បឹងអតីត ភាគទី៦(បញ្ចប់)

ជំពូក១៦

រំសាយកំហឹង

ថ្ងៃបន្ទាប់ ពួកគេក៏ចែកគ្នាដើររកអន និងផារីទៀត។ ក៏ប៉ុន្តែបេសកម្មលើកនេះ ពួកគេទៅតាមតំបន់គួរឲ្យសង្ស័យរៀងខ្លួន ដោយលីទៅសួអ្នកភូមិ ថាបានឃើញអន និងផារីចាកចេញពីភូមិឬក៏អត់ ដើម្បីប្រាកដថា ពួកនាងទៅភ្នំពេញវិញឬយ៉ាងណា។ ចំណែកឯ សក្តិ និងជេមស៍ គឺទៅដើររកនៅជុំវិញបឹង ហើយអេណាទៅរកដាននៅកន្លែងជិតៗទីនោះ។

សក្តិបានចាកចេញតាំងពីព្រឹក បន្ទាប់ពីនិយាយគ្នាប៉ុន្មានម៉ាត់ជាមួយជេមស៍។ ក្រោយពេលឃើញតាកែមមកដល់ផ្ទះវិញនៅពេលព្រឹក សក្តិក៏បានឃើញតាកែមរៀបចំបាយទឹកជាច្រើន ដាក់ចូលក្នុងកផារបស់គាត់ដោយលាក់បាំងបំផុត។ សក្តិធ្វើជាមិនចាប់អារម្មណ៍ តែតាមឃ្លាំមើលតាកែមរហូត។

តាកែមរៀបចំឥវ៉ាន់សព្វគ្រប់ហើយ ក៏ស្ពាយកផារបស់គាត់ជាប់ស្មារ ដើរចេញពីផ្ទះ ដូចទម្លាប់ទៅចំការរបស់គាត់ ប្លែកត្រង់ថា គាត់មិនដែលយកបាយទៅច្រើនបែបនេះឡើយ។ សក្តិតាមតាកែមចូលក្នុងព្រៃកាន់តែជ្រៅ គេកាន់តែបារម្ភ និងគិតដល់អនគ្រប់ពេល មិនដឹងពេលនេះ នាងមានរឿងអ្វីកើតឡើងឬក៏អត់?

សក្តិដើរត្រង់ទៅកាន់ក្នុងព្រៃជ្រៅដែលស្ងាត់ជ្រងំ គេមានអារម្មណ៍មិនសូវល្អទេ និងព្រឺឆ្អឺងខ្នងដូចគ្នា បើទោះពេលថ្ងៃ មេឃភ្លឺ តែព្រៃនេះគួរឲ្យខ្លាចនឹងមិនសូវមានពន្លឺចាំងចូលប៉ុន្មានទេ។ ព្រៃឈើស៊ុបទ្រុប អមដោយសំឡេងសត្វចម្លែកៗ ហើយទីនេះក៏ហាក់មិនធ្លាប់មានអ្នកណាមកដល់ដែរ។

ឃើញគោលដៅតាកែមមិនមែនចំការ សក្តិកាន់តែច្បាស់ក្នុងចិត្តថា តាកែមជាអ្នកធ្វើរឿងទាំងនេះ។

ស្ថិតក្នុងដំណើរយ៉ាងស្វាហាប់ តាកែមស្រាប់តែទុចដំណើរ ហើយក្រឡែកមើលមកក្រោយ ហាក់ដូចចាប់អារម្មណ៍ថា មានអ្នកណាកំពុងតាមគាត់។ សក្តិភ្ញាក់ព្រើត ហើយក៏ប្រញាប់ចូលទៅឈរពីក្រោយដើមឈើធំក្បែរផ្លូវ ដើម្បីលាក់ខ្លួនពីកែវភ្នែកដ៏កាចសាហាវរបស់តាកែម។

រកមើលសព្វគ្រប់ហើយ មិនឃើញមានអ្វីប្លែក តាកែមក៏ដើរបន្ដទៅរកកន្លែងដែលគាត់បានចងអ្នកទាំងបីភ្ជាប់នឹងដើមឈើ។

ឮសម្រិបជើងគាត់ ដើរផុត សក្តិក៏លួចលៀនក្បាលអើតមើល ដើម្បីចង់ដឹងថាគាត់ទៅបាត់ហើយឬនៅ ហើយគាត់ក៏បានបាត់ខ្លួន។ សក្តិដើររកមើលដានផ្លូវដែលតាកែមដើរ តែមិនច្បាស់លាស់សោះ ព្រោះតាកែមមិនបានបន្សល់តម្រុយអ្វីឡើយ។

សក្តិចេះតែដើរទៅមុខ ដោយគ្មានទិសដៅច្បាស់លាស់ ប៉ុន្តែគេក៏មិនបានភ្លេចធ្វើរឿងខ្លះ ដើម្បីទុកដានឲ្យជេមស៍ឡើយ។ គ្រប់ផ្លូវ ដើរមក គេតែងតែយកកាំបិតឆ្កឹះឈើ និងទម្លាប់របស់លើខ្លួនចាស់ បើចាំបាច់់។ គេបន្តដំណើរ បានប្រហែលជាង៤០ម៉ែត្រ គេក៏ប្រទះឃើញផ្ទះតូចចំណាស់មួយ។

ឃើញផ្ទះនោះហើយ សក្តិក៏ប្រញាប់រុញទ្វារឲ្យរបើកឡើង។ សភាពគ្រប់គ្នាក្នុងពេលនោះ បានធ្វើឲ្យសក្តិរន្ធត់ចិត្តឥតឧបមា ពេលបានប្រទះភ្នែកឃើញមនុស្សដែលខ្លួនស្រឡាញ់ និងមិត្តសម្លាញ់របស់ខ្លួនត្រូវចាប់ចងប្រៀបដូចសត្វធាតុអ៊ីចឹង។ សក្តិរត់ចូលទៅយ៉ាងលឿនសំដៅទៅរកពួកនាង ហើយដង្ហើយហៅឈ្មោះអនដោយសំឡេង អាណិតអាសូរជាខ្លាំង។

“អន!” សក្តិរត់ចូលទៅស្រាយចំណងឱ្យអនមុនគេ ដែលនេះវាលំអៀងពេកហើយ សម្រាប់ផារីដែលខំស្រឡាញ់ និងមើលថែសក្តិកន្លងមក។

“សក្តិ!” សំឡេងអនវាចាឡើងទាំងចង់ប្រាប់ថាកុំទាន់អាលស្រាយចំណងដល់នាងអី ព្រោះបុរសចំណាស់ម្នាក់បានលបៗ ដើរមករកគេពីក្រោយហើយ។ ដោយចិត្តស្រឡាញ់ និងក្ដុកក្ដួលខ្លាំង សក្តិក៏ភ្លេចប្រុងប្រយ័ត្ន។

សក្តិចាប់អារម្មណ៍ឃើញកែវភ្នែកអនចម្លែក និងគ្រវីក្បាលមិនឲ្យគេស្រាយចំណងនាង គេក៏ដឹងថា តាកែមនៅពីក្រោយគេ តែយឺតពេលហើយ។

ព្រូស!!!

កញ្ចឹងកដ៏មាំរបស់សក្តិ ត្រូវតាកែមវាយនឹងដំបងយ៉ាងដំណំ។ គាត់ប្រើកម្លាំងអស់ពីខ្លួន រហូតធ្វើឲ្យសក្ដិដួលសន្លប់ស្ដូកស្ដឹងលែងដឹងអ្វីតែម្ដង ហើយពេលដែលគេដឹងខ្លួនវិញ គេប្រហែលជាត្រូវជាប់ចំណងដែរបាត់ទៅហើយ។

“សក្តិ!!!”

