បឹងអតីត ភាគទី៣

ព្រឹកព្រលឹមមិនទាន់ សក្តិ និងក្រុមការងារក៏បានទៅដល់បឹង ម្នាក់ៗ ធ្វើការងាររៀងៗខ្លួន ខ្លះរកប្លង់ ខ្លះក៏រៀបចំពន្លឺ ឯខ្លះក៏ទើបតែស្ពាយឥវ៉ាន់មកដល់។

«ហើយម៉េចក៏យូរម្ល៉េះ?» សក្តិចូលទៅជួយលើកសំពាយពីស្នាលី។

«នៅមកសួរទៀត! ម្នាក់ៗយកតែមួយរួចខ្លួន ទុករបស់ធ្ងន់ៗឲ្យយើង»

«ធ្វើម៉េចក៏សម្លាញ់កម្លាំងខ្លាំងជាងគេ»

ជេមស៍និយាយបណ្ដើរសើចបណ្ដើរ។

«អាជេមស៍ ឯងថតប្លង់នៅក្រោមដើមឈើហ្នឹងឲ្យឆាប់ចប់ នឹងបានបង្ហោះដ្រូនថតទេសភាពជុំវិញនេះផង យើងចង់បានទិដ្ឋរួមមើលពីលើ»

«អើ! តែឯងទៅរៀបដ្រូនមុនទៅ ចាំថតហើយយើងទៅរកឯង»

«យើងចាំឯងនៅខាងណោះ!»

ថាហើយ សក្តិក៏កាន់កាបូបដាក់ដ្រូន ដើរចេញពីកន្លែងនោះ ដោយទុកផារីឲ្យជួយមើលការថត។ សក្តិចេញផុត ផារីតាមមើលជាប់ពីក្រោយ។

«មិនដាច់ចិត្តមែន? ទៅតាមវាទៅ!»

ឃើញផារីតាមមើលសក្តិ លីក៏ចូលទៅចំអន់នាង។

«ម៉េច! ទើសយើងមែន?»

ផារីដើរធ្វើហី មិនខ្វល់និយាយជាមួយលីទៀត។ ជេមស៍អស់សំណើច ពេលឃើញផារីបង្ហាញកាយវិការបែបនេះ។

កំពុងតែថតវីដេអូ តាកែមស្រាប់តែដើរមកដល់ពីក្រោយពួកគេ។ ផារីប្រញាប់លើកដៃសំពះគាត់។

«ជម្រាបសួរអ៊ំ»

គាត់មិនឆ្លើយបែរជាសម្លឹងពួកគេម្តងម្នាក់ហើយ សួរ៖

«ចុះឯណា ម្នាក់ទៀត?»

«សក្តិក៏អីអ៊ំ? នោះនៅជិតបឹងខាងណោះ»

ផារីចង្អុលទៅកន្លែងដែលសក្តិ កំពុងអង្គុយរៀបចំដ្រូន យ៉ាងយកចិត្តទុកដាក់។

«ទៅធ្វើអីទីនោះតែម្នាក់ឯង?»

«កំពុងត្រៀមថតប្លង់ពីលើមួយទៀត អ៊ំ» ជេមស៍បញ្ជាក់

«អើ! ថតអីថតទៅ។ អ៊ំមកគ្រាន់ចង់បញ្ជាក់ពួកឯងថា កុំនៅ ដល់យប់ៗពេក »

«ចាស៎ អ៊ំ» អេណាឆ្លើយតំណាងពួកគេ ហើយញញឹមទៅអ៊ំកែម ដែលមុខមិនស្រស់អីបន្តិច។

«អឹះ ល្ងាចនេះ ទៅផ្ទះអ៊ុំហូបអីបន្តិចទៅ អ្នកឯចុងភូមិ គេបានសាច់ឈ្លូសច្រើនក្រែល យកមកឲ្យអ៊ំ អាចនាំគ្នា​ធ្វើម្ហូបញ៉ាំតាមសប្បាយបាន​»

«មែនក៏អីអ៊ំ?  អរគុណច្រើន ល្ងាចនេះ ខ្ញុំនឹងធ្វើម្ហូបឲ្យឆ្ងាញ់ជូនអ៊ំពិសារ» ផារីស្រាប់តែនិយាយឡើង បង្ហាញពីភាពជាស្រ្តីរបស់ខ្លួន។ អ្នកគ្រប់គ្នា ស្ទើរតែភ្លេចថាផារីជាមនុស្សស្រីទៅហើយតើ ព្រោះនាងតែងតែស្លៀកជាប្រុស ហើយមិនដែលស្លឲ្យពួកគេញ៉ាំឡើយ។ ពួកគេគិតថា ក្រៅពីអាំងនិងឆា នាងគ្មានចេះអ្វីទៀតទេ។

« ល្ងាចនេះ អ៊ំមានការរវល់ ទាល់តែយប់ទើបមកផ្ទះវិញ មិនរំខានពួកឯងទេ​»

និយាយចប់មិនទាន់ តាកែមក៏ដើរចេញពីទីនោះបាត់ទៅ។ គាត់ថ្ងៃនេះស្លៀកពាក់សមសួន ប្រហែលជាមិនទៅចំការទេ ឬមួយក៏គាត់មានការប្រជុំអ្វី?

តាកែមទៅផុត ពួកគេទាំងអស់គ្នាក៏ហ៊ូសប្បាយ ព្រោះគេបានឆ្ងាញ់មាត់ហើយល្ងាចនេះ។ លីអរចង់ហោះទៅហើយ តែធ្ងន់ពេកហោះមិនរួច។

ដឹងមានម្ហូបឆ្ងាញ់ញ៉ាំ ម្នាក់ៗក៏មានព្រលឹងព្រលះក្នុងខ្លួន ហើយប្រញេបប្រញាប់ថតលឿនៗ ឆាប់ចប់នឹងបានត្រឡប់ទៅផ្ទះវិញ។ គ្រាន់តែបញ្ចប់ការងារ លីក៏បានអូសដៃផារី និងអេណាទៅផ្ទះមុន មិនចាំសក្តិ និងជេមស៍ទេ ព្រោះចង់ឲ្យពួកនាងប្រញាប់ទៅធ្វើម្ហូប។

មានអី! តាកែមមិនមែនជាមនុស្សចិត្តអាក្រក់ពេកឯណា ទោះយ៉ាងណា បានម្ហូបឆ្ងាញ់ ក៏គាត់ចេះទុកដាក់ឲ្យពួកក្មេងដែរតើ។ ផារីមិនយល់ពីគាត់ អាចដែរ គេថាមនុស្សសម្ដីអាក្រក់ គឺតែងតែចិត្តល្អ មិនដូចមនុស្សខ្លះ ចិត្តជាទេវទត្ត មាត់ជាទេវតានោះទេ។

«ចុះបាត់អ្នកឯទៀតទៅណាអស់ហើយ?»

ជេមស៍ដើរមិនទាន់ដល់ផង សក្តិក៏ស្រែកសួរពីចម្ងាយ។

«ពួកគេប្រញាប់ទៅធ្វើម្ហូបអស់ហើយ!»

«ធ្វើម្ហូប?» សក្តិចម្លែកក្នុងចិត្ត។

«ត្រូវហើយ មុននេះ តាកែមមកប្រាប់ថានៅផ្ទះមានសាច់ឈ្លូស ឲ្យពួកគេធ្វើម្ហូបញ៉ាំតាមចិត្តចុះ។ ឯងសាកគិតទៅមើល! មានរឿងល្អបែបនេះ ស្មានតែអាលីវានៅសុខអ្ហី?» ជេមស៍និយាយដោយនឹកអស់សំណើច។

«អ៊ីចឹង យើងក៏ឆាប់ថតឲ្យចប់ទៅ នឹងបានជប់លៀងមាត់នឹងគេដែរ»

«អើ! ច្បាស់ជាត្រូវថតឲ្យឆាប់ចប់ហើយ តាកែមមកតឿនមិនឲ្យពួកយើងនៅទីនេះដល់មេឃងងឹតទេ»

«ហ៊ឹម… អាជេមស៍ ចង់សួរឯងមួយ!»

«សួរអី?» ជេមស៍ងាកមើលមុខសក្តិ ដោយឆ្ងល់ពីគោលបំណងដែលគេចង់សួរ។

សក្តិគិតចុះគិតឡើង នៅតែមិនយល់ពីអារម្មណ៍ដែលគេមានចំពោះអន ទើបដាច់ចិត្តសួរទៅជេមស៍។ បើតាមដឹង សក្តិធ្លាប់មានសង្សារមិនតិចជាងមួយទេ តែគេបែរជាមិនយល់ពីអារម្មណ៍ខ្លួនពេលនេះ។ វាខុសគ្នា ដាច់ពីអារម្មណ៍ដែលគេមានសម្រាប់មនុស្សស្រីដទៃ។

«ការដែលយើង មានអារម្មណ៍កក់ក្ដៅប្លែក ហើយយល់ថាមានសុវត្ថិភាព ពេលនៅក្បែរមនុស្សម្នាក់។ តើវាជាអារម្មណ៍ស្អីគេ?»

«អាសក្តិ! ឯងមានស្នេហាហើយវ៉ើយ។ ផារីឬក៏អេណា?» ជេមស៍អស់សំណើចទះស្មាសក្តិស្ទើរតែទប់ជំហរមិនជាប់ហើយ។

«យើងមិនដណ្ដើរអេណាពីឯងទេ រិតតែមិនអាចជាផារី»

«ចុះអ្នកណាវិញ? ស្អីគេអ្ហា៎ មកដល់កណ្ដាលព្រៃហើយ នៅរកឃើញស្នេហាទៀត។ កុំប្រាប់គ្នាឲ្យសោះ ថាឯងលង់ស្រលាញ់ខ្មោចដូចអាលីនិយាយ»

«ឡប់មែន! យើងសួរឯងមែនទៅ» សក្តិអន្ទះសាចង់បានចម្លើយឲ្យច្បាស់លាស់ពីជេមស៍ តែគេមិនព្រមបញ្ជាក់សោះ គិតតែនិយាយពីនេះពីនោះ ឥតបានការ។

«ពេលឯងនៅក្បែរនាង បេះដូងឯងដំណើរការយ៉ាងម៉េចដែរ?» ជេមស៍សួរសំនួរទៅកាន់សក្តិ ដោយសម្លឹងមើលភ្នែកគេយ៉ាងល្អិតល្អន់។

«គឺ… គឺវាដើរញាប់ហ្នឹងហើយ តែពេលនាងញញឹមដាក់យើងម្ដងៗ បេះដូងក៏ស្រាប់តែមិនចង់លោតទៅវិញ» សក្តិនិយាយរដាក់រដុប ប្រឹងស្រមៃទៅសភាពខ្លួន ពេលនៅក្បែរអន ដើម្បីមកពណ៌នាឲ្យអ្នកឯកទេសស្នេហាស្ដាប់។

«ហើយបើមិនបានឃើញមុខគេ នឹកដល់ដេកមិនលក់មែន?»

