រឿង៖ បេះដូងមេគង្គ ភាគទី១៤

អន្ទាក់

ច្រើនម៉ោង​បានកន្លងផុតទៅហើយ ចាប់តាំងពីនាង​មកដល់មន្ទីរពេទ្យដើម្បីដោះស្រាយបញ្ហា​នៃកំណើនអ្នកជម្ងឺកូវីដ១៩។

«អាជ្ញាធរ ទំនងជាបិទលែងឱ្យធ្វើដំណើរពីស្រុកមួយទៅស្រុកមួយស្អែកនេះ ព្រោះតែ​ការឆ្លងជាចង្កោមដ៏ធំ!»

គិលានុបដ្ឋាកម្នាក់ដែលកំពុងរៀបចំថ្នាំនៅជ្រុងបន្ទប់ ខ្សឹបខ្សៀវជាមួយអ្នកល្បាត។

ម៉ោង៧យប់ហើយ។ ហាន់ដារេដៃមើលនាឡិកា។ ការសង្គ្រោះដ៏ធំរបស់មន្ទីរនេះមិនទាន់បញ្ចប់ទេ ព្រោះអ្នកជំងឺ​នៅតែបន្តមកដល់គ្រាន់តែ​ស្បើយជាងកាលពីព្រឹក។

«កុំខ្សឹបខ្សៀវរឿងមិនច្បាស់ប្រភព! ​កុំភ្លេចវិន័យក្នុងមន្ទីរពេទ្យ !»

សុងសក្តិដើរមកដល់ ហើយស្តីបន្ទោស​ទៅលើនារីគិលានុបដ្ឋាក​ដោយប្រើសំឡេងស្រាលៗ។ ដើម្បី​សម្រាលស្ថានការណ៍ ហាន់ដាដើរទៅបបួលគេ កុំឱ្យគេអន់ចិត្តចំពោះបុគ្គលិកពេទ្យ​បន្ថែមពីលើការនឿយហត់។

«ញ៉ាំបាយសិនអត់?!»

សុងសក្តិធ្វើមុខ​ដូចហត់នឿយខ្លាំង ៖

«ស្ថានភាពច្របូកច្របល់ នៅតែមនុស្ស​និយាយមិនចេះគិត បន្ថែមតែទម្ងន់ស្ថានការណ៍!»

នារីនិយាយសម្រាល៖

«ខឹងធ្វើអី! មិញនេះសុំបាយគេទុកបាន២ប្រអប់ដែរ! ញ៉ាំជាមួយគ្នាតស់!»

សុងសក្តិងក់ក្បាល។ គេធ្វើជារំពៃមើគ្រប់ទិសទីដូចកំពុង​បារម្ភអំពីប្រជាជន ​តែតាមពិតគេកំពុងរំពៃរកមើលគីម៉ាល់។

ទូរសព្ទគេលោតសារ គេបែរខ្នង​បាំងពីនាង​ហើយពិនិត្យ។ ហាន់ដាថយទៅ​ក្បែរតុ យកម្ហូបពីរប្រអប់ដែលនាង​បានទទួលមកទុកហូបជាមួយសុងសក្តិ។
«ពេទ្យសក្តិ! ម្នាក់ដែលពេទ្យឱ្យខ្ញុំឃ្លាំមើលមកដល់ហើយ! ជ្រុងខាងត្បូងម្តុំដើមស្វាយ​! លឿនបន្តិច ជិតមកដល់ហើយ»

សុងសក្តិញញឹមព្រោះឈ្លូសចូលអន្ទាក់ដោយខ្លួនឯង។

គេចុចបិទទូរសព្ទចោលទាំងស្រុងបង្កា ក្រែងមានអ្នករុករកអត្តសញ្ញាណខ្លួនបាន។ នារីអ្នកហាត់ការដើរមកហើយ។ ដៃនាង​មាន​​អាហារមកជាមួយពិតមែន​។

នាង​កំពុង​រើក្រពះ ហើយ​ធ្វើទុក្ខ​ផង តែស្រីនៅតែញញឹម​ព្រោះពេញ​ចិត្តចំពោះភារកិច្ចជាអ្នកសង្គ្រោះ។

«ទៅញ៉ាំក្រោមដើមស្វាយតោះ!»

