រឿង សីមាអំបោះលឿង ភាគទី៤ (ភាគបញ្ចប់)

នៅពេលពន់ព្រលប់ដដែលនោះ អ្នកទាំងពីរត្រូវបានមនុស្សចំណាស់ជាឪពុកម្ដាយក្មេកនៃចាងហ្វាង នាំទៅដល់កូនខ្ទមមួយទៀត ដែល​នៅឆ្ងាយដាច់ពីគេ ក្នុងស្រែក្រោម។

នៅទីនោះមិនសមថា មានមនុស្សស្រីម្នាក់កំពុងតែរស់នៅតែម្នាក់ឯងឯកោកណ្ដោចកណ្ដែងទេ។

នាង​អង្គុយ​ទម្លាក់សក់អន្លាយ មើលទៅគួរឲ្យខ្លាច។ នៅពេលដែលឃើញភ្ញៀវដើរមកដល់ នាងងាកមកខ្វាក ធ្វើឲ្យចាងហ្វាងសឹងតែទន់ជើងដើរទៅមុខលែងរួច ដោយសារនាងមានរូបរាងនិងមុខមាត់ដូចគ្នាបេះបិទនឹង​ប្រពន្ធរបស់ខ្លួន។

ចាងហ្វាងហែមលបគិត​ក្នុងចិត្ត​ដោយ​បបួលមិត្តឱ្យឈប់ជើងពីចម្ងាយ​មិនហ៊ានបន្តចូលទៅក្នុងខ្ទមឡើយ៖

«ឱ! នេះឬកូនភ្លោះដែលមានមុខមាត់ដូចគ្នាបេះបិទ? អនិច្ចានាងឬអ្វីដែលជាគូដណ្ដឹងចាស់របស់ខ្ញុំ ប៉ុន្តែមានជំងឺឆ្កួតវង្វេង បែរជាម្តាយឪពុកយកមកដាក់ចោលឯកោនៅទីនេះ មិនឲ្យរៀបការជាមួយខ្ញុំ  បែរជាប្អូនស្រីរៀបការទៅស្រុកខាងប្តីជំនួស?»

ចាងហ្វាងគិតទាំងក្ដុកក្ដួលក្នុងចិត្តហើយដំអក់ឈរនៅពីក្រៅ ចម្ងាយប្រមាណជាបួនម៉ែត្រពីខ្ទមនោះ។ ដោយសារខ្ទមបើកបង្អួចចំហផង បានជាអ្នកនៅពីនេះទៅអាចមើលឃើញច្បាស់ថា ម្ដាយបាន​ចូលទៅអង្គុយ​និយាយនឹងនាងចុះឡើង ឡើងចុះ ទុកឱ្យឪពុកឈរចាំនៅខាងក្រៅជាមួយភ្ញៀវដែរ​។

ចំណែកចាងហ្វាង​ដែល​បានឈរ​គិត ទោះបីយ៉ាងណា បើជាបានមកដល់ទីនេះកន្លែងនេះដឹងការណ៍អស់ហើយ ដោយមធ្យោបាយណាក៏ដោយ ត្រូវតែរកវិធីជួយភរិយាកម្សត់របស់ខ្លួននៅឯផ្ទះ។  ព្រោះតែគិត​ដូច្នេះហើយ ចាងហ្វាង​ហែម​ក៏ដើរទៅជិតឪពុកក្មេកហើយសួរតិចៗឡើងថា៖

«ខ្ញុំមិនយល់ទេថា ម្នាក់ជាបងស្រី​គេនៅឈឺទៀតឬក៏អត់? ហើយមុននេះ​នៅផ្ទះម៉ែបានធ្លោយឡើង​ថា គេចេះមន្តអាគម តើចេះអ្វីទៅ?»

ឪពុកក៏តបមកវិញតាមត្រង់៖

«កូនស្រីនេះតាមពិតនៅពេលអាយុដប់ប្រាំឆ្នាំក្បែរនឹង​បាន​រៀបមង្គលការ ក៏ស្រាប់តែកើតជំងឺឆ្កួតលេលាមិនដឹងអ្វីទាំងអស់ មិនដឹងថាដោយសារអ្វីទេ! ដូច្នេះហើយបានជាដល់វេលាសន្យា​ត្រូវត្រៀមរៀបការនៅពេលនាងអាយុបាន​ដប់ប្រាំមួយឆ្នាំនោះ គ្រួសារចាស់ទុំគិតថា​ គង់​មិនមានកូនក្រមុំក៏សម្រេចចិត្ត​ឲ្យប្អូនរបស់ខ្លួនបន្លំឈានទៅរៀបការ ជាមួយកូនប្រុស​បាន!  ក្រោយមកពេលស្នាក់នៅ​ដាច់ដោយឡែក ដើម្បីព្យាបាលខ្លួន នៅម្នាក់ឯងយូរទៅ កូនច្បងខ្ញុំបានជាសះស្បើយព្រោះនាងបានវិញ្ញាណសក្តិសិទ្ធមកសណ្ឋិត! ការរស់នៅក្រោយមក ត្រូវតែធ្វើពិធីបួងសួងចុះឡើងខ្ជាប់ខ្ជួនកាន់គ្រូនោះរហូតមក​ បើពុំដូច្នោះទេ នឹងអ្នកសក្តិសិទ្ធនឹងអាចហើរចោល បណ្តាលឱ្យមានជំងឺឈឺថ្កាត់ខូចសតិដូចដើមវិញ!»

សាមីខ្លួនទ្រាំមិនបានក៏ចោទសួរវិញភ្លាម៖

«ដូច្នេះហើយ គេក៏មានចិត្តច្រណែនជាមួយនឹងប្អូនស្រី ដោយខ្លួនមាន​វិធីធ្វើមន្តអាគម ក៏ប្រើមន្តអាក្រក់ទៅលើនាង? លោកតាវង្សបានផ្តាំមកគឺ​ជាការពិត វាជា​​អំពើដែល​ប្រព្រឹត្តឡើង​ដោយញាតិខ្លួន​ឯងផ្ទាល់?!»

