រឿង ៖ ផ្ទាំងគំនូរចុងក្រោយ

យប់នេះ ខ្យល់ចម្លែកបោកមកបញ្ជូនពពកពាសពេញផ្ទៃមេឃ។ អន្ធការ​ងងឹតឡើងៗសូម្បីតែរស្មីនៃព្រះចន្ទពណ៌លឿងមួយចំណិត​ដើមខ្នើត​ក៏ម្តងម្កាលត្រូវបាន​បិទបាំង។

ស្រះចាស់ ចោមព័ទ្ធទៅដោយ​ព្រៃល្អិត គ្មាន​ការសម្អាតពេញលេញ ហាក់បានត្រូវបោះបង់ចោល លែងមានគេរាប់រកច្រើនឆ្នាំមកហើយក្រោយអវត្តមាន​អភិបាលមនោ។

ចន្លុះគោមភ្លើង​ត្រូវបាន​ដោត​ពីរដើម​សងខាង​ជ្រុងស្រះដែលបណ្តោយមិនតិចជាង៣០ម៉ែត្រនិងទទឹងជាង១០ម៉ែត្រ។ នៅមាត់ស្រះទឹកនោះ លោកយាយក្មេងមកភាវនា​ដោយអង្គុយ​ផ្ទាល់លើស្មៅនិងដោយគ្មានគ្រឿង​សែនព្រេន​អ្វីនៅនឹងដៃ មានតែផ្កាស្មៅប៉ុន្មានទងដែលគាត់បានបោចមកពេលដើរតាមផ្លូវ។

ស្ត្រី​អ្នកលេងអាគម​រូបនេះ បិទភ្នែកភាវនាដោយមានចូចនិងនិមល​អមក្បែរៗ។ ប៉ូលិស​ទាំងពីរអត់ធ្មត់​ពិនិត្យ​ទិដ្ឋភាពនានាយ៉ាងយកចិត្ត​ទុកដាក់រង់ចាំ​លោកយាយបើកភ្នែកមក​វិញ។ ពេលនោះគាត់លាបាតដៃ​មកសូត្របាលី​ឮៗលើផ្កាស្មៅរួច​ផ្លុំ្លខ្លាំងៗទម្លាក់វាឱ្យហើរទៅក្នុងស្រះទឹក។

ចូចសម្លឹងទៅ​លម្អងផ្កាស្រាលស្ងើករោយរាយលើផ្ទៃស្រះខ្មៅងងឹត។ ចិត្តគេចង់ដឹងណាស់ថា អ្វីទៅនៅក្រោម​ការធ្វើមន្តអាគមនេះ លោកយាយ​នឹង​រកឃើញអ្វី?

«ចូរឲ្យយើងជួបជាមួយនឹងការពិត! ចូរម្ចាស់ទឹកម្ចាស់ដីនៅទីនេះ បង្ហាញផ្លូវយើង ឲ្យស្វែងរកបាននូវការពិត! ចូលគ្រប់គ្នានៅទីនេះដកថយចេញ ទុកឲ្យការពិតអណ្តែតឡើងមក!»

គាត់សូត្រសម្រាយតែដដែលៗដូច្នេះជាច្រើនដង រហូត​ដល់អ្វី​មួយ​ធ្វើឱ្យទាំងបីកាយភ្ញាក់អារម្មណ៍។ វាជា​សំឡេងចម្លែកមួយ ដែលកម្រើក​រំជួយមក​ដោយការ​បោកបាចរវាងខ្យល់នឹងមែកឈើតែវាមិនធម្មតា​តាមរបៀប​របស់ធម្មជាតិទេ…..

ខ្យល់បោកខ្លាំងឡើងៗ ចូចនិងនិមលខំតាំងចិត្ត​រំពៃឆ្វេងស្តាំប្រុងប្រៀប ឯលោកយាយក្មេង​ក៏បិទភ្នែក​ផ្ចង់បន្តសូត្រធម៌ស្តាប់មិនយល់មួយចំនួន សូត្រ​រហូតដល់អស់ចិត្ត បែកញើសជោកខ្លួន ក៏ងាកមកបង្គាប់ឲ្យនិមន្តនិងចូចចូលទៅក្បែរ។

«ទៅរកមនុស្សឱ្យមកជួយ! ទាន់មេឃមិនទាន់ភ្លឺ យើង​រាវបាតស្រះនេះ!»

