សរសេរ​បន្ត៖
«​ចុះ​ឯង​មិន​សប្បាយ​ចិត្ត​រឿង​អី?!»
«​គឺ​ឯង​​ហ្នឹង​ហើយ! ​ឯង​នៅ​មិន​នៅ​ យក​ប្អូន​មក​ពាក់ព័ន្ធ​នៅ​កន្លែង​ធ្វើការ!»
​ស៊ីវី​ក្ដុកក្ដួល​ចិត្ត ការ​ពិបាក​លេច​ឡើង​មក​ពេញ​បន្ទុក​ ហើយ​នាង​ខំ​ពន្យល់​ទៅ​មិត្ត​ដែល​តាម​ពិត​ទៅ​ជា​មនុស្ស​មាន​ចរិត​ត្រង់​ទៅ​ ត្រង់​មក​ដូច​គ្នា។
«​ហើយ​ឯង​ខឹង​យើង​រឿង​ហ្នឹង​ឬ​អេមី​?!»
«​អត់​ទេ​! ​តើ​យើង​មាន​សិទ្ធិ​អី​ទៅ​!? តែ​យើង​ទើស​ចិត្ត​! ​ក្រែង​ឯង​មិន​ចង់​ឱ្យ​គេ​ថា​ជា​ខ្សែ​ទុយយោ​បក្ស​ពួក​នឹង​លោក​ភូមិន្ទ ចុះ​ហេតុ​អី…???»
​ភេទ​ទី​បី​សរសេរ ហើយ​ងាក​មក​សម្លក់​ស្រី​តូច​ដែល​កំពុង​ស្រពោន​ផ្ទៃ​មុខ និង​សម្លឹង​មក​គេ​ថ្មែ។
​
គេ​បែរ​ទៅ​រក​កុំព្យូទ័រ​វិញ ​និង​សរសេរ​បន្ត៖
«​អាត្មា​ឯង​មិន​ទាន់​ដឹង​យោង​បាន​ប៉ុន្មាន​ផង ចេះ​សណ្ដោង​ញាតិ​ទៅ​ហើយ​?»
​ស៊ី​វី​អស់​កម្លាំង​ដៃ​ជើង​ណាស់​ចំពោះ​វាចា​បន្ទោស​ត្រង់​ៗ​របស់​មិត្ត​ ថ្មី​នេះ។ ​នាង​តឹង​ទ្រូង​ណាស់​ ព្រោះ​មាន​តែ​គេ​ប៉ុណ្ណោះ​ដែល​ប្រាប់​នាង​ចេញ​មក​ច្បាស់​ៗ​នូវ​អ្វីៗ​ដែល​គេ ​កំពុង​គិត។
​នាង​សរសេរ​ទៅ​វិញ​ទាំង​ល្វើយ​កម្លាំងចិត្ត៖
«​ឯង​ជឿ​ឬ​មិន​ជឿ​តាម​ចិត្ត​!!? តែ​គ្នា​ចង់​ឱ្យ​ឯង​ដឹង​ថា ពណ្ណរី​ដាក់ពាក្យ​តួឯក​ឆោម​គន់​តាំង​ពី​គ្នា​មិន​ដែល​ស្គាល់​ DM Empire បែរ​មុខ​ទៅ​ណា​ផង​ទេ​!»

​ភេទ​ទី​បី​នៅ​ស្ងៀម​ ទំនង​ជា​រិះគិត​ហេតុផល​នេះ​។​
​បាន​បន្តិច គេ​សរសេរ​មក​តប​វិញ​៖
«​យើង​ជឿ​ឯង ​តើ​បាន​បានការ​អី​ទៅ​? ​ពួក​អ្នក​ដែល​ចាំ​មើល​ឯង ​គេ​ទទួលយក​បាន​ដែរ​អត់​? យក​ល្អ បើ​ឯង​ចង់​ធ្វើការ​នៅ​ទី​នេះ​មិន​ឱ្យ​មាន​បញ្ហា ឯង​គួរ​តែ​ខល​ទៅ​ប្រាប់​ប្អូន​ស្រី​ឯង​ឱ្យ​ដឹង​ខ្លួន​ផង​ទៅ​! ​ចាំ​ឯង​រឹងមាំ​សិន​ ចាំ​គិត​ទៀត​!»
​ទោះ​ដឹង​ថា​តាម​ពិត អេមី​​​បារម្ភ​ពី​នាង គេ​ប្រហែល​ដឹង​ពី​ពាក្យ​ខ្សឹបខ្សៀវ​ទាំងឡាយ​ដែល​ប្រឆាំង​នឹង​តួនាទី​របស់​ នាង​ ប៉ុន្តែ​នាង​នៅ​តែ​ត្រង់​ទៅ​ត្រង់​មក​ជាមួយ​គេ​៖
«​អេមី​! តួឯក​ឆោម​គន់​ជា​បំណង​ប្រាថ្នា​របស់​ប្អូន​ពៅ​គ្នា​! គឺ​គេ​បាន​រង់ចាំ​ឱកាស​បែបនេះ​ជា​យូរ​មក​ហើយ​! ​ឥឡូវនេះ​ គេ​បាន​ជាប់​ឡើង​ដល់​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ​ឆ្លងកាត់​រឿង​លំបាក​ស្រណុក​មក​ជា​ច្រើន បើ​ឱ្យ​គ្នា​ទៅ​ហាម​គេ ​តើ​សម​ដែរ​ទេ​?!»

​អេមី​តប​មក​វិញ​ភ្លាម​៖
«​សម​មិន​សម​ ឯង​គិត​មើល​ខ្លួនឯង​ទៅ​!​ នៅ​មិន​នៅ ឯង​មក​កាន់​តំណែង​ជា​មេក្រុម មាន​គ្រូ​បរទេស​ពពាក់ពពូន​មក​បង្រៀន​ដល់​កន្លែង នាយក​ពាណិជ្ជកម្ម​មក​លែបខាយ​សួរសុខទុក្ខ​ដល់​បន្ទប់​ធ្វើការ! ​សាង​រឿង​ទើសចិត្ត​ ស្អិត​ទ្រូង​​ពួក​អ្នក​ច្រណែន​ប៉ុណ្ណេះ​ហើយ លោតែ​ប្អូនស្រី​ឯង​ជាប់​ទៅ​ឆាក​ផ្ដាច់​ព្រ័ត្រ តើ​គេ​នឹង​និយាយ​ថា​ម៉េច​ទៀត​?!»
​ស្រី​តូច​នៅ​ស្ងៀម ​ព្រោះ​មិន​ដឹង​ត្រូវ​តប​ត​ថា​យ៉ាងណា​។​
​ស្នូរ​ទ្វារ​បន្ទប់​របើក​ចូល​មក​ក្នុង ​ដោយ​ពុំ​មាន​គោះ​សុំ​ជា​មុន ​ឬ​ឱ្យ​សញ្ញា​អ្វី​ទេ​។​
​ដូច្នេះ​ហើយ អ្នក​ដែល​ដែល​ទើបនឹង​មក​ដល់​នោះ ប្រាកដ​ជា​មនុស្ស​ដែល​មាន​ចរិត​មិន​គោរព​អ្នកផង​ ឬ​អាច​ថា​គេ​មាន​ឋានៈ​ខ្ពស់​ជាង​អ្នក​ទាំងអស់​នៅ​ទីនេះ​។​

