រឿង៖ គិតខ្លី

“ជួយខ្ញុំផង! ជួយខ្ញុំផង! អូយរងាណាស់ ហ៊ឺ… អឺ…ដេកទៅកូនម្តាយ…”

ខ្ញុំភា្ញក់ព្រើតដូចគេយកទឹកមួយផ្តិលជះកណ្តាលមុខ។ រោមដៃចាប់ផ្តើមបះច្រូង បេះដូងក៏ដណ្តើមគ្នាលោត ចង់លៀនចេញមកក្រៅ រីឯជើងចាប់ផ្តើមញ័រទទ្រើក។ ខ្ញុំយកដៃខ្ទប់ត្រចៀកយ៉ាងណែនដើម្បីកុំឱ្យឮ។ ពិតណាស់! ការធ្វើបែបនេះវាពិតជាបានផលប្រាកដមែន។ សំឡេងមួយនេះលែងឮទៀតហើយ នៅសល់តែសំឡេងទឹករលកគ្រាំងៗប៉ះនឹងសសរសាលាបណ្តែតទឹកដែលខ្ញុំស្នាក់នៅតែប៉ុណ្ណោះ។ ខ្ញុំដេកវិញ ព្រមទាំងយកភួយឃ្លុំយ៉ាងជិតផងដែរ តែ…

“ផល្លាជួយកូនខ្ញុំផង ខ្ញុំរងាណាស់….”

ខ្ញុំប្រញាប់ទាញភួយចេញ ប្រែខ្លួនដេកចំហៀងដើម្បីផ្ទៀងស្តាប់ឱ្យជាក់ច្បាស់ ព្រោះអម្បាញ់មិញដូចជាមានអ្នកហៅឈ្មោះខ្ញុំឱ្យជួយ។

“ផល្លាជួយខ្ញុំផង! ខ្ញុំរងាណាស់…”

ប្រាកដណាស់! មានគេហៅឈ្មោះខ្ញុំឱ្យជួយ។ ខ្ញុំស្ទុះងើបយ៉ាងលឿន ទាញពិលចុចបើកដើរចេញមកក្រៅបន្ទប់រៀន ដោយមិនឱ្យលោកគ្រូនាយកដឹងនោះឡើយ។ នៅខាងក្រៅ បរិយាកាសត្រជាក់ណាស់ ព្រោះនៅជុំវិញសុទ្ធសឹងតែទឹក។ អូ! ភ្លេចប្រាប់ ខ្ញុំជាគ្រូកិច្ចសន្យាដែលស្ម័គ្រចិត្តមកបង្រៀននៅសាលាបណ្តែតទឹកនាមាត់បឹងទន្លេសាប នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។

សាលាមួយនេះមានឈ្មោះថា សាលាបឋមសិក្សាកំពង់ប្រាក់។ ទីនេះដាច់ស្រយាលពីទីប្រជុំជន ហើយផ្លូវពិបាកធ្វើដំណើរទៀតផង ។ ប្រសិនបើចង់មកទីនេះ លុះត្រាតែជិះកាណូតពីកំពង់លួង ដោយប្រើរយៈពេល៣០នាទីទើបបាន។

ខ្ញុំដើររកជុំវិញទីធ្លាសាលារៀន តែមិនបានឃើញអ្វីសោះ។ ខ្ញុំក៏យកដៃអេះក្បាលយ៉ាងញាប់ រកក៏គិតថាត្រលប់មកវិញ។ តែ…

“ចុមកាដុំឆែប កង្កែបចូលរន្ធ គីង្គក់ទន់ភ្លន់សំពះទេវតា!”

ខ្ញុំភ្ញាក់តាមទម្លាប់ ដោយមិនបានលាក់បាំងអ្វីឡើយ។ នៅសុខៗនរណាក៏មិនដឹង មកអង្គុយបីកូនយោលជើងបែរទៅទឹកទន្លេ ស្លៀកសម្លៀកបំពាក់សមួយឈុត សក់រញ៉េរញ៉ៃ មើលមុខមិនឃើញ។ ខ្ញុំស្រែកសួរយ៉ាងរហ័ស ព្រោះក្នុងចិត្តភ័យខ្លាចមិនធម្មតាទេ។

“នរណាហ្នឹង? ហើយមកអង្គុយអីនៅទីនេះ?”

“…”ស្ងាត់ច្រៀប។

“ខ្ញុំសួរថានរណាហ្នឹង? មិនឮខ្ញុំសួរទេហ្អី!” ខ្ញុំខំប្រឹងស្រែកសម្លុត តែក៏ប្រុងជើងដើម្បីរត់ផងដែរ។

“ខ្ញុំ!”

“ខ្ញុំហ្នឹងនរណាគេ?”

“មាលានុ៎ះអី!” នាងបែរមកជាមួយនឹងមុខសស្លេករលេះរលួយប្រៀបដូចជាសាកសពដែលស្លាប់ជាច្រើនថ្ងៃណាស់មកអ៊ីចឹង។​  អ្វីដែលសំខាន់ គឺនាងបីកូនទៀតផង។ កូននាងនៅតូចណាស់ រីឯមុខវិញរលួយដោយអន្លើរ ភ្នែកលានដូចក្តាម។

“ហ្អាស់! ខ្ម…”

…………………………..

“ខ្មោច! ខ្មោច! ជួយផង! ជួយផង…”

“អ្នកគ្រូ! អ្នកគ្រូត្រូវអីហ្នឹងអ្នកគ្រូ?”

ខ្ញុំយកដៃខ្ទប់ទ្រូង ដកដង្ហើមញាប់គឃូស ផុតផើយៗ ស្ទើតែមិនដល់គ្នា ចំណែកឯញើសវិញស្រក់ចុះមកប៉ុនៗគ្រាប់ពោតពេញផ្ទៃមុខ។ ខ្ញុំសម្រួលអារម្មណ៍បន្តិច ទើបមើលទៅយ៉ាណុតដែលជាសិស្សដែលខ្ញុំបបួលមកដេកជាមួយគ្រាន់បានគ្នា។ ការពិតអម្បាញ់មិញខ្ញុំយល់សប្តិសោះ តែវាដូចជាការពិតណាស់។ តាំងពីវត្តមានមាលាចេញទៅបាត់ ខ្ញុំមិនហ៊ានដេកម្នាក់ឯងនោះទេ។

“មាលាត្រូវអីហ្នឹង?” សំឡេងលោកគ្រូនាយកបន្លឺឡើងពីមាត់ទ្វារ។ ប្រហែលជាអម្បាញ់មិញខ្ញុំស្រែកឮខ្លាំងពេកហើយ ទើបបានជាឮទៅដល់បន្ទប់របស់លោកនាយក។

“គ្មានអីទេលោកគ្រូ! ខ្ញុំគ្រាន់តែយល់សប្តអាក្រក់បន្តិចតែប៉ុណ្ណោះ!”

លោកគ្រូនាយកដើរមកជិត រួចនិយាយបន្ត “ ខ្ញុំធ្លាប់ប្រាប់ហើយ ថាឱ្យហៅត្រឹមបងចាន់ៗបានហើយ មិនបាច់ហៅត្រឹមត្រូវតាមឋានៈតួនាទីអីទេ ព្រោះពួកយើងរាល់ថ្ងៃប្រៀបដូចជាគ្រួសារតែមួយទៅហើយ”

“ចា៎លោក…ច្រឡំ! បងចាន់!”