សំឡេងហៅសក្តិបន្លឺឡើង ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល។ នោះមិនមែនជាសំឡេងរបស់អនឡើយ ហើយវាក៏មិនមែនសំឡេងរបស់ផារីដែល តែជាសំឡេងនារីដ៏ស្រស់ស្អាតម្នាក់ ដែលកំពុងលាក់ខ្លួននៅកម្ពោតព្រៃយ៉ាងអាថ៌កំបាំង នាងគឺ…

អេណា???

ត្រូវហើយគឺជានាង អេណាតាមសក្តិមក ដោយមិនឱ្យគេដឹងឡើយ។ តាកែមរហ័សដើរយ៉ាងលឿនទៅអូសកអេណាម្នាក់ទៀតទាំងកម្រោល ឱ្យមកជាប់ចំណងថ្មី ដែលគាត់នៅសល់ខ្សែជាច្រើនសម្រាប់ចងដៃជើងពួកគេ។

“តា… តាលែងខ្ញុំ!”

អេណាស្រែកឲ្យគាត់លែងនាង តែតាកែមវិញមិនមាត់ គិតតែប្រឹងអូសដៃរបស់អេណាដោយកំហឹង។ ពេលនោះ អេណាទោះជានាងចង់រត់ក៏ហួសពេលដែរ តែអារម្មណ៍នាងពេលនេះទោះរត់ក៏បានឆ្ងាយឡើយ។

ក្រោយពីអ្នកប្រាំត្រូវជាប់ចំណងរួចរាល់អស់ហើយ តាកែមក៏ដើរទៅជិតយាយកឹមដែលស្ងៀមទ្រឹង ហាក់មិនចង់ឆ្លើយឆ្លងតបនឹងនរណាម្នាក់បន្តទេ តាកែមស្រាប់តែដូចកម្រោលចូល៖

“យើង! យើងនឹងសម្លាប់នាងអនមុនគេ ហើយពួកឯងគ្រប់គ្នានឹងស្លាប់ម្តងមួយៗមិនខាន”

តាកែមដើរចេញពីមុខគ្រប់គ្នា តែអននាងភ័យណាស់ កែវភ្នែកនាងសម្លឹងមើលសក្តិដែលត្រូវតាកែមចងជាប់ ហើយសន្លប់ស្ងៀមឈឹងមិនកម្រើកទាល់តែសោះ មិនដឹងថាគេកើតអីធ្ងន់ធ្ងរឬអត់ទេ។

“សក្តិ! សក្តិ! លោកយ៉ាងម៉េចហើយ?”

សក្តិបើកភ្នែកតិចៗហាក់បង្ហាញឱ្យគ្រប់គ្នាដឹងថាអំបាញ់មិញហ្នឹង គេមិនបានសន្លប់ទេ នេះជាល្បិចល្អបំផុតដែលអាចកុហកសូម្បីតាកែម។

“តាកែមទៅបាត់ហើយមែនទេ?” សំឡេងសក្តិបន្លឺឡើងទាំងខ្លួននៅជាប់ចំណងនៅឡើយ។

“គាត់ទៅបាត់ហើយ! សក្តិមានកើតអីអត់?”

ផារីហាក់ចង់និយាយដែរ តែមិនទាន់ទាំងនិយាយផង អនក៏និយាយកាត់មុនទៅហើយ។

“ខ្ញុំអត់អីទេ! យើងត្រូវតែឆាប់ចេញពីទីនេះ មុនពេលតាកែមមកវិញ”

“សក្តិមិនអី ល្អហើយ! យើងគួរតែរកមធ្យោបាយទៅ ខ្ញុំមិនចង់ស្លាប់នៅទីនេះទេ” អេណានិយាយឡើងទាំងចង់អួលដើមក។

“ម៉េចក៏អេណាមកតាមខ្ញុំដែរ? អាជេមស៍វាដឹងអត់?”សក្តិងាកទៅមើលអេណាដោយការបារម្ភដូចគ្នា។

“ជេមស៍មិនដឹងទេ! ខ្ញុំឃើញសក្តិចេញមកដូចជាប្លែកៗ ខ្ញុំក៏តាមមកជាមួយតែម្ដង”

“តាកែមដូចជាម៉ត់ចត់ណាស់ ចំណងរបស់គាត់ ក៏មិនងាយនឹងស្រាយដែរ…”

“ចុះសក្តិមានកូនកាំបិតតើ ត្រូវអត់?”អេណាសួរកាត់ ព្រោះនាងឃើញសក្តិយកកូនកាំបិតខ្លួនឆូតលើដើមឈើ ជាសញ្ញាគ្រប់កន្លែងមកកាន់ទីនេះ។

“ខ្ញុំមាន…”គ្រប់គ្នាងាកទៅរកសក្តិ ហើយអរភើតឡើង ព្រោះពេលនេះពួកគេមានសង្ឃឹមហើយ។

“តែ…”

“តែយ៉ាងម៉េច?”ផារីរហ័សសួរ ព្រោះឃើញសក្តិប្រែជានៅស្ងៀមនិយាយមិនចេញ។

“ពេលតាកែមវាយខ្ញុំនោះ ខ្ញុំមិនដឹងថា វារបូតធ្លាក់ទៅណាហើយទេ!”

“តោះ! ជួយរកគ្នាទៅ”ផារីនិយាយហើយ ក៏ព្យាយាមងាករកគ្រប់កន្លៀតទីនោះ។ ទាំងអន ទាំងអេណា និងសក្តិ សុទ្ធតែរំពៃភ្នែកស្វែងរក ចម្លែកតែយាយកឹម ដែលនៅស្ងៀមគ្មានប្រតិកម្មសូម្បីបន្តិច។

“យាយយ៉ាងម៉េចហើយ? ម៉េចក៏នៅស្ងៀម មិននិយាយស្ដីបែបនេះ?”អនចាប់អារម្មណ៍ថាយាយកឹមប្លែក ក៏សួរទៅគាត់។

“…”យាយមិនតប ហើយនៅស្ងៀមដូចមនុស្សគ្មានវិញ្ញាណ។

“យាយៗៗ…”អនព្យាយាមហៅគាត់ តែនៅតែគ្មានចម្លើយ។

“អន! ទឹកមុខយាយដូចជាស្លេកស្លាំងណាស់ គាត់ដូចជាមិនស្រួលទេ”ផារីនិយាយឡើង ពេលនាងសង្កេតមើលសភាពយាយកឹមយ៉ាងយូរ។

“យាយស្លាប់បាត់ហើយ!”

សក្តិស្រែកភ្លាត់មាត់ ពេលគេរំកិលចូលទៅកៀកយាយកឹម។ ខ្លួនប្រាណគាត់ត្រជាកស្រិប ហើយសភាពរាងកាយក៏ប្រែជារឹងគ្មានចលនា ប្រៀបដូចជាសាកសពដែលបានស្លាប់ជាយូរមកហើយអ៊ីចឹង។

“សក្តិថាម៉េច? មិនអាចទេ! យាយមិនស្លាប់ទេ…”

“គាត់ស្លាប់ហើយអន”

សក្តិនិយាយចប់ អនក៏ទ្រហោយំឡើងយ៉ាងកំសត់ដូចកូនព្រាត់ម្ដាយ និងការបាត់បង់មនុស្សសំខាន់ក្នុងជីវិតរបស់នាងអ៊ីចឹង តែមែនទែនទៅ អនគួរតែយំឱ្យខ្លាំងជាងនេះ ព្រោះយាយបានការពារ និងមើលថែនាងប្រៀបដូចជាចៅបង្កើតរបស់គាត់ដែរ។

អនរំកិលកាយចូលទៅក្បែរយាយចំណាស់ដែលនៅស្ងៀមទ្រឹង ហាក់បីដូចជាកំពុងគេងលង់លក់ក្នុងដំណេកយ៉ាងសុខស្រួល តែវាមិនមែនជាដំណេកធម្មតាឡើយ គឺគាត់នឹងគេងជារៀងរហូតគ្មានថ្ងៃភ្ញាក់។ គាត់បានចាកចេញពីពិភពលោកនេះហើយ រិតតែមិនអាចនៅបន្តរស់នៅយ៉ាងឯកោជាមួយបឹងអាតីតតទៅទៀត។ មនុស្សដែលគាត់រងចាំ គេបានចាកចោលគាត់ទៅហើយ ពាក្យសន្យាជាក្ដីសង្ឃឹមរស់តែមួយ ក៏រលត់បាត់ទៅជាមួយម្ចាស់ពាក្យសន្យា តើមានហេតុផលអ្វី ដែលគាត់ត្រូវទ្រាំត្រដររស់ឯកោដូចជាស្លាប់យ៉ាងនេះបន្តទៀត?

