រឿង៖ បេះដូងមេគង្គ ភាគទី១០

ជម្រើស

នៅពេលដែលគ្រាប់ភ្លៀងបោះពួយសម្រុកបុកបង្កសំឡេងលើដំបូលក្បឿង នាង​បើកភ្នែកព្រឹមៗ ដឹងខ្លួនឡើងពីដំណេក។

ហាន់ដា​ញាប់ញ័រភ័យព្រួយហើយស្ទុះក្រោកឡើងម្នាក់ឯង។

មេឃខាងក្រៅភាពខ្មៅស្រអាប់ ដូចថាមពលនៃការកំណត់ជម្រើសរបស់គីម៉ាល់ ដាក់មកឱ្យជាអម្រែក​សង្កត់ទ្រូងនាង។ ថាមពលនៃរន្ទះខាងក្រៅមិនគួរឱ្យបារម្ភជាង មរតកភាពក្រអឺតក្រទមរបស់គេ ដែល​និយាយស្តីទន់ភ្លន់មានន័យ​រឹងមាំសង្កត់សង្កិននោះទេ។

ព្រះ! ឈឺក្បាលណាស់!

ព្រះប្រទានបុរសដ៏សង្ហានេះមកសម្រាប់តែបង្កើតសេចក្តីទាល់ច្រកមកឱ្យខ្ញុំ?

«ភ្ញាក់ហើយកូន?!»

ម្តាយនាងចូលមកសន្សឹមៗដោយក្តីព្រួយបារម្ភ។

«ម៉ោងប៉ុន្មាន​ហើយម៉ាក់?»

«១២ហើយ! មិនទាន់បានបាយមួយគ្រាប់ទេនីដា! ញ៉ាំបន្តិចទៅកូន!»

នាងនៅស្ងៀមត្របោមជង្គង់ សម្លឹងទៅក្រៅបង្អួចក្រោមពន្លឺភ្នែក​ទុក្ខព្រួយរបស់ម្តាយ។ ភាពក្លាហានទាំងឡាយ​ ដែលនាងធ្លាប់បាន​ប្រើមក​ប្រយុទ្ធប្រឆាំងនឹងឧបសគ្គជីវិតពេលនេះបាត់បង់បន្តិចម្តងៗ។

«មើលទៅ បានធ្វើពេទ្យនៅស្ទឹងត្រែង និងមើលថែមជ្ឈមណ្ឌលលើកោះ មានតែនៅក្នុងការស្រមើស្រមៃប៉ុណ្ណឹង!»

នាង​និយាយតិចៗ​ហើយលើកភួយមកគ្របប្រឆាំងនឹងបេះដូងដែលរងា។

«កុំភ្លេចថា កូនព្រមរៀបការជាមួយពិសិដ្ឋទុរន់ទុរានោះ​ព្រោះតែដើម្បីរឿងពីរនេះ ពេលនេះម៉េចព្រមឱ្យបងប្រុសគេសម្លុតបាន ហើយបកទៅនៅភ្នំពេញវិញរស់នៅអពមង្គល ក្រោមសម្ពាធមនុស្ស​អស់នោះ?»

នាង​ដកដង្ហើមធំ​លើកម្រាមឆ្វេងទាំងប្រាំមកខាំតិចៗ។ ហាន់ដាប្រឹងទប់ទល់នឹង​ភាពញាប់ញ័រ ម្តាយនាង​ដឹងច្បាស់។ គាត់អង្អែលសក់ស្រីតិចៗ​ធ្វើឱ្យនាងលើកដៃជូតសម្អាតទឹកភ្នែក​ដែលធ្លាក់មកយ៉ាង​ញាប់​ទាំងដែល​នាង​មិនចង់ស្វាគមន៍វាសោះ។

«យើងគ្មាន​៧០ម៉ឺនដុល្លារសងទៅពួកគេ​វិញទេ!»

នាង​និយាយ​ខ្សោយៗ។

ដៃស្រីរាវទៅប៉ះនឹងទូរសព្ទលើកូនតុក្បែរគ្រែ។

ជេនបានផ្ញើសារមកតាំងពីពេលណាក៏មិនដឹងព្រោះនាងលង់លក់ក្នុងទុក្ខសោក។

ធីតាចុចអាន។

«ដា! មីងប្រាប់ថាអាម្នាក់មកពីឌូបៃនោះគម្រាមឯង! ចាំបន្តិច! ​​ខ្ញុំដោះស្រាយរឿងនៅណេះសិន! ពួកខាងម្តាយក្មេកឯង ដើរបំផុសសហជីពឱ្យបង្កចលាចលពេញសណ្ឋាគារទាំង៦សាខា! យ៉ាងយូរមួយអាទិត្យ​បងដោះបញ្ហា​ចប់​បងស្រូតទៅស្ទឹងត្រែង! ជាមួយ​អាម្នាក់បងថ្លៃហ្នឹង កុំទាន់រើសយកជម្រើសណាឱ្យសោះ​ពន្យារពេលសិនទៅ ឮ?​ រកលេសពន្យារពេលសិនទម្រាំជួបគ្នាពិគ្រោះ!»

