រឿង៖ បេះដូងមេគង្គ ភាគទី១៦

គ្រោះថ្នាក់លើកោះស្នេហ៍

«កោះនេះដើមឡើយ​មាន​ឈ្មោះហៅតៗមកថា ​ត្រែងមាន តែក្រោយៗមក​អ្នកស្រុក​និយមហៅថា កោះបេះដូង! កាលពីសម័យក្រោយឯករាជ្យ កោះនេះគ្មានមនុស្ស​រស់នៅច្រើនទេ!  វាជាកម្មសិទ្ធរបស់គ្រួសារប្រពន្ធប្រុសតូចសិដ្ឋ! តែក្រោយមកជីតានាងម្នាក់នោះឮថាបាន​លេងល្បែងញៀន​ ជំពាក់លុយគេច្រើន ក៏​ខ្ចីពី​មនុស្ស​តៗគ្នា​ចុងក្រោយ ធ្លាក់ដល់ដៃឪពុកបងស័កក្លាយជាម្ចាស់បំណុលក៏បានកាត់យកកោះនេះ! ហើយកាលពីបួនឆ្នាំមុនគាត់មានគម្រោង​ចង់ដកហូតយកមកធ្វើជាសាខាសណ្ឋាគារ​បែបធម្មជាតិ!»

គីម៉ាល់ដើរបណ្តើរស្តាប់សម្តីអ្នករាយការណ៍បណ្តើរ។ លើកនេះមិនមែនអ៊ុនទេ គឺ​សុភក្តិ​និងកូនប្រុសទាំង​ពីរ​ដែលបានហែហម​គីម៉ាល់រកហាន់ដាជម្រះបញ្ជី។

គីម៉ាល់ដឹងថា បុរសចំណាស់ម្នាក់នេះ បានចុះចូលរណបជាមួយនារីភាជាយូរមកហើយដើម្បីបានលាភសក្ការៈ បានឋានៈតួនាទី។  តែពេលនេះ គាត់បាន​ប្រថុយនាំ​កូនៗមកជួបខ្លួន ​ប្រហែលអាចបណ្តាលមកពីខាងម្តាយចុងនោះ លែងមានអំណាចអ្វីទ្រទ្រង់ដល់ពួកគេ​បានតទៅទៀត។

ប្រុសស្អាតមិនមាត់មិនកទេ ព្រោះកំពុង​ស្ថិតក្នុងវិបត្តិមិនយល់ចិត្ត​ស្រីស្នេហ៍។ គេងាកសម្លឹងគ្រប់យ៉ាង​ដ៏ស្រស់បំព្រងនាពេលថ្ងៃជិតរះនាដែនកោះខ្មែរ​ប្របក្បែរមេគង្គ ដែលនរៈដឹងថា​ប្អូនប្រុសតែមួយគត់របស់ខ្លួន កាលពីជាងពីរឆ្នាំមុន​ត្រូវបាន ឪពុកបញ្ជាឱ្យ​មកកាន់កាប់ទីនេះ។

ចុងក្រោយ​ ពិសិដ្ឋ​ក៏លង់ស្រឡាញ់នារីម្ចាស់​កោះ​រហូតដល់​សុំរៀបការ ហើយនិង​ផ្ទេរកោះនេះឱ្យជាចំណងដៃនាង។

«ស្រីនោះល្បិចសាហាវណាស់ប្រុសធំ! ចាស់ៗក្នុងផ្ទះខ្សឹបគ្នាថា នាងហ្នឹងមិនដែលរួមដំណេកជាមួយ​ប្រុសតូចសិដ្ឋទេ! មិនសូវនៅផ្ទះ​ ដកពេទ្យសុខុមចេញ ឱ្យពេទ្យថ្មីឈ្មោះសុងសក្តិគ្នាគេមករ៉ាប់រង​ជំងឺប្តី​រហូតដល់ស្លាប់ប្តី​ទាំងក្មេង!»

