រឿង៖ រៀបការសងគំនុំ ភាគទី៣៩

«កានញញឹម​បែបនេះរហូតណា៎!»

ព្រោះតែកានចង់ឱ្យម្រាមដៃគេនៅទីនេះ​រហូតដែរ បានជានាង​ងក់ក្បាលទៅតាមសំណូមពរនៃរៀម។

ភ្នែកនាង​ដែលសម្លឹងមកប្រុសថ្លៃ បញ្ជាក់ស្រេចថា បេះដូងស្រីលង់នឹងមនុស្ស​នេះ​ម្តងទៀតហើយ។ មិនថានាង​ចាំឬមិនចាំអតីត មនុស្ស​ដែលកានស្រឡាញ់តែងតែជាបងម៉ូស្ហា​កាចៗម្នាក់នេះ។

ប្រុសសម្លក់ភ្នែកស្រី រូចក្រឡេកមកមើលថ្ពាល់ក្រហមរបស់កាន។ មាត់កានញ័រៗ​ក្រោមរង្វង់ម្រាម​ដៃគេ….

«តូចរបស់បងសិចស៊ីណាស់» ប្តីថាតិចៗ តែបេះដូងកានលោតខ្លាំង។

តាមពិតនាងចាំមិនបាន នឹកមិនឃើញ​រាល់គ្រាប៉ះពាល់ភិសម័យទេ។ ដឹងខ្លួនមកវិញនេះ ទទេរស្អាតក្នុង Memory។ តើនាងនឹងគេធ្លាប់ស៊ីជម្រៅដល់ណាខ្លះ បានជាគេមកឃើញភ្លាម​ក៏ឡើងគ្រញិចនាងភ្លែតដូច​ព្រាន​កាចៗក្នុង18+?

ថ្ងៃដំបូងទាំងនាងឃើញគេក៏រត់ភ័យ ទាំង​​មិនបានស្គាល់ មិនបានដឹង ​មិនបានត្រៀម តែ​គេសឹង​តែឆែក​សាច់នាងគ្មានសល់មួយកន្លែងទំនេរទៅហើយ ហើយ​មិនយូរផង នាងក៏​ចាប់ផ្តើម​នឹកដល់មន្តនៃម្រាម​ដៃគេរាល់ពេលដកដង្ហើមចេញចូល។

ពេលនេះវិញភ្នែកស្រទន់គេ តាមពិតស៊ិចស៊ីជាង តែគេនិយាយបានមុន ចំណែក​កានបានត្រឹមភាំងៗ។

ភ្នែកគេ​និងភាពញឹមៗរបស់គេ ធ្វើឱ្យកានព្រឺព្រួច លួច​នឹកទៅដល់ការរួមភេទរវាងប្រុសនិងស្រី។ ពីរបីថ្ងៃមកនេះ កាននឹងគេជិតស្និទ្ធ តែគេមិនបានបង្ខំកានទេ គ្រប់យ៉ាងនៅត្រឹមក្រៅៗ ចុះហេតុអីពាក្យ«ស៊ិចស៊ី»នេះញ៉ាំងឱ្យព្រឺរំភើបអស់អារម្មណ៍ចម្លែក?

មិនយូរប៉ុន្មាន​ដៃរបស់គេបានលូនហួសពីមាត់ទៅ​រកថ្ពាល់​ដែលក្តៅៗ ព្រោះកានកំពុងថប់ៗ ហើយម្រាមគេ​ត្បុលហួសចូលទៅក្នុងសក់របស់កាន។

ដៃ​របស់​កាន​វិញ ​ស្រាប់តែ​សសៀរឡើងមកដល់បេះដូងគេ​វិញដូចគ្នា។ ​វាមិនមែនជា​ការទប់ខ្លួនមិនឱ្យគេ​ឱបទេ តែ​​ជា​ចម្លើយស្នេហ៍ដែលកាន​សឹង​មិនដឹងខ្លួន ​និងមិន​ជឿឡើង​ថា ​នាង​​«ហ៊ាន​»​​ស្ទាប​ដល់ទ្រូង​របស់​គេ។

ដៃ​របស់​ម៉ូស្ហា​ពី​ក្រោយ​ក្បាលកាន រុញ​កាយប្រពន្ធ​ឱ្យ​កាន់​តែមក​ជិត។ ភ្នែកគេនៅតែស៊ីជម្រៅទៅក្នុងកែវភ្នែកនាងនៅដោយនៅរេរាទីនោះ មិនព្រមឈប់សម្លឹងតូចសោះ។

«ប្រាប់មក! ថា…ស្រឡាញ់!»

