រឿង៖ ទំនុកភ្លេងស្នេហ៍ ភាគទី២៥

វគ្គ​ បេះដូងតែងតែប្រាប់ការពិត

«មនុស្ស​ស្រីម្នាក់នោះ មិនលែងសក្តាវណ្ណទេ!»

តុបនិយាយ​ដោយហុចទូរសព្ទទៅឱ្យជេន្នីមើល។

ជេន្នីក្រឡេកមើលឃើញ​ហើយ​ងាកមករឹតទ្រូង។ តុបដៀងភ្នែកមកអង្គដំណាលនោះដែរ។ តាមពិត​សភាពរបស់​អង្គពេលនេះ នាង​ចង់ដឹងពន់ពេកហើយថា នោះជារូបអ្វី ​ប៉ុន្តែដោយ​សារតុបមិនទាន់ហុចមក បានជា​នាង​ក៏មិនហ៊ានសម្លឹងទៅ។

«កន្លែងនេះ មិនមែន​អ្នកណាក៏ចូលបានទេវ៉ី!»

តុបថាបន្តធ្វើឱ្យជេន្នីពេបមាត់ញាក់ស្មា៖

«កាហ្វេមឺនុយសម្រាប់កូនអ្នកមាន​កប់ៗ យកលុយជះមុខមនុស្សប្រុសហើយតើនៀក!»

«សំខាន់ ខាងយើងព្រមឱ្យជះបានអត់?!» តុបថាហើយ​ហុចទូរសព្ទមកឱ្យ​អង្គពិនិត្យ។

«យើងដឹងហើយ កុំបាច់ប្រាប់វែងឆ្ងាយនាំមួម៉ៅ!»

ជេន្នីនិយាយហើយងាកមុខចេញទាំងមិនសប្បាយចិត្តជាខ្លាំង។ អង្គឈ្ងោកមុខពិនិត្យ​រូបរាងប្រុសស្នេហ៍ដែលអង្គុយញ៉ាំកាហ្វេនំក្រែមតទល់គ្នានៅក្រោមពន្លឺពណ៌មាសនៃភ្លើងទៀនព្រោងព្រាតនាកំពូលភោជនីយដ្ឋានដែលត្រូវបានរៀបចំឡើងយ៉ាងរ៉ូមេនទិក។

សំឡេងតុប​លាន់មក​៖

«គេផ្ញើរូបថតនេះមក គឺគេមានចេតនាចង់ឱ្យខ្ញុំបញ្ចេញ!»

«អ្នកណាផ្ញើមក?» អង្គពោលសួរភា្លម​ទៅតាម​ការចង់ដឹង និង​សម្លឹងទៅទឹកមុខម្ចាស់ទស្សនាវដី្តល្បីរូបនេះ។ ប្រហែលជាមនុស្សរបស់ពុទ្ធីតា ។

«ខ្លួនជាអគ្គនាយិកាតែងដឹងប្រភពមែនទេ?!» ជេន្នីចោះសួរមកទៀត។

«កូនចៅខ្ញុំផ្ញើមកទេ! ធម្មតាយើងមាន​ Secret Boxមួយ ទុកសម្រាប់ទទួលយកនូវព័ត៌មានសំខាន់ៗ ឬមិនសំខាន់ តែជាព័ត៌មាន​អេចអូចនៅក្នុងក្រុមអភិជនឬក៏ក្រុមតារា! ដូច្នេះ….អាចនិយាយថា​ភាគច្រើន​អ្នកដែលបង្ហោះព័ត៌មានមក គេចង់ដាក់សមាសភាពរបស់គេជាអាខោនក្លែងក្លាយ!»

«មិនប្រាប់ពីគោលបំណង យោបល់និងចុះផ្សាយអីទេ?» ជេន្នី​ជជីកសួរដៃទាញអេក្រង់យកមកពង្រីកមើល។

«ប្រាកដជាអត់ហើយ!​ ​តែភាគច្រើន គេចង់ឱ្យមាន​ព័ត៌មានចេញ!»

ជេន្នីធ្វើមុខក្រញូវ។ គេហុចទូរសព្ទ​ទៅម្ចាស់វិញ និង​សួរទៅកាន់តុបវិញ៖

«អ៊ីចឹង​ឯងមិនអូសទូកបណ្ដោយទឹកទេមែនអត់? ស្រីម្នាក់នោះដូចជាចង់ប្រាប់គេឯងទាំងអស់ថា សក្តាវណ្ណនេះ​ជារបស់គេ? ឬចង់ឱ្យខូចដល់កេរ្តិ៍ឈ្មោះទើបនឹង​សាងបាន​របស់សក្តាវណ្ណ?!»

