ព្រះនាងតូចសារ៉ា ភាគទី៨ (ចប់)

​​ពួកគេ​នាំ​គ្នា​ចេញ​ពី​បន្ទប់​ទាំង​អស់​គ្នា នោះ​ជា​វិធី​ដែល​ពួក​គេ​​ស្វាគមន៍​ប៉ាប៉ា​របស់​ពួក​គេ​ដោយ​រត់​ប្រដេញ​គ្នា លោត​ចុះ​លោត​ឡើង ទះ​ដៃ​គ្នា ហើយ​និង​ត្រូវ​ប៉ាប៉ា​ឱប​និង​ថើប។

លោក ការីហ្វត់ ខំ​ប្រឹង​ក្រោក​ពី​កៅអី​របស់​គាត់ ហើយ​ទម្លាក់​ខ្លួន​ទៅ​លើ​កៅអី​របស់​គាត់​វិញ។

«គ្មាន​ប្រយោជន៍​ទេ ម៉េច​ក៏​ខ្ញុំ​មិន​បាន​ការ​យ៉ាង​នេះ!» គាត់​និយាយ។

សំឡេង​របស់​លោក កាម៉ៃឃើល មក​ដល់​ទ្វារ។

«កុំ​អី​ក្មេងៗ! កូន​ៗ​ចាំ​ចូល​មក​ក្នុង​​បន្ទប់​ ក្រោយ​ពី​ប៉ា​និយាយ​ជាមួយ​លោក ការីហ្វត់​ រួច​ហើយ! នាំ​គ្នា​ទៅ​លេង​ជាមួយ​ រ៉ាម ដាស ទៅ!» គាត់​និយាយ។

ទ្វារ​របើក​ ហើយ​គាត់​ដើរ​ចូល​មក​ក្នុង គាត់​មើល​ទៅ​​រហ័សរហួន​ជាង​រាល់​លើក ប៉ុន្តែ​ភ្នែក​របស់​គាត់​បង្ហាញ​ពី​ការ​ខក​ចិត្ត ហើយ​អស់​កម្លាំង​ពេល​ប្រសព្វ​ជាមួយ​ភ្នែក​ទាំង​គូ​ដែល​​អន្ទះសា​ចង់​សួរ​សំណួរ​ខណៈ​ដែល​ពួក​គេ​ចាប់​ដៃ​គ្នា។

«ដំណឹង​យ៉ាង​ម៉េច​ហើយ? ក្មេង​ដែល​ជនជាតិ​រុស្ស៊ី​ទទួល​ចិញ្ចឹម​នោះ?!» លោក ការី​ហ្វត់ សួរ។

«នាង​មិន​មែន​ជា​ក្មេង​ដែល​ពួក​យើង​តាម​រក​ទេ នាង​ក្មេង​ជាង​កូន​ស្រី​របស់​លោក​ គ្រូវី ឆ្ងាយ​ណាស់! នាង​ឈ្មោះ អេមេលី ខារូ! ខ្ញុំ​បាន​ជួប​និង​និយាយ​ជាមួយ​នាង ជនជាតិ​រុស្ស៊ី​នោះ​បាន​ប្រាប់​ព័ត៌មាន​លម្អិត​ដល់​ខ្ញុំ!» លោក កាម៉ៃឃើល ឆ្លើយ។

ទឹក​មុខ​របស់​សុភាព​បុរស​ឥណ្ឌា​ពោរពេញ​ដោយ​ទុក្ខសោក និង​ព្រួយ​បារម្ភ គាត់​ទម្លាក់​ដៃ​ពី​ដៃ​របស់​លោក កាម៉ៃឃើល។

«អីចឹង​ការ​ស្រាវជ្រាវ​ត្រូវ​ចាប់​ផ្ដើម​សាជាថ្មី រឿង​គឺ​យ៉ាង​នេះ​ហើយ! អង្គុយ​ចុះ​សិន​មក!» គាត់​និយាយ។

លោក កាម៉ៃឃើល អង្គុយ​ចុះ ហើយ​ពោល​ភ្លាម៖

«តោះ! តោះ! យើង​នឹង​ស្វែង​រក​នាង​បន្ត!»

«យើង​ត្រូវ​តែ​ចាប់​ផ្ដើម​ភ្លាម មិន​ត្រូវ​ខ្ជះខ្ជាយ​ពេល​វេលា​ទេ លោក​មាន​យោបល់​អ្វី​ចង់​និយាយ​ទេ អ្វី​ក៏​ដោយ?» លោក ការីហ្វត់​ និយាយ។

លោក កាម៉ៃឃើល មាន​អារម្មណ៍​ជ្រួល​ច្របល់ គាត់​ក្រោក​ពី​កៅអី​ ហើយ​ចាប់​ផ្ដើម​ដើរ​សម្លឹង​មើល​បន្ទប់​ដោយ​ការ​គិត​ជាមួយ​ទឹក​មុខ​ដែល​មិន​ច្បាស់​ថា​ត្រូវ​ធ្វើ​អ្វី។

«ត្រូវ​ហើយ​ ប្រហែល​ជា….​ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ចាប់​ផ្ដើម​ឬ​យ៉ាង​ណា​ទេ ការ​ពិត​ពេល​ដែល​ខ្ញុំ​ជិះ​រថភ្លើង​​ពី ដូវើ​មក ​ខ្ញុំ​មាន​គំនិត​មួយ!»

«យ៉ាង​ម៉េច​ទៅ? ប្រសិន​បើ​នាង​នៅ​រស់ នាង​ប្រាកដ​ជា​នៅ​កន្លែង​ណា​មួយ!»

«ត្រូវ​ហើយ! នាង​កំពុង​នៅ​កន្លែង​ណា​មួយ ពួក​យើង​បាន​ស្រាវជ្រាវ​នៅ​សាលា​ក្នុង​ក្រុង​ប៉ារីស​រួច​ហើយ ពួក​យើង​បោះបង់​ប៉ារីស​ចោល​ទៅ ហើយ​ចាប់​ផ្ដើម​នៅ​ក្នុង​ទីក្រុង​ឡុងដុង! នោះ​ជា​គំនិត​របស់​ខ្ញុំ គឺ​ត្រូវ​ស្រាវជ្រាវ​នៅ​ក្នុង​ទីក្រុង​ឡុងដុង!»

«មាន​សាលា​ច្រើន​នៅ​ក្នុង​​ទីក្រុង​ឡុងដុង! ត្រូវ​ហើយ! ​និយាយ​អីចឹង​មាន​សាលា​មួយ​នៅ​ជាប់​ផ្ទះ​របស់​យើង!»

«អ៊ីចឹង​យើង​នឹង​ចាប់​ផ្ដើម​នៅ​ទី​នោះ! យើង​មិន​អាច​ចាប់​ផ្ដើម​ស្រាវជ្រាវ​នៅ​កន្លែង​ណា​ដែល​ជិត​កន្លែង​ជាប់​ផ្ទះ​នោះ​ទេ!»

«ទេ មាន​ក្មេង​ម្នាក់​នៅ​ទី​នោះ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ចាប់​អារម្មណ៍ ប៉ុន្តែ​នាង​មិន​មែន​ជា​សិស្ស​មក​ស្នាក់​ទេ! ហើយ​នាង​សម្បុរ​ខ្មៅ​បន្តិច ក្មេង​រយីករយាក មិន​ដូច​ជា​កូន​របស់​ គ្រូវី កម្សត់​នោះ​ទេ!» លោក ការីហ្វត់ និយាយ។

ប្រហែល​ជា​វេទមន្ត​ដំណើរ​ការ​ម្ដង​ទៀត​នៅ​ពេល​នោះ គឺ​វេទមន្ត​ដ៏​អស្ចារ្យ។ មើល​ទៅ​គឺ​ដូច​ជា​វេទមន្ត​ពិត​មែន។ គឺ​អ្វី​ដែល​នាំ​ រ៉ាម ដាស ចូល​មក​ក្នុង​បន្ទប់ សូម្បី​តែ​ពេល​លោក​​ម្ចាស់​របស់​គាត់​កំពុង​និយាយ គាត់​សំដែង​ការ​គោរព ប៉ុន្តែ​បង្ហាញ​ចេញ​មក​នូវ​សេចក្ដី​រំភើប​នៅ​ក្នុង​ភ្នែក​របស់​គាត់។

«លោក​ម្ចាស់ ក្មេង​ស្រី​នោះ​បាន​មក​ហើយ ក្មេង​ស្រី​ដែល​លោក​ម្ចាស់​មាន​អារម្មណ៍​អាណិត! នាង​យក​ស្វា​ដែល​បាន​រត់​ទៅ​ចូល​ក្នុង​បន្ទប់​ធ្នើរ​របស់​នាង​ម្ដង​ទៀត​មក​សង​វិញ! ខ្ញុំ​បាន​ឱ្យ​នាង​នៅ​រង់​ចាំ​សិន ខ្ញុំ​គិត​ថា​លោក​ម្ចាស់​នឹង​សប្បាយ​ចិត្ត​​ដែល​អាច​និយាយ​ជា​​មួយ​នាង​បាន!»

«នាង​ជា​អ្នក​ណា?!» លោក​ កាម៉ៃឃើល សួរ។

«ព្រះ​ដឹង! នាង​ជា​ក្មេង​ដែល​ខ្ញុំ​ធ្លាប់​និយាយ​ពី​នាង! ក្មេង​ស្រី​​តូច​ជា​អ្នក​បម្រើ​នៅ​សាលា!» លោក ការីហ្វត់​ ឆ្លើយ ​ហើយ​លើក​ដៃ​ជា​សញ្ញា​ទៅ​រ៉ាម ដាស។

«ត្រូវ​ហើយ ​​ខ្ញុំ​ចង់​ជួប​នាង ទៅ​នាំ​នាង​ចូល​មក! ពេល​លោក​មិន​នៅ ​ខ្ញុំ​ពិត​ជា​ពិបាក​ចិត្ត​ណាស់ មួយ​ថ្ងៃ​ៗ​គឺ​ងងឹត​ស្លុប ហើយ​យូរ​ណាស់! រ៉ាម ដាស បាន​ប្រាប់​ខ្ញុំ​ពី​ទុក្ខ​វេទនា​របស់​ក្មេង​នោះ ហើយ​យើង​បាន​រៀប​គម្រោង​ជួយ​នាង​យ៉ាង​សំងាត់​ជាមួយ​គ្នា! ខ្ញុំ​គិត​ថា​វា​ដូច​ជា​រឿង​ក្មេង​លេង ប៉ុន្តែ​នោះ​ជា​អ្វី​ដែល​ខ្ញុំ​អាច​គិត​និង​ធ្វើ​បាន ប្រសិន​បើ​មិន​មាន​ រ៉ាម ដាស ទេ​ យើង​មិន​អាច​ធ្វើ​អ្វី​បាន​ទេ!»

