ពីរបីសប្ដាហ៍មុនពេលខួបកំណើតលើកទីដប់មួយរបស់ សារ៉ា ប៉ាប៉ារបស់នាងបានផ្ញើសំបុត្រមក ដែលសំបុត្រនោះហាក់មិនត្រូវបានសរសេរដោយបុរសដែលមានស្មារតីខ្ពស់ដូចសព្វមួយដងទេ។ គាត់មិនសូវជាបានសុខទេ ហើយជាការពិតគឺគាត់ធ្វើការហួសកំណត់ដោយសារការជាប់ពាក់ព័ន្ធជាមួយនឹងពាណិជ្ជកម្មរ៉ែពេជ្រ។
“កូនឃើញទេ សារ៉ា ប៉ាប៉ារបស់កូនមិនមែនជាពាណិជ្ជករទេ ទិន្នន័យនិងឯកសារបានរំខានប៉ា។ ប៉ាមិនសូវជាយល់ពីឯកសារទាំងនោះទេ ហើយការងារទាំងអស់នេះហាក់ដូចជាធំណាស់។ ប្រសិនបើប៉ាមិនពាក់ព័ន្ធនឹងរឿងនេះទេ ប្រហែលប៉ាមិនចាំបាច់ត្រូវចំណាយពេលពាក់កណ្ដាលយប់គិតវិលវល់ ហើយពាក់កណ្ដាលយប់ទៀតសុបិនអាក្រក់ពីកិច្ចការទាំងនេះទេ។ ប្រសិនបើអ្នកនាងតូចរបស់ប៉ានៅទីនេះ ប៉ាហ៊ាននិយាយថា នាងនឹងផ្ដល់ភាពរីករាយឲ្យប៉ា និងយោបល់ល្អៗមិនខាន។ កូននឹងធ្វើ ត្រូវទេអ្នកនាងតូច?” លោក គ្រូវី សរសេរ។
មួយក្នុងចំណោមរឿងកំប្លែងរបស់គាត់គឺហៅនាងថា អ្នកនាងតូច ព្រោះនាងមានចរិតបែបមនុស្សចាស់។
គាត់បានរៀបចំជាពិសេសសម្រាប់ថ្ងៃកំណើតរបស់នាង ក្នុងចំណោមរបស់ជាច្រើនដែលគាត់បានទិញផ្ញើមកនោះមានតុក្កតាមួយដែលគាត់កុម្ម៉ង់មកពីទីក្រុងប៉ារីស ហើយនិងរ៉ូបថ្មីដ៏ស្រស់ស្អាតរបស់នាង។ ពេលដែលនាងឆ្លើយតបនឹងសំបុត្រដែលសួរនាងថា តើតុក្កតានោះជាកាដូដែលអាចទទួលយកបានទេ សារ៉ា បានឆ្លើយតបដោយពាក្យដ៏គួរឲ្យហួសចិត្ត។
“ខ្ញុំកាន់តែអាយុច្រើនហើយ ប៉ាដឹងទេ ខ្ញុំនឹងមិនរស់នៅដើម្បីទទួលតុក្កតាមួយទៀតទេ។ នេះនឹងក្លាយជាតុក្កតាចុងក្រោយរបស់ខ្ញុំ។ ប្រសិនបើខ្ញុំអាចសរសេរកំណាព្យបាន កូនជឿថាកំណាព្យដែលរៀបរាប់ពីតុក្កតាចុងក្រោយប្រាកដជាមានន័យ។ ប៉ុន្តែកូនមិនអាចសរសេរកំណាព្យបានទេ កូនធ្លាប់សរសេរសាកល្បង ហើយវាធ្វើឲ្យកូនសើចពេលអានវា។ ស្ដាប់ទៅមិនដូចជាកំណាព្យរបស់ វ៉ាត្ស ឬ ខូលើរីដ ឬ សេខេស្ពៀរ ទេ។ គ្មាននរណាអាចជំនួសកន្លែងរបស់ អ៊មីលី បានទេ ប៉ុន្តែកូននឹងគោរពតុក្កតាចុងក្រោយ ហើយខ្ញុំជឿថាក្មេងនៅសាលាប្រាកដជាចូលចិត្តគេ។ ពួកគេសុទ្ធតែចូលចិត្តតុក្កតា ទោះបីជាអ្នកខ្លះធំអាយុជិតដប់ប្រាំឆ្នាំហើយ នៅធ្វើខ្លួនដូចជាពួកគេមិនទាន់ធំ។”
កាពីទែន គ្រូវី បានធូរស្បើយពីអាការៈឈឺក្បាលពេលដែលលោកបានអានសំបុត្រនេះនៅឯវិមានរបស់គាត់ក្នុងប្រទេសឥណ្ឌា។ នៅលើតុចំពោះមុខគាត់ពាសដោយក្រដាសជាច្រើន និងសំបុត្រដែលគាត់ត្រូវបំពេញជាមួយនឹងរឿងឈឺក្បាលជាច្រើន ប៉ុន្តែគាត់សើចក្រោយពីគាត់មិនដែលបានសើចជាច្រើនសប្ដាហ៍ហើយមកនោះ។
ថ្ងៃខួបរបស់នាងត្រូវប្រារព្ធដោយកម្មវិធីធំ បន្ទប់រៀនត្រូវតុបតែង និងត្រូវមានពិធីជប់លៀង។ ប្រអប់កាដូត្រូវបើជាមួយនឹងការអបអរ ហើយត្រូវបានការរៀបចំជាពិសេសនៅក្នុងបន្ទប់សម្រាកពីម៉ោងបង្រៀនរបស់កញ្ញា មីនជីន។ ពេលដែលថ្ងៃខួបបានមកដល់សិស្សក្នុងថ្នាក់ទាំងអស់សុទ្ធតែមានក្ដីរំភើប។ ព្រឹកនោះនឹងមានអ្វីកើតខ្លះអ្នកគ្រប់គ្នាសុទ្ធតែបានដឹងមុន ព្រោះការរៀបចំបែបនោះធ្លាប់ត្រូវបានធ្វើរួចមកហើយ។ បន្ទប់រៀនត្រូវបានតុបតែង ហើយតុត្រូវបានគេរើចេញ ក្នុងបន្ទប់មើលទៅប្រកបដោយការតុបតែងឡើងក្រហមច្រាល។
ពេលសារ៉ា ចូលទៅក្នុងបន្ទប់អង្គុយលេងរបស់នាងនៅពេលព្រឹក នាងឃើញកញ្ចប់តូចមួយនៅលើតុ ខ្ចប់ដោយក្រដាសពណ៌ប្រផេះ។ នាងដឹងថា នោះគឺជាកាដូ ហើយនាងគិតថានាងអាចទាយដឹងថានោះជាកាដូរបស់អ្នកណា។ នាងបើកមើលដោយការចង់ដឹង។ នោះបូរាងបួនជ្រុង ធ្វើដោយសំពត់ឡែនស្ដើងពណ៌ក្រហមដែលមានស្នាមប្រឡាក់ ហើយនិងម្ជុលខ្មៅដែលត្រូវបានដោតភ្ជាប់ដោយប្រុងប្រយ័ត្នដើម្បីបង្កើតពាក្យ “សូមមានសេចក្ដីរីករាយ”។
“អូ! គាត់ពិបាកធ្វើខ្លាំងណាស់ហើយ! ខ្ញុំចូលចិត្តរបស់នេះ ខ្ញុំពិតជាមានអារម្មណ៍ថារំជួលចិត្តណាស់!” ប៉ុន្តែបន្តិចក្រោយមកនាងមានអារម្មណ៍ថាឆ្ងល់។ នៅខាងក្រោមនោះមានភ្ជាប់មកជាមួយកាតមួយ ដោយមានអក្សរជាឈ្មោះ “កញ្ញា អាម៉េឡា មីនជីន”។
សារ៉ា ត្រលប់កាតមើលចុះមើលឡើង។
“កញ្ញា អាម៉េឡា! ម៉េចនឹងអាចទៅ?”
ហើយភ្លាមនោះនាងឮសំឡេងទ្វារត្រូវបានរុញបើកមកដោយប្រុងប្រយ័ត្ន និងឃើញប៊េកគី នៅទីនោះ។
នៅលើមុខរបស់នាងបង្ហាញពីក្ដីស្រលាញ់ និងរីករាយ ហើយនាងដើរមកមុខ និងឈរដោយភ័យអក្នុងចិត្ត។
“អ្នកនាងសារ៉ា ចូលចិត្តវាទេ? ចូលចិត្តទេ?” នាងនិយាយ។
“ចូលចិត្តវា? ប៊េកគី បងធ្វើវាដោយខ្លួនឯងមែនទេ?” សារ៉ា ស្រែក។
ប៊េកគី ធ្វើសញ្ញាប្រាប់ថានាងជាអ្នកធ្វើ ហើយភ្នែករបស់នាងដាមដោយទឹកភ្នែកដែលជាក្ដីរីករាយ។
“វាមិនមែនជារបស់ថ្លៃទេ គឺរបស់ចាស់ៗ ប៉ុន្តែខ្ញុំចង់ជូនរបស់អ្វីម្យ៉ាងដល់អ្នកនាង ហើយខ្ញុំបានធ្វើវានៅពេលយប់។ ខ្ញុំដឹងថា អ្នកនាងអាចប្រឌិតវាថាមានពេជ្រដាំនៅលើនេះ។ ខ្ញុំព្យាយាមគិតយ៉ាងនេះពេលខ្ញុំធ្វើវា។ អ្នកនាងប្រាកដជាឆ្ងល់ពីរឿងកាតនេះហើយ ខ្ញុំរើសមកពីក្នុងធុងសំរាម តើខ្ញុំមិនខុសទេមែនទេ? កញ្ញា មីលី បានបោះវាចោល ចំណែកខ្ញុំអត់មានកាតដាក់នឹងកាដូរបស់ខ្ញុំទេ ហើយខ្ញុំដឹងថាវានឹងមិនគ្រប់លក្ខណៈទេប្រសិនបើមិនមានភ្ជាប់កាតមកជាមួយនឹងកាដូនោះ ដូច្នេះហើយទើបខ្ញុំភ្ជាប់កាតរបស់កញ្ញា មីលី។”
សារ៉ា រត់ទៅឱបនាង នាងមិនអាចនិយាយប្រាប់អ្នកណា ឬសូម្បីតែខ្លួននាងបានទេ ថាហេតុអ្វីបានជានាងអួលដើមក។
“អូ ប៊េកគី! ខ្ញុំស្រលាញ់បង ប៊េកគី ខ្ញុំស្រលាញ់ ស្រលាញ់!” នាងយំផងសើចផង។
“អូ! អ្នកនាង! អរគុណអ្នកនាងហើយ កាដូនេះមិនល្អដល់ថ្នាក់នេះទេ សំពត់ឡែននោះចាស់ហើយ។” ………………………………….
