រឿង៖ អណ្ដូងខាងលិច ភាគទី៥ (ភាគបញ្ចប់)

ខ្ញុំងើបមុខសម្លឹងទៅភោជនីយដ្ឋានវិញ នៅទីនោះជីណាកំពុងតែនិយាយទូរសព្ទ ខ្ញុំមិនដឹងថានាងនិយាយទូរសព្ទជាមួយអ្នកណាទេ ចំណែកស៊ីលាភនៅឈរមុខបន្ទប់សម្លឹងមកខ្ញុំនិងកូនស្រី។

ល្អហើយ​ ដែលនាង​នៅពីចម្ងាយ​មិនអាច​មកឮ ពាក្យដែលឪពុកនិងកូនយើងទើបនឹង​បានជជែកគ្នាតឹងតែងមុននេះ។

ខ្ញុំឱនទៅថើបកូនមួយខ្សឺត​ និងហាមនាង​ខ្សឹបៗថាឱ្យឈប់និយាយផ្ដេសផ្ដាស និង​ឈប់គិតច្រើន​។

កូនខ្ញុំក៏រត់ទៅម្តាយរបស់គេ។

ខ្ញុំរេភ្នែក​ជុំវិញនោះ គឺ​សម្លឹងគ្រប់ទីកន្លែងស្វែងរកប្អូនជីដូនមួយរបស់ខ្ញុំ នៅតែ​រកមិនឃើញស្រមោល​។

ទេ! ពិតជាមិនឃើញស្រមោលឫទ្ធីមែន!

ខ្ញុំគិតទាំងតប់ប្រមល់ ដើរត្រឡប់ទៅបន្ទប់វិញ។

សម្ដីរបស់លោកតានៅតែលាន់មាត់មកក្នុងត្រចៀករបស់ខ្ញុំ សាជាថ្មី ៖

«អ្នកណាជាអ្នកដាក់កាហ្វេនេះ? ឥឡូវម្ចាស់កាហ្វេនៅឯណា?»

ចំណែក​សម្តីរបស់ឫទ្ធីកាលពីព្រឹកនៅតែចងចាំទាំងសព្ទទាំងអត្ថន័យមកក្នុងគំនិតរបស់ខ្ញុំ៖

«អាពីនវាឈឺបានជាយប់មិញខ្ញុំអត់បានមក!»

ខ្ញុំដើរផងគិតផងនូវសម្តី និងកាយវិការទាំងអស់របស់ប្អូនជីដូនមួយម្នាក់នេះឡើងវិញ។ មកដល់ខាងមុខបន្ទប់ ប៉ុន្តែដោយសារទ្វារបន្ទប់​ហាក់បិទពីក្នុង ខ្ញុំក្រឡេកទៅចំហៀង​ឃើញ ស្រីលាភដឹកដៃកូនរមនាឡើងទៅភោជនីយដ្ឋានអង្គុយវិញ។

នាងឆ្លៀតលើកដៃជាសញ្ញាប្រាប់ខ្ញុំ កុំឱ្យឡូឡា​បង្ហាញថា ស៊ុននិងគ្រួសារគេកំពុងពិភាក្សាគ្នាក្នុងបន្ទប់​។

ឃើញកាលណា ខ្ញុំដើរទៅយឺតៗឈរទ្រឹងនៅមាត់ទ្វារ តែមិនទាន់គោះនៅឡើយ។

ភ្លាមនោះ​ខ្ញុំឮសម្ដីរបស់អ៊ំជាឪពុកស៊ុនមានប្រសាសន៍ថ្នមៗ៖

«កូនអ្ហ៎ា កាលពុកស្ដាប់ឮប្រសាសន៍របស់លោកតាឈ្មោះឯមនោះ ពុកគិតថា គាត់កំពុងសង្ស័យលើ​

ឫទ្ធី​ប្អូនជីដូនមួយរបស់ពួកមិត្តឯង ថាជាអ្នកធ្វើអំពើនេះមកលើឯង!»

ស៊ុនតបមកវិញ៖

«ខ្ញុំមិនដែលឈ្លោះគ្នាជាមួយវាទេពុក ហេតុអីបានជាឫទ្ធីធ្វើអ៊ីចឹង?!»

ដោយសារតែ​ខ្ញុំ ឮពួកគេជជែកគ្នាចំៗបញ្ហា ពេក​​ខ្ញុំរកតែឈានជើងចូលទៅមិនរួចឡើយ។ គ្រប់យ៉ាងដូចជាស្មុគស្មាញនិងច្បាស់ក្រឡែតពេកហើយ។

រឿងដែលសំខាន់ គឺខ្ញុំងាកក្រោយ​រេរកមួយជុំទៀត នៅតែ​រកឫទ្ធីមិនឃើញទាល់តែសោះ? តើប្អូនខ្ញុំបានធ្វើអ្វីខ្លះដែលលាក់មិនឱ្យខ្ញុំដឹង?

ពីចម្ងាយ លោកតាឯមវិលមកវិញ តែមិនមែនជិះម៉ូតូទេ ទំនងពូចាមឈប់ពីចម្ងាយ។

លោកតាឱបបាយសីលាត​មួយសំណុំមក។ ខ្ញុំគេចទៅណាមិនបានធ្វើជារុញទ្វារបើកតែម្តង ជាការបញ្ឈប់កិច្ច​ពិភាក្សា​របស់គ្រួសារស៊ុន។

ពួកគេនៅស្ងៀមឡិងឡង់ពេលឃើញខ្ញុំ។ ​ទើបនឹង​ដឹងថា ជីណាក៏នៅក្នុងនោះដែរ មានទាំងអាManតូចកំពុងគងជើងលេងទូរសព្ទលើគ្រែខ្ញុំ។

ជីណាមិនមាត់មិនក​នាង​សម្លឹង​មកខ្ញុំដោយទឹកមុខស្រងូតប្រហែលនាង​ថប់បារម្ភចំពោះដំណឹង​ដែលសង្ស័យលើឫទ្ធី និងស្តាយការរាប់អានរបស់ពួកយើងផង។

ខ្ញុំធ្វើដូចមិនដឹងអ្វី​ហើយប្រាប់ពួកគេ៖

«លោកតាមកវិញហើយ យើងធ្វើពិធីនៅក្នុងនេះ​ហើយមើលទៅ!»

មិនយូរប៉ុន្មាន  ពិធីមួយថ្មីត្រូវបានរៀបចំឡើងគឺការដោះអំពើបួនជ្រុង ចោលចេញពីស៊ុន។ ពិធីនោះធ្វើឡើងនៅក្នុងបន្ទប់ដេករបស់ខ្ញុំតែម្ដង។

លោកតាឯមបានឱ្យស៊ុនអង្គុយនៅលើកៅអី ហើយគាត់បានយកកញ្ចប់ទាំងបួន ដែលគាត់បានលាក់ទុកក្នុងបង្វិច ក្នុងនោះខ្ញុំរាប់ដោយទាំងពែងកាហ្វេដែលឫទ្ធីបានឆុង ទៅឱ្យស៊ុនផឹកកាលពីព្រឹកនោះ រាប់ថាជាកញ្ចប់ទីបួនតាមពាក្យគាត់ម៉ៃស្មាន។

គាត់ដាក់របស់ទាំងអស់ទៅលើតុពីមុខស៊ុន ហើយឱ្យពួកយើងអង្គុយនៅលើសាឡុង ជុំវិញតុនោះ។  គាត់ឱ្យ​ជីណា​នាំកូនចេញក្រៅ ឯពូចាមនិងយាយសក់ដាញ់បាត់ទៅណាមិនឃើញ។

ខ្ញុំបានចាក់សោទ្វារបង្ការក្រែងកូនៗរបស់ខ្ញុំចូលមកឃើញ​។ ពេលយើងត្រៀមសព្វគ្រប់ខ្ញុំមិនឃើញមានអ្វីច្រើនទេ។ នៅលើតុមានកែវក្រដាស៣ ជាប្រភេទ​កែវប្រើមិនលាង ដែលគេទុកសម្រាប់ហូបកាហ្វេ ប្រហែលពូចាម​យកពីរីសតឱ្យតាដាក់ស្រាមកសែនពិធី។ ក្រៅពីនោះ​មាន​សៀវភៅធម៌មួយចាស់ សឹងថាមានសំណឹក​ខ្លះៗទៅហើយនៅលើភ្លៅ  អាចថាជាបាលី សម្រាប់ដោះស្រាយបញ្ហា ពីព្រោះកាលពីព្រឹកមិញគាត់បានប្រាប់ពួកយើងថានេះ គឺជាមន្តអាគម៤ជ្រុងដែលធ្លាប់តែឮនៅភូមាឬឥណ្ឌាមិនដឹងទេ ហើយនេះជាលើកដំបូងដែលគាត់ចាប់ផ្តើមរៀនដោះវា។ លោកតាចាក់ស្រាសទៅក្នុងកែវក្រដាសពីរ និងចាក់ធញ្ញជាតិ​គ្រប់មុខពេញមួយកែវចុងក្រោយ។

តែទោះបីយ៉ាងណាក៏ដោយពេលពួកយើងអង្គុយជុំវិញសាឡុងមើលទៅមិនសមថាយើងកំពុងធ្វើពិធីដោះមន្តអាគមទាល់តែសោះ ប្រៀបដូចជាការពិភាក្សាគ្នាទៅវិញនៅក្រោមការរង់ចាំអន្ទះសារបស់អ៊ំជាឪពុកស៊ុន និងបងសាំងរបស់វា។ បាយសីនោះ គាត់ដាក់លើតុខាងស្តាំដៃ។

ពេលរៀបចំ​គ្រប់គ្រាន់ហើយ លោកតាចាប់ផ្តើមមានប្រសាសន៍យឺតៗមកកាន់ខ្ញុំ៖

 «ប្អូនជីដូនមួយរបស់ចៅរកមិនឃើញទេ?!»

«បាទ»

ខ្ញុំឆ្លើយដោយទើសទាល់ ​លាក់កំបាំងក្តីសង្ស័យនិងអៀនខ្មាស។ អ្នកទាំងអស់គ្នានៅជុំវិញ រេភ្នែកសម្លឹងមកកាន់ខ្ញុំ តែខ្ញុំមិនសម្លឹងតបពួកគេទេ រើសយកវិធី​សម្លក់ទៅលើគ្រឿងសំណែនទៅវិញ។

កុំមើលខ្ញុំដូចជាកំពុងតែចាប់ខ្ញុំដាក់ពិរុទ្ធ ខ្ញុំ! ខ្ញុំមិនដឹងនៅឡើយថា នេះជាការរត់ភៀសខ្លួនរបស់

​ឫទ្ធី​ឬដោយសារភាពចៃដន្យ វារវល់ទៅណាបាត់នោះទេ ប៉ុន្តែជំហានដំបូងខ្ញុំត្រូវតែនិយាយការពារប្អូនជីដូនមួយរបស់ខ្ញុំ។ បើខ្ញុំជាបង មិនការពារប្អូន តើឱ្យនរណាគេធ្វើ?

ខ្ញុំគិតយ៉ាងម៉េច ក៏មិនគិតថាឫទ្ធីមាន​ហេតុផល ទៅធ្វើបាបស៊ុនធ្វើអីដែរ! ​តើឫទ្ធីវាទៅត្រូវអំពើអ្នកណា ឬមួយក៏វាមានរឿងអីចាំបាច់ត្រូវបង្វែរមកលើស៊ុននោះ? ​វានៅកម្លោះ ជាយុវវ័យនៅឡើយទេ គ្មានទាន់មាន​ប្រពន្ធកូនផង ខ្ញុំសង្ឃឹមថាអ្វីដែលពួកគេ​បាន​គិតនេះ គឺខុសស្រឡះពីការជាក់ស្តែងទៅចុះ។

គិតហើយ ខ្ញុំនិយាយផូងទៅកាន់ការសម្លឹងមករបស់គ្រប់គ្នា៖

«ខ្ញុំយល់ថា​ បើយើងនៅតែចិញ្ចឹមចិត្ត​សង្ស័យថា​ពែងឫទ្ធីឆុងកាហ្វេឱ្យអាស៊ុនជាកញ្ចប់ទីបួន យើងមិនអាចទៅដោះស្រាយរកកញ្ចប់ទីបួនមែនទែន​ឃើញទាន់ពេលទេដឹង? សុំលោកតាជួយគិតឡើងវិញផង!»