«អើ!…» សក្តិអៀនមុខឡើងក្រហម ហើយយកដៃអេះក្បាលតិចៗ។

«ហេហេ ឆាប់ណែនាំឲ្យយើងស្គាល់ផង ប៉ុន្តែយើងឆ្ងល់ណាស់ ថានាងអ្នកណាហ្ន៎?»

ជេមស៍អស់សំណើចនឹងសក្តិ ហើយកំពុងគិតថា តើនរណាទំនងជាមនុស្សដែលសក្តិស្រលាញ់? បើថាអ្នកនៅក្នុងភូមិ ដូចជាមិនឃើញមានអ្នកណាស្អាតទេ។ ប៉ុន្តែ បើតាមសម្ដីសក្តិ គួរតែគេទើបតែបានជួបនាងទេ។

ទោះបីជាយ៉ាងណា មិនមែនជាអេណាទៅបានហើយ បើជាអេណា សក្តិច្បាស់ជាត្រូវប្រកាសសង្គ្រាមជាមួយជេមស៍មិនខាន។ ទឹកមុខសប្បាយរីករាយរបស់ជេមស៍ ស្រាប់តែប្រែជាអួរអាប់ខុសប្រក្រតី។ គេងាកមើលឆ្វេង មើលស្ដាំដូចជាកំពុងរកមើលអីអ៊ីចឹង។

«ឯងរកមើលអី?» សក្តិឃើញជេមស៍ប្លែកៗក៏សួរ។

«យើងមានអារម្មណ៍ថា ដូចមានគេកំពុងលួចមើលពួកយើងយ៉ាងម៉េចទេ»

«អ៎ មិនអីទេ! ឯងគិតច្រើនពេកហើយ។ តោះថតឲ្យឆាប់ហើយ នឹងបានទៅផ្ទះ»

សក្តិដឹងថា បើមានគេមើលមកពួកគេ ច្បាស់ជាគ្មានអ្នកណា ក្រៅពីសំណប់ចិត្តខ្លួនឡើយ។ គេមិនមាត់អ្វីបន្ត ហើយក៏ប្រញាប់ប្រញាល់ថតឲ្យចប់ រួចក៏ត្រឡប់ទៅផ្ទះវិញ។

………………

ក្រោយពីជប់លៀងម្ហូបឆ្ងាញ់រួចមក ពួកគេម្នាក់ៗក៏ចូលទៅសម្រាករៀងៗខ្លួនគឺសម្រាកផ្ទះតាកែម​។ ជេមស៍ មិនទាន់អស់ភារកិច្ចរបស់គេទេ គេត្រូវទៅជួបពិភាក្សាជាមួយផារីរបស់ប្លងថតដែលសេសសល់។

ផារីពិនិត្យមើលរូបថត និងវីដេអូដែលថតរួចហើយនោះ ម្ដងមួយៗយ៉ាងយកចិត្តទុកដាក់។ សក្តិវិញគេចទៅនេះបន្តិចទៅនោះបន្តិច ហើយក៏យកលេសថា ភ្លេចយកសៀវភៅកំណត់ហេតុនៅមាត់បឹង ក៏ចាកចេញបាត់ខ្លួនតែម្ដង។

ផារីតាមមើលគេពីក្រោយ តែដោយមានការងារជាប់ខ្លួន ទើបមិនបានដើរតាមទៅជាមួយសក្តិ។ សក្តិដើរបណ្ដើរ ច្រៀងលេងបណ្ដើរ ព្រោះគេបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទៅជួបមនុស្សស្រីដែលគេចាប់ចិត្តស្រលាញ់។

ដើរជិតដល់មាត់បឹង សក្តិក៏បានឃើញស្រមោលមនុស្សម្នាក់នៅទីនោះ។ តាមរយះពន្លឺដួងចន្ទ សក្តិក៏អាចសម្គាល់បានថា គាត់គឺតាកែម។ សំនួរជាច្រើ ផុសឡើងក្នុងខួរក្បាលរបស់សក្តិ។ តើគាត់មកទីនេះដើម្បីអ្វី? ឬមួយក៏គាត់មកជួបនរណាម្នាក់? បើតាមគេសួរអនពីថ្ងៃមុន នាងប្រាប់ថាមិនដែលស្គាល់តាកែមអីទេ ដឹងត្រឹមថា ពេលនាងមកភូមិនេះ ត្រូវតាចាស់ម្នាក់ដេញនាងមិនឲ្យចូលភូមិ។

សក្តិបិទភ្លើងពិល ប្រើពន្លឺសូរិយានាពេលរាត្រីសម្រាប់បំភ្លឺផ្លូវម្ដង។ ចូលកាន់តែជិត សក្តិក៏បញ្ឈប់ដំណើររងចាំមើលតាកែមពីចម្ងាយ ព្រោះបើគាត់ដឹងថាគេលួចមកទីនេះ ច្បាស់ជាត្រូវមាត់មិនខាន ណាមួយគាត់ទើបតែហាមថ្ងៃមិញផង។

រំពេចន៍នោះ តាកែមបានយករបស់មួយរាងមូល ចេញពីក្បែរខ្លួនគាត់ លើកយកមកមើលបន្តិច ហើយក៏បោះចូលទៅក្នុងបឹង។ គាត់យកដៃមកច្បូតមុខតិចៗ ហើយក៏រហ័យក្រោកឡើង ហើយដើរចេញពីទីនោះយ៉ាងស្វាហាប់។

សក្តិតាមមើលគាត់ពីក្រោយ ទាល់តែគាត់ទៅផុតបាត់ស្រមោល ទើបគេដើរចូលទៅអង្គុយរងចាំអន នៅឯរានហាល។

«ចាំខ្ញុំយូរហើយមែន?»

សក្តិកំពុងតែពិនិត្យមើលដែលតាកែមទើបតែបោះចូលទឹកអម្បាញ់មិញ ស្រាប់តែអនមកដល់ល្មម ធ្វើឲ្យគេលែងចាប់អារម្មណ៍ពីអ្វីទាំងអស់ ក្រៅពីងាកទៅនិយាយជាមួយអន។

«ទើបមកដល់មិញហ្នឹង!» សក្តិតបខ្លីៗទៅអន។

«មនុស្សដែលខ្ញុំចង់ប្រាប់ គឺអ៊ំម្នាក់ហ្នឹង ជាតាម្នាក់ដែលដេញខ្ញុំចេញពីភូមិ» អននិយាយដោយសម្លឹងមើលពីក្រោយស្រមោលតាកែម ដែលបានចាកឆ្ងាយទៅហើយនោះ។

«គាត់ជាមេភូមិឈ្មោះអ៊ំកែម!» សក្តិញញឹមដាក់អនស្រាលៗ ហើយនាងក៏អង្គុយចុះក្បែរគេ។

«អូ! កម្រងផ្កាទៀតហើយ»

អនលាន់មាត់ពេលងាកមើលទៅផ្ទៃទឹក។ នាងចង្អុលទៅរបស់មូលៗ ដែលតាកែមទើបតែបោះចូលក្នុងទឹក។ តាមពិតជាកម្រងផ្កាសោះ ហើយចុះតាកែមគាត់មកបោះកម្រងផ្កានេះឲ្យអ្នកណាគេ? សក្តិចងចិញ្ចើមឆ្ងល់។

ស្របពេលជាមួយការនិយាយ អនក៏ឱនលូកដៃឆោងយកកម្រងផ្កានោះ។

«អូយ!…»

អនរបូតដៃ ប៉ិសនឹងធ្លាក់ចូលទឹក តែបានសក្តិនៅក្បែររហ័សចាប់ដៃនាងជាប់ ហើយទាញឡើងមកវិញ។ សក្តិភ័យស្លន់ពេក ក៏ប្រើកម្លាំងខ្លាំង រហូតទាញអនឡើងមកទ្រោបលើខ្លួនរបស់គេតែម្ដង។

សក្តិនៅស្ងៀមគ្មានកំរើក តែអនវិញប្រញាប់ដកមាត់ខ្លួនចេញ ដែលមុននេះប្រថាប់លើមាត់សក្តិឥតព្រៀងទុក។ សីតុណ្ហភាពក្នុងខ្លួនពួកគេពុះកញ្ជ្រោលឡើងផុតមួយរយអង្សារ ហើយកម្ដៅភាយៗ ចាប់ផ្ដើមសាយចេញពីខ្លួនពួកគេទាំងពីរនាក់ ហើយអារម្មណ៍ពួកគេក៏វីវក់ ច្របូលច្របល់រកថាមិនត្រូវ។

លោកតាសិុន ស៊ីសាមុត ថាភ្លើងស្នេហាមិនក្តីនោះទេ ចុះហេតុអ្វីក៏សក្តិ និងអនពិបាកក្នុងខ្លួនម្ល៉េះ? ឬមួយក៏វាឆេះឆាបឆួលខ្លាំងពេក?

សក្តិព្យាយាមដកដង្ហើមធំ ដង្ហក់ៗ ដូចជាពិបាកដកដង្ហើម។ ឯអនវិញ ក៏ងើបឈរឡើង យកដៃមកជូតមាត់បន្តិច ដើរទៅនេះទៅនោះ ដូចរៀបឫកមិនត្រូវសោះ។ នាងមានអារម្មណ៍យ៉ាងម៉េចហ្នឹង?

