រឿង៖ ម្លិះ៧ទង

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។ បីចប់

ប្រែថា ៖ រិកិរិយានមស្សការថ្វាយបង្គំនៃខ្ញុំព្រះករុណាចូរមានដល់ព្រះដ៏មានព្រះ ភាគអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយ ។

ព្រះទិនករបានបង្អួតព្រះកាយបញ្ចេញព្រះសូរ្យសែងយ៉ាងត្រចះត្រចង់ចិញ្ចែងចិញ្ចាចលើនភាល័យតែមួយអង្គឯង ។ ខ្សែជីវិតបីដូចជាចរន្តខ្សែទឹកហូរទៅមិនត្រឡប់ បកក្រោយវិញឡើយ ។ យ៉ាងណាមិញ មនុស្សរស់នៅត្រឹមតែមួយចម្អែតក្រពះតែ ប៉ុណ្ណោះ តើហេតុអ្វីបានជាមកចងគំនុំគុំគួនគ្នាកាប់សម្លាប់ផ្ដាច់ផ្ដិលជីពជន្មគ្នាយ៉ាងនេះ ទៅវិញ ? កំពុងពិចារណាពីបញ្ហាជីវិត តាសែក និងយាយហបបានឮសំឡេងទារិកា ជាច្រើនយំលាន់ទ្រហឹងនៅក្នុងហឹបធំមួយដែលអណ្ដែតត្រសែតលើផ្ទៃជលស័យ ។ តាសែកខំស្រែកហៅយាយហបឱ្យជួយផ្ទៀងត្រចៀកស្ដាប់ថាតើជាខ្មោចឬជាមនុស្ស ? តាសែកបានលុយទឹកស្រង់យកហឹបធំនោះមកដាក់ច្រាំងទន្លេ ។ ដោយសារវ័យ ចំណាស់ អ្នកទាំងពីរក៏លើកហឹបនោះឡើងមកលើគោកយ៉ាងលំបាកលំបិន តែគាត់នៅ តែលើកហឹបនោះទាល់តែរួច ។ លុះលើកឡើងលើគោកហើយ ពួកគាត់ទាំងពីរនាក់ បានបើកគម្របហឹបធំនោះឡើង ក៏ឃើញទារិកាទាំង៧យ៉ាងស្រស់សោភាគួរជាទីចាប់ ចិត្តស្រឡាញ់ពេញចិត្តក្រៃលែង ។ ដោយសេចក្ដីអាណិអាសូរក្រៃលែង ជាហេតុនាំឱ្យ ពួកគាត់រើសទារិកាទាំង៧យកទៅចិញ្ចឹមទុកដូចជាចៅបង្កើតអ៊ីចឹង ។

ដោយកម្មអកុសលដែលសាងឡើងពីអតីតជាតិ ញ៉ាំងឱ្យយាយធ្មប់អណ្ដាត ខ្មៅបានធ្វើពិធីកម្មថ្វាយគ្រូបានសម្លឹងមើលតាមផ្ដិលទឹកមន្តឱ្យឃើញថា ទារិកាទាំង៧ពុំ ទាន់ស្លាប់នៅឡើយ ។ យាយគ្រូបានទូលថ្វាយព្រះរាជអគ្គមហេសីពីដំណឹងដែល ទារិកាទាំង៧ពុំទាន់ស្លាប់នៅឡើយទេ ។ ព្រះអគ្គមហេសីបានចាត់ឱ្យសេនាជំនិតមួយ ក្រុមទៅស៊ើបការណ៍នេះឱ្យច្បាស់លាស់ថា តើកុមារីទាំង៧នាក់នោះនៅឯណា ?

យាយគ្រូបានប្រើម្រាមដៃជ្រលក់ចូលក្នុងក្រឡមួយ ហើយសូត្រគាថាមួយសន្ទុះ រួចដៅចំកណ្ដាលប្រជុំចិញ្ចើមកងពលសេនាដែលរៀបចំចេញដំណើរទៅស្វែងរកកុមារីទាំង៧ ។ និយាយពីកុមារីទាំង៧អង្គវិញ បានចម្រើនវ័យចំនួន៧វស្សាហើយមួយអង្គ ៗសុទ្ធតែស្រស់សោភាគួរជាទីរមិលមើលនៃភ្នែកចាស់ទុំគ្រប់ៗគ្នា ។ យាយហបក៏ហៅ ចៅទាំង៧តាមលេខរៀងពីធំទៅតូច គឺចៅ១ទៅដល់ចៅទី៧គឺចៅពៅ ព្រោះមាឌតូច ល្អិតជាងគេ ។ កុមារីទាំង៧បានរត់លេងជាមួយកុមារដទៃទៀតយ៉ាងសប្បាយអឺងកង ហើយច្រៀងបទសកវាទិ៍ទៅតាមទម្លាប់ក្មេងៗស្របាលៗគ្នាដែលច្រៀងនោះ ។ តា សែកពុំដែលនឹកហាមឃាត់ចៅៗឱ្យស្ងៀមមួយកន្លែងនោះឡើយ ។ តាសែកនិង យាយហបស្រឡាញ់ចៅទាំង៧ស្មើៗគ្នារកអ្វីមកប្រៀបពុំបានឡើយ ។ កុមារីទាំង៧ ចូលចិត្តផ្កាម្លិះជាខ្លាំង ពួកគេបានរៀបចំសួនច្បារដោយដាំនូវផ្កាម្លិះ៧គុម្ពមានដើមដុះ លូតលាស់ល្អខ្លាំងណាស់ ។

ផលកម្មពីអតីតតាមចងពៀរវេរាឥតស្រាកស្រាន្តកងសេនាដែលតាមដានស្វែង រករាជទារិកាទាំង៧បានមកដល់ភូមិស្រុករបស់កុមារីទាំង៧ ។ លុះកងសេនាបាន សាកសួរអ្នកស្រុកទើបដឹងថា កុមារីទាំង៧នាក់ជារាជទារិកាទាំង៧ដែលមានគេលួច ជួយសង្គ្រោះ ហើយបណ្ដែតចោលតាមខ្សែទឹកហូរ ។ ក្រោយពីដឹងច្បាស់ពីព័ត៌មាន លម្អិតហើយ កងសេនាទាំងនោះបានតាមដានពីក្រោយ ដើម្បីរកអាណាព្យាបាល របស់កុមារីទាំង៧នោះ ។ កុមារីទាំង៧បានរត់លេងក្រៅផ្ទះតាយាយនៅក្បែរផ្ទះបាន ដាំនូវដើមផ្កាម្លិះ៧ដើម ។ យាយគ្រូបានបញ្ជាឱ្យសម្លាប់កុមារីទាំង៧នោះចោលទាំង អស់កុំឱ្យទុកនៅតទៅទៀត ។ លុះសម្លាប់កុមារីទាំង៧នោះហើយ យាយគ្រូបានបញ្ជា ឱ្យកាប់កម្ទេចដើមផ្កាម្លិះទាំង៧ដើមចោលហើយបោះចូលទៅក្នុងទឹកឱ្យរលួយចោលទៅ ។

តាយាយមកពីចម្ការបានរកឃើញថា កុមារីទាំង៧នាក់បានស្លាប់ដោយ កងសេនាមកសម្លាប់ ក៏យំសោកបោកខ្លួនអាណិតអាសូរវាសនាចៅរបស់គាត់ ។ ផ្កាម្លិះទាំង៧ទងបានអណ្ដែតទៅទីទៃពីគ្នា ។ ហេតុតែនិស្ស័យពីបុព្វជាតិទើប ញ៉ាំងឱ្យព្រលឹងរាជកុមារីទាំង៧ដែលតោងជាប់នឹងផ្កាម្លិះទាំង៧ទង ។ ផ្កាម្លិះទាំង៧ទង បានអណ្ដែតទៅដល់លោកតាឥសីទាំង៧អង្គ ។ ឥសីពណ្ណកបានឮសំឡេងក្មេងស្រី ស្រែកហៅរកជំនួយ ពេលព្រះអង្គកំពុងចង្ក្រមភាវនានៅក្បែរមាត់ទឹក ។ ឥសីពណ្ណក បានប្រើចក្ខុទិព្វក្រឡេកទៅក្នុងផ្ទៃទឹក ក៏ឃើញអណ្ដែតផ្កាម្លិះមួយទងមានព្រលឹងកុមារី ម្នាក់តោងជាប់ ។ លោកក៏ប្រើវិជ្ជាខាបយកមកដាក់លើគោក ហើយជប់ឱ្យរស់រានមាន ជីវិតឡើងវិញ ។ កុមារីបានកើតឡើងនៅចំពោះមុខព្រះមុនីឥសីពណ្ណក ហើយក្រាប ថ្វាយបង្គំដោយវាចាយ៉ាងពីរោះក្រអួនក្រអៅ ៖

.  ចៅសូមក្រាបថ្វាយបង្គំលោកតា ! សូមអរព្រះគុណលោកតាដែលជួយ សង្គ្រោះជីវិតចៅឱ្យរស់រានឡើងវិញ !

.  ប្រពៃហើយ ! ពេលនេះ ចៅមាននាមថា ពណ្ណវី ហើយចៅត្រូវនៅរៀនសិល្ប៍ សាស្ត្រវិជ្ជាការជាមួយតាសិន !

.  អរព្រះគុណលោកតា !

និយាយពីផ្កាម្លិះទី២បានអណ្ដែតទៅដល់ជិតដើមឈើមួយដើមដែលឥសីអស្សកគង់ចង្ក្រមភាវនាយ៉ាងស្ងប់ស្ងាត់ ។ លោកតាបានបើកព្រះនេត្រក្រឡេកមើលជុំវិញ ខ្លួនសព្វទិសានុទិសក៏ប្រទះនឹងផ្កាម្លិះមួយទងកំពុងអណ្ដែតផ្លេងផ្លូងក្នុងផ្ទៃទឹកដោយមានជាប់ព្រលឹងកុមារីម្នាក់មកផង ។ លោកតាក៏ខាបយកផ្កាម្លិះនោះយកមកដាក់លើដី គោក ហើយសូត្រគាថាជប់ឱ្យរស់រានមានជីវិតឡើងវិញ ។ កុមារីទី២បានថ្វាយបង្គំ និងពោលដោយសូរសៀង ៖

.  ចៅសូមក្រាបថ្វាយបង្គំលោកតា ! ចៅសូមអរព្រះគុណលោកតាដែលជួយ សង្គ្រោះជីវិតចៅឱ្យរស់រានមានជីវិតឡើងវិញ !

.  ល្អហើយចៅ ! ពេលនេះចៅមាននាមថា នរវតី ហើយចៅត្រូវនៅរៀនវិជ្ជាការ ជាមួយតាសិនហើយណា៎ចៅ !

.  អរព្រះគុណលោកតា !

រីផ្កាម្លិះទី៣វិញបានអណ្ដែតទៅដល់គុហារបស់ឥសីពសុធកដែលលោកតាកំពុងតាំងសមាធិភាវនាធម៌យ៉ាងស្ងប់ស្ងាត់តែមួយអង្គឯង ។ ឥសីពសុធកបានសណ្ដាប់ឮ សំឡេងដង្ហើយហៅឱ្យជួយសង្គ្រោះជីវិតខ្លួនផង ។ ក្រោយពីសណ្ដាប់ឮហេតុដូច្នេះ ហើយឥសីពសុធកបានខាបយកផ្កាម្លិះទី៣នោះមកលើដីគោកវិញ ហើយជប់ជីវិតឱ្យ កុមារីទី៣បានរស់រានឡើងវិញ ។

 កុមារីទី៣បានក្រាបថ្វាយបង្គំ ហើយពោលដោយ សូរសៀងស្រួយស្រេះឡើង ៖

.  ចៅសូមក្រាបថ្វាយបង្គំលោកតា ! ហើយចៅសូមអរព្រះគុណលោកតាដែល បានជួយឱ្យចៅបានមានជីវិតរស់ផងដែរ !

.  ប្រពៃហើយចៅ ! ចៅមាននាមថា សុរជី ហើយចៅត្រូវនៅរៀនសិល្ប៍សាស្ត្រ វិជ្ជាការជាមួយតាសិនហើយ !

.  អរព្រះគុណលោកតា !

ចំណែកឯផ្កាម្លិះទី៤បានត្រូវចៅគាំងរើសបានយកទៅថ្វាយលោកតាព្រះមុនីឥសីបណ្ដើរ ស្រែកប្រាប់លោកតាបណ្ដើរ ៖

.  លោកតា ! ផ្កាម្លិះនេះស្អាតខ្លាំងណាស់ ហើយក្រអូបថែមទៀត ! យី ! ផ្កានេះម្ដេចក៏ចេះស្រែកថែមទៀតផងលោកតា !

.  ស្អី ? អាគាំង ! យកមកនេះទៅមើល៍ !

.  ណេះ ! លោកតា ! ខ្ញុំព្រះករុណាសង្ស័យតែផ្កាខ្មោចទេលោកតា !

.  អាគាំង ! នែ ! យកទៅដាក់ខាងមុខតាទៅ !

.  ករុណាលោកតា !

ចៅគាំងបានយកផ្កាដាក់ពីមុខ ហើយលោកតាឥសីបានជប់កុមារីទី៤ឱ្យកើត ជារូបរាងកាយឡើង ។ លោកតាឥសីអស្មកបានសិតការ ហើយកុមារីទី៤បានក្រាប ថ្វាយបង្គំជាមួយវាចាផ្អែមល្ហែម ៖

.  ចៅសូមក្រាបថ្វាយបង្គំលោកតា ! ហើយអរព្រះគុណលោកតាជាពន្លឹកដែល ជួយសង្គ្រោះជីវិតចៅឱ្យរស់រានមានជីវិតឡើងវិញ !

.  ប្រពៃណាស់ចៅ ! លោកតាសុំដាក់ឈ្មោះឱ្យចៅថា មហាពលី ហើយចៅត្រូវ នៅរៀនសិល្ប៍សាស្ត្រវិជ្ជាការពីតាសិនណា៎ចៅ !

.  អរព្រះគុណលោកតា !

ផ្កាម្លិះទី៥បានហូររសាត់ទៅកាត់ទីដែលមានទឹកគួចបណ្តាលឱ្យផ្កាម្លិះដ៏សែនអភ័ព្វបានធ្លាក់ចូលទៅកាន់គុហាលោកតាព្រះមុនីឥសីវាយក ។ ផ្កាម្លិះដែលព្រលឹងរបស់ កុមារីទី៥ព្យាយាមតោងយ៉ាងជាប់ ហើយថែមទាំងស្រែកដង្ហើយហៅឱ្យគេជួយ សង្គ្រោះខ្លួនផងដែរ ។ ឥសីវាយកបានប្រមើលមើលឃើញហេតុអាសន្នកើតចំពោះ កុមារីទី៥ឈានចូលមកដល់ ប្រសិនបើលោកមិនជួយនោះ ។ ឥសីវាយកបានខាប យកផ្កាម្លិះទី៥នោះមកនៅនឹងមុខលោកតាឥសី ដើម្បីជប់ឱ្យកុមារីទី៥រស់រានមាន ជីវិតឡើងវិញ ។ កុមារីទី៥បានកើតជារូបកាយរួចហើយ ក៏ក្រាបថ្វាយបង្គំដោយសេច ក្ដីត្រេកអរឡើង ៖

.  ចៅសូមក្រាបថ្វាយបង្គំលោកតា ! ចៅសូមអរព្រះគុណលោកតាដែលជួយ សង្គ្រោះជីវិតរបស់ចៅឱ្យរស់រានមានជីវិតឡើងវិញ !

.  ល្អហើយចៅ ! ពេលនេះចៅមាននាមថា វាលរី ហើយចៅត្រូវនៅរៀនសិល្ប៍ សាស្ត្រវិជ្ជាការជាមួយតាសិនណា៎ !

.  អរព្រះគុណលោកតា !

ផ្កាម្លិះទី៦បានរសាត់ទៅដល់ឥសីតេជកដែលកំពុងតាំងសមាធិចង្ក្រមភាវនាក្រោមម្លប់ដើមឈើ ។ កុមារីទី៦បានស្រែកទាំងនៅជាព្រលឹងនៅឡើយឱ្យគេឯងជួយ សង្គ្រោះខ្លួនរួចផុតពីភយន្តរាយ បើសិនជាព្រះអង្គមិនស្រោចស្រង់ជីវិតកុមារីនោះក្នុង វេលានេះឯងទេ ។ ឥសីតេជកបានសូត្រគាថាខាបយកផ្កាម្លិះនោះមកដាក់នៅចំពោះ មុខឥសីតេជកនោះ ហើយដោយព្រះទ័យមេត្តាបានជប់កុមារីទី៦ឱ្យកើតជារូបរាង ឡើងនៅចំពោះមុខឥសីនោះ ។ កុមារីទី៦បានមើលរូបកាយរបស់ខ្លួន ហើយលើកហត្ថ ប្រណម្យជង្គង់លុតចុះព្រមដោយវាចាឡើង ៖

.  ចៅសូមក្រាបថ្វាយបង្គំលោកតា ! ហើយចៅក៏សូមអរព្រះគុណលោកតាដែល បានជួយស្រោចស្រង់ជីវិតចៅផងដែរ !

.  ប្រពៃណាស់ចៅ ! ពេលនេះចៅទទួលព្រះនាមរបស់ចៅទៅចុះ !

.  គឺកញ្ចនី ណា៎ចៅ !

.  អរព្រះគុណលោកតា !

.   ចៅត្រូវនៅទីនេះ ដើម្បីរៀនសិល្ប៍សាស្ត្រវិជ្ជាកការប្រចាំកាយរហូតដល់ពេល ចៅធំល្មមធ្វើដំណើរចេញពីទីនេះបានណា៎ចៅ !

.  ករុណា ! លោកតា !

ផ្កាម្លិះចុងក្រោយបានលិចចុះទៅ រួចធ្លាក់ចូលទៅក្នុងរូងមួយដែលជាលំនៅរបស់ ព្រះមុនីឥសីឧឡកគង់នៅ ។ ផ្កាម្លិះពៅបានត្រូវព្រលឹងកុមារីពៅតោងជាប់ ហើយស្រែក រកជំនួយឱ្យជួយសង្គ្រោះខ្លួនមានជីវិតរស់រានឡើងវិញ ។ សំឡេងដង្ហើយហៅបាន រសាត់កាត់ជលសាររហូតទៅដល់ព្រះការណ៍របស់ឥសីឧឡកកំពុងតាំងសមាធិភាវនាក្នុងតុណ្ហីភាព ។ ឥសីឧឡកបានបើកភ្នែកសម្លឹងរំពៃគ្រប់ទិសានុទិស ក៏ប្រទះឃើញព្រ លឹងកុមារីពៅតោងជាប់ផ្កាម្លិះពៅ ។ ឥសីឧឡកបានកើតព្រះទ័យមេត្តាករុណាសូត្រគា ថាខាបយកផ្កាម្លិះពៅនោះឱ្យមកនៅចំពោះមុខលោកតាព្រះមុនីឥសី ។ ឥសីឧឡក បានជប់កុមារីពៅឱ្យរស់រានមានជីវិតឡើងវិញ ។ កុមារីពៅបានក្រាបថ្វាយបង្គំប្រណម្យ អញ្ជលីប្រកបដោយវាចាពិរោះដូចសត្វករវិក ៖

.  ចៅសូមក្រាបថ្វាយបង្គំលោកតា ! សូមអរព្រះគុណលោកតាដែលជួយស្រោច ស្រង់ជីវិតឱ្យរស់រានមានជីវិតឡើងវិញ !

