៥សំណួរជាមួយម្ចាស់រឿង«កំណត់ហេតុស្នេហ៍»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

ខ្ញុំឈ្មោះ ជិន សូនីន នាមប៉ាកកា ស្រីតូច ដោយសារមានឱកាសបានស្គាល់ក្រុម MST WRITER ទើបខ្ញុំបានចូលរៀនវគ្គឥន្រ្ទីយ រដូវកាលទី១ ពីការតែងនិពន្ធ ហើយបានយល់ខ្លះៗពីការតែងនិពន្ធ និងគុណតម្លៃរបស់អ្នកនិពន្ធ គឺការផ្តល់ឲ្យ។ រឿងរបស់ខ្ញុំដែលបានចេញផ្សាយមានចំណងជើងថា«កំណត់ហេតុស្នេហ៍»។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

មូលហេតុដែលខ្ញុំសម្រេចចិត្តយករឿង មកដាក់ផ្សាយ គឺចង់ចាប់ផ្តើមខ្លួនឯងធ្វើជាអ្នកនិពន្ធ ចង់សាកល្បងចំណេះដឹងខ្លួនឯង និងចង់ឲ្យមានអ្នកជួយវាយតម្លៃការនិពន្ធរបស់ខ្ញុំផង។ កម្លាំងដែលបណ្តាលចិត្តឲ្យសរសេរសាច់រឿងនេះចេញមក តាំងពីឆ្នាំ ២០២០ ដំបូងវាគ្រាន់តែជាកំណត់ហេតុផ្ទាល់ខ្លួនសម្រាប់ការចង់ចាំមួយ បន្ទាប់មកក៏ចង់ចែករំលែកបទពិសោធន៍ខ្លះដល់មិត្តអ្នកអាន។ រឿងរបស់ខ្ញុំនិយាយអំពីស្នេហា ជីវិតគ្រួសារ និងការតស៊ូងើបឡើង បន្ទាប់ពីត្រូវដួល ដោយរងរបួសផ្លូវចិត្ត។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំណុចដែលខ្ញុំចូលចិត្តជាងគេគឺក្តីស្រលាញ់ដែលបរិសុទ្ធក្នុងចិត្តយើងចង់ប្រគល់ឲ្យមនុស្សម្នាក់ បើទោះជាគេមិនអាចទទួលយកទុកបាន មានន័យថាគេលែងមានឱកាសទទួលបានរហូតហើយ ព្រោះគេមិនបានផ្តល់តម្លៃឲ្យរបស់ដែលមានក្នុងដៃ យើងដួលហើយក៏អាចក្រោកឡើងបានដោយខ្លួនឯង ទោះបីជាគ្មានគេនៅក្បែរ។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

បំណងក្នុងការដាក់ផ្សាយរឿងមួយនេះ គឺចង់បង្ហាញឲ្យមិត្តអ្នកអាន យល់ឃើញនូវជីវិតពិតជាក់ស្តែង មិនមែនដូចបទនិពន្ធ ដែលត្រូវតែឲ្យតួជួបគ្នានៅគ្រាចុងក្រោយនោះទេ ។ ក្រៅពីស្នេហា យើងនៅមានអ្វីច្រើនទៀតដែលត្រូវធ្វើ យើងអាចធ្វើអ្វីជាប្រយោជន៍ដល់សង្គមដែលយើងរស់នៅ «បើមិនបានផ្តល់អ្វី ក៏មិនធ្វើជាបញ្ហាដល់សង្គមដែរ»។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ចំណាប់អារម្មណ៍ខ្ញុំសម្រាប់អ្នកអាន គឹចង់ចែករំលែកដល់មិត្តអ្នកអាននូវបទពិសោធន៍ខ្លះ ដែលមនុស្សស្រីមួយចំនួនមិនហ៊ានបង្ហាញចេញមក មិនហ៊ានប្រឈម និងមិនហ៊ានសូម្បីតែគិត។ ខ្ញុំសូមចូលរួមចំណែកមួយផ្នែកតូចក្នុងសង្គមដ៏ស្រស់ស្អាតមួយនេះ

ចុចអានរឿងកំណត់ហេតុស្នេហ៍