«មិនពិតទេ មិនពិតទេ!»

ម្ដាយនិយាយដោយស្ទុះចេញមកទាំងទឹកភ្នែក ហើយ​ពន្យល់ឡើងថា៖

«ខ្ញុំត្រូវនិយាយប្រាប់ពីដំណើរដើមទងទាំងស្រុង! ដូច្នេះចូរកូនប្រុសស្ដាប់ឲ្យច្បាស់! មុននេះប្រហែលជាមួយ៤ឆ្នាំ កូនស្រី​ច្បងខ្ញុំដែលដេកឈឺរ៉ាំរ៉ៃ បែរជា​មាន​វត្ថុសក្តិសិទ្ធព្រមមកកាន់ និងថែទាំឱ្យដឹងខុសត្រូវវិញ តែប្អូនស្រីបានជាការតាមប្តីទៅស្រុកឆ្ងាយទៅហើយ​ ក៏អន្ទឺនេះទុកថាខ្លួនឯងជាតិនេះមានកម្ម ត្រូវខំ​ថែទាំពង្រឹងសីលទាន!  ស្រាប់តែមួយ​ខែមុន កូនស្រីខ្ញុំនេះ​បានត្រហេបត្រហមរត់ទៅប្រាប់ខ្ញុំដល់ផ្ទះដោយអន្ទះសាថា ប្អូនស្រីគេនាងកាតាល់ ដែលរៀបការប្តីប្រពន្ធរស់នៅឯខេត្តឆ្ងាយពេលនេះកំពុងមានគ្រោះថ្នាក់ដល់ជីវិត!»

«សំដៅទៅលើភរិយាខ្ញុំមែនទេ?!»

«ត្រូវហើយ! គេគ្មានញាតិឯណាទៀតទេ! គេបានអធិដ្ឋានឃើញថា ប្អូនស្រីដែលបានទៅរៀបការជំនួសត្រូវបានសាច់ញាតិខាងប្រុសម្នាក់ធ្វើមន្តអាគមអូមអាមទៅលើខ្លួន ដោយសេចក្ដីព្យាបាទ!»

ចាងហ្វាង​កើតខឹងសម្បាស្រែកឡូឡា៖

«កុហក​ បោកប្រាស់!»

គាត់គំហកឡើង​ដោយ​ហួសចិត្ត គឺដោយសេចក្ដីឈឺចាប់ ដែលមិនត្រឹមប្រពន្ធខ្លួនបាន​រងគ្រោះ  ខ្លួនត្រូវគេប្តូរកូនក្រមុំលាក់ការពិត ​ថែមទាំង​ពេលនេះ​ចោទប្រកាន់ថា ខាងខ្លួនទៅវិញ​ដែលបានធ្វើអំពើអំពាន់បណ្តាលឱ្យភរិយា​ឈឺទៀត?

តែប្រពន្ធខ្លួនកំពុងរងគ្រោះគឺជាការពិត….

ចាងហ្វាង​ប្រកែកតវ៉ាបន្ថែមឡើងថា៖

«ខ្ញុំមានសាច់ញាតិឯណាមក? មានតែបងស្រីម្នាក់ ឥឡូវគាត់ស្លាប់បាត់ហើយ! ឈ្មោះឪពុកម្តាយខ្ញុំក៏ចូល​ចាស់ជរាតើឱ្យ​គាត់ទៅធ្វើអំពើអ្វីលើ កូនប្រសា? កោតតែនិយាយមកបាន?»

ស្រាប់តែសំឡេងស្រួយស្រឹបស្រែកលាន់មកពីក្នុងខ្ទម៖

«បងស្រីបង្កើតរបស់ខ្លួនហ្នឹងហើយ ដែលជាម្ចាស់អំពី!»

សំឡេងប្រកែកឡើង​មកពីក្នុងខ្ទមនេះ ជាសំឡេងរបស់ប្រពន្ធខ្លួនច្បាស់ចែស ធ្វើឲ្យមេឃុំឌីម និងចាងហ្វាង​ស្តាប់ហើយក៏ព្រឺសម្បុរងាកទៅរកប្រភពភ្លាម។

មនុស្ស​មិន​ត្រឹមមានរូបដូច​រាងដូច ថែមទាំង​សំឡេងដូចគ្នាឥតខុសត្រង់ណា។

អន្ទឺពិតប្រាកដបានដើរពើងទ្រូងចេញមកពីក្នុងខ្ទម ធ្វើឲ្យបុរសទាំងពីរដែលស្កាត់មកពីឆ្ងាយ សម្លឹងនាងតាំងពីក្បាលដល់ចុងជើងទាំងភ័យរន្ធត់ហាមាត់ជ្រងោរ។

ព្រោះថា….ហេតុអីក៏មានមនុស្សដូចគ្នាបែបនេះ?

នារីនោះ​ផ្តើម​វាចា​ចម្ងាយប្រមាណ២ម៉ែត្រ​មុខខ្ទមមកថា៖

«បងស្រី​របស់អ្នកគឺជាដើមហេតុដែលធ្វើឲ្យប្អូនស្រីរបស់ខ្ញុំកើតជំងឺឆ្កួតលេលា! បើមិនជឿ ចូរអ្នកឆាប់ត្រឡប់ទៅផ្ទះវិញ ស្វែងរកនូវតាម​មុំចង្ក្រាន ស្រះទឹក និងធ្នឹម​កណ្តាល កន្លែងបីនេះប្រាកដជាមានភស្តុតាងនៃអំពើដែលបងស្រីរបស់អ្នកបានដាក់មកលើគ្រួសារអ្នក!»

