ជំនួបដំបូងលើទឹកដីអង្គរក្រោមប្រធានបទទម្រាំក្លាយជាអ្នកនិពន្ធ

កាលពីថ្ងៃទី៣០ខែធ្នូឆ្នាំ២០២១ កន្លងទៅអ្នកនិពន្ធម៉ីសន សុធារីបានទៅដល់ទឹកដីខេត្តសៀមរាបជាលើកដំបូង ដោយចួបជាមួយយុវជនយុវនារីជាច្រើន និងសំណោះសំណាលអស់រយៈពេលមួយព្រឹកពេញក្រោមប្រធានដ៏គួរឱ្យចាប់អារម្មណ៍។ រយៈពេលជាង២ឆ្នាំដែលយើងតស៊ូយ៉ាងស្វិតស្វាញជាមួយនឹងវិបត្តិនិងឱកាសជាច្រើន តែចុងក្រោយយើងអាចឆ្លងកាត់វាបានដោយជោគជ័យ។ ជំនួបដំបូងនេះបានក្លាយជាជាអនុស្សាវរីយ៍ដ៏ល្អប្រពៃមួយសម្រាប់ឆ្នាំថ្មី។

ខាងក្រោមនេះជាការយល់ឃើញផ្ទាល់ខ្លួនពីសំណាក់យុវជនទឹកដីអង្គររបស់យើងដែលបានចូលរួមយ៉ាងស្វិតស្វាញជុំវិញប្រធានបទទម្រាំក្លាយជាអ្នកនិពន្ធ។

ជម្រាបសួរ! នាងខ្ញុំឈ្មោះស្រីនាង ហើយខ្ញុំពិតជារំភើបជាមួយការចួបជុំនៅសៀមរាបកាលពីថ្ងៃទី៣០ ខែធ្នូនេះ ដោយសារតែជាកម្មវិធីដំបូងដែលធ្វើឡើងបន្ទាប់ពីបានបង្កើត MST fan club នៅក្នុងខេត្តសៀមរាប ហើយក៏ជាលើកដំបូងរបស់ខ្ញុំក្នុងការចែករំលែកនូវបទពិសោធ និងចំណេះដឹងផ្សេងៗដល់បងៗប្អូនៗក៏ជាអ្នកចូលរួមផ្សេងទៀត​។ មួយវិញទៀតគឺបានជួបជាមួយអ្នកគ្រូម៉ីសន សុធារី ដែលជាអ្នកនិពន្ធមួយរូបដែលខ្ញុំតែងតែគាំទ្ររហូតមក ចំពោះការរៀបចំកម្មវិធីគឺធ្វើឡើងដោយមិនមានការរិះគន់បែបជាន់ពន្លិចធ្វើឱ្យមានអារម្មណ៍ថា ការចូលរួមកម្មវិធីនេះមិនមែនសម្ពាធ ដូច្នេះនាងខ្ញុំសង្ឃឹមថា នឹងអាចបន្តធ្វើកម្មវិធីរបៀបនេះនៅឱកាសក្រោយទៀត។

សម្រាប់ការរៀបចំវិញ គឺដំបូងឡើយមានលក្ខណៈស្រពេចស្រពិលបន្តិចដែរដោយសារតែខ្ញុំជាប្រធានក្រុម MST Siem Reap ដែលមានបទពិសោធខ្ចី ប៉ុន្តែដោយមានជំនួយពីបងៗក៏ដូចជាសមាជិក MST Siem​ Reap ទាំងអស់ធ្វើឱ្យកម្មវិធីដំណើរការទៅយ៉ាងរលូន។ ដូច្នេះ ការកសាងបណ្ដាញពិតជាមានសារៈសំខាន់ណាស់ ព្រោះកិច្ចការខ្លះយើងមិនអាចធ្វើតែម្នាក់ឯងបានទេ វាត្រូវការមានការចូលរួមជាច្រើនទៀតដូចជាកម្មវិធីមួយនេះដែរ បើមិនមានជំនួយនិងការសហការពីបងៗ MST SiemReap បងម្ចាស់ហាងកាហ្វេនិរតី និងបងៗ camera បង MC ទេ ក៏​កម្មវិធី​មិនដំណើរការបានយ៉ាងរលូនដែរ។ ការជម្នះឧបសគ្គក៏ដូចគ្នាដែរ ការធ្វើការជាក្រុម ត្រូវមានការសហការ ពិភាក្សា ជួយគ្នាទៅវិញទៅមកទើបទទួលបានជោគជ័យ។