.  ប្រពៃហើយចៅ ! ពេលនេះចៅរស់រានមានជីវិតហើយ ឥឡូវនេះចៅគួរមាន ព្រះនាមពិតប្រាកដហើយ !

.  តើចៅគួរមានព្រះនាមអ្វីដែរ ?

.  ចៅលិចចុះក្នុងទឹកបាន ហើយឥតរលាយដួងព្រលឹងនោះទេ ! ដូច្នេះចៅគួរមាន ព្រះនាមថា គង្គារី ចុះ ! ហើយចៅត្រូវនៅទីនេះ ដើម្បីរៀនសិល្ប៍សាស្ត្រវិជ្ជាការសិន ណា៎ចៅ !

.  អរព្រះគុណលោកតា !

កុមារីទាំង៧បានសិក្សាវេទមន្តសិល្ប៍សាស្ត្រវិជ្ជាការពេញក្នុងប្រាណហើយ ក៏សួររកប្រវត្តិសាវតារផ្ទាល់ខ្លួននីមួយៗ តើមានសេចក្ដីយ៉ាងម៉េចខ្លះ ? លោកតាព្រះ មុនីឥសីទាំង៧បានពោលនិទានពីប្រវត្តិរបស់កុមារីទាំង៧ដូចខាងក្រោម ៖

… កាលណោះ មាននគរមួយនាមកន្ថវដ្ដ សោយរាជ្យដោយព្រះបាទសត្ថវង្ស ។ ថ្ងៃមួយ ព្រះរាជអគ្គមហេសីព្រះនាមពិចិត្រមាសទ្រង់មានព្រះគភ៌គ្រប់ខែនឹងប្រសូត្រ បុត្រនារាត្រីពេញបូណ៌មីខែអាសាឍ ។ ព្រះបាទសត្ថវង្ស បានស្រូតរូតម្នីម្នាយាងចេញ ពីដំណាក់ប្រះអង្គ ដើម្បីទៅទតមើលបុត្រដែលបានប្រសូត្ររួចមក ។ ដៅយដំណាក់ ព្រះរាជាទ្រង់គង់នៅឆ្ងាយពីដំណាក់ព្រះរាជអគ្គមហេសី ។ គ្រានោះ យាយធ្មប់ អបលកា បានធ្វើនូវក្រមួនស្នេហ៍គ្រាន់តែព្រះរាជាទតព្រះភក្ត្រព្រះស្នំឯក ចេតរោ ភ្លាមដឹងតែលង់ស្នេហ៍ងើបមុខមិនរួចឡើយ ។ រាត្រីនោះ ព្រះនាងចេតរោបានធ្វើពើជា មានពស់អសិរពិសចឹកចំកព្រះបាទបណ្ដាលឱ្យព្រះនាងប្រឈួនចុកចាប់ពើតផ្សា ដែលញ៉ាំងឱ្យ ព្រះរាជាបានទតព្រះភក្ត្រព្រះនាងបាន ។ ព្រះរាជាបានលង់ស្នេហ៍ព្រះ នាង ចេតរោ យ៉ាងងប់ងល់លែងខ្វល់ខ្វាយជាមួយព្រះរាជអគ្គមហេសីបានប្រសូត្រ បុត្រមកជាបុត្រាឬបុត្រីហើយ ។ ព្រះរាជអគ្គមហេសីបានប្រសូត្រមកជាបុត្រី ភ្លោះដល់ទៅ៧អង្គឯណោះ ។ គ្រាន់តែព្រះរាជអគ្គមហេសី ពិចិត្រមាស ទតមើល មួយភ្លែត រួចក៏សន្លប់បាត់ស្មារតីទៅ ។ លុះព្រះមហេសី ពិចិត្រមាស សន្លប់បាត់ស្មារតី យាយឆ្មប ណឹង បានលួចដូរបុត្រី៧អង្គមកជាកូនឆ្មាវីញ ។ យាយឆ្មប ណឹង បាន ទទួលបញ្ជាពីយាយគ្រូ អបលកាឱ្យសម្ដែងល្ខោនដាក់ព្រះនាង ពិចិត្រមាស ដែលដឹង ព្រះកាយ និងចំពោះព្រះភក្ត្រព្រះរាជាំយាងមកទតមើលបុត្រដែលទើបនឹងប្រសូត្រ ។ ដោយល្បិចយាយឆ្មប និង មន្តស្នេហ៍របស់ព្រះនាង ចេតរោផង ជាហេតុនាំឱ្យព្រះរាជា ខ្ញាល់ក្រោធនឹងព្រះមហេសី ពិចិត្រមាស រហូតដល់និរទេសព្រះនាងចេញពីព្រះនគរ ទៅកាន់ស្រុកជោតគ្រាម ។ ឯរាជទារិកាទាំង៧អង្គត្រូវភីលៀងទាំងបីគឺ នាងភី នាងភុំ និងនាងរឿនសែងទៅជាមួយយាយឆ្មប ណឹង បម្រុងនឹងធ្វើគុតទៅហើយ ។ ស្រាប់តែ ភីលៀងពីរនាក់របស់ព្រះរាជិនី សិរីសោភា គឺ នាងរុំ និង នាងណន បានស្រែកបង្អើល ឱ្យពួកយាយឆ្មបណឹងរត់បាតជើងសព្រាត ។ នាងរុំ និង នាងណនបានសែងហឹបដ៏ធំ យកទៅបណ្ដែតពោងពាយរហូតដល់យាយហប និងតាសែករើសបានយកទៅចិញ្ចឹម ថែរក្សាគ្រប់៧វស្សា ។ ដោយកម្មពីអតីតបណ្ដាលឱ្យយាយគ្រូ អបលកា ដឹងថា រាជ ទារិកាទាំង៧អង្គពុំទាន់សុគត រហូតដល់បញ្ជូនកងសេនាទៅកាប់សម្លាប់កុមារីទាំង៧ អង្គ ។ យាយគ្រូបានដឹងថា ព្រលឹងរបស់កុមារីទាំង៧អង្គសណ្ឋិតនឹងដើមផ្កាម្លិះទាំង ៧ដើម ទើបគាត់បញ្ជាឱ្យកាប់ចិញ្ច្រាំឱ្យខ្ទេចខ្ទីអស់នៅតែផ្កាម្លិះទាំង៧ទងប៉ុណ្ណោះឯង ហើយកងសេនាបានប្រមូលកម្ទេចកម្ទីដើមផ្កាម្លិះទាំង៧ដើមនោះចូលក្នុងទឹកក្នុងបំណងឱ្យរលួយអស់ ។… ផ្កាម្លិះទាំង៧ទងបានរសាត់ទៅកាន់អាស្រមព្រះមុនីឥសីទាំង៧ ហើយពេលនេះ ។ ព្រះមុនីឥសី ទាំង ៧បានមានព្រះថេរដីកា៖

.  ចៅអាចចេញដំណើរស្វែងរកវត្ថុទិព្វទាំង៧នៅទីដទៃពីគ្នា ! ពេលនេះ ចៅគួរតែ ទៅជួបជុំបងប្អូនបង្កើតរបស់ចៅសិនទៅ !

. ករុណា ! លោកតា !

ពោលចប់ ឥសីទាំង៦ និងរាជកុមារីទាំង៦បានមកជួបប្រជុំគ្នានៅអាស្រមលោក តាព្រះមុនីឥសី អស្មក ហើយអ្នកទាំង១២មកជួបនឹងឥសី អស្មក និងរាជកុមារីទី៤នាម មហាពលី កំពុងអង្គុយរង់ចាំអ្នកទាំង១២មករក ។

 កុមារីទាំង៧បានស្រវាឱបគ្នាដោយក្ដីនឹករឭកជាអនេកប្បការ ហើយអាណិតអាសូរព្រះមាតាព្រះនាម ពិចិត្រមាស ក្រៃលែងរកទីបំផុតគ្មាន ។

ឥសីអស្មកបានមានថេរដីកា ៖

.  បើពួកចៅចង់ជួយមាតា ! ឥឡូវនេះ ពួកចៅគួរតែបំបែកគ្នាស្វែងរកវត្ថុទិព្វទាំង ៧ដែលត្រូវបានថែរក្សាដោយអមនុស្ស និងអ្នកមានឫទ្ធិខ្លាំងពូកែ ។

.  តើចៅត្រូវបំបែកគ្នាទៅកាន់ទីណាខ្លះទៅលោកតា ? ( វាលរីទូលសួរលោកតា ឥសីទាំង៧ )

.  ចៅពណ្ណវីត្រូវធ្វើដំណើរទៅអជដាកាសនគរ ដើម្បីទៅយកធ្នូទិព្វ !

ចៅនរវតីត្រូវធ្វើដំណើរទៅគុហាទេព ដើម្បីទៅយកព្រះខ័ឌ្គទិព្វ !

ចៅសុរជីត្រូវធ្វើដំណើរទៅរណ្ដៅទេព ដើម្បីទៅយកកែវមណី៧ព័ណ៌ !

ចៅមហាពលីត្រូវធ្វើដំណើរទៅនគរជេស្ឋា ដើម្បីទៅយកលំពែងទិព្វ !

ចៅវាលរីត្រូវធ្វើដំណើរទៅនគរវិបព័ន្ធ ដើម្បីទៅយកកងចក្រទិព្វ !

ចៅកញ្ចនីត្រូវធ្វើដំណើរទៅអន្លង់ខ្មៅ ដើម្បីទៅយកត្រីសូល៍ទិព្វ !

ចៅគង្គារីត្រូវធ្វើដំណើរទៅនគរភុជង្គនាគ ដើម្បីទៅយកស័ង្ខទិព្វ !

.  ករុណា ! លោកតា !

.  មុននឹងពួកចៅធ្វើដំណើរទៅ ពួកតាមាននូវព្រះទម្រង់ទិព្វ៧វង់អាចជួយជា ជំនួយដល់ពួកចៅបានណា៎ !

.  តើព្រះទម្រង់ទាំងនេះប្រើបានអ្វីខ្លះ ?

.  ព្រះទម្រង់នេះអាចប្រើបាន២ប្រការ ៖

បើពាក់ម្រាមចង្អុល នឹងប្រែកាឡាខ្លួនជាក្មេងប្រុស

បើពាក់ម្រាមកណ្ដាល នឹងប្រែកាឡាខ្លួនជាស្រីក្រមុំ ។ 

.  ម៉េចចៅយល់ដែរឬទេ ?

.  ករុណា ! ពួកចៅយល់ហើយ !

.  បើអញ្ចឹងចូរចៅបំបែកផ្លូវគ្នាទៅចុះ !

.  ករុណា ! លោកតា ! ចៅសូមក្រាបថ្វាយបង្គំលាលោកតាទាំងអស់ហើយ !

.  ល្អហើយចៅ ! 

និយាយពីព្រះនាងពិចិត្រមាស និងម៉ែដោះភិរម្យវិញ ត្រូវអ្នកស្រុកជោតគ្រាម ស្រឡាញ់រាប់អានឱ្យស្នាក់នៅជាមួយយាយតាពីរនាក់ ។ ព្រះនាង ចេតរោ បានបញ្ជា ឱ្យគេទៅចាប់ព្រះនាង ពិចិត្រមាស មកកាងមួយដោយកប់ដីត្រឹមក ហើយចំ- ណែកម៉ែដោះភិរម្យវិញត្រូវយកទៅឃុំឃាំងមិនឆ្ងាយប៉ុន្មានពីទីនោះ ។ ឯចំណែកព្រះ នាង ពិចិត្រមាស វិញត្រូវព្រះនាង ចេតរោ ធ្វើបាបដោយស្រោចទឺកក្ដៅលើក្បាល ជាប្រចាំ តែត្រូវទេវតាតាមជួយថែរក្សាប្រើឫទ្ធិធ្វើឱ្យទឹកនោះត្រជាក់ នៅពេលដែលទឹក ក្ដោនោះធ្លាក់ដល់លើព្រះភក្ត្រព្រះនាង ។ នារាត្រីចូលមកដល់ ព្រះឥន្ទ្រាធិរាជបាន បង្ហាញព្រះកាយនៅចំពោះមុខ ព្រះនាង ពិចិត្រមាស ហើយដាស់ព្រះនាងឱ្យតើនឡើង ។ ព្រះនាង ពិចិត្រមាស បានបើកព្រះនេត្រទាំងគូដោយសេចក្ដីនឿយហត់អស់កម្លាំង ព្រះកាយពលទាំងមូល ហើយមានព្រះសវនីយ៍ឡើង ៖

.  ខ្ញុំម្ចាស់ ពិចិត្រមាស ! សូមក្រាបថ្វាយបង្គំសម្ដេចព្រះឥន្ទ្រាធិរាជ !

.  ពិចិត្រមាស ! បុត្រីបិតា ! បិតាមិនអាចជួយបុត្រីបានទេ ! នេះជាកម្មវេរាពីជាតិ មុនតែប៉ុណ្ណោះឯង !

.  ខ្ញុំម្ចាស់ចង់ដឹងថា បុត្រីទាំង៧របស់ខ្ញុំម្ចាស់តើនៅមានព្រះជន្មនៅឡើយឬទេ ?

.  នៅមានព្រះជន្មនៅឡើយទេ !

.  តើពេលនេះ គេនៅទីណាទៅ ? ខ្ញុំម្ចាស់នឹកពួកគេណាស់ ! ខ្ញុំម្ចាស់សុខចិត្ត ទ្រាំលំបាកគ្រប់បែបយ៉ាងក៏មិនថាអ្វីដែរ !

.  តែពួកគេត្រូវរងគ្រោះដល់ជីវិតមួយដងសិន !

.  ពុទ្ធោ ! បុត្រីមាតា ! ខ្ញុំម្ចាស់ទ្រាំចាំបុត្រីទាំង៧មកជួយសង្គ្រោះជីវិតនៅទីនេះ ចុះ !

.  សូមរក្សាខន្តីធម៌ឱ្យខ្ជាប់ខ្ជួន ! កុំខឹងក្រោធចំពោះអំពើទាំងឡាយទាំងពួង ដែលធ្វើមកលើបុត្រីឱ្យសោះ ព្រោះអាចនាំឱ្យមានពៀរវេរាទៅថ្ងៃអនាគត ។

.  បុត្រចងចាំបណ្ដាំទាំងអម្បាលម៉ានដែលបិតាផ្ដែផ្ដាំ !

.  បានហើយ ! បិតានឹងនិម្មិតឱ្យបុត្រឃើញបុត្រីទាំង៧ទៅចុះ !

.  អរព្រះគុណ !

ព្រះនាង ពិចិត្រមាស បានទតឃើញបុត្រីទាំង៧នាក់កំពុងរត់លេង ញ៉ាំបាយជុំគ្នា រួចហើយព្រះឥន្ទ្រាធិរាជបានមានបន្ទូល ៖

.  បានហើយ ! មានមនុស្សមកហើយ ! បិតាលាបុត្រីសិនហើយ !

.  អរព្រះគុណព្រះបិតាហើយ !

ព្រះឥន្ទ្រាធិរាជយាងទៅបាត់ វត្តមាននាងកញ្ច្រែតភីលៀងព្រះនាង ចេតរោ បានមកដល់ ហើយនិយាយឌឺដងឱ្យព្រះនាង ពិចិត្រមាស ៖

.  ចំជាគ្រាន់បើមែន ! ត្រូវទឹកក្ដៅរាប់ខែទៅហើយ ! នៅមិនទាន់ងាប់ទៀត !

.  នាងកញ្ច្រែត ! នាងគ្រាន់តែត្រឹមភីលៀងតែប៉ុណ្ណោះ ! ហ៊ានមកប្រមាថមើល ងាយយើងផង !

.  យើស ! ហ៊ានហៅឈ្មោះយើងចំផងហែស៎ ! យកទឹកក្ដៅទៀតទៅ ! .  អូយ ! អូយ ! ក្ដៅណាស់ ! សម្លាប់យើងឱ្យហើយទៅ !

.  ចង់ងាប់ហើយហែស៎ ! យើងនៅមិនទាន់ធ្វើបាបឆ្អែតនៅឡើយទេ !

.  អូយ ! អូយ ! យើងទ្រាំលែងបានហើយ ! ព្រះបិតាជួយខ្ញុំម្ចាស់ផង ! បុត្រទ្រាំលែងបានហើយ !

ស្រែកត្រឹមប៉ុណ្ណេះ ក៏ដាច់ខ្យល់សុគតនៅសល់តែវិញ្ញាណដែលវិលវល់អណ្ដែត តែលតោលនៅរង់ចាំបុត្រីទាំង៧មកជួយសង្គ្រោះឱ្យរស់រានមានជីវិតឡើងវិញ ។ យាយគ្រូដឹងថា ព្រះនាង ពិចិត្រមាស ដាច់ខ្យល់សុគត ក៏ប្រើមន្តឃុំព្រលឹងព្រះនាង ពិ ចិត្រមាស មិនឱ្យរស់រានមានជីវិតឡើងវិញបានឡើយ ។

កុមារីទាំង៧បានមូលមតិគ្នាជាឯកច្ឆន្ទប្រើព្រះទម្រង់ទាំង៧ប្រែកាឡាខ្លួនជាកុមារាទាំង័៧វិញ ហើយបំបែកគ្នាទៅរកវត្ថុទិព្វនៅកន្លែងទីទៃពីគ្នា ។ កុមារាពណ្ណវីបាន ហោះទៅលំហមេឃដ៏ល្វឹងល្វើយជាឋានដែលព្រះរាជបុត្រាបុត្រីរបស់ព្រះវាយុគង់នៅ ។ រាជធីតាវហវតីបានឃើញមនុស្សចម្លែកក្នុងដែនសីមាអជដាកាសនគរ ក៏មិនព្រងើយ កន្តើយចំពោះកុមារាពណ្ណវីដែរ ។ ព្រះនាងដណ្ដឹងសួរទៅកុមារាពណ្ណវី ៖

.  នែ ! អ្នកឯងអាងអ្វីបានជាឈ្លានពានចូលដែននគរយើង ?

.  ខ្ញុំមកយកធ្នូទិព្វពីនាង !

.  រូបនៅក្មេងសោះ ហ៊ានសម្ដីថ្លោសដាក់យើងឱ្យប្រគល់ធ្នូទិព្វ !

.  បើនាងមិនជឿ ឱ្យយើងចូលមើលសិនក៏បាន !

.  ទេ ! យើងមិនឱ្យឯងចូលទៅទេ !

.  នាងហាមយើងមិនបានទេ ! បើនាងមិនជឿសាកល្បងមើល៍ចុះ !

.  បាន ! ឯងមិនថយយើងនឹងប្រើឫទ្ធិប្រយុទ្ធគ្នាម្ដង ! ចាំមើល៍នរណាឈ្នះ ចាញ់ ?

.  ចូលមកចុះ !

រាជធីតាវហវតីបានប្រយុទ្ធគ្នាកក្រើកអស់ឋានអជដាកាសទាំងមូលធ្វើឱ្យផ្អើលដល់ទេវបុត្រសន្តិវង្សចូលមកឃាត់ដំណើរប្រយុទ្ធគ្នាខាងលើ ។ ទេពធីតាវហវតីបានប្ដឹង ដល់ទេវបុត្រសន្តិវង្ស ៖

.  ម្ចាស់បង ! កុំឃាត់ខ្ញុំម្ចាស់អី ! គេចង់មកយកធ្នូទិព្វពីឋានយើងណា៎ !

