ល្បែងបោកភ្នែក
មិនយូរប៉ុន្មាន ហាន់ដាដឹងខ្លួនឡើងព្រោះសន្ធឹកខ្យល់ត្រជាក់។
នាងបើកភ្នែកព្រឹមៗ មុនពេលប្រមូលអារម្មណ៍មកវិញបានទាំងស្រុងនិងស្ទុះក្រោក។ មេឃងងឹតណាស់ នេះយប់នៅឡើយហើយនេះជាកន្លែងអី?
«ទូក?!»
នារីសម្លឹងជុំវិញខ្លួនឯងជាមួយសំណួរខ្លី។ មើលមកគឺពេលនេះខ្លួនឯងមិនមែនកំពុងនៅក្នុងឡានរបស់សុងសក្តិ ទៅកាន់ផ្ទះគីម៉ាល់ទេតែបែរគេងផ្អែកលើកៅអីទូកកណ្តាលទន្លេ។
មនុស្សពីរបីនាក់ទៀតកំពុងជិះជាមួយដែរ។
នេះជាផ្លូវទៅកាន់កោះ នាងដឹង។ ហាន់ដាមិនមានអារម្មណ៍ល្អទេ ហើយវាមិនងាយស្រួលឡើយសម្រាប់នាងក្នុងការខកសម្តី ដែលបានណាត់ជាមួយគីម៉ាល់។
ជាមួយនឹងខ្យល់ដកដង្ហើមតឹងតែងនាងឈ្លីក្បាលខ្លួនឯង ស្របពេលឃើញឃើញថាមានអ្នកណាម្នាក់ ចាកចេញពីកន្លែងបើកឆ្ពោះមករកនាង។
«សុងសក្តិម៉ោងប៉ុន្មានហើយ?!»
«ជាង១១ហើយ!» ខ្សឹបតិចៗមិនចង់ឱ្យភ្ញៀវផ្សេងឮ ថែមទាំងអង្គុយចុះមកក្បែរនាងផង។
«កុំធ្វើឱ្យខ្ញុំភ័យណ៎ា មានរឿងអី? ហេតុអីខ្ញុំគេង? ហេតុអីយើងជិះទូកមួយនេះមកកោះ? ចុះក្រែងខ្ញុំឱ្យជូនទៅវាលត្រែង?»
សុងសក្តិរេភ្នែកមើលឆ្វេងស្តាំ ហាក់ប្រយ័ត្នប្រយែង។ គេឃើញថាមិនមានអ្នកណាចាប់អារម្មណ៍ក៏បានងាកមកតបនឹងស្រីល្អ៖
«មើលនៀក!»
វីដេអូរបស់គេកំពុងបង្ហាញហាន់ពីមនុស្សប្រុសពីរបីនាក់កំពុងពួនលេចខ្នងចេញមកពីក្នុងព្រៃត្រែង។ពួកគេឆ្ការដៃជើងនិយាយគ្នារអុះៗ។
«នេះជាស្អី?!»
ពេទ្យកំហូចបិទវីដេអូហើយពន្យល់៖
«ពេលកំពុងជិះទៅ ដាគេងលក់ព្រោះអស់កម្លាំង! ខ្ញុំទៅដល់គោលដៅពីចម្ងាយ ក៏ឃើញប្រុសៗពួនក្បែរៗហ្នឹងពីរបីនាក់ ខ្ញុំមិនអស់ចិត្តក៏ចុះលបមើល ពួកគេនិយាយគ្នារឿងឃ្លាំចាំចាប់ហាន់ដា!»
នាងចងចិញ្ចើមហាក់មិនអស់ចិត្ត តែទឹកមុខសុងសក្តិហាក់មិនចុះញ៉មចំពោះភាព «មិនជឿ» របស់នាងឡើយ។
«ខ្ញុំគិតថា យើងត្រូវដកថយមកសិន មុននឹងដឹងថា មានអ្វីត្រូវដោះស្រាយបាន! នីដា ខ្ញុំសង្ឃឹមថានីដា អាចចាកចេញពីខេត្តមកសម្រាកលាក់ខ្លួន កុំទាក់ទងនឹងមនុស្សមកពីទីផ្សេងៗមួយរយៈសិន! បើមិនដូច្នេះទេ ខ្ញុំយល់ថារឿងកេរមរតកហ្នឹងអាចជាបញ្ហាមិនទាន់ចប់ទេ!»