ចាងហ្វាងគ្រវីក្បាលបដិសេធគ្រាន់តែមិននិយាយចេញ នារីនោះប្រាប់ថែមទៀតថា៖

«​ខ្ញុំបានរកឃើញរឿងនេះកាលពីជាងម្ភៃថ្ងៃមុន ហើយខ្ញុំបានធ្វើពីធី​ដោះស្រាយជួយប្អូនរបស់ខ្ញុំដែរ តែមិនអាច​បានអ្វី​ក្រៅតែ​ពី​ពន្យារ​វេលា! មាន​ខ្មោចប្រុសម្នាក់​ត្រូវបាន​គេ​ប្រើឱ្យមកជាន់សន្ធប់វិញ្ញាណនាង!  ខ្ញុំគ្មានវិធីជួយនាងទេ! ប្រសិនបើអ្នករករំដោះ​មិនទាន់​ នឹងគង់នាង​កាតាល់​សម្លាប់ខ្លួនឯងនៅថ្ងៃណាមួយឆាប់ៗនេះ!»

«បងស្រីខ្ញុំស្លាប់បាត់ទៅហើយ!»

«ជាកម្មដែល​បានវិលទៅរកម្ចាស់ដើម!»

«ថាម៉េច?​ ជាពាក្យ​មុសាទាំងអស់!» ចាងហ្វាងស្រែកខឹងគ្រោតគ្រាត។

ស្ត្រីនោះនៅតែមិនថមថយកិរិយា​ម៉ឺងម៉ាត់ថែមទាំងតបតនឹងចាងហ្វាងវិញ៖

«អាគម​នឹងធ្វើឲ្យម្ចាស់ដើមដែលជាអ្នកកសាងរឿងនេះ រងគ្រោះថ្នាក់ដោយខ្លួនឯងគេ​បានគ្រប់ពេលវេលា​ ក្នុងករណីបើសិនជាជាមានអ្នកខ្លាំងពូកែណាម្នាក់គេ​មកជួយប្រពន្ធអ្នកឱ្យរួចភ័យ បងស្រីរបស់អ្នកនឹង​ស្លាប់ភ្លាម! បើបងស្រីអ្នកមិនបានធ្វើរឿងបែបនេះមកលើប្អូនស្រីខ្ញុំទេ ប្រាកដជាគាត់មិនមានគ្រោះថ្នាក់អ្វីដែរក្នុងពេលនេះ! តែបើគាត់មានបញ្ហា ក៏ដោយសារអំពើខ្មៅរបស់គាត់ខ្លួនឯង នេះបញ្ជាក់ថាការប្រមើលមើលឃើញរបស់ខ្ញុំត្រឹមត្រូវ!»

ថាចប់ស្ដ្រីចម្លែកដូចត្មោល​សន្លប់ទៅលើដី។ ពេលនោះឪពុកបានបីនាំកូនស្រីទៅ​សម្រាក​​​ព្យាបាល​បញ្ហាសុខភាពក្នុងខ្ទម ម្តាយក្មេក​ឆ្លៀតពេល​ងាកមកពន្យល់កូនប្រសា​បន្តទៀតថា៖

«កូនស្រីច្បង​របស់ខ្ញុំនេះ​ ក្រោយពីឈឺធ្ងន់សឹងតែវិកល បានមានឱកាសទទួលបានរបស់បារមី​មកបាំងមុខរងជំងឺ ដឹងខុសដឹងត្រូវ ប្រក្រតី​ឡើងវិញ ប៉ុន្តែនាងក៏មិនមានចិត្តចង់បានស្វាមី កសាងគ្រួសារ​ឬក៏វិលទៅរកផ្លូវលោកអ្វីនោះដែរ នាងគ្រាន់តែចង់រស់នៅកាន់សីល! ស្រាប់តែថ្ងៃមួយមានគេមកប្រាប់ខ្សឹបនឹងត្រចៀកថា ប្អូនស្រីខ្លួនដែលរស់នៅស្រុកឆ្ងាយ     មានកូនស្រីពីរនាក់ត្រូវបានបងស្រីសាច់ថ្លៃ​គុំ​គួន​​ព្យាបាទ!»

ចាងហ្វាងគិតចុះឡើងនៅតែខឹងចិត្តណាស់​ ទោះណាជា​ឪពុកម្តាយ​ក្មេកបបួលឲ្យឡើងផ្ទះ​សម្រាក​វិញ ចាំភ្លឺសិន​សឹមគិត ក៏មិនព្រម ​គិតពី​បបួលភឿនចាកចេញមកស្រុកកំណើតវិញភ្លាមៗវិញ។

ដោយពេលនោះអ្នកទាំងពីរ​បាន​​មកដល់ផ្សារ ដោយ​យប់ជ្រៅ​ពេក ក៏ចូលទៅរកផ្ទះសំណាក់មួយបង្អន់សម្រាក​មួយយប់សិន។

«ខ្ញុំពិតជាមិនជឿរឿងនេះដាច់ខាត! ខ្ញុំមិនជឿទេ! ខ្ញុំមកនេះមិនមែនដើម្បីមកស្តាប់រឿងទាំងអស់នេះឯណា? បងស្រីខ្ញុំគាត់ស្លាប់ដោយអកុសលណាស់ទៅហើយ គេ​បាននាំគ្នានិយាយបែបនេះលើគាត់ទៀត?»

មេឃុំឌីម​គងថ្ងាស​គិត​ចុះឡើង​ចុងក្រោយ​ក៏បានឱ្យ​យោបល់មកមិត្ត​វិញ ៖

«ហែមអើយ! គិតមើលចុះឡើង ​ខ្ញុំមិនយល់ថាឪពុកម្តាយក្មេកហែម​មិននិយាយកុហកនោះទេ! ​ដូច​រឿងបងគឹមហួនស្លាប់ គាត់មិនទាន់ដឹងឯណា គាត់ក៏នៅឆ្ងាយ អ៊ីចឹងវាធ្វើម៉េចគាត់នឹងដឹងបាន? បើសិនយើងចង់ដឹងច្បាស់ យើងទៅមើលកន្លែងបីដែលគេបាននិយាយនោះសិន​ក្រែងឃើញ​អ្វីថ្មី?»