ខ្ញុំងាកទៅលោកតា​ហើយអង្វរសំពះគាត់៖

«លោកតា! សូមលោកតាជួយផង! ជួយស្មិងស្មាធិ៍ម្ដងទៀតក្រែងលោរកឃើញកញ្ចប់ទីបួននៅកន្លែងណាផ្សេង»

លោកតាឯមសម្លឹងមកខ្ញុំយ៉ាងស្រទន់។ គាត់យល់ណាស់ពីអារម្មណ៍របស់ខ្ញុំដែលការពារឫទ្ធី ប៉ុន្តែមិនយូរប៉ុន្មាន គាត់បាននិយាយមួយៗម៉ាត់ៗនៅនឹងមុខខ្ញុំ៖

«ចៅអើយ! រកអីទៀត? យើង​មានកញ្ចប់អាគមបួនជ្រុងគ្រប់ក្នុងដៃអស់ហើយ! ប៉ុន្តែមានរឿងសំខាន់មួយ ខ្ញុំត្រូវជួបមនុស្ស​នោះដើម្បីព្រមាន!  សូមចៅទាក់ទងទៅមនុស្សនោះឱ្យបានដឹងថា បើតាធ្វើពិធីរំដោះហើយ​ អ្នកណាក្តីដែល ពាក់ព័ន្ធជាមួយនឹងការធ្វើមន្តខ្មោចឈ្លូស ទៅក្នុងអណ្ដូងខាងលិច រឿងហេតុអាក្រក់ទាំងអស់នឹងបង្វែរទៅលើខ្លួនគេ ឬក្រុមគ្រួសាររបស់គេវិញភ្លាម! ចាំដល់ពេលនោះយើងពិបាកជួយមិនខាន!»

គាត់សំដៅទៅលើឫទ្ធីប្អូនជីដូនមួយខ្ញុំ ខ្ញុំដឹង ខណៈដែលខ្ញុំនៅស្ងៀមសម្លឹងគាត់ដោយ បុកពោះភឹប​ៗ។ ខ្ញុំចាប់ផ្ដើមញ័រដៃ។

ដ្បិតតែពួកយើងមិនមានហេតុផលច្បាស់លាស់ ដើម្បីជឿថា ឫទ្ធីពិតជានៅពីក្រោយរឿងទាំងអស់នេះដោយគ្រាន់តែគ្នាបាត់មុខទៅ ក្នុងកាលៈទេសៈចាំបាច់ ចុះហេតុអីក៏ខ្ញុំភ័យម្ល៉េះ?

«អ្នកណាវ៉ី?» នេះគឺជាសម្រែកសួររបស់បងសាំង ពីព្រោះភ្នែកគាត់រវាសរវៃតាមពិនិត្យមើលមាត់ទ្វារនិងបង្អួចរហូតមក​។ ទីបំផុតពេលគាត់ស្រែកដោយងាកទៅបង្អួចផង ខ្ញុំបានងាកទៅដែរ។

មើលពីនេះសោះ ក៏ខ្ញុំដឹង​និងស្គាល់ថា ខ្នងអ្នកណាកំពុងតែរត់ចេញទៅនោះបាត់ទៅហើយ។

ខ្ញុំនៅអង្គុយគាំងស្ញេញ​ធ្វើមុខដូចមនុស្សក្រោកមិនរួច ត្រូវគេសន្ធប់។ បងសាំង និងឪពុកគាត់ស្ទុះទៅក្បែរបង្អួច​។

«ឫទ្ធី! ឈប់!» គាត់ស្រែកខ្លាំងៗទាំងពីរនាក់។

ខាងខ្ញុំនេះ អង្គុយ​ងងឹតឈឹងក្នុងអារម្មណ៍។  ខ្ញុំមិនដឹងថា ត្រូវធ្វើដូចម្តេចនោះទេ  ភ្លាមៗនោះខ្ញុំឃើញបងសាំងរត់ព័ទ្ធទៅក្រៅ ប្រដេញទៅចាប់ឫទ្ធី។

គ្រប់យ៉ាង​ខ្ញុំលែងគ្រប់គ្រងបានហើយ។

ខ្ញុំហត់ណាស់!

ចុងក្រោយប្អូនជីដូនមួយខ្ញុំត្រូវបានគេនាំចូលមកដល់។

មុខវាខ្មៅអែ ពេលដែលបងសាំងរុញវាទៅនៅលើគ្រែ។

ខ្ញុំចាប់ផ្ដើមក្រោកដើរទៅឃាត់គាត់។ គាត់នៅតែមិនព្រមលែងដៃពីកអាវវាទេ។ ស៊ុនចំហមាត់សម្លឹងមកដោយស្រឡាំងកាំង។

ខ្ញុំដឹងថា ស៊ុននិងឫទ្ធីមិនដែលមានបញ្ហាអ្វីនឹងគ្នាទេប៉ុន្តែពេលនេះ រឿងដែលមានបញ្ហាគឺថាឫទ្ធីស្រាប់តែ​បាត់ខ្លួនទៅណា ហើយមកវិញលឹបលដូចចោរ?

ហេតុអីមកលបមើលនៅបង្អួចហើយរត់គេចនៅពេលដែលគេឃើញ?

«កើតស្អីឯង?!»

ខ្ញុំស្រែកសួរប្អូនជីដូនមួយខ្ញុំម្នាក់នេះ នៅខណៈពេលដែលបេះដូងខ្ញុំពិតជា មានសំណួរច្រើនជាងនេះទៅទៀតតែហាមិនចេញ។

ហាស្លាក់ខ្ជាក់ស្លែងមែន!

ស្រាប់តែបងសាំងឆ្លើយមកផូងជំនួសឫទ្ធី៖

«អ្ហែងដាក់ស្អីក្នុងផ្ទះអាស៊ុន?!»

នៅពេលដែលប្អូនខ្ញុំមិនទាន់បានឆ្លើយនៅឡើយ ហើយនៅអង្គុយស្ងៀមនៅលើគ្រែ មិនឮមាត់ មិនឮក ខ្ញុំពិបាកចិត្តជាខ្លាំង។ ខ្ញុំចាប់ផ្ដើមហើបមាត់៖

«ប្រាប់មកភ្លាម! មានរឿងស្អីឯង? ហើយឯងធ្វើអីអាស៊ុន? កាហ្វេនោះ ឯងជាអ្នកដាក់អំពើឱ្យវាផឹកមែនអត់? ឯងដាក់អំពើស្អីឯង? អញឆ្ងល់ណាស់ មួយព្រឹកហើយឯងទៅណា? ឯងធ្វើអីប្លែកៗ លឹបលម៉េះ? ដឹងថាគេកំពុងនិយាយរឿងអំពើមន្តអាគមហើយ ឯងចូលមកលបស្ដាប់អី?»

ខ្ញុំសួរញាប់ទាំងខឹងចិត្ត​ពេក។

ស្រាប់តែ​ប្អូនខ្ញុំចាប់ផ្ដើមលើកដៃជូតទឹកភ្នែក។ នេះគឺជាលើកដំបូងដែលខ្ញុំឃើញឫទ្ធីយំ។ ខ្ញុំស្លុតចិត្ត​ចំហមាត់ម្នាក់ឯងសម្លឹងអាការៈវា។

មិនថាប្អូនជីដូនមួយរបស់ខ្ញុំត្រូវឬខុស ប៉ុន្តែខ្ញុំនៅតែជឿថាមានហេតុផលអ្វីម្យ៉ាង នៅពីក្រោយការយំយែករបស់វា ដែលទាមទារឱ្យខ្ញុំជាបងម្នាក់នេះត្រូវដោះស្រាយ។

«ប្រាប់អញ! ឯងមានរឿងអី!»

«មិនមែនខ្ញុំទេគឺអាពីន»

ខ្ញុំនឹកឃើញភ្លាមដល់សង្សារថ្មីរបស់ឫទ្ធីដែលប្អូនខ្ញុំប្រាប់កាលពីព្រឹកថា «ឈឺ មិនបានមកជាមួយ»។

ពេលខ្ញុំស្រឡាំងកាំង នៅស្ងៀមមិននិយាយទៀតរួច ឫទ្ធីអណ្ដឺតអណ្ដកលើសដើម។ ដោយ​ឃើញវា​និយាយមិនចេញ ធ្វើឱ្យខ្ញុំតឹងទ្រូងស្ទើរប្រេះ ស្រាប់តែភ្លាមនោះ លោកតាឯមក្រោកក្រេសដើរមកក្បែរហើយនិយាយមកកាន់បងប្អូនខ្ញុំពីរនាក់ថា៖

«ដូច្នេះហើយបានជាតាឃើញសក់មនុស្សស្រីនៅក្នុងអណ្ដូងនោះ! ឯងបានប្រើសក់មនុស្សស្រីនោះបញ្ចៀសនូវ តម្កាត់របស់នាងឱ្យមកស៊ុន?»

ខ្ញុំហួសចិត្តបើកភ្នែកធំៗសម្លឹងឫទ្ធី។ អាកប្បកិរិយាទុយមុយ ដែលឈ្ងោក​ជាប់ គ្មានហ៊ានមើលមុខអ្នកណាទាំងអស់គឺឫទ្ធីច្បាស់ណាស់ ផ្តល់ចម្លើយមិនបដិសេធស្រាប់ទៅហើយ។

បងសាំងខឹងណាស់ គាត់ចង្អុលមុខវា ទាំងដែលប្អូនខ្ញុំមិនបាន​ងើបមុខមកមើល។

«អញប្រាប់ឯង បើប្អូនអញ​មានរឿងអីកើតឡើង ឯងនឹងដឹងគ្នាជាមួយអញអាឫទ្ធី!​ អាមនុស្សទេវទត្ត អាចង្រៃ! លោកតាចាំអីទៀតលោកតា ដោះស្រាយទៅលោកតា! ជួយដោះស្រាយឱ្យប្អូនខ្ញុំហើយបញ្ជូនកម្មពៀរទាំងអស់ ឱ្យអ្នកណាធ្វើអ្នកនឹងទទួលទៅ!»

ខ្ញុំចាប់ផ្ដើមលូកមាត់ទៅឃាត់ភ្លាម៖

«ឈប់ៗៗ! លោកតា តាកុំធ្វើតាមកំហល់ ដើម្បីសុខសប្បាយទាំងអស់គ្នា ឱ្យខ្ញុំនិយាយដឹងរឿងពីវាច្បាស់សិនលោកតា!»

បងសាំងហាក់មិនសប្បាយចិត្តជាខ្លាំងគាត់ស្ទុះមកប្រុងសម្លុតឫទ្ធីទៀត ប៉ុន្តែស៊ុនស្រែកឃាត់គាត់៖

«បងសាំង បានហើយបង! មកអង្គុយវិញ​បង!»

ខ្ញុំយល់ចិត្តបង​ប្រុសរបស់ស៊ុនម្នាក់នេះដោយសារតែ​សេចក្តី​អន្ទះសានិងស្រលាញ់ប្អូន​ខ្លាំង ណាមួយគាត់ធ្លាប់ថែវាកាលពីក្មេង​ផ្ទាល់ដៃ ​កាលវាប្រកាច់ម្តងៗ បានជាពេលនេះ គាត់មួម៉ៅហួងហែងនិងឈឺចាប់ ចំពោះអាកប្បកិរិយា​សំដីសំដៅរបស់ឫទ្ធី ក៏ដូចជា​ទឹកមុខសារភាពមិនចាំបាច់មាន​វាចា។

ការបង្ហាញ​ភាពកំសាកនិង កម្សោយ​របស់វា ក៏ដូចជា​អាកប្បកិរិយាខ្មូរមុខរបស់ឫទ្ធីពេលនេះ សមណាស់នឹង​ធ្វើឱ្យគ្រប់គ្នា​ខឹង​ សូម្បីតែខ្ញុំក៏ខឹង​ដែល​សួរមិននិយាយ​គិតពីយំដូចមនុស្ស​ស្រី។

ប៉ុន្តែទោះបីយ៉ាងណាក្រឡេកទៅបងសាំង​ឃើញគាត់សម្លឹងមកខ្ញុំដូចជាបង្ហាញ​ថាគាត់មានការសោកស្ដាយចំពោះទង្វើឆេវឆាវមុននេះ។

គាត់ច្បាស់ជាយល់ហើយថា ខ្ញុំក៏ជាបងប្រុសម្នាក់។​ គាត់គិតប្អូនគាត់ប៉ុនណា ខ្ញុំក៏ដូចគ្នា។ ចិត្តថ្លើមរបស់ខ្ញុំចំពោះស៊ុន គ្រួសាររបស់ស៊ុនគួរតែយល់ច្បាស់ណាស់ ដូច្នេះហើយខ្ញុំចាប់ផ្តើមនិយាយមួយ​ៗ៖

«ឫទ្ធី! អ្ហែងនិយាយរឿងទាំងអស់មកភ្លាម! សារភាពឱ្យអស់ក្រែងលោកតានៅទីនេះគាត់អាចជួយបានខ្លះ! គាត់មានមន្តអាគមពូកែខ្លាំង ដឹងរឿងពិតគ្រប់យ៉ាង​! មិនបាច់អ្ហែងយំសោក​ នៅស្ងៀមស្មានថារួចខ្លួន? ហេតុអីបានជាធ្វើអ៊ីចឹង? ឈ្លូសងាប់ហ្នឹង អ្ហែង​ជាអ្នកដាក់? អណ្ដូងនោះឯងជាអ្នករកឃើញពីថ្មើរណាមក អញកោតណាស់អ្ហា៎!»

