រឿង៖ អក្ខរាផ្តាច់ស្នេហ៍

ស្នេហាយើងនឹងចប់ ស្របពេលចម្រៀងមួយបទនេះបញ្ចប់ទៅ។
“សម្រក់ទឹកខ្មៅលើដំបៅចាស់ នឹកឡើងសែនខ្មាសស្ពានអូរតាគី…”
នាទីបទចម្រៀងមរតកដើម បន្លឺសំនៀងច្បាស់ៗឡើង តាមវិទ្យុដែលនៅក្បែរត្រចៀកខ្ញុំ។
តាមថាក្មេងៗដូចខ្ញុំនេះកម្រស្តាប់វិទ្យុណាស់ ឬមួយមិនដែលស្ដាប់តែម្តង។ ខ្ញុំក៏ដូចគ្នា មិនសូវស្ដាប់វិទ្យុឡើយព្រោះទម្លាប់មើលវីដេអូឬទូរទស្សន៍ជាង ប៉ុន្ដែខ្ញុំក៏មានសំណាងស្គាល់រសជាតិស្ដាប់វិទ្យុ យល់ន័យចម្រៀងមរតកដើមដោយសារតែប៉ាដែរ។
ប៉ានិយមស្ដាប់វិទ្យុឱ្យតែទំនេរពីការងារម្តងៗ។ យុវវ័យរបស់ប៉ាធំធាត់ឡើងក្រោយសម័យសង្គ្រាម៣ឆ្នាំ៨ខែ ច្បាស់ណាស់ថា កាលនោះមិនសម្បូរសប្បាយដូចជំនាន់ខ្ញុំឡើយ ម្ល៉ោះហើយវិទ្យុជារបស់ទំនើបបំផុតដែលប៉ាតែងតែស្ដាប់។
“កាលបងនិងអូនសាងក្បូនជីវី កាលបងនិងអូនសាងក្បូនជីវី ក្រោមដើមគគីរក្នុងខ្ទមទុរគត…”
ជាការពិត ខ្ញុំជឿថាគ្រប់គ្នាច្បាស់ធ្លាប់ឆ្ងល់ តែក៏មិនហ៊ានសួរនាំឱ្យណាស់ណាទេ ព្រោះខ្លាចត្រូវបាតដៃព្រះយូឡាយឬក៏ខ្សែក្រវាត់ទិព្វ ព្រោះនិស្ស័យពីក្មេងៗចេះតែនឹកឆ្ងល់ចម្លែកៗថា៖ «តើម៉ាក់និងប៉ាចួបគ្នារបៀបណា? គាត់រៀបការជាមួយគ្នាហ្នឹងមានស្រឡាញ់គ្នាដែរអត់?» «ចាស់ៗជំនាន់មុនអៀនប្រៀនណាស់ គាត់ស្គាល់គ្នា ស្រឡាញ់បែបណាទៅន្ន៎?»
ច្បាស់ណាស់ថា បើហ៊ានសួរ មុខជាមិនរួចខ្លួនទេ!
ប៉ាជាមនុស្សស្ងប់ស្ងាត់បន្តិច មិនសូវនិយាយស្ដីច្រើន និយាយម្តងៗខ្ញុំមិនហ៊ានព្រិចភ្នែកទេ ព្រោះប៉ាម៉ឺងម៉ាត់ណាស់ ចរិតនឹងនរ ខុសពីម៉ាក់ដែលពូកែទំនាក់ទំនង ដឹងរឿងក្នុងក្រៅគ្មានចន្លោះ តែមិនមែនជាប្រភេទមនុស្សនិយាយច្រើនឡើយ។
ម៉ាក់និយាយស្ដីគោរពឱ្យតម្លៃអ្នកផ្ទះ ប៉ុន្ដែពេលក្លាយជាម្តាយគេហើយ រឿងអីដែលចៀសមិនរអ៊ូ ស្ដីថាឱ្យកូនៗរួចនោះ ប៉ះចំខ្ញុំជាកូនប្រុសចំណាប់ខាងសួរដេញដោលផង ឃើញថានិស្ស័យឱ្យច្បាស់ក្រឡែតអ្នកម្ដាយអើយ!