បឹងដែលនាំគាត់ឲ្យបានស្គាល់លោកគ្រូសង្ហា ពិចិត្រ រាវុធ បឹងដែលជាសក្សីនៃពាក្យសន្យាស្នេហ៍រយឆ្នាំ វានឹងក្លាយជាបឹងអតីត ដែលគ្មានអ្នកណាបានដឹងពីប្រវត្តិវាឡើយ។

មុនពេលនេះបន្តិច ការដែលឃើញតាកែមខឹងច្រឡោតខ្លាំង ហើយកំហឹងឆួលពេញទ្រូងផងនោះ តាមមើល ក៏ដោយសារតែគាត់ដឹងថា យាយកឹមបានលាចាកលោកមិនខាន។

ការទន្ទឹងរងចាំជួបមុខយាយកឹមជាលើកទីពីររបស់តាកែម គឺមិនអាសារបង់ឡើយ ក៏ប៉ុន្តែគាត់មិននឹកស្មានថា ការជួបគ្នាលើកនេះ ក៏ជាការបែកគ្នាជារៀងរហូតដែរ។

តើតាកែមគាត់បាត់ទៅណាហើយ? តើពេលនេះ គាត់ទៅពួនទួញទុក្ខសោកម្នាក់ឯងមែនទេ?…

ក្រោយពីបាត់ដំណឹងសក្តិពេញមួយថ្ងៃ ជេមស៍ក៏ស្រាប់តែចាប់អារម្មណ៍នឹងពាក្យដែលគេនិយាយ កាលពីព្រឹក។

បើសិនជាបាត់យើង មិនឃើញមកភូមិវិញ យើងច្បាស់ជាត្រូវតាកែមចាប់ខ្លួនម្នាក់ទៀតមិនខាន។ ដូច្នេះ ឯងត្រូវតែលួចតាមដានគាត់ដោយសំងាត់ឮអត់? ជីវិតពួកយើងសង្ឃឹមលើឯងហើយ…

“តើតាកែមពិតជាធ្វើរឿងនេះ ដូចអាសក្តិស្មានមែនទេដឹង? ត្រូវហើយ អ្នកដែលគួរឲ្យសង្ស័យគ្មានអ្នកណាក្រៅពីគាត់ទៀតទេ។ ប៉ុន្តែ… តើពេលនេះគាត់នៅណា?”ជេមស៍រអ៊ូម្នាក់ឯង ហើយងាករកមើលជុំវិញនោះ ក្រែងបានឃើញតាកែម។

រំពេចន៍នោះ តាកែមដែលស្ថិតក្នុងដំណើរលឿនដូចព្រួញ បានដើរកាត់ពីមុខជេមស៍ ជាមួយនឹងអាការៈខុសធម្មតា។ ពេលជេមស៍ក្រឡេកមើលទៅកផាខាងក្រោយខ្នងគាត់ គេស្រាប់តែប្រទះឃើញធុងអ្វីម្យ៉ាងសម្រាប់ដាក់វត្ថុរាវ ដូចជាសាំងជាដើម។

ជេមស៍មិនបានចូលទៅរាក់ទាក់សួរនាំតាកែមដូចសព្វដងឡើយ តែគេបែរជាប្រឹងលាក់ខ្លួនមិនឲ្យគាត់ឃើញទៅវិញ។ ឃើញស្ថានភាពមិនស្រួល ជេមស៍ក៏រត់ទៅរកលី ដោយនិយាយរៀបរាប់ពន្យល់គេយ៉ាងច្រើន ទម្រាំតែលីបានយល់សាច់ការណ៍។

“ឯងឆាប់ទៅប្រាប់អ្នកភូមិថា ក្នុងព្រៃមានត្បូងឮទេ? បើឯងធ្វើមិនបាន កុំហៅយើងថាអាជេមស៍ទៀត”

ជេមស៍និយាយទៅកាន់លី ដោយភាពប្រាកដប្រជា។

“ហើយវាទាក់ទងអីនឹងឈ្មោះឯងអ្ហាស៎”

ជេមគ្រាន់តែឮសំណួរនេះភ្លាម គេស្ទើតែទប់សំណើចមិនចង់បានទៅហើយ ព្រោះតែគេចាល់គំនិត មិនដឹងត្រូវនិយាយយ៉ាងម៉េចទៀត ជាមួយលីនោះទេ។

“ទៅៗៗ ទៅប្រមូលអ្នកភូមិទៅ។ កុំសួរច្រើនអានេះ!”

“អឺៗ!!!” លីនិយាយទាំងមិនសប្បាយចិត្ត តែគេនៅតែប្រញាប់ចាកចេញពីទីនោះ ទៅរកហៅអ្នកភូមិ តមការរៀបចំរបស់ជេមស៍ដដែល។

ឃើញលីចេញទៅហើយ ជេមស៍ក៏រហ័សទៅតាមតាកែមពីក្រោយដែរ។

“ពេលយើងមិនទាន់ទៅដល់ ពួកឯងកុំទាន់ស្លាប់ឲ្យសោះ។ យើងត្រូវតែរស់ទាំងអស់គ្នាណា៎”

ជេមស៍ពោលឡើង ដោយចង់អួលណែនក្នុងទ្រូង។ គេមិនចង់ឃើញមិត្តសម្លាញ់របស់ខ្លួន ត្រូវបាត់ខ្លួនយ៉ាងចម្លែកបែបនេះឡើយ។

រឿងម្យ៉ាង ដែលជេមស៍មិនទាន់បានដឹង ហើយក៏គិតមិនដល់នោះ អេណាក៏ជាជនរងគ្រោះម្នាក់ដែលត្រូវតាកែមចាប់ខ្លួនដែរ។ បើសិនជាគេដឹងមែន គេច្បាស់ជាទន់ដៃទន់ជើងធ្វើអ្វីមិនកើតនោះទេ។

ម្ដងនេះ តើជេមស៍អាចនឹងត្រូវតាកែមចាប់បានទៀត ឬយ៉ាងណា? ហើយតើគេអាចតាមតាកែមទាន់ឬទេ?…

ភាគទី១៩ មនុស្សអាក្រក់

តាកែមដើរព័ទ្ធជុំវិញខ្ទមដែលឃុំអ្នកទាំងប្រាំ ដោយចាក់សាំងស្រោចជុំវិញទីនោះយ៉ាងជោកជាំ។ សកម្មភាពអមដោយគំនុំ និងកំហឹងអួលណែនជាប់ទ្រូងចាក់ស្រេះ ស្រាយមិនចេញរបស់តាកែម ហាក់បញ្ជាក់យ៉ាងច្បាស់ថា ពួកគេទាំង៤នាក់ មិនអាចរួចខ្លួនជាដាច់ខាត។

