កោះបេះដូង
ដូចការសន្យារបស់សុងសក្តិជាមួយនារីភា ខណៈហាន់ដានាងវិលមកផ្ទះកាលណាគេនោះក៏មានវត្តមានភ្លាមៗដែរ។ បេសកកម្មរបស់គេពេលនេះគ្មានអ្វីក្រៅតែពីការពិនិត្យរកចន្លោះប្រហោងនឹងអាលបង្កើតបញ្ហាដល់នាងនិងគីម៉ាល់។
«ដាមិនស្រួលខ្លួនហើយអីកូន?ញ៉ាំបបរទេ?»
«កូនញ៉ាំរួចហើយ មានអីឯណាម៉ាក់!»
នាងហាក់រីករាយធ្វើឱ្យម្តាយងឿងឆ្ងល់។
«ចឹងហ្អី? ចឹងសម្រាកទៅ!»
ម្តាយដឹងថា នាងគេងមិនបានលក់ស្ទើរតែពេញមួយយប់មក ហើយថែមទាំងគ្មានអាហារផង។ ចាំថា នាងចាកចេញពីផ្ទះទាន់ហន់ទាំងព្រលឹមជាមួយសេចក្តីទុក្ខទាល់ចិត្ត លុះពេលមកដល់វិញក៏ស្រាប់តែមុខរីកត្រសាយត្រសុំដូចជាមនុស្សផ្សេងម្នាក់ទៀត។
ខាងសុងសក្តិមិនឆ្ងល់ទេ គេដឹងព័ត៌មានគ្រប់យ៉ាងហើយក៏បានត្រៀមគម្រោងការឆ្លើយតបគ្រប់យ៉ាងវិញដូចគ្នា។
ទូរសព្ទរោទ៍…..
«ផានមែនទេ? យ៉ាងម៉េចហើយផាន ទឹកឡើងខ្ពស់ទេ?!»
ពូផានជាអ្នកកោះ។ គាត់ជាអ្នកភូមិចាស់ ក៏ជាប្អូនធម៌របស់ម្តាយនាង។ ភារកិច្ចចម្បងរបស់គាត់គឺនៅមើលថែមជ្ឈមណ្ឌលមួយលើកោះ ដែលជាកន្លែងគ្រួសារនីដារៀបចំឡើង សម្រាប់ថែទាំអ្នកមានសតិមិនល្អជាង៥០នាក់។
រឿងនេះសុងសក្តិដឹងព្រោះគេជាអ្នកស្រុកជាមួយនាង។ បញ្ហាត្រង់ថាសុងសក្តិជាមនុស្សមាននិស្ស័យងប់ងល់នឹងនារីភា ពេលគេត្រូវបានហាន់ដាយកទៅភ្នំពេញក្នុងនាទីជាពេទ្យឯកជនរបស់ប្តីនាង សុងសក្តិបានរេចិត្តទៅចុះចូល ធ្វើជាខ្សែរនុករបស់នារីភា ក្បត់ហាន់ដា។
រហូតដល់ពេលនេះ គេនៅតែជារនុកក្នុងរបស់ម្ចាស់ដដែលព្រោះសំណាញ់កាមតណ្ហា។ ចំណែកបេសកកម្មពេលនេះគឺធ្វើឱ្យគីម៉ាល់និងហាន់ដាមានរឿងធំជាមួយគ្នា។
រាល់កិច្ចសន្ទនាក្នុងផ្ទះនេះសុទ្ធតែចន្លោះដែលគេអាចយកទៅប្រើសម្រាប់ធ្វើបាបម្ចាស់ផ្ទះបាន។
«សុងសក្តិ មីងអាចចេញទៅកោះរសៀលនេះបានទេក្មួយ?!»
សុងសក្តិដឹងថា ចន្លោះឱកាសបានមកដល់ហើយ។ ទេវតាពិតជាកំពុងបរាមុខ ហាន់ដានិងគីម៉ាល់តាមបំណងគេ។
ប៉ុន្តែជាមួយនឹងសន្តានពេញដោយល្បិចកល ទោះចិត្តរំភើបប៉ុនណាក៏ពេទ្យនេះនៅតែរក្សាភាពស្ងប់ស្ងាត់ ទាក់ភ្នែកទាក់ការទុកចិត្តពីស្ត្រីចំណាស់បាន។
«មានរឿងអីអ្នកមីង? អ្នកណាកើតអីនៅមជ្ឈមណ្ឌល!»