ចាងហ្វាងឮហើយ​គាត់ក៏នៅស្ងៀមស្ងាត់ មិនមាត់មិនកទេ ធ្វើជាសំងំ​សម្រាន្ត​តាមពិតមិនលក់មួយស្រលែតទើសភ្លឺ។

មកដល់ផ្ទះវិញដោយក្ដីមិនសប្បាយចិត្តជាខ្លាំង។ គាត់ក្រឡេកឃើញប្រពន្ធ​កំពុងអង្គុយ​ជាប់ចំណងលើកៅអី​បង្អែក​ក្នុងទីទទួលភ្ញៀវ បិទភ្នែកជិត​ឈឹង​ស្តាប់តុមអានសៀវភៅកំណាព្យ​។​

ចាងហ្វាងក៏អង្គុយសញ្ជប់សញ្ជឹងម្នាក់ឯង មិនមាត់មិនក មិននិយាយស្ដីរកណាទាំងអស់នៅក្នុងសួនច្បារ ធ្វើឲ្យមេឃុំឌីមត្រូវលាត្រលប់ទៅផ្ទះវិញទាំងមិនហ៊ានសង្ខើញសួរនាំគាត់ពីរឿងស្វែងរករបស់ទៅកន្លែងទាំងបីនោះទៀតសោះ។

ដោយអពមង្គល​បាន​កើតឡើងផ្ទួនៗពេក ចាងហ្វាង​រកតែនឹង​កែខៃគិតមិនដឹងត្រូវដោះស្រាយយ៉ាងណាក៏មានតែក្រោកមកប្រះលង់លក់មួយភាំងទៅតាមការហត់នឿយចិត្ត​កាយ​ នៅលើកៅអីបង្អែកងឺតង៉តៗប្របមាត់បន្ទប់ដេកខ្លួន។

មិនទាន់បានប៉ុន្មាន​ដង្ហើមធូរផង អ្វីម្យ៉ាងជាសំឡេងបាន​មកខ្សឹប​ប្រាប់ក្បែរត្រចៀក ។

«អ្នកម៉ែនមកហើយ! អ្នកម៉ែនមកហើយ!​ អ្នកម៉ែនមកហើយ!»

ដំបូងខ្សឹប​ៗធម្មតា រហូតចុងក្រោយ​ក៏ស្រែកខ្លាំងៗសម្លុត ធ្វើឲ្យចាងហ្វាងបើកភ្នែកឃ្វាំង ទាំងស្លុតទ្រូងស្របពេល​សម្រិបជើង​លាន់រសឹបរសុប​នៅក្នុងបន្ទប់ដាក់អីវ៉ាន់តូចក្បែរក្បាលដំណេក។

«អ្នកណា? ចូលមកធ្វើអី?»

គាត់ក្រោកវឹងស្ទុះទៅតាម​ដោយស៊ើងមមើង ស្រាប់តែក្រឡេកឃើញអ្នកម៉ែន​ដែលជាមេចុងភៅប្រកបដោយទឹកមុខស្លេកស្លាំងឈរញ័រដៃជើងកាន់អំបោះសីមាពណ៌លឿងពីរកំណាត់ដែលមិនដឹងជាលួចចេញពីចុងជើងគ្រែរបស់ខ្លួនកាលពីពេលខ្លួនបានចេញពីផ្ទះឬមួយក៏យ៉ាងណា។

ដែលក្ដីសង្ស័យជាខ្លាំង ចាងហ្វាងក៏ស្រែកសួរទៀត៖

«មានរឿងអី?»

អ្នកម៉ែនចាប់ផ្ដើមយំ។ ដូច្នេះដើម្បីកុំឲ្យផ្អើលដល់គេឯង ឬក៏ដល់ប្រពន្ធស្មារតីមិនប្រក្រតី​ដែលកំពុងតែអង្គុយក្នុងនៅស្តាប់តុមអាននាបន្ទប់ធំ ចាងហ្វាងបានកោះហៅអ្នកម៉ែន​ចូលមកជួបស្ងាត់ៗនៅក្នុងបន្ទប់ធ្វើការរបស់ខ្លួន។

ពេលនោះហើយអ្នកមែនបានសារភាពប្រាប់ថា ៖

«លោកម្ចាស់! ខ្ញុំជាប់ការសង្ស័យទៅលើអ្នកបងគឹមហួន ដោយសារថ្ងៃមួយខ្ញុំបានឃើញគាត់ឈ្លោះនឹងអាតុម!»

«ឈ្លោះអាតុមរឿងអី?!»

«អាតុមចង្អុលថា ម្តេចគាត់ដើរមកកាត់យក​អំបោះសីមា​លឿងចេញពីរូបថតរបស់អ្នកស្រីចាងហ្វាង?  គាត់ក៏ច្រាន​អាតុមដួលហើយចេញបាត់ទៅ! ពេលមួយខ្ញុំគិត​ចុះឡើងម្នាក់ឯងមិនអស់ចិត្ត​ក៏​លបហៅអាតុម​ទៅលួងវាសួរ វាសារភាពថា បានឃើញគាត់​យកកន្ត្រៃ​ទៅឱ្យ​កុលាបរ័ត្នកាន់និងបង្គាប់ធ្វើដូចជាកាត់សីមានោះចោល តាមពិ​តគឺគាត់ជាអ្នកកាត់មុន!​ ដោយ​កុលាបរ័ត្ននៅក្មេង តូចពេក ពេលអ៊ំស្រី​ស្រែកឆោឡោ​ឡើង ​គ្នា​ក៏មិនអាចប្រកែកថាអ្វី​បាន!»

ចាងហ្វាងនៅស្ងៀមទ្រោបមុខគិត។

«តើអ្នកគឹមហួនធ្វើនេះ​ដើម្បីអ្វីទៅ?!»