ស្រីស្រស់អាន​ហើយក៏​ប្រះខ្លួនគេងបែរទៅជញ្ជាំងលាក់កំបាំងទុក្ខសោក។ ជេននិងម្តាយ ឬអ្នកណាក៏ដោយមិនស្គាល់គីម៉ាល់ដូចដែលនាង​បានជួបផ្ទាល់នឹងគេទេ។

គេជាមនុស្ស​មើលទៅទន់ភ្លន់តែចិត្ត​ខាងក្នុងរឹងរូស មាត់គេនិយាយផ្អែមពីរោះ​តែការសម្រេចចិត្ត​ផ្តាច់ការគ្មានយោគយល់ទេ។

ស្មានាងរង្គើ ខ្សឹកខ្សួល ពេលម្តាយម្នាក់នេះ​អង្គុយ​កំដរ​ពីក្រោយខ្នង បន្ទាប់មកគាត់ក៏ទម្រេតហើយឱបនាង​ពីក្រោយខ្នង។

«រកវិធីពន្យារពេលសិនទៅ ចាំជេនមកចាំរកមធ្យោបាយទៀត!»

ម្តាយប្រាប់​ក្រោមភាពស្ងប់ស្ងាត់របស់នាង​។ ​ពេលវេលាអូសបន្លាយបានបន្តិច នាង​ឆ្លើយតប៖

«ពន្យារមែន តែគ្មានមធ្យោបាយទេ! បើឱ្យប្រុសម្នាក់ហ្នឹងដឹងរឿង​ពិតលើកោះ គេអាចនឹង​ដកហូតវា ពេលនោះ​យើងនឹង​លែងមាន​ផ្លូវកែខៃអីទៀតហើយ!»

នាង​បិទភ្នែក……

ម្តាយក៏មាន​តែ​ដង្ហើមធំកំដរបរិយាកាសស្រងេះស្រងោច។

«មនុស្ស​កំណាច! លោកបានធ្វើបាបខ្ញុំបានសម្រេចហើយ! លោកឈ្នះហើយគីម៉ាល់!»

នាង​គិតទាំងខ្ទេចខ្ទាំក្នុងចិត្ត​។

ពន្យារពេល

«គីម៉ាល់!»

ទៀតហើយ! នាង​ហៅឈ្មោះគេជានិច្ច មុនពេលចាប់ផ្តើមសន្ទនាម្តងៗ។ ទ្រួងមនុស្ស​ប្រុស​ទោរទន់ជានិច្ចដូចគ្នា រាល់ពេលគេឮសំឡេងទន់ភ្លន់របស់នាង ។

​បុរសនេះ​ឈរថត​រូប​នៅលើអូប័រ​ដែលចតចោលក្បែរច្រាំងល្បះព្រិចខ្ចី។

គីម៉ាល់ញញឹមម្នាក់ឯងដោយមានទំនុកចិត្ត ព្រោះបើ​ពិចារណា​ដែលនាង​ខលរកគេទាំងថ្ងៃទើបរះ​ ពេល​មនុស្ស​ខ្លះសឹង​តែ​មិនទាន់ក្រោកឡើងពីគ្រែផងនេះ ​នាងពិតជាមិនបានគេងលក់ស្កប់ទេពេញមួយ​យប់មិញ។  គេដឹង។

«Good morning!»

ខាងប្រុសនៅតែនិយាយស្តីពីរោះពិសាទទួលនាង​។

នេះវាខុសខ្លាំងពីបំណង​ក្រុមនារីភាដែលចង់ឱ្យគេខឹងកម្រោលចូល​ ហើយ​បំផ្លាញនាងដូចពួកបុរសកំហល់កម្លៅក្នុងកុនភាគ​។

គេចិត្តត្រជាក់ខាងស្រីកាន់តែខ្លាចចិត្ត​ទ្វេ​។

ហាន់ដាស្គាល់ខ្លួនឯងច្បាស់ ជាងអ្វីដែលអ្នកដទៃតែងមើលឃើញ ពីសម្បកក្រៅរបស់នាង​។ ​

«ឯងមិនមែន​ហានក្លាហានគ្រប់រឿងទេនាង! ឯងកំពុង​ហត់ណាស់! ​ពិសេសជីវិតនេះកាន់តែហត់ឡើងៗពេលគ្មានពិសិដ្ឋ ​និងពេលបងប្រុស​គេ​បង្ហាញខ្លួន!»