«អ្នកណាទៀត? កូននិវត្តរើជំងឺរត់ទៅអង្គុយមាត់ទឹកម្នាក់ឯង មិនបាយ មិនទឹក និយាយតែពីរឿងអំពិលអំពែក!ផាននៅជាប់ជាមួយ ពេញមួយព្រឹកហើយ!»
សុងសក្តិឱនSearchអាកាសធាតុ ។
គេងើបមុខមកវិញយ៉ាងរហ័ស ៖
«បានអ្នកមីង! តែយើងគួរឆាប់ចេញទៅ មុនពេលល្ងាច ក្រែងខ្យល់បក់បញ្ច្រាស។»
«អឺៗ តែកុំនិយាយឱ្យដា ដឹងណា! ខ្លាចប្អូនតក់ក្រហល់ពេកអាចទៅជាឈឺ!»
«កុំលាក់ដាអីអ្នកមីង! គេគួរតែទៅ ព្រោះគេអាចនឹងជួយខ្ញុំ ពិនិត្យអាការៈអ្នកផ្សេងៗផង ជួយគ្នាឆាប់រួច! មេឃក្តៅយ៉ាងនេះមនុស្សអាចរើជំងឺច្រើនឡើងៗ»
«អ៊ីចឹងអ្ហីក្មួយ?!»
ស្ត្រីរូបនេះរលះរលាំងចូលទៅក្នុងបន្ទប់ដើម្បីផ្តល់ដំណឹងកូនស្រី និងរៀបចំសម្ភារៈចេញដំណើរផង។ បានដូចចិត្ត សុងសក្តិឈែតទៅរកដៃគូ។
«វាជាឱកាសហើយរាជនី! ហាន់ដាត្រូវចេញទៅកោះពីរបីថ្ងៃ! អ្នកពិការទាំងអស់ហ្នឹងអាចឈឺច្រើនថ្ងៃ បងនឹងផ្ញើរូបនៅណេះឱ្យ! ធ្វើយ៉ាងណាឱ្យអាខាងប្រុសក្រហល់ក្រហាយនៅមិនសុខ! ចំណែកឆាកធំចុងក្រោយចាំបងគិត!»
គេរេភ្នែកមករកសម្លឹងជុំវិញខ្លួន។
ទូរសព្ទហាន់ដាដែលទុកចោលស្ងៀមលើសាឡុងក្បែរបង្អួច គំនិតមួយទៀតលេចឡើងមកសម្រាប់គម្រោងការខ្មៅងងឹតរបស់ពេទ្យរូបល្អ។ ហាក់ដូចគ្រប់យ៉ាងកំពុងឈរខាងមនុស្សអាក្រក់ ទូរសព្ទនាងរោទ៍។
ហាន់ដាប្រញាប់ប្រញាល់ចេញមកពីបន្ទប់ហើយលើករហ័សរហួន។
កាយវិការនាងអាចថា គិតពីគីម៉ាល់ដែលទើបឱបជាប់ទ្រូងថ្មីៗ ដូច្នេះហើយនាងមិនចាប់ភ្លឹកទេថាម្រាមដៃនាងដែលចុចPasswordទូរសព្ទ ត្រូវបានគេចំណាំ ថតទុកក្នុងអង្គចងចាំ។
«ជេន?!»
នាងហៅឈ្មោះមនុស្សដែលសុងសក្តិច្រណែនស្អប់។ ជេនមិនត្រឹមជាមនុស្សល្អ ដែលជាធម្មតាសត្រូវជាមួយមនុស្សអាក្រក់នានា តែជេនថែមទាំងកំពុងបានកាន់កាប់ក្រុមសណ្ឋាគារកំពូលនៅភ្នំពេញទៀត។
«ខ្ញុំនិងម៉ាក់ ចេញទៅកោះឥឡូវហើយ! និវត្តធ្វើទុក្ខ! មិនអីទេ មានសុងសក្តិ»
«ខ្ញុំមានការសំខាន់ចង់ឱ្យដាសម្រេចចិត្ត!»
