៥សំណួរជាមួយម្ចាស់រឿង«ផ្ទះស្នាក់បេះដូង»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

នាងខ្ញុំមាននាមប៉ាកកា អំពិលអំពែក ជាម្នាស់ស្នាដៃរឿងប្រលោមលោកមនោសញ្ចេតនាបែបអប់រំខ្នាតខ្លី ដែលមានចំណងជើងថា «ផ្ទះស្នាក់បេះដូង»។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

ខ្ញុំសម្រេចចិត្តយករឿងរបស់ខ្ញុំមកចេញផ្សាយ ដោយសារតែខ្ញុំគិតថាវាជាឱកាសដ៏ល្អសម្រាប់បង្ហាញអំពីស្នាដៃតែងនិពន្ធរបស់ខ្ញុំទៅកាន់មិត្តអ្នកអានថ្មីៗជាច្រើននាក់ ព្រមទាំងអាចទទួលបានមតិយោបល់ពីពួកគាត់ផងដែរ។ រឿង «ផ្ទះស្នាក់បេះដូង» ដំណាលអំពីដំណើរជិះកង់រុកភូមិរបស់ចន្ទ្រាស្វែងរក «ផ្ទះស្នាក់ស្រុកស្រែ» ជាទីលំហែចិត្តជាមួយនឹងជីវភាពបែបសាមញ្ញ តែសែនស្រស់ស្រាយនៅទីជនបទ តែមិនដឹងថាជានិស្ស័យ ឬវាសនា ក៏បានជួបនឹងមនុស្សអតីតដែលដាច់ចិត្តទៅចោលនាងកាលពីប៉ុន្មានឆ្នាំមុន។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

សម្រាប់ខ្ញុំផ្ទាល់ ចំណុចដែលខ្ញុំស្រលាញ់ជាងគេ ហើយចង់ឱ្យអ្នកអានចាប់អារម្មណ៍ជាងគេ គឺ vibe បែបស្រស់ស្រាយដែលរៀបរាប់អំពីសម្រស់ដ៏ស្រស់ស្អាត និងមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់នៅទីជនបទ។ ហើយមួយទៀត គឺចុងបញ្ចប់ដ៏ភ្ញាក់ផ្អើលនៃសាច់រឿងផងដែរ។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

គោលបំណងចម្បងនៃការចេញផ្សាយរឿងមួយនេះ គឺខ្ញុំចង់នាំអារម្មណ៍អ្នកអានទៅកាន់ទិដ្ឋភាព ក៏ដូចជាបានរំសាយអារមមណ៍ស្មុគស្មាញតាមរយៈការអានអំពីជីវភាពមានក្តីសុខតាមបែបសាមញ្ញរបស់​ប្រជាជន​នៅតាមភូមិស្រុកដាច់ស្រយាល ព្រមទាំងផ្តល់ជាសាររំលឹកដល់យុវជនមិនថានៅទីណានោះទេ គឺសុទ្ធតែអាចជាចំណែកនៃការធ្វើឱ្យមានភាពប្រសើរឡើងនៅក្នុងសង្គមជាតិរបស់ខ្លួន ទៅតាមលទ្ធភាពដែលអាចធ្វើបាន។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ខ្ញុំសង្ឃឹមថានឹងអាចមានអ្នកអានដល់ចប់ ហើយទទួលបានអារម្មណ៍ស្រស់ថ្លាបង្កប់ក្នុងសាច់រឿងតាមរយៈការរៀបរាប់ និងសម្តីសាមញ្ញៗរបស់តួអង្គ។ ប្រសិនបើបានអានរួចហើយមានមតិយោបល់អ្វីនោះ សូមកុំរារែកក្នុងការចែករំលែកនូវចំណាប់អារម្មណ៍ និងមតិរបស់អ្នកទាំងអស់គ្នាអីណា៎! ខ្ញុំរង់ចាំអានជានិច្ច!

ចុចអានរឿងផ្ទះស្នាក់បេះដូង