«ម៉េចមិនយកជម្រើសទីពីរបើមិនចង់ទៅទេ!»
គេសួរទាំងក្នុងទ្រូងគេមានចម្លើយសម្រាប់ខ្លួនឯង។
នាងបានសម្រេចចិត្តចោលអ្វីៗគ្រប់យ៉ាង ទៅនៅជាអ្នកមេម៉ាយរក្សាទ្រព្យនៅផ្ទះនោះ ក៏មិនព្រមកំដរគេឆ្លងកាត់ឆាកជីវិតជាមួយគ្នា ។ ជម្រើសទីពីរគឺរួមរស់ជាមួយគេ នាងមិនរើសទេ នាងថាគ្មានជម្រើស ព្រោះនៅក្បែរទ្រូងយើង ជាជម្រើសដែលនាងមិនចង់បាន?
គិតទៅនាងបញ្ឈឺស្នេហារបស់គេបានយ៉ាងល្អ ហើយមកធ្វើលេសសុំពន្យារចុះឡើងទៀត?
ភ្នែកបុរសស្ត្រីប៉ះគ្នាជាការខូចចិត្តរាងខ្លួន។ បេះដូង រាងកាយនៅក្បែរគ្នាស្អិតប៉ុណ្ណឹង ចង់តែរត់រកគ្នា ក៏ប៉ុន្តែម្ចាស់វាមិនព្រមនិយាយគ្នាឱ្យច្បាស់ជម្រះក្តីសៅហ្មងទាំងប៉ុន្មានឡើយ។ ហាន់ដាមិនឆ្លើយ បែរជានិយាយរឿងផ្សេង៖
«បើបងថ្លៃ ថាអនុញ្ញាតតែមួយម៉ាត់ ប្អូនថ្លៃនឹងជាសះវិញភ្លាម!»
ជាមួយកែវភ្នែកម៉ក់ៗទាំងសងខាងដែលនាងសម្លឹងមក រុញចិត្តខាងប្រុសឱ្យផ្ទុះគ្រឺតក្នាញ់ណែនឱរ៉ា ចង់ឱនវឹបទៅដណ្តើមយកអណ្តាតនាងទាន់ហន់មុនទាំងវិភាគថ្លឹងថ្លែងថា ត្រូវឬក៏ខុស។
ដង្ហើមគេបោលមកពីឆ្ងាយ ក៏ហាន់ដាត្រៀមរួចរាល់ទៅហើយក្នុងការគេចចេញ។ ទោះយ៉ាងណា ដៃបុរសនេះ ស្រាក់ចង្កេះនិងខ្នងនាងចងផ្អឹបមកទ្រូងនាយ ចំណែកបបូរមាត់ប្រលែងរង់ចាំសេចក្តីតបតពិតៗចេញពីបេះដូង ខាងស្រីក៏នៅបន្តរុលមានៈមិនព្រមដកថយក្រោយមួយដង្ហើមណា។
ហាន់ដា នៅជ្រួញមុខបិទភ្នែក បិទមាត់ក្រោមស្នាមថើបរបស់នាយ ព្រោះនាងពិបាកក្នុងការស្ទុះស្ទាគេចចេញដោយសារទីនេះចង្អៀត ។
បុរសនេះ ពេលណាឱ្យតែជជែកគ្នារាងតឹងតែបន្តិច ក៏នឹងកើតទោសៈងងើលមកលើនាងទាំងមិនដឹងខ្លួន ទាំងស្វ័យប្រវត្តិ និងទាំងតក់ក្រហល់មិនលែង។
ហាន់ដាមិនធ្លាប់ទេ ដាមស្នាមជាមួយមនុស្សប្រុសដល់ថ្នាក់នេះ ហើយតើវាមានសុជីវធម៌អ្វីទៅ ក្នុងការដែលគេប្រើវិធីនេះមកទូទាត់បំណុលជាមួយនាង?
ទោះពេញចិត្តឬអត់ ក៏បានត្រឹមរេមុខចេញ មិនឱ្យគេប៉ះបបូរមាត់បាន តែរាងកាយនាងស្ថិតក្នុងកណ្តាលរង្វង់ហត្ថគេ ។ ចំណងនេះមាំណាស់ ស្តាប់តែចង្វាក់ទ្រូងគេក៏ដឹងថា នាងមិនអាចរើទៅណាបាននោះដែរប្រសិនគេមិនព្រម។
ដោយក្តីមានៈ បុរសរេថើបពាសពេញថ្ពាល់នាង ត្រចៀកនាង ថ្ងាសនាង គ្រប់ទីតាំងលើផ្ទៃមុខក្រហមទុំ។
នាងបម្រះរហូតដល់ញើសដាមពាសពេញកំភួនដៃនាយ ដើមទ្រូងដែលប៉ះគ្នាយ៉ាងស្អិតមាំនិងគ្មានអ្វីបិទបាំងក្រៅពីអាវយឺតសស្តើងរបស់គេនិងអាវជាតិកប្បាស់របស់នាង។
រាងកាយទាំងទ្វេប្រឡាក់ស្រមកទៅដោយកម្ដៅស្នេហា មិនថាអំណាចវាយោដងទន្លេបក់បោកយ៉ាងណា ភ្លើងនេះនៅតែបន្តរោលរាលក្តៅគគុក។
«គីម៉ាល់ ឈប់បំពានខ្ញុំ កុំធ្វើឱ្យខ្ញុំស្អប់ ឮអត់ ប្រយ័ត្នខ្ញុំស្អប់!»