ជេនមិនដែលតក់ក្រហល់ដូច្នេះទេ ហាន់ដាទទួលអារម្មណ៍ថាចម្លែក។ នាងងើបមុខសម្លឹងទៅសុងសក្តិឃើញថា បុរសនេះកំពុងឱនដាក់ចំណីត្រីក្នុងកែវ ហាក់បីមិនអើពើនឹងការសន្ទនារបស់នាងឡើងដូច្នេះ ស្រីស្អាតបន្លឺឡើងដោយស្មារតីធ្វេសប្រហែស៖
«និយាយបានជេន!»
«នីដា! ស្តាប់! ខ្ញុំត្រូវការដាវអាជ្ញាសឹកបន្ទាន់ យកមកដោះស្រាយជាមួយពួកមនុស្សបង្កចលាចលនៅសណ្ឋាគារ! ពួកនេះភាគច្រើនមិនមានជំនាញអ្វីជាក់លាក់តែជាបក្សពួកម្តាយក្មេកឯង មានតួនាទីធំៗ និងប្រាក់ខែច្រើនៗ ធ្លាប់ធ្វើអ្វីបង្កព្យុះភ្លៀងតាមចិត្ត! ច្រើនតែជាមនុស្សកម្ជិល និងធ្វើការញុះញង់បុគ្គលិកជាជាងសាច់ការ! បើចាំបាច់ខ្ញុំចង់បញ្ឈប់ការងារខ្លះ!»
នាងបើកភ្នែកធំៗទាំងភ្ញាក់ផ្អើល៖
«បញ្ឈប់ការងារ?!»
ធីតាយើងភ្លាត់មាត់តិចៗហាក់នឹកបារម្ភ។ គ្មានអ្នកណាម្នាក់ចង់បញ្ឈប់ការងារអ្នកផង ដោយទទឹងទទែងនិងគ្មានកំហុសទេ។ តែទោះយ៉ាងណា នាងដឹងថា ជេនជាអ្នកគ្រប់គ្រងដែលមានសមត្ថភាពល្មមទុកចិត្តបាន។
«ជេនទប់ទល់លែងរួចហើយមែនអត់?!»
នាងបន្ថែមទាំងព្រួយបារម្ភ។
«សណ្ឋាគារពីរឆ្នាំចុងក្រោយនេះ ខូចឈ្មោះនិងបាត់បង់ដៃគូនាំភ្ញៀវចូលដោយសារបុគ្គលិក មានចរិតអួតអាងនិងមិនផ្តល់សេវាកម្មត្រឹមត្រូវ! ការខាតបង់ជារៀងរាល់ត្រីមាសធំឡើងៗ យប់នេះខ្ញុំសរុបរួចនឹងផ្ញើតួលេខទៅឱ្យនីដា!!»
នាងដកដង្ហើមធំ ឱនសម្លឹងទៅក្រោមផ្ទះទាំងចិត្តស្មុគស្មាញ។ នេះហើយជាថ្មបាក់ដែលកូនប្រសាស្រីម្នាក់នេះចាំបាច់ត្រូវរ៉ាប់រងទាំងដែលនាងគ្មានចិត្តចង់ គ្មាននិស្ស័យនិងគ្មានជំនាញផង។
សំណាងណាស់នាងមានជេន។
ស្រីស្អាតគិតឃើញចំណុចនេះកាលណាស្រីស្អាតប្រញាប់ឆ្លើយតបវឹងៗ៖
«អត់បាច់គិត អត់បាច់ផ្ញើអីច្រើនទេ! ជេនជាGM ជេនមានអំណាច! ជេនមានការលំបាក ខ្ញុំសម្រេចតាមការចាត់ការហ្នឹង! បន្តិចទៀតខ្ញុំទម្លាក់ឈែតមួយទៅក្នុងក្រុមគណៈកម្មការនាយក ថារាល់ការសម្រេចរបស់ជេនជាការសម្រេចរបស់ខ្ញុំ!»