បន្ទាប់​មក​ សារ៉ា​បាន​ចូល​មក​ក្នុង​បន្ទប់ នាង​កាន់​ស្វា​នៅ​ក្នុង​ដៃ​របស់​នាង ហើយ​គាត់​មិន​ងាក​ភ្នែក​ចេញ​ពី​នាង​ឡើយ។

«ស្វា​របស់​លោក​ពូ​បាន​រត់​គេច​ម្ដង​ទៀត គេ​បាន​ទៅ​បង្អួច​កញ្ចក់​បន្ទប់​ធ្នើរ​របស់​ខ្ញុំ​កាល​ពី​យប់​មិញ  ហើយ​ខ្ញុំ​បាន​យក​គេ​ចូល​ក្នុង​​ ព្រោះ​អាកាសធាតុ​ត្រជាក់​ពេក! ខ្ញុំ​គួរ​តែ​បាន​យក​គេ​មក​វិញ ​ប្រសិន​បើ​ពេល​នោះ​មិន​ទាន់​យប់​ពេក! ខ្ញុំ​ដឹង​ថា​លោក​ឈឺ ហើយ​មិន​គួរ​មក​រំខាន​ទាំង​យប់​ទេ!» នាង​និយាយ​ក្នុង​សំឡេង​​គួរ​ឱ្យ​ស្រលាញ់​របស់​នាង។

បុរស​ឥណ្ឌា​សម្លឹង​នាង​ដោយ​ការ​ចាប់​អារម្មណ៍​ និង​ចង់​ស្គាល់​នាង។

«ក្មួយ​ពិត​ជា​គិត​បាន​វែង​ឆ្ងាយ​មែន!» គាត់​និយាយ។

សារ៉ា​សម្លឹង​ទៅ​រ៉ាម ដាស​ដែល​ឈរ​នៅ​ជិត​បង្អួច។

«តើ​ខ្ញុំ​អាច​ឱ្យ​គេ​ទៅ​ ឡាស្កា​បាន​ទេ?!» នាង​សួរ។

«ម៉េច​ក៏​ក្មួយ​​ចេះ​ពាក្យ​​ឡាស្កា?» បុរស​ឥណ្ឌា​និយាយ​ដោយ​ញញឹម​បន្តិច។

«អូ ខ្ញុំ​ចេះ​ពាក្យ​​​ឡាស្កា ​ព្រោះ​ខ្ញុំ​កើត​នៅ​ប្រទេស​ឥណ្ឌា!» សារ៉ា​និយាយ ដោយ​ហុច​ស្វា​ទៅ​ទាំង​ស្ទាក់​ស្ទើរ។

បុរស​ឥណ្ឌា​ស្រឡាំងកាំង ផ្លាស់​ប្ដូរ​ទឹក​មុខ​ជាមួយ​នឹង​សំដី​របស់​នាង​មួយ​ឃ្លា​នេះ។

«ក្មួយ​កើត​នៅ​ឥណ្ឌា មែន​ទេ? មក​នេះ!»  និយាយ​ហើយ​ គាត់​លើក​ដៃ។

សារ៉ា ​ដើរ​ទៅ​រក​គាត់​ ហើយ​កាន់​ដៃ​គាត់ ព្រោះ​មើល​ទៅ​គាត់​ចង់​កាន់​ដៃ​របស់​នាង។ នាង​ឈរ​នៅ​ស្ងៀម ហើយ​នាង​សម្លឹង​ចំ​ភ្នែក​របស់​គាត់។ គាត់​មើល​ទៅ​ហាក់​ដូច​ជា​​យល់​អ្វី​ម្យ៉ាង។

«ក្មួយ​រស់​នៅ​ជាប់​នេះ?» គាត់​សួរ។

«ចា៎ ខ្ញុំ​រស់​នៅ​ឯ​សាលា​របស់​​កញ្ញា​មីនជីន!»

«តែ​ក្មួយ​មិន​មែន​ជា​សិស្ស​របស់​គាត់​ទេ?»

សារ៉ា ​ញញឹម​បែប​ចម្លែក​បន្តិច នាង​ស្ទាក់​ស្ទើរ​មួយ​ភ្លែត។

«ខ្ញុំ​គិត​ថា ​ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​ជា​អ្វី​ឱ្យ​ប្រាកដ​ទេ​!» នាង​ឆ្លើយ។

«ហេតុ​អ្វី​មិន​ដឹង?«

«ដំបូង​ ខ្ញុំ​ជា​សិស្ស​មក​ស្នាក់ ហើយ​ជា​អ្នក​ជួល​បន្ទប់​នៅ ប៉ុន្តែ​​ឥឡូវ….!»

«ក្មួយ​ជា​សិស្ស​មក​ស្នាក់ ចុះ​ឥឡូវ​ជា​​អ្វី?»

សារ៉ា​ញញឹម​ទាំង​ពិបាក និង​សោក​ស្ដាយ​​ម្ដង​ទៀត។

«ខ្ញុំ​គេង​នៅ​បន្ទប់​ធ្នើរ​ជាប់​អ្នក​បម្រើ​ក្នុង​ផ្ទះ​បាយ ខ្ញុំ​រត់​ទៅ​ទិញ​ទំនិញ​ឱ្យ​ចុង​ភៅ ខ្ញុំ​ធ្វើ​អ្វី​ដែល​គេ​ប្រើ ហើយ​ខ្ញុំ​បង្រៀន​​​ក្មេងៗ!» នាង​និយាយ។

«សួរ​នាង​ទៅ! កាម៉ៃឃើល សួរ​នាង​ទៅ ខ្ញុំ​មិន​អាច​សួរ​ទៀត​បាន​ទេ!» លោក ការីហ្វត់ ទម្លាក់​​ខ្លួន​ទៅ​កៅអី​វិញ​ដោយ​អស់​កម្លាំង។

មេ​គ្រួសារ​ធំ​ដឹង​ច្បាស់​ពី​វិធី​សួរ​ក្មេង សារ៉ា​ដឹង​ថា​គាត់​បាន​ហាត់​រៀន​យ៉ាង​ណា​ ពេល​ដែល​គាត់​និយាយ​ទៅ​កាន់​នាង​ជាមួយ​នឹង​សំឡេង​ពីរោះ និង​លើក​ទឹក​ចិត្ត​របស់​គាត់។

«ឃ្លា​ដំបូង​របស់​ក្មួយ​មាន​ន័យ​យ៉ាង​ម៉េច​ទៅ ក្មួយ​ស្រី?» គាត់​សួរ។

«ពេល​នោះ​ប៉ាប៉ា​ខ្ញុំ​យក​ខ្ញុំ​មក​ទី​នេះ!»

«ប៉ាប៉ា​ក្មួយ​នៅ​ឯ​ណា?​»

«គាត់​ស្លាប់​ហើយ! គាត់​បាត់​បង់​​ប្រាក់​របស់​គាត់​ទាំង​អស់ ហើយ​មិន​បន្សល់​សម្រាប់​ខ្ញុំ​ទេ! គ្មាន​អ្នក​​ទទួល​ខុស​ត្រូវ​ចំពោះ​ខ្ញុំ ឬ​បង់​ប្រាក់​ឱ្យ​កញ្ញា​មីនជីន​ទេ!»

«កាម៉ៃឃើ​ៗ» បុរស​ឥណ្ឌា​ស្រែក​ខ្លាំង​ៗ។

«យើង​មិន​ត្រូវ​​ធ្វើ​ឱ្យ​ក្មេង​ភ័យ​ទេ!» លោក កាម៉ៃឃើល និយាយ​​ទៅ​កាន់​គាត់​ភ្លាម​ដោយ​សំឡេង​ទាប​​របស់​គាត់ ហើយ​គាត់​បាន​បន្ត​ទៅ​កាន់​​សារ៉ា៖

«ដូច្នោះ​ហើយ ​ក្មួយ​ត្រូវ​គេ​បញ្ជូន​ទៅ​នៅ​បន្ទប់​ធ្នើរ ហើយ​ឱ្យ​ធ្វើ​ជា​ក្មេង​បម្រើ នោះ​គឺ​ជា​រឿង​របស់​ក្មួយ​មែន​ទេ?»

«គ្មាន​អ្នក​មើល​ថែ​ខ្ញុំ​ទេ! គ្មាន​លុយ​ទេ ខ្ញុំ​មិន​មែន​ជា​សាច់​ញាតិ​របស់​អ្នក​ម្នាក់​ឡើយ!»

«តើ​ប៉ា​របស់​ក្មួយ​បាត់​បង់​ប្រាក់​របស់​គាត់​ដោយ​របៀប​ណា?» បុរស​ឥណ្ឌា​លូក​មាត់​ដោយ​ដក​ដង្ហើម​ស្ទើរ​មិន​ដល់​គ្នា។

«គាត់​មិន​បាន​ធ្វើ​ឱ្យ​បាត់​បង់​ដោយ​​ខ្លួន​គាត់​ទេ គាត់​មាន​មិត្ត​ម្នាក់​ដែល​គាត់​ចូល​ចិត្ត គាត់​ចូល​ចិត្ត​មិត្ត​របស់​គាត់​​ណាស់! គឺ​មិត្ត​របស់​គាត់​ជា​អ្នក​យក​ប្រាក់​គាត់​ទៅ! គាត់​ទុក​ចិត្ត​មិត្ត​របស់​គាត់​ពេក​!»

ដង្ហើម​របស់​បុរស​ឥណ្ឌា​កាន់​តែ​លោត​ញាប់។

«មិត្ត​នោះ​ប្រហែល​ជា​គ្មាន​បំណង​ធ្វើ​អាក្រក់​ទេ រឿង​នោះ​ប្រហែល​ជា​កើត​ឡើង​ដោយ​កំហុស​ណា​មួយ!» គាត់​និយាយ។

សារ៉ា​មិន​ដឹង​ថា​សំឡេង​តិចៗ​របស់​នាង​​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​ទេ ​ពេល​ដែល​នាង​ឆ្លើយ។ ប្រសិន​បើ​នាង​ដឹង នាង​​​ប្រាកដ​ជា​​ព្យាយាម​បន្ទន់​ដើម្បី​បុរស​ឥណ្ឌា។

«ការ​ឈឺ​ចាប់​នោះ​ពិត​ជា​ធ្ងន់ធ្ងរ​ចំពោះ​ប៉ាប៉ា ការ​ឈឺ​ចាប់​នោះ​បាន​សម្លាប់​គាត់!» នាង​និយាយ។

«ប៉ា​របស់​ក្មួយ​ឈ្មោះ​អ្វី? ប្រាប់​ពូ​មក!» បុរស​ឥណ្ឌា​និយាយ។​

«គាត់​ឈ្មោះ រ៉ាល់ គ្រូវី កាពីទែន គ្រូវី! គាត់​ស្លាប់​នៅ​ឥណ្ឌា!» សារ៉ា​ឆ្លើយ​ដោយ​អារម្មណ៍​សោកសៅ។

ទឹក​មុខ​របស់​បុរស​ឥណ្ឌា​ស្រឡាំងកាំង និង​ភ្ញាក់​ផ្អើល។

«កាម៉ៃឃើល! គឺ​ក្មេង គឺ​ក្មេង!» គាត់​ស្រែក​ដាច់​ៗ។

ភ្លាម​នោះ​ សារ៉ា​គិត​ថា​គាត់​នឹង​ស្លាប់។ រ៉ាម ដាស ចាក់​គ្រាប់​ថ្នាំ​ចេញ​ពី​ដប ហើយ​លើក​គាត់​ដាក់​លើ​ភ្លៅ។ សារ៉ា​ឈរ​នៅ​ក្បែរ​ដោយ​ញ័រ​តិចៗ។ នាង​ស្លឹង​ទៅ​លោក កាម៉ៃឃើល។

«តើ​ខ្ញុំ​ជា​ក្មេង​អ្វី​ទៅ?» នាង​សួរ។

«គាត់​ជា​មិត្ត​របស់​ប៉ា​ក្មួយ! កុំ​ភ័យ​អី ពួក​យើង​បាន​តាម​រក​ក្មួយ​ពីរ​ឆ្នាំ​មក​ហើយ!» លោក កាម៉ៃឃើល ឆ្លើយ។

សារ៉ា​ដាក់​ដៃ​របស់​នាង​លើ​ថ្ងាស។ នាង​និយាយ​ដូច​ជា​នាង​កំពុង​យល់​សប្ដិ។

«ហើយ​ខ្ញុំ​​នៅ​សាលា​របស់​កញ្ញា​មីនជីន​រហូត​មក គឺ​នៅ​ជញ្ជាំង​ជាប់​នេះ!»

………………………………….

