រឿង៖ Crushខ្ញុំមិនមែនមនុស្ស

១៤ កុម្ភៈ ម៉ោង៥:៣០នាទីល្ងាច…

សំឡេងមេក្រូដែលដាក់នៅក្រោមទង់ក្រពើពណ៌ស បានបញ្ចេញសំឡេងភ្លេងបុណ្យលាន់រំពង។ នៅក្នុងផ្ទះ របស់មីងណាងមានមនុស្សប្រហែលបួន ប្រាំអ្នកប៉ុណ្ណោះបើតាមដែលខ្ញុំមើលពីខាងក្រៅ។ កម្មករអ្នកដំឡើងរោងបុណ្យ ទើបតែរួចដៃនាំគ្នាឡើងឡានចេញទៅបណ្តើរៗ។ ព្រះសង្ឃ ៥អង្គ បានចុះពីក្នុងឡាន១២កៅអីមួយគ្រឿង ហើយបាននិមន្តចូលទៅក្នុងផ្ទះរបស់មីងណាង។ ខ្ញុំជិះម៉ូតូចូលដល់ផ្ទះភ្លាម ក៏ដើរទៅសួរម៉ាក់ខ្ញុំដែលទើបតែចេញមកដល់មាត់ទ្វារ។

«ម៉េចបានផ្ទះមីងណាងធ្វើបុណ្យអ៊ីចឹងម៉ាក់? ពីណាគេខូច(ស្លាប់)មែនម៉ាក់?»

ម៉ាក់ខ្ញុំឈរក្នុងសំលៀកបំពាក់អាវប៉ាក់ពណ៌សនិងសំពត់ពណ៌ខ្មៅវែង ដើរទៅកន្លែងដាក់ស្បែកជើង។

«កូនគាត់ដាវី ស្លាប់បាត់ហើយកូន។»

«ហ្អាស!» ខ្ញុំស្រែកឡើងភ្លាត់សំឡេង។ ពិតជាស្លុតចិត្តជំនួសមីងណាងណាស់ ។

ដាវីនិងខ្ញុំពិតតែស្គាល់គ្នាមិនសូវច្បាស់ តែពួកយើងជាអ្នកជិតខាងនឹងគ្នាជិត២ឆ្នាំហើយ។ ពួកយើងមានអាយុស្រករគ្នា រៀននៅក្នុងសាកលវិទ្យាល័យតែមួយ គ្រាន់តែខុសវេនគ្នាតែប៉ុណ្ណោះ។ ពួកយើងមិនសូវបាននិយាយគ្នាច្រើនឡើយ គ្រាន់ តែពេលចេញចូលផ្ទះ ឃើញមុខគ្នាក៏ញញឹមដាក់គ្នាម្តងម្កាលតែប៉ុណ្ណោះ។ តែពិតជាស្តាយណាស់ ទើបតែជិះឃើញគ្នា ម្សិលមិញសោះ ថ្ងៃនេះនាងក៏ស្រាប់តែលាចាកលោកបាត់ទៅហើយ។

«គាត់ស្លាប់ដោយសារអីទៅម៉ាក់?» ខ្ញុំសួរ។

«គ្រោះថ្នាក់ចរាចរណ៍កូន! ជិះឡានបុកសសរពុះចែកផ្លូវកាលពីថ្ងៃមិញជាមួយពូរបស់នាង»

«ចុះពូនាងយ៉ាងម៉េចទៅហើយ?»

«បញ្ចូនទៅពេទ្យ គេកំពុងតែសង្គ្រោះបន្ទាន់» និយាយហើយម៉ាក់ខ្ញុំក៏ដើរចេញទៅផ្ទះរបស់មីងណាង។

ខ្ញុំព្យាយាមទទួលយកដំណឹងមួយនេះទាំងច្របូកច្របល់។ មនុស្សខ្ញុំលួចស្រលាញ់ ហើយមិនទាំងទាន់មានភាពក្លាហាន គ្រប់គ្រាន់សារភាពផង ហេតុអីបានជានាងស្លាប់បាត់លឿនបែបនេះ? ដាវីអើយ! សូមទៅកាន់សុគតិភពចុះណា ជាតិក្រោយកុំឱ្យជួបរឿងអាក្រក់បែបនេះទៀត។

ខ្ញុំចូលផ្ទះប្តូរសំលៀកបំពាក់រួច ក៏ចុះមកជួយគ្រួសារសពនៅក្នុងរោងបុណ្យ អ្នកជិតខាងមួយចំនួនក៏នាំគ្នាចូលមក ជួយរៀបចំផ្ទះដូចគ្នា។ ខ្ញុំជួយរៀបធូប ទៀនដាក់នៅជិតស៊ុមរូបថតរបស់ដាវីព្រោះបន្តិចទៀត នឹងមានសាច់ញាតិ របស់គ្រួសារចូលមកគោរពសពរបស់ដាវី។ មើលពីក្នុងផ្ទះខ្ញុំឃើញមីងណាងកំពុងតែនិយាយជាមួយម៉ាក់របស់ខ្ញុំបណ្តើរ យំបណ្តើរ។ ត្រូវហើយម្តាយឯណាមិនស្តាយកូនដែលជាមនុស្សស្រីដ៏ស្អាត ជាមនុស្សល្អ ទើបតែរៀនឆ្នាំទី២ មិនទាំងទាន់ចប់ផង ពេលនេះនាងត្រូវទៅរហូត ធ្វើឱ្យអ្នកសក់សជូនដំណើរសក់ខ្មៅ។ ខ្ញុំរៀបចំកន្លែងអុជធូបរួចរាល់ ក៏អង្គុយនៅចំពីមុខរូបថតរបស់ដាវីដែលដាក់នៅពីមុខមឈូស ចិត្តមួយនៅតែស្តាយនាងមិនគួរណាទៅបែបនេះសោះ ជីវិតពិតជាមិនទៀងមែន។ ម្តងទៀតណាដាវី ខ្ញុំនិយាយតិចៗទៅកាន់រូបថត «សូមទៅកាន់សុគតិភាព»។

«សេង!» សំឡេងម៉ាក់ខ្ញុំហៅធ្វើឱ្យខ្ញុំភ្ញាក់ព្រើត ខ្នងដៃខ្ញុំវៀសទៅប៉ះជ្រុងស៊ុមរូបថតរបស់ដាវីធ្វើវាវិះតែនឹងរលំ តែខ្ញុំយកដៃម្ខាងទៀតមកទប់ទាន់ ហើយក៏ទាញវាមកដាក់កន្លែងដើមវិញ។ 

ភ័យស្ទើរស្លាប់!

