៥សំណួរជាមួយម្ចាស់រឿង«អ្នកគ្រូមេសា»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

សួស្តីខ្ញុំឈ្មោះ ឃឿន ស្រីហ៊ួ អាយុ ១៧ឆ្នាំ មាននាមប៉ាកកា ផ្កាស្មៅ។ ស្នាដៃរបស់ខ្ញុំដែលមានបានចេញផ្សាយនៅ MST Writer មានចំនួន២រឿងគឺ រឿងផ្កាលីលី និងរឿងអ្នកគ្រូមេសា។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

សម្រាប់មូលហេតុគឺ ខ្ញុំចង់បានមតិកែតម្រូវពីក្រុមការងាររបស់អ្នកគ្រូសុធារី និងចង់ឱ្យរឿងបានផ្សព្វផ្សាយកាន់តែទូលំទូលាយ។ ចំពោះកម្លាំងបណ្តាលចិត្តវិញដូចខ្ញុំបាននិយាយកាលរឿងផ្កាលីលី អ៊ីចឹងគឺមកពីមិត្តរបស់ខ្ញុំទាំងស្គាល់តាមបណ្តេញសង្គមនិងមិត្តរួមជំនាន់ហើយនៅមានរៀមច្បងនៅក្នុងវិស័យតែងនិពន្ធផងដែរ។ រឿងអ្នកគ្រូមេសា និយាយពីជិវិតរបស់អ្នកគ្រូបង្រៀនថ្នាក់ទី១ម្នាក់ ដែលគាត់មានទំនួលខុសត្រូវខ្ពស់ចំពោះការងារ ដ្បិតថាគាត់ជួបបញ្ហាច្រើន ហើយនៅមិនបានសម្រាកគ្រប់គ្រាន់ក៏ដោយ ក៏ពេលគាត់មកបង្រៀនក្មេងៗគាត់នៅមានស្នាមញញឹមដ៏ស្រស់បំព្រងនិងសំឡេងដ៏ពីរោះដដែល។ ប៉ុន្តែជីវិតគាត់អភ័ព្វណាស់ជាក្មេងកំព្រាគ្មានឪពុកតាំងពីតូចហើយពេលតួស្រីរបស់យើងជិតរៀនចប់គាត់បានបាត់បង់ជីវិតទៅ។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំណុចដែលខ្ញុំចូលចិត្តជាងគេគឺត្រង់តួស្រីឃើញធាតុអ្នករបស់គ្រូ។ ទឹកភ្នែកសិស្សដែលមកមិនទាន់ដង្ហើមរបស់គ្រូពិតជាឈឺចាប់ខ្លាំងណាស់។ ទោះបីតួស្រីមកមិនទាន់ដង្ហើមគាត់ ប៉ុន្តែតួស្រីនិងមិត្តជាកូនសិស្សតែ២នាក់ប៉ុណ្ណោះដែលបានមករកអ្នកគ្រូដល់ផ្ទះបន្ទាប់ពីពួកគេចាកចេញពីស្រុកកំណើតអស់រយៈពេល៤ឆ្នាំ។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

បំណងរបស់ខ្ញុំក្នុងការដាក់ផ្សាយរឿង អ្នកគ្រូមេសាគឺចង់បង្ហាញពីទឹកចិត្តរបស់គ្រូបង្រៀននិងនាមជាកូនស្រីម្នាក់ដែលបើកភ្នែកមើលផែនដីដោយគ្មានឪពុកចិញ្ចឹមបីបាច់ ត្រូវរស់នៅជាមួយភាពក្រលំបាករហូតមិនទាន់ស្គាល់ជីវិតបានច្រើនផងក៏ត្រូវបាត់បង់ជីវិត។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ចំពោះចំណាប់អារម្មណ៍ខ្ញុំមិនមានច្រើនឡើយ ខ្ញុំសូមអរគុណដល់គ្រប់គ្នាដែលបានអានរឿងរបស់ខ្ញុំគន្លងមកហើយសង្ឃឹមថាគ្រប់គ្នាអាចទទួលយករឿងមួយនេះបាន។រ

ចុចអានរឿងអ្នកគ្រូមេសា