«ពួកឯង ជាអ្នកនាំរឿងគ្រប់យ៉ាង! ពួកឯងគួរតែស្លាប់់» តាកែមឈរមើលទៅខ្ទមនោះ ហើយនិយាយឃ្លាទាំងនេះជាប់មាត់។

រៀបចំចប់សព្វគ្រប់ហើយ តាកែមក៏ទាញដែកកេះមកដុតខ្ទមសម្លាប់មនុស្សគ្រប់គ្នា ដែលកំពុងជាប់ចំណង ល្វើយកម្លាំងសន្លប់សន្លិនមិនដឹងខ្លួន។

ផារី និងអន នាងត្រូវតាកែមបង្អត់បាយពីរថ្ងៃមកហើយ ដូច្នេះពួកនាងក៏គ្មានកម្លាំងអ្វីនៅសេសសល់ទៀតដែរ ឯសក្តិវិញ ក៏ត្រូវតាកែមវាយបន្ថែម ដើម្បីធានាថា គេនឹងមិនអាចមានកម្លាំងនឹងតតាំងជាមួយគាត់បានទៀត។ ស្រីស្រស់អេណា ដែលមានភាពទន់ខ្សោយស្រាប់ផង គ្រាន់តែត្រូវចាប់ចងពេញមួយថ្ងៃនេះ នាងក៏អស់កម្លាំងកំហែងនៅស្ងៀមមិនកម្រើក។

ពួកគេទាំង៤នាក់ហាក់មិនតក់ស្លុត ហើយញញើតនឹងសេចក្តីស្លាប់នៅចំពោះមុខទាល់តែសោះ ព្រោះតែពួកគេសន្លប់មិនអាចដឹងថានឹងមានអ្វីកើតឡើងនាពេលបន្តិចទៀតនោះទេ។

ឆេស! ឆេស!

តាកែមកេះពីរដង តែដែកកេះមិនឆេះទាល់តែសោះ។ អារម្មណ៍គាត់ហាក់មិនស្ងប់ ហើយញ័រដៃទទ្រើត។ តាកែមបិទភ្នែកសម្រួលអារម្មណ៍បន្តិច ហើយសម្រក់ទឹកភ្នែកមួយដំណក់ ដែលជាភាពឈឺចាប់កើតឡើងដោយសារការបាត់បង់មនុស្សជាទីស្រលាញ់ និងជាមនុស្សដែលគាត់ទន្ទឹងរងចាំជាង៥០ឆ្នាំមកនេះ។

«កឹម! មិនយូរទេ យើងនឹងបានជួបគ្នា។ សង្ឃឹមថាជួបគ្នាម្ដងទៀត កឹមនឹងលែងស្អប់ខ្ពើមខ្ញុំ រឹតតែមិនអាចគេចមុខពីខ្ញុំទៀត។ ខ្ញុំទ្រាំរស់នៅដល់ថ្ងៃនេះ ក៏រំពឹងថានឹងបានជួបនាងម្ដងទៀត តែមិននឹកស្មានថា ជួបគ្នាលើកនេះ ជាការជួបគ្នាលើកចង់ក្រោយទេ…»

តាកែមសន្សឹមលើកដៃជូតទឹកភ្នែកចេញបន្លំភាពឈឺចាប់ ហើយដកដង្ហើមធំមួយ មុននឹងរៀបកេះដែកកេះម្ដងទៀត។

«ឈប់! ឈប់សិន!…»

ភ្លាមនោះ ស្រាប់តែមានសំឡេងមួយលាន់ឡើង ស្របជាមួយសម្រិបសន្ធាប់ជើងមនុស្សឮខ្លាំងៗ ពីក្រោយខ្នងតាកែម។ គ្រាន់បានឮភ្លាម តាកែមក៏រវៀសងាកទៅរកប្រភពសំឡេង ក៏បានឃើញជេមស៍រត់មករកគាត់ ជាមួយនឹងអ្នកភូមិជាច្រើន។ តាកែមមិនខ្វល់ច្រើន ក៏ប្រញាប់ដុតខ្ទមនោះ ដើម្បីបញ្ចប់រឿងគ្រប់យ៉ាង។

«ឈប់សិនតា!» ជេមស៍ព្យាយាមបញ្ឈប់តាកែម តែគាត់បានដុតវារួចទៅហើយ ហើយភ្លើងក៏កំពុងតែឆាបឆេះសន្ធោសន្ធៅយ៉ាងលឿន ពេលបានប្រទះជាមួយសាំងដែលតាកែមបានចាក់នៅជុំវិញនោះរួចជាស្រេច។

«តា កុំសម្លាប់ពួកគេអី? លើកលែងឱ្យពួកគេទៅ!» ជេមស៍អង្វរតាកែម ប៉ុន្តែកែវភ្នែកគាត់សម្លក់ទៅគេ ស្ទើរតែជ្រុះចេញមកក្រៅទៅហើយ។

«អ្ហាក៎! ស្អីគេវិញ? អ្នកណាសម្លាប់អ្នកណា? ចុះថានាំមកមើលរ៉ែត្បូង?»

«ត្រូវហើយ! ចុះអ៊ុំកែម ដុតខ្ទមនេះធ្វើអី?»

អ្នកភូមិគ្រប់គ្នាហាក់វិលវល់មិនយល់ពីអ្វីដែលកំពុងកើតឡើង ហើយធ្វើភ្នែកឡេងឡង់ដាក់គ្នា ងាកទៅរកលី ដែលជាអ្នកប្រាប់រឿងត្បូងទៅគាត់។

«ជួយមិត្តភក្តិខ្ញុំផង! អ៊ុំពូទាំងអស់គ្នាជួយមិត្តខ្ញុំផង ពួកគេនៅក្នុងផ្ទះនោះ» ជេមស៍និយាយទាំងញ័រមាត់ទទ្រើត ហើយសំពះសុំជំនួយពីអ្នកភូមិ។

«កុំជឿវាអី! គ្មានរឿងអីទេ។ យើងគ្រាន់តែដុតខ្ទមខ្មោច ដែលបីសាចព្រៃនៅប៉ុណ្ណោះ ដើម្បីឲ្យអស់ចង្រៃភូមិ»

«អ្នកទាំងអស់គ្នាកុំជឿគាត់ឲ្យសោះ! មិត្តខ្ញុំទាំងអស់ជិតស្លាប់ហើយ ជួយពួកគេផង។ ខ្ញុំសុំអង្វរ…. មិនបានទេ! ខ្ញុំត្រូវតែចូលទៅជួយពួកគេ»

ជេមស៍និយាយកាត់តាកែម ហើយឆ្លេឆ្លាប្រុងចូលទៅជួយអ្នកគ្រប់គ្នាក្នុងខ្ទមនោះ។

«មិនបានទេ! ឯងចង់រំខានពិធីនេះមែនទេ? ឆាប់ចេញភ្លាម»

តាកែមរារាំងជេមស៍ជាប់មិនឲ្យគេចូលទៅជួយមនុស្សក្នុងខ្ទម។

«អ៊ុំកែម! ម៉េចក៏ពួកយើងមិនធ្លាប់ដឹងពីរឿងខ្មោចព្រាយនៅខ្ទមនេះសោះអ៊ីចឹង?»

អ្នកគ្រូស្អាតសួរទៅតាកែមនូវចម្ងល់មួយដែលគ្រប់គ្នានៅទីនោះទាំងអស់គ្នាក៏កំពុងតែឆ្ងល់។ អ្នកនៅទីនោះហាក់ច្របូកច្របល់មិនដឹងថាសម្ដីអ្នកណាគួរឲ្យជឿជាក់ប្រាកដនោះទេ។ បើមើលទៅស្ថានភាពជេមស៍ពេលនេះក៏គួរឲ្យជឿគេម្យ៉ាងដែរ តែសម្រាប់អ្នកភូមិ តាកែមជាមនុស្សដែលពួកគេជឿ និងគោរពជាង។

«ជួយ! ជួយខ្ញុំផង… អ្ហក់ៗ!!!»