នាងនិយាយខ្សឹបទាំងប្រឹងប្រញាប់ប្រញាល់ ទាំងខ្សោយសំឡេង ទាំងអារម្មណ៍បោករំជួលប្រៀបបានកម្លាំងរលកកណ្តាលសាគរ។
បុរសដែលនៅក្បែរជិតសែនជិត ព្រមបង្អន់ផ្អាក រាល់ស្លាកស្នាមស្នេហ៍ដែលគេបាននឹងកំពុងដានទុកជាកេរលើភក្រ្តាស្រី ហើយងើបមុខមកនិយាយក្នុងសព្ទសំឡេងខ្សឹបខ្សៀវវិញ ៖
«ស្រីៗច្រើនណាស់កំពុងចង់បានការថើបមួយនេះ ដឹងអត់អ្ហះ!»
គេនិយាយដូចជាបុរសធម្មតាម្នាក់ដែលពេញដោយអំនួត ទាំងមាននាងក្នុងលង្វែកទ្រូង ទាំងមាននាងពេញក្នុងរង្វង់ដៃ។
«ទៅៗ! ទៅថើបពួកហ្នឹងទៅ អ្នកណាចង់បាន ថើបអ្នកហ្នឹងទៅ!»
នាងលើកដៃវាយវាត់គេ ដូចដែលគីម៉ាល់ទាយដឹង។ គេមិនចាប់ដៃស្រីទេ មានតែសើចកក្អឹកបណ្តោយឱ្យនាងបន្តប្រលែងលើរាងកាយ។
ចុងក្រោយម្រាមទាំងដប់ត្រូវបុរសចាប់ជាប់។
គេនៅស្ងៀមលេងទឹកមុខក្រហមង៉ូវកំដរភ្នែកខាងស្រី ដែលមានបបូរមាត់ស្រស់ប៉ប្រឹមដូចបុស្បាត្រូវទឹកសន្សើម។
កាត់ចិត្តអាគីម៉ាល់!
គេប្រាប់ខ្លួនឯងទាំងចោលភ្នែកស្រទន់សម្លក់បបូរមាត់នាង។
ថ្ងៃណាមួយទេ! គេថា គេនឹងថើបឯងដោយខ្លួនគេ! ឯងគួរតែរង់ចាំគួរតែមានទំនុកចិត្ត!
បុរសដៀងហួសទីកន្លែងដែលទ្រូងចង់ថើបបំផុត ហើយសម្លឹងរកមើលអាថ៌កំបាំងចិត្តបង្កប់ក្នុងកែវភ្នែកធីតាសួគ៌។
នាងសម្លឹងនាយហើយស្រទន់ឡើងៗមិនចាញ់មិនឈ្នះគ្នា។
«អូនមានចិត្តចំពោះបងប្រាកដណាស់ហាន់ដា ១០០ភាគរយ!»
គេគិតស្ងាត់ៗក្នុងទ្រូង តែបបូរមាត់លេចស្នាមញញឹមតិចតួចប៉ុណ្ណោះ។
ភាពស្ងាត់ស្ងៀមនៃប្រុសស្រីពីរនាក់ ដែលកំពុងក្តាប់ដៃគ្នាហាក់កំដរបេះដូងធម្មជាតិដងទន្លេឱ្យ ឱនកាយស្រទោរស្រទន់បបោសអង្អែលចិត្តថ្លើមពួកគេ។
«មកនៅក្បែរអាម្នាក់នេះមក! ណា៎! ឮអត់អ្ហះហាន់ដា? ធានាថា មិនបាច់គេងមិនលក់ មិនបាច់យំ មិនបាច់ពិបាកចិត្ត មិនបាច់ទៅភ្នំពេញវិញទេ!»
បុរសឧទានតិចៗ ធ្វើឱ្យខាងស្រីរេភ្នែកចុះឡើង សម្លឹងគេជ្រៅដល់ជម្រៅបេះដូង។
រាល់ពេលដែលនាងហាមឃាត់អារម្មណ៍ អារម្មណ៍រឹងរឹតតែកញ្ជ្រោលតវ៉ាសឹងសឹងធ្លាយរហែកទ្រូងបាន។
ប្រុសម្នាក់នេះទាក់ទាញពេកហើយ រោលរាលពេកហើយ ក៏ដៃដល់ពេកដែរ។
គ្រប់យ៉ាងដ៏ល្អឥតខ្ចោះដែលគេកំពុងលើកដាក់លើថាសស្នើមក ហាក់ដូចជាស្រួលៗពេក គេអាចទេ? គេកំពុងលេងល្បិចអ្វីម្យ៉ាងធ្វើបាបយើង? មនុស្សស្រីធម្មតាៗដូចយើង មានអីល្អខ្លាំងសម្រាប់ទេវបុត្រដូចគេ?
