កុំចចេសនឹងសេចក្ដីស្រលាញ់ដែលមិនស័ក្ដិសមនឹងយើង

ហេតុអ្វី​មនុស្សជាច្រើនឈឺចាប់ព្រោះស្នេហា?

អាចនិយាយបានថា អ្វីក៏ដោយឱ្យតែប៉ះពាល់ជាមួយបេះដូង ហើយអាចបង្កើតជាអារម្មណ៍រំភើបកក់ក្ដៅបាន ក៏ងាយនឹងធ្វើឱ្យក្រៀមក្រំទុក្ខសោកបានដូចគ្នា។

នៅជាមួយនរណាម្នាក់ដែលគេមិនបានយកចិត្តទុកដាក់ ឬស្រលាញ់យើង ដែលភូតភរបោកបញ្ឆោត ក្បត់ចិត្ត ឬការរំលោភបំពាន សុទ្ធតែជាមូលហេតុដែលធ្វើឱ្យយើងឈឺចាប់ ក៏ជាការឈឺចាប់ដែលពិបាកនឹងបញ្ចប់ ប្រសិនយើងមិនព្រមបញ្ឈប់ទំនាក់ទំនងនោះជាមុន។សំណួរដែលពេញនិយមក្នុងចំណោមអ្នកដែលកំពុងតែមានស្នេហាគឺ តើមានតម្លៃដែរទេ ក្នុងការតស៊ូជាមួយសេចក្ដីស្នេហាដ៏ឈឺចាប់វែងអន្លាយមួយ?

«មនុស្សគ្រប់គ្នាសុទ្ធតែមានលទ្ធភាពបង្កើតការឈឺចាប់ឱ្យយើង ប៉ុន្តែសួរថាតើពួកគេសក្ដិសមដែរអត់?»ព្រមឈឺចាប់ព្រោះស្នេហាពិតជាស័ក្ដិសម ព្រោះនេះជារឿងដ៏អស្ចារ្យសម្រាប់ជីវិតពិតមែនទេ?

នៅពេលយើងមានស្នេហាពិតៗ ជាក្ដីស្រលាញ់នរណាម្នាក់ យើងសុខចិត្តទទួលយកគេ ដែលគេភ្លេចរក្សាខ្លួនយើងដែលជាយើង មានទស្សនៈ មានគោលដៅ មានលក្ខណៈពិសេស។ហើយដោយសារតែយើងតែងព្យាយាមអស់ពីសមត្ថភាពដើម្បីយល់ពីគេ របៀបដែលគេគិត ហេតុផលរបស់គេ និងដើម្បីក្លាយជាអ្វីគ្រប់យ៉ាងដែលគេមានក្ដីសុខជាមួយ។ ការណ៍នេះតម្រូវឱ្យយើងស្រាប់តែចេះអត់ធ្មត់ ព្រមចំណាយពេលវេលានិងការខិតខំជាច្រើន ដែលមិនធ្លាប់ធ្វើកន្លងមកនេះឯង ដែលការឈឺចាប់ខ្លះអាចចូលមកបាន នៅពេលយើងចាប់ផ្ដើមចេះស្រលាញ់។

ទោះយ៉ាងណា យើងអាចសង្គ្រោះខ្លួនឯងពីការឈឺចាប់ដោយសេចក្ដីស្នេហាបានជារឿយៗ។ មនុស្សយើងរមែងទទួលរងអាកប្បកិរិយាមិនឆ្លើយតប និងស្របចិត្តរំពឹងពីបណ្ដាមនុស្សដែលយើងស្រលាញ់ ឬគោរពឱ្យតម្លៃ។

ធម្មតាពួកគេនោះហើយដែលមានលទ្ធភាពធ្វើឱ្យយើងខូចចិត្តនិងឈឺចាប់បានយូរ ត្បិតអីយើងឱ្យតម្លៃគេហើយពិបាកបំភ្លេចតម្លៃល្អៗរបស់ពួកគេនៅក្នុងការចងចាំរបស់យើង។នៅពេលគេក្បត់ ឬផ្លាស់ប្ដូរលែងដូចមុន មិនមែនមានលក្ខណៈដូចមនុស្សអាក្រក់នានាដែលយើងឃើញតាមផ្លូវនៅក្នុងកុនល្ខោន ហើយយើងបំភ្លេចចោលដើរជៀសបានភ្លាមៗនោះទេ។

យើងស្រឡាំងកាំង យើងមានអារម្មណ៍ពុះកញ្ជ្រោលជាមួយភាពជូរចត់ និងការឈឺចាប់ព្រោះស្រងាកចិត្ត ពិបាកទទួលយក។វាឈឺណាស់ ហើយអ្នកណាៗក៏ធ្លាប់រងវា ខ្ញុំជឿថាអ៊ីចឹង!បទពិសោធន៍បែបនេះមានឥទ្ធិពលខុសគ្នាទៅលើមនុស្សយើងពីម្នាក់ទៅម្នាក់ទៀត។

សម្រាប់ខ្ញុំ ការឈឺចាប់បែបនេះ ១០០ភាគរយ បានឆក់យកនូវថាមពលវិជ្ជមានអស់ពីក្នុងខ្លួនភ្លាមៗហើយយូរយារ។នៅពេលខ្លះខ្ញុំមានអារម្មណ៍ថា មួយជាតិនេះនឹងមិនធូរស្បើយមិនជាសះ ពីរបួសមួយហ្នឹង ជារៀងរហូត។ប៉ុន្តែខ្ញុំបានសរសេរនៅក្នុងសៀវភៅ “ពេលវេលា” ហើយ មនុស្សយើងត្រូវការរស់ជាមួយបច្ចុប្បន្នភាព។ គ្រប់គ្នាត្រូវព្រមទទួលយកថាជីវិតយើងត្រូវតែឆ្លងកាត់រឿងឈឺចាប់ ហើយអ្វីដែលបានកើតឡើង និងបង្រៀនយើងឱ្យចេះស្ដារខ្លួនឯងឡើងវិញពីបណ្ដាទិនទិវានានាដែលទឹកភ្នែកយើងហូរ សឹងខ្សោះលែងចង់ដកដង្ហើម។
«មនុស្សយើងតែងឈឺចាប់ព្រោះរឿងស្នេហាដោយសារ ស្នេហាពិបាករកបាន ពិបាកថែរក្សា ហើយពិបាកបំភ្លេច។»

ដកស្រង់ចេញពី សៀវភៅ #ការឈឺចាប ដោយម៉ីសនសុធារី តម្លៃ២៥០០០រៀល