រឿង៖ បេះដូងមេគង្គ ភាគទី១៣

ពាក្យមុសា

«បងគីម៉ាល់! ខាងឌូបៃ សើរើបានSMSខ្លះ​ៗរបស់បងសិដ្ឋមុនស្លាប់! ​ខ្ញុំផ្ញើចូលតេឡេក្រាមបងហើយ!»

គីម៉ាល់ដាក់ទូរសព្ទក្បែរបបូរមាត់ ព្រោះចិត្ត​រំពៃគិតទៅតែនាង ម្ល៉ោះហើយ គេមិនបានខ្វល់ចូលឆែកបណ្តាញណាមួយទាំងអស់ មិនថាអ្នកណាផ្ញើអ្វីមក។

ពេលឮវុធប្រាប់ភ្លាម គេ​ងាកដៀងរកអេក្រង់ ហើយចុចពិនិត្យ។

វុធថយក្រោយព្រមទាំងបិទទ្វារបន្ទប់ឱ្យវិញផង។

ម្រាមដៃបុរសនេះ​លូកចុច​សំឡេងប្អូនកម្សត់ដែលទើបនឹង​ទទួលមកវិញបាន។

«ជារៀងរាល់ថ្ងៃនៅជិតៗគ្នា ខ្ញុំបានលង់ស្នេហ៍នឹងភាពក្លាហាន ភាពស្មោះត្រង់របស់គេ! គេ​ជាមនុស្សស្រី ដែលមាន​ការគោរពចំពោះ ខ្លួនឯងខ្ពស់! ខ្ញុំជឿលើការមើលឃើញនេះ! ទោះបីពិភពលោកទាំងមូលមានការសង្ស័យ ថានាងចូលគ្រួសារយើងព្រោះលុយ តែខ្ញុំមិនដែល​គិតអ៊ីចឹងទេ!  ខ្ញុំស្រឡាញ់គេណាស់ តែក៏ច្បាស់ណាស់ដែរ គេមិនដែលស្រឡាញ់ខ្ញុំទេ! គេអត់មានចិត្ត​ទេបង! គេគ្មានយើងទេក្នុងបេះដូងគេ!»

គីម៉ាល់ទម្លាក់ទូរសព្ទ មកទើរលើលង្វែកទ្រូង។

នាយ​ធ្មេចភ្នែកទាំងសង ហាក់ខំទប់ទល់នឹង​ការវាយប្រហារប្រឆាំងគ្នាក្នុងអារម្មណ៍។

ហេតុអី!

យើងចង់ឮពាក្យនេះណាស់! ​ពាក្យថា គេមិនស្រឡាញ់ប្តីមុនរបស់គេទេ!

តែវាជាប្អូនប្រុសយើង! ពេលនេះម្តេចយើងឈឺម្ល៉េះ?

គេទើបនឹងដឹងថា ទឹកភ្នែក​គឺវាផ្សាជាងអំបិលច្រើនដងណាស់ ជាពិសេសជាមួយមនុស្សដែលមិនងាយស្រក់ទឹកភ្នែក​ដូចគេ។

បុរសខំស្វែងរកសារសំឡេងបន្ថែមទៀត ប៉ុន្តែមិនឃើញ​​…..

ស្នូរទ្វារបើកខ្វាកទាំងបង្ខំ​ចូលមកក្នុង…..
មនុស្សពីរនាក់សម្រុកចូលមកដល់ធ្វើឱ្យគីម៉ាល់ភ្ញាក់ក្រញ៉ាង…..

នៅពីមុខខ្លួនប្រមាណ៥​ម៉ែត្រ បុរសវ័យកណ្តាលម្នាក់និងយុវជនពីរនាក់ សម្រុកចូលមកដល់ទាំងហត់គឃូស។  គីម៉ាល់ឃើញវុធនិងអ៊ុនស្ទុះចូលមកដោយរលះរលាំងតាមពីក្រោយ។

អ៊ុននិយាយដោយភ័យ៖

«បងខ្ញុំឃាត់ដែរ​តែ​ឃាត់មិនជាប់!»

គីម៉ាល់សម្លឹង​អ្នកដល់ម្តងម្នាក់ៗ។ គេមានអារម្មណ៍​ភ្លាមថាស្គាល់ម្នាក់ក្នុងចំណោម​បីនាក់នេះ តែរកនឹកមិនឃើញ។

«ប្រុសធំ ពូសុភក្តិណា!»

