កម្រាលព្រំពណ៌បៃតងដ៏សែនវែងអន្លាយដាច់កន្ទុយភ្នែក លាតសន្ធឹងតាំងពីចង្កេះភ្នំរហូតដល់លើកំពូលភ្នំដែលខ្ពស់សន្លឹមកប់បាត់ទៅក្នុងពពកពណ៌សដេរដាសដែលកំពុងតែអណ្ដែតខ្លួនយ៉ាងរំភើយនៅលើផ្ទៃមេឃពណ៌ខៀវស្រងាត់ ពន្លឺព្រះអាទិត្យពេលព្រឹកចាំងមកទម្លុះផ្ទាំងពណ៌សនៃពពកបណ្ដាលឱ្យផ្ទៃមេឃនៅពេលព្រលឹមព្រឹកនេះមានពណ៌គួរជាទីគយគន់ បូករួមជាមួយនឹងអាកាសធាតុដ៏គួរឱ្យចង់រស់នៅទៀតនោះ បានធ្វើឱ្យតំបន់នេះក្លាយជាកន្លែងគួរឱ្យចង់រស់នៅជាទីបំផុត ប្រៀបដូចជាឋានសួគ៌ដែលស្ថិតនៅលើឋានកណ្ដាលបែបនោះឯង។
នៅតាមផ្លូវលំតូចមួយខ្សែ ដែលជាផ្លូវតែមួយគត់សម្រាប់ធ្វើដំណើរចុះពីភ្នំទៅកាន់ទីប្រជុំជននៅឯជើងភ្នំនោះ យើងសង្កេតឃើញមានក្មេងប្រុសមុខមាត់ស្អាតបាតម្នាក់ដែលមានអាយុប្រហែលជា៧ឆ្នាំ កំពុងតែរត់ត្រហេបត្រហប យំហៀរសម្បោរឱ្យកក្លាក់ឡើងត្រលប់មកលើភ្នំវិញ។
គេរត់បណ្ដើរយំបណ្ដើរហើយនៅពេលដែលឡើងទៅដល់ផ្ទះឈើតូចមួយដែលនៅជិតកំពូលភ្នំហើយនោះ ក្មេងតូចម្នាក់នេះក៏បើកទ្វាររបងហើយប្រញាប់រត់សំដៅទៅកាន់បន្ទប់តូចមួយដែលមានសុទ្ធតែជាសៀវភៅ តម្រៀបគ្នាជាគ្រែគេង តម្រៀបគ្នាជាកៅអីអង្គុយ និងមានសៀវភៅខ្លះទៀតតម្រៀបជាតុ។
ក្មេងតូចនេះរត់ចូលទៅគេងក្នុងភួយសំងំយំឮៗ ដែលសំឡេងយំរបស់គេនេះឮស្ទើរតែផ្អើលផ្ទះទាំងមូលទៅហើយ។
លី ប៉វិន ដែលពេលនេះកំពុងតែគេងឱបមនុស្សជាទីស្រលាញ់តែម្នាក់របស់គាត់នៅក្នុងរង្វង់ដៃនោះ ក៏បើកភ្នែកឡើងព្រឹមៗតិចៗ តែបែរជាមិនប្រញាប់ប្រញាល់ទៅមើលកូនដែលកំពុងតែយំរហាមនោះទេ គាត់បែរជាកំពុងតែសម្លឹងមើល សៀវស៊ីង ដែលកំពុងតែគេងបិទភ្នែកជិតនៅក្នុងរង្វង់ដៃទៅវិញ។
«ភ្ញាក់ឡើង កូនយំហើយ!»
គាត់ឱនទៅខ្សឹបជិតត្រចៀកតូចស្អាតរបស់អ្នកដែលដេកទ្រមក់នោះតិចៗ នេះហើយបានគេថា បានប្រពន្ធក្មេងគឺវាត្រូវធ្វើខ្លួនឱ្យក្មេងតាមប្រពន្ធបែបនឹង តាំងពីបានកូនមក សៀវស៊ីង នេះសែនស្ពឹកមិនដែលបានក្រោកមើលកូនម្ដងណាឡើយ រហូតដល់ពេលកូនធំចេះដើរទៀតទើបបាន ប៉វិន បានសម្រាកខ្លះ។
«លោកមេទ័ពទៅមើលបន្តិចទៅ»
សៀវស៊ីង ដែលពេលនេះបិទភ្នែកជិតឈឹង លើកដៃទៅអង្រួនស្មាអ្នកដែលកំពុងតែស្រវាឱបខ្លួន គេសែនហត់ យប់មិញទម្រាំបានដេកក៏យប់ជ្រៅណាស់ទៅហើយ គ្មានកម្លាំងឯណានឹងក្រោករួចទេ។
«ហ្អា…ហ្អា…ហ្អាហ្អា…អ្ហឹកអ្ហឹក…ហ្អា…ហ្អា»
សំឡេងយំអណ្តើតអណ្តករបស់ ប៉ស៊ីង ឮកាន់តែខ្លាំងឡើងៗ ហាក់ដូចជាវាមានចេតនាយំឱ្យម៉ែឪភ្ញាក់ដូច្នេះឯង។
«សម្ពឹក!»
ប៉វិន ងាកទៅថាឱ្យអ្នកដែលកំពុងតែគេងមិនក្រោកនៅលើគ្រែ រួចទើបក្រោកឈរបង្ហាញរាងស្អាតមួយកំណាត់លើ ដែមានសុទ្ធតែសាច់ដុំ អួយ! គួរឱ្យស្រលាញ់ណាស់ អ្វីដែលកាន់តែបន្ថែមភាពស៊ិចស៊ីឱ្យលោកមេទ័ពសង្ហាម្នាក់នេះមួយកម្រិតទៀតនោះគឺស្នាមសន្លាកដែលមានពាសពេលខ្លួនរបស់គាត់ សន្លាកអស់នេះហើយវាបញ្ជាក់បានថា គាត់ពិតជាបានយកជីវិតរបស់គាត់ទៅប្ដូរដើម្បីការពារមនុស្សដែលគាត់ស្រលាញ់មែន។
បន្ទាប់ពីឮសម្ដី ឌឺដង របស់លោកមេទ័ព ប៉វិនហើយ សៀវស៊ីងក៏ប្រញាប់ងើបអង្គុយសម្លក់គាត់សឹងតែលានភ្នែក៖
«គឺមកពីលោកមេទ័ពហ្នឹងហើយ»
«មកពីបងយ៉ាងម៉េច?»
លោកមេទ័ព ប៉វិនពាក់អាវបណ្ដើរ សួរទាំងបបូរមាត់មានស្នាមញញឹមសម្លឹងទៅកាន់ខ្លួនមួយកំណាត់លើរបស់អ្នកដែលកំពុងស្រែកថាឱ្យគាត់បណ្ដើរដោយអារម្មណ៍ល្អ។
«លោកមេទ័ពជាដើមហេតុធ្វើឱ្យខ្ញុំសម្ពឹក…នេះភស្តុតាង»
សៀវស៊ីង យកដៃទៅចង្អុលលើស្នាមជាំដុំៗនៅលើខ្លួនប្រាណបង្ហាញទៅឱ្យអ្នកដែលមិនដឹងពីកំហុសខ្លួនឯងមើលទាំងក្ដៅក្រហាយ។
«តែ…»
«ហ្អា…ហ្អា…»
រៀបនឹងហាមាត់និយាយឌឺកាន់សៀវស៊ីងវិញទៅហើយ សំឡេងយំរបស់អា ប៉ស៊ីង ក៏មកកាត់ផ្ដាច់ជម្លោះដ៏គួរឱ្យស្រលាញ់របស់ម៉ែឪវាអស់រលីង ប៉វិន ជាមួយនឹង សៀវស៊ីង ឈប់ប្រកែកតមាត់គ្នាហើយប្រញាប់ស្លៀកពាក់ស្ទុះមកមើលកូនសំណព្វចិត្ត។
«អាស៊ីង…យ៉ាងម៉េចបានយំទៀតហើយ? កាត់ទៅម៉ែឯងមិនខុសមែន»
នៅពេលចូលមកដល់ក្នុងបន្ទប់ដ៏គួរឱ្យស្រលាញ់របស់កូនប្រុសហើយលោកមេទ័ពក៏ប្រញាប់យកដៃទៅអង្អែលស្មាកូនដែលកំពុងតែញញាក់ញញ័រនៅក្នុងភួយ ព្រមទាំងជ្រួញចិញ្ចើមពិបាកចិត្តទៀតផង មានកូនប្រុសតែមួយហើយវារឿងអីបន្តិចក៏យំដូចម៉ែវាបែបនេះតើនៅថ្ងៃអនាគតវានឹងការពារប្រពន្ធវាយ៉ាងម៉េចទៅ?
«ពុក…ម៉ែ…កូនមិនចង់នៅទីនេះទៀតទេ…ហ្អឹកៗ»
ប៉ស៊ីង បើកភួយចេញហើយនិយាយរៀបរាប់ប្រាប់ពុកម៉ែគេទាំងទឹកភ្នែករហាម ថ្ពាល់និងភ្នែកក៏ឡើងក្រហមតែត។
«កូនចង់ទៅនៅឯណាវិញ?»