តុប​ដកដង្ហើមធំដឹងសម្លឹងទៅអង្គ។ នាយិកា​វ័យក្មេងតបនឹង​ជេន្នីមួយៗ៖

«នេះគឺជារឿងធំ! ដែលធ្វើឱ្យទំព័រមុខរបស់យើងលក់ដាច់!»

«ឯងមិនមែនអាត្មានិយមទេ!» ​ជេន្នីនិយាយទាំងមុខក្រញូវ។

តុបតបវិញ​ទាំងឱន​កេះក្រចក៖

«នៅក្នុងការងារគេ មិននិយាយពីអារម្មណ៍ទេពួកម៉ាក!»

«យើងដឹង! ប៉ុន្តែឥឡូវនេះបើចុះផ្សាយឯងនឹងមានបញ្ហាជាមួយអង្គដូចគ្នា! ស្អីក៏ដោយ​មុនចេញផ្សាយទៅរកលុយ!»

«អ៊ីចឹងហើយ បានយើងកំពុងថ្លឹងថ្លែងមើលដែរ!»

តុបនិយាយមកតិចៗទាំងខាំក្រចកដៃខ្លួនឯងនិងងាកមកកាន់អង្គ ដែលកំពុងតែត្រួតពិនិត្យ​អេក្រង់​ទូរសព្ទខ្លួនឯង។

«កុំចាំទូរសព្ទគេ!» តុបនិយាយ

«មិនបាច់ចាំទេ! មនុស្សប្រុស បើគេនឹកយើងសូម្បីតែយើងភ្លេចខ្លួនក៏គេខលមកដែរ! តែបើគេភ្លេចយើង យើងចាំប៉ុនណាបាន​ត្រឹមតែខូចទូរសព្ទ ព្រោះចុចចុះឡើងចាំដំណឹង​គេ​!»

មានអារម្មណ៍ថា ឮពាក្យ​ទាំងនេះហើយក៏​នឹកគេខ្លាំងឡើងៗ។

មានអារម្មណ៍ថា លើកនេះចង់ឱ្យគេខលមក ឬក៏ខលទៅរកគេភ្លាម​ៗ។ វាជាអ្វីដែលអង្គមិនដែលធ្វើឬទាមទារទេ ពីមុនមក។ នាងធ្លាប់តែជាមនុស្សស្រីមានទំនុកចិត្តខ្ពស់ និងទុកចិត្ត​វណ្ណ។

ទោះជាអង្គមិននិយាយស្តីពីអារម្មណ៍ពិតចេញមក ជេន្នីនិងតុបនៅតែមើលមុខគ្នាព្រោះអ្នកទាំងពីរ គឺធ្ងន់មកខាងអង្គទៅហើយ ប្រហែលជាមកពីគេដឹងថា ពុទ្ធីដាគឺជាមនុស្សស្រីមិនច្បាស់លាស់រឿងស្នេហា​ ឬមួយក៏ភាពរបស់មនុស្សដែលមានទ្រព្យសម្បត្តិ មានអំណាច​របស់នាង​ហាក់ជាកម្លាំងប្រជែងមិនស្មើគ្នា បានជាពីរនាក់នេះ​រមែងកាន់ជើងអ្នកក្រជាង។

តុបទះស្មា​អង្គហើយប្រាប់៖

«រៀនរស់នៅដោយបេះដូង! រាល់ថ្ងៃរស់ពឹងបេះដូងហើយ តែត្រូវឱ្យវារស់រវើកផង!!»

អង្គញញឹម​ព្រោះតុបនិយាយពីរោះជាងអ្នកនិពន្ធទៀត។ តុបញាក់ចិញ្ចើមបញ្ជាក់បន្ថែមលើសម្តី​របស់ខ្លួនដោយបកស្រាយថា៖

«រាល់ជម្រើសដែលយើងធ្វើ នឹងក្លាយជាអាហារមួយ​បែបៗ មិនចិញ្ចឹមទៅបេះដូងរបស់យើងប៉ុននោះទេ ប៉ុន្តែបេះដូងរបស់អ្នកដទៃដែលយើងចង់ថែនោះដែរ!»

ជេន្នីងក់ក្បាល៖

«ពិតមែនអង្គ! តុបនិយាយចំចំណុច​ហើយ នេះគឺជានិយមន័យនៃសេចក្តីស្រឡាញ់ពិតប្រាកដ! មិនមែន ​Datingហើយចោលៗ​ទេ! គ្មានទំនាក់ទំនង​ណាមួយ​ដែល​លូតលាស់បានដោយធម្មជាតិឡើយ សូម្បីបងប្អូនបង្កើតគង់ដាច់គ្នាបាន! រាល់ទំនាក់ទំនងត្រូវការ​ថែទាំ!»