 គេនឹកឃើញភ្លាម​ដល់ឈ្មោះនេះ។​​ ពិតមែនហើយ ៨ឆ្នាំមកនេះ យើងបានបំភ្លេចមនុស្ស​នៅស្រុកខ្មែរ​ស្ទើរតែ​ទាំងអស់បានមែន​លើកលែងតែប្អូនប្រុសយើង។

គេលើកម្រាមដៃឱ្យសញ្ញា​ឱ្យអ៊ុននិងវុធ រក្សាភាពស្ងប់ស្ងៀម។

ពួកអ្នកយាមផ្សេងៗ​ដែលសម្រុកចូលមក បានត្រូវអ៊ុនរាដៃបណ្តេញ​ចេញ ​ហើយ​គេនិងវុធចូលមកក្នុងទាញទ្វារខ្ទប់ផង។

សុភក្តិ ជាជំនួយការផ្ទាល់របស់ឪពុកខ្លួន។ ត្បិតតែបុរសនេះកម្រទៅផ្ទះ តែគីម៉ាល់នៅចំណំាគាត់បាន។

ចំណែកវិចិត្រ​ដែលមកជាមួយ​តាមពិតជាកូនប្រុសគាត់ គីម៉ាល់ធ្លាប់ឃើញមក​ជួយចាត់ចែងពិធីបុណ្យនៅផ្ទះខ្លួនបាន​ពីរបីដងដែរ ហើយ​ខ្លួនធ្លាប់បាន​ចែករំលែក​ឱ្យនូវសម្ភារៈប្រើប្រាស់មួយចំនួនផង ទើបគេចំណាំមុខឪកូននេះបាន។ មានតែមនុស្ស​អស់នេះប៉ុណ្ណោះ​ដែលស្គាល់ឈ្មោះ «ប្រុសធំ» ប៉ាខ្លួនតែងនិយមហៅ។ គីម៉ាល់​លើកដៃឱ្យសញ្ញា​ ឱ្យគាត់អង្គុយចុះលើសាឡុង ដៀង​ទៅរកម្នាក់ទៀតដែលនៅមិនដឹងថាជាអ្នកណា។

«ជម្រាបសួរបង​ខ្ញុំវឌ្ឍនៈ ជានាយផ្នែក GUEST SERVICE AGENT នៅសណ្ឋាគារសាខាកោះពេជ្រ!»

តាមពិតពូសុភក្តិមកដល់លើកនេះ ​គឺ​ក្នុងបំណងរាយការណ៍​ស្វែងរកអន្តរាគមន៍ពីរឿងសណ្ឋាគារនៅភ្នំពេញដែលកំពុងចលាចលក្រោយបណ្តាំមរតក​ត្រូវបានប្រកាស។

គេដឹង ប៉ុន្តែ​គេនៅស្ងៀមស្ងាត់រង់ចាំស្តាប់។

ពិតដូចការគិត​ បុរសចំណាស់បាននាំកូនក្មួយមក​រៀបរាប់ខឹងសម្បាអំពី​នាយកគ្រប់គ្រងថ្មី​ឈ្មោះ ជេន ដែលទើបនឹង​ត្រូវ​ហាន់ដាបញ្ជូន​ទៅ និងកំពុង​អុកឡុកនៅភ្នំពេញ។

​​តាមពិត​គីម៉ាល់មិនបានដឹងលំអិត ​រឹតតែមិនដែលខ្វល់ទេ ពេលឮអំពីរឿង​ហាន់ដាបញ្ជូនជេន​​ទៅមើលការងារមួយរយៈជំនួសនាង​។ ពេលនេះគេចេះកើតចិត្ត​មួហ្មង។

មាត់គេនិយាយ៖

«ខ្ញុំអត់ពាក់ព័ន្ធទេ​ពូដឹងហើយ!​ រឿង​អស់ហ្នឹងខ្ញុំមិនចង់លូកដៃទេ!»