ភ្លាមនោះ ឫទ្ធីហាក់ស្ទុះស្ទា រកច្រកចង់រត់គេច។ ខ្ញុំស្ទុះទៅពាំងមាត់ទ្វារ មិនឱ្យចេញបាន។ បងបងសាំងវិញ​ ស្ទុះទៅទាញវាបានមុនខ្ញុំទៀត។

«ទៅណាមិនបានទេ! ត្រូវនិយាយឱ្យច្បាស់លាស់សិន!»

គាត់ព្រមាន​។

ឃើញតែ​ទឹកមុខវា ក៏ដឹងថាប្អូនខ្ញុំម្នាក់នេះកំពុងតែ​លាក់រឿងរ៉ាវស្មុគស្មាញជាច្រើនក្នុងចិត្ត ដូច្នេះហើយខ្ញុំចាប់ផ្ដើមបិទទ្វារចាក់សោឡើងវិញជាប់ ហើយខ្ញុំដើរមកនិយាយខ្សឹបៗជាមួយ​វា៖

«បើសិនជាឯងចេញទៅ! ទៅបាន! ប៉ុន្តែត្រូវដឹងថា លោកតាឯមនេះ​ក៏ពូកែណាស់ បើសិនជាគាត់កែខៃលើកញ្ចប់ទាំងបួននោះ គ្រោះភ័យទាំងអស់នឹងវិលត្រឡប់លើសដើមទៅរកម្ចាស់វាវិញ គឺខ្លួនឯងនេះហើយ ឯងជាជាអ្នកដាក់អំពើហ្នឹងអត់ បើមែនអញមិនដឹងជួយឯងវាម៉េចទេ! កុំលេងសើច!»

ឫទ្ធីចាប់ផ្តើមទន់ដៃជើង ទៅជាឡេះឡះ ថយអង្គុយប៉ុកលើគ្រែពូក នៅក្រោមភ្នែកពោរពេញទៅដោយកំហឹងរបស់បងសាំង។

ចំណែកអាស៊ុនវិញ ខ្ញុំក្រឡេក​ទៅ ក៏ឃើញវាលើកដៃទ្រក្បាលទាំងមួម៉ៅសៅហ្មងក្នុងចិត្ត ពីព្រោះវាមិនដែល​នឹកស្មានថា មក​មានរឿងជាច្រើនកើតឡើងបាន​ព្រោះដៃ​ឫទ្ធីដែលវាបានទុកចិត្តបំផុត ឱ្យចេញចូលផ្ទះដូចបងប្អូនបង្កើត​។

«ម៉េចបានឯង ក្លាយទៅចង្រៃ​ដល់ថ្នាក់នេះ អាធី! អញទុកឯងជាប្អូនអាធី!»

ស៊ុនឡូឡា​ដូចលីលាព្រោះសេចក្តីទោមនស្ស។

ខ្ញុំនៅស្ងៀមរេភ្នែកចុះឡើងរកមធ្យោបាយ។

អ្នកដែលដាក់កញ្ចប់ទាំង៤ក្នុងបំណងធ្វើបាបគេឯងដល់ថ្នាក់នេះ គឺ​គិតទៅ ជាការរៀបគម្រោង​ធ្វើរឿងប៉ះពាល់​ដល់អាយុជីវិតរបស់ស៊ុន ដែលជាមនុស្សរាប់អានគ្នាដូចបងប្អូនបង្កើត។

«ឯងធ្វើអ៊ីចឹងទៅកើតដែរក្មួយ?!»

នេះជាពាក្យ​បន្ទោរ​យ៉ាង​ឈឺចាប់ ក៏ជាសម្ដីលាន់ឡើង​យ៉ាង​កម្រពីមាត់ឪពុករបស់ស៊ុន។ ព្រោះតែគាត់ឈឺចាប់ ខ្ញុំដឹងណាស់។

ចិត្ត​ទ្រុស្ត​របស់ឫទ្ធីលើសេចក្ដីរាប់អាននៃគ្រួសារគាត់ បានធ្វើឱ្យគ្រប់គ្នាស្រងាកចិត្ត។ កុំថាឡើយពួកគេ ខ្ញុំក៏ពិបាក​ទប់ចិត្ត​អត់ឱនឱ្យវាកើតដែរ។

ឫទ្ធីភ្លាមនោះចាប់ផ្ដើមលុតជង្គង់ផ្តោមៗពីមុខ​ពុករបស់ស៊ុន៖

«អ៊ំអើយ ខ្ញុំអត់ចង់ធ្វើអ៊ីចឹងទេអ៊ំ! ខ្ញុំអត់ចង់ធ្វើទេ ប៉ុន្តែអាពីនវាជិតស្លាប់ហើយ សូមអ៊ំអត់ទោសឱ្យខ្ញុំផង!»

ថាហើយវាចាប់ផ្ដើមយំគគ្រូកដូចក្មេង។

នៅពេលនេះហើយដែលយើងចាប់ផ្តើមដឹងរឿងដ៏គួរឱ្យហួសចិត្តមួយ គឺថាមុននេះជាងមួយ​

សប្ដាហ៍ ឫទ្ធីនិងអាពីនបានមកលេងនៅរីសតមួយក្បែរៗភូមិនេះដែរ ​តែមិនមែន​កន្លែង​ដែលខ្ញុំកំពុង​ស្នាក់​នេះឡើយ។

អាពីនដែលជាសង្សាររបស់វា បានស្រលាញ់គ្នាថ្មីៗ​ ដែលមិននឹកស្មាន​ថា​វាស្រលាញ់គេលើកនេះ​ងប់ងល់ខ្លាំង ដល់ថ្នាក់មកធ្វើរឿងថោកទាបបែបនេះបាន។

«អាពីន វាបានជេរប្រទេចឡានក្រុងមួយបើករ៉េវលឿនមកពេល​កំពុងឈរថតរូបក្បែរផ្លូវជិតព្រៃឫស្សី! ស្រាប់តែឡាន​នោះមិនទាន់ជិះចេញផុតផង ក៏​រលាយខ្សុលបាត់ស្រមោលទៅក្នុងធម្មជាតិ! យប់ឡើងអាពីនចាប់ផ្ដើមក្ដៅខ្លួនក្រហល់ក្រហាយ ហើយក៏ជ្រុះសក់!»

ឫទ្ធីនិយាយ​ធ្វើឱ្យលោកតាឈរស្កុបស្តាប់​ពិចារណាកណ្តាលបន្ទប់។

«ចាប់ពីពេលនោះ វាស្រែកឡេះឡះដូចមនុស្ស​ត្រូវខ្មោចចូល! ហើយ​ចង់តែលាបមុខដូចតួល្ខោន អ្នកក្នុងផ្ទះភ័យណាស់!​ ពុកអាពីនគាត់មានស្គាល់ អ្នកចេះផ្លូវងងឹតម្នាក់ មកពីខេត្តផ្សេង​ក៏ទៅរកគេភ្លាមៗ គាត់បានគន់គូរមើលឃើញថាពីនបានឃើញឡានក្រុងមួយ ដែលជាឡានគ្រោះថ្នាក់ចរាចរណ៍បាត់ដំណឹង​យូរមកហើយ!»

តាឯមងក់ក្បាល។

តាមរយៈរឿងនេះ​យើងទាំងអស់គ្នា​ត្រូវបាន​គាត់ពន្យល់ហូរហែរមកថា ប្រមាណជាម្ភៃឆ្នាំមុនមានពាក្យចចាមអារ៉ាមថា មាន​ឡានក្រុងមួយ ដឹកជញ្ជូន​ក្រុមអ្នកសម្តែងល្ខោន ឡើងទៅភូមិលើៗសម្តែង​។

តែនៅពេល​ដែលបានមកឈប់សំចត នៅមុខរីសតនេះ ដែលកាលណោះនៅជា​ព្រៃនៅឡើយ ពួកគេបាន​ចុះបន្ទោរបង់និងស្រែកច្រៀងជាពាក្យដៀមដាម​ឡូឡាផ្សេងៗជាការសើចលេងសប្បាយ។

ដោយឃើញមាន​អណ្តូងមួយ នៅជ្រងោរចោល ក្នុងនោះមានម្នាក់ដែលដើរតួស្តេច បានអ្នកនិយាយពាក្យប្រមាថថា អ្នកណាក្នុងអណ្ដូង មានឬទ្ធិដែរ ចេញមក ស្តេចចង់ជួប។

តំណាលអ្នកភូមិនេះ​បានប្រាប់តៗគ្នាថា ដោយសារ​អណ្តូងនោះ មើលទៅមានទីតាំងនៅទិសខាងលិចផ្លូវ តាមជំនឿតំបន់នេះផ្ទាល់​គេ​ជឿថា នឹងមានអ្នកថែរក្សាមិនអាចនិយាយផ្តេសផ្តាសទេ ព្រោះបើជាវិញ្ញាណល្អបានបួសរៀន ក៏មិនថ្វី​តែ បើលោជាវិញ្ញាណអាឃាត​នឹងមានគ្រោះធំ។ អ្នកខ្លះទៀតក៏គិតថា គ្មានអ្វីគួរឱ្យខ្លាច ដូច្នេះពាក្យប្រមាថនៃអ្នកសិល្បៈលើឡានក្រុងនោះបានធ្វើឱ្យគេជឿថា យប់​ដែលឡានក្រុងនោះបាត់ដាន នៅត្រង់មាត់ជ្រោះ​គឺ​បាន​រងគ្រោះថ្នាក់ចរាចរណ៍ គ្មានសល់ដាន ដោយ​គ្មាន​អ្នកណាដឹងថាឡាននោះទៅភ្លាត់ធ្លាក់នៅបាតជ្រោះតំបន់ណា នៅម្ដុំណាទេ ប៉ុន្តែគេដឹងថា អ្នកទាំងអស់នៅលើនោះ មិនដែលបានទៅដល់ភូមិលើសម្តែង ឬ​ឃើញបាន​វិលត្រឡប់ទៅផ្ទះវិញឡើយ។

រឿងឡានក្រុមល្ខោនដែលបាត់ដំណឹង បន្ត​ជារឿង​មិនស្ងាត់រហូតដល់ សាច់ញាតិរបស់អ្នកនៅក្នុងឡានទាំងអស់បានទៅមើលអ្នកបញ្ជាន់រូប ទើបឮសូរសំឡេងយំសោករបស់អ្នកនៅក្នុងឡានប្រាប់ថា ដោយសារ​ពួកគេបាននិយាយពាក្យប្រមាថចំអណ្ដូងមួយ ដែលជាអតីតកន្លែងមានអំពើឃាតកម្មក្រុមគ្រួសារព្រានព្រៃរាប់រយឆ្នាំមុនមក។

ក្រោយមកទៀត នៅរៀងរាល់យប់ដប់ប្រាំរោចដែលជារនោច​ធំ ងងឹតចាក់ភ្នែក  មានអ្នកភូមិអះអាង​ថា បានឃើញឡានក្រុងនោះម្ដងម្កាល។ គេតំណាលថា បើកាលណាឡាននោះឃើញមនុស្ស វានឹង​ឈប់ ហើយ​បោះដៃឱ្យយើង​ឡើងជិះ។ អ្នកណាក៏ដោយឱ្យតែបានឆ្លើយឆ្លងជាមួយមនុស្សក្នុងឡាននោះនឹងចាប់ផ្ដើមគ្រុន​រយៈពេលបីថ្ងៃដល់ជ្រុះសក់ស្លាប់ប្រសិនបើមិនមានគ្រូបាអាចារ្យណាអាចស្វែងរកវិធី​ជួយរំដោះបណ្តាសាឱ្យបាន។

ឫទ្ធីបានប្រាប់ទៀតថា ដោយសារតែយប់នោះឪពុកនាងពីន បានរកឃើញហេតុភេទជាក់ស្ដែង តាមរយៈអ្នកចេះរបៀន គាត់ក៏បានមកដល់ភូមិក្បែរនេះផ្ទាល់ដើម្បីស្វែងរកវិធី​ជួយកូនស្រី។ ​គ្រូនោះ​ដោយចេះ «របៀនកម្រើក​ដី» ក៏ទីបំផុត​ធ្វើពិធី​បានត្រូវក្បួន និងរកឃើញ​អណ្តូងនោះ នៅ​ក្រោមគំនរដី ក្រោយរីសតថ្មីមួយនេះ។

ដោយលាក់ការស្ងាត់ៗ គ្រូនោះជាមួយនឹងក្រុមបក្សពួករបស់ឪពុកអាពីនបានមករៀបចំ​ធ្វើវិធី បង្វែរអំពើ លើអតីតដាន​ស្នាមនៃអណ្ដូងខាងលិច ដែលជាកន្លែងដើមនៃអ្នកដែលបង្កគ្រោះថ្នាក់ទៅលើឡានក្រុងនោះ ដូច្នេះហើយ គ្រូនោះជឿថា វិញ្ញាណទាំងអស់នៅលើឡានក្រុងនោះ នៅតែខ្លាចវិញ្ញាណអណ្តូង ដែលធ្វើឱ្យពួកគេគ្រោះថ្នាក់ចរាចរណ៍ស្លាប់។

គេបានធ្វើពិធីនៅអណ្ដូងខាងលិច ឱ្យមនុស្សក្នុងឡានទាំងអស់ ឈប់ចងចាំអំពីរឿងអាពីនជេរប្រទេចដោយបង្វែរមក គិតដល់មនុស្សថ្មីគឺជារូបថតរបស់អាស៊ុន។

«ហេតុអីបានជាឯងយករូបថតអញអ្ហះ? មនុស្សមួយគំនរហេតុអីបានឯងរើសយកអញ? មិនដាក់រូបឯងទៅ?»