«ខ្ញុំយល់! ​អរគុណបងទាំងពីរណាស់!»

នាង​ញញឹមក្រោមការតាមសម្លឹង​របស់ជេន្នីនិងតុប។ អង្គមាន​ទឹកមុខ​និងពន្លឺភ្នែក​ដែល​ពោរពេញដោយក្តីសង្ឃឹមនិងការរំភើបរីករាយតាមអ្វី​ដែលមនុស្ស​ស្រីជាច្រើនអ្នកចង់បាន។ ទោះយ៉ាងណាតុបមិនអស់ចិត្ត​នៅតែបន្ថែម៖

«បើឈប់បន្តិច​ បង្អង់ភាពរឹងរូសបន្តិច គ្រប់គ្នា​នឹងដឹងថាបេះដូងរបស់យើងបានប្រាប់រហូតមកនូវអ្វីមួយ គ្រាន់តែយើងមានៈ​មិនស្តាប់មិនយកចិត្តទុកដាក់»

ជេន្នីបន្ថែមភ្លាមដែរ៖

«បងគិតអ៊ីចឹងដែរ! បើបងស្រឡាញ់អ្នកណាម្នាក់ បងមិនត្រឹមឱបស្មោះទុកជាសម្ងាត់ទេអង្គ បងនឹងបង្ហាញគេនោះ​ថា ​គេ​មានតម្លៃ ហើយ​​និងសំខាន់ប៉ុនណាក្នុងជីវិត​បង!»

វគ្គ អ្នកស៊ើបការណ៍

គោលបំណងរបស់រតនៈក្នុងការដាក់មោណាមករស់នៅក្បែរជេន្នី ក៏ដើម្បីតែស៊ើបឱ្យដឹងនូវរាល់អ្វីៗទាក់ទងជាមួយនឹងអង្គលក្ខិណា ដែលព័ត៌មានទាំងអស់នោះរតនៈមានអ្នករង់ចាំទិញ។

យោងទៅតាមបំណុលជាច្រើនលើស្មារបស់គេ បើឥន្ទវង្សមិនចេញ​លុយចាយឱ្យ     គឺប្រាកដជា​រតនៈ​បន្តស្វែងរកអ្នកផ្សេងដែលចង់បានព័ត៌មាន​នោះទៀតមិនខាន មានអីត្រូវខាត….ដូចជាថ្ងៃនេះអ៊ីចឹងដែរ​ មោណាមិនទៅរៀនយូរទេ គេរាយការណ៍ទៅរតនៈហើយក៏ត្រូវ​រតនៈបង្គាប់ឱ្យណាត់ជេន្នីចេញ​មកឈ្លេចសួរ…..

«ម្នាក់ស្រីព្រឹកមិញហ្នឹងជាសង្សាររបស់តារាចម្រៀងថ្មីនៅឯកនគរ?!»

ជេន្នីងក់ក្បាល​ញញឹមយ៉ាងទន់ភ្លន់ ខណៈពេលដែលបាន​ប្រុសសង្ហាមកឱបត្រកងក្នុងដៃ ញ៉ាំអាហារពេលថ្ងៃត្រង់ និងកាហ្វេ​រ៉ូមេនទិកក្បែរៗគ្នា។

«ហើយនិស្សិតសង្ហា​ងាកមកចាប់អារម្មណ៍​រឿង​សិល្បៈពីពេលណាមក?!»

«នឹកអ្នកខ្លះពេករៀនមិនចូលទេ!» មោណាញញឹមដោយទំនុកចិត្ត​ធ្វើឱ្យភេទទីបីកាន់តែលង់។

ជាបណ្តើរៗសេចក្ដីស្នេហា​របស់មោណាដែលបង្ហាញឡើងចំពោះជេន្នី កំពុង​ធ្វើឱ្យគេភ្លេចអ្វីៗទាំងអស់ ភ្លេច​ថាទោះបីជាគេមានបទពិសោធក្នុងវិស័យសិល្បៈជ្រៅ ដឹងរឿងច្រើន ប៉ុន្តែធ្លាប់តែមានមាត់ជិតល្អ មានចិត្តយុត្តិធម៌ រក្សាគុណធម៌មិនដោះដូរព័ត៌មានជាមួយលុយកាក់​ មិននិយាយរឿងអ្នកណាងាយៗ ប៉ុន្តែពេលនេះស្នេហា​ទំនងជាចំណុចខ្សោយធំរបស់គេ។