«សុំទោស…»

វេលាដ៏ស្ងាត់ជ្រងំអស់រយះពេលយ៉ាងយូរ ក៏ត្រូវបានកាត់ផ្ដាច់ឲ្យសំឡេងសក្តិ។ សក្តិក្រោកឈរនៅក្បែរអន ព្យាយាមចូលកៀកនាងសុំទោស ដោយអារម្មណ៍រអៀសខ្លួន។

«មានរឿងអីត្រូវសុំទោស? ខ្ញុំវិញទេ ដែលត្រូវអរគុណសក្តិ»

«តែ…»

«ចាត់ទុកថាគ្មានអ្វីកើតឡើងទៅចុះ!»

សក្តិចង់ទទួលខុសត្រូវ ចំពោះអ្វីដែលគេបានធ្វើ តែបែរជាអនមិនទទួលយក ហើយឲ្យគេចាត់ទុកថាគ្មានអ្វីកើតឡើង។ ឲ្យសក្តិបំភ្លេចចោលងាយៗយ៉ាងម៉េច បើនេះអនបានលួចស្នាមថើបរបស់គេបាត់ទៅហើយនោះ។

បើថាសក្តិមិនធ្លាប់ថើបគេពីមុន ច្បាស់ជាគ្មានអ្នកណាជឿទេ ក្នុងមួយឆាកជីវិតគេមកទល់ពេលនេះ គ្មានស្នាមថើបជាមួយនរណាមួយ ដែលធ្វើឲ្យគេរំភើបដូចពេលនេះឡើយ។ អនវិញ ក៏ប្រហែលជាទទួលអារម្មណ៍មិនខុសពីសក្តិដែរ មុននាងឡើងក្រហមព្រឿងៗដូចកំពុងត្រូវភ្លើងស្នេហ៍ដុតរោលរាលសព្វទាំងប្រាណអ៊ីចឹង។

ចង់ធ្វើអ្វីម្យ៉ាងសម្រាប់អន សក្តិក៏ឱនចូលទៅយកកម្រងផ្កានោះពីក្នុងទឹក ហើយដើរទៅរកអនម្ដងទៀត។

«បើស្រលាញ់វា ចាំខ្ញុំពាក់វាឲ្យ» អនមិនមាត់ តែងក់ក្បាលជាសញ្ញាយល់ព្រម។

ចូលក្បែរនាងសារជាថ្មី អារម្មណ៍នៅតែដដែល។ គេព្យាយាមសម្រួលអារម្មណ៍ខ្លាំងណាស់ ព្រោះខ្លាចថាបន្តិចទៀត បេះដូងគេអាចនឹងផ្ទះធ្លាយចេញមកក្រៅមិនខានទេ។ ឯអនវិញ នៅស្ងៀម តែនាងកំពុងជួបវិបត្តិរឿងខ្យល់ដង្ហើមហើយ។ កាន់តែនៅក្បែរគ្នា អនកាន់តែថប់ដង្ហើុម។

ខ្យល់ដង្ហើមដែលសន្ធាប់ចេញពីច្រមុះអន បានហើរមកប៉ះជាមួយរាងកាយដ៏រឹងមាំរបស់សក្តិ ធ្វើឲ្យគេទន់ខ្លួនស្ទើរតែដួលគ្រិបចំពោះមុខនាង ពិសេសរសើបដល់បេះដូងសក្តិ រហូតធ្វើឲ្យគេមានក្តីសុខខ្លាំងណាស់។

សក្តិសន្សឹមបំពាក់កម្រងផ្កាឲ្យអន ដោយភ្នែកមិនដកចេញពីបបូរមាត់តូចស្ដើងរបស់នាងឡើយ។ បើអាច គេចង់តែភ្លក់វាម្ដងទៀតទេ ចង់ដឹងថា តើមានឥទ្ធិពលអ្វី បានជាធ្វើឲ្យគេភ្លេចអស់អ្វីគ្រប់យ៉ាងដូចអម្បាញ់មិញនេះ? បបូរមាត់ដ៏គ្រោះថ្នាក់អើយ! អាចទេ? ដែលអ្នកអាចឆក់ផ្ដាច់ជីវិតគេបាន។

ដោយមិនអាចទ្រាំនៅជិតសក្តិបានយូរ អនក៏រហ័សចាកចេញពីទីនោះយ៉ាងលឿន រកតែសក្តិស្រែកឃាត់មិនទាន់។ មិនមែននាងមិនចង់នៅនិយាយលេងជាមួយសក្តិទេ តែនាងពិបាកក្នុងខ្លួនពេក ទើបមិនហ៊ានប្រឈមមុខនឹងការពិត។

សក្តិសម្លឹងមើលការចាកឆ្ងាយរបស់អន ដោយខ្លួនមិនអាចឃាត់បានទាំងអស់ចិត្ត។ គេយកដៃមកអង្អែលថ្នមៗ លើបបូរមាត់របស់ខ្លួន ស្រមើស្រមៃដល់ណាក៏មិនដឹង រហូតញញឹមភ្លឹកម្នាក់ឯងដូចមនុស្សឆ្គួត។

នៅទៅនោះមួយសន្ទុះ គេក៏ត្រឡប់ទៅផ្ទះវិញ ជាមួយអារម្មណ៍ហោះហើរដូចមេអំបៅ។ ស្នេហាជាជំងឺមួយដែលងាយឆ្លង តែពិបាកព្យាបាល ហើយសូម្បីរោគសញ្ញាវា ក៏ពិបាកនឹងកំណត់ដែរ។

និយាយពីអនវិញ ពេលនាងចូលជិតដល់ផ្ទះដ៏ចំណាស់នោះ នាងក៏ប្រញាប់ទាញផ្កាពីក្បាលខ្លួនបោះចោល។ មិនទាន់ចូលដល់ក្នុងផ្ទះផង ស្រាប់តែមានស្រ្តីចាស់ម្នាក់ ស្លៀកពាក់ខោអាវកញ្ចាស់ៗ ខ្នងកោង សក់ស្កូវរកខ្មៅមួយសរសៃមិនឃោះប្រាកដខ្លួនចំពោះមុខនាង។ យាយនោះសម្លក់អនមិនដាក់ភ្នែក ដោយក្រសែភ្នែកគួរឲ្យព្រឺព្រួច។

ជំពូក៩

ប្រវត្តិលោកយាយ

សំឡេងរបស់លោកយាយបន្លឺឡើង៖

«អនចូលភូមិទៀតឬ?”

អនគ្រាន់តែបានស្តាប់ឮសម្តីនេះភ្លាម នាងដឹងមុនបាត់ហើយថាលោកយាយចង់សំដៅដល់រឿងអ្វី គឺទំនាក់ទំនងជាមួយនឹងសក្តិ។ លោកយាយមិនចង់ឱ្យនាងទាក់ទង ព្រោះហេតុផលមិនចង់ឱ្យនាងលំបាកដូចគាត់ពេលនេះ តែរឿងជាក់ស្តែងយ៉ាងណាមិនធ្លាប់បានឮគាត់និយាយប្រាប់ដល់អនទេ។

“ខ្ញុំសុំទោសលោកយាយ”

អនដើរមកតោងដៃយាយព្រោះនាងគិតថាលោកយាយមានអាការៈចម្លែកបែបនេះព្រោះតែគាត់បារម្ភពីនាង និងមិនចង់ឱ្យលំបាកដូចគាត់មើលទៅ។

“មិនអីទេ ឆាប់ដេកទៅ យប់ហើយ”។

សម្តីគាត់កាត់ខ្លីបែបនេះព្រោះមិនចង់វែងឆ្ងាយបន្ត ក៏ប៉ុន្តែភាពស្រពិចស្រពិលមួយនេះ ហាក់បង្កើតជាចម្ងល់មួយសម្រាប់អនអ៊ីចឹង។

“លោកយាយអាចប្រាប់ចៅបានទេ ថាម៉េចបានមិនឱ្យទាក់ទងនឹងអ្នកក្នុងភូមិទៅវិញ។ ចៅចង់ដឹងណាស់” អននិយាយឡើងទាំងភ័យៗក្នុងចិត្ត

“កុំចង់ដឹងអី តែយាយចង់ប្រាប់ចៅថា កុំទុកចិត្តអ្នកភូមិនេះឱ្យសោះ ពិសេសគឺតាម្នាក់ ដែលមេភូមិ”

អនរកតែសួរបញ្ជាក់ទៀតក៏មិនបាន ព្រោះយាយហាក់ដូចជាបិទផ្លូវមិនចង់ឱ្យនាងដេញដោលបន្តឡើយ។ គាត់និយាយខ្លីៗនិងកាត់ៗមិនច្បាស់លាស់បែបនេះ កាន់តែធ្វើឲ្យអនមិនអស់ចិត្ត។

យប់នោះអនក៏បង្ខំចិត្តចូលគេងទាំងកង្វល់ក្នុងចិត្តមិនទាន់ស្រាយ។ នាងមករស់នៅជាមួយយាយកឹមមួយរយះហើយ តែនាងមិនធ្លាប់ឮគាត់និយាយឡើយ ហេតុអ្វីក៏គាត់រស់ឯកោ និងគេចខ្លួនបែបនេះ? រឿងដែលនាងមិនដល់មួយទៀតគឺ បឹងនោះតែម្ដង នាងមិនយល់ ហេតុអ្វីក៏បឹងដ៏ស្រស់ស្អាត និងស្ងប់ស្ងាត់មួយនោះ ក្លាយជាបឹងកំណាច និងជាតំបន់ហាមឃាត់របស់អ្នកភូមិនោះទៅវិញ?

