រឿង៖ កេសាចងពៀរ

ខ្ញុំបែរភ្នែកសម្លឹងទៅផ្ទះសម្រាប់ស្នាក់ ម៉ូតបុរាណកម្ពស់ពីរជាន់ ទីធ្លាធំទូលាយ តាមបង្អួចឡានទាំងក្នុងចិត្តច្រាស់ច្រាល់យ៉ាងម៉េចក៏មិនដឹង។ ខ្ញុំចុចបើកបង្អួចឡានសន្សឹមៗ ដើម្បីមើលទិដ្ឋភាពផ្ទះបុរាណមួយខ្នងនេះឱ្យបានច្បាស់។ ជុំវិញផ្ទះនេះពោរពេញដោយដើមឈើហូបផ្លែនិងផ្កាចម្រុះព័ណ៌។ មួយរំពេចនោះក្លិនអ្វីម្យ៉ាងចូលមកបបោសនាសារបស់ខ្ញុំឱ្យក្រអូបត្រជាក់ដល់សួត។ យូរបន្តិចទើបខ្ញុំដឹងថាក្លិននោះគឺជាក្លិនផ្កាចេកទុំ ដែលក្រអូបឈ្ងុយឈ្ងប់នៅវេលាល្ងាចថ្មើរនេះ។ ខ្ញុំក្រឡេកមើលផ្ទះនេះម្ដងហើយម្ដងទៀត ជាមួយនិងអារម្មណ៍ពិបាកនឹងបរិយាយ ស្រាប់តែពូតៃកុងឡានហៅខ្ញុំធ្វើឱ្យខ្ញុំភ្ញាក់មិនស្ទើរនោះទេ៖

«លោកគ្រូតូច! កាលចុះ? លោកគ្រូអ្នកគ្រូនាំគ្នាចុះទៅអស់ហើយ!» ខ្ញុំក្រឡេកមើលឆ្វេងស្ដាំឃើញរលីងធេង។ មិត្តៗរបស់ខ្ញុំចុះអស់ទៅតាំងពីពេលណាក៏មិនដឹង។​ ខ្ញុំប្រញាប់ទាញកាបូបយកមកស្ពាយញញឹមដាក់គាត់បន្តិចទើបចុះចេញទៅក្រៅ។ ភ្លេចប្រាប់ទៅ! ខ្ញុំគឺប៊ុនយ៉ុងជាប្រុសសង្ហា…អូហូ! ល៏លេងទេ (ហិហិ)។ ថ្ងៃនេះខ្ញុំពិតជារីករាយណាស់ដែលបានធ្វើដំណើរកម្សាន្តជុំមិត្តភក្តិមកខេត្តសៀមរាប បន្ទាប់ពីបានប្រឡងបញ្ចប់ឆមាសទី១ ឆ្នាំទី២នៅវិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង ទាំងដែលសព្វដងគម្រោងជិត២០០គម្រោងតែគ្មានកើតការណ៍មួយទេ។     ពួកយើងមានគ្នាទាំងអស់៨នាក់គិតទាំងពូតៃកុងឡាន។ ពួកស្រីៗរួមមាន ប្រ៉ាពី​ សៀវអឺនិងកាន។ ចំណែកឯពួកប្រុសៗវិញរួមមាន អាប៉ម អាយីន ខេមរាហើយនិងខ្ញុំ។ ពួកយើងមកពីខេត្តផ្សេងៗគ្នាហើយមករៀនគ្រូ១២+៤ជុំគ្នា នៅវិទ្យាស្ថានគរុកោលស្យ។ ទោះបីជាទើបនឹងស្គាល់គ្នាមកជាងមួយឆ្នាំ តែមិត្តភាពវិញចាក់ទឹកមិនលិចទេ ព្រោះតែចរិតដូចគ្នានោះហើយ។ ខ្ញុំនឹកស្ដាយដែរ ព្រោះបើសិនជាមកចំថ្ងៃចូលឆ្នាំ   ម្ល៉េះសមបានមកអង្គរសង្រ្កាន្តបាត់ទៅហើយ។ ប៉ុន្តែបើចាំដល់ពេលហ្នឹង ពួកយើងមុខជាចែកជើងគ្នាទៅផ្ទះអស់ទៅហើយដែរ។ ការពិតទៅពួកយើងមកដល់ខេត្តសៀមរាបតាំងពីម៉ោង១១ថ្ងៃត្រង់     ហើយក៏ទៅញ៉ាំបាយនៅម្ដុំមុខអង្គរ បន្ទាប់មកក៏បន្តដើរទស្សនាប្រាសាទអង្គរវត្តដែលជាអច្ឆរិយវត្ថុក្នុងលោក រួចទើបជិះចេញពីប្រាសាទអង្គរវត្តដើម្បីមករកផ្ទះសំណាក់គេង។ ប្រាកដណាស់! ផ្ទះសំណាក់គឺជាផ្ទះបុរាណនៅចំពោះមុខខ្ញុំនេះឯងហើយគ្រប់គ្នាហៅថាផ្ទះសំណាក់របៀបនេះថា “ផ្ទះស្នាក់សហគមន៍”។

នៅខាងលើផ្ទះបុរាណ…

ខ្ញុំឈានជើងឡើងលើផ្ទះបុរាណមួយខ្នងនេះ តាមជណ្ដើរឈើដែលរចនាដោយបង្កាន់ដៃយ៉ាងស្រស់ស្អាតបន្តពីក្រោយមិត្តរបស់ខ្ញុំនិងម្ចាស់ផ្ទះ ទាំងពាំនាំនូវអារម្មណ៍ចម្លែករកថាមិនត្រូវ។ នៅខាងមុខមានហោណាំងសម្រាប់អង្គុយលេង ដែលនៅចំហៀងនោះមានបន្ដោងផ្កាអ័រគីដេបញ្ចេញផ្ការីកស្គុះស្គាយ។ នៅអមសងខាងទ្វារចូលទៅខាងក្នុងផ្ទះបុរាណនេះ មានដាក់តាំងថូឈើពីរធំៗ ប្រហែលជាត្រឹមដើមទ្រូងខ្ញុំប្រកបដោយក្បាច់រចនាយ៉ាងវិចិត្រ។ ឆ្លងផុតពីទ្វារដែលរំលេចដោយវាំងននរំផាយផាត់ ក៏ចូលទៅដល់ខាងក្នុងផ្ទះដែលមានសភាពធំទូលាយ ហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ដំបូងគេនោះគឺសសរផ្ទះមូលធំរលោងស្រិល ហើយបើងើយទៅលើនឹងឃើញមានបន្ដោងចង្រ្កៀងមួយដែលមានសភាពចាស់ណាស់ទៅហើយ។

«ទាំងអស់គ្នាប្រញាប់តាមខ្ញុំមក!» សំឡេងស្រួយស្រែសច្បាស់ៗរបស់នារីម្ចាស់ផ្ទះវ័យ២០ក្រាស់ឈ្មោះភីនបន្លឺឡើងមក។ ម្នាក់ៗក៏ដើរតាមបងស្រីម្ចាស់ផ្ទះរហូតទៅដល់បន្ទប់មួយ​។ គាត់បើកទ្វារបន្ទប់ហើយហួសទៅបើកបង្អួច ទើបស្រដីមួយៗតាមចរិតរមទម្យរាក់ទាក់របស់គាត់៖

«នេះជាបន្ទប់សម្រាប់ស្រីៗ!» ពួកស្រីៗនាំគ្នាមើលសភាពក្នុងបន្ទប់ទាំងភ្លឹក ព្រោះរៀបចំបានស្អាតបាតគួរឱ្យចង់គេង។ សៀវអឺដែលចាប់អារម្មណ៍រឿងទេសភាពនិងការថតរូបក៏ស្ទុះទៅមាត់បង្អួចដែលគ្មានចម្រឹងនោះញញឹមលាដៃទាំងពីររបៀបស្រូបយកខ្យល់អាកាសបរិសុទ្ធ៖

«Wow! ហើយមើលឃើញភ្នំទៀត!»  ខ្ញុំចាប់ភ្លឹកមើលទៅទ្វារមួយនៅចំហៀងនោះ

«ចុះទ្វារនេះវិញបង?» បងភីនងក់ក្បាលតិចៗ ដើរទៅបើកទ្វារនោះផងទាំងនិយាយ

«អ៎! គឺទ្វារទៅបន្ទប់ទឹក!» ខ្ញុំ ប៉ម យីន និងខេមរា ដើរទៅអើតមើលតាមទ្វារនោះចេញទៅក្រៅឃើញបន្ទប់ទឹកមួយដែលសង់ខ្ពស់ស្មើនឹងផ្ទះធំរៀបចំយ៉ាងស្អាត។  

បងភីនញញឹមស្រាល៖

«ចំណែកបន្ទប់ប្រុសៗវិញនៅខាងណេះ!» ពួកយើងក៏ដើរតាមបងភីនទាំងភ្នែកគន់មើលសព្វគ្រប់នៅលើផ្ទះបុរាណមួយនេះ។ ខ្ញុំទាក់ភ្នែកនឹងវត្ថុប្រើប្រាស់ជំនាន់សង្គមចាស់ដូចជាខ្សៀ កញ្ចក់ ជើងពាន ឆ្នាំងស្ពាន់ និងសម្ភារៈជាច្រើនទៀត ដែលដាក់តាំងលម្អនៅតាមកន្លែងផ្សេងៗគ្នាពេញក្នុងផ្ទះបុរាណនេះតែម្ដង។ អ្វីដែលពិសេសហើយទាក់ភ្នែកទាក់ចិត្តខ្ញុំជាងគេនោះគឺបណ្ដារូបថតជាច្រើនផ្ទាំងដែលដាក់ព្យួរនៅតាមជញ្ជាំង ដែលសុទ្ធតែជារូបថតសខ្មៅចាស់ៗពីជំនាន់មុន។ ខ្ញុំរួសរាន់សួរបងភីនដោយការចង់ដឹង៖

«បង!និយាយចឹងផ្ទះបងនេះសង់មកយូរហើយអ្ហេស?» បងភីនរក្សាទឹកមុខញញឹមស្មើ

«ចាស! ប្រវត្តិនៃផ្ទះបងនេះគឺលោកតាទួតបងជាអ្នកសាងសង់តាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ ប៉ុន្តែផ្ទះចាស់គឺមានទំហំតូចជាងនេះ!» គាត់បន្តដើរទៅមុខពួកយើងក៏បន្តដើរតាមគាត់ដែរ។

បងភីនបន្តប្រយោគទាំងងាកមកពួកយើងបន្តិចផង៖

«នៅសម័យកម្ពុជាប្រជាធិបតេយ្យ ផ្ទះលោកតាទួតបងក៏ត្រូវបានគេដុតបំផ្លាញចោល! (គាត់អាក់សម្ដីបន្តិច) លុះក្រោយមកលោកតារបស់បងក៏សាងសង់ផ្ទះថ្មីមួយខ្នងទៀតនៅលើទីតាំងចាស់ដដែលដោយយកលំនាំរចនាបថបុរាណ! ផ្ទះនេះក៏បន្តមកដល់ជំនាន់ពុករបស់បងហើយបន្ទាប់ពីពុកបងអនិច្ចកម្មទៅ ​ បងនិងម៉ែក៏សម្រេចចិត្តរួមគ្នាចងក្រងផ្ទះរបស់បងជាមួយនិងផ្ទះអ្នកភូមិដែលជិតៗគ្នានេះឱ្យក្លាយទៅជាផ្ទះស្នាក់សហគមន៍ ដែលស្ថិតក្រោមការបង្ហាត់បង្ហាញនិងការផ្ចុងផ្ដើមពីលោកចៅហ្វាយស្រុក!» ពួកយើងម្នាក់ៗនាំគ្នាងក់ក្បាលជក់ចិត្តនឹងការអធិប្បាយរបស់បងភីន។

កានក៏វាចាហាក់ដូចជាភ្ញាក់ផ្អើលណាស់៖

«ពួក​ឯង! មកមើលកន្ទុយក្ងោកនិងសម្បកសត្វពង្រូលអ្ហេក!» ម្នាក់ៗដើរទៅតាមកាន។ បងភីនក៏និយាយប្រាប់យើងពីសត្វពង្រូល។

សៀវអឺថតរូបបួនប្រាំប៉ុស្តិ៍ទើបងាកមកចំអន់ខេមរា៖

«នេះ! ស្រីខេមរាយើងនេះ ឃើញប្រុសខ្វេរខុបខ្វង់ដូចពង្រូលហ្នឹងចឹង!» ខេមរាជាមនុស្សប្រុសតែមានចរិតញ៉េកៗដូចជាមនុសុ្សស្រីក៏ចាប់សម្លក់មិត្តបញ្ចេញសំនៀងបែបអ្នកសៀមរាប

«ស្ដុយចុះយាយប៉ិនេះ? ឯងមិនដេងស្ដុយ (ដឹងស្អី) ផង!» កានជ្រួញចិញ្ចើម

«ចេះតែថាហើយអាអឺអ្ហក!…ខេមរាគ្នាឡើងដូចសំពត់ក្នុងផ្នត់នៀក!» ប្រ៉ាពីចាប់បន្ទរ

«មាត់មិនចង់ហាចង្កាមិនចង់បើកឱ្យដូចសំពត់ក្នុងផ្នត់បើកមកសុទ្ធតែកន្លាត! ហាសហា..!»

សំឡេងសើចបន្លឺឡើង តែម្នាក់ៗមិនហ៊ានសើចខ្លាំងៗតាមទម្លាប់នោះទេ ព្រោះតែក្រែងចិត្តម្ចាស់ផ្ទះ។ ខ្ញុំគ្រវីក្បាលសើចតិចៗហួសចិត្តនឹងពួកវាពូកែណាស់អាខាងចំអន់គ្នាឡប់ឆ្គួតអីអស់ហ្នឹង។ មើលចុះសូម្បីតែបងភីនក៏ទប់សំណើចមិនបានដែរ។​ នេះហើយជាចរិតមិត្តរបស់ខ្ញុំ។ រឿងផ្សេងមិនដឹងទេ តែបើខាងឡប់ឆ្គួតវិញអ្ហេស និយាយបានថាអាចចូល Top(លំដាប់) ប្រចាំវិទ្យាស្ថានហើយ។ ប៉មធ្វើជាឱបខេមរារបៀបលេងសើច៖

«ស្អីទេពួកនេះ! ប្រពន្ធយើងសុភាពសឹងអី!» ខេមរាសើចអៀនរឹងខ្លួនរើពីរង្វង់ដៃអាប៉ម

«លេងស្ដុយចុះប៉ម!» ម្នាក់ៗនាំគ្នាសើច។

អាយីនដែលស្ងាត់មកជាយូរក៏បន្លឺសំឡេង៖

«ណកៗ!…មុខក្រហមហើយខេមរា! ហាសហា…!» អាប៉មវាបូញមាត់

«ធើអៀនប្ដីអីណ៎ា យប់ឡើងគេងឱបគេរហូតសោះ!» សៀវអឺចាប់បន្ថែមទាំងធ្វើសំឡេង

«អ្ហេ៎!…គេក្រមុំអ្ហាសខ្លួនឯង មកប៉ះគេផ្ដេសផ្ដាស ប្ដឹងឡូវហ្នឹង!» សំឡេងសើចក៏បន្លឺឡើងមកតិចៗតាមទម្លាប់របស់ពួកវាដែលចូលចិត្តលលេងជាមួយខេមរា។

«កុំប៉ះរូប!» សំឡេងបងភីនលាន់ឮឡើងមកខ្លាំងៗធ្វើឱ្យគ្រប់គ្នាភ្ញាក់ស្រឡាំងកាំងសឹងតែលស់ព្រលឹង។ ម្នាក់ៗ​បែរទៅតាមក្រសែភ្នែករបស់បងភីនដែលតម្រង់មករកខ្ញុំ ព្រោះអម្បាញ់មិញខ្ញុំបានទៅមើលកន្ទុយក្ងោកនិងសម្បកពង្រូលបន្តិច ហើយក៏ទាក់ភ្នែកនឹងរូបថតមួយស្អាតប្លែកទើបដើរមកមើលម្នាក់ឯងស្ងាត់ៗ។ ដោយទាក់ចិត្តនឹងរូបស្ត្រីក្នុងរូបថតដែលស្លៀកពាក់ក្នុងឈុតសម័យសង្គមរាស្ត្រនិយមសក់វែងដល់ត្រគាកខ្លាំងពេក ខ្ញុំក៏បម្រុងនឹងលើកដៃទៅស្ទាបរូប តែបងភីនឃើញទាន់ក៏ស្រែកសន្ធាប់ឃាត់ឡើងមក។ ខ្ញុំសម្លឹងបងភីនភ្លឹះៗចាប់ស្រដី៖

«អឺ…ឱ្យខ្ញុំទោសផងបង…គឺខ្ញុំ…» បងភីននិយាយកាត់ខ្ញុំភ្លាម

«មិនអីទេ! មុននេះឱ្យបងសុំទោសផងដែលបងសម្ដីខ្លាំង!»

ខណៈបងភីនភ្លេចខ្លួនសៀវអឺក៏លួចថតរូបនារីក្នុងរូបថតគ្រឹប។ បងភីនបន្តវាចាមួយៗ៖

«នេះគឺជារូបលោកយាយទួត ដែលត្រូវជាប្អូនបង្កើតលោកតាទួតរបស់បង! រូបនេះ……»

ក្ឌុក!! ខ្ពោក!! (សំឡេងជ្រុះរបស់) ម្នាក់ៗភ្ញាក់ផ្អើលឡើងមកជាថ្មី។ ក្រលេកឃើញថូផ្កាដែលធ្លាក់ផ្ការប៉ាត់រប៉ាយ បងភីនក៏ទៅប្រមូលផ្ការៀបចំទុកដាក់ ឆ្លៀតងើបមកមើលពួកយើង៖

«ពួកអូនប្រញាប់ទៅងូតទឹករៀបចំខ្លួនទៅ ន្អាលបានញ៉ាំបាយ! ម៉ែបងជាអ្នករៀបចំម្ហូបទាំងអស់ឱ្យពួកអូនណ៎ា!» ពួកយើងនាំគ្នាងក់ក្បាល

«បាទ! ចាសបង!»

