៥សំណួរជាមួយម្ចាស់រឿង«បងប្រុស»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

សួស្ដី នាងខ្ញុំឈ្មោះផាន សុភា អាយុ ២៩ឆ្នាំ បច្នុប្បន្ននាងខ្ញុំមានគ្រួសារហើយមានកូន២នាក់ផងដែរ។ រាល់ថ្ងៃនេះនាងខ្ញុំក៏ជាកម្មការនីរោងចក្រកាត់ដេរមួយកន្លែងដែរស្ថិតក្នុងខេត្តកំពង់ស្ពឺ។ ចំពោះស្នាដៃនិពន្ធដែលនាងខ្ញុំបានដាក់ក្នុងកម្មវិធី MST Writer អ្នកនិពន្ធក្រៅសាលាគឺរឿង “បងប្រុស”។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

មូលហេតុដែលខ្ញុំសម្រេចចិត្តយករឿងបងប្រុសមកដាក់ផ្សាយក្នុងកម្មវិធីអ្នកនិពន្ធក្រៅសាលានេះ ក៏ដោយសារនាងខ្ញុំចង់បង្ហាញសមត្ថភាពនិងចង់ដឹងពីចំនុចខ្វះខាតដែរបងៗរៀមច្បងផ្ដល់មតិតាមការគួរ។

កម្លាំងបណ្ដាលចិត្តដែលតែងតែលើកទឹកចិត្តជម្រុកឱ្យនាងខ្ញុំមកដល់ចំណុចនេះគឺ មានមនុស្សសំខាន់ ២នាក់ធំៗ ទីមួយគឺអ្នកម្ដាយនាងខ្ញុំ គាត់ដឹងថាកូនស្រីរបស់គាត់ចង់រៀនបន្ដ ចង់មានចំណេះដើរតាមផ្លូវដែរស្រមៃគិតទុកតាំងពីក្មេងៗ តែខ្ញុំមិនអាចដើរបន្ដបានដោយសារជីវភាពគ្រួសារខ្សត់ខ្សោយទើបបព្ចាប់ការសិក្សាតាំងពីថ្នាក់ទី ៨ មកម្ល៉េះ រហូតមកទល់ពេលនេះគាត់តែងតែនិយាយថា “កូនធ្វើអ្វីដែលកូនចង់ធ្វើវាចុះ ធ្វើអ្វីដែលកូនស្រលាញ់តែជារឿងត្រឹមត្រូវ ម៉ែនៅចាំផ្ដល់កម្លាំងចិត្តកូនជានិច្ចទោះបីជាកូនរៀនបានតិចតែម៉ែជឿថាកូនធ្វើបាន ” សម្ដីទាំងនេះជាពាក្យដែលអ្នកម្ដាយរបស់នាងខ្ញុំតែងនិយាយពេលខ្ញុំជួបរឿងបរាជ័យម្ដងៗ មនុស្សចុងក្រោយគឺប្អូនស្រីម្នាក់ដែលពួកយើងតែងតែនិយាយពិភាក្សាគ្នា លើកទឹកចិត្ត ផ្ដល់យោបល់ប្រឹក្សាមិនថារឿងនោះធំប៉ុណ្ណាក៏ដោយ គាត់ត្រឹមជាអ្នកដទៃស្គាល់គ្នាតាមបណ្ដាញសង្គមក៏ពិតមែនតែគាត់ធ្វើឱ្យខ្ញុំស្គាល់ប្រលោមលោកកាន់តែខ្លាំង និងពាក្យថាមិត្តភាពកាន់តែច្បាស់ផងដែរ គឺប្អូនស្រី@ផ្កាស្មៅ គាត់ជាអ្នកដឹកនាំដ៏ល្អរបស់ខ្ញុំ អរគុណគ្រប់យ៉ាង ហើយខ្ញុំក៏អរគុណខ្លួនឯងដែររស់ជាខ្លួន ធ្វើតាមបេះដូងខ្លួនឯង។