ពេល សារ៉ា ចូលទៅក្នុងបន្ទប់រៀននៅពេលថ្ងៃត្រង់ នាងចូលទៅហាក់ដូចជាមេដឹកនាំដង្ហែក្បួន។ កញ្ញា មីនជីន គ្រងឈុតដ៏ស្រស់ស្អាតបំផុតរបស់គាត់ នាំមុខគេដោយដឹកដៃរបស់នាង។ បុរសអ្នកបម្រើតាមពីក្រោយដោយកាន់ប្រអប់ដែលដាក់តុក្កតាចុងក្រោយ អ្នកបម្រើក្នុងផ្ទះបានលើកចង្ក្រានធ្យូង ប៊េកគី លើករបស់មកនៅក្រោយគេពាក់អៀមការពារអាវស្អាត និងមួកថ្មី។ សារ៉ា នាងចង់ដើរចូលមកក្នុងបន្ទប់តាមធម្មតា ប៉ុន្តែកញ្ញា មីនជីន ហើយឲ្យគេទៅនិយាយជាមួយនាង ហើយក្រោយពីការសម្ភាសន៍នៅក្នុងបន្ទប់អង្គុយលេងរបស់នាង ការរៀបចំនេះត្រូវបានធ្វើឡើង។
“នេះមិនមែនជាឱកាសសាមញ្ញនោះទេ ខ្ញុំមិនចង់ឲ្យមានការរៀបចំធម្មតាដូចកម្មវិធីរបស់អ្នកផ្សេងទេ។” គាត់និយាយ។
ដូច្នេះសារ៉ា ត្រូវបានគេនាំចូលទៅក្នុងថ្នាក់រៀនដោយភាពអ៊ូអរ ដែលធ្វើឲ្យនាងមានអារម្មណ៍អៀនខ្មាស ពេលដែលនាងចូលដល់ក្នុងបន្ទប់ហើយក្មេងស្រីធំៗកេះគ្នា ហើយក្មេងតូចៗចាប់ផ្ដើមសើច។
“ស្ងាត់ក្មេងៗ ជេម្ស៍ ដាក់ប្រអប់នៅលើតុ ហើយហែកសំបកចេញទៅ។ អេមម៉ា ដាក់របស់ឯងលើកៅអីទៅ។ ប៊េកគី!” កញ្ញា មីនជីន បង្គាប់។
ប៊េកគី រំភើបពេកទើបនាងភ្លេចខ្លួន និងសម្លឹងទៅ ឡូទី ដែលកំពុងរំជើបរំជួលជាមួយក្ដីរំពឹងពីរឿងអស្ចារ្យដែលនឹងកើតឡើង។ ប៊េកគី ស្ទើរតែធ្វើឲ្យធ្លាក់ប្រអប់របស់នាងទៅហើយ សំឡេងបន្ទោសបានបន្លឺឡើងទៅរកនាង ហើយអាការៈភ័យខ្លាច និងការសុំទោសរបស់នាងមើលទៅគួរឲ្យអស់សំណើចដែលធ្វើឲ្យ ឡាវីនី និងជេស៊ី កេះគ្នាសើច។
“នេះមិនមែនកន្លែងដែលឯងត្រូវនៅមើលទេ ឯងភ្លេចខ្លួនហើយ? ដាក់ប្រអប់របស់ឯងចុះមក។” កញ្ញា មីនជីន និយាយ។
ប៊េកគី ប្រញាប់ធ្វើតាម ហើយស្ទុះត្រលប់ទៅទ្វារវិញ។
“ទាំងអស់គ្នាអាចចេញទៅបានហើយ” កញ្ញា មីនជីន និយាយទៅកាន់អ្នកបម្រើដោយលើកដៃរបស់គាត់បក់ជាសញ្ញាឲ្យពួកគេចេញក្រៅ។
ប៊េកគី ថយទៅមួយចំហៀងដោយគោរពដើម្បីឲ្យអ្នកបម្រើរៀបច្បងចេញទៅមុន។ នាងទ្រាំងនឹងសម្លឹងមើលប្រអប់នៅលើងតុនោះមិនបាន។ ភ្លាមនោះសារ៉ា និយាយ៖
“អ្នកគ្រូ មីនជីន តើអ្នកគ្រូមេត្តាអនុញ្ញាតឲ្យ ប៊េកគី នៅទីនេះបានទេ?”
នោះជារឿងមិនគប្បីនឹងធ្វើ។ កញ្ញា មីនជីន ទីទើរមិនដឹងថា ត្រូវសម្រេចយ៉ាងណា។ បន្ទាប់មកគាត់លើកកញ្ចក់វ៉ែនតាឡើងលើបន្តិច ហើយសម្លឹងទៅសិស្សក្នុងថ្នាក់ដោយទើសទាល់។
“ប៊េកគី! សារ៉ា កូនសម្លាញ់!” គាត់ភ្ញាក់ផ្អើល។
សារ៉ា ខិតទៅរកគាត់មួយជំហានទៀត។
“ខ្ញុំចង់ឲ្យនាងនៅព្រោះខ្ញុំដឹងថា នាងនឹងចង់មើលកាដូ នាងក៏ជាក្មេងស្រីតូចដែរ។” នាងពន្យល់។
កញ្ញា មីនជីន សម្លឹងមើលសិស្សម្នាក់ហើយម្នាក់ទៀត។
“សារ៉ា កូន! ប៊េកគី ជាអ្នកបម្រើនៅផ្ទះបាយ អ្នកបម្រើនៅផ្ទះបាន អឺ! មិនមែនក្មេងស្រីតូចទេ។” គាត់និយាយ។
ចំពោះកញ្ញា មីនជីន គាត់មិនគិតបែបនោះទេ ចំពោះគាត់អ្នកបម្រើនៅផ្ទះបានគឺជាម៉ាស៊ីនដែលលើកចង្ក្រានធ្យូង និងបង្កាត់ភ្លើង។
“ប៉ុន្តែប៊េកគី ជាក្មេងស្រី ហើយខ្ញុំគិតថានាងនឹងសប្បាយចិត្ត។ សូម្បីមេត្តាឲ្យនាងនៅទៅ ព្រោះនេះជាខួបកំណើតរបស់ខ្ញុំ។”
កញ្ញា មីនជីន ឆ្លើយដោយពាក្យគួរសម៖
“ដោយសារកូនស្នើសុំសម្រាប់ថ្ងៃខួបកំណើតរបស់កូន នាងអាចនៅបាន។”។
ប៊េកគី ត្រលប់ទៅជ្រុងម្ខាងនៃបន្ទប់ សម្រួលអៀមការពារអាវរបស់នាង ដោយញញឹមញញែម។ នាងដើរមកខាងមុខ ឈរនៅឆ្ងាយ ប៉ុន្តែភ្នែកនាង និងភ្នែករបស់សារ៉ា មានពន្លឺនៃការយល់គ្នា និងបែបជាមិត្តភ័ក្ដិ ពេលនោះនាងក៏បន្លឺពាក្យឡើង៖
“អូ! អរគុណអ្នកនាង! ខ្ញុំពិតជាចង់មើលតុក្កតានោះ ហើយអរគុណម៉ាដាម ដែលអនុញ្ញាតឲ្យខ្ញុំបាននៅមើល។”
កញ្ញា មីនជីន លើកដៃមកបក់ម្ដងទៀតជាសញ្ញាឲ្យនាងទៅឈរនៅជ្រុងម្ខាងនៃទ្វារក្បែរនោះ។
“ទៅឈរនៅខាងនោះទៅ កុំនៅជិតក្មេងៗពេក។” គាត់បញ្ជា។
ប៊េកគី ដើរទៅកន្លែងរបស់នាង។ នាងមិនខ្វល់ថាគេឲ្យនាងឈរនៅកន្លែងណាទេ ព្រោះនាងមានសំណាងនៅក្នុងបន្ទប់ដោយមិនត្រូវគេឲ្យចុះទៅជាន់ក្រោមនៅផ្ទះបាយ ខណៈដែលពេលវេលាដ៏រីករាយនេះកំពុងកើតឡើង។ នាងថែមទាំងមិនខ្វល់ពេលកញ្ញា មីនជីន គ្រហែមហើយនិយាយម្ដងទៀត។
“ឥឡូវកូនៗ អ្នកគ្រូមានពាក្យប៉ុន្មានម៉ាត់ត្រូវប្រកាស”។
“គាត់នៅថ្លែងសុន្ទរកថាទៀត ខ្ញុំបន់ឲ្យតែចប់ទេ។” ក្មេងៗខ្សឹបគ្នា។
សារ៉ា មានអារម្មណ៍មិនសូវស្រណុកចិត្តទេ ពេលដែលកម្មវិធីរបស់នាងត្រូវគេថ្លែងរៀបរាប់ពីនាង។
“កូនៗទាំងអស់គ្នាដឹងហើយថា កូនសារ៉ា ពេលនេះមានអាយុដប់មួយឆ្នាំហើយនៅថ្ងៃនេះ។” ការថ្លែងចាប់ផ្ដើម។
“សារ៉ា ជាទីស្រលាញ់!” ឡាវីនី ខ្សឹបពេបមាត់។
“កូនៗជាច្រើននាក់ក៏មានអាយុដប់មួយឆ្នាំដែរ ប៉ុន្តែខួបកំណើតរបស់ សារ៉ាគឺខុសពីខួបកំណើតរបស់ក្មេងៗផ្សេងទៀត។ ពេលដែលនាងមានអាយុកាន់តែច្រើនទៅនាងនឹងត្រូវទទួលមរតកសំណាងដ៏ធំ ដែលនឹងជាទំនួលខុសត្រូវរបស់នាងដែលត្រូវមានអាកប្បកិរិយាដែលគាប់ប្រសើរ។”
“រ៉ែពេជ្រ!” ជេស៊ី ខ្សឹបសើច។
សារ៉ា ស្ដាប់ជេស៊ី មិនឮទេ ប៉ុន្តែពេលដែលនាងឈរនៅសម្លឹងកញ្ញា មីនជីន នាងមានអារម្មណ៍ថាមិនសប្បាយចិត្ត។ ពេលកញ្ញា មីនជីន និយាយពីលុយ នាងហាក់មានអារម្មណ៍ថាស្អប់គាត់ ជាការពិតណាស់វាជារឿងខ្វះការគោរពដែលមានចិត្តស្អប់មនុស្សចាស់។
“ពេលប៉ាប៉ាជាទីស្រលាញ់របស់នាង កាពីទេន គ្រូវី បាននាំនាងមកពីឥណ្ឌា ហើយឲ្យខ្ញុំមើលថែនាង គាត់បាននិយាយប្រាប់ខ្ញុំដោយត្រង់ថា គាត់ខ្លាចនាងនឹងក្លាយជាអ្នកមានពេក ខ្ញុំបានតបនឹងគាត់ថា កាពីទែន គ្រូវី ការអប់រំរបស់នាងនៅសាលារបស់ខ្ញុំ នឹងជាទ្រព្យមហាសាលដូចសំណាងរបស់នាងដែរ។ សារ៉ា បានក្លាយជាសិស្សមកស្នាក់ដ៏សំខាន់របស់ខ្ញុំ។ ភាសាបារាំង និងការរាំរបស់នាងគឺជាកិត្តិយសរបស់សាលា។ អាកប្បកិរិយារបស់នាងដែលបានធ្វើកូនៗហៅនាងថា ព្រះនាងសារ៉ា គឺល្អឥតខ្ចោះ។ កម្មវិធីជប់លៀងនៅថ្ងៃនេះគឺជាទឹកចិត្តរបស់នាង អ្នកគ្រូសង្ឃឹមថាកូនៗទាំងអស់គ្នានឹងសរសើរចំពោះទឹកចិត្តល្អរបស់នាង។ អ្នកសូមឲ្យកូនៗទាំងអស់គ្នាបង្ហាញពីការសរសើរដោយនិយាយទាំងអស់គ្នាថា “អរគុណសារ៉ា!”