សំឡេងឈ្លក់ផ្សែងល្វើយៗលាន់ចេញពីក្នុងខ្ទមកំពុងឆាបឆេះនោះ ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល។ ទោះស្ដាប់មិនច្បាស់ តែនោះជាសំឡេងរបស់សក្តិ។

«អ្នកណាគេហ្នឹង?»

«គឺមិត្តភក្តិខ្ញុំ! តាកែមព្យាយាមសម្លាប់ពួកគេហើយ» គ្រប់គ្នាស្លន់ស្លោពេលឮបែបនេះ។

មិនអាចទ្រាំបានយូរ ជេមស៍ក៏ប្រញាប់ស្ទុះចូលទៅ ដោយយកមែកឈើធំល្មមក្បែរនោះ ទាញកន្ត្រាក់ជញ្ជាំងខ្ទមឲ្យរលំគ្រាំង។ ស្ថានភាពដង្ហក់ស្លាក់ខ្យល់ រកដកដង្ហើមមិនដល់គ្នារបស់អ្នកទាំងបួន បានធ្វើឲ្យអ្នកភូមិទាំងអស់កាន់តែស្រឡាំងកាំងឡើង។

«ម៉េចក៏អ៊ុំកែមដុតសម្លាប់ពួកគេអ៊ីចឹង?»

«កុំរវល់ឆ្ងល់ច្រើន ឆាប់ជួយពួកគេផង!» អ្នកភូមិម្នាក់ពោលឡើង ដោយទាញគ្នាស្ទុះចូលទៅជួយពួកគេ។ ឃើញអ្នកភូមិខ្នះខ្នែងចូលទៅជួយ សក្តិ និងអ្នកឯទៀតបែបនេះ តាកែមហាក់ភ័យញ័រខ្លួន និងខឹងជាខ្លាំង។

ជេមស៍ប្រញាប់អូសទាញសក្តិចេញមកក្រៅយ៉ាងលឿន ដើម្បីកុំឲ្យសក្តិត្រូវចំអិនខ្លោចក្នុងភ្លើងទាន់។ ឯអ្នកភូមិផ្សេងទៀត ក៏ញាប់ដៃញាប់ជើងសង្គ្រោះអន អេណា និងផារីចេញពីគ្រោះថ្នាក់ដែរ។

នៅពេលនាំពួកគេទាំងបួននាក់ចូលមកដល់ក្នុងភូមិវិញហើយ ពួកគេនៅតែមិនទាន់ដឹងខ្លួននៅឡើយ។ លី និងជេមស៍ពិបាកចិត្តណាស់ ពេលដែលឃើញមិត្តពួកគេទៅជាបែបនេះ។

«អាសក្តិ! ឯងយ៉ាងម៉េចហើយ? អាសក្តិ!» ជេមស៍និយាយទៅរកសក្តិទាំងក្ដីព្រួយបារម្ភពន់ពេក ដោយយកដៃទះមុខគេតិចៗ។

«ជួយ! ជួយ…» ស្នាមញញឹមក៏ស្រាប់តែលេចឡើងលើផ្ទៃមុខស្រអាប់របស់លី និងជេមស៍។

«ជួយអ្នកណាទៀត? យើងជួយឯងហើយតើ» ជេមស៍ចាប់ដៃសក្តិកំពុងរវើរវាយនោះជាប់។

«អន… អនយ៉ាងម៉េចហើយ?» សំឡេងល្វើយៗរបស់សក្តិ ហាក់ធ្វើឲ្យជេមស៍ និងលីចង់សើចបន្តិច ហួសចិត្តបន្តិច។

«យីអាស្អីគេនេះ! ជិតស្លាប់ហើយ នៅនឹកឃើញតែស្រីទៀត។ អន អេណា និងផារី ក៏ត្រូវអ្នកភូមិជួយយកមកកាន់ភូមិហើយដែរ កុំបារម្ភខ្លាំងពេក»

លីក្នាញ់ក្នុងចិត្តចំពោះសក្តិ ស្ទើរតែវាយគេទៅហើយ តែទប់អារម្មណ៍ព្រោះពេលនេះគេជាអ្នកជំងឺ។

«ចុះអ៊ំកែមវិញ?» សក្តិមិនបានភ្លេចពីជនដៃដល់ ហើយក៏រហ័សសួរទៅពួកគេ។

«គាត់ត្រូវអ្នកភូមិឃាត់ខ្លួនបញ្ចូនឲ្យទៅសមត្ថកិច្ចបាត់ហើយ។ យើងចាំមើលខាងអាជ្ញាធរគេមានវិធានការបែបម៉េចបន្តទៀត?»

ស្ដាប់ជេមស៍និយាយចប់ សក្តិមិនបានតបអ្វីបន្តទៀតទេ គេក៏ទម្លាក់ទឹកមុខស្រពោនមកវិញ។

«កុំគិតច្រើនពេក! ឯងឆាប់សម្រាកទៅ» លីទាញសក្តិឲ្យដេកទៅវិញ មិនឲ្យគេងើបឡើង។

ព្រឹកថ្ងៃថ្មី ហើយក៏ជាថ្ងៃចុងក្រោយដែលសក្តិនិងក្រុមការងារនឹងថតបញ្ចប់ដើម្បីបានទៅភ្នំពេញវិញ។ ពេលនេះផារីមិនសូវមានអារម្មណ៍អន់ចិត្តប៉ុន្មានទេ នាងហាក់ដឹងការពិតគ្រប់យ៉ាងថាសក្តិមិនបានស្រលាញ់ខ្លួន ហើយនាងក៏មិនគួរនឹងស្រលាញ់សក្តិបន្ដទៀតដែរ។ ក្រោយពីថតចប់សព្វគ្រប់ហើយ សក្តិក៏ប្រញាប់លាពួកគេ ទៅមុន។

“សក្តិរៀបចំទៅណា?”

“ផារីសុំផ្ញើក្រុមការងាផងណា ខ្ញុំសុំទៅមុនហើយ ព្រោះមានការរវល់ជាមួយនឹងអន” សក្តិនិយាយតាមត្រង់។

ផារីនាងសើចស្រស់ធម្មតាដូចចង់បញ្ជាក់ថានាងទទួលយកបាន ព្រោះនាងដឹងថា គេមិនបានស្រឡាញ់នាងតាំងពីដើមម្ល៉េះ។

“មិនអីទេ! សក្តិប្រញាប់ទៅៗ អនកំពុងតែឡើងឡានទៅភ្នំពេញហើយ ចាំពួកយើងទៅតាមក្រោយ”។

អ្ហាស៎?

ផារីស្រាប់តែនិយាយរឿងនេះេចញមក។ វាជារឿងដែលអនប្រាប់គ្រប់គ្នា តែជាអាថ៌កំបាំងសម្រាប់សក្តិតែម្នាក់គត់។ សក្តិជាបុរសដែលគ្រប់គ្នាគិតថាអននឹងស្រលាញ់ តែទីបំផុតនាងក៏លះបង់។

គឺប្រគល់ឱ្យផារីវិញ។ អនមិនអាចអាត្មានិយមដណ្តើមសក្តិយកពីផារីបានឡើយ តែពេលនេះផារីក៏បានធ្លោយមាត់និយាយដោយការតាំងចិត្តរបស់នាង៖

“ម៉េចឆ្កួតអ៊ីចឹង? ក្រែងឯងស្រលាញ់សក្តិអ្ហីផារី? ប្រាប់គេអ៊ីចឹង គេច្បាស់ជាទៅតាមអន ចុះឯង?”

