«មិនបានទេ! របស់យើងរកមកមិនបាន! ពិធីយើងដោះមិនចេញ!..មានតែ…..សម្លាប់មនុស្សចោលមុនពេលដែលវិញ្ញាណមកដល់! »
និយាយហើយបុរសចំណាស់ចម្លែកប្រែខ្លួនទៅរេរកមើលកាំបិតបញ្ឈរចោលនៅឯទីជ្រុងផ្ទះ។
ក្រសេភ្នែកអ្នកនិពន្ធរងគ្រោះក៏ដូចជាក្រសែភ្នែករបស់បុរសឃាតកផ្តោតទៅលើកាំបិតផ្គាក់ព្រមៗគ្នា។
«យើងត្រូវស្លាប់នៅក្រោមកាំបិតនេះឬក៏អ្វី?»
ជាការសាកសួរខ្លួនឯងជាមួយសំណួរហួសចិត្តរបស់អ្នកនិពន្ធ។ មកពីយើងជឿជាក់ខ្លួនឯងពេក ហ៊ានមកកាន់តំបន់គ្រោះថ្នាក់មួយទាំងមិនស្គាល់ច្បាស់ស្ថានការណ៍ មិននឹកស្មានថាសម័យកាលនេះទៅហើយ ដែលមានគ្រួសារឆ្កួតលីលាពីរនាក់ឪពុកនិងកូនរស់នៅឆ្ងាយពីសំណាញ់ច្បាប់ អាចមកធ្វើអ្វីៗងប់ងល់ឆ្កួតបែបនេះបានទៀត?
នៅពេលដែលបុរសនោះដើរតម្រង់ទៅរកចាប់យកអាវុធមុតកំណាច ស្នូរជើងនិងដង្ហើមមនុស្សនិយាយគ្នាស្រាប់តែលាន់មកល្វើយៗតាមខ្យល់។
«មើលផ្សែងនុះ! អ្នកណាដុតភ្លើង?!»
ជាសំឡេងអ្នកភូមិសួរគ្នា។
សំឡេងរអុះៗជាសញ្ញាថា មនុស្សជាច្រើនបានមកដល់ក្បែរៗនេះ។ ក្នុងសភាពដែលអ្នកនិពន្ធបានស្រឡាំងកាំង នារីរត់ទៅមាត់ទ្វារដើម្បីនឹងពិនិត្យ គេឮសំឡេងស្រែកប្រកូកហៅ៖
«លោកគ្រូ! លោកគ្រូ! លោកគ្រូឮខ្ញុំដែរ?»
ជាសំឡេងពូមឿន!
ដូចមនុស្សដូចហៀបស្ងួតកស្លាប់ សុំប្រាថ្នាចង់បានត្រឹមទឹកក្អមបែរធ្លាក់កចំមាត់ទន្លេ យុវកម្លោះយើងប្រមូលកម្លាំងស្រែកឮៗតបវិញទៅកាន់ក្រុមអ្នកភូមិ៖
«ជួយ….ជួយ….ជួយខ្ញុំផង! ខ្ញុំនៅក្នុងផ្ទះនេះ! ជួយផងពូមឿន! ជួយផង! ជួយខ្ញុំផង! គេចង់សម្លាប់ខ្ញុំ!»
បុរសជាឪពុករបស់នាងថ្លោះទឹកមុខ…..
នៅខាងក្រៅរបងអ្នកភូមិជាច្រើនរត់សំដៅមកដល់ហើយភាន់ភាំង…សម្លឹងមកក្នុង…
ជាមួយសញ្ញាភ្លើងគប់ មិនពិបាករកផ្ទះនេះទេ។ ពូមឿនបានកើតការសង្ស័យតាំងពីអ្នកនិពន្ធម្នាក់នេះបានអានបាលីដែលគេហាមឃាត់ដល់ទៅបីដង ដូច្នេះហើយពេលដែលគេរត់ចេញក្រៅដូចឆ្កួតលេលាក្នុងភាពងងឹតដែលអំពូលបែកអស់ ពូមឿនមិនគិតថាជាស្នាដៃពុកកូនទាំងពីរទេ គាត់គិតថាជាព្រលឹងខ្មោចព្រាយបិសាចបោកប្រាស់សន្ធប់យករាងកាយគេទៅសម្លាប់ គាត់ក៏ប្រថុយរត់ទៅកាន់ភូមិរបស់គាត់ប្រកូកប្រកាសហៅមនុស្សម្នាមកតាមឲ្យទាន់នឹងអាលបានជួយសង្គ្រោះអ្នកចំណូលថ្មី។
ឥឡូវនេះគាត់បានមកចំពេលតែម្ដង…..