«ហេតុអី?»
នាងងីងើ ដៃរាវរកមើលទូរសព្ទ។
«ហើយចុះ ឯណាហ្វូនខ្ញុំសុងសក្តិ?!»
សុងសក្តិធ្វើជាភ្ញាក់ផ្អើល ៖
«ចំហើយ! ខ្ញុំភ្លេចក្នុងឡានដឹង?!»
នាងធ្វើមុខមិនស្រណុកចិត្តទេ ចំពោះភ្នែកគឺគីម៉ាល់ ។ យើងអាចនឹងធ្វើឱ្យអ្នកដែលស្រឡាញ់យើង ខ្វល់ពីយើង ឈឺចាប់បានដោយចៃដន់របៀបនេះ?
«កុំយូរពេកណា៎!» «បើមកដល់ម្តងទៀត ផ្អើលគេហើយ!»
នាងនឹកឃើញកាលណាតឹងទ្រូងស្ទើរប្រេះមាត់បន្ទោសទៅដៃគូសន្ទនា៖
«សុងសក្តិអើយ ខ្ញុំបានណាត់បងប្រុសរបស់សិដ្ឋ! ឥឡូវខកណាត់ដល់តែបាន!»
សុងសក្តិលេបទឹកមាត់ធ្វើដូចជាគិតណាស់ទម្រាំដាច់ចិត្តបកស្រាយ៖
«គឺអាម្នាក់មកពីឌូបៃហ្នឹងហើយ! ធ្វើដូចជាចិត្តល្អចិត្តទូលាយតែខ្ញុំ ខ្ញុំសង្ស័យជានិច្ចមកថា វានោះជាជំពូកក្រុមតែមួយជាមួយនារីភា!»
នាងបើកភ្នែកក្រឡង់ៗសម្លឹងមិត្ត។
រវាងពាក្យថាស្រឡាញ់ បេះដូងពីរដែលសន្យាជាមួយគ្នា ថ្មីៗក្តៅៗ លុះមកឮការវិភាគរបៀបនេះនាងនៅចំកណ្តាលអារម្មណ៍ង៉េមង៉ាមជាងភាពឯកោដោយខ្យល់ទន្លេកណ្តាលរាត្រីទៅទៀត។
«ខ្ញុំ! ខ្ញុំ…មិនយល់អីទាំងអស់ដែលសុងសក្តិកំពុងនិយាយទេ! »
សុងសក្តិធ្វើជាដង្ហើមធំហើយហុចរូបថ្មីលើអេក្រង់ឱ្យមកនាងមើល។ ហាន់ដាដៀងសម្លឹងទាំងសង្ស័យព្រោះមិនធ្លាប់ស្គាល់ឡើយ អ្វីដែលនាងស្គាល់គឺនោះជាផ្ទះទឹករបស់ប្រុសស្នេហ៍។ នាងសួរវិញទាំងឡិងឡង់៖
«នេះមានន័យថាម៉េច? អ្នកណាហ្នឹង ខ្ញុំមិនដែលស្គាល់ម្នាក់សោះ!»
«ពួកមនុស្សថ្នាក់ខ្ពស់ៗនៅអូតែលឯភ្នំពេញ! ពួកគេម្សិលមិញឡើងមកស្ទឹងត្រែងទូលពិតបងថ្លៃដា អំពីរឿងជេនកំពុងអុកឡុកដកពួកគេចេញពីក្រុមហ៊ុន!»