បើសិនជាមោណា​ចាក់ឫសគល់អ្វីៗទាំងអស់ដែលគេដឹង គេនឹងនិយាយចេញមកព្រោះឆាប់ទុកចិត្ត នេះគឺជាចំណុចខ្សោយរបស់ជេន្នីដែលមោណារកឃើញតាមរយៈពេលរស់នៅជាមួយគ្នាមិនដល់មួយអាទិត្យ។

មិនដឹងយ៉ាងម៉េចទេ ពីកុហក​ទៅជាមានអារម្មណ៍​ថា​ ពីរនាក់គេទៅជាស្រឡាញ់គ្នាខ្លាំងឡើងៗ ព្រោះជេន្នីពូកែដឹងចិត្តសាស្ត្រមនុស្សដោយធ្លាប់មានសង្សារច្រើនហើយពីមុនមក និងមានចរិត​គិតពីចិត្ត​អ្នកដែលនៅក្បែរសឹងជាងចិត្តរបស់ខ្លួនផង។

«នឹកអ្នកណាអ្ហះ ជេន្នីមិនមកក្នុងជីវិត​របស់មោណាដើម្បីឱ្យមោណាបាត់ម្ចាស់ការ ខូចឈ្មោះនិស្សិតពូកែនោះទេណ៎ា!»

​     ថាហើយ គេ​ងាកមកឱបត្រកងរាងកាយសិចស៊ីដ៏មាំទាំរបស់មោណាវិញធ្វើឱ្យបេះដូងជនបង្កប់វិលវល់ នឹក​ឃើញទៅដល់រតនៈដែលជាមេបញ្ជាការធំ​ក្នុងរឿងស៊ើបការណ៍នេះ។ មនុស្សមិនមែនជាគល់ឈើឡើយ ទោះបីគេរស់នៅជាមួយគ្នានេះគ្រាន់តែ​ជាល្បិច តែ​ពេលវេលា​តែងជួយមកប្រៀបធៀបរវាងជេន្នីនិងរតនៈ។

ភាពជាមនុស្សល្អ​របស់ជេន្នី ភាព​ស្មោះត្រង់ និយាយសម្ដីច្បាស់លាស់ ស្រឡាញ់ដឹងស្រឡាញ់ ប្រតិកម្មនីមួយៗ​មានការគិតគូរវែងឆ្ងាយ មានចិត្ត​អត់ធ្មត់លើសខ្ទើយផ្សេងៗដែល​មោណាស្គាល់ ​     រតនៈ​ដែល​ជាប្រភេទមនុស្សឆេវឆាវ ឆាប់ខឹងញៀនល្បែង កាន់ល្បិចច្រើន​ធ្វើម៉េចប្រដូចបាន?

ទោះបីយ៉ាងណា ប្រការនេះឱ្យមោណាដកចិត្តចេញពីរតនៈ១០០ភាគរយភ្លាមៗ ក៏នៅតែមិនទៅរួច ពីព្រោះចំណង​ទាក់ទង គុណស្រ័យ​ជាមួយខ្លួនដល់ទៅបួនប្រាំឆ្នាំ មិនមែនជារឿងមួយដែលអាចធ្វើឱ្យគេស្រាកចិត្ត​ជ្រះស្រលះបានដោយងាយ​នោះទេ។

ខួរក្បាលគេ ប្រាប់គេថា​នៅតែបន្តបេសកកម្មធ្វើជាមនុស្សមាត់ច្រើន ជជីកចង់ដឹងចង់ឮ….ដូច្នេះហើយ​បានជានិស្សិតស្រដីឡើង៖

«ប៉ុន្តែ…ខ្ញុំគិតថាពួកគេមិនអាចជម្នះរនាំងឋានៈសង្គមនិងកេរ្តិ៍ឈ្មោះបានទេ!»

ជេន្នី​ជ្រួញចិញ្ចើមសួរវិញ៖

«មោណា​កំពុងចង់និយាយថា សក្តាវណ្ណ​នឹងបោះបង់ចោលអង្គនៅពេលគេល្បីមែនទេ?!»

និស្សិតសំងំ​នៅស្ងៀមជំនួសឱ្យចម្លើយថាyes ដែល​ធ្វើឱ្យជេននីប្រញាប់ប្រកែកតវ៉ាភ្លាមៗ៖

«មិនពិត!​ លោកនេះមិនឃោរឃៅដល់ថ្នាក់នេះដឹង?  លក្ខិណារបស់ខ្ញុំនឹង​ល្បីជាង ឬមួយក៏អាចថានាងក៏ល្បីមិនចាញ់មិនឈ្នះជាមួយសក្តាវណ្ណ​ដែរ!»

