រឿង ទំនុកភ្លេងស្នេហ៍ ភាគទី២២

ទោះយ៉ាងណា សំណួរនេះ​គេគេចមិនឆ្លើយមិនបាននោះទេ។

«បាទ​មាន!»

បុរសឆ្លើយខ្លីស្ទើរមិនចង់ឮ និងមិនហ៊ាន​សម្លឹងនាងទេ។ ដល់វេនខាងនាង ​ហុចកែវទៅឱ្យអ្នកចាក់ស្រា ថែមជាតិស្រវឹងឱ្យ​ដោយ​ទឹកមុខខូចចិត្ត។

បានស្រាត្រលប់មកដៃវិញកាលណានារីអភិជន​ពោល​រអ៊ុះៗ៖

«គេបែប​ស្អាតណាស់ហើយ!»

«គេល្អ!»

វណ្ណឆ្លើយភ្លាមទាំងមិនបានព្រាងទុកទេ ដ្បិត​ចិត្តនេះ​នឹកដល់តែអង្គ ថែម​មិនបាននឹកគិតទាន់អ្វី​ឡើយ ថាពាក្យត្រឹម​ពីរម៉ាត់យ៉ាងខ្លីនេះ​ ក៏កំពុងក្លាយជាអាវុធឈឺ​ៗ​បុកយកចិត្ត​មានៈរបស់កូនស្រីអ្នកមានឱ្យផ្ទុះឡើង។

ពុទ្ធី​ដាក្តាប់មាត់ ហាក់ចង់បង្ហាញថាមនុស្ស​មិនចេះគិតគូរចំពោះមុខមាត់​នាង មិនចេះ​ផ្គាប់ចិត្តនិង​ថែម​ទាំងមិនខ្វល់ថានាង​ មានអារម្មណ៍ល្អឬអត់ទេរាល់ពេលគេនិយាយ។

ត្រង់ហួស!

នាង​គិតទាំងមុខស្មើៗ លើកដាច់ក្អឹកៗ។ មនុស្ស​ប្រុស​ល្អៗ​ឥឡូវ​នេះ​ពិបាករកណាស់ ថែមទាំងសម្រស់ធុនគេ​រឹតតែ​ក៏​កម្រមាន​។ ​មានបានយ៉ាងណាគង់បេះដូង​នៅខ្វះអ្វីមួយមក​បំពេញ​ចន្លោះ​​ក្នុង​ជីវិត ចំណែក​ឫកពាគេ​ពិតជាប្លែកពី​​បុរស​ទាំងឡាយដែល​នាង​ធ្លាប់​ស្គាល់។

គេ​សុភាពតែ​មិនខ្ចីផ្អែមល្ហែមចំពោះនាង ហាក់មិនបាន​យកចិត្តនាង ​ឬផ្តោត​លើអ្វីដែលនាងនិយាយ ទោះដឹងហើយថា​នាងប្រាកដជាចៅហ្វាយនាយគេ​ ដែលកំពុងមាន​គុណលើអាជីពគេ​ដែរ គេនៅតែ​តបស្នងមកវិញត្រង់ធ្លូរបៀបនេះ។

ចង់ដឹងណាស់ ថា​​មនុស្សស្រីក្នុងបេះដូងគេ ដែលគេអះអាងថា«ល្អ» តើល្អកម្រិតណាទៅ?

«និយាយបែបនេះ​ប្រាកដជាចង់ទទួលបានការចាប់អារម្មណ៍ពីខ្ញុំខ្លាំង!»

នាង​ថាទាំងធ្វើមុខ​ឆ្មើងឆ្មៃ តែវណ្ណហាក់មិនយល់ទេ។​ បុរសនេះ គ្មានពិសោធជាមួយក្រុមយុវវ័យអ្នកមាន ​ដែលនិយមធ្វើអ្វីៗតាមទំនើងចិត្ត​នោះឡើយ។

កូន​ស្រី​ត្រកូល​​អ្នក​មាន​តែង​តែ​ស្វែង​រក​គុណ​សម្បត្តិពិសេសៗ​ពី​បុរសៗ​ដូចបណ្តាកាបូបប្រេនៗរាប់ម៉ឺនដុល្លារ​របស់ពួកនាង​ដែរ។  ដំបូង​ពួកគេ​ទាក់ចិត្តជាមួយ​រូបរាងខ្ពស់សង្ហា តែពួកគេ​ចុះចាញ់ចំពោះ​ការ​លះបង់​ តម្លៃ​ផ្ទាល់​ខ្លួន និងចរិត​លក្ខណៈរឹងមាំ។ 

ដ្បិតនាងទើបស្គាល់វណ្ណ តែ​សន្ទនា​ប៉ុន្មាន​ឃ្លានេះ​ពិតជាធ្វើឱ្យនាង​ទៅវិញគេងមិនលក់ឡើយ។