“ហើយយល់សប្តឃើញអ្វីទើបបានជាភ្ញាក់ស្រែកបែបហ្នឹង?” គាត់សួរបន្ត។

“ខ្ញុំយល់សប្តឃើញមាលាហៅឱ្យខ្ញុំជួយ! គាត់ថាគាត់រងាខ្លាំងណាស់។ បងចាន់! ឬក៏មានរឿងអីកើតឡើងចំពោះមាលាទេដឹងបង!”

បងចាន់លែងនិយាយអ្វីទាំងអស់។ គាត់ទម្លាក់ទឹកមុខចុះជ្រប់ រួចក៏ដើរចេញទៅបន្ទប់របស់គាត់វិញទៅ។

បីថ្ងៃមុន…

អក្សរ ក អក្សរ ខ អក្សរ គ…

សំឡេងសិស្សានុសិស្សបន្លឺឡើងរំពងសាលា។ មួយសន្ទុះក្រោយមក ជួងក៏បន្លឺឡើង តែនៅសាលាបណ្តែតទឹកមិនដូចសាលាផ្សេងនោះទេ ។ ម៉ោង៩ជាង សិស្សសុំចេញទៅផ្ទះអស់បាត់ហើយ។ អ្នកខ្លះប្រញាប់ទៅសារមង សារសន្ទូច ដោះត្រីឱ្យទាន់ឈ្មួញមកទិញ។ បើមិនដូច្នោះទេ ច្បាស់ជាសល់ត្រីជាក់ជាមិនខាន។ ដំបូងៗ ខ្ញុំក៏បានឃាត់សិស្សមិនឱ្យចេញផងដែរ តែអាណាព្យាបាលបានមកសុំជារឿយៗ ហើយក៏កើតជាទម្លាប់ទៅ។ ទោះបីជាពួកគាត់មិនបាននៅរៀនឱ្យពេញម៉ោងដូចសាលាដ៏ទៃ តែខ្ញុំដូចជាគ្រូៗដ៏ទៃទៀតក៏សប្បាយរីករាយក្នុងការផ្តល់និងផ្ទេរចំណេះទៅកាន់ពួកគាត់ដែរ ព្រោះក្រពះបានដើរមុនចំណេះដឹងសម្រាប់ពួកគាត់បាត់ទៅហើយ។

“ផល្លា! ល្ងាចនេះឯងត្រូវឡើងទៅលើ(ពាក្យលើបែបនេះ សំដៅទៅភូមិដែលនៅខាងត្បូងដែលមានទីទួលសម្រាប់សង់ផ្ទះ) ដើម្បីទៅយកសម្ភារៈមកតុបតែងថ្នាក់បន្ថែម ព្រោះខាងការិយាល័យជិតមកធ្វើអធិការកិច្ចហើយ!” បងចាន់និយាយមកកាន់ខ្ញុំ។

“ឱ្យមាលាទៅដែរមកបង គ្រាន់បាន២នាក់!” ខ្ញុំស្នើសុំគាត់បែបនេះ ព្រោះមិនចង់ឱ្យមាលានៅតែម្នាក់ឯង។​ ខ្ញុំឡើងទៅភូមិម្តងនេះមិនអាចវិលមកគេងនៅទីនេះបានវិញទេ ទាល់តែស្អែកទើបអាចមកទាន់។

“ទៅម្នាក់ឯងបានហើយ! ចាំឱ្យមាលាបបួលសិស្សមកដេកបានជាគ្នា”

“មិនអីទេផល្លា! ឯងទៅចុះ គ្នាដេកជាមួយសិស្សមួយយប់ក៏បានដែរ” មាលាវាចាមកបណ្តើរ ព្រមទាំងដើរមកបណ្តើរព្រមជាមួយនឹងស្នាមញញឹម។

ឃើញនាងញញឹមដោយជឿជាក់បែបនេះ ខ្ញុំក៏អស់បារម្ភដែរ។ ខ្ញុំនិងនាងមិនត្រឹមតែជាមិត្តរួមការងាប៉ុណ្ណោះទេ គឺថែមទាំងជាមិត្តភក្តិជិតស្និទ្ធទៀតផង។ ខ្ញុំបារម្ភបែបនេះ ព្រោះនាងទើបតែទទួលរងនូវវិបត្តិដ៏ធ្ងន់ធ្ងរ ដែលចូលមកចងរឹតចិត្តរបស់នាង ស្ទើតែធ្វើឱ្យនាងគិតខ្លីម្តងៗទៅហើយ។ ជំងឺបែបនេះពិបាកព្យាបាលណាស់ ហើយវាសាហាវខ្លាំងទៀតផង។

មិនយូរប៉ុន្មាន ព្រះអាទិត្យក៏ទោរទន់ហៀបលិចនៅទិសខាងកើត។ នាខែវស្សាទឹកឡើងលិចព្រៃព្រឹក្សាដែលទាបៗ នៅសល់ត្រឹមតែដើមឈើណាដែលខ្ពស់តែប៉ុណ្ណោះ។ ក្រៅពីផ្ទះអ្នកភូមិបណ្តែតទឹកមួយបណ្តុំ គឺស្ទើតែគ្មានអ្វីបិទបាំងឡើយ។ ផ្ទៃទឹកល្ហល្ហេវ ក្រោមការឆ្លុះពីរស្មីព្រះអាទិត្យបានបង្កើនសម្រស់យ៉ាងល្អឯក ប្រៀបដូចជាឋានសួគ៌ាលើផ្ទៃទឹកអ៊ីចឹង។ យូរៗម្តង សត្វរំពេរក៏ហើររេរាំស្វែងរកចំណីផងដែរ។

សំឡេងកាណូតចាប់ផ្តើមបញ្ឆេះឡើង។ មាលាលើកដៃលាខ្ញុំទាំងទឹកមុខក្រៀមក្រំ។ ខ្ញុំមានអារម្មណ៍ថាដូចជាចម្លែកណាស់ ព្រោះរាល់ដងនាងមិនដែលបញ្ចេញទឹកមុខបែបហ្នឹងឡើយ។ តាមតែអារម្មណ៍មិនសូវប្រាកដចិត្ត ខ្ញុំចង់តែប្រាប់ឱ្យអ្នកបរកាណូតត្រលប់ទៅវិញទេតើ តែខ្លាចលោកគ្រូនាយកអន់ចិត្តដែលផ្តល់ភារកិច្ចឱ្យហើយ ខ្ញុំបែរជាធ្វើមិនបានទៅវិញ។

ខ្ញុំអង្គុយលើកាណូតដែលកំពុងតែបើកយ៉ាងលឿនឆ្ពោះទៅកំពង់លួង។ យូរៗម្តងខ្ញុំបានងាកមើលក្រោយ ព្រោះនៅបារម្ភពីមាលាមិត្តសម្លាញ់។ មិនប៉ុន្មាននាទីប៉ុណ្ណោះ កែវភ្នែករបស់ខ្ញុំលែងមើលឃើញសាលារៀនទៀតហើយ គឺជំនួសមកវិញដោយផ្ទៃទឹកយ៉ាងធំដាច់កន្ទុយភ្នែកតែប៉ុណ្ណោះ។