ចូច​អេះក្បាលចម្លែកចិត្ត​។ ជាប៉ូលិស ពួកគេត្រូវមានហេតុផលអ្វីដើម្បីធ្វើរបាយការណ៍ឲ្យ ថ្នាក់លើយល់ព្រមបញ្ជូនកម្លាំងនិងឧបករណ៍មកដើម្បីរាវស្រះនេះ។

គិតចុះឡើង​ តែ​ដើម្បីចៅហ្វាយស្រី​ដែលនៅជាប់ក្នុងអាគម​ខ្មៅ ពួកគេបានសម្រេចចិត្តធ្វើលិខិតមួយដោយចិត្ត​ឯងហើយនិមលចេញបញ្ជា៖

«ចូច! ឯងជាអ្នកយកទៅឲ្យអធិការ វាយត្រា!»

«យើង?»

ចូចគ្មានលេសអ្វីគេចបានទេ ទោះគេភ័យសឹងរាក​នោម​ម្តងៗឱ្យ​តែនឹកដល់អធិការ​ទុំនាង​។

​     និមលបានជូនគេ​វិលត្រលប់ទៅជួបអធិការទុំនាង។ ដោយមាន​គូកននៅរង់ចាំខាងក្រៅ​របង ចូចក៏កាន់ឯកសារ​ចូលទៅគោះទ្វារ។

«មកទាំងយប់ហើយទាន! ខ្ញុំមានឯកសារសំខាន់សុំឲ្យសែហ្វជួយស៊ីញ៉េបោះត្រាទាន!»

គ្មានចម្លើយ គ្មានការឆ្លើយតប។ គេព្រឺរងានឹកដល់សម្តីរៀបរាប់របស់លោកតាស៊ីថា ដែលនិយាយថាក្រៅពីពិការ ក្មេងស្រីថែមទាំងមិនចេះនិយាយរហូតដល់ធំនិងរហូតដល់ថ្ងៃស្លាប់។

ទាំងភ័យស្លន់ស្លោសឹងតែរបូតនោមចូចនិយាយឡើងទៀត៖

«អ្នកស្រី! យើងត្រូវការស្ដារស្រះខាងក្រោយរបស់ផ្ទះអភិបាលមនោ!»

គ្រាន់តែឮបែបនេះមិនទាន់ចប់ស្រួលបួល ទ្វាររបើកទៅខាងក្នុង ធ្វើឲ្យគេស្រឡាំងកាំងរបូតឯកសារពីដៃស្រាលកម្លាំងខ្សុយ។

     ខ្យល់មួយវឹប​បោកបក់មកពីណាមិនដឹង    ប៉ើង​នាំយកឯកសារនោះចូលទៅខាងក្នុងទុកឱ្យ​​ចូច​​ឈរឆ្កុប​មិនដឹង​ថាខ្លួនឯងយល់សុបិន​ឬមួយ​ក៏….

មិនយូរសោះឡើយ…..សន្លឹកដដែលនោះបានប៉ើងចេញមកវិញ ត្រលប់មកឱ្យ​ម្ចាស់ដើម។ ចូច​សន្សឹមៗ​លូកដៃ​ទៅរាវរកឯកសារនៅលើដី ដែលមានប្រថាប់ត្រាក្រហមទែង។ ភ្នែកនាយក្រឡាប់ចុះឡើង​ព្រោះ​ភ័យនិងភ្ញាក់ផ្អើល​ហួស។

បានក្រដាសមួយសន្លឹកនេះ និមលនិងចូចអាចស្វែករកមនុស្សជាច្រើនឲ្យទៅជួយស្ដារស្រះខាងក្រោយ។  ទីបំផុត ពួកគេរកឃើញឆ្អឹងមនុស្សជាច្រើនកប់នៅខាងក្រោមបាតស្រះនិង

សម្លៀក​បំពាក់​ដែលអាចសម្គាល់បាននៅលើខ្លួននារីម្នាក់ថាជាប្រភេទសូត្រមានតម្លៃ គ្រឿងអលង្ការជាប់នៅ ក៏បង្ហាញដែរ​ថានេះគឺជាសពរបស់អ្នកស្រីណេង ភរិយា​អភិបាលមនោ​ដូច​ដែល​ឮ​លោកតាស៊ីថាតំណាល។

     លោកយាយក្មេងបានប្រាប់ពួកគេ​      ឱ្យទៅ​និមន្តសង្ឃ​និង​រកអាចារ្យពន្លឺមក​ធ្វើពិធីបំបួស​សម្ភារៈ​ទាំងអស់ និងបូជាសពទាំងនេះទៅកាន់សុគតិភព ហើយយកធាតុឱ្យចូច…..