ពេល​នោះ​អ្នក​ស្រី​ កាម៉ៃឃើល ត្រូវ​បាន​គេ​អញ្ជើញ​មក​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​និយាយ​ពន្យល់​សារ៉ា ពី​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង។ ក្ដី​រំភើប​នៃ​ការ​រក​ឃើញ​ដោយ​មិន​បាន​រំពឹង​ទុក​សោះ​នេះ​ បាន​ផ្ដល់​ថាមពល​ដល់​លោក ការីហ្វត់ ជា​ពន់​ពេក​ខណៈ​ដែល​សុខភាព​របស់​គាត់​កំពុង​ទ្រុឌទ្រោម។ លោក កាម៉ៃឃើល ផ្ដល់​យោបល់​ថា​គួរ​តែ​នាំ​​សារ៉ា​ទៅ​បន្ទប់​ផ្សេង។

«បើ​តាម​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ថា​ មិន​បាត់​នាង​ពី​ខ្សែ​ភ្នែក​របស់​ខ្ញុំ​ទេ!» គាត់​និយាយ​ទៅ​កាន់​លោក កាម៉ៃឃើល។

«ខ្ញុំ​នឹង​មើល​ថែ​នាង ហើយ​បន្តិច​ទៀត​ម៉ាក់​មក​ដល់​ហើយ!» ចានេត​និយាយ ហើយ​នាំ​​សារ៉ា​ចេញ​ទៅ។

«ពួក​យើង​សប្បាយ​ចិត្ត​ណាស់​ដែល​អាច​រក​ឯង​ឃើញ ឯង​មិន​ដឹង​ថា​ពួក​យើង​សប្បាយ​ចិត្ត​យ៉ាង​ណា​ទេ​ដែល​អាច​រក​ឯង​ឃើញ!» នាង​និយាយ។

ដូណាល់​ឈរ​ជ្រែង​ហោប៉ៅ សម្លឹង​មើល​សារ៉ា ហើយ​ដក​ដង្ហើម​ធំ។

«បើ​ពេល​ខ្ញុំ​ឱ្យ​បង​៦​ផេន្នី​នោះ​ ខ្ញុំ​សួរ​បង​ថា​បង​ឈ្មោះ​អី ហើយ​បង​ឆ្លើយ​ថា​បង​ឈ្មោះ​​សារ៉ា គ្រូវី​នោះ បង​នឹង​ត្រូវ​គេ​រក​ឃើញ​ភ្លាម​ហើយ ប៉ុន្តែ​ខ្ញុំ​មិន​បាន​សួរ ចំ​មែន!​» គេ​និយាយ។

បន្តិច​ក្រោយ​មក ​អ្នក​ស្រី កាម៉ៃឃើល ចូល​មក គាត់​មើល​ទៅ​ដូច​ជា​ប្រញាប់​ប្រញាល់​ណាស់ ហើយ​ភ្លាម​នោះ​បាន​ឱប​ថើប​សារ៉ា។

«ក្មួយ​មើល​ទៅ​ដូច​ជា​កំពុង​វិលវល់ ក្មេង​កម្សត់! ហើយ​នោះ​មិន​មែន​ជា​រឿង​ចម្លែក​ទេ!» គាត់​និយាយ។

សារ៉ា​គិត​ដល់​តែ​រឿង​មួយ​គត់។

«តើ​គាត់…តើ​គាត់​ជា​មិត្ត​ក្បត់​មែន​ទេ? ប្រាប់​ខ្ញុំ​មក!» នាង​និយាយ​ដោយ​សម្លឹង​ទៅ​ទ្វារ​បន្ទប់​បណ្ណាល័យ។

អ្នក​ស្រី កាម៉ៃឃើល យំ​ពេល​ថើប​នាង​ម្ដង​ទៀត។ គាត់​មាន​អារម្មណ៍​​ថា នាង​គួរ​តែ​ត្រូវ​បាន​ថើប​​ច្រើន​បន្តិច ​ព្រោះ​នាង​មិន​ត្រូវ​បាន​គេ​ថើប​ជា​យូរ​មក​​ហើយ។​

«គាត់​មិន​មែន​ជា​មិត្ត​ក្បត់​ទេ​ ក្មួយ​សំឡាញ់! គាត់​មិន​បាន​ធ្វើ​ឱ្យ​បាត់​បង់​ប្រាក់​របស់​ប៉ា​ក្មួយ​ទេ! គាត់​គ្រាន់​តែ​បាន​គិត​ថា​គាត់​បាន​ធ្វើ​ឱ្យ​បាត់​បង់! ហើយ​ព្រោះ​តែ​គាត់​ស្រលាញ់​ប៉ា​ក្មួយ​ពេក​​ ទើប​ធ្វើ​ឱ្យ​គាត់​ឈឺ​ធ្ងន់​ដែល​សតិ​របស់​​គាត់​ធ្លាប់​ខុស​ប្រក្រតី! គាត់​ស្ទើរ​តែ​ស្លាប់​ដោយ​សារ​​ការ​ប៉ះទង្គិច​ខួរក្បាល  ហើយ​រយៈ​ពេល​យូរ​ មុន​ពេល​គាត់​ចាប់​ផ្ដើម​ចង​ចាំ​ឡើង​វិញ ​ប៉ាប៉ា​កម្សត់​របស់​ក្មួយ​បាន​ចែក​លោក​ទៅ!»

«ហើយ​គាត់​មិន​ដឹង​ថា​ស្វែង​រក​ខ្ញុំ​នៅ​ឯ​ណា! ហើយ​ខ្ញុំ​នៅ​ជិត​នេះ!» នាង​និយាយ​​​ខ្សឹកខ្សួល​ យ៉ាង​ណា​នាង​មិន​ភ្លេច​ថា​នាង​នៅ​ជិត​នេះ។

«គាត់​ជឿ​ថា​ក្មួយ​នៅ​​បារាំង ហើយ​គាត់​ត្រូវ​​បន្ត​តាម​រក​ដោយ​សញ្ញា​ដែល​មិន​ពិត​រហូត​មក! គាត់​តាម​រក​ក្មួយ​គ្រប់​ទី​កន្លែង ពេល​ដែល​គាត់​ឃើញ​ក្មួយ​ដើរ​កាត់​ដោយ​មាន​ទឹក​មុខ​ក្រៀម​ក្រំ និង​ជា​ក្មេង​​រយីករយាក គាត់​មិន​ស្រមៃ​ថា​ក្មួយ​ជា​កូន​កម្សត់​របស់​មិត្ត​គាត់ ប៉ុន្តែ​ដោយ​សារ​ក្មួយ​ជា​ក្មេង​ស្រី​តូច គាត់​ចង់​ឱ្យ​ក្មួយ​សប្បាយ​ចិត្ត ហើយ​បាន​ប្រាប់​ រ៉ាម ដាស ឱ្យ​ឡើង​ជញ្ជាំង​ទៅ​បន្ទប់​ធ្នើរ​របស់​ក្មួយ​ដើម្បី​ព្យាយាម​ធ្វើ​ឱ្យ​ក្មួយ​បាន​ទទួល​ក្ដី​សុខ​ខ្លះ!»

សារ៉ា​ទទួល​បាន​ការ​​រីករាយ ទឹក​មុខ​របស់​នាង​ផ្លាស់​ប្ដូរ។

«រ៉ាម ដាស ជា​អ្នក​យក​របស់​ចូល​ទៅ​មែន​ទេ? គាត់​ប្រាប់​រ៉ាម ដាស​ឱ្យ​ធ្វើ​មែន​ទេ? គាត់​ជា​អ្នក​​ដែល​ធ្វើ​ឱ្យ​សុបិន​ក្លាយ​ជា​ការ​ពិត​មែន​ទេ?» នាង​ស្រែក។

«ត្រូវ​ហើយ​ក្មួយ​សំឡាញ់! ត្រូវ​ហើយ! គាត់​ចិត្ត​ល្អ ហើយ​គាត់​សោក​ស្ដាយ​ចំពោះ​ក្មួយ គាត់​ធ្វើ​ដោយ​សារ​ស្រណោះ​ដល់​សារ៉ា​កម្សត់​ដែល​បាន​បាត់​ខ្លួន​ទៅ!»

ទ្វារ​បន្ទប់​បណ្ណាល័យ​បើក​មក ហើយ​លោក​ កាម៉ៃឃើល បង្ហាញ​ខ្លួន គាត់​ធ្វើ​សញ្ញា​ហៅ​សារ៉ា។

«លោក​ ការីហ្វត់ បាន​ប្រសើរ​ហើយ! គាត់​ចង់​ឱ្យ​ក្មួយ​ចូល​ទៅ​ជួប​គាត់!»

សារ៉ា​មិន​ស្ទាក់ស្ទើរ​ទេ នាង​ប្រញាប់​ចូល​ទៅ​ភ្លាម។ ពេល​ដែល​បុរស​ឥណ្ឌា​សម្លឹង​នាង​ខណៈ​ដែល​នាង​ចូល​ទៅ​ដល់ នាង​ឃើញ​ទឹក​មុខ​គាត់​មាន​ពន្លឺ​ឡើង​វិញ។

នាង​ដើរ​ទៅ​ឈរ​ជិត​កៅអី​របស់​គាត់ ដៃ​យក​ដៃ​ទាំង​ពីរ​ឱប​ទ្រូង។

«លោក​ពូ​ផ្ញើ​របស់​ទាំង​អស់​នោះ​ទៅ​ឱ្យ​ខ្ញុំ របស់​ស្អាត និង​អស្ចារ្យ​ទាំង​នោះ​មែន​ទេ? លោក​ពូ​ជា​អ្នក​ផ្ញើ​ទៅ!?» នាង​និយាយ​ដោយ​ទឹក​ចិត្ត​រីករាយ។

«ត្រូវ​ហើយ​ក្មេង​កម្សត់ ពូ​​ជា​អ្នក​ផ្ញើ​ទៅ!» គាត់​ឆ្លើយ​នឹង​នាង។ គាត់​ទន់​ខ្សោយ​និង​បាក់​ទឹក​ចិត្ត​ដោយ​សារ​ជំងឺ​និង​បញ្ហា ប៉ុន្តែ​គាត់​សម្លឹង​ទៅ​នាង​ដោយ​ខ្សែ​ភ្នែក​ដែល​ប៉ា​របស់​នាង​ធ្លាប់​សម្លឹង​មើល​នាង ខ្សែ​ភ្នែក​ដែល​ស្រលាញ់​នាង និង​ចង់​ឱប​នាង​នៅ​ក្នុង​រង្វង់​ដៃ​របស់​គាត់។

អាការៈ​នោះ​បាន​ធ្វើ​ឱ្យ​នាង​បន្ទន់​ខ្លួន​ទៅ​ជិត​គាត់ ​ដូច​ជា​នាង​ធ្លាប់​បន្ទន់​ខ្លួន​នៅ​ជិត​ប៉ា​របស់​នាង​ដែរ​ពេល​នាង​ពួក​គេ​ គឺ​ជា​មិត្ត​ល្អ​បំផុត​នៅ​ក្នុង​លោក​នេះ។

«ដូច្នេះ​លោក​ពូ​គឺ​ជា​មិត្ត​របស់​ខ្ញុំ! គឺ​លោក​ពូ​ជា​មិត្ត​របស់​ខ្ញុំ!» នាង​និយាយ ហើយ​នាង​ដាក់​មុខ​របស់​នាង​លើ​ដៃ​ស្គម​របស់​គាត់ ហើយ​ថើប​ម្ដង​ហើយ​ម្ដង​ទៀត។

«បុរស​នេះ​នឹង​ក្លាយ​ជា​អ្នក​ម្ចាស់​ការ​លើ​ខ្លួន​គាត់​វិញ​ នៅ​ក្នុង​រយៈ​ពេល​បី​សប្ដាហ៍ មើល​មុខ​របស់​គាត់​គឺ​ម្ចាស់​ការ​រួច​ទៅ​ហើយ!» លោក កាម៉ៃឃើ និយាយ​នៅ​ក្បែរ​ប្រពន្ធ​របស់​គាត់។

សារ៉ា​មិន​ត្រលប់​ទៅ​សាលា​នោះ​វិញ​ទេ បុរស​ឥណ្ឌា​បាន​សម្រេច​លើ​ចំណុច​នេះ​​យ៉ាង​ម៉ឺងម៉ាត់។ នាង​នឹង​នៅ​កន្លែង​ដែល​នាង​កំពុង​នៅ​ពេល​នេះ ហើយ​លោក កាម៉ៃឃើ នឹង​ទៅ​ជួប​​កញ្ញា​មីនជីន ​ដោយ​ខ្លួន​គាត់។

«ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ខ្ញុំ​មិន​ចាំបាច់​ត្រលប់​ទៅ​វិញ គាត់​នឹង​ខឹង​ខ្ញុំ គាត់​មិន​ចូល​ចិត្ត​ខ្ញុំ​ទេ ទោះ​បី​នោះ​ប្រហែល​ជា​ដោយ​សារ​កំហុស​របស់​ខ្ញុំ​ ព្រោះ​ខ្ញុំ​មិន​ចូល​ចិត្ត​គាត់​ក៏​ដោយ!» សារ៉ា​និយាយ។

