បឹងអតីត ភាគទីពីរ

«ហើយគាត់មានប្រាប់វាសនា​ស្រីប្រុសទាំងពីរដែរ?»

លី លួចខ្សឹបឡើង​មុនគេ ព្រោះមិនអស់ចិត្ត​។ សក្តិ​ងើបមុខ​ពីស្ពកបាយ​ហើយ​គ្រវីក្បាលពេលឃើញអេណានិងផារីក៏តាមសម្លឹងដូចរង់ចាំចម្លើយដែរ។ ជេមស៍សួរឡើងម្តង៖

«ហើយសក្តិទៅជួបតាកែមមិញជាមួយអ៊ំម្ចាស់ផ្ទះសំណាក់ តាកែមនៅចម្លែកៗទៀតអត់?»

សក្តិទំពារ​បន្ត​ធ្វើហី ដូចមិនបានចង់ឆ្លើយឬបង្ហាញថាមិនចាបើអារម្មណ៍វាយតម្លៃអ្នកណាទាំងអស់។

«អ្វីដែលគាត់និយាយ ដូចជាព្យាយាមបិទបាំងការពិត យ៉ាងម៉េចមិនដឹងទេ»លីបន្ថែម​ពីក្រោយជេមស៍។

«កុំមិនបានទៅស្តាប់ផង​ម៉េចឯងដឹង?!»

សក្តិថាឱ្យតិចៗ។

«អឺ មេក្រុម សាកគិតមើល៍ បើបឹងនេះគ្មានអ្នកមក ម៉េចក៏មានស្នាមជើង ពេលយើងមកដល់? »
«ស្នាមដានជើងមនុស្ស​?» ផារីបន្តខណៈលីបើកកាម៉េរ៉ាមក​បង្ហាញពីការសង្ស័យក្នុងចិត្តគេ។

មើលហើយ​អេណា​រិះគន់៖

«មិនដឹងទេស! ម៉េចក៏ច្បាស់ថាជាស្នាមជើងមនុស្ស អាចជាសត្វព្រៃផងក៏ថាបាន»

«តែ…»

«ឈប់និយាយអាក្រក់ៗទៅ​យប់ហើយ ! ចាំសម្តីតែកុងឡានដែរ?​»

សក្តិថាឱ្យ។ លីហាក់មិនអស់ចិត្ត ដែលជជែក​ពីរនាក់សក្តិស្តីឱ្យតែខ្លួនម្នាក់។

 តែអេណា​ក៏លែងហ៊ាន​មាត់ទៀតដែរ​ ។

រាត្រីបន្តិច សក្តិនិងជេមស៍គេងលក់ស្ងាត់លើអង្រឹង​ក្រៅបន្ទប់ដែលចំហរបង្អួច ។​លីមិនដឹងគេងឬនៅព្រោះចងរាងឆ្ងាយ។ ផារី ​ក៏ងាកមកឃើញ​អេណាគ្រលំភួស្ងាត់ទំនងអស់កម្លាំង នាង​វិញធ្មេចមិនលក់​ក៏បានដើរត្រឡប់ទៅខាងក្រៅ​ផ្ទះវិញ ចង់អង្គុយលេងស្រូបខ្យល់អាកាសបរិសុទ្ធ បន្តិចទៀតឱ្យងោគងុយសិន។

មាណវី​អង្គុយពែនព្នែនលើរានហាល មើលទៅស្រមោលព្រះចន្ទស្រាល​ខ្សោយ​រៀប លិច ដែលចាំងចោលបញ្ឆោតបណ្ដែតពន្លឺស្រទន់ គួរឱ្យស្រណោះលើដែនពសុធា​។

ខ្យល់បកត្រសៀកៗពីគ្រប់ទិសទីប្រសព្វគ្នាក្បែរខ្លួនផារី ធ្វើឲ្យនាងបានរសាយអារម្មណ៍ និងភាពស្មុគស្មាញបានមួយអន្លើ។

កំពុងតែបណ្ដែតអារម្មណ៍ឲ្យហោះហើរជាមួយនឹងព្រះវាយោបក់ទៅលិចបន្តិច ទៅកើតបន្តិច ផារីស្រាប់តែភ្ញាក់ព្រើតកន្ត្រាក់ដៃ ពេលបានឮសំឡេងចម្លែកមករត់កាត់ត្រចៀកនាង។

ផារីប្រញាប់សម្លឹងងាករកមើលប្រភពសំឡេង ហើយងើបឈរភ្លែតដើរថយទៅពួននៅជ្រុងម្ខាង។ សំឡេងកាន់តែចូលមកជិត ផារីក៏អាចសម្គាល់បានថា ជាសម្រិបជើងមនុស្ស។

តើអ្នកណាមកទីនេះទៅ? ជាខ្មោច? ឬជាអ្នកណាឲ្យប្រាកដទៅ?

មិនបានឲ្យផារីឆ្ងល់យូរ ម្ចាស់សម្រិបជើងដែលផារីកំពុងចង់ឃើញមុខនោះ ក៏បានប្រាកដខ្លួនលើផ្លូវលំតូច….

«អ៊ំកែម!»

ផារីបុកពោះព្រោះ តាកែមក្រឡេកមើលជុំវិញខ្លួន កែវភ្នែកក្រឡេក​ក្រឡាប់ចុះឡើង ហាក់បីដូចជា
កំពុងស្វែងរកអ្នកណាម្នាក់ និងព្យាយាមលាក់ខ្លួនពីអ្វីមួយ។

ផារីសង្កេតមើលអាកប្បកិរិយាគាត់យ៉ាងយកចិត្តទុកដាក់ រហូតទាល់តែតាកែមចាកចេញនាង​សសៀរទៅតាម​។

ទិសដៅគាត់គឺបឹង…….

ហាមគេមិនឲ្យមក តែមកខ្លួនឯង?ចង់បានន័យថាម៉េចហ្នឹង? ឬមួយក៏ពិតដូចលីស្មានមែន? ថាគាត់មានលាក់អាថ៌កំបាំងអ្វីនៅបឹងនោះ។

ផារីនៅទ្រឹង នាង​សម្រេចចិត្ត​ថា លែងទៅតាម….

ជំពូក៦

ផ្ទះចម្លែកនៅត្រើយខាងលិច​

តាំងពីព្រលឹម​ស្រាងៗ​ពួកគេទាំងប្រាំធ្វើតាម​គម្រោង​របស់សក្តិគឺ​សម្រុកទៅកាន់មាត់​បឹងនោះដើម្បីថតឆាប់បានចប់។ ក្រុមការងារម្នាក់ៗក៏ហត់ទន់ដៃ​ ថយមកអង្គុយសម្រាកនៅក្រោមដើមឈើធំក្បែរមាត់បឹង។

«ហេតុអ្វីក៏ទិដ្ឋភាពបឹងនេះខុសពីម្សិលមិញ​ម្ល៉េះ?»

អេណាទម្លាក់មុខស្មើ ពេលសម្លឹងយូរទៅផ្ទៃបឹង។ ភាពមិនច្បាស់លាស់មួយចំនួន បានលេចឡើងលើរង្វង់មុខផូរផង់របស់នាង។

«ខុសយ៉ាងម៉េចទៅ?» ជេមស៍សួរដោយសំឡេងយ៉ាងទន់ភ្លន់ទៅអេណា។

«ខ្ញុំយល់ថា ទីនេះដូចជាលាក់ទុកនូវមនោសញ្ចេតនានៃការឈឺចាប់មួយ កប់ជ្រៅស្រាយមិនរួចយ៉ាងម៉េចមិនដឹងទេ»

អេណាពណ៌នាមួយៗ ហើយប្រើអារម្មណ៍របស់ខ្លួនផ្សាភ្ជាប់ជាមួយនឹងវិញ្ញាណបឹងក្នុងការស្រមើស្រមៃរបស់នាង។

«អេណានិយាយដូចអ្នកនិពន្ធប្រលោមលោកអ៊ីចឹង»

«ហាសហា ខ្ញុំមិនមែនជាផារីទេ ដែលជាអ្នកនិពន្ធ ប្រើការប្រលោមយកចិត្តអ្នកអាននោះ» អេណាសើច ពេលឮជេមស៍សរសើរថានាងដូចជាអ្នកនិពន្ធ។

«អេណាមិនមែនជាអ្នកនិពន្ធប្រលោមលោកដូចជាផារីមែន តែជាអ្នកប្រលោមមនុស្ស ព្រោះមានមនុស្សច្រើនណាស់ ដែលត្រូវអេណាប្រលោមចិត្ត រហូតដកខ្លួនមិនរួច»

«ស្អីគេ? ដកខ្លួនមិនរួចផង។ ហើយខ្ញុំមានអីទៅប្រលោមគេ?»

«គឺអេណាខ្លួនឯង ទៅប្រលោមគេហ្នឹងហើយ»

«ឆ្គួត….! ចុះជេមស៍ក៏ត្រូវខ្ញុំប្រលោមដែរមែន?» អេណាអៀនមុខឡើងក្រហម ពេលត្រូវបុរសសង្ហាប្រចាំក្រុមបង្ហើរថ្វីមាត់ដ៏ប្រសព្វរបស់ខ្លួន លើកសរសើរដល់នាងមិនដាច់ពីមាត់។

«ប្រុងអត់ទៀតមែន!»

ជេមស៍និយាយទាំងញញឹមខ្ចិបដាក់អេណា ដែលធ្វើឲ្យនាងកាន់តែអៀន។

«ជេមស៍! ចុះបើទីនេះពិតជារក្សាទុកអាថ៌កំបាំងស្នេហារបស់អ្នកណាមែន? តើចុងបញ្ចប់នៃជីវិតស្នេហ៍គេនឹងទៅជាយ៉ាងណាហ្ន៎?»