ពួកយើងទាំងអស់គ្នាក៏បំបែកគ្នាទៅបន្ទប់តាមប្រុសៗនិងស្រីៗរៀងៗខ្លួន។ បន្ទាប់ពីងូតទឹករៀបចំខ្លួនរួចស្រួលបួលមេឃក៏ចាប់ងងឹតល្មម។ ពួកយើងទាំងអស់គ្នាទៅញ៉ាំអាហារពេលល្ងាចដែលចម្អិនយ៉ាងពិសេសដោយថ្វីដៃអ៊ំភីម។ ម្ហូបស្នាដៃអ៊ំភីមមានរសជាតិឆ្ងាញ់ប្លែក។ មើលទៅភ្ញៀវដែលបានមកស្នាក់នៅផ្ទះគាត់ ច្បាស់ជាជាប់ចិត្តនឹងម្ហូបស្នាដៃគាត់ជាក់ជាមិនខាន។ បន្ទាប់ពីញ៉ាំអាហារពេលល្ងាចរួច ពួកយើងត្រលប់មកបន្ទប់សម្រាករៀងៗខ្លួនវិញ។

នៅបន្ទប់ប្រុសៗ…

ប៉ម និងយីននាំគ្នាដេកលេងគងអន្លាក់ខ្លា scroll(អូស) ទូរសព្ទចុះឡើង។ ចំណែកឯខេមរាកំពុងតែអានសៀវភៅនៅជិតបង្អួចយ៉ាងយកចិត្តទុកដាក់។ ខ្ញុំដែលកំពុងជូតសក់ឱ្យស្ងួតក្រោយពីងូតទឹកម្ដងទៀតរួច ចាប់និយាយ៖

«អ្ហេពួកឯង!» ពួកវាចោលភ្នែកសម្លឹងមកខ្ញុំបន្តិច។

ខ្ញុំចាប់បន្តទាំងជ្រួញចិញ្ចើម៖

«មានឆ្ងល់អត់?» យីនទម្លាក់ទូរសព្ទធ្វើមីងមាំង

«ឆ្ងល់អីប៊ុនយ៉ុង?» ប៉ម ខេមរា និងយីនសម្លឹងមកខ្ញុំក្រឡង់។

ខ្ញុំយកដៃឈ្លីសក់ស្រដី៖

«ផ្ទះនេះមានតែពួកយើងមកស្នាក់ទេអ្ហេស?» ម្នាក់ៗដូចជាទើបនឹងចាប់ភ្លឹក។

ប៉មចាប់ដេកទ្រោបលើពូកវិញទាំងទ្រឹងបន្តិចទើបនិយាយ៖

«ហ្នឹង! ឃើញតែពួកយើងមែនតើ!» ខេមរាយកដៃខ្ទាស់សៀវភៅស្រដី

«ផ្ទះស្នាក់សហគមន៍…ភ្ញៀវតិចចឹងឯង! ភ្ញៀវផ្សេងទៀតគេក៏ចូលស្នាក់នៅផ្ទះស្នាក់ផ្សេងទៀត! មានអីចម្លែក!» យីនងក់ក្បាលយល់ស្របនឹងខេមរា។ ម្នាក់ៗក៏បន្តសកម្មភាពរៀងៗខ្លួន ខុសប្លែកតែខ្ញុំដែលមានអារម្មណ៍ចម្លែកឡើងៗយ៉ាងម៉េចក៏មិនដឹង។ អ្វីដែលសំខាន់នោះគឺរូបថតដែលបងភីនស្រែកឃាត់ខ្ញុំល្ងាចមិញ។ ការពិតខ្ញុំបានប៉ះអង្អែលរូបនោះមុនបងភីនឃើញខ្ញុំទៅទៀត លុះខ្ញុំដកដៃចេញទើបគាត់បានឃើញហើយក៏ស្រែកឃាត់ខ្ញុំ។ ស្ត្រីក្នុងរូបស្លៀកពាក់ឈុតសម័យសង្គមរាស្ត្រនិយមអាវរំផាយពណ៌សតែទម្លាក់សក់វែងអន្លាយហួសត្រគាក។ ប៉ុន្តែនៅពេលខ្ញុំដើរចេញពីរូបថតមួយផ្ទាំងនោះ អ្វីដែលខ្ញុំចាប់បានមួយក្រលេកនោះគឺត្រចៀករបស់គាត់ដែលមានសៀតផ្កា។ មែនហើយ! នោះគឺជាផ្កាចេកទុំ។ គ្រាន់តែស្មានក៏ដឹងដែរថាគាត់ស្រឡាញ់សក់និងផ្កាចេកទុំកម្រិតណានោះ។ រ៉ឺងៗ..សំឡេងទូរសព្ទខ្ញុំរោទ៍ឡើងមក។ ខ្ញុំប្រញាប់ចេញមកនិយាយទូរសព្ទជាមួយម៉ែនៅយ៉ខាងមុខផ្លូវចូលបន្ទប់របស់ខ្ញុំ។ មួយសន្ទុះធំទើបខ្ញុំបន្លឺសំឡេង៖

«បាទម៉ែខ្ញុំដឹងហើយ! ចឹងបានហើយម៉ែ!» ខ្ញុំទម្លាក់ទូរសព្ទទាំងដកដង្ហើមធំៗសម្លឹងកាត់ទេសភាពខាងមុខផ្លូវចូលផ្ទះស្នាក់នេះដែលបំភ្លឺដោយពន្លឺព្រះចន្ទព្រាលៗនារាត្រីខែខ្នើត។ ម៉ែគាត់ទូរសព្ទមកតឿនខ្ញុំថាដើរផ្លូវឆ្ងាយមិនត្រូវមាត់កផ្ដេសផ្ដាសអ្វីនោះទេ ហើយសំខាន់មុនគេងនៅផ្ទះស្នាក់គឺត្រូវសុំការអនុញ្ញាតសុំសុខសប្បាយពីអ្នកថែរក្សាផ្ទះរបស់គេជាមុនសិន។ ខ្ញុំចង់សើចបន្តិចអីបន្តិចព្រោះខ្ញុំមិនសូវជាមានជំនឿខាងរឿងអ៊ីចឹងៗអីទេ។ ទោះបីជាយ៉ាងណាខ្ញុំមានជំនឿយ៉ាងមុតមាំលើអំពើល្អ​ ហើយខ្ញុំជឿថាបើយើងមិនបំពានអ្នកណា គេក៏មិនបំពានយើងដែរ ព្រោះគ្រប់មនុស្សសត្វទាំងអស់គឺសុទ្ធតែចង់រស់នៅសុខកាយសប្បាយចិត្ត អ៊ីចឹងហើយការមានមេត្តាចំពោះគ្នាគឺជារឿងចាំបាច់បំផុត។ បើខ្វះមេត្តាចំពោះគ្នាហើយប្រាកដជាឈ្លោះទាស់ទែងកាប់ចាក់គ្នាមិនខានឡើយ។ បម្រុងនឹងដើរចូលបន្ទប់វិញ ស្រាប់តែខ្ញុំហាក់ដូចជាឃើញស្រមោលអ្វីក៏មិនដឹងដើរចូលទៅខាងក្នុងផ្ទះធំតាមរយៈកន្ទុយភ្នែក។ ខ្ញុំឈរធ្មឹងបន្តិចទាំងចម្លែកចិត្តតែក៏សម្រេចចិត្តចូលក្នុងបន្ទប់ជំនួសវិញព្រោះខ្ញុំមានអារម្មណ៍ថាខ្ញុំព្រិលភ្នែកដោយខ្លួនឯងប៉ុណ្ណោះ។

ម៉ោងជិត១១យប់…

ខ្ញុំគេងមិនលក់សោះដូចជារសេះរសោះក្នុងខ្លួនយ៉ាងម៉េចមិនដឹង។ ខ្ញុំដែលគេងនៅខាងឆ្វេងដៃបង្អស់ក៏បែរទៅមើលទៅខាងស្ដាំដៃ ឃើញអាប៉ម ខេមរានិងអាយីនដេកលក់ស្ងាត់ឈឹង។ ខ្ញុំសំងំគេងរៀបនឹងគេងលក់ទៅហើយស្រាប់តែខ្ញុំមានអារម្មណ៍ថាត្រជាក់ឡើងមក។    ចំហាយត្រជាក់ចូលមកលោមព័ទ្ធខ្លួនខ្ញុំ។ ខ្ញុំចាប់ចម្លែកចិត្ត “ក្រែងមិនបានបើកកង្ហារឯណា​ ហើយបង្អួចក៏មិនបានបើកទៀត ហេតុអីក៏មានអារម្មណ៍ថាត្រជាក់ប្លែកបែបនេះ”? ខ្ញុំខ្ជិលគិតច្រើនក៏ទាញភួយពីប៉មយកមកដណ្ដប់។ ប្រមាណជាដប់នាទីក្រោយមកសោតៈរបស់ខ្ញុំហាក់បានឮសំឡេងអ្វីម្យ៉ាង។ ដំបូងឮតិចៗលុះក្រោយមកក៏ឮខ្លាំងឡើងៗហាក់ដូចជានៅជាប់នឹងត្រចៀក។ សំឡេងនោះដូចជាលាន់ឮពីខាងស្ដាំដៃខ្ញុំ។ ខ្ញុំរអ៊ូទាំងមិនបើកភ្នែកគិតថាជាអាប៉មព្រោះថាវាអ្នកដេកជាប់នឹងខ្ញុំ៖

«ស្អីអាប៉ម មកសំងំដេកយំស្អីអ្ហាស? សង្សារបែកចិត្តអ្ហី? ដេកទៅអានេះ សាំមែន!»

សំឡេងដូចជាមនុស្សយំនោះក៏ស្ងាត់មែន។ ខ្ញុំហួសចិត្តនឹងអាប៉មដែលមកដេកយំមើលតែមនុស្សស្រីខកចិត្តដូចក្នុងបទចម្រៀង ដែលមិត្តខ្ញុំនៅវិទ្យាស្ថានម្នាក់ទៀតតែងស្ដាប់និងច្រៀងគឺបទ “ទឹកភ្នែកសម្ងាត់” ស្អីគេនោះ។ មួយសន្ទុះស្រាប់តែសំឡេងហាក់ដូចជាមនុស្សលួចយំនោះក៏បន្លឺឡើងមកជាថ្មី៖

«ហ៊ឹកហ៊ឺ…!» ម្ដងនេះសំឡេងដូចជាគ្រលួចល្អណាស់ មិនសមជាសំឡេងមនុស្សប្រុសនោះទេ ហើយប្រភពសំឡេងដែលខ្ញុំកំណត់បានទៀតសោតគឺមិនមែននៅស្ដាំដៃខ្ញុំទៀតឡើយតែហាក់បន្លឺឡើងពីចុងជើងខ្ញុំម្ដង។ ខ្ញុំចាប់មានអារម្មណ៍មិនស្រួលហើយបែកញើសឡើងមក។ បេះដូងខ្ញុំលោតញាប់មិនដឹងថាប៉ុន្មានរយដងក្នុងមួយនាទីទេ។ ខ្ញុំពង្រឹងអារម្មណ៍ខ្លួនឯង ព្រោះខ្ញុំអាចនឹងរវើរវាយស្ដាប់ច្រឡំដោយខ្លួនឯង ប៉ុន្តែសំឡេងខ្សឹកខ្សួលនោះនៅតែបន្តឮមិនឈប់។ ខ្ញុំលេបទឹកមាត់ក្អឹក។ ម្ដងនេះស្អីក៏ស្អីទៅ សំខាន់គឺខ្ញុំត្រូវតែបើកភ្នែកមើលឱ្យប្រាកដក្នុងចិត្ត។ ខ្ញុំស្ទាក់ស្ទើរឡើងមក។ ចិត្តមួយហានក្លា​ ចិត្តមួយទៀតក៏កំសាក។ ខ្ញុំខាំមាត់តិចៗ “ជាមនុស្សប្រុសដាច់ខាតត្រូវតែក្លាហាន”។ ខ្ញុំបើកភ្នែកតិចៗទាញទូរសព្ទយកមកចុចបើកពិល ហើយឆួលទៅចុងជើង។ ខ្ញុំផ្អៀងផ្អងជាច្រើនដងដើម្បីកំណត់ទិដ្ឋភាពនៅចុងជើងខ្ញុំនោះ។ ឆ្លងកាត់តាមរយៈស្បៃមុង ខ្ញុំបានឃើញ…នៅលើកៅអីមុខកញ្ចក់…រលោង…រលោង…សក់អ្ហេស…ផាំងៗ!

«ហ៊ើយ!» ខ្ញុំស្រែកឮគួរសមព្រោះភ្ញាក់ផ្អើលពេក។ ខ្ញុំក្រលេកទៅបង្អួចឃើញកំពុងយោលយោក។ ការពិតគឺជាសំឡេងបង្អួចបោកនឹងជញ្ជាំងផ្ទះសោះ។ ខ្ញុំស្រឡាំងកាំងជាថ្មី “ក្រែងខេមរាបិទបង្អួចអស់ហើយតើ ព្រោះខេមរាថាខ្លាចមិនហ៊ានឱ្យបើកបង្អួចពេលគេងយប់ទេ​ ចុះម៉េចបានជាបង្អួចរបើកបាន ឬក៏ខេមរាចាក់គន្លឹះមិនជាប់”។ ផ្លេក! ពន្លឺផ្លេកបន្ទោរចាំងចូលតាមចន្លោះបង្អួចលាយឡំនឹងសំឡេងផ្គរផង។ ខ្ញុំសសៀរៗបើកមុងចុះពីគ្រែទាំងកាន់ទូរសព្ទឆួលពិលឆ្ពោះទៅរកកុងតាក់ភ្លើងនៅសសរ។ “អ្ហេស! ដាច់ភ្លើង!” ខ្ញុំចុចកុងតាក់បិទបើកទាំងឧទានក្នុងចិត្ត។ មិនបង្អង់យូរខ្ញុំក៏បោះជំហានទៅបិទបង្អួចទាំងប្រញាប់ប្រញាល់។ ខ្ញុំក្រឡេកភ្នែកចេញក្រៅ ផ្ទៃមេឃងងឹតព្រាលៗ។ ខ្ញុំចាប់សម្លឹងចុះក្រោមវិញហើយក៏ភ្ញាក់ព្រើតដូចគេជះទឹកកណ្ដាលមុខ។ ខ្ញុំចាប់ស្រឡាំងកាំងស្លុតស្លឹងទ្វេដងព្រោះនោះគឺ…ប្រ៉ាពី។ ខ្ញុំឈរទ្រឹងដូចជាប់ជីពចរនិយាយម្នាក់ឯង៖

«នេះប្រ៉ាពីឈរធ្វើស្អីនៅខាងក្រោមទាំងកណ្ដាលអាធ្រាតហ្នឹង?!» ឆ្ងល់បានត្រឹមតែឆ្ងល់ព្រោះមិនមាននរណាអាចស្រាយចម្ងល់ខ្ញុំបានឡើយ។ ខ្ញុំខំផ្អៀងផ្អងបន្តិចទាំងជ្រួញចិញ្ចើមជាប់ “នេះបាត់ប្រ៉ាពីទៅណាហើយ?” ។ ទីបំផុតខ្ញុំក៏សម្រេចចិត្តថាចុះទៅក្រោមតាមប្រ៉ាពីតែម្នាក់ឯង។ ខ្ញុំបោះជំហានស្រាលៗទាំងដៃក្ដោបទូរសព្ទបញ្ចាំងពិលយ៉ាងជាប់។ មកដល់ហោណាំងខាងមុខខ្ញុំទុចដំណើរ។ ឃានវិញ្ញាណរបស់ខ្ញុំបានប្រាប់ខ្ញុំថាកំពុងធុំក្លិនក្រអូបអ្វីម្យ៉ាង។ ខ្ញុំបញ្ជាខួរក្បាលឱ្យបកស្រាយក្លិននេះ។ ខ្ញុំភ្ញាក់បន្តិចព្រោះនោះគឺជាក្លិនផ្កា…ផ្កាចេកទុំដែលខ្ញុំបានធុំតាំងពីមកដល់ទីនេះដំបូងម្ល៉េះ។ អ្វីដែលសំខាន់នោះគឺពេញមួយល្ងាចនេះខ្ញុំខំក្រឡឹងរកមើលដើមផ្កាចេកទុំដែរ តែដូចជាមិនប្រទះភ្នែកសោះ។ ចុះមកដល់ក្រោមខ្ញុំគ្រលាសភ្នែកឆ្វេងស្ដាំបន្តិចតែក៏នៅបន្តដើរទៅមុខរឿយៗ។ វឹប!! ខ្ញុំបែរក្រោយភ្លាមៗទាំងលើកពិលទូរសព្ទឆួលទៅឆ្វេងស្ដាំលើក្រោម​ តែគ្រប់យ៉ាងគឺទទេស្អាត។ ខ្ញុំមានអារម្មណ៍មិនស្រួលឡើងមក។ ដើរទម្រាំមកដល់ដើមល្មុតដែលខ្ញុំឃើញប្រ៉ាពីខ្ញុំសឹងតែបកក្រោយវិញជាច្រើនលើកច្រើនសា។ ខ្ញុំមិនបានឃើញ​ប្រ៉ាពីនោះទេ។ ទេ!! មិនសមទេ ខ្ញុំមើលឃើញជាប្រ៉ាពីច្បាស់ណាស់។ មួយរំពេចនោះខ្យល់ក៏បក់មកខ្លាំងៗ ខ្ញុំទប់ខ្លួន យកដៃរងភ្នែកខណៈដែលស្លឹកឈើបោះមករប៉ាត់រប៉ាយលើខ្លួនខ្ញុំ។

«បងយន់!» ខ្ញុំភ្ញាក់មិនស្ទើរទេពេលឮសំឡេងល្វើយៗ ។ ខ្ញុំយកដៃបក់ដីដែលហុយពេញមុខស្របពេលដែលគ្រប់រោមលើដៃជើងខ្ញុំកំពុងតែបះ។ ទូរសព្ទខ្ញុំក៏រលត់គ្រឿងភ្លាមៗដំណាលគ្នានឹងខ្យល់ក៏ឈប់បក់ដែរ។ ខ្ញុំចុចបើកទូរសព្ទទាំងបេះដូងលោតក្ឌុកក្ឌាក់ឃាត់មិនឈ្នះ។  យល់ថាអ្វីៗដូចខុសប្រក្រតី ខ្ញុំក៏ស្ទុះវឹងបម្រុងរត់ឡើងទៅលើផ្ទះវិញ តែអ្វីក៏មិនដឹងទាក់ដៃខ្ញុំជាប់។ ខ្ញុំសឹងតែស្ទះនៅនឹងកន្លែង ងាកវឹប!! ខ្ញុំបើកភ្នែកធំៗ…សរសៃសក់…សរសៃសក់…

«ជួយ…!» ខ្ញុំស្រែកបានប៉ុណ្ណេះ រាងកាយខ្ញុំក៏ត្រូវបានសរសៃសក់ខ្មៅក្រឹបនោះអូសយកទៅភ្លាមបីដូចជាក្មេងលេងអូសធាងស្លា។ ខ្ញុំទធាក់ជើងទៅមក….ទាំងព្យាយាមស្រែករកជំនួយ៖

«ជួយផង! ជួយ…ជួយខ្ញុំផង…!» សត្វរាត្រីចរផ្អើលឈូឆរស្របពេលដែលរាងកាយខ្ញុំត្រូវបានអូសយកទៅ។

ខ្ញុំមិនអាចធ្វើអ្វីបានឡើយ ក្រៅតែពីស្រែករកជំនួយ៖       

«ជួយផង! ជួយខ្ញុំផង! ទេ!» ខ្ញុំបើកភ្នែកក្រឡង់ទាំងហត់គឃូស។    ខ្ញុំមានអារម្មណ៍រសើប

បាតជើង។

ខ្ញុំក្រឡេកទៅចុងជើងឃើញអាប៉មស្លៀកកន្សែងពោះគោពាក់កណ្ដាលខ្លួនទំនងជាទើបនឹងមកពីងូតទឹកយកជើងម្ខាងកេះបាតជើងខ្ញុំ៖

«អ្ហេអាយ៉ុង! ភ្ញាក់វើយភ្ញាក់! ស្អីអ្ហាស? មកស្រែកឱ្យគេជួយទាំងព្រឹកនៀក!»