មកលេងផ្ទះ! ស្តាប់ទៅគឺមានសេចក្តីសុខណាស់ តែសម្រាប់ខ្ញុំវិញបែរជាគ្មានអារម្មណ៍បែបហ្នឹងឡើង។ រាងកាយខ្ញុំនៅទីនេះក៏ពិតមែន តែបេះដូងនិងខួរក្បាល បានផ្ញើនឹងមាលាតាំងពីនាងបង្ហាញទឹកមុខស្រពោនបាត់ទៅហើយ។ ខ្ញុំបន់ឱ្យតែឆាប់ភ្លឺ​នឹងអាលបានត្រលប់ទៅវិញតែប៉ុណ្ណោះ។ ការគិត ការទន្ទឹងរងចាំរបស់ខ្ញុំ បានធ្វើឱ្យត្របកភ្នែកទាំងពីរមិនបានសហការគ្នាសោះ។​ ស្ទើតែពេញមួយយប់ ដែលខ្ញុំមិនបានដេក តែមិនអីទេ ចាំទៅដល់សាលាចាំដេកសរុបក៏បានដែរ។

មិនយូរប៉ុន្មាន ព្រះអាទិត្យក៏បញ្ចេញរស្មីឡើង កាត់តាមចន្លោះនៃពពកដេរដាសចង់កលរកភ្លៀងទាំងព្រលឹម តែមួយសន្ទុះក្រោយមកបែរជាបាត់អស់ទៅវិញ ។ សង្ស័យតែវាយោយល់ចិត្តខ្ញុំ ហើយបក់ពពកចេញហើយមើលទៅ។ ខ្ញុំប្រញាប់រៀបចំអីវ៉ាន់ឱ្យប្អូនជូនទៅមាត់កំពង់យ៉ាងប្រញាប់ប្រញាល់ដូចជាមាន់រកពង។ ម៉ែបានឃាត់ខ្ញុំដែរ តែដូចជាមិនបានចាក់ចូលដល់ក្នុងបេះដូងខ្ញុំសោះ។

មកដល់មាត់កំពង់ ខ្ញុំបានជួលកាណូតគេឱ្យជូនមកសាលា។ មកដល់ភ្លាម ទិដ្ឋភាពដូចជាចម្លែកខុសពីធម្មតា។ បន្ទាប់នៅខាងចុងគេ មិនបានឮសំឡេងស្រែកលេងសប្បាយដូចសព្វមួយដងឡើយ។ ខ្ញុំងើបពីកាណូតតម្រង់ទៅបន្ទប់មួយនោះ តែទ្វារបង្អួចបានបិទជិតអស់ទៅហើយ។ ខណៈនេះគឺមានតែទៅសួរលោកគ្រូនាយកតែប៉ុណ្ណោះ។

“បងចាន់! មានឃើញមាលាគាត់ទៅណាទេ?” ខ្ញុំសួរបងចាន់ទាំងហត់គឃូសដង្ហើមលោតមិនចង់ដល់គ្នា។

“អូ! មាលាសុំច្បាប់ទៅផ្ទះតាំងពីព្រលឹមម្ល៉េះ។ ឮថា…មានបញ្ហាតិចតួចក្នុងគ្រួសារ!”

“តែខ្ញុំមកអម្បាញ់មិញ មិនឃើញមាននរណាជិះកាណូតឆ្លងទៅកំពង់ហ្លួងផង!” ខ្ញុំវាចាបែបនេះ ព្រោះខ្ញុំពិតជាមិនបានឃើញកាណូតមួយណាបើកកាត់ខ្ញុំឡើយ។

“ខ្ញុំក៏មិនដឹងដែរ! រឿងគ្រួសារគេ ខ្ញុំមិនចង់ដឹងឮទេ!” និយាយរួចគាត់ក៏អង្គុយធ្វើរបាយការណ៍បន្ត ដោយទុកឱ្យខ្ញុំឈរសម្លឹងមើលមុខគាត់ទាំងមិនអស់ចិត្ត។

បន្ទាប់ពីទៅសាកសួរដំណឹងពីមិត្តសម្លាញ់បានខ្លះៗពីលោកគ្រូនាយក ខ្ញុំក៏ដើរចូលទៅក្នុងបន្ទប់ រកមើលសម្លៀកបំពាក់របស់នាងគឺពិតជាមិនឃើញសេសសល់អ្វីមែន សូម្បីតែសៀវភៅប្រលោមលោកដែលនាងតែងតែអានជាប្រចាំក៏មិនឃើញដែរ។ ខ្ញុំមិនព្រមបោះបង់ការតាំងចិត្តមួយនេះឡើយ។ គ្រប់កន្លែងនៅលើសាលាមួយនេះដែលពាក់ព័ន្ធជាមួយនឹងមាលា ខ្ញុំបានឆែកមើលទាំងអស់ តែលទ្ធផលចេញមកគឺទទេ។ ទូរស័ព្ទ! ពិតណាស់ ខ្ញុំបានខលរកនាងជាច្រើនដងនៅតែមិនចូល ហើយខលទៅផ្ទះនាងក៏ពួកគាត់មិនដឹងទៀត។ តើឱ្យខ្ញុំទៅរកមិត្តសម្លាញ់ខ្ញុំនៅឯណាទៅ? បើបាត់ដំណឹងសូន្យឈឹងបែបហ្នឹងនោះ។

មិនយូរប៉ុន្មាន ស្បៃរាត្រីក៏ចូលមកគ្របដែនពសុធាសារជាថ្មី។ ខ្ញុំអង្គុយនៅលើកៅអី លើរនាបក្តារសាលាបណ្តែតទឹក ដែលជាទីកន្លែងដែលខ្ញុំជាមួយនឹងមាលាតែងតែអង្គុយនិយាយគ្នាពីសុខទុក្ខជាប្រចាំ។ សំឡេងសើចសប្បាយ! ស្នាមញញឹមហាក់បីដូចជានៅថ្មីៗនៅឡើយសម្រាប់ខ្ញុំ។ ភាសាហ្អែងអញ ជាពាក្យយ៉ាងជិតស្និទ្ធរវាងខ្ញុំនិងនាងមិនទាន់ជ្រះរលុបដានចេញពីខួរក្បាលនៅឡើយ។ កាន់តែគិត កាន់តែនឹក ខ្ញុំកាន់តែហូរទឹកភ្នែក។ តើខ្ញុំពិតជាទន់ជ្រាយណាស់មែនទេ?

យូរៗម្តង ខ្ញុំយកខ្នងដៃជូតទឹកភ្នែក សម្លឹងមើលទៅដែនជលសាដែលមានទំហំធំល្វឹងល្វើយពិបាករកកោះត្រើយ ប្រៀបបីដូចជាក្តីស្រឡាញ់របស់ខ្ញុំដែលមានចំពោះមាលាដូច្នឹងដែរ។ បោះភ្នែកទៅឆ្ងាយបន្តិច ឃើញភ្លើងពិលរបស់ប្រជានេសាទកំពុងតែប្រាកដខ្លួននៅលើផ្ទៃទឹក ប្រៀបបីដូចជាពន្លឺសត្វអំពិលអំពែកបញ្ចេញពន្លឺនៅពេលយប់អ៊ីចឹង។​ ខ្ញុំងាកមើលទៅខាងណាក៏មិនអាចធ្វើឱ្យអារម្មណ៍របស់ខ្ញុំបានស្ងប់សុខ ហើយឈប់គិតពីសុខទុក្ខរបស់មិត្តជាទីសម្លាញ់ឡើយ។

“អ្នកគ្រូ!”

