១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer
នាងខ្ញុំឈ្មោះហាប់ សុខលីន មានអាយុ១៧ឆ្នាំ និងជាសិស្សថ្នាក់ទី១២នៃសាលាមួយកន្លែងក្នុងទីក្រុងភ្នំពេញ ព្រមទាំងជាម្ចាស់ស្នាដៃរឿង “ពិភពសត្យ” ។
២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?
មូលហេតុដែលនាងខ្ញុំសម្រេចចិត្តយករឿងនេះមកផ្សាយដោយហេតុថា សព្វថ្ងៃការអាននៅប្រទេសកម្ពុជានៅមានកម្រិតនៅឡើយ ដូច្នេះខ្ញុំចង់ជួយលើកកម្ពស់នៃការអានឱ្យបានកាន់តែល្អប្រសើរ ដោយការផ្សាយរឿងដែលមានភាពប្លែកចម្លែកអារម្មណ៍ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកអានឱ្យបានច្រើនឡើង។ រីឯកម្លាំងបណ្តាលចិត្តរបស់ខ្ញុំគឺមនុស្សនៅជុំវិញខ្លួនខ្ញុំ គ្រួសារ ខ្លួនឯងផ្ទាល់ និងអ្នកគ្រូម៉ីសន សុធារីដែលជាបុគ្គលគំរូ ធ្វើឱ្យខ្ញុំមានកម្លាំងចិត្តស្រឡាញ់ការតែងនិពន្ធកាន់តែខ្លាំង។ ហើយចំពោះរឿង“ពិភពសត្យ”នេះ បាននិយាយរៀបរាប់ពីនារីម្នាក់ដែលជីវិតរបស់នាងចាប់ផ្តើមជួបរឿងចម្លែកៗ បង្ហាញវត្តមានថ្មីលើទឹកដីអច្ឆរិយៈមួយកន្លែង ដែលធ្វើឱ្យនាងចាប់ផ្តើមចង់ដឹង និងជីកកកាយនូវការពិតទាំងឡាយដែលនរណាម្នាក់ព្យាយាមលាក់បាំង។
៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?
ចំពោះចំណុចដែលខ្ញុំចូលចិត្តជាងគេក្នុងរឿងនេះ គឺការបង្ហាញពីតថភាពក្នុងសង្គមដែលផ្តោតទៅលើការរើសអើងទៅលើភេទទីបី ដែលជាតម្លៃអប់រំឱ្យលុបបំបាត់នូវការមាក់ងាយទាំងឡាយនិងផ្តល់សិទ្ធិជាមនុស្សស្មើគ្នាដល់ពួកគេ។
៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?
គោលបំណងរបស់ខ្ញុំក្នុងការដាក់ផ្សាយរឿងមួយនេះ គឺដើម្បីឱ្យអ្នកអានបានយល់នូវអត្ថន័យ និងទាញយកនូវគំនិតអប់រំសំខាន់ៗទៅសិក្សាវិភាគឱ្យបានកាន់តែមានគំនិតស៊ីជម្រៅ ។
៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?
ចំណាប់អារម្មណ៍របស់ខ្ញុំចំពោះអ្នកអានគឺក្តីសង្ឃឹមដែលមានក្នុងចិត្តថាអ្នកគ្រប់គ្នា នឹងចូលចិត្តនិងរួមគ្នាកែលម្អនូវចំណុចខ្វះខាតទាំងឡាយដែលមានក្នុងស្នាដៃដំបូងរបស់ខ្ញុំនេះ។