ខ្ញុំស្វាងចែសដូចគេទះដប់ដៃ។ នេះខ្ញុំយល់សប្ដិទេអ្ហេស? ខ្ញុំមិនបានតបនឹងអាប៉មទេ។ បែរ

ក្រលេកទៅម្ខាងឃើញខេមរាសម្លឹងមកខ្ញុំលើក្រោមទំនងឆ្ងល់។ ខ្ញុំងាកទៅម្ខាងក៏ស្ដាប់ឮសំឡេងនៅក្នុងបន្ទប់ទឹកប្រហែលជាអាយីនកំពុងងូតទឹកហើយ។ ខេមរាហូតយកអាវពីកាបូប៖

«យល់សប្ដិអាក្រក់អ្ហីប៊ុនយ៉ុង?!»   ខ្ញុំខំសម្រួលដង្ហើមដែលនៅមិនទាន់បាត់ដង្ហក់នៅឡើយ

ទាំងផាត់ភួយចេញពីខ្លួនយកដៃជ្រងសក់ ខណៈដែលសក់ក្បាលរបស់ខ្ញុំសឹងតែសើមជោកដោយសារញើស។ ខ្ញុំងក់ក្បាលតិចៗ។ ប៉មដែលអង្គុយជូតសក់ទល់មុខកង្ហារចាប់និយាយ៖

«ស្អីគេអ្ហាស? ម៉េចយល់សប្ដិឃើញម៉ែបង្ខំឱ្យការប្រពន្ធអ្ហី?» ខ្ញុំរេភ្នែកសម្លឹងទៅវារៀបនឹងហក់ទៅទាត់វាមួយជើងទៅហើយ តែក៏សម្រួលមករៀបខ្នើយនិងបត់ភួយវិញ៖

«បើការប្រពន្ធអញមិនចាវទេ ខ្លាចតែការប្ដីតើ!»

«ហាសហា…!» យីនដែលទើបនឹងដើរចេញពីបន្ទប់ទឹកផ្ទុះសំណើច៖

«ការអីការទៅ! សំខាន់ឱ្យតែចិត្តយើងស្រឡាញ់ហើយមិនប៉ះពាល់ដល់អ្នកដទៃ! សម័យណេះហើយទៅខ្វល់ស្អីណោះខេមរាណោះ!» ខេមរាបូញមាត់ធ្វើភ្លឹះៗ។

ខ្ញុំចាប់សើចតិចៗ៖

«អឺមែនហើយ! សម័យឥឡូវមានសិទ្ធិពេញលេញកុំឱ្យតែយើងប្រើសិទ្ធិហ្នឹងរំលោភបំពានអ្នកដទៃ!» ខេមរាចាប់ងើបឈរសម្លឹងមកពួកយើងទាំងបី

«ពួកនេះនិយាយតែរឿងចោះៗ ម៉េចមានរបរអីរកស៊ីចិញ្ចើមកូនគេរស់អត់ចោះ?»

ម្នាក់ៗក៏ផ្ទុះសំណើចឡើងមក។ ពួកយើងមិនមែនមានបំណងថាឌឺដងឱ្យខេមរានោះទេព្រោះពួកយើងរាប់អានគ្នាមិនដែលគិតរើសអើងរឿងអត្តចរិត ឬទំនោរនៃក្ដីស្រឡាញ់នោះឡើយដោយហេតុថាពួកយើងដឹងច្បាស់ថាក្ដីស្រឡាញ់គឺជាសិទ្ធិនិងការសម្រេចចិត្តឯកជន​ សំខាន់កុំតែប៉ះពាល់ឬរំលោភសិទ្ធិរបស់នរណាគឺគ្រប់គ្រាន់ហើយ។  ខ្ញុំងូតទឹករៀបចំខ្លួនរួចរាល់ ស្របពេលដែលអាប៉ម អាយីននិងខេមរាដេក scroll(អូស) ទូរសព្ទរង់ចាំស្រីៗ។ ខ្ញុំក៏ឆ្លៀតដើរមកតឿនស្រីៗបន្តិចខ្លាចថាជាប់ធ្វើខ្លួនរហូតដល់យឺតម៉ោងដើរលេងព្រោះយប់មិញក៏បាន chat(សារ) ណាត់គ្នាថាទៅលេងប្រាសាទបន្ទាយសម្រែ ប្រាសាទនាគព័ន្ធនិងប្រាសាទបន្ទាយស្រីរួចហើយដែរ។ រៀបនឹងគោះទ្វារបន្ទប់ស្រីៗ​ ស្រាប់តែសំឡេងប្រ៉ាពីលាន់ឮចេញមកយ៉ាងច្បាស់ក្រឡែត៖

«អ្ហេ…! កាលពីយប់មិញពួកឯងមានឮសំឡេងអីអត់?» ខ្ញុំចាប់ឆ្ងល់រង់ចាំស្ដាប់ការឆ្លើយតបរបស់សៀវអឺនិងកាននៅខាងមុខទ្វារបន្ទប់ពួកនាង។

សំឡេងសៀវអឺក៏បន្លឺឡើងមក៖

«ឮ….!» ខ្ញុំកាន់តែចង់ដឹងទ្វេដងពេលសៀវអឺតបជាមួយប្រ៉ាពីបែបនេះ ក៏ស្យង់យកត្រចៀកស្ដាប់កាន់តែខ្លាំងជាងមុនទ្វេដង ប៉ុន្តែសំឡេងសៀវអឺក៏សើចជំនួសវិញទាំងស្រដីផង

«ឮ…សំឡេងកង្ហារវ៉ូៗនោះអី! ឬពួកឯងមិនឮ?» សំឡេងរបស់កានក៏បន្សាយចេញមក

«ចំមែនហើយអាអឺ!…ឯងខំស្ដាប់គ្មានចង់ហ៊ានដកដង្ហើមនៀក! បើគ្នាវិញគេងលក់តាំងពីមុនគេមានដឹងមានឮអីទេ! ហើយចឹងឯងឮអីប្លែកមែនប្រ៉ាពី?» ប្រ៉ាពីបន្លឺសំឡេងប្រាកដប្រជា

«សំឡេង! សំឡេងដូចជានរណាលួចយំម៉េចមិនដឹងទេ!» គ្រប់យ៉ាងក៏ប្រែជាស្ងប់ស្ងាត់មួយរំពេច។ ខ្ញុំនៅមុខបន្ទប់ពួកនាងឯណេះវិញពេលស្ដាប់ឮប្រ៉ាពីហើយក៏ភ្ញាក់ស្រឡាំងកាំងមិនស្ទើរដែរ។ នេះមានន័យថាប្រ៉ាពីឮសំឡេងដូចដែលខ្ញុំឮនៅក្នុងយល់សប្ដិអ្ហេស?  ដូចជាគាប់ចួនពេកទេដឹង?សំឡេងសៀវអឺលាន់ឡើងមកកាត់ភាពស្ងប់ស្ងាត់ តែក៏ដូចជាដាស់ខ្ញុំពីការគិតផងដែរ៖

«ណែៗ! ភ្លែតៗឡើងពួកប្រុសៗបែបកំពុងចាំយើងញ៉ាំបាយព្រឹកហើយ!!» ប្រ៉ាពីរអ៊ូតិចៗ

«ឯងហ្នឹងហើយក្រងសក់ឱ្យគ្នាលឿនៗមក!!»

…………………………………….

បន្ទាប់ពីញ៉ាំអាហារពេលព្រឹករួច ពួកយើងក៏ចេញទៅលេងប្រាសាទតាមគោលដៅដែលបានព្រមព្រៀងគ្នារួច។ ពួកយើងចូលលេងកម្សាន្តពីប្រាសាទមួយទៅប្រាសាទមួយពោរពេញដោយអារម្មណ៍សប្បាយរីករាយណាស់។ ពួកយើងសម្រេចមកលេងនៅប្រាសាទបន្ទាយស្រីក្រោយគេព្រោះចង់នៅលេងដើរមើលក្បូរក្បាច់រចនាបថរបស់ប្រាសាទឱ្យបានច្រើនផង ក៏ជាចង់ឆៀងចូលញ៉ាំនំបញ្ចុកដែលគេល្បីថាឆ្ងាញ់ខ្លាំងនោះផង។ ប្រហែលជារសៀលយើងក៏នាំគ្នាចូលផ្សារក្នុងក្រុងហើយល្ងាចបន្តិចទើបយើងត្រលប់មកដល់ផ្ទះស្នាក់វិញ។

ផ្ទះស្នាក់…

ពួកយើងត្រូវសម្រាកនៅទីនេះមួយយប់ទៀត មុននឹងត្រលប់ទៅផ្ទះនៅរសៀលថ្ងៃស្អែក។ គ្រាន់តែចុះពីឡានភ្លាមក្លិនផ្កាចេកទុំក៏ចូលមកបបោសនាសាខ្ញុំឱ្យធុំក្រអូបចម្លែក។ ខ្ញុំរេភ្នែករកមើលដើមផ្កាចេកទុំជាថ្មី។ ក្លិនពិដោរក្រអូបឈ្ងុយតែមិនឃើញប្រភពសោះ។ ប្រ៉ាពីដែលដើរទៅមុខខ្ញុំបន្តិចក៏ហាក់ដូចជាឈរទ្រឹងយកដៃញីច្រមុះ ខ្ញុំប្រញាប់សួរនាង៖

«កើតអីអ្ហេសប្រ៉ាពី?» នាងគ្រវីក្បាលតិចៗស្រដី

«អត់មានអីទេប៊ុនយ៉ុង…តែខ្ញុំដូចធុំក្លិនអី!»

«ក្លិន? (ខ្ញុំឧទានឡើងមកទាំងលើកចិញ្ចើម) ក្លិនផ្កាចេកទុំត្រូវអត់?» ប្រ៉ាពីគ្រវីក្បាល

«ផ្ដាស!…(នាងនិយាយខ្សឹបៗល្មមស្ដាប់ឮពីរនាក់ខ្ញុំ)…ដូចជាគម្រង់ម៉េចមិនដឹងទេ!»

ខ្ញុំធ្លាក់ថ្លើមក្ឌុក។ ខ្ញុំកំពុងធុំក្លិនក្រអូបស្របពេលដែលប្រ៉ាពីកំពុងធុំក្លិនស្អុយអ៊ីចឹងអ្ហី? ខ្ញុំងាកទៅសួរពួកនោះដែលដើរនាំមុខ៖

«អ្ហេពួកឯងមានធុំក្លិនអីអត់?» ម្នាក់ៗស្ដាប់សំណួរខ្ញុំហើយក៏ព្យាយាមស្រង់ក្លិន។ ពួកគេគ្រវីក្បាលដូចស្រាំងទិចបញ្ជាក់ថាមិនបានធុំអ្វីនោះទេ។

បងភីនក៏ចុះពីលើផ្ទះមកដល់ល្មម៖

«អ្ហូ! មកដល់វិញហើយគ្នាយើង! ម៉េចដែរដើរលេងសប្បាយអត់?»

«ចាស! បាទបង! សប្បាយខ្លាំងណាស់បង!!» ម្នាក់ៗឆ្លើយតបជាមួយបងភីនទាំងញញឹមហើយក៏ឡើងទៅលើផ្ទះសល់តែសៀវអឺនៅក្រោយគេជាមួយខ្ញុំ។ ខ្ញុំរៀបនឹងឡើងទៅលើផ្ទះដែរតែសៀវអឺចាប់ដៃខ្ញុំជាប់។

ខ្ញុំនឹកឆ្ងល់ឡើងមក តែសៀវអឺក៏ប្រញាប់បន្ថយសំឡេងសួរខ្ញុំ៖

«យ៉ុង! កាលពីយប់ម៉េចយ៉ុងឯងមានបានទៅណាទាំងយប់អត់?» ខ្ញុំបើកភ្នែកក្រឡង់ហាក់មិនយល់នូវអ្វីដែលនាងកំពុងតែសួរខ្ញុំ។

សៀវអឺក្រលេកឆ្វេងស្ដាំបន្តិចទើបបន្តនិយាយ៖

«យប់មិញមេឃរកកល់ចង់ភ្លៀងហើយបង្អួចក៏របើក ខ្ញុំងើបទៅបិទបង្អួចក៏ឃើញប៊ុនយ៉ុងឯងព្រាលៗឈរនៅក្រោមដើមល្មុតមួយសន្ទុះ!» ខ្ញុំឈរទ្រឹងដូចរូបចម្លាក់។​ មែនហើយ! គឺខ្ញុំបានចុះទៅក្រោម​ តែខ្ញុំចុះទៅក្រោមនៅក្នុងយល់សប្ដិមិនថាអ៊ីចឹង? ចុះម៉េចបានជានាងបានឃើញខ្ញុំទៅវិញ? ខ្ញុំរហ័សតបនាងវិញពេលឃើញនាងធ្វើមុខឆ្ងល់រង់ចាំចម្លើយ៖

«អ…អត់ទេអាអឺ! ខ្ញុំមានបានចុះណ៎ា! យប់មិញខ្ញុំគេងលក់វាស់ព្រឹកហ្នឹង!» នាងច្រត់ចង្កេះ

«ចុម! ចឹងខ្ញុំបានឃើញពីណាគេ?» ខ្ញុំប្រញាប់បន្ត

«អឺ…ខ្ញុំថាអាអឺមើលច្រឡំហើយ! ឬក៏យល់សប្ដិអីផងក៏មិនដឹង!» នាងរិះគិតមិនអស់ចិត្ត

«អ្ហេ!…អត់ទេ! ខ្ញុំមែនយល់សប្ដិទេ!» មកដល់ត្រឹមនេះ ខេមរាក៏ស្រែកពីលើផ្ទះមក

«អ្ហេពីរនាក់! នៅសាសងដល់ណា? ប្រញាប់មកងូតទឹកងូតស្ដុយរហ័សហូបបាយ!»

ពួកយើងទាំងពីរនាក់ក៏ប្រញាប់ឡើងទៅខាងលើផ្ទះ។ រៀបចំងូតទឹករួចពួកយើងក៏មកញ៉ាំបាយ។​ អ៊ំម៉ែបងភីននឹកឆ្ងល់ព្រោះបាត់គ្នាយើងម្នាក់មិនឃើញមកញ៉ាំបាយ។ ដល់ទៅឮគាត់សួរទើបខ្ញុំចាប់ភ្លឹកដែរ។ ការពិតគឺបាត់ប្រ៉ាពី។ សៀវអឺប្រាប់អ៊ំម៉ែបងភីនថាប្រ៉ាពីមិនបានមកញ៉ាំបាយទេព្រោះមិនស្រួលខ្លួន។ លុះញ៉ាំបាយរួច ម្នាក់ៗដើរបណ្ដើរគ្នាមកបន្ទប់ យីនក៏បន្លឺសំណួរសួរទៅសៀវអឺ៖

«អាអឺ! ប្រ៉ាពីម៉េចហើយ?»

«អ! អត់អីទេ! ប្រាប់យើងថាឈឺក្បាល! យើងឱ្យលេបថ្នាំហើយបែបគេងលក់ហើយ!»

ខ្ញុំលើកហេតុផលឡើងមក៖

«បែបដោយសារដើរហាលថ្ងៃហូរពេញម៉ាថ្ងៃហើយ!» ម្នាក់ៗងក់ក្បាលយល់ស្រប រួចក៏បំបែកគ្នាចូលបន្ទប់រៀងៗខ្លួន។

នៅបន្ទប់ប្រុសៗ…

ម៉ោងប្រហែល៩យប់តែម្នាក់ៗដេកលក់ត្រង់ជើងភ្លឹងមើលទៅទំនងជាល្វើយណាស់ ព្រោះដើរលេងពេញមួយថ្ងៃ។ ខ្ញុំក៏ល្វើយណាស់ដែរទើបបិទទូរសព្ទដាក់លើតុមុខកញ្ចក់ ហើយទើបដើរមកបិទភ្លើងដើម្បីចូលគេង ប៉ុន្តែម្ដងនេះខ្ញុំទុកអំពូលក្រហមមួយឱ្យភ្លឺមិនឱ្យងងឹតដូចកាលពីយប់ម្សិលមិញទេ។ កំពុងទាញភួយគ្របខ្លួន ខ្ញុំក៏ឃើញអាប៉មបម្រះខ្លួនទៅមកទាំងយកដៃក្ដោបពោះជាប់។ ខ្ញុំទ្រឹងបន្តិច ទើបចាប់សួរវាតិចៗព្រោះមើលទៅវាដូចជាមិនទាន់ដេកលក់៖

«កើតអីអ្ហេសអាប៉ម?» អាប៉មមិនបានតបខ្ញុំភ្លាមៗទេ តែវានៅបម្រះទៅមកបន្តិចទើបងក់ក្បាលតបខ្ញុំតិចៗទាំងបិទភ្នែកជិត

«អញ…ដូចចុកពោះម៉េចមិនដឹងទេអាយ៉ុង!» ស្ដាប់ឮភ្លាមខ្ញុំមិនបានកើតចិត្តអាណិតវានោះទេ តែខ្ញុំបែរជាចង់ធាក់វាទម្លាក់ពីគ្រែទៅវិញ

«ប្រាប់ហើយថាកុំឱ្យដើរស៊ីអីតាពាស ឥឡូវម៉េចមិនចុកពោះទាំងយប់! ហើយប្រេងកូឡានៅពួកស្រីៗទៀត!» អាប៉មវាមិនតបខ្ញុំទេ គិតតែពីក្ដោបពោះដេកអង្កុញជើងខាំមាត់បិទភ្នែកជិត។ ឃើញវាដូចជាចុកពោះយកមែនទែន ខ្ញុំក៏ចាប់មិនស្រួលចិត្តឡើងមក ទាញភួយចេញពីខ្លួន៖

«ចាំអញតិចអាប៉ម! អញទៅរកសុំប្រេងកូឡាពីពួកស្រីៗសិន!»

