សមាជិកក្រុមឥន្រ្ទីយ៍បានបោះពុម្ពសៀវភៅប្រលោមលោករបស់ខ្លួនជាលើកដំបូង

ក្រោយកម្មវិធី MST Writer រដូវកាលទី១បានដំណើរការរហូតមកដល់បច្ចុប្បន្ន ក្រុមការងារបានទទួលស្នាដៃចូលរួមជាច្រើននិងបានចេញផ្សាយជាបន្តបន្ទាប់តាមលំដាប់លំដោយរបស់ខ្លួន ក្នុងនោះដែរអ្នកនិពន្ធម៉ី សនសុធារី បានបណ្ដុះបណ្ដាលអំពីការតែងនិពន្ធទំព័រដំបូងនៃប្រលោមលោកឱ្យមានភាពទាក់ទាញអស់ចំនួន៣ក្រុមរួចមកហើយ។

ក្រុមឥន្រ្ទីយ៍ដែលមានសមាជិក១០នាក់ហើយពោរពេញដោយទេពកោសល្យក្នុងការសរសេរប្លែកៗផ្សេងពីគ្នា គឺជាក្រុមដំបូងបង្អស់ក្នុងវគ្គបណ្ដុះបណ្ដាលសម្រាប់រដូវកាលទី១នេះ។ ជាលទ្ធផល ឥន្រ្ទីយ៍ទាំង១០បានផ្សាយចេញនូវប្រលោមលោករន្ធត់របស់ខ្លួនក្រោមប្រធានបទរួម«ធ្លាប់ជាសង្សារកាលមុននាងស្លាប់»កាលពីដើមខែវិច្ឆិកាកន្លងទៅ។ ដោយឡែកសមាជិកម្នាក់ដែលមានឈ្មោះទឹម ផល្លីនដា នាមប៉ាកកា វិនិទ្រា បានបោះពុម្ពសៀវភៅដំបូងរបស់នាងក្រោមចំណងជើងថា«នាងផ្កាបរិសុទ្ធ»។

តាមរយៈការបញ្ជាក់ពីអ្នកនិពន្ធដែលពូកែផ្នែកប្រលោមលោកអភិនីហារនិងធ្លាប់ចេញផ្សាយចំណងជើងរឿងធំៗ២នៅលើវេបសាយម៉ីសនសុធារីរួចមកហើយ បានឱ្យដឹងថា «រឿងនាងផ្កាបរិសុទ្ធ» ជាប្រភេទរឿងបែបមនោសញ្ចេតនាស្នេហាតាំងពីសម័យបុរាណ ដែលចំណុចពិសេសនៅក្នុងរឿងគឺបាននិយាយទាក់ទងទៅនឹងបញ្ហាមនុស្សស្រីដែលបាត់បង់ភាពបរិសុទ្ធមុនពេលរៀបការក្នុងជំនឿមួយប្រភេទរបស់សាសនាមួយដែលមនុស្សភាគតិចប្រកាន់យក ហើយពួកគេប្រកាន់ភ្ជាប់នូវទំនៀមទម្លាប់តាមភូមិនីមួយៗ និងភាពជាអមនុស្សដែលយើងមើលមិនឃើញក្នុងប៉ែកដ៏តូចមួយស្ទើរតែលែងមានមនុស្សជឿជាក់ ហើយក៏បានលើកឡើងនូវសេចក្ដីស្នេហាដ៏ធំធេងរបស់តួអង្គដែលហ៊ានសូម្បីបូជាកាយជូនមនុស្សជាទីស្រឡាញ់ មិនតែប៉ុណ្ណោះអ្នកនិពន្ធនិងក្រុមការងាររបស់ខ្លួនបានរួមបញ្ចូលនូវចំណេះដឹងទូទៅរបស់ប្រវត្តិសាស្ត្រមកក្រើនរំឭកផងដែរ។