«សូមទោស​បើខ្ញុំនិយាយអ្វី​ធ្វើឱ្យដាមិនសប្បាយចិត្ត!» បុរសវាចាតិចៗបណ្តាលឱ្យបរិយាកាសដូរ​មកវិញ​។​

ឯនាងក៏​សើចញញឹម​ឡើងពេលគេហៅឈ្មោះនាងស្និទ្ធស្នាល។ ចិត្តមនុស្ស​ស្រីរាយស្រាលដូចសំឡី វណ្ណគិតមិនយល់ទេ គេរឹតតែមិនចង់យល់ពីនាង​ដ៏មានអំណាចម្នាក់នេះ។

«ចេញពីនេះទៅណា?!»

នាង​សួរ​ទាំងដាក់ភ្នែកស្រទន់មក ចំណែក​ចិត្តខាងប្រុស​រកពុទ្ធោតែម្តង។ ពេលនេះគេមិនមែន​នឹកដល់អង្គទេ ​តែគេនឹកដល់ឥន្ទវង្ស។ បុរសនោះទោះមើលទៅហាក់ល្អទន់ភ្លន់ តែ​គេអាចសម្លាប់អាត្មា​អញបានបើអញ​លលេងនឹងប្អូនស្រីដ៏ងងើលរបស់គេ។

នាយមិនឆ្លើយនឹងសំណួរនេះ ធ្វើជា​​លើកស្រាលេបទៀត​រួចរកលេសទៅបន្ទប់ទឹក….

«សុំទោស ខ្ញុំត្រលប់មកវិញឥឡូវហើយ!»

នាងសម្លឹងបុរសនេះដោយកែវភ្នែកសោកស្តាយ។

ក្នុងជីវិតកន្លងមក មាន​ប៉ុន្មាន​ដងទៅដែលនាងត្រូវគេបដិសេធ? ដូចជាគ្មានទេ….

«OK!»

ពុទ្ធីដាតបសឹងមិនចង់ឮ មិនចង់ឃើញ​ហើបមាត់ផង។

«សួស្តី​ដា! មកភ្នំពេញពីអង្កាល់!»

បុរសដើរចេញមក​ឮតែ​ពាក្យស្វាគមន៍របស់ពួកក្រុមយុវនារីអភិជនមកកាន់ប្អូនពៅ​របស់នាយកឯកនគរ។

«តស់! ជល់មួយ!»

នេះហើយជីវភាព​ដ៏ទំនេររបស់ពួកគេ? នាយគិតទាំង​ដើរបន្ថែមល្បឿនគេចទៅបន្ទប់ទឹក។ ឡូយក៏ទៅបាត់ មិនឃើញ​ឡើងមកវិញ គិតថា​យកយើងសែនចៅហ្វាយស្រីបាន​ទាំងសាច់ទាំងឈាមអ៊ីចឹងហ្មង?

គេឈរលាងដៃ បម្រុងថានឹង​លើកទូរសព្ទចុចរកអង្គ!

ធម្មតាគេនឹងនាង​ញ៉ាំបាយយប់ៗណាស់ ពេលនេះ​នាង​អាចនឹង​ចាំផ្លូវផង…..

«សួស្តីតារាថ្មី!»

សំឡេងដូចប្រហែល។ ដៃ​គេធ្មឹងហើយងើបមុខសម្លឹង​បុរសដែលឈរលាងដៃក្បែរខ្លួន។

«សូមអបអរសាទរ…សម្រាប់ឯកនគរ!»

នេះគឺតារាល្បីសាមកែវទាំងសាច់ទាំងឈាម។ វណ្ណមិនដែលចួបជននេះនៅខាងក្រៅទេ តែពេលនេះគេពិតជាចាស់​និងស្លក់ច្រើន​បើធៀបនឹងកាលឃើញគេ​ល្បីដល់កំពូល។ ទោះមិនមែនជានិម្មិតរូបរបស់ខ្លួន​តែគេគង់ជាតារារៀមច្បង វណ្ណ​ប្រញាប់គួរសម៖

«បាទ!​ សូមអរគុណបង!»

ទឹកមុខ​សាមកែវមិនបានញញឹម​ទេ​ គឺក្រញូវ​ខ្លាំងឡើងៗពេលដែលគេ​ឱន​លាងមុខ ​ថែមទាំង​មិនមើលមុខ​សក្តាវណ្ណផង។​ ការគិត​ដោយរហ័សរហួនមួយ​បាន​លេចឡើង…វត្តមាន​របស់ខ្លួនក្នុងតំណែង​តួចម្រៀងឯក​និងសន្និសីទកាសែត​ដ៏ធំកាលពីម្សិលមិញ…គេវាចាបន្ថែម​តិចៗ៖

«បងជួយណែនាំផង! ខ្ញុំថ្មីណាស់!»