​ត្រូវ​ហើយ​ គេ​នោះ​គឺ​ស្រី​ស្អាត​បំផុត​របស់​ DM Empire​។​
«​បង​ដា​អ៊ី​ន​!»
​ម្នាក់ៗ​ហៅ​ឈ្មោះ​នារី​តួឯក​ដោយ​គោរព​ ហើយ​ក្រោក​ពី​កៅអី​ទទួល​ដំណើរ​មក​ដល់​របស់​នា​ង​ផង។
​ប៉ុន្តែ​គោលដៅ​របស់​ដាអ៊ីណា ពុំ​មែន​ពួកគេ​ឯណា នាង​មាន​ចេតនា​មក​រក​ស្រី​តូច​ចូល​ថ្មី​ដែល​មាន​ឈ្មោះ​ «​ស្រទន់​»​ គួរ​ឱ្យ​គ្រឺត​ចិត្ត​។​
«​ស៊ី​វី​!»
​ដាអ៊ីណា​ហៅ​ឈ្មោះ​នាង​ត្រជាក់​ស្រេប​ ធ្វើ​ឱ្យ​នាង​ឆ្លើយតប​វិញ​យ៉ាង​រហ័ស​ដែរ​៖
«​ចា៎ស​!»
​ដាអ៊ីណា​ញញឹម​បញ្ចេញ​ថ្ពាល់​ហ្មត់​រលោង ​ហើយ​ងាក​មក​សម្លឹង​តទល់​គ្នា​ជាមួយ​សត្រូវ​បេះដូង​។

នារី​បង្ហាញ​ម៉ូដ​និយាយ​តប​មករ​ក​គូ​សន្ទនា​ដែល​កំពុង​មាន​ទឹកមុខ​ខ្វល់ខ្វាយ​។​
​នាង​និយាយ​បន្ត​ដោយ​ផ្ដោត​ភ្នែក​សម្លឹង​ស៊ី​វី​មិន​ប៉ប្រិច​៖
«​នាង​ចេញ​ទៅ​កំពង់សោម​ឥឡូវនេះ! គឺ​ទៅ​ពិនិត្យ​ស្ថានភាព​សណ្ឋាគារ​ចំនួន​បី​បួន​កន្លែង​នៅ​ទីនោះ ហើយ​ថតរូប​គ្រប់យ៉ាង​ផ្ញើ​​របាយការណ៍​មក​ឱ្យ​ខ្ញុំ! ​យូរ​បំផុត​ត្រឹម​យប់​នេះ​!»
​ស៊ី​វី​នៅ​ឡិងឡង់ ហាក់​មិន​យល់​ការណ៍ ធ្វើ​ឱ្យ​នារី​ដួងតារា​កាន់តែ​ទើសចិត្ត ​ប្រែ​ទឹកមុខ​និយាយ​បន្ថែម៖
«​ទីតាំង​នោះ គឺ​យើង​រើស​សម្រាប់​កម្មវិធី​សំខាន់​មួយ​ខែ​ក្រោយ​នេះ! ​ហើយ​ខ្ញុំ​ត្រូវការ​ព័ត៌មាន​ទាំងអស់​ជា​បន្ទាន់​!​ រដ្ឋបាល​រៀបចំ​សំបុត្រ​ឡានក្រុង​អស់ហើយ នាង​គួរតែ​ស្រូត​ទៅ​ ហើយ​ត្រឡប់​មក​មកវិញ​ល្ងាច​នេះ​ពេល​កិច្ចការ​រួចរាល់​! អុះ! ​ត្រូវ​ហើយ​! ​ព្រឹកស្អែក​ណា៎! ខ្ញុំ​មក​ចាំ​ទទួល​របាយការណ៍​ទាំង​អស់! ​ហើយ​នេះ នាមប័ណ្ណ​អ្នកគ្រប់គ្រង​សណ្ឋាគារ!»

​ស៊ី​វី​ទទួល​យក​កាត​ទាំង​បី​បួន​ សន្លឹក​ពី​ម្រាមដៃ​ធីតា​រូប​ល្អ​ម្នាក់​នោះ ​ទាំង​តឹងទ្រូង​ស្ទើរ​ប្រេះ​។ ​គេ​មាន​បំណង​អ្វី​ក៏​នាង​មិន​ដឹង ប៉ុន្តែ​គេ​ជា​ថ្នាក់​លើ នាង​អាង​អី​ដែរ​ដែល​ហ៊ាន​ប្រកែកប្រណាំង​តវ៉ា​ជា​មួយ​គេ​?
​ពិបាកចិត្ត​ជាន់​លើ​ពិបាក ស្រី​តូច​ស្រវា​រៀបចំ​កាបូប ​ហើយ​រួសរាន់​ឆ្លើយ​៖
«​ចា៎​!»
​នាង​ក្រោក​យឺតៗ ដើរចេញ​ទៅ​កាត់​តាម​តុ​អេមី នាង​ឃើញ​ភេទ​ទី​បី​ធ្វើ​ពិបាក​ចិត្ត​សម្លឹង​មក​នាង​ភ្លឹះៗ​ទំនង​អាណិត ​តែ​មិន​ដឹង​ជួយ​របៀប​ណា​។ ប៉ុណ្ណឹង​ក៏​ដាអ៊ីណា​ហាក់​នៅ​មិនទាន់​អស់​ចិត្ត​នៅ​ឡើយ​។​ពេល​សត្រូវ​បេះដូង ​ដើរ​មក​ដល់​ក្បែរ​ទ្វារ ស្រី​បង្ហាញ​ម៉ូដ​នឹកឃើញ​ពោល​បន្ថែម​ផ្ទួន​មក​ពី​ក្រោយ​ខ្នង​៖
«​នាង​ឡើង​តួនាទី​លឿន​ពេក គ្រប់​គ្នា​ក៏​ចង់​ដឹង​ដែរ​ថា ការងារ​នាង​ល្អ​ដូច​ហ្នឹង​ដែរ​អត់​? ឬ​មួយ​តួនាទី​បាន​មក​តា​ម​ផ្លូវ​កាត់??​!»