ស៊ុនស្រែកសួរព្រោះខឹង និងភ័យខ្លាចព្រមគ្នា។

កុំថាវាជាអ្នករងគ្រោះ​ផ្ទាល់ តែខ្លួនខ្ញុំនេះ ដែលអង្គុយ​ស្តាប់ដំណើររឿងសោះ ក៏​កើតចិត្ត​ខ្លាចព្រឺដែរ​។

​ឫទ្ធី​ដ្បិត​តែ​មិនហើបមាត់ផ្តល់ចម្លើយ តែយើងគ្រប់គ្នា​យល់ថា ​មនុស្ស​យើង​តែកាលណា ទ័លច្រកហើយស្រលាញ់ងប់ងល់ អ្វីក៏លែងខ្លាច អំពើអ្វីក៏ហ៊ានធ្វើ។ ដូចគ្នា​នឹងអាប្អូន​ចោលម្សៀត​ម្នាក់នេះ ខ្ញុំសម្លឹងទៅវា ដែល​មិនមាត់ស្ងាត់ដូចគេចុក គិតតែពីសំពះអ៊ំផ្តោមៗ  ខ្ញុំគ្រវីក្បាល ហួសចិត្ត​ដែលវាក្លាយមកជាឃោរឃៅនិងថោកទាបឥតខ្មាសបែបនេះ​ បាន​ដោយសារតែ​មនុស្ស​ស្រីម្នាក់។

កំហុសរបស់វាធំ ដល់ថ្នាក់ខ្ញុំមិនអាចនឹងលើកលែងឱ្យវាផង កុំថាឡើយអ្នកណាផ្សេង ឬអាស៊ុនដែលគ្នា​រងគ្រោះគ្មានកំហុស។

«ហើយនៅតែបន្តិចទៀត សូម្បីតែអញ ក៏អ្ហែងសម្លាប់ចោលដើម្បីសង្សារអ្ហែងដែរអាធី!»

ខ្ញុំនិយាយទាំងខាំមាត់។

ស្រាប់តែ អាប្អូនត្បាញអាយបំបែរមកលុតជង្គង់សំពះខ្ញុំផ្តោមៗ៖

«បងតារា! បងតារា ត្រូវជួយអាពីន! ខ្ញុំមិនគិតពីខ្លួនខ្ញុំទេបង! បងជួយអាពីនផងបង!»

ខ្ញុំមិនខ្វល់ដាច់ខាត!​

ខ្ញុំខឹងខ្លាំងណាស់ នៅតែបន្តិចទៀត ខ្ញុំដៀលវាថា «អាងប់ស្រី» ទៅហើយ គឺងប់​រហូតដល់ថ្នាក់ចោលមុខមាត់គុណធម៌អស់រលីង ប៉ុន្តែខ្ញុំទប់ចិត្តបាន ខ្ញុំមិននិយាយ តែតាំងចិត្ត​ថាក៏មិនរវល់នឹងឈ្មោះពីនស្អី​ ដែលវាលើកមកជាហេតុផលម្ដងហើយម្ដងទៀត ក្នុងការ​ធ្វើអំពើលីលានេះទេ។

រហូតដល់ថ្នាក់ព្រមឱ្យខ្លួនឯង ក្លាយមកជាមនុស្សទ្រុស្តក្បត់ មនុស្សអាសិរពិសយ៉ាងនេះ ព្រោះតែចង់ឱ្យសង្សាររស់ ព្រមលះបង់មនុស្ស​ដែលគេខំទុកចិត្ត​ខ្លួន?

ខ្ញុំងាកទៅរកលោកតាឯមហើយនិយាយហ្នឹងគាត់៖

«សូម​លោកតាជួយរកវិធីផង ពេល​ជ្រាប​ដើមហេតុទាំងអស់ហើយ មេត្តាជួយរកវិធីឱ្យអាស៊ុនសុខសប្បាយដូចដើមវិញ ដោះអំពើទាំងប៉ុន្មានដែលប្អូនឆ្កួតលីលារបស់ខ្ញុំ បានធ្វើតាមគ្រូរបៀនដ៏អាត្មានិយម​ពីចម្ងាយម្នាក់នោះ!»

ពេលនោះលោកតាដែលបាន​វិលមកអង្គុយ​ក្បែរស៊ុន ចាប់ផ្ដើមសញ្ជឹងគិត។  យូរៗម្តង​ គាត់ដៀងភ្នែកទៅរក​ឫទ្ធី​ដែលកំពុងតែអង្គុយយំ។

«តាឱ្យរបស់មួយដល់ចៅ!»

ប្អូនចង្រៃរបស់ខ្ញុំស្ទុះមក​ទទួលភ្លាមតែម្តង។

«ចៅយករបស់នេះទៅឱ្យមនុស្សស្រីដែលជាប់ពាក់ព័ន្ធជាមួយឡានក្រុងនោះសិនទៅ! ដើម្បីការពារខ្លួនបណ្តោះអាសន្នបន្លាយពេលវេលា! បន្ទាប់ពីដោះស្រាយរឿងនេះ ទីនេះរួច តានឹងជួយរកមើលថា តើនឹងមាន​ក្បួនណាដែល មកដោះស្រាយជាមួយនឹងរឿងឡានក្រុងនោះបាន!»

គាត់ហុចក្រដាសមួយទៅវា ឫទ្ធី​ទទួលយកដោយដៃពីររញីរញ័រដូចមនុស្ស​មិនគ្រប់ទឹក។

«ពេលនេះ តាត្រូវជួយចៅស៊ុនសិន ហើយការជួយនេះនឹង​ធ្វើឱ្យអ្វីៗទាំងអស់បកទៅរកអ្នកដែលធ្វើអំពើ ខ្មោចឈ្លូស គឺសងទៅម្ចាស់ដើមវិញ!»

ឫទ្ធីទ្រហោយំ​។​ អាប្អូន រហេមរហាមរបស់ខ្ញុំ ទទួលយកក្រដាសបាលីដែលលោកតា​ចារឱ្យ។ ពេលនេះខ្ញុំលួចគិតថា ប្រហែលជាកាលវិលទៅផ្ទះមុននេះ លោកតាសមាធិដឹងរឿងមុនទៅហើយគឺ តាំងពីពេលគាត់ចេញជិះម៉ូតូទៅជួបជាមួយគ្នាគាត់ទាំងបីនាក់ម្ល៉េះ ម្ល៉ោះហើយគាត់បានជាគាត់ប្រគល់វាពីហោប៉ៅទៅឱ្យឫទ្ធី។

«ឆាប់យកទៅឱ្យឈ្មោះពីននោះទៅ!»

គាត់បញ្ជាក់។​

បានអ៊ីចឹងកាលណា​ ខ្ញុំក៏ធ្វើជា​បណ្ដេញវាចេញ ជម្លៀសឫទ្ធីចេញពីបន្ទប់នេះ ដើម្បីបញ្ចប់នូវបណ្តា​សេចក្ដីអៀនខ្មាសទាំងអស់​របស់ខ្ញុំចំពោះគ្រួសារស៊ុន ក៏ដូចជាបញ្ឈប់ មិនចង់ឃើញមានការប្រទូសរ៉ាយណាមួយកើតឡើងរវាងបងសាំងទៅលើវានោះដែរ។

ឫទ្ធីចាកចេញវឹង។

ដូចពាក្យសន្យា លោកតាបានរៀបចំពិធីទៅតាមក្បួនរបស់គាត់។

សម្រាប់ខ្ញុំ លោកតាឯមគឺជាចាស់ជាន់ដើម ដែលមានរបៀនមកមុតជ្រៅជ្រះ ប្រកាន់ហេតុនិងផលពិតប្រាកដ​។ លោកមានចំណេះដឹងខ្ពស់ លើការយល់ឃើញ វិភាគ អំពីវិធីដោះស្រាយ ទៅលើគ្រោះកាចទាំងឡាយ ដែលត្រូវបានប្រើឡើងតាមមធ្យោបាយខ្មៅងងឹតនានា។

រឿងដែលអស្ចារ្យទៀតនោះ គឺជាគាត់គឺជាមនុស្សដែលមានសន្ដានចិត្តល្អ ស្លូតបូត យោគយល់ខ្ពស់ ក្លាយជាមនុស្សដែលខ្ញុំគោរពរហូតមក។

ដោយបានការជ្រោមជ្រែងអំពីគាត់ ល្ងាចនោះយើងបានរៀបចំពិធីចប់សព្វគ្រប់ត្រឹមម៉ោងប្រាំបីយប់​។ ពួកយើងក៏បង្គំ​សំពះលាគាត់ចុះពីភ្នំត្រឡប់មកភ្នំពេញវិញ។

បីថ្ងៃកន្លងផុតទៅ ស៊ុនធម្មតាមិនមានអ្វីកើតឡើងទេ។

ពួកយើងទាំងពីរគ្រួសារ នៅបន្តការរាប់អាន​សួរសុខទុក្ខគ្នា និងតាំងចិត្ត​នៅរក្សាបន្តោងភ្លុក ព្យាយាមសន្សំអំពើល្អឱ្យកាន់តែច្រើនឡើងៗ ដើម្បីឱ្យសកម្មភាព​ប្រចាំជីវិត ក្លាយទៅជាវត្ថុពិសិដ្ឋពិតប្រាកដ រក្សាក្តីរាប់អានមានភាពស្មោះត្រង់​។

ទោះបីជាពេលវេលាបានបំបាត់ទៅបន្តិចម្តងៗនូវរឿងទាំងឡាយដែលជាមន្ទិលឃ្នើស រវាងឫទ្ធីនិងក្រុមគ្រួសារស៊ុន ដោយខ្ញុំតាំងចិត្ត​ទុកឱ្យប្អូនសំគិះម្នាក់នេះ​ដឹងកំហុសដោយខ្លួនឯង មិនទៅមកសួរនាំអ្វី  ឱ្យសមនឹង​មនុស្ស​ចិត្ត​អាត្មានិយមដែលឫទ្ធី​ជាអ្នកចាប់ផ្តើម​មុន ស្រាប់តែនៅយប់ទីបីពេលដែលខ្ញុំកំពុងតែធ្វើ របាយការណ៍វែងអន្លាយមួយសម្រាប់ចៅហ្វាយ ខ្ញុំឮសូរកូនស្រីរមនា​និយាយ​មកប្រាប់ផ្ទាល់នឹងត្រចៀកថា​ «ប៉ាអាចជួយពូឫទ្ធីបាន»។

កូនខ្ញុំមិននៅទីនេះទេ។ ការឮរវើរវាយសំឡេងរមនា ​បានក្លាយជាធម្មតាសម្រាប់ខ្ញុំទៅហើយ តែខ្ញុំចំណាំថា ឱ្យតែរវើរវាយ​ឮអ្វីដែលនាង​ប្រាប់មក ច្រើនតែជាការពិត។

នៅសុខៗ​ ខ្ញុំទម្លាក់ដៃចោលការងារ​ហើយ   ព្រោះចិត្តនេះ​ស្រាប់តែនឹកឃើញដល់ភាពអាណោចអាធម៌ដែល​ឫទ្ធី​សុខចិត្ត​លុតជង្គង់​សារភាព និងសំពះគ្រប់គ្នាដោយវង្វេងវង្វាន់កាលនៅលើភ្នំក្បែរព្រៃឫស្សី។

តើប្អូនប្រុស​ខ្ញុំស្រលាញ់ស្រីម្នាក់នោះកម្រិតណាទៅបានជាគេក្លាយទៅជាបែបនេះ?