នារីគិតទាំងដៃឱបទូរសព្ទ ភ្លេចថាខាងប្រុសកំពុងរង់ចាំសំឡេងនាង​យ៉ាងផ្អែមល្ហែម។ ពែងកាហ្វេរបស់នាង​អស់ពីហុយគគុក បានក្លាយមកជាត្រជាក់ស្រិបវិញ ព្រោះអាកាសធាតុ ។ នាងមិនបានក្រេបវាមួយតំណក់ណាទេ អ្វីៗគ្មានរសជាតិទាំងអស់​ពេលនេះ។

ហាន់ដា ​ចាំបាច់ត្រូវប្រឈមមុខជាមួយបុរសនេះទោះនាង​កាលពីយប់បានគិតថាជម្រើសណាក៏មិនធ្វើ នឹងតស៊ូជាមួយ​គេ តែចុងក្រោយ​នាង​គិតហើយ បើមិនធ្វើដូច្នេះទេ​គីម៉ាល់នឹង​ដឹងរឿងកោះរបស់នាង។

«ខ្ញុំសុំពន្យាររឿងភ្នំពេញ​ ព្រោះមិនទាន់ទៅបាន! ណ៎ា! គឺពន្យារពេលសិនបន្តិច! ខ្ញុំមានធុរៈ!»

«ដល់ពេលណា?!» គេសួរខ្លីៗ ហើយភ្លាមៗ បញ្ជាក់ថា បុរសនេះមិនបានរាយមាយឆ្ងាយពីការសន្ទនាទេ។

ទ្រូងនាងស្ទើរធ្លាយហើយដែលត្រូវសុំការយោគយល់ពីគេ។

«​ខ្ញុំមិនទាន់ដឹងទេ!»

គីម៉ាល់សើចក្អាកក្អាយ ។

«​រវល់ជាមួយអង្គរក្សប៉ូលិស​ ឬជាមួយ​SPដុកទ័រ? អាណាមួយ​ដែលនាំឱ្យ​ប្អូនថ្លៃជើងល្អ​ហ៊ាន​ខលមកទាំងព្រលឹម​ធ្វើសំឡេងកម្សត់ខ្សាវៗ ធ្វើមើលតែតួសម្តែង​លើហ្វេសប៊ុក​?»

គេមិនចង់បង្ហាញ​ថា គេចេះប្រចណ្ឌច្រណែន​ទេ ព្រោះនេះចំណុចខ្សោយដែលគេស្អប់​ខ្លួនឯង ។ គ្មានប្រុសណាចង់បង្ហាញចេញមកត្រង់ៗថាខ្លួនឯងកំពុងកើតរោគប្រចណ្ឌទេ។ តែមាត់គេ​នៅតែចង់ឌឺនាង​ផង​ ហាក់ចង់ឮការឆ្លើយបកស្រាយ​របស់នាង​ទៀត។

ខាងណេះវិញ បើចៀសបាន ​នាងនឹង​​មិនខលទៅគេទេ ​ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ។ តែបើជ្រុលនិយាយគ្នាហើយ​សំណួរគេ​នាង​ត្រូវតែបកស្រាយ៖

«អត់មានពាក់ព័ន្ធនឹងអ្នកណា! អត់មានទាំងអស់! ជារឿងខ្ញុំម្នាក់ឯងគីម៉ាល់!»

«មិនស្តាប់ការបកស្រាយ​ ការសុំពន្យារ​បំណុល​តាមហ្វូនទេ! ខ្លាចចាញ់បោកសំឡេងពួកមនុស្ស​ប៉ិនសម្តែង!!»

«គីម៉ាល់!»

នាង​ហៅគេតិចៗទាំងមិនដឹងខ្លួន តែខាងប្រុស​ចរចាមកវឹង៖

«បើស្រឡាញ់ឈ្មោះហ្នឹងណាស់ ​មកជួបអាឡូវ​ យករូបពិត​មនុស្ស​ពិត​ទៅឱបថើបក្បែរទ្រូងទៅ កុំហៅ​ច្រើនដងពេក ខ្ជិលនិយាយណាស់!»

