៥សំណួរជាមួយម្ចាស់រឿង«អ្នកណាកំណត់»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

ខ្ញុំបាទឈ្មោះ ម៉ក់ ខេមរិន្ទ្រ នាមប៉ាកកា «ជលធី» សព្វថ្ងៃខ្ញុំជាគ្រូបង្រៀននៅអនុវិទ្យាល័យ។ ចំណែករឿងដែលដាក់ផ្សាយដំបូងនេះមានចំណងជើងថា «អ្នកណាកំណត់»។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

មូលហេតុដែលខ្ញុំសម្រេចចិត្តយករឿងមកដាក់ផ្សាយនៅទីនេះ គឺខ្ញុំចង់បង្ហាញពីស្នាដៃរបស់ខ្លួន ទៅមិត្តអ្នកចូលចិត្តការអាន ទោះបីជាវាមិនទាន់ចាត់ចូលជារឿងល្អឬទាក់ទាញយ៉ាងណាក៏ដោយ។ “អ្នកណាកំណត់?” ជាប្រភេទរឿងអប់រំជីវិត មានបង្កប់នូវរឿងរ៉ាវជូរចត់មួយចំនួនដែលមិត្តអ្នកអានខ្លះមិននឹកស្មានដល់ថាអាចកើតមាននៅក្នុងសង្គមយើង។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ក្ដីស្រឡាញ់រវាងម្ដាយនិងកូន គ្រូនិងសិស្ស គឺជាភាពកក់ក្ដៅខ្ញុំទទួលបានពីរឿងខ្លីមួយនេះ។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

ខ្ញុំដឹងថាស្នាដៃដំបូងរបស់ខ្ញុំមួយនេះនៅមានកម្រិត តែក្នុងនេះខ្ញុំក៏មានបំណងដើម្បីលើកទឹកចិត្តដល់ខ្លួនឯង និងអ្នកដែលស្រលាញ់ការសរសេរឱ្យមានភាពក្លាហាន ហ៊ានបញ្ចេញសំណេររបស់ខ្លួនចេញមក ដោយគ្មានភាពស្ទាក់ស្ទើរលើស្នាដៃរបស់ខ្លួនឯង។ សូមកុំរង់ចាំឱ្យខ្លួនឯងល្អឥតខ្ចោះ ព្រោះអ្នកអាចនឹងរៀនសូត្រ ព្រមទាំងទទួលបានយោបល់ត្រឡប់ពីមិត្តអ្នកអានផ្សេងទៀតក្រោយពេលដាក់បង្ហាញស្នាដៃខ្លួននៅទីនេះ។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ខ្ញុំពិតជាមានក្ដីរំភើបរីករាយជាខ្លាំងដែលទទួលបានឱកាសក្នុងការបង្ហាញស្នាដៃក្មេងខ្ចីរបស់ខ្ញុំនៅទីនេះ។ ខ្ញុំសូមអរគុណដល់អ្នកមានគុណ លោកគ្រូអ្នកគ្រូ បងប្អូន មិត្តភក្តិ អ្នករួមការងារទាំងអស់ដែលតែងតែលើកទឹកចិត្តខ្ញុំឱ្យឈានមកដល់ថ្ងៃនេះ។ ទោះបីរឿងនេះល្អឬមិនល្អកម្រិតណា តែខ្ញុំប្ដេជ្ញាថានឹងខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនបន្ថែមទៀត ដើម្បីឱ្យស្នាដៃលើកក្រោយកាន់តែមានភាពល្អប្រសើរ។ សូមអរគុណ!

ចុចអានរឿងអ្នកណាកំណត់