«អ៊ីចឹង ជេន្នីទទួលស្គាល់ហើយថា ឋានៈអាចធ្វើឱ្យមនុស្សបែកគ្នាបាន? ចង់និយាយថា ក្នុងករណីនាងមិនបានជោគជ័យឬត្រូវការតស៊ូវែងឆ្ងាយទៀត ខណៈខាងប្រុសកំពុងជោគជ័យនិងចោមព័ទ្ធដោយអ្នកជោគជ័យផ្សេងទៀត?!»

«ច្បាស់ណាស់!» ជេន្នីមានៈឆ្លើយកាន់ជើង

«បើអង្គបានជោគជ័យហើយខាងប្រុសមិនបានជោគជ័យ ក៏អង្គរបស់យើងនឹង​មិនបោះបង់ចោលសក្តាវណ្ណ ប៉ុន្ដែអង្គគឺជាអ្នកតាមជួយជ្រោមជ្រែងប្រុសម្នាក់នោះមកតាំងពីដំបូង ចំណែកសក្តាវណ្ណ បើពេលបានជោគជ័យបោះបង់ចោលអង្គ គង់តែ​ដឹងខ្លួនទេ! ​ជេន្នីនៅក្នុងសិល្បៈយូរហើយ ធ្លាប់ឃើញច្រើនហើយ មនុស្សដែលស្វែងរកកូនអ្នកមាននៅពេលដែលខ្លួនមានកេរ្តិ៍ឈ្មោះល្បីនិង​ចោលសង្សារដែលកម្សត់ៗមកជាមួយគ្នា​មាន​ច្រើនមែន ប៉ុន្តែសក្តាវណ្ណខ្ញុំមិនដឹងទេ…ដឹងតែថា​ខ្ញុំស្គាល់អង្គច្បាស់  មនុស្សស្រីដូចអង្គ បើគេចោលឬធ្លោយ​របូតពីដៃទៅ ដឹងតែគេទេជាអ្នក​ស្ដាយក្រោយមួយជីវិត!»

«ហើយ…ចុះឥឡូវពួកគេគិតយ៉ាងណា? ព្រឹកមិញឃើញ​មករកគំនិតពីជេន្នីឬក៏ចង់បានការ​​ឱ្យ​យោបល់​ មែនទេ?»

ជេន្នី​ដកដង្ហើមធំ​គិត។ តែមាត់គេនៅតែចចេសការពារខាងស្រី៖

«មនុស្សដូចអង្គ គេមិនចាំបាច់ប្រើល្បិច ប្រើការលាក់លៀមអីទាំងអស់! ចរិតលក្ខណៈរបស់គេធ្វើឱ្យមនុស្សទាំងឡាយដែលដេកជាមួយគេ មិនត្រូវភ័យ​ខ្លាចបាត់បង់អីទាំងអស់ គេជាមនុស្សកម្រ មាន មានចិត្តរឹង មានគុណធម៌ ពន្យល់អ៊ីចេះវិញ គឺដូចជាវត្ថុកម្រក្នុងសិល្បៈ ដែលមិនចេះរណបគេ មានគំនិតខ្លួនឯង​ស្គាល់គុណ ស្គាល់ទោស ចែកខុសនិងត្រូវច្បាស់!»

ថាហើយជេន្នីងាកមកឱបថើបប្រុសស្អាតមួយ      ធ្វើឱ្យនិស្សិ​តដែលកំពុង​ស្លុងគិតលើបុគ្គលិក​លក្ខណៈ​​របស់អង្គ ងាកមកវិញតបស្នង​ស្នេហា​ដល់ភេទទីបី។ ឃើញជេន្នីកំពុងលង់ទៅក្នុងការបារម្ភគេ​ក៏​បបោសអង្អែល ហើយសាកសួរបន្តរកព័ត៌មាន៖

«ជេន្នី  ស្គាល់ឥន្ទវង្សដែរ?!»

«អ្ហឺយ ម្នាក់នេះមាន​អ្នកណានៅភ្នំពេញ​រំលងមិនស្គាល់គេបាន​បើ PR ចេញ​រាល់ថ្ងៃហើយ…!»

«ហើយយ៉ាងម៉េច?!»

«ចុងក្រោយនេះ…ចេតនារបស់គេនៅក្នុងការផ្ចុងផ្ដើមសក្តាវណ្ណ ក៏ដូចជាចង់ទាញ​ឱ្យ​គ្រប់គ្នានៅក្នុងសង្គម តាមដានឯកនគររបស់គេ​មើលជាប់រាល់ថ្ងៃថា តើគេនឹង​អាចមានអ្វីបន្តជាមួយនឹងតួប្រុសថ្មី!»