«ម្នាក់ហ្នឹងឆ្កួតទេ! មិនចេះនិយាយទេ! មិនបាច់និយាយជាមួយតាហ្នឹងទេ!»
សម្តីអ្នកភូមិស្រែកប្រកូកប្រាប់គ្នាបែបនេះ ក្នុងចំណោមក្រុមដែលមកដល់ប្រដាប់ទៅដោយភ្លើងគប់ និងកាំបិត ព្រនង់ ដំបងនាមាត់របង។
លែងខ្វល់ច្រើន ជនចម្លែកស្រវាចាប់កាន់កាំបិតដោយដៃទាំងពីររួចងើបមុខដើរសំដៅទឹបៗមករកកម្លោះយើងប្រាថ្នាតែយកជីវិតឱ្យខាងតែបាន…..ធ្វើឱ្យក្មេងស្រីស្លន់ស្លោរត់សំដៅមករកអ្នកនិពន្ធដូចគ្នា មិនដឹងថាតើនាងប្រុងនឹងឃាត់ឬអ្វី……
«ដាក់កាំបិតចុះ!» មនុស្សស្រែកឮៗលាន់ចូលមកខណៈអ្នកនិពន្ធបិទភ្នែកបណ្តោយអាយុសង្ខារទៅតាមព្រហ្មលិខិត។
សភាពច្របល់នេះធ្វើឱ្យអ្នកភូមិតក់ស្លុតហើយសន្តិសុខឃុំបានផ្ទុះអាវុធ…..
….ស្នូរកាំភ្លើងបានលាន់ឡើង….ក្លិនរំសេវបាចហាចឈ្លក់ដង្ហើមគេដែលកំពុងតឹងស្រាប់…..គេគិតថា អស់ហើយ! ជីវិតនិងចប់ត្រឹមនេះ។
ទោះយ៉ាងណាគេខំបើកភ្នែកទាំងតក់ស្លុត…..
ឪពុកនិងកូនស្រីបានដួលស្រុញចុះនៅក្រោមលំហពេញទៅដោយគ្រាប់សំណរ។ ឯកាំបិតផ្គាក់ដ៏វែងនិងធ្ងន់របូតពីដៃជនចំណាស់ ធ្លាក់គឹបទៅដោតលើដី។ អ្នកនិពន្ធដង្ហក់ត្រដរដង្ហើមព្រោះបេះដូងគាំងភ័យ……តទៅគេមិនដឹងថា តើអ្វីទៀតបានកើតឡើងទេ…..គេបិទភ្នែកលែងដឹង។
……
សំឡេងចាបយំខ្ញៀវខ្ញារដាស់បុរសឱ្យបើកភ្នែកមកវិញខ្វាក…..
ជាថ្មីនេះ គេដឹងខ្លួនឡើងក៏ឃើញខ្លួនឯងនៅក្នុងបន្ទប់ពេទ្យ។
រឿងចប់ហើយ? ធូរទ្រូងបន្តិចយ៉ាងហោចណាស់។
ចង់ក្រឡេកសម្លឹងឡើងរង្គើខ្លួន គេបានឃើញមិត្តភក្តិរបស់គេទាំងបីងាកមកមើលទីនេះ។ មុនីលាន់មាត់ឡើងមុនគេ៖
«ដឹងខ្លួនហើយ?»
កេនក៏ស្ទុះមកដែរ។
«ម្ដាយរបស់ឯងយើងមិនទាន់ជម្រាបគាត់ទេ! ខ្លាចគាត់ភ័យ!»
មិត្តភក្តិនិយាយអ្វីៗមកច្រើនទៀត តែគេនៅឈឺក្បាលនិងភាន់ភាំងណាស់ មិនចាប់អារម្មណ៍ឆ្លើយ ឬស្តាប់ឡើយ។
«ឯងផឹកទឹកបន្តិចសិនទៅ!»
គេទទួលកែវទឹកមកក្រេបបន្តិចក៏នឹកឃើញសួរ៖
«មនុស្សចម្លែកនោះនៅឯណា!»
មិត្តភក្តិសម្លឹងមុខគ្នា។ ក្រោយមកគេដឹងដំណឹងថា ពួកគេត្រូវបាញ់សម្លាប់ហើយ។
«គេស្លាប់បាត់ហើយ!»
អ្នកនិពន្ធរអ៊ូតិចៗសម្លឹងទៅក្រៅបង្អួចហើយជាបណ្តើរៗគេនឹកដល់សម្តីនាង «ខ្ញុំមិនដែលនិយាយជាមួយអ្នកភូមិម្តុំៗជុំវិញនេះច្រើនទេ! ពុកខ្ញុំប្រាប់ថា មនុស្សភូមិនេះមានពុតត្បុតច្រើន!»
ហេតុអីពួកគេសម្លាប់នាង?