គេចុចបិទរកតែនាង​ឆ្លើយអ្វីមិនទាន់។

Map ផ្ញើមកទៀតហើយ​ នាង​សម្លឹងទាំងពិបាកចិត្ត​។​ របៀបនេះ​បើមិនទៅជួបគេ​គង់តែមាន​បញ្ហា​ស្រឡាំងកាំងជាមួយគេមិនខាន​។

នៅក្នុងមូលដ្ឋាន​ដដែល នាង​បញ្ជា​រថយន្តលើកនេះ មិនដល់៥នាទីផង​ក៏រកឃើញផ្ទះ​លំហែកាលពីយប់មិញនោះទៅហើយ។

ផ្ទះ​មាត់ទឹក នៅស្ងៀមស្ងាត់ ហាក់បីដូចជាមិនបានបន្លាចបំភ័យ​នាង ​ដូចរាត្រីដំបូងម្សិលមិញ​ឡើយ។​ អាចថា យ៉ាងណាក៏នាង​លែងខ្លាចដែរ ព្រោះនាងដឹងហើយថា ​បើគេមានបំណងមិនល្អ​មែន គេមិនរង់ចាំដល់ពេលនេះទេ។

បុរសនេះក៏មិនមែនពាលគ្រប់យ៉ាង ដូចដៃព្រាន​របស់គេដែរ។

គេគិតគ្រួសារ​ណាស់ទោះគេមិននិយាយ​។ គេឱ្យនាងទៅភ្នំពេញ គឺគេស្រឡាញ់ការពារមរតកនិង កិត្តិយសគ្រួសារជាងតណ្ហា​បាំងមុខរបស់គេ។

ស្រីស្អាតចុះដើរមួយៗចូលតម្រង់ទ្វារ​របង​ដែលប្រហើរដោយក្លិនបុប្ផាមាត់កំពង់តាំងពីចម្ងាយ។

«បងគីម៉ាល់នៅកំពង់ទឹក!»

វុធរត់មកប្រាប់ហើយ​បើកទ្វារបង្ហើបឱ្យនាងចូលផង។

នៅសល់តែប៉ុន្មានថ្ងៃទៀតទេ ដែលនាង​ត្រូវទៅ ទាំងចិត្តមិនចង់ទេ។ បេះដូងរបស់នាង​នៅទីនេះ​នាង​ធ្វើគ្រប់យ៉ាងកន្លងមកព្រោះចង់នៅទីនេះ និងធ្វើការងារមួយ​ដែលនាង​ស្រឡាញ់ពេញបេះដូង។

ព្រហ្មលិខិតហាក់កំពុងបឺតជញ្ជក់យកអស់ នូវ​សក្តានុពលនិងភាពបើកចំហរបស់នាង ។ គ្រប់យ៉ាង​ចង្អៀតទៅៗ សម្រាប់នាង​សម្រេចចិត្ត​បានដោយខ្លួនឯង។ ស្រស់ស្រី​ ក្តាប់ក្រពះដែលផ្សាឈឺ។ ទើបនឹង​ដឹងថា មិនមានអាហារចូលពោះតាំងពីល្ងាចទល់ឥឡូវ។

«ជួយប្រាប់គាត់ផងថាខ្ញុំមកហើយ!»

នាង​និយាយទាំងខំអត់ទ្រាំ ប្រឆាំងតស៊ូ​នឹង​រាងកាយឈឺចាប់ ក៏ដូចជាលំហូរអុកស៊ីសែន​ដ៏​ចង្អៀតដោយ​ភាពស្មុគស្មាញ​របស់នាង។ ហេតុអ្វីបានជានៅក្នុងពិភពលោកដែលនាង​បើកភ្នែក​មើលឃើញ​ព្រឹកនេះត្រូវចំណុះក្រោមអំណាចរបស់គេម្នាក់នោះ?

«គាត់ឱ្យទៅរកគាត់នៅកំពង់ទឹក!»

វុធនិយាយតប។

ចិត្តស្រីឆ្អែតណាស់ ! ​នេះហើយចរិត​ដ៏ឆ្មើងកន្ទ្រើងរបស់គេ។ ​

ពិតណាស់! នាងមិនដែលមាន​អារម្មណ៍ឈឺបែបនេះទេ ទាំង​ក្រពះ និងអារម្មណ៍​ដំណាលគ្នា។ ស្រីស្អាតលែងមាត់ក នាងចាកចេញហួសពីផ្ទះទៅមាត់ទឹក​ខាងក្រោយតែម្នាក់ឯង។

ទិដ្ឋភាពស្រស់ស្អាតនៅខាងក្រោយនេះពិបាកនឹងមើលរំលងណាស់។ ទោះបីថានាងដេកមិនលក់ និងកំពុង​ទទួលអារម្មណ៍​ត្រូវបានគេមើលស្រាល មិនឱ្យតម្លៃ ​តែកម្រាល​ជម្រាល​ស្មៅបៃតង​លយទៅក្នុងទឹក ពិតជាបបោសកាមារម្មណ៍។

កន្លែងនេះ​ស្អាតម៉្លេះ?