«ស្នេហា?!» មោណាដេញ​​សួរវិញភ្លាម។

«កុំភ័យអី!» ជេន្នីប្រកែកទាំងញញឹម​ក្នុងទ្រូងសង្សារ

«ឥន្ទវង្ស​មិនស្រឡាញ់មនុស្សប្រុសនោះទេ!»

មោណាងក់ក្បាល។ ភេទទីបីមិនពិបាកមោណាមើលទេ​ ជាការពិត គឺក្រឡេកស្គាល់តែម្តង។

ដូចគ្នានេះដែរ មោណាក៏អាចមើលដឹងដូចគ្នា​ថាអ្នកណាជាប្រុសពិត​អ្នកណាមិនមែនពិត។ គេធ្វើជានិយាយឡើង៖

«មនុស្ស​ដូចថៅកែរបស់ឯកនគរ មើលយ៉ាងណាក៏នៅតែឃើញឈាមត្រជាក់!»

ជេន្នីឮហើយបង្អង់ស្ងៀម គិតបន្តិច រួចទើបរអ៊ូម្នាក់ឯង៖

«មែនទែនទៅមនុស្សឥន្ទវង្សនេះ​ក៏មានចំណុចគួរអាណិតដែរ!….ប៉ុន្តែហ៊ឹម….តែណ្ហើយ អ្វីៗគឺជាព្រហ្មលិខិត….យើងត្រឹម​មនុស្ស​លោក មិនអាចកាត់ក្ដីថានរណាម៉េចៗទេ! មិនដឹង​អ្នកណា​ត្រូវនរណាខុស  នរណាជាជនរងគ្រោះឬ​ដែលជាជនដៃដល់ឡើយ វាមិនដូចយើង​មើលកុនរឿងឧក្រិដ្ឋកម្មទេ ជីវិតពិត​មាន​ផ្នែក​បំពាន មានផ្នែក​រងគ្រោះដូចតែគ្នា!»

     ដូចជាមានអារម្មណ៍ថាជេន្នីនេះដឹងរឿងអ្វីៗច្រើន ហើយគួរឱ្យចាប់អារម្មណ៍។ តាមពិតរតនៈមិនដែលហាប្រាប់ពិតមែន​ពីរឿងរបស់ឥន្ធវង្ស ​ទោះណាជារតនៈតែងតែស្និទ្ធធ្វើការជាមួយ ចំណែកពេលនេះ​ចង់ដឹងដែរថា ជេន្នីស្រឡាញ់ខ្លួនស្មោះ​ឬត្រឹម​កំសួលតណ្ហា? ឬមួយ​លាក់ការណ៍សម្ងាត់ធំៗទុកលក់ដូរយកលុយ​ដូចជារតនៈដែរ?

ដូច្នេះហើយមោណាឱបជេន្នីផ្អឹបទ្រូង ធ្វើឱ្យគូស្នេហ៍បិទភ្នែកសែនកក់ក្តៅបេះដូង។   ឆ្លៀតពេល​ជេន្នី​កំពុងតែ​លន្លង់លន្លោច គេបោះជំហានចូលកាន់តែជ្រៅទៅក្នុងកិច្ចសន្ទនា៖

«ប្រាប់រឿងឥន្ទវង្ស​ខ្ញុំស្តាប់បន្តិចបានទេ?! ជេន្នីប្រហែលជាដឹងរឿងច្រើន!»

«ខ្ញុំដឹងរឿងខ្លះ ក៏មិនច្រើនណាស់ណាទេ…តែក៏…និយាយទៅក៏ច្រើនគួរសមដែរ! ហើយបើ…មានគេ​ផ្សាយចេញទៅ នឹងប៉ះពាល់ដល់មនុស្សច្រើនគ្នា!»

«ចុះនិយាយនឹងខ្ញុំមិនបានឬម៉េច?!» គេនិយាយតិចៗហាក់ស្ទាបស្ទង់ធ្វើឱ្យជេន្នីប្រញាប់ប្រញាល់បកស្រាយវិញខ្លាចមោណា​អន់ចិត្ត៖

«មានហ្ន៎ាស្វីតធី! មនុស្សដែលខ្ញុំឱបទាល់តែខ្ញុំទុកចិត្ត! មោណានេះ គ្រាន់តែមើលពីលើទៅក្រោម ពីស្ដាំទៅឆ្វេងគឺជាមនុស្សល្អ ជាមនុស្ស​ទុកចិត្តបានគ្រប់រឿង!»