អេណានិយាយបន្ទោសផារី តែនាងមិនឆ្លើយ ហើយគិតក្នុងចិត្តតែម្នាក់ឯងមិនឱ្យនរណាបានដឹង៖

“ពេលវេលាកន្លង យើងដឹងថាគេមិនបានស្រលាញ់យើង តែយើងនៅតែកុហកខ្លួនឯងរហូតមក ធ្វើដូចគេស្រលាញ់យើង ធ្វើដូចគេបារម្ភពីយើង ធ្វើដូចគេនឹងស្រលាញ់យើង។ រឿងដែលមិនអាចទៅរួច គឺមិនអាចនឹងទៅរួចឡើយ ដូចជាតាកែម គាត់ព្យាយាមកុហកខ្លួនឯងរហូតមក តែចុងក្រោយ ការពិតនៅតែជាការពិត”

ជេមស៍ អេណានិងលីដើរចេញពីមុខផារី ហើយដើរមកប្រមូលអ៊ីវ៉ាន់ថតនិងរហ័សចាកចេញពីទីនេះ។ តែមុននឹងទៅ ពួកគេមិនភ្លេចគ្រឿងដង្វាយលាបន្នន់នៅទីនេះឡើយ។

ភាគទី ២០ ស្នេហាស្មោះៗ

១ឆ្នាំកន្លងផុតទៅ

រ៊ើង… រ៊ើង…

សំឡេងនាឡិកាបន្លឺឡើង ថែមទាំងកម្រើកញ័រទទ្រើតលើតុតូចមួយក្បែរគ្រែរបស់សក្តិ និងអន ដែលមានបំណងចូលទៅរំខានផ្ដាច់ដំណេករបស់ពួកគេ។ គ្រាន់តែឮភ្លាម អនរហ័សងើបឡើងទាំងមិនទាន់អស់ងងុយ បិទនាឡិកាឲ្យឈប់ស្រែក ហើយក្រឡេកទៅមើលម៉ោង ក៏លាន់មាត់។

«មិនកើតទេ! ម៉ោង៦ កន្លះទៅហើយ ទៅហែរជំនួនមង្គលការជេមស៍ម៉េចនឹងទាន់ទៅ?»

និយាយរអ៊ូតិចៗប៉ុណ្ណេះ អនក៏ដើរចេញពីគ្រែសំដៅទៅបន្ទប់ទឹក។

«អូភ្លេច! បើមិនដាស់បងសក្តិទេ ច្បាស់ជាមិនក្រោកឡើយ។ ហ្នឹងហើយយប់មិញ ផឹកទាល់តែសន្លប់ហ្មង ពេញមួយយប់ ឃើញតែងើបទៅក្អួត។ អ៊ីចឹងហើយ នៅត្រដរផឹកទៀត។ បងសក្តិអ្ហា៎! បងសក្តិ…»

ដើរមិនទាន់បានប៉ុន្មានជំហានផង អនក៏ទច់ដំណើរបន្តិច ហើយងាកទៅរកមើលសក្តិ ដែលកំពុងលង់លក់ក្នុងដំណេកយ៉ាងស្កប់ស្កល់។ អនខំដាស់សក្តិបណ្ដើរ យកដៃអង្រួនគេបណ្ដើរ តែគ្មានប្រយោជន៍ឡើយ ព្រោះស្ថានភាពអនពេលនេះមិនខុសអ្វីពីព្យាយាមដាស់គល់ឈើនោះទេ។ អស់តម្រិះហើយ អនក៏មិនខ្វល់ច្រើន ហើយក៏ចូលទៅបន្ទប់ទឹកបាត់ទៅ។

ស្ថិតក្នុងសភាពរុំកន្សែងពោះគោដណ្ដប់ខ្លួនចេញពីបន្ទប់ទឹក អនដើរមួយៗដោយចោលក្រសែភ្នែកសម្លឹងជាប់ទៅគ្រែគេងរបស់នាង ក្នុងចិត្តនឹកក្នាញ់ឆួលនឹងសក្តិ ព្រោះថ្មើរនេះហើយ គេនៅមិនទាន់ក្រោកទៀត។ ព្រឹកនោះជាថ្ងៃមង្គលការជេមស៍ ពួកគេមិនអាចទៅយឺតឡើយ រិតតែមិនអាចមិនទៅ។

«បង! បងឆាប់ក្រោកឡើង។ បង… ហ៊ឹម! ប្រុសកម្ជិលនេះ ប្រុងដេកដល់ថ្ងៃចាំគូទមែនទេ?»

សម្ដីគ្មានអ្នកតប ទោះអនប្រឹងនិយាយយ៉ាងណា ក៏គ្មានអ្នកណាតបជាមួយនាងឡើយ។ នាងមានតែនិយាយម្នាក់ឯងប៉ុណ្ណោះ ព្រោះសក្តិពេលនេះ សូម្បីកម្រើកបន្តិច ក៏គ្មានផង។

កែវភ្នែកអនស្រាប់តែឈប់ស្ងៀមមួយកន្លែងសម្លឹងមើលទៅផ្ទៃមុខសក្តិយ៉ាងស្រទន់ ដោយលាយឡំជាមួយស្នាមញញឹមតិចៗផង។ ភ្លាមនោះ អនក៏យកដៃដ៏ទន់ល្មើយរបស់នាង ទៅស្ទាបបបូរមាត់សក្តិថ្នមៗ

«គួរឲ្យស្រលាញ់ទៅៗហើយ បងឯង»

អននិយាយខ្សិបតិចៗ ព្រោះមិនចង់ឲ្យគេឮ បានចិត្ត ហើយក៏សន្សឹមឱនចូលទៅក្បែរមុខរបស់គេ សម្លឹងមុតទៅរកបបូរមាត់របស់សក្តិ ដូចជាត្រៀមខ្លួននឹងលួចថើបគេអ៊ីចឹង។ ចូលកាន់តែកៀកក្បែរមាត់សក្តិហើយ អនក៏ងើបដើរចេញពីគ្រែមកវិញ ព្រោះនាងស្រាប់តែមានអារម្មណ៍អៀនខ្លាំង។

មិនទាន់ទាំងចេញផុតពីទីនោះផង ស្រាប់តែមានដៃជនអនាមិកមួយគូលេចឡើងភ្លេត មកតោងឱបចង្កេះអនជាប់មិនលែង ធ្វើឲ្យនាងភ្ញាក់ព្រើត។

«អ្ហា៎!…»

«អូនចង់ទៅណាហ្នឹង?» សក្តិស្រាប់តែឧទានឡើងបែបនេះ ធ្វើឲ្យអនរកឆ្លើយមិនត្រូវហើយ។ គេក្រោកឈរ ដើរចូលទៅរកអន ហើយដាក់កលើស្មាស្ដាំរបស់នាង។

«គឺ… គឺអូនទៅផ្លាស់សម្លៀកបំពាក់ទៅមង្គលការជេមស៍ហ្នឹងហើយ» ខ្យល់ដង្ហើមក្ដៅៗរបស់សក្តិ បានធ្វើឲ្យអនភ័យផង អៀនផង និយាយមិនចង់ចេញ។

«ម៉េចក៏អូនដូចជាអៀនជាមួយបងម្ល៉េះ? យើងជាប្ដីប្រពន្ធនឹងគ្នាណា៎ អូន»

សក្តិហាក់ចាប់អារម្មណ៍ឃើញថា ភរិយារបស់ខ្លួនកំពុងតែមានអារម្មណ៍អៀនខ្មាសបែបនេះ ក៏ធ្វើជានិយាយឌឺដងផ្លែផ្កា។

«មានអៀនឯណា?»

«ចុះម៉េចក៏មិនមើលមុខបងឲ្យចំអ៊ីចឹង?»

