៥សំណួរជាមួយម្ចាស់រឿង«ព្រហ្មចារី»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

ជម្រាបសួរនិងសួស្តីអ្នកទាំងអស់គ្នា ខ្ញុំបាទឈ្មោះហ៊ុយ សារ៉ាត់ ជាសមាជិកក្រុមឥន្រ្ទីយ៍ ក្នុងកម្មវិធី MST Writer រដូវកាលទី១ ឬហៅម្យ៉ាងទៀតបានថា អ្នកនិពន្ធក្រៅសាលា ហើយក៏ជាម្ចាស់ស្នាដៃរឿងព្រហ្មចារី ដែលមានចេញផ្សាយនៅក្នុងវេបសាយរបស់អ្នកគ្រូម៉ីសន សុធារីផងដែរ។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

ដំបូងគ្រាន់តែបានដឹងថា អ្នកគ្រូផ្តល់ឱកាសដល់អ្នកសរសេរក្នុងការបញ្ចេញថ្វីដៃជាសាធារណៈភ្លាម ខ្ញុំក៏ចាប់ផ្តើមចុងប៊ិកដើម្បីរៀបចំគ្រោងឆ្អឹងភ្លាម ដោយសង្ឃឹមថានឹងបានដាក់ស្នាដៃមួយនេះជាសាធារណៈចែកជូនអ្នកអាន ក៏ដូចជាចង់សិក្សាវគ្គខ្លីៗជាមួយនឹងគាត់ ព្រោះថាខ្ញុំតែងតែចិញ្ចឹមចិត្តចង់រៀនតែងនិពន្ធជាមួយអ្នកគ្រូជាយូរមកហើយ។ ចំពោះរឿងរបស់ខ្ញុំដែលបានដាក់ផ្សាយនៅពេលនេះគឺនិយាយអំពីជីវិតរបស់ក្មេងស្រីម្នាក់ដែលត្រូវបង្ខំចិត្តធ្វើរឿងដែលខ្លួនមិនចង់ដើម្បីម្តាយក៏ដូចជាគោរពទៅតាមបណ្តាំរបស់ឪពុកមុនពេលគាត់ស្លាប់។ តែអ្វីដែលធ្វើឱ្យនាងហ៊ានសម្រេចចិត្តចុះចោលកូនកំលោះពេលកំពុងតែសំពះផ្ទឹមនោះគឺ នាងមិននឹកស្មានថា ម្តាយរបស់នាងសម្រេចចិត្តដោយមិនបានសួរមតិរបស់នាងបន្តិចទាល់តែសោះ  ជាពិសេសពិធីភ្ជាប់ពាក្យក្លាយជាពិធីសែនផ្តាច់បែបហ្នឹងសោះ។ ដោយសារតែពាក្យថាម្តាយ ទើបនាងព្រមសែនផ្តាច់ទាំងបង្ខំចិត្ត។ ទ្រនំដែលនាងត្រូវផ្លាស់ទៅនៅគឺជាសួគ៌វិមានតណ្ហា។ នាងទ្រាំរស់ជាមួយនឹងប្តីដែលគិតតែពីការមើលងាយ ប្រៀបធៀប ចង់បានតែព្រហ្មចារី តិះដៀលនាងសព្វគ្រប់បែបយ៉ាង រហូតបង្ខំឱ្យនាងទៅរំលូតកូនចេញដោយចោទប្រកាន់ថាកូនក្នុងផ្ទៃមិនមែនចាឈាមជ័ររបស់គាត់ទេ គឺនាងអស់ព្រហ្មចារីជាមួយអ្នកផ្សេងមុនពេលរៀបការ។ មិនត្រឹមតែប៉ុណ្ណោះគាត់ថែមទាំងយកស្រីផ្សេងមកមើលងាយប្រពន្ធពេញសិទ្ធិនេះទៀតផង។ ដោយមិនអាចទ្រាំទ្រនឹងចរិតប្តីប្រភេទហ្នឹងបាន ក៏ដូចជាដើម្បីរក្សាកូនក្នុងផ្ទៃផង នាងក៏សម្រេចចិត្តឈានជើងដើរចេញទាំងអាល័យ ព្រោះថាកូនរបស់នាងកើតមកគ្មានពុកហៅដូចជាគេឡើយ។ ទ្រនំដ៏ល្អសម្រាប់នាងគឺមានតែផ្ទះខ្លួនឯងតែប៉ុណ្ណោះ តែទោះជាជីវិតគូរបស់នាងលំបាកយ៉ាងណាក៏នាងនៅមានក្តៅសង្ឃឹម ហើយរៀនរស់នៅជាមួយបច្ចុប្បន្នបំភ្លេចអតីតកាលដ៏ឈឺចាប់មួយនេះចេញ។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

គ្រប់ឃ្លាប្រយោគដែលមាននៅក្នុងរឿងនេះ ខ្ញុំចូលចិត្តទាំងអស់ តែចំណុចមួយដែលខ្ញុំស្រឡាញ់បំផុតនោះគឺ ខ្ញុំបានសរសេរប្រាប់ទៅបុរសមួយចំនួនដែលគិតថាមនុស្សស្រីលុះត្រាតែនៅមានព្រហ្មចារីទើបបរិសុទ្ធ តែគាត់អត់បានដឹងទេថា ពេលខ្លះមនុស្សស្រីដែលធ្វើការធ្ងន់ឬលេងកីឡាខ្លាំងពេក អាចនឹងដាច់ជ្រុះដោយមិនដឹងខ្លួន ជាពិសេសក្មេងស្រីនៅទីជនបទ។ ម្យ៉ាងទៀត ពាក្យថាគូជីវិតគឺមិនឋិតតែនៅលើរឿងអស់ទាំងហ្នឹងនោះទេ គឺវាអាស្រ័យលើការចេះស្រឡាញ់ សណ្តោស ហើយចេញស្វែងយល់ចិត្តគ្នាតែប៉ុណ្ណោះ។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

ចំពោះការដាក់ផ្សាយស្នាដៃមួយនេះគឺដើម្បីចូលរួមចំណែកចែករំលែកនូវចំណេះដឹង ក៏ដូចជាការជួយលើកស្ទួយនូវវិស័យអក្សរសិល្ប៍ផ្នែកប្រលោមលោកឱ្យកាន់តែទូលំទូលាយ ជាពិសេសចង់ចូលរួមយ៉ាងសកម្មជាមួយនឹងកម្មវិធីដ៏ល្អរបស់អ្នកគ្រូម៉ីសន សុធារីផងដែរ។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ខ្ញុំសង្ឃឹមថាប្រិយមិត្តអ្នកអាននឹងចូលចិត្តស្នាដៃមួយនេះ ហើយក៏សូមទោសទុកជាមុនចំពោះពាក្យពេចន៍អក្ខរាវិរុទ្ធត្រង់ចំណុចណាមិនគប្បី។ ខ្ញុំបាទនឹងរីករាយទទួលយកមតិរិះគន់ដើម្បីស្ថាបនា ដើម្បីទុកជាមេរៀននៅស្នាដៃក្រោយៗទៀត។

ចុចអានរឿងព្រហ្មចារី