នាងរេភ្នែកគេចចេញ ហើយទាញដៃយឺតៗលុះណារបូតអស់ពីការគ្រប់គ្រង។
ហាន់ដាឆ្លាតវៃជាងស្រីនានាដែលគេធ្លាប់ឃើញ គីម៉ាល់ដឹងប្រាកដក្នុងចិត្ត។ នារីនេះស្គាល់ចរិតនាយផ្នែកអាក្រក់ៗច្បាស់អស់ហើយ ។ នាងដឹងថា បើនាងទទឹងទទែងនាងនឹងមានបញ្ហា តែបើនាងថ្នាក់ថ្នមចិត្តគេ នាងនឹងមានសេរីភាព។ ភាពទន់ភ្លន់របស់នាងម្តងៗ កាន់តែសម្លាប់ចិត្តនាយឱ្យទន់ល្អូក លើកដៃលើកជើងមិនចង់រួចរាល់ពេលនៅជិតដង្ហើមស្រីម្តងៗ។
«គីម៉ាល់!»
នាងហៅតិចៗទាំងបែរខ្នង។
ម្រាមបុរស លូកទៅប្រលែងលេងជាមួយសរសៃសក់ទេពធីតាដែលពត់ពេនតាមកម្លាំងវាយោ ត្រចៀកនៅត្រៀមផ្ទៀងស្តាប់សម្តីនួនល្អង ដែលហៅឈ្មោះបង ម្តងៗពីរោះស្លុងស្លុតអស់ហឬទ័យ។
«ហាន់ដាមិនរើសយកជម្រើសផ្សេងព្រោះចង់ប្រាប់ថា ហាន់ដានិងពិសិដ្ឋមិនបានមានកុងត្រារឿងផ្សំដំណេក មិនបានដោះដូរខ្លួនប្រាណជាមួយប្រាក់៧០ម៉ឹនអីដូចដែលគីម៉ាល់បានឮមកទេ! »
នារីនេះ បានធ្វើឱ្យមានព័ត៌មាន និងចំណុចសង្ស័យច្រើនអនេកជុំវិញអាពាហ៍ពិពាហ៍នាងជាមួយប្អូនប្រុសកម្សត់របស់គេ។ នាងបានទទួលយកចំណងដៃខាន់ស្លាយ៉ាងច្រើនសន្ធឹក មិនដឹងយកទៅធ្វើអ្វីអស់ភ្លាមៗត្រឹមពេលប៉ុណ្ណឹង ចំណែកក្រោយស្វាមីស្លាប់ នាងក៏ក្លាយជាកំពូលអ្នកគ្រងមរតកធំជាងគេជាងឯងទៀត? គ្រប់យ៉ាងជាសេណារីយ៉ូខ្មៅស្រអាប់មួយ ដែលមនុស្សម្នាមានលេសក្នុងការបំពក់ចិត្តសង្ស័យ បញ្ឆេះកំហឹងដល់បងប្រុសម្នាក់នេះ តែសំឡេងសម្ងាត់នៃបេះដូងនេះ ចេះតែប្រាប់មកដោយគ្មានហេតុផលថា នាងមិនបានធ្វើអ្វីអាក្រក់ឡើយផ្អែកតាមចរិតឫកពា និងកាយវិការ ចិត្តថ្លើមសម្តីសំដៅនាង។
ឯង! អាគីម៉ាល់ ហេតុអីជឿគេម៉េ្លះ?
បុរសលូកដៃទៅព័ទ្ធចង្កេះនាងផ្នែកខាងមុខធ្វើ ឱ្យស្រស់ស្រី លូកម្រាមមករារាំងតែគេនៅតែចចេសក្តោបក្តាប់ពោះរបស់នាង។
គេនៅស្ងៀម ព្រោះបានចងរាងកាយនាងទុកដូចចិត្តយ៉ាងកក់ក្តៅណាស់ទៅហើយ នៅមិននៅ ខាងស្រីពន្លែងពាក្យមកបន្ថែម៖
«ចិត្តខ្ញុំចំពោះសិដ្ឋ ដូចទឹកនិងត្រី មានស្មោះឱ្យគ្នា មិនមែនដោយកាមតណ្ហា ឬដោយសារទ្រព្យធន! ខ្ញុំបានស្បថថា នឹងចាស់ទៅជាមួយគេ រួមរស់ជាមួយគេជារៀងរហូត!»