ក្ឌាំង!

សំឡេងផ្គរលាន់ដ៏រំខាន បានមកដល់ ហើយ។ មេឃស្រឡះឲ្យចែស គ្រាន់តែពពកខ្មៅមួយដុំប៉ុនមេដៃសោះក៏រកកល់ចង់ភ្លៀងដែរ សង្ស័យថាមេឃក៏បានដឹងពីរឿងស្នេហ៍អាថ៌កំបាំងរបស់បឹងនេះដែរ បានជាព្យាយាមបិទបាំងជាមួយគេយ៉ាងនេះ រកតែនិយាយដល់មិនបាន។

ជេមស៍មិនទាន់បានឆ្លើយសំនួររបស់អេណាផង ពួកគេក៏ត្រូវរលះរលាំងញាប់ដៃញាប់ជើង រៀបចំសម្ភារទៅផ្ទះសំណាក់វិញសិនទើបបាន។

«អាសក្តិ! ឯងមើលទៅត្រើយម្ខាងទៀតខាងនោះទៅ ស្អីគេវ៉ើយ?»

កំពុងរៀបចំឥវ៉ាន់ ជេមស៍ក៏លើកដៃចង្អុលទៅត្រើយម្ខាងនៃបឹង និយាយប្រាប់ទៅសក្តិ។

«អើ! ដូចជាផ្ទះមួយយ៉ាងម៉េចមិនដឹងទេ!» សក្តិលាន់មាត់ បន្ទាប់ពីខំមើលយ៉ាងយូរ។

«ត្រូវហើយ! តែម៉េចក៏យើងមិនដែលចាប់អារម្មណ៍ឃើញសោះអ៊ីចឹង?» ជេមស៍ធ្វើមុខឆ្ងល់ដោយចម្លែកក្នុងចិត្ត ហើយបន្ត៖

«អ្នកណាទៅធ្វើផ្ទះនៅហ្នឹង?តោះទៅមើលអ្ហេ៎?»លីសើចស្ញាញបបួល។

សក្តិបដិសេធញ៉ាញនឹង​ការ​លើកសំណើ នេះ៖

«អត់ទេ!មិនបាន!»

«ម៉េចហ្នឹង?ប្រកែកលឿនម៉េះ?!»

«យើងសន្យាថាថតតែពីរម៉ោង​! អាលូវមិនទាន់ចប់ទេ​មិនទាន់រកទំនុក​បកស្រាយនឹងគាត់បានផង!​​ហើយ​និយាយគ្នានឹងអុំកែម គឺថាមិនឆ្លងទៅត្រើយខាងលិច​បានទេវ៉ី! ត្រូវនិយាយម៉ាត់ណាម៉ាត់ហ្នឹង!»

«មេឃជិតងងឹតហើយ ផ្លូវមាត់បឹងក៏រអិលទៀត»អេណាបន្ទោរបន្ទោសគំនិត​របស់លី។

«តោះ!ទៅវិញយើង​!» ផារី​និយាយឡើង​ដោយព្រួយបារម្ភខ្លាចទទឹក​សម្ភារៈ ។

«កុំប្រាប់យើងឲ្យសោះ! ថាផារីឯងខ្លាច» លីថាឱ្យផារី​ហើយ ក៏​​ងាកមក​ស្ពាយអីវ៉ាន់ បកទៅរក​ផ្ទះសំណាក់ក្នុងដំណើរ​តយង៉យមុនអ្នកឯទៀត។

«ហើយថតមិនទាន់ចប់ទៀត?»

សំឡេងមួយបានលាន់ឮមកកាចៗពីក្រោយខ្នងពួកគេ។

 ម្នាក់ៗមិនបាច់ងាកទៅរកម្ចាស់សំឡេងក៏ស្គាល់ថាជាតាកែមដែរ។ តាមេភូមិបោះជំហានដើរយ៉ាងស្វាហាប់សំដៅ រកពួកគេ ដោយបើកភ្នែកធំៗ ហើយសម្លុត៖

«មួយព្រឹកហើយនៅមិនទាន់ចេញពី​ភូមិនេះទេ?»

តាកែមស្រែកបន្ទោសខ្លាំងៗប្រណាំងផ្គរ។  តែយុវវ័យ​ទាំងបួនគ្មានអ្នកណា​មាត់មួយម៉ាត់ ព្រោះខ្លាចថាបើតប អាចនឹងធ្វើឲ្យគាត់កាន់តែខឹង។

«ពួកក្មេងៗនេះនិយាយមិនយកជាការទេវ៉ី​!»

«ថតមិនដូច​អង្គុយហូបបាយទេ អ៊ំ» ​លីតបមកពីខាងមុខហាក់ខឹង។

ជេមស៍ភ្ញាក់ដែរដែលលីមានប្រតិកម្ម។

គេ​ខំងាកមកសម្រួល​ញញឹម​ចង់បានការអភ័យទោសពីតាកែម។

«ពួកឯងជម្លើយណាស់ ! គង់តែ….គង់តែទេអ្ហ៎ា!»

«គង់ស្អីទៅ?…..»លីស្រែកមកទៀតទៅមួម៉ៅ។

«ឈប់មាត់!» សក្តិថាឱ្យពីនេះទៅ តែអ៊ុំកែមជ្រុលជាផ្ទុះខឹងទៅហើយ ។ គាត់ខាំមាត់និយាយបន្ថែម​មកកាន់កែវភ្នែក​បារម្ភរបស់ស្រីៗនិងសក្តិ៖

«មុនក្រោយ​គង់តែ​ស្គាល់មេរៀនទេ!  ចង់ក្លាយជា​ខ្មោចយាមបឹង?»

តាកែមនិយាយទាំងទឹកមុខក្រេវក្រោធ ជេសម៍ឃាត់ភ្លាម​៖

«កុំដល់ថ្នាក់ហ្នឹងពេកអ៊ុំ»

ផារីធ្វើមុខ​ខឹងទាំងងឿងឆ្ងល់និងចរិតបុរសនេះ និយាយស្តីមិនគួរគោរព។ នាង​ហៅមិត្ត៖

«ទៅវិញយើង!!!»

លីត្រឡប់មកវិញព្រោះកំហឹង គេទម្លាក់អីវ៉ាន់មកលើ​ដៃជេសម៍​ហើយ​គំហកដាក់តាកែម៖

« ខ្មោចយាមបឹង​នៅ ផ្ទះត្រើយម្ខាងនោះហ្មែន​?!»

តាកែមហាក់ភ្ញាក់ផ្អើលពេលឮពួកគេរំលឹកដល់ផ្ទះត្រើយ​ខាងលិច។ គាត់ចាប់ផ្តើម​ញ័រដៃក្រោមការពិនិត្យ​របស់ផារីនិងអេណា​។

សក្តិទាញលីវិលមកផ្ទះវិញ ពួកគេ​ក៏មកតាមគ្រប់គ្នាទុកឱ្យតាកែមនៅឈរម្នាក់ឯងសម្លក់ក្មេងៗ។

លីស្រែកឮៗក្នុងចេតនា​ឱ្យតានោះកាន់តែខឹង៖

«អញថតមិនចប់អញមិនទៅវិញ! អញដេកហ្នឹង​រាប់ខែ! មិនមែន​បឹងហ្នឹងកម្មសិទ្ធិផុនពីណាទេអ្ហា៎!»

អេណានិងផារី​មិនហ៊ាន​និយាយអ្វី ឯប្រុសៗពីរនាក់ទៀត​ដឹងថាលីខឹងសម្តីមិនទំនង​នៃបុរសចំណាស់នោះ បានជាគេមិនដឹងឃាត់លីបែបណាឡើយ។

តែបាន​មកដល់ផ្ទះសំណាក់វិញកាលណា ពួកគេ​បានសួរនាំ​ជាមួយ​អ៊ុំសុខ។

«មាន​ផ្ទះមួយ នៅត្រើយខាងលិចបឹងអ៊ុំ? ផ្ទះអ្នកនៅទីនេះមែន?!»

«គ្មាន​ម្ចាស់ទេក្មួយអើយកុំទៅ!»

សក្តិធ្វើជាដេញដោល​ដូចឆ្ងល់៖

«ចុម​ផ្ទះធំសឹងអីអ៊ុំ? ហើយម៉េចក៏ម្ចាស់គេបោះបង់ចោល? អស់លុយមិនតិចទេសង់វា!»

«មិនមែនទេ! វាជាផ្ទះរបស់អ្នកភ្នំពេញ។ គេបានទិញដីជុំវិញបឹង ហើយចង់ធ្វើផ្ទះលំហែ។ គេមិនជឿរឿងពាក់ព័ន្ធនឹងបឹងហាមឃាត់ហើយចចេសធ្វើ ចុងក្រោយគ្រួសារនោះក៏ជួបគ្រោះចរាចរណ៍ស្លាប់ទាំងអស់។ ឯផ្ទះនោះមិនទាន់ធ្វើហើយ ក៏ទុកចោល»

អេណា​ងាកសម្លឹងមុខផារី។ លីវិញ​គេង​គងជើងធ្វើខឹងនៅលើអង្រឹងនៅឡើយ។​ ជេសម៍សួរឡើងម្តង៖

«មានរឿងអីពាក់ព័ន្ធហ្នឹងបឹង​ណេះវិញ បើគ្រោះថ្នាក់នៅ ឯណាឯណោះហ្នឹងអ៊ុំ?»

តាសុខដកដង្ហើមធំ៖

«គេធ្វើផ្ទះនៅហ្នឹង វារំខានអ្នកតាម្ចាស់ព្រៃ ទើបជួបគ្រោះបែបនេះ។ អ៊ុំ​ហាមពួកឯងដ! មិនអាចទៅជាន់ផ្ទះមួយហ្នឹងទេ  វាអាចនឹងនាំភាពចង្រៃដល់គ្រប់គ្នា!»