ប៉វិន ដកដង្ហើមធំ យកដៃមកឱបជាប់នឹងទ្រូង សម្លឹងមុខកូនប្រុសតូចមួយដែលកំពុងតែយំងិង៉ក់មិនដឹងរឿងមិនដឹងរ៉ាវ។
«ទៅនៅឯណាក៏បាន តែកូនមិនចង់នៅទីនេះទេ»
ទឹកភ្នែករបស់ ប៉ស៊ីង នៅតែហូរមកម៉ាត់ៗដដែល គែពិតជាមិនចង់នៅទីនេះមែន មិនមែនគេមិនចង់នៅជិតពុកម៉ែទេតែគេមានហេតុផលផ្សេងទៀត ទីនេះត្រូវដើរចុះទៅរៀននៅឯសាលានៅជើងភ្នំរាល់ព្រឹក គេក៏មិនមានបញ្ហាអីជាមួយនឹងរឿងអស់នេះដែរ ជារៀងរាល់ព្រឹកក្មេងតូច ប៉ស៊ីង តែងតែក្រោកពីព្រលឹម ដាក់ដំឡូងដែល សៀវស៊ីង ស្ងោរទុកឱ្យនោះ ៣ ដុំចូលទៅក្នុងកាតាបស្ពាយរបស់ខ្លួនដើម្បីទុកទៅបរិភោគនៅឯសាលារៀន ហើយទើបរៀបចំខ្លួនដើរចេញពីផ្ទះតាំងពីថ្ងៃមិនទាន់រះម្ល៉េះ។
ប៉ុន្តែមានកូនអ្នកភូមិដែលរស់នៅជើងភ្នំនោះម្នាក់ដែលវា នៅពួនស្ទាក់ចាំធ្វើបាប ប៉ស៊ីង ជារឿយៗរៀងរាល់ថ្ងៃ វាតែងតែនាំគ្នីគ្នារបស់វា ពីរបីនាក់ ពួនចាំស្ទាក់វាយ ប៉ស៊ីង យកដំឡូងនិងចាក់សៀវភៅក៏ដូចជាប្រដាប់ប្រដារៀនរបស់ប៉ស៊ីងបោះចោលទៅលើដីទុកជាការលែងសើច ទោះបីជាត្រូវគេធ្វើបែបនេះដាក់ក៏ដោយក៏ ប៉ស៊ីង មិនដែលឱ្យរឿងនេះដឹងដល់ពុកម៉ែដែរ ព្រោះគេខ្លាចថាពុកម៉ែឱ្យគេឈប់រៀន តែថារឿងដែលកើតឡើងចំពោះគេព្រឹកមិញនេះវាគួរឱ្យខឹងខ្លាំងពេក ខឹងរហូតដល់ថ្នាក់គេមិនអាចទ្រាំនៅទីនេះទៀតបាន។
«ហេតុអីក៏កូននិយាយបែបនេះអាស៊ីង កូនមិនស្រលាញ់ពុកម៉ែទេមែនទេ?»
សៀវស៊ីង ដាក់បង្គុយនៅលើគ្រែរបស់កូន ហើយក៏យកដៃទៅអង្អែលក្បាលកូនរបស់ខ្លួនដែលកំពុងតែប្រឹងបើកភ្នែកធំៗសម្លឹងមុខរបស់គេឆ្លាស់គ្នានឹងមុខរបស់លោកមេទ័ព។
ប៉ស៊ីង ប្រញាប់ជូតទឹកភ្នែកហើយងើបអង្គុយស្រវាឱបអ្នកដែលខ្លួនហៅថាម៉ែៗតាំងពីតូចជាប់ ទើបបង្ហើបមាត់និយាយម្ហបៗ៖
«ស្រលាញ់!»
«បើស្រលាញ់ហេតុអីកូនមិនចង់នៅជិតពុកម៉ែ?»
សៀវស៊ីង យកដៃទៅអង្អែលខ្នងក្មេងតូចដែលមានមុខមាត់ស្រដៀងនឹងលោកមេទ័ពប៉វិនសឹងតែប៉ះដាក់នោះតិចៗ ទាំងគេ ទាំងលោកមេទ័ព សុទ្ធតែធំឡើងដោយខ្លួនឯង គ្មានពុកម៉ែឯណាមកនៅជិតចាំថែរក្សានោះទេ ហេតុនេះហើយទើបគេមិនចង់ឱ្យកូនតែម្នាក់របស់ខ្លួនបែកទៅរស់នៅឯណាឆ្ងាយ។
«ព្រោះ…» ប៉ស៊ីង រៀបនឹងហាមាត់ប្រាប់មូលហេតុរបស់ខ្លួនទៅហើយតែ ទឹកភ្នែកក៏ហូរមកភ្លាមៗមួយរំពេចរកនឹកនិយាយមិនចេញ តើឱ្យគេប្រាប់ពុកម៉ែបានយ៉ាងម៉េចទៅថាគេត្រូវអាក្មេងបាតផ្សារនោះធ្វើបាប ហើយនៅពេលដែលគេតដៃវាក៏វាយគេថែម មិនត្រឹមតែប៉ុណ្ណោះទេវានៅនោមដាក់ភ្នែករបស់គេទៀត។
«អាស៊ីង…» សំឡេងមាំរបស់លោកមេទ័ពបន្លឺឡើងធ្វើឱ្យអ្នកដែលមានឈ្មោះស៊ីងដូចគ្នាប្រញាប់ងាកទៅមើលមុខរបស់ម្ចាស់សំឡេងព្រមៗគ្នា។
«ស្អែកពុកជូនទៅរៀន»
នៅផ្ទះគឺកូនរបស់គេសប្បាយចិត្តណាស់ វាគ្មានរឿងអីដែលគេត្រូវមិនចង់នៅទីនេះនោះទេ បើមិនមែនជារឿងនៅសាលា ហេតុនេះគាត់នឹងទៅស៊ើបឱ្យដឹងថាតើមានរឿងអ្វីបានជាដល់ថ្នាក់ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ហ៊ានសុំបែបផ្ទះនោះ។
«បាទ» ប៉ស៊ីង លេបទឹកមាត់ស្អិតៗចូលទៅក្នុងបំពង់ក ទឹកភ្នែកក៏លែងហូរជំនួសមកវិញដោយស្នាមញញឹម ពុករបស់គេជាបុរសមានមុខមាត់កាច ដំណើរស្វាហាប់ពេញដោយអំណាចធានាថាអាក្មេងអស់នោះឃើញហើយប្រាកដជារត់បាត់ស្រមោលមិនខាន។
«ចាំខ្ញុំជាអ្នកជូនទៅវិញ» សៀវស៊ីងប្រញាប់ដើរចេញមកក្រៅតាមស្វាមីដែលកំពុងតែលីចបធ្វើដំណើរទៅស្រែ មើលលោកមេទប័ពេលនេះចុះបើប្រាប់ថាជាកូនកសិករក៏គេជឿមិនបាច់សង្ស័យដែរ មើលចុះគាត់ពាក់ខោអាវដូចជាកសិករបេះដាក់ ខោក្រណាត់ពណ៌ខ្មៅចងចង្កេះរួចមូរជើងឡើងត្រឹមស្មងជើង អាវក្រណាត់រលុងៗពណ៌ខៀវមូរដៃអាវត្រឹមកែងដៃ ក្បាលក៏មានពាក់មួកធ្វើពីស្លឹកត្នោតដើម្បីបាំងថ្ងៃ សក្ដិសមជាកសិករមែន អួយបងកសិករសង្ហា។
«យ៉ាងម៉េចបានជាសុខៗចង់ទៅជើងភ្នំទៅវិញ?»
ប៉វិន សម្លឹងមុខអ្នកដែលរត់មកតាមគេទាំងជ្រួញចិញ្ចើម គេស្រលាញ់សៀវស៊ីងមិនចង់ឱ្យដើរទៅណាទេ ចង់ឱ្យតែនៅផ្ទះមើលថែផ្ទះ មើលថែកូន និងមើលថែគេបានហើយ បើឱ្យដើរទៅក្រៅហើយអ្នកដទៃឃើញរួចស្រលាញ់ចាប់យកទៅបាត់នោះត្រូវធ្វើយ៉ាងម៉េច?
«លោកមេទ័ព…គឺបងរវល់នឹងណា ទើបខ្ញុំចង់ជួយរំលែកការងារបង»
«មែន?» គាត់លើកចិញ្ចើមសួរទៅអ្នកដែលកំពុងតែឈរញីជាយអាវរបស់ខ្លួនតិចៗ និយាយជាមួយគ្នាតែមិនហ៊ានសម្លឹងមុខគ្នាកុហកច្បាស់ណាស់។
«បាទ» សៀវស៊ីង ងើយមុខទៅបើកភ្នែកធំៗដាក់លោកមេទ័ពជាទីស្រលាញ់របស់គេក្នុងអាការៈយកចិត្ត ប៉វិន ឈរភ្លឹកនឹងចរិតគួរឱ្យស្រលាញ់នេះបន្តិចរួចដើរទៅជិតអ្នកដែលកំពុងងើយមុខមើលគាត់ហើយ យកដៃម្ខាងដែលមិនបានកាន់ចបទៅស្ទាបមុខទន់រលោងស្អាតនោះបន្តិច បន្ទាប់មកក៏ឱនទៅថើបបបូរមាត់ស្អាតពណ៌ក្រហមព្រឿងៗនោះថ្នមៗដោយហាមចិត្តមិនបាន។
«ចង់ទៅក៏ទៅៗ»
ពេលថ្ងៃត្រង់ នៅថ្ងៃបន្ទាប់…
«ហឹស…» ប៉វិន ដើរក្រពទ្ធ័ដៃទៅក្រោយ ទៅមកៗនៅចំពោះមុខ សៀវស៊ីង និង ប៉ស៊ីង ដែលកំពុងតែលុតជង្គង់ចុះទាំងពីរនាក់ ម្នាក់ៗកំពុងឈ្ងោកមុខចុះដោយអារម្មណ៍ដឹងខុស គាត់ដកដង្ហើមធំម្ដងហើយម្ដងទៀត សម្លឹងមើលអ្នកទាំងពីរឆ្លាស់គ្នាទៅវិញទៅមកមួយសន្ទុះទើបដើរទៅដាក់បង្គុយនៅលើកៅអីផ្ដៅដែលនៅខាងមុខនោះទាំងដកដង្ហើមធំមិនបាត់។
«បងឱ្យអូនជូនកូនទៅរៀន ហេតុអីអូនទៅបង្ករឿងឈ្លោះប្រកែកវាយគ្នាជាមួយគេឯងរហូតដល់ខៀវមុខខៀវមាត់បែបនេះ?»