មួយសន្ទុះខ្ញុំក៏មកដល់បន្ទប់ស្រីៗ។ បម្រុងថាគោះទ្វារ តែទ្វារក៏របើកឡើងមកព្រោះមិនបានដាក់គន្លឹះ។ មិនគិតច្រើនព្រោះប្រញាប់ ខ្ញុំក៏រុញទ្វារចូលទៅរៀបនឹងស្ដីរកពួកស្រីៗ តែគ្រប់យ៉ាងក្នុងបន្ទប់ក៏ទទេស្អាត។ ខ្ញុំនឹកឆ្ងល់ឡើងមក។ ចុះពួកស្រីៗទៅណាអស់ហើយរបស់របរដូចជាទូរស័ព្ទនិងស្អីៗផ្សេងទៀតក៏នៅទីនេះតែទាំងអស់។  ខ្ញុំក្រលេកមកតុមុខកញ្ចក់ប្រទះភ្នែកនឹងប្រេងកូឡាតែម្ដង។ មិនបង្អង់យូរខ្ញុំកញ្ឆក់យកប្រេងកូឡាប្រុងថានឹងរត់មកបន្ទប់វិញ ស្រាប់តែកម្លាំងមួយរត់មកបុកខ្ញុំទាំងរស់ សឹងតែធ្វើឱ្យខ្ញុំដួលទាំងជំហរ។ ខ្ញុំស្ទុះបែរមកប្រភពកម្លាំងទាក់ភ្នែកនឹងប្រ៉ាពីដែលចងពុងដណ្ដប់កន្សែងពោះគោយំញ័រចំប្រក់ដូចជាកូនសត្វ។ នាងក៏ស្ទុះឱបខ្ញុំជាប់មិនឱ្យរបេះ៖

«ជួយ…ជួយខ្ញុំផងប៊ុនយ៉ុង! ហ៊ឺ…!» ខ្ញុំស្ងៀមទ្រឹងរឹតតែឆ្ងល់ទ្វេដងព្រោះនៅសុខៗប្រ៉ាពីក៏ស្ទុះមកពីណាក៏មិនដឹងហើយមកឱបខ្ញុំយ៉ាងស្អិត សំខាន់នៅមកនិយាយឱ្យខ្ញុំជួយនាងទៀត។ តាមដែលមើលទៅនាងទើបនឹងចេញពីបន្ទប់ទឹកហើយ។ ខ្ញុំប្រញាប់បេះដៃនាងចេញពីខ្លួនខ្ញុំព្រោះបើនរណាមកឃើញគឺគេអាចនឹងយល់ច្រឡំធំ។ ខ្ញុំទាញដៃនាងបណ្ដើរនិយាយបណ្ដើរ៖

«មានអីមែនទេប្រ៉ាពី?​» នាងឱបខ្ញុំកាន់តែតឹងជាងមុនយំហ៊ូមិនដាច់ដូចជាតក់ស្លុតណាស់

«ប៊ុនយ៉ុងជួយខ្ញុំផង…នៅក្នុងបន្ទប់ទឹក…ខ្ញុំខ្លាចណាស់! ខ្ញុំឃើញ…ខ្ញុំឃើញ…»  ខ្ញុំចាប់ជ្រួញ

ចិញ្ចើមស្រឡាំងកាំងទ្វេដងព្រោះមិនយល់នូវអ្វីដែលនាងនិយាយ។  ខ្ញុំព្យាយាមបេះដៃនាងចេញជាថ្មីទាំងស្រដីលួងលោមទោះមិនយល់ដំណើរដើមទងរឿងក៏ដោយ៖

«លែងខ្ញុំសិនទៅប្រ៉ាពីបើនរណាមកឃើញមិនល្អទេ!» ប្រ៉ាពីដូចជាមានសតិបន្តិច នាងលែងដៃពីខ្លួនខ្ញុំភ្លាមទាំងទាញកន្សែងពោះគោគ្របខ្លួននាងឱ្យជិតផង។ ខ្ញុំឃើញរង្វង់ភ្នែកប្រ៉ាពីពោរពេញដោយទឹកភ្នែក ​នាងប្ដូរមកចាប់ដៃខ្ញុំអង្រួនញាប់ទទ្រើក៖

«ប៊ុនយ៉ុង…ប៊ុនយ៉ុងខ្ញុំខ្លាចណាស់….» ខ្ញុំសម្លឹងនាងចំៗឥតដាក់ភ្នែក

«ប្រ៉ាពីស្ងប់អារម្មណ៍សិន!…ប្រាប់ខ្ញុំមកថាប្រ៉ាពីកើតអី? ប្រ៉ាពីបានឃើញអី?»

ភ្លឹប! ភ្លើងដាច់មួយរំពេច។ សភាពងងឹតក៏ចូលមកគ្របដណ្ដប់គ្រប់យ៉ាង។ ដៃប្រ៉ាពីដែលតោងខ្ញុំជាប់មិនដឹងជាបាត់ទៅណាមួយរំពេច។ ភ្លឹបភ្លែត!! អំពូលភ្លើងក៏ញាក់ញោចៗ ភ្លឺដាច់ៗញាប់ឡើងៗធ្វើឱ្យខ្ញុំវិលមុខភ្លាមៗ។ ខ្ញុំព្យាយាមសម្លឹងរកមើលប្រ៉ាពី ស្រាប់តែ…

«ជួយ….ជួយផង…យ៉ុង…» ខ្ញុំក្រលេកទៅកាន់ទ្វារបន្ទប់ទឹកសឹងតែថ្លោះក។ ខ្ញុំបើកភ្នែកធំៗព្រោះអ្វីដែលខ្ញុំឃើញនោះគឺប្រ៉ាពីហាក់ដូចជាត្រូវអ្វីម្យ៉ាងអូសយកទៅ។ ដៃទាំងពីររបស់នាងក្ដោបសក់ខ្លួនឯងជើងទធាក់ទៅមក ហាក់ដូចជានរណាម្នាក់កំពុងតែក្របួចសក់នាងអូសយកទៅតាមច្រកទ្វារបន្ទប់ទឹក។ ភ្លើងភ្លឹបភ្លែតៗធ្វើឱ្យខ្ញុំកំណត់អ្វីមិនច្បាស់សោះ។ ខ្ញុំវង្វេងរង្វាន់អស់ហើយ តែខ្ញុំក៏ប្រញាប់ប្រមូលស្មារតីស្ទុះទៅរកប្រ៉ាពីយ៉ាងតក់ក្រហល់បំផុត ស្របពេលដែលរាងកាយប្រ៉ាពីចេញទៅតាមទ្វារច្រកបន្ទប់ទឹកហើយទ្វារក៏បិទគ្រឹប។ ភ្លើងចាប់ផ្ដើមភ្លឺច្បាស់ ខ្ញុំអង្រួនទ្វារខ្លាំងៗទាំងស្រែកសន្ធាប់ហៅប្រ៉ាពី៖

«ប្រ៉ាពី! ប្រ៉ាពី…បើកទ្វារ…ប្រ៉ាពី!!» ខ្ញុំអង្រួនទ្វារខ្លាំងៗម្នាក់ឯងដូចជាមនុស្សឆ្គួត តែទ្វារមិនសូម្បីតែរង្គើអីបន្តិច។ យល់សភាពការណ៍កាន់តែមិនស្រួល ខ្ញុំប្រញាប់ងាកក្រោយដើ​ម្បីរត់ទៅតាមពួកប្រុសៗឱ្យមកជួយរុញទ្វារគ្នា។

«ហ៊ើយ!!» ខ្ញុំភ្ញាក់ប្រហោងពោះធ្លុងនៅពេលដែលខ្ញុំបែរមកប្រសព្វគ្នាជាមួយពួកស្រីៗ អាយីននិងខេមរា។ សៀវអឺស្រឡាំងកាំងសួរខ្ញុំញាប់ៗ៖

«ប៊ុនយ៉ុងមកនៅទីនេះបានយ៉ាងម៉េច?» កានប្រញាប់និយាយកាត់ខ្ញុំជាមុន

«មិនមែនជាពេលមកសួរនាំគ្នាទេ ប្រញាប់ជួយប្រ៉ាពីទៅ…ប្រ៉ាពីស្រែកនៅក្នុងបន្ទប់ទឹករួចក៏បាត់មាត់ឈឹងមុននេះឯង ទើបយើងទៅតាមពួកឯងឱ្យមកជួយគ្នា…លឿនឡើង!!»

អាយីនក៏រុញទ្វារមុខខ្ញុំនេះចូលទៅយ៉ាងរហ័ស។ ទ្វារក៏របើកយ៉ាងធូរ ធ្វើឱ្យខ្ញុំស្រឡាំងកាំងមិនស្ទើរនោះទេ ព្រោះអម្បាញ់មិញទ្វារគឺជាប់ស្អិតខ្ញុំប្រឹងអង្រួនយ៉ាងណាក៏មិនចេញដែរ។ គ្មានពេលឆ្ងល់ច្រើនទេ មិនបង្អង់យូរពួកយើងក៏ស្ទុះទៅទល់មុខនឹងទ្វារបន្ទប់ទឹកមួយតង់ទៀត។ ពួកយើងនាំគ្នាជួយរុញទ្វារអស់ទំហឹងដៃ។ ខ្ញុំដកដង្ហើមហត់គឃូសព្រោះប្រើកម្លាំងដើម្បីរុញទ្វារឱ្យរបូតគន្លឹះ។ មួយសន្ទុះធំទើបទ្វាររបើក។ ពួកយើងម្នាក់ៗស្លុតណាស់ពេលឃើញរាងកាយដេកដួលរបស់ប្រ៉ាពី។    សៀវអឺរត់ទៅយកភួយក្រសោបកាយប្រ៉ាពីហើយក៏នាំគ្នាជួយលើករាងកាយប្រ៉ាពីដាក់លើគ្រែគេង។​ ក្នុងពេលនោះដែរ អ៊ំភីមនិងបងភីនក៏ចូលមកដល់ទាំងទឹកមុខភ្ញាក់ផ្អើលដែរ។ អ៊ំភីមនិងបងភីនមិននិយាយអ្វីទាំងអស់ តែបងភីនប្រញាប់ចេញទៅខាងក្រៅដើម្បីទៅយកបំពង់ខ្យល់។ បងភីនយកបំពង់ខ្យល់គ្រវីសលើចុងច្រមុះប្រ៉ាពី   ស្របពេលដែលអ៊ំភីមកំពុងតែគក់ច្របាច់ដៃជើងឱ្យនាង។ ឯពួកស្រីវិញក៏ជួយដាក់កង្ហារនិងគក់ច្របាច់ឱ្យប្រ៉ាពីដែរ។ ពេលនេះហើយបានខ្ញុំដឹងថាការពិតប្រ៉ាពីស្រែកនៅក្នុងបន្ទប់ទឹក ទើបពួកស្រីប្រញាប់ទៅតាមពួកខ្ញុំប្រុសៗដើម្បីមកជួយប្រ៉ាពី ស្របពេលដែលខ្ញុំកំពុងតែមកយកប្រេងកូឡាទៅឱ្យអាប៉មដែរ។ មានន័យថាពួកយើងជ្រួសផ្លូវគ្នាអ្ហេស? មិនសមទេព្រោះផ្លូវមានតែមួយគឺដើរកាត់តាមក្នុងផ្ទះធំ។ តែម៉េចបានជាខ្ញុំមិនឃើញសៀវអឺនិងកានទៅវិញ? អ្វីដែលសំខាន់ប្រ៉ាពីបានចេញពីបន្ទប់ទឹកមកទាំងតក់ស្លុតមកឱបខ្ញុំយ៉ាងជាប់​ ប៉ុន្តែនៅសុខៗហាក់ដូចជាមានអ្វីអូសនាងទៅបន្ទប់ទឹកម្ដងទៀតទៅវិញ។ ខ្ញុំចាប់មានអារម្មណ៍មិនស្រួលនៅពេលដែលរឿងគ្រប់យ៉ាងដូចជាខុសប្រក្រតី។ ខ្ញុំក្រឡេកមើលមុខប្រ៉ាពីដែលមិនទាន់ដឹងខ្លួននៅឡើយ។ ទឹកមុខនាងស្វាយល្អូក។ ម្នាក់ៗចលាចលដូចមាត់រកពង។ ខ្ញុំងាកទៅសម្លឹងសៀវអឺវិញ ហើយក៏ឃើញនាងធ្វើមុខប្លែកៗដូចជាតក់ស្លុតខ្លាំងណាស់។ ខ្ញុំសសៀរៗទៅជិតនាងនិយាយខ្សឹបៗ៖

«យ៉ាងម៉េចអ្ហេសសៀវអឺ?» នាងលេបទឹកមាត់ក្អឹក អូសដៃខ្ញុំចេញមកផ្លូវទៅបន្ទប់ទឹកហាក់ដូចជាលាក់លៀមណាស់។ ខ្ញុំឃើញអាការៈនាងបែបនេះ កាន់តែឆ្ងល់ទ្វេដង។

ខ្ញុំសន្ធាប់សួរនាង៖

«កើតអីអ្ហេសសៀវអឺ?» សៀវអឺយកចង្អុលដៃដាក់លើបបូរមាត់ជាសញ្ញាឱ្យខ្ញុំស្ងាត់

«ស៊ូច!» នាងក្រលេកមើលឆ្វេងស្ដាំបន្តិចទើបស្រដីខ្សឹបៗល្មមឮពីរនាក់ខ្ញុំ

«សក់…! គឺយើងចង់ប្រាប់ឯងពីសក់ដែលនៅក្នុងដៃប្រ៉ាពីនោះ!» ខ្ញុំងាកទៅដៃប្រ៉ាពីឃើញ

នាងក្ដាប់សរសៃសក់មួយដុំជាប់ដៃ ដែលទំនងមិនទាន់មាននរណាចាប់អារម្មណ៍ឡើយ។ ខ្ញុំងាកមកវិញទាំងមុខឆ្ងល់។ សៀវអឺហាក់ដូចជារៀបពាក្យមិនទាន់ត្រូវ។

នាងចាប់ដៃខ្ញុំ៖

«ពួកយើង…ចេញពីផ្ទះនេះទាំងយប់តែម្ដងទៅយ៉ុង!» ខ្ញុំភ្ញាក់ដូចគេជះទឹកកណ្ដាលមុខ

«ហេ…ហេតុអីសៀវអឺ? ឯងមានរឿងអីលាក់បាំងជាមួយពួកយើងអ្ហេស?» សៀវអឺក៏គ្រវីក្បាលយំឡើងមក។ ខ្ញុំមិនយល់ពីអ្វីដែលនាងកំពុងធ្វើនោះទេ។ នាងព្យាយាមទប់សំឡេងយំកុំឱ្យអ្នកខាងក្នុងឮ ហើយក៏ស្ទុះមកកាន់ដៃខ្ញុំជាថ្មី៖

«យើងឃើញណ៎ា…យើងឃើញ…!» ខ្ញុំបើកភ្នែកក្រឡង់ស្របពេលដែលសៀវអឺកំពុងខ្ទប់មាត់យំ។ ខ្ញុំចាប់គ្រប់គ្រងខ្លួនឯងមិនបានព្រោះតែនាងនិយាយបន្សល់នូវចម្ងល់បែបនេះ។ ខ្ញុំក្ដោបស្មានាងអង្រួនខ្លាំងឡើងៗទាំងសន្ធាប់៖

«សៀវអឺឃើញអី?….ប្រាប់ខ្ញុំមកថាឯងឃើញអី…ប្រាប់មក…»

«គឺក្នុងរូបដែលខ្ញុំលួចថតគឺមាននារី….»

«អ្ហ៎ា…ជួយផង!! ជួយប៉មផង!!» សំឡេងស្រែករបស់ខេមរាបន្លឺឡើងមក។ ខ្ញុំភ័យណាស់ស្ទុះចូលមកក្នុងបន្ទប់វិញ។ ខ្ញុំ សៀវអឺ កាននិងយីនក៏ស្ទុះទៅបន្ទប់ខ្ញុំវិញដោយទុកប្រ៉ាពីដែលចាប់ផ្ដើមដឹងខ្លួនតិចៗនៅជាមួយនិងអ៊ំភីមនិងបងភីន។ ខ្ញុំរុញទ្វារចូលបន្ទប់ប្រុសៗមុនគេ….ហើយអ្វីដែលខ្ញុំឃើញនោះគឺ…អាប៉មព្យាយាមយកកន្សែងចងក ខណៈដែលខេមរាកំពុងចាប់ជើងវាដែលកំពុងតែកញ្ជ្រោលជាប់។ ម្នាក់ៗប្រញាប់ជួយដាក់អាប៉មចុះ។ វារើដូចជាអន្ទង់ត្រូវភ្លើង។ ខ្ញុំសន្ធាប់អាប៉មខ្លាំងៗ ពេលឃើញវាខុសប្លែកពីធម្មតាបើកភ្នែកក្រឡើតក្រឡាប់បែបនេះ៖

«អាប៉ម!…ឯងកំពុងធ្វើឆ្គួតអីហ្នឹងអ្ហាស?» មែនហើយមុននេះអាប៉មចុកពោះទើបមិនបានទៅបន្ទប់ពួកស្រីៗទៅជួយប្រ៉ាពីនោះទេ។ ខ្ញុំក៏ភ្លេចឱ្យឈឹងដែរលុះតែខេមរាបាត់អាប៉មយូរទើបមកមើលនៅបន្ទប់។ ឃើញបែបនេះទើបខេមរាស្រែកឆោឡោឡើងមក។ គ្រប់គ្នាព្យាយាមជួយចាប់អាប៉មឡើងបែកញើសសស្រាក់។ កានចាប់ជើងអាប៉មផងអង្រួនផងទាំងទឹកមុខស្លេកងាំង៖

«ប៉មកើតអីហ្នឹងប៉ម….?»