ប៉ុន្តែ​នោះ​ពិត​ជា​រឿង​ចៃដន្យ​មែន កញ្ញា ​មីនជីន​មិន​ចាំ​បាច់​ឱ្យ​លោក កាម៉ៃឃើ ទៅ​រក​គាត់​នៅ​សាលា​ទេ គឺ​គាត់​តាម​មក​រក​សិស្ស​របស់​គាត់​ដោយ​ខ្លួន​ឯង។ គាត់​ត្រូវ​ការ​រក​ ​សារ៉ា​ដើម្បី​ការងារ​អ្វី​មួយ ហើយ​ក្រោយ​ពី​សួរ​នាំ​ហើយ គាត់​ទទួល​បាន​ដំណឹង​ដ៏​គួរ​ឱ្យ​​ភ្ញាក់​ផ្អើល។ អ្នក​​បម្រើ​ម្នាក់​​បាន​ឃើញ​នាង​កាន់​អ្វី​ម្យ៉ាង​ក្នុង​ដៃ​ ហើយ​ឡើង​ជណ្ដើរ​ចូល​ផ្ទះ​ដែល​នៅ​ជាប់​សាលា។

«តើ​នាង​ចង់​មាន​ន័យ​ថា​ម៉េច!» កញ្ញា​មីនជីន​ស្រែក​ទៅ​កាន់​កញ្ញា​អាម៉េឡា។

«ខ្ញុំ​មិន​ដឹង​ទេ ខ្ញុំ​គិត​ថា​នាង​បាន​រាប់​អាន​ជាមួយ​​បុរស​នោះ​ ព្រោះ​គាត់​បាន​រស់​នៅ​ឥណ្ឌា!» កញ្ញា​អាម៉េឡា​ឆ្លើយ។

«នាង​ប្រាកដ​ជា​​ព្យាយាម​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​ឱ្យ​គេ​អាណិត​ហើយ! នាង​ប្រាកដ​ជា​​បាន​នៅ​ក្នុង​ផ្ទះ​នោះ​អស់​ពីរ​ម៉ោង​មក​ហើយ ខ្ញុំ​មិន​អាច​បណ្ដោយ​ឱ្យ​មាន​រឿង​បែប​នេះ​ទេ!​ ខ្ញុំ​នឹង​ចូល​ទៅ​សួរ​រក​ត្រូវ​​ខុស  ហើយ​សុំទោស​ដែល​នាង​បំពាន​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​គេ!» កញ្ញា​មីនជីន​និយាយ។

សារ៉ា​កំពុង​​អង្គុយ​លើ​ជើង​តាំង​ជិត​ជង្គង់​របស់​លោក ការីហ្វត់ ហើយ​ស្ដាប់​រឿង​ជា​ច្រើន​ដែល​លោក​គិត​ថា​ចាំ​បាច់​ត្រូវ​​ព្យាយាម​ពន្យល់​នាង ពេល​នោះ​ រ៉ាម ដាស ប្រកាស​ប្រាប់​ថា​មាន​ភ្ញៀវ​មក​។

សារ៉ា​ក្រោក​ឡើង​ដោយ​មិន​ស្រណុក​​ក្នុង​ចិត្ត​ ទឹក​មុខ​នាង​រាង​ស្លេក ប៉ុន្តែ​លោក ការីហ្វត់ ឃើញ​នាង​ឈរ​នៅ​​ស្ងៀម ហើយ​មិន​បាន​បង្ហាញ​សញ្ញា​ភ័យ​ខ្លាច​បែប​ជា​ក្មេង​ទេ។

កញ្ញា​មីនជីន​ចូល​មក​ដល់​ក្នុង​បន្ទប់​ជាមួយ​នឹង​អាកប្បកិរិយា​​ខឹង​សម្បារ។ គាត់​ស្លៀក​ពាក់​យ៉ាង​ត្រឹម​ត្រូវ និង​រៀប​ឫកពា​​សុភាព។

«ខ្ញុំ​សុំទោស​ដែល​មក​រំខាន​លោក លោក​ ការីហ្វត់! ប៉ុន្តែ​ខ្ញុំ​មាន​ធុរៈ​ដែល​ត្រូវ​ពន្យល់! ខ្ញុំ​គឺ​កញ្ញា​មីនជីន ជា​ម្ចាស់​សាលា​ក្មេងៗ​នៅ​ជាប់​ផ្ទះ​នេះ!» គាត់​និយាយ។

បុរស​ឥណ្ឌា​សម្លឹង​គាត់​​មួយ​ភ្លែត​ដោយ​ឥរិយាបថ​ស្ងៀមស្ងាត់។ គាត់​ជា​បុរស​ដែល​មាន​ចរិត​ឆាប់​ខឹង​ពី​ធម្មជាតិ ហើយ​គាត់​មិន​ចង់​ឱ្យ​អារម្មណ៍​របស់​គាត់​បញ្ចេញ​មក​ជ្រុល​ពេក​ទេ។

«ដូច្នេះ​អ្នក​គឺ​កញ្ញា​មីនជីន?» គាត់​និយាយ។

«ត្រូវ​ហើយ​​ លោក!»

«បើ​ដូច្នោះ​ កញ្ញា​មក​ចំ​ពេល​ហើយ! មេធាវី​របស់​ខ្ញុំ លោក កាម៉ៃឃើ បម្រុង​នឹង​ទៅ​ជួប​​កញ្ញា​ស្រាប់!» បុរស​ឥណ្ឌា​តប។

លោក កាម៉ៃឃើល ឱន​ក្បាល​បន្តិច ហើយ​កញ្ញា​មីនជីន​សម្លឹង​ទៅ​គាត់ និង​លោក ការីហ្វត់ ដោយ​ការ​ភ្ញាក់​ផ្អើល។

«មេធាវី​របស់​​លោក!? ខ្ញុំ​មិន​យល់​ទេ! ខ្ញុំ​មក​ទី​នេះ​ដោយ​មាន​ធុរៈ! ខ្ញុំ​ទើប​តែ​ដឹង​ថា​លោក​ត្រូវ​បាន​រំខាន​ដោយសារ​សិស្ស​របស់​ខ្ញុំ​ម្នាក់ សិស្ស​មក​ស្នាក់​ដោយ​ជំនួយ​សប្បុរស! ខ្ញុំ​មក​ដើម្បី​ប្រាប់​ថា​ នាង​បាន​ចូល​មក​ដោយ​មិន​មាន​ការ​អនុញ្ញាត​ពី​ខ្ញុំ!» និយាយ​ហើយ ​គាត់​ងាក​ទៅ​មើល​សារ៉ា រួច​ទើប​បន្ត៖

«ទៅ​ផ្ទះ​ភ្លាម​ទៅ ឯង​​នឹង​ត្រូវ​ទទួល​ទោស​ធ្ងន់ធ្ងរ ទៅ​ផ្ទះ​ភ្លាម!»

បុរស​ឥណ្ឌា​ទាញ​​សារ៉ា​ទៅ​​ចំហៀង​ខ្លួន​គាត់​ ហើយ​កាន់​ដៃ​នាង។

«នាង​មិន​ទៅ​ទេ!»

«មិន​ទៅ!?» កញ្ញា​មីនជីន​បន្លឺ។

«ទេ! នាង​មិន​ទៅ​​ផ្ទះ​ទេ! បើ​​កញ្ញា​ហៅ​ទី​នោះ​ថា​ផ្ទះ! ផ្ទះ​​​របស់​នាង​សម្រាប់​ពេល​ខាង​មុខ ​គឺ​នឹង​នៅ​ជាមួយ​ខ្ញុំ!»

កញ្ញា​មីនជីន​ថយ​ក្រោយ​បន្តិច​ដោយ​អារម្មណ៍​ភ្ញាក់​ផ្អើល។

«នៅ​ជាមួយ​លោក?! លោក!? លោក​មាន​ន័យ​យ៉ាង​ម៉េច?»

«សូម​ជួយ​ពន្យល់​ពី​បញ្ហា​នេះ​ទៅ​លោក កាម៉ៃឃើល ហើយ​សូម​​បញ្ចប់​រឿងរ៉ាវ​ឱ្យ​លឿន​តាម​ដែល​អាច​ធ្វើ​បាន!» បុរស​ឥណ្ឌា​និយាយ​ ហើយ​ឱ្យ​​សារ៉ា​អង្គុយ​វិញ ហើយ​កាន់​ដៃ​របស់​នាង​ដូច​ជា​ប៉ា​របស់​នាង​ធ្លាប់​​កាន់។

«ម៉ាដាម គាត់​គឺ​លោក ការីហ្វត់ ជា​មិត្ត​ស្និទ្ធស្នាល​របស់​អតីត​កាពីទែន​ គ្រូវី! គាត់​គឺ​ជា​ដៃ​គូ​វិនិយោគ​នៅ​ក្នុង​ជំនួញ​ធំ​មួយ​ជាមួយ​គ្នា! ទ្រព្យ​សម្បត្តិ​ដែល​កាពីទែន​​ គ្រូវី រំពឹង​ថា​ត្រូវ​ទទួល​បាន​ត្រូវ​​ដោះស្រាយ​រួច​រាល់ ហើយ​ពេល​នេះ​ទ្រព្យ​ទាំង​នោះ​នៅ​ក្នុង​ដៃ​របស់​លោក ការីហ្វត់!» លោក កាម៉ៃឃើល ពន្យល់។

«ទ្រព្យសម្បត្តិ?! ទ្រព្យសម្បត្តិ​របស់​សារ៉ា!?» កញ្ញា​មីនជីន​លាន់​មាត់។

«វា​នឹង​​ក្លាយ​​ជា​របស់​ សារ៉ា! តាម​ពិត​ពេល​នេះ​ទ្រព្យ​ទាំង​នោះ​គឺ​ជា​របស់​សារ៉ា! ទ្រព្យសម្បត្តិ​ទាំង​នោះ​បាន​កើន​ឡើង​ច្រើន​លើស​លុប​ពី​ទ្រព្យ​របស់​លោក គ្រូវី! រ៉ែ​ពេជ្រ​​បាន​ទទួល​ផល!» លោក កាម៉ៃឃើល ឆ្លើយ​ដោយ​ត្រង់​ៗ។

«រ៉ែ​ពេជ្រ!?» កញ្ញា​មីនជីន​លាត់​មាត់។

«រ៉ែ​ពេជ្រ! ត្រូវ​ហើយ​កញ្ញា​មីនជីន! ពេល​នេះ​មិន​មាន​ព្រះ​នាង​ច្រើន​ទេ​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​សារ៉ា ជា​ក្មេង​សាលា​ដែល​ស្នាក់​នៅ​​ក្រោម​ជំនួយ​សប្បុរស​របស់​អ្នក! សារ៉ា គ្រូវី ជា​ក្មេង​ដែល​លោក ការីហ្វត់ តាម​រក​​អស់​ពេល​ជិត​ពីរ​ឆ្នាំ នៅ​ទី​បំផុត​គាត់​រក​នាង​ឃើញ​ហើយ ហើយ​គាត់​នឹង​​ទុក​នាង​នៅ​ជាមួយ​គាត់!» លោក ការម៉ៃឃើល ពន្យល់​បន្ថែម។

ក្រោយ​មក​ គាត់​អញ្ជើញ​កញ្ញា​មីនជីន​ឱ្យ​អង្គុយ​ចុះ ​ខណៈ​ដែល​គាត់​ត្រូវ​និយាយ​រឿង​លម្អិត និង​និយាយ​រឿង​ដែល​សំខាន់ៗ​ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់​ចំពោះ​គាត់​ថា អនាគត​របស់​សារ៉ា​គឺ​ច្បាស់​លាស់។

កញ្ញា​មីនជីន​ជា​ស្ត្រី​មិន​ឆ្លាត ដោយ​សារ​​ការ​​រំភើប​របស់​គាត់ ​ធ្វើ​ឱ្យ​គាត់​​ប្រឹង​ប្រែង​ដើម្បី​ទទួល​បាន​អ្វី​ដែល​គាត់​បម្រុង​នឹង​បាត់បង់​មក​វិញ។

«គាត់​រក​ឃើញ​នាង​នៅ​ក្រោម​ការ​ថែទាំ​របស់​ខ្ញុំ ខ្ញុំ​បាន​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​នាង! បើ​មិន​មាន​ខ្ញុំ​ទេ នាង​ប្រាកដ​ជា​ឃ្លាន​ស្លាប់​នៅ​តាម​ផ្លូវ!»