ប្រុសខ្សឹបៗនឹងមើលនាង​ចំៗ…..​គឺ​បែប​ហ្នឹងមែនទេ​ដែលគេទទូចចង់ឮ? កាន​ងក់ក្បាល ក៏មិនមាត់រួចអ្វី​បានត្រឹម​ស្ងៀម….រហូត​ដល់គេនិយាយម្តងទៀត៖

«ប្រាប់មក​ថា កានជារបស់បង  ហើយចង់នៅបែបនេះជាមួយបង…..គឺបែបលលកញីឈ្មោល មានតែពីរនាក់ គ្មានអ្នកណារំខាន!»

តូចលេបទឹកមាត់ ទាំងសម្លឹងគេក្រឡង់ៗ។ កានពិតជាចង់លើសពីនេះ…..គឺលើសពី​ពាក្យថាស្រឡាញ់….កានចង់លេបថ្លៃទុក….ចង់ឱបថ្លៃឱ្យកប់បាត់ទាំងពីរនាក់ទៅក្នុងលំហសេ្នហា….តែកាន​និយាយអ្វីមិនបាន….។

ប្រុសក្រហមមុខ​ឡើងៗឈ្ងោកមកមើលដៃកានដែល​លូក​រាវលើទ្រូងគេចុះឡើង។ នាង​មិនដឹងខ្លួនទេប្រសិនប្តីមិនឱនមក។ ស្រស់ប្រញាប់ដកដៃចេញវិញព្រោះខ្មាសណាស់….

មុខគេស្ពឹកៗពេលងើបមកមើលកានជាថ្មី…ស្អិតដូចជាប់ជ័រ គេដូចបញ្ជាខ្លួនឯងមិនបានល្អទេ…..

«មាន​អារម្មណ៍ថា…..មានអារម្មណ៍ថា ខ្ញុំ….ខ្ញុំ​មិនមែនស្អាតដូចលោកនិយាយទេ!»

ប្រុសញឹមៗសម្លឹងកានដោយ​ភ្លើងស្នេហ៍…..កានបន្តសម្តីទាំងបារម្ភ​សម្លឹងភ្នែករៀមចុះឡើង​ៗ​៖

«ខ្ញុំឈឺ….ស្គម….ស្លក់….ហើយ….ហើយល្ងង់ៗ….ហើយ….!»

«កាន…ល្អគ្រប់គ្រាន់សម្រាប់បង!»

គេនិយាយកាត់ធ្វើឱ្យនាងគាំង។

«កានល្អនិងផ្អែមជាងស្រីគ្រប់គ្នានៅលើលោកនេះ!» គេបន្ថែមព្រោះនៅនិយាយមិនទាន់ចប់។

តូចនេះសម្លឹងប្រុសកំណាចដែលមិនចាំបាច់អីមកកុហកនាងទេ។ ដង្ហើមនិងកាយវិការគេ កាន​ដឹងស្រេចហើយថា​គេនិយាយពាក្យ​ពិត។

«ណា៎….កុំរកលេស….កុំរកអីមកបដិសេធបង!»

«អត់ទេ» នាង​ព្រិចភ្នែកបដិសេធការគិតនេះ ខណៈគេ​​ផ្អៀង​ក្បាល​ដើម្បី​ឱ្យ​ថ្ងាស​មក​នៅត​ទល់​នឹង​នាង។ ភ្នែករបស់គេបិទប្រឹមៗហើយ​ ដកដង្ហើមគេបង្ហាញកានថា​គេកំពុងតស៊ូនិយាយ​ទាំង​គេមិនចង់និយាយច្រើនទៀតទេ ព្រោះគេចង់ធ្វើរឿងផ្សេង…..

«លោកសង្ហា​ខ្លាំង…..»

នាង​ថាមកតិចៗ ធ្វើឱ្យគេ​ញញឹមឡើង។ គេមិនមើលនាង​ទេ ព្រោះជាប់រវល់សម្លក់មាត់នាង​។ គេដឹងថា​នាង​ខ្លាច​នាងស្អាតមិនស្មើគេ ​តែគេមិនដែលថ្លឹងឡើយ គេដឹងតែថា គេត្រូវការថ្នមស្រីម្នាក់នេះ….ដៃកានដែលមុននេះទម្លាក់ចុះពីទ្រូង​ប្រុសប្រាណ បានមកទើរលើប្រអប់ដៃរៀម ហើយនាងច្របាច់ទីនោះតិចៗព្រោះអារម្មណ៍រំភើបតឹងតែង។

«គ្រាន់តែខ្ញុំ…..!»

«ស្អីទៅ?» គេខ្សឹបតក់ក្រហល់។

«….ភ័យ….! ខ្ញុំ…..មិនធ្លាប់ទេរឿងបែបនេះ! មិនបានគេច….តែភ័យណាស់»

កានក្តាប់ដៃគេយ៉ាងណែន បង្ហាញ​ថានាង​ភ័យពិតមែន ចុះទម្រាំ​តែកាលពីមុន​ដែលប្តីគំហកកំហែង ស្តីថា សង្កត់សង្កិន​ រំលោភបំពានលើទៀតនោះ​?