ខ្ញុំបន្ធូរអាម្មណ៍បន្តិច រួចងាកមកម្ចាស់សំឡេង។ ខ្ញុំស្គាល់យ៉ាងច្បាស់ថា ជាសំឡេងរបស់យ៉ាណុត ជាសិស្សដែលមានសុជីវធម៌ជាងគេសម្រាប់ខ្ញុំ។ តាំងពីមាលាបាត់ខ្លួនមក យ៉ាណុតស្ម័គ្រចិត្តមកគេងកំដរបានជាគ្នានិងខ្ញុំ។ នាងស្លៀកសម្លៀកបំពាក់ជាឈុតគេងបែបកូនក្មេងមកឈរក្បែរខ្ញុំ។

“អ្នកគ្រូថ្មើរណាចូលសម្រាន្តអ្នកគ្រូ?”

ខ្ញុំសម្លឹងមើលមុខនាងបន្តិច រួចតប “​ បន្តិចទៀត!ចុះប្អូនងងុយហើយឬនៅ? បើងងុយប្អូនអាចចូលក្នុងមុងមុនអ្នកគ្រូបានណា៎”

“មិនអីទេអ្នកគ្រូ! ខ្ញុំមិនទាន់ងងុយទេ!” និយាយចប់នាងក៏ដាក់គូទអង្គុយនៅលើរនាបក្តារសាលាក្បែរខ្ញុំ។ និយាយទៅ ដ្បិតតែយ៉ាណុតទើបតែរៀនថ្នាក់ទី៤ពិតមែន តែអាយុរបស់នាងគឺច្រើនគួរសមដែរហើយ។ បើក្មេងនៅទីជនបទឬប្រជុំជន ប្រហែលជាកំពុងតែសិក្សានៅកម្រិតអនុវិទ្យាល័យបាត់ហើយមើលទៅ តែនាងវិញ ទើបតែបានចូលរៀនតែប៉ុណ្ណោះ។ នៅទីនេះ ក្មេងៗរៀនបានត្រឹមតែចេះអាន ចប់ថ្នាក់ទី៤គឺប្រសើរណាស់ទៅហើយ។ ភាគច្រើន អាយុ១៨ឆ្នាំមិនទាន់ទេដឹងតែមានប្តីប្រពន្ធអស់បាត់ហើយ។ ខ្ញុំមិនដឹងធ្វើម៉េច ដើម្បីឱ្យពួកគាត់យល់ដឹងពីបញ្ហាហ្នឹងនោះទេ ព្រោះពួកគាត់មានផ្នត់គំនិតក្នុងការរស់នៅបែបហ្នឹងតាំងពីយូរណាស់មកហើយ។

“អ្នកគ្រូ! នោះភ្លើងពិលពុកខ្ញុំ គាត់កំពុងតែពាក់មង!”

“យប់ហើយហ្នឹង! ចុះគាត់មិនខ្លាចទឹកទេអី?”

“មិនខ្លាចទេអ្នកគ្រូ!អ្នកនៅទីនេះចេះហែលទឹកស្ទើតែទាំងអស់។ បើមិនចេះទេ ច្បាស់ជាពិបាករស់នៅណាស់”

“ហើយចុះគាត់មកផ្ទះវិញនៅម៉ោងប៉ុន្មាន?”

“បន្តិចទៀតគាត់មកហើយ! គាត់គ្រាន់តែពាក់មងហ្នឹង ព្រឹកឡើ់ងសារ យកមកឱ្យពួកខ្ញុំជាអ្នកដោះ។ ពួកខ្ញុំធ្វើបែបនេះជាប្រចាំ”

កំពុងតែនិយាយគ្នាសុខៗ ស្រាប់តែមេឃចាប់ផ្តើមងងឹត ចង់កលរកភ្លៀង។ នៅលើទន្លេ ពេលអាកាសធាតុប្រែប្រួលម្តងៗគឺពិបាកណាស់។ ខ្យល់បោកបក់នាំមករលកធំៗធ្វើឱ្យរង្គើរកន្លែងរស់នៅអស់ហើយ។ ស្ថានភាពបែបនេះ អ្នកភូមិមិនបានសម្រាន្តឱ្យពេញភ្នែកនោះទេ។ អ្នកខ្លះបិទទ្វារបិទបង្អួច អ្នកខ្លះទៀតអង្គុយឱបកូនកុំឱ្យយំ…។ ចំណែកខ្ញុំក៏មិនខុសគ្នាដែរ ខ្ញុំស្ទុះចូលកន្លែងគេងជាមួយយ៉ាណុតទាំងញ័រតតាត់។ ដ្បិតតែយ៉ាណុតជាក្មេងក៏ពិតមែន តែមើលទៅនាងដូចជាមិនបានខ្លាចបរិយាកាសបែបនេះឡើយ។ មួយសន្ទុះក្រោយមក ខ្យល់ក៏បានស្ងប់ ជំនួសដោយតំណក់ភ្លៀងយ៉ាងធំៗធ្លាក់ចុះមកដូចជាចាប់ហែកមេឃ។ ខ្ញុំក៏លែងសូវខ្លាចអីទៀតដែរ។ ខ្ញុំបើកបង្អួច សម្លឹងមើលតំណក់ទឹកភ្លៀងដែលចាំងតាមរយៈអំពូលភ្លើងអាគុយទាំងអារម្មណ៍សោកសៅ។ ទិដ្ឋភាពបែបនេះ កំពុងតែចាក់ចំបេះដូងរបស់ខ្ញុំជាពន់ពេក។ ខ្ញុំចាប់បានច្បាស់ថា កាលខ្ញុំនិងមាលាមកបង្រៀនទីនេះដំបូង មេឃក៏មានភ្លៀងបែបនេះដែរ។ នាងខ្លាចផ្លេកបន្ទោរខ្លាំងណាស់។ ពេលមានផ្លេកបន្ទោរម្តងៗ នាងស្រវាឱបខ្ញុំពេញមួយទំហឹង ហើយថែមទាំងលាន់មាត់តិចៗថា “សម្លាញ់ជួយខ្ញុំផង!”។ ចុះឥឡូវ! បាត់ឯងទៅណាមាលា? ឯងមាននឹកគ្នាទេ? ចំណែកគ្នាវិញនឹកឯងខ្លាំងណាស់។ ពេលនេះ តើឯងនៅឯណា?​ ហើយសុខទុក្ខយ៉ាងណាហើយ? ឱ! ព្រះវាយោអើយ សូមនាំយកចិត្តនឹកទៅប្រាប់មិត្តសម្លាញ់ខ្ញុំផង ។

“អ្នកគ្រូ ខ្ញុំងងុយគេងណាស់!”