ពេល​នេះ​បុរស​ឥណ្ឌា​ទប់​អារម្មណ៍​គាត់​លែង​បាន។

«ប្រសិន​បើ​ត្រូវ​ឃ្លាន​ស្លាប់​នៅ​តាម​ផ្លូវ នាង​ប្រហែល​ជា​ឃ្លាន​ស្លាប់​ដោយ​ស្រណុក​ស្រួល​ជាង​ឃ្លាន​ស្លាប់​នៅ​ក្នុង​បន្ទប់​ធ្នើរ​របស់​អ្នក!» គាត់​និយាយ។

«កាពីទែន គ្រូវី បាន​​ទុក​នាង​ឱ្យ​ខ្ញុំ​មើល​ថែ នាង​ត្រូវ​តែ​ត្រលប់​ទៅ​សាលា​វិញ​ រហូត​ដល់​អាយុ​ដែល​នាង​ត្រូវ​ចេញ! នាង​អាច​ធ្វើ​ជា​សិស្ស​ស្នាក់​នៅ​ម្ដង​ទៀត! នាង​ត្រូវ​តែ​បន្ត​ការ​សិក្សា​ដល់​ចប់! ច្បាប់​នឹង​សម្រេច​តាម​ការ​ស្នើ​របស់​ខ្ញុំ!» កញ្ញា​មីនជីន​និយាយ។

«បាន​ហើយ​កញ្ញា​មីនជីន! ច្បាប់​នឹង​​មិន​​អាច​ធ្វើ​​រឿង​បែប​នោះ​ទេ! ប្រសិន​បើ​​សារ៉ា ខ្លួន​នាង​ចង់​ត្រលប់​ទៅ​វិញ ខ្ញុំ​ហ៊ាន​និយាយ​ថា​លោក ការីហ្វត់ នឹង​មិន​បដិសេធ​ទេ ប៉ុន្តែ​រឿង​នោះ​ត្រូវ​សម្រេច​លើ​ចិត្ត​របស់​សារ៉ា!» លោក កាម៉ៃឃើល ​និយាយ​កាត់។

«អ៊ីចឹង​ខ្ញុំ​និយាយ​ចំពោះ​សារ៉ា! ខ្ញុំ​ប្រហែល​មិន​បាន​ទម្រើស​ឯង​ទេ ប៉ុន្តែ​​ឯង​ដឹង​ថា​ប៉ាប៉ា​របស់​ឯង​សប្បាយ​​ចិត្ត​នឹង​ការ​រីកចម្រើន​របស់​ឯង។ ហើយ​​អឺ​ហេម!​ ខ្ញុំ​តែង​តែ​ចូល​ចិត្ត​ឯង!» កញ្ញា​មីនជីន ​និយាយ។

សារ៉ា​សម្លឹង​ភ្នែក​គាត់​ដោយ​ស្ងៀមស្ងាត់ មើល​យ៉ាង​ច្បាស់​​ដោយ​មិន​ចូល​ចិត្ត​កញ្ញា​មីនជីន។

«ពិត​មែន​ទេ​កញ្ញា​មីនជីន? ខ្ញុំ​មិន​បាន​ដឹង​ថា​អ្នក​គ្រូ​ចូលចិត្ត​ខ្ញុំ​ទេ!» នាង​និយាយ។

កញ្ញា​មីនជីន​ក្រហម​មុខ ហើយ​ក្រោក​ឡើង។

«ឯង​គួរ​តែ​ដឹង​រឿង​នេះ ប៉ុន្តែ​សំណាង​អាក្រក់ ​ក្មេងៗ​មិន​ដឹង​ថា​អ្វី​ល្អ​បំផុត​សម្រាប់​ខ្លួន​គេ​ទេ! អាម៉េឡា និង​ខ្ញុំ​តែងតែ​និយាយ​ថា ​ឯង​ជា​សិស្ស​ឆ្លាត​បំផុត​នៅ​ក្នុង​សាលា! ឯង​នឹង​មិន​បំពេញ​តួនាទី​តាម​បណ្ដាំ​ប៉ាប៉ា​របស់​ឯង ហើយ​ទៅ​សាលា​វិញ​ជាមួយ​ខ្ញុំ​ទេ!?»

សារ៉ា​ដើរ​សំដៅ​ទៅ​រក​គាត់ ​ហើយ​ឈរ​នៅ​ស្ងៀម។ នាង​កំពុង​គិត​​ដល់​ពេល​ដែល​គេ​ប្រាប់​នាង​ថា នាង​ជា​ក្មេង​ដែល​មិន​មាន​សាច់​ញាតិ​នៅ​ក្នុង​លោក​នេះ ហើយ​កំពុង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដែល​អាច​ត្រូវ​គេ​ឱ្យ​ទៅ​នៅ​តាម​ចិញ្ចើម​ផ្លូវ នាង​កំពុង​គិត​ដល់​ពេល​រងា ឃ្លាន​ដែល​នាង​ត្រូវ​នៅ​ឯកោ​ជាមួយ អ៊េមីលី និង​ម៉េឆាយឌេក​នៅ​ក្នុង​បន្ទប់​ធ្នើរ។ នាង​សម្លឹង​មុខ​កញ្ញា​មីនជីន​ចំ​ដោយ​មិន​ដាក់​មុខ​ចុះ។

«អ្នក​គ្រូ​ដឹង​ថា ​ហេតុ​អ្វី​ទើប​ខ្ញុំ​នឹង​មិន​ទៅ​វិញ​ហើយ អ្នក​គ្រូ​ដឹង​ច្បាស់​ណាស់!»

ទឹក​មុខ​របស់​កញ្ញា​មីនជីន​បង្ហាញ​ពី​កំហឹង។

«ឯង​នឹង​មិន​បាន​ជួប​មិត្ត​របស់​​ឯង​ម្ដង​ទៀត​ទេ ខ្ញុំ​​នឹង​ហាម​​អេមេនហ្គាដ និង​ឡូទី មិន​ឱ្យ​… »

លោក​ កាម៉ៃ​ឃើល និយាយ​កាត់​គាត់​ដោយ​សំដី​មាំ។

«ខ្ញុំ​សុំទោស! នាង​នឹង​ជួប​អ្នក​ណា​ក៏​បាន​ដែល​នាង​ចង់​ជួប! ឪពុក​ម្ដាយ​របស់​មិត្ត​រួម​ថ្នាក់​របស់​កញ្ញា គ្រូវី ទំនង​នឹង​​មិន​បដិសេធ​ចំពោះ​ការ​អញ្ជើញ​ពួក​គេ​មក​លេង​នៅ​សួន​ច្បារ​មុខ​ផ្ទះ​ទេ! លោក ការីហ្វត់ នឹង​គិត​ពី​រឿង​នោះ!»

«លោក​មិន​ទាន់​បាន​​មើល​​ការ​ខុសត្រូវ​ពិត​ប្រាកដ​ទេ លោក​នឹង​ដឹង​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ! ក្មេង​នេះ​មិន​គួរ​ឱ្យ​ទុក​ចិត្ត​ ហើយ​ក៏​មិន​ចេះ​ដឹង​គុណ​ដែរ​!» កញ្ញា​មីនជីន​និយាយ​ទៅ​កាន់​បុរស​ឥណ្ឌា ហើយ​សម្លឹង​ទៅ​សារ៉ា ទើប​បន្ត៖

«ឥឡូវ​ឯង​មាន​អារម្មណ៍​ថា ​ឯង​ជា​ព្រះ​នាង​ម្ដង​ទៀត​ហើយ?»

សារ៉ា​សម្លឹង​ចុះ​ក្រោម​បន្តិច ព្រោះ​នាង​គិត​ថា​ចំណូល​ចិត្ត​របស់​នាង​ប្រហែល​មិន​​ងាយ​យល់​សម្រាប់​អ្នក​ដែល​មិន​ធ្លាប់​ស្គាល់​គ្នា សូម្បី​តែ​មនុស្ស​ដែល​មាន​ចិត្ត​ល្អ ក៏​ពិបាក​យល់​ដែល​នៅ​ពេល​ដំបូង។

«ខ្ញុំ​ព្យាយាម​មិន​ធ្វើ​ជា​មនុស្ស​ផ្សេង​ទេ សូម្បី​ពេល​ដែល​ខ្ញុំ​រងា​ និង​ឃ្លាន​បំផុត​ក៏​ដោយ ខ្ញុំ​មិន​ព្យាយាម​ធ្វើ​ទេ!» នាង​ឆ្លើយ​ដោយ​សំឡេង​ស្រាល។

«ឥឡូវ​មិន​ចាំ​បាច់​ព្យាយាម​ទេ!» កញ្ញា​មីនជីន​និយាយ​ ពេល​ដែល​រ៉ាម ដាស​សំដែង​ការ​គោរព​ពេល​ជូន​គាត់​ចេញ​ពី​បន្ទប់។

…………………………………………………………

​កញ្ញា​មីនជីន​ត្រលប់​មក​ផ្ទះ​វិញ ហើយ​ឱ្យ​គេ​ទៅ​ហៅ​អាម៉េឡា​មក​ភ្លាម។ កញ្ញា​អាម៉េឡា​ស្រក់​ទឹក​ភ្នែក​ពេល​ដែល​​ទទួល​បាន​ដំណឹង​ នាង​ដឹង​ពី​ទឹក​ចិត្ត​បង​ស្រី​របស់​នាង​ ពេល​ដែល​បាត់​បង់​សំណាង​ដ៏​ធំ  នាង​មិន​ធ្លាប់​និយាយ​ពាក្យ​នៅ​ក្នុង​ចិត្ត​ចេញ​ទេ តែ​ពេល​​នេះ​នាង​ត្រូវ​បង្ខំ​ចិត្ត។

«ខ្ញុំ​មិន​ឆ្លាត​ដូច​ជា​បង​ទេ បង​ស្រី! ហើយ​ខ្ញុំ​តែង​តែ​ខ្លាច​ពេល​និយាយ​ទៅ​ធ្វើ​ឱ្យ​បង​ខឹង​! ប្រសិន​បើ​ខ្ញុំ​មិន​​ខ្លាច​ពេក​ ប្រហែល​ជា​នឹង​មាន​រឿង​ល្អ​សម្រាប់​សាលា​និង​ពួក​យើង! ខ្ញុំ​អាច​និយាយ​បាន​ថា ​ប្រសិន​បើ​បង​មិន​​ធ្វើ​ធ្ងន់ធ្ងរ​ពេក​ចំពោះ​សារ៉ា គ្រូវី ហើយ​ឱ្យ​នាង​ស្លៀកពាក់​សមរម្យ និង​រស់​ដោយ​ស្រណុក​ជាង​នោះ​បន្តិច​ប្រាកដ​ជា​ល្អ! ខ្ញុំ​ដឹង​ថា​នាង​ធ្វើ​ការ​ធ្ងន់​ពេក​សម្រាប់​ក្មេង​អាយុ​ប្រហែល​នាង  ហើយ​ខ្ញុំ​ដឹង​ថា​នាង​បាន​ទទួលទាន​អាហារ​តែ​ពាក់​កណ្ដាល​ទេ….»