.  បើអញ្ចឹងមែន យើងនឹងឱ្យអ្នកលើកធ្នូទិព្វដែលពុំមានអ្នកណាលើករួច !

.  ល្អ ! បើខ្ញុំលើកមិនរួច ខ្ញុំនឹងវិលត្រឡប់ចាកឋាននេះ !

.  ល្អណាស់ ! សម្រេចអញ្ចឹងចុះ ! បើអញ្ចឹង កុំបង្អង់យូរ ! តោះយើងទៅ !

កុមារាពណ្ណវីបានធ្វើដំណើរទៅដល់កន្លែងដាក់ធ្នូទិព្វ ធ្នូមានដងធ្វើអំពីមាស និងខ្សែយឹតធ្វើអំពីសរសៃកែងប្រើសតាយសាក ។ គ្រាន់តែពណ្ណវីយកដៃស្ទាប អង្អែលធ្នូនោះ ធ្នូទិព្វបានបង្រួមខ្លួនមកតូចល្មមកាន់គ្រវីចុះឡើងបានភ្លាម ។ ដោយអំណាចនៃវត្ថុទិព្វធ្លាក់ក្នុងដៃរបស់ម្ចាស់ពិតប្រាកដធ្វើឱ្យអជដាកាសនគរវក់វីសន្ធឹកកម្លាំងគ្រវីធ្នូទិព្វនោះ ។ ពណ្ណវីបានជប់ធ្នូទិព្វឱ្យតូចល្មមនឹងសៀតសក់បាន ហើយធ្វើ ដំណើរត្រឡប់មកកន្លែងដែលណាត់គ្នាជាស្រេច ។

និយាយកុមារានរវតីវិញ បានបំបាំងខ្លួនធ្វើដំណើរទៅកាន់គុហាទេពដែលជា លំនោរបស់អ្នកដូនពពាលខ្មៅ ។ អ្នកដូនពពាលខ្មៅមានចរិតកាចសាហាវណាស់មិន ចុះញ៉មនរណាម្នាក់ទេ ។ ការណ៍នេះតម្រូវឱ្យនរវតីប្រយុទ្ធយកឈ្នះអ្នកដូនពពាល ខ្មៅឱ្យបាន ។ គ្រាន់តែឃើញកុមារនរវតីភ្លាម មិនបង្អង់យូរអ្នកដូនពពាលខ្មៅចេញ វាយប្រហារភ្លាមដែរ ។ ហេតុតែប្រុងប្រយ័ត្នមុនកុមារនរវតីបានតបតយ៉ាងរហ័សរហួន ហាក់ប៉ិនប្រសព្វក្នុងការប្រយុទ្ធអញ្ចឹង ។ ដោយមិនបានប្រយ័ត្នអ្នកដូនបានគប់ព្រះ ខ័ឌ្គទិព្វទៅឱ្យនរវតីទៅវិញ ជាហេតុឱ្យនរវតីបានវត្ថុទិព្វទី២ដោយស្រួល ។ ឯអ្នកដូន បានវាយដណ្ដើមយកព្រះខ័ឌ្គទិព្វមកវិញ តែជាការឥតប្រយោជន៍ទៅវិញទេ ។ ដោយ ឫទ្ធិព្រះខ័ឌ្គទិព្វធ្វើឱ្យអ្នកដូនពពាលខ្មៅចុះចាញ់ ហើយអនុញ្ញាតឱ្យកុមារនរវតីវិល ត្រឡប់ទៅវិញតាមសម្រួល ។

ដំណាលពីកុមារាសុរជីវិញ បានជ្រែកផែនព្រះធរណីបានទៅដល់រណ្ដៅធំទេព ផងដែរ ។ ទេពធីតាអតនាជាអ្នកមើលថែរក្សាកែវមណី៧ព័ណ៌ជាកែវវិសេសអាច បំផ្លាញអំណាចអាក្រក់បាន ។ កុមារាសុរជីបានជួបជាមួយអន្លង់ដ៏ជ្រៅនៃមហារណ្ដៅ ទេពធ្វើឱ្យវិលវល់ត្រឡប់ត្រលិនចុះឡើងរហូតដល់បាតមហារណ្ដៅទេព ។ លុះទប់ លំនឹងខ្លួនបានហើយ ក៏លេចឡើងនូវទេពធីតាមួយអង្គព្រះនាម អតនា យាងព្រះ ដំណើរបន្តិចម្ដងៗរហូតមកដល់កៀកទល់មុខសុរជី ។ ទេពធីតា អតនា បានមានព្រះ សវនីយ៍ឡើងទៅកាន់កុមារាសុរជី ៖

.  ក្មេងតូចឯងមកទីនេះ ដើម្បីអ្វីដែរ ?

.  ខ្ញុំមានព្រះនាមថា សុរជី មកទីនេះ ដើម្បីយកកែវមណី៧ព័ណ៌ !

.  ខ្ញុំគឺជា ទេពធីតា អតនា ជាអ្នកថែរក្សាកែវមណីដែលឯងចង់បាននោះ !

.  នាងព្រមឱ្យកែវមណីនោះដែរឬទេ ?

.  បើឯងចង់បានត្រូវយកឈ្នះលើយើងសិន !

.  ល្អណាស់ ! ចូលមកចុះ ! ខ្ញុំត្រៀមរួចជាស្រេចហើយ !

.  ល្អ ! យកទៅ ! (នាងទេពធីតាប្រើកែវមណីធម្មតាបញ្ចេញឫទ្ធិបាញ់កាំរស្មី សំដៅសុរជី)

.  ទទួលយកវិញទៅ ! (កុមារសុរជីប្រើសិល្ប័បាញ់តបទៅវិញ)

.  អូយ ! អាក្មេងច្រមក់ហ៊ានធ្វើឱ្យយើងមានរបួសផងហែស៎ !

.  ក្រែងនាងមើលស្រាលខ្ញុំអម្បាញ់មិញមែនទេ ?

.  មែន !

ពោលចប់ ក៏បំបាំងខ្លួនបាត់ស្រមោលឈឹង ទុកឱកាសឱ្យកុមារសុរជីចូលទៅយក កែវមណី៧ព័ណ៌បានដោយសុវត្ថិភាព ។

ងាកមកនិយាយពីកុមារមហាពលីស្វែករកលំពែងទិព្វនៅនានគរជេស្ឋា ព្រះនាង កញ្ចរាទេវីបានយាងក្រសាលឧទ្យាន ។ កុមារមហាពលីបានសូត្រគាថាបំបាំងកាយ មិនឱ្យកងសេនាមើលឃើញខ្លួន ហើយលុកលុយចូលដែនសីមារបស់ព្រះបាទវណ្ណគិរី ឡើយ ។

កុមារមហាពលីមិនអាចព្រះនេត្រទិព្វរបសព្រះបាទវណ្ណគិរីបាន ។ ព្រះបាទវណ្ណគិរីបាន មានបន្ទូលទៅកាន់មហាពលីទាំងអ្នកទាំងឡាយទាំងពួងមើលមិនឃើញសោះឡើយ ។ មហាពលីបានពោល ៖

.  ទូលបង្គំសុំខ្ចីលំពែងទិព្វពីព្រះអង្គសិនចាំទូលបង្គំជួយព្រះមាតាទូលបង្គំហើយ ! ទូលបង្គំនឹងនាំយកលំពែងនេះត្រឡប់មកវិញ ! សូមព្រះអង្គទុកព្រះទ័យលើទូលបង្គំជា ខ្ញុំចុះ ! សូមព្រះអង្គកុំភ័យឱ្យសោះ !

.  បើឯងចង់បានលំពែងទិព្វទៅត្រូវឆ្លងកាត់យើងជាមុនសិន !

.  បើអញ្ចឹង កុំបន្ទោសទូលបង្គំក្មេងធ្វើបាបចាស់ឱ្យសោះ !

.  ល្អ ! ពិតជាក្លាហានណាស់ !

.  អរព្រះគុណដែលសរសើរទូលបង្គំ !

.  ចូរមកចុះ ! អាល្អិត !

.  ទៅហើយ !

ពោលចប់ កុមារមហាពលីបានប្រើសិល្ប៍បាញ់ទៅលើព្រះបាទវណ្ណគិរីធ្វើឱ្យទ្រង់ មានរបួសព្រះហស្ថខាងស្ដាំធ្ងន់ល្មមដែរ ។ ព្រះនាងកញ្ចរាទេវីបានចេញប្រឆាំង ជាមួយកុមារមហាពលី តែត្រូវកុមារមហាពលីប្រើឫទ្ធិលើកគ្រវែងព្រះនាងកញ្ចរា ទេវីឱ្យរបួសព្រះកាយងើបប្រយុទ្ធពុំបានឡើយ ។ ព្រះបាទវណ្ណគិរីបានបានព្រះរាជ ឱង្ការឡើង ៖

.  បើសិនជារាជកុមារជាអវតារមួយរបស់ព្រះម៉ែលក្ម្សីមែន សូមឱ្យបញ្ជាព្រះលំ- ពែងទិព្វបានតាមបំណងប្រាថ្នារបស់រាជកុមារទៅចុះ !

.  ចុះលំពែងទិព្វនោះនៅទីណា ?

.  គឺនៅឯប្រាសាទទិសបូព៌ !

ក្រោយពីមានព្រះរាជឱង្ការចប់ កុមារមហាពលីបានបោះជំហានសំដៅប្រាសាទ ទិសបូព៌តាមរាជបន្ទូលរបស់ព្រះបាទវណ្ណគិរី ។ កុមារមហាពលីបានឈរនៅចំពោះ មុខប្រាសាទដែលមាននូវសត្វព្យគ្ឃៈ(ខ្លាធំ)នៅចាំយាមមុខក្លោងទ្វារប្រាសាទ ។ ដោយពុំមានភាពតក់ស្លុតក្នុងចិន្តារម្មណ៍សោះ ក៏ឈានជើងសំដៅទៅប្រយុទ្ធជាមួយ សត្វព្យគ្ឃៈនោះប្រកបដោយភាពអង់អាចក្រៃលែង ។ កុមារមហាពលីបានប្រើឫទ្ធិ សិល្ប៍សាស្ត្រតយុទ្ធជាសត្វព្យគ្ឃៈរហូតដល់សត្វព្យគ្ឃៈរបួសជាទម្ងន់ ។ កុមារមហា ពលីបានចូលទៅក្នុងប្រាសាទបានឃើញលំពែងទិព្វហើយ បែរត្រូវឆ្លងកាត់ឧបសគ្គ មួយជាន់ទៀតគឺព្រាយនៅចាំយាមការពារដែលព្រះបាទវណ្ណគិរីរៀបចំឡើងជាឧបសគ្គរារាំង ។ កុមារមហាពលីបានប្រើគាថាផ្សេងៗបង្ក្រាបព្រាយនោះរហូតដល់បានសម្រេច ដូចបំណងរបសខ្លួន ។ កុមារមហាពលីបានចាប់កាន់លំពែងទិព្វនៅនឹងដៃ ហើយគ្រវីជាច្រើនជុំធ្វើឱ្យនគរជេស្ឋាវក់វីដោយអំណាចនៃមហិទ្ធិឫទ្ធិលំពែងទិព្វនៅក្នុងដៃរបស់កុមារមហាពលី ។ ព្រះបាទវណ្ណគិរីបានយាងទៅអង្វរកររាជកុមារមហាពលីឱ្យ ឈប់គ្រវីលំពែងទិព្វ ។ ដោយអាណិតប្រជានុរាស្ត្រស្លូតត្រង់រងក្ដីវេទនា ព្រោះអំពើខ្លួន កុមារមហាពលីបានគ្រវីលំពែងទិព្វមុននេះបន្តិច ។ កុមារមហាពលីបានបញ្ជាឱ្យលំ- ពែងតូចល្មមប៉ុនស្នៀតសក់ ហើយសៀតនឹងសក់ធ្វើដំណើរត្រឡប់មកពីនគរជេស្ឋាវិញ ។

និយាយពីកុមារវាលរីបានធ្វើដណើរទៅកាន់នគរវិបព័ន្ធ ដើម្បីស្វែងរកកងចក្រទិព្វ ដែលជាវត្ថុទិព្វទី៥ក្នុងប្រយោជន៍សង្គ្រោះមាតា ។ នគរវិបព័ន្ធជានគរតូចស្ថិតនៅលើ កោះមួយនាកណ្ដាលទន្លេពីរព័ទ្ធជុំវិញដែលប្រកបដោយប្រាង្គប្រាសាទល្អល្អះស្រស់ដាច់គេ ។ កុមារវាលរីបានដល់ដែនដីនគរវិបព័ន្ធភ្លាមកងសេនាការពារច្រកទី១ដឹកនាំ ដោយនាយដែនយាមកាមច្រកនេះយ៉ាងគត់មត់ ។ កុមារវាលរីបានបង្កើតជាខ្យល់គួច សំណាត់ឈើឱ្យប៉ើងឡើងរហូតដល់កងសេនាមិនអាចការពារបានធ្វើឱ្យនាយដែនទប់ ទល់លែងរួច ។ កុមារវាលវីបានឆ្លងកាត់ផុតច្រកនាយដែនបាន រួចក៏ចូលដល់ច្រកតី២ ជានាយក្រាញ់ម្ដងវិញ ។ នាយក្រាញ់មិនចុះចាញ់នឹងខ្យល់គួចរបស់កុមារវាលរីនោះទេ ។ កុមារវាលរីបានប្រើក្បាច់គុនប្រយុទ្ធជាមួយនាយក្រាញ់ដោយអមជាមួយវិជ្ជាបំបាំង ខ្លួនជាជំនួយផង ។ នាយក្រាញ់បានវង្វេងវង្វាន់វិលក្បុងនឹងល្បិចរបស់កុមារវាលរី ដែលប្រើក្នុងពេលនេះ ។ កុមារវាលរីបានបំបាំងកាយឆ្លងកាត់តាមក្លោងទ្វារទី២បាន ដោយងាយគ្មានឧបសគ្គអ្វីឡើយ ។ ច្រកទី៣យាមកាមដោយនាយកន្ថាជាមេកងថែ រក្សាច្រក ហើយនាយកន្ថាមានប្រាជ្ញាល្មមដែរ ។ ទោះនាយកន្ថាមានប្រាជ្ញា ក៏រាជ កុមារវាលរីបានរិះរកគ្រប់មធ្យោបាយ ដើម្បីឆ្លងកាត់ច្រកទី៣ឱ្យទាល់តែបាន ។ នាយ កន្ថាបានបាចកំបោរសលើច្រកចូល ដើម្បីឱ្យដឹងស្នាមដានជើងកុមារវាលរីដើរឆ្លងកាត់ ព្រោះជាក្មេងប្រុស ។ កុមារវាលរីបានកាឡាខ្លួនជាកូនចៅរបស់នាយកន្ថាដោយញុះ ញង់ឱ្យនាយកន្ថាបែកបាក់សាមគ្គីឱ្យកាប់សម្លាប់គ្នាទៅវិញទៅមក ។ ឆ្លៀតពេលកលា- ហលបានកើតឡើងក្នុងជួរកងសេនា កុមារវាលរីបានលួចចូលលុកក្នុងព្រះបរមរាជ វាំងតាមចិត្តចង់ ។ ចៃដន្យអ្វី កុមារវាលរីបានចូលដល់ប្រាសាទពិសិដ្ឋរបស់នគរវិបព័ន្ធ ដោយឃើញព្រះនាងគន្ធរីជាព្រះរាជធីតារបស់ព្រះបាទរុឡកក៏ពួននៅក្រោយរូបបដិមាធំ ហើយសម្ងំស្ងៀមឥតមានមាត់កអ្វីនោះ ។ លុះព្រះនាងគន្ធរីយាងចេញបាត់ កុមារ វាលរីបានរឹតទ្រូងព្រោះភ័យប្រហោងពោះ ។ កុមារវាលរីបានរុករកកងចក្រទិព្វនោះ ពេញប្រាសាទទាំងមូលរហូតទាល់តែឃើញចំពេលព្រះបាទរុឡកយាងចូលប្រាសាទពិសិដ្ឋនោះដែរ ។ កុមារវាលរីបានយកបានកងចក្រទិព្វ ហើយប្រយុទ្ធជាមួយព្រះបាទ រុឡកយ៉ាងក្លៀវក្លាដរាបដល់ព្រះបាទរុឡកបរាជ័យ ទើបកុមារវាលវីហោះចេញពី នគរវិបព័ន្ធដែរ ។

បែរទៅនិយាយពីកុមារកញ្ចនីវិញ បានធ្វើដំណើរទៅកាន់អន្លង់ខ្មៅដោយសារ កុមារកញ្ចនីមានតេជោធាតុធ្វើឱ្យមានរស្មីចេញពីរាងកាយអាចមើលឃើញអ្វីៗដែលនៅក្នុងអន្លង់ខ្មៅនោះបានដោយងាយជាទីបំផុត ។ កុមារកញ្ចនីបានឃើញទេវតាមួយអង្គ និងទេពធីតាមួយអង្គដែរកំពុងការពារត្រីសូល៍ទិព្វនៅចំកណ្តាលអន្លង់ ។ កុមារកញ្ចនី បានប្រយុទ្ធជាមួយទេវតាមួយអង្គនោះមានព្រះនាមថា មនោរតនៈនិងទេពធីតាជា ព្រះអនុជនាម អមតា ។ ដោយមានគ្នាដល់ទៅពីរអង្គ កុមារកញ្ចនីបានសូត្របែង ភាគជាបីនាក់ ហើយប្រយុទ្ធជាមួយទេព្ដាទាំងពីរអង្គ ។ កំពុងតែប្រយុទ្ធជាមួយរូបកុមារ កញ្ចនីពីរនាក់ហើយ រូបទី៣របស់កុមារកញ្ចនីបានហោះទៅដកយកត្រីសូល៍ទិព្វពីបាត អន្លង់ខ្មៅនោះរហូតដល់បានវត្ថុទិព្វទី៦ដោយជោគជ័យ ។ ទេពធីតាអមតានិងទេវតា មនោរតនៈបានអរគុណកុមារកញ្ចនីដែលជួយបញ្ចប់បេសកកម្មយាមវត្ថុទិព្វនេះ ។ អន្លង់ខ្មៅក៏រលាយបាត់ជាមួយទេពធីតានិងទេវតាដែរ ឯកុមារកញ្ចនីបានជប់ត្រីសូល៍ ទិព្វទៅជាស្នៀតសក់ ហើយសៀតនឹងភ្នួងសក់ហោះត្រឡប់មកវិញ ។