សក្តិចាប់បង្វែរអនឲ្យងាកមករកខ្លួន ហើយលើកមុខនាងឡើង ឲ្យសម្លឹងចំកែវភ្នែកដូចសត្វប្រមាញ់របស់គេ។

«ឥឡូវអូនមើលហើយតើ! ចង់យ៉ាងម៉េចទៀត?» អនឌឺសក្តិ ដោយសម្ដីមុតៗរបស់ខ្លួន។

«អូនជំពាក់បងពីរយ៉ាង ដែលត្រូវសងបងវិញពេលនេះ» សក្តិញញឹមចុងមាត់ ហាក់មានគំនួចចិត្តអ្វីមួយចម្លែកចំពោះអន។

«អូនជំពាក់ស្អីគេខ្លះ?» អនមិនយល់ពីអ្វីដែលសក្តិលើកឡើង ហើយក៏ចោទសួរភ្លាមៗ ដោយមិនបង្អង់យូរ។

«ទី១ យប់មិញបងស្រវឹងខ្លាំង ច្រលំគេងជ្រុលដល់ភ្លឺហ្មង រហូតភ្លេចធ្វើរឿងម្យ៉ាង ទី២ មិញអូនប្រុងថើបបង តែបែរជាមិនថើបវិញ។ អូនដឹងអត់? ថាអូនបានធ្វើស៊ីអារម្មណ៍បង ឲ្យរំភើបបន្តិចឥតបានការ។ ឥឡូវ ឆាប់ប៉ះប៉ូវអារម្មណ៍បងវិញមក!»

«ឆ្គួត! មកសងអីពេលនេះ» អនមុខក្រហមងាំង ហាក់រិតតែអៀនខ្លាំងឡើងចំពោះសក្តិ ខណៈស្វាមីកំហូចម្នាក់នេះកំពុងញញឹមស្រស់មកកាន់នាង។

«បងមើលអី? កុំប្រាប់ថាបងកំពុងគិតអាក្រក់ចំពោះអូនអ្ហា៎?»

អនប្រញាប់រើបំរាស់ចេញពីរង្វង់ដៃរបស់សក្តិ ហើយយកដៃធ្វើជាបិទបាំងរាងកាយខ្លួន ដែលដណ្ដប់ដោយកន្សែងពោះគោទើបចេញពីបន្ទប់ទឹក។ ឮអនថាឲ្យបែបនេះ សក្តិកាន់តែប្រើកែវភ្នែកបែបខិលរបស់ខ្លួនសម្លឹងមើលនាងឥតដាក់ដដែល ហើយដើរទៅរកអន ដែលកំពុងព្យាយាមបោះជំហានថយក្រោយ។

«វាជារឿងធម្មតារបស់ប្ដីប្រពន្ធទៅហើយ មិនមែនជារឿងអាក្រក់ឯណា។ បងមិនអាចចាញ់អាជេមស៍ជាដាច់ខាត»

«ចាញ់ជេមស៍រឿងអី?»

«វាថា វានឹងបានបីីកូនមុនបង។ អូនអ្ហា៎! គួរដល់ពេលអូនឲ្យកូនបងមួយហើយណា៎»

និយាយមិនទាន់ផុតមាត់ផង សក្តិក៏ស្ទុះយ៉ាងលឿនទៅចាប់ឱបអនជាប់មិនលែង។ អនប្រឺងរើដែរ តែលើកនេះមិនអាចរួចខ្លួនឡើយ។

«តែយើងត្រូវទៅជួយហែរជំនួនគេព្រឹកនេះទៀតណា»

«កុំទៅបារម្ភពីមង្គលការអាជេមស៍ពេក! ណាមួយទុកឲ្យចាស់ៗគាត់ធ្វើទៅ។ យើងត្រូវនៅដោះស្រាយរឿងក្មេងៗច្រើនទៀត»

«បងឯងនេះខិលណាស់!» អនច្បិចថ្ពល់ និងច្រមុះសក្តិព្រោះក្នាញ់នឹងគេខ្លាំង។

«ឲ្យបងថើបមួយមើល៍ ប្រពន្ធសម្លាញ់! បងចង់បានកូនប្រុសមុនគេ…»​ ពេលវេលាដ៏ពោរពេញដោយសេចក្តីសុខនេះ ទុកឲ្យគូស្នេហ៍មួយគូហ្នឹងសម្រេចទៅចុះ។ អ្វីគួរធ្វើបន្ទាប់មកទៀត ពួកគេចេះសម្រេចហើយ។

ក្រឡេកទៅមើលមង្គលការដ៏អធិកអធមរបស់ជេមស៍វិញ មានភ្ញៀវចូលរួមជាច្រើនកុះករ។ ប៉ុន្តែកូនកំលោះ ហាក់មិនស្ងប់ចិត្តទាល់តែសោះ ព្រោះកែវភ្នែកគេក្រឡាប់ចុះឡើង ហាក់កំពុងស្វែងរកនរណាម្នាក់អ៊ីចឹង។

មិនយូរប៉ុន្មាន ស្នាមញញឹមក៏ស្រាប់លេចឡើង លើផ្ទៃមុខរបស់ជេមស៍ស្រាលៗសម្លឹងទៅក្លោងទ្វាររោងការរបស់ខ្លួន។ វត្តមានមនុស្សពីរនាក់បានដើរកៀកកើយគ្នាចូលមកជាមួយគ្នា ជាមួយនឹងភាពស្និទ្ធស្នាលប្លែកខុសពីមនុស្សធម្មតា បើទាយមិនខុស ពួកគេច្បាស់ជាគូស្នេហ៍នឹងគ្នាមិនខាន។

«យើងស្មានតែឯងមិនមកតើ!» ជេមស៍និយាយឡើង ហើយដើរទៅរកពួកគេទាំង ដែលខ្លួនកំពុងស្លៀកក្បិនក្នុងពិធីហែរជំនួនមិនទាន់ដោះចេញ។

«អត់ម៉េចបាន! សម្លាញ់រៀបការទាំងមូលទៅហើយ។ ណាមួយ យើងក៏ជិតរៀបការដែរ បើមិនមក ធ្វើម៉េចបានលុយចំណងពីឯងវិញ។ ហាសហា…» និយាយមិនទាន់ផុតមាត់ផង គេក៏សើចកក្អឹក ធ្វើឲ្យជេមស៍ខឹងដាក់គេមួយក្រញរ។

«អាលីកន្ធាត់! ឯងនេះចរិកអន់មិនខុសពីអាសក្តិទេ។ នេះបើឯងការមុនយើង ឯងច្បាស់ជាមិនមកមង្គលការយើងដូចអាសក្តិមិនខាន»

ការពិតជាលីទេតើ អ៊ីចឹងបាននិយាយតែបន្តិច ក៏ត្រូវឈឺសាច់ដូចតែរាល់ដង។ ជេមស៍ឮលីនិយាយហើយ គេហាក់ហួសចិត្តឥតថ្លែងចំពោះមិត្តសម្លាញ់ទាំងពីរនាក់របស់គេ ដែលចិត្តបានដល់ម្លឹង។

«យ៉ាងម៉េចៗ! ពួកឯងកំពុងនិយាយដើមយើងមែនទេ?» កំពុងតែនិយាយគ្នាសើចសប្បាយ សក្តិ និងអនក៏បណ្ដើរគ្នាចូលមកកាន់ពួកគេ ដូចដឹងថាជេមស៍ និងលីកំពុងនិយាយដើមខ្លួនអ៊ីចឹង។

«អូ! បងប្រធានតើ។ សូមស្វាគមន៍បងប្រធាន។ ប្រហែលហត់នឿយខ្លាំងហើយបង» លី និងជេមស៍ចូលទៅទទួលស្វាគមន៍ចំពោះសក្តិ បែបលាក់ពត់ខ្លាំង រហូតសក្តិដឹងពីចេតនាពិតរបស់ពួកគេ។

«អម្បាញ់មិញ ពួកឯងច្បាស់ជានិយាយដើមយើងមិនខាន បានមកធ្វើជាយកចិត្តយកថ្លើមយើងបែបនេះ។ គម្រោងលើកក្រោយ យើងឈប់ត្រូវការពួកឯងទៀតហើយ» សក្តិនិយាយហើយក៏សើចដាក់ពួកគេ។

«កុំអីបង! អញមិនទាន់ការទេវ៉ើយ។ មានលុយណាទៅដណ្ដឹងកូនគេទៅ?»