ចំពោះការចូលរួមជាមួយ MST ជាពេលវេលាដែលខ្ញុំចំណាយបានល្អបំផុតនៅចុងឆ្នាំ២០២១នេះ ព្រោះ MST មិនមែនបង្កើតសម្រាប់ក្រុមមនុស្សឬក៏សម្រាប់អ្នកនិពន្ធណាម្នាក់ទេ តែបើកចំហសម្រាប់មនុស្សគ្រប់គ្នាដែលស្រឡាញ់និងចូលចិត្តការអានឱ្យមានឱកាសក្នុងការចែករំលែកនិងទទួលយក។ ខ្ញុំមិនមានអារម្មណ៍ថា ស្ដាយក្រោយចំពោះការធ្វើជាផ្នែកមួយរបស់ MST ទេ ព្រោះខ្ញុំមានរៀនសូត្រជាច្រើនពីអ្នកគ្រូ បងៗ និងប្អូនៗ ទោះបីជាមនុស្សមួយក្រុមតូចយល់ខុសពីគោលដៅនៃការបង្កើតនិងចូលរួមក្នុង MST ក៏ដោយក៏ខ្ញុំគិតថា ថ្ងៃណាមួយគេនឹងឃើញពីតម្លៃពិតនៃ MST។

គួររំឭកផងដែរថា ដំបូងឡើយខ្ញុំមិនមែនជាមនុស្សម្នាក់ដែលចូលចិត្តការអាននិងសរសេរទេ។ ប៉ុន្តែពេលរៀននៅវិទ្យាល័យ ខ្ញុំបានរៀនជាមួយលោកគ្រូមុខវិជ្ជាអក្សរសាស្រ្តខ្មែរម្នាក់ដែលធ្វើឱ្យខ្ញុំចាប់ផ្ដើមចូលចិត្តការអាននិងសរសេ រគឺដោយសារតែការបង្រៀនរបស់គាត់ធ្វើឱ្យកាន់តែចូលចិត្តមុខវិជ្ជាមួយនេះហើយក៏ធ្វើឱ្យអាចចាប់កាន់សៀវភៅមកអានក្នុងដៃបាន ដោយខ្ញុំចាប់ផ្ដើមអានប្រភេទរឿងអក្សរសិល្ប៍ បន្ទាប់មកទៀតអានប្រលោមលោក។ កាលពីមុន ខ្ញុំធ្លាប់គិតថា ការអានប្រលោមលោកជារឿងដែលអត់ប្រយោជន៍ ប៉ុន្តែបន្ទាប់ពីខ្ញុំចាប់ផ្ដើមចូលចិត្តការអានមក ខ្ញុំគិតថាទស្សនៈពីមុនរបស់ខ្ញុំជាការយល់ឃើញខុសទាំងស្រុង ព្រោះការអានប្រលោមលោកក៏មិនខុសពីការអានសៀវភៅអក្សរសិល្ប៍ផ្សេងៗដែរ។ រាល់តថភាព ព្រឹត្តិការណ៍ អត្តចរិតតួអង្គនៅក្នុងដំណើររឿងទាំងអស់សុទ្ធតែសរឱ្យឃើញពីអ្វីដែលក្នុងសង្គមមានទាំងអស់ ដូច្នេះខ្ញុំបានរៀនច្រើនពីការអានរហូតបានក្លាយជាក្ដឹបអ្នកនិពន្ធមួយរូបទៀតផង។

វាជារឿងដែលខ្ញុំមិនដែលធ្លាប់ស្រមៃថា អ្នកមិនដែលមិនចូលចិត្តការអាននិងការសរសេរដូចខ្ញុំបែរជាអាចក្លាយជាអ្នកនិពន្ធប្រលោមលោកទេ។ ហើយខ្ញុំសង្ឃឹមថា អ្នកដែលមិនចូលចិត្តការអានដូចខ្ញុំចាប់ផ្ដើមរៀនបើកចិត្តចាប់ផ្ដើមកាន់សៀវភៅអានទោះអានមួយថ្ងៃមួយទំព័រឬមួយបន្ទាត់ក៏ដោយ ថ្ងៃណាមួយអ្នកនឹងឃើញពីសមិទ្ធិផលដែលបានពីការអានសៀវភៅមិនខាន។