គេសួរទៅមិត្តៗតែគ្មានអ្នកណារវល់ឆ្លើយទេ។
ច្រើនម៉ោងក្រោយមក នៅក្នុងគ្លីនិកខេត្តដ៏ក្រៀមក្រំមួយនេះដដែល គេបានទទួលនូវព័ត៌មានជាច្រើនឡើងៗ អំពីរឿងទាំងអស់។
អ្នកនិពន្ធមកអង្គុយសម្លឹងនូវព័ត៌មានចំណងជើងធំៗដែលបានផ្សាយចេញលើអ៊ីនធឺណេត ជុំវិញរឿងមរណភាពឪពុកកូនខ្វះសតិ ជាមនុស្សចម្លែករស់នៅក្បែរមាត់ព្រែកចុងភូមិគ្មានអ្នករាប់អាន។
បុរសអ្នកព្រៃម្នាក់នេះ ធ្វើចម្ការចិញ្ចឹមកូនស្រី ហើយគាត់មិនចេះនិយាយស្ដីទេបានជាគ្មានអ្នកណាទំនាក់ទំនងជាមួយ។ ប៉ុន្តែមានសាក្សីអះអាងថាបើនៅម្នាក់ឯងវិញជននេះនិយាយឡើងប្រើភាសាជាពាក្យបុរាណរញ៉េរញ៉ៃស្តាប់មិនយល់ ដូច្នេះហើយបានជាគ្មាននរណារវល់ជាមួយ។
អាជ្ញាធរភូមិឃុំនិងអ្នកភូមិជាច្រើនអះអាងថា គេធ្លាប់ឃើញគាត់យកដំណាំចេញពីព្រៃយកមកលក់ដូរអង្ករ និងធ្លាប់ព្រមស៊ីឈ្នួល ធ្វើចម្ការដូរអង្ករ ម្ហូប ត្រី សាច់ ដោយគ្រប់គ្នាចាត់ទុកថា គាត់មានកម្លាំងខ្លាំងតែមានចេតនាមិនប្រក្រតី ក្រីក្រ មិនស្គាល់ផ្ទះសម្បែង។
សូម្បីកូនស្រីម្នាក់ដែលនិយាយថាបានរៀនដល់ថ្នាក់ទី១២ក៏គ្មាននរណាដឹងផង ពួកគេជឿថា នាងវង្វេងស្មារតី និយាយកុហកច្រើននិងពូកែនិយាយដូចមនុស្សបានរៀនសូត្រ ដោយសារឪពុកនាងមានវិទ្យុមួយទុកឱ្យនាងស្តាប់ពេលបង្ខាំងនៅក្នុងផ្ទះ។
«គាត់មិនចង់ឲ្យខ្ញុំស្រឡាញ់មនុស្សប្រុស»
សភាពរបស់នាងដែលគេបានជួបមិនដូចមនុស្សដែលមិនមានទំនាក់ទំនងក្នុងសង្គមទេ។
អ្នកនិពន្ធគិតហើយបន្តព្យាយាមរុករកមកអានបន្ថែមនូវព័ត៌មានផ្សេងៗណាក្តី ឱ្យតែសរសេរទាក់ទងនឹងឪពុកកូនចម្លែកនេះ។
ចំណងជើងមួយទៀតលេចឡើង «ដាក់ឈ្មោះកូនស្រីខ្លួនឯងឈ្មោះកេសនា ជាឈ្មោះមនុស្សស្លាប់កាលពីបុរាណ ដើម្បីដោះជំងឺ» កាលពីអាយុបាន១១ឆ្នាំ ក្មេងស្រីបានត្រូវឈឺធ្ងន់ ប៊ិះនឹងស្លាប់ដូច្នេះហើយ ដើម្បីសុំជីវិតមួយថ្មីកូន មានអ្នកចូលរូប រស់ក្នុងព្រៃជ្រៅបានប្រាប់គាត់ឲ្យដាក់ឈ្មោះនាងឱ្យដូចឈ្មោះព្រាយបិសាចដែលគេល្បីម្នាក់នោះ ទើបដោះជំងឺបាន មិនតែប៉ុននោះឪពុកត្រូវស្ម័គ្រចិត្ត ត្រូវអានពាក្យបាលីលើដើមខ្មោច(ដើមឈើទាលចាស់)បីដងទៀត ហើយស្បថថា បើនាងមានស្នេហាជាមួយមនុស្សប្រុសណាត្រូវសម្លាប់មនុស្សនោះមុនពេលនាងបាត់ជីវិតខ្លួនឯង…..
គេទម្លាក់ទូរសព្ទចុះលែងអាន…..