ដូចពាក្យថា កាត់ទឹកមិនដាច់ កាត់សាច់វាឈឺ ខ្ញុំក៏សម្រេចចិត្តថា នឹងទៅរកសួរសុខទុក្ខវានៅផ្ទះអាពីន និង​បាន​មើលផ្ទាល់ថា តើមានអ្វីខ្លះដែលខ្ញុំអាចជួយបាន?

មិនទាន់រៀបចេញដំណើរផង កូនស្រីខ្ញុំបានរត់មកប្រាប់ខ្ញុំ ម្ដងណេះគឺនាងមកដោយផ្ទាល់មិនបានសមាធិសំឡេងអ្វីទៀតទេ។

«ប៉ា គ្រូម្នាក់ហ្នឹងឈ្មោះម៉ៅ!»

តាមទម្លាប់ គឺនាងនិយាយខ្លីៗ មិនមាន​ន័យពេញលេញទេ ហើយនិយាយដដែលៗបែបនេះច្រើន​ដង ទាល់តែម្តាយអើតមកពិនិត្យ​ទើបនាង​ដឹងខ្លួនដើរចេញពីខ្ញុំវិញ។

ដោយការសាកសួរឫទ្ធីតាមទូរសព្ទ បានខ្ញុំស្គាល់បងប្រុសជីដូនមួយម្នាក់របស់អាពីន ឈ្មោះ វិសាល​។  វិសាលជាទាហានម្នាក់ វ័យជាងសែសិបឆ្នាំ ​គាត់ទើបនឹង​បានច្បាប់ពីកន្លែងការងារចង់ទៅសួរសុខទុក្ខនាង​ដែរ​ ដូច្នេះ យើងក៏បានគ្នាពីរនាក់ ចេញដំណើរទៅកាន់ទីតាំងដែលអាពីនត្រូវបានក្រុមគ្រួសារនាង​បញ្ជូនទៅស្នាក់នៅព្យាបាលជំងឺ។

នោះជាភូមិមួយដាច់ស្រយាលនៅក្នុងមូលដ្ឋានខេត្តតាកែវ ចម្ងាយប្រមាណជាជាង១៥គីឡូម៉ែត្រពីខេត្ត។ ក្រោមធាតុអាកាសខេត្ត ក្តៅនិងសើម ខ្ញុំបានសុំទុកឡានចតចោល នៅផ្ទះអ្នកលក់ជី ក្បែរផ្លូវហើយដើរបន្តដោយ​ថ្មើរជើង​តាមកូន​​ផ្លូវរទេះតូច​មួយ​​ដែលអ្នកភូមិចង្អុលប្រាប់។

យើងដើរប្រមាណត្រឹម៣០០ម៉ែត្រ ដោយកាត់តាមព្រៃលិចទឹក និងវាលស្រែ ព្រមទាំងស្រះចិញ្ចឹមត្រីផងក៏បាន​ មកដល់ចុងភូមិដែលជាកន្លែងមួយមើលទៅស្ងាត់និងឆ្ងាយពីគេ ដូចជាទីរហោស្ថាន មានតែកូនខ្ទមតូចមួយ ទំនងជាគេទុកសម្រាប់អ្នកដែលដាំឈូកស្នាក់ ព្រោះព័ទ្ធជុំវិញ​ទៅដោយ​បឹងឈូកល្ហល្ហេវផ្ការីកព្រោងព្រាតគួរឱ្យចង់គយគន់។

ខ្ញុំនឹកស្រងេះស្រងោចភ្លាមថា ក្រុមគ្រួសាររបស់នាងទំនងជាបានអស់សង្ឃឹមក្នុងការ​ព្យាបាលបានជានាំនាងយកមកនៅជាមួយធម្មជាតិ ឆ្ងាយដាច់ពីគេកុំឱ្យមានពាក្យមានសម្ដីសួរនាំពីអ្នកភូមិដូចគ្នា?

យើងបានដើរកាត់ប្រមាណជាប្រាំនាទីទៀតទើបអាចរំលងតាមបណ្តាភ្លឺដីតូចវែង ក្រវៀចក្រវៀនដែលគេធ្វើឡើង​សម្រាប់ដើរឆ្ពោះទៅកាន់ ខ្ទម​មួយនោះ។

សត្វទាទាំងហ្វូងក៏បានមកដល់ឆ្លងកាត់ផ្លូវនេះដោយមានអ្នកគង្វាលម្នាក់បណ្តេញ​ពីក្រោយ ឆ្ពោះទៅកាន់ កន្លែងចិញ្ចឹមស្ថិតមិននៅឆ្ងាយពីទីនេះ មើលឃើញចុងកន្ទុយភ្នែក។

នៅពេលដែលចូលទៅកៀកមែនទែនទើបយល់ថា  នេះមិនមែនជាខ្ទមទេតាមពិតគឺជាផ្ទះឈើមួយធំ គ្រាន់សមល្មមអាចមានគ្រែបីបួននៅខាងក្នុងដែរ។

នៅផ្លូវចូល ដែលត្រូវបានបំភ្លឺដោយគែម​ពន្លឺព្រះអាទិត្យចាំងហួសពីដំបូលស័ង្កសី ខ្ញុំឃើញ​ប្អូនខ្ញុំអង្គុយសំកុករង់ចាំទៅហើយ។ មានអារម្មណ៍ថា ថ្ងៃនៅទីនេះ ដូចជាចង់តែ​ទាប​លិចទៅមុនម៉ោងកំណត់ ដូចភាពស្រងេះស្រងោចរបស់ឫទ្ធីដែរ។

«អាពីននៅឯណា! ខ្ញុំសួរវាតិចៗ»

«នៅក្នុងផ្ទះ!»

ឫទ្ធី​បែរមកដោយអំណរ ពេលឃើញពីរនាក់យើងហើយនាំផ្លូវបងជីដូនមួយខាងស្រី​ឱ្យចូលទៅមុន​។ ខ្ញុំអើតតាមស្មា​បុរសទាហាន​សម្លឹងទៅក្នុងផ្ទះដែរ។

ជាមួយនឹងពន្លឺចែងចាំងនៃព្រះអាទិត្យរៀបអស្តង្គតដែលខំប្រឹង​​ជ្រៀតចូលមកក្នុងផ្ទះនេះ​      តាម​រយៈ​ចន្លោះស្លាបព្រិលឈើ និងបង្អួចនាទិស​និរតី  ខ្ញុំអាចឃើញពីចម្ងាយ រូបរាងរបស់មនុស្សស្រីអ្នកជំងឺដេកសន្ធៃលើគ្រែឈើផ្ចឹក​។

នាង​បិទភ្នែកទាំងសងជិតហាក់ហត់នឿយ ពេលបងប្រុសជាទាហានចូលទៅអង្កុយក្បែរសួរនាំ។ បុរសចំណាស់ម្នាក់ និងស្ត្រីម្នាក់រាងទាបក្រអាញទំនងជាឪពុកម្តាយនាង ​អង្គុយស្រងូត​លើកៅអីឈើវែង ខាងត្បូងគ្រែ។

«បងឯងគេមកសួរសុខទុក្ខណាកូន!»

គាត់ប្រាប់នាង ​ធ្វើឱ្យនាង​ប្រឹងបើកភ្នែកព្រឹមៗសម្លឹងបងនាង ហើយបិទទៅវិញហាក់នឿយហត់ល្ហិតល្ហៃ។ ខ្ញុំត្រូវឫទ្ធីទាញ​មកក្រៅហើយខ្សឹបខ្សៀវ។

«ខ្ញុំអង្វរបងឯង ជួយ​អង្វរលោកតា​ឯមផង ​អាពីនមិនធូរ​សោះ!»

ប្អូនប្រុសជីដូនមួយខ្ញុំដែលស្គមកំព្រឹងលន់តួខ្ញុំ ធ្វើមើលតែខ្ញុំនេះចេះសិល៍្ប ចេះជប់?

ខ្ញុំសម្លឹងមុខឫទ្ធី ដោយមិនឆ្លើយនិងសំណូមពររបស់វានៅឡើយ បែរជាសួរវាវិញ៖

«តែពេទ្យគេថាម៉េច? ម៉េចក៏មិនបញ្ជូនឱ្យទៅសម្រាកព្យាបាលនៅពេទ្យបន្តទៀត?!»

រិទ្ធីគ្រវីក្បាលធ្វើមុខល្វីងអស់សង្ឃឹម។ ដៃម្ខាងរបស់វាច្រត់ចង្កេះសម្លឹងទៅហ្វូងទានៅឆ្ងាយដាច់កន្ទុយភ្នែក ដៃម្ខាងទៀត វាសចុះឡើង ម្តងញីថ្ងាស មករឹតក្បាល។ វាហាមាត់ចង់និយាយតែស្ងាត់ទៅវិញ ទំនងជាមិនដឹងពន្យល់ខ្ញុំថាម៉េច។

ខ្ញុំអាណិតប្អូនខ្លោចចិត្ត បានត្រឹមលើកដៃអង្អែលខ្នងវា។ ឃើញ​វាខំទប់ទឹកភ្នែកបានមែន តែខ្ញុំឯណេះមានអារម្មណ៍​ថា វាកំពុង​ពិបាកជាងមនុស្ស​ហាមាត់ស្រែកយំទៅទៀត។ បានបន្តិចវានិយាយ៖

«ទៅពេទ្យម្តងណា គេថាសរសៃប្រសាទ! យកគ្នាទៅឆក់វាស់ក្បាលស្អីមិនដឹងទេ! ឆក់ឡើង មនុស្សជិតឆ្កួតមែនទែនហើយ!»

«នៅដឹងខ្លួនទេ?»

«ដឹងខ្លួនម្ដងម្កាល ប៉ុន្តែពេលយប់ខ្លះធ្វើទុក្ខខ្លាំង!»

«ធ្វើទុក្ខម៉េចខ្លះទៅ?»

«ធ្វើទុក្ខនិយាយផ្ដេសផ្ដាស! ស្រែកឡូឡា! កាច់ដៃកាច់ជើង ពេលខ្លះខមដាក់មនុស្សគ្រប់គ្នា រកតែខាំ ក្រញៅ! បើមិនយកកន្សែងក្រាស់កល់កឱ្យ អាចកាច់កខ្លួនឯងបាក់ទៅក្រោយ!!»

កិរិយាទាំងឡាយ ដែលធីបានរៀបរាប់អម្បាញ់មិញធ្វើឱ្យខ្ញុំនឹកឃើញដល់ស្ថានភាពរបស់អាស៊ុនកាលពីនៅក្មេង គឺត្រូវខ្មោចចូលដូចសភាព​នេះ​បេះបិទ។ ខ្ញុំយកដៃមកកាន់ខ្ទប់ច្រមុះ លាក់កំបាំង​សញ្ញាព្រួយបារម្ភដោយឱនសម្លឹងជើងខ្លួនឯងដែលឈូសឆាយដី។

ប្អូនខ្ញុំរៀបរាប់ទៀត៖

«ម្ដងៗ​បើចេញ​សញ្ញាគួរសង្ស័យ ត្រូវស្រូតចងដៃចងជើងជាប់ ខ្លាចកាច់ខ្លួនឯងបាក់ឆ្អឹង!»

«ហើយយកមកឆ្ងាយម៉េះ?»

«គ្រូមុននោះគេលែងមើលហើយ គេថា​ឱ្យមកនៅក្បែរទឹក ក្បែរផ្កា ជួយកាត់គ្រោះបានខ្លះ!»