នាង​ផាត់សក់ហើយ​ញញឹម សម្លឹងពពួកមេអំបៅ។

ហាន់ដាសន្មតថាអាហារពេលព្រឹកនេះ​ពិតជាពិសេសមែន ហើយកែសំណុំផ្កាដែលនាង​កាច់ជាកម្រង​មកត្រកងក្នុងដៃ។

«ផ្កាស្អាតមិនស្មើម្ចាស់សោះ!»

គេនិយាយពីខាងណាមកមិនដឹង តែស្នូរកាមេរ៉ាគេលាន់មកជាប់រដឹក។​ នាង​ងាកទៅរកម្ចាស់ប្រុស​ដែលសិចស៊ី​ក្នុងកំប្លេអាវដៃវែងស្តើងនិងខោខូវប៊យខ្លី​រឹបភ្លៅ។

បុរសឈប់ថត ពេលដែលខាងស្រីនាង​ឈប់ញញឹម​និងឈប់ដើរ មករកគេ​។

វាជាវេនដែលគេ​ត្រូវដើរមករកនាង​។

ហាន់ដា​​ឈរកណ្តាលទេសភាព​បៃតងខ្ចីលាយកូនលម្អផ្កាពណ៌ស្វាយពោរពាសរង់ចាំដំណើរខាងប្រុស​ចរយាត្រាមកដល់ជាមួយស្នាមញញឹម។ ​ដៃនាង​ត្រកងផ្កាកុលាបលឿងទុំនិងលម្អងត្រែង​មួយអន្លើ។

គេបោះដៃមក ពេលដល់ក្បែរគ្នា។

គិតក្នុងយល់សប្តទៅ ថាខ្ញុំកាន់ដៃខ្លួន!

នាងកម្រើកបបូរមាត់គិត ហាក់ងរង៉ក់ ភ្នែក​រេចេញមិនហ៊ាន​សម្លឹង​តបស្នាមញញឹម​របស់គេ​តែដៃនាង​ស្រាប់តែហុចទៅឱ្យគេខុសពីការតាំងចិត្ត​។

ទៀត! ​យើងឱ្យគេ​ដឹកដៃបានតាមសម្រួល គ្មានប្រកែកប្រណាំងអ្វី​ ហ៊ឹស!នាង​ហាន់ដា ឯងមិនទាន់ឡើងសមរភូមិផង​ក៏ចុះចាញ់សត្រូវបាត់ទៅហើយនាង!

ស្រីតូចគិតទាំង​ដើរត្រឹកៗ ចុះទៅតាម​ដែលគេដឹកដៃនាំផ្លូវ។

​ទំនង​នាង​ដឹងហើយ​ថា ​គ្មានកម្លាំងបម្រះទៀត​ មួយវិញ បើនឹង​​ប្រវាយប្រតប់ជាមួយគេ​ ក៏សឹងគ្មានន័យអ្វី។​

ប៉ុន្ដែឥឡូវនេះនាងមិនអាចជៀសវាងពីការពិតដែលថា ក្រពះនាងកាន់តែឈឺឡើងនៅពេលខំដើរ​តាម​ជំហាន​វែងៗ​របស់នាយនោះទេ។

«អូយ!»

ស្រីត្អូញតិចៗ ព្រោះគ្មានដៃមកឱបសង្កត់ពោះ។

សំឡេងប៉ុណ្ណឹង​ក៏ល្មមឱ្យខាងប្រុស​ងាកមកសម្លឹងទៅហើយ។ គេនេះសឹងដឹងគ្រប់រឿង មិនថាអ្វីនាង​កំពុងជួបឬកំពុងគិត។

«អត់ទាន់ញ៉ាំអីហ្មែន!»

