៥សំណួរជាមួយម្ចាស់រឿង«៧ឆ្នាំក្រោយយើងបែកគ្នា»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

ជម្រាបសួរ! ខ្ញុំបាទឈ្មោះចាន់ សុផុន ឬហៅកាត់ខ្លីៗ«ផុន»ក៏បានដែរ ដើម្បីឲ្យកាន់តែស្និទ្ធស្នាលនឹងគ្នា។ ខ្ញុំមានស្រុកកំណើតនៅខេត្ត កំពង់ស្ពឺ។ រឿង«៧ឆ្នាំ ក្រោយយើងបែកគ្នា» នេះ គឺជារឿងមនោសញ្ចេតនាកម្សត់ ដែលខ្ញុំធ្លាប់បានបញ្ចេញតាមរយៈការប្រកួតស្នាដៃរបស់ផេកផ្លូវការអ្នកនិពន្ធម្នាក់រួចមកហើយ ប៉ុន្តែដោយសារខ្ញុំស្រលាញ់នូវរឿងមួយនេះ ហើយស្នាដៃមួយនេះនៅមានចំណុចមិនទាន់ល្អច្រើន ខ្ញុំក៏សម្រេចចិត្តយកមកកែសម្រួលសាច់រឿងស្ទើរតែពាក់កណ្ដាល ដើម្បីយកមកបង្ហាញជូនមិត្តអ្នកអានម្ដងទៀត។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

លហេតុដែលខ្ញុំសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ ព្រោះ ខ្ញុំចង់បង្ហាញស្នាដៃផ្ទាល់ខ្លួនផង និងចង់ទទួលបាននូវមតិកែលម្អ ដើម្បីយកមកដុះខាត់សមត្ថភាពខ្លួនឲ្យកាន់តែល្អជាងមុនផង។

កម្លាំងបណ្ដាលចិត្តដែលធ្វើឲ្យខ្ញុំហ៊ានយករឿងមួយនេះមកដាក់ផ្សាយ ព្រោះខ្ញុំចង់បំពេញនូវក្ដីប្រាថ្នាខ្លួនឯងមួយដែលធ្លាប់ស្រមៃជាយូរមកហើយ ចង់ឃើញស្នាដៃខ្លួនឯងមានអ្នកអានច្រើន មានអ្នកចូលចិត្តដូចអ្នកនិពន្ធជំនាន់ៗមុនដែរ។ រឿងនេះ និយាយ អំពីស្នេហារវាងកំលោះទីក្រុង និងក្រមុំស្រុកស្រែ ដែលបានសាងស្នេហារួមសុខរួមទុក្ខជាមួយគ្នាជាច្រើន តែចុងក្រោយបែរជាត្រូវព្រាត់ប្រាសដោយសាររនាំងវណ្ណៈមកបំបែកទៅវិញ។ ទោះជាយ៉ាងណា ក្រោយពេលវេលាកន្លងទៅជាច្រើនឆ្នាំ ព្រោះតែសេចក្ដីស្រលាញ់ពិតប្រាកដមិនអាចរស់ខ្វះគ្នាបាន ទើបអ្នកទាំងពីរត្រលប់មកត្រូវរ៉ូវគ្នាវិញក្នុងរយៈពេលជាង ៧ឆ្នាំដែលបានបែកគ្នា ក្រោយម្ដាយតួប្រុសអនុញ្ញាតលែងជំទាស់ស្នេហារបស់ពួកគេទៀត។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំណុចដែលខ្ញុំចូលចិត្ត និងស្រឡាញ់ជាងគេក្នុងរឿងមួយនេះ គឺជាការដាក់មនោសញ្ចេតនាផ្ទាល់តែម្ដង។ ព្រោះរឿងមួយនេះ ខ្ញុំបានប្រើការស្រមៃ និងដកយកអារម្មណ៍បែបផែនផ្ទាល់ខ្លួនដែលខ្ញុំចូលចិត្តបរិយាសកាសបែបជនបទបែបនេះ បូករួមនិងសាច់រឿងពិតរបស់មនុស្សម្នាក់យកមកសរសេរផង។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

បំណងរបស់ខ្ញុំក្នុងការដាក់ផ្សាយរឿងមួយនេះ គឺចង់ឲ្យអ្នកដែលជាអាណាព្យាបាល ចេះយកចិត្តកូនជាធំ កុំយល់តែចិត្តខ្លួនឯងហើយបង្ខំកូនឲ្យធ្វើនេះធ្វើនោះតាមតែអំណាចជាអ្នកមានគុណ។ មួយវិញទៀត ក៏ចង់ឲ្យយុវជនដែលកំពុងក្នុងវ័យមានគូស្រករចេះតស៊ូក្នុងរឿងស្នេហារបស់គេផងដែរ។ 

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ខ្ញុំសង្ឃឹមថា ខ្សែរឿងមនោសញ្ចេតនាមួយនេះ នឹងអាចចូលទៅបម្រើអារម្មណ៍មិត្តអ្នកអាន និងនាំអារម្មណ៍អ្នកអានទៅអណ្ដែតអណ្ដូងចូលតួជាមួយតួអង្គក្នុងសាច់រឿងមួយនេះផងចុះ ព្រោះរឿងនេះ ខ្ញុំបានដាក់បញ្ចូលឈុតឆាកឌឺដង កំប្លែងតិចៗ តែកម្សត់បន្តិចនៅវគ្គជិតចប់។

ចុចអានរឿង៧ឆ្នាំក្រោយយើងបែកគ្នា