គេថាដូច្នេះមែនតែ អ៊ុននិងវុធដែលឈរស្តាប់​ដឹងថា គីម៉ាល់កំពុង​តែមិនសប្បាយចិត្ត ហើយ​គេនឹងគុំចិត្ត​ ត្រូវតែសួរនាំហាន់ដាអំពីបុរសឈ្មោះ«ជេន»។

គម្រោងការពាល

នៅឯណេះវិញ នារីភាមិនបានស្ងប់ចិត្ត​ឡើយ។

អធ្រាត្រទៅហើយ នាង​នៅតែឆ្លៀតទាក់ទងទៅរកដៃគូ។

«រឿងឱ្យពូសុភក្តិទៅជួបគីម៉ាល់ មើលទៅមិនបានការទេ»

សុងសក្តិសួរវិញស្ងប់ស្ងាត់៖

«វានោះមិនមានប្រតិកម្មអីទេ?!»

«គេនោះ​បានត្រឹម​ឆ្លើយ​មក​ថា គ្រប់យ៉ាង​នៅក្រុមហ៊ុន​មិនទាក់ទងនឹងគេ! គេថា គេមិនពាក់ព័ន្ធផ្ទះធំយូរហើយ! ​តាមពិតប្រុសធំ​ ចង់ការពារស្រីចង្រៃហ្នឹងទេដឹង? ដល់ឥឡូវ ស្រឡាញ់វាងប់ ចង់ឱ្យវាធ្វើអីស្រេចចិត្ត? ខ្ញុំចង់ប្រាប់សុងសក្តិថា​ ខ្ញុំទ្រាំមិនបានទេណ៎ា! ​អាម្នាក់ឡើងGMថ្មីហ្នឹង​ ប៉ង​បណ្តេញ​គ្នាយើងចេញ ចង់អស់ពីគ្រុបសណ្ឋាគារហើយ! គិតមើល៍សេដ្ឋកិច្ចកំពុងអ៊ីចឹងផង គ្នាទៅរកការងារចិញ្ចើមជីវិតនៅឯណាបាន?​ មុខងារធំៗ​ប្រាក់ខែច្រើនៗ មិនងាយ​រកការងារថ្មីបានទេ! សុងសក្តិត្រូវ​រកវិធីចាត់ការភ្លាមៗទើបបាន!»

«ខ្ញុំដឹងត្រូវចាត់ការយ៉ាងណាហើយ!» ដុកទ័រកម្លោះមានពុតត្បុតតបទៅនឹងស្រីស្នេហ៍។

ឃើញនាង​នៅទ្រាំស្តាប់ គេពោលបន្ថែម៖

«Honeyសម្រាកបានហើយ ស្អែកទទួលដំណឹងល្អពីបង!»

«ប្រាកដអត់សុងសក្តិ?» នារីភាសួរទាំងមាយា។

បុរសគ្រូពេទ្យដែលងប់ស្នេហ៍ កាន់តែលង់ចិត្ត​និងមាយាដកខ្ញីរបស់ស្រីស្អាតនេះ ​គេនិយាយតបមួយៗឱ្យនាងជឿចិត្ត​៖

«ពីរនាក់វា នឹង​មើលមុខគ្នាលែងត្រង់!»

ថាចប់គេ​ថើបទូរសព្ទបន្លឺជាសំឡេងឱ្យលាន់ដល់ស្រីស្នេហ៍មួយ រួចទើបចុចបិទ។ ទ្រនិចនាឡិកាចង្អុលដល់ម៉ោង១១យប់ហើយ។

​សុងសក្តិអើតសម្លឹងទៅក្រៅ ​តាមបង្អួចពីក្រោយផ្ទះម៉ៃសាក់ ដែល​ជាផ្ទះឈើតូចមួយ កម្មសិទ្ធិនៃម្តាយហាន់ដា តាំងពីសម័យ​​នាង​មិនទាន់កើតម្ល៉េះ។

រហូតដល់ឥឡូវ​ ទីនេះ​ក៏​នៅតែ​​ជាទីសំណាក់ពេលនាង​នឹងគ្រួសារ​ធ្វើដំណើរមកកោះនេះម្តងៗ។ នៅខាងក្រៅ  គេឃើញ​ហាន់ដាអង្គុយជជែកឆ្ការដៃជើងជាមួយនិវត្ត។

ដោយរវាសរវៃគេ​គិតវិលខ្ញាល់ថាត្រូវធ្វើយ៉ាងណា។

ពិតដូចគម្រោងការ​ ស្អែកឡើងកាលណា សុងសក្តិបានបោកបញ្ឆោតឱ្យស្រីម្នាក់នេះយល់ព្រម​បកមកទីរួមខេត្តវិញ ​ដោយទុកម្តាយនិងប្អូន​នៅកោះនោះសម្រាកបន្ត។