ទម្រាំអាចចេញផ្សាយសៀវភៅមួយក្បាលនេះបាន អ្នកនិពន្ធមកពីក្រុមឥន្រ្ទីយ៍រូបនេះបានបន្ថែមទៀតថា «បើនិយាយអំពីរយៈពេលសរសេរនិងកែអក្ខរាវិរុទ្ធខ្ញុំបានប្រើពេលអស់៣ខែជាង ប៉ុន្តែចំពោះឆ្អឹងរឿងគឺខ្ញុំបានគ្រោងវាតាំងពីឆ្នាំ២០២០មកម្ល៉េះ។ បើចំពោះរឿងឧបសគ្គវិញមានមិនតិចនោះដែរ ព្រោះកំឡុងពេលសរសេរសៀវភៅនេះខ្ញុំស្ថិតក្នុងការត្រៀមប្រលងបញ្ចប់ឆ្នាំទី១២មិនមានពេលច្រើនឡើយ ហើយពេលខ្លះក៏ប្រឹងសរសេរទាំងឈឺក៏មាន ព្រោះខ្ញុំមិនបានប្រាប់ទៅនរណាម្នាក់ឡើយថា ខ្ញុំនឹងត្រៀមចេញសៀវភៅជាស្នាដៃខ្លួនឯងព្រោះគិតថាគ្មានអ្នកគាំទ្រ តែខ្ញុំនៅតែធ្វើវាដោយយកចិត្តទុកដាក់បំផុតហើយវាក៏បានសម្រេច ហើយម្យ៉ាងវិញទៀតវាជាប្រភេទរឿងបែបសង្គមបុរាណប្រពៃណីទំនៀមទម្លាប់មួយចំនួនសុទ្ធសឹងតែជាការពិត ដូច្នេះខ្ញុំក៏ត្រូវចំណាយពេលស្រាវជ្រាវនិងបានទទួលការផ្ដល់យោបល់ពីលោកគ្រូដែរជាអ្នកស្គាល់ពីប្រវត្តិសាស្ត្រដូចគ្នា។»​

ត្រង់ចំណុចនេះដែរ វិនិទ្រាបានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា ចង់ឱ្យអ្នកអានគ្រប់គ្នាបានអានសៀវភៅមួយក្បាលនេះ ទោះបីអ្នកអានប្រភេទអ្វីក៏ដោយចុះព្រោះវាជាស្នាដៃដំបូងរបស់ខ្លួន ដោយហេតុកញ្ញាចង់បានការវាយតម្លៃក្នុងន័យស្ថាបនាពីមនុស្សគ្រប់មជ្ឈដ្ឋានទូទៅដើម្បីអភិវឌ្ឍខ្លួនទៅថ្ងៃមុខ។

វិនិទ្រាគ្មានអ្វីក្រៅពីរីករាយនៅពេលបានឃើញស្នាដៃខ្លួនចេញជារូបរាងហើយបានចេញលក់នៅលើទីផ្សារនោះឡើយ ព្រោះហាក់ប្រៀបដូចជាសុបិន! ហើយអ្នកនិពន្ធវ័យក្មេងរូបនេះមិនដែលគិតថានិងក្លាយជាអ្នកសរសេរ ហើយបានចេញជាសៀវភៅនោះឡើយ ដោយគ្រាន់តែស្រឡាញ់ ហើយបានជំរុញនាងឱ្យក្លាយជាអ្នកអ្នកសរសេរសៀវភៅដោយមិនដឹងខ្លួន! ទន្ទឹមនឹងភាពសប្បាយរីករាយ វិនិទ្រាក៏នៅតែមានអារម្មណ៍ថាព្រួយបារម្ភខ្លាចថាវាអាចកំហុសច្រើនឬទេ? តែយ៉ាងណាកញ្ញានៅតែជឿជាក់ថារាល់ការខិតខំទាំងអស់តែងតែមានកំហុសដែលទុកជាមេរៀន ហើយត្រូវសិក្សាពីវានិងរីករាយនូវអ្វីដែលមានចំពោះមុខ។

អ្នកនិពន្ធម៉ីសនសុធារីនិងក្រុមការងារ MST Writer សូមចូលរួមអបអរសាទរចំពោះវិនិទ្រាដែលបានខិតខំប្រឹងប្រែង និងសម្រេចបានសមទ្ធិផលបែបនេះ។ សម្រាប់អានអ្នកដែលចង់ជាវយកទៅអាចទាក់ទងទៅផេក”ប្រលោមលោកវេទមន្ត” ឬ ទាក់ទងទៅហ្វេសបុកផ្លូវការរបស់អ្នកនិពន្ធវិនិទ្រា ។

«ជាចុងក្រោយនាងខ្ញុំសូមជូនពរដល់អ្នកអានគ្រប់គ្នាព្រមទាំងខ្ញុំឱ្យចួបនៅស្នេហាដែលបរិសុទ្ធដូចជាតួអង្គរឿងនាងផ្កាបរិសុទ្ធយ៉ាងអ៊ីចឹង…។ »

សូមអរគុណ…

ពីវិនិទ្រា