បេះដូងនិស្សិតចាប់ផ្តើមបាក់ស្រុតនឹងពាក្យសរសើរ។

ភ្លាមនោះ ចិត្ត​គេក៏នឹកឃើញដល់រតនៈដែលបានប្រើគេចូលមកនៅក្បែរៗជេន្នីនេះដើម្បីទទួលយកនូវព័ត៌មាន…ហេតុអីបានជាអាថ៌កំបាំងរវាងសក្តាវណ្ណ​និងអង្គ សំខាន់សម្រាប់ឥន្ទវង្សនិងរតនៈ…គិតមិនយល់ទេ គេគ្មាន​យោបល់ឡើយអំពីជម្លោះក្នុងសិល្បៈ។

មោណានៅស្ងៀមស្ងាត់ ស្របពេលជេន្នីចាប់ផ្តើម៖

«ថៅកែឯកនគរ មិនបាន​កើតមកមាន​ឈាមត្រជាក់ទេ! គេ​បាន​ស្រឡាញ់មនុស្សស្រីម្នាក់…រឿងនេះកើតឡើងយូរហើយ ប្រហែលជា៧ឬ៨ឆ្នាំមុន! គេគឺជាមនុស្សម្នាក់ដែលមានទំនុកចិត្តលើខ្លួនឯងខ្ពស់…បានជាបែកបាក់!»

មោណានៅផ្ទៀងស្តាប់។ គេគិតដល់រូបរាងស្រស់សង្ហានិងភាពជាមនុស្ស​ល្បិចច្រើន ពូកែPRម្នាក់នោះ។ ត្រចៀកនៅតែផ្ចង់ស្តាប់ជេន្នីបន្តមកទៀត​ថា៖

«គេមិនពូកែតន្ត្រីទេប៉ុន្តែគេមានមហិច្ឆតា​ផ្នែកនេះខ្លាំង…តែកាលដែលគេអាចមកគ្រប់គ្រងលើឆាកតន្ត្រីខ្មែរបានយ៉ាងត្រចះត្រចង់មកទល់ថ្ងៃនេះ ដោយសារតែការប្រកួតចាញ់មួយ!»

«ជាព្រឹត្តិការណ៍ប្រកួតអីទៅ? បានជាអាចធ្វើឱ្យ​ថៅកែឯកនគរ​ខឹងដល់ថ្នាក់បញ្ឆេះមហិច្ឆតាឡើងមកសន្ធោសន្ធៅបាន?»

«ការប្រកួតនៅអ៊ីតាលី! មនុស្សប្រុសកម្លោះ មានរូបរាងសង្ហាដូចគ្នា លេងថ្នឹកវីយ៉ូឡុងដូចគ្នា ពីរនាក់គេ​​មានរឿងច្រើនណាស់ដែលដូចគ្នា សូម្បីស្រឡាញ់ស្រី……!»

«ស្រឡាញ់ស្រីតែមួយទៀត…ហេតុអីក៏ដំណើររឿង​នេះគួរឱ្យចាប់ចិត្តម្ល៉េះ?!»

«ភ្ញាក់ផ្អើលម្ល៉េះ? បើដឹងសមាសភាពដៃគូម្នាក់ទៀតនោះ បាន​សម​ថាភ្ញាក់ខ្លាំង!»

មោណា​នៅស្ងៀមពេលស្តាប់សម្តីគូស្នេហ៍ដល់ត្រង់ណេះ។ ឬមួយ​អ្នកដៃវីយ៉ូឡុងម្នាក់នោះ​គ្រប់គ្នា​ក៏ស្គាល់គេ? ​ហាក់នឹកឃើញភ្លាមដែរដល់សម្តីរតនៈ«ដូចជានៅជ្រិញមុខ​ ជិនឫកពួកអាអ្នកមាន ពួក​ធ្វើ​សុភាពបុរសមុខកាមេរ៉ា​ហ្នឹងម៉េះ! បើថាយើង​មានលុយសងគេ ក៏មិនចាំបាច់ទៅអង្គុយមើលមុខពួកវាលេងល្បិច ស្តាប់ពួកវាគំរាម ធ្វើខ្លាំងអ៊ីចឹងដែរ!»

គេងាកមកខ្សឹបជេន្នី៖

«កុំលាក់ក្បាលជន្លកន្ទុយ! សត្រូវស្នេហារបស់ឥន្ទវង្ស​ជាអ្នកណា? បើមិនប្រាប់ខ្លះក្រែងថ្ងៃណាមួយ ដើរបុកគេក៏មិនស្គាល់!»

ជេន្នីកេះក្រចកដៃ ឧទាន​ទាំងក្រៀមក្រំ៖

«គេមិននៅទៀតទេ! ផលិតករធំ​បស់ក្រុមហ៊ុន G-Brothes! មិត្តភក្តិខ្ញុំ!»