ឮមីងម៉ែនសួរបែបនេះ​ចាងហ្វាង​ដែលនៅច្របូកច្របល់ចិត្ត​ខ្លាំង ស្រែកឡើងថា៖

«ហៅអាតុមកអាយ!»

តុមត្រូវបាន​មីងម៉ែនទៅនាំមកដល់។

«មើល៍អាតុម ម្តេចឯងដឹងរឿងហើយ ក៏​ចចេសលាក់នឹងឪ?»

កុមារាបាននិយាយតបដោយ​ទឹកភ្នែកសស្រាក់ថា៖

«ជម្រាបពុក! ពេលដែលអ្នកគឹមហួនលបៗ​កាត់សីមាលឿងចោល គាត់មានទឹកមុខកាចៗ   មិនដូច​ធម្មតា​យើងឃើញទេ!​ ពេលគាត់ទម្លាក់កំហុសលើប្អូនស្រី​ ខ្ញុំបានរត់ទៅតាម​សួរនាំ តែគាត់បែរ​ជា​សម្លុត​ខ្ញុំថា បើមិនលាក់រឿងនេះធ្វើជាគថ្លង់ ​នឹង​ឱ្យពុកបណ្តេញខ្ញុំចេញ ​ព្រោះពុកជឿតែគាត់ម្នាក់ទេ!»

ចាងហ្វាងទ្រោបក្បាល​បោយដៃបណ្តេញ​តុមឱ្យថយចេញ។

«ទៅៗ​ទៅអាន​រឿងឱ្យម្តាយឯងស្តាប់!»

លុះឃើញ​អ្នកម៉ែននៅត្រេង​ត្រាង គាត់ក៏សួរខ្សាវៗដូចមនុស្ស​កំពុងបាក់ទឹកចិត្ត៖

«មានរឿងអីទៀត?»

គាត់ជាមនុស្សជំនិតម្នាក់ដែលឈឺឆ្អាលនឹងដឹងគុណណាស់ រឿងនេះ​ចាងហ្វាង​ហែម​ដឹងច្បាស់។ កូនប្រុសនាយមាំរបស់គាត់​ក៏បានចូលរៀនសូត្រដោយការសន្តោសរបស់​ចាងហ្វាងដែរ។ ពេលនេះគាត់ឱនមកខ្សឹបខ្សៀវ៖

«ខ្ញុំសង្ស័យថា ក្នុងបន្ទប់​ឃ្លាំងតូច​មានបង្កប់គ្រឿងមន្តអាគមទាន!»

ពេលឃើញ​ថា លោកចាងហ្វាងបាន​​ផ្ទៀងស្តាប់ព្រោះយកចិត្ត​ទុកដាក់​គាត់ក៏និយាយបន្ត៖

«ព្រោះអ្នកស្រីទាមទារមកសម្រាន្តក្រៅខ្ញុំមិនដែល​ចាប់អារម្មណ៍​ចូលមករៀបចំ​ក្នុងបន្ទប់នេះទេទាន! ស្រាប់តែ​មុននេះបន្តិច បានឮសូរសម្រែកមនុស្ស ហៅឈ្មោះខ្ញុំ ជាប់ៗបីដង​ដំបូងហៅខ្សឹប ក្រោយគេហៅសម្លុត!​ បានជាមុននេះចៅហ្វាយឃើញ​ខ្ញុំចូលក្នុងបន្ទប់ឃ្លាំងចាស់នេះ!»

មិនចង់តែនឹងជឿសម្តីបាវ​ដែរ តែ​ខ្លួនឯងក៏ទើបតែត្រូវដាស់ឡើងដោយសារសំឡេងដដែលនេះ….ម្ល៉ោះហើយ​អ្វីម្យ៉ាងញ៉ាំងចិត្ត​ចាងហ្វាងឱ្យ​ចង់ដឹងការពិត។

«មីងហូត​យក​អំបោះសីមាលឿងពីចុងជើងមកធ្វើអី្វ?!»

«ចាស៎ គឺដើម្បីប្រើអាមាំឱ្យទៅរកកូនសិស្សតាវង្សឧបកិច្ច​ឡើងវិញ!»

«មិនបាច់ទេ!​ គេផ្ញើសំបុត្រមកហើយ​ថា មិនអាចដោះឱ្យទេ យកទៅទុកនៅនឹងកន្លែងចុងជើងវិញ​តាមបណ្តាំរបស់គេទៅ ហើយទៅធ្វើការ​របស់មីង​លាក់រឿងក្នុងផ្ទះឱ្យបានជិត កុំបាចហាចទៅក្រៅ!»

«ចា៎សទានប្រោស!»

វេលានោះ ចាងហ្វាងនៅបន្ត​ទ្រោបក្បាលគិតចុះគិតឡើងតែអង្គឯងថា ហេតុអីបានជាអ្នកបងគឹមហួនចូលទៅកាត់ខ្សែអំបោះលឿងពីរូបថតភរិយា​ចេញ?

«បងស្រី​របស់អ្នកគឺជាដើមហេតុដែលធ្វើឲ្យប្អូនស្រីរបស់ខ្ញុំកើតជំងឺឆ្កួតលេលា! បើមិនជឿ ចូរអ្នកឆាប់ត្រឡប់ទៅផ្ទះវិញ ស្វែងរកនូវតាម​មុំចង្ក្រាន ស្រះទឹក និងធ្នឹម​កណ្តាល កន្លែងបីនេះប្រាកដជាមានភស្តុតាងនៃអំពើដែលបងស្រីរបស់អ្នកបានដាក់មកលើគ្រួសារអ្នក!»

សម្តីអន្ទឺពិតប្រាកដនៅស្រុកកំណើតកម្រើក​ឡើងមកក្នុងការ​ចងចាំរបស់ហែម។​

«អឺ មែន!»