«តោះយើង ដល់ពេលហើយ! ឆាប់ឱ្យ​គេ​ដោះយកគំនូរដើម​នៅឯផ្ទះលោកសៀងសក្តិ​យកមកផ្ទះអធិការទុំនាងមុនថ្ងៃរះ»

និមលនិងចូចមិនយល់អ្វីទេ ការងារទាំងនេះពិបាកនិង​ត្រូវញាប់ដៃជើង តែពួកគេ​​គ្មាន​​ជម្រើស​​ត្រូវតែធ្វើតាម។ រួចរាល់ អ្នកទាំងបីយាត្រា​​​វិលមករក​ផ្ទះ​អធិការទុំនាងដែលជាគោលដៅចុងក្រោយ​វិញ។

គំនូរក៏​ត្រូវបាន​ដោះលើកមកតាម​ដែរ។

លោកយាយបង្គាប់ថា៖

«ឯង! ជាអ្នកយកធាតុម្តាយគេ​ ​ទៅឲ្យអ្នកក្រវ៉ាន់បានឃើញនិងបាន​អស់ចិត្តផង!»

«ទីបំផុត​នៅតែ​ខ្ញុំដដែល​ត្រូវទៅ…!»​ ចូចរអ៊ូទាំងភ្នែកនៅកញ្ជឹងក។​

ចូចរអ៊ូបែបនេះហើយ​ឱបធាតុដើរតាម​និមលនិងលោកយាយក្មេង ​វិលទៅរក​អធិការ​វិញចំម៉ោងបីជិតភ្លឺ។​ វាជាម៉ោងដែលអ្នកខ្លាចខ្មោចគ្រប់គ្នា​​រងសម្ពាធជាទីបំផុត​។ ធូរគ្រាន់វិញ ព្រោះលោកយាយនិងនិមលមិនបានរង់ចាំនៅក្រៅទេ គឺចូលទៅ​ទ្វារជាមួយគ្នា​ឱ្យចូចបានកក់ក្តៅ​វិញដែរ។

«ធាតុអ្នកស្រីណេងទាន! ​អ្នកស្រីធំនៃវិមានអភិបាលមនោ!»

ចូច​ថាចប់ក៏ដាក់របស់ទៅនឹងមាត់ទ្វារ បែរខ្នង​ថយចេញមកនៅកៀកលោកយាយ​វិញ។

សព្ទទង្គឹះយំលាន់មកស្រាលៗ ម្តងដូចមាន​ម្តងដូចគ្មាន ម្តងដូច​ពួកគេស្រមៃឮម្តង​ដូចមែនទែន។

«ឯង….ឮសំឡេងស្រីយំទេអាមល?» ចូចខ្សឹបខ្សៀវតែត្រូវនិមលស៊ីញ៉ូឱ្យឈប់មាត់។

លោកយាយ​ក្មេងទុកឱ្យមានសំណោកមួយខណៈ ក៏ដល់ពេលគាត់និយាយឡើង៖

«ឱ ​អ្នកក្រវ៉ាន់កុល​ស្ត្រីដ៏សុភាពរាបសា! នៅពេលដែលបានដឹងដំណឹងថា ម្តាយរបស់ខ្លួនត្រូវបានបូជានិងទៅកាន់សុគតិភពរួចរាល់នោះ អ្នកពិតជាយល់ព្រមបំផ្លាញអាគមគាថានៅលើគំនូរដ៏អាស្រូវ​បានដែរទេ?»

គ្មានចម្លើយ!

ចូចខ្សឹបខ្សៀវ៖

«គិតម៉េចទៅ គាត់មិនចេះនិយាយទេ!»