ម្ចាស់ប្រុសនៃផ្ទះនេះនិយាយទាំងម៉ឺងម៉ាត់ ទៅកាន់ក្រុមយុវជនដែលមាន​អារម្មណ៍មិនល្អស្រាប់ហើយ តែម្នាក់ៗបាត់មាត់រងចាំស្ដាប់គាត់យ៉ាងស្ងៀមស្ងាត់លែងខ្ចីសួរនាំ។

«បើថា ថតមិនទាន់ចប់ព្រោះភ្លៀង ចាំអ៊ុំជួយសុំអនុញ្ញាតពីល្បងកែម ឱ្យនៅត តែ​កុំចចេស​រុករានរំខានទីនោះ គឺត្រើយម្ខាងណោះណ៎ា អ៊ុំគិត​សុវត្តិភាព​ពួកក្មួយទេ!»

និយាយរួច គាត់បែរ​ដើរ​សំដៅឡើងទៅលើផ្ទះបាត់ហាក់មិនចង់ជជែកវែកញែកច្រើន។

«គ្រាន់តែសង់ផ្ទះសោះ ក៏ថារំខានម្ចាស់ព្រៃ នាំគ្រោះស្លាប់ទាំងគ្រួសារ ចុះអ្នកកាប់ព្រៃទាំងហិតតាៗ ម៉េចមិនកាច់កឲ្យស្លាប់ដែរទៅ? ខ្លាំងបានតែជាមួយអ្នកខ្សោយ!»

លីរអ៊ូម្នាក់ឯងរង៉ូវៗ ខណៈពេលអ្នកឯទៀតនៅស្ងៀម ពិចារណាយ៉ាងយកចិត្តទុកដាក់នូបបណ្តាព័ត៌មាន​ដែលទើបទទួលបាន ។

«យប់មិញ អ៊ុំកែមលបមកក្បែរៗផ្ទះនេះ!»

ផារីខ្សឹបដាក់ជេមស៍ ធ្វើឱ្យមិត្តបែរមកសម្លឹងនាង​ដោយយកចិត្តទុកដាក់។ នាង​ងក់ក្បាលបញ្ជាក់ពីលើពាក្យ​សម្តីខ្លួន ​ហើយ​និយាយខ្សឹបៗបន្តទៀត៖

« គាត់ដើរទៅបឹង! យើងឃើញច្បាស់ ពេលពួកឯងដេកអស់! ពេលហ្នឹងយប់ជ្រៅណាស់ហើយ គាត់ទៅធ្វើអី?»

សក្តិនិងជេមស៍មើលមុខគ្នា…..លីទំនងស្រម៉ុកបាត់ហើយ….អេណា​កំពុង​រវល់នឹងឈ្ងោក​ជាមួយ​​ទូរសព្ទកែរូបថតកាលពីព្រឹកមិញ​ ​មិនបានយកចិត្ត​ទុកដាក់ដល់បីនាក់នេះ ដែលជជែកខ្សឹបខ្សៀវយ៉ាងតឹងតែងចិត្តទេ។

ពិតជាដូចជាពាក្យចាស់ថា យប់យន់សុបិនយូរ….សក្តិគេងមិនស្ងប់ អារម្មណ៍គិតតែពីផ្ទះខ្មោចមួយនោះ។ គិតចុះគិតឡើង គេក៏យល់ថា បើមិនស្រាយចម្ងល់របស់គេទាំងយប់ទេ គេច្បាស់ជាដេកមិនស្ងប់ឡើយ។

គិតសព្វគ្រប់ហើយ គេក៏កេះជេមស៍ ហើយរូតរះ​ចេញ​ទៅក្រៅ។

«អ្ហាក៎ ផារីមិនទាន់គេងអ្ហេ៎?»

សក្តិលាន់មាត់ ពេលឃើញផារីនៅអង្គុយនៅក្បែរភ្នក់ភ្លើងនៅឡើយ ដោយមានកាន់ពិលមួយជាប់ក្នុងដៃផង។

«ហើយសក្តិចង់ទៅណាហ្នឹង?» ផារីសួរដោយសម្លឹងមើលទៅពិលដែលនៅក្នុងដៃសក្តិដែរ។

«គឺ…..»

«កុំប្រាប់ថា ចង់ទៅមើលផ្ទះនោះអ្ហា៎?» សក្តិឆ្លើយមិនចេញ ផារីក៏ជួយបង្ហើយនូវពាក្យក្នុងចិត្តរបស់គេ។

«ហ្នឹងហើយ! ចុះផារីចង់ទៅណា? បានជាមានពិលក្នុងដៃដែរ»

          «ដូចគ្នា!» ផារីញញឹមឆ្លើយ។

          «ពួកឯងចង់ទៅទាំងយប់ហ្នឹងមែន?» ជេមស៍ទាញដៃសក្តិមកសួរ។

          «ចុះចាំពេលណាទៀត? បើយើងទៅយប់នេះ អ៊ំកែមគាត់មិនសង្ស័យទេ តែបើទៅស្អែក ឬខានស្អែក គាត់ច្បាស់ជាតាមមើលពួកយើងមិនខាន»

          «ខ្ញុំក៏គិតដូចសក្តិដែរ!»

          ផារីឆ្លើយយល់ស្របជាមួយសក្តិ ព្រោះចំណុចមួយចំនួន ពួកគេទាំងពីរគិតមិនខុសគ្នាឡើយ។

          «តែ….»

          «មិនបាច់តែស្ករអីទេ! ឯងខ្លាចមែន?» ជេមស៍មិនទាន់ទាំងបូរបាច់អស់ផង សក្តិក៏និយាយកាត់បែបចំអកឲ្យគេម្ដងទៀត ព្រោះវិធីនេះធ្លាប់មានប្រសិទ្ធភាពម្ដងរួចទៅហើយ។

          «យើងមិនខ្លាចទេ! ក៏ប៉ុន្តែ…»

          «មិនបាច់ប៉ុន្តែអីទៀតទេ! បើមិនខ្លាចតោះទៅ»

          មិនចាំជេមស៍គិតច្រើន សក្តិក៏ចាប់ទាញដៃគេឲ្យទៅជាមួយខ្លួនតែម្ដង។ ផារីសើចនឹងពួកគេ ហើយក៏ដើរតាមពីក្រោយ។

          «ឈប់សិន!»

          អ្នកទាំងបីនាក់ ដើរមិនទាន់បានប្រាំជំហានផង ស្រាប់តែមានសំឡេងបន្លឺឡើង ធ្វើឲ្យពួកគេទច់ដំណើរបន្តិចដោយភាពស្រពិចស្រពិលក្នុងចិត្ត ហើយងាកក្រោយទៅរកម្ចាស់សម្ដីនោះ។

«ចង់ទៅផ្ទះនោះមែនទេ? ខ្ញុំទៅដែរ»

នារីដ៏ស្រស់ស្អាតម្នាក់ ស្ថិតក្នុងសម្លៀកបំពាក់ជិតឈឹង អាវកក្អម បានបង្ហាញខ្លួនពីក្រោយពួកគេ ហាក់ត្រៀមខ្លួនរួចជាស្រេចសម្រាប់ដំណើរផ្សងព្រេងមួយនេះ។

«មិនបានទេ! អេណាកុំទៅអី វាគ្រោះថ្នាក់ណាស់» ជេមស៍ចូលទៅនិយាយឃាត់ ព្រោះមិនចង់ឲ្យមនុស្សដែលខ្លួនស្រលាញ់ទៅប្រថុយជាមួយពួកគេ។

«មែនហើយ! អេណាកុំទៅអី» សក្តិបន្ទរពីក្រោយជេមស៍ តែមើលទៅដូចជាគ្មានប្រសិទ្ធភាពឡើយ ព្រោះនាងមិនព្រឺ។

          «អ្នកទាំងអស់គ្នាទៅបាន! ម៉េចក៏ខ្ញុំទៅមិនបាន?»

          «ពួកយើងឆាប់ទៅ ឆាប់មកវិញទេ! អេណាកុំទៅអីល្អជាង» ផារីជួយនិយាយលួងលោមអេណា ព្រោះនាងអាចនឹងស្ដាប់មនុស្សស្រីដូចគ្នា។

          «ខ្ញុំមិនខ្លាចទេ! មានសក្តិ មានជេមស៍ ហើយមានផារីមើលថែខ្ញុំទៅហើយ។ ត្រូវអត់ជេមស៍?»

          អេណាញញឹមហើយចូលទៅកៀកដៃជេមស៍ជាប់ ហើយអង្រួនតិចៗ សណ្ដំលួងលោមជេមស៍ ព្រោះនាងដឹងថា គេនឹងមិនបដិសេធសំណើនាងជាដាច់ខាត។

          «បាទៗ មិនអីទេ! ខ្ញុំនឹងមិនឲ្យអេណាជួបរឿងអ្វីឡើយ»

          ឃើញទេ! ល្បិចស្រីស្អាតអេណាបានសម្រេចហើយ។ សក្តីគ្រវីក្បាលហួសចិត្ត ពេលឃើញជេមស៍បែបនេះ។ ស្មានតែគ្រាន់បើ គ្រាន់តែគេកៀកដៃបន្តិចសោះ ស្អីក៏ព្រម សង្ស័យថាឲ្យរត់ចូលឡាន ក៏គេមិនប្រកែកដែរ។

          «កុំទៅអី! ពួកឯងមិនខ្លាចអ៊ំកែមដឹងទេអ្ហី?»