កម្មវិធីនេះធ្វើឱ្យខ្ញុំបានរៀនសូត្រជាច្រើនពីសំណាក់អ្នកគ្រូ បងៗ អ្នកចូលរួមទាំងអស់ ជាពិសេសវាជាការចងចាំដ៏ល្អ ហើយបទពិសោធទាំងបានបង្រៀនឱ្យចេះបន្ទាបខ្លួន រៀនកែលម្អ និងរៀនសូត្រពីមនុស្សជុំវិញខ្លួន។ គ្រប់គ្នាសុទ្ធតែមានសមត្ថភាពនិងចំណេះដឹងរៀងៗខ្លួនទៅតាមជំនាញរបស់គេ គ្មាននរណាពូកែជាងនរណាទេ គ្រប់គ្នាសុទ្ធតែអាចរៀនសូត្រពីគ្នាមិនថាអ្នកមកពីទីណា កន្លែងណា អាយុតិចឬច្រើនសំខាន់ថាតើអ្នកបើកចិត្តហ៊ានទទួលនិងរៀនសូត្រដែរឬទេ?

បន្ថែមពីលើនេះយុវជនមកពីស្រុកក្រឡាញ់ក៏បានបង្ហាញពីចំណាប់អារម្មណ៍ដូចគ្នានឹងស្រីនាងផងដែរថា៖

ជម្រាបសួរ ខ្ញុំបាទម៉ក់ ខេមរិន្រ្ទ! កម្មវិធីជំនួបជាមួយអ្នកនិពន្ធម៉ីសន សុធារី ជាកម្មវិធីដំបូងដែលខ្ញុំនិងប្អូនៗ MST Siem Reap ផ្សេងទៀត បានចូលរួមធ្វើជាអ្នកសម្របសម្រួល រៀបចំកម្មវិធី និងបាននិយាយជាសាធារណៈនៅចំពោះមុខបងប្អូន ចាស់ ក្មេង ជាច្រើននាក់ ដោយពុំមានអារម្មណ៍ថាមានសម្ពាធឬខ្លាចអ្នកដទៃចាប់កំហុស។ គ្រប់គ្នាដែលចូលរួម សុទ្ធតែមានគំនិតបើកទូលាយ ចង់រៀនសូត្រអ្វីថ្មី និងចែករំលែកឱ្យគ្នាទៅវិញទៅមក។ មិនតែប៉ុននោះ គឺខ្ញុំបានចួបដោយផ្ទាល់ជាមួយអ្នកគ្រូម៉ីសន សុធារី ដែលជាអ្នកនិពន្ធដែលខ្ញុំតែងតែគោរព ស្រឡាញ់ គ្រប់ស្នាដៃនិងទឹកចិត្តរបស់គាត់។ ទាំងអស់នេះហើយដែលធ្វើឱ្យខ្ញុំពិតជាមានអារម្មណ៍រំភើប និងនៅតែចង់ឱ្យមានកម្មវិធីបែបនេះបន្តកើតឡើងឱ្យបានញឹកញាប់។

ទាក់ទងនឹងការកសាងបណ្ដាញ និងការជម្នះឧបសគ្គផ្សេងៗ ខ្ញុំយល់ថាជារឿងមួយដ៏ចាំបាច់បំផុតសម្រាប់មនុស្សគ្រប់គ្នា។ ជាក់ស្ដែងបទពិសោធរបស់ខ្ញុំផ្ទាល់ចំពោះការរៀបចំកម្មវិធីនេះ វាប្រហែលជាមិនអាចកើតមានទេប្រសិនបើខ្ញុំមិនមានស្គាល់អ្នកគ្រូ ប្អូនៗ MST fan club បងស្រីអ្នកគ្រប់គ្រងហាងកាហ្វេ និងមិត្តភក្តិដែលស្រឡាញ់ចូលចិត្តការងារសង្គមផ្សេងទៀត។ ការកសាងបណ្ដាញមិនមែនជារឿងលំបាកពេកនោះទេ ដំបូងវាគ្រាន់តែតម្រូវឱ្យយើងទាំងអស់គ្នាបើកទ្វារបន្ទប់ ហើយចេញទៅរកក្រុមមនុស្សដែលមានចំណង់ចំណូលចិត្តដូចឬប្រហាក់ប្រហែលនឹងយើង។ នៅពេលដែលយើងមានក្រុមមនុស្សដែលត្រូវនៅក្បែរខ្លួន ពួកគេនេះហើយដែលជាអ្នកជួយជំរុញ និងណែនាំយើងឱ្យជម្នះនូវឧបសគ្គផ្សេងៗដែលពីដើមឡើយ យើងមិនធ្លាប់ស្រមៃថាអាចធ្វើវាបាន។

