រឿង៖ បេះដូងមេគង្គ ភាគទី១៧

ពេលនេះ​សម្តីពួកគេ​ពិតជាជ្រាលជ្រៅណាស់ដែលនាងបានរកឃើញខ្លួនឯងថាមានតម្លៃ​ត្រឹមជាស្រីអ្នកម្នាក់ ​ជាអ្នកកោះដែលពួកគេកំពុង​ចង់លេបយក ហើយគេមិនដែលគោរពនាង​ស្មើឋានៈដែលនាង​មានទេ។

នាងស្ទើរតែចាកចេញ​តែ នាង​អត់ទ្រាំមិនកើតចំពោះការប្រមាថនៅនឹងមុខប្រុសស្នេហ៍។​ ហាន់ដាបែរក្រោយ ក្រពាត់ដៃសម្លឹង​ពូសុភក្តិដោយមុខស្មើ៖

«ឬមួយពូភ្លេចហើយ​ថា ខ្ញុំជាម្ចាស់កម្មសិទ្ធិសណ្ឋាគារទាំងអស់ដែលពូកំពុងបម្រើការ​! ខ្ញុំមិនបាច់សុំពូថាចេញចូល​ដើរហើរទៅណាមកណាទេ ពូគិតឡើងវិញផង! ​បើខ្ញុំចង់ឱ្យពូអង្គុយចាំទល់ម៉ោងបាយទៀត ក៏ពូត្រូវតែទ្រាំចាំ​ ព្រោះពូនៅចាយលុយប្រាក់ខែពីខ្ញុំនៅឡើយ!»

នារីនេះ មិនយូរមិនឆាប់ក៏​ចាញ់ស្ថានការណ៍ ហើយ​ចេញកាយវិការឆ្នាស់​ឆ្នើម​រហូត​ស្មាប្រុសស្អាតរង្គើសើចតិចៗ។

មិនខ្វល់ថា គេចង់ចំអកនាង​ឬអ្វី​ទេ ហាន់ដាដឹងថា នាង​ម្នាក់ឯងមិនចាញ់សម្លុតពួកគេ​៦នាក់ដាច់ខាត។

មុនពេលចាកចេញនារីពោលបន្ថែម៖

«កោះបេះដូងនេះ​ជាផ្ទះរបស់ខ្ញុំ! ​ខ្ញុំមិនចោលផ្ទះខ្លួនឯងទេ​!»

នាង​ចាកចេញព្រឹប ទៅតាមបណ្តោយ​រុក្ខវិធី​ដែលរចនា​ភាព​ខឹងសម្បាតឹងតែងរបស់ស្រី ស្មើនឹងគំនូរស្រស់វិចិត្រ​ក្នុងគំនិត​គីម៉ាល់។ ស្តាយណាស់គេមិនបានយកម៉ាស៊ីនថតមកទេ។

មកដល់បន្ទប់ម៉ៃសាក់កាលណា ស្រីស្អាត​ទន់ដៃជើងអង្គុយចុះសន្សឹមៗម្នាក់ឯង ។

សារជាថ្មីម្តងទៀតទ្រូងនាង​រន្ធត់ចំពោះគ្រប់យ៉ាងនៅថ្ងៃនេះ។ ក្រុមមនុស្ស​ខាងម្តាយក្មេកនាងមិនដែលចុះចាញ់ ឬបោះបង់ចោលគម្រោងលេបយកកោះនេះវិញពិតមែនក្រោយពីពិសិដ្ឋស្លាប់។

ជាមួយភាពខ្វាយខ្វល់ ហាន់ដាងើយមុខ​សម្លឹង​មើលបណ្តា​ស៊ុមរូបតែ​ងបញ្ឈរតាំង​នៅលើជញ្ជាំង។

«មានតែសិដ្ឋម្នាក់គត់ គិតពីហាន់ដា និងការពារប្រពន្ធម្នាក់នេះរហូតដល់ថ្ងៃស្លាប់!»