សាជាថ្មី​និមលស៊ីញ៉ូឱ្យចូចស្ងាត់។

លោកយាយដែលបង្អង់ចាំចម្លើយមិនឃើញ​ក៏វាចាបន្ត៖

«ព្រោះមានតែម្ចាស់ដើម ស្ម័គ្រវិលចូលទៅក្នុងគំនូរនោះវិញប៉ុននោះ ដែលដឹងថាយើង​អាចដុតកម្ទេចផ្ទាំងគំនូរនោះដោយវិធីណាបាន?!»

គ្មានចម្លើយទេ។

និមលមើលម៉ោង។ ពេលនេះជិតដល់រយៈពេលបីថ្ងៃហើយ នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុននោះដូច្នេះទោះបីខ្លាចស្លន់ស្លោសឹងរាកនោមដាក់ខោប៉ុនណា គេនៅតែត្រូវធ្វើអ្វីម្យ៉ាងដើម្បីជួយអ្នកស្រីអធិការ។

គេលើកដៃសំពះ៖

«អធិការអើយ! អុះច្រឡំ លោកជំទាវក្រវ៉ាន់! ម្តាយរបស់លោក យើង​បូជា​សពរបស់គាត់ហើយ! គាត់បាន​ចេញពីទុក្ខទៅកាន់សុគតិភពពិតហើយ! ជួយមេខ្ញុំផង ឱ្យគាត់ចេញមកវិញផង ​ចេញពីខ្លួនគាត់ទៅ!»

លោកយាយ​និយាយអង្វរបន្ថែម៖

«នៅស្រះនោះគ្មានទៀតនោះទេវិញ្ញាណ​ស្រីសក់វែង វិញ្ញាណនេះត្រូវបានបញ្ជូនឱ្យ​ចាកចេញ​ទៅ​ឆ្ងាយ​ ដោយដៃយើងជាគ្រូយាយក្មេងហើយ! សូមអ្នកមាន​សទ្ធាជួយ​មនុស្ស​ឱ្យបានរស់រាន​ចាកចេញគាថា​អតិរត្ថិយ​នៃគំនូរ​ចង្រៃនោះមក!»

សំឡេងលាន់មកតបត៖

«យើងមិនអាចជួយអ្វីយាយទេ! យើងមិនដឹងឡើយ! អាគម​ចងវិញ្ញាណ​ជាស្នាដៃគ្រូធំ ត្រកូល​បុរាណ កាលណាចងហើយ វិញ្ញាណ​ចង់ចេញបាន​មានតែរកវិញ្ញាណ​ផ្សេងមកចូលជំនួស! យើងចេញមកហើយ​យើងមិនព្រមចូលវិញទេ!»

ទាំងបីកាយស្រឡាំងកាំងនិងសំឡេង​អធិការ​ទុំនាង​ដែលស្រដី​បែបដឹងរឿង។

ចូចរបូតមាត់ហៅ៖

«អ្នកស្រីមែនទេ?!»

លោកយាយបិទភ្នែក​សូត្រធម៌ស្មឹងស្មាធិ៍រកព័ត៌មាន​ពិត ទើបពោលប្រាប់៖

«ជាអ្នកក្រវ៉ាន់!»

និមលស្តាប់ហើយ រកមធ្យោបាយចុះឡើង​ទើប​នឹកឃើញ​និយាយឮៗឡើង៖

«មិនមែនអ្នកក្រវ៉ាន់ទេ ក្រែងអ្នកនិយាយមិនបាន?!»

លោកយាយ​គ្រវីក្បាលយឺតៗនិយាយតិចៗប្រាប់វិញ៖

«ដឹងហើយ! រកឃើញហើយ! តាមពិតកាលនៅរស់ អ្នកនិយាយមិនបាន មិនមែន​ដោយធម្មជាតិទេ គឺត្រូវអំពើគេ!»

អធិការទុំនាង​យំ​សសិត​ ឆ្លើយមកវិញ៖

«វិញ្ញាណ​ចង្រៃនោះចិញ្ចឹមមកដោយឪពុកយើង!​ រាល់រនោច​ធំ ស្រីនោះចេញមកពីបាតស្រះបាន!»

លោកយាយគ្រវីក្បាលទាំងបិទភ្នែកជិតឈឹងដូចជាឈឺចាប់នឹងការពិតណាមួយ…..