«ម៉េច​ក៏​ឯង​ហ៊ាន​និយាយ​បែប​នេះ?»កញ្ញា​មីនជីន​ស្រែក។

«ខ្ញុំ​មិន​ដឹង​ថា​ហេតុ​អ្វី​ខ្ញុំ​ហ៊ាន​និយាយ​ទេ! ប៉ុន្តែ​ឥឡូវ​ខ្ញុំ​បាន​ចាប់​ផ្ដើម​និយាយ​ទៅ​ហើយ! ខ្ញុំ​ប្រហែល​ជា​ត្រូវ​និយាយ​ឱ្យ​ចប់! ទោះ​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​ខ្ញុំ​ក៏​ដោយ! ក្មេង​នោះ​ជា​ក្មេង​ឆ្លាត និង​ជា​ក្មេង​ល្អ  ហើយ​នាង​នឹង​សង​បង​វិញ​រាល់​ទឹក​ចិត្ត​ល្អ​ដែល​បង​ធ្វើ​ចំពោះ​នាង! ប៉ុន្តែ​បង​មិន​បាន​ធ្វើ​ល្អ​ចំពោះ​នាង​ទេ! ការ​ពិត​គឺ​នាង​ឆ្លាត​ពេក​សម្រាប់​បង ហើយ​បង​តែង​តែ​ស្អប់​នាង ​ដោយ​សារ​តែ​ហេតុ​ផល​នោះ! នាង​ធ្លាប់​​មើល​យើង​ទាំង​ពីរ​នាក់…»

«អាម៉េឡា!» កញ្ញា​មីនជីន​ស្រែក ​ហើយ​ទឹក​មុខ​នាង​ហាក់​ដូច​ជា​ចង់​មួលស្លឹក​ត្រចៀក​ និង​ទាត់​នាង​ចេញ​ពី​បន្ទប់ ​ដូច​ដែល​គាត់​ធ្លាប់​ធ្វើ​ដាក់​ចំពោះ​​ប៊េកគី។

ប៉ុន្តែ​ការ​ខក​ចិត្ត​របស់​កញ្ញា​អាម៉េឡា​បាន​ធ្វើ​ឱ្យ​នាង​មិន​ខ្វល់​ពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ពេល​បន្ទាប់​នេះ។

«នាង​ដឹង នាង​ពិត​ជា​ដឹង! នាង​សម្លឹង​មើល​យើង​ទាំង​ពីរ​នាក់! នាង​ដឹង​ថា​បង​ជា​មនុស្ស​មាន​ចិត្ត​មិន​ល្អ ជា​ស្ត្រី​និយាយ​ច្រើន ហើយ​ខ្ញុំ​ជា​មនុស្ស​ល្ងង់​និង​ទន់​ខ្សោយ ហើយ​ដឹង​ថា​យើង​ទាំង​ពីរ​មិន​គិត​អ្វី​ក្រៅ​ពី​សម្លឹង​ឃើញ​លុយ​របស់​នាង ហើយ​ធ្វើ​អាក្រក់​ចំពោះ​នាង​​ ពេល​ដែល​នាង​គ្មាន​លុយ​មួយ​ផេន្នី ទោះ​ជា​នាង​ធ្វើ​ចិត្ត​ដូច​ជា​ព្រះ​នាង​ សូម្បី​តែ​ពេល​នាង​ធ្លាក់​ខ្លួន​​ដូច​ជា​អ្នក​សុំទាន! នាង​ពិត​ជា​ដូច​…គឺ​ដូច​ព្រះ​នាង!» នាង​និយាយ​ហើយ សើច​ផង​យំ​ផង ដើរ​ទៅ​មុខ​មក​ក្រោយ​ ធ្វើ​ឱ្យ​កញ្ញា​មីនជីន​សម្លឹង​នាង​ដោយ​ស្រឡាំងកាំង។

…………………………..

ល្ងាច​នោះ​ ក្មេងៗ​ជួបជុំ​គ្នា​នៅ​មុខ​ចង្ក្រាន​ដើម្បី​អាំង​ភ្លើង​នៅ​ក្នុង​បន្ទប់​រៀន​ដែល​ជា​ទម្លាប់​មុន​ពួក​គេ​ចូល​គេង អេមេនហ្គាដ​ដើរ​ចូល​មក​ដោយ​មាន​សំបុត្រ​មួយ​នៅ​ក្នុង​ដៃ​ជាមួយ​នឹង​ទឹក​មុខ​រំភើប។

«មាន​រឿង​អី?» សិស្ស​ពីរ​បី​​នាក់​សួរ​ព្រម​គ្នា។

«តើ​មាន​ពាក់​ព័ន្ធ​នឹង​ការ​ឈ្លោះ​គ្នា​​កាល​ពី​រសៀល​ទេ? មាន​ការ​ឈ្លោះ​​គ្នា​នៅ​ក្នុង​បន្ទប់​របស់​កញ្ញា មីនជីន ហើយ​កញ្ញា​អាម៉េឡា​មិន​បាន​នៅ​ដល់​យប់​ទេ ​ពេល​នេះ​គាត់​ចូល​គេង​បាត់​ហើយ»! ឡាវីនី​សួរ​ដោយ​អន្ទះសា។

អេមេនហ្គាដ​ឆ្លើយ​នឹង​ពួក​គេ​យឺត​ៗ ហាក់​ដូច​ជា​គាំង​ពាក់​កណ្ដាល។

«ខ្ញុំ​ទើប​តែ​ទទួល​បាន​សំបុត្រ​ពី​សារ៉ា!» នាង​ទាញ​សំបុត្រ​មក​បង្ហាញ​ឱ្យ​ពួក​គេ​ឃើញ​សំបុត្រ​ដែល​សរសេរ​យ៉ាង​វែង។

«ពី​ សារ៉ា!??» គ្រប់​គ្នា​លាន់​មាត់។

«នាង​នៅ​ឯណា?» ជេស៊ី​ភ្លាត់​មាត់។

«នៅ​ជាប់​នេះ ជាមួយ​បុរស​ឥណ្ឌា!» អេមេនហ្គាដ​នៅ​តែ​និយាយ​យឺតៗ។

«ឯណា? ឯណា? នាង​ត្រូវ​គេ​យក​​ចេញ​មែន​ទេ? តើ​កញ្ញា​មីនជីន​ដឹង​ទេ? តើ​គាត់​ឈ្លោះ​គ្នា​ពី​រឿង​នេះ​មែន​ទេ? ហេតុ​អ្វី​នាង​សរសេរ​សំបុត្រ​មក? ប្រាប់​​ពួក​យើង​មក! និយាយ​ទៅ!”»

«មាន​រ៉ែ​ពេជ្រ…មាន! ទាំង​នោះ​គឺ​ជា​រឿង​ពិត មាន​ការ​យល់​ច្រឡំ​ពី​រឿង​រ៉ែ​ពេជ្រ​ ដោយ​សារ​មាន​រឿង​កើត​ឡើង​មួយ​រយៈ ហើយ​លោក ការីហ្វត់ គិត​ថា​ពួក​គេ​ត្រូវ​​ខាត​បង់!» អេមេនហ្គាដ​​ឆ្លើយ។

«លោក ការីហ្វត់ ជា​អ្នក​ណា?» ជេស៊ី​ស្រែក។

«គឺ​បុរស​ឥណ្ឌា!  ហើយ​​កាពីទែន គ្រូវី ក៏​គិត​ដូច្នោះ​ដែរ ទើប​គាត់​ឈឺ​ស្លាប់ ចំណែក​លោក ការីហ្វត់ មាន​ជំងឺ​ខួរក្បាល​ក៏​រត់​គេច​បាត់ ហើយ​គាត់​ស្ទើរ​តែ​ស្លាប់​ដូច​គ្នា! ហើយ​គាត់​មិន​ដឹង​ថា​ សារ៉ា​នៅ​ឯណា​ទេ! ហើយ​ក្រោយ​មក ​គេ​ដឹង​ថា​មាន​ពេជ្រ​រាប់​លាន​នៅ​​ក្នុង​អណ្ដូង​រ៉ែ ហើយ​ពាក់​កណ្ដាល​នៃ​ពេជ្រ​ទាំង​នោះ​គឺ​​ជា​របស់​សារ៉ា ហើយ​ពេជ្រ​នោះ​ជា​របស់​នាង​​ នៅ​ពេល​ដែល​នាង​នៅ​លើ​ធ្នើរ​ជាមួយ​ម៉េឆាយឌេក​ដែល​ជា​មិត្ត​របស់​នាង ហើយ​ចុងភៅ​ប្រើ​នាង​ឆ្វេង​ស្ដាំ! ហើយ​លោក​ ការីហ្វត់ រក​នាង​ឃើញ​នៅ​រសៀល​នេះ ហើយ​គាត់​បាន​ទុក​នាង​នៅ​ផ្ទះ​របស់​គាត់ ហើយ​នាង​នឹង​មិន​មក​ទី​នេះ​​វិញ​ទេ  ហើយ​នាង​នឹង​ក្លាយ​ជា​អ្វី​ដែល​លើស​ពី​ព្រះ​នាង​​ដែល​នាង​ធ្លាប់​មាន​ពី​មុន​រាប់​រយ​ពាន់​ដង! ហើយ​ខ្ញុំ​នឹង​ជួប​នាង​នៅ​រសៀល​ថ្ងៃ​ស្អែក​ នៅ​ទី​នោះ!”»

សូម្បី​តែ​កញ្ញា​មីនជីន​ក៏​ពិបាក​ទ្រាំ​នឹង​សំឡេង​អ៊ូអរ​នៅ​ក្នុង​ថ្នាក់​រៀន​ដែរ ហើយ​ទោះ​បី​គាត់​ឮ​សំឡេង​ខ្លាំង​យ៉ាង​ណា ក៏​គាត់​មិន​ព្យាយាម​ចេញ​មក​រក​ពួក​គេ​ដែរ។ អារម្មណ៍​គាត់​មិន​អាច​ប្រឈម​នឹង​អ្វី​ផ្សេង​ច្រើន​​ទៀត​ ក្រៅ​ពី​បញ្ហា​នៅ​ក្នុង​បន្ទប់​របស់​គាត់​ទេ ខណៈ​ដែល​កញ្ញា​អាម៉េឡា​កំពុង​យំ​នៅ​នុង​បន្ទប់​ព្រោះ​គាត់​ដឹង​ថា ព័ត៌មាន​នេះ​នឹង​លេច​ឮ​ចេញ​ទៅ​ក្រៅ​មិន​ខាន ហើយ​អ្នក​បម្រើ​​និង​ក្មេងៗ​ទាំង​អស់​ប្រាកដ​ជា​ទៅ​ជជែក​គ្នា​នៅ​ក្នុង​បន្ទប់​គេង​បន្ត​ទៀត។

ដូច្នេះ​ហើយ ​យប់​នោះ​រហូត​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​នៅ​ក្នុង​សាលា ​គេ​ឃើញ​ថា​វិន័យ​ត្រូវ​បាន​បំពាន ក្មេង​ជា​ច្រើន​នៅ​រោម​ជុំវិញ​អេមេនហ្គាដ​នៅ​ក្នុង​បន្ទប់​រៀន​ ហើយ​ស្ដាប់​នាង​អាន​សំបុត្រ​នោះ​ម្ដង​ហើយ​ម្ដង​ទៀត សំបុត្រ​ដែល​​មាន​សរសេរ​រៀបរាប់​រឿង​ដ៏​អស្ចារ្យ​ហាក់​ដូច​ជា​រឿង​ដែល​សារ៉ា​បាន​ប្រឌិត​ឡើង​ដោយ​​ខ្លួន​នាង​ផ្ទាល់​ ហើយ​រឿង​​បាន​កើត​ឡើង​លើ​រូប​នាង​ និង​មាន​បុរស​ឥណ្ឌា​ដែល​ជា​វេទមន្ត​នៅ​ផ្ទះ​ជាប់​​សាលា។

ប៊េកគី​ដែល​បាន​ស្ដាប់​​គេ​សំបុត្រ​នោះ​ដែរ បាន​ឡើង​ទៅ​បន្ទប់​ធ្នើរ​របស់​នាង​លឿន​ជាង​សព្វ​មួយ​ដង។ នាង​ចង់​ចេញ​ពី​មនុស្សម្នា​ដើម្បី​ទៅ​លួច​មើល​​បន្ទប់​​វេទមន្ត​តូច​នោះ​ម្ដង​ទៀត។ នាង​មិន​ដឹង​ថា​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​បន្ទប់​នោះ​ទេ។ មើល​ទៅ​របស់​ទាំង​នោះ​មិន​ទំនង​ជា​ត្រូវ​បាន​គេ​ទុក​ឱ្យ​កញ្ញា​មីនជីន​ទេ។ របស់​ទាំង​អស់​នឹង​ត្រូវ​គេ​យក​ចេញ ហើយ​ក្លាយ​ទៅ​ជា​បន្ទប់​ទទេ​វិញ។ ប្រាក​ជា​គ្មាន​ភ្លើង​ក្នុង​ចង្ក្រាន អាហារ​ពេល​ល្ងាច និង​ព្រះ​នាង​អង្គុយ​អាន និង​និទាន​រឿង​ប្រាប់​នាង​ទៀត​ទេ។

នាង​យំ​ខ្សឹកខ្សួល​ពេល​នាង​រុញ​ទ្វារ​បើក បន្ទាប់​មក​ នាង​ក៏​បន្លឺ​សំឡេង​យំ​តិចៗ។

ពន្លឺ​ចាំង​នៅ​ក្នុង​បន្ទប់ ភ្លើង​ឆេះ​នៅ​ក្នុង​ចង្ក្រាន អាហារ​ពេល​យប់​ត្រូវ​បាន​គេ​រៀបចំ​ជា​ស្រេច ហើយ​ រ៉ាម ដាស​នៅ​ឈរ​ក្នុង​បន្ទប់​ញញឹម​មក​កាន់​នាង។

«អ្នក​នាង​ម្ចាស់​នៅ​ចាំ​បាន! គាត់​ចង់​ឱ្យ​នាង​បាន​ដឹង​ពី​សំណាង​ដែល​បាន​ធ្លាក់​មក​​លើ​គាត់! សំបុត្រ​នៅ​លើ​កូន​ថាស​ គឺ​គាត់​ជា​អ្នក​សរសេរ! គាត់​មិន​ចង់​ឱ្យ​នាង​ចូល​គេង​ដោយ​មិន​សប្បាយ​ចិត្ត​ទេ!​ លោក​ម្ចាស់​បញ្ជា​ឱ្យ​នាង​ទៅ​ជួប​គាត់​នៅ​ថ្ងៃ​ស្អែក! នាង​នឹង​ត្រូវ​ធ្វើ​ជា​ភ្ញៀវ​ទៅ​ជួប​អ្នក​នាង​ម្ចាស់! យប់​នេះ​ ខ្ញុំ​ត្រូវ​យក​របស់​ទាំង​អស់​ត្រលប់​ទៅ​វិញ!»