«អួក…អួក!!!» ប៉មក៏ក្អួតចង្អោរឡើងមក។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ…គឺគេក្អួតចេញមកសុទ្ធតែឈាមលាយជាមួយនិង…

«សរសៃសក់!!» សៀវអឺក៏បន្លឺនូវអ្វីដែលខ្ញុំចង់និយាយទាំងតក់ស្លុត។ កានយំឡើងមក៖

«ហើយនៅឈរដល់ណាទៀតមិនប្រញាប់ជួយប៉មទៅ!!»

អាប៉មក៏ទន់កល្ងៀក។ កានប្រញាប់ឱ្យយោបល់ខណៈដែលគ្រប់គ្នាមិនដឹងថាត្រូវធ្វើអ្វីមុន៖

«យកប៉មទៅបន្ទប់ស្រីៗដែរទៅ!!» ខ្ញុំ យីននិងខេមរាក៏ប្រញាប់ជួយគ្នាគ្រាហ៍ប៉មចេញទៅ។ បម្រុងនឹងចេញក្រៅស្រាប់តែ​ គ្រឹប!! ទ្វារមុខបិទមួយរំពេច។ គ្រប់គ្នាស្រឡាំងកាំង។ កានក៏ស្ទុះទៅទ្វារក្រោយស្រាប់តែគ្រឹប!! ទ្វារក្រោយក៏បិទភ្លាមដែរ។ នាងអង្រួនទ្វារខ្លាំងៗទាំងហូរទឹកភ្នែកសស្រាក់៖

«ហើយនេះកើតឆ្កួតអីហ្នឹង?…ហ៊ឺ..!!» បេះដូងខ្ញុំលោតឌឹបៗសឹងតែធ្លាយពេលមកព្រោះចួបរឿងចម្លែកៗបែបនេះ។ ខ្ញុំផ្ដេកអាប៉មនៅលើពូក ខណៈដែលខេមរានិងយីនព្យាយាមទៅអង្រួនទ្វារមុខទាំងស្រែកហៅអ៊ំភីមនិងភីនតែមិនបានផលសោះ។ សៀវអឺនៅធ្មឹងនិយាយឡើងមក៖

«មែនហើយ! ផ្ទះនេះមានវិញ្ញាណ!!» គ្រប់គ្នាងាកទៅរកសៀវអឺស្របពេលដែលអំពូលភ្លើងក៏ភ្លឹបភ្លែតៗមួយរំពេចនោះដែរ។  កានចាប់ផ្ដើមដើរថយក្រោយពីទ្វារក្រោយមកជិតសៀវអឺទាំងក្រលេកមើលលើក្រោមឆ្វេងស្ដាំ។ ពួកយើងក៏ចូលមកផ្ដុំគ្នា។ សៀវអឺក៏ចាប់និយាយបន្ត៖

«គឺជាវិញ្ញាណមនុស្សស្រី…»

«មនុស្សស្រីក្នុងរូបថតដែលពួកយើងឃើញកាលពីម្សិលមិញ!» ខ្ញុំក៏ចាប់បង្ហើយឃ្លាដែលសៀវអឺចង់និយាយ។

អាយីនញញើតញញើមសួរខ្ញុំ៖

«ឯងដឹងបានយ៉ាងម៉េចអាយ៉ុង?» ខ្ញុំលេបទឹកមាត់ក្អឹក

«ចាំពេលដែលយើងភ្ញាក់ពីយល់សប្ដិទេ! គឺយើងយល់សប្ដិឃើញនាង!» យីនញាប់ញ័រ

«ចុះម៉េចឯងមិនប្រាប់គ្រប់គ្នាតាំងពីដំបូង!» ខ្ញុំឈរស្ងៀមទ្រឹង។

សៀវអឺស្រដី៖

«ពួកឯងចាំដែរទេថាយើងលួចថតរូបនារីក្នុងរូបថតនោះ តែពេលយើងមកឆែកមើលរូបគឺមិនឃើញមានរូបនារីនោះទេតែឃើញ…សរសៃសក់!!» យីនក៏ច្រឡោតទោងឡើងមក៖

«ឯងក៏ម្នាក់ដែរសៀវអឺ! កើតរឿងប្លែកៗម៉េចឯងមិនប្រាប់គ្រប់គ្នា!» សៀវអឺក៏គំហកវិញទាំងយំផង

«គឺយើងគិតថាស្រវាំងភ្នែកដោយខ្លួនឯង!…ហ៊ឺ(នាងយំភ្លាមៗ)យើងក៏មិននឹកស្មានដែរ…!»

ខេមរាដែលស្ងាត់មកជាយូរហើយក៏លូកមាត់៖

«មិនមែនជាពេលមកប្រកែកគ្នាទេ! ពួកយើងត្រូវរកដំណោះស្រាយចេញពីទីនេះ!»

កានចាប់បន្តទាំងយកដៃជ្រងសក់ដូចមនុស្សវិកលចរិត៖

«មិនមែនតែឯងពីរនាក់ទេ! យើងក៏បានឃើញអ្វីប្លែកៗដែរតែពួកឯងមានឆ្ងល់ទេ….ហេតុអី

បានជាបងភីននិងអ៊ំភីមនៅទីនេះបានដោយគ្មានរឿងអី?» គ្រប់គ្នាស្ងាត់មាត់ឈឹង តែខេមរាក៏បើកភ្នែកធំៗ៖

«មែនហើយ! ចុះឯណាប្រ៉ាពី…ប្រ៉ាពី?!! ពួកឯងទុកប្រ៉ាពីនៅឯណា?»

ម្នាក់ៗក៏បើកភ្នែកធំៗព្រោះទើបនឹងនឹកឃើញប្រ៉ាពី។ សៀវអឺស្រដីទាំងធ្វើខ្លួនមិនត្រូវ៖

«ប្រ៉ាពីនៅជាមួយបងភីននិងអ៊ំភីម!» ខ្ញុំក៏ស្ទុះវឹងទៅអង្រួនទ្វារខ្លាំងៗ។ គ្រប់គ្នាមើលមកខ្ញុំដូចជាមនុស្សឆ្កួត។ សៀវអឺសម្លឹងឡើងលើឆ្វេងស្ដាំចាប់ស្រែកគំហក៖

«នាងខ្មោច! នាងឯងត្រូវការអី? ហេតុអីក៏ធ្វើបាបពួកយើងបែបនេះ ពួកយើងគ្មានគំនុំអីជាមួយនាងឯងទេ! ដោះលែងពួកយើងទៅ!»

«អួក! អួក!!» ប៉មក៏ក្អួតជាថ្មី។ ម្នាក់ៗភ័យណាស់ស្ទុះទៅមើលប៉ម។ ខ្ញុំបម្រុងនឹងស្ទុះទៅមើលប៉មដែរក៏ស្រាប់តែទ្វាររបើកហើយហាក់ដូចជាកម្លាំងអ្វីម្យ៉ាងរុញខ្ញុំចេញទៅក្រៅ។ គ្រឹប!! ទ្វារក៏បិទវិញស្របពេលដែលខ្ញុំចេញមកដល់ខាងក្រៅ។ ខ្ញុំទះទ្វារខ្លាំងៗតែទ្វារមិនរង្គើសូម្បីបន្តិច។ ដឹងថាមិនបានផល ខ្ញុំក៏បង្វែរទិសដៅទៅកាន់បន្ទប់ស្រីៗដើម្បីទៅរកប្រ៉ាពី។ រត់បានបន្តិចភ្លើងក៏ដាច់ភ្លឹប។ គ្រប់យ៉ាងគឺងងឹតនៅសល់តែពន្លឺព្រះចន្ទដែលចាំងឆ្លុះមកពីខាងក្រៅភ្លឺព្រាលៗ។ ខ្ញុំទច់បន្តិចតែខ្ញុំមិនរាថយនោះទេ។ ខ្ញុំចាប់ដើរមួយៗកាត់តាមក្នុងផ្ទះឆ្ពោះទៅបន្ទប់ស្រីៗ។ ខណៈនេះស្រាប់តែខ្យល់ត្រជាក់បក់មកប៉ះខ្លួនខ្ញុំធ្វើឱ្យព្រឺឆ្អឹងខ្នងរកថាមិនត្រូវ។ ស្របពេលនោះដែរក្លិនផ្កាចេកទុំក៏ចាប់សាយភាយពេញគ្រប់កន្លែង។ ខ្ញុំធំក្លិនផ្កាចេកទុំកាន់តែខ្លាំងឡើងៗហាក់ដូចគេយកផ្កានោះមកដាក់ជាប់ច្រមុះយ៉ាងអ៊ីចឹង។

«ហ៊ឺ…អ៊ឹក…អ៊ឺ…!!» សំឡេងមនុស្សទ្រហោយំលាន់ឮក្នុងសោតៈទាំងទ្វេរបស់ខ្ញុំ។ ឮយូរៗក៏ហ៊ឹងត្រចៀកឡើងមក។   ខ្ញុំយកដៃទាំងពីរខ្ទប់ត្រចៀកពីសំឡេងយំនោះព្រោះហាក់ដូចជាចង់ធ្វើឱ្យខ្ញុំរហែកក្រដាសត្រចៀកស្លាប់អ៊ីចឹង។ ខ្ញុំស្រែកខ្លាំងៗប្រៀបដូចជាមនុស្សឆ្កួត៖

«ឈប់ទៅ!​ ខ្ញុំប្រាប់ថាឱ្យឈប់ទៅ!»

វឹប! ក្ឌឹង!! មុខទល់មុខ….ក្បាលដាំចុះក្រោម…ភ្នែកក្រហមតែតលៀនចេញក្រៅ…ផ្ទៃមុខរលេះរលួយ…ព្រមជាមួយសក់ធ្លាក់អន្លាយដល់ក្ដារបាត។

«ហ៊ើយ!!» ខ្ញុំស្រែកសឹងតែភ្លាត់សំឡេងដួលអុកគូទមួយទំហឹង។   ខ្លួនខ្ញុំចាប់ញ័រដូចជាកូន

កណ្ដុរត្រូវទឹក។ បេះដូងខ្ញុំលោតសឹងតែផ្ទុះមកក្រៅ។ គ្រប់យ៉ាងនៅពីមុខខ្ញុំក៏ទទេស្អាត។ ខ្ញុំព្យាយាមពង្រឹងស្មារតីខ្លួនឯងទាំងដែលភ័យសឹងតែគាំងបេះដូង។   ខ្ញុំចាប់ងើបឈរតិចៗសម្លឹងទៅមុខឥតប្រិច ខណៈដែលសភាពនៅពីមុខខ្ញុំកាន់តែប្រាកដច្បាស់ឡើងៗរហូតដល់ខ្ញុំអាចកំណត់បានថានោះគឺ…ជារូបថតនារីសម័យសង្គមរាស្ត្រនិយមដែលខ្ញុំបានយកដៃប៉ះនោះ។ ក្នុងរូបថតនាងញញឹមពព្រាយសម្លឹងមកខ្ញុំហាក់ដូចជារាងកាយមានវិញ្ញាណ។ ខ្យល់បក់បោកបង្អួចទៅមកលាន់ជាសំឡេងពេញផ្ទះ។ ខ្ញុំទប់អារម្មណ៍ខ្លួនឯងលែងបានហើយ។ កំហឹងនៃភ្លើងទោសៈធ្វើឱ្យខ្ញុំហានក្លាណាស់។ ខ្ញុំក្ដាប់ដៃយ៉ាងណែន​ទាំងសម្លឹងទៅរូបថតនារីម្នាក់នោះដោយភាពខឹងសម្បារ ស្រែកឮៗ៖

«នាងមែនទេ?…នាងគឺជាអ្នកធ្វើបាបយើងគ្រប់គ្នាតើមែនទេ?…នាងត្រូវការអី?… យើងសួរថានាងត្រូវការអី….» ព្រមជាមួយនិងប្រយោគសំណួរនេះ ខ្ញុំក៏បោះជំហានមកមុខខ្លាំងៗតម្រង់មករូបថតក្នុងចិត្តគិតប៉ងនឹងបោកបំបែករូបនេះឱ្យខ្ទេចខ្ទីនៅពេលនេះ។ បោះជំហានជិតដល់រូបថតទៅហើយតែក៏…

ក្ឌុក!! (សំឡេងធ្លាក់របស់) ខ្ញុំក៏ងាកទៅក្រោយដោយស្វ័យប្រវត្តិ។ ចក្ខុរបស់ខ្ញុំប្រឹងផ្ដិតយករូបភាពដែលងងឹតព្រាលៗយ៉ាងលំបាក។ ស្រមោលយោលទៅយោលមកកំពុងតែធ្វើឱ្យខ្ញុំភាន់ភាំង ឈរទ្រឹងដូចជាគេចាក់ជីពចរជាប់។ មួយរំពេចនោះចង្កៀងចាស់ដែលបន្ដោងនៅចំកណ្ដាលផ្ទះក៏ឆេះមានបន្លឺឡើងមក។ ម្ដងនេះហួសពីពាក្យថាគាំង។ រាងកាយទាំងមូលរបស់ខ្ញុំបីដូចជារូបចម្លាក់ឥតវិញ្ញាណ។ ជើងពីរគូធ្លាក់សំយុងចុះមកក្រោម។ ខ្ញុំបើកភ្នែកធំៗទាំងញ័រមាត់ទទ្រើកព្រោះនោះគឺជា…

«បងភីន! អ៊ំភីម!» ខ្ញុំទប់ជំហរលែងជាប់។ រាងកាយគ្មានវិញ្ញាណរបស់បងភីននិងអ៊ំភីមយោលទៅមក។ ភ្នែកពួកគាត់បើកក្រឡង់ជាមួយនឹងអណ្ដាតដែលលៀនត្លែ។ ខ្ញុំសម្លឹងមើលទៅខ្សែដែលចងព្យួរពួកគាត់តែនោះមិនមែនជាខ្សែនោះទេតែគឺជា…សក់…គឺជាសក់ខ្មៅក្រឹប។ កំពុងតែតក់ស្លុត ភ្លាមនោះសំឡេងស្រែករកជំនួយបន្លឺឡើងពីខាងក្រោមផ្ទះមក៖

«ជួយផង…ជួយខ្ញុំផង!» ខ្ញុំភាន់ភាំងស្យង់ស្មារតីស្ដាប់។ មួយសន្ទុះទើបខ្ញុំអាចកំណត់បានថានោះគឺជាសំឡេងរបស់ប្រ៉ាពី។ ខ្ញុំមិនបង្អង់ឡើយក៏ចាប់ស្ទុះចុះទៅក្រោមផ្ទះយ៉ាងប្រញាប់ប្រញាល់។ ខ្ញុំរត់មកដល់ខាងក្រោមផ្ទះក្រឡេកទៅម្ខាងឃើញឡានរបស់យើងដែលជិះមកហើយពូតៃកុងក៏សម្រាន្តក្នុងឡាននោះឯង។ ដោយខ្ញុំក្រឡឹងរកមើលមិនឃើញប្រ៉ាពី ខ្ញុំក៏ប្រញាប់ស្ទុះដើរសំដៅទៅឡាន។ ខ្ញុំគោះទ្វារកញ្ចក់ប៉ូងៗទាំងភ្នែកខំស្យង់មើលតៃកុងឡានដែលសម្រាន្តផ្អែកនឹងកៅអីលក់យ៉ាងស្ងៀមឈឹង។

«ជួយផង!….ជួយខ្ញុំផង!» សំឡេងហៅឱ្យជួយក៏លាន់ឮម្ដងទៀតពីក្រោមផ្ទះ។ ខ្ញុំមើលឆ្វេងស្ដាំទៅក្រោមផ្ទះជាថ្មី ក៏ឃើញប្រ៉ាពីអង្គុយបែរខ្នងនៅលើក្ដារងឿក្រោមផ្ទះ។ ខ្ញុំចាប់ផ្ដើមដើរសំដៅទីនោះទាំងហៅឈ្មោះនាងផង៖

«ប្រ៉ាពី! ប្រ៉ាពី!!» ខ្ញុំដើរចូលទៅជិតដល់ប្រ៉ាពី ខ្ញុំចាប់ស្រឡាំងកាំងជាថ្មីនៅពេលដែលប្រ៉ាពី

យកដៃបោកសក់ខ្លួនឯងខ្លាំងៗ៖

«ហ៊ឹះៗ!…ហ៊ឹះៗៗ!!…» នាងបោចសក់ខ្លួនឯងបណ្ដើរអង្គុយសើចបណ្ដើរហាក់បីដូចជាសប្បាយរីករាយណាស់អ៊ីចឹង។ ខ្ញុំលេបទឹកមាត់ក្អឹក បេះដូងលោតឌឹបៗ បោះជំហានយឺតៗទៅរកនាងទាំងស្រដីញ័រៗ៖

«ប្រ៉ាពី! នេះឯងកំពុងធ្វើឆ្កួតស្អីហ្នឹង? ម៉េចបានជាឯងបោចសក់ខ្លួនឯងអ៊ីចឹង?»

«ហ៊ឺ…អ៊ឹក…អ៊ឺ…!» សុខៗនាងក៏ប្រែជាយំមួយរំពេចទាំងបោចសក់ខ្លួនឯងខ្លាំងទៅៗ។ ខ្ញុំមិនខ្វល់នោះទេសំខាន់ខ្ញុំត្រូវតែឃាត់នាង។ ខ្ញុំបោះជំហានទៅជិតខ្លួននាងរៀបនឹងចាប់ដៃនាងស្រាប់តែ…វឹប! នាងងាកមកខ្ញុំទាំងសម្លក់ត្លែ។ ខ្ញុំសារភាពថាខ្ញុំភ័យស្ទើរតែគាំងបេះដូង។ ខណៈនោះភ្នែកធំៗរបស់នាងក៏ប្រែជាស្រទន់មួយរំពេច។ តំណក់ទឹកភ្នែកចាប់ផ្ដើមជ្រាបចេញពីកែវភ្នែករបស់នាងយ៉ាងជោកជាំ។ ខ្ញុំភាន់ភាំងនឹងអាការៈប្លែកៗរបស់នាងណាស់។ នាងសម្លឹងមកខ្ញុំមិនដាក់ភ្នែកក្នុងន័យអង្វរកឱ្យជួយនាងរឿងអ្វីម្យ៉ាង។ ខ្ញុំប្រញាប់ចាប់ដៃនាងយ៉ាងរហ័សរហួនព្រោះយើងគ្មានពេលច្រើនទៀតទេ៖

«ប្រ៉ាពី! យើងប្រញាប់ទៅ យើងគ្មានពេលច្រើនទេ! យើងត្រូវប្រញាប់ទៅជួយគ្នាយើង!»