«កូនស្រីខ្ញុំស្លាប់ដោយអយុត្តិធម៌ណាស់ ខ្ញុំមិនអស់ចិត្តទេ!»

«ធ្វើតាមយើងបង្គាប់ឯងអាជា! នេះជាវិធីសាស្ត្រ​គ្រប់​គ្រង​នៃ​វិញ្ញាណ​ដែល​មាន​ឥទ្ធិពល​ខ្លាំងមិនធ្លាប់មានព្រោះកូនឯងស្លាប់ចំថ្ងៃខ្មោច យប់រនោច ​និងអន្ធការវេលា​១០០០ឆ្នាំ»

«ខ្ញុំចង់ឱ្យក្រវ៉ាន់រស់ឡើងវិញ!»

«ហាសហា​! គ្មានមន្តណា អាចធ្វើឱ្យអ្នកស្លាប់រស់ឡើងវិញទេអាជា! តែគ្រូឱ្យកូនស្រីឯង​ក្រោកមកវិញបាន តែមិនដូចមុនឡើយ!»

«អ្វីក៏ដោយៗៗ!….អ្វីក៏ដោយលោកគ្រូ»

នេះជាអ្វីដែលលោកយាយរំឭកឡើងវិញ។

«យើងឃើញ​រូបភាពនេះស្មានថាជាអភិបាលមនោដែលបាន​ដាក់ចំណងចងវិញ្ញាណ​កូនខ្លួនឯងទៅក្នុងរូបថត ​តាមពិត​ក្រវ៉ាន់ជាឈ្មោះរបស់ស្រីកំណាន់គាត់! គាត់ស្រឡាញ់ខ្លាំង​ថ្នាក់យកឈ្មោះមកបន្តដាក់ឱ្យកូនស្រី?​ យល់….យល់ហើយ!»

អធិការទុំនាង​រៀបរាប់តំអូញ៖

«ពុកយើងស្រឡាញ់នាងក្រវ៉ាន់ហើយយកឈ្មោះវាមកដាក់បន្តឱ្យយើង! ពុកយើងជឿតាមតាជា ដែលជាខ្ញុំជាន់ទាប ជាឪពុកនាងក្រវ៉ាន់ ជឿវាថា ត្រូវរាល់រនោចធំសែនព្រេន​ វិញ្ញាណចេញមកបាន! ពុកយើងចិញ្ចឹម​ខ្មោចហើយសម្លាប់ម្តាយ​យើងដែលអប់រំ​បំភ្លឺ! ពុកយើង​ជឿតាមខ្មោច ​យកទឹកស្រះមកបំពុលកូនឱ្យនិយាយលែងបាន! ពុកយើង​លួងលោមកូនឱ្យស្លាប់ ដើម្បីបានចូលក្នុងគំនូរ​ចេញមករាល់រនោចធំ មកជួបប្តី​ចិត្តសាវ៉ា!»

«អ្នកបានសម្លាប់ ថាវី ភ័ណ​ និងមុំមែនទេ? ហេតុអ្វីខ្លួនកម្សត់កាលនៅរស់ ក្លាយជាវិញ្ញាណមានកម្លាំងក៏ទៅធ្វើខុសច្បាប់លើមនុស្ស​វិញបាន?» និមលសួរព្រោះមិនអស់ចិត្ត​នឹងសំណុំរឿងនៅផ្ទះសៀងសក្តិ។

សំឡេងអធិការ​មិនទាន់តបវិញទេទោះប៉ូលិសទាំងពីរចង់ដឹងប៉ុនណាក្តី ស្រាប់តែលោកយាយ​និយាយទាំងបិទភ្នែកទៀត៖

«មិនមែន​អ្នកក្រវ៉ាន់នេះទេ! មានវិញ្ញាណ​មួយនៅក្នុងផ្ទះសៀងសក្តិ ដែលទើបនឹង​ត្រូវបាន​យកមកទុកផ្ញើនៅ ហើយវាត្រូវការសម្លាប់មនុស្ស​បំប៉នខ្លួន!»