ហេតុផលរបស់មិត្ដស្រីឫទ្ធីដែលនិយាយថា ដោយសារតែនាងបានជ្រុលមាត់ទៅ​ឆ្លើយឆ្លងជាមួយឡានក្រុងមួយ​នោះ ធ្វើឱ្យខ្ញុំនឹកឃើញឡើងវិញដោយពាក្យសម្តីទាំងឡាយដែលទើបតែនិយាយជាមួយពូចាមតាមទូរសព្ទ នៅពេលដែលរៀបចំចេញដំណើរមកកាន់ទីនេះ។      ពេលនោះខ្ញុំដឹង​តាម​រយៈ​គាត់មកវិញដែរថា​ដើមឡើយ មីងម៉ៅដែលបានឱ្យផ្កាខ្មៅមួយទងមកខ្ញុំ ពូចាម​ក៏មុនៗមិនដែលស្គាល់មុខដែរ គឺ​ដឹងតែតាមរយៈពាក្យអ្នកស្រុកល្បី។

ទើបតែឃើញពេលដែល មីងម៉ៅគាត់បង្ហាញខ្លួនជួបជាមួយលោកតានិងយាយសក់ដាញ់នៅព្រៃឫស្សីនោះឯង​។

«ពូឮសូរមកថា ពីមុនគាត់ជាអ្នកល្បាតភូមិតែក៏ជាកូនសិស្សមន្តអាគមខាងដោះអំពើធ្មប់ កូនសិស្សលោកតាឯមផ្ទាល់ផង! គាត់ជាមនុស្សស្រីចេះយកអាសាគេ មិនមានគ្រួសារ មានចិត្ត​ក្លាហាន ជាអ្នកល្បាតសកម្មម្នាក់! យប់មួយដែលគាត់បានស៊យទៅឃើញឡានក្រុងនោះផ្ទាល់ ត្រូវគេបក់ដៃហៅឡើង គាត់ក៏ស្រែកឡូឡាថា​អញមិនឡើង! ព្រឹកឡើង​ក៏ធ្លាក់ខ្លួនឈឺដេកនឹងកន្ទេលធ្ងន់ឡើងៗ​ថ្នាំបារាំងមើលមិនជល់! គ្រូ​ម្នាក់ឈ្មោះអឿន ពេលនេះគាត់ទៅស្រុកថៃបង្រៀនរបៀនបាត់ហើយ គាត់បានរួមជាមួយលោកតា​ឯម ជួយដោះជំងឺដែលកើតព្រោះបណ្តាសាខ្មោចឡានក្រុង! តែក្រោយពីនោះដែរ គាត់ក៏បានសន្យា​នឹងមិននិយាយអំពីរឿងឡានក្រុង មិនជួយដោះអំពើអ្នកណាទៀតទាំងអស់ ដើម្បីជាថ្នូរនឹងអាយុជីវិតរបស់គាត់នៅពេលនោះ! បានអ៊ីចឹង​ទើប វិញ្ញាណទាំងឡាយនៅក្នុងឡានក្រុង យល់ព្រមជាមួយគាត់! នេះគឺជាសន្យាគ្នា រវាងគាត់និងខ្មោច​ក្រុមល្ខោន​ ដែលគេជឿខ្លាំង​មកទល់សព្វថ្ងៃនៅទូទាំងតំបន់នេះ​! ក្រោយពីនោះមក ក៏មិនដែលមានអ្នកណា​រកមីងម៉ៅឃើញដែរ គាត់ទៅនៅក្នុងព្រៃស្មសានជ្រៅម្នាក់ឯង មិនឆ្លើយឆ្លងនឹងអ្នកណាទាំងអស់»។

ដូច្នេះហើយ ដោយ​ឃើញខ្ញុំយល់អស់រឿងរ៉ាវ ​ពូចាមក៏ផ្តាំខ្ញុំស្រេចថា លោកតាឯមនឹងមិនចុះពីភ្នំនោះទេ បើសិនជាមនុស្សនៅកន្លែងផ្សេង ពិបាករកគាត់​ជួយណាស់។

ខ្ញុំងើបមុខ ដកអារម្មណ៍ មកវិញដោយ​ងាកមកនិយាយជាមួយ​ឫទ្ធីវិញ ៖

«ម៉េចមិនសាកល្បងនាំ អាពីន ទៅសុំឱ្យលោកតាឯម​គាត់មើលឱ្យ?!»

«គ្រួសារគេថា មិនចង់ឱ្យបកទៅភ្នំនោះទៀត ព្រោះគ្រូដើមដែលជួយពីដំបុងនិយាយថា​បើទៅកន្លែងដើម អាចខ្មោចមានមហិទ្ធិឫទ្ធិជាងមកឆ្ងាយ!»

គំនិតផ្ទុយគ្នាពីខ្ញុំ​មែន តែខ្ញុំគិតហើយ​ក៏​នៅស្ងៀម​មិនមានយោបល់អ្វីទាំង​អស់។ ខ្ញុំមិនដឹងថាពេលនេះត្រូវទៅផ្ទះវិញ ដោយគ្រាន់តែមកសួរប្អូនមួយភ្លែត ឬ​ក៏នៅរួមសុខទុក្ខរកវិធីដោះស្រាយជាមួយវានោះទេ។

ដោយស្មុគស្មាញ ខ្ញុំថយទៅអង្គុយចំខែងជើង គិតរឿងលើគ្រែឫស្សីសម្លឹងទៅបណ្តាបឹងឈូកដែលវែងឆ្ងាយ រាប់រយហិច​តា​​។

នៅក្រោមស្រមោលពេលចុងក្រោយនៃព្រះទនិករ ខ្ញុំនិយាយតិចៗ៖

«ឯងគិតយ៉ាងម៉េចទៀតអ៊ីចឹង?»

«ខ្ញុំប្រាប់ហើយ ខ្ញុំចង់ឱ្យបងឯងអង្វរ​លោកតាម្ដងទៀត!»

«អញនិយាយរួចហើយ គាត់មិនចុះពីភ្នំបាន គាត់ចាស់ហើយ! ជួនកាលគ្រូម្នាក់ៗគេមានក្បួនគេ គ្រាន់តែគេមិននិយាយត្រង់!»

«អ៊ីចឹងមានតែអស់សង្ឃឹមហើយ ខ្ញុំមិនដឹងត្រូវធ្វើម៉េចទេបងអើយ!»

វាច្បូតមុខហើយមកអង្គុយកៀកនឹងខ្ញុំ។

ខ្ញុំឆ្លៀតសួរវិញ៖

«ចុះគ្រូមួយដែលបានបង្រៀនអាគមសត្វឈ្លូសនោះ?!»

«ដោយសារគេខឹងថា អំពើសត្វឈ្លូសត្រូវបានអ្នកដទៃរកឃើញ គាត់ឈប់រវីរវល់មើលឱ្យហើយ!»

ខ្ញុំគ្រហឹមបន្ទោស៖

«ហឹស! អារបៀបរំដោះគ្រោះអាត្មានិយម អញកោតតែឯងព្រមសំពះគេយកមកធ្វើគ្រូ? ឥឡូវរឿងធំឯងឃើញទេ ឫទ្ធី!​ កាលៈទេសៈណាក៏ដោយនៅក្នុងជីវិត​ឯងត្រូវ​មានទំនុកចិត្ត​លើផ្លូវត្រង់​និងអំពើល្អ  ឯងកុំប្រទ្រុស្តអ្នកដទៃ​យករស់ខ្លួនឯង លទ្ធផល​វាមិនដែលល្អទេ បើសាងចេញអាក្រក់នោះ!»

ឫទ្ធីទ្រោបក្បាល ខ្ញុំមិនដឹងថា វាចង់បន្ទោសខ្ញុំដែលរារាំងកិច្ចការវាហើយ​ទៅជួយអាស៊ុន ឬមួយក៏យ៉ាងណាទេ ខ្ញុំគ្រាន់តែ​ដឹងថា ឫទ្ធីកំពុងតប់ប្រមល់ខ្លាំង ដូច្នេះហើយខ្ញុំក៏សង្រួមចិត្តហើយអត់ធន់លែងមាត់ លែងក ដោយ​នៅស្ងៀមជាមួយវា។

នៅក្នុងកាលៈទេសៈលំបាកៗ បើសិនយើងមិនបានជួយអ្វី គ្រាន់តែជួយអង្គុយកំដរជាមួយគ្នាស្ដាប់ដង្ហើមតឹងតែង​ឱ្យគ្នាទៅវិញទៅមកក៏ទុកថាគ្រាន់បើដែរ។

ទោះបីយ៉ាងណាយើងជាបងប្អូននឹងគ្នា ខ្ញុំនៅតែមានអារម្មណ៍​ថា​កំពុងចម្លងការពិបាកចិត្ត រំលែកទុក្ខព្រួយជាមួយវា។ មិនយូរប៉ុន្មាន​ក៏និយាយទៅកាន់វាតិចៗ ៖

«រកបាយទឹកខ្លះទៅ អ្ហែងស្គមណាស់ ចាំអញរកមធ្យោបាយ…!»

ឫទ្ធី​ងើបមុខមកសម្លឹងខ្ញុំដោយក្តីសង្ឃឹម។ ការនេះធ្វើឱ្យខ្ញុំហួសចិត្តជាខ្លាំង។

តើ​ខ្ញុំនេះជាគ្រូហ្ម ឬក៏ជាបារមីស័ក្ដិសិទ្ធិអ្វីកាន់រូបទៅ បានជាគ្រាន់តែខ្ញុំនិយាយថា ព្រម​រកមធ្យោបាយ ស្រាប់តែ​ប្អូនប្រុសខ្ញុំបញ្ចេញ​សេចក្ដីសង្ឃឹមឡើងវិញលើផ្ទៃមុខនិងពន្លឺភ្នែកវាទៅហើយ?

ទោះបីយ៉ាងណាទឹកមុខរបស់របៀបនេះហើយ ដែលខ្ញុំចង់ឃើញ។ ខ្យល់ដង្ហើមខ្ញុំបានដកស្រួល ជាងមុនបន្តិចហើយ ខ្ញុំពិតជា​ចង់ណាស់ គឺ​ចង់ឱ្យគ្រប់គ្នាវៀរចាកចេញពីវិបត្តិនេះ ចង់ឱ្យឫទ្ធី​បានស្ងប់វិញ ដូចកាលដែលខ្ញុំចង់ឱ្យអាស៊ុនបានជាសះដូចដើមដូច្នេះដែរ។

ខ្ញុំយកដៃអង្អែលស្មាប្អូនថ្នមៗហើយនិយាយអះអាង៖

«មាន​កន្លែងណាសមាធិបានទេ បងចង់​និយាយជាមួយរមនា!»

ប្អូនខ្ញុំដៀងភ្នែកសម្លឹងខ្ញុំ។ នេះគឺជាអាថ៌កំបាំងរវាងបងប្អូនយើងទាំងពីរ។ កន្លងមករមនា​និងឫទ្ធីត្រូវគ្នាណាស់​។ តាំងពីក្មេងរហូតដល់ធំ នៅពេលដែលរមនាមានបញ្ហានិយាយស្តីផ្ដេសផ្ដាសដូចជាមាន អ្នកចូលរូប មានតែខ្ញុំនិងឫទ្ធីដែលបានដឹងរឿងនេះច្បាស់ ព្រោះខ្ញុំមិនអាចចែករំលែក ជាមួយនឹងស្រីលាភបាន។

ឫទ្ធីគឺជាពូម្នាក់ដែលខ្ញុំទុកចិត្តថាស្រឡាញ់រមនាខ្លាំង មានតែពេលចុងក្រោយនេះទេ ដែលរមនាបានស្រែកឡើងថា ពូកុំ! ហើយបាននិយាយប្រាប់ខ្ញុំនៅមាត់ទ្វាររីសតថា ឫទ្ធីជាអ្នកធ្វើអំពើដាក់ស៊ុន។

ខ្ញុំដឹងថា រមនានិយាយទៅតាមអ្វីដែលនាងមើលឃើញ។ កូនខ្ញុំអាចមើលឃើញអនាគត ឬមួយក៏កូនខ្ញុំអាចមើលឃើញអ្វីមួយដែលទាក់ទងសំខាន់ជាមួយនឹងដំណោះស្រាយរបស់ខ្ញុំ។

ខ្ញុំនិយាយជាមួយឫទ្ធីជាមួយស្នូរដង្ហើមវែងៗរបស់វា៖

«បងមិនដឹងថា ពន្យល់ឯងយ៉ាងម៉េចទេ ប៉ុន្តែបងចេះតែមានអារម្មណ៍ថា អ្វីមួយដែលបងកំពុងតែតាំងចិត្តដោះស្រាយ គឺ​កូនស្រីរបស់បង បានជួយដោះស្រាយឱ្យ ជាពិសេសរឿងផ្លូវងងឹតដូច្នេះបងសន្យាជាមួយឯង នៅមុខបឹងឈូកនេះថា បងចង់ណាស់ ចង់ឱ្យឯងបានសប្បាយចិត្ត​ដូចដើមហើយរៀបការជាមួយមនុស្ស​ដែលឯងស្រលាញ់!»

ប្អូនខ្ញុំស្រក់ទឹកភ្នែក ប៉ុន្តែទឹកមុខហាក់ពោរពេញទៅដោយសេចក្ដីសង្ឃឹម ដោយ​លើកដៃជូតទឹកភ្នែកផង ពេលឮខ្ញុំអះអាង។

«ឥឡូវបងឯងត្រូវការកន្លែងស្ងាត់មែនទេ?!»