កំពុងសំងំដេកក្បែរបន្ទប់ដ៏ងងឹត មានត្រឹមពន្លឺព្រះចន្ទជះចូលតិចៗ ទឹកភ្នែកមួយដំណក់ស្រាប់តែរមៀលធ្លាក់ចុះពីរង្វង់ភ្នែកដ៏គួរឲ្យគយគន់របស់អន ឆ្លងកាត់ផែនថ្ពល់ក្រហមព្រឿងៗ ប្រៀបដូចជាក្រពុំឈូក។ ពេលនេះ អនស្រាប់តែនឹកឃើញមនុស្សម្នាក់ ដែលធ្លាប់មើលថែ និងបារម្ភពីនាង ហើយចង់បានភាពកក់ក្ដៅពីគាត់ម្ដងទៀត ទាំងដែលនាងដឹងថា វាមិនអាចទៅរួច។

ជីតារបស់អន គឺជាមនុស្សដែលអនស្រឡាញ់បំផុតក្នុងឆាកជីវិតរបស់នាងដែរ។ បន្ទាប់ពីគាត់ស្លាប់បានជាងមួយខែ អនក៏បានរកឃើញសៀវភៅកំណត់ហេតុរបស់គាត់ដ៏ចំណាស់ ហើយពេញមួយសៀវភៅនោះ គ្មានពាក្យអ្វីដែលគាត់សរសេរ ក្រៅពីទិដ្ឋភាពបឹងមួយនេះ និងនារីម្នាក់ ដែលមិនបញ្ជាក់ឈ្មោះ។ អនមិនដឹងថា មនុស្សស្រីសម្រស់ដូចផ្កា ចង្កាព្រែក សក់វែងត្រឹមចង្កេះ ស្នាមញញឹមស្រស់គ្នាពីរ ដែលជីតាខ្លួនរ៉ាយរ៉ាប់ និងនឹកទាំងយប់ទាំងថ្ងៃ សូម្បីតែគាត់រៀបនឹងផុតដង្ហើមនោះ ជាជីដូនរបស់ខ្លួន ឬនរណានោះទេ?

រឿងមួយហ្នឹង នាងមិនដឹងនោះទេ ប៉ុន្តែនាងដឹងត្រឹមថា មនុស្សក្នុងគ្រួសារទាំងអស់ សូម្បីតែសាច់ញាតិចាស់ទុំមួយចំនួន ក៏តែងតែនាំគ្នាខ្សិបខ្សៀវគ្នាពីរឿងអតីតកាលជីតាខ្លួន ពិសេសគឺមូលហេតុដែលនាងមិនដូចជាមនុស្សធម្មតាដទៃទៀត។ គ្រប់គ្នា តែងតែមើលមកនាង ថាជាមនុស្សសតិមិនគ្រប់ ដោយសារជាប់តំណបណ្ដាសាពីជីតានាង។

តាមពិតទៅ នាងមិនមែនជាមនុស្សវិបល្លាសតិមិនគ្រប់ដូចគ្រប់គ្នាគិតនោះទេ គ្រាន់ថានាងមិនចូលចិត្តនិយាយច្រើន និងឧស្សាហ៍នៅម្នាក់ៗឯង ដាច់ចេញពីពិភពខាងក្រៅ។ អនមិនជឿលើរឿងដែលពួកគេនិយាយឡើយ ហើយក៏មិនជឿថា កាលពីមុន ជីតានាងធ្លាប់ប្រព្រឹត្តកំហុស ឬធ្វើបាបអ្នកណាពីមុនមកឡើយ ព្រោះគាត់គឺជាមនុស្សល្អបំផុតសម្រាប់នាង។

យប់យន់ ដ៏វែងអន្លាយ…………..

ព្រះសូរ្យសែងរៀបអស្ដង្គតមិនទាន់ ក្រុមអ្នកថតវ័យក្មេងទាំងប្រាំនាក់នាំគ្នាប្រមូលអ៊ីវ៉ាន់រហ័សដៃរហ័សជើង ដោយមិនអាចនឹងរង់ចាំយូររហូតដល់ព្រះអាទិត្យលិចផុតបាន ព្រោះនេះជាបម្រាមរបស់តាកែមបានផ្តាំមកច្បាស់ណាស់។

សំឡេងកំលោះពូកែវោហានិយាយឡើងទាំងស្នាមញញឹមជាប់នៅឡើយ៖

“តោះ! តោះ! គ្នាទៅមុនហើយ អាសក្តិ  ឯងរៀបចំតាមសម្រួលទៅ”

ជេមដើរបណ្តើរអេណាចេញពីទីនោះយ៉ាងសិទ្ធស្នាលជាមួយគ្នា ធ្វើឲ្យសក្តិស្ទើរតែជឿភ្នែកទាំងគូរបស់ខ្លួន ដែលកំពុងសម្លឹងត្របាញ់មើលទៅពួកគេ។

“យីមើលអានេះ! លេងទៅចោលគ្នាអ៊ីចឹងអ្ហាស់?” សក្តិហួសចិត្តនឹងមិត្តសម្លាញ់ខ្លួន ដែលធ្វើបែបនេះចំពោះខ្លួន។

“ហើយម៉េចអ្ហា៎? នៅរៀបទៅ”

ជេមនៅតែសើចស្រស់ដដែល។ ពេលនោះសក្តិក្រោកឈរបន្តិចហើយស្រដីសួរគេទាំងអារម្មណ៍មិនអស់ចិត្ត ថាតើគេប្រញាប់ប្រញាលទៅណា? ទាំងដែលសម្ភារៈថតនៅពេញទឹកពេញដីនៅឡើយ។

“ចុមអត់នៅជួយគ្នាទេ?” សក្តិសម្លឹងមុខជេមស៍ ក្នុងសភាពប្រាកដប្រជា។

“ទៅមុនហើយ ព្រោះអេណាហត់នឿយខ្លាំង ត្រូវការសម្រាក និងងូតទឹកជម្រះខ្លួន” ជេមស៍និយាយដោយក្រឡេកមើលទៅអេណា ដែលឈរនៅក្បែរខ្លួនបែបមនុស្សគ្មានកម្លាំងកំហែង ក្រោមក្រសែភ្នែកអាណិតអាសូរ និងបារម្ភ។

“អេណាប្រញាប់ យើងដឹង! តែវាពាក់ព័ន្ធអីជាមួយឯងដែរ?”

“យើងតាមការពារអេណាហ្នឹងហើយ! ឯងមិនឃើញថាផ្លូវនេះស្ងាត់ទេ ចង់ឲ្យនាងដើរម្នាក់ឯងម៉េចនឹងកើត” ទោះសក្តិសួរដេញយ៉ាងណា ក៏ជេមស៍មិនអស់ហេតុផល។

“អើ! ខំប្រឹងមើលថែគេម្លឹងៗ ក្រែងអេណាបាក់ចិត្តស្រឡាញ់ហើយមើលទៅ”

ព្រោះតែមិនអាចឃាត់បាន សក្តិក៏និយាយឌឺបញ្ឆេះជេមស៍តែម្ដង ក៏ប៉ុន្តែ វាមិនបានធ្វើឲ្យគេខឹងឡើយ ព្រោះបុរសរីករាយម្នាក់នេះនៅតែសើចជាប់មាត់ជានិច្ចចំពោះមុខសក្តិ។

ឃើញពួកគេទាំងពីរនាក់ឈ្លោះប្រកែកគ្នាយ៉ាងនេះ ស្រីស្រស់អេណាដែលសក្តិធ្លាប់តាមផ្កាប់ចិត្តពីមុននោះ ក៏មិនដឹងថានិយាយអ្វីដែរ មានតែអស់សំណើចនឹងពួកគេ។

“សក្តិអ្ហា៎! ខ្ញុំទៅមុនហើយណា៎”

សង្គ្រាមពាក្យសំដីរវាងសក្តិ និងជេមស៍ស្ងប់ស្ងាត់បន្តិច អេណាក៏បង្ហាញខ្លួនឡើងនៅចំពោះមុខសក្តិ។ នាងញញឹមស្រស់ដាក់សក្តិ ធ្វើឲ្យជេមស៍ក្នាញ់ក្នុងចិត្ត ក៏ប៉ុន្តែពេលនេះសក្តិមិនបានមានអារម្មណ៍ប្រកួតប្រជែងជាមួយនឹងជេមស៍ឡើយ ព្រោះគេកំពុងតែជាប់ចិត្តនឹងនរណាម្នាក់ហើយ។

“អូខេអេណា” សក្តិញញឹមតប។

“ចុម! ម៉េចមិនឃាត់អេណាផងអ្ហា៎? ឃាត់តែអញ!” ជេមស៍ឆ្លៀតចំអកដល់សម្លាញ់របស់គេព្រោះគេដឹងថាសក្តិមិនហ៊ានឃាត់អេណាឡើយ។

“អត់ចង់ឃាត់! ទៅមុនទៅអាសុំា តែចុះឯណាអាលី?”

គ្រាន់តែនិយាយដល់លីភ្លាម អាជេមស៍សើចយកតែម្តង៖

“ហាសហា វាទៅមុនបាត់ហើយ អាហ្នឹងខ្ជិលសឹងអី ស្មានវានៅឲ្យឯងប្រើវាមែន?”

សក្តិចាប់ផ្តើមមានទឹកមុខប្រែប្រួលខុសពីមុន ព្រោះដំបូងគេគិតថា បើទោះបីជេមស៍ទៅភូមិវិញមុនក៏ដោយ ក៏នៅមានលី និងផារី ប៉ុន្តែពេលនេះ គ្មានសល់អ្នកណាម្នាក់ឡើយ ម្តងនេះធ្ងន់ខ្លួនមិនខានទេ។

“អូខេៗ ទៅឲ្យអស់ទៅ តិចទៀតយើងទៅតាមក្រោយដែរហើយ”

“អូខេ ទៅសិនហើយសម្លាញ់!!!”

ជេមស៍រហ័សជម្រាបលាសក្តិភ្លាមៗ ដូចខ្លាចគេប្ដូរចិត្ត ហើយប្រញាប់កាន់ដៃអេណាចេញពីទីនោះយ៉ាងលឿន។ មុនចេញទៅ គេមិនភ្លេចញញឹមចុងមាត់ ព្រោះចង់បញ្ឈឺដល់ចិត្តសក្តិ តែសក្តិគេមិនបានឆ្អិតទ្រូងជាមួយទេ។

កំលោះសក្តិ នៅពេលដែលគ្រប់គ្នាចាកចេញទៅអស់ ខ្លួនក៏ប្រមូលអារម្មណ៍មកធ្វើការដោយមិនឱ្យហួសថ្ងៃលិចទាន់ឡើយ។ កំពុងតែរៀបអីវ៉ាន់សុខៗ ស្រាប់តែស្រីច្រម៉ក់ម្នាក់ ដែលសក្ដិមិនអាចឃាត់ចិត្តមិនឲ្យនឹកនាងបាន បង្ហាញខ្លួនឡើង៖

“អន!​”

 “ម៉េចលោកនៅតែម្នាក់ឯងអ៊ីចឹង?​”

អននិយាយឡើងដូចចម្លែកក្នុងចិត្ត ពេលដែលឃើញសក្តិគេនៅតែម្នាក់ឯង ខុសពីពេលមុនៗដែលនាងធ្លាប់ដឹងថា នៅថ្មើរនេះគេគួរតែនៅជុំក្រុមការងារ។ ឃើញបែបនេះ នាងជ្រួញចិញ្ចើមជាប់ ហើយរំកិលខ្លួនបន្តិចម្ដងៗចូលទៅកៀកគេ បំណងផ្ដោះផ្ដងជាមួយបុរសកំពូលស្នេហ៍។

“បើខ្ញុំមិននៅម្នាក់ឯង ស្មានតែអនហ៊ានមកឬ?”