ក្នុងភាព​ត្រជាក់​ស្រិបនៃចំហាយសន្សើមព្រឹកព្រហាម លាយឡំ​នឹង កម្ដៅ​ភាយពីបេះដូងគេទ្រាំមិនបានទៀតទេ ដល់ពេលហើយ…..ប្រុស​ទាញ​ផ្អឹបនាងមកក្បែរគ្នា​​ហើយចាប់ផ្តើមត្រួតត្រាបបូរមាត់ដែលគេទើបតែបញ្ជាក់ថា«ស៊ិចស៊ី»។

ការថើបមិនបានព្រាងទុកនេះ ប្រុសទាញមកតក់ក្រហល់តាមសន្ទុះបេះដូងពេក​ បានបង្កើតឡើង​រួមបញ្ចូលគ្នាឱ្យកាន​នូវភាពតក់ស្លុតនិងអារម្មណ៍រំជើបរំជួលពីដំបូងៗ       ​  តែ​ក្រោយមក​​អណ្តាត​ទន់ភ្លន់និងដង្ហើម​ម៉ូស្ហា​ ដែលសែនងប់ងល់ពេញ​ទៅតម្រេកនៃ​​ក្ដី​ប្រាថ្នា​គ្មាន​ទី​បញ្ចប់ បង្ហាញឱ្យកាន​ដឹងថា គេត្រូវការនាង​ណាស់ ស្រឡាញ់កាន​ជានិច្ច នាង​ជារបស់ទិព្វនៃជីវិតគេ។ ដូច្នេះកានលង់ទៅក្នុងអន្លង់ស្នេហ៍រៀម។

«បងសុំទោស​រឿងពីមុន!» គេគិតម្នាក់ឯងពេលដែលកំពុងថ្នាក់ថ្នមនាង​។ «ជីវិតបងតទៅមុខគឺជារបស់កាន! បងជាទាសករស្នេហ៍ម្នាក់របស់កាន! បងនឹង​ជាមនុស្ស​ដែលធ្វើបានគ្រប់យ៉ាង​តាម​កានចង់បាន!»

ជាមួយរាងកាយ​ចាញ់ស្នេហ៍​របស់នាងនៅក្នុងរង្វង់ដៃខ្លួន ម៉ូស្ហា​ថើបនាងដូចចង់ផ្តល់ដង្ហើម​របស់គេទាំងអស់​ទៅឱ្យនាងខណៈជីពចរនៃអង្គទាំងទ្វេលាន់រន្ថើន​ដាក់គ្នា​ដូចផ្គរលាន់។

សូរកណ្តឹងទ្វារលាន់មក……ពួកគេ​មិនបាន យក​ចិត្ត​ទុក​ដាក់ខ្លាំងទេ។ កានគ្មានអ្នកណាទៀតទេក្នុងលោកនេះ ចំណែក​ម៉ូស្ហា​ ជីវិត​​របស់​គេសម្រាប់តែកាន…..គេទៅរវល់អីថាអ្នកណាមក?

វគ្គ ការបង្ហាញខ្លួននៃជំនួយការដារីយ៉ា

ជាមួយ​ទឹកមុខ​ស្រស់ស្រាយ កញ្ញាដារីយ៉ា ដែលមានអាយុ២១ឆ្នាំ សែនរីករាយណាស់ជាមួយ​ការងារដំបូង​របស់នាង​ក្នុងចំណោមក្រុមប្រតិបត្តិជាន់ខ្ពស់ គឺក្នុងនាមជាជំនួយការថ្នាក់អគ្គនាយក​។

ទើបតែចូលធ្វើការ​ភ្លាម​ត្រូវឡើងយន្តហោះមកសិង្ហបុរីភា្លម ដោយសារតែ​ប្តីប្រពន្ធចៅហ្វាយមកព្យាបាលនៅទីនេះ។

នាង​ចុចកណ្តឹង ហើយឱនមករៀបរយសម្លៀកបំពាក់ការិយាល័យរឹបរាងពណ៌ស៊ីជម្ពូរបស់ខ្លួន ដៃម្ខាងឱបឯកសារ ដៃម្ខាងរលាស់សក់រលោងវែងដល់ចង្កេះ គិតថា​ចង់ឱ្យចៅហ្វាយចាប់អារម្មណ៍​ និងមាន​អារម្មណ៍ល្អតែម្តងពេលឃើញនាង​ដំបូង។

ស្ងាត់…..គ្មានសញ្ញាថាអ្នកខាងក្នុងកម្រើកមកក្បែរទ្វារទេ….នាងនៅផ្ទៀងត្រជាក់ស្តាប់….នាងមិនដឹងឡើយថា​ប្តីប្រពន្ធទាំងទ្វេកំពុង​ស្ថិតក្នុងដំណាក់កាលក្រពុលមុខ​ព្រោះភ្លើងស្នេហ៍ក្នុងបន្ទប់ទឹក….