          លីងើបចេញពីតង់ ប្រហែលមកពីពួកគេនិយាយឮពេកហើយ ទើបធ្វើឲ្យភ្ញាក់លីបែបនេះ។ គេដើរមីងមាំងឱបខ្នើយមួយជាប់ខ្លួនមករកអ្នកទាំងបួននាក់ ដោយយកដៃញីភ្នែកញាប់ស្មេ។ ចំជាអ្នកកំពូលដេកមែន! ដាក់លក់ៗហ្មង។

          «បើយើងមិននិយាយគាត់ធ្វើម៉េចដឹង?»

          «ឆ្គួតមែន! បើគាត់មិនឃើញពួកយើងនៅដេកក្នុងតង់ គាត់ច្បាស់ជាដឹង»

          «ចុះអ្នកណាថាពួកយើងទៅទាំងអស់គ្នា?»

          សក្តិនិយាយដោយសើចតិចៗ ធ្វើឲ្យលីស្វាងងងុយចែស។

          «កុំប្រាប់ថា ពួកឯងឲ្យយើងនៅដេកយាមតង់ម្នាក់ឯងអ្ហា៎?»

          «ចុះមានអ្នកណាទៀត?»

          «អត់ទេៗ មិនបានទេ» លីប្រកែកញាប់មាត់។

          «ឯងកុំទៅអី! ក្នុងព្រៃពេលយប់អ៊ីចឹង ជួបអ្វីក៏យើងមើលមិនឃើញដែរ អាចថា…»

          «បានហើយៗ! យើងមិនទៅទេ។ នៅដេកវិញល្អជាង គ្មានពេលទៅជួបខ្មោចទេ»

          ជេមស៍និយាយដល់រឿងខ្មោច ជាចំណុចរសើបរបស់លី ធ្វើឲ្យគេលែងចង់ទៅតាម។

          លីឈប់ខ្វល់ពីពួកគេ ហើយក៏ប្រញាប់ដើរទៅដេកនៅតង់ខ្លួនវិញ ឯអ្នកទាំងបួននាក់នោះក៏បានដើរមួយៗ សំដៅទៅរកបឹងនោះតែម្ដង។

……………

          តាមផ្លូវដ៏ស្ងាត់ជ្រងំ ពួកគេទាំងបួននាក់ក៏ដើរយ៉ាងស្ងប់ស្ងៀមដែរ។ លុះដើរបានឆ្ងាយពីផ្ទះតាកែមសន្លឹមហើយ សក្តិក៏សន្សឹមបើកពិលឡើង។

«ពេលទៅដល់បានឃើញផ្ទះនោះហើយ យើងត្រូវតែឆាប់ទៅវិញណា។ បើឲ្យអ៊ំដឹងថា យើងទៅផ្ទះនោះ ពួកយើងច្បាស់ជាស្លាប់មិនខាន»

«សូ… ! កុំឮមាត់»

សក្តិលើកដៃដាក់លើមាត់ជាសញ្ញា ធ្វើសំឡេងឲ្យអេណាស្ងាត់មាត់ ព្រោះខ្លាចធ្វើឲ្យបែកការណ៍។ ពួកក្មេងៗនេះ ចំជាយ៉ាប់មែន! ការហាមប្រាម ហាក់បីដូចជាការប្រាប់ពួកគេឲ្យទៅទីនោះអ៊ីចឹង។ បើឲ្យតាកែមចាប់បាន ច្បាស់ជាដឹងគ្នាមិនខាន។

«កុំភ័យ! គាត់មិនដឹងទេ។ អាលីវាចេះចាត់ចែងហើយ»

ជេមស៍និយាយបន្ថែម ដើម្បីបង្ហាញពីការត្រៀមខ្លួនដ៏ម៉ត់ចត់របស់ពួកគេ។

«អាហ្នឹងសមនឹងចាំផ្ទះអ៊ីចឹងហើយ បើឲ្យវាមកជាមួយ ច្បាស់ជានាំរឿងឲ្យខូចការណ៍។ បើមិនអ៊ីចឹងទេ ក៏នាំបំភ័យយើង បះសក់មិនខាន»

«ហាសហា និយាយអាក្រក់តែពីគ្នា!»

ផារីនិយាយបណ្ដើរសើចបណ្ដើរ ពេលគេនិយាយពីភាពឥតបានការរបស់លី។

ប្រោក!! ប្រាវ!!…

«ស្អីគេអ៊ីចេះ?»

ជេមស៍លាន់មាត់ ហើយងាកមើលជុំវិញខ្លួន។ សំឡេងសម្រិបជើងយ៉ាងចម្លែកស្រាប់តែចូលកាន់តែកៀកពួកគេ។ សក្តិបង្ហាញភាពនឹងនររបស់ខ្លួន គ្មានមាត់មួយម៉ាត់ប្រឹងផ្ទៀងត្រចៀកស្ដាប់ ហើយងាករេរកមើលអ្វីៗក្បែរនោះ។

«ជាខ្មោចម្ចាស់បឹងទេដឹង? ខ្ញុំខ្លាចណាស់សក្តិ»

អេណានិយាយទាំងភាពភ័យខ្លាច ហើយឱបដៃសក្តិជាប់មិនលែង។ ជេមស៍ចូលទៅជិតនាង ដើម្បីធានាថានាងនឹងមិនអាចមានគ្រោះថ្នាក់ឡើយ។ ផារីជាស្រីដ៏រឹងមាំ ឈរម្នាក់ឯង ភ្នែកក៏រំពៃមើលក្បែរខ្លួន ត្រៀមខ្លួនទប់ទល់បើមានអ្នកយាយី។

ខ្យល់ត្រជាក់បក់វ៉ូ ធ្វើឲ្យពួកគេទាំងអស់ត្រជាក់ព្រឺដល់ឆ្អឹងខ្នង បះរោមក្រញ៉ាង។ សត្វរាត្រីចរក៏កំពុងដណ្ដើមគ្នាយំយ៉ាងទ្រហឹងឯណេះមួយ ឯណោះមួយ ដោយសំឡេងក្រលួចគួរឲ្យខ្លាច។

ហូ….ហូ…..ហូ…….

«យី! ឆ្កែចង្រៃយ៍នេះ មកលូអីថ្មើរហ្នឹង»

សំឡេងឆ្កែលូ ជាមួយនឹងបរិយាកាសទីនោះកាន់តែធ្វើឲ្យពួកគេរន្ធត់ញ័រសព្វប្រាណ។ បើទោះបីជារឹងពឹងប៉ុណ្ណា ក៏សក្តិ និងជេមស៍បែកញើសជោកខ្លួនទៅ​ហើយ។

«គ្មានអីទេ! កុំខ្លាច»

សក្តិនិយាយមួយៗ ដើម្បីសម្រួលអារម្មណ៍មិត្តរួមក្រុមខ្លួន។

«នុះ៎! ភ្លើងហោះ»

ផារីស្រែកភ្លាត់មាត់ ចង្អុលទៅក្នុងព្រៃ តែសក្តិនៅស្ងៀម។

«អាលីទេដឹង?»

សក្តិនិយាយខ្សិបៗក្នុងចិត្ត ទាំងដែលក្នុងដៃកាន់ដំបងមួយជាប់មិនលែង។ គេតាំងចិត្តហើយ នឹងសំពងខ្មោចឲ្យដឹងដៃម្ដង បើសិនហ៊ានចេញបន្លាចពួកគេ។

«គឺអាលីមិនខាន! សាកស្ដាប់កណ្ដឹងជាប់នឹងកវាទៅ»

សក្តិនិយាយយ៉ាងប្រាកដចិត្តទាំងញញឹម។ ក្តីសង្ឃឹម និងស្នាមញញឹមចាប់ផ្ដើម វិលមកកាន់ពួកគេសារជាថ្មី។

«ហ៊ឹម… មើលចុះ! គឺវាមែន។ ពាក់កណ្ដឹងមើលតែឆ្កែ ប្រាប់ហើយឲ្យដោះចេញ តែវាមិនព្រម»

ជេមស៍និយាយទាំងគ្រវីក្បាលតិចៗ

«ចេះធ្វើឲ្យខ្លាចទៅកើត!»

អេណានិយាយ ហើយក៏ប្រលែងដៃចេញពីសក្តិថ្នមៗ។ ផារីសម្លឹងមើលទៅអេណាដែលនៅក្បែរសក្តិមិនដាក់ភ្នែក។

«ពួកឯងដើរលឿនម្ល៉េះ! ដឹងថា… ថាយើងរត់ហត់ប៉ុណ្ណាទេ?»

លីនិយាយទាំងដង្ហើមស្ទើរតែដកមិនដល់គ្នា។

«ចុះឯងមកធ្វើអី? បើអ៊ំដឹងថាពួកយើងលួចចេញមក ច្បាស់ជាស៊យមិនខានទេ!» សក្តិនិយាយទៅកាន់លី។

«ពួកឯងធ្លាប់គិតអត់? បើគាត់ចាប់បាន យើងគឺស្លាប់មុនពួកឯងទៀត ព្រោះយើងនៅផ្ទះជាមួយគាត់»

«អាលីចូលមកនេះបន្តិច!»

«ចូលធ្វើអី?»

ឆ្លើយតបបណ្ដើរ លីក៏ដើរចូលទៅរកជេមស៍បណ្ដើរ។

ផូស!!!….

«ស៊ីមួយក្រញរទៅ! ធ្វើឲ្យយើងភ័យចង់លេចនោម»

«ហាសហា អាហ្នឹងមកពីឯងប្រមាត់តូចតើ!»