MST Fan Club មិនមែនជាក្រុមដែលបង្កើតឡើងដើម្បីតែគាំទ្រនូវអ្នកនិពន្ធណាម្នាក់ឬក្រុមណាមួយនោះទេ។ ពួកយើងប្រមូលផ្ដុំគ្នាដោយទឹកចិត្តស្រឡាញ់ ចង់ចែករំលែក និងលើកទឹកចិត្តគ្នាក្នុងការធ្វើអ្វីមួយដែលជាប្រយោជន៍ដល់សង្គម ជាពិសេសគឺមនុស្សដែលរស់នៅក្នុងសង្គម។ ខ្ញុំរៀនសូត្របានច្រើនពីអ្នកគ្រូនិងបងប្អូនឯទៀត ហើយមិនដែលមានអារម្មណ៍ថាឯកា ឬស្ដាយក្រោយឡើយនៅពេលដែលខ្ញុំបានចូលមកកាន់ទីនេះ ទោះបីជាខ្ញុំដឹងថាមានមនុស្សមួយចំនួនមានគំនិតអវិជ្ជមានមកលើ MST ក៏ដោយ។ ខ្ញុំជឿថាទង្វើប្រសើរជាងពាក្យសម្ដី!

កាលពីក្មេងខ្ញុំចូលចិត្តអាននិងនិយាយលេងច្រើន តែមិនចូលចិត្តសរសេរទេ។ ដើមឡើយខ្ញុំអានសៀវភៅច្រើនប្រភេទ តែប្រភេទសៀវភៅរឿងនិទានឬប្រលោមលោកជាចំណង់ចំណូលចិត្តធំបំផុត ព្រោះខ្ញុំគិតថាការអានគឺជាការកម្សាន្ត ហើយអាចនាំខ្ញុំទៅកាន់ពិភពមួយជាមួយតួអង្គនិងអ្នកនិពន្ធ។ តែថ្ងៃមួយខ្ញុំបានឮគេនិយាយថា “អ្នកអានប្រលោមលោកសុទ្ធតែជាមនុស្សអត់ប្រយោជន៍! ប្រលោមលោកធ្វើឱ្យយុវវ័យឈ្លក់វង្វេងតែនឹងរឿងស្នេហា!” ហើយខ្ញុំក៏សួរខ្លួនឯងវិញថា តើសម្ដីទាំងនេះពិតជាត្រឹមត្រូវមែនឬ? យូរគ្រាន់បើដែរ ទម្រាំខ្ញុំអាចរកចម្លើយឱ្យខ្លួនឯងឃើញ! តាមពិតទៅ ការសរសេរ បុគ្គលិកលក្ខណៈ អាកប្បកិរិយាតួអង្គរបស់អ្នកនិពន្ធ បង្រៀនឱ្យខ្ញុំដឹងថា អ្វីខុស អ្វីត្រូវ! អ្វីគួរធ្វើ អ្វីមិនគួរធ្វើ!

ពេលនោះហើយដែលខ្ញុំចាប់ផ្ដើមសរសេរ! សរសេរដើម្បីចែករំលែកអ្វីដែលជាទស្សនៈ ការយល់ឃើញរបស់ខ្ញុំ! វាអាចនឹងមិនត្រូវឬយកទៅប្រើការបាន ១០០% តែនេះជាអ្វីដែលខ្ញុំចង់ផ្ដល់ឱ្យ ហើយខ្ញុំក៏រីករាយនឹងទទួលការរិះគន់ដើម្បីកែលម្អ។

បទពិសោធទាំងនេះនឹងក្លាយជាអនុស្សាវរីយ៍ និងជាមេរៀនល្អៗដែលខ្ញុំអាចចងចាំ រៀនសូត្រ និងកែលម្អខ្លួន។ មិនតែប៉ុននោះ ខ្ញុំរីករាយនឹងធ្វើការចែករំលែកវាទៅដល់អ្នកដែលបើកចិត្តទទួលស្ដាប់ និងស្វែងយល់។ គ្មានអ្នកណាចេះទាំងអស់នោះទេ! គ្រប់គ្នាជាគ្រូរបស់អ្នកឱ្យតែអ្នកព្រមតាំងខ្លួនធ្វើជាសិស្ស។

ក្រោយពីបានអានចំណាប់របស់អ្នកទាំងពីររួចមក តើលោកអ្នកចង់ឱ្យមានជំនួបបែបនេះទៀតដែរឬទេ?