ស្ត្រីនោះក៏វិលមកវិញតាមការកោះហៅនៃនាយចៅហ្វាយ។ ចាងហ្វាងកេះមីងម៉ែនមកក្បែរខ្សឹបស្ងាត់ៗ៖

«នៅស្រុក​ប្រពន្ធខ្ញុំ គេប្រាប់មកថា បើសិនជាមានគេដាក់របៀនលើប្រពន្ធខ្ញុំពិតមែន ច្បាស់ជាដាក់នៅកន្លែងទាំងបី គឺធ្នឹមកណ្តាល ស្រះទឹក ហើយនិង​នៅផ្ទះចង្ក្រាន!»

ឮហើយ​ អ្នកម៉ែន​ក៏រត់បបួលមនុស្សក្នុងផ្ទះឲ្យតាមរកស្ងាត់ៗ ដោយយកចិត្ត​ទុកដាក់ប៉ុន្តែលុករកយ៉ាងណា​មិនឃើញ​មានអ្វីគួរសង្ស័យ​ទាំងអស់។

គ្រានោះដែរ ចាងហ្វាងបានផ្ដើមកោះហៅនាយមាំ កូនប្រុសមីងនេះ​ឲ្យស្រូត​ឡើងទូក ទៅអញ្ជើញម្តាយឪពុកខ្លួនមកផ្ទះ រួម​ទាំងកូនស្រីទាំងពីរមកវិញផងដើម្បីបានជំនុំ​សម្រួលដំណើរដើមទងនៃសាច់រឿងរបស់បងស្រីខ្លួនថា តើគាត់ជាមនុស្សយ៉ាងម៉េច នៅពេលដែលខ្លួនចេញពីផ្ទះមកយូរឆ្នាំនេះ មិនដឹងថា​គាត់មានរឿងអ្វីកើតឡើង។ ហើយ​នៅក្រោយ​ពេលដែលប្តីគាត់ស្លាប់ គាត់មាន​ផ្លូវចិត្ត​បែបណាខ្លះ?

២ថ្ងៃក្រោយមក​ ចាំបាត់ៗទើបឃើញនាយមាំវិលវិញ។ លោកតាធំនិងតាម្នាក់ទៀតបានបង្ហាញខ្លួនជាមួយម្តាយចាងហ្វាង​ទុកឪពុកឱ្យនៅរក្សាផ្ទះ ជាមួយចៅៗ។

«ចូរហៅគាត់ថា ហ្មសាវុធ! លោកជាអ្នកចេះមើលជំងឺ ធ្លាប់ស្គាល់រាប់អានគ្នាជាមួយ​តា តាំងពីជំនាន់ធ្វើសង្គ្រាមនឹងពួកសៀម!»

លោកតាធំបង្គាប់ដូច្នេះទៅកាន់គ្រប់គ្នា។

ហ្មសាវុធ មានសក់រួញអង្គារ៍ដី កម្ពស់ជាងមួយម៉ែត្រប៉ែតសិប ទឹកមុខភ្លឺស្វាងក្នុងទម្រង់ថ្គាមខ្លាយ៉ាងមានអំណាច។​ គាត់ជាអ្នកចេះចាំសាស្ត្រា​ចាស់ មន្តវិជ្ជាការសម្រាប់ទប់ទល់ដោះអាគមខ្មៅងងឹត​ និងដោះអំពើស្មារតី​រាងកាយសព្វអន្លើ។

បានមកដល់ជាអ្នកជួយកែការណ៍ហើយ គាត់ក៏ដើរមើលពាសពេញផ្ទះ និង​សរសេរកំណត់ត្រាធ្វើលេខបូកគុណដកចែកពេញមួយថ្ងៃ ព្រមទាំងអង្គុយស្ងៀម អត់ធ្មត់ស្តាប់រឿងរ៉ាវផងទាំងពួងដែលចាងហ្វាងហែមបានរៀបរាប់ប្រាប់។

មួយថ្ងៃរំលងទៅមុខទៀត ពេលពន់ព្រលប់ក្រោយពីការអុចធូបបន់ស្រន់លើនប់រមាំង ស្រាប់តែ មនុស្សស្រីម្នាក់បង្ហាញខ្លួនជាអ្នកលក់នំផ្លែអាយ។ អ្នកភូមិធ្លាប់ឃើញគាត់រាល់តែដង មកលក់កាត់នេះ ថ្ងៃនេះចម្លែកត្រង់ថា គាត់មិនលក់ដូចរាល់ដងបែរជាចាំស្ទាក់ផ្លូវតាមយាយម៉ែនតាមផ្លូវក្រោយផ្ទះ និងព្យាយាមនិយាយពាក្យដដែលៗថា ចូរជីកដើមម្លិះក្បែរស្រះ។

ក្រុមអ្នកម៉ែនបានគិតចុះឡើង ក៏សង្ស័យខ្លាំង ទើប​សម្រេចចិត្ត​ដើររកជីក​ដើមម្លិះ​ជាជួរៗ​ក្បែរស្រះទើប​រកឃើញ កញ្ចប់ស្បោងថ្លាប្រផេះ ដែលត្រូវបានកប់ចោលនៅក្រោមគល់ដើមទើបតែដាំបានតូចៗដោយដៃអ្នកគឹមហួនប៉ប្របនៅក្បែរមាត់ស្រះ។

កញ្ចប់នោះត្រូវបានយកមកប្រគល់ឲ្យចាងហ្វាងហែម គាត់ក៏បើកវាឡើងនៅនឹងមុខចាស់ទុំទាំងអស់​។ ក្នុងនោះមានសន្លឹក​ក្រដាស់ចាស់​ចារឈ្មោះពីរគឺ​ បងស៊ីថានិងប្រពន្ធហែម។

«ហេតុអ្វីបានជាឈ្មោះបងថ្លៃខ្ញុំមកនៅកន្លែងនេះនិងឈ្មោះប្រពន្ធខ្ញុំទៅវិញ?»