តាមលោកយាយប្រាប់ ម៉ាក់ពីក្មេងរម្យទមណាស់ មិនចូលចិត្តនិយាយច្រើនឡើយ ប្រុសៗណាមកញ៉េះញ៉ោះច្រើន រញ៉ៃរញ៉ៃខុសទិសតំបន់ បើនៅជំទង់ៗទេ ម៉ែលាត់ដៃអាវ ដេញវាយទាល់តែអាគាត់ហ្នឹងរត់ទៅផ្ទះបាត់ តែរៀបការហើយប្តូរដោយអូតូម៉ាទិច។
ខ្ញុំឮហើយសើចរឹងថ្គាម ចុកពោះមែនទែន ហើយកាន់តែឆ្ងល់ហើយប៉ាផ្តោះផ្តងម៉ាក់យ៉ាងម៉េចទៅ បើម្នាក់ជាសុភាពបុរស ម៉ាក់ជានារីក្លាហានអ៊ីចឹង?
“អូនតាមម្ដាយទៅមង្គលបុរី គ្មានផ្ញើសម្ដីឱ្យបងមួយម៉ាត់
បងជាកម្មកររថភ្លើងកម្សត់ បងជាកម្មកររថភ្លើងកម្សត់ លួចផ្ញើសំបុត្រតាមអ្នករត់ពន្ធ…”
ពេលវិទ្យុចាក់ដល់បទនេះ ប៉ាកំពុងស្ដាប់សុខៗ ស្រាប់តែប្តូរទឹកមុខប្លែក អារម្មណ៍ផ្លាស់ប្តូរចម្លែកដែលខ្ញុំមិនធ្លាប់ឃើញ។ ទឹកមុខប៉ាប្រែក្លាយជាអ្នកផ្សេងតាំងពីបទនេះបន្លឺឡើងដំបូង ខ្ញុំមិនមាត់ ហើយចាំសង្កេត។
តាំងពីដើមមកគាត់មិនចូលចិត្តបទមួយនេះទេ តាមធម្មតាពេលចាក់ចម្រៀងគាត់តែងតែរំលងចោល មិនស្ដាប់ រឹតមិនបញ្ចូលបទនេះក្នុងទូរស័ព្ទទៀត បើទោះបីជាអនុស្សាវរីយ៍ស្ពានអូតាគីនៃទឹកដីបាត់ដំបង មានទំនុកច្រៀងដ៏ពីរោះរបស់កវីឆ្នើមគង្គ ប៊ុនឈឿនយ៉ាងណាក្តី។
ក្មេងពូកែឆ្ងល់ដូចខ្ញុំ បើមិនធ្លាប់សួរគាត់ម្តងទេ វាដូចជាមិនសមសោះ។ កាលនោះប៉ាបានត្រឹមឆ្លើយកំបុតៗ ខ្លីៗថា៖
«មិនចូលចិត្ត! ប្រុសស្អី ទន់ជ្រាយរឿងស្នេហា!!»
ហើយពេលនោះខ្ញុំក្លាហានណាស់ តបវិញច្បាស់ៗ
«មានណាប៉ា ភ្លេងឡើងពីរោះនៀក!»
ខ្ញុំដេញសួររហូតដល់ថ្នាក់ប៉ាប្រើខ្សែភ្នែកពិឃាត គួរឱ្យព្រឺសម្បុរ។ តាំងពីពេលនោះមករាខ្ញុំស្បថថា ឈប់សួររហូតហើយ។
ប៉ុន្តែខ្ញុំមានប្រាប់ថា ឈប់រកការពិតឯណា?