«អាលី! ម្នាក់នេះមែនទេ? ជាគូដណ្ដឹងឯងនោះ» សក្តិមិនតបរឿងចាស់ តែបែរជាសួរសំណួររថ្មី ខ្សិបទៅលី។

«ចាស៎!» មិនចាំឲ្យលីឆ្លើយទាន់ អនាគតភរិយារបស់គេក៏ឆ្លើយភ្លេតមិនបង្អង់យូរ។

«អ៎! ស្អាតណាស់តើ។ ជួយមើលកូនឆ្កែខ្ញុំមួយនេះផងណា៎»

«ត្រូវហើយ! កុំសូវប្រកាន់វាអី។ ហើយអានេះវាស៊ីច្រើនបន្តិចហើយ»

សក្តិ និងជេមស៍នាំគ្នានិយាយបង្អាប់លីម្នាក់មួយម៉ាត់ ធ្វើឲ្យគ្រប់គ្នាសើច តែលីបែរជាពេបមាត់ខឹងដាក់ពួកគេ។

«ម៉ាប់អ៊ីចឹង បានខ្ជូត! មែនអ្ហេ៎បង?»

«មែនហ្នឹង! ហាន់នី» លីរហ័សតបជាមួយភរិយាអានាគតរបស់ខ្លួន ដែលលើកសរសើរខ្លួន ចំពោះមុខហ្វូងមនុស្សដែលតែងតែធ្វើបាបគេ។

«អូខេៗ! តែនិយាយអ៊ីចឹង ចុះឯណាអេណា? ដូចជាមិនឃើញនាងនៅទីនេះសោះ» សក្តិស្រាប់តែនឹកឃើញថាបាត់អេណា មិនឃើញនាងនៅទីនោះ។

«អឺ! ដូចជាបាត់នាងមែនហ្នឹង» លីបន្ទរពីក្រោយ។

«ឈប់ៗ! វាពាក់ព័ន្ធអីជាមួយពួកឯងដែរ? អេណាជាប្រពន្ធយើង យើងមិនចង់ឲ្យជួបពួកឯង ឯងចង់យ៉ាងម៉េច?…»

«អ្ហាក៎! មកជុំគ្នាអស់ហើយតើ។ ម៉េចក៏មិនហៅខ្ញុំផង? នៅខាងក្នុងកន្លែងតែងខ្លួនអផ្សុកណាស់» ជេមស៍និយាយមិនទាន់ផុតមាត់ផង អេណាក៏ដើរចេញមករកពួកគេ។

«បងស្មានតែអូនចង់សម្រាកតើ!» ជេមស៍ងាកទៅរកនិយាយជាមួយអេណា ដោយកែវភ្នែកស្រទន់គួរឲ្យស្រឡាញ់។

«អូ! ពិតជាស្អាតមែន។ អ៊ីចឹង បានសមជាម៉ូដែលប្រចាំក្រុមយើង» សក្តិសរសើរអេណាមិនដាច់ពីមាត់ ធ្វើឲ្យអនច្រណែន ហើយលួចក្ដិចគេពីក្រោយ។ ឯជេមស៍វិញ ក៏សម្លឹងមុខសក្តិត្លែ ដូចចង់ស៊ីគេអ៊ីចឹង។

«យើងមិនទាន់និយាយអស់ទេ! ស្អាតណាស់ តែចាញ់ប្រពន្ធយើងទេវ៉ើយ.. ហាសហា»

សក្តិខ្លាចត្រូវដាច់សាច់ទាន់ ក៏ប្រញាប់សរសើរប្រពន្ធខ្លួនវិញ។

«តោះ! ចូលមកក្នុងអង្គុយលេងទៅ នៅឈរខាងក្រៅមិនចុកជើងទេអ្ហី?» អេណានិយាយ ក៏ទាញដៃអន និងហៅពួកគេឲ្យចូលទៅរកកន្លែងអង្គុយនៅក្នុងរោងការ។

«ចុះផារី នាងអត់មកទេក៏អី?» អនមិនឃើញផារី ក៏សួរទៅពួកគេ។

«អូ! ផារីឥឡូវ គេមានគម្រោងថ្មី ចុះទៅថតនៅសៀមរាបឯណោះ មិនដឹងថាមកភ្នំពេញទាន់មង្គលការខ្ញុំឬក៏អត់ទេ?»

«អ្នកណាថាមកមិនទាន់?»

ផារីដើរចូលមកកាត់សម្ដីរបស់ជេមស៍ ដែលកំពុងនិយាយពីនាង។

«ហាសហា! ស្មានថាមិនមកហើយតើ»

អេណានិយាយរាក់ទាក់ផារី ព្រោះជាមិត្តចាស់នឹងគ្នា។

«ចេះស្លៀកពាក់ស្អាតៗ និងតែងខ្លួនអ៊ីចឹងឡើង ទើបមិននៅព្រៅ អ្នកនិពន្ធ!» លីនិយាយឌឺផារី ធ្វើឲ្យគេគ្រប់គ្នាសើច។

«ខ្ញុំមកក្រោយគេ! តែជូនពរពួកឯងឲ្យហើយ ខ្ញុំជូនពរឲ្យពួកឯង ស្រលាញ់គ្នាដល់ចាស់ តែមែនកោងខ្នងទេ»

«ម៉េចមិនដល់កោងខ្នង?» ផារីមិនទាន់បញ្ចប់ឃ្លាជូនពរផង ជេមស៍ក៏សួរកាត់។

«ចុះចង់ចាស់ទៅកោងខ្នងមែន?»

«អ៎ៗ អត់ទេ! ហាសហា អាងគេជាអ្នកនិពន្ធ និយាយជ្រៅៗ រកតែយល់មិនបាន។ តែរឿងមួយ ដែលខ្ញុំត្រូវសម្រេចឲ្យបាន គឺមានកូនប្រើ មុនអាសក្តិ»

«ហាសហា….»

ការជួបជុំដែលសប្បាយរីករាយបែបនេះ មួយឆាកជីវិតជួបបានប៉ុន្មានដងទៅ។ ការដែលបានស្គាល់មនុស្សចេះយល់ចិត្តថ្លើមគ្នា មិនមែនជាការងាយស្រួលនោះទេ តែបើបានប្រទះហើយ ត្រូវតែចាប់ឲ្យជាប់ កុំលែងឲ្យសោះ។

រឿងអតីតកាល បណ្ដោយឲ្យវាកន្លងផុតទៅតាមពេលវេលាចុះ កុំជាប់ជំពាក់ជាមួយវាទៀតអី រឿងដែលត្រូវគិត និងត្រូវដោះស្រាយ គឺជារឿងបច្ចុប្បន្នកាលទៅវិញទេ។ ឆាកជីវិតមនុស្សម្នាក់ៗ វាពិតជាមិនអាចគ្រប់គ្រាន់ស្រន់មហិច្ឆតាបានឡើយ ប៉ុន្តែវាអាស្រ័យលើមនុស្សម្នាក់ៗនេះឯង ដែលត្រូវចេះកម្រិតថា តើប៉ុនណាទៅ ទើបសមល្មមសម្រាប់ខ្លួនឯង?

ចប់ដោយបរិបូរណ៍