ប៉វិន ហាមាត់ថាឱ្យសៀវស៊ីងមួយប្រាវដែលពេលនេះមានខោអាវប្រឡាក់ប្រឡូសសុទ្ធតែដី សក់ក្បាលកន្ទ្រីងកន្ទ្រើង នៅកៀនមាត់ខាងស្ដាំក៏មានស្នាមជាំមួយដុំប៉ុណ្ណាប៉ុណ្ណី អតីតលោកមេទ័ពយកដៃមកស្ទាបទ្រូងខាងឆ្វេង បេះដូងរបស់គាត់កំពុងតែលោតញាប់ខ្លាំងៗសឹងតែគាំងស្លាប់ មនុស្សខំការពារ ស្រលាញ់ថ្នាក់ថ្នមដូចត្បូងក្នុងបាតដៃតែមើលវាធ្វើចរិតចុះ ធ្វើចរិតដូចជាក្មេងបាតផ្សារ។
«លោកពុក កុំបន្ទោសម៉ែអី»
ប៉ស៊ីង ដែលពេលនេះមានមុខប្រឡាក់ប្រឡូសដោយធូលីស្រម៉កៗដូចកូនឆ្កែ ប្រឹងបើកភ្នែកធំៗហើយបង្ហើបមាត់ស្រែកប្រាប់ទៅពុករបស់គេដែលពេលនេះមុខឡើងក្រហមងាំង។
«មកនេះ!» ប៉វិន បក់ដៃហៅកូនប្រុសអាយុ៧ឆ្នាំរបស់ខ្លួនតិចៗ។
«ម៉ែកុំបារម្ភ! ចាំកូនអង្វរពុកឱ្យ»
ប៉ស៊ីង មិនភ្លេចងាកមកញញឹមមិចភ្នែកដាក់អ្នកដែលគេហៅថាម៉ែ រួចក៏ប្រញាប់ប្រញាល់ក្រោកឈរដើរទៅជិតពុករបស់គេដែលកំពុងតែកាន់រំពាត់ផ្ដៅមួយដើមចាំគេរួចជាស្រេច។
«ប៉ុន្មាន?»
លោកមេទ័ពសួរទៅកូនប្រុសតិចៗ សម្លឹងមុខអ្នកដែលមានកម្ពស់ត្រឹមភ្លៅរបស់គាត់តែក៏មានចិត្តក្លាហានលើកដៃត្រៀមឱ្យគាត់វាយដោយមិនញញើត។
«២០រំពាត់ កូនសុខចិត្តរងជំនួសអ្នកម៉ែ»
ប៉ស៊ីង ងើយមុខទៅប្រាប់ពុករបស់គេដោយក្លាហានមិនខ្លាច ច្បាប់នៅក្នុងគ្រួសារគឺបើគេហ៊ានបង្ករឿងឈ្លោះជាមួយគេឯងទៀត ឬក៏លួចរត់ទៅលេងនៅក្រៅផ្ទះនោះនឹងត្រូវ១០រំពាត់ តែលើកនេះអ្នកម៉ែក៏ចូលរួមជាមួយគេដែរហេតុនេះគេមិនអាចឱ្យអ្នកម៉ែមកត្រូវរំពាត់ព្រោះតែគាត់ជួយការពារគេនោះទេ។
«កូនមិនខ្លាចបែកឈាមដៃទេមែនទេ?»
«អត់ទេ! អ្នកម៉ែមិនសមនឹងត្រូវរំពាត់ទេ គាត់គ្រាន់តែជួយការពារកូន ម្យ៉ាងទៀតពួកអស់នោះក៏ជាអ្នកមករករឿងយើងមុនដែរ ហើយមូលហេតុដែលឈានដល់ការវាយតប់គ្នាព្រោះ…»
នៅពេលរៀបរាប់មកដល់ត្រង់ចំណុចនេះ ប៉ស៊ីង ក៏ស្ទាក់ស្ទើររដិបរដុបមិនហ៊ាននិយាយតទៀតបានត្រឹមងើយសម្លឹងមុខឪពុកដែលកំពុងតែឈរខ្វែងដៃឱបជាប់ទ្រូងសម្លឹកមកគេ ហាក់ដូចជាចង់ឱ្យគេនិយាយបន្តឱ្យឆាប់ៗ។
«គេថា…ពុកឱនចុះមក»
ប៉ស៊ីង បក់ដៃឱ្យឪពុកឱនមុខចុះមក នៅពេលដែលមាត់តូចៗរបស់គេបាននៅជិតនឹងត្រចៀករបស់ពុកគេហើយនោះគេក៏ខ្សិបតិចៗប៉ុន្មានម៉ាត់ទៅកាន់គាត់៖
«ពួកចង្រៃអស់នោះវាហៅអ្នកម៉ែថា អាខ្ទើយ»
ក្រឹកៗ
សំឡេងក្រឹកៗលាន់ចេញមកពីដៃរបស់លោកមេទ័ពដែលពេលនេះក្ដាប់ណែនសឹងតែផ្ទុះ គាត់ប្រញាប់ងើបឈរ មុខដែលញឹមៗអម្បាញ់មិញពេលនេះក៏ប្រែមកជាមាំភ្លាមមួយរំពេច គាត់ងាកមកប្រាប់ ប៉ស៊ីង ដែលកំពុងតែសម្លឹងមុខគាត់ម៉ក់ៗរួចដេញគេឱ្យប្រញាប់ទៅងូតទឹកប្ដូរសម្លៀកបំពាក់ចេញ ប៉វិន ដើរចេញមកខាងក្រៅផ្ទះកន្លែងដែលសៀវស៊ីងកំពុងតែលុតជង្គង់ចុះ។
«មកនេះ!» គាត់កញ្ឆក់ដៃអ្នកដែលកំពុងតែលុតជង្គង់ចុះឱនមុខនោះឱ្យដើរតាមខ្លួនទាំងទីណាត់ទីណែង។
«ទៅណា?» នៅសុខៗក៏មកចាប់ដៃទាញកញ្ឆក់ដើរយកទៅក្រៅផ្ទះ អ្នកណាមិនឆ្ងល់នោះ? សៀវស៊ីង សម្លឹងមើលទៅដៃរឹងមាំដែលកំពុងតែកាន់កដៃខាងឆ្វេងរបស់គេខ្លាំងៗ ទឹកភ្នែករបស់គេក៏ហូរមកម៉ាត់ៗភ្លាមមួយរំពេច។
ប៉វិន បញ្ឈប់ជំហានដែលត្រូវបោះទៅមុខ ហើយងាកមកចាប់អារម្មណ៍អ្នកដែលទឹកភ្នែកទឹកសម្បោរនៅខាងក្រោយខ្នងរបស់គាត់វិញ លោកមេទ័ពប្រញាប់ព្រលែងដៃពីដៃតូចៗនោះរួចស្រវាឱបសៀវស៊ីងជាប់ទាំងនឹងដើមទ្រូងទាំងបេះដូងប្រះបែក មនុស្សដែលគាត់ស្រលាញ់ថ្នាក់ថ្នមអស់ពីចិត្តតែបែរជាត្រូវអ្នកដទៃសើចចំអកមើលងាយ វាយធ្វើបាបបែបនេះគាត់ទ្រាំមិនបានទេ។
លោកមេទ័ពយកមេដៃទៅជូតទឹកភ្នែកឱ្យសៀវស៊ីងថ្នមៗ រួចទើបយកដៃធំទាំងពីរបស់គាត់ទៅក្រសោបមុខតូចស្អាតនោះជាប់ បង្ខំឱ្យអ្នកម្ខាងទៀតសម្លឹងមើលចំភ្នែករបស់គាត់។
«កុំយំ! បងប្រាប់ហើយមែនទេថាទឹកភ្នែករបស់អូនមានតម្លៃមិនអាចចេះតែស្រក់ផ្ដេសផ្ដាសតាមចិត្តទេ» សំឡេងរបស់លោកមេទ័ពប្រែជាស្រទន់ខុសប្លែកពីសំឡេងរបស់គាត់ដែលប្រើមុននេះ ធ្វើឱ្យអ្នកដែលកំពុងតែយំកាន់តែយំខ្លាំងជាងមុនទៀត។
សៀវស៊ីង ស្រវាឱបបុរសមាឌធំនៅចំពោះមុខជាប់ បណ្ដោយឱ្យទឹកភ្នែកស្រក់ចុះមកកាន់តែខ្លាំង អារម្មណ៍កក់ក្ដៅដែលទទួលបានពីខ្លួនប្រាណមាំធំនេះហើយជាអ្វីដែលគេចង់បាន អរគុណលោកមេទ័ពដែលនៅស្រលាញ់និងការពារអូនតាំងពីថ្ងៃដំបូងរហូតដល់ពេលនេះមិនប្រែប្រួល។
«អាម្នាក់ណាដែលធ្វើបាបអូន? ចាំបងទៅប្រដៅវាឱ្យ»
ថាហើយគាត់ក៏ថើបក្បាលរបស់សៀវស៊ីងមួយខ្សឺត រួចក៏ចាប់មុខរបស់គេឱ្យងើយសម្លឹងមុខគាត់ទាំងទុកដៃតូចស្អាតពីរនោះឱ្យនៅឱបចង្កេះរបស់គាត់ជាប់ដដែល។
ប៉វិន ឱនទៅថើបត្រង់ចំហៀងមាត់របស់ សៀវស៊ីង កន្លែងដែលត្រូវគេវាយជាំនោះថ្នមៗទាំងបេះដូងក្ដៅងំ អាចង្រៃណាដែលហ៊ានប៉ះពាល់សៀវស៊ីងរបស់គេវាប្រាកដជាត្រូវស្លាប់មិនខាន ប៉ុន្តែគ្រាន់តែបបូរមាត់ក្រាស់របស់លោកមេទ័ពប៉ះត្រូវនឹងសាច់ទន់ៗស្អាតនោះភ្លាមអារម្មណ៍នៅក្នុងខ្លួនរបស់គាត់ក៏កាន់តែពុះកញ្ច្រោលមួយកម្រិតថែមទៀត។