រឺងៗៗៗ

សាជាថ្មី សំឡេងចុចនេះរំខានត្រចៀកទាំងអ្នកដែលកំពុងតែចុចនេះផង ​កុំថាឡើយដល់អ្នកនៅខាងក្នុង…..ចង់មិនចង់ ឆាកស្នេហាស្នូក​របស់ម៉ូស្ហា​ត្រូវកាត់ផ្តាច់ចោលមួយអន្លើសិន….

ស្នូរជើងធ្ងន់ៗដើរមកដល់…..ដារីយ៉ាត្រង់ខ្លួន​រៀបរយស្នាមញញឹម​និងខ្សែភ្នែកស្លូតស្រទន់ទទួល​ការជួបអគ្គនាយកជាលើកដំបូង។ តាម​ដែល​នាង​ឮមកថាគេនេះសង្ហា​ណាស់ ដូច្នេះ…..គេនឹងក្លាយជាមនុស្ស​ដែលនាងនឹងធ្វើការស្និទ្ធស្នាលជាមួយល្ងាចព្រឹក…..នាង​ពិតជាចង់ដឹងមែន សង្ហាកម្រិតណា? ហើយ…..ជាព្រាន​ដែរទេ?….សម្រស់នាងប៉ុណ្ណឹង ចៅហ្វាយអាច​លំអៀងចិត្ត​ដែរអត់?

ទ្វាររបើកខ្វាកទៅក្នុង….អ្នកត្រូវលំអៀងចិត្ត​មិនមែន​អ្នកបើកទ្វារទេ គឺនាងខ្លួន​ឯង….

ស្រីលេខានៅភ្លឹកងាំងទាំងដៃឱបឯកសារ។ មនុស្សប្រុស​ក្នុងឈុត​អាវកន្សែងសម្រាប់ងូតទឹក ​ពិតជាមានទឹកមុខ​មមីរ​ដោយមន្តទាក់ទាញ។ ភ្លើងស្នេហ៍មិនទាន់រលត់ពីបេះដូងគេទេ គេកំពុងត្រៀមឡើងឋាន​សួគ៌ជាមួយ​តូចកាន សូម្បីទ្រូងក៏នៅចំហ​ផ្នែកខ្លះ….បង្ហាញផ្នត់សាច់ណែន​ណាន់រឹងមាំ….។

ស្រីក្រមុំនៅគាំងព្រោះការបង្ហាញខ្លួននៃទេវបុត្រ…..

ភ្នែកឆ្មើងកន្ទ្រើងរបស់គេ​សម្លឹងនាង​រួចអូសទៅសំពត់ខ្លី…..ស្បែកជើងកែងចោទរបស់នាង​យ៉ាងរហ័ស…..

«ដារីយ៉ា?»

គេសួរដោយមមីរភ្នែក។ គេមិនញញឹម​ផង​នាង​ក៏រកភាំងទៅហើយ។

«ចាស៎ ….នាងខ្ញុំដារីយ៉ាលោកនាយក!»

ម៉ូស្ហា​ព្រិចភ្នែក​ជំនួសឱ្យពាក្យ ok តែគេមិនបានបង្ហើបទ្វារបន្ថែម​ឱ្យនាង​ចូលក្នុងតាមដារីយ៉ាគ្រោងគិតទេ ។

«ឯកសារ?»

«ចាស៎ ចាស៎ នៀក!​ យកមកហើយ!»

ប្រុស​ថ្លៃលូកទទួលមកដោយមុខមាំស្មើ។

ឫកពាគេបន្ថែម​សម្រស់ជាតួប្រុស កំដរភ្នែក​ជំនួយការ​ក្មេងខ្ចី បណ្តាលឱ្យចិត្តនាងភ្លើតភ្លើនភ្លាម….
«ចុះបើ….គេញញឹម​តែបន្តិចឡើង….កាន់តែសង្ហា​កម្រិតណាទៅ?» ដារីយ៉ាលួចគិតទាំងញញឹមចេញថ្ពាល់ខួច។

«ជួបខ្ញុំនៅក្រោម! កន្លែង​ទទួលភ្ញៀវ!….១៥នាទីទៀត!»

«ចា៎!»

នាង​ហាមាត់ឆ្លើយទីទើរព្រោះវក់សម្លឹងមុខគេ។ គេកំពុងឱនវែកឯកសារមើល ងើបមុខមកវិញខ្វាច់ នាងចង់​គេចចេញមិនទាន់ក៏​ដារីយ៉ាត្រូវប្រុសស្អាត​ចាប់បាន​អាថ៌កំបាំងក្នុងភ្នែកនាង​។

ប្រុសរង្គើស្មាតិចៗ​ជាមួយអំនួតនៃមន្តស្នេហ៍រោលរាលរបស់ខ្លួន…..