ជេននៅស្ងៀមតែនាងដឹងថាគេសប្បាយចិត្ត។ បន្ទាប់មកបុរសនោះឆ្លើយតបវិញ៖
«ល្អណាស់នីដា! ខ្ញុំនឹងរៀបចំគ្រប់យ៉ាង ឱ្យប្រសើរឡើងវិញឱ្យបានឆាប់បំផុត!»
ចិត្តនឹកនា
នៅលើដែលរលកទឹក ដែលគ្មានសញ្ញាណសេវាទូរសព្ទ បេះដូងស្រីនឹករឭកដល់ស្នាមថើបដំបូងដែលគេផ្តល់ឱ្យកាលពីម្សិល។
«បើថាបូរបាច់គ្រប់ហើយ ឡើងគោកវិញទៅ ! ខាងណេះប្រញាប់ គ្មានពេលនៅតម្លង់ជាមួយពួកអ្នកពូកែនិយាយវែងអន្លាយទេ!»
នាងខ្ទប់មាត់សើច។ បបូរមាត់នេះនៅចងចាំបានស្លាកស្នាម និងក្លិនខ្លួនប្រុសថ្លៃដែលស្រីបានផ្តិតវាទុក ពេញបេះដូងមកតាមដល់គ្រប់ទីកន្លែង។
ថ្ងៃអស្តង្គតហើយ គេកំពុងធ្វើអ្វីទៅ? ទឹកអើយ ផ្តាំទៅគេផងបានទេថាមានស្រីម្នាក់កំពុងនឹកនា។
«នោះសុផានមកចាំស្រេច!»
ម្តាយនាងកេះប្រាប់។
ស្រីស្អាតសម្លឹងទៅច្រាំងទន្លេដែលព្រិលកម្សត់ក្រោមបរិយាកាសខ្វះពន្លឺថ្ងៃ។ បុរសចំណាស់ឈ្មោះសុផាន ជាប្អូនធម៌របស់ម្តាយនៅឈរទើមៗរង់ចាំប៉ុន្តែមិនឃើញប្អូនប្រុសនាងឡើយ។
«និវត្តនៅឯណាទៅ?»
គ្មានអ្នកឆ្លើយតបទេ។ សុងសក្តិមើលពីក្រៅដូចជាសុភាពរាបសា និងរៀបរយចិត្តចាំតែផ្តល់ជំនួយ តាមពិត មានគម្រោងការជាច្រើននៅក្នុងគំនិតលាក់លៀមរបស់គេ។
គេនិយាយលួងលោមនាង៖
«កុំភ័យ! យើងមកដល់ហើយ អីក៏អាចដោះស្រាយបានដែរ។!»
ទូកអែបច្រាំង។ មនុស្សទាំងប៉ុន្មាននាំគ្នាចុះ។
«ផានឯណាកូនពៅខ្ញុំ?!»
ម្តាយនាងរលះរលាំងសួរ។
ពូសុផាននាំពួកគេឡើងគោកភ្លាមៗនឹងធ្វើដំណើរតាមរ៉ឺម៉កកែច្នៃរបស់គាត់ ឆ្ពោះទៅកាន់កន្លែងមួយដែលនៅលាក់កំបាំងក្បែរជ្រោយម្ខាងទៀតនៃកោះនេះ។
មេឃងងឹតហើយ។
មជ្ឈមណ្ឌលគាំពារជនមានបញ្ហាសតិបញ្ញាលាក់ខ្លួនសំងំស្ងាត់សុខសាន្តក្រោមសន្ធឹកវាយោដែនមេគង្គ និងបក្សីបក្សាទទះស្លាបជាក្រុមជាពួក។
គ្រាំ…..
ទ្វាររនាំងដែកត្រូវបានបើក…..
នាងនិងម្តាយមកដល់ចំពេលគ្រប់គ្នាកំពុងទទួលអាហារពេលល្ងាច។
ក្លិនបបរគ្រឿង ហើរមកប្រហើរតាមខ្យល់។
មនុស្សក្មេងចាប់ប្រុសស្រី ដែលមានសតិមិនគ្រប់គ្រាន់នឹងចំណាយពេលពេញមួយជីវិតរបស់ពួកគេនៅកន្លែងនេះហើយអ្នកផ្តល់អាហារទំនុកបម្រុងពួកគេគឺហាន់ដាម្នាក់នេះឯង។
ឈរសម្លឹងពួកគេហូបបបរ នាងភ្លឹកនឹកឃើញគ្រាមួយ……
៣ឆ្នាំមុន…..