គីម៉ាល់លើកម្រាមមកញីថ្ងាសដែលតឹងណែនព្រោះមិនបានធ្មេចពេញមួយយប់។ ចិត្ត​គេ​ទោមនស្សណាស់ដែលនាង​ខកសន្យា។ គេដឹងថានាងប្រហែល​ជា​បានធ្វើអ្វីមួយ លួចលាក់នៅលើកោះនេះ បានជាលេងល្បិចច្រើនសន្ធឹកម្តងធ្វើជាទន់ភ្លន់ ម្តងស្រស់ស្រាយ​ម្តងមាំទាំ បោកចិត្តខាងប្រុស។

«នាង​បោកប្អូនខ្ញុំដល់ស្លាប់ខ្លួន ​ឥឡូវនាងលេងស្នៀតដដែលជាមួយខ្ញុំអ្ហះ ហាន់ដា​ស្រីជើងល្អ?!»

ពួកគេ​ចូលទៅក្នុងភូមិជាប់កូនព្រៃរនាម ក្នុងការប្រុងប្រយ័ត្នទោះបីជាអតីតជំនួយការរបស់ខ្លួនអះអាងថាស្គាល់ភូមិសាស្ត្រច្បាស់ការយ៉ាងណាក្តី។

ត្រឹមមួយភ្លែតសោះ ស្រីស្អាតម្ចាស់កោះបានចេញពីផ្ទះមកទាន់ដំណើរមនុស្សចំណូលថ្មី។ ការលុកលុយ​នៃបុរសៗប៉ុន្មាននាក់ទាំងព្រហាមថ្មើរណេះមិនបានធ្វើឱ្យនាងស្ងប់ចិត្ត​ឡើយ។

អ្វីមួយជាបន្លា រកាំចាក់ចំរវាងនាង​គីម៉ាល់កំពុងស្តែងច្បាស់ឡើងៗ…..

និវត្តនៅគេងលក់ក្រោមខ្យល់ជំនោររំភើយនឹងកើយភ្លៅម្តាយ ចំណែកនាង​បានផ្តាំគាត់រួចហើយឱ្យត្រៀមចាកចេញប្រសិនសុងសក្តិមកទទួល។

ហាន់ណា​បានផ្លាស់ប្តូរនៅតាមបណ្តា​ដងផ្លូវ​ដែលងងឹតក្រោមម្លប់ដើមក្រូចថ្លុង និងចំការ​តាសក់ក្រអូបដើមចាស់ៗស៊ុប​ទ្រុប។

មើលទៅម្ខាងផ្លូវ​ មនុស្ស​ប្រុស៦នាក់នេះ តម្រង់ទៅរកមជ្ឈមណ្ឌលអ្នកជំងឺ​ដែលបំបាំងនៅពយជ្រោយ​ខាងក្រោយកោះ​ពិតហើយ។ ទោះបីទីនេះ​ហាក់ឆ្ងាយបន្តិច នាង​ពិបាកមើលស្គាល់លោកសុភក្តិអតីតជំនួយការ​ឪពុកក្មេកខ្លួន តែយូរទៅ នាង​ចំណាំដំណើរគាត់បាន។

នាង​ដឹងថា​បុរសនេះ ទើបនឹង​ត្រូវបានជេនព្រមាន​អំពីការងារដ៏ធ្វេសប្រហែសរបស់គាត់ នៅសណ្ឋាគារHead Quatre ។

នាង​មិនដឹងត្រូវធ្វើយ៉ាងណា​ទេព្រោះសម្តីសុងសក្តិគ្មានចំណុចគួរឱ្យសង្ស័យសោះ មនុស្សទាំងនេះត្រូវគ្នា​មករុករាននាង​ដល់ទីនេះពិតមែន។

គីម៉ាល់​ បើគ្រប់យ៉ាងជារឿងមរតក ខ្ញុំបានយល់ព្រមសងទៅលោកហើយ នៅតែកោះមួយនេះ ឬមួយ គ្រប់យ៉ាងគ្រាន់តែជាល្បិចកលដើម្បីបំផ្លាញខ្ញុំឱ្យសូន្យពិតមែន?