«លោកសង្ហា​ខ្លាំង…..» សម្តីប្រពន្ធ​នៅប្រលាក់ពាសពេញការចងចាំ។

មនុស្សប្រុស​ចុះស្នាម​រឿងជីវិត​ជោកជាំដូចគេ   ដឹងថានាងលេខក្មេង​នេះ​​កំពុង​គិតអ្វី….តែ​សូម្បី​​ញញឹមមួយ គេនៅតែមិនឱ្យដែរ ថែមទាំងគ្មានពាក្យហ្វ្រីបន្ថែម​សោះឡើយ។

​គេរុញទ្វារបិទទៅវិញ ទាំងនាង​ដារីយ៉ា​នៅបន្ត​ឈរទីនោះដដែល។

«យើងត្រូវធ្វើការ! តែកុំភ័យ យើងមានពេលច្រើនជាមួយ​ប្រុសស្អាតនេះណា​អា​ដារីយ៉ា!»

ស្រីលេខាប្រាប់ខ្លួនឯង រួចញញឹម​លាក់គំនួចដើរឆ្ពោះទៅរកជណ្តើរវិញ។

«អ្នកណាហៅទ្វារមិញ?»

តូច​រុំកន្សែងចេញមកពីក្រោយខ្នងប្តី​ដែលឈរបែរខ្នង​អានឯកសារក្បែរតុ។

សំឡេងនាងទាញគេឱ្យបែរមក។ គេញញឹម​សម្លឹងទឹកមុខ​ស្រស់បំព្រងរបស់កាន។ ត្រូវ​ថ្នាំលើបបូរមាត់ទាំងព្រឹក​ កានស្រស់ជាងថ្ងៃមុនៗពេកពិត។

ប្តី​សម្លឹងដោយក្តីស្រឡាញ់ ទោះម៉ូស្ហា​មិនសូវបង្ហាញ​មនោសញ្ចេតនាតាមទឹកមុខ។

«លេខាថ្មី! គេមកដល់សាំងហ្គាពួរហើយ​យកឯកសារប្រាក់ខែនិងរឿងសំខាន់ៗមកឱ្យស៊ីញ៉េ!»

តូចរេភ្នែកសម្លឹង​ឯកសារទាំងគេខ្ពស់ក្នុងដៃ​គេ។

នាង​គ្មានយោបល់ទេ​ នាងមិនដឹងនោះជាអ្វី ​ហើយ​ហេតុអ្វីសំខាន់ត្រូវយកមកដល់ណេះឱ្យម៉ូស្ហា​ស៊ីញ៉េឡើយ។

«ងូតទឹកហើយ?!»

«ចាស៎!»

តូចតោងដៃគេទាំងនៅចោមពុម្ព។ ប្រុស​ងាកមកសម្លឹង​ការងារទាំងមាត់និយាយ៖

«ថ្ងៃនេះ​បងនៅពិនិត្យ​ឱ្យចប់អស់! រួចរាល់ ចាំអូនស៊ីញ៉េវា!»

«ខ្ញុំ?» នាង​ចំហមាត់ឆ្ងល់។

ប្តីងាកមកសម្លឹងទាំងស្រពោន។ នាង​សួរបញ្ជាក់ទៀត៖

«ខ្ញុំស៊ីញ៉េ!»

ម៉ូស្ហា​ញញឹម​ សម្លឹងមាត់ដែលស្អាតៗ ចិត្តដែលបរិសុទ្ធហ្មត់ហ្មង​ទឹកមុខគួរឱ្យអាណិតអាសូរ….

«បាទ!​ អគ្គនាយិកា!»

«អគ្គនាយិកា?!» នាង​ទន្ទេញ​ខ្សឹបៗ​ភ្នែកនៅឆក់ជាប់នឹងមុខ​ប្តី។

«អត់ឱ្យមកធ្វើការ​ស្លៀកស៊ិចស៊ីអ៊ីចឹងទេទាន!»

គេឌឺដោយសម្លក់រាងកាយក្នុងសំណុំកន្សែងក្រាស់។ វាជាការសម្លឹងមើលដោយភាពអន្ទះអន្ទែងព្រោះមិនអាចតភាគឈុត​រោលរាលបាន។ គេដឹងថានាងអស់កម្លាំងចំណែកគេត្រូវធ្វើការជំនួសនាង​។

«ធ្វើការអីទៅ?!»

នាង​នៅឆ្ងល់។ ប្តីលែងដៃពីឯកសាររួចបែរស្រវាមកឱបចង្កេះ។

«ទៅស្លៀកពាក់ឱ្យសមរម្យមកបើមិនចង់គ្រាំខ្លួនទាំងព្រឹក!»