សិស្សក្នុងបន្ទប់ក្រោកឈរទាំងអស់គ្នា ដូចជាពួកគេបានធ្វើនៅពេលព្រឹកហើយសារ៉ា ដឹងច្បាស់។
“អរគុណ សារ៉ា!” ហើយក្នុងចំណោមនោះ ឡូទី បានលោតចុះឡើងតិចៗ។ សារ៉ា ហាក់អៀនខ្មាស នាងតាំងអារម្មណ៍ ហើយនិយាយ៖
“អរគុណអ្នកទាំងអស់គ្នា ដែលបានមកចូលរួមកម្មវិធីរបស់ខ្ញុំ។”
“ពិតជាល្អណាស់ សារ៉ា នេះជាអ្វីដែលព្រះនាងពិតប្រាកដធ្វើនៅពេលដែលក្រុមមនុស្សទះដៃអបអរព្រះនាង។” កញ្ញា មីនជីន និយាយ។
ឡាវីនី បន្លឺសំឡេង “ឆើស!”
”ឡាវីនី សំឡេងដែលកូនធ្វើនេះហាក់ដូចជាមិនសមរម្យទាល់តែសោះ ប្រសិនបើកូនច្រណែននឹងមិត្តរួមថ្នាក់របស់កូន អ្នកគ្រូសូមឲ្យកូនបង្ហាញពីអារម្មណ៍របស់កូននៅក្នុងអាកប្បកិរិយាជានារី។ ឥឡូវអ្នកគ្រូចេញទៅហើយ អ្នកទាំងអស់គ្នារីករាយនឹងកម្មវិធីចុះ។”
ខណៈដែលគាត់ចេញពីបន្ទប់ទៅ នៅខាងក្នុងបន្ទប់មិនស្ថិតក្នុងសភាពដូចមុននេះនោះទេ ទ្វារបិទមិនទាន់អ្នកគ្រប់គ្នាបានចេញពីតុ។ ពួកគេប្រញាប់រត់ទៅមើលប្រអប់ សារ៉ា នៅកាន់វាដោយទឹកមុខរីករាយ។
“ទាំងនេះគឺសៀវភៅ ខ្ញុំដឹង” សារ៉ា និយាយ។
ក្មេងៗលាន់មាត់ ហើយ អេមេនហ្គាដ សម្លឹងដោយហួសចិត្ត។
“ប៉ារបស់ឯងផ្ញើសៀវភៅឲ្យនៅថ្ងៃកំណើត? ហេតុអីគាត់ដូចជាប៉ាខ្ញុំដែរ? កុំបើកអី សារ៉ា” នាងភ្ញាក់ផ្អើល។
“ខ្ញុំចូលចិត្តសៀវភៅ” សារ៉ា សើចហើយនាងបែរទៅប្រអប់ធំ។ ពេលដែលនាងយកតុក្កតាចុងក្រោយចេញមក ក្មេងៗលាន់មាត់គ្រប់គ្នា មានអ្នកស្រែកថា៖
“វាធំស្ទើរតែប៉ុន ឡូទី ទៅហើយ!”
ឡូទី ទះដៃ រាំហើយសើចក្អឹកៗ។
“គេស្លៀករ៉ូបឲ្យនាងទៅមើលកុន អាវធំរបស់នាងមានភ្ជាប់ជាមួយនឹងកូនកំប្រុកស។” ឡាវីនី និយាយ។
“អូ! នាងមានកញ្ចក់អូប៉េរ៉ានៅក្នុងដៃទៀត ពណ៌ខៀវមួយ ពណ៌មាសមួយ។” អេមេនហ្គាដ ស្រែកហើយរុលមកមុខ។
“នេះគឺហិបរបស់នាង យើងបើកហិបមើលឥវ៉ាន់របស់នាងទៅ!” សារ៉ា និយាយ។
នាងអង្គុយចុះលើកម្រាលឥដ្ឋ ហើយចាក់សោ។ ក្មេងៗមករោមជុំវិញនាង ខណៈដែលនាងបើកគម្របហើយបង្ហើបមើលរបស់នៅខាងក្នុង។ ក្នុងបន្ទប់រៀននេះមិនដែលមានសំឡេងខ្ទរខ្លាំងបែបនេះទេ ក្នុងនោះគឺ ខ្សែក ស្រោមជើងសូតវែង និងកន្សែងដៃ ហើយមានប្រអប់គ្រឿងអលង្ការមួយដែលមានខ្សែក និងមកុដ ដែលមើលទៅហាក់ដូចជាធ្វើពីពេជ្រពិតៗ មានស្រោមដៃវែងធ្វើពីសូត មានរ៉ូបជាច្រើនប្រភេទ មួក ប៉ាន់តែ និងកង្ហារ។ សូម្បីតែ ឡាវីនី និង ជេស៊ី ក៏ភ្លេចខ្លួនថា ពួកគេអាយុច្រើនពេកហើយសម្រាប់ការស្រលាញ់តុក្កតា ហើយលាន់មាត់សរសើររបស់ដែលពួកគេកំពុងមើល។
“បើសិនជានាងឈរនៅក្បែរតុ ពាក់មួកពណ៌ខ្មៅធំ និងស្លៀកសំលៀកបំពាក់ស្អាតទាំងនេះ ប្រសិនបើនាងយល់ពីអ្វីដែលមនុស្សនិយាយ ហើយមានមោទនភាពដែលត្រូវបានមនុស្សស្រលាញ់។” សារ៉ា និយាយ។
“ឯងតែងតែឧបមារឿងរហូត” ឡាវីនី និយាយ។
“ខ្ញុំដឹងថា ខ្ញុំយ៉ាងនេះ ខ្ញុំចូលចិត្តប្រឌិតរឿង។ គ្មានអ្វីល្អដូចរឿងដែលយើងប្រឌិតទេ។ វាហាក់ដូចជាបានក្លាយជាទេពអប្សរ។ ប្រសិនបើយើងប្រឌិតរឿងឲ្យមែនទែននោះ វាហាក់ដូចជារឿងពិតប្រាកដ។” សារ៉ា ឆ្លើយ។
“ឯងប្រឌិតរឿងអ្វីក៏បានដែរពេលដែលឯងមានអ្វីគ្រប់យ៉ាងនោះ តើឯងអាចឧបមា និងប្រឌិតរឿងបានទេប្រសិនបើឯងជាអ្នកសុំទាននោះ?” ឡាវីនី និយាយ។
សារ៉ា ឈប់រៀបចំតុក្កតា ហើយសម្លឹងដោយការគិត។
“ខ្ញុំជឿថា ខ្ញុំអាច ប្រសិនបើមនុស្សម្នាក់ជាអ្នកសុំទាន អ្នកនោះនឹងឧបមា និងប្រឌិតរឿងរហូត ប៉ុន្តែនោះមិនមែនជារឿងងាយស្រួលទេ។” នាងនិយាយ។
ពេលដែលនាងទើបតែនិយាយចប់ កញ្ញា អាម៉េឡា ក៏ចូលមកក្នុងបន្ទប់រៀន។
“សារ៉ា អ្នកធ្វើការរបស់ប៉ាប៉ា កូនលោក បារ៉ូ បានមកសុំជួបកញ្ញា មីនជីន ហើយគាត់ត្រូវនិយាយជាមួយលោក បារ៉ូ តែឯង ភេសជ្ជៈគេទុកនៅបន្ទប់ទទួលភ្ញៀវរបស់គាត់ កូនៗទាំងអស់គ្នាគួរតែទៅញ៉ាំអាហារពិធីជប់លៀងរបស់កូនហើយ ដូច្នេះបងស្រីរបស់អ្នកគ្រូអាចមកជជែកគ្នានៅក្នុងបន្ទប់រៀននេះបាន។” គាត់និយាយ។
ភេសជ្ជៈមិនទំនងជានៅសល់បានច្រើនម៉ោងទេ ពេលដែលភ្នែកជាច្រើនបានសម្លឹងទៅ។ កញ្ញា អាម៉េឡា រៀបចំរបស់ក្នុងបន្ទប់រៀនតាមលំដាប់ ហើយពេលដែលសារ៉ា ចេញទៅនាងទុកតុក្កតានៅលើកៅអី ហើយរ៉ូបនៅក្បែរនោះ អាវធំ និងរបស់ផ្សេងទៀតជាច្រើនទៀតនៅលើកៅអី។
ប៊េកគី ដែលមិនត្រូវចូលរួមញ៉ាំភេសជ្ជៈជាមួយពួកគេនោះ មានចំណង់ចង់ដឹងពីភាពស្រស់ស្អាតនៃតុក្កតា និងរបស់ប្រណិតជាច្រើនទៀតនោះ ហើយនោះពិតជាការចង់ដឹងរឿងគេប្រាកដមែន។
“ទៅធ្វើការឯងវិញទៅ ប៊េកគី” កញ្ញា អាម៉េឡា និយាយ ប៉ុន្តែនាងឈប់បន្លំធ្វើជារើសរបស់របរទុកដាក់ ហើយឈរសម្លឹងមើលតុក្កតានោះដោយក្ដីស្រលាញ់ ភ្លាមនោះនាងឮសំឡេង កញ្ញា មីនជីន មកជិតដល់ ដោយការភ័យខ្លាចត្រូវគេស្ដីបន្ទោសថាគេចពីការងារ នាងបានចូលលាក់ខ្លួននៅក្រោមតុដែលមានក្រណាត់កម្រាលតុជួយបិទបាំងនាង។