បេះដូងលោតដុកដាក់ៗហាក់ដូចជាក្មេងយុវវ័យដែលស្គាល់ស្នាមថើបលើកដំបូងទាំងដែលយប់មិញក៏ធ្វើលើសពីថើបទៅទៀត តែថាវាដូចជាមិនឆ្អែតឆ្អន់ទាល់តែសោះ ប៉វិន ហាក់បីដូចជាមិនជិនណាយបបូរមាត់ស្អាតមួយនេះសោះឡើយ កាន់តែថើបក៏កាន់តែស្រលាញ់ កាន់តែបានខ្លួនប្រាណទៀតរឹតតែថ្នាក់ថ្នមលើសដើម អារម្មណ៍ស្រលាញ់ដែលគាត់មានចំពោះ សៀវស៊ីង វាកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់បេះដូងរបស់គាត់ពេញហៀរទៅដោយរូបគេទៅហើយ។
«ពុក!!!គិតថើបម៉ែដល់ពេលណាទៀត? នោះមានភ្ញៀវមករកនៅមុខផ្ទះណ៎ក»
ប៉ស៊ីង ដែលទើបតែងូតទឹកជម្រះខ្លួនប្រាណនិងបោកគក់សម្លៀកបំពាក់ស្អាតបាតហើយនោះ ឈរដៃម្ខាងច្រតចង្កេះ ដៃម្ខាងចង្អុលទៅមុខរបងឈើទាបនៅខាងមុខផ្ទះ ដែលគេឃើញមានមនុស្សចាស់សក់ស ពុកមាត់ពុកចង្កាក៏សសំព្រូសអស់ដែរកំពុងតែឈរនៅទីនោះ តែដំណើររបស់បុរសវ័យចំណាស់ម្នាក់នេះហាក់បីដូចជាបញ្ជាក់បានថាគាត់នៅមានកម្លាំងពេញប៉ឹបនៅឡើយ។
ប៉ស៊ីង ឈរបើកភ្នែកកំផ្លង់ៗសម្លឹងមើលបុរសវ័យចំណាស់ដែលកំពុងតែត្រូវពុកម៉ែគេដើរទៅទទួលរាក់ទាក់នៅឯមុខរបង។
មិនដឹងជាបុរសចំណាស់ម្នាក់នេះមកពីណានោះទេ ប៉ុន្តែបើមើលតាមកាយវិការនិងពាក្យសម្ដីដែលឪពុកម្ដាយគេប្រើទៅកាន់គាត់នោះ បញ្ជាក់បានយ៉ាងច្បាស់ថាពួកគាត់គោរពនិងស្រលាញ់បុរសចំណាស់ម្នាក់នេះខ្លាំងណាស់។
«អាស៊ីង!!» សៀវស៊ីង ស្រែកហៅកូនប្រុសឱ្យមកជម្រាបសួរលោកគ្រូពេទ្យ សុង ឈី ដែលជាអ្នកព្យាបាលរបួសឱ្យលោកមេទ័ពកាលពីប៉ុន្មានឆ្នាំមុន នៅពេលដែលលោកមេទ័ពត្រូវរបួសសុះខ្លួន របួសហូរឈាមខ្លាំងសឹងតែខ្សោះឈាមស្លាប់។
ពេលយកទៅពេទ្យណាក៏គេមិនហ៊ានទទួលព្យាបាលព្រោះគេមិនហ៊ានដាក់ថ្នាំផ្ដេសផ្ដាស ខ្លាចថាបើប្រហែសតែបន្តិចនោះលោកមេទ័ពនឹងអាចស្លាប់បាន សៀវស៊ីង ចាំបានថាកាលនោះគេយំសឹងតែស្លាប់ យំអាណិតលោកមេទ័ព ប៉វិន ដែលមានសមត្ថភាពប្រយុទ្ធឈ្នះទាហាន១០០នាក់ហើយតែបែរជាគ្មានគ្រូពេទ្យណាម្នាក់ព្រមជួយមើលថែជំងឺឱ្យគេទៅវិញ តែលោកគ្រូពេទ្យ សុងឈី ក៏ប្រៀបដូចជាទេវតាដែលមកសង្គ្រោះជីវិតរបស់ប៉វិនដូច្នេះឯង។
នៅពេលដែលពេទ្យម្នាក់ៗខ្លាចរអាមិនហ៊ានព្យាបាលមើលថែនោះ លោកគ្រូពេទ្យជរាម្នាក់នេះបែរជាញញឹមនិងទទួលព្យាបាលលោកមេទ័ពដោយភាពជឿជាក់ទៅវិញ។
«ជម្រាបសួរព្រឹទ្ធាចារ្យ!»
នៅពេលរត់មកដល់ភ្លាម ប៉ស៊ីង ក៏ប្រញាប់ឱនក្បាលគោរពព្រឹទ្ធិចារ្យ សុងឈី ដោយខ្លួនឯងមិនចាំបាច់ឪពុកម្ដាយហត់មាត់ប្រាប់ឡើយ។
«ល្អៗៗ» លោកគ្រូពេទ្យវ័យចំណាស់សើចញឹមៗសម្លឹងមើលទៅកាន់ ប៉ស៊ីង ដោយធ្វើការពិនិត្យយ៉ាងហ្មត់ចត់តាំងពីក្បាលដល់ចុងជើង ក្មេងម្នាក់នេះមានភ្នែកថ្លាធំៗបញ្ជាក់បានថាជាមនុស្សមានបញ្ញាវាងវៃ មានដៃជើងវែងៗដែលជាចំណុចសម្គាល់របស់មនុស្សរហ័សរហួន នៅត្រង់ម្រាមកណ្ដាលនៃដៃខាងស្ដាំមានស្នាមជាំនៅត្រង់ចុងម្រាមដែលវាបញ្ជាក់ថាគេខិតខំប្រឹងរៀនសរសេរអក្សរប៉ុនណា។ គាត់មិនស្មានថាបានចួបត្បូងដ៏មានតម្លៃបែបនេះនៅក្នុងតំបន់ស្រុកស្រែនេះទេ។
«ឆ្នាំនេះអាយុប៉ុន្មានហើយ?»
គាត់សួរទៅកាន់ក្មេងប្រុសមុខមាត់ស្អាតបាតដែលកំពុងតែឈរសម្លឹងមើលគាត់និងឪពុកម្ដាយរបស់គេឆ្លាស់គ្នាទៅមកៗ។
«៧ឆ្នាំហើយ!»
ប៉វិន ជាអ្នកឆ្លើយជំនួសកូនប្រុសតែមួយត្រួយបណ្ដូលចិត្តរបស់គាត់ ព្រមទាំងយកដៃទៅអង្អែលក្បាលកូនប្រុសថ្នមៗផង ប៉ស៊ីង គឺជាក្មេងល្អ ស្លូតបូត ឧស្សាហ៍ព្យាយាម និងស្ដាប់បង្គាប់ តាំងពីតូចដល់ធំមកក៏មិនដែលឱ្យឪពុកម្ដាយពិបាកមាត់សូម្បីតែម្ដង។
«លោកគ្រូ! អញ្ជើញចូលក្នុងសិនមក!»
សៀវស៊ីង អញ្ជើញលោកគ្រូពេទ្យមានគុណឱ្យចូលទៅអង្គុយលេងនៅក្នុងផ្ទះព្រោះនេះក៏ពេលថ្ងៃត្រង់ហើយដែរ បើភ្ញៀវមកហើយមិនអញ្ជើញក៏មិនសម តែគិតៗទៅភ្ញៀវនេះមកចំពេលល្អណាស់ ១ឆ្នាំ៣៦៥ថ្ងៃ មកពេលណាមិនមក មកមកចំអាពេលទើបតែវាយគេបោចសក់ហើយ។
ថ្ងៃរសៀល…
សៀវស៊ីង ជាមួយនិងប៉វិនកំពុងតែឈរសម្លឹងមើលកូនប្រុសតែមួយតាមមាត់ទ្វារបន្ទប់របស់គេ ប៉ស៊ីង ពេលនេះកំពុងតែអង្គុយរៀនសរសេរអក្សរតាមសៀវភៅក្បួនធ្វើសង្គ្រាម សៀវភៅធរណីសាស្រ្ត និងសាស្រ្តា ក្បួនច្បាប់ទំនៀមទម្លាប់ផ្សេងៗដែលភាគច្រើនសៀវភៅអស់នេះជារបស់ពុកគេកាលពីមុន។
ក្មេងប្រុសតូចអាយុ៧ឆ្នាំគួរតែជាពេលងិកង៉ក់ ទារនេះទារនោះ តែប៉ស៊ីងបែរជាប្លែកខុសពីគេ ពេលទំនេរគេមិនចូលចិត្តរត់លេងអត់ប្រយោជន៍ដូចក្មេងៗដទៃដែលមានអាយុសម្បារគ្នាឡើយ ប៉ស៊ីង បែរជាចូលចិត្តអង្គុយរៀនសរសេរអក្សរតាមសៀវភៅទៅវិញ ជាក្មេងប្រុសអាយុ៧ឆ្នាំតែបែរជាមានចិត្តគំនិត ចរិត ឬកពារចាស់ទុំជាងម៉ែរបស់វាទៅទៀត។
ពីរនាក់ប្ដីប្រពន្ធដកដង្ហើមធំបន្តិចទើបសម្រេចចិត្តដើរចូលទៅក្នុងបន្ទប់ដ៏សែនចម្លែករបស់កូនប្រុស ប៉វិន ដាក់បង្គុយនៅលើឥដ្ធផ្ទាល់ព្រោះមិនហ៊ានអង្គុយលើតុដែលធ្វើពីសៀវភៅរបស់កូនប្រុសកំហូច ឯសៀវស៊ីងក៏ដើរទៅដាក់បង្គុយនៅជិតកូនប្រុស៖
«អាស៊ីង!»
«បាទ ម៉ែ!» ប៉ស៊ីង ដាក់ជក់ដែលកំពុងតែសរសេរចុះរួចងើបមុខឡើងហើយញញឹមពព្រាយសម្លឹងមើលមុខអ្នកដែលគេហៅថាម៉ែរហូតដល់ទម្លាប់។
«បើម៉ែប្រាប់ថាចង់ទុកកូនឱ្យនៅទីនេះរហូត មិនបាច់រៀនសូត្រនៅធ្វើស្រែជាមួយពុកឯងដល់ចាស់ តើកូនគិតយ៉ាងណា?»