ចំណែកកុមារគង្គារីជាកុមារពៅបានលោតចុះទៅក្នុងទឹក ហើយមុជហែលទៅក្នុង ជម្រៅទឹកដ៏ជ្រៅហួសពីការប៉ាន់ប្រមាណទៅទៀត ។ លុះហែលទៅដល់ឋានភុជង្គនាគ ហើយ កុមារគង្គារីបានជួបនឹងកងសេនាត្រី បង្កង ក្ដាមដែលដឹកនាំដោយមេកងពីរគឺ សេនាគង្គ និងសេនាក្រឹត ដែលយាមកាមច្រកចូលនោះយ៉ាងហ្មត់ចត់ ។ កុមារគង្គារី បានចូលលុកលុយសម្រុកទម្លុះការពារច្រកចូលដែលយាមកាមជាប់លាប់ ។ សេនាគង្គ និងសេនាក្រឹតចាប់បានដៃកុមារគង្គារីម្នាក់ម្ខាង ហើយយារទាត់ពោះគង្គារីទាំងពីរព្រម គ្នា ។ ពេលនោះ កុមារគង្គារីបានប្រើឫទ្ធិធ្វើឱ្យខ្លួនទៅជាទឹក ហើយទាត់មិនត្រូវនោះទេ ។ កុមារគង្គារីបានទាត់សេនាទាំងពីរឱ្យដួលច្រឡោតតោតតូងក្នុងបំណងធ្វើឱ្យសេនា ទាំងពីរព្រលែងដៃកុមារគង្គារី ។ កុមារគង្គារីបានប្រើសិល្ប៍ធ្វើឱ្យកងពលរេហ៍គាំង ឈប់ស្ងៀមមិនអាចកម្រើកទាំងអស់បាន ។ ឃើញហេតុមិនស្រួលបែបនេះ សេនាធំ ទាំងពីរបានរត់ទៅចូលគាល់ស្ដេចនាគ ហើយបានបុត្រានាមនិលនាគចេញប្រយុទ្ធជា  មួយកុមារគង្គារីយ៉ាងក្លាហាន ។ កុមារគង្គារីបានប្រើឫទ្ធិប្រយុទ្ធជាមួយបុត្រានាគរហូត ដល់កក្រើកឋានភុជង្គនាគធ្វើឱ្យបុត្រានាគអស់ឫទ្ធិមិនអាចទប់ទល់បាន ហើយភៀស ខ្លួនគេចពីការប្រយុទ្ធជាមួយកុមារគង្គារី ។ ព្រះនាងសែនវង្សាបានសុំខ្លួនទៅប្រយុទ្ធជា មួយកុមារគង្គារីដោយផ្ទាល់ប្រកបដោយឥរិយាបថក្លាហានក្រៃលែង ។ បុត្រីនាគសែន វង្សាបានប្រើសង្វារទិព្វយកមកចាប់កុមារគង្គារី តែចាប់ពុំជាប់នោះទេព្រោះកុមារ គង្គារីបានប្រើឫទ្ធិធ្វើឱ្យរាងកាយទៅជាទឹកវាយមិនត្រូវចាក់ក៏មិនស្លាប់ដែរ ។ កុមារ គង្គារីបានប្រើសិល្ប៍ធ្វើឱ្យបុត្រីនាគមានរបួសនឹងអាវុធរបស់កូនចៅឯង ។ បុត្រីនាគ មានរបួសដោយឫទ្ធិរបស់កុមារគង្គារីធ្វើឱ្យស្ដេចនាគព្រះនាមព្រះបាទសីតណវង្សព្រួយព្រះហឫទ័យជាខ្លាំងមិនដឹងជាធ្វើយ៉ាងណាល្អ ។ កុមារគង្គារីបានឆ្លៀតពេលស្ដេចនាគ ខ្វាយខ្វល់ពីរបួសបុត្រីព្រះអង្គនោះ ហើយដើរលុករហូតដល់កន្លែងតម្កល់ស័ង្ខទិព្វ ។ គ្រាន់តែកុមារគង្គារីយកបានស័ង្ខទិព្វភ្លាម មហិទ្ធិឫទ្ធិស័ង្ខទិព្វធ្វើឱ្យឋាននាគទាំងមូល រងក្ដីវឹកវរ ព្រោះត្រូវបាត់បង់វត្ថុទិព្វពីនគរភុជង្គនាគក្នុងពេលនេះហើយ ។

Part 5 គ្រាន់តែយក បានស័ង្ខទិព្វភ្លាម កុមារគង្គារីបានជប់ស័ង្ខទិព្វជាស្នៀតសក់របស់ខ្លួន ហើយសៀតនឹង ភ្នួងសក់របស់ខ្លួនវាយបំបែកកងរេហ៍ពលសេនារបស់នគរភុជង្គនាគ ។ កុមារគង្គារី បានចាកចេញពីនគរនាគ ហើយហោះចេញពីទឹកចុះដើរលើដីវិញម្ដង ។ កុមារទាំង៧ នាក់បានសំណេះសំណាលគ្នាសួរនាំពីឧបសគ្គដែលខ្លួនឆ្លងកាត់គ្រប់ៗគ្នាទៅវិញទៅមក ។ កុមារទាំង៧បានបង្ហាញវត្ថុទិព្វដែលខ្លួនទទួលបានមកបង្អួតគ្នា ហើយបាននាំគ្នា ទៅជួបលោកតាឥសីទាំង៧ដែលកំពុងជជែកគ្នា ។ កុមារសុរជីបានទូលសួរលោក តាឥសី ៖

.  លោកតា ! ពួកចៅមានវត្ថុទិព្វគ្រប់គ្នាហើយ ! តើចៅត្រូវធ្វើយ៉ាងម៉េចទៀត ?

.  ពួកចៅត្រូវធ្វើដំណើរតាមទិសបូព៌ាដោយឆ្លងកាត់នគរបី គឺ ទី១ នគរកណ្ឌរដ្ឋ ទី២ នគរកញ្ចនរដ្ឋ និងទី៣ នគរពារាណសី ។ បើចៅឆ្លងកាត់ផុតនគរទាំងបីខាងលើ ហើយ នុះចៅនឹងបានឃើញព្រះមាតារបស់ចៅទាំង៧ជាក់ជាពុំខាន ។

.  ករុណា ! លោកតា ! ពួកចៅនឹងចងចាំពាក្យពេចន៍សម្ដីរបស់លោកតាជានិច្ចថា ឱ្យ រួមសាមគ្គីគ្នាស្រឡាញ់គ្នា កុំឈ្លោះទាស់ទែងគ្នាឡើយ ។

.  បើស្ដាប់តាមសម្ដីរបស់តា សេចក្ដីអន្តរាយនឹងមិនមានដល់ចៅទាំងអស់គ្នា ឡើយ !

.  ចៅគួរចេញដំណើរថ្ងៃស្អែកនេះ ទើបមានឫក្សពេលាល្អគួរឱ្យធ្វើដំណើរណា៎ ចៅ !

.  ករុណា ! លោកតា !

.  ពេលនេះ រលៀលទន់ទាបសុរិយាហៀបអស្ដង្គតទៅហើយ ចៅទាំងអស់គ្នាគួរ រកសម្រាកសម្រាន្តយកកម្លាំងទុកសម្រាប់ត្រៀមចេញដំណើរនៅថ្ងៃស្អែកចុះ !

.  ករុណា ! លោកតា !

…ពោលចប់ កុមារទាំង៧អង្គបានរៀបចំកន្លែងសម្រាកសម្រាន្តផ្ទំលង់លក់យល់ សុបិន្តនិម្មិតដូចៗគ្នាដោយឃើញមាតាសុគតនៅសល់ព្រលឹងវិលវល់ដោយហេតុមានគេចងព្រលឹងឃុំទុក ស្រែកហៅរកបុត្រីទាំង៧អង្គឱ្យជួយយកអាសារសង្គ្រោះឱ្យមាន ជីវិតឡើងវិញផង ។ …

កុមារតើនឡើងព្រមៗគ្នា ហើយឱបគ្នាយោបំទួញសោកអាណិតដោយក្ដីវិយោគ សោកសង្រេងក្រៃលែងពេកពន់រកទីបំផុតគ្មាន ។ ទំនួញកុមារទាំង៧បានលាន់ឮរំពង ទៅដល់សោតប្បសាទរបស់លោកតាឥសី អស្មក ធ្វើឱ្យលោកសឹងពុំលក់ពេលទៀបភ្លឺ សោះឡើយ ។ លោកតាបានក្រោកពីទីសឹងចេញមកពិនិត្យថា តើកុមារទាំង៧មាន ហេតុភេទអ្វីកើតឡើងបានជាយោបំទួញសោកទាំងអស់គ្នាបែបនេះ ។ លោកតាបាន មានថេរដីកាទៅកាន់ចៅទាំង៧ឡើង ៖

.  ចៅទាំង៧អង្គមានហេតុភេទអ្វីកើតឡើងចំពោះចៅបានជាយោបំទួញសោក ខ្លាំងបែបនេះ ?

.  ករុណា ! លោកតា ! គឺពួកចៅបានសុបិន្តនិម្មិតឃើញព្រះមាតាកំពុងរងទុក្ខវេទនា ដោយមានមនុស្សចិត្តខ្មៅទុរយសសម្លាប់ ហើយឃុំព្រលឹងទុកមិនឱ្យមានឱកាសរស់ រានមានជីវិតឡើងវិញបានឡើយ ។ ( កុមារពៅបានទូលថ្វាយលោកតាឥសី )

.  សូមចៅទាំងអស់ឈប់ព្រះកន្សែងសោយសោកធ្វើអ្វី ! ព្រោះវត្ថុទិព្វក្នុងព្រះ ហស្ថរបស់ចៅពិតជាអាចកម្ចាត់មន្តអាគមអាក្រក់បាន ហើយជួយឱ្យព្រះមាតាពួកចៅ បានថែមទាំងមានព្រះជន្មឡើងវិញបានណា៎ចៅ ។

.  ពិតមែនហេស៎ ! លោកតា ! បើអញ្ចឹងចៅសប្បាយព្រះទ័យខ្លាំងណាស់ ! ចៅ នឹងធ្វើដំណើរទៅជួយសង្គ្រោះព្រះមាតាដោយឆាប់រហ័សតាមតែចៅអាចធ្វើទៅបាន !

.  ពិតជាសមជាបុត្រកតញ្ញូមែន ! សូមចៅផ្ទំបន្តទៅទៀតចុះ ! កុំបារម្ភពីព្រះ មាតាថ្វី !

.  ករុណា ! លោកតា !

សុរិយារៀងរះច្បាស់លើផែនពសុធា សព្វសត្វបក្សាបក្សីហិចហើររកស៊ីចិញ្វឹម ជីវីសែនសុខុមរម្យនា ។ រីអង្គកុមារទាំង៧បានចេញចរយាត្រាពីអាស្រមលោកតា ព្រះមុនីឥសី អស្មក ឆ្លងកាត់ព្រៃព្រឹក្សាលតាវល្លិងងឹតសូន្យសុងរកចាក់ភ្នែកពុំយល់ តែកុមារទាំង៧ប្រកបដោយឫទ្ធិអំណាចខ្លាំងពូកែអាចយកឈ្នះភាពងងឹតបាន ។ ដើមថ្លាន់ ដើមបេង នាងនួន បុស្សនាគ គ្រញូង កកោះ ផ្ចិក ផ្ដៀក ក្រឡាញ់ រំដួល អង្គាបុស្ស …ដុះដាលទ្រុបទ្រុលលូតខ្ពស់លលៃប្រណាំងប្រជែងដុះឡើងត្រសុំត្រសាយ ។ លតា ជាតិ វល្លិតាអើក វល្លិល្បែងជើងក្មេង វល្លិតាឡុង វល្លិយាវ វល្លិចាន់ …លូត លាស់ត្របាញ់ខ្វាត់ខ្វែងគ្នា ។ តិណជាតិមានស្មៅ កក់ ប៉ប្រក ត្រែង បបុស …ក៏រីកដុះ ដាលជាវាលក្រាលកន្លែងចន្លោះដើមឈើធំ ។ បក្សីជាតិមានចាប ព្រាប លលក សេក សារិកា ក្រៀល ក្រសារ ក្អែក ត្មាតជាដើម ហិចហើរកៀងគូហែលទឹកលេងសប្បាយ ឥតមានហ្មងសោះឡើយ ។ នៅក្នុងអរញ្ញប្រទេសប្រកបដោយធាតុត្រជាក់គ្របដណ្ដប់ លើរូបរាងកាយកុមារទាំង៧ឱ្យរងាឡើងសម្បុរគីង្គក់កណ្ដោចកណ្ដែងអនាថារកអ្នកគ្រងរក្សាបបោសអង្អែលឱ្យស្កប់ស្កល់ព្រះទ័យពុំបានឡើយ ។ កុមារកម្សត់ទាំង៧អង្គប្រកប ដោយគ្រឿងអម្ពរកាយដ៏ស្រស់ឆើតឆាយគួរជាទីពិចពិលរមិលមើលនៃជនានុជនទាំង អស់ ។ កុមារកញ្ចនីបានពោល ៖

.  ខ្ញុំមានធាតុភ្លើងក្នុងព្រះកាយ ធាតុត្រជាក់ល្មមៗមិនអាចធ្វើឱ្យខ្ញុំរងានោះ ឡើយ !

.  ចំណែកខ្ញុំគង្គារីមានធាតុទឹកនោក្នុងព្រះកាយអាចទ្រាំទ្រធាតុត្រជាក់បាន ! ចុះចំណែកម្ចាស់បងទាំង៥ផ្សេងទៀត តើអាចទ្រាំនឹងអាកាសធាតុត្រជាក់ក្នុងព្រៃនេះ បានដែរឬទេ ?

.  បងនរវតីអាចទ្រាំនឹងអាកាសធាតុត្រជាក់ក្នុងព្រៃនេះបានទេ ?

.  បងថ្វីត្បិតតែធាតុឈើ តែលុះត្រូវធាតុត្រជាក់បៀមនូវសំណើមមិនជាអ្វី នោះទេណា៎ម្ចាស់អូនកញ្ចនី !

.  ចុះចំណែកម្ចាស់បងមហាពលីវិញ យ៉ាថម៉េចដែរ ?

.  ថ្វីបើបងជាធាតុដែក តែត្រូវសំណើមតែងឡើងច្រែះក៏ពិតមែន ! ម្ចាស់អូន កញ្ចនីកុំព្រួយបារម្ភថ្វី !

.  ចុះចំណែកឯម្ចាស់បងផ្សេងទៀត តើអាចអត់ធ្មត់នឹងអាកាសធាតុត្រជាក់ ក្នុងព្រៃដ៏ធំនេះបានដែរឬទេ ?

.  មិនអីទេ ! ម្ចាស់អូនកញ្ចនី ! បងពណ្ណវីធាតុមាសក៏ពិតមែន តែត្រូវធាតុត្រជាក់ មុខជាកើតភាពសុខស្រួលណា៎ម្ចាស់អូន !

.  ចំណែកបងវាលវីក៏មិនអីដែរ !

.   ហើយបងសុរជីថ្វីបើធាតុដីក៏ពិតមែន តែអាចស៊ូទ្រាំនឹងធាតុត្រជាក់បាន ! កុំបារម្ភពីបងអី !

ភ្លាមនោះគង្គារីបានប្រជុំគ្នា សុំឱ្យយោបល់ទៅដល់បងទាំង៦ឱ្យរាយសីមាព័ទ្ធ ក្រែងមានបញ្ហាអ្វីកើតឡើងជាយថាហេតុដោយមិនបានត្រៀមទុកមុន ។ បងទាំង៦ក៏ យល់ព្រមតាមយោបល់របស់គង្គារី ហើយរាយសីមាព័ទ្ធព្រះកាយអ្នកទាំង៧អង្គនោះ មិនឱ្យព្រាយបិសាចមកយាយីដល់ជីពជន្មនោះឡើយ ។ ដោយអាធ្រាត្រសែនស្ងាត់ក៏ឮ តែសូរសត្វរត្តិចរស្រែកកក្រើកប្រឹថពីនាំឱ្យអង្គកុមារទាំង៧ញាប់ញ័ររញ្ជួយព្រះហឫទ័យ ដ៏ក្មេងខ្ចីពុំដែលធ្លាប់ដើរឆ្ងាយដាច់សង្វែងនោះទេ ។ កុមារបានធ្វើសមាធិប្រមូលកម្លាំង ចិត្តឱ្យមូលកម្ចាត់នូវភាពខ្លាចទាំងឡាយទាំងពួងចេញអស់ពីខន្ធសណ្ដាននៅតែភាព សោមនស្សរីករាយ ។ មួយរាត្រីបានកន្លងផុតធ្វើឱ្យកុមារទាំង៧មានសេចក្ដីក្លៀវក្លា ក្នុងការធ្វើដំណើររហូតចូលដល់ដែននគរកណ្ឌរដ្ឋជានគរយក្សអស់សព្វសត្វពុំហ៊ានឆ្លងកាត់ព្រំសីមានគរនេះទេ ។ សេនាយក្សយាមល្បាតនៅនឹងព្រំប្រទល់បានឃើញរាជ កុមារទាំង៧អង្គបានឆ្លងចូលដីនគរកណ្ឌរដ្ឋបែបនេះក៏ទន្ទ្រាំជើងឱ្យកក្រើកដីញ័ររញ្ជួយធ្វើឱ្យរាជកុមារទាំង៧ច្រឡោតតោតតូងដួលអស់រកលំនឹងទប់ព្រះកាយមិនបាន ។ រាជកុមារកញ្ចនីមានបន្ទូលដណ្ដឹងសួរទៅរាជកុមារអង្គដទៃឡើង ៖

.  ពៅអូន និងបងទាំង៥ម្ដេចក៏ផែនប្រឹថពីកក្រើកញ័ររញ្ជួយបែបនេះ ?

.  មិនដឹងដែរម្ចាស់បងទី៦ ! ខ្ញុំក៏មិនច្បាស់ដែរ !

.  ប្រហែលជាបិសាចមកលងបន្លាចយើងទេដឹង ?

.  អាមនុស្សាហ៊ានចូលក្នុងដែននគរកណ្ឌរដ្ឋផង ! ចំជាថ្លើមធំមែន !

រាជកុមារទាំងង៧ស្រែកព្រមគ្នាឡើង ៖

.  យក្ស !