សំអាងលេសដែលសុងសក្តិ​លើកឡើងថា​ ការងារនៅពេទ្យកំពុងប្រញឹកក្នុងការ​ជួយទទួលព្យាបាល​អ្នកកើតកូវីដ គេ​ត្រូវការពេទ្យបន្ថែម​មកជួយ​ថែទាំ​អ្នកជំងឺដែលហូរហៀរពេទ្យ​ ហាន់ដាត្រូវតែមកតាមគេ ក្នុងនាមជា​និស្សិតកម្មសិក្សា​។

 ស្រីស្អាតមិនដឹងទេថា អន្ទាក់ធំមួយកំពុងត្រូវបានគេរៀបចំ​ឡើងដែលគ្រោះថ្នាក់របស់វាអាចបណ្តាលឱ្យនាងស្លាប់បាន ចំណែក​ឃាតករគឺមនុស្សម្នាក់​ដែលនាង​មិនធ្លាប់សូម្បីតែសង្ស័យ។

រ៉ឺងៗ……

អ្នកណាម្នាក់បានផ្ញើសារមកឱ្យប្រុសស្អាតគីម៉ាល់ ដែលកំពុងអង្គុយ​ពិនិត្យរបាយការណ៍ជាច្រើនផ្ញើមកពីឌូបៃ។ គេមិនពេញចិត្ត​វាទេ ការងារទាំងអស់នេះ ​ម្ល៉ោះហើយពេលបានលេស​ឮសូរ​ទូរសព្ទ គេក៏​ដកដង្ហើមឃូរទទួលយក​មកមើល ។

ស្មានថាជាស្រីស្នេហ៍ខ្លួន ដែលទាក់ទងមកតាមសន្យា​ដឹងអី​…..

រូបថតជាច្រើនសន្លឹក នាងកំពុង​ដើរ និងឈរ មានទាំង​អង្គុយស្និទ្ធស្នាល​កៀកៗជាមួយសុងសក្តិ​ដោយ​ញញឹមញញែមក្នុងមន្ទីរពេទ្យខេត្ត…..

គីម៉ាល់ចងចិញ្ចើម….គេក្រោក​ចោលតុធ្វើការ​….

ហេតុអីហាន់ដា​ដែលពេញមួយយប់ខលមិនចូល បែរ​ជាពេលនេះ​មានរូបមកពីមន្ទីរពេទ្យខេត្ត?

បុរសរេភ្នែកគិត ក្នុងចិត្ត​ខំអត់ធ្មត់ទម្លាក់បន្ថយ ចិត្តសង្ស័យច្រណែន។

គេចុចទៅរកនាង​…..

មិនអាចទាក់ទងបានទេ។

គេចុចទៅរកប្រភពរូបថតអម្បាញ់មិញ…..

ប្រភពអនាមិក?

«អ៊ុន!»

«បាទប​ង!»

អ៊ុនស្ទុះចូលមកដោយស្លន់ស្លោ ព្រោះការហៅនេះ​ធ្ងន់ជាងសព្វដង។​ គេដើរតាមគីម៉ាល់យូរហើយ  ក៏កាត់យល់បានណាស់ថា សំឡេងនេះគឺបង្ហាញ​ថា ម្ចាស់សំឡេង «ច្បាស់ណាស់!» កំពុង​​មិនសប្បាយចិត្ត​។

«រកប្រភពលេខនេះឱ្យបង!»

អ៊ុននៅទីទើរចំហមាត់ តែទូរសព្ទគេលោតNotificationដែលគីម៉ាល់បោះAddressមក។ គេឱនពិនិត្យ​។

គីម៉ាល់ទាញអាវមកស៊ក អ៊ុនរួសរាន់ងើបមុខសួរ៖

«បងគីម៉ាល់ចេញក្រៅ?»

«នៅហ្នឹងហើយ! ​មិនបាច់អ្នកណាទៅតាមទាំងអស់!»

ប្រុសស្អាតបញ្ជា​ធ្វើឱ្យអ៊ុនចំហមាត់បន្តិច ​មុនពេលឱនមកសម្លឹងលេខអនាមិកក្នុងទូរសព្ទខ្លួន។