គេនាំខ្ញុំទៅដល់មាត់បឹងនៅឆៀងក្រោយផ្ទះបន្តិច។  ទីនេះស្ងាត់ល្អ ធម្មជាតិស្រស់បំព្រង  នាពេលថ្ងៃហៀប​​អស្ដង្គត​​រឹតតែស្មើផ្ទាំងគំនូរ។

ខ្ញុំបានឃើញ ខ្នងឫស្សីមួយប្រវែងជាងប្រាំម៉ែត្រលយឡើងទៅក្នុងទឹក ទំនង​ប្រហែលជាម្ចាស់ផ្ទះបានធ្វើសម្រាប់ចុះទៅដងទឹកប្រើឬមួយក៏ងូត​បោកគក់អ្វីមិនដឹង ក៏ចង្អុលទៅកាន់ទីនោះ ហើយ​តម្រង់ទៅ​អង្គុយសមាធិ​ដោយដេញឫទ្ធី​ឱ្យឡើងទៅចាំនៅលើវិញ។

ប្អូនខ្ញុំនៅឈរពីចម្ងាយ តាម​មើលខ្ញុំ។ ខ្ញុំឯណេះ​ចាប់ផ្តើមបិទភ្នែកហើយអង្គុយដូចជាមនុស្សសមាធិ មាត់​ខ្ញុំបានទន្ទេញចិះឡើងថា «ម្ចាស់ទឹកម្ចាស់ដី ស័ក្ដិសិទ្ធិទាំងឡាយ សូមឱ្យខ្ញុំធ្វើភាវនាសមាធិលើកនោះ បានហោះក្រឡឹងប៉ះទៅនឹងដំណឹង ​ពីទី​មហិទ្ធិឫទ្ធិណាមួយក៏បាន ឬទៅដល់អារម្មណ៍ញាណសាស្ត្ររបស់កូនស្រីខ្ញុំឈ្មោះឥន រមនានៅភ្នំពេញ សុំឱ្យនាងនិយាយពន្យល់មកខ្ញុំអំពីអ្នកជម្ងឺឈ្មោះពីននេះថា មានអ្វីអាចព្យាបាលបានទាន់ពេលដែរទេ?!»

ខ្ញុំអង្គុយប្រមាណជា១៥នាទី ហើយទន្ទេញឈ្មោះកូនស្រីខ្ញុំជានិច្ចប៉ុន្តែក្រៅពីសូរបោកទង្គិចនៃពពួកស្លឹកឈើស្ងួតក្រផម និងស្នូកសត្វយំនៅមាត់ច្រាំង ព្រមទាំងសូរសព្ទរលកទឹកដែលប៉ះគ្នាជាមួយស្លឹក អណ្ដែតលើជលធា គ្មានអ្វីផ្សេងទាំងអស់។

ដោយបោះបង់ចោលការសមាធិ ភ្លាមៗនោះខ្ញុំបាននឹកឃើញដល់អ្វីដែលបានជជែកលេងជាមួយពូចាមតាមទូរសព្ទ ពេលខ្ញុំនិយាយរឿងអាពីននិងឫទ្ធី គាត់ថា អាចពាក់ព័ន្ធជាមួយនឹងបណ្ដាសាពីព្រោះរហូតមកដល់ពេលនេះ អ្នកស្រុកនៅតែ​ជឿថា ឡាននោះពេលដែលធ្លាក់ទៅខាងក្រោម ស្លាប់នៅបាតជ្រោះ មិនបានធ្វើបុណ្យអ្វីក៏មិនបានទៅចាប់ជាតិ វេទនាក្នុងភាពងងឹតធ្វើឱ្យក្លាយជាវិញ្ញាណចងអាឃាតតែលតោល។ យោងទៅតាមការអះអាងថា កាលពីជាងម្ភៃឆ្នាំមុនមាន​ក្រុមគ្រួសារអ្នកស្លាប់បានទៅរកអ្នកបញ្ជាន់រូប ហើយគេបាននិយាយថាវិញ្ញាណ ស្លាប់ក្នុងឡានបានដាក់ពាក្យបណ្ដាសាដល់ រៀងរាល់យប់ដប់ប្រាំរោច អ្នកណាក្តីដែលបានឃើញឡាននេះឱ្យតែហ៊ានឆ្លើយឆ្លងជាមួយ នឹងត្រូវជួបគ្រោះអាសន្ន។ មីងម៉ៅកាលពីមុន ជាអ្នកល្បាតម្នាក់ មានសេចក្ដីក្លាហានប៉ុន្តែគាត់បានភ្លេចនូវត្រណមនេះ។ តាមថាគាត់មិនគួរឆ្លើយឆ្លងឬក៏ដៀងភ្នែកមើលឡាននោះទេ ទុកឱ្យវាទៅហួសដោយខ្លួនវាទៅចុះប៉ុន្តែគាត់បានស្រែកឡូឡាជេរប្រទេចវា ដូច្នេះហើយបានជាគាត់រងនូវបញ្ហាជាច្រើន រហូតដល់គ្រូរបស់គាត់ម្នាក់ដែលចេញទៅស្រុកថៃ និងលោកតាឯមបានរួមគ្នាដើម្បីជួយសង្គ្រោះជីវិតគាត់ ដោយសារតែមធ្យោបាយ បោកបញ្ឆោតខ្មោចវិញ្ញាណ។

នេះដូច​ជាលោកតាឆុំធ្លាប់ប្រាប់ម្តាយខ្ញុំកាលពីខ្ញុំនៅក្មេង​ៗគាត់រាប់អានគ្រួសារខ្ញុំណាស់ មានល្ងាចមួយ​យើងអង្គុយ​បរិភោគបាយជុំគ្នា គាត់ប្រាប់ថា តាមពិតអំពើវេទមន្តទាំងឡាយនៅលើលោកនេះបានចាប់ផ្តើមមុនវិទ្យាសាស្ត្រ ហើយវិទ្យាសាស្ត្រមិនដែលបំបែកបានអាថ៌កំបាំងពិតនៃអំណាចនៃមន្តអាគមទេ។ មនុស្សជាច្រើនមានការសង្ស័យថា វាជាជំនឿ​ដែលហួសសម័យ ប៉ុន្តែនៅមានព្រឹត្តិការណ៍ជាច្រើន​ដែលមិនអាចបដិសេធ ថែមទាំង​មិនអាច​ពន្យល់បាន​។

សូម្បីតែសព្វថ្ងៃនេះ ចំណាប់អារម្មណ៍និងការរៀបចំដំណើរ​ព្យាបាលរោគ នៅក្នុងជំនឿពីបុរាណនៅតែ​មានច្រើន ពិសេស​ពេលមនុស្ស​ឈឺធ្ងន់ឬមានអាការៈដែលពេទ្យសម័យមិនអាចរកឃើញ​ប្រភព​។

អ្នកស្រាវជ្រាវអះអាងថា ការពិតទៅ មន្តអាគម​នៅតែរក្សា​ខ្លួនឯងបាន​នៅសឹងតែគ្រប់ផ្នែកនៃសង្គមរស់នៅ និងគ្រប់ពេលវេលា។ វេទមន្តតែងតែបញ្ចេញឥទ្ធិពល ទៅលើមនុស្សជាប្រស្នាឱ្យយកបញ្ញាទៅដោះស្រាយ ហើយឥទ្ធិពលរបស់វាទៅលើមនុស្សជាតិត្រូវបានអ្នកវិទ្យាសាស្ត្រជាច្រើនយកទៅពិភាក្សាថា​ អាស្រ័យលើយើងព្រម​ជឿ​ព្រមស្លុង ឬមិនព្រមទទួលយក។ សូរសំឡេងស្លន់ស្លោលាន់ចេញមកពីក្នុងផ្ទះ។

ឫទ្ធីរត់ទៅមុនខ្ញុំរត់ទៅតាមក្រោយ…..

មកដល់មុខផ្ទះ រិទ្ធីចូលទៅក្នុងភ្លាម ចំណែកខ្ញុំនៅទ្រឹងត្រឹមតែ​មាត់ទ្វារ។ សំឡេងថ្ងួចថ្ងូរ ឈឺចាប់​និងកម្រោលរបស់អ្នកឈឺជាមិត្តស្រីឫទ្ធី ទោះបីថាភេទខុសគ្នាពីស៊ុន និងវ័យ​កាលវេលាមិនដូចគ្នា​តែ​ការធ្វើទុក្ខមានលក្ខណៈដូចគ្នាមិនខុសអ្វីសោះកាលពីស៊ុននៅក្មេង។

ខ្ញុំមិនចង់ចូលទៅទេ ខ្ញុំក៏មិនចង់ឃើញទិដ្ឋភាពទាំងអស់នោះ ដូចធ្វើឱ្យស្លាកស្នាមពីអតីតកាលដ៏គួរឱ្យភ័យខ្លាចមកជាប់ជំពាក់សាជាថ្មីក្នុងជីវិតបច្ចុប្បន្នខ្ញុំនោះដែរ។

ខ្ញុំបានថយចេញមកវិញ គឺសឹងមកឈរក្បែរបឹងឈូកសម្លឹងទៅវាលធំល្វឹង​កំពុងត្រឡប់ទៅក្នុងស្ថានភាពខ្វះពន្លឺព្រះអាទិត្យ។

បន្តិចទៀតស្បៃរាត្រីនឹង​គ្របដណ្តប់មកលើភពផែនដីនេះទាំងស្រុង។ នៅក្រោមភាពងងឹតងងល់ យើងមិនដឹងថា នឹងមានអ្វីកើតឡើងចំពោះគ្រួសារនេះទេ តែខ្ញុំក៏មិនមានឥទ្ធិពលអ្វីអាចកែប្រែ បញ្ហាចំពោះមុខនេះដែរ។

ទោះបីជាខ្ញុំមានបំណងចង់ជួយ ប៉ុន្តែខ្ញុំបានប្រឹងប្រែងរួចទៅហើយ។

មួយក្រឡេកភ្នែក ខ្ញុំឃើញអ្វីមួយនៅខាងស្ដាំដៃគឺនៅលើ គ្រែឫស្សីដែលមុននេះឫទ្ធីបានអង្គុយ ហើយខ្ញុំក៏បានអង្គុយចំខែងពិភាក្សាគ្នា។

នៅចំពោះភ្នែកស្រស់ពេលនេះ របស់មួយនោះបានធ្វើឱ្យខ្ញុំភ្ញាក់ព្រើតឡើង។ វាជាជាងទងផ្កាចម្លែកដែលខ្ញុំបានឃើញលើកដំបូងក្នុងជីវិត​គឺ​នៅពេលដែលដើរទៅកាន់ព្រៃកកោះនៅលើភ្នំស្វែងរកស៊ុន។

ខ្ញុំនឹកឃើញភ្លាមទៅដល់សម្ដីរបស់កូនស្រីខ្ញុំដែល​ប្រាប់ដដែលៗមុនពេលចេញមក រហូត​ដល់ខ្ញុំបានសម្រេចចិត្តថាមកមើលនាង​ដល់ទីនេះទាំងខ្លួនឯងដំឡូងមូលសុទ្ធ គ្មានអាគម អាថាន់ មួយចម្រៀក ឬ​មួយម៉ាត់ណាជាប់ប្រាណនោះទេ។

​«ប៉ា គ្រូម្នាក់ហ្នឹងឈ្មោះម៉ៅ!»

មិនរវល់ថា  អ្នកណាបានយកផ្កាមកដល់ទីនេះនោះទេ  ឬក៏ដែនចក្រវាឡនេះបានផ្តល់វាមកឱ្យខ្ញុំ  តែខ្ញុំចាប់​ផ្តើម​លូកដៃទៅពាល់បន្តោងភ្លុក​នឹកបួងសួងដល់លោកតាឆុំថា

«បើសិនជាមនុស្សឈឺខាងក្នុងម្នាក់នេះនៅមាន​អាយុសង្ខារ ពិតជាអាចជួយបាន ហើយ​បើសិនជាឫទ្ធីពិតជាមានស្នេហាស្មោះ អាចធ្វើឱ្យរំជួលដល់មេឃដីភ្លៀងខ្យល់ដូចជា វត្ថុពិសិដ្ឋ ដែលលោកតាឯមបានប្រាប់ខ្ញុំ សូមឱ្យខ្ញុំបានសម្រេចនៅក្នុងការប្រគល់ផ្កាខ្មៅមួយនេះ ទៅឱ្យអ្នកក្នុងផ្ទះ ហើយពួកគេព្រមជឿខ្ញុំ!»