និយាយ​ជាមួយ​នាង​រួច​ហើយ​ គាត់​ក៏​ឡើង​ទៅ​វិញ​តាម​កញ្ចក់​បំភ្លឺ​ដំបូល​ដោយ​​ស្ងាត់​ស្ងៀម​ដែល​ធ្វើ​ឱ្យ​ប៊េកគី​ដឹង​​ថា​ គាត់​បាន​រៀបចំ​របស់​ទាំង​អស់​នេះ​បាន​ដោយ​ងាយ​បែប​ណា។

…………………………….

អ្នក​គ្រប់​​គ្នា​នៅ​ក្នុង​គ្រួសារ​ធំ​ពិត​ជា​រីក​រាយ​ដោយ​​បាន​ជួប​នឹង​សមាជិក​ថ្មី​គឺ​ ក្មេង​ស្រី​តូច​មិន​មែន​អ្នក​សុំទាន គ្រប់​គ្នា​ស្ដាប់​រឿងរ៉ាវ​ដែល​បាន​កើត​ឡើង​ចំពោះ​នាង ហើយ​ឱ្យ​នាង​និយាយ​ហើយ​និយាយ​ទៀត​។ សារ៉ា​រៀបរាប់​ពី​ការ​រាប់​អាន​សត្វ​ចាប ការ​យក​ចំណី​ទៅ​ផ្ញើ​ម៉េឆាយឌេក ពេល​នាង​និយាយ​ចប់​ហើយ​ នាង​ដាក់​ដៃ​របស់​នាង​លើ​ជង្គង់​របស់​បុរស​ឥណ្ឌា។

«នោះ​ជា​រឿង​របស់​ខ្ញុំ! ឥឡូវ​ពូ​មិន​ប្រាប់​ខ្ញុំ​ពី​រឿង​របស់​ពូ​ទេ​ឬ ពូ​ថម? ខ្ញុំ​មិន​ទាន់​បាន​ដឹង​ពី​រឿង​របស់​ពូ​ទេ! រឿង​របស់​ពូ​ប្រាកដ​ជា​អស្ចារ្យ​ហើយ!» គាត់​បាន​ប្រាប់​ឱ្យ​នាង​ហៅ​គាត់​ថា ពូ​ថម។

ដូច្នេះ​ គាត់​ក៏​និយាយ​ប្រាប់​ពួក​គេ​ពេល​ដែល​គាត់​​អង្គុយ​ឯកោ ឈឺ និង​ខឹង​សម្បារ ខណៈ​ដែល​ រ៉ាម ដាស​ព្យាយាម​ធ្វើ​ឱ្យ​គាត់​ឈប់​គិត​ដល់​រឿង​នៅ​អតីតកាល។ ហើយ​និង​រឿង​ដែល​​រ៉ាម ដាស បាន​ជួប​ក្មេង​ស្រី​ដែល​នៅ​បន្ទប់​ធ្នើរ​ជាប់​ផ្ទះ ហើយ​បាន​រៀប​ចំ​ជា​គម្រោង​មួយ​ដើម្បី​ជួយ​នាង​ដោយ​សម្ងាត់  និង​​ដើម្បី​ធ្វើ​ឱ្យ​គាត់​បាន​សប្បាយ​ចិត្ត​ខ្លះ។ ស្ដាប់​រឿង​សព្វ​គ្រប់​ហើយ សារ៉ា​ពោល៖

«ខ្ញុំ​សប្បាយ​ចិត្ត​ណាស់! ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់ គឺ​ពូ​ជា​មិត្ត​របស់​ខ្ញុំ!»

អ្នក​ទាំង​ពីរ​បាន​ក្លាយ​ជា​អ្នក​រួម​រស់​ក្រោម​ដំបូល​តែ​មួយ​ដ៏​ស័ក្ដិសម​បំផុត បុរស​ឥណ្ឌា​មិន​ធ្លាប់​មាន​មនុស្ស​ស្និទ្ធស្នាល​នឹង​គាត់​បែប​នេះ​ទេ​ពី​មុន​មក ក្នុង​រយៈ​ពេល​មួយ​ខែ ​គាត់​បាន​ក្លាយ​ជា​លោក ការីហ្វត់ ដែល​ខិតខំ​រក​ទ្រព្យ​កាល​ពី​មុន។

សមាជិក​គ្រួសារ​ធំ ឬ​អេមេនហ្គាត និង​ឡូទី ធ្លាប់​មក​ជួប​ជុំ​នៅ​ក្នុង​សួន​មុខ​ផ្ទះ​ជាមួយ​​សារ៉ា ដើម្បី​រីករាយ​នឹង​ការ​ជជែក​កម្សាន្ត ប៉ុន្តែ​ពេល​ដែល​សារ៉ា​និង​បុរស​ឥណ្ឌា​​អង្គុយ​តែ​ពីរ​នាក់​នៅ​មុខ​ចង្ក្រាន​កម្ដៅ​ជជែក និង​អាន​សៀវភៅ ​ពួក​គេ​រីករាយ​ក្នុង​រូបភាព​ផ្សេង​ហាក់​ដូច​ជា​ពេល​វេលា​របស់​សារ៉ា​និង​កាពីទែន​ គ្រូវី បាន​ត្រលប់​មក​វិញ។

នៅ​ល្ងាច​មួយ​ លោក ការីហ្វត់ កំពុង​មើល​សៀវភៅ​របស់​គាត់​ក៏​កត់​សម្គាល់​ឃើញ​អ្នក​​រួម​ដំបូល​របស់​គាត់​កំពុង​អង្គុយ​ដក​ដង្ហើម​ធំ​មុខ​ភ្លើង​ចង្ក្រាន។

«ក្មួយ​កំពុង​គិត​អ្វី សារ៉ា?» គាត់​សួរ។

«ខ្ញុំ​កំពុង​គិត​ដល់​​ថ្ងៃ​ដែល​ឃ្លាន​បំផុត ហើយ​​ខ្ញុំ​ឃើញ​ក្មេង​ស្រី​ម្នាក់!»

«ប៉ុន្តែ​មាន​ថ្ងៃ​ជា​ច្រើន​ដែល​ក្មួយ​ឃ្លាន តើ​​ក្មួយ​ចង់​និយាយ​ពី​ថ្ងៃ​ឃ្លាន​មួយ​ណា?» គាត់​និយាយ​ដោយ​សំឡេង​ស្រាល។

បន្ទាប់​មក​ នាង​ក៏​និយាយ​ប្រាប់​គាត់​ពី​រឿង​ហាង​​នំ​ដុត និង​កាក់​៤​ផេន្នី​ដែល​​នាង​រើស​បាន​ពី​ភក់ ហើយ​និង​ក្មេង​ស្រី​ដែល​ឃ្លាន​ជាង​នាង។ នាង​និយាយ​មិន​វែង​ទេ​ ប៉ុន្តែ​បាន​ធ្វើ​ឱ្យ​បុរស​ឥណ្ឌា​ឈ្ងោក​មុខ​សម្លឹង​កម្រាល​ព្រំ។

«ហើយ​ខ្ញុំ​គិត​ដល់​គម្រោង​មួយ ខ្ញុំ​គិត​ថា​ខ្ញុំ​គួរ​តែ​ធ្វើ​អ្វី​ម្យ៉ាង!» សារ៉ា​បន្ត។

«គម្រោង​អ្វី​ទៅ? ក្មួយ​អាច​ធ្វើ​គ្រប់​យ៉ាង​ដែល​ក្មួយ​ចង់​ធ្វើ ព្រះ​នាង​តូច!» លោក ការីហ្វត់ និយាយ​តិចៗ។

«ខ្ញុំ​មិន​ដឹង​ថា…» នាង​ស្ទាក់ស្ទើរ​បន្តិច​ ទើប​បន្ត៖

«ពូ​ថា ខ្ញុំ​មាន​លុយ​ច្រើន​ណាស់! ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​អាច​ទៅ​ជួប​ស្ត្រី​លក់​នំ​ដុត​នោះ ហើយ​​ប្រាប់​គាត់​ថា​ពេល​ដែល​គាត់​ឃើញ​ក្មេងៗ​នៅ​ក្នុង​ថ្ងៃ​ដែល​លំបាក​បែប​នោះ ហើយ​ទៅ​អង្គុយ​នៅ​កាំជណ្ដើរ​ ឬ​សម្លឹង​ទៅ​បង្អួច​របស់​គាត់ គាត់​នឹង​ហៅ​ពួក​គេ​ឱ្យ​ទៅ​យក​របស់​ញ៉ាំ រួច​ផ្ញើ​វិក្កយបត្រ​មក​ខ្ញុំ​បាន​ឬ​អត់  តើ​ខ្ញុំ​អាច​ធ្វើ​បែប​នោះ​បាន​ទេ?»

«ក្មួយ​អាច​ធ្វើ​បាន​នៅ​ព្រឹក​ស្អែក!» បុរស​ឥណ្ឌា​និយាយ។

«អរគុណ​ពូ! ពូ​ដឹង​ទេ​ខ្ញុំ​ដឹង​ថា​ ការ​អត់​ឃ្លាន​​មាន​សភាព​បែប​ណា?!»

«ត្រូវ​​ហើយ!​ ត្រូវ​ហើយ​ក្មួយ​សម្លាញ់! ក្មួយ​ប្រាកដ​ជា​ដឹង! ព្យាយាម​បំភ្លេច​រឿង​នោះ​ទៅ​ មក​អង្គុយ​លើ​ជើង​តាំង​ក្បែរ​ពូ​មក ហើយ​ចាំ​ថា​ក្មួយ​ជា​ព្រះ​នាង​ទៅ​បាន​ហើយ!»

«ត្រូវ​ហើយ! ហើយ​ខ្ញុំ​អាច​ឱ្យ​​នំ​​ដុត​និង​នំប៉័ង​ទៅ​​​​អ្នក​អត់​ឃ្លាន​បាន!» សារ៉ា​និយាយ​ជាមួយ​នឹង​ស្នាម​ញញឹម។

…………………………………..