កញ្ញាមីនជីន ចូលមកក្នុងបន្ទប់ អមដំណើរដោយសុភាពបុរសមាឌស្ដើង ដែលមើលទៅហាក់ដូចជាមានរឿងមិនសប្បាយចិត្ត។ កញ្ញា មីនជីន ខ្លួនឯងក៏មើលទៅហាក់ដូចជាមិនសូវសប្បាយចិត្តដែរ គាត់មានមន្ទិលនឹងទឹកមុខដែលបង្កប់ដោយរឿងមិនសប្បាយចិត្តរបស់បុរសនេះ។
គាត់អង្គុយចុះ ហើយលើកដៃអញ្ជើញគេឲ្យអង្គុយ។
“អញ្ជើញអង្គុយលោក បារ៉ូ”
លោក បារ៉ូ មិនទាន់អង្គុយចុះភ្លាមទេ។ គាត់ហាក់ចាប់អារម្មណ៍នឹងតុក្កតាចុងក្រោយ និងរបស់របរនៅជុំវិញនោះ។ គាត់លើកវ៉ែនតា ហើយសម្លឹងរបស់ទាំងអស់នោះដោយការមិនពេញចិត្ត។
“មួយរយផោន របស់ថ្លៃដែលធ្វើនៅទីក្រុងប៉ារីស។ បុរសក្មេងនោះចំណាយលុយខ្ជះខ្ជាយណាស់ហើយ។” លោក បារ៉ូ និយាយ។
កញ្ញា មីនជីន មានអារម្មណ៍ថាត្រូវគេបន្ទោស។ រឿងនេះហាក់មិនសមលើកឡើងពីអភិជនរបស់គាត់ទេ។ អ្នកធ្វើការម្នាក់គ្មានសិទ្ធិនិយាយពីម្ចាស់ទេ។
“ខ្ញុំសុំទោសលោក បារ៉ូ ខ្ញុំមិនយល់ទេ។” គាត់និយាយចង់ឲ្យគេបញ្ជាក់រឿងឲ្យច្បាស់។
“កាដូខួបកំណើតសម្រាប់ក្មេងអាយុដប់មួយឆ្នាំ! ពិតជាចំណាយជ្រុលពេកហើយ ខ្ញុំចង់និយាយបែបនេះ។” លោក បារ៉ូ នៅតែនិយាយបែបរិះគន់។
កញ្ញា មីនជីន ក្រោកឈរឡើងនៅតែមិនយល់ន័យ។
“កាពីទែន គ្រូវី ជាបុរសមានសំណាង គ្រាន់តែរ៉ែពេជ្រនោះ…” គាត់និយាយ។
លោក បារ៉ូ និយាយកាត់គាត់។
“រ៉ែពេជ្រ! គ្មានទេ! នឹងគ្មានទេ!”
កញ្ញា មីនជីន ក្រោកចេញពីកៅអីរបស់គាត់។
“ថាម៉េច? លោកមានន័យថាម៉េច?” គាត់ស្រែក។
“យ៉ាងណា វាពិតជាប្រសើរប្រសិនបើគ្មានរ៉ែពេជ្រនោះ។” លោក បារ៉ូ ឆ្លើយដោយរឹងកំព្រឹស។
“រ៉ែពេជ្រ?” កញ្ញា មីនជីន ចាប់កៅអីនៅខាងក្រោយខ្នងរបស់គាត់ដោយមានអារម្មណ៍ថា សុបិនដ៏ធំរបស់គាត់កំពុងរសាត់ចេញឆ្ងាយពីគាត់។
“រ៉ែពេជ្របង្កគ្រោះជាងបង្កទ្រព្យ ពេលដែលបុរសម្នាក់ស្ថិតក្រោមដៃមិត្តស្និទ្ធស្នាល ហើយមិនមែនជាអ្នកជំនួញ គេត្រូវបំផ្លើសពីរ៉ែពេជ្រ ឬមាស ឬអ្វីផ្សេងទៀតដើម្បីឲ្យមិត្តស្និទ្ធស្នាលនោះចង់ដាក់លុយចូលក្នុងពាណិជ្ជកម្មនោះ។ អតីតកាពីទែន គ្រូវី…” លោក បារ៉ូ និយាយ។
មកដល់ត្រឹមនេះកញ្ញា មីនជីន បញ្ឈប់គាត់ដោយសំឡេងភ្ញាក់ផ្អើល។
“អតីតកាពីទែន គ្រូវី! អតីត! លោកមិនមែនមកដើម្បីប្រាប់ខ្ញុំថា កាពីទែន គ្រូវី គាត់…” កញ្ញា មីនជីន ស្រែក។
“គាត់ស្លាប់ហើយ ម៉ាដាម។ ស្លាប់ដោយសារជំងឺគ្រុនចាញ់ ហើយនិងបញ្ហាពាណិជ្ជកម្មលាយបញ្ចូលគ្នា។ ជំងឺគ្រុនចាញ់ប្រហែលជាមិនអាចសម្លាប់គាត់បានទេ ប្រសិនបើគាត់មិនមានបញ្ហាជំនួញ ហើយបញ្ហាជំនួញប្រហែលមិនអាចសម្លាប់គាត់បានទេ ប្រសិនបើគាត់មិនកើតជំងឺគ្រុនចាញ់។ កាពីទែន គ្រូវី ស្លាប់ហើយ!” លោក បារ៉ូ ឆ្លើយដោយពាក្យគ្មានសីលធម៌។
កញ្ញា មីនជីន ទម្លាក់ខ្លួនទៅលើកៅអីវិញ ពាក្យដែលគេនិយាយបានធ្វើឲ្យគាត់ញ័រខ្លួន។
“តើបញ្ហាជំនួញអ្វីទៅ តើគឺរឿងអ្វីខ្លះ?” គាត់សួរ។
“រ៉ែពេជ្រ និងមិត្តសម្លាញ់ និងសេចក្ដីវិនាស។” លោក បារ៉ូ ឆ្លើយ។
កញ្ញា មីនជីន មិនដកដង្ហើម។
“សេចក្ដីវិនាស!” គាត់ភ្លាត់សំដី។
“បាត់បង់មិនសល់មួយផេន្នី។ បុរសក្មេងនោះមានប្រាក់ច្រើនពេក។ មិត្តជិតស្និទ្ធនោះឈ្លក់វង្វេងនឹងរ៉ែពេជ្រពេក គេដាក់លុយរបស់គេទាំងអស់ក្នុងជំនួញនេះ ហើយកាពីទែន គ្រូវី ក៏ដូចគ្នា បន្ទាប់មកមិត្តស្និទ្ធស្នាលក៏រត់បាត់ទៅ កាពីទែន គ្រូវី មានជំងឺគ្រុនចាញ់ទៅហើយពេលដែលដំណឹងនោះមកដល់។ រឿងនេះរន្ធត់ពេកចំពោះគាត់ គាត់ស្លាប់ដោយការគិតពិតក្មេងស្រីតូចរបស់គាត់ ហើយមិនបានបន្សល់ទុកមួយផេន្នីទេ។”
ឥឡូវកញ្ញា មីនជីន យល់ហើយ ហើយគាត់មិនដែលទទួលរឿងបាក់ទឹកចិត្តបែបនេះទេនៅក្នុងជីវិតរបស់គាត់។ សិស្សមកស្នាក់ និងអភិជន ដែលគាត់តែងតែអួត បានរសាត់ទៅបាត់ពីសាលារបស់គាត់ក្នុងពេលតែមួយ។ គាត់មានអារម្មណ៍ថា ត្រូវគេធ្វើឲ្យខឹងខ្លាំង និងត្រូវគេប្លន់ ហើយកាពីទែន គ្រូវី សរ៉ា និងលោក បារ៉ូ សុទ្ធតែត្រូវស្ដីបន្ទោសដូចគ្នា។
“លោកចង់ប្រាប់ខ្ញុំថា គាត់ស្លាប់ទៅដោយមិនបន្សល់ទុកអ្វីសោះ? ថាសារ៉ា នឹងគ្មានសំណាង! ក្មេងនោះជាអ្នកសុំទាន! ថានាងត្រូវក្លាយជាបន្ទុករបស់ខ្ញុំ ជំនួសឲ្យជាទាយាទស្រី?” គាត់ស្រែក។
លោក បារ៉ូ ជាអ្នករកស៊ីដែលឆ្លាត ហើយគាត់យល់ថានេះជាឱកាសដែលគាត់ត្រូវយករួចខ្លួនភ្លាមដោយមិនបាច់ពន្យារពេល។
“នាងពិតជាត្រូវក្លាយជាអ្នកសុំទានមែន ហើយនាងពិតជាត្រូវក្លាយជាបន្ទុករបស់ម៉ាដាម ព្រោះនាងគ្មានសាច់ញាតិទេនៅក្នុងលោកនេះ។” លោក បារ៉ូ ឆ្លើយ។
កញ្ញា មីនជីន ចាប់ផ្ដើមរំកិលខ្លួនមកមុខ គាត់ហាក់ដូចជាចង់បើកទ្វារចេញ ហើយប្រញាប់ទៅបញ្ឈប់ការជប់លៀងដែលកំពុងធ្វើដោយរីករាយ និងបង្កសំឡេងរំខាននៅខាងលើ។
“នេះជារឿងដ៏អាក្រក់ក្រៃលែង! ពេលនេះនាងកំពុងនៅក្នុងបន្ទប់ទទួលភ្ញៀវរបស់ខ្ញុំ ស្លៀកសំពត់សូត ហើយអាវធំ ជប់លៀងដោយការចំណាយរបស់ខ្ញុំ។”