​សូម្បី​អេមី​ដែល​ពុំ​មែន​ ជា​អ្នក​ទទួល​រង​ពាក្យ​ប្រមាថកាតទាន​នេះ​ផ្ទាល់ ក៏​គង់​ថ្លោះ​ទឹកមុខ​ទទួល​យកសម្ដី​ដាអ៊ីណា​មិន​ចង់បាន​ ទម្រាំ​តែ​ស្រី​តូច​ម្នាក់​ដែល​កំពុង​មាន​វិបត្តិ​មិនទាន់​ស្រាយ​ចេញ​ ហើយ​នៅ​ស្មុគ​ពេញ​ខួរ​ក្បាល?​។​
​ស៊ីវី​បែរ​ក្រោយ​ខ្វាច់ ​សម្លឹងមុខ​អ្នក​ដែល​វាយប្រហារ​នាង​ដោយ​សម្ដី​គ្មាន​ក្ដី​យោគយល់​នោះ គឺ​នាង​ត្រៀម​ចង់​សួរ​គេ​វិញ​ភ្លាមៗ ថា​តើ​គេ​អាង​អ្វី​ដែល​មក​ចេញ​វាចា​មិន​ចេះ​គោរព​មនុស្ស​ដូច​គ្នា​នេះ ប៉ុន្តែ ….​នៅ​ពីក្រោយ​ខ្នង​ដាអ៊ីណា​ដែល​កំពុង​ឈរ​ក្រពាត់ដៃ បុគ្គលិក​ផ្សេងៗ​ទៀត​ហាក់​ដូចជា​មាន​ទឹកមុខ​មុខ​ពេញ​ចិត្ត​ និង​គាំទ្រ​សម្ដី​គេ​នោះ​ជា​ខ្លាំង តើ​ឱ្យ​ស៊ី​វី​មាន​កម្លាំងចិត្ត​ឯណា​ស្វែងរក​យុត្តិធម៌​ឱ្យ​ខ្លួន​ឯង???។
​
​នាង​សម្លឹង​គេ​ម្ដង​ម្នាក់ៗ​ទាំង​អស់​សង្ឃឹម​ និង​កណ្ដោចកណ្ដែង​ចិត្ត​។​ ភាព​ពាក់ព័ន្ធ​រវាង​នាង​និង​គេ ​ដេត ​ភូមិន្ទ ពិតជា​នាំមក​នូវ​ភាព​ស្មុគស្មាញ​ច្រើនជាង​សេចក្ដី​សុខ​។​
​នាង​គិត​ទាំង​សៅហ្មង ហើយ​ភ្លាមៗ​នោះ អ្វីមួយ​លាន់​មក​ក្នុង​បេះដូង​កម្សត់​របស់​នាង​ថា ​«​ឬ​មួយ​កុំ​ឱ្យ​ពិបាក​ស្មុគស្មាញ​ច្រើន​ពេក ​យើង​បោះបង់​ចោល​ឱកាស​ហាត់​ការ​នៅ ​DM Empire ​តែ​ម្ដង គឺ​លា​ឈប់​ថ្ងៃ​នេះ​តែម្ដង​ទៅ​?!»
​នាង​រិះគិត​បណ្ដើរ​ បែរ​ក្រោយ​យឺត​ៗ ​ហើយ​លូក​ដៃ​រុញ​ទ្វារ​ចេញ​។​
​
ទោះ​បី​យ៉ាងណា ក្នុង​នាទី​ងងឹតស្លុប​ចិត្ត​នោះ សំឡេង​អេមី​លាន់​ឡើង​៖
«​ស្រទន់​នឹង​ធ្វើ​បាន​! ​គឺ​ឱ្យ​គ្រប់​គ្នា​ដឹង​ថា បើ​គេ​គ្មាន​សមត្ថភាព គេ​មិន​មែន​អាច​ទទួល​បាន​តំណែង​​មួយ​​នេះ​ក្នុង​រយៈពេល​ខ្លី​អ៊ីចឹង​នោះ​ទេ​ !»
​ស៊ី​វី​បិទ​ភ្នែក​ទប់​តំណក់​ទឹក​ដែល​ប្រុង​របូត​រមៀល​មក​ឱ្យ​ជាប់​ទើរ​។ ចំណែក​បេះដូង​នាង​គឺ​លោត​ញាប់​ជាង​កម្ដៅ​ទឹក​ពុះ​។ អេមី​ជា​មិត្ត​ម្នាក់​ដ៏​ល្អ ក៏​ជា​មិត្ត​កម្រ​រក ទោះ​បី​ទើប​តែ​ស្គាល់​គ្នា​ក្នុង​ពេល​ពីរ​បី​ថ្ងៃ​ក្ដី​។​
«​ហេតុ​អី​ពេល​យើង​គិត​ថា​លែង​មាន​ចិត្ត​តស៊ូ គិត​ថា​នឹង​បោះបង់​ចោល​ទៅ​ហើយ ឯង​បែរ​ជា​ចេញ​មុខ​មក​តស៊ូ​ឱ្យ​យើង​? ​ឯង​ពិតជា​គាំទ្រ​ឱ្យ​យើង​ធ្វើ​សង្គ្រាម​មួយ​នេះ​?»

​នាង​ឈរ​ក្បែរ​ ទ្វារ ​ហើយ​ដៀង​ភ្នែក​ទៅ​រក​ភេទ​ទី​បី​ម្នាក់​នោះ​ ស្រប​ពេល​ដែល​ជាង​ច្នៃ​ម៉ូដ​ឈាន​មក​ក្បែរ​នាង​ឈរ​ខាង​នាង ធ្វើ​ឱ្យ​ម្នាក់ៗ​ដែល​សម្លឹង​មើល​មក គឺ​សម្លឹង​ដោយ​ចំហ​​មាត់​ស្មាន​មិន​ដល់​។​
​ប្រហែល​នេះ​ជា​លើក​ទី​មួយ​ដែល​ដា​អ៊ី​ណា​ត្រូវ​គេ​បំបាក់​មុខ​កណ្ដាល​ចំណោម ហើយក៏​ជា​លើក​ទី​មួយ​​​ដែល​អេមី​និយាយ​ខ្លាំង​ៗ ​ធ្ងន់ៗ ​ហើយ​ធ្វើ​មុខ​មាំៗ​បែប​នេះ ​ដើម្បី​ការពារ​អ្នក​ណា​ម្នាក់​នៅ​ចំពោះ​មុខ​នារី​តួឯក​ក្រអឺតក្រទម។
​កំហឹង​ឆេះ​ចេញ​តាម​ភ្នែក​នាង​បង្ហាញ​ម៉ូដ​ទាំងសងខាង​ តែ​អេមី​ងា​ក​មុខ​ចេញ​ មិន​រវល់​មើល​ប្រតិកម្ម​ ដាអ៊ីណា​ឡើយ។
​
​ភេទ​ទី​បី​ដោយ​សម្លឹង​ទៅ​រក​ធានិត ​និង​អ្នក​ឯទៀត ព្រម​ទាំង​ខាំមាត់​ទាំង​និយាយ​បន្ត៖
«​​មនុស្ស​យើង​ណា៎ មុន​ពេល​ថា​ឱ្យ​អ្នកណា ឬ​គិត​ច្រណែន​អ្នក​ណា ក៏​មើលខ្លួន​សិន​ទៅ តើ​យើង​ដែល​ធ្វើការ​យូរ​ហើយ​នេះ ខ្វះខាត​អី បាន​ជា​ចៅហ្វាយ​មិន​ឱ្យ​ឡើង​តួនាទី???! ​ហើយ​រៀន​យក​ពេលវេលា​ទៅ​កែ​លម្អ​​ចំណុច​ខ្វះខាត​អស់​នោះ​វិញ​ទៅ ក្រែង​បាន​ផល​ជាង​ដែល​នាំ​គ្នា​មក​ព្រួត​ស្អប់​អ្នក​ផ្សេង​!»
​ដាអ៊ីណា​ស្រែក​កាត់​៖
«​អេមី​?!»
​អេមី​ក្រហម​មុខ​ងាំង គេ​ដឹង​ថា​វាចា​គេ​មិន​អាច​ឱ្យ​ដាអ៊ីណា​ទទួល​យក​បាន​ពិតមែន​ ហើយ​ក៏​ដោយសារ​តែ​ក្ដី​អាម៉ាស់​ដែល​នាង​ខ្លួនឯង​បាន​បង្កើត​ឡើង។