សៀវស៊ីង និយាយចេញមកទាំងធ្ងន់ខ្លួនកណ្ដុក។ លោកគ្រូពេទ្យ សុងឈី មានគុណចំពោះគេនិងលោកមេទ័ពខ្លាំងណាស់ តែ ប៉ស៊ីង ក៏សំខាន់សម្រាប់គេនិងលោកមេទ័ពដូចគ្នាដែរ នៅសុខៗគាត់ចង់មកសុំកូនប្រុសរបស់គេទៅឆៅៗបែបនេះ សៀវស៊ីងហាក់ដូចជាពិបាកធ្វើចិត្តណាស់។
ប៉ស៊ីង ដែលញញឹមដាក់ម្ដាយមុននេះរាងធ្លាក់ទឹកមុខបន្តិចតែក៏ប្រញាប់ញញឹមវិញបានភ្លាមៗ គេលើកដៃតូចៗរបស់ខ្លួនទៅប៉ះមុខស ហ្មត់រលោងរបស់ម៉ែគេហើយទើបនិយាយ៖
«ជីវិតរបស់កូននេះគឺអ្នកម៉ែជាអ្នកផ្ដល់ឱ្យ អ្នកម៉ែចង់ឱ្យកូនធ្វើអីក៏កូនព្រមធ្វើ ឱ្យតែវាធ្វើឱ្យម៉ែញញឹមបាន ប៉ុន្តែ…» និយាយមកដល់ត្រឹមនេះគេទម្លាក់ដៃចុះហើយធ្វើមុខរាងស្រងូតបន្តិច។
«ប៉ុន្តែស្អីឯងអាស៊ីង?»
លោកមេទ័ពប៉វិនសែនក្នាញ់និងចរិតកូនប្រុសរបស់គេ មើលវាចុះជាក្មេងតូចតែមួយសោះតែសម្ដីចាក់ទឹកមិនលេច មានហេតុមានផលប្រកែកមិនចង់ឈ្នះហើយអ្វីដែលសំខាន់វានៅចម្លងស្ទីលនិយាយបណ្ដើរចាប់ថ្ពាល់បណ្ដើររបស់គេទៀត។
«ប៉ុន្តែកូនជាកូនប្រុស កូនប្រុសត្រូវតែដើរឱ្យដល់ជើងមេឃ ត្រូវមានចំណេះដឹងកប់ពពក ត្រូវមានសមត្ថភាពអស្ចារ្យ និងត្រូវតែមានឋានៈតួនាទីក្នុងជួររាជការ ដើម្បីលើកស្ទួយរង្សត្រកូលរបស់យើង»
បន្ទាប់ពីស្ដាប់ប្រយោគរបស់កូនប្រុសរួចហើយ លោកមេទ័ពនិងសៀវស៊ីង នាំគ្នាចំហមាត់ធ្លុងមិនស្មានថាក្មេងតូចតែមួយសោះអាចនិយាយពាក្យទាំងអស់នេះបាន។
«ខ្លួនប៉ុនអាចមន៍ច្រមុះសោះហេតុអីនិយាយពាក្យអស់នេះចេញមកបានអាស៊ីង?»
ប៉វិនសួរទៅកូនប្រុសមាឌល្អិតរបស់ខ្លួន នេះបានគេថាឪវាខ្លាកូនវាកើតមកក៏ខ្លាមែន។
«ពាក្យនេះខ្ញុំសមទុកតាំងពីនៅក្នុងពោះរបស់ម៉ែមកម្ល៉េះពុក»
ប៉ស៊ីង លានអណ្ដាតតបឌឺទៅកាន់ឪពុកមាឌធំរបស់គេវិញ ទៅខ្លាចគាត់ធ្វើអីបើពេលនេះគេកំពុងតែនៅក្នុងក្នុងរង្វង់ដៃដ៏សែនកក់ក្ដៅរបស់អ្នកម៉ែគេទៅហើយនោះ។
«លោកព្រឹទ្ធាចារ្យដែលមកផ្ទះយើងថ្ងៃមិញនេះកូនដឹងថាគាត់ជាអ្នកណាទេ?»
សៀវស៊ីង សួរទៅកូនប្រុសតិចៗ ហើយនៅពេលឃើញប៉ស៊ីងគ្រវីក្បាលទើបគេបន្តទៀត៖
«គាត់គឺជាព្រឹទ្ធិចារ្យ សុងឈី ជាអ្នកមានគុណដែលជួយជីវិតឪពុករបស់កូន…អឺ គឺគាត់គ្មានកូនចៅទេ ហើយគាត់ចង់ឱ្យម៉ែឱ្យកូនទៅនៅរៀនវិជ្ជាពេទ្យជាមួយគាត់នៅឯជើងភ្នំហួណាននៃរាជធានីតើកូនគិតយ៉ាងណា?» សៀវស៊ីង សួរកូនទាំងទឹកមុខចង់យំ គេមិនចង់ឱ្យកូនតែមួយគ្រាប់បែកចេញទៅរស់នៅឆ្ងាយខ្លួនទេ តែបើកូនចង់ទៅហើយនោះក៏មិនហ៊ានហាមដែរ ព្រោះវាជាអនាគតរបស់កូនបើហាមទៅខ្លាចវាខុស ម្យ៉ាងទៀតសម្ដីប៉ស៊ីងក៏មានន័យគួរឱ្យពិចារណាដូចគ្នា។
«អ្នកម៉ែគិតយ៉ាងណា?» បេះដូងមួយដួងតូចនេះលោតដុកដាក់ៗនៅក្នុងប្រអប់ទ្រូងរបស់ម្ចាស់វា ប៉ស៊ីងរំភើបសឹងតែរត់ទៅរៀបបង្វិចខោអាវទៅតាមលោកគ្រូពេទ្យសុងឈីទៅហើយកុំតែខ្លាចម្ដាយអន់ចិត្តតិចទេ។
«ម៉ែនឹកកូនមិនចង់ឱ្យទៅណាឆ្ងាយទេ»
«ចាំកូនមកលេងម៉ែឱ្យបានញឹកញាប់»
«ខ្លាចកូនមិនបានញ៉ាំបាយគ្រប់គ្រាន់»
«កូនចេះមើលថែខ្លួនហើយម៉ែកុំបារម្ភអី»
«ខ្លាចកូនមិនបានដេកពួន»
«កូនល្មោភដេកណាស់ម៉ែក៏ដឹង»
«អឺខ្លាច…»
«បានហើយអូនក៏ដឹងថាអាល្អិតនេះវាចង់ទៅខ្លាំងប៉ុនណា»
ប៉វិនប្រញាប់ហាមាត់ឃាត់សៀវស៊ីងកុំឱ្យនិយាយអីតទៀត គេដឹងថាកូនប្រុសវាពូកែរកលេសបែបណា កុំថាសៀវស៊ីងមិនដឹងខ្យល់អីព្រោះសូម្បីតែលោកមេទ័ពខ្លួនឯងក៏និយាយមិនចង់ឈ្នះវាដែរ។
«តែ…» សៀវស៊ីងនៅតែស្ទាក់ស្ទើរមិនចង់ឱ្យកូនឃ្លាតពីទ្រូង តែក៏ហួសចិត្តរកពាក្យមកនិយាយមិនចេញនៅពេលឮប្រយោគបន្ទាប់របស់កូនប្រុស។
«ម៉ែកុំបារម្ភអី! ពេលកូនក្លាយទៅជាអ្នកមានមុខមាត់ក្នុងរាជការ កូននឹងរកប្រពន្ធមួយយកមកទុកឱ្យមើលថែម៉ែពុក ហើយកូននឹងមកធ្វើស្រែដូចជាពុកដែរ តែបើពេលនេះកូនមិនចាកចេញពីពុកម៉ែដើម្បីទៅស្វែងរកចំណេះទេនោះកូនធ្វើម៉េចនឹងអាចរកប្រពន្ធល្អដូចជាម៉ែបានទៅ មែនទេពុក?»
ប៉ស៊ីងរៀបរាប់ប្រាប់ម្ដាយទាំងញញឹមជាប់ គេមិនទាន់គិតទេរឿងប្រពន្ធអត់ប្រយោជន៍ស្អីនោះ តែក៏ប្រឹងនិយាយបន្លប់ព្រោះមិនចង់ឱ្យអ្នកនៅចំពោះមុខសម្រក់ទឹកភ្នែកតែប៉ុណ្ណោះ។
«បើអ៊ីចឹងកូនរៀបអីវ៉ាន់ឱ្យហើយទៅណា ព្រឹកស្អែកត្រូវចេញដំណើរហើយ»
មិនអាចហាមកូនទៀតបានសៀវស៊ីងក៏អង្អែលក្បាលកូនប្រុសហើយដើរចេញមកក្រៅលួចជូតទឹកភ្នែកម្នាក់ឯងស្ងាត់ៗក្រោមការសម្លឹងមើលដ៏សែនហួសចិត្តរបស់លោកមេទ័ព។
«អាស៊ីង!» ប៉វិន ហៅកូនប្រុសតិចៗនៅពេលឃើញអាល្អិតនោះប្រញាប់រត់ទៅយកសម្ពាយមកញ៉ុកខោអាវយ៉ាងញាប់ដៃគ្រាន់តែម៉ែវាទៅផុតបន្តិច។
«បាទ!» ប៉ស៊ីង បង្អន់ល្បឿនដៃក្នុងការញាត់ខោអាវបន្តិច ងើបមុខឡើងសម្លឹងមើលមុខពុករបស់គេភ្លឹសៗ។
«ឯងមិនក្រែងចិត្តពុកបន្តិចទេមែនទេ? ធ្វើចរិតដូចមិនចង់នៅជាមួយគ្នាណាស់អ៊ីចឹង!»