បុរសនេះបបួលនាង​ ហើយ​ដៃទាញដបទឹកពីតុវែងកណ្តាលអាគារយកទៅជាមួយ​ផង។ នៅក្រោមដើមរុក្ខា ម៉ូតូជាច្រើនចតចោលត្រៀបត្រា។ ធីតាចាប់ផ្តើមយកដបអាកុលចេញដោយបាញ់សំអាត​លើកែប ​ហើយលាអាហារ​។

នាង​ចាប់មួយចំណែក​ដាក់មកលើប្រអប់ស្នោ ហើយលើកជាដង្វាយ​ដាក់ក្រោមម្លប់រុក្ខជាតិត្រឈៃតាមទម្លាប់អ្នកស្រុក។ មេឃងងឹតស្លុប បានអំពូលសូឡាជាច្រើន​ក្នុងបរិវេណនេះ បំភ្លឺជួយ​ច្បាស់ទែង បង្កឱកាស​ឱ្យ​សុងសក្តិមើលឃើញដំណើរចូលមកដល់មួយៗរបស់គីម៉ាល់ពីចម្ងាយ។

បុរសឌូបៃ ស៊កដៃទាំងទ្វេក្នុងហោប៉ៅខោខូវប៊យតាមទម្លាប់ តែ​នាយ​មិនដឹងឡើយថា ភាពសង្ហា​និងប្រកបដោយទំនុកចិត្ត​នេះ ​បង្កភាពច្រណែនខឹងទ្វេដងក្នុងសន្តានចិត្ត​នាយពេទ្យឡើយ។

គីម៉ាល់គិត​ថានៅទីនេះ គ្មាន​នរណាម្នាក់អាចស្គាល់អត្តសញ្ញាណ​គេ​បាននោះទេ។

សុងសក្តិ​ធ្វើជាមិនស្គាល់និងមិនរវល់។ ពេលប្រុស​ស្អាតចូលមកកៀក គេកាន់តែញញឹម​បញ្ឈឺហើយចែកម្ហូបទៅឱ្យខាងស្រី។

ក្រោមពន្លឺភ្នែកត្រជាក់ល្ហឹមរបស់សង្សារ នាងបានដោះម៉ាសចេញ សម្អាតដៃ និងបាញ់អាកុលឱ្យខាងប្រុសទៀត។ ពេលស្រី​ទទួលយកអាហារមកបរិភោគដោយសប្បាយចិត្ត នាងហាក់​ឃ្លានណាស់ គឺអត់អាហារតាំងពីឡើងទូកមកដល់ម្ល៉េះ តែគីម៉ាល់មិនខ្វល់ទេ ចិត្តអ្នកកំពុងតែ​ខឹងប្រចណ្ឌ។

«គេមានសុភមង្គលណាស់ហើយ​ បានជាមិនហៅរកយើង ទាំងមកដល់ខេត្តវិញក៏ដោយ​​!»

បុរសនេះគិតហើយ ធ្វើមុខក្រញូវសម្លឹងនាងមិនដាក់ភ្នែក ចំណែក​សុងសក្តិក៏រឹតតែបានចិត្ត​បែរខ្លួនដាក់នាយ​ធ្វើឫកហី។

ស្រីស្អាត​កំពុងទំពា​មួយៗ កន្ទុយភ្នែកនាងហាក់បង្គាប់ឱ្យនាងឈប់។

បន្តិចម្តង ហាន់ដាងាកមុខទៅ។

ពិតហើយ! គឺគេ!

គេមកដល់ពីថ្មើរម៉ាន?

នាង​ទម្លាក់ស្លាបព្រា​ចាកចោល​រសជាតិចម្អែតនេះ​បន្តិចម្តងៗ ហើយសម្លឹងឆ្ពោះទៅរកកែវភ្នែកស្រពោនរបស់គេ។

នៅពេលភាពច្របូកច្របល់ក្នុងចិត្តនាងកំពុងតែចាប់ផ្តើមកើតមាន សុងសក្តិធ្វើជាចាប់កដៃនាង ហើយនិយាយ៖

«ឆ្អែតហើយ! ឡានដឹកអ្នកជំងឺ​មកដល់ល្មម ប្រញាប់ទៅយើង!»

នាងមិនដឹងថា​ពេទ្យនេះចាប់ដៃទេ រហូត​ដល់ភ្នែកគីម៉ាល់ទម្លាក់មករកបាតដៃនាយពេទ្យ ដែលព័ទ្ធជុំវិញកដៃស្រីល្អ ទើបនាង​ភ្ញាក់ហើយ​ឱនមើល មុនពេល​ទាញ​ចេញ​។

«សុងសក្តិទៅមុនទៅ ខ្ញុំទៅតាមក្រោយ»

សុងសក្តិចាកចេញដោយមិនបែរក្រោយ ព្រោះជ័យជម្នះ​ដែលធ្វើឱ្យប្រុសស្រីទាំងទ្វេស្ថិតក្នុងវិវាទ។

ពីនេះទៅរបងខាងក្រៅ នាង​ទៅមិនដល់ព្រោះចោមព័ទ្ធដោយស្រះឈូក លើកលែងតែនាង​វាងចេញទៅរកទ្វាររបង។