នាងគ្រវីក្បាលយំសស្រាក់ហើយក៏ប្ដូរមកជាចាប់ដៃខ្ញុំយ៉ាងណែនវិញ។ ខ្ញុំពិតជាតឹងទ្រូងណាស់។ ហេតុអីបានជានាងមិននិយាយអ្វីសោះគិតតែពីយំយែកបែបនេះ។ ទីបំផុតខ្ញុំក៏យកដៃទាំងពីរទៅក្រសោបរាងកាយរបស់នាងយកមកឱបជាប់ទ្រូង។ ខ្ញុំមិនមានបំណងឆ្លៀតឱកាសនោះទេ​ ប៉ុន្តែទឹកមុខរបស់នាងបានបញ្ជាក់ថានាងបានចួបហេតុការណ៍ដ៏រន្ធត់កម្រិតណា។ នាងយកដៃទាំងពីរឱបខ្ញុំយ៉ាងណែន។ ខ្ញុំក៏ឱបនាងវិញទាំងអង្អែលសក់នាងថ្នមៗផង។

«ប៊ុនយ៉ុង! កំពុងធ្វើអីហ្នឹង?» សំឡេងខ្លាំងៗបន្លឺហៅឈ្មោះខ្ញុំ។ ខ្ញុំងាកទៅប្រភពសំឡេងឃើញគ្នីគ្នាទាំងអស់ចុះមកដល់កាំជណ្ដើរ ខ្ញុំអរភើតតែខ្ញុំក៏ចាប់បើកភ្នែកធំៗហាមាត់និយាយលែងចេញផងដែរនៅពេលដែលប្រទះឃើញប្រ៉ាពីឈរនៅពីមុខគ្រប់គ្នា។  នាងគឺជាអ្នកសួរខ្ញុំអម្បាញ់មិញ។ ហើយចុះប្រ៉ាពីដែលខ្ញុំកំពុងតែឱបនេះវិញ? ខ្ញុំបែរមុខមកយ៉ាងរហ័ស។ រាងកាយប្រ៉ាពីដែលខ្ញុំឱបក្រសោបអម្បាញ់មិញក៏ក្លាយទៅជាគ្រោងឆ្អឹងពាក់អាវពណ៌សមួយរំពេច។ ខ្ញុំបែកញើសសស្រាក់។​ រេផ្លិចបញ្ជាឱ្យខ្ញុំបោះគ្រោងឆ្អឹងនោះចេញពីរង្វង់ដៃ ប៉ុន្តែមិនមែនងាយដូចគិតនោះទេ ព្រោះថាអ្វីក៏មិនដឹងទាក់ដៃខ្ញុំជាប់។ ខ្ញុំសម្លឹងទៅលលាដ៏ក្បាលដែលមានសក់ ហើយសក់នោះឯងកំពុងតែរឹតដៃរបស់ខ្ញុំមិនឱ្យខ្ញុំបោះគ្រោងឆ្អឹងនោះចោលបានឡើយ។ ខ្ញុំស្លុតផង ភ័យផង ព្យាយាមរើពីសរសៃសក់ខ្មោចនោះ។ ខណៈនោះគ្រោងឆ្អឹងនោះក៏ហោះចេញពីដៃខ្ញុំទៅប្រែក្លាយទៅជានារីសម័យសង្គមរាស្ត្រនិយមមួយកំណាត់ខ្លួន ដែលមានមុខមាត់រលេះរលួយគួរឱ្យខ្លាច។ នាងបើកភ្នែកសម្លក់ត្លែដែលកែវភ្នែកឃើញមានតែប្រស្រី។ បបូរមាត់ប្រេះក្រហែងហូរឈាមតក់មកពេញអាវសរបស់នាង។  សក់របស់នាងវែងអន្លាយហើយចុងសក់ក៏កំពុងតែព័ទ្ធកដៃរបស់ខ្ញុំជាប់។ មិត្តខ្ញុំម្នាក់ៗគាំងដូចជារូបចម្លាក់។ ម្នាក់ៗចង់ស្រែកតែក៏ស្រែកមិនរួចនោះដែរ។ នាងខ្មោចនោះក៏សើចឡើងកងរំពងពេញក្រោមផ្ទះ៖

«ហាសហា…អ៊ីហ៊ីសៗ…ហាសហា…បងយន់! បងត្រូវតែទៅនៅជាមួយខ្ញុំ!!»

ខ្ញុំអស់ពីភ័យតក់ស្លុតប្រែទៅជាស្រឡាំងកាំង ព្រោះថាគ្រប់យ៉ាងគឺដូចនៅក្នុងយល់សប្ដិក្នុងថ្ងៃដំបូងដែលខ្ញុំគេងនៅផ្ទះនេះ។ នាងខ្មោចងាកទៅសម្លក់ប្រ៉ាពីដែលឈរមុខគេនិងប៉មដែលត្រូវបានកាននិងខេមរាកំពុងតែគ្រាហ៍វានោះ រួចលើកដៃចង្អុលមុខនិយាយដោយភាពក្រេវក្រោធទាំងសំណើចគួរឱ្យភ័យតក់ស្លុត៖

«ចំណែកនាងឯង…ហើយនឹងឯង…ត្រូវតែស្លាប់…ហាសហា…!»

នាងខ្មោចក៏ចាប់ទាញសក់អូសយកខ្ញុំទៅ។ ខ្ញុំប្រឹងឈរជ្រែងជើងទប់ជំហរតែហាក់ដូចជាប្រឆាំងនឹងកម្លាំងដំរីចុះប្រេងអ៊ីចឹង។ ប្រ៉ាពីនាងហាក់នៅអាចគ្រប់គ្រងស្មារតីខ្លួនឯងបាន៖

«ពួកយើងនាំគ្នាគាំងស្លន់ដល់ណាឆាប់ជួយប៊ុនយ៉ុងភ្លាមទៅ!» ពួកគេទាំងអស់គ្នាហាក់ភ្ញាក់ស្មារតីឡើងមកវិញ ហើយក៏រៀបនឹងស្ទុះមកជួយចាប់ខ្ញុំតែឡានដែលពួកយើងជិះស្រាប់តែបើកសំដៅទៅរកពួកគេលឿនស្លេវ។ អាយីនប្រញាប់ស្អែកដាស់សតិគ្រប់គ្នា៖

«ប្រយ័ត្នឡាន…!» រវល់តែស្រែកប្រាប់គេតែមិនបានប្រយ័ត្នខ្លួនឯងឡានក៏គៀរវាដួលទៅម្ខាង។ ពូតៃកុងក៏ភ្ញាក់ទាំងសើងមម៉ើងមក។ លុះដឹងថាឡានកំពុងតែបើកដោយគ្មានការបញ្ជាពីគាត់ គាត់ក៏មីងមាំងយកដៃគោះចង្កូតឡានខ្លាំងៗ។ ឡានចាប់ផ្ដើមថយក្រោយវិញ ហើយក៏រៀបនឹងបើកទៅមុខដើម្បីកិនកម្ទេចឆ្អឹងរបស់យីន  ប៉ុន្តែសៀវអឺស្រាប់តែញែកគ្រប់គ្នារត់មកឈរជិតយីនលើកដៃបង្ហាញអ្វីក៏មិនដឹង។ ពន្លឺជះចេញឆ្វាច… ឡានក៏ឈប់ង៉ក់ធ្វើឱ្យពូតៃកុងឡានបោកក្បាលទៅនឹងចង្កូតឡានសឹងតែសន្លប់ភ្លាមៗ។

«ជួយ…ជួយខ្ញុំផង!»  ខ្ញុំក៏ស្រែកឡើងមកបន្តគ្នានោះដែរ ព្រោះតែរាងកាយខ្ញុំទាំងមូលកំពុង

តែត្រូវបានសរសៃសក់មួយដុំនោះអូសយកទៅ។ គ្រប់គ្នាតក់ស្លុតណាស់ តែសៀវអឺក៏ប្រញាប់ស្រែកសន្ធាប់ទាំងបោះរបស់អ្វីម្យ៉ាងដែលនាងលើកអម្បាញ់មិញសំដៅមកខ្ញុំ៖

«យ៉ុងទទួលទៅ…!» ដៃម្ខាងរបស់ខ្ញុំចាប់ជាប់ទើបដឹងថានោះគឺជាខ្សែកព្រះ។ ខ្ញុំប្រញាប់យកខ្សែកព្រោះនោះដាក់ចំសក់របស់នាងខ្មោច។ សំឡេងគ្រលួចពោរពេញដោយភាពឈឺចាប់ក៏បន្លឺឡើងមកធ្វើឱ្យសត្វរាត្រីចរភ្ញាក់ផ្អើលហើរព្រោងព្រាត៖

«អ្ហ៎ា…អាយ…! សក់របស់យើង…ហ៊ឺ…!» ខ្មោចក៏រលាយរូបបាត់មួយរំពេច។ គ្រប់គ្នាក៏ម្នីម្នារត់សំដៅមកខ្ញុំយ៉ាងត្រហេបត្រហប ស្របពេលដែលពូតៃកុងឡានចុះចេញពីឡានសំដៅមកពួកយើងទាំងគ្រវីក្បាលព្រោះនៅងងឹតមុខនៅឡើយ៖

«លោកគ្រូ! អ្នកគ្រូមានរឿងអីមែនទេ?»  ពួកខ្ញុំគ្មានពេលអីត្រូវបកស្រាយប្រាប់គាត់នោះទេ។ ខ្ញុំក្ដាប់ខ្សែកព្រះយ៉ាងណែនហើយការពិតខ្សែកព្រះនេះគឺ….

កាលពីរសៀលមិញនៅប្រាសាទបន្ទាយស្រី….

ខ្ញុំចាប់អារម្មណ៍នឹងចម្លាក់យ៉ាងល្អវិចិត្រនៅប្រាសាទបន្ទាយស្រីនេះណាស់។ ខ្ញុំនឹកស្ងើចសរសើរដល់ស្នាដៃដ៏មហស្ចារ្យរបស់បុព្វបុរសខ្មែរនាសម័យមុន។ ខ្ញុំលង់ជ្រៅទៅក្នុងរចនាបថប្រាសាទដោយមិនខ្វល់ថាមិត្តខ្ញុំផ្សេងទៀតដើរចូលដល់ខាងក្រោយប្រាសាទទៅហើយនោះទេ។ កំពុងតែជក់ចិត្តដិតអារម្មណ៍គន់មើលក្បាច់ផ្ដែរនិងសសរពេជ្រប្រាសាទ ស្រាប់តែសំឡេងមួយៗបន្លឺនៅជិតខ្ញុំ៖

«យកខ្សែកនេះទៅចៅប្រុស…!» បន្តោងរូបព្រះពុទ្ធរូបនៅពីមុខខ្ញុំចំៗ។ ខ្ញុំងាកទៅម្ចាស់សំឡេង ហាក់ដូចជាភាន់ភាំងបន្តិចព្រោះម្ចាស់សំឡេងគឺជាដូនជីស្លៀកសពាក់សដែលកំពុងតែឈរកាន់ខ្សែកព្រះទាំងញញឹមយ៉ាងស្រទន់មករកខ្ញុំ។ ខ្ញុំប្រញាប់ស្រាយទឹកមុខ៖

«លោកយាយ! លោកយាយមានកិច្ចការអ្វីជាមួយខ្ញុំតើមែនទេ?»     គាត់នៅតែរក្សាស្នាមញញឹមជាប់មានប្រសាសន៍មួយៗដដែល

«យកខ្សែកនេះទៅចៅប្រុស!» ខ្ញុំមិនយល់នោះទេ! ហេតុអីបានជានៅសុខៗមានដូនជីយកខ្សែព្រះមកឱ្យខ្ញុំទៅវិញ។ ដោយមើលទៅគាត់ពិតជាគួរឱ្យគោរពជាអ្នករក្សាទានសីលខ្ញុំក៏លាដៃទទួលខ្សែកព្រះនោះពីគាត់។ ខ្ញុំគន់មើលខ្សែកបន្តិចក៏លាន់ឮសំឡេងប្រ៉ាពីស្រែកហៅខ្ញុំ៖

«អ្ហេយ៉ុងប្រញាប់ដើរមក!» ខ្ញុំប្រញាប់ឆ្លើយតប

«ទៅឡូវហើយប្រ៉ាពី!» តបរួចខ្ញុំងាកត្រលប់មកដូនជីវិញតែក៏បាត់មិនឃើញគាត់។  ខ្ញុំចាប់

ស្រឡាំងកាំងខំដើររកមើលគាត់តែមិនឃើញសូម្បីតែស្រមោលរបស់គាត់ឡើយ។

នៅពេលនេះ….

ខ្ញុំក្ដាប់ខ្សែកព្រះយ៉ាងណែន។ ខ្ញុំភ្លេចទៅថានៅពេលដែលមកដល់បន្ទប់ខ្ញុំក៏ទុកខ្សែកនៅលើតុមុខកញ្ចក់។ ហើយការពិតដោយសារតែខ្សែកព្រះមួយនេះហើយទើបអាចនាំមិត្តរបស់ខ្ញុំឱ្យចុះមកដល់ក្រោមនោះ។ ពួកយើងគ្រប់គ្នាក៏ប្រញាប់រត់ឡើងឡាន។ ខ្ញុំចូលទៅជួយខេមរានិងកាន

គ្រាហ៍អាប៉ម។ មិនទាន់ទាំងទៅដល់ជិតវាស្រួលបួលផង រាងកាយរបស់អាប៉ម ប្រ៉ាពី ក៏ហោះទៅក្រោយវឹងខណៈដែលកាយរាងរបស់សៀវអឺ កាន ខេមរានិងអាយីន  បោកខ្ទប់ទៅនឹងឡានឮសូរឌឹប។ ខ្ញុំស្លុតណាស់ក្រឡេកទៅលើឃើញនាងខ្មោចអង្គុយសំយុងជើងនៅលើហោណាំង។ សក់នាងហោះរប៉ាត់រប៉ាយ​ ខណៈដែលសរសៃសក់ពីរដុំទៀតកំពុងតែរឹតកអាប៉មនិង​ប្រ៉ាពី។ ពួកគេទាំងពីរនាក់ ជើងសឹងតែផុតពីដីទៅហើយ។ ម្នាក់ៗខំយកដៃបេះសរសៃសក់ដែលរឹតបំពង់ករបស់ពួកគេយ៉ាងត្រដាបត្រដួសបំផុត…..

«ជួយ…ផង!!» អាប៉មនិងប្រ៉ាពីក៏បន្លឺសំឡេងបន្តគ្នាទាំងដាច់ៗ។ សៀវអឺ កាន ខេមរានិងយីនស្រែកបន្តគ្នា ព្រោះសរសៃសក់កំពុងតែរឹតខ្លួនពួកគេផ្អឹបជាប់នឹងឡានមិនឱ្យរើរួច៖

«ប៉ម!…ប្រ៉ាពី…! » កានក៏និយាយទាំងយំសស្រាក់៖

«ប៊ុនយ៉ុង! ធ្វើអីម្យ៉ាងទៅ ប៊ុនយ៉ុង!!» ខ្ញុំឈរទ្រឹងមីងមាំងអស់ហើយ។ ខួរក្បាលខ្ញុំហាក់មិនដំណើរការសោះ។ សៀវអឺក៏ប្រញាប់ស្រែកដាស់សតិខ្ញុំ៖

«ខ្សែកព្រះ! ប៊ុនយ៉ុងខ្សែក…!» នាងខ្មោចឮហើយក៏ងាកមកសម្លក់សៀវអឺ។ សៀវអឺ កាន ខេមរានិងយីននិយាយលែងរួចមួយរំពេច។ ខណៈខ្ញុំលើកខ្សែកឡើង ពូតៃកុងឡានក៏ស្ទុះមកបំបុកខ្ញុំជ្រុះខ្សែកទៅម្ខាង។ កែវភ្នែកគាត់ពោរពេញដោយផ្សែងខ្មៅបញ្ជាក់ថាត្រូវមន្តសណ្ដំ។ ខ្ញុំប្រតាយប្រតប់គ្នាជាមួយនឹងពូតៃកុងឡាន ព្រោះគាត់ព្យាយាមឃាត់ខ្ញុំមិនឱ្យទៅយកខ្សែកបាន។ ចំណែកឯប៉មនិងប្រ៉ាពីវិញកំពុងតែហើបពីដីម្ដងបន្តិចៗហើយ។ មុខរបស់ពួកគេប្រែទៅជាក្រហមលាយស្វាយទាំងបើកភ្នែកធំៗទធាក់ចុងជើងនឹងដីចុះឡើង។ នាងខ្មោចអង្គុយសើចក្អាកក្អាយបញ្ចេញធ្មេញខ្មៅកខ្វក់៖

«ហាសហា…យើងនឹងសម្លាប់ពួកឯង…អាសែងសក្ដិ…នាងនិលរតន៍…!»