“ប្រសិនបើនាងចំណាយ នាងគឺចំណាយក្នុងបន្ទុករបស់អ្នកស្រីហើយ បារ៉ូ និង ស្គីបវូស មិនទទួលខុសត្រូវលើអ្វីទាំងអស់។ កាពីទែន គ្រូវី ស្លាប់ទៅដោយមិនបានបង់ថ្លៃចំណាយចុងក្រោយឲ្យពួកយើងផង ហើយនោះគឺជាទឹកប្រាក់ដ៏ច្រើន។”
កញ្ញា មីនជីន បែរចេញពីទ្វារមកវិញដោយការឈឺចាប់កាន់តែកើនឡើង នេះជារឿងដែលអាក្រក់ជាងការដែលមនុស្សអាចគិតដល់ទៅទៀត។
“នោះជាអ្វីដែលកើតឡើងចំពោះខ្ញុំ ខ្ញុំតែងតែច្បាស់ក្នុងចិត្តពីការបង់ប្រាក់របស់គាត់ ដែលខ្ញុំបានចំណាយយ៉ាងគួរឲ្យអស់សំណើចសម្រាប់ក្មេងនោះ។ ខ្ញុំបានបង់ថ្លៃតុក្កតាគួរឲ្យអស់សំណើចនោះ ហើយនិងរ៉ូបទាំងនោះ។ ក្មេងនោះត្រូវមានអ្វីគ្រប់យ៉ាងដែលនាងចង់បាន។ នាងមានរទេះ និងកូនសេះ និងអ្នកបម្រើ ហើយខ្ញុំបានចំណាយសម្រាប់រឿងទាំងអស់នោះសម្រាប់លើកចុងក្រោយនេះ។”
ប្រាកដណាស់លោក បារ៉ូ គ្មានបំណងនៅស្ដាប់រឿងអាក្រក់ៗរបស់កញ្ញា មីនជីន ទៀតទេ ក្រោយពីគាត់បានបញ្ជាក់ពីការពិតអស់ទៅហើយនោះ។
“ម៉ាដាម មិនគួរចំណាយអ្វីបន្ថែមទៀតទេ លើកលែងតែម៉ាដាមចង់ផ្ដល់កាដូឲ្យក្មេងស្រីនោះ។”
“ប៉ុន្តែខ្ញុំត្រូវធ្វើយ៉ាងម៉េច? ខ្ញុំត្រូវធ្វើយ៉ាងម៉េច?” កញ្ញា មីនជីន សួរហាក់ដូចជានោះជាតួនាទីរបស់លោក បារ៉ូ ដែលត្រូវរៀបចំបញ្ហានេះឲ្យបានត្រឹមត្រូវ។
“គ្មានរឿងអ្វីត្រូវធ្វើទេ កាពីទែន គ្រូវី ស្លាប់ហើយ។ ក្មេងស្រីនោះជាក្មេងគ្មានទីពឹង។ គ្មាននរណាត្រូវទទួលខុសត្រូវក្រៅពីម៉ាដាមទេ។” លោក បារ៉ូ បត់វ៉ែនតាដាក់ហោប៉ៅហើយនិយាយ។
“ខ្ញុំមិនទទួលខុសត្រូវចំពោះនាងទេ ហើយខ្ញុំបដិសេធមិនទទួលខុសត្រូវទេ!”
កញ្ញា មីនជីន ពិតជាខឹងខ្លាំងណាស់ ខណៈលោក បារ៉ូ បែរខ្លួនចេញទៅ។
“ខ្ញុំមិនពាក់ព័ន្ធនឹងរឿងនោះទេ ម៉ាដាម ពួកខ្ញុំមិនទទួលខុសត្រូវលើរឿងនេះទេ។ ពិតជាសោកស្ដាយណាស់ដែលមានរឿងបែបនេះកើតឡើង។”
“បើលោកគិតថា នាងនឹងត្រូវនៅក្នុងបន្ទុករបស់ខ្ញុំ លោកពិតជាយល់ខុសធ្ងន់ហើយ ខ្ញុំត្រូវបានគេប្លន់ និងបោកប្រាស់ ខ្ញុំនឹងឲ្យនាងទៅនៅតាមចិញ្ចើមផ្លូវ។” កញ្ញា មីនជីន ស្រែក។
ប្រសិនបើគាត់មិនខឹងខ្លាំងទេ គាត់នឹងមិននិយាយត្រង់ច្រើនបែបនេះទេ។ គាត់ហាក់ដូចជាកំពុងឆេះខ្លួនដោយការនឹកឃើញដល់ក្មេងដែលគាត់ចិញ្ចឹម និងតែងតែយកចិត្ត ហើយគាត់មិនអាចគ្រប់គ្រងខ្លួនឯងបាន។
លោក បារ៉ូ ដើរសំដៅទៅទ្វារដោយមិនរវល់។
“ខ្ញុំនឹងមិនធ្វើបែបនោះទេ ម៉ាដាម មើលទៅដូចជាមិនល្អទេ។ រឿងមិនល្អនឹងត្រូវជាប់ពាក់ព័ន្ធជាមួយសាលា។ សិស្សដែលមកស្នាក់នៅត្រូវបានបោះបង់ចោលដោយគ្មានប្រាក់មួយផេន្នី និងគ្មានមិត្តភ័ក្ដិ។”
គេជាអ្នកជំនួញដ៏ឆ្លាតវៃ ហើយគេដឹងពីអ្វីដែលគេកំពុងនិយាយ។ គេក៏ដឹងថា កញ្ញា មីនជីន គឺជាស្ត្រីជំនួញ ហើយគាត់ដឹងច្បាស់ពីការពិត។ គាត់មិនអាចធ្វើអ្វីឲ្យមនុស្សនិយាយពីអំពើដ៏សាហាវ និងចិត្តអាក្រក់របស់គាត់នោះទេ។
“គួរតែទុកនាងប្រើ ខ្ញុំជឿថា នាងជាក្មេងឆ្លាត។ ម៉ាដាម អាចទទួលបានផលល្អពីនាងពេលដែលនាងធំពេញវ័យ។” លោក បារ៉ូ បន្ថែម។
“ខ្ញុំនឹងយកផលល្អពីនាងមុនពេលនាងធំពេញវ័យ។” កញ្ញា មីនជីន ស្រែក។
“ខ្ញុំជឿថាម៉ាដាមអាចធ្វើបាន ខ្ញុំជឿថាអ្នកស្រីធ្វើបាន លាហើយ!” គេនិយាយដោយញញឹមបន្តិច។
គេឱនចុះបន្តិចហើយចេញទៅ និងទាញទ្វារបិទ ខណៈដែលកញ្ញា មីនជីន ឈរនៅក្នុងនោះសម្លឹងទ្វារមួយភ្លែត។ នាងដឹងថា អ្វីដែលគេនិយាយគឺជាការពិតណាស់។ សិស្សមកស្នាក់នៅដែលនាងតែងតែអួតបានរលាយបាត់ទៅជាក្មេងស្រីគ្មានប្រយោជន៍។ លុយដែលនាងចំណាយត្រូវបាត់បង់ដោយគ្មានថ្ងៃបានមកវិញ។
ហើយខណៈដែលនាងឈរនៅក្នុងបន្ទប់ស្ទើរមិនដកដង្ហើមដោយអារម្មណ៍ឈឺចាប់ អារម្មណ៍នាងហាក់ឮសំឡេងមកពីក្នុងបន្ទប់ទទួលភ្ញៀវរបស់នាង ដែលត្រូវបានរៀបចំអាហារ និងភេសជ្ជៈសម្រាប់កម្មវិធីជប់លៀង។ យ៉ាងហោចណាស់នាងអាចបញ្ឈប់ការសប្បាយនេះបាន។
ប៉ុន្តែពេលដែលនាងដើរសំដៅទៅទ្វារ កញ្ញា អាម៉េឡា បានបើកទ្វារមក ហើយឃើញទឹកមុខពោរពេញដោយកំហឹងរបស់បងស្រីរបស់នាង នាងក៏ថយក្រោយមួយជំហានដោយការភ្ញាក់ផ្អើល។
“តើមានរឿងអ្វីបងស្រី?”
កញ្ញា មីនជីន ស្រែកស្ទើរភ្លាត់សំឡេងពេលនាងគាត់ឆ្លើយ។
“សារ៉ា គ្រូវី នៅឯណា?”
កញ្ញា អាម៉េឡា ស្រឡាំងកាំង។
“សារ៉ា! មានរឿងអ្វី នាងប្រាកដជានៅជាមួយក្មេងៗក្នុងបន្ទប់របស់បងហើយ។”
“នាងមានអាវខ្មៅនៅកន្លែងដាក់ខោអាវទេ?” សំឡេងគាត់កាត់តែអាក្រក់។
“អាវខ្មៅ? ពណ៌ខ្មៅ?” កញ្ញា អាម៉េឡា និយាយដោយស្រឡាំងកាំងម្ដងទៀត។
“នាងមានអាវគ្រប់ពណ៌ តើនាងមានពណ៌ខ្មៅទេ?”
កញ្ញា អាម៉េឡា ប្រែទឹកមុខជាស្លេកស្លាំង។
“អត់ទេ អូ!មាន មាន! ប៉ុន្តែវាខើចណាស់ហើយសម្រាប់នាង នាងមានសំពត់ខ្មៅតែមួយប៉ុន្តែនាងធំណាស់ហើយស្លៀកវាលែងបានហើយ។” នាងនិយាយ។
“ទៅប្រាប់នាងឲ្យដោះឈុតពណ៌ផ្កាឈូកនោះចេញ ហើយទៅស្លៀកឈុតខ្មៅ ទោះវាខ្លីពេកក៏ដោយ។ នាងស្លៀកពាក់ស្អាតគ្រប់គ្រាន់ហើយ!”