ថាហើយលោកមេទ័ពក៏ងើបឈរដើរចេញទៅក្រៅបាត់ព្រោះអន់ចិត្តនឹងកូនប្រុសដែលស្រលាញ់សៀវស៊ីងជាងខ្លួន ប៉ស៊ីងឈរយកដៃអេសក្បាលតិចៗមុននឹងបន្តប្រញាប់ប្រញាល់រៀបអីវ៉ាន់បន្តទាំងទឹកមុខញញឹមមានក្ដីសុខ។
យប់ឡើង…
សៀវស៊ីងថ្ងៃនេះមានអារម្មណ៍ថាក្ដៅក្នុងខ្លួនយ៉ាងចម្លែក គេគេងប្រែទៅប្រែមក ទោះព្យាយាមបិទភ្នែកយ៉ាងណាក៏ដេកមិនលក់សោះ ប៉វិនសង្កេតឃើញអាការៈមិនប្រក្រតីរបស់អ្នកគេងជិតទើបលូកដៃទៅឱបចង្កេះតូចស្ដើងនោះទាញយកមកផ្អឹបជាប់នឹងដើមទ្រូងមាំរបស់គាត់ ដោយសារឃើញអ្នកម្ខាងទៀតនៅស្ងៀមលោកមេទ័ពក៏បង្រួមរង្វង់ដៃដែលឱបចង្កេះតូចនោះឱ្យកាន់តែណែន បន្ទាប់មកក៏យកមាត់ទៅថើបកញ្ចឹងកខាងក្រោយរបស់សៀវស៊ីងថ្នមៗដេញមករកគល់ត្រចៀកសស្អាត ថើបត្រង់នោះបន្តិចត្រង់នោះបន្តិច ដំបូងក៏គិតថាថើបហើយចូលដេកតែមានឯណាត្រឹមបបូរមាត់បានប៉ះសាច់គេបន្តិចសោះ អារម្មណ៍នៅក្នុងទ្រូងវាក៏ឆេះឆួលចង់បានច្រើនជាងថើប។
«ហឹស!» សៀវស៊ីងដកដង្ហើមធំហើយរុញមុខដែលកំពុងតែថើបថ្ពាល់គេចេញមួយទំហឹង។
«កូនទៅស្អែកហើយនៅមានអារម្មណ៍ល្មោភទៀត»
ម៉ោង៣ព្រឹក…
ដៃតូចៗរបស់ប៉ស៊ីងបើកទ្វារបន្ទប់របស់ពុកម៉ែថ្នមៗ គេដើរទៅជិតគ្រែដែលអ្នកមានគុណកំពុងគេងយ៉ាងស្កប់ស្កល់ហើយឈរសម្លឹងមើលពុកម៉ែរបស់គេទាំងញញឹមតិចៗ ប៉ស៊ីងសម្លឹងមើលមុខតូចស្អាតរបស់ម៉ែឆ្លាស់គ្នានឹងមុខមាំមានអំណាចរបស់ពុកគេ បន្ទាប់មកក៏ឱនទៅថើបថ្ពាល់ម៉ែរបស់គេថ្នមៗមួយខ្សឺតរួចថើបថ្ពាល់ពុកគេមួយខ្សឺតមុននឹងដើរចេញមកខាងក្រៅផ្ទះដែលពេលនេះលោកគ្រូពេទ្យ សុងឈី កំពុងតែឈរចាំគេជាស្រេច។
ប៉ស៊ីងបែរមុខមករកផ្ទះតូចតែមានក្ដីសុខរបស់គេបន្តិច រួចលុតជង្គង់ចុះហើយឱនសំពះក្រាបក្បាលដល់ដី៣ដងនៅនឹងមុខដីនោះ ទើបងើបឈរយកដៃបោសសម្អាតធូលីដីពីលើខ្លួនចេញ ហើយក៏ធ្វើដំណើរដោយថ្មើរជើងតាមលោកគ្រូសុងឈីចេញទៅ ដោយមិនភ្លេចលួចសម្លឹងមើលទៅដំបូលផ្ទះដែលលិចបាត់តាមស្លឹកឈើបន្តិចម្ដងៗទាំងទឹកភ្នែកម្រិចៗផង ចាកចេញទៅលើកនេះមិនដឹងថាពេលណាបានបានត្រលប់មកជុំដំបូលដ៏កក់ក្ដៅនេះវិញទេ តែនេះហើយគឺជាជីវិត ជីវិតគឺត្រូវតែតស៊ូបែបនេះហើយ។
១២ឆ្នាំក្រោយមក…
១២ឆ្នាំកន្លងផុតទៅយ៉ាងឆាប់រហ័សត្រឹមរយៈពេលតែមួយប៉ព្រិចភ្នែក។ ព្រះរាជវង្សចូវ ដែលកាលពីអតីតធ្លាប់តែរីកចម្រើនរុងរឿងនោះពេលនេះក៏កាន់តែរីកចម្រើនខ្លាំងថែមមួយកម្រិតទៀត ព្រះអង្គបានពង្រីកនូវផ្ទៃដីដាំដំណាំដល់កសិករតាមរយៈការឱ្យបុត្រប្រសារបស់ទ្រង់ផ្ទាល់គឺព្រះរាជា វ៉ាងហ្វូឈីង ដែលជាព្រះរាជានៃនគរភាគខាងលិច ឱ្យដឹងនាំទ័ពនឹងក្រុមប្រជាពលរដ្ឋកាប់ឆ្ការដីព្រៃនៅតាមតំបន់ភ្នំ នៅតាមទីជនបទដើម្បីរានយកដៃធ្វើដំណាំ ព្រះអង្គថែមទាំងបានចាត់ចែងឱ្យមានការរៀបចំប្រព័ន្ធធារសសាស្រ្តសម្រាប់ជំនួយដល់កសិករនូវក្នុងរបរធ្វើស្រែចម្ការ និងដំណាំហូបផ្លែផ្សេងៗផងដែរដែលមានដូចជាការជីកស្រះធំៗបន្ថែមនៅតំបន់ខ្សត់ទឹក និងការរៀបចំប្រពន្ធ័ប្រឡាយទឹកឱ្យមានលក្ខណៈសមស្របទៅតាមតំបន់នីមួយៗ។
បន្ថែមពីនេះទៀតនោះនៅក្នុងរាជធានីក៏ដូចជាទីជនបទគឺមាននូវប៉ុស្តិ៍យាមកាមជាប្រចាំ ដែលមានចម្ងាយពីប៉ុស្ដិ៍មួយទៅប៉ុស្ដិ៍មួយទៀតត្រឹមតែ១០០ម៉ែត្រប៉ុណ្ណោះ។
ចំណែកឯនៅតាមកំពង់ផែវិញមានសុទ្ធតែសំពៅឈ្មួញធំៗដែលមករកស៊ីនៅក្នុងប្រទេសដ៏រុងរឿងនេះ គេអាចនិយាយបានថានៅអំឡុងពេលឆ្នាំនេះហើយដែលជាឆ្នាំរុងរឿងបំផុតនែប្រវត្តិសាស្រ្តរបស់រាជវង្សចូវ ដែលការរីកចម្រើនយ៉ាងខ្លាំងក្លានេះត្រូវបានអ្នកស្រុកក៏ដូចជាមនុស្សទូទាំងប្រទេសដឹងថាវាជាចំណែកធំមួយរបស់មន្ត្រីវ័យក្មេងមួយរូបដែលមានរូបសម្បត្តិស្រស់សង្ហានិងមានប្រាជ្ញាឆ្លាតវៃលើសអស់មនុស្សទាំងពួង។
«លី ប៉ស៊ីង លោកមន្ត្រីវ័យ១៩ឆ្នាំ មានស្បែកសខ្ចីដូចជាព្រិល ម្រាមដៃវែងៗស្រឡូនហាក់ដូចជាបន្លាក្រូច មិនត្រឹមតែប៉ុណ្ណោះគេមានស្បែកមុខសខ្ចីដូចជាស្បែករបស់ស្រីក្រមុំ សរហូតដល់ថ្នាក់បើយើងទៅមើលមុខគេឱ្យជិតៗនោះយើងនឹងអាចឃើញនូវសរសៃឈាមក្រហមៗតូចៗនៅក្រោមស្បែកដ៏សែនទន់រលោងនោះ បើច្រមុះរបស់គេវិញគឺស្រួចស្អាតហាក់បីដូចជាច្រមុះរបស់ពួកបារាំងដែលមករកស៊ីនៅក្នុងស្រុកយើងអ៊ីចឹង បើនិយាយពីកម្ពស់របស់គេវិញគឺថាខ្ពស់ស្រឡះហាក់ដូចជាទង់ព្រលឹងអ៊ីចឹង»
«ម៉េចក៏លោកថាលោកមន្ត្រីប៉ស៊ីងដូចទង់ព្រលឹងបែបនេះ?»