ខ្ញុំភ្ញាក់ពីការស្រមៃ ហើយក៏ដោះដង្កាប់អាគុយចូលគេងបាត់ទៅ ព្រោះខ្ញុំមិនចង់ឱ្យយ៉ាណុតឃើញពីសភាពរបស់ខ្ញុំពេលនឹកពីមាលាជាងនេះទៀតឡើយ។

……………………….

“ក្រដាសអីហ្នឹង!” ខ្ញុំបន្លឺឡើង ស្របពេលដែលជើងរបស់ខ្ញុំកំពុងតែជាន់វា ពេលបើកទ្វារចេញពីបន្ទប់។

ខ្ញុំប្រញាប់បើកមើលយ៉ាងប្រញាប់។ ហ្អាក! អក្សរនេះស្រដៀងនឹងអក្សរមាលាទេតើ ឬមួយនាងមកវិញហើយ។ “មាលា! មាលាមកវិញហើយហ្អី!” ខ្ញុំស្រែកហៅទាំងព្រលឹម រួចដើរមើលជុំវិញសាលាតែគ្មាននរណាសោះ មានតែលោកគ្រូនាយកតែប៉ុណ្ណោះ។

សេចក្តីក្នុងសំបុត្រនេះសរសេរថា “ គ្នាសុំទោសឯងផងដែលទៅមិនបានប្រាប់ តែគ្នាមិនអាចទ្រាំរស់នៅជាមួយនឹងជីវិតបែបហ្នឹងបានទេ។ មនុស្សគ្រប់គ្នានៅជុំវិញខ្លួនមានតែអ្នកស្តីបន្ទោស ចាំតែជាន់ថែមគ្មានអ្នកណាផ្តល់កម្លាំងចិត្តឱ្យខ្ញុំឡើយ។ សង្ឃឹមថាឯងមិនយំហើយរឹងមាំ ពេលដែលអានសំបុត្រនេះចប់!

ពីខ្ញុំមិត្តសម្លាញ់ឯង មាលា

ពាក្យថារឹងមាំ វាមិនបាននៅក្នុងខួរក្បាលរបស់ខ្ញុំតាំងពីគ្មានវត្តមានរបស់មាលាមកម្ល៉េះ។ ខ្ញុំមិនអាចទប់ទឹកភ្នែកបានទេ។ ខ្ញុំបណ្តោយឱ្យវាហូរចុះមកតាមសម្រួល រហូតលែងខ្មាសអ្នកដំណើរដែលបើកទូកឬកាណូតកាត់ឡើយ។ សម្រួលអារម្មណ៍បានបន្តិច ខ្ញុំក៏យកសំបុត្រមួយនេះទៅបង្ហាញលោកនាយក។

“បងចាន់! ខ្ញុំបានឃើញសំបុត្រនេះនៅមុខបន្ទប់។ ខ្ញុំគិតថា ច្បាស់ជាមានរឿងអ្វីកើតឡើងចំពោះមាលាហើយ”

លោកគ្រូនាយកយកសំបុត្រពីខ្ញុំមើល រួចនិយាយ “មែនតើ! អក្សរនេះជាអក្សរមាលា។ ហើយអត្ថន័យក្នុងសំបុត្រនេះគឺបញ្ជាក់ថា…”

លោកនាយកមិនទាន់ទាំងនិយាយចប់ផង ខ្ញុំយំហ៊ូ ព្រោះវាពិបាកទប់ណាស់។ ខ្ញុំភ័យ ខ្ញុំខ្លាច ខ្លាចតែនាងគិតខ្លីសម្លាប់ខ្លួន ដូចអ្វីដែលនាងតែងតែនិយាយប្រាប់ខ្ញុំជារឿយៗពីសម្ពាធផ្លូវចិត្តដែលនាងបានចួបប្រទះ។

“កុំទាន់អាលសន្និដ្ឋានអី រង់ចាំមើលមួយថ្ងៃពីរទៀតទៅ ក្រែងគាត់ផ្តល់ដំណឹងឱ្យ”

“ ខ្ញុំព្យាយាមទាក់ទងទៅនាងហើយ តែមិនបានផលសោះ ហើយអ្នកផ្ទះរបស់នាងក៏ប្រាប់ថាមិនបានដឹងទៀត។ លោកគ្រូ! លោកគ្រូជាអាណាព្យាបាលនៅទីនេះ លោកគ្រូជួយនាំអ្នកភូមិស្វែងរកនាងផងបានទេ?”

លោកគ្រូនាយកងក់ក្បាលជំនួសពាក្យសម្តី ហើយក៏ចាប់ផ្តើមកាន់ប៊ិកសរសេរបន្តទៀតទៅ។ ឃើញបែបនេះ ខ្ញុំមិននៅរំខានគាត់ទៀតទេ។ តែខ្ញុំឆ្ងល់ថា បុគ្គលិកបាត់ទាំងមូល ហេតុអីបានជាគាត់ធ្វើដូចជាធម្មតា ទាំងដែលខ្ញុំភ័យចង់ស្លាប់ទៅហើយនោះ? 

ខ្ញុំប្រមូលយកសំរាមទៅចាក់ចោលក្នុងធុងដែកមួយដើម្បីដុត។ នៅលើទឹក សូម្បីតែការគ្រប់គ្រងសំរាមក៏ត្រូវផ្ចិតផ្ចង់ដែរ ព្រោះមិនដូច្នោះទេ ច្បាស់ជាខូចបរិស្ថានក៏ថាបាន។ ខ្ញុំបម្រុងនឹងបញ្ឆេះដែកកេះដុតទៅហើយ ស្រាប់តែខ្ញុំបានឃើញក្រដាសមួយដែលញីខ្ទេចជាដុំ។ ខ្ញុំពន្លាវាមើល។ នៅក្នុងសំបុត្រនេះ សរសេរថា “ គ្នាផ្ញើឯងជួយបង្រៀនសិស្សគ្នាមួយរយៈជំនួសគ្នាផង។ គ្នាមានបញ្ហាផ្លូវចិត្ត គ្នាហត់ណាស់ គ្នាចង់សម្រាកឱ្យបានធូរខ្លះ។ ដូច្នេះគ្នាមិនចង់ប្រើអារម្មណ៍ផ្ទាល់ខ្លួនទៅបង្រៀនក្មេងៗដែលគ្នាមិនបានដឹងអីនោះទេ។ គ្នានឹងផ្ញើសំបុត្រមួយនេះតាមលោកគ្រូនាយកឱ្យឯង ហើយឯងមិនចាំបាច់ខលមកគ្នាទេ ព្រោះគ្នាប្រហែលជាឈប់ប្រើលេខចាស់ហ្នឹងទៀតហើយ”។

សង្ឃឹមថាឯងនឹងយល់ពីគ្នាមាលា

ពេលអានសំបុត្រនេះចប់ ខួរក្បាលរបស់ខ្ញុំចាំផ្តើមបង្កើតនូវចម្ងល់យ៉ាងចាក់ស្រេសមួយ ដែលទាមទារឱ្យមានអ្នកផ្តល់ចម្លើយ។ សំបុត្រពីរដែលមានទម្រង់អក្សរដូចគ្នា តែអត្ថន័យខុសគ្នា។ មិនដឹងថា ជារបស់មាលាទាំងអស់ឬក៏យ៉ាងម៉េចនោះទេ។ ដោយការមិនអស់ចិត្ត ខ្ញុំក៏លាតមើលសំបុត្រនោះម្តងទៀត។ ឈាម! ខ្ញុំលាន់មាត់ពេញមួយទំហឹង។ ខ្ញុំបានឃើញស្នាមឈាមបន្តិចដានដោយស្នាមក្រយៅដៃ។

“ផល្លា!”​សំឡេងលោកគ្រូនាយកបន្លឺឡើង។

ខ្ញុំងាកមើលទៅឃើញគាត់កំពុងតែដើរមក។ ភ្លាមនេះ ខ្ញុំបានយកសំបុត្រមួយនេះដាក់នៅក្នុងហោប៉ៅខោ រួចធ្វើដូចធម្មតា។

“ចាស៎! បង”

“ ខ្ញុំមានការណ៍ត្រូវទៅកំពង់លួងមួយភ្លែត! ឱ្យសិស្សចេញទៅផ្ទះទៅ ហើយបិទទ្វារបង្អួចបន្ទប់ខ្ញុំផង!”