«កុំបារម្ភ!»

សាមកែវឆ្លើយខ្លីជាមួយកន្សែងដៃពីក្នុងហោប៉ៅមកជូតមុខដែលស្ត្រេស ស្រវឹងលាយលំគ្នា។ គេមកដល់បារនេះពីពេលណា​គ្មានអ្នកណាដឹងទេ គេអាចថា​បាន​តាម​ដាន​ខ្លួននិងកូនអ្នកមាន​ម្នាក់នោះផងក៏មិនធានា​។

សភាព​សាមកែវហាក់ចង់និយាយអ្វីទៀត​តែនៅទប់ៗ ​បានជា​ប្រតិកម្មរបស់សក្តាវណ្ណយើងក៏ស្ពឹក​ៗសម្លឹងជន​នេះ​រង់ចាំ…..

«ក្នុងវិស័យនេះ…ចូរប្រយត្ន័រឿងមួយ…កុំក្រអឺត លេងឫក»

គេអន់ចិត្ត​នឹងវត្តមាន​ខ្លួនក្នុងឯកនគរពិតណាស់។ សក្តាវណ្ណយល់ ហើយថែមទាំង​ចង់បកស្រាយ ប៉ុន្តែ​ហាអ្វីមិនចេញ សុខចិត្ត​ឈរឬទុកឱ្យ​គេបញ្ចេញ​អារម្មណ៍មកតាមចិត្ត​ចុះ….​

«គ្មានពីណាដឹងទេ…ថាយើង…នឹងហួសសម័យ ហើយ​ត្រូវគេ​ទាត់ចេញពេលណា!»

ជើងចាស់ចាក់បន្ថែមមួយឃ្លានេះមក​​បង្កើនទម្ងន់កណ្ឌុក​ក្នុងទ្រូងអ្នកចម្រៀងថ្មី។ ថារួចហើយកាលណា​ សាមកែវ​ដកយកបារីមកអុជបង្ហុយ។ បានពីរបីបំពក់ គេ​ងាកមកហុចឱ្យគូសន្ទនា​។ សម្រាប់សក្តាវណ្ណ សូម្បីឈរក្បែរក៏ចង់ឈ្លក់ទៅហើយកុំថាឡើយ​គិតថានឹង​​ទទួលយកមកបឺត។

«អត់អី​ទេ! ខ្ញុំមិនចេះទេបង! ​អរគុណ​ហើយ…ចំពោះ​…ពាក្យទូន្មាន!»

សាមកែវសម្លឹងឥរិយាបថសក្តាវណ្ណ​ពីលើដល់ក្រោម។ គេ​មើលឃើញ​រូបរាងដ៏ទាក់ទាញ និង​កិរិយា​សុភាពរមទម្យដូចជា«មាន់ថ្មី»។ ចិត្ត​តារាជើងចាស់នឹកឃើញនូវបណ្តា​រឿងជាច្រើន កាលពីអតីតកាលរបស់ខ្លួន។

អ្នកណាក៏ធ្លាប់ជាមនុស្ស​សុភាព ​និងតែងមាន​បំណង​ចង់ធ្វើមនុស្សល្អជារៀងរហូតដែរ។ ​គ្មានអ្នកណាចង់កាន់បារីមកជក់ លើកកែវស្រាជល់មិនស្គាល់យប់ព្រឹកទេ!

គេគិតទាំង​សើចក្អឹកៗម្នាក់ឯងដូចឆ្កួតវង្វេង។ សក្តាវណ្ណយល់ថា គេមិនចង់នៅប្រឈមនឹងជននេះយូរទេ…សុភាពបុរសប្រុង​ចាកចេញ​តែ…

«ឆ្លាតគួរសម! ប៉ុន្តែ ត្រូវប្រយ័ត្ន! ឆ្លាតមួយមុខមិនទាន់គ្រប់គ្រាន់ទេអាប្អូន​!»

វណ្ណ​ដៀងសម្លឹង​មុខអ្នកដែលនៅតែហាក់ចង់បន្តទូន្មាន ទាំងដែលខ្លួនហាក់បង្ហាញ​កិរិយថា​មិនចង់ស្តាប់….

«ឯងថ្មីណាស់….ស្ទើរណាស់!»