គេខ្សឹបដោយទឹកមុខ​លង់ស្នេហ៍ ឯនាង​ញញឹម​ឡើង​…..

«គ្រាំអី?»

នាង​វាចាតិចៗ ចិត្ត​ប្តី​រឹតតែងប់ងល់នឹង​ស្នាមញញឹម​នេះ។

ដៃម្ខាងទៀតគេវែកសក់នាង​សម្លឹង​ចុះឡើងៗចុះ។

«ទៅក៏បាន!»

នាង​តបដោយ​អៀនព្រោះមិនចង់បន្តឆាកនេះ​រំខានការងាររបស់គេ។

ប្រុស​សម្លឹងប្រពន្ធដែលសប្បាយចិត្ត​ប្លែក។ កាន​ថ្ងៃនេះសប្បាយចិត្ត​ មិនមែន​មើលទៅក្នុងសភាព​មនុស្ស​ឆ្កួតចិត្ត​ដូច​យប់ដំបូងដែលគេ​វិលមកជួបនៅកំពង់សោមទេ។

ប្រុសលែងដៃបណ្តោយនាង រួចបែរមកពិនិត្យ​ឯកសារឡើងវិញ។ វាច្រើនណាស់ ច្រើនហួស…គេធុញទ្រាន់មែនទែន​​ ទាញ​ដោះអាវនេះបោះចេញ រុំខ្លួននឹងកន្សែងត្រឹមចង្កេះ។

ម៉ូស្ហា​ចង់ហាត់ប្រាណ ចង់ហែលទឹក ចង់រត់ម៉ារ៉ាតុង ចង់ជិះកង់ ចង់ប្រណាំងម៉ូតូធំៗ ចំណែក​ឯកសារអក្សរ​ល្អិត​ស្មេរ​អស់នេះ​គេធុញបំផុត​! តែបើគេមិនជួយនាង តើនាង​បានអ្នកណាទៀត?

«សូម្បីខ្លួនឯងជាCEOក៏មិនស្គាល់ងារខ្លួនឯងផង»

ចិត្តប្រុសតឹងតែង។

គាត់​ងាក​ចេញ​ពី​នាងមក​លើក​ទូរសព្ទ​ដាក់​នឹងត្រចៀក​និយាយការងារជាមួយកូនចៅជំនិតប្រុសៗ….

កាន​ស្លៀករ៉ូបវែងពណ៌ផ្ទៃមេឃខ្ចី រួចមិនមានលាបមុខមាត់អ្វីទាំងអស់ទេ។ ​ស្រីប្រញាប់ចេញមកវិញ​ ក៏វាក់នឹង​ខ្នងធំទូលាយរបស់ប្តី។

ជំហាន​តូច​ថយយឺតៗ ចិត្ត​នាងភ្លឹកមួយសន្ទុះ រហូតដល់ឃើញ​ប្តីដាក់ហ្វូនចុះ​លូក​ទៅបើក​យក​កុំព្យូទ័រយួរដៃពីក្នុងសាក់កាដូ និងមាន​ដកដង្ហើមធំផង។

នាង​ឆ្ងល់​ថា ​តើអ្វីទៅ​ធ្វើឱ្យគេ​មានអាការៈធុញថប់?

​     កាន​កូរពោះឃ្លាន។

ជុំវិញបន្ទប់គ្មានអីញ៉ាំបានទេ មានតែថាសផ្លែឈើ មានប៉ោមបីផ្លែ។

កានលូកយកមកមួយទំពារគ្រឹប ប្តីក៏ងាកមក……

ប្រុស​ក្រឡេកមើលជុំវិញបន្ទប់ភ្លាមៗប្រាកដជាគ្មានអាហារផ្សេងទៀតនៅជុំវិញនោះ….

«តោះ ​បងជូនទៅក្រោមញ៉ាំអីក្តៅៗ»

«ចា៎!»

នាង​ដាក់ប៉ោមចុះយឺតៗ ពេលគេកំពុងសម្រាតបែរខ្នង​ស្លៀកពាក់ថ្មី។

កាន​តាមសម្លឹង​រូបរាងនេះ ​ហើយសរសើរខ្លួនឯងដែលកំពុងរស់នៅជាមួយ​ទេវបុត្រ។ ដៃម្ខាងគេតម្រង់សក់ដោយមិនប្រើក្រាស ដៃម្ខាងគេលូកមកទាញថ្ពក់ម្រាម​តូចបណ្តើរទៅកាន់ទ្វារ​។

កានដើរតាមប្តីតត្រុកជាមួយសុវត្ថិភាពផ្លូវចិត្ត​។

ពួកគេបានចុះដល់​បន្ទប់ទទួលភ្ញៀវដែលធំ​ល្វឹងល្វើយ  មាន​លេខាស្រស់ស្អាតនៅអង្គុយ​សាឡុង​មួយ​បែរមកចំ​ជណ្តើររង់ចាំជាស្រេច។ ម្ល៉ោះហើយឃើញចៅហ្វាយមកកាលណា​នាង​ស្ទុះក្រោកឈរឡើងបង្ហាញខ្លួន។

«ចាំបន្តិចទៀត!»