សក្តិនិយាយឡើងជាមួយនឹងស្នាមញញឹមបង្ហាញឱ្យអនឃើញថា នាងកំពុងតែបង្ហាញខ្លួនឡើងចំពេលដែលគេកំពុងត្រូវការអ្នកជជែក។

“មិនពិតទេ ព្រោះខ្ញុំមិនបានខ្លាចនរណាឡើយ”

“ច្បាស់អត់?” កំលោះសម្លឹងមើលមុខអន រហូតធ្វើឲ្យនាងអៀនហើយ

អនងាកមុខចេញបន្តិចហើយនិយាយដូចធម្មតា៖

“ច្បាស់តើ ម៉េចបានលោកនិយាយឌឺខ្ញុំ?”។

“អត់បានឌឺទេ គ្រាន់តែនិយាយការពិតប៉ុណ្ណោះ។ កាលមុនចេញមុខតែយប់ៗទេ រហូតខ្ញុំច្រលំថាជាខ្មោចទៅហើយ” សក្តិញញឹមតិចៗ

“ចុះអត់ខ្លាចខ្មោចលងទេអី?” ឮសក្តិនិយាយឌឺនាងបែបនេះ អនក៏មិនបាននៅស្ងៀមឡើយ។

“បើខ្មោចស្អាតម្លឹងៗ នរណាដាច់ចិត្តខ្លាចទៅ មានតែស្រឡាញ់លើសដើម។ ហាសហា” អននិយាយមិនទាន់ចប់ស្រួលបួលផង សក្តិក៏ប្រញាប់ស៊កពាក្យសំដីលេបខាយភ្លាម បណ្ដាលឲ្យអនអស់ពាក្យនិយាយ មុខឡើងក្រហមភ្លឹកស្ងៀមមួយសន្ទុះ។

“ខ្ញុំមកនេះ មានរឿងចង់ប្រាប់លោក” ខ្លាចថាសក្ដិអាចនឹងបានចិត្តជាងនេះ អនក៏ប្រញាប់និយាយចូលសាច់ការវិញម្ដង។

 “ចង់ប្រាប់ខ្ញុំ! រឿងអ្វីទៅ?”

សក្តិសម្លឹងមើលមុខនាងមិនដាក់ ក្នុងក្រសែភ្នែកពោរពេញដោយចម្ងល់។​ អនស្ងាត់មាត់បន្តិច ហាក់ពិបាកនឹងនិយាយរឿងនោះចេញមកណាស់អ៊ីចឹង។ អននៅស្ងៀមកាន់តែយូរ សក្តិកាន់តែពិភាល់ក្នុងចិត្ត។

“ចាប់ពីពេលនេះទៅ ខ្ញុំប្រហែលលែងបានមកជួបលោកហើយ” អនទម្លាក់ទឹកមុខចុះ គេចចេញពីកែវភ្នែកដ៏មុតស្រួចរបស់សក្តិ ដែលកំពុងបាញ់ឆ្ពោះរកនាង។

“នាងទៅណា? ឬមួយក៏មានអ្វីកើតឡើង?” សក្តិរហ័សសួរជាប្រញាប់ព្រោះគេនឹងទទួលយកមិនបានទេ បើសិនជាថ្ងៃណាមួយនឹងបាត់អន​ទៅនោះ។

“មិនចង់ប្រាប់ទេ!” អនដើរចេញពីមុខសក្ដិ ហើយសំដៅទៅរករានហាលលើមាត់ទឹក។

“ជារឿងអាថ៌កំបាំងរបស់នាងឬ?” សក្តិស្រាប់តែដេញដោលសួរបន្ត ព្រោះគេចង់ដឹងពីមូលហេតុពិតប្រាកដនៅពីក្រោយនោះ តែបើដល់ពេលដែលនាងត្រូវទៅ ឬចង់ទៅដោយគ្មានហេតុផល ក៏គេមិនអាចឃាត់នាងដែរ។

“មិនជាអាថ៌កំបាំងទេ តែបើលោកមិនដឹងរឿងនេះល្អជាង”។

ស្តាប់សម្តីនាងដូច្នោះធ្វើឱ្យសក្តិកាន់តែពិបាកទទួលយកកាន់តែខ្លាំង៖

“ចុះរឿងដែលចង់ប្រាប់ខ្ញុំហ្នឹងជាអ្វី? គ្រាន់តែប្រាប់ថាពួកយើងនឹងលែងបានមកជួបមុខគ្នាតែប៉ុណ្ណឹង អ៊ីចឹងឬ?” សក្តិស្រដីមួយៗទាំងមិនសប្បាយចិត្ត។

អនមិនគិតថានឹងលាក់បាំងសក្តិនោះទេ នាងក៏ចង់ឱ្យសក្តិបានយល់រឿងនេះដូចគ្នា៖

“គឺវាបែបនេះទេ លោកយាយដែលខ្ញុំនៅជាមួយនោះ គាត់ហាមខ្ញុំមិនឲ្យទាក់ទងជាមួយអ្នកណាក៏ដោយនៅក្នុងភូមិនេះ ដូច្នេះខ្ញុំមិនអាចមិនគោរពសំដីគាត់ឡើយ”

“ចុះគាត់មានទំនាស់អ្វីជាមួយអ្នកភូមិនេះ? ឬមួយអ្នកដែលគាត់ហាមអននោះ គឺជាខ្ញុំ?” សក្តិសួរនាងព្រោះអារម្មណ៍គេពេលនេះហាក់កំពុងទទួលថា ខ្លួនត្រូវបានគេមិនទុកចិត្តហើយ។

“អាច… ជាលោក តែក៏មិនប្រាកដដែរ”

“ចុះអនដាច់ចិត្តដែរ?” សក្តិដើរចូលទៅកៀកអន ហើយសន្សឹមលូកដៃទាញបង្វែរមុខនាងឲ្យងាកមករកខ្លួន ដូចកំពុងព្យាយាមលួងលោមនាងកុំឲ្យចាកចេញពីគេអ៊ីចឹង។

“ខ្ញុំមិនចង់ទេ ហើយក៏ដាច់ចិត្តនឹងធ្វើយ៉ាងនេះដែរ” អនរក្សាទឹកមុខស្មើធេង ចំពោះមុខសក្ដិ។

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នោះ អ្នកទាំងពីរឈរស្ងៀមគ្មានកំរើក សម្លឹងមើលមុខគ្នាដោយអារម្មណ៍ស្រងេះស្រងោច ព្រោះពួកគេនឹងត្រូវបែកគ្នាហើយ។ សក្តិមិននិយាយអី ចំណែកអននាងក៏មិននិយាយដូចគ្នា ពួកគេហាក់ចង់ទាក់ទងគ្នាតាមរយៈភាសាអារម្មណ៍វិញម្តង។

វេលាថ្ងៃលិចចូលមកដល់ ព្រះអាទិត្យក៏អស់ពន្លឺរលត់ពីភពផែនដី ឯផ្ទៃមេឃខ្មៅស្រអាប់ក៏បានចូលខ្លួនមកកំដរ។ ក្នុងពេលនេះ លីដែលគ្រប់គ្នាស្គាល់ថាជាមនុស្សកំពូលខ្ជិល ញុំាច្រើន និងមាត់ដាចនោះ និយាយឡើងទាំងមាត់នៅញុំានំពេញស្ទើប្រេះនៅឡើយ។ និយាយថាបុរសម៉ាប់ម្នាក់នេះ គ្រប់គ្នាកម្រឃើញគេមិនញុំាអ្វីណាស់ គឺសង្ស័យតែញុំាគ្រប់២៤ម៉ោងទេ ក្នុងមួយថ្ងៃនោះ។

“ចុម! អាសក្តិទៅណា យូរម្ល៉េះ?”

ជេមស៍ដែលនៅជិតហ្នឹងក៏វាចាតបភ្លាម៖

“អើ! មកពីអ្ហែងហ្នឹង រហន់មកមុនគេពេក”

លីចាប់ផ្តើមធ្វើមុខដូចត្រូវគេចោទប្រកាន់ខ្លួនទាំងមិនបានខុសអ្វីទាល់តែសោះ៖

“យីអានេះ! ក្រែងម្សិលមិញអញជួយរៀបអ៊ីវ៉ាន់ឡើងហត់ដែរសោះ ម៉េចមិនគិតផងអ្ហា៎?” លីសួរបកវិញជេមស៍ចាក់គំនិតឆ្លើយមិនចេញ។

“ស្អីទេអ្ហា៎ ការងារតិចតួចសោះ យកមកនិយាយដែរ។ ចុះពេលអញធ្វើម៉េចអ្ហែងមិនគិតផង អញដែលនិយាយអ៊ីចឹងអត់?” ជេមស៍ចាប់ផ្តើមរលឹកការងារខ្លួនធ្លាប់ធ្វើពីមុនដូចគ្នា ដើម្បីកុំឱ្យលីគិតថាខ្លួនត្រូវម្នាក់ឯងពេក។

“ហើយជេមស៍និងលីសំបូររឿងសួរគ្នាម៉េស?” ផារី នារីស្ងាត់ស្ងៀមប្រចាំក្រុមស្រដីឡើង ហើយពួកគេក៏បែរទៅរកនាង។

“ម៉េចចែអ្នកនិពន្ធ!” ជេមស៍សួរដល់ផារី

ផារីងើបឡើងដោយមិននៅនិយាយជាមួយនឹងអ្នកទាំង២បន្តទៀតទេ តែមុននឹងចេញទៅ៖

“គ្មានម៉េចទេ! បើពិបាកពេក ចាំខ្ញុំទៅមើលសក្តិក៏បានដែរ”

“អូខេ! ចែពូកែគ្រប់យ៉ាង” លីនិយាយក្នុងន័យចំអក។

“ខ្ញុំចឹង មិនមែនដូចពួកយើងទេ ឈ្លោះតែគ្នាហ្មង មិនដឹងស្អីមែន!”

