តស់! មកចួបជាមួយ​ MST Writer ដែលមានអ្នកចូលអានច្រើនជាងគេប្រចាំខែតុលា

ក្រោយកម្មវិធី MST Writer ​រដូវ​កាលទី១បានដំណើរការជាបន្តបន្ទាប់មក ឃើញថាខែតុលានេះជាខែទី២ហើយដែលយើងបានរកឃើញចំណងរឿងដែលមានអ្នកចូលអានច្រើនជាងគេ ជាមួយនឹងការប្រដេញគ្នាឡើងចុះនៃចំនួនអ្នកទស្សនាគួរឱ្យកត់សម្គាល់។ ខាងក្រោមនេះជាអ្នកនិពន្ធនិងចំណងជើងរឿងដែលទទួលបានអ្នកចូលអានច្រើនជាងគេប្រចាំខែតុលា៖

១. អ្នកនិពន្ធហ៊ុយ សារ៉ាត់ ម្ចាស់រឿង«ព្រហ្មចារី»

ជាដំបូងខ្ញុំសូមអរគុណដល់អ្នកនិពន្ធម៉ីសន សុធារីដែលបានបង្កើតកម្មវិធីនេះឡើងដែលជាឱកាសឱ្យខ្ញុំបាទ និងអ្នកដែលចង់ដាក់ស្នាដៃជាសាធារណៈអាចចេញផ្សាយ។ ចំពោះរឿងខ្ញុំបាទដែលមានចំណងជើងថាព្រហ្មចារី បានជាប់ក្នុងចំណោមTop 5 ក្នុងខែតុលានេះ ខ្ញុំបាទពិតជារំភើបខ្លាំងមែនទែនក្រោយពីបានទទួលដំណឹងភ្លាមៗ ហើយខ្ញុំពិតជាមិននឹកស្មានទាល់តែសោះថាអាចទទួលបានលទ្ធផលបែបនេះ ព្រោះនៅក្នុងវេបសាយរបស់អ្នកគ្រូពិតជាមានរឿងច្រើនរបស់អ្នកនិពន្ធក្មេងៗបានចេញផ្សាយរឿងរបស់ពួកគាត់ដូចគ្នា ជាពិសេសរឿងរន្ធត់ឃើញថាមានការនិយមចូលចិត្តច្រើន។

ចំពោះការដាក់រឿងព្រហ្មចារី ដំបូងឡើយខ្ញុំគ្រាន់តែចង់ទទួលបានបទពិសោធបន្ថែមពិការតែងនិពន្ធ និងការបណ្ដុះបណ្ដាលផ្សេងៗជាមួយអ្នកគ្រូតែប៉ុណ្ណោះ។ ចំពោះអ្នកដែលមានបំណងចង់ចេញផ្សាយស្នាដៃរបស់ខ្លួន អាចផ្ញើស្នាដៃនោះមកកាន់ក្រុមការងាររបស់ MST Writer ដើម្បី​បានទទួលបានឱកាសដូចជារូបខ្ញុំបាទ។

២. អ្នកនិពន្ធជេន ម្ចាស់រឿង«ភូមិគ្រឹះដែលខ្ញុំធ្វើការ»

ចំណាប់អារម្មណ៍ខ្ញុំក្រោយបានចេញផ្សាយរឿងក្នុង MST Writer គឺសប្បាយផងនិងបារម្ភផង។ សប្បាយព្រោះអាចបង្ហាញស្នាដៃរបស់ខ្លួនអោយអ្នកដទៃបានអាន តែក៏បារម្ភចំពោះកំហុសឆ្គងផ្សេងៗព្រោះមិនទាន់ជាអ្នកនិពន្ធពូកែម្នាក់នៅឡើយ ហើយក៏មិនធ្លាប់គិតដែរថាស្នាដៃខ្លួនអាចចូលក្នុង Top 11 ប្រចាំខែ ព្រោះដំបូងៗគ្រាន់តែបានដាក់ស្នាដៃចូលរួមហ្នឹងគឺរីករាយណាស់ហើយ។ បន្ទាប់ពីចូលក្នុងចំណោម Top 15 មានអារម្មណ៍ថារំភើបខ្លាំងមែនទែន ហើយក៏កាន់តែមានជំនឿជាក់លើខ្លួនឯងជាងមុន ពិសេសចង់បន្តទៅមុខអោយបានល្អបែបនេះជាដរាបទៀត។ សម្រាប់ខ្ញុំវិធីដែលអាចជួយឱ្យរឿងរបស់យើងមានអ្នកអានទីមួយគឺគុណភាពរឿងផ្ទាល់តែម្ដង ទីពីរគឺការជ្រើសរើសចំណងជើងខ្លឹមដែលទាក់ទាញនិងមានអត្ថន័យក្តោបក្តាប់សាច់រឿងទាំងមូលបាន និងទីបីអាចថាជាផ្សព្វផ្សាយអោយបានទូលំទូលាយជាដើម។ ជាចុងក្រោយខ្ញុំសូមអរគុណដល់មិត្តអ្នកអានដែលបានចំណាយពេលអានរឿងរបស់ខ្ញុំពីដើមដល់ចប់ និងសង្ឃឹមថាពួកយើងអាចជួបគ្នានៅថ្ងៃខាងមុខជាមួយស្នាដៃថ្មីរបស់ខ្ញុំដែលខ្ញុំបានអភិវឌ្ឃន៍ឱ្យកាន់តែល្អជាងមុនមួយកម្រិតទៀត ក៏ចង់ផ្ដាំផ្ញើដល់បងប្អូនដែលចង់ចេញផ្សាយស្នាដៃរបស់ខ្លួនសូមរួសរាន់កុំអោយឱកាសដ៏ល្អនេះកន្លងផុតទៅអោយសោះ ព្រោះមិនត្រឹមតែយើងអាចបង្ហាញស្នាដៃឱ្យអ្នកដទៃបានស្គាល់ប៉ុណ្ណោះ តែក៏អាចចាត់ទុកថាជាឱកាសមួយដែលយើងអាចទទួលបានមតិស្ថាបនាផ្សេងៗដើម្បីអភិវឌ្ឍការសរសេរតទៅមុនផងដែរ។