«ឥឡូវនេះពួកអ្នកកាសែតកំពុងប្រមូលគ្នាជាក្រុម ចូលទៅក្នុងព្រៃជ្រៅរកមើលទីតាំងអ្នកចូលរូបម្នាក់នោះមកសួរនាំការពិតថា អ្វីទៅបានជាពុកកូន២នាក់នេះ ក្លាយជាមនុស្សរស់ឆ្ងាយពីគេ និងតាមរបៀបខុសគេបាន!» មុនីនិយាយដោយសម្លឹងមុខមិត្ត។
ក្នុងសភាពហត់នឿយ អ្នកនិពន្ធសួរវិញដោយមិនងាក៖
«មិនដឹងទេ មិនយល់! មនុស្សពីរនាក់នេះខ្ញុំគិតមិនយល់!»
«បីនាក់! កាលពីបីឬបួនឆ្នាំមុន ម្តាយនាងបានព្យាយាមឃាត់ឃាំងមិនឲ្យប្ដីទៅសម្លាប់មនុស្សពេលវិញ្ញាណចូលក៏ត្រូវប្តីកាប់ស្លាប់!»
គេងើបមុខសម្លឹងមិត្តភក្តិឈ្មោះកេនដែលកំពុងតែនិយាយរឿងនេះប្រាប់មកខ្លួន។
កេនបន្តទៀត៖
«កាសែតសម្ភាសន៍ចំសាក្សីខ្លះគេនិយាយថា អ្នកស្រុកជឿពីរឿងវិញ្ញាណបង្ខំគាត់ធ្វើឃាតមនុស្សប្រុស! គេថាវិញ្ញាណក្នុងរឿងនិទាននិងដើមឈើជាប់បាលីនោះរើមិនបាន ប៉ុន្តែឥឡូវនេះក្រោយតានោះស្លាប់គេមករំលើងដើមស្រឡៅនោះចេញពីវាលភក់បានសម្រេចផុយ!»
ពួកម៉ាកថាចប់រុញទូរសព្ទបង្ហាញគេ ឱ្យមើលវីដេអូលើយូធូបដែលបង្ហាញអំពីសកម្មភាពត្រាក់ទ័រទៅបំផ្លាញរំលើងព្រឹក្សាអាយុរយឆ្នាំនោះ។
សម្លឹងវីដេអូទាំងមិនមាត់មិនក អ្វីៗដូចជានៅថ្មីៗច្បាស់នឹងភ្នែកណាស់សម្រាប់កវីយើង។ ចិត្តនាយឈឺដោយគ្មានហេតុផលច្បាស់ថាគេស្រលាញ់ឬស្រណោះ តែពិតជាកាន់សម្លឹងរឹងរឹតធ្លុះធ្លាយ។
គេនឹកទៅដល់សម្ដីនាង «ចង់អានខ្លាំងណាស់! ចង់អានសៀវភៅជាខ្លាំង ប៉ុន្តែគ្មានលុយទិញហើយមិនដឹងត្រូវទិញនៅឯណាទៀត ឃើញគេផុសច្រើនណាស់តាមហ្វេសប៊ុក!»
ក្មេងស្រីវ័យជំទង់ដែលស្រស់ស្រាយបរិសុទ្ធស្និទ្ធស្នាល នាងគ្រាន់តែចង់ដកបណ្ដាសាលើខ្លួនឪពុកចេញវិញឬអ្វីបានជាមិនយល់ការពិតហើយព្រមរួមដៃជាមួយឪខ្លួនមកបោកបញ្ឆោតខ្ញុំនេះឲ្យទៅអានអក្សរនៅលើគល់ឈើនោះ។ គេគិតឈឺក្បាលណាស់។
បុរសធ្មេចភ្នែក តែគ្រប់យ៉ាងមិនអាចរលត់ពីការគិតឡើយ។
តើនាងពិតជាប្រើល្បិចធ្វើជាច្រៀងកណ្តាលរាត្រីនៅពេលដែលដឹងថាមានអ្នកចំណូលថ្មីម្នាក់មកពីភ្នំពេញដើម្បីផ្ទេរវិញ្ញាណខ្មោចទៅលើខ្លួនគេ?
គេហៅនាងឡើងទាំងទឹកភ្នែកសស្រាក់ថា«កេសនា»
ភ្លាមនោះ ត្រឹមឈ្មោះនាងរលត់ស្នូរអ្វីមួយបានលាន់ឡើង….
ប្រេះ!ប្រស់ៗ!