មោណាស្ទុះអង្គុយ​ត្រង់ខ្លួន ខណៈជេន្នីជ្រប់មុខជាមួយអតីតតកាល។

«ពិស្តារ!» មោណាភ្លាត់មាត់ភ្ញាក់។

«កាលពីមុន​ខ្ញុំស្គាល់គេ គេជាមិត្ត​ស្និទ្ធស្នាលដែលរៀនភ្លេងហើយតែងតែទៅកាន់មហោស្រពតន្ដ្រីធំៗជាមួយ​ដៃគូឥតខ្ចោះរបស់គេ គឺឥន្ទវង្ស! ប្រឡងមិនឈ្នះពិស្ដារជារឿងមួយ​តែ​រឿងមួយទៀត គឺសង្សារខ្លួន​ត្រូវពិស្តារយកបានដែរ ដូច្នេះហើយ……ទោះបីថាគេមិនអាចក្លាយជាតន្ដ្រីករលេខមួយសម្រាប់​កម្ពុជា​ ប៉ុន្តែគេនឹងយកកំពូលតន្ត្រីករនីមួយមកធ្វើការឱ្យគេ…..រំងាប់កំហឹង!»

«សាហាវ!» មោណាលាន់មាត់តិចៗ។

«សាហាវសំដៅលើអី?!» ជេន្នីងើបមុខសួរ។ ប្រុសស្នេហ៍ឱនមកនិយាយតបដោយកែវភ្នែកស្រទន់៖

«សូម្បីខ្ញុំមិនមែនជាអ្នកសិល្បៈ ក៏មានអារម្មណ៍ថានេះជាសាច់រឿងដ៏ពិសេសមួយ​!»

«ត្រូវហើយ! តាមថា​មានគន្លុកគន្លាក់ពិសេសជាងនេះទៀត!»

«ចុះ….ម៉េចក៏មិនដែលឮកាសែតសរសេរ?​!»

«គ្មាន​សាក្សី កាសែតធ្វើកើត? មនុស្ស​បីនាក់មិនបើកមាត់ទាំងបី ​តើកាសែតទៅតែងនិពន្ធពីអ្នកណា​យក​មកផ្សាយ​?»

មោណាងក់ក្បាលដោយ​ចាប់ផ្តើមរអ៊ូតិចៗ៖

«សំណាងហើយ ដែលអ្នកដឹងជា​ជេន្នី!….បើអ្នកផ្សេង…!»

និយាយត្រង់ណេះក៏នឹកឃើញ​ញដល់រតនៈនិងសម្តីខ្លះៗ«ឯងក្លាយជាតួរាយរងកម្ទេចកម្ទីសុទ្ធសាធហើយនៀក! គង់តែមានថ្ងៃទេណ៎ា ថ្ងៃដែលអាតួល្អិតល្អោចម្នាក់នេះបង្កើតឆាកធំៗឱ្យសប្បាយភ្នែក​ម្តង!»។

ឃើញប្រុសស្នេហ៍ហាក់ស្លុងស្ងាត់បាត់មាត់ក ជេន្នីសួរបកមកវិញ៖

«អ្នកផ្សេងយ៉ាងម៉េច? គិតថា​ហ៊ានប៉ះឥន្ទវង្សងាយៗ?»

មោណាសួរបកតិចៗដែរ៖

«បានន័យថា មានគេដឹងរឿងនេះច្រើន?!»

«មាន! តែមិនច្រើនទេ! ពីរបីអ្នកក្នុងសិល្បៈ! គេជាជើងចាស់ ពួកនោះមិនងាយធ្លោយ​មាត់ទេព្រោះជារឿងឯកជន​ហើយវាចប់យូរហើយ!»

«តែម្នាក់ស្លាប់បាត់ ពីរនាក់ទៀតនៅរស់នៅឡើយណ៎ា!»

ជេន្នីដៀងភ្នែកមកបញ្ជាក់ន័យដែលមោណាចង់និយាយ…ចង់ថាស្នេហា​អតីត​នឹងឆាបឆេះឡើងមកវិញ?…គេគិតបែបនេះដោយស្ងាត់ស្ងៀម​និងនឹកឃើញ​ភ្លាមដល់វត្តមាន​របស់ឥន្ទវង្ស​បង្ហាញ​ខ្លួនយ៉ាងហ៊ឹកហ៊ាក់នៅថ្ងៃដែល​ពិស្តារចូលពេទ្យនិងថ្ងៃបូជាសព….អ្វីៗដូចជាគួររំឭកលម្អិតឡើងវិញដែរ!