នៅ​ ទី​នេះ​ ទោះបី​គ្រប់គ្នា​មិន​អស់​ចិត្ត​នឹង​តំណែង​របស់​ស្រី​ជនបទ តែ​មិន​ទាន់​មាន​អ្នក​ណា​ថា​អ្វី​ឱ្យ​ស្រទន់​មួយ​ម៉ាត់​នៅ​ចំពោះ​មុខ​នៅ​ឡើយ គឺ​មាន​តែ​ដាអ៊ីណា​ម្នាក់​គត់​ដែល​ប្រកាស​សង្គ្រាម​ច្រណែន​នេះ​ចេញ​មក ដូច្នេះ​សម្ដី​របស់​ជាង​ច្នៃ​ម៉ូដ តើ​មាន​ថា​ឱ្យ​ពី​ណា ​ក្រៅពី​ដាអ៊ីណា​ទៅ?
​ស្រទន់​រួសរាន់​ពោល​ឃាត់៖
«​ឈប់​ទាស់​គ្នា​ទៅ! ​ខ្ញុំ​ទៅ​ធ្វើការ​នេះ!»
​នាង​បែរ​មក​រក​ស្រី​តួឯក​ដែល​នាង​ធ្លាប់តែ​ភ្លឹក​ស្មារតី​នឹង​សម្ផស្ស​ ក្នុង​រូបថត ​ទើប​តែ​ដឹង​ចរិត​ពិត​នៅ​ក្រៅ​ឆាក​ថា ខុស​ស្រលះ​ពី​សម្ផស្ស។​ នាង​និយាយ​បង្ហើយ៖
«​ហើយ​ខ្ញុំ​នឹង​ជូន​របាយការណ៍​នៅ​មុន​ថ្ងៃ​រះ​ព្រឹកស្អែក!»
​
ដាអ៊ីណា​ក្រពាត់ដៃ​ឌឺដង​ចំពោះ​កែវភ្នែក​របស់​ស្រី​តូច​ស្រទន់ មុន​ពេល​នារី​យើង​រុញ​ទ្វារ​ចាកចេញ​ពី​ទីនោះ។
​អេមី​ធ្វើ​មុខមាំ រុញ​ទ្វារ​បម្រុង​ចេញទៅ​ដែរ ស្រាប់តែ​ដាអ៊ីណា​ស្រែក​ហៅ​ទាំង​កំហឹង៖
«​ឯង​ឈប់​សិន​អេមី!»
​អេមី​ឈប់​មួយ​ដង្ហើម​ក៏​បន្ត​ដើរចេញ​ទៅ​ទៀត ធ្វើ​ឱ្យ​ដាអ៊ីណា​កាន់​តែ​ក្ដៅ​ចិត្ត ដើរ​ចេញ​ទៅ​តាម​ពី​ក្រោយ។
«​នែ​អេមី ឯង​លេប​ថ្នាំ​ស្អី​ខុស​? ឯង​ត្រូវ​ស្អី​របស់​វា វា​ដាក់​អំពើ​អី​មក​លើ​ឯង​បានជា​….»

​ អេមី​មក​ដល់​មាត់ទ្វារ​ស្ទូឌីយោ គេ​រុញ​ទ្វារ​ចូល​ផ្លុក​ ព្រោះ​មិន​ចង់​និយាយ​អ្វី​ជាមួយ​នារី​តួឯក​ចិត្ត​សែន​ចង្អៀត​ម្នាក់​នេះ ឬក៏​អាច​ថា​អេមី​កំពុង​ខឹង​មិន​ចង់​បញ្ចេញ​វា​សង​ទៅ​លើ​ដាអ៊ីណា​ច្រើន​ជាង​ នេះ​ទៀត។
​ទោះ​យ៉ាង​ណា​ ដាអ៊ីណា​ដែល​ធ្លាប់តែ​ឈ្នះ​នៅ​មិន​អស់​ចិត្ត​ នាង​រុញ​ទ្វារ​ចូល​ទៅ​តាម។
​ទាន់​ទីនេះ​ស្ងាត់​មិន​មាន​អ្នក​ណា​ម្នាក់ នាង​និយាយ​សង្ខើញ​ពី​ក្រោយ​ខ្នង​ជាង​ច្នៃ​ម៉ូដ​ដែល​ឈរ​ចាក់​ទឹក​ក្រេប​បន្ថយ​កំហឹង។
«​យើង​សួរ​ឯង​អេមី នាង​នោះ​វា​ត្រូវ​ស្អី​នឹង​ឯង?​! ឬ​មួយ​វា​ដាក់​ស្អី​ឱ្យ​ឯង​ស៊ី?​ ឯង​ទៅ​ជាន់​ពែ​ពី​ណា​មក​បាន​ជា​…..»
​អេមី​ងាក​មក​វិញ​និយាយ​កាត់​សម្ដី​ដាអ៊ីណា​កណ្ដាល​ទី៖
«​ឯង​ហ្នឹង​ហើយ​ដែល​ជាន់​ពែ​…!»
​អេមី​និយាយ​ឮ​ៗ​វិញ​ ធ្វើ​ឱ្យ​ដាអ៊ីណា​លែង​និយាយ​ចេញ​បើក​ភ្នែក​គ្រលួង។

​ វា​យឺត​ពេល​បន្តិច​ដែល​ដា​​អ៊ី​ណា​ទើប​តែ​ភ្ញាក់​ខ្លួន​មក​វិញ​ថា ​ភេទ​ទី​បី​ម្នាក់​នេះ​ក៏​ជា​មនុស្ស​មាន​ចិត្ត​ឆេវឆាវ ហើយ​គំរោះ​គំរើយ​ដូចគ្នា​ គ្រាន់​តែ​កន្លងមក​នេះ គេ​លែង​បង្ហាញ​អាកប្បកិរិយា​ដើម​ចេញ​ ព្រោះ​គេ​កំពុង​ស្ថិត​​​ក្នុង​រយៈពេល​ហាត់​ពត់​លត់​ដំ​ បង្កើន​ភាព​អត់ធ្មត់​ឱ្យ​ខ្លួនឯង ​ក៏​ដូចជា​កាត់​បន្ថយ​ពាក្យ​សម្ដី​មិន​ល្អ ​ដើម្បី​ឈរជើង​កសាង​ឈ្មោះ​ក្នុង​សិល្បៈ។
​ថ្ងៃ​នេះ ​គេ​ចេញ​សារធាតុ​​ដើម​ដោយ​ខឹង​ខ្លាំង​ ហើយ​បើក​ចំហ​យ៉ាង​នេះ ​គ្រាន់​តែ​ដើម្បី​ការពារ​បុគ្គលិក​ចូល​ថ្មី​ម្នាក់ ​តើ​មិន​ឱ្យ​ដាអ៊ីណា​មិន​ឆ្ងល់​ និង​តក់ស្លុត​ម៉េច​កើត​ទៅ​។???
​
​នាង​មិន​ទាន់​បាត់​ភាន់ភាំង​ដែល​អេមី​ស្រែក​ដាក់​វិញ​ហ្នឹង​ផង ជាង​ច្នៃ​ម៉ូដ​បន្ត​មក​ទៀត​រ៉ាវ​៖
«​យើង​សួរ​ឯង ដា​អ៊ី​ន​! កម្មវិធី​តួឯក​ឆោម​គន់​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​យប់​នេះ​ជា​កម្មវិធី​ធំ​ មេក្រុម​ណា​ម្នាក់​ក៏​ត្រូវ​ទៅ​មើល​ដក​ពិសោធន៍ ហើយ​ស្រីៗ​មួយ​ក្រុមហ៊ុន​នេះ​សុទ្ធ​តែ​ត្រៀម​ខ្លួន​ទៅ​ចូលរួម​សប្បាយ​រីករាយ ​បង្ហាញ​ហ្វេស​សិន​ជែង​គ្នា​ពេញ​ទឹក​ពេញ​ដី ឯង​វិញ​ប្រកាន់​ស្រទន់​! ឯង​មិន​ត្រឹម​អត់​ឱ្យ​ព័ត៌មាន​គេ ថែម​ទាំង​ដេញ​ស្រទន់​ទៅ​ឆ្ងាយ​! ឯង​ធ្វើ​បាប​បុគ្គលិក​ថ្មី​តូចតាច​ម្នាក់​ទាំង​ដែល​គេ​មិន​ដឹង​អី ទាំង​ដែល​គេ​មិន​ដែល​តដៃ​ជាមួយ​ឯង! ឯង​មិន​ខ្លាច​អ្នកផង​គេ​ដឹង គេ​និយាយ​ដើម​ទេ​?»