នាង​គិតទាំងទ្រូងដង្ហក់ព្រោះចាញ់ស្ថានការណ៍។

មនុស្ស​ស្គាល់ចិត្តគ្នាត្រឹមមួយថ្ងៃ ម្តេចនឹង​យកឈ្នះចិត្តសង្ស័យចំពោះគ្នា​ក្នុងសមរភូមិមាសប្រាក់យសសក្តិបាន?

ដើម្បីនឹងឃាត់ដំណើរពួកគេ ស្រីស្អាត​បង្ហាញខ្លួន។

នាង​ចេញតាមផ្លូវកាត់មកហើយ​ឈរស្ងៀមកណ្តាលដងរុក្ខវិថី​បៃតងស្រងាត់ បង្ហាញ ពួកគេថា នាង​នៅទីនេះ។

ពីចម្ងាយ​នាងធ្វើមុខស្មើមិនមើលមុខគីម៉ាល់ដែលខ្លួនបានខកណាត់កាលពីយប់មិញទេ។

«ប្រពន្ធប្រុសតូចដឹងថាយើងមកដល់មែន!»

កូនប្រុស​របស់សុភក្តិខ្សឹបៗប្រាប់ក្រុមខ្លួន ខណៈគីម៉ាល់សម្លឹងទៅរកនាង​វិញ​ដោយ​ទឹកមុខស្មើ។ នារីនេះមានឫកពារឹងមាំ នឹងនរមិនដូចកាលពីនៅក្រោមម្លប់ស្វាយមន្ទីរពេទ្យ​ឡើយ។

នាង​ធ្វើបានល្អ ហាន់ដា!

គេគិតទាំង​សៅហ្មងក្នុងបេះដូងស្រពោន។

ចិត្តនាយស្តាយនាងណាស់​ ស្តាយពាក្យផ្អែមល្ហែម​ ស្តាយបបូរមាត់ដែលបានផ្អឹបជាប់ទ្រូង​និងស្តាយសម្តីសន្យាកុហកទាំងប៉ុន្មាន​មក។

«មានភ្ញៀវមកពីឆ្ងាយ អត់មានដំណឹង​អីបន្តិច?!»

ហាន់ដាស្រដីទាំង​មុខស្ងួត ។

ពូសុភក្តិរូបនោះគ្រហែមយកសំឡេងហើយទើបវាចាខែងរ៉ែង៖

«អ្នកស្រីតូច! ខ្ញុំអញ្ជើញ​លោកប្រុសធំមកជួយ​រកខុសត្រូវរឿងមនុស្ស​របស់អ្នកស្រី​តូច​ដែលយកសណ្ឋាគារ​ទុកដូចប៉ុស្តិ៍ប៉ូលិស! លោកស្រីគួរចេញបទបញ្ជា​ដកតួនាទីGMរបស់​ប៉ូលិស​ខេត្តម្នាក់នោះ​ឱ្យចាកចេញឈប់បង្កចលាចលទៀត ​បើមិនអ៊ីចឹងទេ​វិបត្តិធំនឹងកើតឡើងនៅក្រុមហ៊ុនមិនខាន!»

ហាន់ដាក្រពាត់ដៃរង់ចាំដំណើរពួកប្រុសៗដែលកំពុង​តែបោះជំហានមកដល់។

នាង​មិនបានសម្លឹងបុរសសង្ហាដែលនៅកណ្តាលគេនោះឡើយព្រោះ​នឹកដល់គេមួយភ្លែតណា​ក៏​ចិត្ត​នេះតែងតែ​គ្រាំគ្រា។

ពេលគីម៉ាល់នឹងបក្សពួកមកដល់រឹតតែជិត​ នារីតាំងស្មារតីនិយាយហាក់មិនខ្វល់ខ្វាយ នឹងក្តីទោមនស្ស​ផ្ទុកច្រាល​ក្នុងចិត្ត​បុរសចំណាស់ឡើយ៖

«យើងយល់ខុសគ្នាមែនពូ​! ខ្ញុំទៅជាយល់ថា យើងមានវិបត្តិយូរមកហើយ! នេះជាពេលត្រូវដោះស្រាយ!»