បន្ទាប់មកក៏បញ្ចេញសិល្ប៍សាស្ត្រវិជ្ជាការប្រយុទ្ធជាមួយសេនាយក្សទាំងពីរដែលយាមកាមច្រកព្រំដែនឱ្យចុះចាញ់ឫទ្ធានុភាពរបស់រាជកុមារទាំង៧ដោយបើកផ្លូវឱ្យធ្វើដំណើរបន្តទៅទៀត ។ ពីរបីថ្ងៃក្រោយមក រាជកុមារទាំង៧បានទៅដល់កំពែងរាជវាំង នគរកណ្ឌរដ្ឋ ហើយបានឮថា ព្រះរាជធីតានៃនគរកណ្ឌរដ្ឋសុគតដោយសារបិសាច ហើយព្រះបាទអបិយាសុរីបានស្វែងរកគ្រប់មធ្យោបាយ ដើម្បីជប់បុត្រីឱ្យមានព្រះជន្ម ឡើងវិញ ។ រាជកុមារទាំង៧បានទ្រង់ជ្រាបរឿងរ៉ាវនេះ ក៏មានព្រះទ័យចង់ប្រស់បុត្រី ស្ដេចយក្សឱ្យមានព្រះជន្មឡើងវិញ ។ ហេតុតែរាជកុមារទាំង៧បានចូលមកក្នុងទឹក ដីយក្សដោយគ្មានរាជានុញ្ញាតពីព្រះបាទអបិយាសុរីនោះធ្វើម្ដេចនឹងអាចជួយប្រស់ជីវិតព្រះរាជធីតានៃនគរកណ្ឌរដ្ឋបានដូចបំណងដែលប៉ងទុកបាន ។ ដូច្នេះព្រះរាជកុមារ ទាំង៧រកវិធីស៊ើបឱ្យដឹងពីមូលហេតុដែលព្រះរាជធីតាសុគតសិន ទើបអាចជួយជីវិត ព្រះរាជធីតាឱ្យមានព្រះជន្មរស់ឡើងវិញ ។ រាជកុមារទាំង៧បានបំបែកគ្នាប្រើវិជ្ជាដែល ខ្លួនចេះយកមកប្រើមុននឹងប្រើវត្ថុទិព្វនីមួយៗបាន ។ ក្នុងពេលនោះរាជកុមារសុរជី បានប្រើឫទ្ធិជ្រែកព្រះធរណីឱ្យផុតការយាមកាមរបស់ឆ្មាំទ្វារទាំង៤ទិស ។ រាជកុមារ វាលរីបានបំបាំងព្រះកាយ ដើម្បីគេចឱ្យផុតពីក្រសែភ្នែករបស់ឆ្មាំទ្វារទាំង៤ទិសដែល ចាំយាមកាម ។ រាចកុមារនរវតីបានប្រែកាឡាខ្លួនជាវល្លិដុះលូតលាស់ជ្រៀតចូល កំពែងឱ្យផុតពីការយាមកាមរបស់ឆ្មាំទ្វារទាំង៤ទិស ។ រាជកុមារពណ្ណវីបានប្រែកាឡា ខ្លួនជាអ្នកយាមដែរ ដើម្បីបញ្ជៀសការសង្ស័យរបស់ឆ្មាំទ្វារទាំង៤ទិសនោះ ។ រាជកុមារ មហាពលីបានឱបរាជកុមារកញ្ចនី និងគង្គារីជាប់ ហើយហោះរំលងកំពែងវាំងរហូតផុត បានចូលទៅក្នុងរាជវាំងដោយស្រួលគ្មានឧបសគ្គអ្វីឡើយ ។ លុះជួបគ្នាហើយ រាជ កុមារទាំង៧ចូលក្នុងបរិវេណខាងក្នុងនៃរាជវាំងនគរកណ្ឌរដ្ឋភ្លាមក៏ស៊ើបដឹងអំពីមូលហេតុដែលព្រះរាជធីតាសោយព្រះវិរាល័យ ។ បិសាចបានប៉ងចង់បានព្រះរាជធីតាធ្វើជា ប្រពន្ធរបស់វា តែព្រះបិតារបស់ព្រះនាងមិនព្រមទាល់តែសោះធ្វើឱ្យវាខឹងក៏បណ្ដាល ឱ្យព្រះនាងដាក់់បណ្ដាសាឱ្យសោយព្រះវិរាល័យទៅ ។ រាជកុមារទាំង៧បានសុំចូល គាល់ព្រះបាទអបិយាសុរីក្នុងបំណងសុំចូលខ្លួនទៅកម្ចាត់បិសាច ដើម្បីប្រស់ឱ្យព្រះនាង ខេមារីបានមានព្រះជន្មរស់ឡើងវិញ ។ ដោយឮថាមានអ្នកខ្លាំងពូកែចេញមុខមក កម្ចាត់បិសាចជួយសង្គ្រោះឱ្យមានជីវិតរស់រានឡើងវីញ ។ ព្រះបាទអបិយាសុរីបាន អញ្ជើញព្រះរាជកុមារទាំង៧អង្គឱ្យចូលមកគាល់ព្រះអង្គភ្លាមដែរ ។ ព្រះរាជកុមារទាំង ៧ បានចូលគាល់ដោយសម្ដែងនូវគារវៈតាមទំនៀមក្សត្រ ហើយឱ្យព្រះបាទអបិយាសុរី បង្ហាញព្រះសពរបស់ព្រះនាងខេមារី ។ លុះព្រះរាជកុមារទាំង៧បានទតឃើញព្រះ នាងខេមារីហើយ ក៏ត្រាស់ដណ្ដឹងសួររកជម្រកលាក់ខ្លួនរបស់បិសាចដ៏ឃោរឃៅនោះ ។ ព្រះបាទអបិយាសុរីបានឃាត់ព្រះរាជកុមារទាំង៧ថា កុំយាងទៅធ្វើអ្វីយើងសុខចិត្ត បាត់បង់បុត្រីតែម្នាក់បានហើយ ព្រោះរាជកុមារនៅក្មេងវ័យ ពុំគួរមកប្រថុយជីវិតនោះទេ ។ ព្រះរាជកុមារពៅបានប្រើឫទ្ធិសម្លឹងទៅទម្លុះព្រះនេត្ររបស់ព្រះបាទអបិយាសុរីស្រាវ ជ្រាវការចងចាំរបស់ព្រះអង្គកាលពី១២ឆ្នាំមុន ។ លុះដឹងសព្វគ្រប់ហើយ ព្រះរាជកុមារ ទាំង៧ក៏ចេញដំណើរសំដៅសម្បុកបិសាចកំណាចដោយក្ដីក្លាហានឥតរុញរាថយមួយជំហានណាឡើយ ។ សេចក្ដីនេះបានដឹងដល់បិសាចធ្វើឱ្យខឹងក្រោធជាខ្លាំងប្រាថ្នា សម្លាប់ដោយសារអំណាចខ្លួន ។ ព្រះរាជកុមារទាំង៧បានមកដល់ច្រកចូលទៅហើយ បិសាចបានបញ្ជាកូនចៅឱ្យចូលប្រយុទ្ធជាមួយនឹងរាជកុមារទាំង៧ ។ ព្រះរាជកុមារ ទាំង៧ប្រើឫទ្ធិដែលចេះក្នុងខ្លួនស្រាប់មកប្រើបានឈ្នះលើកងពលសេនាបិសាចយ៉ាងជោគជ័យធ្វើឱ្យបិសាចរឹងរឹតខឹងសម្បារជាខ្លាំង ។ លុះកងពលស្លាប់អស់ហើយ បិសាចបានសម្ដែងឫទ្ធិឱ្យខ្លួនធំសម្បើម ដើម្បីបន្លាចព្រះរាជកុមារទាំង ៧ ។ ព្រះរាជ កុមារទាំង៦បានដកស្នៀតសក់រៀងៗខ្លួនជប់់ឱ្យទៅជាវត្ថុទិព្វទាំង៦យកមកប្រយុទ្ធជាមួយបិសាចរហូតដល់វិនាសបាត់ទៅ ។ លុះវិនាសបិសាចបាត់ទៅ ព្រះរាជកុមារពៅបាន ប្រើស័ង្ខទិព្វជប់ជីវិតអ្នកស្លាប់ទាំងអស់ដែលបានស្លាប់នៅទីនេះឱ្យរស់មានជីវិតមានខ្លះ  ជារាស្ត្រ ខ្លះទៀតជាព្រះមហាក្សត្រ ។ អ្នកទាំងនោះក៏ថ្លែងអំណរគុណដល់ព្រះរាជ បុត្រទាំង៧ដែលជួយឱ្យរស់រានមានជីវិតឡើងវិញ ។ ក្រោយពីកម្ចាត់បិសាចរួចហើយ ព្រះរាជកុមារទទាំង៧បានយាងត្រឡប់មករកព្រះបាទអបិយាសុរីវិញ ហើយបានព្រះ រាជកុមារពៅបានជប់ជីវិតឱ្យព្រះនាងខេមារីមានព្រះជន្មឡើងវិញ ។ ព្រះនាងខេមារី បានដឹងព្រះកាយឡើងវិញ ហើយថ្លែងអំណរគុណដល់ព្រះរាជកុមារទាំង៧ជាខ្លាំងរក អ្វីប្រៀបពុំបានឡើយ ។ ព្រះបាទអបិយាសុរីបានសម្រេចព្រះទ័យដោយផ្សំផ្គុំព្រះរាជ កុមារពៅនិងព្រះនាងខេមារីជាគូនឹងគ្នា ។ ដោយមិនចង់មានព្រះកិត្តិនាមមិនល្អជាបុត្រ ស្ដេចមានទោសកុហកព្រះរាជា ព្រះកុមារទាំង៧បានដោះព្រះទម្រង់ចេញ ហើយពាក់ ម្រាមកណ្ដាលវិញ ។ នៅពេលនោះព្រះរាជកុមារទាំង៧ ក៏កាឡាព្រះកាយជារូបដើមគឺ ជាព្រះរាជធីតាទាំង៧យ៉ាងស្រស់សោភាធ្វើឱ្យព្រះបាទអបិយាសុរីរឹងរឹតតែស្រឡាញ់បីដូចជាបុត្រីបង្កើតរបស់ទ្រង់ផ្ទាល់តែម្ដង ។ ឯព្រះនាងខេមារីបានស្រវាឱបព្រះរាជធីតា ទាំង៧ម្ដងមួយអង្គៗប្រកបដោយព្រះរាជហឫទ័យគោរពស្រឡាញ់ទុកដូចជាបងបង្កើត ។ ដោយពុំអាចនៅយូរបានព្រះរាជធីតាប្រញាប់កាឡាព្រះកាយជាព្រះរាជកុមារទាំង ៧វិញ ហើយក្រាបថ្វាយបង្គំលាព្រះបាទអបិយាសុរីព្រះអគ្គមហេសីកល្យាណាចាក ចេញពីដែននគរកណ្ឌរដ្ឋភ្លាមដែរ ។ ព្រះបាទអបិយាសុរីបានចាត់សេនាយក្សពីរនាក់ យាងព្រះដំណើរព្រះរាជកុមារទាំង៧ឱ្យយាងចេញចាកដែននគរកណ្ឌរដ្ឋផុតកន្ទុយភ្នែកហួសដែននគរកណ្ឌរដ្ឋ ។ ព្រៃព្រឹក្សាលតវល្លិនៃដែននគកញ្ចនរដ្ឋដែលប្រកបដោយ បុប្ផជាតិទាំងពួងរីកស្រស់បំព្រងជាលម្អធម្មជាតិដ៏បវរថ្កើងថ្កានហៅសែនប្រពៃក្រៃកន្លង ។ សព្វសត្វម្រឹគីម្រឹគាបណ្ដើរគ្នាទាំងគូៗត្រសងឥតមានភ័យខ្លាចរអារអ្វីឡើយ ។ វេលានេះ សត្វបក្សាបក្សីហិចហើរហេវហោះផ្លេកផ្លោះរំលងបព្វតា ។ ជួនកាលសត្វ ខ្លះក៏ទំលើមែកព្រឹក្សាអែបកាយាគូស្នេហាត្រួយព្រលឹងថ្លើមថ្លៃបណ្ដូលប្រមាត់ ។ រីព្រះ រាជកុមារទាំង៧បានយាងយាសចូលដែននគរកញ្ចនរដ្ឋពេលនោះឯង ។ មនុស្សម្នាក្នុង នគរនេះសុទ្ធសឹងតែមានកន្ទុយនិងស្លាបពីរផ្ទាំងសម្រាប់់ហោះហើរលើអាកាសធ្វើឱ្យរាជកុមារទាំង៧អង្គរបស់យើងភ្ញាក់ផ្អើលជាខ្លាំងក៏ឧទានព្រមៗគ្នាថា នេះឬសត្វកិន្នរពិត ជាស្អាតខ្លាំងណាស់ ! គួរជាទីចាប់អារម្មណ៍ក្រៃលែង ! ឧទានវាចាចប់កងទ័ពកិន្នរបាន មកចោមរោមចាប់ខ្លួនរាជកុមារទាំង៧ តែជាការឥតប្រយោន៍ប៉ុណ្ណោះចំពោះកងទ័ព កំប៉ិចកំប៉ុកអស់ទាំងនេះគ្រាន់តែរាជកុមារទាំង៧មិនប្រឆាំងនឹងការចាប់ខ្លួននេះឡើយ ។ ដោយបណ្ដើយឱ្យគេនាំខ្លួនទៅជួប ស្ដេចកិន្នរមានព្រះនាមថា ព្រះបាទសិម្បីលី ។ លុះបានជួបនឹងស្ដេចកិន្នរហើយ ព្រះរាជកុមារទាំង៧បានលុតជង្គង់ថ្វាយបង្គំតាម ទំនៀមរបស់ក្សត្រិយ៍ ហើយមានព្រះរាជបន្ទូលឡើង ៖

.  ពួកទូលបង្គំសូមក្រាបថ្វាយបង្កំព្រះអង្គ ! សូមថ្វាយព្រះពរព្រះអង្គឱ្យមានព្រះ ជន្មយឺនយូរ !

.  រាជកុមារ ! មានវាចាពីរោះពិសារខ្លាំងគួរឱ្យចង់ព្រះសណ្ដាប់ក្រៃលែង ! តើរាជ កុមារទាំងអស់មានព្រះនាមអ្វីខ្លះដែរ ! ចូរណែនាំខ្លួនឱ្យយើងស្ដាប់បន្តិចមើល៍ !

.  ពួកទូលបង្គំពុំអាចទូលថ្វាយបានឡើយ ! ហេតុនេះសូមព្រះអង្គព្រះរាជទាន ទោសផង !

.  បាន ! មិនថ្វីទេ ! យើងមិនយកទោសអ្វីពីរាជកុមារទាំង៧នោះទេ !

.  អរព្រះគុណខ្លាំងណាស់ ! និយាយអញ្ចឹងព្រះអង្គមានព្រះភក្ត្រស្រពាប់ ស្រពោនខ្លាំងម្ល៉េះ !

.  គ្មានអ្វីទាក់ទងនឹងព្រះរាជកុមារទាំងអស់គ្នាទេ !

ព្រះរាជកុមារពៅបានប្រើឫទ្ធិសម្លឹងទម្លុះព្រះនេត្ររបស់ព្រះបាទសិម្បីលីក៏ដឹងពី ហេតុការណ៍ដែលកើតឡើងចំពោះព្រះអង្គនិងព្រះរាជអគ្គមហេសី ។ រាជកុមារពៅបាន ញញឹមដាក់ព្រះអង្គជាសញ្ញាប្រាប់ថា រាជកុមារពៅដឹងហេតុការណ៍ទាំងអស់ហើយ ។ ព្រះអង្គទ្រង់ព្រះរាជានុញ្ញាតឱ្យរាជកុមារទាំង៧ស្នាក់អាស្រ័យនៅបណ្ដោះអាសន្នសិន ទម្រាំតែរាជកុមារទាំង៧ជួយដោះស្រាយបញ្ហាក្នុងព្រះនគរ ។ រាជកុមារទាំង៧បានចរ លីលាសំដៅភ្នំស្រអាប់ជាលំនៅរបស់ព្រាយអាស្រ័យនៅ ។ ព្រាយភ្នំស្រអាប់បានដឹង ថា រាជកុមារទាំង៧បានមករកនាងក្នុងបំណងកម្ខាត់នាងចោល ហើយជួយសង្គ្រោះ ជីវិតព្រះអគ្គមហេសីឱ្យមានព្រះជន្មឡើងវិញ ។ រាជកុមារទាំង៧បានយាងទៅដល់មាត់ រូងភ្នំស្រអាប់ ហើយស្រែកឱ្យព្រាយនោះចេញមកជួបក្នុងបំណងប្រយុទ្ធតគ្នាយកឈ្នះ ចាញ់ម្ដង ។ ព្រាយបានបញ្ជូនកូនចៅរបស់ខ្លួនឱ្យមកប្រយុទ្ធតតាំងជាមួយរាជកុមារ ទាំង៧ ។ រាជកុមារទាំង៧បានប្រើវិជ្ជាដែលចេះស្រាប់ប្រយុទ្ទជាមួយកូនចៅព្រាយ ដែលបញ្ជូនមកដោយក្ដីក្លាហាន ។ ដោយទប់ទល់មិនឈ្នះ ព្រាយបានចេញពីរូងភ្នំមក ប្រយុទ្ធជាមួយរាជកុមារទាំង៧ដែលប្រុងប្រៀបជាស្រេចនៅខាងមុខរូងភ្នំ ។ ព្រាយបាន ចេញមកប្រយុទ្ធជាមួយរាជកុមារទាំង៧ដោយសេចក្ដីក្លាហានមិនខ្លាចរអាអ្វីឡើយ ។ ដោយវិជ្ជាការធម្មតាមិនអាចបង្ក្រាបព្រាយបាន ព្រះរាជកុមារទាំង៧បានប្រើវត្ថុទិព្វទាំង ៧ដើម្បីប្រយុទ្ធជាមួយព្រាយភ្នំស្រអាប់ ។ អាស្រ័យអានុភាពនៃវត្ថុទិព្វទាំង៧ធ្វើឱ្យ ព្រាយភ្នំស្រអាប់បាក់បបខ្លបខ្លាចអំណាចមហិទ្ធិឫទ្ធិវត្ថុទិព្វទាំង៧ដែលជាអាវុធប្រចាំកាយរបស់ព្រះរាជកុមារទាំង៧ ។ ព្រះរាជកុមារគង្គារីបានមានបន្ទូល ៖

.  យ៉ាងម៉េចព្រាយភ្នំស្រអាប់មិនអាចយកឈ្នះពួកយើងក៏រត់ពួនហេស ?

.  មែនហើយ ! ម្ចាស់អូនគង្គារីមានបន្ទូលត្រូវ !

.  កុំអាលទាន់សប្បាយព្រះទ័យឱ្យសោះ ព្រោះព្រាយភ្នំស្រអាប់មិនទាន់សម្លាប់ បានទេ ។

.  កុំអាលអរពួកអាល្អិតទាំង៧ ! យើងមិនទាន់ចាញ់ពួកឯងឡើយ !

.  កុំឱ្យគេថាក្មេងធ្វើបាបចាស់ឱ្យសោះណា៎ !