គេនិយាយ​ខ្លីៗទៅកាន់នាង​ នាំឱ្យកាន​ងាកទៅរក​អ្នកដែលប្តីបញ្ជាដាក់។

លេខាក្មេងពិតជាមានសម្រស់ទាក់ភ្នែកកាន់ភ្លាម​ត្រឹម​ពេលជួបដំបូងនេះ។

កានពិនិត្យសម្លៀកបំពាក់ឡូយឆាយ​របស់ដារីយ៉ា និងកំភួនជើងរាវម៉ដ្ឋ​ ពន្លែងបង្អួតមកក្រៅ។ នាង​ឱនសំពះកាន កាន​ក៏ងីរងើរហើយសំពះតប។

ម៉ូស្ហា​នាំកាន​ដើរហួសទៅ តែកានដឹងថា​ ដារីយ៉ានៅតែសម្លឹងមកមិនដាច់កន្ទុយភ្នែក។

«អ្នកណាទៅ?!»

នាង​សួរប្តី​។

ម៉ូស្ហា​ហុចសោរបន្ទប់បង្ហាញអ្នកយាមទ្វារភោជនីយដ្ឋាន​ ឯមាត់តបនឹងប្រពន្ធ៖

«លេខាថ្មី!»

គេទាញ​កៅអី​ឱ្យតូចអង្គុយ​ ឯនាង​ដូចមិនឃ្លានអាហារ​ជាងអ្វី​ដែល​នាងកំពុង​​ចង់ដឹងទេ។

«លេខានេះមកសាំងហ្គាពួរធ្វើអី?»

តូចសួរប្តីតិចៗ​ធ្វើឱ្យគេ​ងាកមកសម្គាល់។

ទើបតែនឹកឃើញ…..កាលនៅមិនទាន់ឈឺ កានធ្លាប់ព្រមាន​មិនឱ្យរើសលេខាស្រីទេ។

ប្រុសតាមសម្លឹង​ជម្រៅភ្នែកកាន។

«ម៉េច?» គេញញឹមរួចបន្ថែមទៀត

«ចាប់អារម្មណ៍ម៉េះ​? មិនមែន​បងរើសទេ​! ខាង HR គេរកប្រុសដែរ​តែរក​មិនបាន!»

កានព្រិចភ្នែកគិត។ ប្តីនិយាយបន្ត៖

«គេតាមមកពីរបីថ្ងៃ មានប្រជុំខ្លះនិង​យកឯកសារមកឱ្យស៊ីញ៉េ!»

«ចាស៎!» តែនាងស្ថិតក្នុងសភាពមិនយល់ដដែល។ នាងមិនយល់ថាហេតុអ្វីត្រូវស៊ីញ៉េ ហេតុអ្វីប្រជុំ ហេតុអីចាំបាច់មាន​អ្នកផ្សេងមកបង្ហាញ​ខ្លួន​ ហេតុអ្វីចាំបាច់ជាស្រីស្អាតបែបនេះ។

ប្រុសកុម្ម៉ង់អាហារ​ ឱ្យភរិយាឯចិត្ត​កាននៅតែផ្ចង់លើស្រីក្មេង​ម្នាក់នោះ។

ម្តងម្កាលនាងងាកទៅក្រៅ សម្លឹង​រកដារីយ៉ាដែលកំពុង​តែអង្គុយ​ធ្វើការជាមួយ laptop ។ នាង​នឹកឃើញ​ដល់ប្តីនិង laptop កាលពីនៅលើបន្ទប់ដែរ។

«ពួកគេ​ជាមនុស្សពូកែៗ យើងនេះមិនចេះអីសោះ!»

នាងគិត​ដោយឈ្ងោកមកសម្លឹង​ខោអាវខ្លួនឯង។

«ញ៉ាំទៅ!»

«រួចហើយ​យើងទៅរកទិញ​ខោអាវទៅណា៎!»

ប្តីចោល​ភ្នែក​សម្លឹងខោអាវប្រពន្ធ គេងក់ក្បាលតាមពាក្យស្នើសុំ….

​«អូខេ! បងនិយាយជាមួយដារីយ៉ាបន្តិច បងជូនទៅដើរផ្សារ»

សាជាថ្មី កានងាកទៅរកនារីនោះទៀត។

នាង​បែរមកវិញ​ហើយឱនខ្សឹប៖

«ទិញស្បែកជើងដែរ!»