ចាប់ផ្តើមនិយាយរអុះៗពីព្រោះចិត្តកំពុងរារែក និង​តឹងថប់។ សំឡេងនៅខាងក្រៅទ្វារលាន់ឡើង

បណ្តាលឱ្យស្រី​ស្ទុះក្រោកពីឥដ្ឋមកធ្វើជា​អង្គុយ​លើកៅអី យ៉ាងរហ័ស។ ហាន់ដាមិនចង់ឱ្យមនុស្សទាំងនោះមើលមកនាង​ថាជាស្ត្រីវ័យក្មេងដ៏ទន់ខ្សោយទេ។

«ពួកគេជាប់នៅនោះ មិនងាយ​រកផ្លូវនេះណេះឃើញភ្លាមៗទេ!»

នាង​ខ្សឹបប្រាប់ក្នុងចិត្ត​ខ្លួនឯង។​ ហាន់ដា​ បានជ្រើសរើសយកវិធីបន្លាយពេល ដើម្បីរៀបរយម្តាយនាង​សិន មុនពេល​ប្រឈមនឹងជម្លោះជាមួយភាគីម្ខាងទៀតនៃកេរមរតកដ៏ចម្រូងចម្រាស់។

និវត្តបង្ហាញខ្លួន ជាមួយ​ម្តាយដោយមាន​សន្ទូចនិងនុយខ្លះក្នុងដៃ។ នាង​ដឹងថាប្អូននាងត្រូវទៅស្ទូចត្រី ។

«ឃើញសុងសក្តិទេម៉ាក់?!»

«អត់ទេកូន! មានរឿងអី? ម៉ាក់ឃើញកូនដើរមកពីចម្ការតាសក់? អ្នកណានៅហ្នឹង!»

«ពួកអ្នកភ្នំពេញមកដល់កោះនេះហើយ! ​ខាងគ្រួសារម្តាយក្មេកខ្ញុំ! ពួកគេ​ខឹងជេន!»

«រឿងម៉េចខ្លះកូន! មានបញ្ហា​អីទេ?​ ហៅផានមកពិភាក្សាគ្នាហ្អីកូន!»

ហាន់ដា​ក្រោកឡើងទាញ​កាបូបខោអាវម្តាយ​ហើយនិយាយ៖

«ម៉ាក់​ខ្ញុំនឹងទៅពិភាក្សាជាមួយពូផាន​ប៉ុន្តែចង់ឱ្យម៉ាក់នាំនិវត្តិទៅខេត្តសិន!»

«ឥឡូវហ្អីកូន!»

«ចា៎! និវត្តឱ្យទូរសព្ទមកបង បងខលរកពេទ្យសុងសក្តិជូនឯងនឹងម៉ែទៅស្ទូចត្រីកណ្តាលទន្លេ!»

ប្រចៀវភ្លើង

គីម៉ាល់ដឹងថា ហាន់ដាកំពុងពន្យារពេល តែមិននឹកស្មានថាយូរយ៉ាងនេះទេ។

គេលើកដៃ​មើលម៉ោង រួចទើបពត់ខ្លួនប្រាណ​ក្រោក​ទៅដើរចច្រប់ជុំវិញផ្ទះ។ អាហារពេលព្រឹកដែលមានតែកាហ្វេ​មួយពែងម្នាក់បានបង្កើនអារម្មណ៍និងការប្រុងប្រយ័ត្នខ្ពស់ នៃមនុស្សម្នាក់ៗ។

ដើម្បីយកប្រៀបលើស្ថានភាពស្ងប់ស្ងាត់នៃកោះនេះបុរសចំណាស់ ឆ្លៀតឱកាស​បញ្ចុះបញ្ចូលគីម៉ាល់ដោយទាញកៅអីក្រោក​ដើរទៅរកនាយ។

«ប្រុសធំៗ!»