«ពួកគេនេះញ៉ាំតិចៗ តែលេងច្រើនហើយត្រូវការបង្អែមច្រើនណាស់! ធម្មតាពួកគេញ៉ាំបានតែអាហារទន់ៗព្រោះមិនសូវចេះទំពា!»
ពិសិដ្ឋប្រុសស្អាតមកពីភ្នំពេញនៃគ្រួសារអភិជន។ ពីដំបូងបេសកកម្មគេគឺមកដល់ទីនេះដើម្បី តែនឹងដកហូតដីកោះមកវិញ ព្រោះឪពុកគេមានគម្រោងនឹងបង្កើតសាខាសណ្ឋាគារមួយជាលំដាប់ Luxury ។ ក្រោយមកគេចាប់ចិត្តនឹងចរិតលះបង់ និងសន្តានចិត្តដ៏មហិមារបស់ខាងស្រី។ នាងអាចជាដុកទ័រឆាប់ៗ នឹងអាចមានអនាគតវែងឆ្ងាយ មិនចាំបាច់មកលះបង់យុវភាពនៅទីនេះ កន្លែងដាច់ស្រយាលនេះហើយធ្វើការជាមួយភាពក្រៀមក្រំអស់ទាំងនេះទេ។
ចុងក្រោយបេះដូងអភិជន លង់ស្នេហ៍ខាងស្រី រហូតដល់អាពាហ៍ពិពាហ៍ដោះដូរមួយត្រូវបានបង្កើតឡើង។ ដំបូងនាងគិតថា គេនេះមានបញ្ហាចៀសវាងការបង្ខំឱ្យរៀបការរបស់ឪពុក តែក្រោយពេលគេស្លាប់ទើបនាងដឹងថា គេមានចិត្តឱ្យនាងលើសពីអ្វីដែលនាងដឹង។
សូម្បីកេរមរតកទាំងអស់ អ្វីៗគ្រប់យ៉ាង គេទុកឱ្យនាងតែម្នាក់។
នេះហាន់ដាមិនដឹងដល់នៅឡើយផងថា សូម្បីវាសនាសុភមង្គលនាងក៏គេរកធានានរ៉ាប់រងដើមទ្រូងធំមាំនៃបងប្រុសគេមកឱ្យនាងដែរ។
អារម្មណ៍ត្រូវដាច់ព្រោះសូរទូរសព្ទ….
ស្រីឱនសម្លឹងស្របពេលពូសុផានងាកទៅខ្សឹបប្រាប់ម្តាយនាង៖
«និវត្ត មិនព្រមហូបអីតាំងពីព្រឹក គេចេះតែចង់ទៅថតអំពិលអំពែក!»
«តស់! ខ្ញុំទៅរកកូនខ្ញុំ!»
ម្តាយនាងឆ្លើយតបនឹងបុរសជាប្អូនធម៌ ខណៈនាងកំពុងរវល់មើលឈ្មោះមនុស្សសំខាន់លើអេក្រង់។
គេខលមក បុរសដែលបេះដូងនាងហាក់កក់ក្តៅពេលឃើញសូម្បីតែឈ្មោះគេ។
ហាន់ដាងាកទៅជម្រាបម្តាយ៖
«ម៉ាក់ទៅមុនទៅ! កូនទៅតាមក្រោយ!»
សុងសក្តិដឹងថា គីម៉ាល់កំពុងតាមស្អិតក្នុងបេះដូងនាង សូម្បីតែមកដល់កោះនេះ។ បុរសដុកទ័រនៅតែស្ងប់ស្ងាត់ តែចិត្តគេកញ្ជ្រោលរកវិធីដើម្បីចាត់ការទៅតាមគម្រោង។
ហាន់ដាថយទៅក្បែរជ្រោយទន្លេដើម្បីឆ្លងឆ្លងនឹងប្រុសស្នេហ៍។
«គីម៉ាល់!»