“ស្រាប់តែអូនមានថ្មីហើយ ជីវិតខ្ញុំអើយទុក្ខស្នេហ៍សែនធ្ងន់
ម្ដាយអូនជេរផ្ញើតាមអ្នករត់ពន្ធ ម្ដាយអូនជេរផ្ញើតាមអ្នករត់ពន្ធ មើលងាយរិះគន់ថាបងក្រខ្លាំង…”
ថ្ងៃនេះប្លែកពីសព្វដង ប៉ាមិនបិទវិទ្យុចោល ឬដូរប៉ុស្ដិ៍ទេ គាត់បែរជាចាំស្ដាប់ចម្រៀងនេះដល់ចប់។ ខ្ញុំភ្លេចខ្លួន លួចរអ៊ូង៉ូវៗម្នាក់ឯង
«ត្រូវរឿងទេដឹងប៉ា!»
ដោយសារឃើញប៉ាទម្លាក់មុខចុះ ច្បាស់ដោយភ្នែកទាំងគូរបស់ខ្ញុំ។ ធម្មតាគាត់កម្រណាស់ កម្របញ្ចេញខ្លួនគាត់ពិតនៅមុខកូនៗណាស់ ទម្រាំតែឃើញគាត់អង្គុយអស់សង្ឃឹមលក្ខណៈឈឺច្បាស់បែបនេះទៀត រឹតតែថ្មីបំផុតសម្រាប់ខ្ញុំ។
លោកតាក៏ទះស្មាខ្ញុំពីក្រោយ
«ពីណា(នរណា)ចាក់បទហ្នឹងចៅ?»
តាជាឪពុកបង្កើតរបស់ប៉ា អ៊ីចឹងគាត់ច្បាស់ពីប៉ាណាស់ ដូចលោកយាយដែលច្បាស់ពីកូនស្រីបង្កើតគាត់ ដែលខ្ញុំហៅម៉ាក់ៗ ហ្នឹងហើយ!
«អត់មានអ្នកណាចាក់ទេលោកតា គឺវិទ្យុគេចាក់ខ្លួនឯង!»
លោកតាដកដង្ហើមធំ ប្រាប់ខ្ញុំថា
«ថ្ងៃក្រោយបើប្អូនឬម៉ាក់អីច្រឡំចាក់បទហ្នឹងឮៗ ចៅឯងប្រាប់គាត់ឱ្យបិទទៅ!»
«ម៉េចអ៊ីចឹងលោកតា?»
«ប៉ាឯងមិនចូលចិត្តបទហ្នឹងទេ»
ខ្ញុំដឹងហើយលោកតា តែខ្ញុំចង់ដឹងថា ហេតុអី្វបានប៉ាមិនចូលចិត្តខ្លាំងម៉្លេះ ដល់ថ្នាក់ឮភ្លាម ចុចបិទចោលតែម្តង?
លោកតាសើច ហើយដឹកដៃខ្ញុំចេញ ទុកឱ្យប៉ានៅម្នាក់ឯង។
ចម្រៀងក៏បន្លឺដល់វគ្គឈឺចាប់បន្តទៀត……
“ស្ពានអូរតាគី ស្ពានអូតាកែ ឱ! ពពាលខែនិងស្រែបារាំង
បើដឹងរឿងខ្ញុំសូមជួយបិទបាំង បើដឹងរឿងខ្ញុំសូមជួយបិទបាំង ធ្វើជារនាំងបាំងស្នេហ៍នេះផង…”
«លើកក្រោយកុំចាក់បទហ្នឹងទៀតអី បើមិនចង់ឱ្យប៉ាឯងអាយុខ្លី!»
ចុមយក្ស! សាហាវម្ល៉េះប៉ា!