នីដាងាកមុខមកគិតជ្រប់។ នាងតបខ្លីៗ៖
«ជេនប្រាប់ខ្ញុំតាស៎សុងសក្តិ! ខ្ញុំធ្វើតាមជេនព្រោះយល់ថាគេសម្រេចចិត្តបានល្អនិងត្រឹមត្រូវ!»
«តែមនុស្សខាងផ្ទះនោះកំពុងផ្ទុះកំហឹង!»
សុងសក្តិបំភ័យធ្វើឱ្យស្រីល្អងាកមកសម្លឹងនាយយឺតៗ។ បានឱកាសដល់ដៃពេទ្យនេះបន្ថែម៖
«ខ្ញុំដាក់មនុស្សស៊ើបព្រោះបារម្ភពីដា! ខ្ញុំសង្ស័យណាស់ថាពួកគេកំពុងរួមដៃគ្នាបញ្ចប់ដា! ចុងក្រោយដូចខ្ញុំគិត អាចបងថ្លៃម្នាក់នោះជាមនុស្សសម្តីផ្អែមចិត្តពិសពុល វាធ្លាប់ចង់សម្លាប់និវត្តតែក្រោយមកវាទុកវិញដោយសារវាចង់បានមរតករបស់ដា!»
នាងសម្លឹងសុងសក្តិទាំងភ្ញាក់ផ្អើល។
ពិតទេ! ពាក្យស្នេហាផ្អែមល្មួតទាំងប៉ុន្មានមានតម្លៃត្រឹមជាកលល្បិចស៊ីជម្រៅមួយ? គ្រប់យ៉ាងគ្រាន់តែជាឆាកល្ខោនសម្តែងឬអ្វីគីម៉ាល់?
នាងលូកដៃទាញទូរសព្ទរបស់មិត្តមកបម្រុងចុច។
«ធ្វើអីហ្នឹងដា?!
«ខ្ញុំត្រូវការសួរនាំគេ ឱ្យដឹងខុសត្រូវ ខ្មៅស!»
នាងឈឺចិត្តរហូតដល់ញាប់ញ័រសំឡេងនិយាយ ជាហេតុធ្វើឱ្យសុងសក្តិដឹងថា នារីនេះកំពុងធ្លោយជឿសម្តីខ្លួន។
«កុំឱ្យសោះ! បើដាឱ្យវាចាប់ទីតាំងយើងបានហើយមកដល់កោះ អាចនឹងមានរឿងធំៗកើតឡើងយើងមិនអាចរ៉ាប់រងទាន់ទេ!»
នេះជាចំណុចខ្សោយដែលនាងខ្លាចបំផុតនៅក្នុងជាតិនេះ។ សុងសក្តិចាក់ចំវាហើយ។ ហាន់ដាខ្លាចណាស់ នាងតែងតែខ្លាចថា ថ្ងៃណាមួយគ្រួសារនោះនឹងមកដកហូតយកកោះនេះទៅ ហើយពេលនោះ អ្នកជំងឺផ្នែកស្មារតីទាំងអស់លើកោះមុខតែមានវិបត្តិធ្ងន់មិនខាន។
នាងដកដៃចេញយឺតៗ…..
ដល់ដែនកោះនាពេលរំលងអធ្រាត្រ ហាន់ដាចូលផ្ទះម៉ៃសាក់ជួបជុំម្តាយនិងប្អូនប្រុសដោយគេងឱបជាប់ទ្រូងនូវចំងល់ជាច្រើនរយ។
ព្រោះតែនៅចប់តាមផ្លូវសុងសក្តិមានហេតុផលជាច្រើនផ្លុំត្រចៀកនាងឱ្យខ្លាច រអាគ្រប់មនុស្សជុំវិញខ្លួន សូម្បីតែគីម៉ាល់។ នៅខាងក្រៅបង្អួច តរុណីយើងមើលឃើញ បុរសពេទ្យនៅឈរនិយាយឆ្ការដៃជើងប្រាប់ម្តាយ។
ទ្រូងស្រីតឹងណាស់ស្ទើរប្រេះផ្ទុះបាន។
«ហេតុអីគីម៉ាល់? ហេតុអីឱ្យប្រុសៗទាំងនោះមកធ្វើអីខ្ញុំ?!»