បន្ទាប់កញ្ញា អាម៉េឡា ចាប់ផ្ដើមញ័រដៃធំៗរបស់នាង ហើយស្រែក។
“អូ បងស្រី! អូ បងស្រី! តើមានរឿងអ្វីទៅ?”
កញ្ញា មីនជីន មិនបន្លាយពាក្យទេ។
“កាពីទែន គ្រូវី ស្លាប់ហើយ គេស្លាប់ទៅដោយមិនបានបន្សល់ទុកប្រាក់មួយផេន្នី។ កូនដែលត្រូវគេទម្រើស ថ្នាក់ថ្នម ស្រលាញ់ បីបាច់ នោះក្លាយជាក្មេងគ្មានទីពឹងត្រូវធ្លាក់មកក្នុងបន្ទុករបស់យើង។”
កញ្ញា អាម៉េឡា ទម្លាក់ខ្លួនអង្គុយចុះមួយទម្ងន់ខ្លួនលើកៅអីក្បែរនោះ។
“លុយរាប់រយផោនយើងបានចំណាយលើនាងដោយគ្មានប្រយោជន៍។ ហើយយើងនឹងមិនបានមកវិញសូម្បីមួយផេន្នី។ បញ្ឈប់កម្មវិធីជប់លៀងដ៏គួរឲ្យអស់សំណើចនេះ ហើយទៅឲ្យនាងផ្លាស់សំលៀកបំពាក់ភ្លាមទៅ។”
“ខ្ញុំ? ខ្ញុំត្រូវទៅប្រាប់នាងឥឡូវនេះ?” កញ្ញា អាម៉េឡា ស្ទាក់ស្ទើរ។
“ឥឡូវនេះ! កុំនៅអង្គុយសម្លឹងដូចជាក្ងាន ទៅ!”
កញ្ញា អាម៉េឡា ដ៏កម្សត់ទម្លាប់នឹងការហៅនាងថាក្ងាននេះទៅហើយ។ នាងដឹងថា ការពិតនាងគួរតែធ្វើជាក្ងានប្រសើរជាង ទើបមិនចាំបាច់ធ្វើអ្វីដែលនាងមិនចង់ធ្វើនិងត្រូវគេបញ្ជា។ វាជារឿងគួរឲ្យអាម៉ាស់បំផុតដែលត្រូវទៅក្នុងចំណោមក្មេងៗពេញបន្ទប់កំពុងរីករាយ ហើយប្រាប់ថាអ្នកដែលផ្ដល់ឲ្យមានកម្មវិធីនេះភ្លាមៗបានធ្លាក់ខ្លួនទៅក្មេងសុំទានម្នាក់ ហើយត្រូវទៅជាន់លើដើម្បីប្ដូរសម្លៀកបំពាក់ខ្មៅដែលតូចជ្រុលសម្រាប់នាង។ តែរឿងនេះត្រូវតែធ្វើ នេះមិនមែនជាពេលដែលត្រូវសួរសំនួរទេ។
នាងត្រដុសភ្នែកនឹងកន្សែងដៃរហូតដល់ភ្នែកឡើងក្រហមទាំងពីរ បន្ទាប់មកនាងក្រោកឡើង ហើយដើរចេញពីបន្ទប់ ដោយមិននិយាយពាក្យអ្វីមួយម៉ាត់។ ពេលដែលបងស្រីរបស់នាងសម្លឹង និងនិយាយឲ្យនាងធ្វើអ្វីមួយឲ្យរួចភ្លាមៗ វិធីដែលឆ្លាតបំផុតគឺត្រូវស្ដាប់តាមបញ្ជាដោយមិនមានការបញ្ចេញយោបល់។ កញ្ញា មីនជីន ដើរកាត់ចុះឡើងក្នុងបន្ទប់ និយាយដាក់ខ្លួនឯងខ្លាំងដោយមិនដឹងថាខ្លួនកំពុងនិយាយ។ អំឡុងពេលមួយឆ្នាំមុនរឿងរ៉ែពេជ្របានផ្ដល់គំនិតឲ្យនាងពីគ្រប់លទ្ធភាពដែលនឹងអាចកើតមាន។ សូម្បីតែម្ចាស់សាលាក៏អាចនឹងមានសំណាងច្រើនដោយមានជំនួយពីម្ចាស់អណ្ដូងរ៉ែ។ ហើយឥឡូវនេះជំនួសឲ្យការទទួលបាន នាងត្រូវសម្លឹងមើលក្រោយវិញពីការខាតបង់។
“ព្រះនាង សារ៉ា! ក្មេងដែលត្រូវបានគេថ្នាក់ថ្នមនាងដូចជាព្រះនាង។”
គាត់ដើរកាត់ពីជ្រុងតុទៅកំហឹងពេលដែលគាត់និយាយពាក្យនេះ ហើយបន្តិចក្រោយមកសំឡេងយំខ្សឹកខ្សួលនៅក្រោមតុដែលបាំងដោយកម្រាលតុបានបន្លឺឡើង។
“ស្អីហ្នឹង?” គាត់ស្រែកដោយកំហឹង។ សំឡេងយំខ្សឹកខ្សួលបន្លឺឡើងម្ដងទៀត គាត់ក៏ទៅទាញកម្រាលតុចេញ។
“ម៉េចក៏ឯងហ៊ាន? ម៉េចក៏ឯងហ៊ានសម្ងំនៅទីនេះ? ចេញឲ្យឆាប់មក!” គាត់ស្រែក។
ប៊េកគី កម្សត់វារចេញមកក្រៅ មួករបស់នាងផ្អៀងទៅម្ខាង មុខរបស់នាងឡើងក្រហមដោយសារការយំខ្សឹកខ្សួល។
“មេត្តាផង ម៉ាដាម គឺខ្ញុំ។ ខ្ញុំដឹងថាខ្ញុំមិនគួរនៅទីនេះទេ ប៉ុន្តែខ្ញុំកំពុងមើលតុក្កតា ម៉ាដាម ខ្ញុំភ័យខ្លាំងពេកពេលដែលម៉ាដាមចូលមក ទើបខ្ញុំលូនចូលក្រោមតុ។”
“ឯងនៅទីនេះស្ដាប់រឿងទាំងអស់!” កញ្ញា មីនជីន និយាយ។
“អត់ទេម៉ាដាម មិនស្ដាប់ទេ ខ្ញុំគិតថាខ្ញុំអាចលូនចេញទៅដោយមិនឲ្យម៉ាដាមដឹង ប៉ុន្តែខ្ញុំចេញមិនរួច ទើបខ្ញុំត្រូវសម្ងំក្រោមនេះ។ ប៉ុន្តែខ្ញុំមិនចង់ស្ដាប់ទេម៉ាដាម”
ភ្លាមនោះនាងហាក់ដូចជាលែងខ្លាចស្ត្រីកាចម្នាក់នៅចំពោះមុខនាងទៅហើយ នាងក៏ចាប់ផ្ដើមយំម្ដងទៀត។
“អូ! ម៉ាដាម ខ្ញុំដឹងថាម៉ាដាមនឹងព្រមានខ្ញុំ ប៉ុន្តែខ្ញុំពិបាកចិត្តចំពោះអ្នកនាងសារ៉ាពេក ខ្ញុំពិតជាសោកស្ដាយណាស់!”