“ទៅៗៗ ចែឯងដឹងអីណាស់”

ផារីមិនខ្វល់នឹងសម្តីឌឺដងរបស់មិត្តរួមក្រុមឡើយ អារម្មណ៍នាងនៅពេលនេះដឹងត្រឹមថា នាងត្រូវតែទៅបឹងឱ្យដល់កាន់ឆាប់កាន់តែល្អ ព្រោះតែរង់ចាំបន្តិចទៀតនឹងពិបាកដើរមើលផ្លូវខ្លាំងណាស់ ទោះបីជាមានពិលបំភ្លឺផ្លូវក៏ដោយ។

ផារីដើរបណ្តើរនឹកក្នុងចិត្តបណ្តើរ ព្រោះថាខណះបន្តិចទៀតនេះ នាងនឹងបាននៅជាមួយសក្តិតែពីរនាក់។ អារម្មណ៍ខ្លាចមិត្តក្នុងក្រុមចំអន់ក៏បានផុសឡើង ក៏ប៉ុន្តែទំហំចិត្តស្រឡាញ់ និងក្ដីបារម្ភចំពោះអ្នកដឹកម្នាក់នេះ នាំឱ្យនាងលែងខ្វល់ខ្វាយ។

នៅពេលផារីដើរជិតដល់បឹង នាងស្រាប់តែប្រទះឃើញស្រមោលមនុស្សពីរនាក់កំពុងតែជជែកគ្នានៅក្បែរមាត់បឹង។ នាងភ្ញាក់ខ្លួនព្រឺត តើអ្នកណាកំពុងនិយាយជាមួយនឹងសក្តិទៅ? ឬមួយខ្មោចដែលគ្រប់គ្នាបង្អាប់ដល់សក្តិជាការពិតទៅ? តែវាមិនអាចទេ ដែលសក្តិនិងខ្មោចអាចសន្ទនាគ្នាបានដូចមនុស្សដែរនោះ។ ហើយមូលហេតុនេះមែនទេ ដែលសក្តិតែងតែបាត់ខ្លួនស្ងាត់ៗដោយអាថ៌កំបាំង?

“តើសក្តិគេកំពុងតែនិយាយជាមួយនឹងអ្នកណាហ្នឹង? ជាមនុស្សស្រីក្នុងភូមិទេដឹង?” ផារីឧទានស្ងាត់ៗតែម្នាក់ឯង។

កំពុងតែផ្ទៀងត្រចៀកស្តាប់ និងដើរលបទៅកាន់តែជិតអ្នកទាំងពីរ នាងស្រាប់តែប្រទះភ្នែកនឹងកែវភ្នែកដ៏ចម្លែករបស់ស្រីចំណាស់ម្នាក់ ដែលកំពុងតែឈរមើលសក្តិនិងមនុស្សម្នាក់ដែលកំពុងតែអង្គុយក្បែរសក្តិដូចគ្នា។ អារម្មណ៍ផារីចាប់ផ្ដើមច្របូកច្របល់ បេះដូងនាងលោតញាប់ដោយអារម្មណ៍ភ័យខ្លាច និងចម្ងល់។ រយលានសំនួរចាប់ផ្ដើមចាក់ស្រេះក្នុងខួរក្បាលអ្នកនិពន្ធស្រាយមិនចេញ។

“ស្លាប់ហើយ! នេះមិនមែនមានតែនាងនោះម្នាក់ទេ ចុះមនុស្សស្រីមកពីណាម្នាក់ទៀត?” ផារីស្រាប់តែលន់មាត់ដូច្នោះឡើងមក។

ផារីនាងស្រាប់តែឈប់សង្កេតមើលទៀតហើយ ព្រោះនាងចង់បានចម្លើយដែលច្បាស់ជាងនេះ ដូច្នេះនាងក៏រត់ទៅចេញពីទីនោះមួយៗ ដោយមិនបង្កើតជាសំឡេងបង្កភាពភ្ញាក់ផ្អើលដល់អ្នកទាំងនោះឡើយ។ ចេញផុតឆ្ងាយគួរសម នាងក៏បន្ថែមល្បឿនលឿនដូចគេឱ្យនាងដុសស្លាប អាចហោះបានអ៊ីចឹង។

គ្រាន់តែមកដល់ខាងក្នុងភូមិភ្លាម នាងស្រែកសួរមិត្តនាងដែលកំពុងតែដេកស្ងៀមនៅក្នុងតង់ខាងមុខផ្ទះរបស់តាកែម ឱ្យចេញមកខាងក្រៅដើម្បីបានឆ្លើយសំណួររបស់នាងនាពេលនោះ៖

“តាកែម! តាកែមនៅណា? ពួកឯងមានឃើញគាត់ទេ?”

គ្រប់គ្នាបើកភ្នែកធំៗឆ្ងល់ខ្លាំងណាស់ ដែលផារីមានអាការៈចម្លែកៗបែបនេះ ហើយតើនាងកើតអ្វីបានជាហៅរកតាកែមមើលតែមនុស្សក្នុងភូមិមានរឿងធំអ៊ីចឹង។

សំឡេងរបស់ជេមស៍និយាយឡើងដើម្បីកាត់បន្ថយភាពជ្រួលច្រលប់របស់ផារីក្នុងពេលនេះ៖

“ថីហ្នឹងផារី រត់រកតាធ្វើអី? នាងមានការងារអីជាមួយគាត់​ ចុះឲ្យទៅតាមអាសក្តិម៉េចហើយ?”

ផារីមិនខ្វល់នឹងសំណួររបស់ជេមស៍ឡើយ នាងក៏ស្រដីទាំងគំរោះគំរើយដាក់ជេមស៍វិញហាក់ចង់ឱ្យជេមស៍ ចាប់អារម្មណ៍តែនឹងសំណួរដែលនាងបានសួរអំបាញ់មិញនេះទេ។

“តាមស្អី ឮខ្ញុំសួរអត់! ថាតាកែមនៅណា?”

“មិនដឹងទេ!!!” អាលីដែលនៅជិតហ្នឹងស្រាប់តែឆ្លើយតបជំនួស

អេណាដើរមកជិតផារីហើយនិយាយធម្មតា៖

“អ៎! គាត់នៅក្រោយផ្ទះឯណោះ ហើយផារីមានការអីសំខាន់មែនទេ?”
          “មាន! មាន! តែខ្ញុំប្រាប់ពេលមកវិញណា៎”

“អូខេ”

ផារីរហ័សរត់ចេញទៅធ្វើឱ្យអេណាដែលទើបនឹងមកដល់ក្រោយគេឆ្ងល់៖

“ហើយផារីគេកើតអីហ្នឹង?”

“សង្ស័យឃើញអាសក្តិនិងខ្មោចស្រីទាក់ទងគ្នាហើយ” លីនិយាយឡើង ធ្វើមើលតែជាការលេងសើច។

គ្រាន់តែបានឮលីនិយាយដូច្នោះភ្លាម ជេមស៍ស្រែកសម្លុតលីខ្លាំងៗ៖

“យីអានេះមាត់ឆ្កែម្ល៉េះ តាមឫកពានាងមិនមែនបែបហ្នឹងទេ មិនព្រមតាមសួរនាងទេ តែបែរមកនិយាយអីបែបហ្នឹងទៅកើត”

អេណាមិនយល់ពីអ្វីដែលបានកើតឡើង បានត្រឹមតែឈរឆ្ងល់ម្នាក់ឯង គ្មានអ្នកណាជួយឆ្លើយសំនួរនាងបាន។

តើតាកែមអាចនឹងឆ្លើយសំនួរផារីបានអត់? ហើយតែគាត់ស្គាល់យាយកឹមឬទេ?….

ជំពូក១០

អាថ៌កំបាំង

ផារីរត់លឿនៗរកដកដង្ហើមមិនដល់គ្នា នាងស្រែកហៅលោកតាម្នាក់ដែលគ្រប់គ្នាដឹងឡើងច្បាស់ក្នុងចិត្តថា ជាមនុស្សដែលម៉ត់ចត់និងមានរបៀបរបបបំផុតនៅក្នុងភូមិនេះ។

“តា! តាៗ” នាងស្រែកហៅតាៗឡើងមកមិនឈប់ ទាំងខ្យល់ដង្ហើមប្រឹងដង្ហក់មិនចង់ដល់គ្នា។ តាកែមគ្រាន់តែឃើញសភាពផារី គាត់ក៏រហ័សសួរភ្លាម៖

“មានការអីផារី?”

ផារីព្យាយាមដកដង្ហើមមួយៗ មុននឹងនិយាយបន្តទៅកាន់តាកែម ប៉ុន្តែខ្យល់ដង្ហើមនៅតែផុតផើយៗ ស្ទើរមិនដល់គ្នា៖

“ខ្ញុំមានរឿងចង់ប្រាប់…”

តាកែមស្រាប់តែច្រលប់ចិត្តបង្ខំនាងឱ្យឆាប់និយាយដូចគ្នា ព្រោះមើលតាមឫកពានាងពេលនេះច្បាស់ជាមានរឿងធំមិនខាន៖

“រឿងអី? ឆាប់និយាយមក”

ផារីចាប់ផ្តើមបាត់ហត់បន្តិចតែនាងនៅតែនិយាយមិនចង់ចេញ៖

“គឺ… ខ្ញុំបានឃើញ បានឃើញ…”

“បានអីឃើញអី ម៉េចមិននិយាយមកអ្ហាស៎?” តាកែមសម្លុត

“មែនហើយ ផារីបានឃើញអី ម៉េចមិននិយាយមក?”

លីដែលរត់មកតាមពីក្រោយស្រដីឡើង៖

“ឲ្យខ្ញុំបាត់ហត់សិន!” ផារីស្នើសុំ

តាកែមសម្លឹងមើលមុខរបស់លីហើយនិយាយ៖

“លីទៅយកទឹកឲ្យគេផឹកសិនមក”

“បាទតា!”