«បាទ!» ខ្ញុំឆ្លើយហើយ ដើរទៅរកគាត់នៅខាងមុខ។

«បងប្អូនរបស់មីងណាង នៅខេត្តឆ្ងាយៗណាស់ ពួកគាត់រកឡានមកមិនបានទេ ប្រហែលស្អែកអីទើបពួកគាត់មកដល់ បើស្អែកថ្ងៃអាទិត្យកូនមិនទៅណាទេ យប់នេះនៅជួយយាមសពដាវីជាមួយពូៗទៅកូន»

«បាទម៉ាក់ ស្អែកខ្ញុំអត់មានទៅណាទេ ចាំខ្ញុំនៅជួយយាម»

«អរគុណច្រើនហើយក្មួយ សេង» មីងណាងនិយាយ។

«បាទមីង អត់អីទេ»

ខ្ញុំញញឹមតិចៗទៅកាន់គាត់ហើយងាកខ្លួនត្រលប់ទៅវិញ។ ភ្លាមនោះស្រាប់តែមានអារម្មណ៍ ថាផ្សាៗ ខ្ញុំលើកដៃយកមកមើលក៏ដឹងថាខ្នងដៃខ្ញុំរលាត់ស្បែកចេញឈាមតិចៗ ប្រហែលមកពីអំមិញនេះ ប៉ះស៊ុមរូបថតនោះហើយ។ ខ្ញុំទាញយកក្រដាសជូតមាត់មួយសន្លឹកមកផ្តិតឈាមនោះចេញហើយក៏បន្តដើរចេញទៅ។

*****

ព្រឹកព្រលឹមហើយ ថ្ងៃនេះជាបុណ្យ៧ថ្ងៃរបស់ដាវី បងប្អូននិងអ្នកចូលរួមពិធីបុណ្យសពកំពុងតែទទួលទានបបរបុណ្យរបស់នាង នៅក្នុងរោងមមាញឹកគួរសម ខ្ញុំជួយចាប់ទឹកកកតាមតុដូចអ្នករត់តុផ្សេងទៀតដែរ ដែលតាមមើលទៅសុទ្ធតែជា បងប្អូនកូនក្មួយរបស់មីងណាង។

កង់បីមួយបើកមកឈប់នៅមុខរោង បុរសវ័យកណ្តាលប្រហែល៤០ឆ្នាំម្នាក់ ពាក់អាវពណ៌ខ្មៅឈានជើងចុះមក។ ទឹកមុខមើលទៅនៅស្លេកស្លាំងនៅឡើយ។ គាត់ខំដើរបន្តិចម្តងៗទម្រាំមកដល់មុខកន្លែងគោរពសព។ គាត់ លុតជង្គង់ ឱនមុខចុះសំពះហើយ យំខ្លាំងៗ ហើយនិយាយថា៖

«ពូសុំទោសណាក្មួយវី ឱ្យពូសុំទោស!» សំឡេងគាត់យំស្រែកឮពេញក្នុងរោងធ្វើឱ្យម្នាក់ៗងាកមើលមកខាងក្នុងផ្ទះ។ មីងណាងហាក់ដូចជាឮសំឡេងគាត់យំទៅដល់ខាងក្រោយទើប ដើរចេញមកឱបបុរសម្នាក់នោះពី ក្រោយហើយគាត់ក៏ចាប់ផ្តើមយំដូចគ្នា។

តាមពិតបុរសម្នាក់នោះឈ្មោះថន ដែលត្រូវជាពូបង្កើតរបស់ដាវីក៏ជាអ្នកបើកឡាននៅថ្ងៃដែលជួបគ្រោះថ្នាក់ចរាចរណ៍នោះដែរ បើតាមអ្វីដែលម៉ាក់ខ្ញុំបានប្រាប់។ ទិដ្ឋភាពមើលទៅគួរឱ្យអាណិតណាស់ ផ្ទះមួយទាំងមូលនេះបើតាមខ្ញុំមើលមានតែមនុស្ស២អ្នកទេដែលនៅ គឺដាវីនិងម្តាយរបស់នាង។ ពេលនេះដាវីទៅបាត់ហើយ បន្ទាប់ពីនេះមីងណាងនិងត្រូវរស់នៅទីនេះតែម្នាក់ឯង ហើយបើមើលទៅពូថនវិញ គាត់មើលទៅកំពុង តែបន្ទោសខ្លួនឯងខ្លាំងណាស់ បើទោះជាខ្លួនមិនទាន់ជាស្រួលបួលក៏នៅតែប្រឹងមកឱ្យទាន់ពិធីបុណ្យរបស់ ក្មួយ។

ពិធីបុណ្យ៧ថ្ងៃត្រូវបានចប់រួចរាល់ រោងបុណ្យនឹងត្រូវគេរុះរើយកទៅនៅថ្ងៃស្អែក។ ពេលនេះម៉ោងជិត១២យប់ហើយ អ្នកចូលរួមបុណ្យទាំងប៉ុន្មានក៏បានត្រលប់ទៅវិញអស់ដែរ។ ខ្ញុំជួយបោសផ្ទះគាត់រួចហើយ ក៏ដើរទៅជិតម៉ាក់ខ្ញុំដែលកំពុងតែឈរនៅពីមុខរូបថតរបស់ដាវី។ ខ្ញុំលុតជង្គង់ចុះ សំពះសពដាវីជាលើកចុងក្រោយ តែពេលក្រាបសំពះភ្លាម ខ្ញុំស្រាប់តែឮសំឡេងយំល្វើយៗ មកប៉ះនឹងត្រចៀករបស់ខ្ញុំ។ ខ្ញុំក្រោកឡើង ហើយដើរទៅប៉ះស្មាម៉ាក់ខ្ញុំតិចៗ៖

«កុំយំអីម៉ាក់! ខ្ញុំគិតថាដាវីគាត់ទៅបានសុខហើយ»

ម៉ាក់ខ្ញុំងាកមកហើយគាត់និយាយ «ម៉ាក់មិនបានយំទេ ម៉ាក់គ្រាន់តែចង់មើលមុខក្មួយលើកចុងក្រោយ ស្តាយនិងអាណិតមីងណាងតែប៉ុណ្ណោះ»។

ខ្ញុំខំពិនិត្យមើលមុខម៉ាក់ខ្ញុំម្តងហើយម្តងទៀត ត្រូវហើយភ្នែកគាត់អត់មានក្រហមទេ គាត់ក៏មិនបានយំដែរ អ៊ីចឹងតើបានមិញនេះសំឡេងអ្នកណាជាអ្នកយំទៅ? ខ្ញុំងាកទៅមើលជុំវិញខ្លួន នៅទីនេះអត់មានអ្នកណាក្រៅពីម៉ាក់ហើយនិងខ្ញុំនោះទេ។ ខ្ញុំបែរមុខទៅរកម៉ាក់ខ្ញុំវិញភ្លាមសំឡេងយំក៏ឮឡើងម្តងទៀត

តែម្តងនេះគឺនៅក្បែរត្រចៀកតែម្តង…

«សេង… កូនឯងកើតអីហ្នឹង! ម៉េចបានស្លេកខ្លាំងម៉េសកូន?» ម៉ាក់ខ្ញុំសួរ។

«អត់អីទេម៉ាក់! ខ្ញុំប្រហែលជាហត់តិចហើយ។ ខ្ញុំឡើងទៅគេងមុនហើយម៉ាក់»

«អឺ! បើហត់ទៅគេងចុះកូន នៅទីនេះចាំម៉ាក់ជួយរៀបចំបានហើយ»

«បាទ» និយាយរួច ខ្ញុំប្រញាប់ដើរចេញទៅ។

«សេង!» សំឡេងអ្នកណាម្នាក់ហៅខ្ញុំយ៉ាងខ្លាំងជា សំឡេងមនុស្សស្រី ខ្ញុំងាកក្រោយហើយឆ្លើយយ៉ាងឮ

«បាទ!»