ព្រាយភ្នំស្រអាប់បានប្រើវិធីហៅសត្វចម្លែកទាំង៧មកប្រយុទ្ធជាមួយរាជកុមារទាំង៧ដែលមិនអាចឱ្យទប់ទល់បាន ។ ជាដំបូង រាជកុមារពណ្ណវីបានប្រយុទ្ធសុវណ្ណហង្ស ដែលជាហេតុនាំឱ្យរាជកុមារពណ្ណវីរាងចាញ់ដៃបន្តិច តែពណ្ណវីបានសូត្រគាថាចងចិត្ត របស់សត្វហង្សបណ្ដើរ ប្រែយុទ្ធបណ្ដើរ ។ រាជកុមារនរវតីបានត្រូវពស់រុំខ្លួនជុំជិតរើពុំរួច សោះឡើយ ។ ត្បិតតែបែបនេះពិតមែន វាលរីបានប្រើឫទ្ធិបង្រួមខ្លួនឱ្យតូចជាលំដាប់រ ហូតដល់ខ្លួនពស់មិនអាចរឹតបាន ទើបរាជកុមារទី២បានរាយចងមន្តវិជ្ជាបង្ក្រាបពស់ដ៏ កាចសាហាវឱ្យបាក់បបខ្លបខ្លាចអំណាចរាជកុមារទី២យើង ។ រាជកុមារសុរជីបានត្រូវ អណ្ដើកចម្លែកមានស្លាបហោះដេញខាំគេចពុំរួច ។ សុរជីបានប្រើឫទ្ធិជ្រែកដី តែ អណ្ដើកនោះត្បុលទម្លុះដីដេញខាំតទៅទៀត រាជកុមារទី៣បានបញ្ឆោតអណ្ដើកនោះឱ្យ ហោះទៅមុខ ។ ឯរាជកុមារទី៣បានហក់លោតត្រឡប់ក្រោយយ៉ាងរហ័សជិះលើខ្នង សត្វនោះ ហើយបានជប់កងស្ពាន់ប្រាំពាក់ឱ្យអណ្ដើកត្រង់ក និងជើងទាំងបួនប្រើគាថា ឱ្យកងទាំងនោះរឹតសត្វនោះឱ្យសត្វនោះសុំអង្វរករ ទើបរាជកុមារព្រមបន្ធូរបន្ថយការធ្វើ ទារុណកម្មនេះ ។ រាជកុមារមហាពលីបានត្រូវសត្វហ៊ីងដែកប្រើខ្យល់ផ្លុំបង្កើតព្យុះសង្ឃ រាធ្វើឱ្យមហាពលីទប់មិនជាប់សោះ ។ រាជកុមារទី៤បានប្រើឫទ្ធិបញ្ចេញកម្លាំង មហាសាល មកទប់មាត់ហ៊ីងកុំឱ្យព្រួសខ្យលតទៅទៀត ហើយបានប្រើកងប្រាក់ ប្រាំពាក់លើក និង ដៃជើងទាំងបួនជាមួយនឹងការរាយមន្តលើកងទាំងនោះឱ្យកងរឹត ។ ដោយទ្រាំពុំពាន សត្វហ៊ីងបានសុំអង្វរកររាជកុមារមហាពលីឱ្យបន្ធូរបន្ថយកុំរឹតសម្លាប់ ខ្លួនទុកជីវិតឱ្យខ្លួន ផង ។ រាជកុមារវាលរីបានត្រូវឥន្ទ្រីប្រាក់ដេញចឹកខ្ញាំនឹងជើងទាំងពីរ វិះនឹងគេចពុំរួច ។ រាជកុមារវាលរីបានបំបាំងខ្លួនមិនឱ្យឥន្ទ្រីប្រាក់មើលឃើញនោះទេ ។ រាជកុមារទី៥យើងបានបង្ហាញដោយជិះលើខ្នងសត្វឥន្ទ្រីបា្រក់នោះធ្វើឱ្យរលាស់ខ្លួនជា ច្រើនលើកច្រើនសា តែរាជកុមារវាលរីបានមហាអាថ័នពាក់នឹងកឥន្ទ្រីប្រាក់ ហើយ សូត្រគាថាបញ្ជាកងអាថ័នរឹតកឥន្ទ្រីឱ្យវាទទួលរងទារុណកកម្មនោះជាទម្ងន់ ។ សត្វ ឥន្ទ្រីបានសុំអង្វរកររាជកុមារវាលរីឱ្យបន្ធូរកងកុំឱ្យរឹតកខ្លួននាំឱ្យខ្លួនពិបាកក្នុងការដក ដង្ហើមអី ។ រាជកុមារទី៥ព្រម តែសត្វឥន្ទ្រីត្រូវព្រមធ្វើជាពាហនៈរបស់ខ្លួនទើបរាជកុមារ យល់ព្រមតាម ។ រាជកុមារកញ្ចនីបានត្រូវគ្រុឌអគ្គីព្រួសភ្លើងដាក់ក្នុងដុតកម្ទេចឱ្យក្ស័យ សូន្យជីពជន្ម តែបំណងរបស់គ្រុឌមិនបានសម្រេចតាមបំណងរបស់ខ្លួនឡើយ ។ ហេតុ អ្វីទៅ ? ព្រោះដោយសាររាជកុមារកញ្ចនីកើតមកមានតេជោធាតុក្នុងព្រះកាយទើបភ្លើង របស់គ្រុឌពុំអាចដុតកម្ទេចរាជកុមារបាន ។ ពេលដឹងថា ភ្លើងពុំអាចធ្វើអ្វីរាជកុមារកញ្ច នីបាន វាក៏ប្រើស្លាបទាំងគូរបស់វាបក់ឱ្យកើតជាព្យុះសង្ឃរាដ៏ខ្លាំងក្លាធ្វើឱ្យរាជកុមារទី៦ របស់យើងទប់ទល់ស្ទើរពុំចង់បាន ។ ភ្លាមនោះ រាជកុមារទី៦ប្រកបដោយព្រះបញ្ញាញា ណបានស្ទុះលោតដាំដូងឱ្យហួសរំលងពីលើក្បាលគ្រុឌ ហើយហាព្រះឱស្ឋបញ្ចេញនូវ កងអគ្គីមួយពាក់ពីលើករបស់គ្រុឌ ហើយជិះច្រកគាវពីលើស្មាទាំងពីររបស់គ្រុឌបណ្ដើរ សូត្រគាថាឱ្យកងអគ្គីរឹតកគ្រុឌបណ្ដើរ ។ គ្រុឌឋិតក្នុងភាពឈឺចាប់ខ្លាំងពេកក៏មានបំណ ងចង់ចាប់រាជកុមារកញ្ចនីបោកសម្លាប តែកញ្ចនីដឹងមុនស្ទុះលោតចេញពីស្មារបស់គ្រុឌ ផង សូត្រគាថាជាច្រើនមេដើម្បីឱ្យកងនៅករបស់គ្រុឌរឹតកាន់តែខ្លាំងផង ។ គ្រុដលុះ ដល់ទប់ពុំជាប់នឹងកម្លាំងឫទ្ធិរបស់កងអគ្គីរបស់រាជកុមារទី៦ពុំបាន ក៏សុខចិត្តថ្វាយខ្លួន ជាពាហនៈរហូតដល់ក្ស័យព្រះជន្មរបស់ខ្លួន ។ ចុងក្រោយដល់វេនរាជកុមារគង្គាវីម្ដង ត្រូវសត្វមករៈដេញខាំទោះហោះខ្ពស់យ៉ាងណាក៏គេចពុំរួច តែរាជកុមារមានព្រះបញ្ញា ញាណខ្លាំងពូកែជាងបងៗដោយរាជកុមារពៅបានខ្ជាក់ខ្សែរឹតក និងជើងទាំងបួនឱ្យរឹត ក និងជើងទាំងបួនរបស់សត្វមករៈដែលធ្វើឱ្យវាឈឺចាប់ក្រៃលែងរកទីបំផុតគ្មាន ។ សត្វមករៈបានក្រាបចុះបង្អោនសិរសាទៀបព្រះបាទារបស់រាជកុមារពៅសម្ដែងសុំព្រះ រាជទានទោសដល់ខ្លួនដែលប្រមាថព្រះចេស្ដារបស់ព្រះរាជកុមារពៅ ។ ដោយសារតែ មានព្រះទ័យសណ្ដោសប្រណីដល់សត្វលោក រាជកុមារបានធ្វេសប្រហែសព្រលែង សត្វនោះឱ្យរួចពីចំណងសិល្ប៍របស់រាជកុមារ ។ សត្វមករៈមានសណ្ដានជាសត្វតិរច្ឆាន ពុំយល់នូវក្ដីកតញ្ញូកតវេទីដូចមនុស្សសោះឡើយ ។ ដោយវាបានរួចពីចំណងក៏បកមក សងសឹកវិញ ព្រោះត្រូវរាជកុមារពៅធ្វើទារុណកម្មនាំឱ្យវាលំបាកប្រាណ ។ ហេតុនេះវា ត្រូវតែសងសឹកវិញចំពោះទង្វើរបស់រាជកុមារពៅ ។ រាជកុមារពៅបានគង់ពែនព្រះភ្នែន ហើយបឹទព្រះនេត្រទាំងគូប្រមូលផ្ដុំសមាធិបើកញាណទី៦ដឺងសព្វទិសានុទិស ។ ដោយនឹកស្មានថា រាជកុមារពុំដឹងពីទង្វើខ្លួនដែលនឹងប៉ងត្របាក់លេបរាជកុមារពៅចូល ក្នុងពោះ ក៏ហាមាត់ប្រុងត្របាក់លេបរាជកុមារពៅ ។ ព្រះរៀមទាំងអស់បានភ័យស្លុត នឹងហេតុការណ៍ខាងលើជាខ្លាំង បម្រុងនឹងបន្លឺព្រះសូរសៀងខ្លាំងៗដើម្បីដាស់ព្រះ ស្មារតីឱ្យដឹងពីអំពើរមិលគុណរបស់សត្វមករៈនោះ ។ ភ្លាមនោះ រាជកុមារពៅបានប្រើ ឫទ្ធិតាមញាណទី៦បញ្ជាខ្សែសិល្ប៍ទាំងប្រាំឱ្យចងរឹត ដើម្បីធ្វើនូវទារុណកម្មឱ្យធ្ងន់ធ្ងរឱ្យ សមនឹងអំពើអកតញ្ញូរបស់សត្វមករៈនេះ ។ សត្វមករៈបានសុំអង្វរករម្ដងហើយម្ដង ទៀតធ្វើឱ្យសត្វមករៈនោះប្រកាច់រមួលខ្លួនស្ទើរតែក្សិណក្ស័យទើបរាជកុមារពៅរំសាយ សមាធិ ហើយឈប់សូត្រគាថារឹត ។ សត្វមករៈបានដឹងខុស ក៏សុំរាជកុមារពៅធ្វើជា ម្ចាស់ ហើយសុំថ្វាយជីវិតធ្វើជាជំនិះតទៅថ្ងៃអនាគតដរាបស្លាប់ពីអត្តភាពនេះ ។ ដោយ ឃើញឫទ្ធានុភាពរបស់រាជកុមារទាំង៧ហើយ ព្រាយភ្នំស្រអាប់បានតយុទ្ធជាមួយរាជ កុមារទាំង៧ជាបន្តទៅទៀត ។ ព្រាយភ្នំស្រអាប់ពិតជាខ្លាំងពូកែមែន ជៀសពុំប្រើវត្ថុទិព្វ ពុំបាន ។ ព្រាយភ្នំស្រអាប់បានប្រើឫទ្ធិរបស់ខ្លួនដោយប្រើឈើច្រត់ប្រយុទ្ធតបនឹងវត្ថុ ទិព្វទាំង៧ ។ ដោយអំណាចវត្ថុទិព្វទាំង៧ជារបស់ព្រះវិស្ណុធ្វើឱ្យព្រាយភ្នំស្រអាប់ត្រូវ របួសធ្ងន់រហូតដល់បាត់បង់ជីវិត មុនស្លាប់ព្រាយនោះបានបញ្ជូនដំណឹងទៅយាយធ្មប់ អបលាកា ដែលត្រូវជាសិស្សច្បងរបស់ព្រាយភ្នំស្រអាប់ឱ្យដឹងថា ក្មេងប្រុស៧នាក់មាន ឫទ្ធិចេស្ដាខ្លាំងពូកែណាស់ ចូរសិស្សច្បងប្រយ័ត្នខ្លួនឱ្យមែនទែន ។ លុះចប់ការផ្ដាំផ្ញើ ហើយ ក៏រលាយវិញ្ញាណបាត់ទៅ ។

រាជកុមារទាំង៧បានជិះពាហនៈនីមួយៗធ្វើដំណើរត្រឡប់មកកាន់រាជវាំងនៃនគរ កញ្ចនរដ្ឋវិញប្រកបដោយជ័យជំនះឈ្នះលើព្រាយភ្នំស្រអាប់បានទាំងពាហនៈជាជំនិះ ផងដែរ ។ នៅពេលនោះប្រជានុរាស្ត្រនគរកញ្ចនរដ្ឋបានចេញពីផ្ទះសម្បែងមកអបអរ សាទរដល់ជ័យជំនះរបស់រាជកុមារទាំង៧ផងដែរ ។ រាជកុមារទាំងអស់បានបែរព្រះ ភក្ត្រទតមើលព្រះបាទសិម្បីលីឃើញថា នៅស្រពាប់ស្រពោននៅឡើយ ។ ដោយយល់ អធ្យាស្រ័យរបស់ព្រះអង្គ ទើបរាជកុមារទាំងអស់យាងចូលវាំងជាមួយព្រះរាជា ហើយក៏ ចូលទៅក្នុងរាជដំណាក់របស់ព្រះរាជអគ្គមហេសីព្រះនាម ពិចិត្របុប្ផា ដែលត្រូវជាម្ចាស់ អ៊ំរបស់រាជកុមារទាំង៧ដែលបានសោយព្រះវិរាល័យដោយសារព្រាយភ្នំស្រអាប់ ដើម្បី មើលព្រះសពរបស់ព្រះរាជអគ្គមហេសី ។ អាស្រ័យហេតុខាងលើ ព្រះរាជកុមារទាំង៧ បានបួងសួងសំបូងសម្រូងឱ្យវត្ថុទិព្វទាំង៧ជួយសង្គ្រោះព្រះជន្មព្រះរាជអគ្គមហេសីឱ្យ រស់រានមានព្រះជន្មឡើងវិញ ។ ដោយអំណាចនៃមហិទ្ធិឫទ្ធិរបស់ស័ង្ខទិព្វបានចេញមក នូវទឹកពិសិដ្ឋស្រោចស្រពលើព្រះសពរបស់ព្រះរាជអគ្គមហសីតាំងពីព្រះសីសៈរហូត ដល់ចុងព្រះបាទាបានផ្សាយចេញនូវរស្មីព័ណ៌ខៀវយ៉ាងភ្លឺរន្ទាលពេញព្រះរាជដំណាក់ទាំងមូល ។ លុះដល់ពន្លឺនោះរលត់បាត់ទៅ ព្រះរាជអគ្គមហេសីបានចាប់កម្រើកព្រះ អង្គុលីបន្ដិចៗ ហើយបើកព្រះនេត្រ និងលាន់ព្រះឱស្ឋឡើងរកព្រះវារី ដើម្បីសោយបំ- បាត់ការស្រេក ។ ព្រះបាទសិម្បីលីបានសប្បាយព្រះរាជហឫទ័យជាខ្លាំង ហើយបាន ត្រេកអរក្នុងព្រះទ័យនឹងបានឃើញព្រះមហេសីមានព្រះជន្មឡើងវិញ ។ ព្រះរាជអគ្គ មហេសីបានតើនឡើង ហើយមានព្រះសវនីយ៍យ៉ាងផ្អែមល្ហែមទៅកាន់រាជកុមារទាំង៧ ៖

.  តើបុត្រទាំង៧មានព្រះនាមអ្វីដែរ ? អាចប្រាប់មាតាផងបានទេ បុត្រសម្លាញ់ ?

.  ក្រាបទូល ! ព្រះមាតា ! ពួកទូលបង្គំជាស្រីទេ !

.  ពិតមែនហែស៎ ! បុត្រមាតា !

.  ព្រះពរ !

ព្រះរាជកុមារទាំង៧បានប្ដូរព្រះទម្រង់ពីម្រាមចង្អុលទៅម្រាមកណ្ដាលវិញធ្វើឱ្យ ព្រះកាយព្រះរាជកុមារទាំង៧ប្រែជាព្រះរាជធីតាទាំង៧អង្គយ៉ាងស្រស់សោភាកំពុង  លុតជង្គង់ថ្វាយបង្គំព្រះរាជអគ្គមហេសីរបស់នគរកិន្នរ ។ ព្រះរាជិនីបានមានសវនីយ៍ទៅ កាន់ព្រះរាជធីតាទាំង៧ដោយព្រះសូរសៀងពិរោះ ៖

.  តើបុត្រីទាំងអស់អាំចប្រាប់ព្រះនាមរបស់បុត្រដល់មាតាផងបានដែរឬទេ ?

.  ព្រះពរ ! បានព្រះមាតា ! ខ្ញុំម្ចាស់មានព្រះនាមថា ពណ្ណវី ។

.  ខ្ញុំម្ចាស់មានព្រះនាមថា នរវតី ។

.  ខ្ញុំម្ចាស់មានព្រះនាមថា សុរជីប ។

.  ខ្ញុំម្ចាស់មានព្រះនាមថា មហាពលី ។

.  ខ្ញុំម្ចាស់មានព្រះនាមថា វាលរី ។

.  ខ្ញុំម្ចាស់មានព្រះនាមថា កញ្ចនី ។

.  ហើយខ្ញុំម្ចាស់ពៅគេមានព្រះនាមថា គង្គារី ។

.  តើបុត្រទាំងអស់គ្នាជាបុត្ររបស់ព្រះរាជានៃនគរណា ហើយមាតាបិតាមានព្រះ នាមអ្វីដែរ ? អាចប្រាប់មាតាផងបានទេ ? ហាក៎ ! គួរឱ្យស្រឡាញ់គ្រប់អង្គទាំងអស់គ្នា ហ្នឹង !

.  ពួកបុត្រជាបុត្ររបស់ព្រះមាតាមានព្រះនាមថា ពិចិត្រមាស និងព្រះបិតាមាន ព្រះនាម សត្ថវង្ស ណាព្រះមាតា !

.  ថាម៉េចបុត្រីទាំងអស់ជាបុត្ររបស់ម្ចាស់អូន ពិចិត្រមាស មែនហែស៎ ! ចុះប្រវត្តិ របស់បុត្រីទាំងអស់មានលំអានយ៉ាងណាខ្លះទៅ ? បានជារសាត់អណ្ដែតមកដល់នគរ ព្រះមាតាដូច្នេះទៅវិញ !

ព្រះនាងពណ្ណវីបានរៀបរាប់ពីដំណើររឿងរ៉ាវដែលកើតឡើងតាំងពីដើមរហូតដល់ ពួកព្រះនាងមកដល់នគរព្រះមាតុច្ឆាបែបនេះឯង ។ ព្រះរាជិនី ពិចិត្របុប្ផា បានហៀរ ហូរជលនេត្រជោគជាំព្រះភក្ត្ររបស់ព្រះអង្គលាយឡំជាមួយសំណោកសោកសៅថែម ទៀតផង ។ ដោយអាណិតព្រះភាគិនេយ្យទាំង៧ក្រៃពេក ក៏ទ្រង់ស្រវាឱបព្រះនាងទាំង ៧ម្ដងមួយអង្គៗរហូតដល់អស់ព្រះទ័យ ទើបទ្រង់រសាយបាត់ក្ដីសោកសៅពីក្នុងព្រះ ទ័យ របស់ទ្រង់ ។ ព្រះរាជបុត្រាបុត្រីរបស់ព្រះរាជិនី ពិចិត្របុប្ផា ក៏បានសប្បាយព្រះ ទ័យដៃលពួកទ្រង់បានស្គាល់ និងជួបព្រះរាជវង្សានុវង្សផងដែរ ។ ដោយអាស្រ័យហេតុ ទាំងឡាយខាងលើ បានញ៉ាំងឱ្យដំណើរទៅជួយសង្គ្រោះព្រះមាតាត្រូវស៊ីពេលយូរតទៅ ទៀត ។