គីម៉ាល់រេភ្នែកសម្លឹងជុំវិញ​។ ត្បិតតែទិដ្ឋភាពដែនកោះស្អាតដូចគំនូរ ក៏ប៉ុន្តែ គេ​គ្មានចិត្ត​នឹងស្រើបស្រាលអ្វីឡើយ។

បុរសនិយាយមួយៗ៖

«គិតឈរនិយាយគ្នាឱ្យដឹងរឿងនៅហ្នឹង?!»

សួរចប់គេដៀងភ្នែកមករកនាង​។

នារីនេះ​សម្លឹងគេបន្តិច​ដោយស្រពាប់ស្រពោន​រួចក៏ងាកចេញធ្វើដូចមនុស្ស​មិនស្គាល់គ្នា និងមិនធ្លាប់ទាំងបានសន្យាអ្វី។

«កោះនេះមិនប្រណីតដូចបងថ្លៃគិត តែក៏មិនខ្វះតុប្រជុំដែរ! អញ្ជើញ​ទាំងអស់គ្នា​មកតាមខ្ញុំ!»

នាង​បែរខ្លួននាំផ្លូវពួកគេ។​

ដើរកាត់តាមបណ្តោយព្រែកតូចមួយ​ត្រសុំទៅដោយជាតិបុប្ផានិងរលកព្រិចៗ  នាង​នាំពួកគេ​ថ្មើរជើងមកឆ្ងាយពីមជ្ឈមណ្ឌលអ្នកជំងឺ។

សភាពពួកគេ គឺប្រឆាំងនាង ​ប្រឆាំងនឹង​ជេន​ដែលកំពុងហត់នឿយនៅភ្នំពេញ ម្ល៉ោះហើយស្រីស្អាតត្រូវរកកន្លែងល្អ រឹងមាំ​​ពន្យារពេលពួកគេ។

ផ្ទះឈើមួយ លិចឡើងពីក្រោយ​សំណុំ​ដើមម៉ៃសាក់។ នេះជា​តំបន់ដ៏មានអាកាសធាតុដ៏អស្ចារ្យតែឆ្ងាយពីភូមិព្រោះគ្មានមនុស្សមកម្នាក់ណាដើរកាត់ឱ្យឃើញ​ទេ។

មើលពីក្រៅទីនេះហាក់បីដូចជា​កន្លែងជំនុំ សមថាជាទីប្រព្រឹត្តិការងារនៃឃុំសង្កាត់បែរជា​មិនមានស្លាកសម្គាល់ តែមាន​អនាម័យ​រៀបរយល្អបង្ហាញថា ការថែទាំកើតឡើងជាប្រចាំ។

កៅអីអង្គុយវែងៗត្រូវបានរៀបស្រេច​ អមតុធំមួយហាក់ដូចដឹងថា មាន​ភ្ញៀវមកដល់។ ពីក្រោមម្លប់ដើម ល្វាមួយដែលធំត្រឈៃជាងគេ ពួកគេ​ត្រូវបានធ្វើកាយវិការឱ្យអង្គុយសម្រាក ។

ពួកគេអង្គុ​យ ខ្លះឈរ ​ខណៈខាងស្រីចូលទៅខាងក្នុងផ្ទះ​ធ្វើព្រងើយ ទោះអាការៈគ្រប់គ្នា​មិនបានបង្ហាញ​ថា​សប្បាយចិត្តនឹងនាង។ គីម៉ាល់​ក្រឡេកមើលទៅក្រោយទ្វារផ្ទះនោះ ដោយមិនឃើញមាននរណាម្នាក់សោះ គេក៏បានដើរទៅក្បែរតុ ហើយ​ពិនិត្យ​បណ្តាកៅអីធ្វើអំពី វល្លិផ្តៅ មុនពេលអង្គុយចុះ។