ដោយ​ក្ដាប់ផ្កា​ក្នុងដៃ ខ្ញុំប្រញាប់ចូលទៅក្នុងបន្ទប់ទើមៗ។ គ្រប់គ្នាមិនសម្លឹងមកខ្ញុំទេពួកគេកំពុងស្ថិតក្នុងទុក្ខសោក។

ខ្ញុំឃើញអាពីនម្នាក់នេះ​ស្ថិតនៅក្នុងចំណង ត្រូវបានចងទាំងកដៃ និងកជើង ជាប់នឹង​គ្រែ។ នាង​បើកភ្នែកទាំងគូដែលកោងកាច មាត់ខមមកកាន់គ្រប់គ្នា ឯចុងក្រោយនាងសម្លឹងមកខ្ញុំការដោយមិនដឹងខ្លួន ខ្ញុំលើកផ្កាខ្មៅទៅបង្ហាញនៅចំពោះមុខនាង។

នាង​ស្រាប់តែ​សង្ខើញកិរិយា​ស្រែកឡូឡាខ្លាំងឡើងៗនៅពេលឃើញផ្កា។  ដៀងទៅណោះ ដៃឫទ្ធីកំពុងកាន់អ្វីម្យ៉ាង។  នោះគឺជាក្រដាស  បាលីលោកតាឯមបានប្រគល់មកឱ្យវាតាំងពីនៅលើភ្នំ។    ខ្ញុំប្រើដៃម្ខាង​ទាញយក​មក​ពិនិត្យ​​។ ក្នុងនោះមាន​ជាអក្សរគំនូរ​ក្រវៀច​ច្រើនជួរ បើទោះបីជាខ្ញុំមាន​ចិត្ត​ចង់អានសាក ក៏ខ្ញុំអានមិនដាច់ដែរ។

«ឯងយកក្រដាសនេះ​ធ្វើអ្វីដាក់អាពីនខ្លះហើយ?!»

ខ្ញុំសួរតិចៗទៅឫទ្ធី។

«ទុកក្រោមក្បាលដំណេក! តែឥឡូវនេះខ្ញុំចង់យកមកសាក​គ្របពីលើវា!»

«អ្នកណាប្រាប់ឯងឱ្យធ្វើអ៊ីចឹង?!»

«ខ្ញុំមិនដឹងទេ!​ ចេះតែសាកទៅ!»

ខ្ញុំងក់ក្បាល ដកដង្ហើមធំហើយពន្យល់៖

«នេះគឺជាផ្កា​ចម្លែក​ដែលបានជួយស៊ុននៅលើភ្នំ​! ជាផ្កាដែលយាយម៉ៅបានឱ្យមកបង! បងមិនបានយកមកតាមទេ  ស្រាប់តែឃើញនៅខាងក្រៅមុននេះ! ខ្ញុំគិតថា មនុស្សនេះយើងអាចជួយបាន អាចជួយបាន! អ្នកទាំងអស់គ្នាត្រូវគិតដូចខ្ញុំ!»

ខ្ញុំស្រាប់តែកើតអីបានជានៅសុខៗ មកនិយាយពាក្យអស់នេះចេញមកបាន គឺ​ចេញពីបេះដូង​ពិត​ៗ​តែម្តង ទាំងគ្មានគម្រោង ទាំងមិនដឹងឡើយថា ជួយនាង​ដោយវិធីណាផង?

គ្រាន់តែខណៈនេះ​ បណ្តាពាក្យសម្តីនិងបណ្តាំ​របស់​លោកតាឯមដែល​បានប្រាប់ខ្ញុំ ស្រាប់តែខ្ញុំចងចាំមកវិញបានម្តងបន្តិចៗ ​​«មន្តអាគមទាំងឡាយនៅលើលោកនេះអាចយកឈ្នះតែលើ មនុស្សដែលខ្លាចវា ព្រមចាញ់វា​តែប៉ុណ្ណោះ! បើយើងមានៈ​រឹង អ្នកមិនព្រមចុះញ៉មជាមួយវា យើងនឹងឈ្នះវាបាន!»

ខ្ញុំចាប់អារម្មណ៍ថា អ្នកឈឺដូចជាស្គាល់របស់ទាំងពីរដោយលែងធ្វើអ្វីគិតតែពីខមភ្នែកទាំងគូធំៗ រូងខ្មៅគួរឱ្យខ្លាចដូចជាមនុស្សមិនបានដេកច្រើនខែមកហើយ។​ នាងសម្លឹងមកផ្កានិងក្រដាសបាលីនៅនឹង​ដៃខ្ញុំ។ ខ្ញុំស្រាប់តែលើកបង្ហាញ​របស់ទាំងទ្វេនឹងភ្នែកនាងភ្លាមៗ ដោយតំឡើងសំឡេងគំហក៖

«អញនឹងគប់របស់ពីរស័ក្តិសិទ្ធិនេះទៅលើឯង! ឯងត្រូវចាំថា វាស័ក្តិសិទ្ធិខ្លាំងណាស់ ឯងគឺជាខ្មោចទៅក្នុងអណ្ដូងនោះ ឬមួយក៏ឯងជាមនុស្សនៅក្នុងឡានក្រុងក្ដី ចាកចេញពីរាងកាយ​នេះភ្លាម! ត្រឡប់ទៅកន្លែងឯងវិញទៅ នេះមិនមែនជាកន្លែងរបស់ឯង កាយនេះក៏មិនមែនជាកម្មសិទ្ធិ​របស់ឯងដែរ!»

ស្រាប់តែអ្នកជំងឺ​ប្រឹងបំពាន់ក្រោក​ទាំងក្នុងចំណង​មកខមដាក់ខ្ញុំ។ ខ្ញុំភ័យមួយដង្ហើម ញ័រដៃរហូតធ្លាក់ក្រដាសយ័ន្តនៅលើដងខ្លួនរបស់មនុស្សឈឺ។

ខ្ញុំមិនអាចមានសេចក្ដីក្លាហានគ្រប់គ្រាន់នឹងលូកទៅរើសឡើងមកវិញទេ ដឹងអីនាងហាក់ដូចជាទន់ល្មើយ ស្មើមនុស្សសន្លប់ លែងខម លែង​ប្រឹងគ្រហឹម​ទៀត។

អ្វីម្យ៉ាងជំរុញទឹកចិត្តខ្ញុំហើយស្រែកសួរ៖

«ហើយឯងឈ្មោះអី? ឯងឈ្មោះអី? ប្រាប់អញ!»

ស្រាប់តែនាងងាកមកវិញ។ មាត់អ្នកឈឹម្នាក់នេះ បើកភ្នែកធំៗឆ្លើយមកខ្ញុំវឹងតែម្តងថា៖

«ចាមរី!»

ម្តាយនាងលើកដៃរឹតទ្រូង ចំណែកឪពុករបស់នាងធ្វើមុខស្លេកស្លាំងសឹងអុកគូទទៅលើកៅអីវិញ​។

ឈ្មោះនេះគ្មាននរណាស្គាល់ទេ ខ្ញុំឃើញអាកប្បកិរិយារបស់ពួកគេក៏ដឹងដែរ។ ខណៈឫទ្ធីថយមួយ​ជំហានព្រោះតក់ស្លុត បងប្រុសជីដូនមួយនាង​តែម្នាក់គត់នៅរក្សា​ជំហរ​ឈរក្បែរនេះដដែល​ហាក់មិនចេះភ័យខ្លាចអ្វី។

គាត់ជាទាហានគាត់មិនងាយចាញ់សម្លុតរឿងខ្មោចព្រាយស្រាប់ហើយ។

ពិធីរំដោះគ្រោះដែលខ្ញុំធ្លាប់ឃើញលោកតាឆុំជួយទៅលើអាស៊ុនកាលពីមុន គឺគាត់ស្រែកសួរឈ្មោះដដែលជាដដែលរហូតដល់សាមីខ្លួន និយាយឈ្មោះខ្លួនឯងចេញមកបានន័យថា អារុក្ខអារក្សអ្នកតា ជួយឱ្យវិញ្ញាណពិតរបស់នាងវិលត្រឡប់មកកាន់កាប់រូបកាយវិញបានហើយ។

ខ្ញុំស្រែកសួរជាថ្មី៖

«ឯងឈ្មោះអី?​!»

នាងឆ្លើយតបដដែលទាំងភ្នែកក្រហមសម្លក់ក្រហមង៉ូវដាក់ខ្ញុំថាចាមរី។ ខ្ញុំមិនដឹងថា ចាមរីហ្នឹងគឺឈ្មោះអ្នកប្រពន្ធដើម ឬប្រពន្ធចុងរបស់ព្រាននោះដែលស្ថិតនៅក្នុងអណ្ដូងខាងលិច ឬឈ្មោះអ្នកណាក្នុងក្រុមល្ខោននាឡានក្រុងនោះឡើយ ប៉ុន្តែខ្ញុំនៅតែស្រែកគំហកឡើងៗ ដូចជាលោកតា​ឆុំកំពុងតែចូលមកសណ្ឋិតនៅក្នុងខ្លួនរបស់ខ្ញុំ៖

«ចេញពីរូបនេះភ្លាម! នេះមិនមែនរបស់ឯងទេ!»

ថាហើយ  ខ្ញុំបានបោះផ្កានោះទៅលើដើមទ្រូងនាងគឺនៅចំពីលើក្រដាសបាលី  ដែលលោកតាឯមបានឱ្យមក​ឫទ្ធី​។

ត្រូវរបស់នេះ​ ស្រាប់តែនាងស្រែកលាន់រំពងដូចជាត្រូវព្រនង់សំពង។ សំឡេង​ពេញទៅដោយ​ការ​ឈឺចាប់យ៉ាងខ្លាំង ហើយចុងក្រោយរាងកាយ​ត្រូវស្ងាត់ដូចគេចុកមាត់និងវិលមកសន្លប់ស្ដូកស្ដឹង។

«លែងអីហើយឫទ្ធី! ដូចជាកាលស៊ុនដែរ! សភាពបែបនេះគឺនៅក្រោយពីកាច់ដៃកាច់ជើងនិងស្រែកឡូឡា ត្រូវបាលី​លោកតាឆុំ អាស៊ុនក៏សន្លប់បែបនេះគឺខ្មោចដែលចូលនោះទ្រាំនៅលែងបាន វាក៏ចេញទៅបាត់!​»

ខ្ញុំថាចប់ ក៏បែរ​មកសម្លឹងអ្នកឈឺដេកក្នុងទឹកមុខធម្មតា៖

«ឯងឈ្មោះអី?!»

ខ្ញុំសួរដោយ​គំហកខ្លាំងៗ ស្រាប់តែពេលនោះមិត្តស្រីរបស់ប្អូនខ្ញុំ បើកភ្នែក​ព្រឹមៗហើយ​ងាកមកវិញ​។ នាង​នៅទីទើរ សម្លឹងខ្ញុំ រហូត​ខ្ញុំសួរច្រើន​ដងណាស់ ទើបនាង​ឆ្លើយមួយៗ៖

«ខ្ញុំឈ្មោះពីន!»

គ្រប់គ្នា បើកភ្នែកធំៗដោយសេចក្ដីអំណរនិងចម្លែកចិត្ត។

តើអ្នកជឿលើរឿងតំណាលខាងលើនេះដែរឬទេ? បើជឿតើជឿកម្រិតណាដែរ?

យោងទៅតាមចាស់ទុំដែលអ្នកនិពន្ធបានជួបជជែកពិភាក្សាគ្នា ហើយតំណាលតូចៗជាច្រើនមកផ្គុំឱ្យក្លាយមកជាកម្រងរឿង​មួយនេះ ដូចជា តំណាលរឿងអណ្ដូងខាងលិច រឿងព្រានព្រៃនិងស្រីរាំល្ខោន រឿងខ្មោចរថយន្តក្រុង ដែលធ្លាក់ទៅក្នុងជ្រោះជ្រៅមិនបានដំណឹងរហូតដល់សព្វថ្ងៃ និងរឿងផ្កាស្មៅកន្ត្រីយពណ៌ខ្មៅ។ល។

ទោះបីយ៉ាងណា អ្នកភូមិដែលអ្នកនិពន្ធបានជជែកជាមួយ​លោក​មានគំនិតស្រដៀងៗគ្នាថាប្រសិនបើក្នុងករណីដូចឫទ្ធីដែលមិត្តស្រី​បានរងគ្រោះរបៀបមន្តអាគម គេ​គួរតែជជែកពិភាក្សាជាមួយម្ចាស់ស្រុកឱ្យបានដឹងហេតុផល ដំណើរដើមទងសិន។ មិនគួរនាំគ្នាចេញឆ្ងាយពីទីកន្លែងកើតហេតុ ហើយទៅរកគ្រូដោះអំពើពីចម្ងាយដែលមិនយល់ពីប្រភពជាក់ច្បាស់។ ចំណែក​ការរំដោះគ្រោះ​ដោយ​របៀបអាត្មានិយម ដែលជាកំហុសដ៏ធំមួយនៅក្នុងជីវិតរបស់គេមិនខុសអ្វី​ពីទម្លាប់​របស់តាអិតក្នុងរឿងផ្ទះគ្រូទាយនោះទេ។

តើអ្នកយល់យ៉ាងណាចំពោះភាគនិទានពេជ្របណ្ឌិតមួយនេះ? ហើយពុទ្ធិអ្វីខ្លះដែលអ្នកបានសិក្សាអំពីរឿងអណ្ដូងខាងលិច មួយនេះ?

តើអ្នកចង់ជាវសៀវភៅអណ្ដូងខាងលិចជាវត្ថុអនុស្សាវរីយ៍ទុកក្នុងផ្ទះដែរទេ?