បានជាចាងហ្វាងហែមភ្លាត់មាត់ ពីព្រោះគាត់ស្គាល់ច្បាស់ថា ជានាម​នៃ​ស្វាមីរបស់អ្នកគឹមហួន ថែមទាំង​ត្រូវជាបងថ្លៃរបស់គាត់ ដែលបានខ្ចាត់ទៅនៅព្រាត់ស្រុកឆ្ងាយមិនដែលជួបមុខគ្នាតាំងពីបងស្រីគាត់បានរៀបការរួច។

ហ្មសាវុធ ដែលជាអ្នកចេះមើលរបៀនសឹងសព្វបែបយ៉ាង ក៏នៅតែគិតមិនយល់អំពីស្នាម​ភ្ញីក្រវ៉េមក្រវ៉ាម នៅព័ទ្ធជុំវិញអក្សរឈ្មោះទាំងពីរថាជារបៀនអ្វី។ ជឿថាជាមន្តអាគម ដែលកំពុងតាមរក តែគិតមិនដឹងអំពីមូលហេតុនិងមិនដឹងថា ជាអ្វីប្រាកដផងនឹងបានដោះស្រាយ​ដោយរបៀបណាទៅ?

គាត់បន្ត​គិតចុះឡើងនៅតែគិតមិនឃើញ លុះដល់ស្រាវជ្រាវតាមសៀវភៅបុរាណរបស់គាត់​ទើបរកឃើញ​នូវទម្រង់នៃគំនូសក្រវ៉ាមនោះ ថាជា​របៀនម្យ៉ាងគេហៅថា អាពាហ៍ពិពាហ៍ខ្មោច ប្រើចងវិញ្ញាណមនុស្សដែលនៅរស់ ជាមួយនឹងខ្មោចដែលស្លាប់ទៅ ដោយ​ប្រើឈ្មោះដើម្បី​ហៅឱ្យ​នៅអន្ទោលតាមចងពៀរគ្នា។

វិញ្ញាណដែលស្លាប់ទៅនោះ នឹងនៅច្របូកច្របល់តាមពាល់តែជាមួយម្នាក់ទៀតដែលជាមនុស្សពិតប្រាកដ ដូច្នេះខ្មោចដែលនៅសន្ធំបណ្ដាលឲ្យអ្នកប្រពន្ធរបស់ចាងហ្វាងហែមប្រុងតែនឹង​សម្លាប់ខ្លួននិងដុតផ្ទះថែមទាំងអារដៃជើង គឺជាខ្មោចបុរសម្នាក់កាលនៅរស់ជាប្តី​របស់អ្នកគឹមហួននិង​ជាបងថ្លៃចាងហ្វាងហែម។

ក៏មិនដឹងថាហេតុអីបានជាបងថ្លៃដាច់ចិត្តនឹងធ្វើរឿងនេះមកលើប្អូនថ្លៃខ្លួនឯង ចាងហ្វាង​ហែម​គិតអ្វីមិនឃើញ​អង្គុយ​ខ្មៅមុខ​កើតទុក្ខ​ពន់ពេក។

ឃើញកូនប្រុស​បែបនេះ​កាលណា ក៏ម្ដាយរបស់ចាងហ្វាងដែលនៅស្ងៀមមិនមាត់​កយូរហើយដាច់ចិត្ត​និយាយសារភាព​ ​​ដោយ​គ្រវីក្បាលហួសចិត្តផង។

«ខ្ញុំជា​ម៉ែ ប្រាកដជា​ដឹងអំពីមូលហេតុដែល គឹមហួនវាធ្វើអំពើនេះ!»

គាត់ហៅកូនមកជុំនិងលោកតាធំមានទាំងហ្ម សាវុធនិងតំណាលឡើងថា៖

«មុនពេលដែលកូនហែមនេះត្រូវចេញទៅរៀបការប្រពន្ធ​ក៏មានហោរម្នាក់ដើរកាត់ភូមិយើង! ខ្ញុំនៅមិនសុខមិនសាប់​ក៏បានហៅឲ្យចូលទាយមើលឱ្យ! គ្រានោះសាមីកូនកម្លោះមិនបាននៅផ្ទះទេ នៅតែខ្ញុំហើយនិងកូនស្រី ដូច្នេះហោរ​ក៏បានគន់គូរ​ដោយ​និយាយថា កូនខ្ញុំមិនអាចរៀបការបានទេប្រសិនបើរៀបការនោះនឹងធ្វើឲ្យប៉ះពាល់ទៅដល់សាច់ញាតិខាងឯងម្នាក់ណា នឹងត្រូវបាត់បង់ជីវិតទើបរួចទោសពីព្រោះមង្គលការនេះ មិនដូចទៅនឹងអ្វីដែលជាចំណារគូព្រេង! ឮរឿងនេះហើយខ្ញុំនិងបងស្រីគេមិនសប្បាយចិត្តសោះ ប៉ុន្តែដោយសារតែបានភ្ជាប់ពាក្យភ្ជាប់សម្តីជាមួយគ្រួសារនោះយូរណាស់មកហើយដូច្នេះមិនអាចជូនពាក្យកូនស្រីគេវិញបានឡើយ ក៏តាំងចិត្តថា ធ្វើមិនជឿពាក្យហោរ ក៏បន្តរឿងមង្គលការនោះតាមគម្រោងទៅ! ក្រោយមកគឹមហួនក៏បានចេញទៅនៅស្រុកឆ្ងាយតាមប្តីដែលរកស៊ីជំនួញ តែប្ដីត្រូវរងគ្រោះថ្នាក់ស្លាប់ដោយទាន់ហន់! ប្រហែលជាហេតុផលនេះ ធ្វើឲ្យបងស្រីចាប់ផ្តើមមានគំនុំសងសឹកទៅលើគ្រួសាររបស់ប្អូនប្រុស ឬក៏ចាត់ទុកថាប្រពន្ធរបស់ប្អូនខ្លួនគឺជាមនុស្សចង្រៃម្នាក់!»