គេសួរស្រាលៗ​ នាងសម្លឹងកែវភ្នែក​យកចិត្ត​ទុកដាក់របស់គេ​ហាក់ចង់បញ្ជាក់ថាមែន ឬ គេធ្វើពុត? ​ទោះយ៉ាងណា ការស្ងាត់ស្ងៀម​របស់ហាន់ដា​ឆ្លើយ​ប្រាប់គីម៉ាល់រួចហើយ​ថា នាង​មិនទាន់មានអាហារ​និងកំពុង​ធ្វើទុក្ខ​។​

បុរសឱនមក ហើយគេលើកត្រកងនាង​ឡើង​។

ហាន់ដាមិនដែលនឹកឃើញ​ទេថាមានរឿងបែបនេះកើតឡើង។

នាង​ស្រឡាំងកាំងក្នុងរង្វង់ដៃមួយ ដែលមាន​ចង្កា​ខាងប្រុសពេញដោយភាពសិចស៊ីជាមួយពុកមាត់រឹមៗ ស្ថិត​​នៅក្បែរ​ផ្ទៃមុខខ្លួនបង្កើយ។

ប្រហើរក្លិនបុរសរបស់គេ​កំពុង​ដុតរោលអារម្មណ៍​នាង​ឱ្យភ្លេចការឈឺចាប់ ។ គេដើរ​ចុះជម្រាល រលាក់ផង​គ្រលែងផង ធ្វើឱ្យម្តងៗច្រមុះនាង​ត្រូវប៉ះនឹងពុកចង្កាគេ។

«ដាក់ខ្ញុំចុះ!»

គេមិនឆ្លើយចំពោះសំណូមពរនាង​ ហាក់កំពុងបង្ហាញ​អំនួតនៃកម្លាំង​ដូចដំរីសា​របស់ខ្លួន។ បើ​ធៀបជាមួយពិសិដ្ឋ​ គេនេះជាមេឃនិងដី ម្ខាងម្នាក់សម្រាប់ប្អូនប្រុសគេ។
ជើងនាង​បានជាន់ដល់វត្ថុអ្វីរឹងស្តើង។

នេះគឺលើអូប័រ​ដែលគេបានបើកកាលពីថ្ងៃមុន ​ឯព្រឹកនេះ​ទៀតសោត​ចិត្ត​គេហាក់ចង់ប្តូរអ្នកជិះ​។ គ្មានអ៊ុន ឬវុធមកតាមទេ។

នាងបានធូរស្បើយនៅពេលដែលគីម៉ាល់ដាក់ឱ្យអង្គុយ​លើគែម​អូប័រ ​ពីមុខ​កន្ត្រកអាហារ​និង​ដបទឹក​លាយភេសជ្ជៈ។

បុរសបិទទ្វារជំនិះភ្លាមៗ​ហើយ​មកអង្គុយពីមុខនាង ។

«ញ៉ាំ!»

គេនិយាយ​ទាំងហុច​នំសេនវិចមកឱ្យ។

ស្រីស្អាត ពិនិត្យ​អាហារ​សម្រន់ដោយមុខជូរ។

«ខ្ញុំឈឺក្រពះណាស់ ហើយចង់ញ៉ាំបបរ!»

បុរសដៀងភ្នែកសម្លឹង​ពោះនាង​។ ម្រាមនាង​ប្រាំទៀតកំពុង​ទ្រាប់នៅទីនោះ។ គេលូកទៅត្រកងបាច់ផ្កាដាក់ទៅម្ខាង ហើយបន្តហុចនំ មាត់និយាយ៖

«កុំវិនិច្ឆ័យមុនសាក! ​ញ៉ាំមើល៍! ​ឈប់អារបៀប​ប្រើស្ទីលដដែលៗ ញ៉ាំរបស់ដដែលៗហ្នឹងចេញក៏បាន!»

នាង​លូកដៃទទួល ហើយផ្លុំសរសៃសក់តិចៗ​​ឱ្យចាកចេញពីបបូរមាត់ប្រឆាំងនិងកម្លាំងវាយមាត់ច្រាំង។ នាង​ធ្វើម៉េចក៏នៅតែសរសៃទាំងនោះបន្តប៉ើងរប៉ាត់រប៉ាយដដែលជាដដែល។ ខាងប្រុសឱនមកហើយ​ផ្លុំមួយទំហឹង។

នាង​ទម្លាក់ដៃចុះ សម្លឹងមុខគេ។ ទ្រាំមិនបានទេ នាង​សើចខឹក។

ញ៉ាំទៅ!