សាមកែវខាំមាត់និយាយទាំងសម្លឹង​សក្តាវណ្ណចំៗ​ធ្វើឱ្យ​ការគោរព និងអ្វីគ្រប់យ៉ាងលែងមានអារម្មណ៍ល្អសេសសល់។

សក្តាវណ្ណ​ចាប់ផ្តើមយល់ថា មនុស្ស​ធ្លាក់ខ្លួនដូចគេនេះ​បើមិននិយាយគ្នាឱ្យច្បាស់​គេអាចទម្លាក់បន្ទុកបរាជ័យរបស់គេ​មកលើស្មាយើង…ចោទថាយើងជាអ្នកដណ្តើមគេទេដឹង? គេរេសម្លឹងជុំវិញបន្ទប់ទឹកដ៏ធំ​និង​ទំនើបមួយនេះ ពិតជា​ស្ងាត់ណាស់ បានឱកាសហើយ….បុរសចាប់ផ្តើមបែរមកទល់ខ្លួននឹងគ្នាជាមួយ​តារាជើងចាស់​ ​ហើយ​វាចាពន្យល់៖

«ខ្ញុំសង្ឃឹមថាបងយល់! រវាងពួកយើង​ មិនដែលមាន​អ្វីល្អក់កករនឹងគ្នាទេ!​ យើងចង់រស់រៀងខ្លួន!»

«ប្រយ័ត្នបន្តិច ​បើចង់រស់នៅឯកនគរយូរ​និងបើចង់ល្បី!»

«អរគុណបងសាមកែវ…ប៉ុន្តែខ្ញុំ…ស្គាល់ខ្លួនឯងច្បាស់!»

សាមកែវឮសម្តីពេញដោយទំនុកចិត្តនេះ​ក៏នៅស្ងៀមចាំងស្តាប់ ដោយ​ដៀងសម្លឹងមុខសក្តា​វណ្ណជាមួយ​កែវភ្នែកចំអកឡកលើយ។ វណ្ណវិញ​ក៏មិនខ្វល់ និង​មិនញិនដូចគ្នា។ គេ​និយាយបន្ថែមទៅកាន់រៀមច្បង៖

«ហើយ…ក៏នឹងព្យាយាមដឹង…ស្គាល់អ្នកផ្សេងៗទៀតផងដែរ! ដើម្បីរៀនតាម ឬចៀសវាង ឬចួនកាលនឹងទប់ទល់…!»

«មានទំនុកចិត្តពេកមិនល្អទេ!»

«មិនមែន​ទេបង! ខ្ញុំសុទិដ្ឋិនិយម!» វណ្ណ​តបមិនព្រិចភ្នែកទេ។

«ឯងនឹងឃើញ នឹងស្គាល់​ នឹងភ្លក្ស!»

«ខ្ញុំមិនធ្វើជ្រូករាទឹកក្តៅទេ! បើពិតជាឈឺឬជា ខ្ញុំទទួលយក…!»

«ដូច​មិញនេះ…ករណីពុទ្ធី​ដា…វាគ្រាន់តែជាការចាប់ផ្តើមមួយ!»

សក្តាវណ្ណជ្រួញចិញ្ចើមសម្លឹងជននេះ ដែលកំពុងនិយាយទៅដល់នារីអភិជននៅក្លឹប​ខាងក្នុង។ ឬមួយ​ពួកគេ​ពិតជា កំពុង​តាមដាននាង?​ អាចថា ពីមុននាង​ក៏ធ្លាប់ចែចង់គេដែរ?

«ខ្ញុំចេញទៅក្រៅហើយ ភ្លេចថាចៅហ្វាយកំពុងចាំ!» ​មិនដឹងយ៉ាងម៉េចទេ​មកទល់វិនាទីនេះ ​វណ្ណស្រាប់តែ​ចេះមានកូនចិត្ត​ចង់និយាយ​ស៊កសៀតបញ្ឈឺជននេះ។ ស្រាប់តែពីក្រោយដំណើរគេដែលចាកចេញមក​ សាមកែវថាឱ្យ​ឮៗ៖

«អ្វីៗពីដំបូង​វាល្អអ៊ីចឹងហើយ! តែបន្តិចទៀតឯងគង់តែដឹងទេអាប្អូន!»

ទាំងមុខស្មើ គេដើរមួយ​ៗសំដៅមកក្រុមមនុស្ស​ក្នុងក្លឹប ​ដែលរឹតតែកុះករជួបជុំពពាក់ពពូន ធ្វើឱ្យ​ពួកនារីស្អាតៗមកពីត្រកូលអភិជនបែរមករហង់សម្លឹងដំណើរ​បុរសយើង។

បានលេស​ស្និទ្ធកៀកកើយដួងតារាថ្មីបង្អួតអ្នកផង ពុទ្ធីដាក៏លូកដៃមកតោង​នាយតាមបែបបស្ចិម​ប្រទេស​ធ្វើឱ្យសក្តាវណ្ណទៅជាង៉េមង៉ាម​មិនដឹងដកខ្លួនរបៀបណាបាន៖

«មុខមាត់ថ្មីរបស់ឯកនគរយើង!» នាងវាចាតិចៗបង្អួតតបតនឹង​កែវភ្នែក​ច្រណែនរបស់ពួកកូនស្រីសេដ្ឋី​។

«សក្តាវណ្ណ!» ពុទ្ធីដាហៅឈ្មោះនាយបន្ថែម គឺហៅឈ្មោះពេញ​ បង្ហាញ​ថានាង​បានស៊ើបពីនាយគ្រប់យ៉ាង​ហើយ។​ ការជួបគ្នា​នៅទីនេះមិនមែនចៃដន់ទេ។

«វណ្ណ​ នេះគឺអ្នកនា​ងពេជ្រអមរា នេះគឺ​ជេនណា ហើយនេះម៉ូលី!»