ហែមនៅស្ងៀម​រកនឹកឡើងវិញ​នូវសភាព​ក្រៀមស្រពោនលាក់កំបាំង​​នៃទឹកមុខ​បងស្រីខ្លួ​នដែលរស់នៅឯកោក្នុង​នាម ជាអ្នកមេម៉ាយដែលគ្មានកូននឹងគេបន្តមើលថែ។ សេចក្ដីច្រណែន ស្អប់​គុំកួន បាន​ធ្វើឱ្យកំហឹង គាត់មិនអាចរំងាប់​បង្កើតទៅជា គំនិតព្យាបាទស្វែងរកគ្រូ មន្តអាគមយកអំពើមកដាក់ចោលនៅក្បែរស្រះទឹក ដូចដែលបងស្រីបង្កើតរបស់ប្រពន្ធខ្លួន​ បានប្រមើលមើលឃើញ​តាំង​ពីនាយមកដូច្នោះដែរ។

«ជាកម្មដែល​បានវិលទៅរកម្ចាស់ដើម! អាគម​នឹងធ្វើឲ្យម្ចាស់ដើមដែលជាអ្នកកសាងរឿងនេះ រងគ្រោះថ្នាក់ដោយខ្លួនគេ​វិញ​បានគ្រប់ពេលវេលា​ ក្នុងករណីបើសិនជាជាមានអ្នកខ្លាំងពូកែណាម្នាក់គេ​មកជួយប្រពន្ធអ្នកឱ្យរួចភ័យ បងស្រីរបស់អ្នកនឹង​ស្លាប់ភ្លាម!» សម្តី​របស់អ្នកអន្ទឺពិតប្រាកដដែល​ឈឺក្នុងខ្ទមម្នាក់ឯង​នៅតែលាន់រងំមកក្នុងការចងចាំ។

«សីមាអំបោះលឿងនោះ គឺគាត់ឡើងទៅកាត់ដោយខ្លួនឯង ដូច្នេះហើយបានជាគាត់មានបញ្ហាត្រលប់នូវអំពើឃោរឃៅរបស់គាត់ទៅលើខ្លួនគាត់ នៅពេលដែលគាត់ភ័យខ្លួនជិះទូកវិលត្រលប់ទៅស្រុកវិញក៏ត្រូវរងគ្រោះថ្នាក់តែម្ដង!»

ហ្មសាវុធបានសន្និដ្ឋានបែបនេះ។

ក្រោយ​រកឃើញឫសគល់ហើយ ទើប​គាត់ចាត់ចែង​ធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកដែលបានចែកឋានទៅឲ្យបានត្រឹមត្រូវ សុំឲ្យអហោសិកម្មគ្រប់បែបយ៉ាងដោយមាន រៀបចំតាមរណ្ដាប់បុរាណ ចងឈ្មោះគឹមហួននិងប្តី​រមូចូលគ្នាដោយក្នុងកូនដបងងឹត និងបិទឆ្នុកជិត​បណ្តែតចោលនឹងទឹកទន្លេ          បញ្ជេរ​ឱ្យវិញ្ញាណ​ប្តីប្រពន្ធទាំងទ្វេរនៅជាមួយគ្នា​អស់កល្បទៅ ឈប់មកចងពៀរនឹងឈ្មោះ«ប្រពន្ធហែម»ម្នាក់នេះបានទៀត។

«នេះឯងគឺជាភរិយារបស់ខ្លួន សូមទៅជាមួយគ្នាឲ្យបានសុខ ចាប់ពីពេលនោះតទៅ កុំបកក្រោយ​នឹកឃើញអ្វីឡើយ​!»

គ្រួសារនេះក៏គ្មានអ្នកណានិយាយអ្វីជុំវិញអ្នកគឹមហួនទៀតដែរ។

ចំណែករឿងខ្មោចចូលទៅលើភរិយារបស់ចាងហ្វាងហែមបានក្លាយទៅជាអតីតកាល។

តាម​យោបល់លោកតាធំ និងហ្មសាវុធព្រមទាំងម្តាយរបស់ចាងហ្វាងហែមផង គ្រប់គ្នាជឿថា តាមពិតសំឡេង​ដែល​មកខ្សឹបហៅចាងហ្វាងហែម និង​ឮដាស់ហៅអ្នកមឿនឲ្យក្រោកទៅឃើញចូលឃ្លាំងតូច ជាបារមីនៃនប់រមាំងដែលត្រូវបានលោកតាធំប្រគល់មកឲ្យទុកក្នុងឃ្លាំងតូច។

នប់រមាំងនេះ ខ្មែរយើងរមែង​តែង​ជឿថា គឺជាវត្ថុសក្ដិសិទ្ធិដែលអាចយកតាមខ្លួនបាន​រាល់ពេលណា​ត្រូវចេញ​ធ្វើចម្បាំង ឬធ្វើជំនួញស្រុកឆ្ងាយប្រកបដោយ​ការផ្សងព្រេងគ្រោះថ្នាក់ ដោយសារបារមីវត្ថុ​តែងតែជួយខ្សឹបប្រាប់ឲ្យម្ចាស់បាន​ដឹងមុនជានិច្ចនៅនឹងត្រចៀកនូវព្រឹត្តិការណ៍​អ្វីដែលបម្រុងតែនឹងកើតឡើង។

សូម្បីតែនឹង​មានអគ្គិភ័យឬក៏មានចោរ សត្រូវ​លបចូលផ្ទះ ក៏នឹង​មក​ដាស់ឲ្យម្ចាស់​ភ្ញាក់ដឹងខ្លួនឡើងទាន់ពេល​វេលា​បានភ្លាមដែរ។

 តើអ្នកយល់យ៉ាងណាអំពីជំនឿខ្មែរក្នុងនិទានកថានេះ? តើអ្នកចង់អានភាគ​និទានពេជ្រ​បណ្ឌិតក្រោយក្រោយទៀតដែរឬទេ?