គាត់ហៅតិចៗ​ធ្វើឱ្យគេងាកមកសម្លឹងមុខ។

បុរសនេះមានបទពិសោធន៍ក្រាស់ក្រែលក្នុងជីវិត គាត់ដឹងថា​គីម៉ាល់មានទឹកមុខ​នឹងនរ ក្រសែភ្នែកស្រឹម​ ជាសញ្ញានៃមនុស្ស​មានគំនិតជ្រៅ ទំនងមិនងាយទាញចិត្ត​ឱ្យប្រឆាំងនឹងមនុស្ស​ស្រី​ដែលគេកំពុង​លង់ចិត្ត​ទេ តែគាត់ក៏ដឹងចំណុចខ្សោយនៃភាពឆេវឆាវម្តងៗក្នុងបេះដូងប្រេះស្រាំរបស់នាយ។

«គឺពូចង់ប្រាប់ថា​ កោះនេះ​រាងដូចសំប៉ែតនិងមានច្រាំង​ខ្សាច់ខ្លះ គ្រួសខ្លះ ទឹកថ្លា​ព័ទ្ធជាសណ្ឋានបេះដូងពីធម្មជាតិ បើប្រុសធំឃើញពេល​បង្ហោះ Drone ពីលើទៀត គឺ​ស្អាតឥតខ្ចោះ! ​តាមពិសោធន៍ពូ កន្លែងនេះ​ជាចំនុចប្រសព្វនៃដៃទន្លេមេគង្គក្រោម ជាទ្រព្យសម្បត្តិដ៏ល្អបំផុតនៃទីផ្សារ​បដិសណ្ឋារកិច្ច​និង​សោភ័ណភាពត្រូពិក នៅក្រោយពយនេះ​មាន​ផ្លូវដើរឡើងកូនភ្នំតូចៗ ឆ្លងកាត់ព្រៃដូងបើយកធ្វើជា

បឹងហ្គាឡូ និង អាងទឹកខាងក្រោមបាតទន្លេ អាចក្លាយជាកន្លែង ដ៏ប្រណីតនៅក្នុងលោកបាន!»

គីម៉ាល់ដៀងភ្នែកសម្លឹងមើលជុំវិញខ្លួន។ គេហាក់លង់ក្នុងព័ត៌មាន​នេះ។ គាប់ជួនបានឱកាស សុភក្តិរំអុកបន្ថែម៖

« តម្លៃលើទីផ្សារ​អាចមានដល់២០ទៅ៣០លាន!»

គេដៀងភ្នែកមកសម្លឹងគាត់។

ក្នុងទ្រូងប្រុសស្អាត គេដឹងថា ​គេមិនអាចយកទីតាំងដ៏ពិសេសមួយនេះ មក​ដូរជាមួយលុយ​អស់នោះធ្វើអីទេ។ លុយ​​ចាយមិនអស់​មែន តែក៏ត្រូវបាត់មណ្ឌ​លទិព្វនិមិ្មតមួយនេះទៅក្នុងដៃមនុស្ស​ថ្មី?

ចុះជនជាតិដើម ចុះអ្នកស្រុក ចុះស្រីស្អាតសំណព្វទ្រូង?

គេមិនមាត់ តែសុភក្តិដឹងចិត្ត​ច្បាស់។  អ៊ីចឹងហើយ បុរសកំហូច​ចាប់ផ្តើមរុកកួនចិត្តអ្នកកម្លោះ៖

«​អ្នកស្រី​តូចជាមនុស្ស​ល្បិចខ្ពស់១០០ជំពូកណាស់! ប្រុសធំ​ត្រូវប្រយ័ត្ន! គាត់មានពុតច្រើន ចេះវិធីធ្វើបាបចិត្ត​ប្រុសតូច ហើយ​ចុងក្រោយ​ស្លាប់ខ្លួន​ក៏នៅតែ​ស៊ីញ៉េ​ឱ្យកោះទៅប្រពន្ធ​ទាំងដែលមិនដែលបានរួមរស់នឹងគ្នា ដូចប្តីប្រពន្ធពិតប្រាកដសោះ!»

គីម៉ាល់ មិនដឹងត្រូវអរឬកើតទុក្ខឡើយ។

គេងាកចំហៀងស្មាមកត្រងត្រាប់ស្តាប់ទាំងក្រៀមក្រំ ។ ក្នុងភ្នែកនាយ​មើលមិនឃើញ​មុខពូសុភក្តិម្នាក់នេះទេ​តែ​អ្វីដែលគេឃើញ គឺ​រូបរាងប្អូនប្រុសនៅកៀកបង្កើយក្នុងការចងចាំ។

ឯងពិតជាត្រូវគ្រាំគ្រា​ជាងបងបែប​ហ្នឹង​ផងអាសិដ្ឋ​ ដែលមកស្គាល់មនុស្ស​ស្រីម្នាក់នេះ?