“ចាស៎បង!”

និយាយចប់ លោកគ្រូនាយកក៏ឡើងជិះកាណូតដែលមានអ្នកបើកជូនទៅបាត់ទៅ។ ខ្ញុំចាប់ផ្តើមយកសំបុត្រនោះមកមើលម្តងទៀត។ ពេលនេះ ខ្ញុំមិនអាចទុកចិត្តនរណាបានឡើយ ក្រៅពីខ្លួនខ្ញុំ។​

ខ្ញុំបានធ្វើតាមបណ្តាំរបស់លោកគ្រូនាយករួចហើយក៏យកសំបុត្រទាំងពីរនេះមកប្រៀបធៀបគ្នាមើល។ មើលចុះមើលឡើង ទើបខ្ញុំអាចសម្គាល់បានថា សំបុត្រដំបូងមិនមែនជារបស់មាលាទេ។ តែ…ម៉េចនៅសុខៗវាមកនៅមាត់ទ្វារបន្ទប់របស់ខ្ញុំ?

“អ្នកគ្រូ! អ្នកគ្រូមាលាទៅណា អត់ឃើញមកបង្រៀនខ្ញុំអ៊ីចឹង?”​សំឡេងសិស្សស្រីម្នាក់បន្លឺឡើងពីក្រោយខ្ញុំ។

ខ្ញុំញញិមតបទៅកាន់គាត់បន្តិច ព្រោះខួរក្បាលកំពុងតែលៃរកចម្លើយដើម្បីឆ្លើយតបឱ្យបានគួរសម។ “អ្នកគ្រូគាត់រវល់! ចាំអ្នកគ្រូបង្រៀនជំនួសណា៎!”

“ចុះម្សិលមិញ ខ្ញុំឃើញគាត់ទៅម្តុំព្រៃជាមួយលោកគ្រូចាន់។ តើគាត់ទៅរកអីអ្នកគ្រូ?”

ប្រយោគរបស់ក្មេងស្រីម្នាក់នេះ កាន់តែធ្វើឱ្យខ្ញុំសង្ស័យពីការបាត់ខ្លួនរបស់មាលា។ ខ្ញុំចូលទៅជិត រួចសួរតិចៗថា “ តើកូននិយាយអម្បាញ់មិញពិតឬទេ?”

“ចា៎!”

“ប្រហែលម៉ោងប៉ុន្មាន?”

“ប្រហែលព្រលប់ៗ”

ខ្ញុំលែងហ៊ានសួរអ្វីពីក្មេងម្នាក់ទៀតហើយ តែខ្ញុំពិតជាប្រាកដចិត្តណាស់ថា ការបាត់ខ្លួនរបស់មាលាគឺមានអាថ៌កំបាំងជាមិនខាន។ ខ្ញុំបានឱ្យសិស្សជូនខ្ញុំទៅម្តុំព្រៃនោះ។ ពាក្យថាព្រៃ បើស្រមៃទៅប្រហែលជាមានដើមឈើយ៉ាងច្រើន តែវាបែបជាផ្ទុយស្រឡះ ព្រោះថាមានត្រឹមតែដើមរាំងខ្ពស់ៗដាច់ដោយឡែកពីគ្នាតែប៉ុណ្ណោះ។  រដូវទឹកឡើង នៅទីនេះមិនក្រោម២០ម៉ែត្រនោះទេ។ ខ្ញុំបានឱ្យសិស្សជិះទូកក្រឡឹងមើលតាមដើមរាំង តែមិនឃើញអ្វីនោះឡើយ។ ពេលនេះ មនុស្សដែលខ្ញុំសង្ស័យគឺមានតែ…។

ស្រមោលស្ទុងៗចេញពីបន្ទប់មួយតាមរយៈអំពូលភ្លើងអាគុយ។ ខ្ញុំដើរលបថ្នមៗតម្រង់ទៅកាន់បន្ទប់នោះ។ ភាពងងឹត លាយជាមួយនឹងរនាបក្តារចាស់ធ្វើឱ្យការធ្វើសកម្មភាពរបស់ខ្ញុំកាន់តែពិបាក។ ពេលចូលទៅដល់ជិត ខ្ញុំបានឮសំឡេងលោកគ្រូនាយកកំពុងតែនិយាយទូរស័ព្ទ ខ្ញុំក៏លបស្តាប់។ ធម្មតា ខ្ញុំមិនមែនជាមនុស្សដែលគ្មានសុជីវធម៌បែបហ្នឹងទេ តែមកពីការសង្ស័យតែប៉ុណ្ណោះ។

ប្រាក!…

“អុ…” ខ្ញុំយកដៃខ្ទប់មាត់ រួចព្យាយាមទ្រាំអត់ឈឺ ស្របពេលដែលជើងរបស់ខ្ញុំបានផុងចូលទៅក្នុងសាច់ក្តារបាត់ទៅហើយ។ ប្រហែលជាខ្ញុំជាន់ចំកន្លែងពុកហើយមើលទៅ។

លោកគ្រូនាយកក៏បានបញ្ឃប់ការនិយាយទូរស័ព្ទ រួចគាត់ទាញប៊ិកមកសរសេរ។ ដោយគ្មានឃើញអ្វីប្លែក ខ្ញុំដើរចូលមកបន្ទប់វិញ។

ស្អែកឡើង…

ខ្ញុំឈរសម្លឹងមើលទៅក្មេងៗដែលកំពុងតែជិះទូកមកសាលា ជាមួយនឹងអារម្មណ៍មិនបាននៅជាមួយនឹងខ្លួនសូម្បីតែបន្តិច។ ព្រឹកនេះចម្លែកណាស់ បាត់លោកគ្រូនាយកតាំងពីព្រលឹម។ ធ្លាប់តែថ្មើរណេះ គាត់ជួយសម្រួលដល់ការធ្វើដំណើររបស់សិស្សជាមួយនឹងស្នាមញញឹមជាប់ជានិច្ច។ ខ្ញុំព្យាយាមតាមរកដែរ តែមិនឃើញគាត់សោះ។

“អ្នកគ្រូ! អ្នកគ្រូ…”

ខ្ញុំងាកមើលទៅឃើញពូម្នាក់កំពុងតែចែវទូកយ៉ាងញាប់ដៃតម្រង់មកកាន់ខ្ញុំ។ ខ្ញុំស្ទុះក្រោកឈរឡើងញញឹមតបទៅគាត់វិញទាំងព្រាវ ព្រោះខ្ញុំមិនដឹងថាការស្រែកហៅខ្ញុំបែបនេះមានការណ៍អ្វីនោះទេ។

“លោកគ្រូចាន់លង់ទឹក! ឥឡូវអ្នកភូមិកំពុងតែជួយគាត់!”