ខ្ញុំដួលច្រងាងទៅនឹងដីព្រោះមិនអាចយកឈ្នះលើកម្លាំងដ៏ខ្លាំងក្លារបស់ពូតៃកុងឡានបានឡើយ។ ពូតៃកុងឡានក៏ស្ទុះទៅច្របាច់កអាយីន។ ខ្ញុំស្លុតណាស់មិនដឹងថាត្រូវជួយនរណាមុននោះទេ ខ្ញុំស្រែកសឹងតែភ្លាត់សំឡេង៖

«នាងត្រូវការអី…? ដោះលែងពួកយើងទៅ…ខ្ញុំសុំអង្វរ!!»​ សម្ដីខ្ញុំហាក់ជ្រួតជ្រាបដល់នាងខ្មោចនេះហើយ។ នាងបែរសម្លឹងមកខ្ញុំដោយក្រសែភ្នែកស្រទន់ទាំងរលីងរលោងទឹកភ្នែក៖

«អត់ទេ!…អត់ទេបងយន់!…ខ្ញុំនឹងសម្លាប់ពួកវា…ហើយតទៅនឹងលែងមាននរណាមករារាំងស្នេហារបស់យើងបានតទៀតហើយ!»       ខ្ញុំសម្លឹងចំភ្នែករបស់នាងខ្មោចគ្មានប្រិច។ គ្រប់ពាក្យពេចន៍ដែលនាងនិយាយ ហាក់ដូចខ្ញុំគឺជាមនុស្សដ៏សំខាន់និងស្និទ្ធិស្នាលខ្លាំងបំផុតម្នាក់របស់នាងយ៉ាងអ៊ីចឹង។ ហើយអ្វីៗក៏…ខ្ញុំមើលឃើញ…

រូបភាពសខ្មៅ…សម័យសង្គមរាស្ត្រនិយម…

នារីដែលមានមុខមាត់ដូចប្រ៉ាពីបេះបិទ ស្លៀកពាក់រ៉ូបពងជីងចក់ពាក់ស្រោមដៃវែងពណ៌ស កំពុងតែបោះជំហានញាប់ឡើងៗ ទៅដល់មុខបន្ទប់មួយ…

តុកៗៗ! នាងគោះទ្វារបន្ទប់ខ្លាំងៗហាក់ដូចជាប្រញាប់ប្រញាល់ណាស់…

«លោកបងសែងសក្ដិ…លោកបង! ប្រញាប់…ប្រញាប់បើកទ្វារឱ្យអូន…លឿនឡើង!!»

ក្រាក! ទ្វាររបើកលេចចេញបុរសម្នាក់ដែលមានមុខមាត់ដូចប៉មបេះដាក់។ គេជ្រួញចិញ្ចើមមើលទៅប្អូនស្រីដែលត្រហេបត្រហប៖

«មានអីមែនទេអូនរតន៍?» នាងចាប់ដៃបងប្រុសវាចាដាច់ៗ

«គឺ…គឺម៉ាក់អ៊ំស្រគុំ…បានផ្ដល់ដំណឹងមកថា…អ្នកបងស្រអែមពង្រត់គ្នាជាមួយ…ជាមួយនិងនាយយន់ទៅបាត់ហើយ…លោកបង!» គ្រាន់តែពាក្យលោកបងមិនទាន់ផុតពីមាត់ផង នាយសែងសក្ដិកូនលោកគហិបតីចងចិញ្ចើមដោយកំហឹងក្រេវក្រោធ ស្ទុះទៅយកកាំភ្លើងពីក្នុងបន្ទប់ហើយក៏ស្ទុះចុះទៅដោយសន្ទុះចិត្តទោសៈ។ និលរតន៍ជាប្អូនចាប់ដៃបងប្រុស វាចាទាំងស្រឡាំងកាំង៖

«លោកបងប្រុងទៅណា?» នាយសែងសក្ដិឈប់បន្តិចងាកមកស្រដីជាមួយប្អូនស្រី

«បងដាច់ខាតមិនឱ្យពួកវាសមបំណងនោះទេ…! លោកពុកជិតចូលស្ដីដណ្ដឹងអូនស្រអែមឱ្យបងហើយយ៉ាងណាបងមិនឱ្យអាប៉ាវព្រាវនោះកាត់មុខបងបានឡើយ!!»

គ្រាន់តែនាយសែងសក្ដិចុះពីភូមិគ្រឹះទៅភ្លាម នាងនិលរតន៍នារីពិសពុលក៏ញញឹមពេបមាត់ព័ទ្ធដៃនិយាយ៖

«បើយើងមិនបានសមបំណង…ក៏កុំសង្ឃឹមថានាងបានសមបំណងឱ្យសោះនាងស្រអែម…ហ៊ឹះៗ…ហាសហា…!»

………………………..

ជើងទាំងគូរត់ត្របាញ់គេចពីការតាមចាប់របស់សែងសក្ដិនិងបក្ខពួក។ យុវបុរសម្នាក់មុខដូចប៊ុនយ៉ុងខ្លាំងណាស់ កំពុងតែរត់ជាមួយនិងនារីម្នាក់ទៀតយ៉ាងស្វិតស្វាញកាត់វាលចូលព្រៃប្រៀបដូចជាលលកញីឈ្មោលដែលស្មោះស្មគ្រមោះមុតតស៊ូជាមួយគ្នា។ ផ្កាចេកទុំដែលសៀតនឹងសៀតផ្ការបស់នារីរូបស្រស់សោភាក៏ធ្លាក់មកដល់ដី    នៅពេលដែលនាងកំពុងតែខំរត់ជាមួយ

ប្រុសបណ្ដូលចិត្តនាងនោះ។ ក្នុងស្ថានភាពបន្ទាន់បែបនេះទឹកមុខរបស់ពួកគេពិតជាយ៉ាប់យ៉ឺនណាស់។ នរៈយន់ទច់ដំណើរក្ដោបស្មាគូស្នេហ៍៖

«ស្រអែម! អូនរត់ពួននៅគុម្ពោតព្រៃនេះសិនទៅ…បងពង្វាងដានពួកវា!» នារីស្រអែមគ្រវីក្បាលញាប់ស្អែកទាំងស្រយុតចិត្ត

«អត់ទេបងយន់! យើងរត់ទៅជាមួយគ្នា!» យន់សម្លឹងភ្នែកគូស្នេហ៍ពេញដោយទឹកដមនៃមនោសញ្ចេតនាដែលពិបាកនឹងពណ៌នាឱ្យយល់

«ឱ្យឆាប់ឡើងអូនស្រអែម…ពួកវាមកទាន់យើងឥឡូវហើយ! បើយើងមិនធ្វើបែបនេះទេយើងច្បាស់ជារត់មិនរួចពីពួកវាទេ!»  នារីស្រអែមគ្រវីក្បាលហូរទឹកភ្នែកសស្រាក់ញ័រមាត់ចំប្រក់

«តែអូនបារម្ភពីបងខ្លាចក្រែងបងត្រូវពួកវាចាប់បាន…» នរៈយន់ព្យាយាមទប់ទឹកភ្នែកកុំឱ្យស្រក់ក្នុងនាមជាកូនប្រុសយកដៃជូតទឹកភ្នែកនារីសំណព្វចិត្ត

«ស្ដាប់បងណ៎ា…បើអូនព្រមធ្វើតាមបងយើងពិតជាមានឱកាសអាចរត់ទៅជាមួយ!» នរៈអង្រួនស្មាស្រអែមតិចៗជាការដាស់សតិរបស់នាង។

មាណវីងក់ក្បាលទាំងបង្ខំចិត្តហូរទឹកភ្នែកកាន់តែខ្លាំងក្ដោបដៃប្រុសស្នេហ៍យ៉ាងខ្លាំង៖

«បងត្រូវតែសន្យាថាយើងនឹងរត់ទៅជាមួយគ្នា!» នរៈយន់ងក់ក្បាលទោះបីជាពេលនេះគេមិនអាចធានាបានថារឿងនោះអាចកើតឡើងឬអត់ក៏ដោយ

«ឱ្យឆាប់ឡើងស្រអែម…អូនចូលពួនទៅ!» នារីស្រអែមក៏រត់ចូលពួនក្នុងគម្ពោតព្រៃទាំងក្ដីអាលោះអាល័យមិនដាច់ស្រេច។ រីឯនរៈយន់ក៏ប្រញាប់រត់ទៅមុខដើម្បីពង្វាងដានពួកសែងសក្ដិ។ គ្រាន់តែគូសង្សារទាំងពីរបំបែកគ្នាបានមួយសន្ទុះ សែងសក្ដិនិងបក្ខពួកពីរនាក់ទៀតក៏រត់មកដល់ដែរ។ គេបញ្ជាឱ្យកូនចៅរត់ដេញចាប់យកស្រអែមមកវិញឱ្យទាល់តែបាន។

……………..

ស្រអែមរត់ត្រហេបត្រហបនៅពេលសំឡេងកាំភ្លើងលាន់ឮមួយសន្ទុះធំ។ ក្នុងចិត្តនាងដូចជាមិនស្រួលខ្លាំងឡើងៗហើយ។  ស្រស់ស្រីរត់ត្របាញ់ជើងសំដៅទៅកន្លែងបន្លឺសំឡេងកាំភ្លើងអម្បាញ់មិញ។ រត់មកដល់ម្ដុំកន្លែងឮសំឡេងកាំភ្លើងនាងក្រលេកមើលឆ្វេងស្ដាំ។ លុះងាកទៅជ្រុងម្ខាងនាងក៏បើកភ្នែកធំៗមួយរំពេច។ រាងកាយនាងសឹងតែដួលទ្រោបនៅនឹងកន្លែងកាលបើដឹងថារាងកាយដេកស្ដូកស្ដឹងដែលនាងសម្លឹងឃើញនោះគឺជាគូសង្សាររបស់នាង។ នាងទ្រហោយំឡើងមករត់សំដៅរាងកាយឥតវិញ្ញាណទាំងអារម្មណ៍អួលណែននិយាយលែងចេញ។ លុះទៅ

ប្រាកដឃើញរាងកាយនរៈយង់ដេកដាបក្នុងថ្លុកឈាម នាងក៏ស្រែកទ្រហោយំបោកខ្លួនកាន់តែខ្លាំងទ្វេដង៖

«បងយន់…បងយន់…ហ៊ឹកហ៊ឺ…!ប​ង…ហេតុអី…ហេតុអី…ក្រែងបងសន្យាជាមួយអូន…ថាពួកយើងនឹងរត់ទៅជាមួយគ្នា…ហេតុអី…បងយន់…នរណាសម្លាប់បង…»

«អូនស្រអែម!» សំឡេងមួយបន្លឺហៅឈ្មោះនាង។ ក្រឡេកទៅចំហៀងឃើញសែងសក្ដិឈរនៅមិនឆ្ងាយប៉ុន្មានពីទីនោះទាំងដៃកាន់កាំភ្លើងជាប់។ ទុក្ខសោករបស់នាងក៏ប្រែខ្លាចទៅជាភ្លើងទោសៈមួយរំពេច។ នាងសម្លក់សែងសក្ដិទាំងហូរទឹកភ្នែករហាមស្រែកគំហកខ្លាំងៗ៖

«ឯងជាអ្នកសម្លាប់បងយន់មែនទេ?» សែងសក្ដិលេបទឹកមាត់ក្អឹកទៅជាស្លេកស្លាំងស្រឡាំងកាំងមួយរំពេច៖

«ទេស្រអែម!…មិនមែនជាបងទេ…!» នាងខាំមាត់ស្ទើរស្រក់ឈាមក្ដាប់ដៃយ៉ាងណែន៖

«កុហក!! ឯងជាងអ្នកសម្លាប់បងយន់…ឯងសាហាវណាស់…ឯងអាក្រក់ជួជាតិណាស់!…កុំចូលមក..យើងប្រាប់ថាកុំចូលមកជិតយើង…!» និយាយមិនទាន់ផុតពីមាត់ស្រអែមក៏ទាញកាំបិតពីចង្កេះរបស់យន់យកមកក្ដាប់ក្នុងដៃជាប់។

សែងសក្ដិភ័យណាស់រាដៃទាំងពីរនិយាយញ័រមាត់៖

«អូនស្រអែមស្ដាប់បងអធិប្បាយសិន…រឿងមិនមែនដូចដែលអូនគិតនោះទេ…!»

«កុំចូលមក….កុំចូលមកជិតយើង!!» ស្រអែមនិយាយខ្លាំងៗទាំងយកកាំបិតតម្រង់កខ្លួនឯងកាន់តែធ្វើឱ្យសែងសក្ដិភ័យតក់ស្លុតខ្លាំងឡើងទ្វេដង

«ទេអូនស្រអែម! កុំធ្វើបែបនេះ….!» ស្រអែមញញឹមហូរទឹកភ្នែក

«ហ៊ឹះ!…ឯងបានសម្លាប់មនុស្សដែលយើងស្រឡាញ់ទៅហើយ តើឯងឱ្យយើងរស់នៅមានន័យអីទៀត!…ជញ្ជាំងវណ្ណៈរនាំងគ្រួសារ…គ្រប់យ៉ាងគឺមនុស្សជាអ្នកបង្កើតដោយខ្លួនឯង…ទាំងដែលដឹងថាគ្រប់គ្នាសុទ្ធតែជាមនុស្សធម្មតា…មានសាច់មានឈាម…ចេះស្រឡាញ់ចេះឈឺចាប់…ស្អប់ការព្រាត់ប្រាស…» និយាយមកដល់ត្រឹមនេះនាងក៏អួលដើមក។ ស្រអែមយកដៃហូតស្នៀតសក់របស់នាង សក់នាងក៏ធ្លាក់មករសាយដល់ដី។ នាងយកដៃប្រមូលក្ដាប់សក់ខ្លួនឯងទាំងសម្លឹងមកសែងសក្ដិដោយកែវភ្នែកក្រហមតែត ពោរពេញដោយតំណក់ទឹកភ្នែក វាចាខ្លាំងៗ៖

«កេសាដែលយើងស្រឡាញ់ស្មើជីវិត…យើងសូមចងពៀរជាមួយនឹងពួកឯង…! កេសាដែលយើងស្រឡាញ់សូមក្លាយជាចំណងពៀរ… តាមជាប់ទៅជាមួយនឹងពួកឯងគ្រប់ជាតិគ្រប់ភព…!   កេសាដែលយើងស្រឡាញ់យើងសូមចងពៀរជាមួយនឹងពួកឯង…! ពួកឯងត្រូវតែសងយើង

វិញយ៉ាងសក្ដិសម…ពួកឯងត្រូវតែឈឺចាប់ជាងដែលយើងឈឺរាប់រយរាប់ពាន់ដង…»

វឹប!! ផ្លែកាំបិតមុតស្រួចកាត់យកនូវសរសៃខ្មៅក្រឹបធ្លាក់ដល់ដីហើយកាំបិតនោះក៏ចាក់ទម្លុះទ្រូងរបស់ស្រអែមបាញ់ឈាមមួយរំពេច។

«អត់ទេស្រអែម…ស្រអែម…!» សំឡេងរបស់សែងសក្ដិស្រែករន្ទឺពេញក្នុងព្រៃ។

………………………..

ត្រលប់មកវិញ…

ខ្ញុំសឹងតែមិនជឿនោះឡើយ។​ ខ្ញុំគ្រវីក្បាលញាប់ស្អេក។ នេះខ្ញុំជាតិមុនគឺជានរៈយន់នោះពិតមែនអ្ហេស?

«មែន! បងគឺជាបងយន់របស់ខ្ញុំ!!» សំឡេងយឺតៗរបស់នាងខ្មោចបន្លឺឡើង។ នាងចាប់យំសសឹក សម្លឹងមកខ្ញុំដោយក្រសែភ្នែកស្រទន់៖

«បងចាំបានទេថា…ជារៀងរាល់ល្ងាចពួកយើងណាត់ចួបគ្នាក្រោមដើមជ្រៃ…! បងតែងតែយកផ្កាចេកទុំមកសៀតត្រចៀកខ្ញុំ…ហើយតែងតែប្រាប់ខ្ញុំថា​…បងស្រឡាញ់ខ្ញុំ! ខ្ញុំត្រូវបានក្រុមគ្រួសារសែងសក្ដិខាបវិញ្ញាណទុកនៅក្នុងរូបថតមកជាច្រើនឆ្នាំ!… បងជាអ្នកលែងខ្ញុំចេញពីទីនោះ…ឥឡូវនេះពួកយើងបានចួបគ្នាហើយ…! ខ្ញុំនឹងសម្លាប់អ្នករារាំងស្នេហារបស់យើង…ហើយស្នេហារបស់យើងនឹងលែងមានអ្នករារាំងតទៅទៀតហើយ!» និយាយមកដល់ត្រឹមនេះ នាងក៏សម្លឹងទៅកាន់ប៉មនិងប្រ៉ាពី ប្រែមុខទៅជាអប្បលក្ខណ៍គួរឱ្យខ្លាចហើយក៏ទាញសក់របស់នាងលើកទៅលើធ្វើឱ្យពួកគេទាំងពីរហើបជើងផុតពីដី។

«ឈប់ទៅអ្នកនាងម្ចាស់!»     រាងកាយប៉មនិងប្រ៉ាពីក៏ធ្លាក់មកដល់ដីក្ឌុកជាមួយគ្នានឹងពូតៃកុងឡានដួលសន្លប់មួយរំពច។ រីឯសៀវអឺ កាន យីននិងខេមរាក៏រួចពីចំណងសរសៃសក់។ រូបរាងរបស់ដូនជីដែលឱ្យខ្សែកព្រះមកខ្ញុំនៅប្រាសាទបន្ទាយស្រី ក៏លេចចេញមកតាំងពីពេលណាក៏មិនដឹង។ មិត្តរបស់ខ្ញុំម្នាក់ៗកំពុងតែក្អកដង្ហក់សឹងតែដាច់ខ្យល់ស្លាប់ ខណៈដែលខ្ញុំលើកដៃសំពះដូនជី។ នាងខ្មោចសម្លក់មកកាន់ដូនជីត្លែ ដោយភាពខឹងសម្បារខ្លាំងហួសប្រមាណស្របពេលដែលដូនជីមានប្រសាសន៍មួយៗទាំងមានអាការៈស្ងប់រំងាប់៖

«ឈប់សាងកម្មទៀតទៅអ្នកនាងម្ចាស់!» ខ្មោចស្រអែមកាន់តែខឹងខ្លាំងជាងមុន

«កុំចេះដឹងរឿងរបស់យើង!      ជាអ្នករក្សាសីលក៏រក្សាសីលមិនចាំបាច់មកទាក់ទងជាមួយនឹងរឿងនៅពិភពខាងក្រៅនោះទេ!» ដូនជីនៅតែរក្សាទឹកមុខស្ងប់ស្ងៀមដូចទឹកឥតរលក

«អ្នកនាងម្ចាស់តាមចងពៀរដោយកម្លាំងនៃភ្លើងទោសៈទាំងដែលមិនដឹងនូវការពិត!»

«ការពិតគឺសែងសក្ដិជាអ្នកសម្លាប់បងយន់…នាងនិលរតន៍គឺជាអ្នកដែលតាមចាក់រុកបំបែកបំបាក់យើង…ដោយសារតែពួកវាទើបយើងនឹងបងយន់ត្រូវព្រាត់ប្រាសគ្នា…ដោយសារតែពួកវា…!»