លីរហ័សរត់ទាំងខ្លួនគេមិនជាស្រួលប៉ុន្មានឡើយក្នុងការទប់លំនឹង ពេលរត់លឿនដូចនេះ តែគេនៅតែធ្វើកិច្ចការនេះបានយ៉ាងល្អ។

លីបានហុចទឹកឱ្យផារីញុំារួចរាល់ ហើយតាកែមក៏និយាយ៖

“តោះនិយាយមក មានរឿងអី?”

“ខ្ញុំបានឃើញមនុស្សស្រីម្នាក់នៅមាត់បឹង តែមិនមែន១ទេ គឺ២នាក់”

ឮភ្លាម តាកែមភ្នែកស ជ្រួញចិញ្ចើម ដោយពិភាល់ក្នុងចិត្តឥតឧបមា ថាតើនរណាទៅ នៅបឹងនោះ? មិនត្រឹមតាកែមទេ សូម្បីតែលីក៏ភ្ញាក់ផ្អើលដែរ។

“អ្ហាស់? ពីរអ៊ីចឹងឬ? ជាអ្នកណា? តើជាអ្នកណាទៅ ហ៊ានទៅបឹងហ្នឹង? ដាច់ខាតគ្មាននរណាហ៊ានទៅឡើយ”

តាកែមស្រាប់តែនិយាយដូច្នោះឡើងមក ដូចកំពុងប្រាប់រឿងម្យ៉ាងដល់គ្រប់គ្នាបានដឹង តែផារីនិងលីមិនយល់សាច់ការនេះឡើយ។ ផារីតប៖

“ខ្ញុំមិនដឹងទេ តាអាចទៅមើលដោយខ្លួនឯងបាន ព្រោះវាអាចច្បាស់ជាងខ្ញុំនិយាយ” ផារីនិយាយទាំងហត់នៅឡើយ។

          មិនខ្វល់និយាយសួរដេញដោលជាមួយពួកគេបន្ត តាកែមក៏រត់ចេញពីទីនោះទៅ ដោយបន្សល់ទុកនូវភាពច្របូកច្របល់ឲ្យពួកក្មេងៗគិតមិនចេញ។ ណាមួយគាត់កំពុងតែចង់ដឹងដូចគ្នា ថានរណាទៅនៅបឹងនោះ? ឬជាមនុស្សម្នាក់ ដែលគាត់កំពុងតែស្វែងរកនិងរង់ចាំគេអស់ពេលជាច្រើនឆ្នាំមកនេះ ស្រាប់តែបង្ហាញខ្លួនឡើង?

គ្រាន់តែឃើញតាកែមរត់ចេញទៅភ្លាម ជេមស៍និងអេណាក៏តាមមកដល់ ពេលនេះលីដែលមិនយល់រឿងសួរផារី៖   

“ហើយផារីបានឃើញមែនអត់?”

ផារីស្រាប់តែជះសម្តីទាំងកំហឹងដែលលីសួរនាងដូច្នោះ៖

          “ខ្ញុំមិនចេះនិយាយលេងដូចលីឯងទេ គឺខ្ញុំឃើញមែន មនុស្សស្រីម្នាក់ដែលមានវ័យស្របាលនឹងអេណាអង្គុយនិយាយលេងជាមួយនឹងសក្តិ​ ពីរនាក់ហ្នឹងដូចស្និទ្ធស្នាលគ្នាណាស់”

          “ហើយចុះម្នាក់ទៀត?”

លីដេញដោលសួរ ផារីក៏ឆ្លើយតបបន្ត៖

          “គេលបមើលសក្តិនិងស្រីម្នាក់នោះនិយាយគ្នា ។ ខ្ញុំមើលទៅ គាត់ជាយាយចាស់ ព្រោះខ្ញុំបានឃើញសក់វែងអន្លាយរបស់គាត់ និងភាពជរា ស្ដែងតាមការឈរកោងខ្នងរបស់គាត់ ប៉ុន្តែ មើលទៅ គាត់គួរឲ្យខ្លាចណាស់…”

“តិចខ្មោចទៅ!” លីនិយាយឡើងនូវពាក្យដែលផុសក្នុងគំនិតខ្លួន។ គេនេះមិនចេះពិចារណាអីទេ នឹកឃើញអ្វីគឺនិយាយអ៊ីចឹងហើយ។

“បានហើយអាលី កុំឆ្គួតពេក!” ជេមស៍សម្លុត។ ជេមស៍ក៏មានអារម្មណ៍មិនខុសពីលីដែរ តែគេមិនជឿលើរឿងខ្មោច អាបអ្វីទេ រឹតតែមិនចង់ឲ្យអេណាមានភាពភ័យខ្លាច។

          “ខ្ញុំចាប់ផ្តើមខ្លាចបឹងហ្នឹងហើយ” អេណានិយាយ ដោយកែវភ្នែកឡើងចុះ យកដៃអង្អែលដើមដៃទាំងសងខាងខ្លួន ហើយសព្វកាយទាំងអស់ចាប់ផ្ដើមព្រឺបះរោមជ្រោងហើយ។

“គ្មានអីទេ អេណា! ប្រហែលផារីច្រឡំភ្នែកហើយ ឬក៏​អាចជាអ្នកភូមិក៏ថាបាន”

ជេមស៍ស្រាប់តែនិយាយបែបនេះ ដើម្បីកុំឱ្យអេណាមានចិត្តខ្លាចបឹងនោះនាំមានបញ្ហាថតនៅថ្ងៃស្អែក ប៉ុន្តែគេមិនបានគិតដល់ចិត្តផារីទាល់តែសោះ ដែលគេមិនទុកចិត្តនាងអ៊ីចឹង។ ទោះគ្រប់គ្នាយល់បែបណា តែសម្រាប់ផារី នាងមិនបានព្រិចភ្នែកនោះទេ គ្រប់យ៉ាងដែលនាងបានឃើញសុទ្ធតែជាការពិតទាំងអស់ មិនមែនជារឿងភ័នច្រឡំអ្វីឡើយ។ តើដើម្បីមនុស្សខ្លួនស្រឡាញ់មានសេចក្តីសុខផ្លូវចិត្ត ជេមស៍គេហ៊ាននិយាយទម្លាក់កំហុសដាក់មិត្តគេដល់ថ្នាក់នេះឬ? ផារីនាងមិនប្រកែកឡើយ ព្រោះក្នុងចិត្តនាងកំពុងតែភ័យ និងបារម្ភដល់សក្តិជាពន់ពេក។

ស្រមោលមនុស្សស្រីម្នាក់ដើរកាត់មុខតាកែមពីចម្ងាយ នាងកំពុងតែដើរយ៉ាងលឿនឥតងាកក្រោយ ហាក់ដូចជាដឹងថាមាននរណាកំពុងតាមនាងអ៊ីចឹង។ តាកែមស្រាប់តែស្រែកឡើង៖

“ឈប់សិន! ឈប់សិននាង នាងជាអ្នកណា?”

គ្រាន់តែឮសំឡេងតាដង្ហើយខ្លាំងៗដូច្នោះភ្លាម មនុស្សស្រីម្នាក់នោះស្ថិតក្រោមសម្លៀកបំពាក់រ៉ូបពណ៌សស្រាប់តែភ័យណាស់ ហើយបន្ថែមល្បឿនរត់កាន់តែលឿនជាងមុន។ តាកែមខំរត់តាមពីក្រោយឡើងហត់ ព្រោះនាងនៅឆ្ងាយពីគាត់រហូតដល់គាត់មិនអាចតាមទាន់ងាយៗ៖

“យើងថាឲ្យឈប់ នាងមិនឮទេឬ?”

តាកែមស្រែកគំរាមពីចម្ងាយឱ្យឈប់ ដើម្បីឱ្យគាត់ច្បាស់នៅក្នុងចិត្តថា មនុស្សស្រីម្នាក់ដែលគាត់បានឃើញនេះជាអ្នកណា ម៉េចក៏មិនស្តាប់សម្តីគាត់ ហើយថែមទាំងរត់ដូចជនជាប់ពិរុទ្ធបែបនេះទៀត។ ច្បាស់ណាស់ថានាងនឹងមិនមែនជាមនុស្សនៅក្នុងភូមិឡើយ ព្រោះសភាពរ៉ូបនាងនេះ មិនមែនជាឯកសណ្ឋានដែលអ្នកភូមិដាច់ស្រយាលមួយនេះ និយមពាក់ឡើយ។

គាត់បានរត់តាមនាងរហូត ប៉ុន្តែស្រាប់តែបាត់នាង។ តាកែមព្យាយាមស្ដាប់សម្រិបជើងរបស់នាង និងរកមើលដានដែលនៅជុំវិញនោះ តែគ្មានតម្រុយ។

បើទោះជាតាកែមស្គាល់ទីនោះច្បាស់ តែពេលយប់បែបនេះ គាត់មិនមានសមត្ថភាពគ្រប់គ្រាន់សម្រាប់តាមប្រមាញ់នាងឡើយ អាចថាពេលនោះនាងកំពុងតែលាក់ខ្លួនក៏ថាបាន។

នៅពេលដែលតាកែមប្រើពេលយ៉ាងយូរនៅជុំវិញបឹង គាត់ក៏បានដើរចូលទៅកាន់តែកៀកនឹងផ្ទះដ៏ចំណាស់មួយ ដែលមានវល្លិ៍ និងដើមឈើដុះស៊ុបទ្រប់ ប្រៀបបាននឹងទីស្ថានមួយគួរឲ្យខ្លាចជាទីបំផុត ព្រោះត្រូវបានគេបោះបង់ចោលអស់រយះពេលរាប់សិនឆ្នាំ ហើយត្រូវបានអ្នកភូមិឲ្យឈ្មោះថា ជាផ្ទះខ្មោច។

សំឡេងយំថ្ងួចថ្ងូរមួយបន្លឺឡើងកាត់បរិយាកាសដ៏ស្ងាត់ជ្រងំនោះ បន្លាចសព្វសត្វក្នុងព្រៃទាំងអស់ ឲ្យភ័យខ្លាចមិនហ៊ានចេញពីសំបុក ចម្លែកអីតាកែម ដែលមិនញញើតនឹងសំឡេងដ៏គួរឲ្យខ្លាចនោះ ហើយរំកិលខ្លួនយឺតៗចូលទៅរកផ្ទះនោះ។

ដើរដល់មុខផ្ទះនោះ គាត់ក៏បានឮសំឡេងនោះកាន់តែច្បាស់ជាងមុន ហើយវាមានប្រភពចេញពីខាងក្នុងមក។ គាត់បម្រុងនឹងដើរចូលទៅ ស្រាប់តែឃើញអន ដែលជាក្មេងស្រី គាត់ប្រឹងរត់ដេញតាមអំបាញ់មិញ មកឈរយំនៅខាងមុខផ្ទះ។

ពេលនោះតាកែមក៏ស្រដីឡើងតែម្នាក់ឯង៖

“ចុះក្មេងហ្នឹងជាអ្នកណា? ម៉េចបានវាមកទីនេះបាន? ហើយរត់ចូលមកផ្ទះខ្មោចទៀត នាងនេះហ៊ានណាស់!”