“ចេញពីបន្ទប់ទៅ!” កញ្ញា មីនជីន បញ្ជា។
ប៊េកគី យំម្ដងទៀត ទឹកភ្នែកហូរស្រោចថ្ពាល់ទាំងសងខាងរបស់នាង។
“ចាស ម៉ាដាម ខ្ញុំនឹងទៅ ប៉ុន្តែ អូ ខ្ញុំចង់សួរម៉ាដាមពីអ្នកនាងសារ៉ា គាត់ជានារីអ្នកមានវ័យក្មេងយ៉ាងនេះ គាត់ត្រូវបានគេបម្រើមករហូត តើពេលនេះគាត់នឹងធ្វើយ៉ាងម៉េចទៅម៉ាដាម ពេលគ្មានអ្នកបម្រើ? ប្រសិន ប្រសិនបើម៉ាដាមមិនប្រកាន់ទេ តើអាចឲ្យខ្ញុំតាមបម្រើគាត់បានទេ ពេលនេះគាត់កម្សត់ណាស់។ សារ៉ា តូចកម្សត់ដែលត្រូវគេហៅថាព្រះនាងនោះ!” នាងនិយាយរដាក់រដុប។
ទោះយ៉ាងណា នាងបានធ្វើឲ្យកញ្ញា មីនជីន មានអារម្មណ៍កាន់តែខឹងជាងមុន។ ដែលសូម្បីតែអ្នកបម្រើនៅផ្ទះបាយក៏នៅខាងក្មេងនេះ ជាក្មេងដែលគេដឹងថាគាត់មិនធ្លាប់ចូលចិត្តតាំងពីដើមមក នេះគឺពិតជាជ្រុលពេកហើយ។ គាត់ខឹងរហូតទន្ទ្រាំជើង។
“អត់ទេ ប្រាកដជាអត់ទេ នាងនឹងបម្រើខ្លួនឯង និងបម្រើអ្នកដទៃដែរ។ ចេញពីបន្ទប់នេះភ្លាម មិនអញ្ចឹងទេឯងនឹងត្រូវចេញពីកន្លែងរបស់ឯង។”
ប៊េកគី លើកអៀមការពារអាវដាក់លើក្បាល ហើយរត់ចេញ។ នាងរត់ចេញពីបន្ទប់ហើយចុះទៅផ្ទះបាយ ហើយនាងអង្គុយនៅចន្លោះចានឆ្នាំងរបស់របស់នាង ហើយជូតទឹកភ្នែកហាក់ដូចជាបេះដូងនាងត្រូវខ្ទេចខ្ទាំ។
នាងនិយាយទាំងខ្សឹកខ្សួល៖
“ពិតជាដូចព្រះនាងក្នុងរឿងមែន ធ្លាប់ធ្វើជាព្រះនាងហើយត្រូវធ្លាក់ខ្លួនទៅប្រឡូកជាមួយពិភពខាងក្រៅ។”
កញ្ញា មីនជីន មិនដែលមានទឹកមុខមាំ និងកាចដូចពេលដែល សារ៉ា មករកគាត់ នៅពីរបីម៉ោងក្រោយ តាមការហៅរបស់គាត់នោះទេ។
………………………………………………
សូម្បីតែពេលនោះចំពោះ សារ៉ា កម្មវិធីជប់លៀងនោះហាក់ដូចចាំសុបិន ឬរឿងដែលបានកើតឡើងជាច្រើនឆ្នាំមកហើយ ហើយបានកើតឡើងនៅក្នុងជីវិតក្មេងស្រីជាច្រើនទៀត។
គ្រប់យ៉ាងនៅក្នុងកម្មវិធីជប់លៀងត្រូវបានរុះរើចេញ នៅតាមជញ្ជាំងបន្ទប់រៀន ហើយតុនិងកៅអីត្រូវបានយកមកដាក់តាមកន្លែងដើមវិញ។ បន្ទប់ទទួលភ្ញៀវរបស់កញ្ញា មីនជីន ត្រលប់មកសភាពធម្មតាវិញក្រោយអាហារ និងភេសជ្ជៈត្រូវយកចេញអស់ ហើយកញ្ញា មីនជីន បានស្លៀកពាក់ក្នុងសម្លៀកបំពាក់ធម្មតាវិញ។ សិស្សទាំងអស់ត្រូវបានបញ្ជាឲ្យដោះសម្លៀកបំពាក់ជប់លៀងចេញ ហើយគ្រប់យ៉ាងត្រូវបានធ្វើតាមបង្គាប់រួចរាល់ ពួកគេបានត្រលប់ទៅបន្ទប់រៀនវិញហើយប្រមូលគ្នាជាក្រុម ខ្សឹបខ្សៀវ និងនិយាយគ្នា។
“ប្រាប់សារ៉ា ឲ្យបន្ទប់របស់បង ហើយពន្យល់ប្រាបនាងឲ្យច្បាស់ថា បងនឹងមិនយំ ឬមានអារម្មណ៍មិនសប្បាយចិត្តនោះទេ។” កញ្ញា មីនជីន និយាយទៅកាន់ប្អូនស្រីរបស់គាត់។
“បងស្រី នាងជាក្មេងចម្លែកដែលខ្ញុំមិនធ្លាប់ឃើញ។ នាងមិនបានបង្ហាញពីទុក្ខសោកអ្វីបន្តិចទេ។ បងចាំបានហើយពេល កាពីទែន គ្រូវី ត្រលប់ទៅវិញក៏នាងមិនយំសោកដែរ។ ពេលខ្ញុំបានប្រាប់នាងពីអ្វី ដែលបានកើតឡើង នាងគ្រាន់តែឈរនៅស្ងៀមហើយសម្លឹងខ្ញុំដោយមិននិយាយអ្វី។ ភ្នែករបស់នាងបើកធំឡើងៗ ហើយទឹកមុខនាងចាប់ផ្ដើមស្លេកស្លាំង។ ពេលដែលខ្ញុំនិយាយចប់ នាងនៅតែឈរសម្លឹងមួយភ្លែត បន្ទាប់មកចង្កានាងចាប់ផ្ដើមញ័រ ហើយនាងបែរខ្លួន រួចរត់ចេញពីបន្ទប់និងឡើងទៅ ជាន់លើ។ ក្មេងៗច្រើនទៀតចាប់ផ្ដើមយំ ប៉ុន្តែនាងហាក់មិនឮពួកគេយំទេ ឬដឹងរឿងអ្វីផ្សេងនោះឡើយ គឺស្ដាប់តែអ្វីដែលខ្ញុំនិយាយ។ ខ្ញុំមានអារម្មណ៍មិនដូចប្រក្រតីសោះពេលដែលគេមិននិយាយរក ខណៈដែលយើងនិយាយរឿងអ្វីដែលបន្ទាន់ឬចម្លែក យើងរំពឹងថាគេនឹងនិយាយអ្វីម្យ៉ាង ពាក្យអ្វីក៏ដោយ។”
សារ៉ា រត់ឡើងមកបន្ទប់របស់នាងហើយចាក់សោជាប់។ ការពិតនាងខ្លួនឯងខ្លាចមិនចង់ហ៊ានចងចាំរឿងអ្វីទេ ប៉ុន្តែនាងដើរចុះដើរឡើង ដោយនិយាយម្ដងហើយម្ដងទៀតប្រាប់ខ្លួនឯងដោយសំឡេងដែលស្ដាប់ទៅដូចជាមិនមែនសំឡេងនាង៖
“ប៉ាប៉ា របស់ខ្ញុំស្លាប់ហើយ! ប៉ាប៉ា របស់ខ្ញុំស្លាប់ហើយ!”
ពេលដែលនាងឈប់នៅចំពោះមុខ អ៊េមីលី ដែលអង្គុយនៅលើកៅអីសម្លឹងមើលនាង នាងស្រែក៖
“អ៊េមីលី! ឯងឮទេ? ឯងឮទេ ប៉ាប៉ា ស្លាប់ហើយ? គាត់ស្លាប់នៅប្រទេសឥណ្ឌា ឆ្ងាយពីទីនេះរាប់ពាន់ម៉ាយ។”
ពេលនាងចូលមកក្នុងបន្ទប់របស់កញ្ញា មីនជីន តាមការហៅមករបស់គាត់ មុខរបស់នាងសស្លាំង ភ្នែករបស់នាងមានស្នាមខ្មៅជុំវិញរង្វង់ភ្នែក។ មាត់របស់នាងបិទជិតហាក់ដូចជានាងមិនចង់បង្ហើបឲ្យដឹងពីអ្វីដែលនាងបានរងការឈឺចាប់ និងកំពុងរងការឈឺចាប់។ នាងមើលទៅមិនដូចជាក្មេងដ៏ស្រស់ស្អាតក្នុងឈុតពណ៌ផ្ដាឈូក ដែលហោះចេញពីបន្ទប់មួយចូលបន្ទប់មួយដែលត្រូវបានគេតុបតែងនោះទេ។ តែនាងមើលទៅចម្លែក ឱបទុក្ខសោក ហាក់ដូចជារូបចម្លាក់តូចមួយ។
នាងបានស្លៀកឈុតពណ៌ខ្មៅដោយគ្មាន ម៉ារីតេ ជួយនាង។ ឈុតនោះតឹងខ្លាំង និងខ្លីពេកសម្រាប់នាង ហើយជើងរបស់នាងមើលទៅឃើញវែង និងស្គម ដែលបង្ហាញច្បាស់នៅក្រោមសំពត់ខ្លី។ ដោយសារនាងរកក្រណាត់ខ្មៅដើម្បីចងសក់មិនបាន សក់ខ្លី ខ្មៅ ក្រាស់របស់នាង ប៉ើងធ្លាក់បាំងមុខ ដែលទៅបញ្ច្រាសជាមួយនឹងផ្ទៃមុខស្លាំងរបស់នាង។ ដៃនាងម្ខាងកាន់អ៊េមីលី យ៉ាងណែន ហើយអ៊េមីលី ត្រូវបានភ្ជាប់ជាមួយនឹងរបស់ខ្មៅ។
“ដាក់តុក្កតារបស់ឯងចុះទៅ ឯងយកវាមកទីនេះមានន័យថាម៉េច?” កញ្ញា មីនជីន និយាយ។
“ទេ ខ្ញុំមិនដាក់នាងចុះទេ។ នាងជាគ្រប់យ៉ាងរបស់ខ្ញុំ ប៉ារបស់ខ្ញុំបានឲ្យនាងមកខ្ញុំ។” នាងឆ្លើយ។
នាងតែងតែធ្វើឲ្យកញ្ញា មីនជីន មិនសប្បាយចិត្តដោយសម្ងាត់ ហើយឥឡូវនាងធ្វើបែបនោះទៀត។ នាងមិននិយាយពាក្យអាក្រក់ ឬជ្រុលពេកដែលធ្វើឲ្យកញ្ញា មីនជីន ទ្រាំមិនបាននោះទេ នោះប្រហែលជាគាត់ដឹងថា នាងនិយាយបែបជាមនុស្សគ្មានចិត្ត និងមិនមែនជាមនុស្សខណៈនេះ។
“ឯងនឹងគ្មានពេលសម្រាប់តុក្កតាទេនៅថ្ងៃក្រោយ ឯងនឹងត្រូវធ្វើការ ហើយធ្វើខ្លួនឲ្យប្រសើរឡើង និងមានប្រយោជន៍។”
សារ៉ា សម្លឹងគាត់ដោយភ្នែកធំចម្លែករបស់នាង ហើយមិននិយាយមួយពាក្យ។