ប្តីងាកសម្លឹងទៅក្រៅម្តង។ ឃើញ​ដារីយ៉ានៅទីនោះ គេឃើញស្បែកជើង​កែងខ្ពស់របស់លេខា គេយល់ហើយ។ ងាកមកប្រពន្ធវិញ…..ម៉ូស្ហាដឹងថា​មនុស្ស​នេះ​កាលមិនទាន់ឈឺក៏ប្រចណ្ឌ ឥឡូវនេះលែងចងចាំអតីតហើយក៏នៅតែប្រចណ្ឌ។

«ញ៉ាំទៅ! ហើយញ៉ាំថ្នាំ! ហើយរឿងទិញ….ទិញអីក៏បានដែរកាន!»

តូចញញឹម​ពេលប្តីឱនមកថើបសក់ខ្សឺត។

ភាពអយុត្តិធម៌លេចឡើងក្នុងចិត្ត​អ្នកដែលតាមសម្លឹងពីក្រៅ។

អ្វីមួយ​កំពុង​រុកកួនចិត្ត​លេខាដែលពេញដោយសម្រស់។

«អ្នកស្រីចន្ទកានជាមនុស្សឈឺ ចាស់ ហើយមិនស្អាតអីណាស់ណា គេបានប្តីស្រឡាញ់យ៉ាងនេះសមអីដែរ? យើងក្មេង ស្អាតយ៉ាងនេះ ដើរមកមួយចប់តាមផ្លូវ អ្នកណាក៏តាមមើល តាមសម្លឹង ចៅហ្វាយប្រុស​យើង​ធ្វើចិត្ត​ថ្មកំដរប្រពន្ធមើកៗរបស់គេធ្វើដូចមើលយើងមិនឃើញក្នុងភ្នែក? មកពីអំណាចទឹកលុយ?»

ចិត្ត​ច្រណែន​ឬស្យា​មួយនេះ ក៏នាងលេខគ្មានជម្រើសអ្វីក្រៅពីលេបបំបាត់កំហឹងទ្រាំសិនទាំងដែលនាងប្តេជ្ញាថា នឹង​សាកលលេងហ្គេម​ដណ្តើមនេះ នៅពេលណាមួយសមស្រប។

«មនុស្ស​ដែល​គេថើបសក់​គួរតែជាយើង!»

ដារីយ៉ាគិត។

ដោយសារតែធម្មជាតិរបស់នាង​ជាមនុស្សស្អាតអាងសម្រស់ ក្នុងវ័យម្ភៃស្តើងនាងមាន​សង្សារច្រើនមកហើយ គឺមានស្នាម​តាំងពីនៅរៀនវិទ្យាល័យ។

ពេលនេះគោលដៅនាងកំណត់មនុស្សប្រុស​ក៏កាន់តែ​ខ្ពស់ឡើងៗជាលំដាប់ ឯការមកធ្វើជាលេខាអគ្គនាយក ក៏ជាផែនការ​មួយដើម្បី​សម្រេចរឿងប្រមាញ់បុរសឋានៈធំ​នេះដែរ។

នាទីចុងក្រោយនៃការធ្វើដំណើរមកដល់សណ្ឋាគារនេះ  នាងមិនដែលស្មានដឹងមុនឡើយថា មេប្រុស​របស់ខ្លួន​សង្ហា​កម្រិតនេះ​ថែមទាំង​ឆ្មើងកន្ទ្រើងថា្នក់នេះដែរ។

«ទាក់ទាញណាស់!» នាង​គិត​ម្នាក់ឯងទាងតាមលបសម្លឹងគេ។

កំភួនដៃគេ​ដែលមូរអាវបង្អួត​សាច់សរសៃសសូង ជាសម្រស់​ពេញទំហឹងសម្រាប់ភ្នែកនាង​។ ថ្ងៃនេះ​គេឱបត្រកងភរិយា​សូម្បីពេលកំពុង​ញ៉ាំអាហារ តែមិនប្រាកដទេថា ដៃនេះមិនមកឱបត្រកងលេខាស្រស់វិញ​….អ្នកណាធានា?

ទោះយ៉ាងណា ប្រុស​ណាឆ្លងផុតដំណាក់ស្រីស្អាត? បេះដូងណាមិនរំភើបជាមួយសម្រស់? ដំណើរការងារ​លើកនេះ ជាឱកាស​ធំណាស់សម្រាប់ដារីយ៉ា បូកផ្សំនឹងខ្លួននាងដែលមានសមត្ថភាពខ្ពស់….នាង​ត្រូវការតែម្យ៉ាងទៀតប៉ុននោះគឺ….រៀបចំផែនការលម្អិត…ជាងនេះបន្តិច។