ម៉ាក់ខ្ញុំមើលមកខ្ញុំម៉ង់ៗ ហាក់ដូចជាមិនបានដឹងអី។

«ម៉ាក់អត់មានបានហៅទេ!»

«អ៊ូ! ប្រហែលខ្ញុំស្តាប់ច្រលំ»      

ភ្នែកខ្ញុំក្រឡេកមើលរូបថតរបស់ដាវីហើយក៏ដើរចេញទៅ។

*****

មកដល់ផ្ទះខ្លួនឯងហើយមានអារម្មណ៍ថាធូរចិត្ត ខ្ញុំដកដង្ហើមធំមួយបន្ធូរភាពតានតឹង មិញនេះពិតជាគួឱ្យខ្លាចណាស់។

ខ្ញុំដោះអាវចេញគិតថាដើរចូលទៅងូតទឹក តែដើរមិនទាន់បានប៉ុន្មានជំហានផង៖

«សេង!» សំឡេងនោះហៅខ្ញុំម្តងទៀត។ ពេលនេះច្បាស់មែនទែនហើយ មិនបានច្រឡំត្រចៀកអីទៀតទេ ។ បេះដូងខ្ញុំលោតឌឹបៗញាប់ជាងពេលនិយាយជាមួយមនុស្សដែលយើងស្រលាញ់ទៅទៀត។ ខ្ញុំភ័យណាស់តែប្រឹងធ្វើមិនឮ ប្រហែលជាអាចធ្វើឱ្យសំឡេងនោះទៅបាត់ដោយខ្លួនឯង។

«សេង! ឯងឮខ្ញុំហៅមែនទេ?»

ខ្ញុំចាប់ផ្តើមរត់ឡើងជណ្តើរ យកដៃខ្ទប់ត្រចៀកទាំងសងខាង រត់ផងព្យាយាមគេចពីសំឡេងផង ដូចទាហានរត់គេចចេញពីគ្រាប់កាំភ្លើងនៅក្នុងសមរភូមិបែបនោះដែរ តែសំឡេងបន្តហៅខ្ញុំម្តងហើយម្តងទៀត។

«សេង! គឺខ្ញុំដាវីណា កុំរត់អីឆ្លើយជាមួយខ្ញុំបន្តិចមក សេង! សេង! ឆ្លើយបានទេ?»

ខ្ញុំទៅដល់មាត់ទ្វារបន្ទប់ ទាញទ្វារបើកហើយស្រែកខ្លាំងៗថា៖

«ខ្ញុំស្តាប់នាងមិនឮនោះទេ!» ខ្ញុំបិទទ្វាគ្រាំងហើយបើកភ្នែកធំៗ ហួសចិត្តនឹងខ្លួនឯង។

ចប់ហើយ ម៉េចបានទៅឆ្លើយឆ្លងជាមួយខ្មោចបែបនេះ។ 

*****

ថ្ងៃបន្ទាប់….

ខ្ញុំដេកយកខ្នើយខ្ទប់ក្បាល ព្រោះមិនចង់ឮសំឡេងនោះ ហើយក៏មិនយល់ដែរថាហេតុអីក៏ខ្ញុំឮតែសំឡេង ហើយមើលមិនឃើញរូបរបស់នាងសោះឡើយ។ អ្វីដែលលើសពីនេះទៀតនោះគឺហេតុអីបានមានតែខ្ញុំដែលអាចឮសំឡេងបែបនេះ។

«ឯងអាចក្រោកឡើងហើយនិយាយជាមួយខ្ញុំបានដែរទេ? សេង! សេង! »

ខ្ញុំស្ទុះក្រោកឡើង ៖ « Ok! Ok! ដាវីនាងស្លាប់បាត់ហើយ ខ្ញុំគ្រាន់តែយល់សប្តយូរបន្តិចតែប៉ុណ្ណោះ»

«កាលពី៧ថ្ងៃមុន ខ្ញុំក៏គិតថាខ្លួនឯងកំពុងតែយល់សប្តដែរ។ » ដាវីតប។

ម៉ែអើយ! នេះមែនទែនហើយតើ។

«តើនាងមានការអីមែនទេ? »

«គឺខ្ញុំគ្រាន់តែចង់ឱ្យឯងជួយ ខ្ញុំមានរឿងមួយតែប៉ុណ្ណោះ»

«ដាវី! ខ្ញុំមិនអាចជួយអីនាងបានទេ តើនាងអាចចេញពីបន្ទប់ខ្ញុំបានទេ?»

«មិនទាន់ដឹងរឿងអីផង ម៉េចក៏ថាមិនអាច»

«អត់ទេ! ស្អីក៏ខ្ញុំធ្វើមិនបានដែរ»

« OK! បាន បើបែបនេះខ្ញុំមានតែនៅទីនេះ និយាយជាមួយឯងពីព្រឹកដល់ល្ងាចតែប៉ុណ្ណឹង! ខ្ញុំអាចតាមឯងបាន ទៅគ្រប់ទីកន្លែង នៅផ្ទះ នៅសាលា ខ្ញុំមានពេលច្រើនណាស់ ។ »

«រហូតដល់នាងទៅចាប់ជាតិមែនទេ!» ខ្ញុំតប។

«បើខ្ញុំមិនអាចធ្វើរឿងនោះបានទេ ខ្ញុំប្រហែលនៅបែបនេះរហូតហើយ។ យមរាជប្រាប់ថាខ្ញុំមិនអាចទៅបានសុខទេ បើខ្ញុំនៅមានរឿងមិនទាន់ដោះស្រាយបាននោះ»

«នាងចួបយមរាជមែនទេ? គាត់មុខយ៉ាងម៉េចទៅ?»

«ដូចតែមនុស្សទូទៅដែរ! ឯងចង់ចួបមែនទេ?»

«អត់ទេ!» ខ្ញុំតបវិញយ៉ាងលឿន ។

«ប៉ុន្មានថ្ងៃនេះខ្ញុំពិតជាតែលតោលណាស់ ខ្ញុំនិយាយរកគេតែគ្មានអ្នកខ្វល់នឹងខ្ញុំ ហើយមួយវិញទៀតខ្ញុំក៏មិនដឹងថាខ្លួនឯងបានស្លាប់បាត់ហើយរហូតដល់ម្សិលមិញ។ មានតែឯងទេដែលអាចស្តាប់ខ្ញុំឮ ខ្ញុំសុំអង្វរ ជួយខ្ញុំផងទៅណា។ ខ្ញុំបានស្តាប់ឮលោកនិយាយឱ្យខ្ញុំទៅកាន់សុគតិភពត្រូវទេ? ពេលនេះខ្ញុំពិតជាចង់ ឱ្យវាចប់ឆាប់ៗណាស់។ »

ពិតតែមើលមិនឃើញ តែខ្ញុំអាចដឹងនាងកំពុងតែពិបាកណាស់ហើយ! ស្អីក៏ស្អីទៅ។

«បាន! បាន! តើនាងមានរឿងអីទៅ ប្រាប់ខ្ញុំមក»

ខ្ញុំស្តាប់ឮសំឡេងនាងសម្រួលបំពង់កមុននឹងនិយាយ

«ខ្ញុំមិនបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទេ គឺខ្ញុំត្រូវគេសម្លាប់!»

