៥សំណួរជាមួយម្ចាស់រឿង«បឹងអាគម»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

សូមជម្រាបសួរដល់ប្រិយមិត្តអ្នកអានជាទីគោរពស្រលាញ់! នាងខ្ញុំឈ្មោះ ស៊ាម ស៊ិនវីរ:បូរមី អាយុ ២១ឆ្នាំ ជានិស្សិតឆ្នាំទី៣ ដែលកំពុងបន្តការសិក្សាផ្នែកគណនេយ្យ សវនកម្មពន្ធដារ មានទីលំនៅ នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ នាងខ្ញុំមានសេចក្តីរីករាយជាអនេកដែលបាននិពន្ធរឿងមួយមានចំណងជើងថា បឹងអាគម និងមានឱកាសលើកយកមកបើកបង្ហាញក្នុងកម្មវិធី MST Writer season1។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

នាងខ្ញុំសម្រេចចិត្តយករឿងនេះមកដាក់ផ្សាយព្រោះថា ខ្ញុំចង់លើកបង្ហាញសមិទ្ធផលដែលខ្លួនមានយកមកចូលរួមធ្វើជាកំណែអផ្សុកដល់មិត្តអ្នកអាន លើសពីនេះខ្ញុំចង់ទទួលបានការបញ្ចេញមតិពីស្នាដៃដ៏ស្ដួចស្ដើងរបស់ខ្ញុំផងដែរ។ កត្តាចម្បងដែលជម្រុញចិត្តខ្ញុំឲ្យនិពន្ធរឿងនេះឡើងគឺ ដោយក្ដីស្រឡាញ់និងក្ដីស្រមៃ ព្រោះតាំងពីតូចមកខ្ញុំចូលចិត្តអាន និងសរសេរសៀវភៅណាស់ ខ្ញុំពិតជារំភើបចិត្តណាស់ដែលមានវត្តមាននៅទីនេះ។ ហើយរឿងនេះផងដែរគឺចង់និយាយពីនារីបុស្បាដែលបានទទួលបណ្ដាសាចម្លែកពីបឹងតាំងពីស្ថិតក្នុងផ្ទៃម្ដាយមកម្ល៉េះ។ នៅពេលនាងអាយុ១៦ឆ្នាំនាងត្រូវវិញ្ញាណចូលសណ្ឋិតដើម្បីអន្ទងចិត្តហៅមនុស្សឲ្យមកស្លាប់ជំនួសនាងនៅរៀងរាល់យប់ថ្ងៃសីល ការស្លាប់របស់មនុស្សទាំងនោះចេះតែកើតឡើងជាបន្តបន្ទាប់ តើមានវិធីណាអាចជួយដោះបណ្ដាសានេះបានទៅ? ទោះជាយ៉ាងណាក្ដី ក្នុងនោះក៏មានកម្លោះឃុន លី ដែលមិនបោះបង់នាងដាច់ខាត ទោះមានរឿងអ្វីកើតឡើងក៏ដោយ ពួកគេគឺនឹងនៅក្បែគ្នារហូតមិនទៅណា។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំណុចដែលខ្ញុំស្រឡាញ់ជាងគេក្នុងរឿងគឺ ការមិនអាត្មានិយម តួអង្គហ៊ានលះបង់ជីវិតខ្លួនដើម្បីកុំឲ្យមានអ្នកផ្សេងត្រូវមករងគ្រោះដោយសារខ្លួនទៀត និងចំណុចដែលតួអង្គស្មោះត្រង់ មិនបោះបង់គ្នាក្នុងគ្រាលំបាក ថែមទាំងមានការអប់រំឲ្យយើងចេះសាងសីលទាននិងអំពើរល្អទៀតផង។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

គោលបំណងធំបំផុតគឺចង់សម្រេចបំណងប្រាថ្នា ក្ដីស្រឡាញ់ដែលមានចំពោះវិស័យនេះ បើទោះបីជាធ្វើមិនទាន់បានល្អ ប៉ុន្តែខ្ញុំសូមលើកចិត្តខ្លួនឯងឲ្យប្រឹងប្រែងបន្តទៀត។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ខ្ញុំសូមអរគុណជាខ្លាំងដល់អ្នកគ្រូ ម៉ីសន សុធារី រួមទាំងក្រុមការងារ ដែលបានបង្កើតកម្មវិធីដ៏ពិសេសមួយនេះឡើង និងសូមអរគុណដល់មិត្តអ្នកអានទាំងអស់ដែលបានចំណាយពេលវេលាចូលរួមអាន និងចែករំលែកមតិដល់រូបខ្ញុំ។ រឿងដែលខ្ញុំនិពន្ធមួយនេះគឺកើតចេញពីក្ដីស្រលាញ់ ចេញពីបេះដូង និងការយកចិត្តទុកដាក់ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្ត និងមានមតិត្រឡប់ដើម្បីជួយពង្រឹងសមត្ថភាពខ្ញុំបន្ថែមទៀត។

សូមអរគុណ!

ចុចអានរឿងបឹងអាគម