ចំពោះសាច់រឿង “បងប្រុស” នេះផងដែរគឺចង់និយាយពីទង្វើបងប្រុសម្នាក់ដែលលះបង់ទាំងកាយទាំងចិត្ត លាក់បាំងគ្រប់យ៉ាងដើម្បីធ្វើឱ្យប្អូនស្រីខ្លួនមានក្ដីសុខ ចង់ឃើញប្អូនមានស្នាមញញឹម មិនចង់ឃើញប្អូនស្រីត្រូវអ្នកដទៃមើលងាយនិងសើចចំអក ជាបងប្រុសដ៏ល្អ។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំណុចដែលនាងខ្ញុំចូលចិត្តជាងគេក្នុងសាច់រឿងនេះគឺត្រង់ បងប្រុសដើរតួរជាប៉ាផង ជាបងប្រុសផងសំដែងល្ខោនបោកប្រាស់ម្លិះតែគ្រប់យ៉ាងធ្វើក៏ដោយសារចង់ឃើញប្អូនខ្លួនមានក្ដីសុខ។ ឯចំណុចមួយទៀតគឺត្រង់ម្លិះដឹងការពិតថាគ្រប់យ៉ាងជាទង្វើរបស់បងប្រុសខ្លួនបោកថាជាសំបុត្រលោកប៉ា តាមពិតយុតជាអ្នកសរសេរទាំងអស់ ២ចំនុចនេះឆក់យកទឹកភ្នែកខ្លួនឯងបាន សរសេរខ្លួនឯងយំខ្លួនឯង។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

គោលបំណងដែលខ្ញុំយករឿង “បងប្រុស” មកដាក់ផ្សាយនេះគឺគ្រាន់តែចង់បង្ហាញសាច់រឿងប្រភេទខ្សែជីវិតមួយនេះដល់មហាជនមិត្តអ្នកអាន ដែលអាចផ្ដល់ចំណុចអប់រំល្អៗមួយចំនួនស្ថិតក្នុងសាច់រឿងនេះដល់ប្អូនៗយុវវ័យ ជាក់ស្ដែងនាងខ្ញុំជួបផ្ទាល់ប្អូនៗតែងតែមិនស្ដាប់បង្គាប់រៀមច្បងខ្លួនរាល់ពេលដែលពួកគាត់ណែនាំបែរជាខឹងបងៗទៅវិញ។ នាងខ្ញុំសុំទោសផងដែរ និយាយត្រង់ៗសុំទោសពិតមែន ប្រសិនជាប៉ះពាល់ដ៏អារម្មណ៍មិត្តអ្នកអាន ។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ជាចុងក្រោយនាងខ្ញុំក៏សូមថ្លែងអំណរគុណចំពោះមិត្តអ្នកអានយ៉ាងជ្រាលជ្រៅដែលបានចំណាយពេលចូលមកចុចអានស្នាដៃអ្នកនិពន្ធធម្មតាដូចជានាងខ្ញុំ នាងខ្ញុំនឹងទទួលយកគ្រប់ពាក្យ គ្រប់ការណែនាំពីសំណាក់មិត្តអ្នកអានទាំងវ័យក្មេង និងរៀមច្បង អ្នកគ្រូលោកគ្រូ ដើម្បីកែលម្អចំណុចខ្វះខាត។ សង្ឃឹមថាមិត្តអ្នកអាននឹងនៅតែបន្ដការគ្រាំទ្រស្នាដៃនិពន្ធជំនាន់ក្រោយៗរបស់កូនខ្មែរយើងទាំងអស់គ្នា មិនថាស្នាដៃនាងខ្ញុំ ឬប្អូនៗ រៀមច្បងមុនៗក៏ដោយ ខ្មែរត្រូវតែជួយលើកតម្កើនសិល្បៈតែងនិពន្ធខ្មែរ។

ចុចអានរឿងបងប្រុស