ក្មេងស្រីវ័យជំទង់ម្នាក់ងើបឈរឡើង ស្រែកខ្លាំងៗព្រមទាំងលើកដៃចង្អុលមុខបុរសម្នាក់ដែលអ្នកនៅក្នុងរាជធានីនេះគេដាក់រហ័សនាមឱ្យថា«ចាងហ្វាងព័ត៌មាន» ដ្បិតអីគាត់ដឹងរឿងរ៉ាវល្អិតល្អន់ជាងគេ មិនថាជារឿងរ៉ាវក្នុងរាជវាំង រឿងប្រវត្តិសាស្រ្ត ហោរាសាស្រ្ត ឬរឿងនិយាយផ្សេងៗឡើយ បុរសវ័យជ្រេម្នាក់នេះចេះចាំដឹងនិយាយយ៉ាងស្ទាត់រអិលមាត់គ្មានឱ្យទាក់សូម្បីតែមួយពាក្យ ហើយទង្វើររបស់ក្មេងស្រីជំទង់អម្បាញ់មិញនេះធ្វើឱ្យគាត់ប្រញាប់លើកដៃរាឡើងបន្តិចទើបប្រញាប់កែពាក្យរបស់គាត់ជាបន្ទាន់៖
«លី ប៉ស៊ីងមានកម្ពស់ខ្ពស់ស្រឡះណាស់ ប៉ុន្តែទាំងកម្ពស់កំព រូបរាង និងដំណើរកាយវិការ មិនថាការនិយាយស្ដីរបស់គេនោះទេ ប៉ស៊ីងម្នាក់នេះហាក់បីដូចជាស្រដៀងទៅនឹង…»
មកដល់ត្រង់កន្លែងនេះគាត់ក៏អាក់បន្តិចធ្វើឱ្យមនុស្សរាប់សិននាក់ដែលកំពុងអង្គុយស្ដាប់គាត់និយាយមុននេះនាំគ្នាដកកចំហមាត់ឱ្យរហង់។
«ស្រដៀងនឹងលោកមេទ័ព លី ប៉វិន ខ្លាំងណាស់ ហើយរូបសម្បត្តិតែមួយមុខមិនមែនជាចំណុចដែលធ្វើឱ្យមន្ត្រីវ័យក្មេងម្នាក់នេះត្រូវបានគេខ្លាចរអានោះឡើយ គ្រប់គ្នាខ្លាចរអានិងគោរពគេក៏ព្រោះតែចំណេះដឹងដែលគេមានទៅវិញទេ លីប៉ស៊ីងនេះណាគឺត្រូវបានហាត់រៀនវិជ្ជាពេទ្យតាំងតែពីគេនៅក្មេងមកម្ល៉េះ ត្រឹមវ័យ១៣ឆ្នាំគេក៏អាចមើលជំងឺឱ្យអ្នកភូមិបានទៅហើយ នៅវ័យ១៥ឆ្នាំប៉ស៊ីងក៏បានរកឃើញនូវវិធីព្យាបាលជំងឺអាសន្នរោគយ៉ាងកាចសាហាវបាន វ័យ១៦ឆ្នាំក៏បានចូលធ្វើជាមន្ត្រីនៅក្នុងវាំងដែលមានតួនាទីជាទីប្រឹក្សារបស់ព្រះរាជា ត្រឹមវ័យ១៧ឆ្នាំលោកគ្រូពេទ្យប៉ស៊ីងបានរកឃើញវិធីដែលអាចធ្វើឱ្យមនុស្សដែលស្លាប់ដៃ ស្លាប់ជើង ឬស្វិតដៃ ស្វិតជើង កម្រើកដៃជើងរបស់ពួកគេវិញបាន នៅវ័យ១៨…»
«គួរឱ្យជ្រេញ»
វ៉ាង អ៊ីហ្វុង ព្រះរាជបុត្រានៃនគរភាគខាងលិច ទ្រង់ជាបុត្រតែម្នាក់របស់ព្រះរាជា វ៉ាង ហ្វូឈីង និងព្រះរាជនី ចូវ ម៉ីអ៊ី។ ព្រះរាជបុត្រាសង្ហារូបនេះស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅមួយឈុត ព្រមទាំងមានស្បៃបិតបាំងមុខសង្ហារបស់ទ្រង់ផង។ អ៊ីហ្វុង ខ្វែងដៃឱបទ្រូងដើរចេញពីកន្លែងដែលអ្នកនិទានរឿងកំពុងតែនិយាយអួតពីមន្ត្រីវ័យក្មេងនោះ ព្រោះទ្រង់មិនអាចទ្រាំស្ដាប់ពាក្យសរសើរអស់នោះបាន ស្ដាប់ហើយវាក៏គួរឱ្យជ្រេញគួរឱ្យចង់ក្អួត។ ព្រះរាជបុត្រវ័យ១៧ឆ្នាំ មុខមាត់ស្រស់បស់ហាក់ដូចជាផ្កាម្លិះដែលរីកស្រស់ញញឹមទើបតែត្រូវទឹកសន្សើមនាពេលព្រឹកព្រលឹមហើយដូច្នេះឯង…
«អួយ!!»
«បងស្រីមិនអីទេមែនទេ?»
កំពុងតែដើរសុខៗស្រាប់តែមានមនុស្សស្រីមកពីណាមិនដឹងរត់មកបុកចំរាងកាយសង្ហារបស់ទ្រង់មួយទំហឹងព្រះរាជបុត្រ អ៊ីហ្វុង រហ័សក៏ស្រវាឱបចង្កេះស្រីម្នាក់នោះជាប់ យកមកផ្អឹបនឹងខ្លួនរបស់ទ្រង់ ក្នុងបំណងកុំឱ្យនាងដួលចុះទៅលើដី។
«មិនអីទេ!» នាងញញឹមអឹមអៀនបន្តិចទើបប្រញាប់រត់ចេញទៅបាត់ក្រោមទឹកមុខឆ្ងល់របស់ព្រះរាជបុត្រ ទ្រង់សម្លឹងមើលស្រីនោះរត់ទាល់តែផុតកន្ទុយភ្នែកទើបបែរខ្លួនដើរទៅមុខទៀត សុខៗស្រាប់តែមានអារម្មណ៍ថា៖
«ថង់ប្រាក់របស់ខ្ញុំ?» នៅពេលយកដៃទៅប៉ះនឹងហោប៉ៅអាវតែមិនឃើញថង់ប្រាក់ភ្លាម ទ្រង់ក៏ខាំមាត់ងាកសម្លឹងទៅផ្លូវដែលស្រ្តីម្នាក់នោះទើបតែរត់ទៅអម្បាញ់មិញទាំងខ្សែភ្នែកគុំគួន។
«ជួយផង!!» ស្រ្តីដែលឆក់ថង់ប្រាក់របស់ព្រះរាជបុត្រ អ៊ីហ្វុង រត់បណ្ដើរស្រែកបណ្ដើរនៅពេលឃើញអ្នកដែលខ្លួនទើបតែលួចរបស់មក កំពុងតែរត់នៅលើដំបូលផ្ទះដេញតាមឱ្យប្រកិត។
«ឈប់ភ្លាម!!» សំឡេងពីរោះក្រអួនក្រអៅរបស់ប្រុសរូបសង្ហាស្រែកមកពីលើដំបូលទាំងដែលជើងកំពុងតែរត់ញាប់ស្មេរ ភ្នែកក៏ងាកទៅសម្លឹងស្រ្តីដែលកំពុងរត់ទៅជាមួយថង់ប្រាក់របស់ទ្រង់មិនដាច់ភ្នែក។
ព្រូស!!
«អុះ…លោកជួយផង!!»
ស្រី្តម្នាក់នោះដោយសាររវល់រត់មិនបានមើលផ្លូវដ្បិតអីភ្នែករវល់តែងាកសម្លឹងទៅលើអ្នកនៅលើដំបូលក៏រត់មកបុកជាមួយនឹងអ្នកដែលកំពុងដើរមួយទំហឹងម្ដងទៀត ប៉ុន្តែលើកនេះប្រុសម្នាក់នេះមិនបានចាប់ឱបចង្កេះនាងដូចអ្នកមុនទេ គ្រាន់តែនាងប៉ះស្មាគេបន្តិច ប្រុសសង្ហាក៏រលាស់ស្មាគេចខ្លួនចេញទៅម្ខាងភ្លាម ហាក់ដូចជាមិនចង់ឱ្យនាងប៉ះពាល់ខ្លួនគេបែបនោះឯង ហើយព្រោះតែឫកពារសោះអង្គើយ បូករួមជាមួយនឹងទឹកមុខម៉ឺងម៉ាត់របស់គេនេះហើយដែលធ្វើឱ្យនារីម្នាក់នេះប្រញាប់រត់ទៅពួននៅក្រោយខ្នងគេជាប់ ឯមាត់ក៏ស្រែកឱ្យគេជួយមិនដាច់សូរ។
អ៊ីហ្វុង លោតចុះពីលើដំបូលដោយទឹកមុខញញឹមសម្លឹងមើលទៅអ្នកដែលមានមុខមាំនៅចំពោះមុខដោយស្មានថាគេមានចិត្តជួយចាប់ចោរឱ្យ តែមានឯណាម្នាក់នោះបែរជាត្រូវចោរចាប់វិញសោះ។
ដោយសារឃើញសភាពការណ៍មិនស្រួលស្រីម្នាក់នោះក៏ប្រញាប់រត់ទៅបាត់ ឯអ្នកដែលដេញតាមមកមួយថ្ងៃហើយនោះក៏លើកដៃចង្អុល មាត់ហាធំៗបម្រុងនឹងស្រែកឃាត់តែហួសចិត្តនឹងចរិតអ្នកដែលឈរធ្មឹងនៅចំពោះមុខពេកក៏ស្រែកមិនចេញមានត្រឹមតែ…
«អឺ…អឺ…» ដោយសារតែចោររត់បាត់ទៅហើយនោះ កំហឹងដែលអ៊ីហ្វុងមានចំពោះចោរស្រីនោះទាំងប៉ុន្មានក៏ត្រូវជះដាក់អ្នកនៅចំពោះមុខទាំងអស់។
«លោក!!ឈប់ភ្លាម!!» អ៊ីហ្វុង ប្រញាប់រត់តាមអ្នកដែលក្រពាត់ដៃបម្រុងនឹងដើរចេញហាក់ដូចជាមុននេះគ្មានរឿងអីកើតឡើង។
«ហេតុអីក៏លោកមិនឃាត់ស្រីម្នាក់នោះ? លោកក៏ឃើញថាខ្ញុំខំប្រឹងដេញចាប់នាងប៉ុនណា? នេះលោកមានចិត្តថ្លើមជាមនុស្សខ្លះដែរទេហាស?»
ប៉ស៊ីង ជ្រួញចិញ្ចើមសម្លឹងមុខអ្នកដែលមានកម្ពស់ត្រឹមចង្ការរបស់គេដោយទឹកមុខសែនឆ្ងល់ ក្មេងប្រុសម្នាក់នេះមានអាយុប្រហែលជាស្របាលគេទេតែហេតុអ្វីក៏មានចរិតមិនចេះធំបែបនេះ? មកឈរជេគេទាំងដែលគេមិនបានខុសអីបន្តិច។
«ឮខ្ញុំនិយាយជាមួយឯងទេអាមុខស្លេក?»