ចូចអង្គុយ​ចុះ​ព្រោះទន់ជើង។ ចំណែកនិមវិលវល់មិនយល់។

ខ្មោចស្រីប្រើសំឡេង​របស់អធិការមកនិយាយ៖

«មុនស្លាប់​ពុកយើង​ដឹងថា​ថែព្រលឹងកំណាន់លែងបាន ក៏យកស្បែក ក្រចក របស់នាង​ក្រវ៉ាន់ត្រាំទឹកក្រឡ មកស្តុកក្នុងផ្ទះយើង! នាងនោះជាវិញ្ញាណ​អនាថាគ្មាន​បុណ្យ តែងរករឿងចេញមកសម្លាប់ស្រីក្រមុំ​តាមគំនុំចាស់រាល់រនោចធំ!»

និមលគាំង។ «សក់មនុស្ស  ​ក្រចក ស្បែកខ្លះ​នៃរាងកាយ និង​ឈាមកកត្រូវបាន​គេរកឃើញក្នុងកែវនេះ!» «ពិតជាគួរឱ្យខ្ពើម!» គេនឹកឃើញឡើងវិញ​ថ្ងៃដែលទៅដល់ផ្ទះសៀងសក្តិដំបូង។

«បើ….បើមែន​ម្តេច១៥រោចមុននេះ​​ អ្នកចេញមកក្រៅ ហើយ​ធ្វើ….ធ្វើបាបមេស្រីរបស់ខ្ញុំ!»

«យើងតែងចេញដើរមករាល់យប់រនោច! ពុកយើងបានសម្លាប់កូន​ ​តាំងព្រលឹងកូនក្នុងរូបគំនូរនេះ សង្ឃឹម​ឱ្យកូនស្រីបាន​ចេះដើរនិងបាននៅជិតប្តី​! តែគាត់មិនដឹងទេថាកូនត្រូវរស់ខ្លោចផ្សា!​ ប្តីមិនដែលនៅផ្ទះសូម្បីមួយ​រនោចណា!»

លោកយាយ​ស្រែកឡើង៖

«អ្នកក្រវ៉ាន់ តើអ្នកប្រុង​ប្រើរូបនេះយកទៅណា?»

«យើងទៅរកសៀងសក្តិ! រនោចមកដល់យើងនឹងជួបប្តីយើង!»

«អ្នកកុំសង្ឃឹម!​ ខ្មោចនឹងមនុស្សមិនអាចជួបគ្នាទេ!»

«យើងជាមនុស្ស​ហើយ រូបនេះជារូបមនុស្ស!»

«មិនពិត! រូបនេះនឹង​រលាយ​ក្នុងពេលមិនយូរទេ ប្រសិនព្រលឹងពិតម្ចាស់របស់គេ​ចេញពីចំណងវិញ្ញាណមិនបាន! ពេលនោះ អ្នកក៏នឹងរលាយដូចគ្នា! អ្នកត្រូវសងរូបគេវិញ ឈប់ទៅ ឈប់សាងកម្មពៀរ​នឹង​លោកិយនេះ ព្រោះអ្នកទទួលយកកម្មបន្ថែម​ទៀតមិនបានទៀតទេ ដោះលែងខ្លួនឯងឡើង!»

«យើងគ្មានកន្លែងទេ គ្មានកន្លែងទៅឡើយ!»

លោកយាយ​លូក​​យកអ្វីមួយចេញមកពីក្នុងហោប៉ៅ។ ជាក្រដាសបត់ រួចលាបង្ហាញ​ឡើង។​ ក្នុងនោះមាន​គំនូរនារីម្នាក់ដើរបែរខ្នង​កាន់ឆ័ត្រ។

«យើងសន្យាជួយអ្នកឱ្យទៅជួបអ្នកស្រីណេងជាម្តាយ!»

«ទេ!​ យើងមិនជឿ!»

«អ្នកមើលទៅ យើងយកមកហើយ ផ្លូវនិងឆ័ត្រ! ចូលមកចុះ! យើងនឹង​គូរផ្លូវបន្តទៀតរហូត​អ្នកបានទៅដល់ស្រុកម្តាយ​អ្នកវិញ!»