«មនុស្សស្រីម្នាក់នេះ ​អាយុទើបតែម្ភៃស្តើង ​តែប្រុសធំកុំទុកចិត្ត​ថា គេ​គិតការរាក់ៗដូចក្មេងស្រីផ្សេងឱ្យសោះ! អាថ៌កំបាំងលើកោះនេះ មិនដែលមាន​អ្នកណាម្នាក់បានដឹងពិតទេ! ពូឮថា​សូម្បី​រឿងរៀបការជាមួយ​ប្រុសសិដ្ឋ​ក៏ជាអន្ទាក់ ! ប្រុសធំជ្រុលមកដល់ស្រុកខ្មែរ ពូសំណូមពរ​បើកការស៊ើបអង្កេត រកមុខ​អ្នកនៅពីក្រោយ​ការធ្វើបាបចិត្ត​ប្រុសតូចរហូតដល់ស្លាប់!»

គីម៉ាល់ឱនមុខ​សម្លឹងដី។

ចិត្តគេពេលនេះ គឺមាន​ចម្លើយខ្លីសម្រាប់ខ្លួនឯងតែប៉ុណ្ណោះ គឺគេមិនត្រូវការ​អ្នកណាមកស៊ើបទាំងអស់ ។

«ខ្ញុំនឹងសួរចម្លើយនាងដោយខ្លួនឯងផ្ទាល់ហាន់ដា​!»

គេប្រាប់បេះដូងខ្លួនឯង តែមិនខ្ចីចរចាអ្វីនឹង​បុរសនេះឡើយ។

សន្ធឹកចម្លែកមួយ​ ពុះជ្រែកភាពស្ងប់ស្ងៀមនៃអាគារសំណាក់ដ៏សែនមនោរម្យនេះ។ មួយដង្ហើមដំបូង ​គីម៉ាល់ស្មាន​ថាជា​ សត្វបក្សីធំៗ ចំនួនបី បង្ហាញខ្លួនទទះស្លាប ឆ្វែលជុំវិញដើមជ្រៃជាហ្វូង  តែពេលមើលចំគ្រប់គ្នា​បានកើតឡើង​នូវ​ ភាពញាប់ញ័រមួយរំពេច។

នៅពេលដែលម្នាក់ៗចំហមាត់សម្លឹង​ទៅហ្វូងសត្វ ក្អែកមិនមែនក្អែក កណ្តុរមិនមែន​កណ្តុរបែរជាមានស្លាប និងភ្នែកខ្មៅក្រឹប។

ប្រចៀវ?

គីម៉ាល់ពោលតិចៗទាំងភ្ញាក់ផ្អើល។

នេះជាប្រភេទសត្វប្រចៀវ​ដ៏ធំចម្លែកមិនធ្លាប់ឃើញ ពិសេស​ទម្រង់ក្រហមក្រមៅច្បាស់ទែងលើត្រចៀកទាំងសងដែលបះវែងត្រង់ទៅលើ។

 គ្មានអ្នកណាម្នាក់មានអារម្មណ៍​ល្អទេ ខ្លះ​ទាញកៅអីក្រោក ខ្លះ​អង្គុយភាំង។

មិនទាន់គិតយល់ថា  នេះជាធម្មជាតិ ឬអ្វីផង ស្រាប់​​ការវាយប្រហារកម្រោល​មួយ​ចេញឡើងពី​សត្វនាំមុខគេ ដែលបាន​បោលសម្រុកទៅរកអ៊ុន។

ដោយភាន់ភាំង អង្គរក្សនេះលើកដៃរងការពារមុខខ្លួន តែមួយឆាបប៉ុណ្ណោះកំភួនដៃគេ​រង​របួសខ្វោកដោយ​ចង្កូមកំណាច។

