៥សំណួរជាមួយម្ចាស់រឿង«ភូមិគ្រឹះដែលខ្ញុំធ្វើការ»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

នាងខ្ញុំមាននាមប៉ាកកា ជេន អាយុ ២០ ឆ្នាំ សព្វថ្ងៃជានិស្សិតអក្សរសាស្រ្តអង់គ្លេសឆ្នាំទី៤ នៅសាកលវិទ្យាល័យជាស៊ីមកំចាយមារ សាខាខេត្តព្រៃវែង និងជាមន្រ្តីកិច្ចសន្យាមួយរូបនៅសាលាខេត្តព្រៃវែងផងដែរ។ នាងខ្ញុំបានចេញផ្សាយរឿងរន្ធត់ខ្លីមួយរឿងមានចំណងជើងថា «ភូមិគ្រឹះដែលខ្ញុំធ្វើការ» ដែលជាស្នាដៃដំបូងបំផុតរបស់ខ្ញុំក្នុងការចូលរួមកម្មវិធី MST Writer របស់អ្នកគ្រូ ម៉ីសន សុធារី។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

មូលហេតុដែលខ្ញុំសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ ព្រោះខ្ញុំចង់ចែករំលែកស្នាដៃរបស់ខ្លួនឱ្យមិត្តអ្នកអាន ក៏ដូចជាអ្នកនិពន្ធដទៃទៀតបានស្គាល់ ក៏ដើម្បីអាចទទួលបានមតិកែកុនស្ថាបនាពីបងៗដែលមានបទពិសោធន៍ ពិសេសអ្នកដែលស្រលាញ់ចូលចិត្តរឿងប្រភេទរន្ធត់ៗដូចគ្នា។ រឿងខ្លីរបស់ខ្ញុំនិយាយអំពីនិស្សិតស្រីម្នាក់ដែលទទួលបានការងារនៅភូមិគ្រឹះធំសម្បើមមួយកន្លែង តែក្រោយពីបានទៅដល់ភូមិគ្រឹះនោះទើបនាងដឹងថាកន្លែងដែលខ្លួនធ្វើការពិតជាគួរឱ្យខ្លាច និងមានរឿងអាថ៍កំបាំងនៅពីក្រោយនោះរាប់រយជំពូក។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំណុចដែលខ្ញុំជាអ្នកនិពន្ធចូលចិត្ត និងស្រលាញ់បំផុតក្នុងរឿងទាំងមូលគឺអាថ៍កំបាំងនានាក្នុងភូមិគ្រឹះដែលបើកបង្ហាញឱ្យអ្នកអានបានដឹងម្ដងបន្តិចៗ។ ក្រៅពីនេះការបង្ហាញពីសកម្មភាពជំនួសឱ្យការរៀបរាប់នឹងធ្វើឱ្យអ្នកអានស្លុងអារម្មណ៍បន្តិចម្ដងៗ ហាក់ដូចពួកគេជាតួឯកស្រីដែលកំពុងផ្សងព្រេងដូច្នោះ។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

បំណងធំបំផុតរបស់ខ្ញុំគឺខ្ញុំចង់ចូលរួមជាមួយអ្នកគ្រូ ម៉ីសនសុធារី ក្នុងកម្មវិធីដែលអ្នកគ្រូបង្កើតឡើង។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ខ្ញុំសង្ឃឹមថាស្នាដៃរបស់ខ្ញុំមួយនេះអាចនាំមិត្តអ្នកអានទៅកាន់ពិភពដ៏ព្រឺព្រួចមួយជាមួយតួឯកស្រីនៅក្នុងរឿង ស្វែងរកការពិតនៅពីក្រោយភូមិគ្រឹះដ៏ចម្លែកជាមួយគ្នា សប្បាយជាមួយគ្នា កើតទុក្ខជាមួយគ្នា និងភ័យខ្លាចព្រមគ្នា។ នាងខ្ញុំសង្ឃឹមថាបន្ទាប់ពីនេះអ្នកអាននឹងចងចាំរឿងនេះនៅក្នុងចិត្ត ក៏ដូចជាឈ្មោះអ្នកនិពន្ធ «ជេន» ផងដែរ។

ចុចអានរឿងភូមិគ្រឹះដែលខ្ញុំធ្វើការ