ខ្ញុំឮហើយ បើមិនគាំងគឺមិនយកលុយ ទើបធ្វើមុខស្អុយៗហើយសួរដេញដោលថែមទៀត។
«…»
មានតែលោកតាទេដែលចិត្តល្អជាងគេ លើលោកនេះមានតែគាត់ទេ ដែលខ្ញុំអាចសួរ ហើយបានចម្លើយមកវិញគ្រប់ពេល មិនដូចម៉ាក់ទេ ចូលចិត្តសហការជាមួយប៉ា លាក់ៗខ្ញុំរហូត។
«គឺគេនឹកសង្សារចាស់ហ្នឹងណា៎!»
ស្វាងចែស!!! ដូចជះទឹកកណ្ដាលមុខ!
ប៉ាខ្ញុំឡើងសុភាពបុរស ខ្ញុំស្មានតែគាត់មិនដែលមានស្នេហាទេ ព្រោះអីមិនសូវផ្អែមផ្ហែមជាមួយម៉ាក់ច្រើនផង តាមពិតមានសង្សារចាស់ កូនដឹងហើយឡើងបះសក់ ប៉ាអើយប៉ា!
តែថា…ប៉ាខ្ញុំសង្ហាតើ! ញញឹមស្រស់ទៀតហ៎ គ្រាន់តែគាត់កម្រញញឹម មិនអ៊ីចឹងស្មានតែម៉ាក់ស្រឡាញ់ហី?
ហិហិហិ!
ហេ្អ…ឈប់!
«អ៊ីចឹងមានន័យថា គាត់អត់ទាន់ភ្លេចអ៊ំសង្សារចាស់ហ្នឹងផង?»
ស្អាតដូចទេពអប្សរឋានណាទៅនៀក៎ ឆ្ងល់ណាស់?! ចង់ចួប…អញ្ជើញអ៊ំផឹកកាហ្វេ!
«ចុះម៉ាក់ខ្ញុំ?…អ៊ីចឹងមានតែប៉ារៀបការ អត់ស្រឡាញ់ម៉ាក់ទេ?»
ពុទ្ធោ! អ៊ីចឹងតើបានម៉ាក់និងប៉ា ជួយគ្នាលាក់បានល្អណាស់!
ឃើញខ្ញុំប៉ប៉ាច់ប៉បោចឥតឈប់តែម្នាក់ឯង លោកតាមានប្រសាសន៍ថា
«មិនមែនទេ…ស្ដាប់តា!»
សាច់ភ្លេងនៅតែប្រគំកំដរច្រៀងពីខាងក្នុងបន្ត….
«ប៉ាឯងឈប់ស្រឡាញ់គេហើយ គ្រាន់តែមិនភ្លេចរឿងចាស់! កាលណុងគេចេះស្រឡាញ់ស្រីដំបូងបំផុត»
ខ្ញុំស្ដាប់ឡើងចំហមាត់ធ្លុង គិតទៅស្នេហ៍គ្រាដំបូងឥទ្ធិពលសាហាវណាស់ ត្រឹមក្មេងៗដូចខ្ញុំទប់ម៉េចហ្នឹងរួចទៅ តែណ្ហើយ! ខ្ញុំដឹងហើយថា តាមពិតមករានេះស្មោះស្នេហ៍ដូចអ្នកណា!
«កាលបែកភ្លាមផ្ទះយើងក្រណាស់ ពុកឯងមានត្រឹមមុខស្អាតសង្ហា ហើយចិត្តស្មោះតែប៉ុណ្ណឹង! ស្រីក្នុងភូមិ អ្នកណាដែលថាមិនសម្លឹងឃើញពុកឯង តែទាស់យើងក្រពេក ម៉ែឪខាងស្រីណាចង់លើកកូនឱ្យ! ពុកឯងស៊ូណាស់ រៀនចប់ ទៅរកលុយជាមួយតាហើយ មិនដែលបានដើររហេតរហូតដូចអាកំលោះផ្សេងទេ ក៏មិនទៅចេះចាប់អារម្មណ៍ស្នេហាអូនបងណាដែរ»
ហើយឡើងជះមន្តស្នេហ៍តែម្តងប៉ាខ្ញុំ!