«ហ្អាស!» ខ្ញុំស្រែកយ៉ាងខ្លាំង សំណាងហើយដែលមិនមានមនុស្សនៅផ្ទះ។

«អ្នកណាសម្លាប់នាង?» ខ្ញុំសួរ។

«ពូថន» ដាវីឆ្លើយ។

«ពូដែលមកគោរពសពនាងទាំងឈឺហ្នឹងមែនទេ?»

«គាត់សម្តែងបានល្អណាស់ សមនឹងទទួលបានពានរង្វាន់ Osca »

«ហេតុអីក៏នាងមានពេលលេងសើចកើត?»

«ខ្ញុំជាខ្មោចហើយ ខ្ញុំមិនខ្វល់អីទេ»

«តើនាងស្លាប់ដោយរបៀបណា ? ឡាននោះបើមើលតាមកាសែតទៅដូចជាខ្ទេចអស់ហើយ? »

« ចាស! ខ្ញុំនឹងនិយាយរឿងប្រាប់លោក តាំងពីដើមដល់ចប់ចុះ។  ពូបង្កើតរបស់ខ្ញុំ ដែលខ្ញុំមិនដែលស្គាល់គាត់ទាល់តែសោះ។ ថ្ងៃមួយបានមកដល់ផ្ទះខ្ញុំ ហើយបញ្ចុះបញ្ចូលម៉ាក់របស់ខ្ញុំឱ្យចូលហ៊ុនរកស៊ីជាមួយគាត់។ ខ្ញុំមិនដឹងថាគាត់បាន និយាយអីខ្លះជាមួយម៉ាក់ខ្ញុំនោះទេ តែម៉ាក់ខ្ញុំស្រាប់តែសម្រេចចិត្តចូលហ៊ុន ៥មុឺនដុល្លាជាមួយគាត់ តែលុយទាល់តែខែ ក្រោយទើបអាចបង្វិលឱ្យគាត់បាន។ ខ្ញុំកើតចិត្តសង្ស័យថ្ងៃមួយ ពេលខ្ញុំចេញពីរៀន ក្នុងផ្ទះគ្មានមនុស្សទេ ហើយពូរបស់ខ្ញុំនោះទុកទូរស័ព្ទចោលនៅលើតុ ខ្ញុំក៏ចូលឆែកមើលសាររបស់គាត់។ តែវាក៏សំណាងល្អដែរ ដែលទូរស័ព្ទរបស់គាត់អត់មានប្រើលេខសម្ងាត់នោះទេ។  តាមពិតគាត់អត់មានរកស៊ីអីទេ គឺគាត់ជំពាក់លុយគេ៣ម៉ឺនដុល្លា ហើយគេទុកពេលឱ្យគាត់១មួយខែសងគេឱ្យអស់។ ខ្ញុំរៀបនឹងថតសារទាំងនោះទុកទៅហើយ តែចង្រៃណាស់ ខ្ញុំឮសំឡេងទ្វារបន្ទប់ទឹក ក៏ប្រញាប់បិទទូរស័ព្ទនោះទុកវិញទៅ។»

«តែគាត់ខ្ចីម៉ាក់នាង៥ម៉ឺនណា!» ខ្ញុំសួរ

«ឯងនៅមិនយល់ទៀតមែនទេ? គាត់មានបំណងសងគេហើយប្រុងរត់ចោលស្រុកតែម្តងណា!» ដាវីឆ្លើយ

«ចឹង! តើនាងត្រូវធ្វើយ៉ាងម៉េចតទៅទៀត?»

«ខ្ញុំហៅគាត់មកជួបនៅមុខសាលា»

«ហេតុអីក៏មិនប្រាប់ម៉ាក់នាងតែម្តងទៅ?»

«ខ្ញុំមិនចង់ឱ្យគាត់ទាំងពីរអ្នក មានជម្លោះនឹងគ្នាទេ ព្រោះនេះជាប្អូនប្រុសតែម្នាក់គត់របស់ម៉ាក់។ ខ្ញុំសុខចិត្តឱ្យពូម្នាក់នេះ ទៅបាត់គ្មានដំណឹងល្អជាងឱ្យម៉ាក់ខ្ញុំដឹងហើយព្រួយបារម្ភពីគាត់ដែរ។ »

«នាងពិតជាកូនដែលចេះគិតដល់មីងណាងមែន»

«អរគុណ ខ្ញុំបន្តទៀតបានទេ?»

«Ok!»

«ខ្ញុំចូលទៅដល់ក្នុងឡានរបស់គាត់ ហើយពួកយើងក៏ចាប់ផ្តើមនិយាយគ្នា»

*****

«ឯងហៅពូមកមានការអី តើមែនទេ?» ថននិយាយ

«ខ្ញុំមិនចង់និយាយអីច្រើនទេ គ្រាន់តែចង់ប្រាប់ពូថា ខ្ញុំបានដឹងរឿងដែលពូជំពាក់លុយគេហើយ ពូឆាប់ប្រាប់ម៉ាក់ឱ្យដកហ៊ុនវិញទៅ ហើយពូចង់ទៅណាក៏ទៅៗ!»

«ឯងចង់និយាយអី ពូស្តាប់មិនយល់ទេ! »

«ខ្ញុំបានឃើញសាររបស់ពូឆ្លើយឆ្លងក្នុង Messenger facebook ជាមួយមនុស្សម្នាក់ឈ្មោះផលនោះហើយ »

«ឯង! ឯងហ៊ានឆែកមើលទូរស័ព្ទរបស់យើងផងហាស៎!»

«ត្រូវហើយ! ពូនៅសុខៗមិនដឹងជាលេចខ្លួនចេញមកពីណាមកសុំលុយម៉ាក់ខ្ញុំរកស៊ី ម៉ាក់ខ្ញុំទុកចិត្តពូ តែខ្ញុំមិនទុកចិត្តឡើយ។ ពូដឹងថាលុយទាំងនោះជាលុយគាត់ខំរកនិងសន្សំទុកយូរហើយដែរ បើនៅសុខៗបាត់ត្រឹមមួយពព្រិចភ្នែក តើពូមានដែលគិតដែរទេ? ថាគាត់អាចក្លាយទៅជាយ៉ាងណានោះ។ ពេលខ្លួនឯងមានលុយ ដើរលេងសប្បាយតែម្នាក់ឯង ដល់ពេលមានរឿងមកឱ្យគេជួយរងជំនួស បែបនេះតើសមដែរទេ? »

«ឯងដឹងស្អីទៅ» ថននិយាយខ្លាំងៗ។

«បានហើយពូ! ខ្ញុំទុកពេលឱ្យពូត្រឹមល្ងាចនេះ បើពូមិននិយាយ ខ្ញុំនឹងប្រាប់ម៉ាក់ខ្ញុំដោយខ្លួនឯង ខ្ញុំមកប្រាប់ពូឱ្យហើយ ព្រោះមិនចង់ឱ្យម៉ាក់ចាត់ទុកពូជាមនុស្សអាក្រក់ ចេញឱ្យឆ្ងាយពីគ្រួសារខ្ញុំទៅ! »

និយាយរួច ដាវីយកដៃទាញទ្វារឡាន តែបើកមិនកើតព្រោះទ្វារជាប់គន្លឹះ ដាវីងាកទៅរកថន៖

« បើកទ្វារ! បើកទ្វារ!»