ដំបូលពិតានកំពុងប្រេះ ឯភ្លើងសំណុំធំនៅខាងលើនោះកំពុងរកកលនឹងបើកធ្លាក់ចុះដែរ។
បន្ទប់និងជញ្ជាំងទាំងអស់ហាក់ប្តូរទ្រង់ទ្រាយធ្វើចលនារង្គោះរង្គើ …
មិត្តភក្តិដែលកំពុងស្រឡាំងកាំង មិនអាចជួយអ្វីដល់ជីវិតកម្លោះយើងទេ មានតែទុកគេឲ្យគេសំប៉ែតនៅក្រោមកម្លាំងធ្លាក់របស់សំណុំអំពូលភ្លើង តួម៉ាស៊ីនត្រជាក់ និងផ្ទាំងគំនូរនានានោះ។
ប៉ុន្តែគ្មានមនុស្សដេកចាំស្លាប់ទេ។
ប្រាថ្នាលើកដៃវាសវាត់គ្រប់យ៉ាងត្រឡប់ទៅវិញធ្វើឱ្យវត្ថុតូចធំ ធ្ងន់ស្រាលនានាត្រូវខ្ទាតខ្ចាយខ្ទេចខ្ទីដូចជាកម្ទេចសម្រាម។
សន្តិសុខនិងបុគ្គលិកពេទ្យរត់ចូលមកបន្តបន្ទាប់គ្នាខណៈប្រាថ្នាបើកភ្នែកក្រហមង៉ូវសម្លក់មកកំភួនដៃកខ្លួនឯង នឹកឆ្ងល់ថាហេតុអីបានជាដៃជើងនេះស្រាប់តែរឹងដូចជាថ្ម មានកម្លាំងមហាសាលខ្លាំងម្ល៉េះ។
«នាំអ្នកជំងឺទៅបន្ទប់ផ្សេង»
សំឡេងគ្រូពេទ្យម្នាក់បញ្ជាមកពីក្រោយក្រុមបុគ្គលិក។
ខណៈមិត្តទាំងអស់នៅឈរធ្វើស្លេកស្លាំង គិលានុបដ្ឋាយិកា២រូបដើរចូលមករកគ្រែអ្នកនិពន្ធ ប៉ុន្តែសាមីខ្លួនគេមិនបានស្ដាប់ឮបញ្ជារបស់គ្រូពេទ្យ ឬមើលឃើញនារីពីរនាក់នេះថា ជាពេទ្យឡើយ។
ចិត្តគេគិត ថាគិលានុបដ្ឋាកទាំងនោះកំពុងតែចូលមកចាប់គេចង។
ជាថ្មីទៀត គេរវាសដៃដដែលត្រឹមមួយវាសក៏អាចបំប៉ើងស្ត្រីទាំងទ្វេស្រាលដូចសំឡីខ្ទាតប៉ះផ្ទប់ទៅនឹងជញ្ជាំងយ៉ាងដំណំ មានម្នាក់សន្លប់ភ្លាមមួយរំពេច ម្នាក់ទៀតរងរបួសឱបពោះអង្កុញជើងក្រោកលែងរួចក្បែរជញ្ជាំង។
សន្តិសុខចំហមាត់…..ហើយឈប់ភ្លឹកក៏ស្ទុះចូលមកក្បែរអ្នកជំងឺសាជាថ្មី តែវាសនាដូចអ្នកមុនដែរ ពួកគេក៏ត្រូវខ្ទាតប៉ើង…..
ក្នុងភាពពុះកញ្ជ្រោល សុភាពបុរសផ្ដាច់សេរ៉ូមពីកដៃ ស្ទុះក្រោកឡើងឈរលើគ្រែ។ ចាប់អារម្មណ៍ថា រាងកាយខ្លួនរបស់គេមានលក្ខណៈដូចជាស្រាលស្ញើក រកតែនឹងអណ្ដែតឡើង ឬឯអវៈយវៈគ្រប់កន្លែង មានកម្លាំងដូចជាដំរីសារ។
មានអ្វីមួយបង្ហាញថា ចិត្តនេះចង់ទៅកាប់ចិញ្ច្រាំ វាយវាត់ បោកកម្ទេច។
«អ្នកណា? អ្នកណានៅក្នុងខ្លួនយើង!»
គេស្រែកសួរខ្លាំងៗតឹងអស់សសៃសសូងធ្វើឲ្យមិត្តភក្តិអុកគូទអង្គុយទៅលើសាឡុងលែងនិយាយអ្វីរួច ព្រោះទន់ជើង។
នៅក្បែរបង្អួចដែលគេក្រឡេកទៅក្រោមមន្ទីរពេទ្យ ពិតណាស់គេឃើញនាងឈរនៅក្បែរដើមឈើធំមួយ។
នាងបក់ដៃនិងញញឹមមក…..
កេសនា!
គេហៅនាងខ្សឹបៗទាំងភ្នែកក្រឡោតៗ ហើយសម្លឹងទៅជាន់ខាងក្រោម។
«ចាប់អ្នកជំងឺឱ្យជាប់កុំឱ្យលោត! បិទបង្អួច! បិទភ្លាម!»