លោកយាយព្យាយាម​លា​គំនូរបង្ហាញ​ខ្មោច ទាំងគ្មាន​អ្នកណាបើកទ្វារឬបង្ហាញខ្លួន។ គាត់និយាយបន្តជានិច្ចដោយព្យាយាម៖

«មកៗ កុំបកក្រោយ កុំសោកស្តាយ! អហោសិកម្មទៅ! ម្តាយអ្នកនៅរង់ចាំអ្នក! អ្នកមាន​ឆ័ត្រជ្រកហើយ ព្រួយភ័យអ្វីទៀត? គ្មានព្យុះភ្លៀងឯណាធ្វើទុក្ខ​អ្នកបានទេ! ស្រាលខ្លួនឡើង​បោះបង់ទៅ!»

ខ្យល់បក់មួយវឹប ទ្វាររបើក​ធ្លុង។

មេឃមិនទាន់ភ្លឺ តែផ្ទៃបន្ទប់ខាងក្នុងខៀវស្រអាប់ទៅដោយផ្សែង។

ពីរាងកាយមេប៉ូលិសខែងរ៉ែង បាញ់បោះត្រង់ដូចអ៊ុត ពេលនេះទុំនាង​បង្ហាញខ្លួន​ដោយ​ញ៉ែងញ៉ងដូចនារីបុរាណត្រកូលគហិបតី។

នាង​ស្លៀកខៀន​ប្រផេះមួយ និងចោមពុមខ្មៅ។ ពេលនេះ សូម្បីនិមលក៏ទន់ជង្គង់គ្រឹបមកក្បែរចូចដែរ។

ជាលើកដំបូង​ដែលប៉ូលិស​ទាំងពីរបានឃើញអ្នកស្រី​ខ្លួនក្នុងឈុតបែបនេះ។

សក់អធិការ​ទម្លាក់វែងអន្លាយ ប៉ើងអន្លាយ​តាមសន្ធឹកខ្យល់។​

«ចេញពីងងឹតទៅរកភ្លឺជារឿងល្អណាស់! កុំរុញរា​កុំខ្លាច​!​ ខាងមុខមានពន្លឺ កាន់តែឈាន​កាន់តែភ្លឺ!»

យាយ​និយាយហើយ អធិការ​រលាស់ខ្លួន​ស្តើងតូចទៅក្នុងខ្យល់ហើយជ្រមុជចូលទៅក្នុងគំនូរនោះ។

បានឱកាស​លោកយាយក្មេងក៏សូត្របាលីហើយបត់រូបមកទុកក្នុងហោប៉ៅវិញ។

«កុំព្រួយ! ខ្ញុំនឹងនាំអ្នកទៅដល់ពន្លឺព្រះធម៌! មេឃជិតភ្លឺហើយ ជួយបំផ្លាញ​គំនូរចងវិញ្ញាណនេះផង អ្នកជាម្ចាស់ដើម​អ្នកធ្វើវាបាន»

ប៉ូលិសទាំងពីរពេលស្វាងខ្យល់ ក៏ឃើញតែ​រូបកាយ​មេដឹកនាំខ្លួន​ដួលដេកមាត់ទ្វារ។

«យើងធ្វើម៉េចទៅ?» ចូច​ស្រែកសួរទាំង​រត់ចូលទៅក្បែរអធិការ​កំពុង​សន្លប់ស្តូក។

សំឡេងនារីចម្លែកមួយទៀតពួកគេមិនដែលបានឮលាន់មកពីក្នុងហោប៉ៅរបស់លោកយាយក្មេង៖

«​ចូរយាយទៅបំផ្លាញ ដុតកម្ទេចវា!»

ចូចនិងនិមល ងាកមកវិញ​រកប្រភពសំឡេង​ដោយចំហមាត់។ លោកយាយបែរក្រោយ​យឺត​​ៗ​សម្លឹងទៅរកផ្ទាំងគំនូរស្ត្រីកាន់ចង្កៀងដែលប៉ូលិស​បានបញ្ឈរចោល​ ហើយគាត់​ពិនិត្យ។ គាត់និយាយម្នាក់ឯងទាំងឆ្ងល់ខ្វល់ចិត្ត​៖

«ប៉ុន្តែត្រូវដុតពីចំណុចណាមួយ?…..ដែលអាចឆេះបានដូចជាព្រៃ ឬមួយ​ថាសូម្បីកូនរុក្ខជាតិតូចមួយក្ដីក្នុងរូបនេះគ្មាន​សោះ? គ្មានកន្លែងណាបង្ហាញថា មានរបស់ដែលអាចដុតបាននោះទេ!»