ស្តាប់សម្តីពូម្នាក់នេះចប់ ខួរក្បាលរបស់ខ្ញុំកាន់តែស្មុគស្មាញលើសដើម។ សុខៗមានមនុស្សបាត់ខ្លួនរកមិនទាន់ឃើញ ចំណែកម្នាក់ទៀតបែរជាលង់ទឹកទៅវិញ។ តើខ្ញុំគួរតែធ្វើយ៉ាងណាទៅ?

“មកអ្នកគ្រូ! ចាំខ្ញុំចែវទូកជូនទៅ!”

“ចា៎!”

ខ្ញុំឆ្លើយចា៎តែមួយម៉ាត់ រួចក៏ឡើងលើទូកធ្វើដំណើរទៅរកលោកនាយក។ ពេលទៅដល់ នៅជុំវិញខ្លួនគាត់ មានអ្នកភូមិជាច្រើនកំពុងតែចោមរោមមើល។ ខ្ញុំប្រជ្រៀតគេឯងដើម្បីចូលទៅជិតគាត់។ សភាពលោកគ្រូនាយកពេលនេះមិនខុសពីកូនមាន់លក់ទឹកនោះទេ។ គាត់អង្គុយដណ្តប់ភួយមុខក្រៀមផ្អេះ។ ពេលឃើញខ្ញុំភ្លាម គាត់ប្រែទឹកមុខមួយរំពេច។

“ផល្លា! ទៅសាលាយើងវិញ”

ខ្ញុំងក់ក្បាលជំនួសពាក្យសម្តី រួចក៏នាំយកគាត់មកសាលាវិញ។ ខ្ញុំដូចជាមិនសូវហ៊ាននៅក្បែរគាត់ប៉ុន្មានទេ ព្រោះក្នុងខួរក្បាលដូចជាសង្ស័យគាត់ចំពោះការបាត់ខ្លួនរបស់មាលានៅឡើយ។

នៅក្នុងបន្ទប់ថ្នាក់រៀនតែ២នាក់ ខ្ញុំបានឱ្យសិស្សចេញទៅផ្ទះអស់ ព្រោះមិនអាចគ្រប់គ្រងសិស្សរហូតដល់៤ថ្នាក់តែម្នាក់ឯងបានទេ។ តាមពិតខ្ញុំមានសំណួរជាច្រៀនដែលចង់សួរទៅលោកគ្រូនាយក តែបបូរមាត់បែរជាមិនហ៊ានបើកសូម្បីតែបន្តិច។ ភាពក្រែងចិត្ត ភាពភ័យខ្លាច បានធ្វើឱ្យខ្ញុំក្លាយជាមនុស្សគទាំងដែលនេះមិនមែនជាទម្លាប់របស់ខ្ញុំឡើយ។ ខ្ញុំលើកទឹកក្តៅមួយកែវទៅដាក់លើតុក្បែរគាត់ រួចគិតថានិងចេញទៅដណ្តាំបាយជូនគាត់ពិសារ តែសំឡេងរបស់លោកនាយកបានឃាត់ដំណើររបស់ខ្ញុំជាប់។

“ខ្ញុំមានការណ៍ចង់និយាយជាមួយ!”

បេះដូងរបស់ខ្ញុំលោតញាប់ចង់លៀនចេញមកក្រៅ តែខ្ញុំព្យាយាមសម្រួលទឹកមុខធ្វើជាធម្មតា បែរមុខទៅរកគាត់។

“អម្បាញ់មិញខ្ញុំបានសម្លាប់ខ្លួន!…”

ខ្ញុំបើកភ្នែកធំៗប៉ុនពងមាន់។ មាត់ចំហធ្លុងហាក់និយាយអ្វីលែងចេញ។ ពាក្យថាសម្លាប់ខ្លួននេះ ភាគច្រើនគឺឮតែមនុស្សស្រីប៉ុណ្ណោះដែលធ្វើបែបនេះ។ ដោយការចង់ដឹងពីមូលហេតុ ខ្ញុំក៏សួរ

“ ហេតុអីបានជាបងធ្វើបែបនេះ? មើលទៅបងដូចជាមិនមែនជាមនុស្សមានសម្ពាធនោះទេ”

លោកគ្រូនាយកក្រោកឈរ រួចសម្លឹងមកកាន់ខ្ញុំ ហើយនិយាយបន្ថែមថា

“រឿងក្នុងចិត្តមិនអាចស្មានត្រូវត្រឹមតែការមើលលើកាយវិការខាងក្រៅនោះឡើយ។ នៅមានរឿងជាច្រើនទៀតដែលផល្លាឯងមិនទាន់ដឹងពីខ្ញុំ។ ខ្ញុំមានរឿងត្រូវសារភាព…”

កែវភ្នែករបស់ខ្ញុំកាន់តែបើកសម្លឹងមើលទៅលោកគ្រូនាយកធំជាងមុន តែត្រចៀកទាំងគូក៏កំពុងតែរងចាំស្តាប់ផងដែរ។

“ខ្ញុំជាអ្នកសម្លាប់មាលា! នាងមិនមែនគិតខ្លីសម្លាប់ខ្លួនដូចសំបុត្រនោះទេ”

ខ្ញុំថយមួយជំហាន តែកែវភ្នែកមើលទៅលោកគ្រូនាយកមិនប៉ព្រិចសោះ។ ទឹកថ្លា! ទឹកថ្លាសៗកំពុងតែបៀមនៅក្នុងត្របកភ្នែករបស់ខ្ញុំហៀបនឹងហូរស្រក់ចុះមកហើយ។ ជំហរខ្ញុំទ្រការឈឹចាប់លែងជាប់ហើយ ។ ការឈឺចាប់មួយនេះគឺធ្ងន់ខ្លាំងណាស់ ធ្ងន់រហូតធ្វើឱ្យខ្ញុំស្ងៀមទ្រឹងដូចជារូបតុក្កតាអ៊ីចឹង។

“ តាមពិតខ្ញុំគ្មានចេតនានោះទេ! ពីដំបូងមាលាឱ្យខ្ញុំជូនទៅម្តុំព្រៃដើមរាំងធំៗ។ ខ្ញុំក៏បានជូននាងទៅមែន។ ពេលទៅដល់ នាង…នាង…”

“នាងយ៉ាងម៉េច?” ខ្ញុំសួរបញ្ជាក់​ទាំងទឹកភ្នែកដក់ដាននៅលើថ្ពាល់។

“នាងបានឱ្យខ្ញុំទទួលខុសត្រូវកូនក្នុងពោះរបស់នាង។ ខ្ញុំនិងនាងធ្លាប់មានអីៗជាមួយគ្នា តែខ្ញុំមានប្រពន្ធរួចមកហើយ ទើបឆ្លើយបដិសេធ ហើយពេលនោះ…”