“គ្រប់យ៉ាងនឹងខុសពីមុនទាំងស្រុងពីពេលនេះទៅ ខ្ញុំគិតថាកញ្ញា អាម៉េឡា បានពន្យល់ឯងអស់ហើយ។” គាត់បន្ត។
“ចាស ប៉ាប៉ារបស់ខ្ញុំស្លាប់ហើយ គាត់មិនបានទុកលុយសម្រាប់ខ្ញុំទេ ខ្ញុំពិតជាក្រខ្លាំងណាស់។” នាងឆ្លើយ។
“ឯងជាអ្នកសុំទាន ឯងទំនងជាគ្មានសាច់ញាតិ គ្មានផ្ទះ គ្មានអ្នកមើលថែឯងទេ។” កញ្ញា មីនជីន និយាយបញ្ចេញកំហឹងពីអ្វីដែលជាការពិតនៅពេលនេះ។
រយៈពេលមួយសន្ទុះ ភ្នែករបស់សារ៉ា ព្រិចតែនាងមិននិយាយអ្វីទេ។
“ឯងសម្លឹងមើលអី? ឯងល្ងង់រហូតដល់មិនយល់មែនទេ? ខ្ញុំប្រាប់ឯងថា ឯងពិតជាឯកោនៅក្នុងលោកនេះ ហើយគ្មាននរណាជួយអ្វីដល់ឯងទេ លុះត្រាតែខ្ញុំជ្រើសរើសយកការទុកឯងនៅទីនេះជាអំពើសប្បុរស។” កញ្ញា មីនជីន និយាយដោយសំដីមុត។
“ខ្ញុំយល់ ខ្ញុំយល់។” សារ៉ា ឆ្លើយដោយសំឡេងស្រាល ហើយហាក់ដូចជាសំឡេងនាងលាក់នៅក្នុងបំពង់កមិនចង់បញ្ចេញមក។
“តុក្កតានោះ! តុក្កតាគួរឲ្យអស់សំណើចនោះ និងរបស់របរផ្សេងៗទៀតនោះ គឺខ្ញុំជាអ្នកចំណាយប្រាក់ទាំងអស់!” កញ្ញា មីនជីន ចង្អុលទៅកាដូដែលនៅតុក្បែរនោះ។
សារ៉ា ងាកមុខទៅរកកៅអី។
“តុក្កតាចុងក្រោយ តុក្កតាចុងក្រោយ។” នាងនិយាយដោយសំឡេងដែលកំពុងកាន់ទុក្ខ។
“ត្រូវហើយគឺតុក្កតាចុងក្រោយ! ហើយវាជារបស់ខ្ញុំមិនមែនរបស់ឯងទេ គ្រប់យ៉ាងដែលឯងមានជារបស់ខ្ញុំ។”
“អញ្ចឹងយកវាពីខ្ញុំទៅ ខ្ញុំមិនត្រូវការវាទេ។” សារ៉ា និយាយ។
ប្រសិនបើនាងយំ ហើយខ្សឹកខ្សួលរៀបរាប់ និងមើលទៅគួរឲ្យភ័យខ្លាច កញ្ញា មីនជីន ប្រហែលជាអាចទ្រាំនឹងនាងបានល្អជាងនេះ។ គាត់ជាស្ត្រីដែលចូលចិត្តឲ្យគេរណប ហើយបង្ហាញពីអំណាច ហើយនាងសម្លឹងមើលមុខតូចស្លេកស្លាំងរបស់ សារ៉ា និងឮសំឡេងតូចមានអំនួតរបស់នាង គាត់មានអារម្មណ៍ថាអំណាចរបស់គាត់ហាក់គ្មានន័យ។
“មិនបាច់ដំកើងខ្លួនទេ ពេលវេលាដ៏ខ្លីនោះជារឿងអតីតកាលទេ។ ឯងមិនមែនជាព្រះនាងទៀតទេ រទេះ និងកូនសេះរបស់ឯងត្រូវបញ្ជូនចេញ អ្នកបម្រើរបស់ឯងត្រូវដេញចោល។ ឯងនឹងស្លៀកសំលៀកបំពាក់ចាស់ៗ សំលៀកបំពាក់ថ្មីនិងរបស់តុបតែងខ្លួនរបស់ឯង មិនសមនឹងស្ថានភាពរបស់ឯងទៀតទេ។ ឯងដូចជាប៊េកគី ឯងត្រូវតែធ្វើការដើម្បីរស់។”
នាងភ្ញាក់ផ្អើល ពន្លឺស្រអាប់បានចាំងក្នុងភ្នែករបស់ក្មេងស្រី ជាស្រមោលនៃភាពធូរស្បើយ។
“ខ្ញុំអាចធ្វើការបាន? បើខ្ញុំអាចធ្វើការបាន មិនខ្វល់ថាការងារនោះច្រើនយ៉ាងណាទេ។ តើខ្ញុំអាចធ្វើអ្វីបាន?” នាងនិយាយ។
“ឯងអាចធ្វើការគ្រប់យ៉ាងដែលគេប្រាប់ឲ្យឯងធ្វើ ឯងជាក្មេងដែលត្រូវធ្វើការលឿន និងលើករបស់ទុកដាក់។ បើឯងធ្វើខ្លួនឲ្យមានប្រយោជន៍ខ្ញុំអាចនឹងទុកឯងឲ្យនៅទីនេះ។ ឯងនិយាយបារាំងបានល្អ ឯងនឹងជួយធ្វើការនៅកន្លែងក្មេងៗ។”
“ខ្ញុំអាចធ្វើបាន? អូ! មេត្តាឲ្យខ្ញុំធ្វើទៅ! ខ្ញុំដឹងថាខ្ញុំអាចបង្រៀនពួកគេបាន ខ្ញុំចូលចិត្តពួកគេហើយពួកគេក៏ចូលចិត្តខ្ញុំ។”
“កុំនិយាយរឿងគ្មានប្រយោជន៍ពីមនុស្សចូលចិត្តឯង ឯងនឹងធ្វើការលើសពីបង្រៀនក្មេងៗ។ ឯងនឹងរត់ទៅជួយការងារនៅក្នុងផ្ទះបាយ និងក្នុងបន្ទប់រៀនដែរ។ បើឯងធ្វើឲ្យខ្ញុំមិនសប្បាយចិត្តខ្ញុំនឹងឲ្យឯងចេញ។ ចាំបានទេ? បានហើយចេញទៅ!”
សារ៉ា ឈរស្ងៀមមួយភ្លែតដោយសម្លឹងមើលគាត់។ នៅក្នុងអារម្មណ៍វ័យក្មេងរបស់នាង នាងកំពុងគិតយ៉ាងជ្រៅ និងរឿងចម្លែកៗ។ បន្ទាប់មកនាងក៏បែរខ្លួនដើរចេញពីបន្ទប់។
“ឈប់! ឯងមិនចង់អរគុណខ្ញុំទេ?” កញ្ញា មីនជីន និយាយ។
សារ៉ា ឈប់ ហើយដកដង្ហើមវែង ហើយគំនិតចម្លែកបានផុសក្នុងចិត្តរបស់នាង។
“សម្រាប់រឿងអ្វី?” នាងនិយាយ។
“សម្រាប់ទឹកចិត្តល្អរបស់ខ្ញុំ ទឹកចិត្តល្អរបស់ខ្ញុំដែលផ្ដល់ផ្ទះឲ្យឯង។” កញ្ញា មីនជីន ឆ្លើយ។
សារ៉ា ដើរទៅរកគាត់ពីរបីជំហាន។ ទ្រូងទូចស្គមរបស់នាងផើតផតៗ ហើយនាងនិយាយដោយសំដីចម្លែក ម៉ឺងម៉ាត់ ដែលមិនមែនជាសំដីក្មេង។
“អ្នកគ្រូមិនមែនចិត្តល្អទេ អ្នកគ្រូ មិន មែន ចិត្តល្អ ទេ! ហើយនេះមិនមែនផ្ទះទេ។” និយាយហើយនាងរត់ចេញពីបន្ទប់មុនពេលកញ្ញា មីនជីន អាចឃាត់នាង ឬធ្វើអ្វីបាន ប៉ុន្តែបានត្រឹមអង្គុយសម្លឹងនាងពីក្រោយដោយកំហឹង។
នាងឡើងទៅជាន់លើយឺតៗ និងកាន់អ៊េមីលី ជាប់នឹងខ្លួន។
“ខ្ញុំបន់ឲ្យនាងចេះនិយាយ ប្រសិនបើនាងចេះនិយាយ ប្រសិនបើនាងចេះនិយាយ!”
នាងចង់ឡើងទៅគេងក្នុងបន្ទប់របស់នាងលើស្បែកខ្លា ដោយដាក់ថ្ពាល់លើក្បាលឆ្មាដ៏ធំ ហើយសម្លឹងទៅភ្លើង ហើយគិតហើយគិតទៀត។ ប៉ុន្តែមុនពេលដែលនាងអាចទៅដល់មុខបន្ទប់ កញ្ញា អាម៉េឡា ចេញមកពីក្នុងបន្ទប់ ហើយទាញទ្វារបិទពីក្រោយខ្នងរបស់គាត់ ហើយឈរនៅមុខទ្វារ មើលទៅគាត់ភ័យ ហើយទឹកមុខពិបាកមើល។ ការពិតគឺគាត់មានអារម្មណ៍ថាគួរឲ្យខ្មាសក្នុងរឿងដែលគាត់ត្រូវបានគេបញ្ជា។
“ឯងមិនអាចចូលក្នុងទេ” គាត់និយាយ។
“មិនអាចចូលក្នុង?” សារ៉ា ភ្ញាក់ផ្អើល ហើយនាងផ្អាកថយក្រោយបន្តិច។
“ពេលនេះវាមិនមែនជាបន្ទប់របស់ឯងទេ” កញ្ញា អាម៉េឡា ឆ្លើយដោយមុខកាន់តែក្រហម។
យ៉ាងណា សារ៉ា អាចយល់បានភ្លាម នាងដឹងថា នោះជាការចាប់ផ្ដើមនៃការផ្លាស់ប្ដូរដែលកញ្ញា មីនជីន បាននិយាយ។
“បន្ទប់ខ្ញុំនៅឯណា?” នាងសួរដោយសង្ឃឹមថា សំឡេងរបស់នាងនឹងមិនញ័រ។
“ឯងត្រូវគេងនៅលើធ្នើរជាប់នឹងប៊េកគី។”
សារ៉ា ស្គាល់កន្លែងនោះ ប៊េកគី ធ្លាប់និយាយប្រាប់នាង។ នាងបែរ ហើយឡើងជណ្ដើរពីរជាន់ទៅលើ ជាន់ចុងក្រោយចង្អៀត និងពេញដោយចម្រៀកកម្រាលព្រំចាស់ៗ។ នាងមានអារម្មណ៍ហាក់ដូចជាដើរចេញឆ្ងាយពីពិភពលោករបស់នាង ហើយក្មេងផ្សេងៗទៀតមិនធ្លាប់ដឹងថាមាននាងរស់នៅជាយូរមកហើយ។ ក្មេងនេះនៅក្នុងសម្លៀកបំពាក់ចាស់ តឹង និងខ្លីរបស់នាង ឡើងទៅលើធ្នើរ បានក្លាយជាក្មេងម្នាក់ផ្សេងទៀត។
ពេលនាងឡើងដល់ទ្វារធ្នើរ ហើយបើកទ្វារភ្លាម បេះដូងនាងចាប់ផ្ដើមលោតក្ដុកៗ។ បន្ទាប់មកនាងបិទទ្វារ ហើយឈរទល់មុខទ្វារ ហើយគិតពីជីវិតរបស់នាង។