ដោយ​ការងារខាងក្នុងប្រញឹក​ស្រស់ស្រីមិនមាន​ពេលច្រើនឡើយ។

នាង​ខំញញឹម​ទៅរកមនុស្ស​ប្រុស​ដែលមិនញញឹម​រកនាង​ឡើយ។ នារីនេះ​រាវរកទូរសព្ទក្នុងហោប៉ៅឯកសណ្ឋាន​។ ពេលនេះទើបនាង​ដឹងថា​នាងមិនមាន​ពេលបើកវា​ទេ។

ស្រីស្អាតប្រញាប់ចុចបើកហើយ​ងើបមុខសើចស្ញាញទៅរកសង្សារ។

បបូរមាត់សិចស៊ីរបស់នាយ បូញ​ចូលគ្នាប្រាប់ថាគេមិនទទួលយកស្នាមញញឺមនេះមកផ្សះផ្សាទេ។

ទម្រាំឧបករណ៍ដំណើរការនាង​ចុចទៅរកគេ​….

បុរសនេះនៅដំអក់ជាមួយ​ទឹកមុខស្មើ មិនព្រមខ្ចីលើកហ្វូនមកស្តាប់។ ​ស្រីស្អាត​មើលដឹងថាគេខឹងដេលថ្មើរហ្នឹងហើយ សង្សារមកដល់ពីមុខ​ខ្លួនហើយ នាង​ចេញទៅរកគេមិនបាន។

នាង​ទម្លាក់ផ្កាញញឹម​ហើយ​ធ្វើមុខ​កម្សត់។

គីម៉ាល់ ទម្លាក់ភ្នែកចុះមិនចង់លង់អាណិតនាង មុនពេលដៃ​ព្រមលើកទូរសព្ទមកស្តាប់៖

«រវល់ម៉េះដុកទ័រ!»

«គីម៉ាល់!»

នាង​ហៅគេស្រាលៗ​គេក៏បែរខ្នង​ដាក់ស្រី ហើយ​តបវិញស្រាលៗ៖

«ចេញមក!» គេបញ្ជា។

«អ្នកជំងឺមកដល់ទៀតហើយ ចេញមិនទាន់បាន!»

គេមិនខ្វល់ហើយក៏គិតមិនឃើញថាស្ថានភាពខាងក្នុងច្របូកច្របល់កម្រិតណា ស្មុគស្មាញកម្រិតណានោះដែរព្រោះមិនខ្ចីគិត។

អារម្មណ៍​ប្រចណ្ឌអាចបណ្តាលឱ្យគេ​ដាក់បំផ្ទុះមន្ទីរនេះទាំងមូលពិន័យនាង​វិញបាន ។

«អ៊ីចឹង​ចាំបងចូលទៅយកចេញមក!»

គេថាហើយងាកមកសម្លឹងនាង​ឌឺដង។

គេចង់ទម្លាក់ចុះលែងខ្ចីឆ្លើយឆ្លងតែខាងស្រីលើកដៃមកសំពះ។​ បុរសនេះក្របួចមាត់ចាំស្តាប់ពាក្យដោះសា ព្រោះក្នុងក្បាលពេលនេះ​ដឹងតែថា​ ខាងក្នុងមាន​ដុកទ័រជា​ប្រុសស្អាត បានជានាង​មិនចង់ចេញមកតែប៉ុណ្ណឹង។

«គីម៉ាល់ទៅចាំនៅផ្ទះទឹក ស្រែត្រែងមុនណា៎ ចប់កាលណា ហាន់ដាទៅដល់ភ្លាម!»

គេសម្លឹងនាង​ដែលផ្គុំដៃសំពះហើយសំពះទៀត។

ទ្រូងប្រុស​ហត់គឃូសដោយការរំងាប់កំហឹង ។​ គេនិយាយ៖

«កុំយូរពេកណា៎!»

នាង​ងក់ក្បាលញាប់ស្មេមិនឆ្លើយ ឯទូរសព្ទ​ក៏ផ្អឹបជាប់ត្រចៀកដដែល ។​ គីម៉ាល់បន្ថែមមកទៀត៖

«បើមកដល់ម្តងទៀត ផ្អើលគេហើយ!»

នាង​នៅស្ងៀមសម្លឹងគេភ្លឹះៗដែលមិនខ្ចីមើលនាង​មុនពេលបែរខ្លួនចាកចេញ។

មនុស្សគម្រាម​!

ស្រីស្អាតធ្លោយតិចៗ ​តែបេះដូងនាង​ពិតជាចង់ទៅរកគេណាស់។

«សូមពេទ្យគ្រប់គ្នា​ដែលចេញសម្រាក ឡើងមករកទីកន្លែងរៀងខ្លួនវិញ!»