«ជម្រាបសួរបាទ!»

«សួស្តី! ជម្រាបសួរអីទេ! ចែកវ័យម៉េះ?!» ម៉ូលី​ដែលស្លៀកពាក់សិចស៊ីផុតគេនិយាយទាំងរេភ្នែក​សម្លឹងកម្លោះនេះ​ពីលើដល់ក្រោម។

«បាទ! សួស្តី!»

ដោយកាន់កាប់សក្តាវណ្ណ​យ៉ាងស្អិត​ដូចខ្លាចមាន​គេបេះទៅបាន ពុទ្ធីដានិយាយ​ឌឺទៅឱ្យស្រីៗ៖

«សុំ​ទៅខាងណោះសិន! មានការត្រូវជជែកជាមួយវណ្ណ​តែពីរនាក់!»

នាង​ទាញ​គេ​ចេញ​ភ្លាមៗទៅរកជ្រុងងងឹត។

«ខ្ញុំត្រូវទៅផ្ទះវិញហើយ!» សក្តាវណ្ណ​រារាំងនាង​។

«បុរាណម៉េះ មានអ្នកចាំផ្លូវហ្មែន?!» នាង​រំអុក​ខ្សឹបខ្សៀវ។

មិនខ្វល់នាង​ថាឱ្យបែបណា​ គេមិនមានអារម្មណ៍ល្អទេ ចាប់តាំងពីបានជួបគ្នាប៉ះសម្តីគ្នា​ជាមួយនឹងសាមកែវក្នុងបន្ទប់ទឹក​។ សក្តាវណ្ណ​យល់ថា គ្រប់យ៉ាងជុំវិញខ្លួនពោរពេញទៅដោយអ្នកស៊ើបភ្នែកម្នាស់និង​ឆាកល្ខោន​។ ប្រសិន​ករណី​ខ្លួននិងប្អូនពៅចាងហ្វាងផលិតកម្មត្រូវអ្នកដទៃយកទៅនិយាយដើម គេ​ខ្លាចចិត្ត​ទាំងឥន្ទវង្ស និងបារម្ភពីអង្គដូចគ្នា។

«ខ្ញុំត្រូវថតបទថ្មីម៉ោង១០ស្អែក! មិនទាន់បាន​ហាត់មួយម៉ាត់នៅឡើយ!»

វគ្គ អតីតកាល

«ម៉ោងបីភ្លឺហើយ! ឯងមិនមកផ្ទះ តើ​ទៅដេកពួន​នៅឯណា?!»

ឥន្ទវង្សនិយាយឮៗតាមទូរសព្ទធ្វើឱ្យLoyដែលឈរ​អត់ងងុយក្បែរ ​ ត្រូវស្វាងដូចត្រូវមួយ​ធុងទឹក​កណ្តាល​មុខ។

«សក្តាវណ្ណជាអ្នកចម្រៀងថ្មី កុំធ្វើឱ្យគេ​មើលស្រាលយើង!»

ឥន្ទវង្សបន្ថែម​ញ៉ាំងឱ្យ​ឡូយកាន់តែឈ្ងោកមុខ​សឹងលែងហ៊ាន​ងើបក្បាល។ បុរសនេះ​ថាឱ្យប្អូនស្រីពៅគេតាមទូរសព្ទពិតមែនតែឡូយដែល​ដឹងខ្លួន​ថា មានចំណែក​ក្នុងរឿងដឹកញីបន្ស៊ីឈ្មោល​យកiPhone ១៤នេះ។ គេដឹងថា ​គេនឹង​មានបញ្ហាធំ ​ប្រសិនបើពេលនេះ​សក្តាវណ្ណ​ពិតជាកំពុងនៅឡុងលើយ​វគ្គទៀបភ្លឺ​ជាមួយ​នាង​មែន។

បុរសជំនួយការខំចាក់ទឹកមកកាន់លួងម្ចាស់ប្រុស ​ស្របពេលឥន្ទវង្សដាក់ទូរសព្ទចុះហើយ​ បែរមកវិញទាំងមុខស្មើស្លេក។

កំហឹងចិត្ត​គេ ដូចភ្នំភ្លើងកំពុងបម្រុងតែងនឹងផ្ទុះ។ គេសម្លឹងមកជំនួយការជាមួយកែវភ្នែកត្រជាក់ដូចទឹកកក។ ឡូយញ័រដៃ​ ខំញញឹម​និង​ហុចកែវទឹកឱ្យ….