ថនធ្វើមិនឮគិតតែសម្លឹងទៅខាងមុខ។

«បើមិនបើកទ្វារទេ ខ្ញុំស្រែកណា៎!» ដាវីនិយាយ។

ថនចុចកញ្ចក់ទ្វារឡានទាំងសងខាងឡើងដែលកញ្ចក់នោះមានបិតស្គត់ពណ៌ខ្មៅ ហើយក៏បញ្ឆេះម៉ាស៊ីន បើកឡានចេញទៅយ៉ាងលឿន។

« ចង់ធ្វើអីហ្នឹង!  ពូចង់ចាប់ជំរិតខ្ញុំ! » ដារីនិយាយផងដៃខំប្រឹងចុចកញ្ចក់ឱ្យចុះមកក្រោម តែមិនអាចឡើយព្រោះថនបានបិទគ្រប់យ៉ាងពីកន្លែងអង្គុយរបស់ខ្លន។

«ឈប់ឡានភ្លាមខ្ញុំប្រាប់ឱ្យឈប់ឡានឮដែរទេ!» ទោះនិយាយយ៉ាងណាក៏ដោយ ថននៅតែបន្តបើទៅមុខហើយក៏ បត់ចូលទៅក្នុងផ្លូវស្ងាត់មួយ។  

ដាវីលើកទូរស័ព្ទមកចុចប្តឹងប៉ូលិសទាំងដៃញ័រទទ្រើក ថនឃើញបែបនេះក៏យកដៃម្ខាងទៀតកញ្ឆក់យកទូរស័ព្ទ នោះមកកាន់ជាប់ដៃ។ ដាវីស្រវាទៅទាញយកទូរស័ព្ទមកវិញ តែយកមកមិនបាន ព្រោះត្រូវដៃដ៏ធំមាំរបស់ថនកាន់ជាប់។ ពួកគេទាំងពីរអ្នកប្រតាយប្រតប់គ្នារហូតដល់ពេលមួយ ដៃរបស់ដាវីលូកខុសទៅប៉ះទៅចង្កូតឡាន ធ្វើឱ្យរ៉េបុកដើមឈើមួយនៅផ្លូវស្ងាត់នោះ។

ក្បាលរបស់ដាវីបោកយ៉ាងខ្លាំងនៅផ្នែកខាងមុខធ្វើឱ្យនាងស្ងៀមនៅមួយកន្លែងស្ទើរតែបាត់ស្មារតី។ ចំណែកថនវិញ ទូរស័ព្ទរបូតចេញពីដៃនិងបោកខ្លួនទៅនឹងចង្កូតដូចគ្នាតែមិនខ្លាំងដូចជាដាវីឡើយ។

ឡានឈប់នៅមួយកន្លែង ដាវីបើកភ្នែកព្រឹមៗមកឃើញថននៅចំពីមុខខ្លួន។ ថនឃើញដាវីស្រវេស្រវារកទាញ ទ្វារបើកចេញ ក៏យកដៃចាប់ទាញក្បាលរបស់ដាវីបោកម្តងហើយម្តងទៀតទៅនឹងទ្វារឡាន ហើយយកខ្នើយមួយនៅក្នុងឡានមកសង្កត់ដង្ហើមរហូតដល់ដាវីប្រកាច់ស្លាប់លែងរើបម្រាស់តទៀតបាន។

*****

« ចឹងកន្លែងកើតហេតុដំបូងមិនមែននៅផ្លូវធំដែលមានទ្រូងចែកផ្លូវនោះទេ ? » ខ្ញុំសួរ

« អត់ទេ! មនុស្សម្នាក់នេះសាហាវណាស់សម្លាប់ខ្ញុំហើយ សុខចិត្តជិះឡានធ្វើជាបុកទ្រូងចែកផ្លូវទៀតផង » ដាវីត។

«ចុះម៉ាក់នាងមានដែលឆ្ងល់ទេ! ហេតុអីបានជាគាត់ស្រាប់តែនៅជាមួយនាងដែរឬ? គាត់មើលទៅ ដូចជាមិនបានបន្ទោសពូរបស់នាងសូម្បីមួយមាត់នោះទេ។  » ខ្ញុំសួរ។

«មាន! កាលពីប៉ុន្មានថ្ងៃមុនម៉ាក់ខ្ញុំទៅរកពូថនដល់មន្ទីរពេទ្យ គាត់បានប្រាប់ម៉ាក់ខ្ញុំថាគ្រោះថ្នាក់នោះគឺខ្ញុំ ជាអ្នកបង្កឡើង។ »

« ហ្អាស! បែបនេះបានយ៉ាងម៉េចទៅ ? »

«គាត់បាននិយាយប្រាប់ម៉ាក់ខ្ញុំថាខ្ញុំនឹងញៀនថ្នាំ ហើយហៅគាត់ទៅជួបដើម្បីចង់សុំលុយទៅទិញថ្នាំពេលគាត់មិនឱ្យស្រាប់តែ ខ្ញុំប្រែជាមនុស្សឆ្កួតចាប់ទាញចង្កូតឡានធ្វើឱ្យមានគ្រោះថ្នាក់ »

«ហេតុអីបានជាម៉ាក់របស់នាងជឿគាត់ម៉្លេះ? »

«ប៉ូលិសបានប្រាប់ម៉ាក់ខ្ញុំថា គេបានរកឃើញថ្នាំញៀនមួយកញ្ចប់នៅក្នុងកាបូបលុយរបស់ខ្ញុំ ថែមទាំងរកឃើញថាក្នុងខ្លួនខ្ញុំមានសារធាតុញៀនទៀតផង »

«នេះ! កុំប្រាប់ខ្ញុំថា… » ខ្ញុំសួរទាំងទើសទាល់។

«ត្រូវហើយគឺគាត់! សម្លាប់ខ្ញុំហើយដាក់ថ្នាំញៀនក្នុងកាបូប មិនតែប៉ុណ្ណោះនៅដាក់ថ្នាំញៀននោះចូលក្នុងមាត់ខ្ញុំទៀត!»

ភ្លាមនោះខ្ញុំស្រាប់តែមានអារម្មណ៍ថាដាវីពិតជាគួរឱ្យអាណិតណាស់ សំឡេងរបស់នាងប្រែជាខ្សោយ ធ្វើឱ្យខ្ញុំអាចទទួលដឹងនូវភាពក្រៀមក្រំរបស់នាង តែមានរឿងមួយខ្ញុំត្រូវតែសួរនាង។

«គាត់រៀបចំបានល្អណាស់ តើខ្ញុំអាចធ្វើអីបានទៅ? »

«មានរបស់មួយដែលអាចដោះស្រាយបញ្ហានេះបាន!»

«របស់អីទៅ!»

«ទូរស័ព្ទរបស់ខ្ញុំ»

«ទូរស័ព្ទយ៉ាងម៉េចទៅ!»