បុរសទាំងអស់ដកថយពីក្រោមដើមជ្រៃ ទោះបីជាមាន​គ្នាច្រើននាក់តែគ្មានអ្នកណាងាកទៅជួយអ៊ុន​ដែល​កំពុងឱបដៃ​របួស​​ស្រែកទាំងឈឺចាប់នោះទេ។ គីម៉ាល់ម្នាក់ឯងជាប់នៅក្បែរអាគារ ព្រោះចំហមាត់សម្លឹង​កូនចៅ។

ដោយមិនអាចប្រដេញ​អ្នកផ្សេងទាន់ រលកនៃថនិកសត្វ​បំបែរ​ទិសមករកអ្នករបួស។ ក្នុងអំឡុងពេលស្រឡាំងកាំងអ៊ុននៅធ្មាំងតក់ស្លុតសម្លឹងសត្រូវដែលត្របាញ់មក។

ដូចផ្លេកបន្ទោរ គីម៉ាល់ស្រវាបានកៅអីបញ្ឈរធ្វើអំពីផ្តៅ។

បុរសប្រើកម្លាំងមួយទំហឹងកូនប្រុស ​គប់សំដៅថនិកសត្វ​កំណាច ជាហេតុបណ្តាលឱ្យធ្លាក់ខ្ពាកមួយចំណែកទៅលើដី ចំណែកពីរទៀត​ខ្ទាតថយទៅលើអាកាស។

អ៊ុនផ្ងារក្រោយពីលើកៅអីបង្អែក ។

ប្រចៀវពីរទៀតញ៉ឹងត្រចៀកវិលខ្ញាល់បកក្រោយ​តម្រង់មករកគីម៉ាល់។ ដូចផ្លេកបន្ទោរ​គេបែរក្រោយរត់ចូលទៅក្នុងសាល ហើយដៃទាំងពីរលូកទាញទ្វារបិទ។

បើទោះជាកម្លាំងនិងសន្ទុះដៃនាយ​ ដែលវែងៗ​រហ័សរហួនកម្រិតណា ក៏ទ្វារមិនអាចបិទទាន់ទាំង​ស្រុង​មុនកម្លាំង​ហោះត្របាញ់ក្រពុលមុខ​នោះដែរ។​ ជាមួយ​ទីបង្ហើបសល់មិនដល់មួយបណ្តោយម្រាម​​ដៃ​មនុស្សចាស់ សត្វកំណាចទីពីរបានរុលមកបុក​មួយចង្កូមឆឹប ស្ពឹក​ស្មាឆ្វេងនាយ ។ ចំណែក​សត្វទីបីទំនងជាមិនអាចបន្ថយល្បឿនបានទាន់ទើបបុកទ្វារធ្លាក់ខ្ពាកនៅខាងក្រៅ…..

គីម៉ាល់បែរក្រោយយឺតៗ ព្រោះពីកន្ទុយភ្នែកនាយ​ឃើញ​សត្វ​ដែលបានប្រខាំខ្លួនកំពុង​នៅទីនោះនៅដដែលឡើយ។  សត្វចង្រៃ​កំពុងទុំលើគែម រនុកសោរឈើបុរាណ​ដែលមានទំហំប្រមាណប៉ុន​បាតដៃមនុស្សចាស់ ហើយ​​ប្រឱបស្លាបវា​ទាំងសងបង្ហាញចង្កូមដូច​ជាមេកណ្តុរមហាធំ ភ្នែកក្រឡែតតែត សម្លក់មកលើចំណីអាហារ។

ជាមួយ​ដំណក់ញើសជោគខ្លួន​គេមិនដឹងថា នឹង​អាចរកបានអ្វីមកស៊ូនឹងចង្កូមវាទេ ក្រៅតែពីលើកដៃមកប្រុង…..

ឈឹប….. ព្រួញមួយបោលមកពីក្រៅ ចំល្អណាស់ គឺចំកណ្តាលទ្រូងសត្រូវតូចមួយនេះ….បណ្តាលឱ្យវាប្រកាច់ចលាចលរង់ចាំក្តីមរណា…..