ចិត្តប្រចណ្ឌផ្ទុះជាថ្មី របូតហត្ថាថ្លៃចេញពីចង្កេះអូនដោយឯកឯង។
គីម៉ាល់ដឹងថា នាងគ្រាន់តែចង់បញ្ជាក់អំពីរឿងលុយ៧០ម៉ឺនដែលពិសិដ្ឋផ្តល់ឱ្យជាបណ្ណាការ មិនមែនជាថ្នូរនឹងការផ្សំដំណេកឬតណ្ហាអ្វីដូចគេបានដាក់លក្ខខណ្ឌចងស្រីកាលពីយប់មិញឡើយ ម៉្លោះហើយចិត្តនរៈអៀនខ្មាស ច្រណែននឹងប្រៀបខ្លួនទៅនឹងប្អូនប្រុសភ្លាម។
គេយល់ថា សម្តីនាងដូចជាចង់បញ្ជាក់អំពីភាពស្មោះល្អរបស់ប្តីមុន ហើយគេនេះជាមនុស្សបង្ខិតបង្ខំនាង។
ប្រុសស្អាតក្រោកឡើងទាំងទទឹងទទែងហើយនិយាយដោយមិនមើលមុខនាង៖
«បើថាបូរបាច់គ្រប់ហើយ ឡើងគោកវិញទៅ ! ខាងណេះប្រញាប់ គ្មានពេលនៅតម្លង់ជាមួយពួកអ្នកពូកែនិយាយវែងអន្លាយទេ!»
គេលើកពាក់វ៉ែនតាខ្មៅបន្ថែមអំណាចទឹកមុខក្រញូវខឹងក្រោកទៅក្បែរចង្កូត។
ក្រោមកែវភ្នែកឆ្ងល់របស់នាង ហាន់ដាដឹងថាគេនេះខ្មោចចេញខ្មោចចូលពិតមែន តែគេមិនមែនផ្លេកបន្ទោរដល់ថ្នាក់នេះទេ។
ចងហៅៗចង់ដេញៗ? នាងសួរតិចៗ ។
ខាងប្រុសរឹតតែក្តាប់មាត់។ ដោយមិនខ្ចីមើលមុខនាង គេផ្តើមបញ្ឆេះម៉ាស៊ីន។
នាងក្រោកឡើងយឺតៗឈានទៅចំហៀងខ្លួននាយ ហើយប្រុងពោលអ្វីមួយបន្ថែមស្រាប់តែខាងប្រុសចេញអូប័រវ៉ាវ។ ស្រីស្អាតរេខ្លួន ប្រុងតែនឹងដួលរេលក្រោមកំហឹងរបស់គេទៅហើយ ម្ល៉ោះហើយទាំងមិនដឹងខ្លួនហត្ថាស្រីស្រវាឱបរាងកាយបុរសជាប់ម៉ឺងទប់ជំហរខ្លួនឯង ក្រោមល្បឿនបោលរលាក់ចាកចេញចោលច្រាំង។
មារព្យាបាទ
«ពីរនាក់ហ្នឹងជួបគ្នាតាំងពីព្រលឹមហើយជិះអូប័រចេញទៅបាត់មិនទាន់ឃើញមកវិញផង!»
នារីភា ដែលដាក់បង្កៃកម្លាំងតាមសង្កេតគីម៉ាល់ជានិច្ចជាកាល ពេលនេះរឹតតែក្រហល់ក្រហាយព្រោះបានដឹង អំពីទិដ្ឋភាពផ្អែមល្ហែមនៃបុរសឌូបៃ និងនារីស្ទឹងត្រែងកំពុងចុះស្នាមលើចរន្តមេគង្គ។
ម្តងណេះនាងមិនមែនឡូឡាដាក់ពូទេ តែរអ៊ូដាក់ប្រុសម្នាក់។ បើយើងឃើញមុខបុរសនេះ អាចថាភ្ញាក់ផ្អើលមែនណ៎ា។
«កុំច្រណែនគេ ចំណាយចិត្តមកគិតរឿងយើងវិញ» បុរសនិយាយតិចៗ ហើយបន្តឱបថើបស្រីស្នេហ៍ពេញក្នុងដៃ។
នារីភាកំពុងស្ថិតក្នុងដៃប្រលោមរបស់គ្រូពេទ្យសុងសក្តិ ហើយនាងនៅតែមិនអាចរំងាប់ចិត្តច្រណែននិងហាន់ដាបាន ចំមែន! ដែលរឹតតែគ្រោះថ្នាក់នោះ គឺហាន់ដាមិនដែលដឹងទេថា បុរសដែលម្តាយនាងងប់ចង់បានមកជាកូនប្រសា គេចេញចូលផ្ទះនាងបានព្រឹកល្ងាច តាមពិតជាសំណព្វចិត្តនៃម្តាយក្មេករបស់ខ្លួន។
នារីភានៅតែជំនៈបង្ហាញពីហេតុផលរបស់នាង ក្នុងការខឹងសម្បាចំពោះទំនាក់ទំនងគីម៉ាល់និងហាន់ដា៖
«បើពីរនាក់ហ្នឹងត្រូវគ្នាមែន រឿងចង់បានកម្មសិទ្ធិសណ្ឋាគារមកវិញ កាន់តែឆ្ងាយលន្លង់លន្លោចពីដៃហើយសុងសក្តិ! »
សុងសក្តិដឹងថាគេត្រូវធ្វើយ៉ាងណាចំពោះរឿងនេះ។ គេញញឹមសម្លឹងទៅគូស្នេហ៍ឆើតឆាយក្នុងកញ្ចក់ពីមុខគ្រែ ធ្វើឱ្យខាងស្រីនិយាយបន្ថែមមកទៀតហាក់បីមិនអស់ចិត្ត៖
«ឬមួយក៏ខំឱ្យសុងសក្តិ ទៅធ្វើជាមនុស្សបង្កប់យូរទៅ ក៏កើតចិត្តលង់ស្រឡាញ់គេទៅហើយ? សំងំៗ ទុកឱ្យកូនប្រសាស្រីចង្រៃម្នាក់នោះបានកាន់កាប់គ្រប់យ៉ាងបានហើយ នឹងអាលផាត់អ្នកឯណេះចោល?»