«មានរឿងមួយដែលគាត់មិនដឹង គឺខ្ញុំបានថតសំឡេងគាត់នៅក្នុងទូរស័ព្ទដៃរបស់ខ្ញុំ ហើយប៉ូលិសបានប្រគល់វាមកឱ្យម៉ាក់ខ្ញុំវិញហើយដោយសារតែទូរស័ព្ទនោះ មានលេខសម្ងាត់ទើបមិនមានអ្នកណាចូលមើលបាន។ ខ្ញុំឃើញគាត់យកវាទៅដាក់ក្នុងបន្ទប់របស់ខ្ញុំ ។ ខ្ញុំចង់ឱ្យឯងយកទូរស័ព្ទនោះ បើកឱ្យគាត់ស្តាប់ ត្រូវតែឱ្យគាត់ស្តាប់ ឱ្យបានមុនគាត់ឱ្យលុយទាំងនោះទៅឱ្យពូខ្ញុំ » 

«បែបនេះ ខ្ញុំត្រូវចូលទៅលួចទូរស័ព្ទនោះមែនទេ? »

«អត់ទេ! ខ្ញុំចង់ឱ្យឯងទៅនិយាយជាមួយម៉ាក់ខ្ញុំ»

«ហេតុអីទៅ?»

«ខ្ញុំមានពាក្យក្នុងចិត្តខ្លះ ចង់និយាយជាមួយគាត់» ដាវីនិយាយ។

ខ្ញុំគិតបន្តិចហើយក៏និយាយ៖

«សុខៗឱ្យខ្ញុំទៅប្រាប់ម៉ាក់នាងថា ខ្ញុំបានឮសំឡេងនាងបែបនេះមែនទេ ? តើគាត់អាចជឿខ្ញុំទេ។»

«ខ្ញុំមិនដឹងទេ!» ដាវីតប ហើយខ្ញុំស្រាប់តែឮសំឡេងយំខ្សឹបខ្សួល។

« បាន! បាន! ចាំខ្ញុំព្យាយាម ហើយខ្ញុំនឹងលួចយកទូរស័ព្ទរបស់នាង មកបើកឱ្យគាត់មកស្តាប់ទៅចុះ» ខ្ញុំនិយាយធ្វើដូចខ្លួនឯងមានវិធីអីល្អ ប៉ុន្តែខ្ញុំគ្រាន់តែនិយាយលួងលោមកុំឱ្យនាងយំតែប៉ុណ្ណោះ។ ខ្ញុំក្រោកឡើងហើយដើរទៅបើកទូរយកសំលៀកបំពាក់។ បើកទូរមកភ្លាមដាវីស្រាប់តែនិយាយ៖

«នៅជាប់ទូរនោះ គឺរូបថតខ្ញុំមែនទេ?»

ឮភ្លាមខ្ញុំប្រញាប់ទាញទូរបិទវិញភ្លាម។

«ឯងចូលចិត្តខ្ញុំមែនទេ?» ដាវីសួរ។

ខ្ញុំធ្វើភ្នែកឡេងឡង់មិនដឹងនិយាយតបវិញថាម៉េច៖

«អឺ អឺ ខ្ញុំគឺ… ខ្ញុំគឺ…. អឺ…»

*****

«ក្មួយស្តាប់ឮសំឡេងរបស់កូនមីងចឹងមែនទេ?» មីងណាងសួរមកខ្ញុំក្នុងសំឡេងតិចៗ ទឹកមុខគាត់ពិតជាស្លេកស្លាំង ហាក់បីដូចជាមនុស្សកំពុងតែឈឺធ្ងន់បែបនោះដែរ ។

« ខ្ញុំដឹងថាស្តាប់ទៅមិនគួរឱ្យជឿនោះទេ តែ…»

« អត់ទេ!» មីងណាងកាត់សម្តីខ្ញុំភ្លាម «មីងជឿ! មីងជឿ! ពេលនេះកូនវីរបស់មីងនៅឯណា នៅក្បែរក្មួយមែនទេ?» មីងណាងសួររកនាងទាំងទឹកភ្នែករលីងរលោង គាត់ប្រហែលជានឹកដល់ដាវីណាស់ហើយ។ ប្រហែលពេលនេះសម្រាប់គាត់អ្នកណានិយាយអ្វីក៏គាត់អាចជឿគេនោះដែរ។ 

«បាទ ហើយដាវីមានពាក្យខ្លះចង់និយាយជាមួយមីង» ខ្ញុំឆ្លើយ។

«ចាសក្មួយ ឱ្យកូនមីងនិយាយមកមីងចង់ស្តាប់» មីងណាងនិយាយ។

« ដាវីនិយាយមក» ខ្ញុំនិយាយទៅកាន់ដាវីទាំងមិនដឹងថាពេលនេះនាងនៅជ្រុងខាងណានៃផ្ទះរបស់មីងណាងឡើយ។

« ម៉ាក់! ឱ្យកូនសុំទោស កូនស្រីមិនល្អ មិនបានទៅមើលថែម៉ាក់ មិនទាន់បានសងគុណម៉ាក់ កូននឹកម៉ាក់ណាស់ តើម៉ាក់សុខសប្បាយដែរទេ? » គ្រាន់តែនិយាយអ្វីដែលខ្ញុំបានស្តាប់ឮ ទៅកាន់មីងណាង ខ្ញុំខ្លួនឯងក៏ចង់ស្រក់ទឹកភ្នែកដែរ។ ចំណែកមីងណាងវិញទឹកភ្នែកស្រក់មកមិនឈប់ ខ្ញុំកាន់តែចាប់អារម្មណ៍ថាគាត់កាន់តែខ្សោយទៅៗ។

« ម៉ាក់មិនអីទេកូន ម៉ាក់ក៏នឹកកូនដូចគ្នា » មីងណាងចង់និយាយពាក្យជាច្រើនបន្តទៀត តែគាត់អួលដើមកមិនអាចនិយាយពាក្យជាច្រើនឱ្យឮច្បាស់ៗបាន។ ខ្ញុំចាប់ផ្តើមគិតមិនដឹងថាគួរប្រាប់រឿងពូរបស់ដាវីឱ្យស្ដាប់នៅ ពេលនេះដែរឬអត់នោះទេ។

«តាមពិតទៅមានរឿងមួយទៀតដែលដាវីចង់ឱ្យមីងដឹងតែខ្ញុំមិនដឹងថាគួរនិយាយពេលនេះឬអត់» ខ្ញុំនិយាយ។

«និយាយមកក្មួយមីងស្តាប់» មីងណាងតប។

« ដាវីបាននិយាយថា ការស្លា… មីងយ៉ាងម៉េចហើយ!» ភ្នែកមីងណាងស្រទន់ហើយក៏បិទជិត ខ្លួនគាត់ទាំងមូលទន់ទៅក្រោយ គាត់សន្លប់ខ្ញុំព្យាយាមយកដៃប៉ះមុខគាត់តិចៗតែគាត់នៅតែមិនដឹងខ្លួន។

«ម៉ាក់!» ដាវីស្រែកហៅម៉ាក់នាងយ៉ាងខ្លាំង។

មិនដឹងធ្វើយ៉ាងម៉េចតទៀត ខ្ញុំក៏ចាប់បីគាត់ឡើងហើយរត់ទៅខាងមុខផ្ទះ គាត់ពិតជាស្រាលណាស់ប្រហែលមកពីគាត់ពិបាកចិត្តពេកណាស់ហើយ។ ចេញមកដល់ខាងក្រៅក៏បានឃើញម៉ាក់របស់ខ្ញុំ។