លោកនាយកស្ងាត់លែងនិយាយ។ ខ្ញុំមើលទៅគាត់ឃើញកំពុងតែបង្ហូរទឹកភ្នែកដូចជាខ្ញុំដែរ។ មួយស្របក់ក្រោយមក ទើបគាត់និយាយបន្តទៀត។

“ នាងគម្រាមសម្លាប់កូនចោល។ ខ្ញុំស្ទុះទៅចាប់ រួចរបូតជើងធ្លាក់នៅក្នុងទឹក។ មាលាបានហុចដងច្រវាឱ្យខ្ញុំ។ ខ្ញុំទាញខ្លាំងពេកដោយទាំងនាងធ្លាក់ក្នុងទឹកជាមួយ។ ខ្ញុំស្ទុះឡើងមកលើទូក សម្លឹងរកមើលនាងមិនឃើញទាល់តែសោះ។​ ដោយការបារម្ភ ខ្ញុំហក់ទៅរកនាង។ ឃើញហើយ ខ្ញុំក៏យកនាងដាក់លើទូក ព្យាយាមជួយសង្រ្គោះបឋមដែរតែមិនទាន់ឡើយ។ ពេលនោះ ខ្ញុំពិតជាពិបាកខ្លាំងណាស់។​ បើខ្ញុំប្រាប់អ្នកភូមិច្បាស់ជាគេថាខ្ញុំជាអ្នកសម្លាប់នាងជាក់ជាមិនខាន…

“ឯងធ្វើប៉ុណ្ណឹងហើយថាមិនសម្លាប់នាងទៀត?” ខ្ញុំលែងគោរពហើយ។ ខ្ញុំប្រើពាក្យអសុរសបែបនេះ ព្រោះថាខ្ញុំឆ្អែតខ្លាំងណាស់ចំពោះបុរសអាត្មានិយមម្នាក់នេះ។

“ត្រូវណាស់! ខ្ញុំជាអ្នកសម្លាប់នាងពិតមែន។ ខ្ញុំបានយកខ្សែចងដៃចងជើងរបស់នាងផ្អោបជាមួយនឹងគល់រាំងក្នុងទឹក រួចក៏សរសេរសំបុត្រក្លែងក្លាយចំនួនពីរ ព្រមទាំងយកម្ជុលចាក់ដៃយកឈាមលាបលើក្រដាសដើម្បីបង្វែរចំណាប់អារម្មណ៍ ។ ហើយទូរស័ព្ទ ខ្ញុំបានបោះវាចូលទៅក្នុងទឹកបាត់ហើយ”

ខ្ញុំស្ទុះដើរចូលទៅជិតបងចាន់ រួចនិយាយទាំងសម្លុត

“ឯងចងសាកសពនាងនៅដើមរាំងមួយណា ឆាប់ជូនខ្ញុំទៅភ្លាម!”

ដំបូងបងចាន់មិនព្រមជូនខ្ញុំទៅទេ តែខ្ញុំបានស្រែកហៅអ្នកភូមិឱ្យមកយ៉ាងច្រើនទើបគាត់ព្រម។ នៅភូមិបណ្តែតទឹកនេះ អ្នកភូមិមានចិត្តល្អហើយចេះជួយយកអាសារគ្នាទៀត។ ពួកគាត់បានជ្រមុជចូលជ្រៅដើម្បីរកសាកសពមាលា។ ត្រឹមតែជាង១០នាទីតែប៉ុណ្ណោះ ពួកគាត់បានរកឃើញ ហើយស្រង់នាងឡើងមកលើទូក។ សភាពសាកសពរបស់នាងនៅពេលនេះគឺពិបាកមើលខ្លាំងណាស់។ ខ្មោចស្លាប់បីថ្ងៃនៅក្នុងទឹកគឺហើមរលេះរលួយខ្លះៗបាត់ទៅហើយ។

“មាលា!មាលាមិត្តសម្លាញ់! ហេតុអីបានជាឯងអាយុខ្លីយ៉ាងនេះ? ឯងធ្លាប់ប្រាប់ខ្ញុំថា ឯងចង់ក្លាយទៅជាគ្រូបង្រៀនក្របខណ្ឌ។ ឯងក៏បាននិយាយទៀតថា ទ្រាំតែ១ឆ្នាំទៀតទេ យើងនឹងបានវាហើយ តែ…ពេលនេះ ម៉េចបានជាឯងគេងមិនកម្រើកបន្តិចសោះអ៊ីចឹង។ ខ្ញុំមិនអាចរស់នៅដោយគ្មានឯងបានទេ…ហ៊ឺ…”ទឹកភ្នែកជាច្រើនតំណក់បានហូរស្រក់មកជំនួសភាពឈឺចាប់ដែលមិនអាចគណនាបាន។ មិនដឹងថាមុននឹងស្លាប់តើនាងវេទនាយ៉ាងណានោះទេ។ ចុះកូនក្នុងផ្ទៃរបស់នាងវិញ តើគ្នាវេទនាយ៉ាងណាមុននឹងស្លាប់? គិតមកដល់ត្រឹមនេះ ខ្ញុំក៏ប្រែជាខ្សោះទន់ដៃទន់ជើងទម្លាក់សពមាលាចុះទាំងមិនដឹងខ្លួន។ លោកគ្រូនាយកស្ទុះមកត្រកងសពមាលាជំនួសខ្ញុំ តែខ្ញុំគ្រវាសដៃចេញ។

“លែង! ឯងជាឃាតកៈសម្លាប់មិត្តខ្ញុំ។ អាឃាតកៈឈាមត្រជាក់។ សូម្បីតែស្រ្តីទន់ខ្សោយមានកូនក្នុងផ្ទៃក៏ឯងហ៊ានលើកដៃសម្លាប់ដែរ។ ឯងជាមនុស្សឬក៏ជាសត្វធាតុដែលហ៊ានសម្លាប់សូម្បីតែកូនខ្លួនឯងបង្កើត…”

“ជេរទៅ! សម្លាប់ខ្ញុំក៏បានដែរ។ ខ្ញុំទទួលទោសគ្រប់បែបយ៉ាង។ ខ្ញុំជាឃាតកៈ…”

ព្រាក…

ផ្លេកបន្ទោរឥតស្រទុំបានបំភ្លឺឡើងកាត់ផ្ទៃមុខ ធ្វើឱ្យអ្នកភូមិស្រែករកពុទ្ធោគ្រប់គ្នា។ ខ្ញុំសម្លឹងមើលទៅផ្ទៃមេឃ ឃើញតែកូនពពកតូចខ្មៅមួយដុំតែប៉ុណ្ណោះ។

“ឆាប់យកគាត់ទៅសាលាទៅ កុំនៅយូរទៀត។ ខ្មោចស្លាប់ពពោះអ៊ីចឹងកាចសាហាវណាស់”

“មកហើយ! មកហើយ…ខ្មោចនាងមាលាមកហើយ!” លោកគ្រូនាយកអង្គុយញ័រទទ្រើកហាក់បីដូចជាធ្លាប់ត្រូវខ្មោចមាលាសម្លាប់លងអ៊ីចឹង៕

ភាគបន្តនិងមកដល់ឆាប់ៗនេះ…