«ឯងសំណាងហើយ ដែលសក្តាវណ្ណ​មិននៅជាមួយពុទ្ធីដា! មិនអ៊ីចឹងឯងខ្ទេចឆ្អឹងហើយ!»

«ក្មេងប្រុសហ្នឹងសុភាពណាស់ទាន!»

គេនិយាយទាំងហុចទឹកទៅក្នុងម្រាមធំៗរបស់ចៅហ្វាយប្រុស។

«គេរាងស្រវឹងហើយ ​នៅមិនវង្វេង អាចរក​ផ្លូវ​វិលទៅផ្ទះវិញបាន​!» ឡូយបន្ថែម។

ឥន្ទវង្សព្រិចភ្នែកគិត​ពេលកំពុងតែ​ក្រេបទឹក។ មិនដឹងថា មនុស្សស្រីម្នាក់នៅផ្ទះជាមួយវណ្ណ សំខាន់ប៉ុនណាទៅសម្រាប់គេ?

ជាការពិត​ គេមិនចង់ឱ្យពុទ្ធីដាលេងល្បែងស្នេហាអាវាសែបញ្ឍឺចិត្ត​ខ្លួន​ទេ ​តែគេ​រឹតតែមិនសូវស្រួលចិត្ត​សោះ កាល​ដែលដឹងថាសក្តាវណ្ណទុកអង្គលក្ខិណាសំខាន់ថ្នាក់នេះ….

ក្រេបទឹកបណ្តើរ នាយ​កឯកនគរ​រិះគិត​ដល់រឿងជាច្រើនបណ្តើរផង….មាត់គេសួរជំនួយការ​តិច​ៗ៖

«ពីរនាក់ហ្នឹង​រួមរស់នឹងគ្នា​ជាប្តីប្រពន្ធមិនទាន់រៀបការ?!»

ឡូយរេភ្នែកគិតនិងព្យាយាមយល់ពីបំណង​របស់មេកោយ។ គេសាកល្បងឆ្លើយស្ទាបស្ទង់៖

«ឬមួយស្អែកនេះ ខ្ញុំហៅគេ​មកព្រមាន​រឿងមាន​ស្នេហា​ពេលកំពុងសាងកេរ្តិ៍ឈ្មោះ?»

តែឥន្ទវង្សសួរបកវិញ៖

«ឬមួយឯងយល់ថា​ សម្តីឯងខ្លាំងជាងសម្តីសង្សារគេ?!»

ឡូយគិតបន្ត​ទៀតដោយនៅស្ងាត់ស្ងៀមរង់ចាំបញ្ជាពីថ្នាក់លើ។

ឥន្ទវង្សដកដង្ហើមធំ…គ្មានពាក្យបន្ថែម​ទេ។ CEO​បែរខ្នង​សម្លឹងទៅ​មេឃងងឹតស្លុប គ្មានផ្កាយមួយគ្រាប់នៅខាងក្រៅ។ មើលពីក្រោយខ្នង​បុរសអភិជន​នេះទៅ ឡូយនឹកឃើញ​ដល់អតីតកាលមួយ….​យូរមកហើយ។

ឥន្ទវង្សប្រាកដជាបារម្ភពីឥទ្ធិពលរបស់​អង្គលក្ខិណា មកលើអ្នកចម្រៀង​ថ្មីម្នាក់នេះ ព្រោះខ្លួនគេ​ផ្ទាល់ក៏ធ្លាប់មានបទពិសោធ…​និងដឹងថា​ស្នេហា​មានឥទ្ធិពលកម្រិតណា។

«ឯងត្រូវរកវិធីឱ្យសក្តាវណ្ណ វក់វង្វេងនឹងការងារ នឹងកេរ្តិ៍ឈ្មោះ​ នឹងហ្វេនក្លឹប សង្គមជាន់ខ្ពស់សិន! បើមិនទាន់ទេ កុំអាលទៅនិយាយ!​ សម្តីឯង មិនស្មើនឹងមួយចម្រៀក​សម្តីកវីស្រីម្នាក់នោះទេ ​កុំចង់សាក!»

ឡូយនៅស្ងៀមស្ងាត់។

ស្នេហា​ជារឿងចម្លែកមួយលើភពផែនដី ​ហើយវារឹតតែចម្លែកឡើងៗក្នុងសម័យកាលដ៏ទំនើបមួយនេះ។

ការរួមភេទជាក្រឹត្យក្រមធម្មជាតិ ​តែ​ទំនាក់ទំនងបេះដូង ​គឺជារឿង​ខុសគ្នា។ ការកំណត់​អត្តសញ្ញាណ​ស្នេហា​ពិត ដែលស្រឡាញ់គ្នា​ដោយគ្មានលក្ខខណ្ឌ តែងតែត្រូវបានមជ្ឈដ្ឋាននានា​សើចចំអក​ តែ​អ្នកណាក៏ចង់បានវាដែរ។

«បង!»