«តែគេចាប់អារម្មណ៍ម៉ាលីដែលជាសិស្សពូកែប្រចាំថ្នាក់ ជាប្រធានថ្នាក់ ហើយជាដៃគូដណ្ដើមលេខ១ស្លាប់រស់ជាមួយពុកឯង…ជារឿងដែលឱ្យគេឈឺដល់សព្វថ្ងៃហ្នឹង!»
«កាច់កុងគ្នាសាហាវអត់លោកតា? មានមើលមុខគ្នាអត់ចំដូចក្នុងរឿងអត់?»
លោកតាសើចកក្អឹក
«គ្មានទេ! គេស៊េរីស្រីស្អាត ប្រុសស្អាតប្រចាំសាលាណា៎ចៅ! ប្រជែងគ្នារហូតលួចចាប់ចិត្តដាក់គ្នា ដល់ស្រឡាញ់គ្នាមិនដែលឱ្យតាព្រួយចិត្ត ថាធ្វើអីផ្តេសផ្ដាសឱ្យតាពិបាកចិត្តទេ! ពុកឯងដោយគន្លងធម៌ ជាកូនល្អណាស់ កូនស្រីគេខាងនោះក៏រម្យទម សមសួន មានមុខមាត់ ម៉ែឪធូរធារ តែពេលរៀនចប់ឧបសគ្គក៏មកដល់។ ពុកឯងត្រូវចេញទៅរកស៊ីជាមួយតានៅបរប៉ៃលិន ទាំងគេកំពុងស្រឡាញ់គ្នា ហើយកាលនោះយើងនៅបាត់ដំបងនៅឡើយ។ ជំនាន់នោះពិបាកណាស់ មិនដូចក្មេងឥឡូវទេ សរសេរឆ្លើយឆ្លងស្រេចចិត្ត! នែ៎…ជំនាន់ឪឯងណាចៅ បើនៅឆ្ងាយហេងស៊យ ផ្ញើសំបុត្រ៣ថ្ងៃទម្រាំតែដល់»
“ស្រាប់តែអូនមានថ្មីហើយ ជីវិតខ្ញុំអើយទុក្ខស្នេហ៍សែនធ្ងន់
ម្ដាយអូនជេរផ្ញើតាមអ្នករត់ពន្ធ ម្ដាយអូនជេរផ្ញើតាមអ្នករត់ពន្ធ មើលងាយរិះគន់ថាបងក្រខ្លាំង…”
ចម្រៀងបន្លឺដល់វគ្គនេះម្តងទៀតហើយ…ប៉ាខ្សឹកខ្សួលកាន់តែខ្លាំង!
មិនខុសទេ បទនេះត្រូវរឿងប៉ាពេក! ត្រូវដល់ថ្នាក់ប៉ាមិនចង់រំឭក
«ពុកឯងនិងសង្សារដំបូងផ្ញើសំបុត្រទៅមកមិនដែលខានតាមអ្នករត់ពន្ធ តាឃើញតែមួយថ្ងៃៗអង្គុយចាំតែផ្លូវអ្នកផ្ញើសំបុត្រ។ លុះយូរៗទៅក៏មានពាក្យសម្ដីផ្ដាំផ្ញើតាមអ្នករត់ពន្ធថែមលើសំបុត្រទៀត!»
តស៊ូដល់ម្ល៉ឹងហើយ នៅតែព្រហ្មលិខិតតាមបំបែកទៀត!
«ម្ដាយម៉ាលីមិនពេញចិត្តពុកឯងតាំងពីដំបូងម្ល៉េះ ព្រោះមានតែផ្ទះយើងទេក្រជាងគេ។ ក្រោយមកមានគេចូលសួរម៉ាលីទៀត ម្តាយគេក៏ជេរប្រទេចផ្ដាំផ្ញើតាមអ្នករត់ការ ឱ្យពុកឯងឈប់ផ្ញើសំបុត្រ ឈប់ឆ្លើយឆ្លងជាមួយកូនគេទៀត!»