នាងហៅគេតិចៗ។
«អូនសម្លាញ់!»
គេហៅនាងវិញខ្សាវៗតែពាក្យនេះឆៀបៗដល់បេះដូងស្រី។
នាងញញឹម ហើយផ្ទៃមុខទាំងមូលជះចំហាយក្តៅដោយភ្លើងស្នេហ៍ត្រូវបានបង្កាត់ភ្នក់។
«បងរងាណាស់! គីម៉ាល់រងា! វាត្រូវការគេឱប ឮនៅ?!»
គេនិយាយបន្ថែមព្រោះដឹងនាងកំពុងស្តាប់។ ស្រីស្អាតភ្លេចអស់អនុស្សាចាស់ៗដែលមុននេះពិសិដ្ឋបានផ្តល់មករំឭកឡើងក្នុងការចងចាំរបស់នាង។
ស្រីស្អាតចរចាជាមួយភាសាស្នេហ៍៖
«ខាងស្រីរវល់! ចុះកម្មសិក្សានៅមជ្ឈមណ្ឌលមនុស្សឈឺ!!»
នាងឆ្លើយទាំងសើចតិចៗកំដរពាក្យតំអូញរបស់គេផង។ គីម៉ាល់មិនឆ្លើយ នាងក៏ខ្សឹបខ្សៀវថ្នមចិត្តខាងប្រុសបន្ថែម៖
«សុំមួយរយៈនេះមិនទាក់ទងគ្នា! ខ្លាចប៉ះពាល់ការងារគេអាចថាយើងនេះម៉ោងធ្វើការសង្គ្រោះអាល័យតែរាយមាយ!»
«ព្រមជានិច្ចឱ្យតែខាងណោះមានក្តីសុខ»
«មានន័យថាម៉េចមនុស្សរំអួយ!»
«បានន័យថា ចាំបងដាច់ខ្យល់បាត់សឹមមកជួប!»
«ពាក្យអកុសលណាស់គីម៉ាល់!»
«មនុស្សកំពុងអកុសលជាងសម្តីទៅទៀតអូន!»
«ប្រុសមាយា! ទើបបែកគ្នាប៉ុន្មានម៉ោងហ្នឹង?»
«គ្មានសេចក្តីសុខនោះទេ ទាល់តែនៅក្បែរគ្នារាល់ៗល្ងាចរាល់ៗថ្ងៃ!»
«មិនដែលទេ មនុស្សមានការធ្វើ!»
«ការអីសំខាន់ជាប្តីទៀតអ្ហះ?»
នាងនៅភាំងនឹងពាក្យថា «ប្តី»។ គេនេះជាបងថ្លៃយើង គេអាចក្លាយមកជាប្តីយើងដោយរបៀបណាទៅ?
ហាន់ដាព្យាយាមទាញខ្លួនឯងវិលមករកការពិតវិញ។ នាងងើបមុខឃើញសុងសក្តិកំពុងជួយវាស់កម្ដៅពួកអ្នកជំងឺ។
របងមួយបានខណ្ឌចែកនាយចេញពីពាក្យសន្ទនាផ្អែមៗជាមួយម្ចាស់ចិត្ត។
«ហាន់ដា!»
គេហៅមកតិចៗ នាងភ្ញាក់មកវិញជាមួយចម្លើយ៖
«ប៉ុណ្ណឹងសិនបានអត់? គេទៅចោលអស់ហើយ!»
«ដាច់ចិត្តណាស់!» បុរសនេះរអ៊ូ ។ ឃើញនាងមិនតបគេបន្ថែមមកទៀត៖
«ថ្មើរហ្នឹងហើយ នៅធ្វើការទៀត?!»
«ព្រោះទើបមកដល់! អ្នកជំងឺកំពុងហូបបាយ! បន្តិចទៀតនឹងពិនិត្យឱ្យគ្រប់គ្នា!»
«ទទួលបានដុកទ័រ!»
«ឈប់ហៅឌឺៗមើល៍! មនុស្សឌឺ»
នាងសើចតិចៗតែគេមិនបានសើចតបវិញទេ។
នាងដឹងថា គេទំនេរៗពិតជាក្រៀមស្រពោនច្រើនជាងនាងដែលកំពុងរវល់។ ស្រីស្អាតបន្ថែមវាចាលួងលោម៖
« ហាន់ដាទៅដល់ភ្នំពេញកាលណា ទាក់ទងរកគីម៉ាល់មុនគេ!»