«ស៊ុមរូបថតមួយនៅក្នុងផ្ទាំងគំនូរនោះ ដុតវាចោលទៅ!»

ឆាច់…..

គ្រប់យ៉ាងលោកយាយ​ត្រៀមមកពិតមែន។ គាត់កេះដែកភ្លើងហើយដើរតម្រង់ទៅកាន់​ស៊ុម​​។​ ខ្យល់បោកមកដូច​ហៀបមានភ្លៀងធំ…..លោកយាយសំកាំងនៅមុខផ្ទាំងគំនូរ​រនោចធំ…..

«វេទមន្តអ្វីនឹងរលាយបង់មិនឈ្នះអំពើល្អ! វេទមន្ត អ្វីនឹងរលាយបង់មិនឈ្នះអំពើល្អ!»

គាត់ទន្ទេញ​ដដែល​ៗ​ហើយចាប់ផ្តើម​បន្តក់អណ្តាតភ្លើងចំ​គែម​ស៊ុមក្នុងគំនូរ។

——————

ថ្ងៃទី​០១ ខែ មេសា ឆ្នាំ២០២២

រាជធានីភ្នំពេញ…..

«លោកគ្រូ! គំនូរពីរនុះ! ឃើញដែរ?»

«គំនូរ​រាប់រយ មិនចាប់អារម្មណ៍ ​ទៅចាប់អារម្មណ៍​គំនូរឆេះអស់ មើលមិនចង់យល់!»

«ខ្ញុំមានអារម្មណ៍ដូចជា រូបមនុស្សស្រីកាន់អ្វីមួយឬយួរអ្វីមួយ! ដូចជាឈានចេញពីទ្វារវេទមន្តមួយលោកគ្រូ!»

«យើងមិនរៀនគំនូរមកគូរដាក់ប្រស្នា​គេទេរដ្ឋា!»

«បាទ!»

«ហើយ….គំនូររបៀបនេះ មិនដូចជាវិចិត្រកម្មធម្មតាទេ!»

«ដូចជាអ្វីទៅលោកគ្រូ?!»

គ្រូដេន្នី​វ័យជាង៤០ប្លាយ​ ជាសាស្ត្រាចារ្យ​វិចិត្រសិល្បៈមិនទាន់មាន​ប្រពន្ធ។ គាត់ទាញតម្រង់វ៉ែនតា​សម្លឹងនិងឈានចូលក្បែររួចរអ៊ូម្នាក់ឯង…..

«មើលទៅវាសមតែជាបណ្តាសាអ្វីមួយ!​ សមជារបៀនអ្វីមួយ! មិនដូចជាគំនូរធម្មតាៗទេ! យល់អ៊ីចឹងទេរដ្ឋា?»

គ្មានចម្លើយ…..

សាស្ត្រាចារ្យ​វិចិត្រសិល្បៈចាប់អារម្មណ៍ឆ្ងល់នឹង​បរិយាកាសដ៏សែនស្ងាត់….ស្ងាត់ម្ល៉េះដូចកំពុងស្ថិតកណ្តាលទីរហោដ្ឋានណាមួយ?

គាត់បែរក្រោយ…..

ងងឹតស្រពេចស្រពិលគ្មានអ្នកណាម្នាក់សោះ!

បាត់ពួកគេ​ទៅណាអស់ហើយ?

សារមន្ទីរនេះម្តេចក្លាយជាមានតែយើងម្នាក់?

«លោកគ្រូ! លោកវិភាគ​គំនូរ​ទីពីរនេះផង!»

សំឡេងមនុស្សស្រី?….សាស្ត្រចារ្យដៀងភ្នែកមករកគំនូរមនុស្សស្រីកាន់ឆ័ត្រ….

គាត់ថយក្រោយបន្តិចម្តងៗដោយការភ័យខ្លាច…..

តើអ្នកចង់បានវគ្គបន្តទេ? មាន​ការដោះដូរ! អាចចែកចាយអំពីចំណងជើងនេះ ​ហើយ​សរសេរពីចំណាប់អារម្មណ៍​របស់អ្នកលើបណ្តាញសង្គម។ មានការនិយាយផុលផុសអ្នកនិពន្ធនឹងបន្តសាច់រឿង