ក្រោយពីសំណាក់នៅដែននគរកញ្ចនរដ្ឋមួយរយៈ ព្រះរាជធីតាទាំង៧បានប្រែ កាឡាព្រះកាយជារាជកុមារាដូចដើមវិញ ហើយលាព្រះមាតុច្ឆានិងព្រះស្វាមីរួមទាំងព្រះ រាជបុត្រាបុត្រី ដើម្បីបន្តបេសកកម្មជួយសង្គ្រោះព្រះមាតាតទៅទៀត ។ ព្រះរាជអគ្គ មហេសីបានចាត់ឱ្យកងកម្លាំងខ្លះជូនដំណើរព្រះរាជកុមារទាំង៧ រហូតដល់ផុតដែន នគរកញ្ចនរដ្ឋ ទើបកងកម្លាំងនោះត្រឡប់ទៅទូលថ្វាយព្រះរាជិនី ។ លុះរាត្រីកាលចូល មកដល់ រាជកុមារទាំង៧បានសម្រាកព្រះកាយក្នុងព្រៃព្រឹក្សាលតាវល្លិជាបណ្ដោះអា សន្នសិន ដើម្បីរង់ចាំដល់ភ្លឺទើបបន្តដំណើរទៅមុខទៀតជាមួយជំនិះទាំង៧ ។ មួយប៉-ព្រិចភ្នែក រាត្រីបានកន្លងផុតទៅយ៉ាងរហ័សចង់ទប់ក៏មិនកើតដែរ ។ ដូច្នេះគួរតែ បណ្ដោយតាមពេលវេលាឱ្យទៅមុខចុះ យើងក្រឡេកមើលព្រះរាជកុមារទាំង៧យើង វិញ តើយ៉ាងម៉េចទៅហើយ ? អីយ៉ា ! តើនឡើងគ្រប់អង្គហើយតើ ! កំពុងសោយផ្លែ ផល្លាយ៉ាងឆ្ងាញ់ពិសារបែបមើលទៅទើបនឹងបេះហើយមើល៍ទៅ ! លុះព្រះរាជកុមារ ទាំង៧បានសោយឆ្អែតស្កប់ស្កល់ ហើយបានផ្ទំសម្រាកសម្រាន្តស្រកស្រន់ធូរក្នុងព្រះ ឧទរគ្រប់អង្គ ។ ព្រះសុរិយាបានបង្អើតព្រះភក្ត្របញ្ចេញរស្មីចិញ្ចែងចិញ្ចាចបាចសាចទៅ គ្រប់ទិសទីលើផែនព្រះធរណីឱ្យយល់តែភាពរុងរឿងថ្កុំថ្កើងនេះធ្វើឱ្យសត្វលោកទាំង អស់រស់យ៉ាងសប្បាយរីករាយនឹងរស្មីដ៏បវរនេះ ។ វេលាព្រះទិនករពេញពន្លឺ អង្គរាជ កុមារទាំង៧កាយបានស្រូតរូតម្នីម្នាឆ្លងកាត់អរញ្ញប្រទេសដោយពឹងពាហនៈជាជំនិះ ទាំង៧យាត្រាលាសព្វសត្វទាំងពួងដែលបានកំដរព្រះអង្គគ្រប់អង្គឱ្យផ្ទំលង់លក់ដល់ អរុណរះ ។ គុណូបការគុណនេះព្រះអង្គទាំងឡាយពុំភ្លេចភ្លាំងមួយគ្រាណាឡើយជា ហេតុនាំឱ្យព្រះអង្គគ្រប់គ្នាមានសុវត្ថិភាពគ្មានសត្រូវអ្វីមកយាយីជីពជន្មនោះទេ ។ គ្រាន់តែជិតផុតព្រៃ ជំនិះទាំង៧បានប្រាណប្រែកាឡាខ្លួនទៅជាខ្សែព្រះសុរងភ្លាមទុក ឱ្យព្រះរាជកុមារទាំង៧អង្គយាងចរលីលាចូលផ្សារផ្សោរវិញ ។ ក្នុងផ្សារ មនុស្សម្នាអ៊ូអរ ទ្រហឹងអឺងកងគួរឱ្យគន់រំពៃមើលខ្លាំងណាស់ ។ អ្នកខ្លះមានលក់សាច់ជ្រូក សាច់មាន់ សាច់ទា សាច់គោ ក្របីដាក់លើជ្រញ់ព្យួរខាងមុខតូប អ្នកខ្លះលក់បន្លែមានស្ពៃក្រញាញ់ ស្ពៃចង្កឹះ ស្ពៃលាវ ស្ពៃតឿ ស្ពៃខ្មៅ ស្ពៃបូកគោ ឆៃថាវ ត្រកួន ខាត់ណា …ដាក់តម្រៀប ជាផ្នែកៗលើកម្រាលក្រាលលើដីឬលើធ្នើរនៅខាងមុខអ្នកលក់ ។ អ្នកខ្លះលក់សាច់សត្វ ព្រៃមាន ឈ្លូស ប្រើស ក្ដាន់ ជ្រូកព្រៃ រមាស រមាំង ទន្សោង …ដាក់ព្យួរឬហាន់ចំណិត ស្ដើងៗដាក់លើជ្រញ់ក្នុងតូបផ្នែកខាងមុខ ។ អ្នកខ្លះលក់គ្រឿងអលង្ការមានចិញ្ចៀន ក្រវិល ខ្សែក កងដៃ កងជើង រយ៉ា អង្កាំ ទំហ៊ូ ជាដើម មានខ្លះធ្វើអំពីភ្លុក ដី ឈើ ស្ពាន់ មាស ទង់ហ្វ៊ា សម្រឹទ្ធិដាក់រៀបតាមលំដាប់មានជាច្រើនបែបច្រើនសណ្ឋានគួរឱ្យពិច ពិលរមិលមើលខ្លាំងណាស់ ។ អ្នកខ្លះក៏លក់កុលាបភាជន៍មានចាន ឆ្នាំង ក្អម ពួច ពិន្ទង ក្រឡ ពាង …ដាក់តម្រៀបតាមទំហំសណ្ឋានល្អមើលណាស់ដែរ ។ អ្នកខ្លះក៏មាន លក់គ្រឿងសង្ហារឹមធ្វើអំពីឈើ ឫស្សី វល្លិឬផ្ដៅមានកៅអីវែង ជើងតាំង កៅអីតូចធំ គ្រែ តុជាដើម ។ អ្នកខ្លះក៏លក់សម្លៀកបំពាក់ប្រុសម្ខាងស្រីម្ខាងមានខោវែងបែបចិន បែប ខ្មែរ ខោជើងខ្លី សំពត់កំណាត់ អាវដៃវែងខ្លីបែបផែនផ្សេងៗ ក្បិន សំពត់សំឡុយជាដើម ខ្លះដេរពីកំណាត់ព្រែ ឬ ខៀន ផាឌិប ទេសឯក ហូល ផាមួង ។ អ្នកខ្លះស៊ីកាត់ដេរប៉ាក់ ឌិន ជាបែបផែនតាមសំណូមពររបស់អតិថិជន ។អ្នកខ្លះជាជាងដែកធ្វើជាកាំបិត ដាវ កណ្ដៀវ កង្វេ ចែ ដឺង ដឺថចិន ញញួរ ពន្លាក ប្រណាក ដង្កៀប កន្ត្រៃ …ដាក់ព្យួរមុខតូប ឬតម្រៀបលើរានពីខាងក្រោម និងកំពុងដំលត់ដែក ស្ពាន់ មាស លង្ហិន ជាដើម ។ អ្នកខ្លះក៏លក់អង្ករមានអង្ករដំណើប អង្ករខ្សាយ ស្រូវធ្ងន់ ស្រូវកណ្ដាល ស្រូវស្រាល និង លក់ពូជស្រូវទុកដាំដុះ ។ អ្នកខ្លះទៀតក៏លក់ម្ហូបអាហារផ្សេងៗមានខ្ចប់ហើយ និងមិន ទាន់ខ្ចប់ ម្ហូបគោកក៏មាន ទឹកក៏មាន អាហារខ្លះទើបនឹងចំអិនក្ដៅៗមានសាច់ប្រលាក់ អាំង ឆ្អើរ បំពង ចំហុយ ស្ងោរ ឬចៀន ។ យើងរៀបរាប់ដល់ត្រឹមនេះធ្វើឱ្យរាជកុមារពៅ កូរព្រះឧទរស្រេកឃ្លានចង់សោយព្រះក្រយាថ្ងៃត្រង់ល្មម ។ រាជកុមារទី១បានចូលទៅ រកតូបលក់អាហារដោយទិញបាយ និងអាហារអាំងមក ។ រឿងមួយដែលគួរឱ្យកើត បានកើតឡើងគឺរាជកុមារមិនស្គាល់ប្រាក់។ ភ្លាមនោះ រាជកុមរពណ្ណវីបានមានបន្ទូល ឡើង ៖

.  ប្រាក់ជាអ្វើទៅ ? អ៊ំស្រី !

.  យី ! ក្មេងនេះមកពីណាអញ្វេះ ? មិនស្គាល់ប្រាក់ ! នួក ! មើលខាងណ៎ !

រាជកុមារពណ្ណវីបានបែរព្រះភក្ត្រទៅតាមទិសដៅដែលអ៊ំស្រីចង្អុល ហើយក៏លាន់ ព្រះឱស្ឋឡើង ៖

.  អ៎ ! ហ្នឹងហែស៎ ! ហៅថាប្រាក់ ! ខ្ញុំមានច្រើនណាស់ ! អ៊ំចង់បានប៉ុន្មាននិយាយ មកចុះ ?

.  គឺដប់មាសក !

.  ណេះ ! មិនបាច់អាប់ទេ !

.  យី ! មាសច្រើនណាស់ក្នួយ ! ក្មួយឯងលួចពីគេមែន ?

.  ទេ ! មាសរបស់ខ្ញុំទេ ! ខ្ញុំមិនប្រព្រឹត្តអំពើទុច្ចរិតនោះទេ !

.  តែយើងបាត់មាសមួយកញ្ចប់នៅក្នុងថ្នក់របស់យើង តើឯងលួចមែនទេ ?

.  លោកពូកុំមានប្រសាសន៍បែបនេះ ខ្ញុំពុំបានលួចនោះទេ !

.  ជាក្មេងកុំនិយាយកុហាកឱ្យសោះ ! ប្រយ័ត្នយើងវាយតិចថាមិនអាណិតក្មេងឱ្យ សោះណា៎ !

.  ខ្ញុំជាកូនអ្នកថ្លៃថ្នូរម្នាក់ពុំចេះនិយាយកុហកនោះទេ !

.  ហ៊ឹស ! សម្ដីថ្លោសណាស់តើ ! ចាំមើល៍ឯងមាត់រឹងប៉ុនណា៎ !

.  កុំអីក្មួយ ! ម្នាក់ហ្នឹងកាចណាស់ !

.  ឆាប់ចូលមកវាយខ្ញុំមក ! ខ្ញុំឈររង់ចាំហើយ !

បុរសនោះស្ទុះចូលមកវាយរាជកុមារពណ្ណវី តែរាជកុមារយើងមិនឈរចាំឱ្យគេវ៉ៃ ងាយឯណា ។ បុរសនោះវាយរាជកុមារមិនត្រូវ ព្រោះទ្រង់ប្រើឫទ្ធិបំបាំងខ្លួនគេចពីបុរស នោះភ្លាមដែរ ។ រាជកុមារគិតតែពីបំបាំងព្រះកាយរហូតដល់បុរសនោះហត់ស្ទើរងើប ឈរលែងរួចក៏ស្រដីទាំងហត់ឡើង ៖

.  បាន…ហើយ…! យើង…ឈប់…វ៉ៃ…ទៀត…ហើយ !

.  ហត់ហើយហេស៎ ! បាន ! អញ្ចឹងខ្ញុំសុំយកបាយ និងម្ហូបឱ្យប្អូនៗខ្ញុំសិនហើយ !

ឆ្លៀតពេលរាជកុមារភ្លេចព្រះកាយ បុរសនោះបានស្រវាឱបទ្រង់ភ្លាម ហើយ ពោលទាំងបញ្ឈឺឡើង ៖

.  យ៉ាងម៉េចអាល្អិត ? ឥឡូវឯងនៅក្នុងដៃរបស់យើងហើយ ! ឯងចង់ទៅណា ទៀត ?

.  ពូចាប់ខ្ញុំជាប់ហើយនៅ ?

.  ជាប់ហើយ !

.  ហ៎ ! សូមលោកតាជួយចាំចៅផង !

សូត្រតែប៉ុណ្ណេះ រាជកុមារបានបំបាំងព្រះកាយភ្លាមធ្វើឱ្យបុរសនោះឱបខ្យល់ក្នុង ចិត្តបែរអស់សង្ឃឹមទៅវិញ ។ ឯរាចកុមារបានបង្ហាញព្រះកាយនៅចំពោះមុខប្អូនៗ ហើយចែករំលែកបាយ និងម្ហូបឱ្យប្អូនសោយជាមួយគ្នា ។ បុរសនោះបានក្រឡេកភ្នែក រករាជកុមារពណ្ណវីជុំវិញខ្លួន ក៏ប្រទះឃើញកំពុងសោយព្រះក្រយាយ៉ាងសប្បាយរីករាយ ជាមួយព្រះអនុជទាំង៦ទៅវិញធ្វើឱ្យបុរសនោះខឹងក្រេវក្រោធជាមួយទ្រង់ជាខ្លាំង ។ ជា អកុសល បុរសនោះបានស្ទុះបម្រុងនឹងលើកចម្រៀកក្ដារមួយមកវាយរាជកុមារទី១ក៏ ទាក់ជើងនឹងកៅអីដួលច្រឡោតតោតតូងបោះចម្រៀកទៅលើទ្រង់ ។ រាជកុមារទី៦បាន ទតឃើញក៏ប្រញាប់សូត្រគាថាចង្អុលឱ្យចម្រៀកក្ដារឆេះយ៉ាងរហ័សក្លាយទៅជាផេះ ភ្លាមៗនោះដែរ ។ បុរសនោះបានឃើញ ហើយភ័យញ័រទទ្រាក់រាងកាយទាំងមូលក្នុង វេលានោះដែរ ។ លុះសោយព្រះក្រយាឆ្អែតស្កប់ស្កល់ហើយ ក៏បន្តដំណើរទៅមុខទៀត ឥតបង្អង់យូរឡើយ ។ មិនយុរប៉ុន្មានក៏ទៅដល់ជាយរាជធានីនគរពារាណសី រាជកុមារ ទាំង៧បានទទួលដំណឹងថា ព្រះបាទព្រហ្មទត្តប្រឈួនធ្ងន់ ហើយរាជកិច្ចត្រូវប្រគល់ឱ្យ ព្រះរាជបុត្រច្បងគេជាឧបរាជឱ្យសម្រេចព្រះទ័យជំនួសបាន ។ ដោយមានព្រះទ័យ ព្រួយបារម្ភជួសព្រះរាជបុត្រទាំងអស់ រាជកុមារទាំង៧យើងបានសម្រេចព្រះទ័យថា នឹងចូលគាល់ព្រះរាជបុត្រជាឧបរាជ ហើយនឺងយាងទៅពិនិត្យមើលព្រះរាជសុខភាព របស់ព្រះបាទព្រហ្មទត្ត ។ ពេលឮថា មានរាជកុមារទាំង៧មានឫទ្ធិខ្លាំងពូកែអាចយក ឈ្នះលើជនធម្មតាបាន ហើយពួកទ្រង់ប្រុងមកជួយព្យាបាលព្រះរោគថ្វាយព្រះបិតា ទ្រង់ ព្រះឧបរាជបានចេញព្រះរាជបញ្ជារារាំងពួករាជកុមារទាំង៧មិនឱ្យចូលវាំងឡើយ ។ ព្រះរាជកុមារទាំង៧បានជិះលើខ្នងសត្វមករៈ ហើយហោះចូលទៅក្នុងរាជដំណាក់ ដែលព្រះបាទព្រហ្មទត្តផ្ទំ ។ ដោយឃើញថា មានមិនស្រួលកើតឡើងនោះ រាជកុមារទី៥បានប្រើមន្តបំបាំងកាយគ្រប់អង្គមិនឱ្យអ្នកទាំងឡាយមើលឃើញឡើយ ។ រាជកុមារ ពៅបានយាងទៅពាល់ថ្ងាស់ព្រះបាទព្រហ្មទត្ត ក៏បានដឹងថា ប្រឈួនដោយសារហេតុ ពីរប្រការ គឺ ១.ដោយសារព្រះអង្គឮថា បុត្រីទាំងទេ្វជាទីស្រឡាញ់សោយព្រះវិរាល័យ ចោលទ្រង់ និង២.ដោយសារព្រះអង្គត្រូវរាជពេទ្យទទួលបញ្ជាពីព្រះរាជបុត្រឧបរាជ លួចដាក់ថ្នាំប៉ូវខ្លាំងពេកធ្វើឱ្យព្រះរាជសុខភាពទន់ខ្សោយស្រាប់ទប់នឹងជាតិប៉ូវខ្លាំងពុំ បានក៏ប្រឈួនផ្ទំរហូត ។ បើតែយ៉ាងនេះ ព្រះអង្គមុខជាក្ស័យព្រះជន្មពុំខានឡើយ ។ គ្រានោះ រាជកុមារទី១ក៏ត្រាស់សួរទៅព្រះអនុជពៅឡើង ៖

.  បើដឺងមូលហេតុហើយ តើយើងត្រូវធ្វើយ៉ាងម៉េចដែរ ?

.  វិធីទី១.ត្រូវពួកយើងទាំង៧ផ្ដុំវត្ថុទិព្វទាំង៦ទប់ដួងព្រលឹងព្រះអង្គឱ្យជាប់ ហើយ បើកផ្លូវឱ្យខ្ញុំប្រើស័ង្ខទិព្វបណ្ដេញជាតិពុលចេញពីព្រះសរីរាង្គកាយរបស់ទ្រង់ទើបបាន ។ ឯវិធីទី២.ត្រូវព្យាបាលព្រះរោគខាងដួងព្រះទ័យរបស់ទ្រង់ ។

.  ទាំងអស់គ្នាសណ្ដាប់ឮព្រះអនុជពៅមានរាជបន្ទូលហើយមែនទេ ?

.  ព្រះពរ ! ម្ចាស់បង !

.  សូមដោយអំណាចវត្ថុទិព្វទាំង៦ជួយឱ្យដួងព្រលឹងព្រះបាទព្រហ្មទត្តគង់នៅ ក្នុងព្រះរូបនេះផងចុះ ! ( រាជកុមារទាំង៦មានបន្ទូលបណ្ដើរ ដកវត្ថុទិព្វទាំង៦មកប្រើ បណ្ដើរ )

.  សូមឱ្យអនុភាពនៃស័ង្ខទិព្វជួយបណ្ដេញជាតិពុលពីក្នុងព្រះកាយរបស់ព្រះរាជា អង្គនេះចេញអស់ទៅ !

ដោយអំណាចនៃវត្ថុទិព្វទាំង៧បានជួយឱ្យព្រះបាទព្រហ្មទត្តជាសះស្បើយភ្លាម ហើយបានតើនឡើងហាក់ដូចជាភ្ញាក់ពីសុបិន្តនិម្មិតអញ្ចឹង ។ ព្រះរាជកុមារទាំង៧អង្គក៏ កាឡាប្រែព្រះកាយជាព្រះរាជធីតាទាំង៧អង្គយ៉ាងស្រស់សោភាធ្វើឱ្យព្រះអង្គសព្វព្រះ រាជហឫទ័យជាខ្លាំង ។ ដោយដឹងព្រះទ័យរបស់ព្រះបាទព្រហ្មទត្ត រាជធីតាពៅបានទូល ទៅព្រះអង្គឡើង ៖

.  ខ្ញុំម្ចាស់មានព្រះនាមថា គង្គារីទេវី ជាបុត្រីពៅរបស់ព្រះមាតាព្រះនាម ពិចិត្រ មាស និងព្រះបិតាព្រះនាម សត្ថវង្ស ណា៎ព្រះរាជអយ្យិកោ ។

.  ពិតមែនហែស៎ ! ព្រះរាជនត្តាក្សត្រី ! ហ៊ឹស ! ឯណាសេនា ?

.  ក្រាបទូលព្រះអង្គពេលនេះអំណាចធ្លាក់ក្នុងព្រះហស្ថរបស់ព្រះឧបរាជហើយ !

.  បុត្រាក្បត់ !

.  ព្រះបិតា ! ម្ដេចក៏ជាពីព្រះរោគបានលឿនម្ល៉េះ ! គឺពួកនាងជាអ្នកធ្វើមែនទេ ?

.  មែនហើយ ! ព្រះមាតុលា !

.  អ្នកណាជាមាតុលា ?

.  ពួកខ្ញុំម្ចាស់ជាបុត្រីរបស់ព្រះមាតា ពិចិត្រមាស ណា៎ !

.  ពិតមែនហែស៎ !

.  ត្រូវហើយ !