៣. អ្នកនិពន្ធលី គីមសួ ម្ចាស់រឿង«Crush ខ្ញុំមិនមែនមនុស្ស»

អារម្មណ៍ក្រោយពេលចេញផ្សាយ គឺមានអារម្មណ៍មួយសប្បាយព្រោះដឹងថាមានមិត្តអ្នកអានច្រើនអាចនិងចាប់អារម្មណ៍ក្នុងរឿងមួយនេះ។ ហើយក៏មិនដែលគិតដែរថាមានទទួលបានការអានច្រើនរហូតដល់ Top12 បែបនេះ។ នៅពេលដែលក្រុមការងារបានប្រកាសវា ទើបដឹងថាអារម្មណ៍ពេលនោះវារំភើបយ៉ាងណាហើយក៏កាន់តែមានកម្លាំងចិត្តបន្តការសរសេររឿងបន្តទៀត។ ចុងក្រោយសូមអរគុណដល់ក្រុមការងារ MST Writer ដែលចំណាយពេលវេលារៀបចំកម្មវិធីនេះឡើង។ ជាពិសេសអរគុណដល់អ្នកដែលបានអានទាំងអស់គ្នាដែលបានអានរឿងរបស់ខ្ញុំមួយនេះរហូតដល់មានចំណាត់ថ្នាក់នឹងគេដែរ។

សម្រាប់អ្នកដែលចង់ផ្សាយស្នាដៃរបស់ខ្លួនសូមមេត្តាក្លាហានឡើង កុំគិតច្រើន។ ពួកយើងត្រូវចូលរួមទាំងអស់គ្នាដើម្បីបន្តប្រលោមលោកខ្មែរឱ្យកាន់តែល្បីឡើង។

ជាការពិតសម្រាប់ខែតុលានេះ មានតែចំណងជើងរឿង«ព្រហ្មចារី»តែប៉ុណ្ណោះដែលអាចចូលក្នុងកំពូលតារាងទាំង១០ប្រចាំខែ ក៏ប៉ុន្ដែដើម្បីជាការលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់អ្នកនិពន្ធវ័យក្មេង រួមជាមួយសំទុះគាំទ្រ ចុចអានយ៉ាងប្រកៀកប្រកិតគួរឱ្យតាមដានសង្កេតបន្ត ក្រុមការងារបានសម្រេចបន្ថែមការលើកទឹកចិត្តទៅដល់មាតិកាកំពូលទាំង១៥ (Top 15) ប្រចាំខែតុលាដ៏ស្វិតស្វាញ ជាទីចាប់អារម្មណ៍។

សម្រាប់អ្នកដែលមិនទាន់បានចូលក្នុងកំពូលតារាងទាំង១០ប្រចាំខែ កុំទាន់អស់សង្ឃឹមអីណា ការលើកទឹកចិត្តនៅតែបន្តរហូតដល់ចប់រដូវកាលទី១។ ចំណែកអ្នកនិពន្ធដែលមានបំណងចេញផ្សាយស្នាដៃខ្លួនជាផ្លូវការ កុំភ្លេចចូលរួមជាមួយកម្មវិធី MST Writer ​ឥឡូវនេះ ព្រោះឱកាសនៅតែបន្តរហូតដល់បំណាច់ខែធ្នូ ឆ្នាំ២០២១។

ចុចអាន MST Writerដែលមានអ្នកចូលអានច្រើនជាងគេប្រចាំខែកញ្ញា