ក្រុមសន្តិសុខរត់ឡើងមកច្រើនឡើងៗ ពេលដែលគ្រូពេទ្យស្រែកបញ្ជាភ្លាត់សំឡេង។
គិលានុបដ្ឋាកដែលនៅសេសសល់នាំគ្នាដកថយឆ្ងាយពីរបីម៉ែត្រពីមាត់ទ្វារទុកឱ្យក្រុមសន្តិសុខចូលមក។
«បើបងឯងលោតមក គ្រប់យ៉ាងនឹងចប់! ព្រាយនោះមិនអាចបន្តចងអាឃាតនិងបណ្តសាទៀតទេ!»
គេងក់ក្បាល ប៉ុន្តែអ្វីមួយតោងដៃគេ។
«អានេះ! អ្ហែងគិតអី? អ្ហែងធ្វើអី? ម៉ែអ្ហែងគាត់ជិតមកដល់ហើយ!»
គេសម្លឹងមុខកេន ដែលប្រឹងបែកញើសសស្រាក់មកឱបតោងជើងខ្លួន រួចមិត្តពីរនាក់ទៀតក៏មកធ្វើតាមរារាំងគេ។ ប្រាថ្នាឱនសម្លឹងរាងកាយខ្លួនឯងពីលើដល់ក្រោម។ សតិគេចងចាំតែសម្តីរបស់នាង «គ្មាននរណាហ៊ានអានវាបីដងទេ! ដូច្នេះហើយព្រាយនោះនៅតែរស់នៅជាមួយតួខ្លួនឪពុករបស់ខ្ញុំ»។
ទីបំផុតយើងត្រូវបានវិញ្ញាណខ្មោចគ្រប់គ្រងបានហើយ? យើងនឹងសម្លាប់មនុស្ស?
គេចាប់ផ្តើមខឹងសម្បា ស្រែកឡូឡាទាំងភ្នែកហើយក្រឡាស់បំប៉ើងមិត្តខ្ទាតខ្ចាត់ខ្ចាយ។
«កុំលោត!»
សំឡេងនាង?
គេបែរក្រោយភ្លាម ហើយពិតដូចគិត កេសនាកំពុងលេចឡើងនាងឈរក្នុងចំណោមគ្រូពេទ្យ។
ហេតុអីមាននាងពីរនាក់?
ចុះម្នាក់នៅក្រោមនោះជាអ្នកណា?
«បងកុំលោត! បងអ្នកនិពន្ធកុំមើលវា! នៅក្រោមនោះជាវិញ្ញាណខ្មោច! បងមកតាមខ្ញុំ!»
ថាហើយនាងរត់ចេញ ខាងប្រុសក៏រត់ទៅតាមដោយគ្មានអ្នកណាហាមឃាត់បានទេ។ ក្រុមសន្តិសុខដែលមកច្រើនឡើងនៅតាមច្រកផ្លូវឡើងមកត្រូវបានប៉ើងខ្ទាតបាក់ដៃជើង។
យុវបុរសអ្នកនិពន្ធដែលជាមនុស្សភ្លឺស្វាងពេលនេះរត់ដោយងងឹតងងល់ទាំងមិនដឹងថា ខ្លួនឯងកំពុងទៅណាដោយទីបំផុតបានមកដល់ចម្ងាយប្រមាណជាសាមសិបម៉ែត្រពី…..វាលល្បាប់និងដើមឈើទាល។
គ្រប់យ៉ាង នៅទីនោះដដែល?
ហេតុអី?
គេបានឃើញវីដេអូដែលមិត្តភក្តិបានបង្ហាញប្រាប់ថាត្រាក់ទ័របានដកដើមនោះចេញហើយ?
យើងឆ្កួតហើយ? យើងត្រូវខ្មោចចូលមែន! យើងឃើញអ្វីៗទៅជាឆ្កួតៗ?
នុះ! មនុស្សស្រីស្លៀកពាក់ជាទាសករ ជាមួយក្បិនខ្មៅរាងកាយប្រលាក់ស្រម៉ក កំពុងអង្គុយសរសេរអក្សរបុរាណមួយជួរនៅនឹងនៅគល់ឈើជាមួយស្នៀតសក់របស់នាង។
បន្ទាប់មកនាងបោះខ្សែឡើងទៅលើហើយចាប់ផ្ដើមធ្វើអត្តឃាតខ្លួនឯង។
អ្នកនិពន្ធស្រែកភ្លាត់សំឡេងអស់ពីពោះពីពុង «ទេ! កុំធ្វើអ៊ីចឹង! កុំធ្វើអ៊ីចឹង!»