វុធនិងអ៊ុនចូលមកអម​សងខាង​ កៅអីរបស់គេហើយ​អង្គុយចុះ​ ដោយថ្នមៗ។ សំឡេង រត់របស់ម៉ាស៊ីនកាហ្វេលាន់ឮច្បាស់ចេញមក​តាមប្រលោះបង្អួចសាលធំ។

វឌ្ឍនៈ ជាកូនរបស់សុភក្តិឆ្លៀតខ្សឹបឪពុកគេបញ្ចេញសំឡេងក្នុងចេតនា​ឱ្យគីម៉ាល់បានឮ៖

«ជីវភាពរស់នៅប្រណីតពេកហើយ! ស្លៀកពាក់ក៏មិនសមជាមនុស្សកាន់ទុក្ខ!»

គីម៉ាល់មិនចង់បង្ហាញ​ថា គេយកចិត្តទុកដាក់ចំពោះពាក្យវិភាគ​ទាំងនេះទេ តែ​ពីក្នុងបន្ទប់ផ្ទះបាយ នាង​លបលួចសម្លឹងមើល​អាកប្បកិរិយាបុរសនេះ​ស្ងាត់ៗ។

អ្វីមួយ​ខ្សឹបប្រាប់នាង​ថា គ្មាននរណាម្នាក់នៅទីនោះកំពុងគាំទ្រនាង​ទេ ទំនាស់មួយ​រវាងពួកគេនឹងអ្នកភូមិអាចនឹង​កើតមានឡើង ប៉ុន្តែយើងត្រូវតែរហ័សដោះស្រាយ។

អម្រែកដ៏ធ្ងន់មួយនៅលើស្មារបស់នាងគឺម្តាយនិងប្អូន​នាង ​ចង់ឱ្យពួកគេចាកចេញពីសង្គ្រាមនេះ។ គិតហើយស្រីស្អាតរៀបចំពែង​កាហ្វេ៧ធ្វើពីដីដុតបាតទន្លេ។

ក្លិនភេសជ្ជៈក្រមៅនេះ ជាធញ្ញជាតិ​ពិតៗមកពីដែនឦសានបានជះក្លិនបង្អួតច្រមុះគ្រប់គ្នា​ដែលកំពុងអង្គុយនៅជុំវិញ​តុ​ឈើគ្រញូង។

«អញ្ជើញពិសា! ​ខ្ញុំចូលទៅភូមិរកអាហារពេលព្រឹកមកខ្លះសិន!»

ពួកគេគ្មានអ្នកណាលូកដៃទេ​ នៅក្រោមដង្ហើមតឹងតែង​របស់នាង។ នាង​ដឹងថាមនុស្ស​អាក្រក់ទាំងនេះ ធ្វើអាក្រក់ខ្លួនឯងរហូតដល់លែងទុកចិត្ត​អ្នកផ្សេងបាន។

ស្រីស្អាត​លូកដៃលើកពែងមួយមកក្រេបបន្តិចជាកិច្ចនាំផ្លូវ។ យល់ចិត្តនាង​គីម៉ាល់ លូកដៃ​មកលើកមួយពែងផឹកក្អឿកៗ​អស់ទាំងក្តៅគគុក។

«សុំមួយ​ទៀត!​»

គេនិយាយ​ដោយមិនមើលមុខនាង តែនាងនៅទ្រឹងទាំងឈរព្រោះនឹកដល់សម្តីខ្លួនឯងមុននេះប៉ុន្មាន​ថ្ងៃ បាននិយាយពាក្យដូចគ្នាកាលជាប់ចិត្ត​នឹងនំសេនវិចត្រីធូណា។ ដឹងថា​នាង​នឹកឃើញ​រឿងដើមហើយ​ឈរធ្វើភ្នែក​ភ្លឹះៗ ប្រុសស្អាតងើបមុខឌឺនាង​ជាមួយកែវភ្នែក​ខូចចិត្ត​៖

«ប៉ុណ្ណឹង​ញ៉ាំគ្រាន់ដែរដុកទ័រ?!»