តាលួចសម្លឹងមុខខ្ញុំសិនទើបបន្ត
«ពុកឯងខូចចិត្តមិនស្ទើរទេ! សង្សារគេកាលនោះក៏ខំប្តូរផ្ដាច់ឆ្លងឆ្លើយសំបុត្រជាមួយពុកឯងណាស់ដែរ…»
«តែចុងក្រោយតាមម៉ែដដែល!»
លោកតាខោកក្បាលខ្ញុំ ផូស៎!
«កុំចេះតែថា! កាលម៉ែគេបង្ខំខ្លាំង ម៉ាលីក៏ធ្លាប់ផ្ញើសំបុត្រឱ្យពុកឯងឡើងទៅបាត់ដំបងវិញនិយាយគ្នាឱ្យដឹងរឿង យ៉ាងម៉េចយ៉ាងម៉ា លើកជំនូនចូលស្ដីណាចៅ មុននឹងគេដាច់ចិត្តផ្ញើសំបុត្រចុងក្រោយ ផ្ដាច់ស្នេហ៍ពីពុកឯង!»
«ចុះម៉េចបានជា…?!»
«គ្រាន់បានសំបុត្រភ្លាម ពុកឯងឡើងឡានវឹង ថ្ងៃនោះចុះពីឡានភ្លាម គេធាក់កង់ទាំងបែកញើសគឃូសទៅដល់ក្រោមផ្ទះខាងស្រី ម្តាយគេប្រកាសឮៗលើកម៉ាលីឱ្យក្មួយមេស្រុកនៅលើផ្ទះហ៎!»
ហេតុអី្វមនុស្សល្អដូចពុក មិនសំណាងក្នុងរឿងស្នេហាសោះអ៊ីចឹង?
«ចុះអ៊ំសង្សារចាស់ហ្នឹងមានជម្នះអត់លោកតា?»
«គ្នាប្រកែកដែរ តែប្រកែកមិនឈ្នះម្តាយទេ! សំណាងដែរ កូនកំលោះគេជាមនុស្សល្អគ្រាន់បើ មិនដែលឮរកាំរកូសទេក្រោយការហើយ។ ថ្ងៃគេការចោល ពុកឯងដូចមនុស្សភ្លឹក អត់និយាយស្ដីឡើងយាយចៅឯងភ័យចង់ជ្រុះសក់ នៅតែឆ្លៀតនៅអើតមើលរោងការគេទៀត»
«ចុះប៉ាស្រឡាញ់ម៉ាក់ខ្ញុំអត់លោកតា?»
«ស្រឡាញ់!»
លោកតាឆ្លើយដោយច្បាស់លាស់ណាស់!
«ក្រោយៗមកគេកាត់ចិត្តទៅហើយ ស្រាប់តែឮបទចម្រៀងហ្នឹង ទើបពុកឯងជំងឺចាស់ធ្វើទុក្ខឡើងវិញណា៎ចៅ!»
តែប៉ាខ្ញុំបានតាំងចិត្ត ចាប់ពីថ្ងៃដែលឮចម្រៀងនោះដំបូងម្ល៉េះថា៖
ស្នេហាយើងនឹងចប់ ស្របពេលចម្រៀងមួយបទនេះបញ្ចប់ទៅ។
សូរសៀងអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ក៏រំកិលដល់វគ្គបញ្ចប់…
“ស្ពានអូរតាគី ស្ពានអូតាកែ ឱ! ពពាលខែនិងស្រែបារាំង
បើដឹងរឿងខ្ញុំសូមជួយបិទបាំង បើដឹងរឿងខ្ញុំសូមជួយបិទបាំង ធ្វើជារនាំងបាំងស្នេហ៍នេះផងៗៗៗៗៗៗ” ៕

ចប់