ត្រូវគេវាយប៉ុណ្ណឹងហើយ លីនៅមានពាក្យចំអកឲ្យគេទៀត។

«ឯងឆាប់យកប្រឡៅកឯងទុកឲ្យស្រួលបួលទៅ ប្រយ័ត្នធ្វើឲ្យអ៊ំដឹង»

«ដោះក៏បាន! តែនេះមិនមែនប្រឡៅគេពាក់ឆ្កែទេ តែជាខ្សែកមនុស្ស»

លីនិយាយប្រកែកទាំងដៃកំពុងលូកទៅដោះខ្សែកទុក។

«ឈប់ឈ្លោះគ្នាទៅ! ឆាប់ទៅ ឆាប់បានមកផ្ទះវិញ។ ខ្លាចអ៊ំរកពួកយើងមិនឃើញ»

ផារីនិយាយ គ្រប់គ្នាក៏យល់ស្រប ហើយក៏ដើរទៅតាមពីក្រោយសក្តិ ដើរប្របមាត់បឹងសំដៅទៅរកផ្ទះ ដែលពួកគេឃើញពីក្បាលល្ងាច។

«យើងទៅជិតដល់ហើយតើ!»

សក្តិឧទានឡើង ទាំងលើកពិលបញ្ចាំងទៅកាន់ជញ្ជាំងផ្ទះនោះ។

«អាសក្តិ! យើងដូចជាមានអារម្មណ៍មិនស្រួលទេ»

«មិនស្រួលយ៉ាងម៉េច?» សក្តិនិយាយ ទាំងងាកទៅមើលមុខលី ក្នុងអារម្មណ៍ធុញទ្រាន់។

«ឯងមិនយល់ថា ផ្ទះដែលត្រូវគេបោះបង់ចោលកណ្ដាលព្រៃអ៊ីចឹង រហូតមានវល្លិ៍ព័ទ្ធ និងកូនឈើដុះលើបែបនេះ ច្បាស់ជាមានខ្មោចនៅ»

«អ៊ឹស!… ស៊ីមួយដៃទៀតចុះ។ មាត់នៅមិនស្ងៀម!»

លីនិយាយមិនទាន់អស់សេចក្តីស្រួលបួលផង ក៏ត្រូវជេមស៍វាយមួយដៃទៀត។ ចំជាមនុស្សសាច់កម្មមែន!​

«បើឯងខ្លាចមកធ្វើអី?» សក្តិសម្លុតឲ្យលី។

«យើងនិយាយមែន! មិនកើតទេ កុំទៅអី…»

លីនិយាយទាំងញ័រមាត់។ ស្របពេលនោះ ខ្យល់មកពីណាក៏មិនដឹង បក់ខ្លាំងលើពួកគេ។ ម្នាក់ៗក៏ប៉ើងជាយសម្លៀកបំពាក់ និងសក់ឲ្យរសាត់តាមទិសដៅខ្យល់។ ឃើញទិដ្ឋភាពផ្ទះដ៏ងងឹតស្លុបគួរឲ្យខ្លាច ជាមួយសំឡេងសត្វព្រៃយំចេចចាច រិតតែធ្វើឲ្យលីព្រឺញ័រខ្លួន។

«នរណាដើរចេញមកនោះ?»

អេណាស្រែកសួរ ហើយខ្ចប់មាត់ដួលព្រូស។ នាងភ័យពេករហូតទន់ជើងដួល….

ពន្លឺភ្លើងប្លង់ៗហោះចេញពីផ្ទះនោះ។ គ្រប់គ្នាសម្លឹងមិនដាក់ភ្នែក ហើយអារម្មណ៍លោតចេញពីខ្លួនមិនដឹងទៅណា ព្រលឹងព្រលះប្រហែលហោះទៅស៊ីព្រលិតអស់ទៅហើយ។

«តោះអាសក្តិ! នៅយូរទៀតមិនបានទេ» លីនិយាយសន្ធាប់ពីក្រោយពួកគេ ហើយចាប់អង្រួនស្មាសក្តិ។

«យ៉ាងម៉េចហើយអេណា?»

ខណះនោះ ជេមស៍អង្គុយចុះ ហើយនិយាយសួរទៅអេណា មនុស្សដែលខ្លួនស្រលាញ់ទាំងព្រួយបារម្ភ។

«ទៅវិញទេដឹង? អេមស៍ខ្ញុំខ្លាច!»

«សក្តិទៅវិញ!»

អេណានិយាយចេញខ្សាវៗ ហើយផារីក៏និយាយតឿនសក្តិពីក្រោយ។ សក្តិមិនមាត់មួយម៉ាត់ ហើយព្យាយាមដើរទៅមុខ ដោយមិនខ្វល់ពីសំដីអ្នកជុំវិញខ្លួន។ គេកើតអីហ្នឹង?

«សក្តិ! ឯងកើតអី?»

ជេមស៍សួរទាំងឆ្ងល់ក្នុងចិត្ត ហើយចាប់ទាញដៃសក្តិជាប់ មិនឲ្យដើរទៅមុខទៀត។ សក្តិមិនងាកក្រោយ គិតតែចោលភ្នែកសំដៅទៅរកភ្លើងហោះមួយនោះ។

«អាសក្តិ វាខ្មោចចូលទេដឹង?»

លីនិយាយ ព្រមទាំងយកដៃទៅទាញសក្តិមកក្រោយ។ សក្តិបែរមុខមក សម្លឹងភ្លឹកមើលទៅពួកគេ ក្នុងក្រសែភ្នែកគួរឲ្យខ្លាច។

«ខ្មោចចូលវាហើយ!» លីស្រែកទាំងញ័រមាត់។

«អានេះនិយាយរកតែឈឺសាច់មែន! យកមួយក្រញរចុះ»

សក្តិនិយាយ ទាំងយកដៃវាយក្បាលលីខ្លាំងៗ។

«យើងមិនមែនខ្មោចចូលទេ! តែយើងចង់ដឹងណាស់ ថាស្រមោលនោះជាខ្មោចមែនឬយ៉ាងណា?» សក្តិបន្ត

«មើលវានិយាយ! ស្ថានភាពបែបនេះហើយ ឯងចង់បញ្ជាក់អីទៀត? ច្បាស់ជាខ្មោចមិនខាន» លីនិយាយឃាត់សក្តិញាប់មាត់។

«ត្រូវហើយ! កុំទៅអី» ជេមស៍ជួយនិយាយលួងលោមសក្តិ។

«មិនអីទេ!»

និយាយមិនទាន់ផុតមាត់ផង សក្តិក៏ទាញដៃពួកគេចេញ ហើយដើរសំដៅតាមភ្លើងចម្លែកនោះទៅមុខឥតបកក្រោយ។

ក្ឌាំង!! ក្ឌាំង!!

សំឡេងផ្គរលាន់ស្រែកកំហកខ្លាំងៗពីរដងផ្ទួនៗ ហាក់កំពុងគំរាមពួកគេចំពោះភាពព្រហើន។ ពន្លឺរន្ទះបាចសាចសរសៃកាំរស្មីភ្លឺចិញ្ចាច បន្ថែមភាពតក់ស្លុតឲ្យពួកគេកាន់តែខ្លាំង។ ម្នាក់ៗភ័យញ័រខ្លួនចំប្រប់សព្វប្រាណ។

ផារីប្រុងស្ទុះទៅរកហៅសក្តិមកវិញដែរ តែត្រូវលីចាប់នាងជាប់ ហើយក៏នាំគ្នារត់ចោលសក្តិតែម្ដងទៅ។

ជំពូក៧

ស្រីស្អាតមាត់បឹង

សក្តិបិទភ្លើងពិលខ្លួន ហើយដើរតាមពីក្រោយយ៉ាងប្រកិត ជាមួយនឹងស្រមោលពណ៌សនោះ។ អារម្មណ៍សក្តិមិនស្ងប់ តែជើងគេនៅតែត្របាញ់តាមពីក្រោយ ព្រោះចង់ឲ្យអស់សង្ស័យ។ ពេលទៅដល់កន្លែងរានហាល ភ្លើងនោះក៏រលត់។

សក្តិប្រញាប់បើកភ្លើងពិលខ្លួនសំដៅទៅលើនោះ។ មនុស្សស្រីម្នាក់ត្រដាងខ្លួនឡើងចំពោះមុខសក្តិ ហើយក៏ងាកមករកគេក្នុងក្រសែភ្នែកភ្ញាក់ផ្អើលយ៉ាងចម្លែកចិត្ត។

«អ្នកណាគេ?»

សក្តិសួរយ៉ាងមុតមាំ ហើយដៃក្ដាប់ពិលជាប់មិនលែង។ ភ្នែករបស់គេរំពៃមើលទៅនាងឥតដាក់។ នាងមិនមាត់តប គ្រាន់តែបង្ហាញកែវភ្នែកបែបឆ្ងល់ដូចគ្នា។

«ជាខ្មោច ឬជាមនុស្សហ្នឹង?»

ឃើញនាងមិនឆ្លើយ សក្តិក៏សួរសំនួរបន្ត។

«ហើយអ្នកសួរហ្នឹង ជាខ្មោច ឬមនុស្ស?» ការឆ្លើយតបរបស់នាង ធ្វើឲ្យសក្តិស្រឡាំងកាំង។

«ច្បាស់ជាមនុស្សហើយ!»

សក្តិឆ្លើយស្ទើរតែអស់សំណើចចំពោះខ្លួនឯង ពេលមានគេសួរខ្លួនថា ជាខ្មោច ឬជាមនុស្ស?

«ខ្ញុំក៏មនុស្សដែរ! សម័យនេះហើយ មានខ្មោចមកពីណាទៀត?» នាងឆ្លើយធ្វើហី។

«បើជាមនុស្ស ម៉េចក៏នៅផ្ទះខ្មោច?»

«នរណាប្រាប់លោកថា ផ្ទះហ្នឹងជាផ្ទះខ្មោច?»