«សេង! សេង! រឿងអីកូន» ម៉ាក់ខ្ញុំសួរយ៉ាងតក់ក្រហល់។

« មីងណាងសន្លប់ហើយម៉ាក់ ខ្ញុំចង់នាំគាត់ទៅពេទ្យ ម៉ាក់ហៅកង់បីមក ហើយជួយមើលផ្ទះគាត់ផង»

« អើកូន! » ម៉ាក់ខ្ញុំលើកដៃហៅកង់បីដែលនៅកែងផ្លូវ ពួកយើងរត់ទៅទាំងអស់គ្នា ស្របពេលកង់បីកំពុងតែជិះមកដែរ។

ខ្ញុំលើកមីងណាងដាក់ចូលកង

បី ហើយពួកយើងក៏ចេញទៅ។

*****

ប្រាំពីរម៉ោងក្រោយ មីងណាងនៅមិនទាន់ដឹងខ្លួន ខ្ញុំត្រលប់មកផ្ទះវិញ នៅខាងពេទ្យមានម៉ាក់ខ្ញុំទៅជួយមើល។ ពូរបស់ដាវីពេលនេះមិនដឹងជាបាត់ទៅណានោះទេ ឬក៏ដឹងថាមីងណាងមានរឿងហើយក៏អត់ផងក៏មិនដឹង។ ម៉ាក់របស់ខ្ញុំបានចាក់សោរផ្ទះរបស់មីងណាងរួចរាល់ក៏បានប្រគល់សោនោះមកឱ្យខ្ញុំទុកគ្រាន់មានការអីបន្ទាន់ត្រូវចេញចូល។

«ពេលម៉ាក់របស់នាងដឹងខ្លួនហើយ តើប្រាប់គាត់ដែរទេ? » ខ្ញុំសួរដាវី។

«មិនបាច់ទេ! ចូលយកទូរស័ព្ទខ្ញុំទៅ ហើយយកទៅឱ្យប៉ូលិសចុះ រឿងបែបនេះដោះស្រាយកាន់តែឆាប់កាន់តែល្អ ពេលម៉ាក់ខ្ញុំដឹងខ្លួនគ្រប់យ៉ាងនឹងចប់រួចរាល់។ » ដាវីតប

ខ្ញុំចាក់សោទ្វារចូលទៅក្នុងផ្ទះរបស់ដាវី សុខៗស្រាប់តែដើរចូលផ្ទះគេទាំងមិនមានមនុស្សបែបនេះ ពិតជាមានអារម្មណ៍ថាខ្លួនឯងដូចចោរណាស់។

«តើម៉ាក់របស់នាងទុកទូរស័ព្ទនៅឯណាន៏! » ខ្ញុំសួរ

«នៅក្នុងទូររបស់ខ្ញុំ» ដាវីឆ្លើយ។

ខ្ញុំដើរទៅបើកទូរខោអាវរបស់នាង ក៏បានឃើញទូរស័ព្ទពណ៌ខ្មៅមួយក៏យកវាចេញមក។ ខ្ញុំក្រឡេកមើលរូបថត ដែលបិទជាប់ទូរស្រាប់តែភ្ញាក់ព្រើត។

«នេះរូបថតរបស់ខ្ញុំតើ!» ខ្ញុំស្ងាត់បន្តិចរង់ចាំស្តាប់ចម្លើយរបស់ដាវីតែបែរជាស្ងាត់។

«ដាវី» ខ្ញុំហៅ។

«ខ្ញុំ គឺខ្ញុំ… ពេលនេះគ្មានពេលបកស្រាយទេ ពួកយើងឆាប់ចេញហើយយកទូរស័ព្ទនេះទៅឱ្យប៉ូលីសទៅ!»

ខ្ញុំមិនចង់សួរច្រើនក៏ប្រញាប់ចេញពីបន្ទប់។ ពួកយើងដើរមកដល់ក្រោម។ អារម្មណ៍ពេលនេះអរភ័យខ្លាំងណាស់ ដូចខ្លួនឯងជាប៉ូលិសសម្ងាត់ក្នុងរឿងឃាតកម្មក្នុងកុនអ៊ីចឹង។ ខ្ញុំបើកទ្វារដែកភ្លាម ស្រាប់តែមានដៃធំមួយគូលូកមករុញខ្ញុំ ទៅក្រោយវិញធ្វើឱ្យខ្ញុំដួលទៅដី។ វាធ្វើឱ្យខ្ញុំកាន់តែភ័យនៅពេលខ្ញុំបានឃើញមុខម្ចាស់ដៃនោះ។

«ពូថន!»

«ហេតុអីបានជាលោកនៅទីនេះ?»

«យើងតាមដានឯងមករហូត យើងបានឮឯងនិយាយជាមួយបងស្រីយើងអស់ហើយ ឯងអាចឆ្លងឆ្លើយ ជាមួយកូនស្រីគាត់បាន។ »

ខ្ញុំពិតជាមិនដឹងថាថ្ងៃមិញ មនុស្សម្នាក់នេះនៅក្នុងផ្ទះដែរសោះ ប្រហែលជាពេលមីងណាងសន្លប់មិនបានចាប់អារម្មណ៍ទើបគេចចេញមកបាន។

«តើស្រីល្អិតនោះវាបាននិយាយស្អីទៀត ឆ្លើយមក! » ពូថនស្រែកយ៉ាងឮហើយទាញទ្វារដែកបិទវិញ។

ខ្ញុំបានតែបើកភ្នែកធំៗមើលទៅគាត់។

«សេងឆាប់ចេញពីទីនេះទៅ» ដាវីនិយាយ។

ដៃខ្ញុំកាន់ទូរស័ព្ទយ៉ាងជាប់។

«នោះជាទូរស័ព្ទដៃរបស់នាងនោះមែនទេ ក្នុងហ្នឹងមានអីឆាប់យកវាមកអោយយើងភ្លាម!»