នារីនោះគិតពីយំនិងដាក់បណ្តសា គេវិញគិតពីស្រែកឃាត់ឡើង៖
«អ្នកដឹងទេ! ដោយមានសរសេរអក្សរទាំងនេះ! រាប់រយឆ្នាំទៅមុខទៀតបណ្ដាសាពិបាកនឹងលុបចោលណាស់! កុំធ្វើវា! ឲ្យគ្រប់យ៉ាងបញ្ចប់ទៅ អហោសិកម្មទៅ!»
នារីនោះដូចជាមិនបានឮគេនិយាយចចារទេ។
គេរត់ចូលទៅ ស្រាប់តែសំឡេងមួយឡូៗមកខ្ទរត្រចៀកអ្នកនិពន្ធ។
«ចៅលុបអក្សរនោះទៅ! លឿនឡើង! លុបបណ្ដាសានោះទៅ!»
គេស្ទុះរត់ទៅក្បែរគល់ឈើ។ អក្សរបុរាណមួយជួរច្បាស់ក្រឡៅដៅនៅកន្លែងដដែលនោះ ដូចដែលគេធ្លាប់ឃើញ គ្រាន់តែពេលនេះគេអានមិនដាច់ ព្រោះមិនមែនជាអក្សរសម្រាយ។
«ខ្ញុំគ្មានអ្វីទាំងអស់! មានតែបាតដៃទទេ! ធ្វើម៉េចទៅ ខ្ញុំបានស្អីលុប!»
គេស្រែកហាក់អន្ទះសា ស្រាប់តែមានសំឡេងផ្សេងឆ្លងឆ្លើយមក៖
«ប្រើស្ពាន់នោះទៅ! គាថាបន្ទះស្ពាន់នោះ!»
នេះមិនមែនជាសំឡេងចម្លែកទេ គេបែរក្រោយក៏ឃើញនាង។ នារីគួរអាណិតដែលបានប្រគល់នូវបន្តោងស្ពាន់មកឲ្យគេ។
«ឆាប់ឡើង លុបវាទៅ!»
គេបែរមកវិញ លូកទៅក្នុងហោប៉ៅខាងឆ្វេង។ ពិតហើយវានៅទីនោះដដែល អ្វីដែលនាងបានឲ្យគេ គេរក្សាទុកមិនប្រហែសទេ។
ក៏គិតមិនយល់ ថាហេតុអីនាងមិនឲ្យឪពុកនាងលុបបណ្ដាសានោះទៅ?
គេយកវាចេញមក ហើយចាប់ផ្ដើមកោសលុប។
មិនទាន់បានកោសផង ពន្លឺនៃគាថានេះបញ្ចេញអានុភាពមករលុបបណ្តាអក្សរបុរាណដែលនៅគល់ដើមឈើទាល រលុបម្តងមួយៗដូចប្រើជ័រទៅលុបសំណៅខ្មៅដៃពិតៗ។
«អញសួរគេហើយ! សាស្ត្រាចារ្យម្នាក់ចេះអក្សរបុរាណ គាត់និយាយថា អក្សរនេះមានន័យថា គ្រប់យ៉ាងមានទីបញ្ចប់! វាជាកំណាព្យមួយក្នុងចំណោមជាតិនៃព្រះពោធិសត្វសម្តែងថាគ្រប់យ៉ាងលើលោកនេះរមែងមានទីបញ្ចប់!»
គេឮសំឡេងមិត្តរបស់គេនិយាយពាក្យនេះតែមើលមិនឃើញមិត្តទេ។
ចុងបញ្ចប់នៃកាលនេះ ទាសករស្រីមិនអាចសម្លាប់ខ្លួនបានទេ នាងចាប់ផ្តើមរលាយហើយ ដូចពេលវេលាដែលធ្វើឱ្យរលាយរលត់ទៅនូបស្រមោលអតីតនានាដូច្នេះដែរ។ ទាំងដើមឈើទាលក៏រលាយបាត់ទៅតាមនោះដូចគ្នាដែរ។
គេបែរក្រោយសោយសោមនស្ស គឺចង់មករកមើលនារីគួរឲ្យអាណិតវិញ ប៉ុន្តែនាងក៏ចាប់ផ្ដើមរលាយរូបទាំងញញឹម។
«បណ្ដាសាចប់ហើយ គ្មានអ្នកណារងគ្រោះទៀតទេ!»
នាងនិយាយពាក្យចុងក្រោយនេះ មុនពេលរលត់បាត់ទៅក្នុងបរិយាកាស។
មិនដឹងថាពេលវេលាកន្លងទៅយូរប៉ុនណា….សាជាថ្មីគេភ្ញាក់ដឹងខ្លួនមកវិញហើយពិនិត្យឃើញខ្លួនឯងនៅក្នុងផ្ទះមួយមានម្តាយឪពុកញាតិមិត្តជាច្រើននៅក្បែរៗ……
ទីនេះគឺជាផ្ទះរបស់ខ្លួន! មិត្តភក្តិរបស់ខ្លួនកំពុងឈរជាក្រុមនៅខាងក្រៅរានហាល ….