នាងងើបមុខសម្លឹងរូបថតមង្គលការខ្លួន ជាមួយពិសិដ្ឋដែលបានព្យួរតាំងជាច្រើនស៊ុមនៅលើជញ្ជាំងឈើ។
«សិដ្ឋ! បងប្រុសរបស់សិដ្ឋជាមនុស្សបែបណាទៅៗ?!»
សន្សឹមៗ ស្រីលើកកដៃខ្លួនឯងមកសម្លឹង។
បំណាច់នឹងលង់ចិត្តលើគីម៉ាល់ពេកពន់ ពេលឡើងឡានសុងសក្តិ នាងចាំបានថា ខ្លួនបានរាវកាបូបរកខ្សែដៃបន្សល់ពីជំនួបដំបូងជាមួយគេយកមកចងពាក់លើដៃខ្លួនឯង ដើម្បីឱ្យរាត្រីដែលទៅជួបគេ គេសប្បាយចិត្ត និងយល់អំពីចិត្តស្នេហ៍ដ៏ជ្រៅរបស់នាង ។
ដឹងអីគ្រប់យ៉ាងក្លាយជារបៀបនេះទៅវិញ?
រវាងសុងសក្តិ ដែលជាមិត្តនាងបានផ្តល់ការទុកចិត្តជាច្រើនឆ្នាំមកហើយ និងបុរសរូបស្អាតម្នាក់ដែលល្បីថាកំណាចផង ហេតុអីនាងពិបាកចែកដាច់ម្ល៉េះថាគួរជឿអ្នកណា?
ត្បិតតែមិនឱ្យនាងខល ប៉ុន្តែសុងសក្តិចុងក្រោយបានផ្ញើLocationពីទូរសព្ទនាងដែលគេយកមកតាមខ្លួន ទៅបញ្ឈឺគីម៉ាល់។
ស្រីស្អាតលង់លក់បន្តិចម្តងៗទៅក្នុងវិបត្តិ។
ពេលមាន់រងាវ ខ្វើយៗ នាងបានឃើញស្រមោលដ៏ធំមួយឈរនៅមាត់កំពង់ប្រមាណជា៣០ម៉ែត្រពីផ្ទះ។ ក្រឡេកមើលទៅទីនោះទាំងមីងម៉ាំង នាងភ្ញាក់ខ្លួនភ័យ។
«គេមកដល់កោះនេះ? អ្នកណាប្រាប់? ហេតុអីគេរកខ្ញុំឃើញ? ឬមួយសម្តីរបស់សុងសក្តិជាការពិត? គេបានតាមដានដឹងរឿងយើងទាំងអស់? យើងជាកូនអុក? គ្រប់យ៉ាងជាល្បិចរបស់គេ?»
នាងស្ទុះក្រោកភ័យនិងសសៀរទាញវាំងននបង្អួចបិទ។ ដៃរាវរកទូរសព្ទម្តាយដែលកំពុងដោតថ្មចោល។
«សុងសក្តិ គីម៉ាល់មកដល់កោះហើយ! ខ្ញុំត្រូវចេញទៅដោះស្រាយជាមួយគេ! ចំពោះពេលនេះ ខ្ញុំជឿថា គ្រប់យ៉ាងអាចនឹងអាក្រក់ប្រសិនបើពួកគេឃើញអ្នកភូមិ ហើយធ្វើបាបអ្នកជំងឺរបស់យើង…ហ៊ឹម ចង់និយាយថា ទោះដោយចៃដន់…ក៏យើងត្រូវបង្ការ!»
នាងតែងគិតអ្នកភូមិនេះ ជាជាងផ្លួវចិត្តខ្លួនឯងស្រាប់ហើយហាន់ដា នេះជាចំណុចដ៏មានស្នេហ៍របស់នាង តែក៏ជាចំណុចខ្សោយដ៏ធំរបស់នាងដែរ។