នាងហាក់ង៉ក់ងរព្រោះដឹងថា តាមពិតអ្នកដែលសុងសក្តិកំពុងងប់ងល់ គឺខ្លួននាងនៅទីនេះ។ អំពើល្អរបស់គ្រូពេទ្យមានល្បិចចំពោះគ្រួសារហាន់ដាមិនមែនជាការពិតឡើយ គ្រប់យ៉ាងជាការបង្កើតឡើង។
«ព្រោះខ្ញុំជាអ្នកសុទិដ្ឋិនិយម! តែមិនមែនមានន័យថាខ្ញុំប្រហែសចំពោះសត្រូវនោះទេអូនសម្លាញ់!»
មាត់គ្រូពេទ្យកំហូចនេះបង្កើតចម្លើយផង បបោសអង្អែលដងខ្លួននារីស្រស់ឆើតម្នាក់នេះផង។
នារីភាដែលដឹងថា គ្រប់យ៉ាងអាចគ្រប់គ្រងបានព្រោះភាពសិចស៊ីរបស់នាង ក៏ផ្តើមញ៉ិកញ៉ក់ខ្លាំងឡើង៖
«មិនច្បាស់ទេ ថាពាក្យទាំងអស់របស់សុងសក្តិដែលនិយាយពីសត្រូវ មានន័យសម្រាប់ខ្ញុំ ឬសម្រាប់ស្រីមាយាម្នាក់ហ្នឹងទេ!»
«ម៉េចដឹងគេមាយា?!»
បុរសនេះថើបកំភួន ដៃរបស់នាង ម្តងហើយម្តងទៀតចំណែកនាងគិតពីងរង៉ក់បន្ថែម៖
«បើមិនមាយា បណ្តាំមរតក៧០ភាគរយធ្លាក់លើវាកើតទេ?!»
«មកពីកូនចុងអូនល្ងង់!»
«ចុះបងឆ្លាតប៉ុនណាដែរសុងសក្តិ!»
«ល្មមយករបស់ទាំងអស់មកប្រគល់ឱ្យរាជនីរបស់បងបាន!»
នារីភាបានចិត្តណាស់ទោះបីជាក្នុងបេះដូងនាងស្រមៃឃើញតែគីម៉ាល់ មិនថានាងកំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយបុរសផ្សេង។ ពាក្យថា«រាជនី»ពិតជាពាក្យដែលនាងចូលចិត្ត។ សម្រាប់មនុស្សស្រីដែលតែងតែចង់បានភាពពិសេស អស្ចារ្យនៅពីលើគេពីលើឯង នាងតែងតែគ្រវីក្បាលដាក់សេចក្តីសុខហើយឱបទុក្ខមកក្នុងជីវិតព្រោះពាក្យថាចង់«ឈ្នះ»នេះឯង។
«គិតមើល៍ ធ្វើម៉េចបំបែកពួកវា?!»
នាងសួរគេម្តងទៀតទាំងស្ថានភាពខាងប្រុសហាក់ដូចជាលែងចង់ឆ្លើយអ្វីទៅហើយ។
ទោះយ៉ាងណា ទីបំផុតគេនោះងក់ក្បាលតាមផ្គាប់សំណួរនាង ៖
«មានវិធី! មិនយូរទេ កុំភ័យមើល៍!»
«វិធីម៉េចទៅ? និយាយសិនបានអស់ចិត្ត!»
បុរសនេះផ្ងារកាយមកចំហៀងនាង ហាក់សៅហ្មងដែលការបំពេញកាមតណ្ហាខ្លួនត្រូវបានរាំងរាដោយរឿងរ៉ាវប្រុសស្រីទាំងទ្វេ។
គេសម្លឹងទូរសព្ទ ហើយលូកយកមកចុចមើល រូបភាពនៅលើអូប័រ។
គេនិយាយមួយៗប្រាប់ដៃគូលើគ្រែ៖
«បងនឹងធ្វើឱ្យពីរនាក់នេះកាប់សម្លាប់គ្នា រលាយសងខាង!»