​ដា​អ៊ី​ណា​ក្រពាត់​ដៃ​ខាំមាត់​និយាយ​បញ្ឈឺ​វិញ​៖
«​តើ​យើង​មាន ឬ​ក្រ​កន្លងមក ​ពឹង​លើ​ពាក្យ​គេ​និយាយ​ដើម​អស់ហ្នឹង​ដែរ​ទេ ​នាង​អេមី​? បើ​ថា​មែន ចាំ​យើង​ខ្លាច​!​ ហើយ​នាង​នោះ​ទៀត គឺ​នាង​ល្អ​របស់​ឯង​នោះ បើ​ឯង​សម្រេច​ថា​ចោល​យើង​រើស​យក​វា​ទៅ​ហើយ ផ្ដាំ​ឯង​នាំ​ពាក្យ​ទៅ​ប្រាប់​វា ឱ្យ​ប្រយ័ត្ន​ខ្លួន​បន្តិច​ទៅ វា​ចង់​បាន​អី យើង​នឹង​កាត់​មុខ​វា!!»
​អេមី​ពិបាកចិត្ត​ដែល​អ្វីៗ​ស្ថិត​ក្នុង​ចំណុច​គ្មាន​ដំណោះស្រាយ ហើយ​ទាំង​សងខាង​សុទ្ធតែ​ជា​មនុស្ស​ដែល​នាង​រាប់អាន​ហៅ​ថា​មិត្ត​។ ​ជាង​ច្នៃ​ម៉ូដ​បន្ត​ពី​សម្ដី​នារី​តួឯក៖
«​ខ្លួន​ជា​មេ​គេ ត្រូវ​ចាត់ចែង​អ្វី​មួយ​ឱ្យ​យុត្តិធម៌​ទៅ​! ​នៅ​មិន​នៅ​ ឯង​ដេញ​គេ​ទៅ​?​ ហើយ​មើល​ចុះ ទៅ​វិល​ល្ងាច ធ្វើ​របាយការណ៍​ឱ្យ​ហើយ​ត្រឹម​ព្រឹក​ស្អែក​? ហើយ​បុគ្គលិក​ DM ណាមួយ​ដែល​ទៅ​ខេត្ត​ជិះ​ឡាន​ក្រុង​? នេះ​គេ​ក៏​ជា​មេ​ពិធីការ​ម្នាក់ ឯង​ធ្វើ​អ៊ីចឹង​លើ​គេ​?»

​ដា​អ៊ី​ណា​តប​ធ្វើ​ហី​៖
«​ម៉េច​?​ មិនល្អ​? ក្រែង​ប្អូនស្រី​វា​ឡើង​ប្រឡង​ដែរ​អ្ហី​? ខ្លួន​ជា​បង​ទៅ​មើល​រវីមរវាម​ធ្វើ​អី​?​ នាំ​តែ​គេ​ថា​ DM ​មាន​ខ្សែ​មាន​បក្សពួក​ទេ​!»
​អេមី​ងាក​មុខ​មក​វិញ​សម្លឹង​នារី​តួឯក​យ៉ាង​មុត ​ហើយ​ដើរ​ចូល​មក​ប្រឈម​មុខ​នឹង​នាង​៖
«….​ឯង​គិត​ទម្លាក់​ប្អូនស្រី​គេ​មែន​អត់​??!»
​ដាអ៊ីណា​ញាក់​ចិញ្ចើម​បញ្ឈឺ​វិញ៖
«​បើ​មែន​ វា​យ៉ាង​ម៉េច​?​ ហើយ​មិនមែន ​វា​យ៉ាង​ម៉េច​?!»
​អេមី​ខឹង​ពេក​ក្រពាត់ដៃ​សើច​ចំអក៖
«​វា​គ្មាន​អី​ទេ បើ​ឯង​យល់​ថា​មុខមាត់​ដែល​ឯង​ខំ​សាង​មក​បួន​ប្រាំ​​​ឆ្នាំ​ហើយ​នេះ​ យក​មក​ជាន់​ចោល​ជា​មួយ​អំពើ​ទុរយស​អស់​ទាំង​នេះ​បាន​!»

​ដាអ៊ីណា​ខឹង​ណាស់ តែ​នាង​ខំ​ទប់​ ហើយ​តប​វិញ​ធ្វើ​ព្រងើយ៖
«​អរគុណ​ណាស់​ដែល​ឯង​នៅ​គិត​ពី​យើង​!»
​អេមី​ទប់​កំហឹង​ក្រពាត់ដៃ​នៅ​ស្ងៀម ចិត្ត​មួយ​បារម្ភ​ពី​ស្រទន់​ដែល​ត្រូវ​ឡើង​ឡាន​ទៅ​ម្នាក់ឯង ទាំង​ឈឺចាប់ ចិត្ត​មួយ​អាណិត​ស្រី​តូច​ជា​ប្អូន​នាង​ដែល​សង្ឃឹម​ឡើង​ឆាក​យប់​នេះ ហើយ​នៅ​មិន​នៅ មក​ត្រូវ​មនុស្ស​ចិត្ត​ចង្អៀត​មក​តាម​ជ្រែក​ធ្វើ​បាប​ទាំង​មិន​ដឹង​រឿង។
​គេ​ឈរ​ស្ងៀម ស្រាប់តែ​ឮ​ដាអ៊ីណា​សើច​ចំអក​តិចៗ។
​នាង​សើច​យូរ​ពេក អេមី​ទ្រាំ​មិន​បាន​ក៏​ងាក​មុខ​ទៅ​សម្លឹង​ទាំង​សង្ស័យ។
​ដូច្នេះ​ស្រី​តួឯក​និយាយ​កែ​សម្ដី​វិញ៖
«​ឯង​នៅ​តែ​ឆោត ​អេមី​! ពេល​នេះ​បើ​ឱ្យ​ក្មេង​ស្រី​នោះ​វា​ជាប់ ហើយ​ទៅ​ដេក​យល់សប្ដិ​ប៉ុន្មាន​យប់​ទៀត​សិន​មិន​ល្អ?!»
​
ឃើញ​អេមី​សម្លឹង​មុខ​ត្លែ ដាអ៊ីណា​និយាយ​បន្ថែម៖
«​បើ​ចង់​ឱ្យ​វា​ឈឺ​យូរ ចាំ​ដល់​ឆាក​ចុងក្រោយ ចាំ​ដឹង​ស​ខ្មៅ​ក៏​បាន​!»
​ថា​ហើយ ​ដាអ៊ីណា​បែរ​ក្រោយ​ដើរ​ចេញ​ជា​មួយ​ដំណើរ​ល្វត​ល្វន់​របស់​នាង​។​
​អេមី​ស្រែក​សួរ​ដោយ​ក្ដៅចិត្ត​៖
«​ឯង​ចង់​ធ្វើ​អី​?»
​ដា​អ៊ី​ណា​​ញញឹម ​ហើយ​ងាក​មក​វិញ​៖
«​ចុះ​ឯង​គិត​ថា​យើង​ធ្វើ​អី​?!»
​អេមី​ឈាន​ចូល​ទៅ​ក្បែរ ធ្វើ​ឱ្យ​ដាអ៊ីណា​សម្លឹង​គេ​ពីលើ​ដល់​ក្រោម​។​ ភេទ​ទី​បី​និយាយ​ដាស់តឿន​៖
«​ខ្លួន​ទម្រាំ​បាន​ថ្ងៃនេះ​បាន​មក​ពិបាក​ប៉ុណ្ណា ហេតុ​អី​មិន​ចេះ​អាណិត​ជំនាន់​ក្រោយ ហេតុ​អី​ចាំបាច់ តាម​ធ្វើ​បាប​យាយី​គ្នា​ទៅ​វិញ​ទៅ​មក??!»
«​យើង​មិន​ចូលចិត្ត​មុខ​បងស្រី​វា​!!»
​ដាអ៊ីណា​ស្រែក​ដាក់​អេមី ធ្វើ​ឱ្យ​ភេទ​ទី​បី​រក​និយាយ​អ្វី​មិន​ចេញ​ចំពោះ​មុខ​ភ្លើងកំហឹង​នេះ។
​
ដាអ៊ីណា​បន្ថែម​មក​ទៀត៖
«​បង​ស្រី​វា មិន​ត្រឹមតែ​យក​បង​មិន្ទ​ពី​យើង តែ​វា​យក​ទាំង​ឯង​ដែល​ជា​មិត្ត​ម្នាក់​គត់​របស់​យើង​នៅ​ទី​នេះ​ទៅ​! ​វា​មាន​គំនិត​ចង់​យក​ឈ្នះ​យើង!»
​អេមីនិ​យាយ​តិចៗ៖
«​ឯង​ឈប់​ឡប់​ទៅ​!​ គេ​មិន​បាន​ចង់​ឈ្នះ​ចាញ់​អី​នឹង​ឯង​ទេ​!»
​ដា​អ៊ី​ណាខាំ​មាត់​សម្លឹង​មក​គ្រាប់ភ្នែក​មិត្ត​ម្នាក់​នេះ​ទាំង​សងខាង​ ហើយ​និយាយ​ទាំង​ជូរចត់៖
«​យើង​ថា​ឯង​នេះ​ល្ងង់​គឺ​ល្ងង់​ហើយ​! គេ​ប្រើប្រាស់​ចិត្ត​ធម៌​របស់​ឯង គេ​ប្រើប្រាស់​ភាពជា​ព្រាន​នារី​​របស់​បង​មិន្ទ ហើយ​ចុង​ក្រោយ​បង្អស់​ គេ​នឹង​ត្រួតត្រា​គ្រប់គ្នា​នៅ​ទី​នេះ​! ​ចាំ​មើល​ពេល​នោះ​ទៅ​! ​ចាំ​មើល​ថា តើ​គេ​នៅ​ត្រូវការ​ឯង​មក​ធ្វើជា​ឈើ​កំណល់​ទៀត​ដែរ​ឬ​អត់? ឬ​មួយ​ក៏​គេ​នឹង​រើ​ឯង ​រុះ​ឯ​ង​យក​ចោល​ទៅ​ម្ខាងៗ​!»
​ថា​ហើយ ​ស្រី​បង្ហាញ​ម៉ូដ​បែរ​មុខ​ចាកចេញ​វឹង​ទាំង​កំហឹង។
​អេមី​រអ៊ូ​តិចៗ​ដោយ​ឈរ​ទ្រឹង​សម្លឹង​នាង​ពីក្រោយ៖
«​មិន​ដឹង​ជា​រងើក​ភ្លើង​អី​មក​ដុត​កម្លោច​ឯង​ថ្នាក់​នេះ​ទេ ដាអ៊ីណា​!»