គេហៅតិចៗទៅកាន់បុរសមានឋានៈ ខណៈបុរសនេះមិនបែរថែមទាំងមិនឆ្លើយតប ឡូយ​ប្រញាប់ឈានទៅជិត​ហើយវាចា​តិចៗ៖

«មានគេឃើញ​វិជ្ជនីត្រឡប់ទៅនៅចម្ការ​នៅបាត់ដំបងវិញ!»

ទោះឥន្ទវង្សមិននិយាយស្តី​ តែគេពិតជាបែរមកយឺតៗ​ពេលឮសូរឈ្មោះសេចក្តីរាយការណ៍​ដែល​មាន​ឈ្មោះមនុស្សស្រីម្នាក់នេះ។

អ្វីមួយ​ក្នុងលោកដែលធ្លាប់មាន​ឥទ្ធិពល​ធ្វើឱ្យ​ចង្វាក់បេះដូង CEO ឯកនគរ ត្រូវលោតញាប់ពេលនេះហាក់នៅរក្សា​ឥទ្ធិពលនោះបានដដែលជាដដែល។

«យើងបាន​គិតពីគេគ្រប់ដង្ហើមចេញចូលទៅហើយ ចុះម្តេចបានជាឮឈ្មោះគេ​កាលណា​​ក៏បេះដូងនៅអាចលោតញាប់ថែមមួយកម្រិតទៀតបាន?»

គេគិត​ទាំង​ចោលភ្នែកស្រងូតសម្លឹងជនជំនិត។ បានឱកាស​ឡូយព្យាយាមយកចិត្ត​ដោយ​និយាយបន្ថែមបន្ថយ៖

«បើអ្នកទាំងពីរនៅមានចិត្តឱ្យ​គ្នា ហេតុអី…»

មិនរង់ចាំឱ្យគេ​បញ្ចប់ពាក្យ​យោបល់ទាន់ទេ ឥន្ទងវង្សនិយាយកាត់៖

«ទៅដេកទៅ!»

ឡូយ ដកថយមួយជំហានវិញ ដោយការភ័យខ្លាចធ្វើឱ្យលោកនាយ​ខឹង ​តែហោចណាស់ បុរសនេះមាន​ចំណុចខ្សោយក្នុងដៃខ្លួនពិតណាស់។ ការរក្សា​តំណែង​ជំនិតរបស់ឡូយ នៅក្បែរមនុស្ស​ចិត្តដាច់ដៃដល់ប្រភេទ​ដូច ឥន្ទវង្សបានរហូត​ដល់ពេលនេះ​ មិនមែន​ចៃដន់ទេ។

នៅក្នុងពិភពលោកអាត្មានិយមនេះ ពេលបេះដូងម្នាក់ៗពោរពេញទៅដោយការឈឺចាប់ គេអាច​ដឹកនាំផលិតកម្មធំមួយ ផលិត​បទចម្រៀង​ស្នេហាផ្អែមផ្ហែម​ ធ្វើដូចជា​គ្រប់យ៉ាងមាន​ពណ៌ស៊ីជម្ពូស្រស់ប្រផូរ ​តែគេមិនអាច​លុបបទចម្រៀងកម្សត់សោកសង្រេងពិតប្រាកដ ចេញពី​បេះដូងខ្លួនឯងបានឡើយ​។

«តើឱ្យពង្វក់សក្តាវណ្ណបែបណាទៅ? ជួយប្រាប់ផង! ​បើ CEO ខ្លួនឯងក៏មិនអាចទាំង​បំភ្លេចអតីតកាលខ្លួនឯងបានដែរហ្នឹង!»

ឡូយនិយាយក្នុងចិត្តម្នាក់ឯងពេលដើរចុះជណ្តើរ​កណ្តាលយប់រំលងអធ្រាត្រ…

វគ្គ គុណធម៌ និងឋានៈ​

នៅឯណេះវិញ វណ្ណប្រញាប់វិលមកផ្ទះជួលចួបជាមួយស្រីស្នេហ៍ដែលនៅរង់ចាំ…ពួកគេ​បរិភោគអាហារ​ជាមួយគ្នា​និងសាសងរឿងរ៉ាវជាច្រើនដែលពិបាកក្នុងការនិយាយជាមួយអ្នកផ្សេង។

«សូមទោស! យប់នេះរាងស្រវឹងបន្តិច!»