ថាចប់បានបន្តិចទើបងើបមុខ មកសម្លឹងអ្នកជំទាវសក់ខ្លី។ នារីស្រស់ស្អាតញញឹមញញែមចេញវិញហើយ។ នាងហាក់ពេញចិត្តនឹងកែវភ្នែកសន្យាមុតមាំទាំងគូរបស់លោកគ្រូពេទ្យមានល្បិច។ នាងញញឹមកាលណា គេឯណេះក៏កាន់តែសប្បាយចិត្តក្នុងការបន្តកលឧបាយ។
បុរសនេះលូកដៃជារង្វង់ទៅរុំព័ទ្ធជើងទាំងសងស្រឡូនសឹងស្រមោចវាជ្រុះនៃអ្នកមេម៉ាយក្មេងសេចក្តី។ រួចបានបន្តិច គេនិយាយបន្តផ្គាប់បេះដូងឃោរឃៅរបស់នាង៖
«ម្នាក់ស្លាប់ ឬត្រូវតែធ្ងន់ល្មមឱ្យម្នាក់ទៀតជាប់ខ្នោះបាន!»
នារីភាញញឹមហើយលាដៃទន់ល្មើយមក ឱបប្រុសកំណាចនេះ៖
«ឃោរឃៅម៉េះ?!»
«បង្ខំចិត្តតាស៎!»
«អ្នកណាបង្ខំ?!»
«គឺខាងស្រីចង់បានសណ្ឋាគារមកវិញ បងត្រូវយកមកឱ្យអ៊ីចឹងហើយ! អ្នកណារាំងផ្លូវអ្នកហ្នឹងយ៉ាប់!»
ពាក្យសន្យា
អំណាចវាយោកញ្ជ្រោលវាយផ្ទប់ ក៏នៅតែមិនស្មើនឹងរលកល្បឿនបោកបាចឡើងចុះ លើស្រទាប់មេគង្គ បង្កើតជាឈុតឆាកព្រឺព្រួចផ្សងព្រេង រំភើបលាយរន្ធត់មិនធ្លាប់ឆ្លងកាត់ក្នុងជីវិតរបស់ហាន់ដា។
ពេលវេលាមិនតិចជាង១៥នាទីទេ ដែលនាងផ្អឹបមុខជាប់ទ្រូងគេ ប្រមូលសន្ធឹកបេះដូងខឹងសម្បាទាំងប៉ុន្មានរបស់គេមកស្តាប់វិភាគពិចារណា។ បន្តិចម្តងៗ នាងភ្លេចអស់ការភ័យព្រួយនឹងល្បឿនអូប័រដែលមានៈ សង្ខើញឡើងចុះលើស្រទាប់ទឹក។
ម្រាមនាងទាំងដប់ ឱបស្មាបុរសនេះក្រោយមកអស់ដៃពេក ហត់ពេក ក៏រអិលមកក្រោមដៃទាំងសងរបស់នាយឱបខ្នងនិងចង្កេះនាយ ការពារជំហរខ្លួនឯង។
កាយប្រុសនិងស្រី ឈរជាមួយគ្នាជាប់ម៉ឺង តតាំងកណ្តាលការប្រណាំងជំនិះលើដែនជលសា តាមសន្ទុះចិត្តរោលរាលរបស់ខាងប្រុស។
បបូរមាត់នារី នៅជាប់នឹងសាច់ទ្រូងនាយបាំងបិទតែបន្ទះក្រណាត់អាវ ស្តើងសរបស់គេតែប៉ុណ្ណោះ។
ហាន់ដាមិនបាននិយាយអ្វី បុរសនេះក៏មិននិយាយអ្វី តែចុងក្រោយទោះនាងមិនបានស្នើសុំ គេក៏បន្ថយល្បឿនម្តងបន្តិចៗ។
នាងងើបមុខសម្លឹងប្រុសស្អាត ដែលនាងតោងទាមជាប់លង្វែកទ្រូង។
បបូរមាត់លម្អដោយពុកចង្ការរឹមៗរបស់គេចេញផ្កាញញឹមតិចតួច គឺតិចណាស់តែក៏ល្មមនឹងឱ្យនាងកក់ក្តៅ មកសំងំបន្ត ក្នុងបរិវេណរាងកាយណែនណាន់ទៅដោយភាពរឹងមាំនិងកម្ដៅស្នេហ៍ក្តៅគគុករបស់គេ។
«មិនបាច់គេងមិនលក់ មិនបាច់យំ មិនបាច់ពិបាកចិត្ត មិនបាច់ទៅភ្នំពេញវិញមែនទេ?»
នាងនិយាយតិចៗដាក់បេះដូងនាយ ទាំងភ្នែកបើកឡើងមកវិញព្រឹមៗសម្លឹងស្បែកពណ៌ទឹកឃ្មុំសិចស៊ីពេញលក្ខណៈ បង្ហាញចេញផិតផើយតាមចន្លោះឡេវអាវបុរសនេះ។
បេះដូងប្រាប់ថា នាងសែនពេញចិត្តចំពោះបរិយាកាស ព្រេងនិស្ស័យ ភ័ព្វសំណាងដែលបានបណ្តោយឱ្យនាងមកឱបរឹតតោងទាមនាយបានជាច្រើននាទីមកហើយ។
«ហើយម៉េច?!»