ហាន់ដា​ដៀង​សម្លឹងគេ ​ទាំងពិបាកទាញ​ភ្នែក​ចេញវិញណាស់ក្រោមផ្ទៃមុខនឹងបបូរមាត់សើមដោយ​រសកាហ្វេខ្មៅដែល​នៅផ្តិតលើទីតាំងដ៏សិចស៊ីនោះនៅឡើយ។

ភាពស្រពោនក្នុងពន្លឺភ្នែកនាង​ធ្វើឱ្យបុរសនេះរឹតតែមានៈ។ គេសម្លឹងនាង​ទាំងស្រពោនខឹងវិញដូចគ្នា។

«អស់ហើយ​ខ្ញុំត្រូវទៅផ្ទះរកកាហ្វេមកថែមសិន!»

គីម៉ាល់ចង់ឌឺណាស់ ​គេទាញ​ពែង​កាហ្វេ​ដែលពីមាត់នាង​អំបាញ់មិញមកលេបក្អឹកៗបន្តធ្វើព្រងើយ ហាក់បីដូចចង់ប្រាប់នាង​ថា នាង​កុំភ្លេច​រឿង​ឯកសិទ្ធិរវាងនាង​នឹងគេ។

«មិនបាច់គេងមិនលក់ មិនបាច់យំ មិនបាច់ពិបាកចិត្ត មិនបាច់ទៅភ្នំពេញវិញមែនទេ?»

ស្រីស្អាតយើងទម្លាក់ភ្នែក​ចោលទឹកមុខ​មនុស្សដែលបានបេះដូងនាង​។ គេអង្គុយនៅកៅអីធ្វើពើមិនខ្វល់ តែគ្រប់គ្នា​នៅកន្លែងនេះដឹងអំពី​ការប្រចែប្រចណ្ឌនៃចំណង​ទាក់ទង​ប្រុសស្រីទាំងទ្វេ។

រឿងនាយឱបនាងក្នុងវាំងននតែមួយ​លើទូក មិនបាន​លាក់ស្ងាត់ទេ។

​អ្នកណាៗក៏បានដឹងអំពីរឿងនេះដែរ។

ពេលនេះអ្នកទាំងពីរបានលេងទឹកមុខសង្គ្រាម​ត្រជាក់រកគ្នា ​ជាអ្វី​ដែលអ៊ុននិងវុធ​ពិបាកចិត្ត​តែ សុភក្តិនិងក្រុមគេសប្បាយចិត្ត​។

គ្មានពួកគេណាម្នាក់ ចង់ឱ្យនាងមានគីម៉ាល់ទៅការពារជ្រោមជ្រែង​ឡើយ​។ គេចង់ឱ្យស្រី​នៅឯកោគ្មានទីបង្អែក នឹងអាល​បាន​បណ្តេញ​នាង​​ចេញពីអំណាចទាំងអស់នៅភ្នំពេញ។

ហាន់ដា​​បែរក្រោយប្រុងដើរទៅតែសុភក្តិឃាត់៖

«អ្នកស្រីតូច ​កុំចង់យកលេសគេចវេះ!»

នាង​ក្តាប់មាត់ហើយឈប់ដំណើរ។ ជាទូទៅ​ហាន់ដាមានភាពអត់ធ្មត់ណាស់ ពិសេស​ពេលមនុស្ស​ទាំងនេះ​ ធ្លាប់កាលពីជាងពីរឆ្នាំមុនអុកឡុកនាង​ទម្រាំ​បានពិសិដ្ឋ​អតីតស្វាមីចេញ​មុខការពារ។