«មិនពិតទេអ្នកនាងម្ចាស់! សែងសក្ដិមិនមែនជាអ្នកបាញ់សម្លាប់នរៈយន់នោះទេ តែគឺជាលោកពុករបស់អ្នកនាងម្ចាស់ទៅវិញទេដែលជាអ្នកធ្វើរឿងនេះ! សែងសក្ដិគ្រាន់តែតាមមកឃើញអ្នកនាងក្រោយគេតែប៉ុណ្ណោះ!» ខ្មោចអ្នកនាងម្ចាស់ស្រអែមគ្រវីក្បាលស្រែកឡើងខ្ទ័រ

«មិនពិត…មិនពិតទេ…នាងកុហកយើង…ជាអ្នករក្សាសីលតែរំលងខមុសាវាទ! …នាងមិនសមបួសជាដូនជីទេ!!» ដូនជីនៅតែរក្សាភាពនឹងធឹង

«តើអ្នកនាងម្ចាស់បានឃើញសែងសក្ដិបាញ់សម្លាប់នរៈយន់ផ្ទាល់ភ្នែកដែរទេ?…អ្នកនាងម្ចាស់ក៏ដឹងច្បាស់ពីសីលប្រាំ… ហើយខដំបូងនៃសីលប្រាំគឺបាណាតិបាតដែលព្រះពុទ្ធទ្រង់បញ្ញត្តិមិនឱ្យសម្លាប់ជីវិតសត្វឬញ៉ាំងជីវិតឱ្យធ្លាក់ទៅក្នុងគន្លងនៃសេចក្ដីស្លាប់!»

ខ្មោចអ្នកនាងម្ចាស់កាន់តែខឹងខ្លាំងឡើង។ ខ្យល់បក់មកមួយទំហឹងផ្ទៃមេឃប្រែជាងងឹត ផ្លេកបន្ទោរពុះជ្រែកផ្ទៃមេឃ។ ពួកយើងម្ចាស់ម្នាក់ៗទប់ខ្លួនមិនចង់ជាប់ ខុសប្លែកតែដូនជីដែលឈរនៅទ្រឹង។ ដូនជីចាប់មានប្រសាសន៍បន្ត៖

«អ្នកនាងម្ចាស់ចាំអ្នកម៉ែបានទេ…អ្នកម៉ែស្រអាំ?» អ្នកនាងម្ចាស់ទ្រឹងមួយកន្លែង។ នាងចាំច្បាស់ណាស់ថាស្រអាំគឺជាប្អូនបង្កើតរបស់នាងដែលនាងស្រឡាញ់បំផុត។ នាងចាប់ស្រែកគំហកខ្លាំងៗទៅកាន់ដូនជី៖

«នាងជាអ្នកណាឱ្យប្រាកដ?» ដូនជីញញឹមស្ងួត

«ខ្ញុំគឺជាកូនរបស់អ្នកម៉ែស្រអាំ! រឿងរបស់អ្នកនាងម្ចាស់កន្លងទៅអស់ជាច្រើនឆ្នាំរហូតដល់ខ្ញុំបានចាប់កំណើតជាមួយអ្នកម៉ែស្រអាំហើយបានធំដឹងក្ដី!…ដល់សម័យកម្ពុជាប្រជាធិបតេយ្យខ្ញុំមានអាយុជាង១០ឆ្នាំល្មមអាចចងចាំរឿងគ្រប់យ៉ាងបាន!…ត្រកូលរបស់យើងត្រូវបានជន្លៀសទៅខេត្តបាត់ដំបង! មុនថ្ងៃដែលប៉ុលពតបានដឹងពីសមាសភាពពិតរបស់ម្ចាស់តា ហើយនាំយកម្ចាស់តាទៅសម្លាប់…ម្ចាស់តាបាននិយាយរឿងរបស់ម្ចាស់អ៊ំប្រាប់មកពួកខ្ញុំ!…គាត់គឺជាអ្នកសម្លាប់នរៈយន់ដោយផ្ទាល់ដៃមិនមែនជាសែងសក្ដិនោះទេ!»  ខ្មោចអ្នកនាងម្ចាស់ស្រអែមគ្រវីក្បាល៖

«ទេ! មិនពិត ! មិនពិតទេ!!…អាយ….!»

«អ្នកម៉ែស្រអាំមានប្រជ្រុយធំមួយនៅពីក្រោយខ្នង ហើយនិងមានស្នាមផ្នូកនៅពីលើក្បាល…អ្នកម៉ែធ្លាប់ប្រាប់ថាម្ចាស់អ៊ំស្រឡាញ់ផ្កាចេកទុំ! ជារៀងរាល់ល្ងាចអ្នកម៉ែតែងតែទៅជិះទូកលេងជាមួយម្ចាស់អ៊ំនៅឯកំពង់ទឹក! មានថ្ងៃមួយអ្នកម៉ែបានធ្លាក់ទឹក…ម្ចាស់អ៊ំក៏ចុះទៅជួយអ្នកម៉ែទាំងដែលខ្លួនឯងមិនចេះហែលទឹកដែរ ទីបំផុតក៏បានត្រឹមតែលង់ទឹកទាំងពីរនាក់តែសំណាងនរៈយន់ក៏មិនជួយទាន់!…ហើយម្ចាស់អ៊ំក៏ចាប់ផ្ដើមមានចិត្តលើនរៈយន់តាំងពីពេលនោះមក!»

ដូនជីមានប្រសាសន៍មកដល់ត្រឹមនេះ អ្នកនាងម្ចាស់ក៏យំខ្លាំងៗឡើងមកបញ្ជាក់ថាគ្រប់យ៉ាងដែលដូនជីមានប្រសាសន៍គឺជាការពិតហើយ គាត់គឺពិតជាកូនរបស់ម្ចាស់ស្រអាំមែន។

«ស្រអែម!!» ខ្ញុំក៏ចាប់និយាយដោយសំឡេងស្រទន់។ នាងក៏ងាកមកខ្ញុំវិញ។  ​  រីឯមុខមាត់អប្បលក្ខណ៍របស់នាងក៏ប្រែមកជាស្រស់ស្អាតធម្មតាទាំងដិតដាមដោយទឹកភ្នែក។ ខ្ញុំពង្រឹងខ្លួនឯងចាប់និយាយតទៅទៀត៖

«អ្នកនាងម្ចាស់ស្រឡាញ់ខ្ញុំ តែក៏មិនត្រូវធ្វើបានខ្លួនឯងបែបនេះដែរ!…ខ្ញុំពិតជាសោកស្ដាយណាស់ដែលមិនអាចបំពេញតាមពាក្យសន្យារបស់ខ្ញុំបាន! គ្រប់យ៉ាងគឺជាកំហុសរបស់ខ្ញុំ…ខ្ញុំជាដើមហេតុដែលធ្វើឱ្យអ្នកនាងម្ចាស់មិនបានទៅចាប់ជាតិថ្មី!» នាងកាន់តែយំទ្វេដង។ ខ្ញុំក៏ហូរទឹកភ្នែកទាំងមិនដឹងខ្លួនដែរ។        មិត្តរបស់ខ្ញុំគ្រប់គ្នា ជាពិសេសប៉មនិងប្រ៉ាពីលើកដៃសំពះអ្នកនាងម្ចាស់។ ប៉មលត់ជង្គង់ព្រឹបចាប់ស្រដី៖

«បើខ្ញុំធ្វើអ្វីមិនគប្បីជាមួយអ្នកនាងម្ចាស់កាលពីជាតិមុន! …សូមអ្នកនាងម្ចាស់អហោសិកម្មឱ្យខ្ញុំផង!…» ប្រ៉ាពីក៏លត់ជង្គង់ព្រឹបដែរ ស្រដីទាំងអណ្ដឺតអណ្ដក់៖

«ខ្ញុំមិននឹកស្មានថាខ្លួនឯងកាលពីជាតិមុនគឺជាមនុស្សពូកែឈ្នានីសដល់ថ្នាក់ហ្នឹងសោះ!…ប៉ុន្តែយ៉ាងណាខ្ញុំសុំឱ្យអ្នកនាងម្ចាស់មេត្តាអហោសិកម្មឱ្យខ្ញុំផង!»  ដូនជីបន្ថែមទៀត

«ស្ងប់ចិត្តទៅម្ចាស់អ៊ំ!…គ្រប់យ៉ាងទុកឱ្យកម្លាំងកម្មគឺជាអ្នកផ្ដល់ផលទៅចុះ… ព្រោះនរណាសាងអ្វីគេក៏ត្រូវទទួលផលនូវកម្មនោះដោយចៀសមិនរួចឡើយ!!»

ខ្មោចអ្នកនាងម្ចាស់នៅតែសម្លឹងមកខ្ញុំទាំងយំគ្រវីក្បាល៖

«ខ្ញុំរង់ចាំបងមកជាច្រើនឆ្នាំ…តែពេលនេះ…ទើបខ្ញុំដឹងថាពួកយើងមិនមែនកើតមកជាគូនឹងគ្នានោះទេ!»

ខ្ញុំនិយាយទាំងអណ្ដឺតអណ្ដក់តបវិញ៖

«យើងស្រឡាញ់នរណាម្នាក់ក៏ត្រូវទុក ចំណែកខ្លះស្រឡាញ់ខ្លួនឯងដែរ!…បើអ្នកនាងម្ចាស់ប្រកាន់ខ្ជាប់នូវពៀរ…គ្រប់យ៉ាងនឹងមិនស្ងប់រំងាប់នោះទេ…ព្រោះពៀរមិនដែលរំងាប់ដោយការចងពៀរឡើយ!» ដូនជីមានកែវភ្នែកពេញដោយក្ដីមេត្តា

«បើជាគូនឹងគ្នាក៏កម្មរមែងចាត់ចែងឱ្យចួបគ្នានៅជាតិក្រោយៗទៀត!… ព្រោះថាគ្មានកម្លាំងអ្វីស្មើកម្លាំងកម្មនោះឡើយ!…ថាបើម្ចាស់អ៊ំនៅតែចងពៀរវេរាវិញ្ញាណរបស់ម្ចាស់អ៊ំនឹងមិនបានទៅចាប់កំណើតថ្មីនោះទេ! …ហើយទោះម្ចាស់អ៊ំចង់នៅរួមរស់ជាមួយនឹងនរៈយន់នៅជាតិនេះក៏មិនអាចទៅរួចដែរព្រោះថាម្ចាស់អ៊ំនិងគេត្រូវបានបែងចែកភពគ្នាទៅហើយ!»

ជូនជីក៏មានប្រសាសន៍ជាហូរហែទៀត ដើម្បីរំងាប់នូវភ្លើងចងពៀររបស់អ្នកនាងម្ចាស់។ នៅទីបំផុតវិញ្ញាណអ្នកនាងម្ចាស់ក៏ស្ងប់ចិត្តហើយលះបង់នូវពៀរទាំងឡាយ។ ពន្លឺពីរាងកាយរបស់អ្នកនាងម្ចាស់ក៏សាយភាយចេញមក។ អ្នកនាងម្ចាស់ព្រមអហោសិកម្មឱ្យគ្រប់គ្នា ហើយក៏ងាកមករកខ្ញុំទាំងចោលផ្កាញញឹមយ៉ាងស្រស់ជាបណ្ដាំនៃពាក្យលា ហើយក៏រលាយរូបបាត់ទៅ។ ខ្ញុំលត់ជង្គង់គ្រឹបនៅមុខគ្រប់គ្នាជាមួយនិងអារម្មណ៍ដែលពិបាកនឹងបរិយាយ។ ពួកយើងប្រញាប់នាំគ្នាទៅប្រមូលអីវ៉ាន់ ហើយបន្ទាប់ពីពួកយើងប្រមូលអីវ៉ាន់ចុះក្រោមអស់ ផ្ទះបុរាណក៏ឆាបឆេះសន្ធោសន្ធៅមួយរំពេច។

…………………….

ពួកខ្ញុំជិះឡានត្រលប់មកវិញ បន្ទាប់ពីប៉ូលិសអនុញ្ញាតឱ្យពួកយើងព្រោះពួកគេបានស៊ើបដឹងថាផ្ទះបុរាណនោះត្រូវបានអគ្គិភ័យឆាបឆេះដោយខ្លួនឯង ដែលបណ្ដាលមកពីការផ្ទុះសេខ្សែភ្លើងហើយធ្វើឱ្យអ៊ំភីមនិងបងភីនឆេះស្លាប់នៅក្នុងផ្ទះ។ ពួកយើងទាំងអស់គ្នាគ្មាននរណានិយាយរឿងដែលបានកើតឡើងនៅយប់នោះប្រាប់ដល់ប៉ូលិសនោះទេ ព្រោះដាច់ខាតពួកគេនឹងមិនជឿឡើយ។ ដូច្នេះហើយទើបពួកយើងមូលមតិគ្នាប្រាប់ប៉ូលិសថាមានអគ្គិភ័យកើតឡើងទាំងយប់ហើយពួកយើងក៏ចុះគេចខ្លួនមកទាន់ពេលតែប៉ុណ្ណោះ។

ខ្ញុំក៏នឹកដល់រឿងអ៊ំភីមនិងបងភីន។ ការពិតដូនជីបានប្រាប់ថាអ៊ំភីមនិងបងភីនមិនមែនជាសាច់ញាតិក្នុងត្រកូលរបស់គាត់នោះទេ។ បន្ទាប់ពីបែកសម័យប៉ុលពត លោកយាយដូនជីនៅរស់តែម្នាក់ឯងគត់គ្មានសាច់ញាតិម្នាក់ឡើយ។ គាត់ក៏សម្រេចចិត្តធ្វើដំណើរទៅផ្ទះគាត់វិញនៅឯភ្នំពេញ តែនៅពេលទៅដល់ក្រុមគ្រួសាររបស់អ៊ំភីមក៏ចូលទៅគ្រប់គ្រងផ្ទះគាត់បាត់ទៅហើយ។ ដោយដឹងថាគាត់គឺជាទារយាទផ្ទះនោះ ទើបអ៊ំភីមនិងប្ដីគាត់រកវិធីកម្ចាត់គាត់ចោល។ ដូនជីក៏គេចខ្លួនផ្លាស់ទីមកនៅបាត់ដំបងវិញ។ ក្រោយមកគាត់ក៏ស៊ើបដឹងថាក្រុមគ្រួសារអ៊ំភីមបានលក់ផ្ទះជាកេរ្តិ៍របស់ត្រកូលគាត់ហើយផ្លាស់ទៅរស់នៅឯសៀមរាបវិញ។ អ៊ំភីមបានរកឃើញរូបគំនូររបស់អ្នកនាងម្ចាស់ស្រអែមដោយចៃដន្យ ហើយក៏យកទៅដាក់តាំងក្នុងផ្ទះបុរាណដែលគាត់សាងសង់ថ្មីនៅលើទឹកដីសៀមរាបដោយមិនបានដឹងថា     រូបថតនោះគឺមានវិញ្ញាណអ្នកនាងម្ចាស់ស្រអែម

ត្រូវបានគេខាបជាប់នៅក្នុងនោះឡើយ។     ​ទីបំផុតអ៊ំភីមនិងបងភីនក៏បានត្រឹមស្លាប់ដោយសារក្ដីលោភលន់របស់ក្រុមគ្រួសារគាត់ដែលបំពានទ្រព្យរបស់អ្នកដទៃ។

និយាយពីរូបថតរបស់អ្នកនាងម្ចាស់ស្រអែមវិញ គឺបន្ទាប់ពីអ្នកនាងម្ចាស់បានសម្លាប់ខ្លួនមក វិញ្ញាណរបស់គាត់ចេះតែមកតាមលងបន្លាចគ្រប់គ្នាក្នុងត្រកូលរបស់សែងសក្ដិខ្លាំងពេក ទើបត្រកូលនោះរកគ្រូហ្មមន្តអាគមឱ្យខាបយកវិញ្ញាណនាងទុកក្នុងរូបថតមួយសន្លឹក ហើយក្រោយមករូបថតនោះក៏ត្រូវបានយកទៅដាក់តាំងក្នុងត្រកូលអ្នកនាងម្ចាស់ផ្ទាល់ ដែលជាសក្ខីភាពនៃការសោកស្ដាយរបស់ត្រកូលសែងសក្ដិចំពោះការស្លាប់របស់អ្នកនាងធំរូបនេះ។ នៅសម័យប៉ុលពតគ្រប់យ៉ាងក្នុងផ្ទះរបស់ត្រកូលអ្នកនាងម្ចាស់ត្រូវបានគេរើដុតបំផ្លាញចោលទាំងអស់ នៅសល់តែរូបថតនេះមួយសន្លឹកប៉ុណ្ណោះដែលកប់បាត់ហើយមិនត្រូវបានពួកវារកឃើញ។ វិញ្ញាណរប​ស់អ្នកនាងម្ចាស់ក៏រួចពីការឃុំឃាំងនៅថ្ងៃដែលខ្ញុំបានប៉ះរូបថតរបស់នាងនោះឯង។

ពួកយើងម្នាក់ៗជិះឡានត្រលប់ទៅវិញទាំងទឹកមុខស្ងួតស្ងប់។ គម្រោងដំណើរកម្សាន្តរាប់មិនអស់សុទ្ធតែមិនបានផល តែនៅពីបានដើរលេងកម្សាន្តម្ដងក៏ចួបរឿងបែបនេះទៀត។ ពួកយើងម្នាក់ៗក៏ព្រមព្រៀងគ្នាដើម្បីទៅវត្តធ្វើបុណ្យនៅពេលដែលយើងទៅដល់បាត់ដំបងវិញ។

គ្រប់យ៉ាងគឺជាអនុស្សាវរីយ៍ដ៏សែនព្រឺព្រួច…ដែលខ្ញុំគិតថាត្រលប់ទៅវិញខ្ញុំនឹងសរសេរជាសាច់រឿងមួយដែលមានចំណងជើងថា “ដំណើរកម្សាន្តលស់ព្រលឹង” ដោយផ្នែកលើបទពិសោធជាក់ស្ដែងនេះតែម្ដង។ ខ្ញុំបន្លឺសំឡេងខណៈដែលគ្រប់គ្នាកំពុងស្ងួតស្ងប់ខុសពីពេលជិះឡានមកសៀមរាបថ្ងៃដំបូងដាច់ស្រឡះ៖

«យ៉ាងម៉េចដែរ? ឆ្នាំទី៣និងឆ្នាំទី៤ trip(ដើរលេង) ទៀតអ្ហី?»

ពួកវាក៏សម្លឹងមកខ្ញុំទាំងចងចិញ្ចើមហាក់ខឹងផងសើចផង៕