គីម៉ាល់សួរខ្លីៗ ជាមួយខ្យល់ដង្ហើមស្នេហ៍ក្តៅគគុក។ នៅក្រោមវ៉ែនតាខ្មៅ ដ៏ស្អាតសង្ហាស្រាប់ទៅហើយ បុរសចរចាឌឺដងដោយមិនបាច់ឱនមករកគូសន្ទនាទេ។ គេផ្តោតសម្លឹងគោលដៅខាងមុខតែក្នុង បេះដូងមួយនេះប្រាប់គេជាសម្ងាត់ថា «យើងបានគេហើយគីម៉ាល់!»។
«សុំនៅក្បែរៗបែបនេះ មិនចង់គិតរឿងអីទាំងអស់! សុំនៅតែពីរនាក់បែបនេះឱ្យបានយូរបន្តិចណ៎ា!»
នាងនិយាយខ្សាវៗ ខ្សឹបៗហាក់ចង់ឱ្យគេឮផង មិនចង់ឮផង តែបើមិនបាននិយាយចេញបែកទ្រូងស្លាប់មិនខាន។ គីម៉ាល់ញញឹមធំជាងមុនប៉ុន្តែស្ងាត់ស្ងៀម។ គេផ្តោតភ្នែកសម្លឹងបន្តទៅគោលដៅដែលកំពុងចូលចត បន្ទាប់មក ដៃម្ខាងចាប់ផ្តើមត្រកងខ្នងស្រី។
«ពេលស្រឡាញ់គ្នា មិនបាច់មើលទៅឆ្ងាយពេកទេ! »
គេប្រាប់តិចៗពេលដៃម្ខាងរំលត់ម៉ាស៊ីនដៃម្ខាងទៀត ឱបនាងណែនណាន់ ហាក់ខ្លាចរាងកាយទន់ភ្លន់នេះចាកចេញចោលចំណែករឹងមាំរបស់នាយ។
«មានន័យថាម៉េច !»
នាងសួរខ្សោយៗ។ ទូកឈប់ហើយ នាងនៅតែបន្តឱប និងបន្តសេចក្តីស្រមៃ។
ខាងប្រុសឆ្លើយ ទាំងភ្នែកគយគន់ទិដ្ឋភាពនានាឱ្យស្គាល់ថានេះវាលលិចទឹក ដូចខ្លួនប៉ង ឬមួយជាភូមិដ្ឋានមនុស្សម្នា។
ឃើញថាទីតាំងស្ងាត់ហើយ គេឱនមកឆ្លើយខ្សឹបៗជាមួយបបូរមាត់នៅពីលើក្បាលនាង៖
«បានន័យថា នៅកន្លែងណាគិតកន្លែងហ្នឹងសិន! នៅជាមួយអ្នកណាត្រូវភ្លេចចោលអ្នកផ្សេង!»
«គេគ្មានអ្នកផ្សេងស្រាប់ហើយគីម៉ាល់!»
នាងឆ្លើយភា្លមហើយងើបខ្លួនសន្សឹមៗ ពេលជំនិះលែងឃ្លេងឃ្លោង។ ភ្នែកនឹងភ្នែកប៉ះគ្នាហើយស្នេហាពួកគេក៏បានវេញត្របាញ់បំភ្លេចចោលនូវអតីតទាំងចាស់ទាំងថ្មីក្នុងវិនាទីនេះដែរ។
ខាងស្រីប្រាប់ខ្លួនឯងស្ងាត់ៗ ថានេះជាលើកដំបូងក្នុងជីវិត ដែលខ្លួនឯងចេះមានអារម្មណ៍ហាក់ចង់ឱ្យគ្រប់យ៉ាងលែងរំកិលទៅមុខ ចង់ឱ្យអ្វីៗទាំងអស់កកស្ទះនៅទីនេះ កន្លែងនេះ ដែលមានតែនាងហើយនឹងគេ។
«មនុស្សអីកាចម៉េះ? និយាយអត់ត្រូវចិត្ត បើកអូប័រដូចកន្តុំរុយហោះស្លុយឡើងលើមេឃ អត់ដឹងធ្លាក់កូនគេលិចបាត់ក្នុងទឹកទេ?!»
នាងហានិយាយឡុលៗដាក់ក្រសែភ្នែកស្លុតស្លុងរបស់គេ ជាហេតុធ្វើឱ្យអណ្តាតគីម៉ាល់មានឱកាស…..