«ខ្ញុំនៅឯណា?»
បានសម្រេចហើយ! អ្វីៗទាំងអស់យើងដោះស្រាយបានហើយ!
នេះគឺជាសំឡេងដែលគេមិនដែលស្គាល់ ប៉ុន្តែនឹកឃើញឡើងវិញធ្លាប់ឮ។
ជាសំឡេងដែលគេបានឮ ស្រែកដាក់ត្រចៀកថា «លុបបណ្ដាសានោះទៅ! លុបអក្សរនោះទៅ!»
គាត់គឺជាបុរសចំណាស់ម្នាក់ដែលមានសក់ជាសំណុំកណ្តាញ់លើក្បាល និងស្លៀកពាក់ដូចជាអ្នកកាន់សីល។
បន្តិចមកអ្នកនិពន្ធដឹងថា គ្រួសារគេបាននាំគេមកស្រាយបណ្ដាសានៅផ្ទះ ក្រោមការជ្រោមជ្រែងនៃលោកគ្រូបុរាណម្នាក់នេះ។
គ្រប់យ៉ាងចាប់តាំងពីពេលដែលគេសន្លប់នៅផ្ទះរបស់កេសនានិងឪពុកនាង រឿងនៅក្នុងមន្ទីរពេទ្យ និងរឿងនៅវាលភក់មិនមែនជាការពិតទេ ជាសុបិន។
ឯនេះក៏មិនមែនជាសុបិនធម្មតាៗដែរ ជាការបណ្តើរវិញ្ញាណគេឱ្យចូលទៅដោះស្រាយបញ្ហា ដោយទុករាងកាយផ្ញើទៅនឹងគ្រូបុរាណម្នាក់នេះ។
«មនុស្សស្រីនោះពិតជាបានស្លាប់មែនទេ? ឪពុកនាង?»
មិត្តភក្តិរបស់គេងក់ក្បាលទាំងក្រៀមក្រំហុចកាសែតជាច្រើនមកឲ្យគេអានខ្លួនឯង។
គេងាកទៅសួរលោកតាសក់កណ្តាញខ្លីថា៖
«ហេតុអី បានជានាងមានរបស់នេះមកឱ្យគេ គឺបន្តោងស្ពាន់នោះ?»
លោកតាពន្យល់ថា៖ «ព្រោះការដោះស្រាយបញ្ហាផ្លូវងងឹតទាំងអស់មិនមែនប្រើតែក្បួនមួយទេ! ត្រូវការមនុស្សដែលមាននិស្ស័យ នាងមានរបស់នេះ តែពុកនាងឬនាងមិនអាចទៅធ្វើទេ!»
បានន័យថា រឿងនិទាននោះមានពិតមែន?
«មានដូចគ្មាន!»
គាត់ឆ្លើយ។
«ខ្ញុំមិនយល់ទេម៉ែ»
គេងាកទៅសួរម្តាយតែគាត់មិនមាត់បានត្រឹមអង្អែលក្បាលកូនប្រុស។
ក្រោយមកច្រើនខែ គាត់បានប្រាប់ថាពីបុរាណណាចារយូរណាស់មកហើយ ខ្មែរយើងមានជំនឿថាមនុស្សជិតស្លាប់អាចដាក់បណ្ដាសា ជាពិសេសអ្នកដែលស្លាប់ដោយអយុត្តិធម៌ ហើយការដោះវិញគង់ពិបាកណាស់ អាស្រ័យទៅលើមនុស្សមាននិស្ស័យ ក្នុងការដោះស្រាយហើយនឹងប្រើរបៀបត្រឹមត្រូវ ។
រាត្រីកាលចូលមកដល់ អ្នកនិពន្ធបានអង្គុយនៅនឹងតុសរសេរសម្លឹងទៅព្រះចន្ទនៅខាងក្រៅ។
គេចាប់ផ្តើមនូវតួអក្សរដំបូងបង្អស់សម្រាប់សៀវភៅរឿងថ្មីរបស់ខ្លួន «កេសនា តួស្រីក្នុងរឿងព្រេង» រួចថតផ្សាយទៅលើបណ្តាញសង្គម។
សារលោតមកជាសាររបស់ មុនី៖
«នៅសរសេរទៀត?!»
«ត្រូវហើយ! ហើយ….យើងថែម Tagline ទៀតថា បើនឹងអានទេវកថា កុំប្រមាថសូត្របាលីក្នុងនោះលេងសើច!»
ចប់ដោយបរិបូរណ៍

