៥សំណួរជាមួយម្ចាស់រឿង«រាត្រីថ្ងៃសុក្រ»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

សូមគោរពជម្រាបសួរ! នាងខ្ញុំឈ្មោះជាតិបុលឡា ជានិស្សិតនៃសកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល។ ស្នាដៃដំបូងដែលខ្ញុំបានចេញផ្សាយនៅ MST Writer គឺរឿង “រាត្រីថ្ងៃសុក្រ” ដែលជាប្រភេទរឿងរន្ធត់បែបឧក្រិដ្ឋកម្ម។ 

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

មូលហេតុដែលខ្ញុំសម្រេចចិត្តយករឿងមួយនេះមកដាក់ផ្សាយក្នុងបំណងដំបូងបង្អស់គឺ ដើម្បីចែករំលែកការកម្សាន្តតាមរយៈអត្ថបទរឿងរបស់ខ្ញុំទៅកាន់អ្នកអាននិងចង់បានមតិកែតម្រូវពីពួកគាត់ត្រឡប់មកវិញ។ បើសួរពីកម្លាំងបណ្ដាលចិត្តចម្លើយរបស់ខ្ញុំគឺអ្នកអាន! ពួកគាត់ជាកម្លាំងបណ្ដាលចិត្តឱ្យខ្ញុំសរសេរ ខ្ញុំចង់ឱ្យពួកគាត់បានអានអត្ថបទរឿងរបស់ខ្ញុំហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែននៅពេលដែលដឹងថាការស្រមើស្រមៃរបស់ខ្ញុំមានអ្នកអាន ទោះត្រឹមម្នាក់ឬពីរនាក់ក៏ដោយក៏ពួកគាត់មានចំណែកចូលរួមជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ខ្ញុំបន្តដំណើរក្នុងវិថីនេះ។

សាច់រឿង “រាត្រីថ្ងៃសុក្រ” និយាយពីឃាតកម្មដែលតែងតែកើតឡើងរៀងរាល់ថ្ងៃសុក្រហើយភាគច្រើនគឺកើតទៅលើយុវជនដែលចូលចិត្តដើរលេងសប្បាយភ្លើតភ្លើន មិនស្គាល់ទីតាំងច្បាស់លាស់ ងាយស្រួលអូសទាញ ដែលពួកគាត់ងាយនឹងក្លាយជាជនរងគ្រោះខ្លាំង មិនត្រឹមតែករណីឃាតកម្មទេ សូម្បីតែការលួចឆក់ប្លន់ រំលោភ គ្រោះថ្នាក់ចរាចរណ៍និងរឿងហេតុផ្សេងៗគឺមានហានិភ័យខ្ពស់ខ្លាំងមែនទែនព្រោះគ្រោះថ្នាក់អាចកើតឡើងបានគ្រប់ពេលវេលាទាំងអស់។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំណុចដែលខ្ញុំស្រលាញ់ជាងគេក្នុងរឿង “រាត្រីថ្ងៃសុក្រ” គឺត្រង់វគ្គដែលរីណេផ្ដល់ឱកាសឱ្យរ៉ាទីរើស។ ត្រង់នេះបើរ៉ាទីរើសយករីណេគេនឹងមានជីវិតចេញពីកោះប៉ុន្តែរ៉ាទីបែរជាបដិសេធព្រោះមិនចង់ធ្វើខ្លួនអត្មានិយមក្បត់មនោសញ្ចេតនាអូនម៉េវ។ នេះសបញ្ជាក់ថាក្ដីស្រលាញ់ពិតប្រាកដគឺមិនងាយប្រែប្រួលឬ ងាយផ្លាស់ប្ដូរទេ ទោះស្ថិតក្នុងកាលៈទេសៈណាក៏មិនបោះបង់គ្នា។ លើសពីនេះទៅទៀតគឺខ្ញុំសរសើរភាពក្លាហានអូនម៉េវ ដែលមានឱកាសរត់ចេញពីកោះបានហើយតែសុខចិត្តនៅចាំរហូតដល់រីណេត្រឡប់មកវិញក្នុងបំណងជួយរំដោះរ៉ាទីចេញពីកោះជាមួយគ្នា។ ស្ដាប់ទៅអាចសាមញ្ញប៉ុន្តែបើយើងគិតឱ្យស៊ីជម្រៅទៅយើង នឹងបានឃើញពីភក្តីភាពដ៏ស៊ីជម្រៅដែល អូនម៉េវនិងរ៉ាទីមានចំពោះគ្នា ក្នុងស្ថានភាពមួយដែលមនុស្សគ្រប់គ្នាចង់រត់យករួចតែអាត្មាខ្លួនឯង។ ខ្ញុំកោតសរសើរទឹកចិត្តអ្នកទាំងពីរខ្លាំងព្រោះមនោសញ្ចេតនា បែបនេះមិនងាយនឹងរកបានឡើយ។ 

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

បំណងដំបូងបង្អស់របស់ខ្ញុំគឺចង់ចែករំលែកការកម្សាន្តដល់អ្នកអានគ្រប់មជ្ឈដ្ឋាន និងចង់បានមតិត្រឡប់មកវិញដើម្បីមើលពីចំណុចខ្វះខាត ខ្វះចន្លោះរបស់ខ្លួនឯង ព្រោះខ្ញុំអ្នកសរសេរមើលមិនដឹងកំ ហុសខ្លួនឯងឡើយមានតែអ្នកអានទេដែលគាត់ដឹង។ មិនតែប៉ុណ្ណោះ ខ្ញុំសរសេរក្នុងគោលបំណងលើកស្ទួយការអាន ខ្ញុំសប្បាយចិត្តនៅពេលដែលដឹង ថាអត្ថបទរបស់ខ្ញុំក៏បានចូលរួមមួយផ្នែកតូចនៃការអានក្នុងប្រទេសយើងដែរ។ 

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ចំណាប់អារម្មណ៍របស់ខ្ញុំទៅកាន់អ្នកអានគឺខ្ញុំសង្ឃឹមថាអត្ថបទរឿងរបស់ខ្ញុំបានក្លាយជារឿងមួយដែលទាំងអស់គ្នាអានក្នុងចំណោមរឿងផ្សេងៗទៀត។ ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនដែល បានចំណាយពេលវេលាដ៏មានតម្លៃអានរឿងរបស់ខ្ញុំ អ្នកទាំងអស់ គ្នាជាកម្លាំងចិត្តដ៏ធំធេងជម្រុញឱ្យខ្ញុំមានថ្ងៃនេះ បើគ្មានអ្នកទាំងអស់គ្នាក៏គ្មានខ្ញុំដែរ។ ជាចុងក្រោយនេះខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងនៅតែបន្តទម្លាប់អានសៀវភៅដើម្បីចូលរួមលើកកម្ពស់ការអានក៏ដូចជាការតែនិពន្ធនៅក្នុងប្រទេសយើងផងដែរ។ មួយទៀត… សូមជូនពរអ្នកអានទាំងអស់ គ្នាមានសុខភាពល្អ ថែរក្សាសុខភាពផងណា៎ ខ្ញុំនៅទីនេះរងចាំស្ដាប់ នូវរាល់មតិរិះគន់ផ្សេងៗពីអ្នកទាំងអស់គ្នា។ 

ពីអ្នកសរសេរធម្មតាដែលចង់ឱ្យអ្នកទាំងអស់គ្នាបានអានអត្ថបទរបស់ខ្ញុំ

ចុចអានរឿងរាត្រីថ្ងៃសុក្រ