«គឺ… គឺអ្នកនៅទីនេះ។ បើតាមខ្ញុំមើល អ្នកនាងច្បាស់ជាមិនមែនជាអ្នកភូមិនេះទេ ព្រោះការស្លៀកពាក់ប្លែកពីគេ»

«ហ៊ឹម… លោកក៏មិនមែនជាអ្នកនៅទីនេះដែរ»

នាងនិយាយតែប៉ុណ្ណេះ ក៏ងាកទៅវិញសម្លឹងមើលទៅចន្ទពេញវង់មូលកន្លង់ ដែលកំពុងព្យាយាមបង្ហាញសម្រស់ខ្លួន ដោយខំគេចខ្លួនចាកចេញពីពពកខ្មៅបាំងបិទនាពេលរាត្រី។

«ហេតុអ្វីក៏អ្នកនាងមកនៅទីនេះ?»

«ចំណាយពេលជាមួយទេសភាពពេលនេះវិញ វាប្រសើរជាងដឹងរឿងរបស់ខ្ញុំ»

សក្តិឮហើយ ក៏ចូលទៅឈរទន្ទឹមនាង តែមិនហ៊ានឈរក្បែរនាងឡើយ ព្រោះបើសិននាងជាខ្មោច ក៏មិនអាចធ្វើអីគេបាននោះទេ ពិសេសត្រង់មានបំណងច្រានគេចូលក្នុងទឹក។

ចូលទៅក្បែរនាង សក្តិកាន់តែមានអារម្មណ៍ថានាងជាមនុស្សមិនមែនជាខ្មោចទេ តាមរយះចំហាយក្ដៅភាយៗ ដែលសក្តិទទួលដឹងបានដោយអារម្មណ៍ និងក្លិនពិដោរប្រហើរចេញពីខ្លួនរបស់នាងហើរកាត់ច្រមុះគេ។

ពេលយប់ សក្តិមិនអាចមើលឃើញមុខនាងច្បាស់មែន តែពន្លឺព្រះច័ន្ទក៏បានរំលេចនូវវង់ភ័ក្រដ៏ផូរផង់របស់នាង ល្មមនឹងឲ្យសក្តិធ្លាក់ក្នុងអន្លុងស្នេហ៍ទៅហើយ។

«លោកនៅគិតថាខ្ញុំជាខ្មោចទៀតមែនទេ?»

«អ… អត់ទេ!» សក្តិភ្ញាក់ផ្អើល ហើយក៏ឆ្លើយត្រដិតជាប់មាត់។ នាងស្រាប់តែសួរបែបនេះ នរណាអាចនឹងសម្រួលអារម្មណ៍ទាន់។

«ចុះលោកជឿរឿងនិទានខ្មោចពីបឹងនេះទេ?»

«ខ្ញុំមិនសូវជឿទេ តែអ្នកភូមិនេះគេជឿគ្រប់គ្នា»

«ហាសហា បើគេជឿអស់ហើយ ម៉េចក៏មិនជឿតាមគេទៅ?»

«ចុះអ្នកនាងជឿមែនទេ?»

«ដោយសារមិនជឿហ្នឹងហើយ ទើបខ្ញុំមករស់នៅទីនេះ»

និយាយតែប៉ុណ្ណឹង នាងក៏បញ្ឆេះភ្លើងចង្កៀងវិញ ហើយក៏ចាកចេញពីទីនោះតែម្ដង។

«អ្នកនាងចង់ទៅណា? ចាំខ្ញុំជូនទៅ!»

«បើចង់ជួបគ្នាទៀត កុំមកតាមខ្ញុំ ហើយកុំអ្នកណាឲ្យសោះ ថាយើងបានជួបគ្នា….»

នាងដើរទៅបាត់។ សក្តិស្រាប់តែនឹកឃើញថា គេមិនទាន់ស្គាល់ឈ្មោះនាងឡើយ។ ស្ដាយណាស់! តើគេអាចនឹងមានឱកាសជួបនាងម្ដងទៀតទេ?

ជំពូកទី៨

មិត្តថ្មី

          មិត្តទាំងបួននាក់ដែល​បានត្រឡប់ទៅដល់ផ្ទះវិញហើយ តែអារម្មណ៍ពួកគេនៅតែជ្រួលច្របល់ និងមិនស្ងប់ចិត្តដដែល ព្រោះវត្តមានសក្តិមិនទាន់មកដល់នៅឡើយ។

«ថ្មើរនេះហើយ! ម៉េចក៏អាសក្តិមិនទាន់មកដល់ទៀត?»

លីរអ៊ូ ហើយផ្ទៀងភ្នែកមើលទៅនាឡិកាក្នុងដៃ។

«វាមានរឿងអីទេដឹង?»

ជេមស៍និយាយទាំងបារម្ភ ហើយសម្លឹងមើលទៅគ្រប់គ្នាក្នុងអង្គប្រជុំខ្នាតតូចរបស់ខ្លួនជិតភ្នក់ភ្លើង។

«ហ៊ឹម… កុំគិតបែបហ្នឹងអី! សក្តិច្បាស់ជាមិនកើតអីទេ»

អេណាដកដង្ហើមធំមួយមុននឹងនិយាយ។

«មិនអាចទ្រាំចាំមើលបែបនេះទេ! យើងត្រូវតែទៅរកសក្តិ»

ផារីនិយាយមួយៗ ទាំងកែវភ្នែកពោរពេញដោយក្ដីបារម្ភជាខ្លាំង។

«ផារីឈប់! នាងប្រុងទៅទាំងបែបនេះមែនទេ? ចុះបើអ៊ំដឹង?»

ជេមស៍និយាយខ្សិបៗ ហើយចាប់ដៃនាងឲ្យអង្គុយចុះមកវិញ។

«ត្រូវហើយ! ចាំបន្តិចសិនទៅ» លីនិយាយតិចៗ សម្លឹងមិនដាក់ភ្នែកទៅផារី។

«តែសក្តិកំពុងមានគ្រោះថ្នាក់! ខ្ញុំមិនអាចរងចាំទៀតទេ។ ខ្ញុំត្រូវតែទៅពេលនេះ!»

ផារីនិយាយយ៉ាងស្វាហាប់ ហើយក៏ងើបភ្លេតដើរលបៗចេញតែម្ដង។

«ចាំខ្ញុំផង! ផារី។ ខ្ញុំទៅជាមួយនាង»

ជេមស៍ងើបទៅដែរ ហើយដើរទៅជាមួយផារី។

«ពួកឯងចង់ទៅណា?»

ការវិលមកដល់វិញរបស់សក្តិ ធ្វើឲ្យម្នាក់ៗ មានទឹកមុខស្រស់បោះមកវិញ។ ផារីញញឹមរំភើបចង់ហោះ នាងស្ទើរតែលោតទៅឱបសក្តិទៅហើយ តែមិនអាច។

កាយមកដល់ផ្ទះទៅហើយ តែអារម្មណ៍សក្តិនៅដិតដាមឯបឹងនោះនៅឡើយទេ។ គេមិនទាន់ប្រាកដចិត្តឡើយ ថានាងជាខ្មោចឬជាមនុស្ស? នាងមកពីណា? ហើយមកទីនេះដើម្បីអ្វី?​

«អាសក្តិ! ឯងមកវិញល្អហើយ តែចុះភ្លើងដែលឯងតាមពីក្រោយនោះជាខ្មោច ឬជាអីឲ្យប្រាកដ?»

ជេមស៍ស្រាប់តែនឹកឃើញសួរសក្តិឲ្យអស់ការសង្ស័យ ណាមួយវាក៏ជាចម្ងល់របស់អ្នករាល់គ្នាផង។

«គ្រាន់តែភ្លើងអំពិលអំពែកទេ! វាហោះផ្ដុំគ្នាដល់មាត់បឹង ក៏បែកខ្ចាយតែម្ដង»

«តិចវាជាអាបដែលគេនិទានទេដឹង? វាមិនដែលអំពិលអំពែកអីបែបហ្នឹងនោះ»

លីមិនអស់ចិត្ត នៅតែជជីកសួរសក្តិ។

«ខ្លាចពួកឯងមិនជឿ! យើងក៏បានចាប់មកមួយដែរ»

សក្តិសន្សឹមបើកក្ដាប់ដៃរបស់ខ្លួន ដោយបង្ហាញនូវកូនអំពិលអំពែកមួយ ដែលកំពុងពួកសំងំឥតមានពន្លឺ។ ឃើញថាខ្លួនមានសេរីភាពវិញហើយ កូនអំពិលអំពែកក៏ប្រញាប់ទទះស្លាបតិចៗ បញ្ចេញពន្លឺពីគូទរបស់ខ្លួន ហើយហើរចេញបាត់ទៅ។

«អូ! ស្អាតណាស់តើ។ ម៉េចក៏មិនចាប់មកឲ្យច្រើន? អេណាចង់លែងជាមួយពួកវា»

អេណារត់ដេញតាមកូនអំពិលអំពែកដែលហើរចេញទៅនោះ លេងយ៉ាងសប្បាយរីករាយ។

«ច្បាស់ហើយ? ថាសក្តិមិនបានជួបអ្វីផ្សេងទៀត»

ផារីសម្លឹងមុតទៅរកសក្តិ ដូចជាកំពុងចង់រកការពិតអ្វីមួយពីសក្តិអ៊ីចឹង។ ដល់ពេលផារីមើលខ្លួនបែបនេះ សក្តិក៏ស្រាប់តែនិយាយត្រដិត មិនខុសអ្វីពីជនជាប់ចោទ។

«គ្មា… គ្មានអីទៀតទេ»

«ចុះម៉េចក៏សក្តិនៅទីនោះយូរម្ល៉េះ?» ផារីនៅតែតាមប្រមាញ់ចម្លើយសក្តិ។

«គឺ ខ្ញុំរវល់ដេញចាប់កូនអំពិលអំពែក និងអង្គុយលេងនៅមាត់បឹងហ្នឹងហើយ»