​វគ្គ
ដាអ៊ីណា​ឈ្នះ​ឬ​ចាញ់​?

….​ទោះបីជា​នាង​ដឹង​ថា នាង​កំពុង​ត្រូវ​រលាក​ក្ដៅ​ដោយ​ភ្លើង​កំហឹង ច្រណែន​ប្រចណ្ឌ តែ​សម្ដី​របស់​អេមី​ប៉ុន្មាន​ម៉ាត់​ធ្វើ​ឱ្យ​នាង​លែង​គិត​បក​ក្រោយ។
​ស៊ី​វី​មិន​ខ្វល់​ថា ខ្លួន​ជា​ស្រទន់​ ឬ​ជា​ស៊ី​វី​នោះ​ទេ នាង​ដឹង​តែ​ម្យ៉ាង​ថា ​របាយការណ៍​នោះ​នឹង​ហើយ​ទាន់​ពាក្យ​សន្យា។
​ស្រី​តូច​ទទួល​សំបុត្រ​ធ្វើ​ដំណើរ​ពី​រដ្ឋបាល ហើយ​ចាក​ចេញ​មក​ខាងក្រៅ​ក្នុង​គោលដៅ​ហៅ​ជំនិះ​ជិះ​ទៅ​រក​បេនឡាន។
«​ការងារ​ប៉ុណ្ណឹង​អត់​មាន​អី​អស្ចារ្យ​ទេ ​ដាអ៊ីណា​!»
​នាង​ប្រាប់​ខ្លួនឯង​ស្ងាត់​ៗ​ក្នុង​ចិត្ត​ទាំង​បេះដូង​កំពុង​ក្ដុកក្ដួល ​និង​ឈឺចាប់​ដែល​មិន​អាច​នៅ​ចូលរួម​លើក​កម្លាំងចិត្ត​ដល់​ប្អូនស្រី​ពៅ​នា​ រាត្រី​នេះ​បាន​។
​
​ទូរសព្ទ​នាង​រោទ៍​ នៅ​ពេល​ដែល​នាង​ទើបតែ​ឈាន​មក​ដល់​បេនឡាន​….
​នាង​ចុច​ទទួល​ តែ​នាង​នៅ​ស្ងៀម​មិន​និយាយ​អ្វី​មួយ​ម៉ាត់​ទេ​។​
​សំឡេង​គេ​លាន់​មក​តិចៗ​ក្បែរ​ត្រចៀក​ធីតា​ដែល​ធ្វើ​មុខស្រពោន​ដូច​ពិភពលោក​នឹង​រលាយ​នៅ​ព្រឹក​ស្អែក​…
«​នៅ​​ណា​?!»
«​នៅ​បេនឡាន​!»
«​ទៅ​ធ្វើ​អី​?!»
​គេ​ហាក់​ភ្ញាក់ផ្អើល​ ធ្វើ​ឱ្យ​នាង​ស្វាងអារម្មណ៍​មកវិញ​ដោយ​ដឹង​ថា​មិន​គួរ​និយាយ​ការពិត​ចេញ នាំ​តែ​គេ​ជីក​សួរ​ឫស​គល់​ទេ​។​
«​ទៅ​បេនឡាន​ធ្វើ​អី​?!»
​គេ​សួរ​មក​ទៀត ​ធ្វើ​ឱ្យ​នាង​គេច​ពី​ឆ្លើយ​មិនបាន​៖
«​ខ្ញុំ​ត្រូវ​ធ្វើការ​!»
«​ធ្វើការ​អី​? ​នៅ​បេនឡាន​ហ្នឹង​?​ ការងារ​នៅ​កន្លែង​អត់​មាន​អ្ហី​? ថ្ងៃ​នេះ​គេ​គ្រប់​គ្នា​សុទ្ធតែ​រវល់ យើង​ទៅ​បេនឡាន​រក​អី​?​ ហើយ​បេនឡាន​ណាមួយ​?​ អ្នកណា​ប្រើ​យើង​ឱ្យ​ធ្វើ​អី​អ្ហា៎?​!»

​នាង​ស្រមៃ​ឃើញ​ពី​ភាព​ឆ្លេឆ្លា​របស់​គេ ធ្វើ​ឱ្យ​ចិត្ត​នាង​រឹតតែ​រែង​ស្រពោន។
​នាង​ឆ្លើយតប​មួយៗ​ទាំង​អួល​ណែន​បំពង់ក៖
«​បង​ឯង​ឈប់​សួរនាំ​រឿង​ខ្ញុំ​ទៀត​! នេះ​បើ​បង​ឯង​ចង់​ឱ្យ​ខ្ញុំ​ធ្វើការ​នៅ​ DM​ បាន​យូរ​!»
​នាង​ថា​ចប់ ​ទម្លាក់​ដៃ​ចុះ​យឺតៗ​ លែង​ខ្វល់​ចង់​ឮ​ ឬ​តតាំង​អ្វី​បន្ថែម​នឹង​សំឡេង​គេ​ដែល​សួរ​មក​ល្វើយៗ។​ នាង​ចុច​បិទ​ដោយ​មិន​ឱន​មើល ហើយ​គ្មាន​កម្លាំង​ទៅ​ខ្វល់​ពី​គេ​ថា ​គេ​គិត​យ៉ាង​ណា​ទៀត​ឡើយ។
«​យើង​ត្រូវ​ជិះ​ទៅ​មក​៨​ម៉ោង​ក្នុង​ថ្ងៃ​នេះ! ហើយ​ត្រូវ​ធ្វើ​របាយការណ៍​ឱ្យ​ចៅហ្វាយ​ស្រី​ដ៏​ស្រស់​ស្អាត​របស់​យើង​! កម្សត់​ពេក​ហើយ!»