«អត់ទេ! លោកជាឃាតករ បើដឹងខ្លួនឆាប់ទៅសារភាពទៅ៏! » ខ្ញុំស្រែកដាក់ទៅវិញ។

ពូថនស្រាប់តែដើរចូលមកដូចមនុស្សកំរោលចូល មកដណ្តើមទូរស័ព្ទ តែស្រវាខុស ខ្ញុំងាកខ្លួនប្រុងរត់ទៅទ្វារ ចេញទៅក្រៅស្រែកហៅឱ្យគេជួយ តែត្រូវពូថនចាប់ដៃខាងក្រោយខ្ញុំជាប់ ។ គាត់រុញខ្ញុំផ្ទប់នឹងជញ្ជាំង ដាល់ខ្ញុំមួយដៃចំក្បាលពោះធ្វើឱ្យខ្ញុំឆ្អល់ជាខ្លាំង បន្ទាប់មកគាត់ស្រាប់តែយកដៃទាំង២ច្របាច់កខ្ញុំយ៉ាងណែន។ ខ្ញុំថប់ដង្ហើមស្ទើរតែដាច់ខ្យល់ ស្របពេលនោះខ្ញុំបានស្តាប់ឮសំឡេងដាវីយំស្រែក ក្នុងសភាពភ័យខ្លាចយ៉ាងខ្លាំង។ ខ្ញុំឡើងមួយជង្គង់ចំក្បាលពោះរបស់គាត់ ធ្វើឱ្យគាត់ចុក ហើយប្រលែងដៃដែលកំពុងច្របាច់កខ្ញុំនោះចេញវិញ។ ខ្ញុំខំប្រឹងដកដង្ហើមវែងៗសម្រួលខ្លួនឯង។ ពូថនស្ទុះរត់ចូលមកបុកខ្ញុំឱ្យដួលទៅដី ហើយក៏ហក់មកអង្គុយលើពោះធ្វើឱ្យខ្ញុំមិនអាចរើទៅណារួច។ គាត់ដាល់ខ្ញុំមួយដៃចំមុខខាងឆ្វេង បន្ទាប់មកក៏ខាងស្តាំម្តងហើយម្តងទៀត។ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថាខ្លួនឯងស្រវាំងភ្នែកខ្លាំង មាត់ខ្ញុំបែកចេញឈាមមកក្រហមឆេះ។ ពូថនឈប់វៃហើយព្យាយាមដកដង្ហើម។ គាត់សម្លឹងមើលទៅដៃខាងឆ្វេងដែលកំពុងកាន់ទូរស័ព្ទជាប់មិនលែង។ នៅពេលដែលគាត់ឈោងដៃរបស់គាត់ទៅ យកវាខ្ញុំស្រាប់តែឮដាវីនិយាយ៖

«នៅជិតដៃស្តាំរបស់ឯងមានបំពង់ទីបដែកមួយ!»

ខ្ញុំចាប់យកបំពុងទីបដែកនោះបានហើយ ក៏វាត់វាមួយទំហឹងទៅលើគល់ករបស់ពូថន ធ្វើគាត់ដួលទៅម្ខាង។ ខ្ញុំព្យាយាមក្រោកឡើងទាំងត្រដាបត្រដួស។ ពូថនមិនបានសន្លប់នោះទេ គ្រាន់តែឈឺខ្លាំង គាត់ប្រុងក្រោក មកម្តងទៀតតែខ្ញុំយកបំពុងទីបនោះវាយចំស្មងជើងធ្វើឱ្យគាត់ស្រែកមួយទំហឹងហើយដួលទៅវិញ។

ខ្ញុំដើរចេញមកខាងក្រៅ ហើយវាយទ្វារដែកឮៗ ហើយស្រែកថាជួយផងៗ ខ្លាំងៗ។ គ្រប់ផ្ទះនាំគ្នាបើកភ្លើង ហើយដើរចេញមកក្រៅ ពួកគេដើរមកជួយលើកខ្ញុំ ហើយមនុស្សមួយចំនួនចូលទៅក្នុងចាប់ពូថន។

*****

២ថ្ងៃក្រោយមក…

ខ្ញុំនៅក្នុងមន្ទីរពេទ្យដែលម៉ាក់របស់ដាវីសម្រាក គ្រូពេទ្យលាងរបួសលើមុខរបស់ខ្ញុំហើយក៏ដើរចេញទៅ។ ខ្ញុំនៅលើគ្រែអង្គុយអានសៀវភៅតែម្នាក់ឯង។

«សុំទោសផងណា៎! ព្រោះតែខ្ញុំឯងពិបាកហើយ។ » ដាវីនិយាយ។

« រឿងហួសហើយមិនអីទេ អ្វីដែលខ្ញុំសប្បាយចិត្តនោះអាចចាប់ជនល្មើសបាន និយាយចឹងតើត្រូវការឱ្យខ្ញុំទៅនិយាយអ្វីប្រាប់ម៉ាក់របស់នាងដែរទេ? » ខ្ញុំសួរ។

«ខ្ញុំគិតថាមិនចាំបាច់នោះ គាត់បានដឹងខ្លួនហើយ ហើយគាត់ដូចជាមិនបានចាំនូវអ្វីដែលពួកយើងនិយាយជាមួយគាត់នៅថ្ងៃនោះដែរ។ ចាំទុកឱ្យមេធាវីបកស្រាយរឿងមួយនេះប្រាប់គាត់ចុះ» ដាវីតប។

«ចុះពេលនេះយ៉ាងម៉េចបន្តទៀត?» ខ្ញុំសួរ។

«ខ្ញុំមកលាឯងជាលើកចុងក្រោយ ខ្ញុំត្រូវទៅហើយ »

ឮហើយខ្ញុំពិតជាមិនដឹងថាត្រូវសប្បាយចិត្ត ឬសោកសៅនោះទេ។

«អរគុណច្រើន សេង» ដាវីនិយាយ។

«បាទ មិនអីនោះទេ នាងទៅឱ្យបានសុខចុះ» ខ្ញុំតប។

«សេង!» ដាវីនិយាយ។

«យ៉ាងម៉េច!»។

«តាមពិត ខ្ញុំក៏លួចចូលចិត្តឯងដែរ» ដាវីនិយាយ។

«អារម្មណ៍របស់ខ្ញុំក៏មិនខុសពីដាវីដែរ» និយាយរួចគ្រប់យ៉ាងក៏ស្ងាត់ អ្វីម៉្យាងបានប្រាប់ខ្ញុំថាខ្ញុំនឹងលែងបានឮសំឡេងរបស់ដាវីរហូតហើយ។

ពេលខ្ញុំកំពុងតែអង្គុយក្រៀមក្រំ ស្រាប់តែ៖

«ពិតជាគួរឱ្យស្តាយណាស់»។

ខ្ញុំងើបមកឡើងឃើញប្អូនស្រីដែលខ្ញុំមិនដែលស្គាល់ម្នាក់ ក្នុងសំលៀកបំពាក់ជាអ្នកជំងឺឈរនៅក្នុងបន្ទប់របស់ខ្ញុំ។

«ចូលមកតាំងពីពេលណា?» ខ្ញុំសួរ។

«ខ្ញុំនៅបន្ទប់ជាប់នេះ ដើរកាត់ឮពួកបងនិយាយគ្នាក៏ឈរស្តាប់ទៅ» នាងតប។

«ឯងអាចស្តាប់ឮស្រីម្នាក់នោះដែរមែនទេ?» ខ្ញុំសួរ។

«មិនត្រឹមតែស្តាប់ឮទេ មើលក៏ឃើញដែរ » នាងតប។

« អ៊ូ! »

«ខ្ញុំត្រូវទៅវិញហើយ  និយាយរួចនាងក៏ចេញទៅ ខ្ញុំមានអារម្មណ៍ដូចជាចម្លែកយ៉ាងម៉េចមិនដឹង។

នាងចេញទៅបាត់បានបន្តិច ម៉ាក់ខ្ញុំក៏ដើរចូលមក។ គាត់ញញឹមដាក់ខ្ញុំហើយដាក់បបរនៅលើតុ។

«ម៉ាក់! កូនស្រីម្នាក់នៅបន្ទប់ជាប់នេះ ឈឺអីដែរទៅ» ខ្ញុំសួរ។

«ឯងនិយាយអី! បន្ទប់ជាប់នេះអត់មានអ្នកជំងឺទេ» ម៉ាក់ខ្ញុំឆ្លើយ។

ឮហើយខ្ញុំលេបទឹកមាត់ក្អឹក។ ពេលនេះខ្ញុំមិនត្រឹមស្តាប់ឮទេ មើលក៏ឃើញដែរ៕