«សប្បាយចិត្តរឿងអី?!» នាងថាទាំងកាន់កែវទឹកក្រូចឆ្មាមកឱ្យបន្សាប។

«មិនប្រាកដទេ!» ប្រុសឆ្លើយដោយកៀកកសង្សារជាប់ផែនទ្រូងដៃទទួលភេសជ្ជៈមកក្រេប។

«ជីវិតមានទុក្ខមានសប្បាយជារឿងធម្មតា!» នាងថាមកទៀត​ហើយផ្អែកក្បាលក្បែរទ្រូងនាយ។ ក្លិនម្យ៉ាង​ចម្លែក​ ជាទឹកអប់មនុស្សស្រី​នៅដិតដាមលើស្មាវណ្ណ។

អង្គ​រេភ្នែកគិត…មាណវី​ដឹងថា ក្លិននេះអាចជាចំណែក​នៃសភាពថប់បារម្ភរបស់គេ។

«ឥន្ទវង្សណែនាំស្រីស្អាតឱ្យ?!»

អង្គសួរតិចៗ​ធ្វើឱ្យបុរសញញឹម ​ឱនសម្លឹងមកសសៃសក់រលោង​ដូចសូត្រ​របស់អង្គ។

«ប្រចណ្ឌអត់?!»

«មិនទាន់ដឹង!»

«ពេលណាទៅបានដឹង!»

«ឥឡូវនេះមិនទាន់ដឹង!»

«បានន័យថា មិនទាន់ស្រឡាញ់!» វណ្ណថាមកខ្សាវៗទាំងលូកដៃឱបចង្កេះនាង​ទាញប្រាណ​សឹងស្អិតជាប់គ្នាជារាងកាយមួយ។ នាង​ហាក់ដឹងខ្លួន​មកវិញ​ជាមួយ​សភាព​ក្តីសន្ធំរងំពេញរាងកាយគេ។

«គ្មានអ្នកណាស្អាតជាងអង្គទេ!»

ដៃប្រុសចាប់រវាសពាសពេញខ្នងស្រី ​ធ្វើឱ្យនាងនឹកឆ្ងល់ថាតើជាតិសុរាធ្វើឱ្យគេមាន​តម្រេកកាមា ឬមួយ​ក៏​នារីណាម្នាក់ដែល​ស៊ិចស៊ីពេក ​គេទើបនឹងបានជួបរហូតកើតមាន​ជា​ភាព​រោលរាលអារម្មណ៍បន្សល់មកទល់ឥឡូវ?

ទោះយ៉ាងណា ក្នុងកាលៈទេសៈណាក្តី អង្គ​នៅតែចង់ឱ្យវណ្ណច្បាស់ថា ខ្លួន​ជា​អ្នក​អភិរក្ស​និយម​ខ្លាំង​ហើយមិនចង់មាន​គំនិត​ ​រួម​ភេទណាមួយ​មុន​ពេល​រៀប​ការ​ទេ។ គេ​ហាក់ដឹងខ្លួនពេលនាង​ខិតចេញ និងទាញដៃគេ​ទុកទៅមួយឡែក។ បុរសនេះ​​នៅស្រវឹង​តែគេ​ហាក់បង្ហាញ​ការ​​គោរពសេចក្តី​សម្រេច​ចិត្ត​របស់​នាង។

«ផ្តើម​ប្រលូកជ្រៅ​នៅក្នុងសិល្បៈ បងបារម្ភរឿងមួយចំនួន!»

គេនិយាយមួយៗ ឯនាងផ្ទៀងស្តាប់។ គេស្រាប់តែលែងនិយាយទៀត ធ្វើឱ្យលក្ខិណាសួរបកវិញ៖

«ថ្ងៃនេះមានអីមិនសប្បាយចិត្ត? ជួបរឿងអីខ្លះ? អ្នកណាធ្វើអីដាក់!»

គេដៀងភ្នែកស្លូតបូតសម្លឹងមកមនុស្ស​ដែលខ្លួនស្រឡាញ់។ ជំនួសចម្លើយ គេ​ថើបថ្ងាសនាង​មួយខ្សឺត​យ៉ាងរហ័ស​រកតែអង្គគេចមិនទាន់។ ស្នាមថើបនេះពិតជាកក់ក្តៅណាស់ វាពេញទៅដោយការ​ស្រឡាញ់និង​គោរពគ្នា។

ភ្នែក​នាយ​ផ្តោតលើស្នាមញញឹមស្រី ​ខណៈនាងឈ្ងោកមិនមើលមុខនាយ ​តែនាង​ញញឹមហាក់មិនបន្ទោសនាយ​ចំពោះការឆ្មក់នេះឡើយ។

«មានអារម្មណ៍ថា គ្រប់គ្នាក្នុងសិល្បៈធ្វើអីចម្លែកៗ សម្តែងៗ សេណារីយ៉ូ! ហត់ពេលខ្លះ!»

«គ្រប់វិស័យហ្នឹង! កុំបន្ទោសតែសិល្បៈ!» អង្គតវ៉ាតិចៗ។