នេះជាការប្រកាសតាមឧគ្ឃោសនសព្ទ នាង​សង្ឃឹមថាគេឮ ឬចាប់អារម្មណ៍ខ្លះទៅចុះ ប្រុសម្នាក់ដែលកំពុង​ខឹង។

ស្រី​ស្អាត​រៀបរយទីកន្លែងនេះដូចដើមភ្លាមៗ រួច​បកក្រោយទៅរកទីបំពេញការងារ។

បុរសវ័យកណ្តាលម្នាក់កំពុងដង្ហក់លើគ្រែរុញ។ ហាន់ដាទាញ​សម្រួលម៉ាស​ខ្លួន ហើយចូលទៅ​រុញក្បែរសុងសក្តិ។

«ហត់ទេ អាចទៅសម្រាកបាន!»

គេនិយាយដូច​សុភាពបុរស​តែនាងនៅទីទើរ​។

«មនុស្ស​ច្រើនណាស់សុងសក្តិ!»

«ហាន់ដានៅទល់ភ្លឺ ក៏ស្ថានភាពមិនគ្រាន់បើជាងនេះ​ដែរ!»

«ចាំបន្តិចទៀតខ្ញុំទៅ! ហើយចុះសុងសក្តិ?»

«ខ្ញុំមិនអីទេ! កម្លាំងដំរី!»

គេនិយាយទាំងញញឹម​ដូចជាសុភាពបុរសកំពុង​ជួយសង្គមពិតធ្វើឱ្យខាងស្រីមាន​អារម្មណ៍​ដូចអៀនខ្លួនឯងដែលមានភារៈជាអ្នកសង្គ្រោះទេ តែទីទើររឿងសង្សារកំពូលប្រចណ្ឌ។

អ្នកឆ្លង​ដែលសំណាកចេញ​លទ្ធផល​វិជ្ជមាន​រាប់សិបនាក់បានមកដល់នៅរាត្រីនេះជាបន្តបន្ទាប់។ ពេទ្យឡោមព័ទ្ធនិងចាត់ចែងពួកគេ​ភ្លាមៗ។

ស្ថានការណ៍ដ៏គួរឱ្យភ័យខ្លាច និង​ហ្វូងមនុស្សនៅជុំវិញនេះបន្ថែម​ភាពតឹងតែង​បារម្ភពិភាល់ក្នុងចិត្តស្រី។

«មិនដឹងយ៉ាងម៉េចទេគីម៉ាល់! ​ហាន់ដាចេះតែបុកទ្រូងហើយមាន​អារម្មណ៍​ថា អ្វីមួយ​មិនសូវល្អ កំពុង​ត្រៀមកើតមានឡើង​ចំពោះ​ពួកយើង!»

នាង​គិតហើយ​មើលនាឡិកាជានិច្ច​។

ក​ន្លះម៉ោងហើយ នាង​ដឹងថា​គេកំពុងចាំនាង​អន្ទះសាដូចគ្នា។

គេអាចបារម្ភ ពីជំងឺឆ្លងដល់នាង ក៏ថាបាន ​នេះបើតាមសកម្មភាព​ខាងក្រៅរបស់គេ។

«ហាន់ដា! ខ្ចីទូរសព្ទបន្តិច របស់ខ្ញុំអស់ថ្មរលីង!»

«ចា៎!»

នាង​ហុចទៅភ្លាម ទាំងបើកសោឱ្យផង។

គ្រោះថ្នាក់ដល់ហើយ នាងមិនដឹងថា​សុងសក្តិយកវាទៅធ្វើអីទេ ព្រោះនាងឱនដាក់សឺរ៉ូម​ចុងក្រោយដោយយកចិត្ត​ទុកដាក់។

មិនយូរប៉ុន្មាន សុងសក្តិវិលមកវិញ។

នាង​រលះរលាំងខ្សឹបដាក់នាយ៖

«សុងសក្តិ! ខ្ញុំមានរឿងខ្លះដែលត្រូវដោះស្រាយភ្លាមៗ  ខ្ញុំត្រូវសុំចេញសិនហើយ!!”

«អូខេ ខ្ញុំជូនដាទៅ!»

គេឆ្លើយភ្លាម ធ្វើឱ្យនាង​ត្រេកអរ។

«ចុះការងារនៅ ឯណេះ?»

«ជូនដាទៅហើយ ខ្ញុំមកវិញ!»

 «ចាស!»

នាង​ឆ្លើយទាំងភ្នែកភ្លឹះៗ ​តែក្នុងចិត្ត​ក៏មាន​អំណរ។ ហាក់ដូចជាមិនសមទេក្នុងការរំខានពេទ្យម្នាក់កំពុងរវល់​តែនាង​ធ្វើម្តេចទៅដល់ទីនោះបាន បើគ្មានអ្នកជូន?