អ៊ីហ្វុងមានអារម្មណ៍ថាខឹងរហូតដល់ថ្នាក់ចេញផ្សែងតាមត្រចៀក ប្រាក់ដែមានជាប់ខ្លួនទាំងប៉ុន្មានក៏ត្រូវចោរឆក់អស់ទៅហើយ ហើយអាប្រុសម្នាក់នេះក៏ធ្វើឫកធំនិយាយជាមួយមិននិយាយតប អ្វីដែលសំខាន់គឺព្រលែងអ្នកឆក់ថង់ប្រាក់របស់គេឱ្យរត់ទៅបាត់ទៀត។
«ឯងធ្វើឱ្យចោរស្រីដែលឆក់ថង់ប្រាក់ខ្ញុំរត់ទៅបាត់ហើយ អ៊ីចឹងឆាប់សងប្រាក់យើងវិញមក»
អ៊ីហ្វុង ឈរជំទែងជើង ដៃម្ខាងច្រត់ចង្កេះហើយដៃម្ខាងលាទៅខាងមុខ ដាក់បាតដៃនៅចំពោះមុខ ប៉ស៊ីងដោយគ្មានភាពអៀនខ្មាស។ តែថាអៀនខ្មាស់អីទៅ? គេព្រលែងចោររបស់គេឱ្យរត់បាត់អ៊ីចឹងបានន័យថាគេស្ម័គ្រចិត្តចេញលុយសងជំនួសស្រីម្នាក់នោះប្រាកដណាស់ ត្រូវដែរទេ?
ប៉ស៊ីង ក្រពាត់ដៃទៅក្រោយខ្នង ឈរសម្លឹងមុខអ្នកដែលមកទារប្រាក់របស់គេញ៉ែតៗទាំងមិនដឹងក្បាលដឹងកន្ទុយ ហើយកាយវិការ បូករួមជាមួយឬកពាររបស់គេបែបនេះហើយដែលធ្វើឱ្យអ្នកដែលកំពុងតែម៉ួម៉ៅស្រាប់ទៅជាម៉ួម៉ៅថែមទៀតរហូតដល់កម្រិតមួយដែលគេនិយាយថា ខឹងរហូតដល់អាចសម្លាប់មនុស្សបាន។
«សង ប្រាក់ យើង ភ្លាម មក»
អ៊ីហ្វុង សង្កៀតធ្មេញជាប់ហើយនិយាយ មួយពាក្យៗច្បាស់ៗទាំងភ្នែកសម្លឹងមុខរបស់ប៉ស៊ីងមិនដាក់ភ្នែក មុខសង្ហាៗរបស់គេក៏ឡើងក្រហមឡើងដូចប៉េងប៉ោះទុំ ព្រោះតែកំហឹងដែលវាមាននៅខាងក្នុងទ្រូងរបស់ទ្រង់។
«មិនសង!» នៅពេលដែលគ្រាន់តែឈរសុខៗក៏ត្រូវគេមកទារលុយបែបនេះ ច្បាស់ណាស់ថាមនុស្សដូចគាត់មិនព្រមឱ្យរឿងបែបនឹងវាកើតឡើងងាយៗឡើយ ហេតុអីត្រូវឱ្យលុយទៅគេដែលបើគាត់មិនបានទៅយកលុយគេផងនោះ មិនអ៊ីចឹង?
«ឯង…!» ដៃដែលដាក់ទារលុយប៉ស៊ីងមុននេះក៏ប្ដូរមកចង្អុលមុខរបស់គេទាំងញ័រទទ្រើក អ៊ីហ្វុង ខឹងរហូតដល់ថ្នាក់ញ័រមាត់អំឡុងពេលដែលអ្នកម្ខាងទៀតនៅតែរក្សាបាននូវទឹកមុខស្ងប់ស្មើធឹឮេង ហាក់បីដូចជាសមុទ្រគ្មានរលោក។
«ហឹស…» ប៉ស៊ីង រលាស់ចុងដៃអាវហើយដកដង្ហើមធំមួយហឹស គេចោលកន្ទុយភ្នែកទៅសម្លក់មុខអ្នកដែលកំពុងតែអើតក្បាលមើលគេដោយភ្នែកក្រឡោតៗនិងមានគ្របស្បៃមុខពណ៌ខ្មៅត្រឹមច្រមុះចុះទៅក្រោមមិនអាចឱ្យគាត់សម្លឹងមុខរបស់គេឱ្យបានស្គាល់ច្បាស់បាន ដោយសារយល់ឃើញថាបើនៅតែឈរជជែកជាមួយក្មេងឆ្គួតម្នាក់នេះទៀតក៏មិនបានប្រយោជន៍អី លោកមន្ត្រីប៉ស៊ីងប្រញាប់ដើរចេញពីកន្លែងនេះជាបន្ទាន់ដែរតែទាស់ត្រង់ថា…
«ឈប់ភ្លាម!!» អ៊ីហ្វុង យកដៃទៅចាប់ស្មាររបស់អ្នកដែលចង់ដើរគេចចេញពីស្ថានការណ៍ជាប់ មិនឱ្យដើរទៅណាបាន។
«រូបរាងស្អាតបាតតែមិនសមណាជាគ្នីគ្នារបស់ពួកចោរសោះ អាប្អូនហា៎អាយុប៉ុនឯងនេះគួរតែនៅផ្ទះហើយខំរៀនសូត្រមិនមែនមកឃុំឃិតគ្នាលួចប្រាក់របស់អ្នកដទៃបែបនេះទេ ឯងមានអ្នកប្រដៅដែរទេហាស?»
«អ្នកណាជាគ្នីគ្នារបស់ចោរ? ហើយអ្នកណាអាយុប្អូនឯងឱ្យប្រាកដទៅអាល្អិត?»
ការអត់ធ្មត់របស់ប៉ស៊ីងក៏បានដល់ទីបំផុត គេខំប្រឹងខាំមាត់សង្កត់ចិត្តណាស់ហើយតែអាក្មេងចង្រៃម្នាក់នេះវាមកតាមញ៉ែៗតាប៉ែដាក់ដូងជាមួយគេរហូត ឬមួយវាជាចរិតពេញនិយមរបស់ក្មេងសម័យនេះ?
«ឯងនឹងហើយ! បើឯងមិនមែនជាគ្នីគ្នាចោរទេហេតុអីឯងមិនចាប់នាងនោះពេលវារត់បុកឯង? ហើយនៅមកឃាត់ដំណើរយើងទៀត ឯងចាំមើលណាយើងនឹងទៅប្ដឹងរាជការហើយចាប់ពួកឯងដាក់ទ្រុងទាំងអស់គ្នានឹង»
បន្ទាប់ពីឮសម្ដីមិនដឹងខ្យល់អីរបស់អ្នកនៅចំពោះមុខហើយ ប៉ស៊ីង ក៏ញញឹមចុងមាត់បន្តិច គេលូកដៃវែងៗស្រឡូនស្អាតរបស់ខ្លួនទៅចាប់ដៃរឹងៗគ្រើមៗរបស់អ្នកដែលមានរាងទាបជាង ដៃស្រឡូនស្អាតៗនោះចាប់ទាញអ្នកម្ខាងទៀតដែលឈរស្រែកញ៉ែតៗដាក់គេឱ្យមកជិតខ្លួនបន្តិច ប៉ស៊ីង ប្រើកែវភ្នែកសង្ហាខាបព្រលឹងរបស់ខ្លួនសម្លឹងចំចូលទៅក្នុងកែវភ្នែកថ្លាមូលក្រឡង់មួយគូរនោះបន្តិចហើយក៏ចាប់កាន់ដៃគ្រើមៗនោះអូសឱ្យដើរតាម។
«ឯងចង់នាំយើងទៅណា?» អ៊ីហ្វុង សួរទាំងឆ្ងល់ពេញក្បាល តើអាគ្នីគ្នាចោរមុខស្អាតម្នាក់នេះចង់នាំគេទៅណាទៅ?
«ទៅណាក៏បាន» ក្នុងពេលដែលអ្នកម្ខាងទៀត នៅសុខៗមករករឿងគេឱ្យឈឺក្បាលនោះ ប៉ស៊ីង ក៏ចង់ដឹងដូចគ្នាថាតើគេនឹងមានអារម្មណ៍យ៉ាងណាប្រសិនបើត្រូវបានគេរករឿងឱ្យឈឺក្បាលវិញ?
«ឯងគិតថាយើងខ្លាចឯងមែនទេ?»
«…»
«ឯងគិតថាធ្វើអ៊ីចឹងគេសរសើរឬ?»
«…»
«អាក្មេងគ្មានអនាគត»
«…»
«អាគ្មានគំនិត»
«…»
«អាអត់កំណើត »
«…» ប៉ស៊ីង ងាកមកសម្លឹងមុខអ្នកដែលគិតតែហារមាត់ជេគេមិនឈប់ឈរដោយទឹកមុខឆ្ងល់ពេញទំហឹង លោកមន្ត្រីវ័យក្មេងចាប់ផ្ដើមក្រហមតាំងពីកញ្ចឹងករហូតដល់ថ្ពាល់ព្រោះតែកំហឹង គាត់មានអារម្មណ៍ថាចង់ចាប់អ្នកកំពុងតែស្រែកច្រែតៗនៅចំពោះមុខនេះកាច់បំបាក់កខ្លាំងណាស់។
«យ៉ាងម៉េច? ឯងចង់ធ្វើអីយើង?» នៅពេលឃើញអ្នកនៅចំពោះមុខគិតតែសម្លឹងមុខរបស់ខ្លួន អ៊ីហ្វុង ក៏ឱនមុខទៅកាន់តែជិតៗមុខរបស់អ្នកម្ខាងទៀត។
«…»
«ចង់សម្លាប់យើងមែនទេ?»
«ឯងដែលឃើញគេថើបក្មេងឈ្លើយស្មើនេះទេ?»
មានភាគបន្ត…