បុរសបោលបញ្ជា។ ទូកនេះចត​នៅប្របនឹងមាត់ច្រាំង ដែល​ត្រឈៃទៅដោយ​ដើមផ្កាក្ងោកធំចង្គ្រឹង​ពីលើ រហូតដល់ពន្លឺព្រះអាទិត្យខំ​ភ្លឺយ៉ាងណា​ បានត្រឹមបាំងក្រោយសន្លឹកបែកមែកសាខា។

នាងព្រិចភ្នែកស្រូបយកក្លិនអាហារ ហើយ​ខាំទំពាផ្នែកដំបូង។

ស្រីស្អាត​បើកភ្នែកធំៗ។

រសជាតិនេះពិតជាឆ្ងាញ់កម្រិតនេះ ឬមួយមកពី​នាង​មិនបានអាហារទ្រាប់ពោះច្រើនម៉ោងមកហើយ? គួរឱ្យភ្ញាក់ផ្អើលដែលត្រីធូណានៅខាងក្នុង​ឈ្ងុយបែបនេះ មានរសជាតិទាំងមិនបាច់ដាក់គ្រឿងទេស។

គីម៉ាល់ញញឹមសម្លឹងនាង​ដែលកំពុងមានសុភមង្គលជាមួយការ​​ញ៉ាំ។ នាង​ហាក់លែងឈឺហើយ។  ​ដុំអាហារក៏អស់រលីងពីដៃ​ដែរ។

គេរៀបនឹង​ដាក់របស់ខ្លួន​ចូលមាត់ ព្រោះលង់នឹងការទំពា​ដ៏ឆ្ងាញ់នោះ​ស្រាប់តែខាងស្រី​ស្នើសុំ មកដោយកែវភ្នែកស្រស់ស្រាយ៖

«សុំមួយទៀតគីម៉ាល់!»

បុរសនៅទ្រឹងញឹមៗ ហើយ​ហុចរបស់គេមកឱ្យនាង។ ហាន់ដា ឱនសម្លឹង​កន្ត្រក  ទើបតែ​ដឹងថា មាននំប៉័ងពីរដុំប៉ុណ្ណោះ ទំនងគេមិនដឹងទេថានាង​មកញ៉ាំទីនេះ បានជាគ្មានច្រើន​ដូចនាង​ស្មាន​។

ញ៉ាំខ្លួនឯងទៅ!

នាងនិយាយប្រាប់តែ បុរសមិនមាត់​ហើយហុចវាមកក្នុងម្រាមដៃនាងលើកមកដាក់ទន្ទឹម​មាត់នាង​ទៀត​​។​

គេងាកទៅចាក់ទឹកក្រូចស្រស់។

មិនដែល​បានកត់សម្គាល់សោះថា​នឹង​បានជួបនរណាម្នាក់ដែលយកចិត្ត​ទុកដាក់ចំពោះយើង​គួរឱ្យកក់ក្តៅបែបនេះ។

គេ​លើកកែវក្រដាសមកដាក់ក្នុងរង្វង់ម្រាម​ដៃនាង​និងថយមកអង្គុយក្បែរ​ រហូតទាល់តែនាង​សម្អាតអស់រលីងអាហារ​របស់គេ និងភេសជ្ជៈផង។

«អត់ឃ្លានមកពីស្រុកណានៀក?» បុរស​ខ្សឹបសួរឌឺដង។​

«ធ្វើម្ហូបមកតិច​ខ្លាំងណាស់គីម៉ាល់!​ មាឌធំអ៊ីចឹង ​ញ៉ាំនំពីរដុំហ្នឹងអ្ហះ»

នារីស្តីឱ្យខ្សោយៗធ្វើឱ្យគេនឹកឃើញដល់សំឡេងគួរឱ្យអាណិតក្នុងទូរសព្ទមុននេះ។ ដៃគេ​លូកមកក្រវាត់ពីក្រោយ​ចង្កេះ ​ហើយ​ប៉ះដៃនាងដែលទំនេរ​នៅម្ខាងខ្លួន​ ដោយយកមក​ច្របាច់ម្រាមដៃនាងថ្នមៗ ។​ ខាងស្រី ប្រុងដកម្រាម​ចេញវិញ​​តែគេចាប់គ្រងជាប់។

«បាត់ឈឺនៅ?»

គីម៉ាល់សួរទាំងភ្នែកសម្លឹងទន្លេ ​មិនមែន​មើលមុខនាងទេ។ ហាន់ដារេភ្នែកសម្លឹងកាមេរ៉ា​និង អាវក្រៅដែលគេទម្លាក់ចោលលើបាតអូប័រ។

«លែងឈឺហើយ!»