​នាង​ងើប​មុខ​មក​វិញ​ប៉ះ​នឹង​អ្នក​ណា​ម្នាក់​ដើរ​កាត់​ពីមុខ​ទៅ។
​គេ​ខ្ពស់​ធំ តែ​នាង​មិន​បាន​ចាប់អារម្មណ៍​ទេ រហូត​ដល់​គេ​ទៅ​ហួស​បាន​យូរ​ក្រែល​បន្តិច ​ទើប​នាង​ងើប​មុខ​តាម​មើល ព្រោះ​ហាក់​នឹក​ឃើញ​ដល់​អ្នក​ណា​ម្នាក់។
​កែវ​ភ្នែក​ទាំង​សង​របស់​ស្រី​តូច​បើក​ក្រឡោត​ៗ ហាក់​បី​ដូច​ជា​នឹក​ឃើញ​ដល់​រឿង​សំខាន់​អ្វីមួយ រហូត​ដល់​នាង​បាន​កម្លាំង​ពី​ណា​មក​ព្រឹប ក្រោក​ចោល​កៅអី​អង្គុយ​រង់ចាំ​របស់​ភ្ញៀវ​ទាំង​ជួរ​នោះ ហើយ​ដើរ​ផង​រត់​ផង ទៅតាម​ទិសដៅ​នៃ​ស្រមោល​អ្នក​មុន​នេះ​។​

គេ​ជា​បុរស​ម្នាក់ បើ​មើល​តាម​ខ្នង​របស់​គេ​។ ​ហើយ​ជា​បុរស​ដ៏​ស៊ីវិល័យ បើ​មើល​តាម​សក់​ដ៏​វែង​របស់​គេ​ដែល​ចង​ជា​សំណុំ​ទៅ​ក្រោយ។
​ជំ​ហាន​គេ​បោះ​ទៅ​មុខ​ស្មើ​ៗ​ធម្មតា​សោះ ចុះ​ហេតុអ្វី​នាង​ដើរ​ញាប់​ឡើង​ៗ​ក៏​នៅ​តែ​តាម​គេ​មិន​ទាន់?
​ជង្គង់​គេ​វែងៗ ដៃ​គេ​មាំ ហើយ​យោង​ជើង​ទ្រ​គំនូរ​មួយ​ដ៏​ធំ​ផង ចុះ​ម៉េច​ក៏​មើល​ទៅ​មិន​ហត់​សោះ។
​ឡាន​ស៊ីផ្លេ​ពី​ក្រោយ​ខ្នង នាង​ឈប់​ដំណើរ​ ហើយ​បែរ​ក្រោយ។
​នៅ​ចន្លោះ​រវាង​តាម​បុរស​នោះ​ទៀត ឬ​បក​ទៅ​រក​ឡាន​វិញ នាង​អាច​រើស​បាន​តែ​មួយ​ប៉ុណ្ណោះ។
​ប្រការ​នេះ​ធ្វើ​ឱ្យ​នាង​នៅ​ទីទើរ។
​បាន​បន្តិច នាង​ក៏​សម្រេចចិត្ត​បែរ​មក​រក​មើល​បុរស​នោះ​វិញ។
​
​គេ​បាត់ស្រមោល​ទៅ​ហើយ ធ្វើ​ឱ្យ​នាង​នឹក​ស្ដាយ​ ហើយ​អន្ទះសា​​ជា​ខ្លាំង។
​ស៊ីផ្លេ​ឡាន​ដ៏​ញាប់​នោះ​លែង​មាន​ឥទ្ធិពល​លើ​អារម្មណ៍​នាង​ទៀត​ទៅ​ហើយ ​ព្រោះ​បេះដូង​នាង​កំពុង​គិត​ថា តើ​នាង​នឹង​លែង​បាន​ជួប​បុរស​នោះ​ទៀត​ហើយ​មែន​ទេ​?
​នាង​លែង​ដើរ​ ប៉ុន្តែ​នាង​រត់​…. ​ហើយ​នាង​មិនមែន​បក​ក្រោយ​ទេ​គឺ​ នាង​ទៅ​មុខ​។​
​ផ្លូវ​បំបែក​នេះ គេ​ច្បាស់​ជា​បត់​ទៅ​ទិស​ណា​មួយ ប៉ុន្តែ​គ្រប់​ទិស​ គឺ​គ្មាន​រូបគេ​។​ គេ​ទៅ​ណា​លឿន​យ៉ាង​នេះ?

​នាង​ហត់​គឃូស​ ហើយ​ឈប់​ដើម្បី​ដកដង្ហើម។
​ពន្លឺ​ថ្ងៃ​ពី​ក្រោយ​ខ្នង​តូច​ទងវង​ត្រូវ​បាំង​ដោយ​ស្រមោល​មួយ​វែង ជាមួយ​នឹង​សំណួរ​ស្រាល​ៗ៖
«​ទំនេរ​ម៉េះ មក​ដើរ​តាម​ខ្ញុំ​?!»
​ស៊ីវី​បើក​ភ្នែក​ធំៗ​ទាំង​បេះដូង​លោត​ញាប់​ ព្រោះ​ហត់​នឿយ​លាយឡំ​នឹង​អំណរ។​
​នាង​បែរ​ក្រោយ​ខ្វាក ​ហើយ​ដំបូង​គេ​ នាង​ឃើញ​ផ្ទៃ​មុខ​តោះតើយ​នៃ​បុរស​សក់​វែង​ដែល​កំពុង​បង្ហាញខ្លួន​មិន​ដល់​បី ​ម៉ែត្រ​ឃ្លាត​ពី​នាង។
​ទឹកមុខ​គេ​គ្មាន​កន្លែង​បង្ហាញ​ថា​គេ​សប្បាយចិត្ត​ក្នុង​ការ​និយាយ​ជាមួយ​ នាង​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ អាច​ថា​គេ​កំពុង​ចង់​ដឹង​មូលហេតុ​ដែល​នាង​ដើរ​តាម​គេ​។ ចុះ​​ហេតុ​អ្វី​នាង​រីក​ចេញ​នូវ​ផ្កា​សំណើច​សោមនស្ស​មួយ​ដ៏​ស្រស់បំព្រង​បាន ​ពេល​ដែល​ប្រឈម​នឹង​ពន្លឺ​ភ្នែក​ឆ្មើងឆ្មៃ​របស់​គេ​?
​ឬ​ក៏​មក​ពី​គេ​ស្រស់​សង្ហា​ពេញ​ទំហឹង​ ដល់​ថ្នាក់​នាង​ភ្លេច​ថា​ឡាន​បាន​ចេញ​ចោល​នាង​ទៅ​ឆ្ងាយ​សន្លឹម​ទៅ​ហើយ? ភ្លេច​ថា​នាង​បាន​អី​ឱ្យ​ដាអ៊ីណា​មុន​ថ្ងៃ​រះ?