ព្រឹក​​ឡើង កញ្ញា​មីនជីន ​សម្លឹង​តាម​បង្អួច​របស់​គាត់​មក បាន​ឃើញ​អ្វី​ដែល​ប្រហែល​ជា​ធ្វើ​ឱ្យ​គាត់​មិន​សប្បាយ​ចិត្ត។ រទេះ​របស់​បុរស​ឥណ្ឌា​ឈប់​នៅ​មុខ​ទ្វារ​ជាប់​សាលា​របស់​គាត់ ហើយ​ម្ចាស់​រទេះ​និង​ក្មេង​ស្រី​តូច​ក្នុង​សំលៀកបំពាក់​អភិជន​ដើរ​មក​ឡើង​រទេះ។ ក្មេង​ស្រី​តូច​បាន​ធ្វើ​ឱ្យ​គាត់​នឹង​ឃើញ​ដល់​ពេល​វេលា​ដែល​កន្លង​ទៅ ហើយ​ក្មេង​ស្រី​តូច​ម្នាក់​ទៀត​ដើម​តាម​ក្រោយ​ធ្វើ​ឱ្យ​គាត់​មាន​អារម្មណ៍​ខឹង​សម្បារ នោះ​គឺ​ប៊េកគី​ដែល​មើល​ទៅ​មាន​ទឹក​មុខ​សប្បាយ​រីករាយ ក្នុង​តួនាទី​ជា​អ្នក​បម្រើ​ដែល​​តែងតែ​ទៅ​ណា​មក​ណា​ជាមួយ​ព្រះ​នាង​តូច។

បន្តិច​ក្រោយ​មក ​រទេះ​បាន​មក​ដល់​មុខ​ទ្វារ​ហាង​នំ​ដុត ហើយ​ម្ចាស់​ហាង​បាន​ចេញ​មក​ក្រៅ គាត់​ដាក់​ថាស​នំ​ចូល​ទៅ​ក្នុង​តាម​បង្អួច។

ពេល​ដែល​សារ៉ា​ចូល​ទៅ​ក្នុង​ហាង គាត់​ងាក​មក​មើល​នាង ហើយ​ដើរ​មក​ឈរ​នៅ​​ពី​ក្រោយ​បញ្ជរ​។ គាត់​សម្លឹង​សារ៉ា​យ៉ាង​យក​ចិត្ត​ទុក​ដាក់ បន្តិច​ក្រោយ​មក​ ទឹក​មុខ​​ដែល​មាន​ទឹក​ចិត្ត​ល្អ​ពី​ធម្មជាតិ​របស់​គាត់​បាន​បង្ហាញ​ពី​ក្ដី​រីករាយ។

«ខ្ញុំ​ជឿ​ជាក់​ថា​ខ្ញុំ​នៅ​ចាំ​​អ្នក​នាង​បាន ហើយ​….!» គាត់​និយាយ។

«ត្រូវ​ហើយ! ពេល​នោះ​អ្នក​ស្រី​ឱ្យ​នំ​ខ្ញុំ​៦​សម្រាប់​លុយ​៤​ផេន្នី ហើយ…»

«ហើយ​អ្នក​នាង​ឱ្យ​នំ​៥​​ទៅ​ក្មេង​សុំទាន ខ្ញុំ​តែង​តែ​ចងចាំ​រឿង​នោះ!» និយាយ​ហើយ​ គាត់​ងាក​ទៅ​រក​បុរស​ឥណ្ឌា៖

«ខ្ញុំ​សុំទោស​លោក! ប៉ុន្តែ​មិន​មាន​ក្មេង​ច្រើន​ទេ​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​​ដែល​មាន​ទឹក​មុខ​អត់​ឃ្លាន​បែប​នោះ ហើយ​ខ្ញុំ​បាន​គិត​ដល់​រឿង​នោះ​ជា​ច្រើន​លើក!»

ហើយ​គាត់​ងាក​មក​និយាយ​ជាមួយ​ សារ៉ា​វិញ៖

«សុំទោស​អ្នក​នាង ប៉ុន្តែ​អ្នក​នាង​មាន​ទឹក​មុខ​ស្រស់​ថ្លា និង​រូប​រាង​ប្រសើរ​ជាង​​….»

«ខ្ញុំ​បាន​ប្រសើរ​ហើយ អរគុណ! ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​ជាង​ពេល​នោះ​ជា​ខ្លាំង ខ្ញុំ​មក​​ដើម្បី​សូម​អ្នក​ស្រី​ជួយ​​ធ្វើ​រឿង​មួយ​ដល់​ខ្ញុំ!»

«ខ្ញុំ​​មែន​ទេ​អ្នក​នាង? បាន​អ្នក​នាង! តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន?»

ហើយ​សារ៉ា​បាន​​លើក​យក​សំណើ​របស់​នាង​មក ដោយ​​រំឭក​ដល់​​​ថ្ងៃ​ដែល​លំបាក អត់​ឃ្លាន និង​នំ​ដុត​ក្ដៅៗ។

ស្ត្រី​ម្ចាស់​ហាង​សម្លឹង​មើល​នាង និង​ស្ដាប់​ដោយ​ទឹក​មុខ​ភ្ញាក់​ផ្អើល។

«ជា​សំណាង​របស់​ខ្ញុំ! ខ្ញុំ​រីករាយ​នឹង​ធ្វើ​កិច្ចការ​នេះ! ខ្ញុំ​ខ្លួន​​ឯង​ជា​ស្ត្រី​ធ្វើ​ការ ហើយ​មិន​អាច​ធ្វើ​រឿង​បែប​នោះ​ច្រើន​ដោយ​ខ្លួន​ឯង​ទេ ហើយ​ទិដ្ឋភាព​គួរ​ឱ្យ​អាណិត​បែប​នោះ​កើត​ឡើង​គ្រប់​កន្លែង ប៉ុន្តែ​ប្រសិន​បើ​អ្នក​នាង​មិន​ប្រកាន់​ទេ ខ្ញុំ​ហ៊ាន​និយាយ​ថា ​ខ្ញុំ​បាន​ឱ្យ​នំប៉័ង​ជា​ទាន​ជា​ច្រើន​លើក​ចាប់​តាំង​ពី​រសៀល​ដែល​ទទឹក​ជោកជាំ​នោះ​មក គឺ​ជាមួយ​នឹង​ការ​គិត​ដល់​អ្នក​នាង សភាព​ដែល​អ្នក​នាង​ទទឹក រូបរាង​ឃ្លាន​របស់​អ្នក​នាង ប៉ុន្តែ​អ្នក​នាង​នៅ​អាច​ឱ្យ​នំ​ដុត​ទាំង​នោះ​ទៅ​គេ​បាន​ ហាក់​ដូច​ជា​អ្នក​នាង​ជា​ព្រះ​នាង!»

បុរស​ឥណ្ឌា​ទ្រាំ​ញញឹម​មិន​បាន ហើយ​សារ៉ា​ក៏​ញញឹម​បន្តិច​ដែរ ដោយ​នាង​ចាំ​ដល់​អ្វី​ដែល​នាង​និយាយ​នឹង​ខ្លួន​ឯង​ ពេល​នាង​ដាក់​នំ​ដុត​លើ​ភ្លៅ​ក្មេង​កម្សត់​នោះ នាង​ក៏​ពោល៖

«នាង​មើល​ទៅ​ឃ្លាន​ខ្លាំង ពេល​នោះ​នាង​ឃ្លាន​ជាង​ខ្ញុំ​ទៅ​ទៀត!» នាង​និយាយ។

«នាង​ឃ្លាន​ស្ទើរ​ដាច់​ពោះ នាង​ធ្លាប់​ប្រាប់​ខ្ញុំ​ជា​ច្រើន​លើក​ ចាប់​តាំង​ពី​ពេល​នោះ​មក​ថា​ពេល​ដែល​នាង​អង្គុយ​​ទទឹក​ជោក​នៅ​ទី​នោះ នាង​មាន​អារម្មណ៍​ថា​ហាក់​ដូច​ជា​មាន​ចចក​កំពុង​ខាំ​ហែក​នាង​នៅ​ក្នុង​ពោះ!» ស្ត្រី​ម្ចាស់​ហាង​និយាយ។

«អូ! អ្នក​ស្រី​ធ្លាប់​ជួប​គេ​ទេ​ពី​ពេល​នោះ​មក? អ្នក​ស្រី​ដឹង​ថា​គេ​នៅ​ឯ​ណា​ទេ?» សារ៉ា​បន្លឺ។

«ចាស! ខ្ញុំ​ដឹង!» ស្ត្រី​ម្ចាស់​ហាង​ឆ្លើយ​ជា​មួយ​នឹង​ស្នាម​ញញឹម​ដោយ​ធម្មជាតិ​ប្រកប​ដោយ​ក្ដី​រីករាយ​ជាង​មុន។ គាត់​ដើរ​ទៅ​មាត់​​ទ្វារ​តូច​នៅ​ខាង​ក្រោយ ហើយ​និយាយ ហើយ​បន្តិច​ក្រោយ​មក ​ក្មេង​ស្រី​ម្នាក់​បាន​ចេញ​មក​តាម​ពី​ក្រោយ​គាត់។

ជា​ការ​ពិត​ណាស់​ នោះ​គឺ​ក្មេង​ស្រី​សុំទាន​នោះ​ហើយ នាង​មាន​រូបរាង​ស្អាតបាត​ មាន​សំលៀកបំពាក់​មិន​ដាច់ដាច ហើយ​មើល​ទៅ​ទឹក​មុខ​របស់​នាង​មិន​រង​ការ​អត់​ឃ្លាន​ជា​យូរ​មក​ហើយ។ នាង​ហាក់​ដូច​ជា​ខ្មាស​អៀន នាង​ឃើញ​សារ៉ា​ភ្លាម​ក៏​ស្គាល់​ភ្លាម ហើយ​នាង​ឈរ​សម្លឹង​សារ៉ា​មិន​ព្រម​ដក​ភ្នែក។

«អ្នក​នាង​ដឹង​ទេ! ខ្ញុំ​បាន​ប្រាប់​នាង​ថា​ ពេល​ណា​នាង​ឃ្លាន​ឱ្យ​នាង​មក​ទី​នេះ ហើយ​ខ្ញុំ​បាន​ឱ្យ​ការងារ​ខ្លះ​ទៅ​នាង​ធ្វើ ហើយ​ខ្ញុំ​​ដឹង​ថា​នាង​មាន​ចិត្ត​ចង់​ធ្វើ ម្យ៉ាង​ខ្ញុំ​ចាប់​ផ្ដើម​ចូលចិត្ត​នាង ហើយ​នៅ​ទី​បំផុត​ខ្ញុំ​បាន​ផ្ដល់​ជម្រក​ដល់​នាង ហើយ​នាង​ជួយ​ការងារ​ខ្ញុំ និង​មាន​ចរិត​ល្អ ហើយ​ជា​ក្មេង​ដែល​ចេះ​ដឹង​គុណ! នាង​ឈ្មោះ អាន! នាង​គ្មាន​សាច់​ញាតិ​ទេ!» ស្ត្រី​ម្ចាស់​ហាង​រៀបរាប់។

ក្មេង​ទាំង​ពីរ​ឈរ​មើល​មុខ​គ្នា​បន្តិច ទើប​សារ៉ា​និយាយ​ទៅ​កាន់​នាង៖

«ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ហើយ​ខ្ញុំ​ទើប​​តែ​គិត​ដល់​រឿង​មួយ ប្រហែល​លោក​ ប្រោន នឹង​​ដឹក​នាំ​ឯង​ពេល​​ចែក​នំ​ដុត​ និង​នំប៉័ង​ដល់​ក្មេងៗ! ឯង​អាច​នឹង​ចូល​ចិត្ត​ធ្វើ​កិច្ចការ​នេះ ព្រោះ​ឯង​ដឹង​ថា​ឃ្លាន​គឺ​មាន​សភាព​បែប​​ណា!»

«ចាស៎ អ្នក​នាង!» ក្មេង​ស្រី​និយាយ។

យ៉ាង​ណា សារ៉ា​មាន​អារម្មណ៍​ថា ក្មេង​ស្រី​នោះ​​យល់​ពី​អ្វី​ដែល​នាង​ចង់​ធ្វើ ទោះ​បី​ជា​នាង​និយាយ​​តែ​បន្តិច​យ៉ាង​នេះ​ក៏​ដោយ ហើយ​តាម​សម្លឹង​នាង គឺ​តាម​សម្លឹង​រហូត​ពេល​ដែល​សារ៉ា​ដើរ​ចេញ​ពី​ហាង​ជាមួយ​នឹង​បុរស​ឥណ្ឌា ហើយ​ឡើង​រទេះ​ចេញ​ទៅ៕

ចប់​ដោយ​បរិបូណ៌ ​