បុរសនេះអាចស្បថថា គេស្តាប់អីមិនឮទៀតនោះទេ។ ខ្យល់ដង្ហើមចេញពីបេះដូងគេ ត្រូវការរស់បន្តដោយភ្ជាប់គ្នាជាមួយចង្វាក់ដង្ហើមនាងភ្លាមៗពេលនេះតែម្តង។
នេះជាស្នាមថើបដ៏ល្អឥតខ្ចោះព្រោះ ពីដំបូងខាងស្រីតស៊ូសារជាថ្មីក្នុងការរារាំងអណ្តាតនាយ តែមិនបានប៉ុន្មាន នាងហាក់ទម្លាក់ដៃ។
បេះដូងកំព្រាជាច្រើនឆ្នាំនៃបុរសនេះបានទទួលដឹងដំណឹងសម្ងាត់ថា នាងចុះចាញ់ហើយ នាងមិនរុញគេទេ ពេលនេះអញ្ជលីទាំង១០ថែមទាំងឱបស្មាគេសងខាង ដូចខ្លាចថាគេឈប់ស្រឡាញ់នាង។
នាងដឹងថា បុរសនេះមានរាងកាយពោរពេញទៅដោយតម្រេកតណ្ហា។ អារម្មណ៍រួមភេទរបស់គេហាក់បង្ហាញសន្សឹមៗចេញមក ហើយនាងច្បាស់ថា នាងនឹងមិនបន្តជាមួយគេដាច់ខាត តែនាងក៏កំពុងតែពន្យារពេលទទួលយកការថ្នាក់ថ្នមពីបបូរមាត់នាយ គឺពន្យារតែបន្តិចទៀតប៉ុណ្ណោះនឹងច្រានគេចេញហើយ ព្រះអើយ! ហេតុអី បេះដូងគេមានសំឡេងតន្រ្តីពីរោះពិបាកធ្វើចិត្ត ពិបាកធ្វើមិនឮធ្វើមិនដឹងបាន?
ស្នេហារោលរាលយ៉ាងនេះមែនទេ?
«គីម៉ាល់!»
នាងច្រានគេចេញរហូតដល់របូតស្នាមថើបដំបូងក្នុងជីវិត ហើយខំហៅនាយ ដើម្បីនឹងទាញអារម្មណ៍បុរសនេះវិលមកវិញ។
គីម៉ាល់យល់ព្រមដកថយ តែនាងដឹងថា គេកំពុងខិតខំជម្នះប្រឆាំងនឹងទារុណកម្មយ៉ាងគំហុកដោយបំណងប្រាថ្នាតាមអ័រម៉ូនគេ ប្រហែលមកពីគេពិតជាស្រឡាញ់នាង និងមិនចង់បង្ខិតបង្ខំនាង។
«គីម៉ាល់នឹងទុកពេលវេលាឱ្យហាន់ដា មិនអ៊ីចឹង?» នាងថាផង លើកដៃចងខ្សែអាវនៅនឹងកស្រួច ដែលមុននេះត្រូវបានទាញបង្ហើបរបូតរបាញ់ចេញដោយម្រាមដៃខាងប្រុស។
មិនដឹងហេតុផលអី គេអាណិតនាងណាស់ ពិសេសការស្នើសុំរបស់នាង។
«បងទ្រាំចាំបាន!» គេនិយាយតិចៗ ទាំងមិនដកភ្នែកចេញពីនារីនេះ បញ្ជាក់ថាគេមើលនាងមិនដែលឆ្អែតនោះទេ។ នាងក្រហមមុខប្រៀបដោយភាពភ័យបារម្ភនិងសេចក្តីរំភើបលាយឡំគ្នា។
ជាលើកទីមួយដែលស្នាមសំណើចបង្ហាញធ្មេញទាំងពីរជួរលេចឡើងចំពោះមុខនរៈយើង ជាស្នាមសើចពេញដោយភាពពេញចិត្ត សប្បាយចិត្តចេញពីបេះដូងខាងស្រី។
«ហាន់ដាមានរឿងខ្លះត្រូវបញ្ចប់ ត្រូវរៀបរយ ហើយនឹងជិះទូក ជិះអូរប័រ ពេញទន្លេមេគង្គជាមួយគីម៉ាល់!» នាងសន្យា។
ជាពាក្យសន្យាដែលចាក់ឫសយ៉ាងជ្រៅភ្លាមៗក្នុងជម្រៅបេះដូងខាងប្រុស។
បុរសនេះ ងាកមុខចេញនាងសម្លឹងទៅដែនជលស័យ។ ខាងស្រីដឹងថា គេមើលទៅ នៅតែមិនទាន់ស្ងប់ចិត្តពីកំសួលភ្លើងស្នេហ៍។
ដូចនាងគិត គេងាកចេញមិនបានយូរទេ ព្រោះសេចក្តីរំជួលចិត្តក្នុងសមុទ្រស្នេហ៍នោះ បង្ខំរុញគេឱ្យនៅចង់បន្ត អ៊ីចឹងហើយ គីម៉ាល់ងាកមកវិញភ្លាមៗ ហើយឱបនាងមកទុកពីមុខរាងកាយខ្លួនទាំងស្រុង។ ជើងទាំងទ្វេនៃបុរស ក៏ជែងទប់ មិនឱ្យនាងបែរទៅណារួច ដៃម្ខាងក្រៀករឹតចង្កេះនាង ប្រៀបបីដូចជាចង់ឱ្យធម្មជាតិគ្រប់យ៉ាងបានឃើញឯកសិទ្ធិដ៏ពិសេសនៃស្នេហាថ្មោងថ្មីនេះ។
កុំភ្លេចពាក្យខ្លួនឯង ដុកទ័រ!
គេព្រមានតិចៗ


