៥សំណួរជាមួយម្ចាស់រឿង«បណ្ដាសាម្ចាស់ដើម»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

នាងខ្ញុំឈ្មោះហោ សុជាតា ដែលមាននាមប៉ាកកា”ចាស្មីន” អាយុ21ឆ្នាំ សព្វថ្ងៃរស់នៅរាជធានីភ្នំពេញ។ រឿងទី២ដែលនាងខ្ញុំចេញផ្សាយក្នុងកម្មវិធី MST Writer មានចំណងជើងថា បណ្ដាសាម្ចាស់ដើម។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

មូលហេតុដែលនាងខ្ញុំសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ ព្រោះដោយសារតែ កម្មវិធីMST writer រដូវកាលទី1នេះ វាជាឱកាសដ៏ល្អមួយសម្រាប់រូបខ្ញុំបានដាក់បង្ហាញស្នាដៃនិពន្ធរបស់ខ្លួនជាសាធារណៈ និងជាពិសេសខ្ញុំអាចជួបជាមួយអ្នកគ្រូ បងៗដែលពួកគាត់មានពិសោធលើការតែងនិពន្ធនេះ ចែករំលែកគំនិតមតិយោបល់ពីគ្នាទៅវិញទៅមកបាន មិនតែប៉ុណ្ណោះអ្នកគ្រូ ឬក៏បងៗអាចជួយកែលម្អផ្តល់យោបល់ណែនាំឲ្យសាច់រឿងរបស់ខ្ញុំកាន់តែល្អជាងមុនផងដែរ។

សាច់រឿងរបស់ខ្ញុំនិយាយអំពីតួអង្គឈ្មោះធីរ៉ាត់ និងច័ន្ទបានជួលផ្ទះមួយកន្លែងដើម្បីបើកក្រុមហ៊ុនដេគ័រផ្ទះ ដោយពុំដឹងទេថាផ្ទះនោះមានបញ្ហា។ ពួកគេរស់នៅផ្ទះនោះជាមួយក្រុមការងារមុនដំបូងគ្មានរឿងអ្វីទេ ប៉ុន្តែមួយរយៈក្រោយមកមិត្តរួមការងារម្នាក់ហើយម្នាក់ទៀតក៏ជួបគ្រោះថ្នាក់បាត់បង់ជីវិតដោយពុំដឹងមូលហេតុ ធ្វើឲ្យគ្រប់គ្នាស្មុគស្មាញជាខ្លាំង សូម្បីតែធីរ៉ាត់ និងច័ន្ទក៏មានបញ្ហារកាំរកូសនឹងគ្នាដែរ ដោយសារមានជនទី3ចូលមកក្នុងជីវិតគ្រួសាររបស់ពួកគេ។ ហើយក្រោយមកទើបពួកគេដឹងថាផ្ទះនោះមានវិញ្ញាណខ្មោចតៃហោងសណ្ឋិតនៅ និងបានដាក់បណ្តាសាទៅលើអ្នកណាដែលទៅរស់នៅផ្ទះនោះត្រូវតែស្លាប់តៃហោងគ្រប់គ្នា ទើបធ្វើឲ្យពួកគេរកមធ្យោបាយគេចចេញពីទីនោះ។ ក្រោយមកច័ន្ទដែលជាអ្នកជាប់ជំពាក់នឹងវិញ្ញាណខ្មោចតៃហោងនោះកាលពីជាតិមុន បានស្ម័គ្រខ្លួនដោះបណ្តាសានេះដោយខ្លួនឯង ព្រោះនាងជាដើមហេតុឲ្យវិញ្ញាណតៃហោងនោះចងគំនុំព្យាបាទដល់ថ្នាក់ដាក់បណ្តាសាលើផ្ទះនេះ។ ហើយគ្រប់យ៉ាងក៏ត្រូវបានលាតត្រដាងនៅពេលម្តាយច័ន្ទដែលបានបួសជាដូនជីបានមកជួយជីវិតនាងពីខ្មោចតៃហោងនោះ ព្រមទាំងបានបង្ហាញរឿងរ៉ាវកាលពីអតីតកាលដែលខ្មោចនោះពុំបានដឹង ចុងក្រោយបណ្តាសាក៏សាបរលាប បញ្ហាគ្រប់យ៉ាងក៏បានដោះស្រាយ។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំណុចក្នុងសាច់រឿងដែលខ្ញុំចូលចិត្ត គឺក្រុមការងាររបស់ធីរ៉ាត់ សុទ្ធតែជាមនុស្សល្អ ចេះជួយទុក្ខធុរៈគ្នា មិនថាជួបការលំបាក ឬហេតុការណ៍យ៉ាងណាក៏មិនបោះបង់គ្នា។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

គោលបំណងធំពីររបស់ខ្ញុំក្នុងការដាក់ផ្សាយគឺ៖

ទី1 នាងខ្ញុំចង់ចែករំលែកស្នាដៃដល់មិត្តអ្នកអានកម្សាន្តដើម្បីទទួលមតិយោបល់ពីពួកគាត់ត្រឡប់មកវិញ ដើម្បីធ្វើការកែលម្អបន្ថែម និងបើកឱកាសក៏ដូចជាជំរុញឲ្យខ្លួនឯងឲ្យកាន់តែអភិវឌ្ឍលើការសរសេររឿងឲ្យកាន់តែល្អតាមរយៈកម្មវិធីMST writerនេះ។

ទី2 នាងខ្ញុំចង់ចែករំលែកនូវតម្លៃអប់រំដែលមានបង្កប់ក្នុងសាច់រឿងដល់មិត្តអ្នកអានទាំងអស់ផងដែរ។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មិត្តអ្នកអានទាំងអស់ ដែលបានគាំទ្រនិងស្រលាញ់ស្នាដៃរឿងដែលនាងខ្ញុំសរសេរ។ នាងខ្ញុំនឹងទទួលយកនូវមតិយោបល់ទាំងឡាយពីសំណាក់មិត្តអ្នកអានទាំងអស់ ដើម្បីយកមកពង្រឹងកែលម្អស្នាដៃសរសេររបស់ខ្លួនឲ្យកាន់តែល្អជាងនេះបន្ថែមទៀត។

ចុចអានរឿងបណ្ដាសាម្ចាស់ដើម