«​បង​យស់​!»
​នាង​របូតមាត់​ហៅ​តិចៗ តែ​មាន​អំណាច​ល្មម​ ធ្វើ​ឱ្យ​ភាព​ឆ្មើងឆ្មៃ​ក្នុង​កែវភ្នែក​បុរស​ធ្លាក់​ចុះ​បន្តិច​ម្ដង​ៗ​ ហើយ​គេ​ចាប់ផ្ដើម​ត្រួតពិនិត្យ​នាង​ពី​លើ​ដល់​ក្រោម។
​នាង​ស្ទុះ​ទៅ​ក្បែរ​គេ គឺ​ទៅ​កៀក​នឹង​គេ​ដើម្បី​ឱ្យ​គេ​មើល​នាង​កាន់​តែ​ច្បាស់ ហើយ​មាត់​នាង​ខំ​ពន្យល់​រំលឹក​គេ៖
«​ស៊ី​វី​ណា៎​បង! ស៊ី​វី​!»
​គ្រាប់​ភ្នែក​គេ​រង្គើ​ចុះ​ឡើង​ក្នុង​រង្វង់​កែវភ្នែក​នាង​ដែល​ក្រឡក់​ៗ។
​ភាព​ស្មោះត្រង់​និង​បរិសុទ្ធ​របស់​នាង រង្វង់​មុខ ស្នាមញញឹម​បាន​ដាស់​គេ​ឱ្យ​នឹក​ឃើញ​ ហើយ​ទទួល​ស្គាល់​ ព្រម​ទាំង​ជឿជាក់។
​
ដូច្នេះ ​ពេល​ដែល​​កែវភ្នែក​គេ​ទាំង​សងខាង​ចាប់ផ្ដើម​ស្រទោរស្រទន់​ គេ​សម្លឹង​នាង​មិន​ដក​ទៅ​ណា​ នាង​ក៏​ញញឹម​តប​ដោយ​គ្មាន​អ្នក​ណា​វាចា​ថា​​អ្វី ​សូម្បី​មួយ​ម៉ាត់….. រហូត​ដល់​អ្នក​ទី​បី​រត់​មក​ដល់។
«​លោក​សង្វា​! ​សុំ​ទោស​មក​ពី​ប៉ូលិស​ គេ​ដេញ​មិន​ឱ្យ​ចត​បាន​ជា​ត្រូវ​ចេញ​ឡាន​ទៅ​សិន​!»
​គេ​មិន​ដក​ភ្នែក​ចែ​ញ​ពី​នាង​ទេ​ ទោះ​បី​បុរស​នោះ​និយាយ​អ្វី ​ឬ​ទាញ​យក​អ្វី​ចេញ​ពី​ដៃ​គេ​យក​ទៅ​ដាក់​លើ​ឡាន​ក្ដី។
ទោះបី​នាង​រេ​ភ្នែក​ដោយ​ងឿងឆ្ងល់ ខ្វល់ខ្វាយ​ សម្លឹង​បុរស​នោះ​ពី​លើ​ដល់​ក្រោម ​ព្រោះ​នាង​សង្ស័យ​ក៏​គេ​នៅតែ​ផ្ដោត​សម្លឹង​មក​នាង។
​
នាង​ប្រហែល​គិត​ថា​ នាង​យល់​ច្រឡំ ហើយ​ចំណាំ​គេ​ខុស​បាន​ជា​នាង​ស្រពោន​ ហើយ​អៀនខ្មាស​ ព្រម​ទាំង​ងើប​មុខ​ត្រឡប់​មក​វិញ​ជាមួយ​កែវភ្នែក​ខកចិត្ត។
​នាង​សម្លឹង​មុខ​គេ​ទាំង​និយាយ​សួរ​ខ្សោយ​ៗ៖
«​សង្វា​?!»
​គេ​ប្រិច​ភ្នែក គឺ​កែវ​ភ្នែក​ទាំង​គូ​​ដែល​មមី ហើយ​លន្លង់លន្លោច។
​គេ​ស្អាត​យ៉ាងណា សង្ហា​យ៉ាង​ណា មាន​ន័យ​អី​ទៅ បើ​នាង​យល់​ថា ពុំ​មែន​ជា​អ្នក​ដែល​នាង​បាន​គិត​…
«​សុំទោស ខ្ញុំ​ច្រឡំ​….!»
​នាង​សម្លឹង​គេ​ជា​ចុង​ក្រោយ​ដោយ​ខ្លាច​ចិត្ត ហើយ​បែរ​ចាកចេញ​ទាំង​ហេងហាង​នឹក​ឆ្ងល់​មិន​អស់​ចិត្ត។​
​
នាង​មិន​ដឹង​ទេ​ថា ក​ដៃ​នាង​នៅ​ក្នុង​ប្រអប់ដៃ​គេ គឺ​គេ​បាន​លូក​មក​ឃាត់​ដំណើរ​នាង​…
«​បង​ទេ​ដែល​ត្រូវ​សុំ​ទោស​ដែល​មើល​ស្រី​វី​អត់​ស្គាល់​!»
​នាង​បែរ​ក្រោយ​វិញ​ ហើយ​ញញឹម​ទាំង​ភ្លេច​ថា ដៃ​នាង​ក្នុង​ដៃ​គេ​ទាំង​កណ្ដាលវាល ទាំង​កណ្ដាល​ផ្លូវ …​ហើយ​ចុះ​បើ​ត្រូវ​អ្នក​ណា​ម្នាក់​មក​ឃើញ​….
«​បង​យស់​?»
​នាង​ហៅ​គេ ហើយ​បបូរមាត់​ក្រៀម​ស្រពោន​របស់​បុរស​លេចចេញ​ជា​លើកដំបូង​នូវ​ស្នាមញញឹម​កំដរ​នាង​។ គេ​និយាយ​បន្ត​ទៅ​កាន់​កែវភ្នែក​៖
«​ក្មេង​កំហូច​របស់​បង​!»
​ស៊ីវី​រលីងរលោង​ទាំង​បបូរមាត់​ញញឹម​។​
«​បង​យស់​ពិត​មែន​!»
«​ស៊ី​វី​ពិតមែន​!»

​គេ​បន្ទរ​មួយៗ​បន្ត​ពី​ក្រោយ​នាង ឯ​បុរស​ជា​អ្នក​បើក​ឡាន​លែង​ហ៊ាន​ចូល​ទៅ​ជិត​ប្រុស​ស្រី​ទាំង​ទ្វេ​​ដោយ​ឈរ​ ក្បែរ​ជំនិះ​រក្សា​ការ​ស្ងាត់ស្ងៀម​ លួច​សម្លឹង​មក​ពី​ចម្ងាយ​តែប៉ុណ្ណោះ​។ ទាល់តែ​ស្នូរ​បិទទ្វារ​គ្រាំ ចង់​របើក​ត្រចៀក​ទើប​គាត់​ភ្ញាក់​បែរ​មក​រក​មើល​រថយន្ត​​មួយ​ដែល​ទើប​ចូល​មក ​ដល់​ចត​ជាប់​ពី​ក្រោយ។
«​គេ​ឈ្មោះ​ស្រទន់​!»
​ដៃ​នាង​របូត​ពី​បង​យស់ ជា​សញ្ញា​ឱ្យ​បុរស​នេះ​ដឹង​ថា អ្នក​ដែល​ទើបតែ​មក​ដល់​ ហើយ​អ្នក​ដែល​ដាក់​ឈ្មោះ​ឱ្យ​នាង​នេះ គឺ​មាន​ឥទ្ធិពល​លើ​ចិត្ត​នាង​ជាង​អតីតកាល​ដែល​កន្លង​ទៅ​១៥​ឆ្នាំ​មុន​ទៅ​ ទៀត។
​
គេ​នោះ​ដើរ​មុខ​មក​មួយៗ តែ​ជំ​ហាន​ធ្ងន់​ៗ​ដូចជា​គេ​មិន​ចង់​លាក់លៀម​កំហឹង​ និង​ការ​ប្រចណ្ឌ​របស់​គេ​អី​បន្តិច។
«​ដេត ​ភូមិន្ទ!»
​បុរស​សក់​វែង​ហៅ​មួយៗ ដូច​ដាស់​ឱ្យ​នារី​ដឹង​ថា គ្មាន​អ្នក​ណា​មិន​ស្គាល់​នាយក​ពាណិជ្ជកម្ម​របស់ ​DM Empire នោះ​ទេ លើក​លែង​តែ​នាង។

នៅមានភាគបន្ត