ចម្លើយសក្តិ ហាក់មិនទាន់អស់ចម្ងល់ផារីឡើយ ទើបបានជានាងនៅតែចងចិញ្ចើមមិនស្រាយបែបនេះ។ អ្នកនិពន្ធចំជាឆ្ងល់ច្រើនមែន! ផារីកាន់តែសួរ សក្តិកាន់តែធ្វើខ្លួនមិនត្រូវ ឲ្យគេសង្ស័យ។

«បានហើយៗ ទៅដេកវិញ។ ខ្ញុំងងុយដេកហើយ»

ជេមស៍និយាយហើយ ក៏កៀកកលីចូលទៅដេកតែម្ដង។ ឯអេណា ក៏ដូចគ្នាដែរ នាងក៏ទន់ត្របកភ្នែកស្ទើរបើកមិនរួចដែរ ដូច្នេះនាងក៏ចាប់អូសដៃផារីទៅគេង ទាំងដែលនាងមិនទាន់អស់ចិត្តជាមួយសក្តិ។

ពួកគេទៅដេកអស់ហើយ សក្តិនៅអង្គុយនៅខាងក្រៅដដែល។ គេបោះកូនឈើម្ដងមួយដុំៗ ដោយអារម្មណ៍កំពុងរំលឹកការចងចាំពីក្មេងស្រីម្នាក់ដែលគេបានជួបអម្បាញ់មិញ។

សក្តិមិនយល់ ហើយរិតតែចម្លែកក្នុងចិត្តចំពោះវត្តមាននាងនៅបឹងនោះ។ តើនាងជាមនុស្សដែលតាកែមលាក់ទុកឬយ៉ាងណា? អាចទេ? ថានាងជាកូនលួចលាក់របស់គាត់។

ទេ! មិនមែនទេ តាមរយះសម្ដីសំដៅ និងសម្លៀកបំពាក់របស់នាង បញ្ជាក់យ៉ាងច្បាស់ថា នាងជាក្មេងទីក្រុង។ ចុះនាងមានទំនាក់ទំនងអ្វីជាមួយបឹងនោះ? ជាប់ពាក់ព័ន្ធអ្វីជាមួយតាកែម?

          ដូច្នេះមេក្រុមបានរកវិធី​ក្នុងការបន្តស្នាក់នៅទីនោះ…….។

ល្ងាចស្អែកថ្មី ពែល​ព្រះសូរិយាចាកចោលផុតពីភពផែនដី ម្តងទៀតហើយ ឯសព្វសត្វព្រៃក៏ដល់វេលានិន្ទ្រាតាមវេន តែសក្តិបែរជាមិនទាន់ដាច់ចិត្តចាកចេញពីបឹងនោះ។ គេអង្គុយសំយុងជើងប៉ប្រះទឹក ហើយញញឹមញញែម ហាក់បីដូចជាកំពុងរេរាចាំមើលផ្លូវអ្នកណាម្នាក់។

          «នៅចាំអ្នកណាទៀត? ម៉េចមិនទាន់ទៅវិញ?»

          សំឡេងមួយលាន់ឮពីក្រោយខ្នងសក្តិ ដំណាលនឹងសម្រិបជើងកាន់តែចូលកៀកខ្លួនគេ។ សក្តិរហ័សងាកទៅរកម្ចាស់សំឡេង ដោយក្តីរីករាយឥតឧបមា។ មានអ្នកណាទៀត ក្រៅពីស្រីស្អាតម្ចាស់បឹង ដែលសក្តិនឹកទាំងយប់ទាំងថ្ងៃនោះ។

          «ចាំអ្នកទើបនឹងមកហ្នឹងហើយ!» គេញញឹមបែបលាក់គំនួចដាក់នាង។

          «ចាំខ្ញុំ? មានការអីមែន?» ស្រីតូចចងចិញ្ចើមឆ្ងល់ ហើយប្រថាប់ខ្លួនជាប់កៀកនឹងសក្តិដែរ។

          «មិនឲ្យចាំយ៉ាងម៉េច! បើសន្យាថាយើងនឹងជួបគ្នាម្ដងទៀតអ្ហ៎»

          «ខ្ញុំមានបានសន្យាអីឯណា!»

          «ខ្ញុំក៏មិនដឹងដែរ តែបេះដូងខ្ញុំអ្នកប្រាប់ តាមមើលបេះដូងពួកយើងជាអ្នកណាត់គ្នាទេដឹង?»

          សក្តិកាន់តែបានសម្ដីហើយណាស់តើ។ តាមធម្មតា មិនសូវឃើញលេបខាយពាក្យសម្ដីដូចជាបែបនេះ សង្ស័យតែលង់ស្រលាញ់គេទៅហើយទេ។

          «អាងតែគ្នាមិនចេះមាត់ ទម្លាក់កំហុសដាក់គ្នារហូត»

          បុប្ផាតូចរបស់យើង ចេះអៀនដែរតើ មុខចាប់ផ្ដើមក្រហមហើយ។

          «យើងជួបគ្នាពីរដងនេះ ប្រៀបដូចនិស្ស័យអ៊ីចឹង» សក្តិបន្ត ដោយសម្លឹងមើលមុខនាង។

          «ជួបគ្នាថ្ងៃនេះ មិនប្រាកដជានិស្ស័យទេ អាចថាជាការគ្រោងទុកផងក៏មិនដឹង?» មាណវីស៊កពាក្យមួយម៉ាត់ ធ្វើឲ្យសក្តិចុករហូតនិយាយមិនរួចហើយ ទើបគេបាត់មាត់មួយសន្ទុះ។

          «ពេលខ្លះ ក៏ត្រូវជួយសរសេរព្រហ្មលិខិតឲ្យខ្លួនឯងដែរ បើចាំតែគេ ធ្វើម៉េចនឹងឲ្យយើងពេញចិត្តទៅ»

          «ហាសហា..» នាងសើចតិចៗ ហើយយកដៃមកបាំងមាត់។

          «ខ្ញុំឈ្មោះសក្តិ។ ហៅខ្ញុំសក្តិៗក៏បាន ប៉ុន្តែខ្ញុំមិនដឹងគួរហៅឈ្មោះអ្នកនាងថាម៉េចទេ។ បើហៅថាអ្នកនាងៗ ដូចជាឆ្គងណាស់»

សក្តិចាប់ផ្ដើមដាក់មនោគមហើយ។ គ្រាន់តែចង់សួរឈ្មោះសោះ ធ្វើជានិយាយនេះនិយាយនោះ ពង្វាងផ្លូវឆ្ងាយដល់ហើយ សុទ្ធតែជួបគ្នាជានិស្ស័យ ចុះឲ្យខ្ញុំហៅអ្នកនាងថាម៉េចទៅ? ហ៊ឹម កំលោះសក្តិនេះ ពិបាកមើលចិត្តមែន។

          «បើចង់សួរឈ្មោះ ម៉េចមិនសួរត្រង់ៗមក ចាំពិបាកវែងឆ្ងាយធ្វើអី»

          ហាសហា ខ្លាំងយ៉ាងណា គ៏មិនអាចគេចផុតពីស្រីតូចដដែល។ នាងច្បាស់ជាធ្លាប់មានព្រានតាមស្រលាញ់ច្រើនហើយ បានសក្តិគ្រាន់តែចេញកន្ទុយបន្តិច នាងក៏ស្គាល់ច្បាស់តែម្ដង។

          «ខ្ញុំឈ្មោះអន!»

          អូ! ឈ្មោះពិរោះណាស់តើ។ អ៊ីចឹងបានជាស្អាតយ៉ាងនេះ។ ទាំងមុខមាត់ អាកប្បកិរិយាមាយាទរម្យទម្យ ពិតជាសមនឹងឈ្មោះអនណាស់។

          «តួឯកក្នុងបទ “អនអើយស្រីអន” មែន?»

          «ចុះមើលមុខទៅ ដូចគ្នាអត់?»

          «អត់ដូចទេ!» សក្តិរហ័សប្រកែក ហើយញញឹមតិចៗដាក់អន។

          «អ៊ីចឹង ច្បាស់ជាមិនមែនហើយ! តែខុសគ្នាដាច់ហ្មងអ្ហី? ជីតាខ្ញុំប្រាប់ថា មុខខ្ញុំស្រដៀង ទើបគាត់ដាក់ឈ្មោះនេះ» អនសួរបញ្ជាក់សក្តិ ហាក់មិនអស់ចិត្តទាល់តែសោះ ចំពោះចម្លើយរបស់គេ។

          «ច្បាស់ណាស់! មិនដូចគ្នាឡើយ ព្រោះអនស្អាតជាអនក្នុងរឿង រហូតយកមកប្រៀបគ្នាមិនកើត»

          «កុំមកបញ្ជោរខ្ញុំ!»