.  ព្រះបិតា ! បុត្រាសុំព្រះរាជទានទោសផង !

.  បាន ! បិតាមិនប្រកាន់ទោសបុត្រទេ ! តែបុត្រត្រូវកែប្រែព្រះរាជបំណងប៉ងធ្វើ គុតព្រះបិតាតទៅទៀត ! ស្ដាប់បានហើយឬនៅ ?

.  ទទួលព្រះរាជបញ្ជា ! ព្រះបិតា !

.  យាងទៅវិញចុះ !

.  អរព្រះគុណព្រះបិតា !

លុះព្រះឧបរាជបានយាងចេញពីរាជដំណាក់របស់ព្រះបាទព្រហ្មទត្តផុតហើយ ព្រះនាងដ៏ស្រស់ប្រិមប្រិយទាំង៧អង្គកំពុងគង់អង្គុយរាបនឹងដីចាំសណ្ដាប់កិច្ចសន្ទនា រវាងបិតា និងបុត្រ ។ ព្រះបាទព្រហ្មទត្តបានចាប់ព្រះហស្ថព្រះរាជធីតាកញ្ចនីទេវី ហើយព្រះនាងបានប្រើឫទ្ធិធ្វើឱ្យព្រះអង្គជ្រាបហេតុការណ៍ទាំងអស់ដែលព្រះនាងបាន ជួបប្រទះរហូតមកដល់នគរពារាណសីនេះ ។ លុះព្រះអង្គជ្រាបព័ត៌មានអស់ហើយ ក៏ ទ្រង់រៀបរាជដំណាក់ចំនួន៧ឱ្យព្រះរាជនត្តាក្សត្រីទាំង៧អង្គផ្ទំសំណាក់នៅមួយរយៈខ្លី សិនទម្រាំតែយាងទៅនគរកន្ថរដ្ឋវិញនោះ ។

ពេលវេលាជួបជុំព្រះញាតិមិនយូរឡើយ ហេតុនេះព្រះរាជថីតាទាំង៧បានប្រាណ ប្រែកាឡាជារាជកុមារាវិញ ហើយបន្តយាងយាត្រាចរលីលាចាកនគរពារាណសី ។ ដំណើរចរលីលាកាត់ព្រៃជាយដែនយ៉ាងរហ័សរហូតផុតដែនពារាណសីចូលដល់ដែនកន្ថរដ្ឋ ។ គ្រាន់តែចូលដែនកន្ថរដ្ឋភ្លាម ចំហាយអាក្រក់បានគ្របដណ្ដប់លើដែននគរកន្ថ រដ្ឋ ។ រាជកុមារទាំង៧បានពិនិត្យមើលភូមិប្រទេសសព្វគ្រប់ ក៏ដឹងច្បាស់ថា នេះជានគរ កន្ថរដ្ឋហើយ ។ បេសកកម្មរបស់រាជកុមារទាំង៧ជិតបញ្ចប់ហើយដែរ ។ អាណាប្រជានុ រាស្ត្រក្នុងនគរទាំងមូលបានទទួលរងឥទ្ធិពលចំហាយអាក្រក់ស្ទើរគ្រប់ៗគ្នា ។ ជា សំណាងល្អ រាជកុមារសុរជីបានប្រើឫទ្ធិដោយយកព្រះហស្ថពាល់ព្រះធរណី ដើម្បីស្វែង រកទីកន្លែងដែលគេបានកប់ព្រះរូបរបស់ព្រះមាតា ។ ពន្លឺព័ណ៌ផ្កាឈូកបានបង្ហាញឡើង ធ្វើឱ្យក្ដីសង្ឃឹមបានលេចចេញពីវង់ភក្ត្រាទាំង៧ ។ គ្រាន់តែទតឃើញពន្លឺនោះធ្វើឱ្យរាជ កុមារទាំង៧ស្ទុះម្នីម្នាប្រញាប់ប្រញាល់យាងទៅរកដោយក្ដីនឹករឭកស្រឡាញ់គោរពជា អនេកបរិយាយ ។ រាជកុមារទាំង៧បានលុតជង្គង់នៅចំពោះព្រះអដ្ឋិធាតុដែលសល់តែ លលាដ៍ក្បាលជាប់ដោយព្រះកេសាបន្តិចបន្តួចគ្រាន់សម្គាល់ដឹងថាជាព្រះសីសៈរបស់ ព្រះមាតាពួកទ្រង់តែប៉ុណ្ណោះ ។ ក្ដីវិយោគសោកសៅយោបំទួញថ្ងួចថ្ងូរបង្ហែបង្ហូរខ្សឹក ខ្សួលអួលអាក់មានទម្ងន់ធ្ងន់ដូចជាប្រឹថពីសង្កត់លើព្រះឱរ៉ាទាំង៧ដូច្នេះឯង ។ ហេតុដ៏ អស្ចារ្យបានកើតឡើងគឺទេវតារក្សាព្រលឹងរបស់ព្រះនាង ពិចិត្រមាស បានបង្ហាញព្រះ កាយនៅចំពោះមុខរាជកុមារទាំង៧ដែលកំពុងព្រះកន្សែងសោយសោកទៀបព្រះអដ្ឋិ នៃព្រះមាតា ។ ទេវតាបានប្រទាននូវដួងវិញ្ញាណរបស់ព្រះនាង ពិចិត្រមាស ដល់រាជ កុមារទាំង៧ ហើយក៏លាព្រះរាជកុមារទាំង៧ត្រឡប់ទៅវិញ ។ ក្រោយពីបន្ទោបង់នូវក្ដី វីយោគហើយ ព្រះរាជកុមារទាំង៧បានដកស្នៀតសក់របស់ខ្លួនដោយនឹកអធិដ្ឋានឡើង ថា សូមដោយអំណាចនៃវត្ថុទិព្វទាំង៦ជួយឱ្យមន្តអាគមអាក្រក់ដែលចងព្រលឹងព្រះ មាតាពួកខ្ញុំបានវិនាសសាបសូន្យក្នុងពេលវេលានេះផងចុះ ។ ដោយការអធិដ្ឋានបែប នេះធ្វើឱ្យចំណងសិល្ប៍របស់យាយធ្មប់ អបលាកា វិនាសដាច់ខ្ទេចខ្ទី ។ លើសពីនេះទៅ ទៀត យាយធ្មប់បានរងរបួសធ្ងន់ល្មមដែរ ។ ក្រោយពីមន្តអាគមចងព្រលឹងដាច់ហើយ រាជកុមារពៅបានលើកនូវស័ង្ខទិព្វឡើង ហើយអធិដ្ឋានក្នុងចិត្តថា សូមឱ្យឫទ្ធានុភាពនៃ ស័ង្ខទិព្វជួយសង្គ្រោះព្រះមាតាឱ្យបានមានព្រះជន្មរស់ឡើងវិញក្នុងពេលនេះផង ។ ក្នុង ពេលដំណាលគ្នានោះ រាជកុមារទាំង៦ដែលជាព្រះរៀមបានអធិដ្ឋានក្នុងព្រះទ័យដែរថា សូមដោយអំណាចនៃវត្ថុទិព្វទាំង៦ជួយឱ្យព្រះមាតាបានរួចផុតទណ្ឌកម្មដែលគេកប់ ទាំងរស់ និងមានរូបឆោមលោមព័ណ៌ល្អល្អះលើសស្រីទាំងពួង ។ ដោយអំណាចនៃការ អធិដ្ឋានរបស់ព្រះរាជកុមារទាំង៧ បានញ៉ាំងឱ្យព្រះសពរបស់ព្រះនាង ពិចិត្រមាស ឱ្យ រួមព្រលឹង និងរូបដែលកើតអំពីព្រះអដ្ឋិធាតុចូលគ្នាមូលគ្នាបង្កើតជាជីវិតរស់រានមានព្រះ ជន្មឡើង ហើយព្រះនាង ពិចិត្រមាស គង់ឈរសម្លឹងមើលព្រះកាយទាំងមូលដែលកើត ពីរាជកុមារទាំង៧ ។ គ្រាន់តែព្រះមាតាមានព្រះជន្មឡើងវិញ ព្រះរាជកុមារទាំង៧ក៏ ស្រវាឱបទ្រង់ទាំងភ្លេចព្រះស្មារតីថា ខ្លួនជាប្រុស ។ ព្រះនាង ពិចិត្រមាស បានច្រាន ក្មេងទាំង៧ចេញ ហើយមានសវនីយ៍ឡើង ៖

.  ពួកឯងជាអ្នកណា ? យើងពុំដែលស្គាល់ទេ ! យើងសូមអរព្រះគុណដែលពួក អ្នកបានជួយឱ្យយើងរស់រានមានព្រះជន្មឡើងវិញ ។

.  ពួកខ្ញុំទាំងអស់គ្នាជាបុត្ររបស់ព្រះមាតា !

.  ជាបុត្រ ! បុត្រយើងជាស្រី៧អង្គទេ ?

.  ព្រះមាតាចាំមើលពួកបុត្រសិនទៅ !

គ្រាន់តែពោលចប់ រាជកុមារបានប្តូរព្រះទម្រង់ពីម្រាមចង្អុលមកម្រាមកណ្ដាល វិញភ្លាម រូបក្មេងប្រុសប្រែក្លាយជារូបកាយស្រីក្រមុំព្រហ្មចារិយទាំង៧ប្រកបដាយរូប ឆោមលោមព័ណ៌ស្រស់ប៉ប្រៃមិនចាញ់ព្រះនាងជាព្រះមាតាប៉ុន្មានទេ ។ គ្រានេះ ទើប ម្ដាយ និងកូនស្រវាឱបគ្នា ហើយទួញសោកខ្សឹកខ្សួលអួលអាក់រកទីបំផុតគ្មាន ។

បន្ទាប់ពីស្ថិតក្នុងភាពសោកសង្រេងសង្រៃមួយសន្ទុះ ក្សត្រទាំង៨បានបណ្ដើរគ្នា ធ្វើដំណើរឆ្ពោះទៅកាន់រាជវាំងនគរកន្ថរដ្ឋយ៉ាងរហ័សដូចជាផ្លេកបន្ទោរដោយមួយអង្គៗ គង់លើពាហានៈផ្ទាល់ព្រះកាយ ។ ដោយឡែកតែព្រះរាជធីតាពៅបានគង់ជាមួយព្រះ មាតានែបនិត្យជិតកាយទ្រង់ធ្វើឱ្យព្រះរាជធីតាពៅបានកក់ក្ដោក្នុងព្រះទ័យជាខ្លាំង ។ លុះទៅជិតដល់រាជវាំងរបស់នគរកន្ថរដ្ឋ ហ្វូងខ្មោចកំណាចបានចេញមកស្ទាក់ព្រះរាជ ក្សត្រទាំង៨ពុំឱ្យក្សត្រីបានទៅដល់រាជវាំងបានឆាប់រហ័សនោះឡើយ ។ ព្រះរាជធីតាទី ៥បានបញ្ជាគ្រុឌអគ្គីឱ្យប្រយុទ្ធជាមួយខ្មោចទាំងនោះដោយកម្លាំងខ្យល់ដ៏ខ្លាំងរបស់ ស្លាប់ទាំងពីរ និងអណ្ដាតភ្លើងដ៏ក្ដៅឆេះកម្លោចខ្មោចកំណាចទាំងអស់ឱ្យរលាយសាប សូន្យទៅ ។ ផុតពីឧបសគ្គខាងលើហើយដល់ខ្យល់ព្យុះសង្ឃរាកួចបក់បោក ព្រះរាច ធីតាទី៤បានបញ្ជាសត្វហ៊ីងដែកឱ្យស្រូបយកខ្យល់ព្យុះចូលក្នុងពោះវាអស់ ។ រួចពី ឧបសគ្គទី២ហើយ ទើបដល់កំពែងវាំងមានអ្នកយាមជាច្រើននាក់ណាស់ ។ ព្រះរាជ ធីតាទី៣បានប្រើត្បូងកែវមណីសម្លាប់អ្នកយាមចោលទាំងអស់ ហើយទម្លាយទ្វារក្នុង រាជវាំងតែម្ដង ។ ព្រះអង្គម្ចាស់ ចេតរៈបានប្រយុទ្ធជាមួយរាជធីតាទាំង៦រហូតដល់ សុគតក្រោមអនុភាពវត្ថុទិព្វទាំង៦ ហើយយាយធ្មប់ អបលាកាបានលួចរត់ព្យាបាល របួសនៅក្នុងព្រៃខាងក្រោយវាំអ ។ រាជធីតាទាំង៧ បានបញ្ជាឱ្យពាហានៈទាំង៧នៅ ការពារថែរក្សាព្រះមាតា ហើយពួកខ្លួនក៏យាងទៅសម្លាប់យាយថ្មប់ អបលាកា ចោល ។ ក្រោយពីធ្វើដំណើររុករកកន្លែងលាក់ខ្លួនរបស់យាយធ្មប់ អបលាកា ឃើញហើយក៏ ប្រយុទ្ធយកស្លាប់រស់ ។ ដោយប្រយុទ្ធនឹងដៃទទេមិនឈ្នះ ព្រះរាជធីតាទាំង៧បានប្រើ វត្ថុទិព្វទាំង៧ ដើម្បីសម្លាប់យាយធ្មប់ចង្រៃម្នាក់នេះ ។ ក្រោមអនុភាពនៃវត្ថុទិព្វទាំង៧ ថ្វើឱ្យយាយធ្មប់អស់ឫទ្ធិ ហើយស្លាប់រលត់ដួងព្រលឹងក៏រលាយបាត់បង់ជាមួយមន្ត ស្នេហ៍អំពើអំពាន់ទាំងអស់ក៏វិនាសបាត់បង់ដែរ ។ ក្រោយពីសម្លាប់យាយធ្មប់ អបលា កា ព្រះរាជធីតាទាំង៧បានបំផ្លាញអាសនៈដែលយាយធ្មប់ អបលាកា ធ្វើសក្ការៈបូជា ជារៀងរាល់ថ្ងៃចោលខ្ទេចខ្ទីអស់ ។ ចប់បេសកកម្មហើយ រាជធីតាទាំង៧បានត្រឡប់ មករកព្រះមាតាវិញ ហើយក៏ជួបនឹងព្រះនាង ចេតរោ កំពុងប៉ងធ្វើគុតព្រះនាង ពិចិត្រ មាស ម្ដងទៀត ។ ព្រះរាជធីតាទាំង៧បានប្រើវត្ថុទិព្វទាំង៧ប្រយុទ្ធព្រះនាង ចេតរោ បន្ទាំប់លួចរៀនវិជ្ជាមន្តអាគមរបស់យាយធ្មប់ អបលាកា បានធ្វើឱ្យព្រះនាង ចេតរោ ទៅជាគ្រូធ្មប់ដែរ ។ ទោះបីជាយ៉ាងនេះក៏មិនអាចយកឈ្នះលើវត្ថុទិព្វទាំង៧ដែរ ព្រះ រាជធីតាទាំង៧បានប្រើវត្ថុទិព្វទាំង៧គប់សំដៅព្រះនាង ចេតរោ ធ្វើឱ្យព្រះនាងចាញ់នូវ អំណាចនៃវត្ថុទិព្វទាំង៧ ។ ជាទីបំផុត ព្រះនាង ចេតរោ បានត្រូវវត្ថុទិព្វទាំង៧សម្លាប់ និងកម្ទេចទាំងព្រលឹងចោលថែមទៀត ។ ព្រះបាទ សត្ថវង្ស និងព្រះមាតា សិរីសោភា បានយាងមករកព្រះនាង ពិចិត្រមាស តែព្រះនាងបែរព្រះភក្ត្រចេញព្រោះមិនអាចរក្សា បុត្រីទាំង៧បានបណ្ដាលឱ្យបុត្រីទាំង៧អង្គរសាត់រងគ្រោះម្ដងហើយម្ដងទៀត ។ ឯព្រះ បាទសត្ថវង្សគ្រវីព្រះសីសៈ ហើយមានព្រះរាជបន្ទូលទាំងងឿងឆ្ងល់ឡើង ៖

.  ម្ចាស់អូនពិចិត្រមាស ! តើមានរឿងអ្វីកើតឡើង ហើយពួកស្រីក្រមុំទាំង៧នេះ ចាអ្នកណា ? បងវិលក្បុងអស់ហើយ !

.  ទ្រង់ធ្វើអ្វីខ្លះ ? ទ្រង់ដឹងក្នុងព្រះទ័យស្រាប់ហើយ !

.  អត់ទេ ! ម្ចាស់អូន ! ជាតិនេះ បងស្រឡាញ់តែអូនមួយអង្គគត់ !

.  ស្រឡាញ់ម្ដេចឱ្យគេនិរទេសខ្ញុំម្ចាស់ទៅជាយនគរ ហើយបណ្ងោយឱ្យ ចេតរោ ធ្វើបាបអូនឱ្យសុគតកណ្ដាលព្រៃស្មសានបែបនេះមែនទេ ?

.  ពិតមែន ! ម្ចាស់អូន !

.  នៅមានព្រះទ័យមកបន្ទូលសួរទៀត ! បើកុំតែបានបុត្រីទាំង៧របស់ខ្ញុំម្ចាស់មក ជួយសង្គ្រោះម្ល៉េះខ្ញុំម្ចាស់ក្លាយជាខ្មោចវិលវល់រកទីចាប់ជាតិពុំឃើញនោះទេ ។

.  ថាម៉េចអូនមានបុត្រីចំនួន៧អង្គផងហែស៎ ?

.  ត្រូវហើយ ! បុត្រ ! ពិចិត្រមាសមានបុត្រីចំនួន៧អង្គគង់តែបានភីលៀងរបស់ ព្រះមាតាជួយសង្គ្រោះយកទៅបណ្ដែតទឹក ! កុំអីហេតុការណ៍ពិតជាអាណោចអាធម ណាស់ !

.  បានហើយ ! ព្រះមាតាកុំខ្ញាល់នឹងព្រះបិតាអី ! ព្រះបិតាពិតជាពុំដឹងព្រះកាយ មែន ព្រោះត្រូវស្នេហ៍នាង ចេតរោ ទើបសោកនាដកម្មកើតឡើងបែបនេះណា៎ព្រះមាតា!

.  ព្រះបិតាចាំស្ដាប់បុត្រីដំណាលប្រវត្តិរបស់បុត្រីទាំង៧ ! សូមព្រះបិតាទ្រង់ព្រះ សណ្ដាប់ដូចតទៅនេះ !

ក្រោយពីសណ្ដាប់ពីប្រវត្តិរបស់ព្រះរាជធីតាទាំង៧រួច ព្រះបាទសត្ថវង្សក៏សន្យា នឹងបុត្រីទាំង៧ថា នឹងផ្ដល់ក្ដីស្រឡាញ់ភាពកក់ក្ដៅទាំងផ្លូវកាយទាំងផ្លូវចិត្តដល់មហេសី និង បុត្រីទាំង៧ឱ្យបានគ្រប់គ្រាន់សមជាស្វាមី និងបិតាដ៏បវរមួយអង្គ ។  ក្នុងព្រះរាជ ឧទ្យានបានដាំដុះនូវពូជផ្កាម្លិះដាក់ជា៧គុម្ពឱ្យដុះលូតលាស់ធំធាត់ចាក់ស្រេះចូលគ្នា ។ ឯវត្ថុទិព្វទាំង៧ត្រូវតម្កល់ទុកក្នុងទីពិសិដ្ឋ ដើម្បីការពារព្រះនគរ និងព្រះញាតិវង្សានុវង្ស ផងដែរ ៕