«ចាំពាក្យខ្លួនឯងផងដុកទ័រ!»
នាងចុចបិទទាំងញញឹម។ តែពេលងើបមុខមកវិញនាងចាប់ផ្តើមស្មុគស្មាញ…..
ប្រយោគមួយលាន់ឡើងមកក្នុងការចងចាំនៃស្រស់នួនល្អង…..
ស្រីថោកទាប! ប្តីស្លាប់មិនទាន់ធ្វើបុណ្យគ្រប់ផង មកសំងំឱបប្រុសសា…»
«ម៉ាក់ក្មេក! មិនមែនដូចម៉ាក់ឃើញទេ!»
«គឺវាលើសពីអ្វីដែលលោកជំទាវកំពុងឃើញផង លោកជំទាវ»
គីម៉ាល់និយាយបន្ថែមបន្តពីហាន់ដា ក្រោមកែវភ្នែកកំហឹងក្តៅគគុកនៃម្តាយក្មេកនាង។
«គ្រួសារយើងនឹងប្តឹងនាងរឿងអនាចារនេះ ហើយដកហូតសិទ្ធិមរតកទាំងអស់ពីនាងមកវិញ! មួយសេនក៏គ្មានសម្រាប់ស្រីមុខក្រាស់ឯងដែរ!»
នាងធ្លាក់ទឹកចិត្តជាទម្ងន់ ដៃរាវបិទទូរសព្ទចោលលែងចង់និយាយចង់ស្តី។ សំឡេងខាងប្រុសដែលធ្លាប់ចាក់ឆ្កៀលបេះដូងនាង បានលាន់ឡើងមកវិញទោះបីហាន់ដាមិនចង់រំឭក…..
«ប្អូនខ្ញុំ កើតមកកម្សត់ រស់នៅគ្មានន័យអស់មួយជីវិតស្រាប់ហើយ! ខ្លួនក៏ឃើញ ហេតុអីចាំបាច់ធ្វើបាបវា! អ្ហះ? »
«រាល់ពេល រាល់ថ្ងៃ ! ប្អូនខ្ញុំបិទទ្វារបន្ទប់ ផឹកស្រាសម្លាប់ខ្លួនឯងចោល ! ប្អូនខ្ញុំក៏កើតមក កម្សត់ រស់នៅទន់ខ្សោយអស់មួយជីវិតស្រាប់ហើយ ម៉េចក៏ប្រពន្ធវា ធ្វើឱ្យវារស់បន្តបន្តិចទៀតមិនបាន?»
ស្រីស្អាតបិទភ្នែកទាំងសង បណ្តោយឱ្យចរន្តវាយោមេគង្គ ជួយបណ្តេញទុកសៅហ្មងដែលរឹតរួតលង្វែកទ្រូង។
«ឯងកំពុងស្រឡាញ់មនុស្សដែលមិនអាចស្រឡាញ់មែនដែរទេ នាងហាន់ដា?!»
នៅគ្រប់បណ្តាពាក្យពេចន៍ ដែលគេបាននិយាយ និងដង្ហើមរបស់នាងដែលគេដណ្តើមជញ្ជក់យកទៅ បានធ្វើឱ្យគន្លាតដែនទឹកដ៏ឆ្ងាយគ្នានេះចងភ្ជាប់ដូងចែទាំងទ្វេ កាន់តែរឹងមាំលើសពី ចំណង់ដែលគេចង់ឱបហើយថើបនាង នៅចច្រប់ក្បែរៗគ្នានោះទៅទៀត។
ព្រះ! ខ្ញុំនឹកគេខ្លាំងណាស់! មានអារម្មណ៍ថាវិនាទីនីមួយៗ គឺរាប់ម៉ោង។
នេះជាអារម្មណ៍ពិតនៅពេលដែលយើងកំពុងស្រឡាញ់ខ្លាំង ហើយដឹងថាអនាគតពិបាកនឹងជួប។