 “នាង! នាងជាអ្នកណា? ម៉េចក៏នាងយំ?” បើនៅតែឆ្ងល់ម្នាក់ឯង ច្បាស់ជាមិនអាចរកចម្លើយឃើញ ដូច្នេះតាកែមមិនបង្អង់យូរ ក៏ស្រែកសួរទៅអន។

“ចុះតាមកតាមខ្ញុំមកធ្វើអី?” អនជូតទឹកភ្នែកបន្តិច ហើយនិយាយសួរទៅកាន់តាកែមវិញ ទាំងមិនខ្វល់ឆ្លើយនូវសំនួររបស់គាត់។

តាកែមសម្លឹងមើលមុខនាង ដោយកែវភ្នែកគួរឲ្យខ្លាច ហើយនិយាយតប៖

“នាងដឹងទេ? ថាទីនេះជាតំបន់ហាមឃាត់។ នាងជាមនុស្សមកទីក្រុងជាមួយនឹងក្រុមថតបឹងនោះមែនទេ?”

តាកែមនៅតែសួរចង់ដឹងថានាងជាអ្នកណា? គាត់មើលមុខនាងមិនច្បាស់ ទើបគាត់សង្ស័យថាជាក្រុមថតរបស់សក្ដិដែរ ណាមួយបើតាមការស្មានរបស់តាកែម វ័យនាង គឺប្រហាក់ប្រហែលនឹងអេណា។

“អត់ទេ!”  អននិយាយទាំងទឹកភ្នែកបន្តស្រក់ចុះមកនៅឡើយ។

“អត់ទេចឹងឬ? ចុះម៉េចនាងមកទីនេះបានអ្ហាស៎?”

ឮនាងនិយាយយ៉ាងនេះ តាកែមខឹងណាស់ ព្រោះនាងមិនមែនជាមនុស្សមកពីទីក្រុងជាមួយនឹងក្រុមថតរបស់សក្តិឡើយ។ ក៏ប៉ុន្តែពេលនេះគាត់ចាំបានខ្លះហើយ នាងជាក្មេងស្រីម្នាក់ដែលគាត់ដេញមិនឱ្យមកកាន់ទីនេះកាលពីប៉ុន្មានខែមុន។

តាកែមចូលទៅជិត ហើយច្របាច់ដៃនាងឡើងជាប់៖

“តាលែងដៃខ្ញុំទៅ ខ្ញុំឈឺណាស់” អនប្រឹងរើ ចេញពីដៃតាកែម តែគាត់មិនអាចលែងនាងងាយៗឡើយ។

“នាងមកទីនេះធ្វើអី? ហើយម៉េចក៏នាងហ៊ានចូលទៅក្នុងផ្ទះខ្មោចនេះ? ឬមួយនាងស្នាក់នៅជាមួយអ្នកណា? ម៉េចក៏យើងមិនដែលឃើញនាងសោះអ៊ីចឹង?”

ដោយសារតែចម្ងល់ច្រើនពេក តាកែមក៏សួរអននូវសំនួរជាច្រើន រកតែនាងផ្ដល់ចម្លើយមិនទាន់។ តាកែមសម្លឹងមុតទៅរកអន ហាក់ចង់ប្រាកដថា ចម្លើយដែលនាងនឹងប្រាប់គាត់ ជាពាក្យកុហក ឬជាការពិត។

អន ពេលឮសំនួរតាកែមបែបនេះ នាងក៏ស្រាប់តែនឹកឃើញដល់សំដីលោកយាយកឹម “… យាយចង់ប្រាប់ចៅថា កុំទុកចិត្តអ្នកភូមិនេះឱ្យសោះ ពិសេសគឺតាម្នាក់ ដែលមេភូមិ”។ បើតាមអនស្មាន រវាងពួកគាត់ ច្បាស់ជាធ្លាប់មានទំនាស់ជាមួយគ្នា ហើយស្ថានភាពដែលយាយកឹមជួបនាពេលនេះ ប្រាកដជាមានចំណែកតាមេភូមិហ្នឹងមិនខាន។

ដូច្នេះ រឿងម្យ៉ាងដែលនាងត្រូវធ្វើពេលនេះ គឺមិនអាចនិយាយការពិតចេញមកឡើយ។

“ខ្ញុំ…” អននិយាយមិនចេញ ព្រោះមិនដឹងគួរកុហកតាកែមបែបណាឲ្យសម។

“នាងឆ្កួតហើយ នាងប្រាកដជាខ្មោចយាមបឹងនេះ ធ្វើបាបមិនខានទេ”

អនសម្លឹងមើលមុខតាដែលចោទប្រកាន់នាងដូច្នោះ នាងរហ័សប្រកែកមុននឹងគ្រប់យ៉ាងត្រូវបានគេគ្រប់គ្នាគិតថាជាការពិត។

“ខ្ញុំមិនបានឆ្កួតទេ គឺខ្ញុំនៅផ្ទះនេះ ជាមួយ…” សំដីអនបានកាត់ផ្ដាច់ដោយពាក្យដាស់តឿនមួយ ដែលមិនឲ្យនាងនិយាយពីរឿងយាយកឹម ប្រាប់ទៅតាកែម ក៏ប៉ុន្តែនាងស្អប់អ្នកណាថានាងជាមនុស្សឆ្គួតណាស់ ហើយក៏មិនចង់ឮគេហៅនាងបែបនេះដែរ។

តាកែមសម្លឹងមុខនាង៖

“នៅជាមួយអ្នកណា? នៅផ្ទះនេះគ្មានអ្នកណាគេរស់នៅទេ តើនាងទៅរស់នៅជាមួយនឹងអ្នកណា?”

អនស្រាប់តែច្របូលច្រលប់រកតែនិយាយអ្វីមិនចេញ នាងមិនយល់នូវអ្វីដែលតាកែមបាននិយាយឡើយ។ តាមពិតទៅ កាលដែលអនមកឈរយំនៅមុខនេះ ក៏ដោយសារតែត្រូវយាយកឹមស្ដីបន្ទោស ហើយដេញនាងចេញមក។ គាត់ខឹងនឹងនាង ដែលមិនស្ដាប់សំដីគាត់ ហើយនៅតែទៅជួបជាមួយសក្តិដដែល។

“អត់ទេ គឺខ្ញុំរស់នៅជាមួយនឹងម្ចាស់ផ្ទះនេះ គាត់ជាយាយដែលជួយសង្គ្រោះខ្ញុំ”

“យាយ? នាងចង់ថា នាងនៅទីនេះជាមួយយាយម្នាក់មែនទេ?”

អនមិនចង់និយាយពីរឿងយាយកឹម តែនាងនៅតែភ្លាត់និយាយវាចេញដដែល។ តាកែមគ្រាន់តែឮនាងនិយាយដល់យាយនោះភ្លាម គាត់ក៏ឆាប់សួរបញ្ជាក់។

“គឺលោកយាយម្នាក់ ដែលរស់នៅទីនេះ”

ស្ដាប់អននិយាយមិនទាន់ចប់ តាកែមស្រាប់តែស្រែកឡើងជះកំហឹងដាក់នាង៖

“នាងឆ្កួតហើយ គ្មានអ្នកណានៅទីនេះដាច់ខាត” តាកែមនៅតែប្រកាន់គំនិតគាត់ដដែល ថាគ្មាននរណាម្នាក់ឡើយ នៅក្បែរបឹងនោះ។ គាត់និយាយបណ្ដើរ សម្លឹងមើលទៅក្នុងផ្ទះនោះបណ្ដើរ ដូចកំពុងស្វែងរកនរណាម្នាក់។

“ឬមួយជានាង កឹម? ហេតុអ្វីក៏ព្យាយាមគេចមុខពីខ្ញុំ?” តាកែមរអ៊ូឃ្លានេះក្នុងចិត្ត ខណះទឹកភ្នែកមួយដំណក់រមៀលធ្លាក់ពីកែវភ្នែកកំណាចរបស់គាត់។

តើរវាងពួកគាត់ទាំងពីរមានទំនាក់ទំនងអ្វីទៅ? មើលទៅ តាកែមដូចជាគ្មានភាពក្លាហាននឹងប្រឈមមុខជាមួយនឹងយាយកឹមទេ បានជាដឹងរឿងនេះហើយ គាត់នៅតែប្រកែកមិនជឿអន ហើយក៏មិនព្រមចូលទៅក្នុងផ្ទះនោះដើម្បីបញ្ជាក់ការពិត។

តាកែមឈរទ្រឹងនិយាយអ្វីមិនចេញ កែវភ្នែកគាត់ប្រែជាស្រទន់។ មិនមែនគួរឲ្យខ្លាចដូចមុននេះ តែគួរឲ្យអាណិតទៅវិញ។ អនឃើញស្ថានភាពគាត់បែបនេះ នាងក៏មិនយល់ដែរ ហើយពេលនោះ កម្លាំងដៃដែលគាត់ប្រើលើនាង ចាប់ផ្ដើមថយទៅៗ រហូតរបេះចេញទាំងដែលនាងមិនបានប្រឹងរើ។

បន្ទាប់ពីនៅស្ងៀមមួយសន្ទុះ តាកែមក៏ដកដង្ហើមធំសម្រួលអារម្មណ៍ មុននឹងដើរមួយៗចូលទៅកាន់ផ្ទះនោះ។ គាត់បោះជំហានយឺតៗ ដូចគ្មានថាមពលក្នុងខ្លួន មិនដូចជាមេភូមិចំណាស់កម្លាំងខ្លាំង ក្នុងក្រសែភ្នែកមនុស្សគ្រប់គ្នានោះទេ។