          ការសន្ទនាដ៏វែងអន្លាយ ជាមួយពាក្យពេចន៍ស្នេហ៍ដ៏អន្លុងអន្លោចរបស់កំលោះក្រមុំទាំងពីរនាក់នេះ ហាក់កំដរភាពឯកោរាប់សិបឆ្នាំរបស់បឹងនេះឲ្យមានជីវិតរស់រានជាថ្មីម្ដងទៀត។

          សម្រស់បឹងនាពេលយប់ដ៏ស្រស់ស្អាត ជាមួយជំនោរខ្យល់ដ៏ស្រទន់ ហាក់កំពុងបបោសអង្អែលថែថមលួងលោមជាល្បោយក្តីសុខរបស់អន និងសក្តិ ធ្វើឲ្យពួកគេរីករាយជាមួយពេលវេលាជួបគ្នាដ៏ខ្លីនោះ។

          អ្វីដែលពួកគេគួរតែធ្វើ ទុកឲ្យពួកគេជាអ្នកសម្រេចទៅចុះ យើងទៅនិយាយពីក្រុមការងារដ៏កំសត់ ដែលសក្តិបានបំភ្លេចចោលទាំងបួននាក់នោះវិញ។ ពួកគេម្នាក់ៗ អង្គុយចាំមើលផ្លូវសក្តិមកវិញ មិនខុសអ្វីពីកូន ដែលចាំផ្លូវឳពុកម្ដាយ មកពីធ្វើការទេ។

          គ្រប់គ្នា ហាក់រងចាំក្នុងសភាពធម្មតា លើកលែងតែផារីដែលអន្ទះសាបារម្ភខ្លាចមានរឿងអ្វីកើតឡើងចំពោះសក្តិ ទើបយប់ថ្មើរនេះទៅហើយ គេមិនទាន់មកដល់ផ្ទះទៀត។

          «ផារីទន្ទឹងមើលផ្លូវអាសក្តិមែន? បន្តិចទៀត វាមកវិញហើយ» ជេមស៍ឃើញផារីអារម្មណ៍មិនជាប់ខ្លួន ទើបនិយាយទៅនាង។

          «តែនេះដូចជាយប់ហើយណា៎ ម៉េចសក្តិមិនទាន់មកទៀត?»

          ផារីតបទៅវិញ ដោយបង្ហាញបីការយកចិត្តទុកដាក់ខ្លាំងរបស់នាង ដែលមានចំពោះសក្តិ ឲ្យគ្រប់គ្នាបានឃើញ។

          «កុំទៅខ្វល់វាពេក! អានេះលួចទៅសំកុកតែនៅបឹងហ្នឹងរហូត សង្ស័យតែលួចស្រលាញ់ខ្មោចទេដឹង»

          លីមិនដឹងដើរចេញមកពីណា និយាយឡើងធ្វើឲ្យគ្រប់គ្នាសើច។

          «ចុះខ្មោចហ្នឹងស្អាតប៉ុនណាទៅអ្ហា៎? បានអាសក្តិវាស្រលាញ់ខ្លាំងអ៊ីចឹង»

          ជេមស៍រុញទូកបណ្ដោយទឹក ធ្វើខ្លួនដូចជាចូលដៃចូលជើងជាមួយលី និយាយដើមសក្តិ។

          «ប្រាកដជាស្អាតជាអេណា និងផារីហើយ។ បើខ្មោចអាក្រក់ជាង ស្មានតែវាល្ងង់ទៅរកខ្មោចអ្ហា៎ស» លីបន្ត ដោយសើចដាក់ជេមស៍។

          «និយាយដើមសក្តិទៅ! ចាំមើលខ្ញុំប្រាប់សក្តិ» អេណាជួយការពារសក្តិ ព្រោះមិនចង់ជាប់ពាក្យថាមុខអាក្រក់ជាខ្មោចនៅបឹងនោះ។

          «បានតែក្រោយខ្នង! បើសក្តិនៅ គ្មានមាត់មួយម៉ាត់» ផារីចំអកឲ្យលី។

          «ឲ្យមាត់យ៉ាងម៉េច? បើម៉ាត់ណាក៏ធាក់ ម៉ាត់ណាក៏វាយនោះ»

          «និយាយអ៊ីចឹង ទៅតាមសក្តិមកវិញអត់? បើមិនទៅ ខ្ញុំទៅ» ផារីបញ្ជាក់ពីចិត្តខ្វល់ខ្វាយពីសក្តិ។

          «អីយ៉ាៗ ដូចយើងស្មានមិនខុសទេ ផារីស្រលាញ់អាសក្តិ!»

          លីសើចចំអន់ផារី។

          «ឆ្គួត! ចេះតែថាហើយ»

          ផារីមាត់រឿង តែបេះដូងនាងមិនរឹងដល់ថ្នាក់នោះទេ។ គ្រាន់តែគេនិយាយដល់ថា ផារីស្រលាញ់សក្តិ បេះដូងនាងក៏ស្រាប់តែលោតញាប់។ ឯមុខរបស់នាងវិញ ក៏ស្រាប់តែឡើងក្រហមមួយរំពេចន៍។

          «ម៉េចអៀនហើយមែន?» លីបន្តចំអន់ផារី។

          «ចេះបង្អាប់អាសក្តិ និងផារីទៅកើត ឯងនេះ! សមតែពីរជើងទេ» ជេមស៍ជួយផារីដោយសើចដាក់លី។

          «មិនចេះបារម្ភពីមិត្តរួមក្រុមទេអ្ហី? មនុស្សចិត្តអាក្រក់» ផារីមានទឹកមាត់លេប ហើយឌឺលី

          «ត្រូវហើយអាលី! នេះបើសិនជាឯងបាត់ខ្លួនវិញ ថ្មើរនេះ ផារីច្បាស់ជាគេងលក់សុបិនបារម្ភពីឯងមិនខាន»

          «ត្រូវៗ អាជេមស៍។ ឯងនិយាយបានល្អណាស់ យើងដឹង ហាសហា…»

          ជេមស៍ចំជាទុកចិត្តមិនបានមែន មិនដឹងនៅខាងណាឲ្យប្រាកដទេ។ ចុងក្រោយ បែរជាលួចចាក់ផារីមួយកាំបិត រហូតតបតមិនរួចហើយតើ។ ទាំងអេណា ជេមស៍ និងលីនាំគ្នាសើចឌឺផារី រហូតនាងអៀនដើរចេញពីទីនោះបាត់តែម្ដង។

          នាងមិនមែនគេចចេញ ខ្លាចពួកគេព្រួតដៃគ្នាធ្វើបាបសតិអារម្មណ៍ខ្លួន ដោយពាក្យសំដីចំអន់លេងនោះទេ តែនាងគ្រាន់តែចង់ទៅតាមមើលសក្តិប៉ុណ្ណោះ។ ទាំងសក្តិ ទាំងតាកែម សុទ្ធតែបង្កការសង្ស័យដល់នាង ពួកគេទាំងពីរនាក់ ហាក់កំពុងបិទបាំអាថ៌កំបាំងម្នាក់មួយៗ រៀងខ្លួនអ៊ីចឹង។

          ជំហានផារីញាប់ទៅៗ ដោយចិត្តពុះកញ្ជោលចង់ដឹងការពិត។ កាន់តែចូលកៀកមាត់បឹង នាងក៏បានឃើញកូនភ្លើងតូចមួយលើរានហាល។ នាងប្រាកដចិត្តណាស់ ថាអ្នកកាន់ភ្លើងពិលនោះគឺជាសក្តិ តែមានអារម្មណ៍ដូចជាឃើញគេកំពុងនិយាយជាមួយអ្នកណាម្នាក់។

          «សក្តិ!»

          ផារីស្រែកហៅសក្តិ ពីចម្ងាយទាំងមិនទាន់ដើរទៅដល់។ ឯសក្តិក៏ប្រញាប់ងាកមករកនាង ហើយអាការភ័យៗ ដូចមនុស្សរអៀសខ្លួន។

          «ផារីមកធ្វើអី?»

          «គឺមកតាមសក្តិហ្នឹងហើយ! ចុះម៉េចក៏នៅទីនេះយូរម្ល៉េះ?»

          «អ៎ អង្គុយលេងបន្តិច ក៏យល់ថាអស់កម្លាំង ហើយដេកមួយភ្លេចទៅ»

ផារីនិយាយដោយដើរចូលទៅ ហើយទម្លាក់ខ្លួនអង្គុយជិតសក្តិ។ គ្មានអ្នកណានៅក្បែរគេឡើយ តែកន្លែងមួយក្បែរសក្តិបែរជាក្ដៅអ៊ុនៗ ដូចមានមនុស្សទើបតែអង្គុយអ៊ីចឹង។ ផារីឆ្ងល់!

«សក្តិ! មុននេះអត់មានគេអង្គុយក្បែរសក្តិអ្ហេ៎?»

សក្តិងាកមើលមុខផារីដោយចម្លែកចិត្ត។ ផារីស្រាប់តែសួរបែបនេះ ម៉េចនឹងអាចមិនឲ្យសក្តិភ្ញាក់ផ្អើលទៅ។

«ហេហេ… មានអ្នកណាអង្គុយក្បែរខ្ញុំទៅ។ ចង់គិតដូចអាលីមែន? ថាមានខ្មោចនៅទីនេះ»

សក្តិបន្លប់ ឆ្លើយសើចៗ ធ្វើជាហីមិនខ្វល់ពីផារី។ តាមពិត សក្តិកំពុងតែបង្វែរដាន ដើម្បីកុំឲ្យផារីដឹងថា គេបានជួបអននៅទីនេះ។

«តោះទៅវិញ! ពួកគេបារម្ភពីសក្តិណាស់» មិនទទួលចម្លើយពិតពីសក្តិ ផារីក៏ឈប់សួរ ហើយក៏បបួលគេទៅភូមិវិញ។

«អូខេ តោះ!»

សក្តិរហ័សក្រោកឡើង ហើយលើកឥវ៉ាន់របស់ខ្លួនមកចំនួនមកស្ពាយ ដើរបណ្ដើរផារីចាកចេញពីទីនោះតែម្ដង។ ពេលដើរទៅ ផារីចេះតែងាកមកក្រោយ ហាក់ដូចកំពុងសម្លឹងស្វែងរកអ្វីមួយនៅបឹងនោះ។

រកមើលអ្វីមិនឃើញ ផារីក៏ចងចិញ្ចើមទម្លាក់ភ្នែកមកមើលវត្ថុមួយ ដែលនាងក្ដាប់ជាប់តាំងពីក្រោកឡើងដើរចេញពីបឹង មុននឹងបង្ហួសខ្សែភ្នែកមើលទៅសក្តិ។ តើវត្ថុក្នុងដៃនោះជាអ្វីទៅ?