សំឡេងនាង​ខ្សោយម​កពីនាង​ឈឺមិនមែនមាយាលេងល្បិច​ទេ គេគិត។

បបូរមាត់បុរសនេះសសៀរមករកសក់ខ្មៅរលោងរបស់ស្រី ហើយ…គេផ្អឹបនៅទីនោះ ។ នាងធ្មេចភ្នែកទាំងសងមួយរំពេច…ពុទ្ធោ គេថើបយើង​ហើយ!

នាងគិតទាំងបេះដូងបញ្ចេញ​កម្ដៅពាសពេញរន្ធញើស រាងកាយ​។

«គីម៉ាល់!»

ស្រីស្រស់ហៅឈ្មោះនាយព្រោះក្រៅពីពាក្យពីរនេះនាងមិនដឹងត្រួវឃាត់គេរបៀបណាទេ។

«នៅស្ងៀម កុំឈ្លោះគ្នាដុកទ័រ ! ញ៉ាំឆ្អែតហើយ ឱបគ្នាបន្តិច​ក្រពះឆាប់ជា!»

គេនេះ!

នាង​ហួសចិត្ត តែបេះដូង​ចេញចំហាយរសឹបដោយភាពកក់ក្តៅ។

ក្រៅពី​ពាក្យប្អូនថ្លៃជើងល្អ​ពេលនេះ​គេដូរមកហៅនាង​ថា «ដុកទ័រ!»

គីម៉ាល់បានអីញ៉ាំទៅ?

នាង​សួរ​តិចៗទាំងសម្លឹង​ក្នុងកន្ត្រកអាហារ​របស់គេ។

«If you full I am full»

គេនិយាយជាអង់គ្លេស​ហើយខ្សឹបដាក់សក់ក្រអូបក្រអួនរបស់នាង។ នាង​នៅសំងំគិត។ នេះជាការពិត​ឬជាល្បិចអ្វី?

«បើចិត្តល្អមែន ឱ្យខ្ញុំសុំនៅបន្តសិន ​ខ្ញុំមាន​ការងារសំខាន់មិនទាន់បានធ្វើចប់គីម៉ាល់!»

នាងមិនចង់ប្រាប់គេថាជាការងារអ្វី ដូច្នេះ​ខ្ញុំក៏នឹងមិនសួរ​រហូតនាង​ប្រាប់ខ្លួនឯងហាន់ដា។​ គេគិតដោយលើកម្រាមមករកចង្កេះស្រីស្អាត។ នាង​រើ តែគេនៅតែចាប់មកវិញ។

«ខ្ញុំរើសជម្រើសដែលគ្មានផ្លូវជ្រើស!»

«ជម្រើសដែលគ្មានផ្លូវជ្រើស?»

គេនិយាយ​ផ្ទួនពីស្រីស្រស់ហើយ​សើចតិចៗ រង្គើស្មា មាំមួនទាំងសង​រង្គើទាំងសំឡេងបេះ​ដូងនាង​នៅក្បែរគ្នាកៀកបង្កើយ។

ភ្នែកបុរសរេ​មកចោលផ្ទៃ​ជលស័យ ដោយ​​ផ្តោតលើភក្ត្រា​ស្រទន់នៃស្រីរូបល្អវិញ។ ថ្ពាល់នាង​ក្រហមព្រឿងៗ ដូចមិនដែលមានស្នេហាជាមួយអ្នកណាចុះស្នាមពីមុនមកទេ​ ចំណែកបបូរមាត់ដែលពិបាករកស្រីប្រដូចជាមួយ ក៏​​កម្រើកចុះឡើងគ្មានពាក្យពេចន៍ចរចា។​

«ខ្ញុំសុខចិត្តចោលគ្រប់យ៉ាង បកទៅនៅភ្នំពេញវិញ ហើយថែរក្សាគ្រប់យ៉ាងសម្រាប់គ្រួសារ​ តាមដែលគីម៉ាល់ដាក់បញ្ជា!»

នាង​ងើបមុខ​សម្លឹង​ភ្នែកនាយ ព្រោះនាងឈឺចិត្ត​។ ច្រមូះនាយ​របូតចេញពីសំណុំកេសា។

នាង​យល់ថា គេគឺចង់ឱ្យនាងរងភាពឯការស់នៅឈឺចាប់ កំព្រា​បេះដូងបែបនេះពេញមួយជីវិត​ ដើម្បីថែរក្សាគ្រប់យ៉ាងជារបស់គ្រួសារគេឱ្យគេ ជំនួសគេ គេមិនបានគិតអំពីវ័យដ៏ក្មេងខ្ចី​របស់នាង​ និងអ្វីទៅជាបំណងពិតរបស់នាង​នោះទេ។